ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ — ដោយបង្ហាញពីវិធានការជាច្រើនជុំវិញបញ្ហាប្រភពអគ្គិសនីរួមមាន រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ហ្គាស ការវិនិយោគលើម៉ាស៊ីនភ្លើងដោយប្រើប្រេងខ្មៅ រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ឆ្នាំក្រោយមិនមានរឿងច្រំដែល កើតឡើងអំពីស្ថានភាពកង្វះអគ្គិសនីប្រើប្រាស់ទៀតនោះទេ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣១៦១នាក់ នាព្រឹកថ្ងៃចន្ទ ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវនេះរដូវប្រាំងបានបញ្ចប់ រដូវវស្សាបានចូលមកដល់ប្រមាណ២សប្តាហ៍ហើយ កម្ពុជាបានរួចផុត កង្វល់អំពីបញ្ហាខ្វះទឹកប្រើប្រាស់ ដែលមុននេះមានការកង្វល់ខ្លាំងណាស់ ប៉ុន្តែត្រូវបានដោះស្រាយបញ្ហា ដោយទីកន្លែងខ្លះខ្វះទឹក មានមន្ត្រីរាជរដ្ឋាភិបាល សប្បុរសជន និងអង្គការក្រៅរដ្ឋាភិបាល បានជួយយកទឹកទៅផ្តល់ឱ្យប្រជាពលរដ្ឋ និងជីកបន្ថែមអណ្តូងទឹក ដូច្នេះបញ្ហាការខ្វះខាតទឹកត្រូវបានបញ្ចប់ ក្នុងពេលរដូវវស្សាចូលមកដល់។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែង ចាត់ទុកការខ្វះខាត់អគ្គិសនីក្នុងឆ្នាំនេះ ក្លាយជា បទពិសោធន៍ និងផ្តល់ជាមេរៀនយ៉ាងច្រើនសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែឆ្លងកាត់មេ រៀនទាំងនេះ សម្តេចបញ្ជាក់ថា នឹងគ្មានបញ្ហាច្រំដែលនេះកើតឡើងទៀតឡើយនៅឆ្នាំ ក្រោយ។ សម្ដេចតេជោ ថ្លែងថា បទពិសោធន៍ឆ្នាំនេះ ផ្ដល់មេរៀនឱ្យយើង ដូច្នេះហើយបាន ជាការរៀបចំសម្រាប់ឆ្នាំក្រោយ គឺបានរៀបចំរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មមាន អានុភាពចំនួន៣៧០មេហ្គាវ៉ាត់ បានដំណើរការរួចរាល់ហើយៗនៅសល់រោងចក្រមួយទៀត មានអានុភាពចំនួន១៣៥មេហ្គាវ៉ាត់ ដែលកំពុងខិតខំដាក់ឱ្យដំណើរការក្នុងថ្ងៃនេះ។
ប៉ុន្តែសូមបញ្ជាក់ថា ទីក្រុងភ្នំពេញយើងត្រូវត្រៀមអគ្គិសនីចំនួន៤០០មេហ្គាវ៉ាត់ ដែលឥឡូវបានអនុម័តថវិការួចហើយ ដើម្បីចាប់ផ្ដើមបញ្ជាទិញម៉ាស៊ីន ដោយធ្វើយ៉ាងណា រៀបចំឱ្យហើយនៅខែតុលាខាងមុខ ដែលក្នុងនោះ ២០០មេហ្គាវ៉ាត់ ទិញពីប្រទេសហ្វាំងឡង់ និង២០០មេហ្គាវ៉ាត់ ទិញពីប្រទេសអាល្លឺម៉ង់ ដោយយកមកដំឡើងត្រៀមទុក នូវពេលដែលវារីអគ្គិសនីបញ្ចេញភ្លើងមិនគ្រប់។ ដូច្នេះឆ្នាំក្រោយទីក្រុងភ្នំពេញគ្មានហេតុផល ដែលនិយាយថាខ្វះអគ្គិសនី ហើយត្រូវការទិញទៀតទេ។
សម្តេចតេជោបានឱ្យដឹងដែរថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីសប្តាហ៍មុននេះ សម្តេចបានពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីឱ្យរដ្ឋាភិបាលជប៉ុនជួយដល់កម្ពុជា លើបញ្ហាខ្វះខាតអគ្គិសនី ដោយសុំឱ្យជប៉ុនផ្តល់នូវហិរញ្ញប្បទាន ដើម្បីបន្តការវិនិយោគលើបណ្តាញតង់ស្យុងខ្ពស់៥០០គីឡូវ៉ុល ចាប់ពីព្រំដែនឡាវ មកដល់រាជធានីភ្នំពេញដែលមានចម្ងាយ៣៥០គីឡូម៉ែត្រ ព្រោះកម្ពុជាបានចរចាជាមួយឡាវរួចហើយ ដោយឡាវមានអគ្គិសនីតែគ្មានទីផ្សារដើម្បីបញ្ចេញ។
សម្ដេចតេជោ ថ្លែងទៀតថា ជាងនេះទៀតក៏មានម៉ាស៊ីនមួយចំនួនកំពុងតែដំឡើង ដូចជាក្រុមហ៊នមកពីប្រទេសម៉ាឡេស៊ី កំពុងតម្លើងនៅឯខេត្តព្រះសីហនុ ដែលមានអានុភាព ១៣៥មេហ្គាវ៉ាត់ ដោយយកម៉ាស៊ីន ពីក្រុមហ៊ុន JE របស់អាម៉េរិក យកមកដំឡើងដោយ ក្រុមហ៊ុន តូស៊ីបា របស់ជប៉ុន។ ដូច្នេះយើងត្រូវមានថាមពលអគ្គិសនី ដើរដោយទឹកនៅរដូវ វស្សា ហើយខែប្រាំងត្រូវមានថាមពលអគ្គិសនី ដើរដោយវារីអគ្គិសនីផង រួមជាមួយ ធ្យូងថ្ម ហ្គាស និងប្រេងខ្មៅផងដែរ។
សម្ដេចតេជោគូសបញ្ជាក់ថា ផែនការអគ្គិសនី ត្រូវរៀបចំឡើវិញ ដើម្បីឱ្យទាន់និងការ រីកលូតលាស់របស់ប្រទេស។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បាន ថ្លែងនូវការអធ្យា ស្រ័យពីប្រជាពលរដ្ឋ ដែលកន្លងទៅមានកាត់ភ្លើងនៅកន្លែងនេះ ឬកន្លែងនោះ ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក ក៏ប៉ុន្តែឥឡូវតាមរយៈការខិតខំរបស់យើង ឆ្នាំក្រោយមិនមានរឿងច្រំដែលកើតឡើងអំពីស្ថានភាពកង្វះអគ្គិសនីនេះទេ បើទោះបីជា វារីអគ្គិសនីដើរមិនបាន ក៏ប៉ុន្តែអគ្គសនីដែលដើរដោយធ្យូងថ្ម ហ្គាស និងប្រេងឥន្ធនៈ និងត្រូវដំណើរការដើម្បីបំពេញឱ្យការខ្វះខាត៕