ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទទួលការចូលជួបជម្រាបលារបស់លោកជំទាវឯកអគ្គរដ្ឋទូតស្រីលង្កា ដែលចប់អាណត្តិបេសកកម្ម

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបការជម្រាបលារបស់លោកជំទាវកូឡុន អេភូហាមីលឡាច ចាមីនដា អ៊ីណូកា កូឡុន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចំពោះការបញ្ចប់អាណត្តិបេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា និងបានអបអរដល់លោកជំទាវក្នុងការបំពេញបេសកកម្មការទូតប្រកបដោយជោគជ័យ ក្នុងឱកាសដែលលោកជំទាវឯកអគ្គរដ្ឋទូតចូលជួបជម្រាបលា នៅទីស្តីការក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយក្តីពេញចិត្តខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងស្រីលង្កា និងបានផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលនាំមកនូវផលប្រយោជន៍រួមរវាងប្រទេស និងប្រជាជនទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងតំបន់ និងអន្តរជាតិ។

លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងសម្រាប់បេសកកម្មការទូតនៅកម្ពុជា ហើយបានសន្យាថា នឹងបន្តរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការររវាងប្រទេសទាំងពីរ បើទោះបីជាបញ្ចប់អាណត្តិបេសកកម្មក៏ដោយ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ