សម្តេច​ក្រឡា​ហោម ស ខេង៖ រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ជំរុញអនុវត្តន៍យន្តការ​ ដើម្បីកាត់​បន្ថយ​ឱ្យបានជាអតិបរមានូវចំនួនជនជាប់ឃុំក្នុងពន្ធនាគារ

37

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃបានថ្លែងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងខិតខំជំរុញអនុវត្តន៍យន្តការ ដើម្បីកាត់បន្ថយឱ្យបានជា​អតិបរមានូវចំនួនជនជាប់ឃុំក្នុងពន្ធនាគារ។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ ផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ ដើម្បីអនុវត្តន៍ច្បាប់ស្តីពីយុត្តិធម៌អនីតិជន(២០១៨-២០២០) កាលពីរសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  សម្តេចក្រឡា​ហោម ស ខេង បានលើកឡើងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨នេះ ពន្ធនាគារទាំង២៨ នៅទូទាំងប្រទេសកំពុងឃុំឃាំងអនីតិជនចំនួន១៥.០៥៨នាក់ ក្នុងនោះមានស្រ្តី ៨៩នាក់ ហើយ​មានអនីតិជនជាទណ្ឌិតចំនួន១៥២នាក់។ សម្ដេចក្រឡាហោមបញ្ជាក់ថា អនីតិជន​កំពុង​ជាប់ឃុំមានចំនួនច្រើនជាងគេនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបន្ទាយ​មានជ័យ ហើយភូមិសាស្ត្រទាំងបីនេះ អាចចាត់ទុកជាវិញ្ញាសារអនុវត្តន៍សម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការពិនិត្យសិក្សា និងវាយតម្លៃ ដើម្បីធ្វើយ៉ាងណាបង្កើនការផ្តល់សេវាសមស្រប ដោយអនុលោមតាមច្បាប់ និងផែនការ ដែលបានបង្កើតឡើង សំដៅធានាដល់សិទ្ធិ និងផលប្រយោជន៍របស់អនីតិជន។

សម្តេចក្រឡាហោមបានបន្ដថា ជាការពិតណាស់យើងមិនដែលចង់ឱ្យមានការឃុំឃាំង​ណាមួយនោះទេ ទោះបីអនីតិជនក្តី ឬនីតិជនក្តី ហើយបច្ចុប្បន្ននេះ​រាជរដ្ឋាភិបាលកំពុងខិតខំ​ជំរុញអនុវត្តន៍យន្តការ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវចំនួនជនជាប់ឃុំក្នុងពន្ធនាគារ។

សម្ដេចក្រឡាហោមបានអះអាងថា ការបង្កើតឡើងនូវផែនការយុទ្ធសាស្ត្រ និងផែន​ការប្រតិបត្តិនេះ ពិតជាមានសារៈសំខាន់ចាំបាច់និងសមស្រប ដើម្បីអនុវត្តន៍កម្មវិធីបង្វែរពីការ​ឃុំខ្លួន និងកម្មវិធីស្តារនីតិសម្បទាឱ្យអស់លទ្ធភាព។ សម្តេចក្រឡាហោមបន្ថែមថា ពិតហើយ​ថា​រាល់ការឃុំខ្លួនពុំមែនសុទ្ធតែផ្តល់ផលវិជ្ជមាននោះទេ ព្រោះថាកង្វះហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ កម្មវិធីស្តារនីតិសម្បទាពុំទាន់មានគុណភាព និងបញ្ហាបរិស្ថានក្នុង​ពន្ធនាគារអាច​បង្កផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងធ្វើឱ្យអនីតិជនមិនរាងចាល ហើយបែជាប្រព្រឹត្ត​បទល្មើសធ្ងន់ធ្ងរជាងមុន ដោយសារពួកគេទទួលឥទ្ធិពលមិនល្អពីជនល្មើស​ដទៃទៀតនៅក្នុង​ពន្ធនាគារ។ ម្យ៉ាងវិញទៀតបច្ចុប្បន្ននេះ ភាពចង្អៀតណែនក្នុងពន្ធនាគារ ក៏ពុំផ្តល់លក្ខណៈ​អំណោយផល និងលក្ខណ្ឌសមរម្យដល់ការស្តារនីតិសម្បទា​អនីតិជនទំនាស់​និងច្បាប់នោះ​ផងដែរ។ សម្តេចក្រឡាហោមសង្ឃឹមជឿជាក់ថា ការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការ​ប្រតិបត្តិនេះ ក៏នឹងជួយកាត់បន្ថយចំនួនអនីតិជនក្នុងពន្ធនាគារ និងធ្វើឱ្យប្រព្រឹត្តិកម្មទៅនឹង​អនីតិជនកាន់តែមានភាពល្អប្រសើរ និងមានការគិតគូរវែងឆ្ងាយដល់អនាគត នៃយុវជន​ជំនាន់ក្រោយ ដោយផ្តល់ឱកាសសមស្របដល់ពួកគេ ក្នុងការកែប្រែគំនិត និងទទួលបាន​សេវា​អប់រំ ការប្រឹក្សាយោបល់ ដើម្បីក្លាយជាធនធានដ៏មានតម្លៃ និងមានប្រយោជន៍សម្រាប់​ក្រុមគ្រួសារ និងសង្គមជាតិ។ សម្តេចក្រឡាហោមក៏បានស្នើឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល និងស្ថាប័ន​ពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍រួមសហការគ្នាអនុវត្តន៍ផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ​នេះឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ចំនួនកុមារក្នុងពន្ធនាគារបានកើនឡើងពី៣៣៦ ក្នុងឆ្នាំ២០១៤ ដល់ ១.៥៣៥​នាក់ក្នុងឆ្នាំ២០១៨នេះ។ ឯកឧត្តមបានបន្ដថា នេះជាសញ្ញាមួយទាមទារឱ្យមាន​កិច្ចខិតខំប្រឹង​ប្រែង ដើម្បីឱ្យអនីតិជនទំនាស់នឹងច្បាប់ ត្រូវបានបង្វែរចេញពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ទៅ​កាន់​យន្តការកុមារមេត្រី ដូចជាកម្មវិធីបង្វែរជាដើម។ ឯកឧត្តមបានបន្ថែមថា ផែនការ​យុទ្ធសាស្ត្រ និងផែនការប្រតិបត្តិនេះ រៀបចំឡើងក្នុងគោលបំណង​ធ្វើឱ្យជីវិតរបស់អនីតិជន​ទំនាស់នឹងច្បាប់បានប្រសើរឡើង៕

ដោយ ប៉ាល់ សុង