នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាចូលជួបពិភាក្សាការងារស្តីពីពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានបញ្ជាក់ជាថ្មីម្តងទៀតពីជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីនិងពហុភាគី ដោយផ្អែកលើគោលការណ៍គោរពអធិបតេយ្យភាព បូរណភាពដែនដីនិងច្បាប់អន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានស្វាគមន៍និងអបអរសាទរលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា ដែលបានទទួលតួនាទីថ្មីព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះអង្គការសហប្រជាជាតិដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការស្វែងរកសន្តិភាពនិងការស្តារសេដ្ឋកិច្ចសង្គមនៅកម្ពុជាក្នុងនោះអង្គការសហប្រជាជាតិបានគាំទ្រដល់ការតាំងទីលំនៅឡើងវិញរបស់ជនភៀសសឹកនិងការងារបោសសម្អាតមីន ក៏ដូចជាបានជួយកសាងនូវសមត្ថភាពជាតិសកម្មភាពមីនរហូតកម្ពុជាទទួលបានជោគជ័យដល់បច្ចុប្បន្ន។
ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកអង្គការសហប្រជាជាតិគឺជាសម្លេងដ៏មានសារៈសំខាន់មួយនិងជាដៃគូសំខាន់ក្នុងការជំរុញការលើកកម្ពស់និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីនព្រមទាំងបានថ្លែង អំណរគុណដល់ប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ដទៃទៀតចំពោះការរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីននេះផងដែរ៕








