កិច្ចប្រជុំកំពូលអាស៊ានបូកបី ជាមួយចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ លើកទី២១

83

បន្ទាប់មកនៅថ្ងៃទី១៥ វិច្ឆិកា ដដែលនេះដែរ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល​នៃប្រទេស​អាស៊ាន បានយាង​ និង​អញ្ជើញ​ចូល​រួម កិច្ចប្រជុំកំពូល​អាស៊ាន​បូកបី ជាមួយសាធា​រ​ណរដ្ឋ​ប្រជាមានិតចិន-ជប៉ុន និងសាធារណរដ្ឋកូរ៉េ លើកទី២១។

កិច្ចប្រជុំកំពូល​អាស៊ានបូកបី ជាមួយសាធារណ​រដ្ឋប្រជាមានិតចិន-ជប៉ុន-​សា​ធា​រណរដ្ឋកូរ៉េ លើកទី២១ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ ការពិនិត្យឡើងវិញ និងទិសដៅ​អនា​គត នៃកិច្ច​សហប្រតិបត្តិការ​អាស៊ាន​បូកបី។ ក្នុងកិច្ចប្រជុំកំពូលដ៏មានសា​រៈ​សំខាន់នេះ ប្រមុខរដ្ឋ /​ ប្រមុខរដ្ឋាភិបាល នៃប្រទេស​អាស៊ាន និងប្រទេស​បូកបី ចិន-ជប៉ុន-សាធារណរដ្ឋកូរ៉េ បានពិភាក្សា យ៉ាងយក​ចិត្តទុកដាក់​ទៅលើរបៀបវារៈ​ ដែលបានគ្រោងទុក ពិសេសបាន​សំដែង​នូវការ​វាយ​តម្លៃខ្ពស់ ចំពោះវ​ឌ្ឍនភាព​ល្អប្រសើរ នៃកិច្ច​សហប្រតិបត្តិការ​អាស៊ាន​បូកបី។

មេដឹកនាំទាំង​អស់​បា​នចាត់​ទុកថា ក្នុងពេលពីរ​ទសវត្សរ៍កន្លងមក កិច្ចសហ​ប្រតិបត្តិការ​របស់យើងមា​ន​សន្ទុះ​កាន់តែខ្លាំង មានលក្ខណៈ​កាន់តែ​ទូលំទូលាយ​ជាងមុន និងបានរួម​ចំណែកយ៉ាង​សំខាន់ ក្នុងការលើ​កកម្ពស់ សន្ដិ​ភាព សន្តិសុខ ស្ថិរភាព និងវិបុល​ភាព ក្នុង​តំបន់​អាស៊ីបូព៌ា​។ ជាមួយ​និងប្រសាសន៍លើ​កឡើង របស់បណ្តា​មេដឹកនាំ​អាស៊ាន និងមេដឹកនាំ នៃប្រទេសបូកបី សម្តេចតេជោ​នាយក​រដ្ឋមន្រ្តីមានប្រ​សាសន៍ថា លើមូល​ដ្ឋាន​នេះ, សម្តេច​សូម​អនុញ្ញាតចែក​រំលែក​នូវ​មត្តិ​មួយ​ចំនួន ដើម្បីចូល​រួម​​ចំណែក​ក្នុងការ​ពង្រឹង​មូលដ្ឋាន នៃការ​អភិវឌ្ឍសម្រាប់​តំប​ន់យើង ឈានទៅ​សម្រេច​បាន​​នូវ​ការ​​កសាង សហគមន៍​មួយ​ដ៏រឹង​មាំ ដូច​ខាងក្រោម៖ ទី១. យើងត្រូវ​បន្តជំរុញការ​អនុវត្តឱ្យបា​ន​ពេញ​​លេញ និងប្រកប​ដោយប្រសិទ្ធភាព​ខ្ពស់  នូវ​ផែនការ​ ការងារសហប្រតិបត្តិ​ការអាស៊ានបូកបី (២០១៨-២០២២) ជាពិសេស​លើវិស័យ នៃការតភ្ជាប់​ក្នុងតំបន់​អាស៊ាន និងរវាង​អាស៊ាន ជា​មួយប្រទេស​បូកបី​ វិស័យ​សហគ្រាស​ធុនតូចនិងមធ្យម និងវិស័យ​ពាណិជ្ជកម្មសេរី។ បន្ថែមលើ នេះ​សម្តេចសូមស្នើ​ឱ្យប្រទេស​បូកបី បន្ដផ្ដ​ល់​​អាទិភាព​ខ្ពស់ក្នុង​ការជំរុញ និងលើកទឹក​ចិត្តឱ្យ​មាន​ការ​វិនិយោគ​ពី ប្រទេស​បូកបី ឱ្យកាន់​តែច្រើនមក​អាស៊ាន ជាពិសេស​​សមាជិក​អាស៊ាន ​ដែលមានការ​អភិវឌ្ឍ​តិចតួច ក្នុងគោល​ដៅកាត់បន្ថយគ​ម្លាត​ នៃការអភិវឌ្ឍ។ ទី២. ពិភពលោក និងតំបន់ បាននិងកំពុង​ទទួល​រកគ្រោះ​មហន្តរាយ​កាន់​តែ​ញឹក​ញាប់ និងកាន់​តែធ្ងន់​ធ្ងរ​ឡើង។ ហេតុ​នេះ​កម្ពុជា​សូម​ជំរុញ​លើក​ទឹក​ចិត្ត​ដល់ប្រទេស​សមាជិក​អាស៊ាន និងប្រទេស​បូក​បី​ទាំងអស់ បន្ត​ផ្ដោត​ការយ​ក​ចិត្ត​ទុក​ដាក់​ឱ្យបានច្រើន​​ជាង​មុន​ថែមទៀ​ត លើការ ការពារបិស្ថាន និងធនធាន​ធម្ម​ជាតិ​ ក្នុងគោល​ដៅកសាងសហគមន៍​មួយនេះឱ្យ​បានរឹងមាំ, មានការអភិវឌ្ឍ​ប្រកបដោយ​ចីរ​ភាព ​និងស្របតាម​គោលដៅការ​អភិវឌ្ឍន៍ប្រកប​ដោយចីរភាព​របស់អង្គការសហ​ប្រជាជាតិនៅឆ្នាំ ២០៣០។ ទី៣. សម្តេចសូម​វាយតម្លៃខ្ពស់​ចំពោះការបន្តព​ង្រឹងយន្ដការ ដែលបានដាក់ឱ្យ​ដំណើរ​​ការបណ្ដាញ ក្នុងអ្នកវិភាគអា​ស៊ីបូព៌ា និងក្រុមធុរកិច្ចអាស៊ីបូព៌ា និងបានកត់សម្គាល់​​នូវ​រាល់អនុសាសន៍ទាំងឡាយដែលយន្តការ​ទាំងនេះ បានដាក់ចេញក្នុង​គោលដៅជំរុញ កិច្ចសហ​ប្រតិ​បត្តិការ អាស៊ានបូកបី ឱ្យកាន់តែ​ប្រសើរឡើង។ ទី៤. ខ្ញុំពិតជាមានសេចក្ដីរីករាយ ដោយបានឃើញកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងវិស័យសុខាភិបាល មានការរីចម្រើន​គួរឱ្យកត់សម្គាល់ ជាពិសេសការដាក់ចេញនូវ​សេចក្ដី ប្រកាស​របស់ថ្នា​ក់ដឹក​នាំអាស៊ានបូកបី ស្តីពីកិច្ចសហ​​ប្រតិបត្តិការ​ក្នុងការប្រយុទ្ធប្រឆាំង នឹងភាពស៊ាំទៅ​នឹង​ឱ​សថអង់ទីប៊ីយោទិក។ នៅ​ក្នុងវិស័យសិខា​ភិបាលនេះ​ដែរ ខ្ញុំសូមអ​នុញ្ញាតទាញអា​រម្មណ៍ថ្នាក់ដឹកនាំ នៃប្រទេសអាស៊ានបូក​បី អំពីបញ្ហា​ឱសថ​ក្លែងក្លាយ និង​អន់គុណភាព ដែលកំពុងតែបង្ក​បញ្ហាធ្ងន់ធ្ងរដ​ល់សុខភាព និងសុខ​មាល​ភាពរបស់ប្រជាជន។ ឱសថ​ក្លែងក្លាយ និងអន់គុណភាព ជាឃាតកលាក់​មុខបំផុត សម្រាប់​ប្រជាជន​ក្រីក្រ ហើយក៏បង្ក​ការរាំងស្ទះ​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមផងដែរ។ ការប្រយុទ្ធ​ប្រឆាំង​នឹងឱសថក្លែងក្លាយ និងអន់គុ​ណភាព តម្រូវឱ្យមានកិច្ចសហកា​រល្អប្រសើរ រវាងប្រទេស​ទាំងអស់ក្នុងតំបន់។ ក្នុងន័យនេះ កម្ពុជាស្នើសុំដាក់​ការប្រយុទ្ធប្រ​ឆាំងឱសថ​ក្លែងក្លាយ និងអន់គុណ​ភាព​ទៅជារបៀបវារៈ​ដ៏សំខាន់មួយ នៃកិច្ចសហប្រតិ​បត្តិការ​អាស៊ាន​បូកបី​។ ទី៥. ជាមួយ​​នឹងនិន្នាការគាំ​ពានិយម ក៏ដូចជាសង្គ្រាម​ពាណិជ្ជកម្ម ដែលកំពុងធ្វើឱ្យប្រព័ន្ធ​ពាណិជ្ជ​ក​ម្មសេរី​ចុះ​អន់​ខ្សោយ។ តាមរយៈ​នេះស​ម្តេច សូមស្នើឱ្យប្រទេសបូ​កបីជួយជំរុញ និងបញ្ចប់​កា​រចរចាភាព​​ជាដៃគូរ​សេដ្ឋកិច្ច​ទូលំ​ទូលាយ​នៅក្នុងតំប់ន (RCEP) នៅឆ្នាំ២០១៩។ ទន្ទឹមនេះ​ កម្ពុជាសូម​​ស្វាគមន៍នូ​វគម្រោង​ស្រាវ​ជ្រាវរួ​មគ្នាស្ដីពី​កិច្ចសហ​ប្រតិបត្តិការ១០+៣ សម្រាប់​ការធ្វើ​ឱ្យ​ប្រ​សើរ​​ជាង​មុន​នៃការត​ភ្ជាប់​ខ្សែច្រវា​ក់ផ្គត់ផ្គង់ ដែល​នឹង​ជំរុញ​ពាណិ​ជ្ជកម្ម និងការ​វិនិយោគ និងជួយ​​ដល់​ការតភ្ជាប់និ​ងផែនការ​សមាហរណ​កម្មសេដ្ឋកិច្ច​ក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំ​កំពូល​​អាស៊ាន បូក​បីលើកទី​២១នោះដែរ បណ្តាមេដឹកនាំអាស៊ាន និងប្រទេសបូកបី បាន​ឯកភាព​គ្នា​ក្នុងការ​ឈាន​ទៅ​ចេញសេ​ចក្តីប្រកាស របស់ប្រធាន​កិច្ចប្រជុំ​កំពូលអាស៊ាន​បូកបី​លើកទី២១។ សេចក្តីប្រកាស​​របស់ថ្នាក់ដឹកនាំ​អាស៊ានបូកបី ស្តីពីកិច្ចសហ​ប្រតិបត្តិការ ក្នុងការ​ប្រយុទ្ធប្រឆាំង ​នឹងភាពស៊ាំ​ទៅនិង​ឱ​សថអង់ទីប៊ីយោទិក។ របាយការណ៍​វឌ្ឍនភាព ស្តីពីការ​អនុវត្ត​ផែនការ​ការ​ងារកិច្ចសហ​ប្រតិ​បត្តិ​ការ​អាស៊ានបូកបីឆ្នាំ២០១៨-២០២២។ សំណើរគម្រោង​សម្រាប់ការ សិក្សារួមស្តីពីកិច្វសហ​​ប្រតិបត្តិការ10+3 សម្រាប់ការ​ធ្វើឲ្យប្រសើរ​ឡើងនូវការត​ភ្ជាប់ចង្វាក់ផ​លិតកម្ម។ កម្មវិធីការងារ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ានបូកបី ឆ្នាំ២០១៩-២០២០។ អនុស្សារណៈ​លេខ១៥ នៃបណ្តាញ​ក្រុមអ្នក​វិភាគអាស៊ីបូព៌ា។ គោលនយោបាយ​សម្រាប់កិច្ច​ប្រជុំថ្នាក់ដឹ​កនាំអាស៊ានបូក​បី អាស៊ានបូកបីនិង​ហានិភ័យខា​ងក្រៅ “ការទ្រទ្រង់ការអភិវឌ្ឍ តាម​រយៈ​កិច្ចសហ​ប្រតិបត្តិការ” និងរបាយការណ៍​កត់សំគាល់​នៃកិច្ចប្រជុំ​វេទិកា​អាស៊ីបូព៌ាលើកទី១៦។