រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៦៥៣គ្រឿងរួចរាល់ ដើម្បីជូនប្រជាពលរដ្ឋទៅស្រុកកំណើត នារដូវភ្ជុំខាងមុខ

(ភ្នំពេញ)៖ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៦៥៣គ្រឿង រួចរាល់ សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ «ដោយជិះមិនបង់ប្រាក់» ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន កម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ទី១៖ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ១០០គ្រឿង សម្រាប់តម្រាយផ្លូវរត់ ក្នុងរាជធានីភ្នំពេញ។

ទី២៖ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានាក្រៅពីតំបន់ភូមិភាគឦសាន)៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង ដែលមានគោលដៅ និងទីតាំងដែលបានរៀបចំ។

គួរឱ្យដឹងថា នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យត្រៀមរថយន្តក្រុងសាធារណៈចំនួន៥០០គ្រឿង ដើម្បីត្រៀមជូនប្រជាពលរដ្ឋទៅស្រុកកំណើត ឬតាមបណ្ដាខេត្តផ្សេងៗរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ពោលគឺ មុនថ្ងៃភ្ជុំបិណ្ឌ (ភ្ជំធំ) និងក្រោយថ្ងៃភ្ជុំបិណ្ឌ ចំនួន១ថ្ងៃ។

សូមបញ្ជាក់ថា ការបន្តរៀបចំរថយន្តក្រុងសាធារណៈជូនប្រជាពលរដ្ឋទៅស្រុកកំណើត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋរថមន្រ្តីនៅពេលនេះ គឺជាការបន្តជួយដល់បងប្អូនប្រជាពលរដ្ឋ តាមគំរូវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកន្លងមករៀងរាល់រដូវបុណ្យទានម្ដងៗ មិនថារដូវភ្ជុំ ចូលឆ្នាំ ឬក្នុងឱកាសថ្ងៃបោះឆ្នោតទេ សម្ដេចតេជោ ហ៊ុន សែន តែងតែរៀបចំឱ្យមានការដឹកជញ្ជូនប្រជាពលរដ្ឋ តាមរយៈរថយន្តក្រុងសាធារណៈដែលមានអនាម័យ ផាសុកភាព និងព្រមជាមួយទឹកសុទ្ធត្រជាក់ៗ ជូនប្រជាពលរដ្ឋដែលធ្វើដំណើរ ដើម្បីជួយសម្រួលការចំណាយលើថ្លៃធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មក-កម្មការិនី ទៅកាន់ស្រុកកំណើតបានដោយងាយស្រួល និងមិនអស់ប្រាក់ឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ