ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅប្រទេសថៃ រយៈពេលពីរថ្ងៃមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញហើយ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ តាមជើងយន្តហោះពិសេសប្រកបដោយសុវត្ថិភាព។
អញ្ជើញទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ នៅព្រលានយន្តហោះអន្តរ ជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ធ្វើឡើងក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។ កិច្ចប្រជុំនេះ បានផ្តោតការយកចិត្តទុកដាក់ដល់ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងពង្រឹងកុងសង់ស៊ុស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។ កិច្ចប្រជុំកំពូលនេះ ក៏បានរិះរកមធ្យោបាយនានា ក្នុងការធ្វើឱ្យអាស៊ានឈានទៅកាន់កម្រិតខ្ពស់ថែមទៀតប្រកបដោយចីរភាព និងមានការតភ្ជាប់ដោយរលូន។ ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំជាច្រើនទៀត ដូចជា កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអា ស៊ាន ជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន។ លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ បានឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែង របស់អាស៊ានក្នុងការជំរុញដំណើរការកសាងសហគមន៍ និងលើកកម្ពស់ភាពជាដៃគូ របស់អាស៊ានសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងចំណោមបញ្ហាផ្សេងៗទៀត ដើម្បីសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែង ក្នុងតំបន់ ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនអាស៊ាន៕