បន្ទាប់មកនៅថ្ងៃទី១៥ វិច្ឆិកា ដដែលនេះដែរ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានយាង និងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានបូកបី ជាមួយសាធារណរដ្ឋប្រជាមានិតចិន-ជប៉ុន និងសាធារណរដ្ឋកូរ៉េ លើកទី២១។
កិច្ចប្រជុំកំពូលអាស៊ានបូកបី ជាមួយសាធារណរដ្ឋប្រជាមានិតចិន-ជប៉ុន-សាធារណរដ្ឋកូរ៉េ លើកទី២១ ប្រព្រឹត្តទៅក្រោមប្រធានបទ ការពិនិត្យឡើងវិញ និងទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី។ ក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន និងប្រទេសបូកបី ចិន-ជប៉ុន-សាធារណរដ្ឋកូរ៉េ បានពិភាក្សា យ៉ាងយកចិត្តទុកដាក់ទៅលើរបៀបវារៈ ដែលបានគ្រោងទុក ពិសេសបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី។
មេដឹកនាំទាំងអស់បានចាត់ទុកថា ក្នុងពេលពីរទសវត្សរ៍កន្លងមក កិច្ចសហប្រតិបត្តិការរបស់យើងមានសន្ទុះកាន់តែខ្លាំង មានលក្ខណៈកាន់តែទូលំទូលាយជាងមុន និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ សន្ដិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់អាស៊ីបូព៌ា។ ជាមួយនិងប្រសាសន៍លើកឡើង របស់បណ្តាមេដឹកនាំអាស៊ាន និងមេដឹកនាំ នៃប្រទេសបូកបី សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា លើមូលដ្ឋាននេះ, សម្តេចសូមអនុញ្ញាតចែករំលែកនូវមត្តិមួយចំនួន ដើម្បីចូលរួមចំណែកក្នុងការពង្រឹងមូលដ្ឋាន នៃការអភិវឌ្ឍសម្រាប់តំបន់យើង ឈានទៅសម្រេចបាននូវការកសាង សហគមន៍មួយដ៏រឹងមាំ ដូចខាងក្រោម៖ ទី១. យើងត្រូវបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវផែនការ ការងារសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២) ជាពិសេសលើវិស័យ នៃការតភ្ជាប់ក្នុងតំបន់អាស៊ាន និងរវាងអាស៊ាន ជាមួយប្រទេសបូកបី វិស័យសហគ្រាសធុនតូចនិងមធ្យម និងវិស័យពាណិជ្ជកម្មសេរី។ បន្ថែមលើ នេះសម្តេចសូមស្នើឱ្យប្រទេសបូកបី បន្ដផ្ដល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគពី ប្រទេសបូកបី ឱ្យកាន់តែច្រើនមកអាស៊ាន ជាពិសេសសមាជិកអាស៊ាន ដែលមានការអភិវឌ្ឍតិចតួច ក្នុងគោលដៅកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ។ ទី២. ពិភពលោក និងតំបន់ បាននិងកំពុងទទួលរកគ្រោះមហន្តរាយកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរឡើង។ ហេតុនេះកម្ពុជាសូមជំរុញលើកទឹកចិត្តដល់ប្រទេសសមាជិកអាស៊ាន និងប្រទេសបូកបីទាំងអស់ បន្តផ្ដោតការយកចិត្តទុកដាក់ឱ្យបានច្រើនជាងមុនថែមទៀត លើការ ការពារបិស្ថាន និងធនធានធម្មជាតិ ក្នុងគោលដៅកសាងសហគមន៍មួយនេះឱ្យបានរឹងមាំ, មានការអភិវឌ្ឍប្រកបដោយចីរភាព និងស្របតាមគោលដៅការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០៣០។ ទី៣. សម្តេចសូមវាយតម្លៃខ្ពស់ចំពោះការបន្តពង្រឹងយន្ដការ ដែលបានដាក់ឱ្យដំណើរការបណ្ដាញ ក្នុងអ្នកវិភាគអាស៊ីបូព៌ា និងក្រុមធុរកិច្ចអាស៊ីបូព៌ា និងបានកត់សម្គាល់នូវរាល់អនុសាសន៍ទាំងឡាយដែលយន្តការទាំងនេះ បានដាក់ចេញក្នុងគោលដៅជំរុញ កិច្ចសហប្រតិបត្តិការ អាស៊ានបូកបី ឱ្យកាន់តែប្រសើរឡើង។ ទី៤. ខ្ញុំពិតជាមានសេចក្ដីរីករាយ ដោយបានឃើញកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងវិស័យសុខាភិបាល មានការរីចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការដាក់ចេញនូវសេចក្ដី ប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង នឹងភាពស៊ាំទៅនឹងឱសថអង់ទីប៊ីយោទិក។ នៅក្នុងវិស័យសិខាភិបាលនេះដែរ ខ្ញុំសូមអនុញ្ញាតទាញអារម្មណ៍ថ្នាក់ដឹកនាំ នៃប្រទេសអាស៊ានបូកបី អំពីបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព ដែលកំពុងតែបង្កបញ្ហាធ្ងន់ធ្ងរដល់សុខភាព និងសុខមាលភាពរបស់ប្រជាជន។ ឱសថក្លែងក្លាយ និងអន់គុណភាព ជាឃាតកលាក់មុខបំផុត សម្រាប់ប្រជាជនក្រីក្រ ហើយក៏បង្កការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ។ ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព តម្រូវឱ្យមានកិច្ចសហការល្អប្រសើរ រវាងប្រទេសទាំងអស់ក្នុងតំបន់។ ក្នុងន័យនេះ កម្ពុជាស្នើសុំដាក់ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពទៅជារបៀបវារៈដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី។ ទី៥. ជាមួយនឹងនិន្នាការគាំពានិយម ក៏ដូចជាសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មសេរីចុះអន់ខ្សោយ។ តាមរយៈនេះសម្តេច សូមស្នើឱ្យប្រទេសបូកបីជួយជំរុញ និងបញ្ចប់ការចរចាភាពជាដៃគូរសេដ្ឋកិច្ចទូលំទូលាយនៅក្នុងតំប់ន (RCEP) នៅឆ្នាំ២០១៩។ ទន្ទឹមនេះ កម្ពុជាសូមស្វាគមន៍នូវគម្រោងស្រាវជ្រាវរួមគ្នាស្ដីពីកិច្ចសហប្រតិបត្តិការ១០+៣ សម្រាប់ការធ្វើឱ្យប្រសើរជាងមុននៃការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគ និងជួយដល់ការតភ្ជាប់និងផែនការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន បូកបីលើកទី២១នោះដែរ បណ្តាមេដឹកនាំអាស៊ាន និងប្រទេសបូកបី បានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២១។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងភាពស៊ាំទៅនិងឱសថអង់ទីប៊ីយោទិក។ របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ២០១៨-២០២២។ សំណើរគម្រោងសម្រាប់ការ សិក្សារួមស្តីពីកិច្វសហប្រតិបត្តិការ10+3 សម្រាប់ការធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ចង្វាក់ផលិតកម្ម។ កម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបី ឆ្នាំ២០១៩-២០២០។ អនុស្សារណៈលេខ១៥ នៃបណ្តាញក្រុមអ្នកវិភាគអាស៊ីបូព៌ា។ គោលនយោបាយសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូកបី អាស៊ានបូកបីនិងហានិភ័យខាងក្រៅ “ការទ្រទ្រង់ការអភិវឌ្ឍ តាមរយៈកិច្ចសហប្រតិបត្តិការ” និងរបាយការណ៍កត់សំគាល់នៃកិច្ចប្រជុំវេទិកាអាស៊ីបូព៌ាលើកទី១៦។