សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បន្ទាប់ពីអនុវត្តន៍ដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កាលពីចុងឆ្នាំ១៩៩៨ ទើបប្រទេសកម្ពុជាយើងទទួលបានសុខសន្តិភាពពេញលេញ ដែលធ្វើឱ្យយើងមានឱកាសអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃ។
នៅក្នុងពិធី «សម្ពោធបើកឱ្យដំណើរការជាផ្លូវការ «រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន(ភ្នំពេញ) ឯ.ក» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មានអ្នកខ្លះនិយាយថា ធុញទ្រាន់ជាមួយនឹងការលើកឡើងពីសន្តិភាព ប៉ុន្តែសុខចិត្តឱ្យគេថា ចុះ ប្រសើរជាងបាត់បង់សន្តិភាពដូចកាលពីអតីតកាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាពដើម្បីផលប្រយោជន៍ជាតិ និងគ្រួសារ ព្រោះសន្តិភាពគឺជាគ្រឹះសំខាន់ក្នុងការការពារកុំឱ្យរបបខ្មៅងងឹតត្រឡប់មកវិញ៕








