សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុង​ពិធីស​ម្ពោធ​ជាផ្លូវ​ការច្រកទ្វារ​អន្តរ​ជាតិ និង​អគារ​ទីស្នាក់​ការត្រួតពិនិត្យ ត្រពាំង​ក្រៀល (កម្ពុជា) និងអគារ​ទីស្នាក់​ការត្រួត​ពិនិត្យ​ច្រកទ្វា​រអន្តរជាតិ ណងណុកខៀន (ឡាវ)

CNV: 10/01/2016
  • ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
  • ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូឡាវ ព្រមទាំង​បង​ប្អូនប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលបានអញ្ជើញចូលក្នុងពិធីនេះជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមជាមួយឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងពិធីដែលបានរៀបចំរួមគ្នា​ដោយប្រទេសយើងទាំងពីរ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងអគារ ទីស្នាក់ការត្រួតពិនិត្យច្រក​ទ្វារអន្តរជាតិ ណងណុកខៀន ខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុង ឱកាសដ៏មហោឡារិកអធិកអធមនេះ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា ខ្ញុំសូមប្រសិទ្ធពរជ័យបវរមហាប្រសើរ​ជូន​ចំពោះ​ឯកឧត្តម​នាយករដ្ឋមន្រ្តី និងឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ព្រមទាំងបងប្អូន​ប្រជា​ពលរដ្ឋនៃប្រទេសទាំងពីរ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះសូមមានសុខភាពល្អ និងសម្រេចបាន​ជោគជ័យគ្រប់ភារកិច្ច។

ឯកឧត្តមនាយករដ្ឋមន្រ្តី

ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ក្នុងគណៈប្រតិភូកម្ពុជា គណៈប្រតិភូឡាវ និងបងប្អូនប្រជា​ពលរដ្ឋកម្ពុជា ប្រជាពលរដ្ឋឡាវ ជាទីមេត្រី!

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមធ្វើការវាយតម្លៃខ្ពស់ និងមានការពេញចិត្តពេញថ្លើម ចំពោះការ​រីកចម្រើនឥតឈប់ឈរ នូវទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ​រវាងប្រទេសយើងទំាងពីរកម្ពុជា-ឡាវ ដែលជាប្រទេសមានភូមិផងរបងតែមួយ មានប្រពៃណីសហការ ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ប្រកបដោយភាពស្មោះសតាំងពីយូរលង់មកហើយ។

កិច្ចសហការរៀបចំរួមគ្នានូវពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរ​ជាតិ នៃប្រទេសទំាងពីរនាឱកាសនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ច​សហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា​-ឡាវ។ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ​ត្រពាំងក្រៀល របស់កម្ពុជា និងអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ណងណុកខៀន របស់ឡាវ បានតភ្ជាប់ទៅវិញទៅមករវាងផ្លូវជាតិលេខ ៧ របស់កម្ពុជា ជាមួយផ្លូវជាតិលេខ ១៣ របស់ឡាវ ដែលជា ច្រករបៀងដឹកជញ្ជូនផ្លូវគោកដ៏មានសក្តានុពលក្នុងការតភ្ជាប់ប្រទេសយើងទំាងពីរ និងជាបណ្តាញគមនា​គមន៍តភ្ជាប់រវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV) ព្រមទំាំងបណ្តាប្រទេស នៅក្នុងតំបន់​មេគង្គផង​ដែរ។ ការអភិវឌ្ឍ​​បណ្តាញគមនាគមន៍តភ្ជាប់រវាងប្រទេសយើងទំាងពីរ ព្រមជាមួយ​ការអភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធត្រួតពិនិត្យការចេញចូល​ឆ្លងកាត់ព្រំដែន ប្រកបដោយភាពងាយស្រួល គឺពិតជាបានចូលរួមបង្កើន​ទំហំពាណិជ្ជកម្ម ការវិនិយោគ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ការបង្កើនលំហូរភ្ញៀវទេសចរ​រវាង​ប្រទេសទាំងពីរ ក៏ដូចពីប្រទេសទី ៣ ឆ្លងកាត់ព្រំដែន ព្រមទាំងជួយសម្រួលដល់ការផ្លាស់​ប្តូរទំនិញ​កសិ​ផល ការបង្កើនទំនាក់ទំនងផ្សារភ្ជាប់គ្នាទៅវិញទៅមករវាងប្រជាពលរដ្ឋ តាមតំបន់ព្រំដែន នៃប្រទេសទំាង​ពីរស្របតាមឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទំាងពីរកម្ពុជា-ឡាវ។

ផ្តើមចេញពីសារៈសំខាន់ខាងលើនេះ ក្នុងជំនួបទ្វេភាគី រវាងរូបខ្ញុំ និងឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយក​រដ្ឋមន្រ្តីឡាវ នៅសៀមរាប ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកទី ៩ កម្ពុជា-ឡាវ-វៀតណាម ស្តីពីការ​អភិវឌ្ឍ​តំបន់ត្រីកោណភាគី យើងទាំងពីរបានឯកភាពគ្នាឱ្យក្រុមការងារចម្រុះ នៃប្រទេសទំាងពីរបន្តសហការគ្នា​ចុះត្រួតពិនិត្យមើលឡើងវិញ នូវទីតាំងជាក់ស្តែងសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រវាងប្រទេស​ទំាងពីរសំដៅបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។

ទន្ទឹមនេះចាប់ពីខែ មករា ឆ្នាំ ២០១៧ នេះតទៅ​ រដ្ឋាភិបាល នៃប្រទេសយើងទំាងពីរក៏បានឯកភាព​គ្នាអនុ​ញ្ញាត​ឱ្យ ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែនប្រើប្រាស់ប័ណ្ណ​ព្រំដែន សម្រាប់ជាឯកសារផ្លូវការក្នុង​ការចេញចូលឆ្លងកាត់ព្រំដែន តាមច្រកទ្វារព្រំដែនជាផ្លូវការទៅក្នុងតំបន់ព្រំដែន ដែលបានកំណត់ ដើម្បី​ជួយសម្រួលដល់ទំនាក់ទំនងផ្សារភ្ជាប់គ្នារវាងប្រជាជន និងប្រជាជនតាមតំបន់ព្រំដែននៃប្រទេស​ទំាំងពីរ ដែលមានប្រពៃណីទៅមករកគ្នាជាយូរលង់មកហើយ​។ អាស្រ័យហេតុនេះ សូមអាជ្ញាធរខេត្ត និងអាជ្ញាធរ​មូលដ្ឋាន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តោយព្រំដែន នៃប្រទេសទំាំងពីរធ្វើការអប់រំផ្សព្វ​ផ្សាយដល់ប្រជាជននៅតាមមូលដ្ឋានរៀងៗខ្លួន អំពីការប្រើប្រាស់ប័ណ្ណព្រំដែននេះ។

ឯកឧត្តមនាយករដ្ឋមន្រ្តី

ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ក្នុងគណៈ ប្រតិភូកម្ពុជា គណៈប្រតិភូឡាវ និងបងប្អូន​ប្រជា​ពលរដ្ឋកម្ពុជា ប្រជាពលរដ្ឋឡាវជាទីមេត្រី !

ដើម្បីជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ដែលជាប្រទេសមានភូមិផងរបង​តែ​មួយប្រទេសទំាងពីរបានចុះកិច្ចព្រមព្រៀងអនុស្សារណៈ និងកំណត់ហេតុ នៃកិច្ចប្រជុំនានាជាច្រើន និងលើ គ្រប់វិស័យ ព្រមជាមួយការសហការគ្នារៀបចំនូវយន្តការសហប្រតិបត្តិការគ្នាតំាងពីថ្នាក់ជាតិ រហូតដល់ ថ្នាក់មូលដ្ឋាន។ អាស្រ័យហេតុនេះ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន​ក៏ដូចយន្តការ សហ ប្រតិបត្តិការនានា ដែលបានបង្កើតឡើង ព្រមទាំងអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថ កិច្ចតាមបណ្តោយព្រំដែន នៃប្រទេសទំាងពីរ បន្តសហ​ការគ្នាអនុវត្តឱ្យសម្រេចបាន នូវលទ្ធផលស្រប តាម ការព្រមព្រៀងគ្នា។ ក្នុងនោះ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាននៅតាមបណ្តោយ ព្រំដែនប្រទេសទំាងពីរបន្តសហការគ្នាឱ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់​គ្រងការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងឧក្រិដ្ឋកម្ម​ឆ្លងកាត់​ព្រំដែនគ្រប់ប្រភេទ ព្រមទាំងខិតខំសម្របសម្រួលរួមគ្នាដោះស្រាយបញ្ហានានា ដែលកើតឡើងតាមព្រំដែន​ឱ្យបានទាន់ពេលវេលា និងដោយសន្តិវិធី ឈរលើស្មារតីមិត្តភាព​ជាប្រពៃណី ភាពជាបងប្អូន ជាអ្នកភូមិ​ផងរបងតែមួយដ៏ល្អសំដៅរួមគ្នាពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជន​ នៃ​ប្រទេសទាំងពីរឱ្យបានស្ថិតស្ថេររឹងមាំ និងមានការរីកចម្រើនឥតឈប់ឈរ ជានិច្ចនិរន្តតទៅទៀត។

ឆ្លៀតយកក្នុងឱកាសនេះ ខ្ញុំសូមអរគុណចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត​ឡាវ ដែលបានលក់អគ្គិសនីក្នុងតម្លៃថោកជូនមកកម្ពុជា ដែលភាគច្រើនប្រើបា្រស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ​។  ខ្ញុំក៏សូមយកឱកាសនេះ បញ្ជាក់ជូនឯកឧត្តមនាយករដ្ឋមន្រ្តីម្តងទៀតថា កម្ពុជា​នឹង​ផ្តល់ជូនមិត្តឡាវក្នុងការប្រើប្រាស់ផ្លូវគោក ផ្លូវទឹក និងកំពង់ផែតាមទន្លេមេគង្គ និងកំពង់ផែសមុទ្រកម្ពុជា ដើម្បីសំរួលដល់ការដឹកជញ្ជូនរបស់មិត្តឡាវ ដែលជាប្រទេសពុំមានសមុទ្រ។

ចុងបញ្ចប់នេះ ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្តែងនូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជនឡាវ ដែលតែងតែមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ និងផ្តល់ការគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ ឈរលើស្មារតីនៃចំណងសាមគ្គីភាព មិត្តភាពដ៏ស្មោះស្ម័គ្រ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាង​ប្រជាជាតិ និងប្រជាជន នៃប្រទេសយើងទាំងពីរកម្ពុជា-ឡាវ។ ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលជាមួយគ្នា​ នូវអគារទីស្នាក់ការត្រួត​ពិនិត្យច្រកទ្វារអន្តរជាតិត្រពាំងក្រៀល និងអគារ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ណងណុកខៀន​នាពេលនេះ ខ្ញុំសូមប្រសិទ្ធពរ​ជូនឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ និងឯកឧត្តម លោកជំទាវ លោកស្រី អស់​លោក ព្រមទាំងបងប្អូនប្រជាពលរដ្ឋកម្ពុជា-​ឡាវទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូណ៌ សម្រេច បាន​ជោគជ័យក្នុងគ្រប់ការងារ​ មានសេរីសួស្តី និងសុខសុភមង្គល គ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានផ្សេងៗ

Keynote Address by Samdech Thipadei Hun Manet at the Global Chinese Economic �...

I extent my warmest welcome to you all and I hope that everyone has a comfortable stay in Phnom Penh, the capital of the Kingdom of Cambodia.