ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទស្សនកិច្ចខ្សែសង្វាក់ផលិតកម្ម ក្នុងរោងចក្រកាត់ដេរ នៃក្រុមហ៊ុនថប សាមីត ហ្គាមេន អ៊ីន

56

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញទស្សនកិច្ច និងពិនិត្យមើលសង្វាក់ផលិតកម្ម នៃរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុនថប សាមីត ហ្គាមេន អ៊ីន(TOP SUMMIT GARMENT INC.) ដែលមានកម្មករ ប្រមាណជាង៣០០០នាក់ កំពុងបម្រើការ ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការកោតសរសើរចំពោះទេពកោសល្យនិងសមត្ថភាពរបស់កម្មករ កម្មការិនីក្នុងរោងចក្រ ដោយសម្តេចបានធ្វើការកត់សម្គាល់ ថា ផលិតផលដែលបានដេរចេញពីរោងចក្រនេះគឺជាផលិតផលមួយដែលមានភាពល្បីជាងគេនៅក្នុងវិស័យកីឡា ពិភពលោក សូម្បីតែអ្នកវាយកូនហ្គោលលេខ ១ ថៃហ្គ័រ វ៉ូដ ក៏ពាក់សម្លៀកបំពាក់ម៉ាកណៃ ដែលផលិតនៅកម្ពុជានេះតែម្ដង។

សម្តេចតេជោបន្តថា យើងពិតជាមានមោទនភាពណាស់ ដែលកន្លងមកក៏មានក្រុមជម្រើសជាតិនៃប្រទេសជាច្រើនបានស្លៀកពាក់នូវសម្លៀកបំពាក់តារា ដែលផលិតចេញពីកម្ពុជា ថ្ងៃនេះគឺជាមោទនភាពសម្រាប់ប្រទេសកម្ពុជាយើងដែលបានផលិតនូវសម្លៀកបំពាក់ម៉ាកល្បីល្បីៗរបស់ពិភពលោក។

គួរបញ្ជាក់ដែរថា រោងចក្រនេះសាងសង់ឡើងលើទំហំផ្ទៃដីជាង៥០.០០០ម៉ែត្រក្រឡា ដែលមានអគារផលិតកម្មចំនួន២ ឃ្លាំងចំនួន៣ អាហារដ្ឋាន២កន្លែង ដោយបានចាប់ដំណើរការនាចុងឆ្នាំ២០១២ មានកម្មករនិយោជិតសរុបចំនួន៣៨៧២នាក់ ក្នុងនោះនារីមានចំនួន៣៥៦៣នាក់។ បច្ចុប្បន្នរោងចក្រនេះកំពុងធ្វើសកម្មភាពផលិតសម្លៀកបំពាក់សម្រាប់ការនាំចេញទៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

លោក Chou yaling ម្ចាស់រោងចក្រ បានឱ្យដឹងថា រោងចក្របានចំណាយលើប្រាក់ ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករនិយោជិតទាំងអស់សរុបជាង ១ លានដុល្លារអាម៉េរិកក្នុងមួយខែ។

លោកបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមា របស់កម្មករគឺទទួលបាន ១៧០ដុល្លារ នឹងបន្ត ឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំក្នុងមួយ ឆ្នាំ ១ដុល្លារ មានប្រាក់សោហ៊ុយធ្វើដំណើរ ៧ដុល្លារ ដាក់បញ្ចូលក្នុងប្រាក់ឈ្នួលអប្បបរមា ដើម្បីគណនាប្រាក់ការងារបន្ថែមម៉ោង ព្រមទាំងមាន ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារ និងប្រាក់អតីតភាពការងារចាប់ពី ២ ដុល្លារដល់ ១២ដុល្លារ។ ក្រៅពីអត្ថប្រយោជន៍ដែលកំណត់ដោយច្បាប់រោងចក្រ ក៏មានផ្ដល់បន្ថែមដូចជា ប្រាក់ថ្លៃសណ្ដាប់ធ្នាប់តម្រង់ជួរពេលញ៉ាំអាហារ ១២ដុល្លារក្នុងមួយខែ ឧបត្ថម្ភអាហារមួយ ពេលដោយឥតគិតថ្លៃ។

ប្រាក់ថ្លៃមើលថែទារកនិងទឹកដោះគោ ២០ដុល្លារសម្រាប់កូនមួយ រយៈពេល៣៦ខែប្រាក់លើកទឹកចិត្តធ្វើដំណើរទៅបំបៅកូន ១០ដុល្លារ ក្នុងមួយខែសម្រាប់ តែ អ្នកត្រឡប់ពីសម្រាលវិញ ក្នុង១២ខែដំបូង។ ផ្តល់ប្រាក់បំណាច់ ៥ភាគរយ រៀងរាល់បុណ្យ ភ្ជុំបិណ្ឌនិងប្រាក់រង្វាន់ការងារល្អ ម្នាក់យ៉ាងតិច៥ដុល្លាររហូតដល់២០ ដុល្លារក្នុងមួយខែ។

កម្ពុជាមានមោទនភាពណាស់ក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ជំរុញនិងបង្កើតឱ្យមានរោង ចក្រសន្ធឹកសន្ធាប់នៅក្នុងប្រទេស ដែលនេះជាការបញ្ជាក់ពីការរីកចម្រើនឥតឈប់ឈររបស់ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងការបំពេញតម្រូវការអ្នកប្រើប្រាស់ និងជាការផ្តល់ការងារដល់ពលរដ្ឋផងដែរ៕

ដោយ ជឹម ណារី