សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំណាល ជាមួយ​កូន​ក្មួយ​កម្មករ-កម្មការិនី ១៤,០២៥នាក់ នៅតំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះ​សីហនុ

នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជួប​សំណេះ​​សំណាល ជាមួយ​​កូន​​ក្មួយ​កម្មករ-កម្មការិនី និងនិយោជិត​ចំនួន ១៤,០២៥នាក់ មកពីរោងចក្រ​ចំនួន១៤​បន្ថែម​ទៀត ​បន្ទាប់​ពីបានជួប​សំណេះ​សំណាល​កាល​ពីម្សិលមិញប្រមាណ​​ជាង២ម៉ឺននាក់ ស្ថិតក្នុង ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្នុងទឹកដី នៃខេត្តព្រះសីហនុ។ រោងចក្រ សហគ្រាសទាំង១៤ ដែលកម្មករ​និយោជិតមកជួប​សំណេះ​សំណាល​ជាមួយ សម្តេចតេជោ នៅព្រឹកនេះ មានអ្នក​វិនិយោគមកពីប្រទេស​ចិន​ចំនួន៧ បារាំងចំនួន១ ជប៉ុនចំនួន២ អាមេរិកចំនួន៣ និងកម្មករ មកពីកំពង់​ផែស្វ័យតក្រុង​ព្រះសីហនុ​ផងដែរ។ រោងចក្រទាំងនោះ​មានដូចជារោងចក្រកាត់ដេរ​សម្លៀកបំពាក់ ចំនួន៤ ផលិតស្បែក​ជើងចំនួន១ ផលិត​កាបូបចំនួន២ ផលិតសម្ភារៈកីឡាចំនួន១ ជ្រលក់ពណ៌​ក្រណាត់ចំនួន១ ផលិតគ្រឿងសំអាង ចំនួន១ ផលិត​កេស​កាតុង​ចំនួន១ ផលិត​កំប៉ុងចំនួន១ ផលិតសាឡុងចំនួន១ ហើយផលិត​ផលទាំងនេះ ត្រូវបាននាំចេញ​ទៅកាន់ទីផ្សា​រអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារ​ក្នុងប្រទេស។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបាន​អញ្ជើញមក​ជួបជុំជាមួយ​បងប្អូនកូនក្មួយ កម្មករ-កម្មការិនី និងនិយោជិត​ នៅថ្ងៃអាទិត្យដែល​ជាថ្ងៃឈប់​សំរាក។ ដោយសារការសំណេះ​សំណាលនេះ​ចំថ្ងៃ​អាទិត្យ សម្តេចតេជោ បានសុំអោយ​ម្ចាស់រោង​ចក្រ​អនុញ្ញាត​ឲ្យ កូនក្មួយ​កម្មករ-កម្មការិនី ​បាន​ឈប់​សំរាក​នៅថ្ងៃច័ន្ទ​មួយថ្ងៃ​ទៀត ដោ​យ​មានប្រាក់ឈ្នួល​ពេញ។ ក្នុងការចុះ​ជួប​សំណេះ​សំណាល​នៅក្នុង​ទឹកដី​ខេត្តព្រះ​សីហនុ ​នាពេលនេះ​គឺដើម្បី​ស្វែងយល់​ពីសុខទុក្ខ របស់កម្មករ និងដើម្បីដោះស្រាយបញ្ហាប្រឈម​នានា​មួយ​ចំនួន​របស់​កម្មករ ព្រមទាំងជំរុញ​នូវគោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បីពង្រឹង​សេដ្ឋ​កិច្ចជាតិ និងលើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ អោយ​កាន់​តែល្អ​ប្រសើរ​ឡើង។

សម្តេច​តេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​បញ្ជាក់ថា នៅថ្ងៃទី១ ខែឧសភា គឺជាថ្ងៃ​នៃទិវា​ពលកម្ម​អន្តរជាតិ សម្តេចតេជោ បានអនុញ្ញាត​ឲ្យមាន​ការរៀប​ចំកម្មវិធី​ទិវា​នេះ​ផងដែរ ហើយ​សម្តេច​តេជោ នឹងឲ្យតំណាង​របស់​សម្តេច​មកចូល​រួមជំនួស។ ក្នុងថ្ងៃ០១ ឧសភា នេះដែរ សម្តេចតេជោ នឹងជ្រើសរើស​រោង​ចក្រណាមួយ​ដែល​រៀបចំ​កម្មវិធី​សប្បាយៗ​សម្រាប់​ថ្ងៃនោះ ហើយសម្តេចតេជោ នឹងអញ្ជើញ​ទៅចូលរួម​សប្បាយៗ​ជាមួយកូន​ក្មួយកម្មករ-កម្មការិនីនៅទីនោះ​ផង​ដែរ។

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍​ជំរុញលើក​ទឹកចិត្តដល់ម្ចាស់​រោងចក្រ សហគ្រាស​ទាំងអស់ឲ្យ​ខិតខំ​ធ្វើឲ្យវិស័យឧ​ស្សាហកម្មនេះកាន់តែរីក​ចម្រើន​បន្ថែមទៀត​ ចំពោះប្រាក់ខែ​កម្មករ-កម្មការិនី​យើង​មិន​មែន​នៅត្រឹម ១៧០ ដុល្លារ នេះរហូតនោះទេ គឺយើង នឹងតម្លើងជារៀងរាល់​ឆ្នាំ​ហើយ សម្តេចតេជោ បានមានប្រសាសន៍​បញ្ជាក់ថាក្នុង​ការកំណត់​ប្រាក់​ខែ​អប្បបរិមា ១៧០​ដុល្លារ បើរោង​ចក្រ​ឲ្យប្រាក់​ខែក្រោម ១៧០ ដុល្លារ គឺខុស​នឹងច្បាប់ ប៉ុន្តែបើឲ្យ​លើសពី ១៧០ ដុល្លារ គឺត្រឹម​ត្រូវ ហើយ​សម្តេចតេជោ នឹងអបអរសសាទរផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹក​ពីការ​វិវឌ្ឍន៍រីក​ចម្រើន​របស់ប្រទេស​ជាតិក្រោមគោល​នយោបាយ ដ៏ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​មានដូចជា​ការកសាង​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ ការកសាងសាលារៀន មន្ទីរពេទ្យនៅគ្រប់ទីកន្លែង និងការពង្រីករោងចក្រទៅតាម​បណ្តាលជនបទជាដើម។ កម្ពុជាមិន​ត្រូវពឹក​ផ្អែកតែលើ​វិស័យកសិកម្ម តែមួយមុខនោះទេ​គឺត្រូវ​តែជំរុញ​វិស័យ​ឧស្សាហកម្ម​បន្ថែមទៀត ដើម្បីធ្វើឲ្យ​សេដ្ឋកិច្ចជាតិ​កាន់តែមាន​ការរីក​ចម្រើន។ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តការ អំពាវនាវ​ឲ្យកម្មករ-កម្មការិនី និងប្រជាពលរដ្ឋ​ត្រូវតែ​ចូលរួមរក្សា​សន្តិភាព ដែលមានស្រាប់​នេះឲ្យបាន​គង់វង្ស ហើយដើម្បី​រក្សា​សន្តិភាព​នេះបាន​គឺត្រូវ​បន្តគាំទ្រ និងបោះឆ្នោតជូន​គណបក្ស​ប្រជាជនកម្ពុជា បន្ត​ទៀត​ដើម្បីឲ្យសម្តេច​តេជោ​មានឱកាស ​រួមដំណើរ​ជាមួយ​ប្រជាពល​រដ្ឋ ក្នុង​ការអភិវឌ្ឍប្រទេស​នេះឲ្យកាន់​តែរីក​ចម្រើន​តទៅមុខ​បន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានសូម​ឲ្យម្ចាស់​រោងចក្រ​ទាំងអស់ត្រូវតែ​យកចិត្តទុ​កដាក់ ចំពោះកម្មករ។ រោងចក្រដែលជោ​គជ័យគឺជា​រោងចក្រដែលបាន​យកចិត្តទុក​ដាក់ដល់​សុខ​ទុក្ខកម្មករ មិនត្រូវឲ្យមាន​បញ្ហាផ្ទៃ​ក្នុង​នៅរោងចក្រ​ឡើយ​ទាំងម្ចាស់​រោងចក្រ ប្រធានផ្នែក​ប្រធានរដ្ឋបាល មិនត្រូវធ្វើអ្វីដែល​មិន​គប្បីចំពោះ​កម្មករ​ឡើយ ចំណែកឯកម្មករ​វិញត្រូវចេះ​គោរ​ពស្រលាញ់គ្នាគោរព ការងារឲ្យ​តម្លៃគ្នា​ទៅវិញទៅមក និងត្រូវខិត​ខំធ្វើការ​ឲ្យបាន​ល្អប្រសើរ។

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញ​នូវសារ​សំខាន់ៗ ៩ចំនុចដើម្បីអោយ​ក្រសួងពាក់​ពន្ធ័អោយ​អនុវត្តន៍អោយមានប្រសិទ្ធភាព។

១) ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

២) ត្រូវអនុវត្តន៍ការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និង​ការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តន៍ដូចគ្នាជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយ បានម៉តចត់។

៣) ត្រូវអនុវត្តន៍ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់​សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ)ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារអោយបានដិតដល់ចំពោះការអនុវត្តន៍សកម្មភាពនេះ។

៤) ត្រូវអនុវត្តន៍ ចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួល​បានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។

៥) ត្រូវអនុវត្តន៍ ចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦) អនុវត្តន៍តាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់អោយបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧) អនុវត្តន៍ប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីអោយដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨) អនុវត្តន៍ចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។

៩) ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗអោយបានដិតដល់ និងចូលរួមដោះ​ស្រាយបញ្ហា ប្រឈមនានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករកម្មការនីអោយបានឆាប់បំផុត។

មុននឹង​បញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរ​បង​ប្អូន​កូនក្មួយ​កម្មករ-កម្មការិនី និយោជកទាំងអស់ ដែលបាន​ចូលរួ​មក្នុងពិធី​ជួបជុំ​ថ្ងៃនេះ ឲ្យជួប​តែសេចក្តីសុខ ចម្រើនគ្រប់ៗគ្នា ។ សម្តេចតេជោបាន​ឧបត្ថម្ភ​នូវប្រាក់លើក​ទឹកចិត្ត​មួយចំនួន​ដល់ក​ម្មករ​ និងបានឧបត្ថម្ភថវិកា ដល់កម្មការនីមានផ្ទៃពោះចំនួន ៣១៤ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូប​អនុស្សាវរីយ៍ Free Selfie, ដែលបង្ហាញការ​អាណិតស្រឡាញ់ និងយកចិត្តទុក​ដាក់យ៉ាងស្មោះ​ស្ម័គ្រចំពោះ​បងប្អូនកូន​ក្មួយកម្មករ-កម្មការិនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ