ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល
គណៈធិបតីភ្ញៀវកិត្តិយស អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋ
ដែលអញ្ជើញមកតាំងពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមពិធី «បើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល» ដែលជាស្ពានអាកាសថ្មីមួយ បន្ថែមទៀត ត្រូវសាងសង់ ដើម្បីជួយសម្រួលដល់ការ ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និង សម្រាប់រួមចំណែកដល់ការលើកកម្ពស់វិស័យគមនាគមន៍ ដឹកជញ្ជូន និង ឡូជីស្ទិក សំដៅជំរុញ សកម្មភាពសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែប្រសើរថែមទៀត ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរជូនរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ក៏ដូចជាបណ្ដាអង្គភាពពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការល្អជាមួយគ្នា និង សម្របសម្រួលរាល់កិច្ចការទាំងឡាយរហូតឈានដល់ការបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ។
ផ្អែកតាមរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, គម្រោងស្ថាបនាស្ពានអាកាសភ្លោះនេះ គឺជាគម្រោងថ្មីបន្ថែមមួយទៀត សម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលបានកើតចេញពីអនុសាសន៍ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «យកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹកត្នោតខ្ចប់ស្ករត្នោត» តាមរយៈការប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍កោះនរាមួយផ្នែក និង មួយផ្នែកទៀត បានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល សម្រាប់យកមកស្ថាបនាស្ពានអាកាសថ្មីនេះ ដើម្បីរួមចំណែកដោះស្រាយបញ្ហាលំហូរចរាចរក្នុងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដើម្បីតភ្ជាប់ទៅនឹងប្រព័ន្ធឡូជីស្ទិកនៃគម្រោងអាកាសយានដ្ឋានតេជោអន្តរជាតិ និង គម្រោង «ព្រែកជីកហ្វូណន-តេជោ» ឱ្យកាន់តែមានភាពប្រទាក់ក្រឡា សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និង ប្រជាជន ។
[ផ្ដើមសេចក្ដីអធិប្បាយ១]
(១) រីកជាបរិមាណ ភ្នំពេញកើនផ្ទៃដី កើនចំនួនប្រជាពលរដ្ឋរស់/ស្នាក់នៅ និងកើនមធ្យោបាយធ្វើដំណើរ
យើងរួមគ្នាអបអរសាទរការកសាងស្ពានអាកាសមួយ ដែលភ្ជាប់និស្ស័យពីខេត្តកណ្ដាល និងរាជធានីភ្នំពេញ។ ថ្ងៃនេះមានប្រជាពលរដ្ឋអញ្ជើញមក មួយផ្នែកពីខណ្ឌដង្កោ រាជធានីភ្នំពេញ និងមួយផ្នែកពីខេត្តកណ្ដាល។ ពេលចូលមកបានជួបអ្នកភ្នំពេញ។ ចាំចេញទៅវិញជួបអ្នកខេត្តកណ្ដាល។ ខេត្ត(និងរាជធានីភ្នំពេញ) ទាំងពីរនេះគឺជាខេត្តដែលភ្ជាប់សាច់ឈាមជាមួយគ្នា គម្លាតរវាងខេត្តនិងរាជធានីកាន់តែបិទបន្តិចម្ដងៗ។ បើយើងនិយាយអំពីរាជធានីភ្នំពេញ ពីការអភិវឌ្ឍ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ គឺរីកទាំងបរិមាណនិងគុណភាព។ បរិមាណបានន័យថាសំដៅទៅលើចំនួន។ (ទី១) ផ្ទៃដីរបស់រាជធានីភ្នំពេញបានកើនពី ៣០០គីឡូម៉ែត្រការ៉េ ទៅជាជិត ៧០ម៉ឺនគីឡូម៉ែត្រការ៉េ។ រាជធានីភ្នំពេញបានស្រូបយកតំបន់មួយចំនួននៃខេត្តកណ្ដាល។
សូម្បីនៅខណ្ឌដង្កោនេះ ពេលពង្រីកក៏បានយកផ្នែកមួយចំនួននៃស្រុកកណ្ដាលស្ទឹង និងស្រុកអង្គស្នួល បញ្ចូលមកខាងខណ្ឌដង្កោ។ ភ្នំពេញកាន់តែរីក ខេត្តកណ្ដាលចេះតែភ័យ។ អោយតែភ្នំពេញរីក ចេះតែទាញយក(ពីខេត្តកណ្តាល)មកដាក់ក្នុងរាជធានីភ្នំពេញ។ អញ្ចឹងអ្នកខេត្តកណ្ដាលក្លាយទៅជាអ្នករាជធានីភ្នំពេញ។ យ៉ាងណាក្តី នេះជាកំណើនដែលមិនអាចជៀសបានទេ។ ទី២ ប្រជាពលរដ្ឋរស់នៅនិងស្នាក់នៅបម្រើការងារនៅភ្នំពេញមានប្រមាណ ៣លាននាក់។ ដែលសម្ដេចតេជោលោកមានប្រសាសន៍ថាចូលមកភ្នំពេញដំបូងជួបតែ ១០នាក់ជាងនៅភ្នំពេញ ឥឡូវ ៣លាននាក់។ ទី៣ មធ្យោបាយធ្វើដំណើរ ម៉ូតូ រថយន្ត របស់យើងប្រមាណជា ២លានគ្រឿងនៅបច្ចុប្បន្ន។ បើគិតពីបរិមាណគឺកើន ទៅមុខទៀតនឹងបន្តកើនទៀត។ ខ្ញុំមិនអាចហាមអ្នកភ្នំពេញមិនអោយកើតកូនថែមទៀតទេ ហើយក៏មិនអាចអោយអ្នកភ្នំពេញឈប់ទិញឡាន និងម៉ូតូនោះដែរ មានតែលើកទឹកចិត្តដើម្បីបន្ថែមមធ្យោបាយឱ្យបងប្អូន។ រដ្ឋមានតែខិតខំដោះស្រាយនូវបញ្ហាកកស្ទះ បញ្ហាកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម។
(២) រីកជាគុណភាព សំដៅលើភាពសម្បូរបែបនិងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ
បើយើងនិយាយពីគុណភាព គឺសំដៅទៅលើភាពសម្បូរបែបនិងកម្រិតជីវភាព។ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើងគ្រប់កន្លែង ជាពិសេសក្នុងរាជធានីភ្នំពេញ បានកើនឡើងជាបន្តបន្ទាប់។ យើងមានបញ្ហាប្រឈមខ្លះថ្មីៗនេះនៅជំនាន់កូវីដ-១៩ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចយើងទាំងមូល ប៉ុន្តែបើយើងប្រៀបធៀបក្នុងរយៈពេលតែមួយទសវត្សរ៍ក្រោយពីសង្គ្រាមមកនេះ យើងឃើញថាជីវភាពរស់នៅទូទាំងប្រទេស ព្រមទាំងនៅរាជធានីភ្នំពេញគឺមានកើនឡើង។ កំណើននៃផ្ទះ ម៉ូតូ រថយន្ត បានក្លាយជាការចាំបាច់អោយពង្រីកបន្ថែម(ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ)នៅក្នុងរដ្ឋបាលរបស់ខណ្ឌដង្កោ និងខណ្ឌមួយចំនួនដែលយើងបន្ថែមទៀត។ ឥឡូវយើងមាន ១៤ខណ្ឌ។ នៅក្នុងកន្លែងនីមួយៗ គឺកាន់តែរីកបន្ថែមទៀត។ ដីស្រែពីមុនក្លាយទៅជាដីលំនៅស្ថាន រោងចក្រ ក្លាយទៅជាកន្លែងបង្កើតការងារ។ ផ្លូវ៦០ម៉ែត្រនេះគឺជាសក្ខីភាពជាក់ស្ដែង។ ពីមុនជាព្រៃលាយជាមួយបឹងមួយចំនួន ដែលប្រជាពលរដ្ឋអាស្រ័យផល។ ឥឡូវជាកន្លែងបង្កើត(ភាព)រស់រវើកនៃសកម្មភាពសេដ្ឋកិច្ច។ គ្រាន់តែផ្សារ AEON មួយបង្កើតការងាររាប់ពាន់កន្លែង។ ទៅមុខទៀតនឹងមានសាលារៀននិងសកម្មភាពជាច្រើនរីកនៅកន្លែងនេះ និងសាយភាយមកដល់ជុំវិញហ្នឹង។ នៅ(ខណ្ឌ)មានជ័យ ចាក់អង្រែលើ ចាក់អង្រែក្រោម មកដល់ខេត្តកណ្ដាល បានន័យថាសេដ្ឋកិច្ចនៅមួយកន្លែងកើន វាជះឥទ្ធិពលនិងទាញសេដ្ឋកិច្ចកន្លែងនៅជុំវិញ (កើន)ឡើង។
(៣) បើសិនជារាជធានីភ្នំពេញស្ថិតក្នុងកំរិតដូចពីឆ្នាំ១៩៨០ មិនមានការចាំបាច់ពង្រីកហេដ្ឋារចនាសម្ព័ន្ធទេ
យើងមានតម្រូវការសម្បូរបែបនិងហេដ្ឋារចនាសម្ព័ន្ធនៅពេលដែលសេដ្ឋកិច្ចកើនឡើង។ ពេលដែលប្រជាជនធ្វើដំណើរដោយកង់ កាលនោះមិនចាំត្រូវធ្វើផ្លូវធំទេ។ នៅពេលដែលប្រជាពលរដ្ឋចំនួនតិច មានមធ្យោបាយដឹកជញ្ជូន ក៏មិនចាំបាច់ពង្រីកផ្លូវទេ។ បើសិនជារាជធានីភ្នំពេញ(នៅក្នុងកំរិតដូច) ពីឆ្នាំ១៩៨០ យើងអត់ចាំបាច់ពង្រីកផ្លូវទេ ព្រោះមិនសូវមានឡាន ឬម៉ូតូច្រើន។ មិនមែន ២លានគ្រឿង(ដូចពេល)នេះទេ។ នៅកន្លែងនេះ ពីមុនក៏មិនមានផ្ទះដែរ មិនចាំបាច់ធ្វើផ្លូវ ៦០ម៉ែត្រ ឬ ៥០ម៉ែត្រទេ មិនចាំបាច់ដាក់ភ្លើង តភ្លើងមកធ្វើអីទេ។ ប៉ុន្តែដោយសារកំណើននៃប្រជាពលរដ្ឋនេះហើយ បានទាមទារឱ្យយើងបង្កើតនូវសមិទ្ធផលមិនត្រឹមតែបរិមាណដ៏ច្រើនទេតែថែមទាំងសម្បូរបែបទៀត។ ជាក់ស្ដែង ហេដ្ឋារចនាសម្ព័ន្ធដែលកើនឡើងពីផ្លូវដីទៅផ្លូវកៅស៊ូ ទៅផ្លូវបេតុង ពី ៥ម៉ែត្រកាលពីមុនកន្លែងខ្លះតូចជាងហ្នឹង ទៅ១០ម៉ែត្រ, ២០ម៉ែត្រ, ៣០ម៉ែត្រ, ៤០ម៉ែត្រ, ៥០ម៉ែត្រ, ៦០ម៉ែត្រ។ ពីផ្លូវធម្មតាទៅធ្វើស្ពានអាកាស កន្លែងខ្លះធ្វើផ្លូវក្រោមដីយ៉ាងខ្លី។ យើងមិនទាន់ឈានទៅដល់ការធ្វើប្រព័ន្ធដឹកជញ្ជូនគមនាគមន៍ក្រោមដីពិតមែន ប៉ុន្តែកន្លែងខ្លះយើងច្នៃបាន(ផ្លូវក្រោមដី) តាមការចាំបាច់។
(៤) រាជធានីភ្នំពេញមានចំណោទចំណតរថយន្ត ត្បិតម្យ៉ាងមានកំណើនប្រជាពលរដ្ឋ និងម្យ៉ាងមានលទ្ធភាពទិញ
បច្ចុប្បន្ន បញ្ហាចោទធំនៃភាពសម្បូរបែបនៅរាជធានីភ្នំពេញគឺចំណតរថយន្ត។ ការម្ដងៗ (បើនៅទីតាំងដែល)មិនមានចំណតរថយន្ត ពិបាកហៅភ្ញៀវ។ ឥឡូវ ចតរថយន្តខ្លះត្រូវតែច្នៃ ព្រោះអស់(កន្លែងចត)ហើយ។ នៅកណ្ដាលក្រុង យើងពិបាកច្នៃ ព្រោះអត់មានដី។ ថ្ងៃមុន មានអ្នកជួបលើកឡើងថា ខ្វះកន្លែងចតឡាន។ ទីតាំងខ្លះមានតែ ៣០ម៉ គុណ ៤០ម៉ វាស្មើនឹង ១២០០ ការ៉េ។ បើចតបានឡានប្រហែលជា ៥០គ្រឿងអីហ្នឹង។ ឥឡូវមានសំណើច្នៃធ្វើអគារសំរាប់ប្រើជាកន្លែងចតឡានដោយប្រើបច្ចេកវិទ្យា។ បើចូលកន្លែងហ្នឹង គេយកមកចាប់ឡើងទៅដាក់ថ្នាក់ៗ ដូចយើងដាក់សៀវភៅ។ ម្យ៉ាងដែរ។ ដំបូងខ្ញុំឃើញនៅក្រៅប្រទេសចង់ភ័យ។ ឡានមួយធ្ងន់។ តែឥឡូវគេធ្វើអញ្ចឹង។ កន្លែងខ្លះយើងច្នៃក្រោមដី។ ដូចមុខអគារវឌ្ឍនៈអី យើងដាក់ក្រោមដី ព្រោះអស់នៅលើដី។ ដោយសារអី? ដោយសារកំណើននៃប្រជាពលរដ្ឋ។ មិនមែនតែកំណើនចំនួនប្រជាពលរដ្ឋ តែកណើននូវជីវភាពដែលគាត់មានលទ្ធភាពទិញមធ្យោបាយសម្ភារៈ ចំនួននេះនឹងបន្តធ្វើតទៅទៀត។
(៥) ភាពសម្បូរបែបបញ្ជាក់ពីការរីកចម្រើនរបស់រាជធានីភ្នំពេញ និងខេត្តទូទាំងប្រទេស
(ប្រទេស/ក្រុងតយើងមាន)រចនាសម្ព័ន្ធកំពុងតែទំនើប សម្បូរបែប ទាំងផ្លូវ ប្រព័ន្ធហេដ្ឋារចនា អគារ ជាតម្រូវការរបស់ប្រជាពលរដ្ឋ។ កាលពីឆ្នាំ១៩៩០ ហាងកាហ្វេមានម៉ាស៊ីនត្រជាក់មិនសូវមានអ្នកណាចូលទេ។ ឥឡូវបើសិនជាហាងកាហ្វេអត់ម៉ាស៊ីនត្រជាក់ អត់មានអ៊ីនធើណិត អត់សូវមានមនុស្សចូល ដោយសារតម្រូវការប្រជាពលរដ្ឋមានការប្រែប្រួលទៅកើនឡើង។ អញ្ចឹងភាពសម្បូរបែបនេះ បញ្ជាក់អំពីគុណភាពនៃការរីកចម្រើនរបស់រាជធានីភ្នំពេញ មិនមែនតែនៅរាជធានីភ្នំពេញទេ តាមបណ្ដាខេត្តទាំងអស់។ នៅក្រុងតាខ្មៅក៏ដូចគ្នា។ កាលខ្ញុំនៅក្មេង ឆ្នាំ១៩៩៧, ១៩៩៨ ផុតតែពីរង្វង់មូលតាខ្មៅដល់ទួលក្រសាំងងងឹតឈឹង។ ផ្លូវតែប្រលោះប៉ុន្មានម៉ែត្រសល់ពីដើម … (បច្ចុប្បន្ន)យើងធ្វើស្ពានជាប់ដល់កោះធំ ឥឡូវយើងកំពុងតែពង្រីកបន្ថែមទៀត។ សំណង់បុរី សណ្ឋាគារ ផ្សារទំនើប អគារពាណិជ្ជកម្ម ទីក្រុងរណប … សូម្បីតែតម្រូវការរបស់ប្រជាពលរដ្ឋធម្មតា(ក៏មានការរីកលូតលាស់) អ្នកមានជីវភាពមធ្យមកាន់តែកើនចំនួន។ ដូចនេះត្រូវតែមានការរៀបចំអោយបានល្អនូវសណ្ដាប់ធ្នាប់។ យើងនិយាយអំពីការរីកចម្រើនរបស់រាជធានីភ្នំពេញ ទាំងបរិមាណនិងគុណភាព គឺជាការជាក់ស្តែង។ កិច្ចការនេះចាំបាច់ត្រូវធ្វើ។ ដរាបណាប្រទេសយើងនៅមានសន្តិភាព ស្ថិរភាព សង្គមនៅថែរក្សាការបន្តរីកធំធាត់របស់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅទូទាំងប្រទេសកាន់តែកើនថែមទៀត។
(៦) ដំណោះស្រាយតាមបែបប្រតិកម្ម គឺឆ្លើយតបនឹងតម្រូវការចំពោះមុខ
មនុស្សលែងស្លាប់លើសមរភូមិហើយ។ អាយុមនុស្សកាន់តែកើនដោយសារសុខភាពកាន់តែល្អ។ អ្នកអាយុ ៥០ឆ្នាំនាពេលបច្ចុប្បន្ន ខុសពីអ្នកអាយុ ៥០ឆ្នាំ កាលពីឆ្នាំ ១៩៨០។ អាយុ ៥០ឆ្នាំឥឡូវ មើលមិនស្រួលច្រឡំ ៣០ឆ្នាំស្តើង ព្រោះអាហារូបត្ថម្ភ(សម្បូរបែប)។ និយាយអញ្ចឹងមិនមែនសរសើរខ្លួនឯងជិត ៥០ឆ្នាំទេ … អាយុ(ការរំពឹងរស់)កាន់តែកើន។ ជីវិតមធ្យមរបស់យើងពីមុន ៥០ឆ្នាំជាង ឥឡូវឡើង ៦០ឆ្នាំ ៧០ឆ្នាំ, ៧៨ ឬ៧៩ឆ្នាំ។ កាន់តែរស់នៅបានយូរ មើលថែទាំ(កូនចៅ)។ ជាកម្លាំងមួយធំ។ ប្រជាពលរដ្ឋដែលស្គមស្គាំងពីការបាត់បង់អាហារូបត្ថម្ភក្នុងទស្សវត្សរ៍ ៨០ សង្គ្រាមដែលថាស្លាប់ម្តងរាប់រយរាប់ពាន់នាក់នៅលើសមរភូមិ ក្មេងៗ បាក់កម្លាំងពលកម្ម ឥឡូវបានក្លាយជាកម្លាំងប្រមូលផ្តុំធំ ជាមួយនឹងការបង្កើនចំនួនប្រជាពលរដ្ឋ ដែលទាមទារឱ្យរដ្ឋាភិបាលដាក់ចេញនូវដំណោះស្រាយ។ រដ្ឋាភិបាលត្រូវដាក់ចេញដំណោះស្រាយក្នុងបែបផែន ២។ បែបផែនមួយគឺប្រតិកម្ម។ បានន័យថា ឆ្លើយតបទៅនឹងតម្រូវការនៅខាងមុន។ ជាពិសេសកន្លែងខ្លះគឺព្យាយាមឱ្យទាន់ទៅនឹងការរីកចម្រើននិងតម្រូវការ។ កន្លែងខ្លះលឿន។ គ្រាន់តែមួយទស្សវត្សរ៍ក្រោយសង្គ្រាមមកនេះ មុន កូវីដ-១៩ ឧទាហរណ៍ គ្រាន់តែតំបន់រណបរាជធានីភ្នំពេញ បុរីកើនឡើងលឿនដែលកន្លែងខ្លះរដ្ឋាភិបាលតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអត់ទាន់ផង។
កន្លែងខ្លះឃើញគេបង្ហោះធ្វើផ្លូវដាក់លូ កាត់ផ្លូវដាក់លូ កន្លែងខ្លះដោយសារពេលដែលធ្វើផ្លូវ ធ្វើអគារ ធ្វើបុរីលឿន មុននឹងបានតភ្ជាប់ប្រព័ន្ធខ្សែកាប ប្រព័ន្ធអីយើងរុញទៅមិនទាន់ដល់។ អញ្ចឹងមួយផ្នែកគឺត្រូវឆ្លើយតបទៅនឹងកន្លែងដែលមាន។ ការសាងសង់បុរី លំនៅដ្ឋាន ធ្វើលឿន មុនទាំងបានប្លង់រឹងមកផង។ យើងត្រូវតែឆ្លើយតបឱ្យគាត់ ព្រោះមិនអាចនៅពាំត្រណោតទេ។ ទឹកភ្លើង ជួនកាលទៅមុន។ ដាក់ភ្លើងអគ្គិសនីឯកជនសិន។ ក្រោយមកយើងតភ្ជាប់បណ្តាញជាតិ។ ផ្លូវនៅក្រុងភ្នំពេញចាប់ផ្តើមស្ទះ។ យើងមិនហាមប្រជាពលរដ្ឋមិនឱ្យទិញឡាន ទិញម៉ូតូ មុនយើងពង្រីកផ្លូវទេ ឬមួយក៏ថាផ្លូវប៉ុណ្ណឹងឱ្យមានឡានតែប៉ុណ្ណេះទេ យើងអត់ទេ។ នៅប្រទេសខ្លះ ដូចជាសិង្ហបុរី គេកំណត់ចំនួនរថយន្ត។ ការទិញឡាន គេតម្រូវអោយមាន (COE) certificate of entitlement គឺឱ្យមាន ១០ម៉ឺនគ្រឿង។ គេឱ្យចេញតែប៉ុណ្ណឹងទេ។ អញ្ចឹង ទាល់តែឡានមួយចូលនិវត្តន៍ បានលក់ហ្នឹងទៅទៀត។ គេអត់ឱ្យណែន អាចថាប៉ុន្មានឆ្នាំគេបង្កើនចំនួនប៉ុន្មានអញ្ចឹងទៅ។ អញ្ចឹងក្រៅពីហ្នឹងមុននឹងទិញឡានមួយត្រូវតែទិញអាហ្នឹង ជួនកាលសិទ្ធិទិញហ្នឹងថ្លៃជាងតម្លៃឡានទៅទៀត … តែកម្ពុជាអត់មានទេ។
(៧) ពង្រឹងការត្រួតពិនិត្យបច្ចេកទេសរថយន្តឱ្យបានច្បាស់ ជាជាងការកំណត់ឆ្នាំនាំចូលរថយន្ត
ថ្ងៃមុន ក៏មានការគិតគូរពីការនាំចូលរថយន្តកំណត់ឆ្នាំ។ ខ្ញុំថាកុំអី។ ត្រូវពង្រឹងប្រព័ន្ធឆៀក ប្រព័ន្ធឆែក បច្ចេកទេសឱ្យមាំវិញ។ កាលមុនមានប្រជុំដល់ ឯកឧត្តម អូន ព័ន្ធមុនីរត្ន័ ដាក់សុំយោបល់ខ្ញុំ។ មានប្រជុំលើកយោបល់ ដោយសារគិតគូរពីរឿងបរិស្ថាន។ អញ្ចឹងក៏បានគិតគូរស្នើសុំថាឥឡូវគួរតែហាម ឆ្នាំ ២០២៤ មិនឱ្យនាំចូលរថយន្តដែលលើសអាយុ ១០ឆ្នាំ។ ដល់ឆ្នាំ ២០៣០ ហាមមិនឱ្យនាំចូលរថយន្តដល់អាយុ ៥ឆ្នាំ ដើម្បីយើងធានារថយន្តឱ្យល្អ កុំឱ្យខូចបរិស្ថាន។ ខ្ញុំថាដកចោលសិន។ មកដល់ម៉ោងនេះ មិនទាន់មានការចាំបាច់។ អ្នកខ្លះ សូម្បីឡានរថយន្តតាក់ស៊ីមួយចំនួនមិនអាចទៅរកអា ៥ឆ្នាំមកទេ។ វាថ្លៃ។ ត្រូវពង្រឹងប្រព័ន្ធឆែកបច្ចេកទេស … ទោះរថយន្តហ្នឹងក្រោម ៥ឆ្នាំ ក្រោម ១០ឆ្នាំ តែបើបច្ចេកទេសវាមិនត្រូវ កុំឱ្យវារត់។ ឥឡូវអ្នកខ្លះជួនកាលយករថយន្តពីជំនាន់ដើម Mercedes ឆ្នាំ ១៩៦៨អី ជិះពេញហ្នឹង ដោយគាត់នៅថែទាំបច្ចេកទេស។ ខ្ញុំយល់ពីការថែទាំបរិស្ថាន តែថាមិនបាច់ដាក់កំណត់ឆ្នាំទេ ប៉ុន្តែពង្រឹងការត្រួតពិនិត្យបច្ចេកទេសរថយន្តឱ្យបានច្បាស់ នេះទើបត្រឹមត្រូវ …។
អញ្ចឹង គ្មានការកំណត់ទេ។ មិនបាច់ចាប់ដាក់មកទេ។ ប្រទេសខ្លះហាមមិនឱ្យយករថយន្តចាស់ចូល ដើម្បីលើកស្ទួយជីវភាព លើកស្ទួយកម្រិតនៃឧស្សាហកម្មរថយន្តនៅក្នុងប្រទេស ដែលតម្លើងរថយន្ត។ ខ្ញុំថាមិនចាំបាច់ទេ។ រថយន្តដែលក្រុមហ៊ុនថ្មីយកមកតម្លើងនៅក្នុងប្រទេសក៏យើងលើកទឹកចិត្ត ប៉ុន្តែគាត់ត្រូវមានសិទ្ធិប្រកួតប្រជែងជាមួយការនាំរថយន្តថ្មីៗ រថយន្តប្រើមួយទឹកចូល។ គាត់ត្រូវធានាថាធ្វើបានល្អ និងតម្លៃសមរម្យ (ដែលពេលនោះ)ប្រជាជននឹងទិញហើយ។ យើងចង់ឱ្យបានរថយន្តល្អ តម្លៃកាន់តែធូរ ឱ្យប្រជាពលរដ្ឋយើងមានលទ្ធភាពទិញបានច្រើន ប្រើប្រាស់។ កម្ពុជាមិនទាន់ឈានទៅដល់ការហាមមិនឱ្យផ្ទះមួយត្រូវតែមានឡានប៉ុន្មាន ឬមិនឱ្យលើសប៉ុន្មាននោះទេ។ រដ្ឋមានតែខិតខំដើម្បីដោះស្រាយបញ្ហាគមនាគមន៍ឱ្យបានល្អជូនប្រជាពលរដ្ឋ។ បើគាត់មានលទ្ធភាពទិញ ផ្ទះមួយទិញម៉ូតូ ៤ ឬ៥(គ្រឿង) ឱ្យកូន ៥នាក់ ក៏ទិញចុះ …។
(៨) ដាក់ចេញនិងអនុវត្តឱ្យបានតឹងរឹងគោលនយោបាយស្តីពីសុវត្ថិភាពនិងសន្តិសុខ
យើងកំពុងប្រឈមនឹងការកកស្ទះ។ តើយើងត្រូវដោះស្រាយយ៉ាងម៉េច? អញ្ចឹង ត្រូវមានការការដោះស្រាយបញ្ហាចំពោះមុខដោយសកម្ម និងបុរេសកម្ម។ សំណួរសួរថា តើគោលនយោបាយរបស់រដ្ឋាភិបាលធ្វើអីជូនប្រជាពលរដ្ឋ? អាទិភាពយើងមាន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង ប្រព័ន្ធបច្ចេកវិទ្យា។ ធនធានមនុស្សត្រូវការអី? ទី១ គាត់ត្រូវការរស់នៅក្នុងសន្តិភាព ស្ថិរភាព សន្តិសុខ សន្តិភាពផ្លូវកាយនិងផ្លូវចិត្ត។ អញ្ចឹងរដ្ឋត្រូវដាក់ចេញគោលនយោបាយ ដើម្បីធានាឱ្យបានដាច់ខាតនូវសន្តិភាព កុំឱ្យផ្ទុះសង្គ្រាមឡើងវិញនេះជាការប្តេជ្ញាចិត្តដែលត្រូវធ្វើ កុំឱ្យប្រជាជនវេទនា។ មានអ្នកខ្លះថា និងបង្អាប់ថា “(ពាក្យ)សន្តិភាព(និយាយ)រាល់ថ្ងៃ ថាសន្តិភាពអញ្ចេះ សន្តិភាពអញ្ចុះ” … សួរថា បើអត់(សន្តិភាព)វិញ (តើអ្នកមាន)សិទ្ធិនៅក្នុងការ(បញ្ចេញមតិ)នេះទេ។ បើស្ថិរភាពសង្គមមួយថ្ងៃៗឃើញតែអនាធិបតេយ្យ រញ៉ីញ៉ៃ អសន្តិសុខ តើរស់បានសប្បាយទេ? បងប្អូនអត់សប្បាយទេ។ យើងត្រូវរៀបចំគោលនយោបាយ និងអនុវត្តឱ្យបានតឹងរឹងអំពីសុវត្ថិភាព សន្តិសុខ ជូនបងប្អូន។ គោលនយោបាយជាវិធានទី៤ ដែលយើងដាក់ចេញ គឺការពង្រឹងគោលនយោបាយ ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ប្រយុទ្ធប្រឆាំងអំពើគ្រឿងញៀន ក្មេងទំនើងផ្សេងៗ ឱ្យបងប្អូន ឱ្យភូមិ/ឃុំ មានសុវត្ថិភាព។
សូមអរគុណចំពោះអាជ្ញាធរ កម្លាំងសមត្ថកិច្ចខេត្ត/ក្រុង ដែលខិតខំចេញធ្វើសកម្មភាព ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរគ្រឿងញៀន បងតូចបងធំ ជាពិសេសក្រុមសាំម៉ូរៃកាប់ដាវ។ បង្រ្កាបប៉ុណ្ណឹងហើយនៅទាន់អស់ទៀត នៅចេញប្រហើន។ ងើបមួយវាយមួយ ងើបមួយក្រុមវាយមួយក្រុម ដើម្បីឱ្យរាង។ កុំឱ្យគាត់បំផ្លាញអនាគតរបស់គាត់ បំផ្លាញអនាគតសន្តិសុខប្រទេសជាតិរបស់យើង។ សូមបន្តធ្វើ។ ថ្ងៃមុនមានក្រុម TM, ខ្ញុំស្មានតែ TM ហ្នឹងតោមាស តែថា ធូបមូស … ខ្ញុំឱ្យខេត្តកំពង់ស្ពឺតាម។ ឃើញចេញមកអួត។ គេអួតបើកកែបម៉ូតូសុទ្ធតែដាវសាម៉ូរ៉ៃ។ តាមឱ្យជាប់ រកឱ្យឃើញ។ ជួយជាងគេជួយក្មួយៗ ហ្នឹងខ្លួនឯង បន្ទាប់មកគ្រួសារ ឪពុកម្តាយ។ ថ្ងៃមុន អាណោចអាធ័ម ឃើញឪពុកម្នាក់អង្គុយសំពះកូនប្រុសដែលជាបងធំ។ បើឪខ្ញុំវិញ គ្មានបានអង្គុយសំពះទេ លោកប្អូនអើយ … ជំនាន់ខ្ញុំ ជំនាន់ឯកឧត្តម អត់មានឪទៅអង្គុយសំពះទេ។ គាត់តឹងទ្រូងណាស់ … កូនកើតមក តាំងបាតជើងក្រហម ចង់ឱ្យល្អ។ អត់ពីគាត់ទៅ រស់នៅខ្លួនឯងបាន។ ពេលដែលគាត់នៅ កុំឱ្យក្លាយជាជនជាប់គុក ឬមួយក៏គេកាប់ស្លាប់ ឬមួយក៏កាប់គេស្លាប់ … យើងខិតខំដើម្បីដោះស្រាយ។ ហ្នឹងជាបំណងរបស់ប្រជាពលរដ្ឋ។
(៩) គោលនយោបាយគាំពារសង្គម និងជំរុញការអប់រំតាំងពីថ្នាក់មត្ដេយ្យ ដល់ឧត្តមសិក្សា រួមទាំងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុខភាពនិងសមត្ថភាព
ទី២ ឱកាសសុខភាព និងសមត្ថភាព។ ប្រជាពលរដ្ឋចង់បានអី? រស់នៅចង់បានសុខភាពល្អ។ ចាប់ផ្តើមពីការហូបចុកគ្រប់គ្រាន់។ អញ្ចឹងបានខ្ញុំនិយាយលេងថា មនុស្សអាយុ ៥០ឆ្នាំ សម័យនេះខុសពី ៥០ឆ្នាំ ជំនាន់ ១៩៨០ជាង … ដោយសារ(ពេលនេះ)អាហារូបត្ថម្ភផ្សេងៗអាចគ្រប់គ្រាន់ជាង … ក្នុងប្រព័ន្ធសុខាភិបាល យើងចង់បានឱ្យភូមិឃុំដាច់ស្រយាលមានប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកដែលមានសមត្ថភាពគ្រប់គ្រាន់ ឈឺថ្កាត់មានផ្លូវតភ្ជាប់ដឹកមកពេទ្យបាន មានឡាន ambulance។ យើងបានធ្វើ(ដើម្បី)ឆ្លើយតប។ ពង្រឹងប្រព័ន្ធសុខាភិបាល គាំពារសង្គមតាមរយៈ(ការ)ដាក់ចេញនូវគោលនយោបាយគាំពារសង្គម ប័ណ្ណក្រីក្រផ្សេងៗបានជួយដល់ប្រជាពលរដ្ឋ។ អំពីសមត្ថភាព (ប្រជាពលរដ្ឋ)ចង់បានការរៀនសូត្រ។ យើងជំរុញការអប់រំតាំងពីថ្នាក់មត្ដេយ្យ ដល់ឧត្តមសិក្សា រួមទាំងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រៀនហើយមានសមត្ថភាព មានសុខភាពហើយ ចង់មានឯករាជ្យភាពរស់ខ្លួនឯងជាជាងមានគេចិញ្ចឹម គឺចង់បានឱកាសការងារ មានសមត្ថភាពប្រកបរបរតាមខ្លួនបាន។ អញ្ចឹងយើងដាក់ចេញគោលនយោបាយទាក់ម៉ូយផ្សេងៗបង្កើតការងារ បង្កើតការងារក្នុងស្រុកដើម្បីបងប្អូនមានការងារ លើកឱកាសឲ្យបងប្អូនស្វ័យនិយោជធ្វើរកស៊ីខ្លួនឯងមានឱកាសធូរធារ។ នេះហើយគោលនយោបាយឆ្លើយតបជាក់ស្ដែង។
(១០) មនុស្សនិងផ្លូវ អាទិភាពពីរ ក្នុងចំណោមអាទិភាពប្រាំ
ទាក់ទងនឹងផ្លូវហេដ្ឋារចនាសម្ព័ន្ធ យើងមាន ៥ អាទិភាព ប៉ុន្ដែខ្ញុំលើកតែ ២ ទេគឺ មនុស្សនិងផ្លូវ។ និយាយពីគមនាគមន៍ ប្រជាពលរដ្ឋមានសុខភាព សមត្ថភាព ជីវភាព(ល្អ) មានឱកាសធ្វើការងារហើយ គាត់ត្រូវការហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ មានផ្លូវដែលមានគុណភាព និងមានច្រើនប្រភេទ។ ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដើម្បីដោះស្រាយឲ្យគាត់ ដើម្បីចៀសវាងការកកស្ទះ តភ្ជាប់ដើម្បីកុំឲ្យនៅដាច់ស្រយ៉ាលពីគេពេក។ កាលមុន ពីចាក់អង្រែមកដង្កោ ដូចយើងមានច្រកតែមួយទេ គឺផ្លូវជាតិលេខ២។ ឥឡូវយើងមានផ្លូវ ៥០ម៉ែត្រ ៦០ម៉ែត្រ ផ្លូវចាក់ពីនេះពីនោះច្រើន។ បើស្ទះមួយ យើងមានផ្លូវតទៅទៀត។ កន្លែងដែលពីមុនមកភ្នំពេញត្រូវការជិះទូក ក៏មានស្ពានឆ្លងហើយ មិនចាំបាច់រំពឹងទូកដទៀតទេ។ កន្លែងដែលដាច់ស្រយាល ឥឡូវមានភ្លើងតទៅភ្ជាប់ដើម្បីគាត់បង្កើតជីវភាពនៅទីនោះ បង្កើតរោងចក្របង្កើតអី ដើម្បីគាត់ភ្ជាប់ជាមួយនឹងយើង។ យើងត្រូវបង្កើនចំនួនផ្លូវ ដែលទី១ ជាបរិមាណ ខ្ញុំនិយាយពីការបង្កើនឲ្យច្រើន និងឱ្យកាន់តែខ្វាត់ខ្វែង។
តាមភូមិនីមួយៗ ឥឡូវ(មានផ្លូវ)ខ្វាត់ខ្វែង ចូលទៅ។ ភូមិខ្លះនៅសង្កាត់ខ្លះក្នុងខណ្ឌដង្កោ ប្រហែលជាអាចវង្វេង ព្រោះប្រព័ន្ធផ្លូវច្រើនខ្វាត់ខ្វែង។ កាលពីមុនមានតែផ្លូវមេមួយទេ ក្រៅពីហ្នឹងផ្លូវតូចៗ ជិះម៉ូតូ កង់ ឥឡូវផ្លូវធំៗ ហើយមិនត្រឹមតែផ្លូវដីទេ ថែមទាំងផ្លូវបេតុងទៀត។ ឥឡូវ នៅរាជធានីភ្នំពេញ តាមខណ្ឌ តាមសង្កាត់ផ្លូវដីសឹងតែអស់ហើយ ឥឡូវសុទ្ធតែផ្លូវបេតុង ជាពិសេសនៅកណ្ដាលក្រុង ហើយខ្វាត់ខ្វែងតែម្ដង។ អញ្ចឹងបង្កើតឱ្យគាត់។ ខ្ញុំចាំម្ដងនៅក្រោយបឹងកក់ នៅក្រោយសណ្ឋាគារភ្នំពេញ ហើយចន្លោះព្រះវិហារបឹងកក់ហ្នឹង។ មិត្តភក្ដិខ្ញុំម្នាក់(ជនជាតិ)អាមេរិកាំង មកស្នាក់នៅក្នុងផ្ទះសំណាក់មួយ។ ខ្ញុំជួបគាត់នៅហាង spoon។ ខ្ញុំសួរថា ស្នាក់នៅឯណា? គេថានៅក្រោយសណ្ឋាគារភ្នំពេញ។ ខ្ញុំថា ទៅនៅអីក្រោយហ្នឹង មានផ្លូវចូលដែរ? គេថា មាន។ ខ្ញុំអត់ជឿ។ ដល់ខ្ញុំជូនគាត់ទៅ (ឃើញ)ផ្លូវបេតុងតភ្ជាប់សុទ្ធតែអ៊ីនធើណែតកាហ្វេ។ ចុងក្រោយ ខ្ញុំសួរគាត់ថា ឃើញតាមណា? គាត់ថា គាត់មើលតាម Trip advisor។ មិត្តភក្ដិខ្ញុំមកពីអាមេរិកស្គាល់ភ្នំពេញជាងខ្ញុំអ្នកនៅភ្នំពេញ។
(១១) សិក្សាកសាងរថភ្លើងស្រាល ប្រព័ន្ធដឹកជញ្ជូនក្រោមដី និងបង្កើនខ្សែរត់នៃសេវាដឹកជញ្ជូនសាធារណៈ
ដោយសារផ្លូវរីកលឿនពេក ហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនភ្ជាប់ឲ្យប្រជាពលរដ្ឋ(ធ្វើដំណើរបានស្រួល)។ អញ្ចឹងនៅក្នុងតំបន់នេះដូចគ្នា ច្រើនប្រភេទដែលខ្ញុំលើក មានស្ពានអាកាស មាន(ផ្លូវ)ក្រោមដី បន្ដិចទៀតយើងកំពុងសិក្សាអំពីរថភ្លើងស្រាល អាចភ្ជាប់ពីព្រលានយន្ដហោះទៅកណ្ដាលភ្នំពេញ(នៅ)កន្លែងណាមួយ ដើម្បីសំរួល(ការធ្វើដំណើរ)។ នៅពេលអនាគត កន្លែងមួយចំនួនក្នុងរាជធានីភ្នំពេញ កន្លែង(ក្រុង)ចាស់ ឬកន្លែង(ក្រុង)រណប អាចគិតគូរពីប្រព័ន្ធដឹកជញ្ជូនក្រោមដី។ ជាផែនការអនាគត … ត្រូវមានសេចក្ដីស្រម៉ៃ។ ស្រម៉ៃថា ភ្នំពេញថ្ងៃក្រោយនឹងមានប្រព័ន្ធគមនាគមន៍ដឹកជញ្ជូនសាធារណៈដូចប្រទេសទំនើប។ ខ្ញុំថាត្រូវតែហ៊ាន។ កាលពីទសវត្សរ៍ទី ៩០ យើងមិនហ៊ានស្រម៉ៃថាភ្នំពេញមានផ្សារទំនើប មានអគារខ្ពស់ជាង ៧ជាន់ មានស្ពានឆ្លងកាត់ មានផ្លូវក្រោមដី ស្ពានអាកាសទេ។ ប៉ុន្ដែឥឡូវយើងមាន។ យើងត្រូវតែគិតគូរ។ ប្រព័ន្ធគមនាគមន៍នេះ យើងមិនធ្វើតែប្រព័ន្ធ សំរាប់បំរើប្រជាពលរដ្ឋទូទៅទេ។ យើងត្រូវគិតពីប្រព័ន្ធដឹកជញ្ជូនសាធារណៈ Mass Transit ដោយចៀសមិនផុត។ សាលារាជធានីភ្នំពេញរៀបចំប្រព័ន្ធដឹកជញ្ជូន … សូមខិតខំពង្រីក/បង្កើនខ្សែរត់ ព្រោះបើមិនមានខ្សែរត់ច្រើន ប្រជាពលរដ្ឋមិនដឹងត្រូវជិះយ៉ាងម៉េច។ បើត្រូវដើរ ១០គីឡូម៉ែត្រ ដើម្បីទៅជិះដដែល។ ទាល់តែរុញទៅជិតតាមផ្ទះ។ អញ្ចឹងយើងពង្រីកឲ្យបានច្រើន។ ឃើញពង្រីកបានច្រើនហើយ។ ខ្ញុំសូមកោតសរសើរសាលារាជធានីភ្នំពេញ ជាមួយនឹងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុកដាក់លើរឿងនេះ។ ទៅថ្ងៃក្រោយ ការចំណាយ(ពេល)ធ្វើដំណើរ កាន់តែកកស្ទះ កាន់តែចំណាយច្រើន កន្លែងចតរថយន្ដកាន់តែលំបាក។ អញ្ចឹងវានឹងផ្ដល់នូវដំណោះស្រាយមួយគឺការរៀបចំនូវប្រព័ន្ធសេវាដឹកជញ្ជូនសាធារណៈ ដែលជាក់ស្ដែងសំរាប់យើងគឺប្រព័ន្ធរថយន្ដក្រុងនេះតែម្ដង។
(១២) ប្រព័ន្ធរថភ្លើងលើនិងក្រោមដីជាអនាគតវែងទៅមុខ ប្រព័ន្ធរថយន្ដក្រុងជាបច្ចុប្បន្ន និងរយៈមធ្យម លើកទឹកចិត្តវិនិយោគលើចំណតរថយន្តនៅភ្នំពេញ
ជាអនាគតវែងទៀត រឿងប្រព័ន្ធរថភ្លើងលើដី/ក្រោមដី។ ហ្នឹងជារឿងមួយនៅថ្ងៃអនាគត។ អ្វីដែលយើងអាចធ្វើបាននៅពេលបច្ចុប្បន្ន និងរយៈមធ្យមនៅខាងមុខ គឺប្រព័ន្ធរថយន្ដក្រុងនេះ ព្រោះងាយធ្វើ។ ដើម្បីឲ្យប្រព័ន្ធរថយន្ដក្រុងនេះកាន់តែល្អ យើងត្រូវ(បន្ថែមការ)គិតគូរផងដែរទៅថ្ងៃអនាគត។ ការដោះស្រាយតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងការដាក់ចេញផែនការផ្សេងៗ ត្រូវគិតពីអភិក្រម ២។ ទី១ ដោះស្រាយកំណើនចំពោះមុខ និងតម្រូវការចំពោះមុខ … រឿងប្រព័ន្ធដឹកជញ្ជូនចំពោះមុខ ការចតស្អីៗផ្សេងៗ ដែលអាចធ្វើបាន។ ឥឡូវក្នុងក្រុងរបស់យើង មានផ្លូវប៉ុណ្ណឹង ពង្រីកសឹងតែអស់ហើយ។ កន្លែងខ្លះពង្រីកសឹងអស់ចិញ្ជើម។ មិនអាចពង្រីកទៀតទេ។ អញ្ចឹងមានតែខិតខំរៀបចំទី១ លំហូរឲ្យបានល្អ។ ឃើញឯកឧត្តមឧប(នាយករដ្ឋមន្ដ្រី) សាយ សំអាល់ ជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា ជាមួយសាលក្រុងរាជធានី ខិតខំពិនិត្យមើលអ្វីដែលមានស្រាប់ ប្រើឲ្យអស់លទ្ធភាព។ ជួនកាលយើងរៀបមិនស្រួលលំហូរពិបាក។ បើរៀបលំហូរផុ្ទះយើងឲ្យមានរបៀបរាបរយឲ្យអស់លទ្ធភាព បន្ទាប់មកយើងមើលច្នៃប្រឌិតអីបន្ដិចដើម្បីបាន(លំហូរស្រួល)។
ការច្នៃប្រឌិត បើសិនចតនៅលើផ្លូវវាស្ទះ ធ្វើ(ចំណត)ក្រោមសួនច្បារ។ នៅភ្នំពេញយើងមានសួនច្បារច្រើន។ ធ្វើកន្លែងចតនៅក្រោមសួនច្បារហ្នឹង … ក្នុងការគិតគូរនេះ ខ្ញុំសូមលើកទឹកចិត្តឲ្យវិស័យឯកជនវិនិយោគបន្ថែមលើកន្លែងចតឡាន ជាពិសេសកន្លែងចតរថយន្ដទំនើបបន្ថែមជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ … នៅអាមេរិក នៅទីក្រុងញូយ៉ក គ្រាន់តែចតឡានមួយខែចង់ ១ពាន់ដុល្លារ។ ចតមួយថ្ងៃប្រហែល ៣០ ទៅ ៥០ ដុល្លារ។ បើមួយខែប្រហែល ៩០០ ទៅ ១០០០ ដុល្លារ។ បើនៅភ្នំពេញមិនអាចដល់ហ្នឹងទេ ប៉ុន្ដែទៅថ្ងៃមុខអាច។ អញ្ចឹងការវិនិយោគដីមួយកន្លែង ១២០០ ការ៉េ អាចចតបាន ២០ ទៅ ៣០ឡាន។ ឥឡូវគាត់ធ្វើអាចចតបាន ១០០ឡាន។ អញ្ចឹងគុណយក(លុយ)។ ខ្ញុំមិនចេះ business ទេ គ្រាន់តែជូនយោបល់ ព្រោះអាហ្នឹងតម្រូវការជាក់ស្ដែង។ ពិសេសផ្ទះល្វែង ផ្ទះនៅកណ្ដាលក្រុង ឥឡូវគាត់មានជីវភាព(ធូរធារ)គាត់មានរថយន្ដច្រើន ចតមុខផ្ទះមិនអស់ត្រូវចតលើផ្លូវ។ បើមានកន្លែងហ្នឹងមួយ តំលៃសមរម្យ អាចដោះបានទាំងការធ្វើដំណើរ ប្រើប្រាស់ចិញ្ចើមផ្លូវធ្វើដំណើរបានទូលំទូលាយ។
(១៣) រៀបចំការអភិវឌ្ឍតាមបែបបុរេសកម្ម បន្ថែមលើការដោះស្រាយតាមបែបប្រតិកម្ម
អញ្ចឹងត្រូវតែមានការគិតគូរពីប្រព័ន្ធដឹកជញ្ជូន។ ការគិតគូរប្រព័ន្ធសេវា ការគិតគូររៀបចំប្រព័ន្ធ master plan ជាពិសេសនៅតំបន់រណបទីក្រុងថ្មី ត្រូវគិតគូរហើយអនុវត្ដឲ្យបានតឹងរ៉ឹង។ កន្លងទៅយើងធ្លាប់មាន master plan នៅក្នុងបុរី កន្លែងខ្លះធ្វើ តែដីថ្លៃចេះតែស្ដាយដី។ ឥឡូវតំរូវការទីតីផ្សារសំរាប់ប្រជាពលរដ្ឋយើងគឺកន្លែងដែលមានផ្លូវទូលាយ មានផាសុកភាព មានដើមឈើច្រើន ប្រជាជនចូលចិត្តរស់នៅវិញ។ អញ្ចឹងជាអនាគតត្រូវតែម្ដង។ ការរៀបចំប្រព័ន្ធគមនាគមន៍ ប្រព័ន្ធផ្លូវ ថ្នល់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនៅតំបន់ក្រុងរណបថ្មី ត្រូវគិតគូររៀបចំឲ្យបានហ្មត់ចត់ ហើយអនុវត្ដឲ្យបានម៉ឺងម៉ាត់ … ហេតុអ្វីបានថាអញ្ចឹង? យើងត្រូវគិតរបៀបបុរេសកម្ម។ ខ្ញុំនិយាយអម្បាញ់មិញគឺប្រតិកម្ម។ ឆ្លើយតបទៅនឹងកន្លែងដែលចង្អៀតណែន យ៉ាងហោចណាស់ដោះស្រាយនូវតំរូវការចំពោះមុខ ច្នៃឲ្យកាន់តែល្អ (ប្រសិនបើ)មិនអាចពង្រីកបន្ថែម។ ប៉ុន្ដែកន្លែងដែលរីកថ្មីត្រូវគិតគូរជាក់ស្ដែងនៅតំបន់នេះ។ យើងហៅថាតំបន់ ៦០ ម៉ែត្រចុះ គឺមាន master plan ដែលត្រូវធ្វើ។ តំបន់បុរីថ្មីៗនៅដង្កោ ភូមិយើងថ្មីៗ ឥឡូវនេះ យើងមិនត្រឹមតែរីកនៅតំបន់បុរីទេ គោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ហើយផែនការរបស់ក្រសួងដែនដី រៀបចំជាមួយក្រសួងធនធានទឹក អភិវឌ្ឍន៍ជនបទ មហាផ្ទៃ យើងគិតគូរគេហៅថា បុរីជនបទនេះ។
(១៤) ទុកចំណីផ្លូវឲ្យធំ បង្កាពេលរៀបចំប្រព័ន្ធទឹក/ភ្លើង ដោយគិតគូរពីសុវត្ថិភាព/សន្តិសុខ ទាំងក្នុងបុរីទាំងភូមិប្រជាពលរដ្ឋ
បុរីជនបទនេះ គឺគិតគូរអំពីភូមិឃុំរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធរៀបឲ្យល្អ។ ទោះបីជាមិនទាន់មានលទ្ធភាពបេតុង ថ្ងៃក្រោយបេតុង តែយើងទុកចំណីផ្លូវកន្លែងណាឲ្យធំឲ្យហើយ កុំឲ្យពិបាករៀបចំប្រព័ន្ធទឹក ប្រព័ន្ធភ្លើង។ រៀបឲ្យហើយគិតគូរពីសុវត្ថិភាព គិតគូរពីសន្តិសុខ។ មិនមែនថាយើងគិតតែក្នុងបុរីអភិវឌ្ឍឯកជននោះទេ។ គិតទាំងភូមិរបស់ប្រជាពលរដ្ឋ។ អញ្ចឹងការរៀបចំថ្ងៃក្រោយគ្រប់កន្លែងទាំងអស់ ភូមិ ឃុំ គេថា master plan ដែលអាចធ្វើនៅបាន។ ពេលត្រូវការពង្រីកថ្ងៃអនាគត មិនលំបាកទៅចរចាជាមួយនឹងប្រជាជនសុំបើកផ្លូវវិញ។ ថ្ងៃមុន ឯកឧត្តម គង់ សោភ័ណ្ឌ (មានការលំបាកអំពីការពង្រីកផ្លូវនៅស្អាង)។ តែឥឡូវប្រជាពលរដ្ឋ ៣គ្រួសារបានព្រមហើយ។ អរគុណណាស់។ ផ្លូវ ១០០០ ម៉ែត្រ ដល់ទៅដល់ប៉ះចំដីផ្ទះប្រជាពលរដ្ឋ ៣ខ្នងដែលគាត់បានសង់នៅហ្នឹងយូរ អញ្ចឹងត្រូវការចរចា។ យើងមិនបន្ទោសគាត់ទេ។ គាត់នៅអែអង់ដោយសារប៉ះដីគាត់ច្រើន។ ប៉ុន្តែបើយើងរៀបចំ master plan ហើយ ថ្ងៃក្រោយប្រជាពលរដ្ឋ មានប្លង់ មានដីច្បាស់ ធ្វើនៅហ្នឹង។ ពេលដែលយើងធ្វើផ្លូវ ពង្រីកចំណីផ្លូវអីអត់ប៉ះគាត់។ ត្រូវការដាក់លូ ដាក់អីអមផ្លូវមិនបាច់មកជិះកណ្តាលផ្លូវ។ យើងជីកសងខាងបាន នេះគឺជាគោលការណ៍ដែលត្រូវគិត។
(១៥) ខេត្តកណ្តាលនិងរាជធានីភ្នំពេញ មានអភិវឌ្ឍនិងសក្តានុពលធំ នឹងមានមនុស្សកាន់តែច្រើនរស់និងស្នាក់នៅធ្វើការងារ
ប្រព័ន្ធគមនាគមន៍ដូចគ្នា។ ការដឹកជញ្ជូន យើងគិតពីផ្លូវសម្រាប់ប្រជាពលរដ្ឋដើរ។ គិតពីគន្លងឲ្យហើយ។ ជាក់ស្តែង ស្ពានភ្លោះដែលយើងធ្វើថ្ងៃនេះ គឺសម្រាប់អនាគត។ (ជាបែបផែន)បុរេសកម្ម។ ហេតុអី? ចាំបាច់ធ្វើស្ពាននេះធ្វើអី? អម្បាញ់មិញ តាមប្លង់គឺថា ២គន្លងទៅ ២គន្លងមក។ ចាំបាច់ធ្វើៗ អី? ទុកលុយទៅ។ ចាំក្រោយចាំធ្វើទៅ។ ឥឡូវផ្លូវជាតិលេខ ២ ទើបធ្វើហើយ ព្រលានយន្តហោះមិនទាន់ធ្វើផងហ្នឹង កន្លែងតំបន់ផ្លូវ ៦០ ម៉ែត្រហ្នឹង មិនទាន់មានមនុស្សនៅច្រើនផងធ្វើៗ អី? គឺដោយសារយើងគិតគូរមុន។ យើងអត់រត់តាមសេះទេ។ យើងធ្វើក្រោលមុនសេះរត់។ ព្យាករណ៍ទុក។ កន្លែងនេះនឹងត្រូវរីក។ កន្លែងនេះគឺភ្ជាប់និស្ស័យខេត្តកណ្តាល ហើយនិងរាជធានីភ្នំពេញដែលមិនមានការអភិវឌ្ឍ។ គឺកន្លែង ២ដែលមានអភិវឌ្ឍធំ ហើយសក្តានុពលនឹងលឿន។ ឥឡូវយើងយឺតបន្តិច ដោយសាររឿងកូវីដ-១៩ ដោយសារសេដ្ឋកិច្ចសកល សង្រ្គាមនៅទីនានា វាប៉ះពាល់ តែសេដ្ឋកិច្ចយើង ឆ្នាំនេះកើន ៥ភាគរយ។ ឆ្នាំក្រោយ ព្យាករណ៍ថាកើន ៦ភាគរយ។ ឆ្នាំ ២០២៣ កើន ៥ភាគរយ ឆ្នាំ ២០២៤ ប្រហែល ៦ ភាគរយ និងឆ្នាំក្រោយអាចកើនទៀត។ សេដ្ឋកិច្ចគ្រប់វិស័យអាចនឹងកើនឡើងវិញ។ អញ្ចឹងកំណើននឹងកាន់តែកើនលឿនថែមទៀត។ នឹងមានមនុស្សកាន់តែច្រើនខាងនេះ។
(១៦) ធ្វើគោលនយោបាយមិនសំរាប់តែប្រតិកម្ម/ឆ្លើយតប តែត្រូវមានបុរេសកម្ម/គិតទុកមុន
គ្រាន់តែមកធ្វើការនៅក្នុងរង្វង់កន្លែងនេះរាប់ពាន់ រាប់ម៉ឺននាក់។ ព្រលានយន្តហោះមិនទាន់ធ្វើហើយមែន ប៉ុន្តែឆ្នាំ ២០២៥ ត្រូវបើក។ គ្រាន់តែអ្នកធ្វើការក្នុងព្រលានហ្នឹងចូលរាប់ពាន់នាក់ហើយ។ ហ្នឹងមិនទាន់គិតពីសក្តានុពលតំបន់ហ្នឹងត្រូវរីកផង។ បន្តិចទៀតចូលរាប់ម៉ឺនផ្ទះ។ ផ្ទះរាប់ម៉ឺនខ្នងនៅកន្លែងនេះត្រូវការធ្វើដំណើរ បូកជាមួយអ្នកដង្កោ អ្នកមានជ័យ អ្នកចាក់អង្រែត្រូវការប្រើប្រាស់កន្លែងនេះធ្វើដំណើរឆ្លងកាត់។ បន្តិចទៀតមិនចាំបាច់ទៅផ្សារឆ្ងាយ មកផ្សារម្តុំៗហ្នឹងតែម្តង។ សាលារៀនមិនបាច់ទៅណា នៅម្តុំៗកន្លែងហ្នឹង ការងារកាន់តែរីកនៅកន្លែងនេះ។ ហ្នឹងហើយការព្យាករណ៍ទុក … យើងមិនមែនធ្វើគោលនយោបាយដែលដើរតែឆ្លើយតប តែប្រតិកម្មនោះទេ។ តែយើងត្រូវគិតបុរេសកម្ម ឬគិតគូរទុកមុន។ ទោះបីជាបច្ចុប្បន្នមិនទាន់មានក៏ដោយ ត្រូវគិត ១៥ ឬ ២០ ឆ្នាំមុន។ កុំឲ្យដល់ពេលរីកហើយបានយើងពិបាកទៅគាស់កកាយ រៀបផ្លូវឲ្យត្រង់ឡើងវិញ។ គូសឲ្យហើយ ធ្វើឲ្យហើយ ដាក់ម៉ែត្រឲ្យហើយ ដាក់ប៉ុន្មានគន្លងឲ្យហើយ ចំណីផ្លូវឲ្យហើយ ដើម្បីយើងធ្វើជំហានមួយអាចថា ១០ ម៉ែត្រ ២០ ម៉ែត្រថ្ងៃក្រោយពង្រីកបានដោយសារប្រជាពលរដ្ឋយើងគិត។ នេះហើយការគិតគូរអំពីការរៀបចំក្រុង ហើយការគិតគូររៀបចំភូមិ ឃុំ ស្រុក ទៅថ្ងៃក្រោយ យើងត្រូវការធានា តែធានាធំបំផុត ធានាថាអាចរីកទៅតាមផែនការ។ ត្រឡប់មកវិញ គ្មានអ្វីប្រសើរជាងការធានានូវសុខសន្តិភាពស្ថេរភាព និងការភិវឌ្ឍនោះទេ ទើបទៅដល់នោះបាន។
(១៧) រៀបចំគន្លងផ្លូវសំរាប់រថយន្តក្រុង មធ្យោបាយដឹកជញ្ជូនរួមត្រូវមានអាទិភាព
ធ្វើផ្លូវហើយ បើអត់មានមនុស្សប្រើ ក៏មិនបានជាប្រយោជន៍ដដែល។ អញ្ចឹងត្រឡប់មកវិញការគិតគូរនេះ ត្រូវគិតគូរទាំងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ជាពិសេសផ្លូវក្រុង។ នេះជាកន្លែងថ្មី។ សូមគិតគូរឲ្យហើយ ជាពិសេសគួររៀបចំកន្លែងសម្រាប់តែផ្លូវ bus ព្រោះការជិះរួមនេះ ត្រូវតែមានអាទិភាពជាងយើងជិះឯកជន។ នៅក្នុងក្រុងទៅពិបាក ផ្លូវតូចហើយ បើកាត់កាន់តែអស់ទៀត។ តែនៅកន្លែងថ្មី ត្រូវរៀបគន្លងសម្រាប់រថយន្ត bus ព្រោះបើមិនអញ្ចឹងអត់មានហេតុផលអី(នឹងប្រើសេវាទេ)។ ជិះធុកធុកលឿនជាង។ បើជិះ bus ស្ទះដូចតែគ្នា។ ស្ទះធំទៀត។ អញ្ចឹងការរៀបចំគន្លងបានន័យថា ផ្លូវមាន ៣ គន្លង មួយគន្លងកៀនសម្រាប់ bus។ អញ្ចឹងអ្នកជិះ bus គឺអត់មានការរាំងស្ទះទេ ព្រោះគាត់ត្រូវការបម្រើឲ្យមនុស្សច្រើន … គួររៀបចំឲ្យហើយ។ នៅក្នុងក្រុងថ្មី ក្រុងរណប ប្រព័ន្ធផ្លូវត្រូវរៀបចំបែបហ្នឹងឲ្យហើយ។ បើមិនអញ្ចឹងទេ អត់ដើរទេ។ វាដើរដែរ ប៉ុន្តែវាអត់ជួយសម្រួលបានច្រើន។ ការដាក់ប្រព័ន្ធដឹកជញ្ជូនសាធារណៈគឺសម្រាប់មនុស្សច្រើនប្រើប្រាស់រួមគ្នា។ ការប្រើប្រាស់រួមត្រូវមានអាទិភាព … រៀបផ្លូវឲ្យច្រើន ហើយក្នុងផ្លូវមួយៗ គន្លងមួយៗ គួរមានគន្លងសម្រាប់រថយន្តសាធារណៈ …។
សូមគិតនិងរៀបចំឲ្យមែនមែនទែន។ រៀបចំផ្លូវឲ្យហើយ។ កុំឲ្យដីថ្លៃចេះតែមិនទាន់ត្រូវការទេ ចាំត្រូវការចាំរំកិលផ្ទះវិញ។ តែផ្ទះធ្វើហើយអត់បានទេ។ នៅតំបន់កណ្តាលក្រុងយើងពិបាកពង្រីកណាស់។ រៀបចំលំហូរឲ្យមានស្រាប់កន្លែងណាពង្រីកបាន។ បង្កើនផ្លូវបន្ថែមដើម្បីកាត់បន្ថយរៀបចំលំហូរ។ ឧទាហរណ៍ថាផ្លូវទៅមក។ ម្សិលមិញខ្ញុំឃើញផ្លូវខាងជើងវត្តភ្នំ។ មិនដឹងម៉េច សាលារាជធានីថា (ដាក់)ឲ្យជាផ្លូវឯកទិស។ ប៉ុន្តែប្រហែលប្រកាសអត់ទាន់។ ប្រជាពលរដ្ឋអត់ដឹង។ គេថត ឃើញមានទៅមកដដែល។ គំនូសលឿងនៅតែដដែល។ ទុករយៈពេល ២ខែ។ យើងរៀបអាហ្នឹងដើម្បីយើងរំដោះលំហូរ។ កន្លែងណាយើងបង្កើតរង្វង់មូលបន្ថែម កន្លែងណាយើងរៀបចំផ្លូវអាកាស កន្លែងណាយើងរៀបចំផ្លូវក្រោមដី កន្លែងណាយើងគិតគូរអំពីមធ្យោបាយដឹកជញ្ជូនសាធារណៈបន្ថែម។ ឥឡូវយើងមានរថយន្តក្រុង ថ្ងៃក្រោយអាចមានរទេះភ្លើង(កម្រិត)ស្រាល តែ(ក្នុង)កម្រិតណាមួយ។ បើធ្វើផ្លូវរទេះភ្លើង(កម្រិត)ស្រាល កុំធ្វើបង្កើនបន្ទុកទៅលើអ្វីមានស្រាប់។ បើផ្លូវតូចហើយកុំដាក់វានៅកណ្តាលផ្លូវនាំតែខាតផ្លូវធំ។ រកគន្លងថ្មី ធ្វើឡើងបង្ហោះលើ ឬទៅរកគន្លងណាដែលមិនសូវស្ទះ។
ពីផ្លូវរទេះភ្លើង(កំរិតស្រាលពី)កន្លែងនេះទៅដល់ក្រុង។ ពីកន្លែងព្រលានយន្តហោះទៅដល់ក្រុង សូមមើល ២ឬ ៣ជម្រើស។ ថ្ងៃមុនថាមានជម្រើសពុះផ្លូវ ៦០ម៉ែត្រ។ គេថាបើចៀសបានចៀសទៅ។ ផ្លូវជាផ្លូវធំណាស់ កណ្តាលក្រុងសម្រាប់(ប្រជាពលរដ្ឋធ្វើដំណើរ)។ យើងមើលកន្លែងណាមួយដែលអាចថ្ពក់ទៅកន្លែងណាមួយដែលនៅកណ្តាលភ្នំពេញដើម្បីយើងភ្ជាប់។ បើសិនជាធ្វើអាហ្នឹងយើងដាក់ផ្លូវដែកកណ្តាលមួយ ត្រូវខាតប៉ុន្មានម៉ែត្រ? … យើងដោះតម្រូវការអ្នកពីភ្នំពេញទៅព្រលានយន្តហោះដោយរទេះភ្លើង ប៉ុន្តែយើងបង្រួមលទ្ធភាពធ្វើដំណើររបស់ប្រជាពលរដ្ឋលើផ្លូវ។ បើធ្វើជើងតូចល្អតែជើងភាគច្រើនធំ។ បើជើងតូចប្រហែលជាគ្មានមានអ្នកណាចង់ជិះលើហ្នឹង។ យើងគិតគូរ។ ក្រវាត់ក្រុងកន្លែងល្អ។ បន្តិចទៀតប្រជាពលរដ្ឋយើងនឹងរីកទៅតាំងលំនៅឯក្រវាត់ក្រុងហើយ។ ក្រវាត់ក្រុងលែងទៅជាក្រវាត់ក្រុងហើយបន្តិចទៀត។ ក្រវាត់ក្រុងឥឡូវមិនសូវមានដីស្រែ បន្តិចទៀតទៅជាបុរី ទៅជាផ្ទះ ទៅជារោងចក្រកន្លែងធ្វើការច្រើនហើយ គិតគូរអាហ្នឹងមួយជំហានទុកមុន។
(១៨) ធ្វើបុរេសកម្មលើសំណង់/អគារ/ក្រុង និងប្រព័ន្ធសុវត្ថិភាព
អញ្ចឹង ការគិតគូររបៀបបុរេសកម្មជាប្រការចាំបាច់ ពិសេសការរៀបចំក្រុង ផែនការនគរូបនីយកម្ម ការរៀបចំការគ្រប់គ្រង ការរៀបចំសំណង់ និងប្រព័ន្ធសុវត្ថិភាព។ ខ្ញុំបានឲ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើល រៀបចំឲ្យហើយ មិនដឹងថាបានដល់ណាហើយទេ? ឯកឧត្តម កែវ រតនៈ អត់បានមក។ មានអ្នកណាមកពីក្រសួងរ៉ែ និងថាមពល ទេ? ខ្ញុំឲ្យគិតគូរអំពីច្បាប់គ្រប់គ្រងរឿងប្រព័ន្ធអូសហ្គាសចូលក្នុងផ្ទះ។ ថ្ងៃក្រោយនឹងមានអគារខ្ពស់ៗ ហើយ ប្រើប្រព័ន្ធហ្គាសច្រើន។ មនុស្សលែងដុតអុស លែងប្រើអគ្គិសនី ត្រូវប្រើហ្គាស។ អញ្ចឹងត្រូវមានប្រព័ន្ធសុវត្ថិភាព គ្រប់គ្រងយ៉ាងម៉េច តមិនស្រួលផ្ទុះមួយអគារ។ ដាក់មិនស្រួលខុសមួយអគារ។ ត្រូវគិតឲ្យហើយ។ រៀបចំបូកជាមួយក្រសួងដែនដីសំណង់ ដាក់ស្តង់ដារ ទាំងភ្លើងទាំងទឹកទាំងហ្គាស … នៅអង់គ្លេសកន្លែងខ្លះ ផ្ទុះម្តងផ្ទុះមិនតិចទេ។ អញ្ចឹងសូមឲ្យបង្គំចូលរៀបចំផែនការនិងគោលនយោបាយ គោលការណ៍សុវត្ថិភាពអគារសំណង់ហ្នឹង ត្រូវគិតទាំងអាហ្នឹង។ យើងព្យាករណ៍ ប្រជាពលរដ្ឋឥឡូវទិញហ្គាសដាក់ធុងមក កន្លែងខ្លះមានផ្ទុះធុង។
ថ្ងៃក្រោយមានក្រុមហ៊ុនផ្គត់ផ្គង់ជាតំបន់។ គាត់រៀបចំដូចប្រព័ន្ធខ្សែកាប ដូចប្រព័ន្ធទឹកឥឡូវអញ្ចឹង។ គ្រាន់តែថ្ងៃក្រោយលក់ហ្គាស គេនឹងរៀបទុយោ។ បើសិនជាយើង ឧទាហរណ៍ប្រតិបត្តិករលក់ហ្គាសហ្នឹងអត់មានសុវត្ថិភាព អត់ស្តង់ដារ គាត់ចាក់ប្រថុយប្រថាន។ រៀបចំទុយោទឹកប្រថុយប្រថានអត់អីទេណា រៀបមិនច្បាស់ត្រឹមមួយលិច យើងគាស់ការ៉ូ តែ(ការរៀបចំប្រព័ន្ធហ្គាសក្នុង)អគារនេះ ស្រាប់តែវាលិចមួយយប់ទល់ភ្លឺ (គ្រោះថ្នាក់)។ ទី១ អាចស្លាប់, ទី២ បើមានភ្លើងគឺផ្ទុះ។ អញ្ចឹងត្រូវគិតគូរបុរេសកម្មទៅលើរឿងសំណង់ រឿងអគារ រឿងក្រុង។ ខ្ញុំសុំឲ្យស្ថាប័នក្រសួងពាក់ព័ន្ធគិតគូររឿងនេះឲ្យមែនទែន។ ប្រជាពលរដ្ឋត្រូវការរស់ដោយសេចក្តីសុខ ស្ថិរភាព សន្តិសុខ សុវត្ថិភាព រួមទាំងសុវត្ថិភាពនៃការរស់នៅដូចការតម្លើងអគារតម្លើងអីនេះ។ សុវត្ថិភាពធ្វើអគារ ត្រូវមានស្តង់ដារ សុវត្ថិភាពធ្វើអគារឲ្យមានស្តង់ដារ កុំឲ្យធ្វើហើយបាក់កុំឲ្យធ្វើមិនយកខ្សាច់ស្តង់ដា ទៅយកខ្សាច់សមុទ្រយកមកធ្វើ។ កុំធ្វើហើយមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមទ្រេត។ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធហ្គាស ធ្វើឲ្យហើយត្រូវតឲ្យមានស្រួលបួល ប្រព័ន្ធដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ។
(១៩) ការរៀបចំទីក្រុង មិនគិតត្រឹមមានអគារល្អៗ ទេ តែត្រូវគិតពីបរិស្ថានជុំវិញមានផាសុកភាព មានសន្តិសុខ/សុវត្ថិភាពល្អ
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គិតឲ្យហើយអំពីផាសុកភាព។ ត្រូវគិតគូរឲ្យច្បាស់។ តំបន់បៃតងត្រូវតែមាន អភិវឌ្ឍឲ្យបាន។ យើងមិនអាចរស់នៅ ២០-៣០ឆ្នាំទៀត ងាកទៅណាសុទ្ធតែអគារ សុទ្ធតែបេតុងទាំងអស់ទេ។ ត្រូវមានដើមឈើ។ ឥឡូវ ក្នុងតំបន់(ផ្លូវ) ៦០ម៉ែត្រ មានដីល្អណាស់។ គួរតែមានតំបន់បៃតង ទុកឲ្យប្រជាពលរដ្ឋ រៀបចំជាសួន។ ឥឡូវនៅក្រុងគឺរៀបចំកន្លែងមួយ … ឯកឧត្ដម ឃួង ស្រេង ដាំដើមឈើច្រើនជា Park មួយសួនសម្រាប់ប្រជាពលរដ្ឋ។ មិនមែនសួនកន្លែងដែលយើងដើរហាត់កីឡារាល់ថ្ងៃយើងមានហើយ តែគួររៀបចំសួនឧទ្យានជាតិមួយសម្រាប់ដាំដើមឈើធំៗ។ ប្រជាពលរដ្ឋទៅពិកនិក ទៅលេង concert អីនៅនោះ ដើម្បីគាត់សប្បាយ និងមានផាសុកភាព។ នៅតាមរាជធានី តាមខេត្តនីមួយៗ គួរគិតឲ្យហើយ។
តំបន់នៅជិតទីរួមខេត្ត គួរតែរក្សា ១០០-២០០ហិកតា ទុកឲ្យហើយ បើសិនជាមាន សម្រាប់ធ្វើ park ទៅថ្ងៃក្រោយ។ ជីវភាពយើងមើលគេហៅជាវដ្ដិ។ កាលពីនៅក្រលំបាក យើងចង់តែធ្វើម៉េចឲ្យចូលក្រពះសិន រឿងឆ្ងាញ់មិនឆ្ងាញ់រឿងមួយ ឲ្យតែបានគ្រប់។ ចេញពីអាពតមក ឲ្យតែបានគ្រប់សិន។ យើងមានសមត្ថភាពគ្រប់ ទើបយើងគិតពីរឿងឆ្ងាញ់។ ក្រោយមក យើងគិតពីសុខភាព ពីផាសុកភាព ពីគ្រួសារ ពីកូនចៅ។ អញ្ចឹងការរៀបចំទីក្រុងមួយដែលអាចរស់នៅបានដោយល្អ ផាសុកភាពសម្រាប់ប្រជាពលរដ្ឋ មិនគិតត្រឹមតែមានអគារល្អៗទៅទេ ត្រូវគិតទាំងបរិស្ថានជុំវិញ ដើម្បីប្រជាពលរដ្ឋងាយស្រួល សន្តិសុខក៏ល្អ សុវត្ថិភាពក៏ល្អ ធ្វើដំណើរកកស្ទះបញ្ហាបំពុលក៏ជាមិនបញ្ហាចោទ កន្លែងតំបន់ដែលអាចជុំគ្នាដោយផាសុកភាព ដូចជា ឧទ្យានសាធារណៈ … បានន័យថា public park នៅក្នុងក្រុង … សម្រាប់ប្រជាពលរដ្ឋ ថ្ងៃខ្លះដើរជុំវិញនោះ និងនាំកូន/ចៅ រុញរទេះ …
(២០) ភាគខាងត្បូងភ្នំពេញ មានសក្ដានុពលអភិវឌ្ឍធំសម្រាប់ជំនាន់កូនចៅទៅថ្ងៃមុខ
ត្រូវគិតពីការរៀបចំបែបបុរេសកម្ម។ ដូចយើងធ្វើស្ពានថ្ងៃនេះ គឺគិតគូរ(ធ្វើ)ពីរគន្លងឲ្យហើយ។ កុំឲ្យកកស្ទះ … ទៅថ្ងៃក្រោយក៏នឹងជួយកាត់បន្ថយសម្ពាធនៃការស្ទះចរាចរណ៍ បន្ធូរដល់ការរស់នៅតំបន់នេះ និងតំបន់ខាងព្រលានយន្តហោះកាន់តែល្អ។ មិនមែនតែក្នុងតំបន់ហ្នឹង (តែក៏)សម្រាប់អ្នកតាខ្មៅ អ្នកតាកែវ អ្នកទន្លេបាទី ដែលមកឆ្លងកាត់កន្លែងនេះ ប្រើកន្លែងនេះ កាន់តែសម្បូរបែប។ យកក្រុងទៅដាក់ជិតផ្ទះប្រជាពលរដ្ឋតែម្ដង ដើម្បីឲ្យរីកក្រុងបន្តទៀត។ ខ្ញុំថា ភ្ជាប់សាច់ភ្ជាប់ឈាម បានន័យថា មិនមែនត្រឹមភ្ជាប់តែរដ្ឋបាលទេ ប៉ុន្តែភ្ជាប់កម្រិតជីវភាព បង្រួមគម្លាតនៃជីវភាព និងរបៀបរបបនៃការ(រស់នៅ)។ ឥឡូវ ក្រុងតាខ្មៅរីក ហេដ្ឋារចនាសម្ព័ន្ធ មើលមិនចាញ់ភ្នំពេញកន្លែងខ្លះទេ ទៅថ្ងៃក្រោយអាចកាន់តែរីកចំរើនថែមទៀត។ បើកន្លែងនេះរីកកាន់តែខ្លាំង ធាក់ទៅដល់ទន្លេបាទីអី កាន់តែរីកបន្តទៀត។ ទន្លេបាទី តាកែវ អាចព្រួយបារម្ភថា បើរីកធំ ភ្នំពេញអាចសុំយកមកថែម។ អភិបាលតាកែវមកទេ? …។
នេះមិនទាន់និយាយទៅដល់ព្រែកជីកហ្វូណនដែលយើងនឹងធ្វើផង។ ព្រែកជីកហ្វូណនដែលធ្វើ នឹងបង្កើតសកម្មភាពសេដ្ឋកិច្ចធំទៀតក្នុងខេត្តតាកែវ និងខេត្តកណ្ដាល។ អញ្ចឹងការរីកនៅទិសភាគខាងត្បូងភ្នំពេញ គឺមានសក្ដានុពលធំណាស់ ហើយប្រជាពលរដ្ឋដែលរស់នៅខណ្ឌដង្កោ នៅខេត្តតាកែវ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ គឺមានសក្ដានុពលអភិវឌ្ឍធំណាស់សម្រាប់ជំនាន់កូនចៅយើងទៅថ្ងៃមុខ។ អញ្ចឹងហើយទាមទារនូវការរៀបចំឲ្យបានកាន់តែល្អប្រសើរ។ ខ្ញុំជឿថា ក្នុងរយៈពេល ២០ ទៅ ៣០ឆ្នាំទៀត តំបន់ទន្លេបាទី តំបន់ភ្នំតាម៉ៅ នឹងក្លាយទៅជាជាយក្រុង។ ទោះបីជាមិនរដ្ឋបាលក៏ដោយ ប៉ុន្តែវានឹងទៅជាតំបន់ដែលអភិវឌ្ឍខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅប្រជាពលរដ្ឋមិនចាញ់អ្នកក្រុងប៉ុន្មានទេ។ នេះជាការរំពឹងទុករបស់ខ្ញុំ ដរាបណាមានការរីកចម្រើនបន្តក្នុងសុខសន្តិភាពដូចថ្ងៃនេះ។
(២១) ព្រលានយន្តហោះអន្តរជាតិនិងព្រែកជីកហ៊្វូណនតេជោ នឹងជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធធំៗ ជាក់ស្តែង
អ៊ំស្រីអម្បាញ់មិញថា នៅហ្នឹងតាំងពីសង្គមចាស់។ ខ្ញុំសួរថា បើប្រៀបធៀបកាលពីអ៊ំនៅក្មេង មានដែលស្រមៃទេថាតំបន់ដែលលោកអ៊ំនៅនឹងមានរីកទៅជាហេដ្ឋារចនាសម្ព័ន្ធ ទៅជាក្រុងរណប មានព្រលានយន្តហោះដូចថ្ងៃនេះ? ប្រហែលជាលោកអ៊ំមិនដែលស្រមៃឃើញទេ ក្នុងរយៈពេលប្រហែលជា ៣០-៤០ឆ្នាំមុន។ ២០ឆ្នាំមុនក៏មិនអាចស្រមៃផងដែរ។ ឲ្យតែផ្លូវជាតិលេខ២នេះតឲ្យល្អទៅបានហើយ ឲ្យតែផ្លូវកាត់តាមអន្លង់ជ្រៃនេះកុំឲ្យដាច់ ទៅស្ពានគុណគ្រូ? ផ្លូវកួរស្រូវនេះចាក់ទៅផ្លូវជាតិលេខ៣? ព្រែកជ្រៃ។ កន្លែងហ្នឹងឲ្យតែផ្លូវហ្នឹងល្អទៅបានហើយ ឲ្យតែផ្លូវជាតិលេខ ២តបានហើយ។ អត់ដែលមានប្រជាពលរដ្ឋនៅតំបន់នេះស្រមៃឃើញថានឹងមានផ្លូវខ្វាត់ខ្វែងទៀតទេ។ មែនទេ? មកដល់ថ្ងៃនេះ យើងឃើញប៉ុណ្ណឹង។ នៅសល់លទ្ធភាពច្រើនណាស់ ដែល ៣០ឆ្នាំទៀត យើងមិនទាន់ស្រមៃឃើញ តែនឹងកើតមាន។ ជាពិសេសរឿងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលធំៗបន្ថែមទៀត ជាក់ស្ដែងដែលគ្រោងនឹងកើតមានគឺព្រលានយន្តហោះអន្តរជាតិនៅទីនេះ និងព្រែកជីកហ៊្វូណន ដែលនឹងត្រូវបុកគ្រឹះនៅថ្ងៃ៥ ខែ៨ខាងមុខនេះ ដែលយើងនឹងឃើញផ្ទាល់តែម្ដង មិនចាំបាច់ដល់កូនចៅយើងទេ។ ក្រោយពីព្រែកជីកនេះបង្កើត សក្ដានុពលកន្លែងនេះនឹងក្លាយទៅជាអី? យើងនឹងបន្តឃើញជាជំហានៗ។ ប៉ុន្តែ ជំនាន់កូនយើងចៅយើងកាន់តែឃើញច្រើនជាងនេះ។
(២២) អ្នកនៅខាងក្រៅមិនមើលឃើញរបស់ពិតដែលកម្ពុជាមាន ទើបបានជាមិនឲ្យតម្លៃ
នេះហើយការអភិវឌ្ឍប្រទេស និងការរៀបចំ។ ស្ពានដែលយើងនឹងដាក់នៅទីនេះ នឹងក្លាយជាសមិទ្ធផលធំមួយនៅទីនេះ។ តែក្នុង ២០ឆ្នាំទៀតនឹងក្លាយទៅជាសមិទ្ធផលតូចមួយ និងជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀត។ ប៉ុន្តែយើងត្រូវអបអរសាទរ។ អ្នកខ្លះដើរមើលងាយស្រុកខ្មែរ ថាស្ពានយើងប៉ុណ្ណេះ ហេតុអីក៏អួតម៉េះ? ហេតុអីក៏យើងដូចក្អាត់ក្នុងក្អម? … យើងមើលនៅក្នុងពាងរបស់យើង។ អ្នកនៅខាងក្រៅមិនបានមើលឃើញស្អីខ្លះនៅក្នុងពាងនេះ បានមិនឲ្យតម្លៃ។ អ្នកនៅក្នុងពាងនេះ ទើបបានឃើញថា ពីមុនអត់មានអីទាំងអស់ … អ្នកធ្លាប់រស់នៅស្រុកគេ ឃើញគេរីកចម្រើនលឿន ល្អហើយ រឿងរបស់គេ។ កុំភ្លេចថាប្រទេសនោះ មុននឹងមានស្ពានអាកាសនេះ កាលពីគេធ្វើស្ពានអាកាសលើកទី១ ឆ្នាំ១៩៦០ ឬ១៩៧០ជាង ប្រជាពលរដ្ឋគេក៏មានមោទនភាពដូចយើងរាល់ថ្ងៃនេះដែរ។ អញ្ចឹងយើងត្រូវមោទនភាពនូវអ្វីដែលយើងមាន ហើយរួមគ្នាបង្កើននូវសមិទ្ធផលដែលជាទីមោទនភាពបន្តទៅទៀត … ចេញពីប៉ុលពតមក យើងមានតែស្ពានព្រះមុនីវង្ស។ យើងហៅស្ពានច្បារអំពៅនេះ ជាមួយស្ពានជ្រោយចង្វារដាច់មួយកំណាត់។ ឥឡូវពីទន្លេមេគង្គចុះមកក្រោមនេះ យើងដូចមាន ១២ស្ពានធំៗ។ គ្រាន់តែនៅភ្នំពេញនេះ យើងមាន ៥-៦ ហើយ។ តែយើងបន្តធ្វើបន្ថែមទៀត។ បានន័យថា យើងត្រូវតែបន្តអបអរសាទរ។
(២៣) កម្ពុជាអួតនិងមានមោទនភាពចំពោះអ្វីដែលខ្លួនមាន មិនប្រៀបធៀបជាមួយប្រទេសផ្សេងទេ
យើងនឹងមានស្ពានអាកាសមានកាន់តែច្រើន។ អញ្ចឹងខ្ញុំសូមប្រាប់ទៅវិញថា កម្ពុជាយើងអួតដោយសារយើងជាកង្កែបក្នុងអណ្ដូង តែអ្នកដែលនៅក្រៅអណ្ដូងមិនបានឃើញការវិវត្តក្នុងអណ្ដូងនេះទេ។ យើងត្រូវមោទនភាពនូវអ្វីដែលកម្ពុជា(មាន)។ កម្ពុជាមិនចាំបាច់ប្រៀបធៀបជាមួយប្រទេសផ្សេងទេ កម្ពុជាត្រូវប្រៀបធៀបជាមួយខ្លួនឯង។ អ្នកដង្កោត្រូវប្រៀបធៀបជាមួយអ្នកដង្កោ កាលពី ១០-២០ឆ្នាំមុន ថាតើឥឡូវយើងមានអីជាងមុន។ លោកតា លោកយាយ អ៊ំ ពូមីង ត្រូវមានមោទនភាពចំពោះកូនចៅខ្លួន ទោះបីជាទើបនឹងរៀនចប់បាក់ឌូប្លិ៍ក៏ដោយ ព្រោះថាជំនាន់មុនយើងអត់ទាន់មានលទ្ធភាព។ ឥឡូវមាន។ រឿងកូនគេរៀនបានបាក់ឌូប្លិ៍ បានដល់បណ្ឌិតដល់អីជារឿងកូនគេ តែកូនយើងត្រូវមោទនភាព។ ភូមិយើង ស្រុកយើង ក្នុងខណ្ឌយើង រាល់សមិទ្ធផលថ្មីៗ ត្រូវមានមោទនភាព។ កាលមុនអត់ផ្លូវ មានតែផ្លូវរទេះ ផ្លូវកង់ ផ្លូវដី ឥឡូវយើងធ្វើផ្លូវបេតុង។ ទោះបីជានៅភ្នំពេញមានបេតុងធំក៏ដោយ តែយើងត្រូវមានមោទនភាពសមិទ្ធផលក្នុងខណ្ឌរបស់យើង។ គ្មាននរណាឲ្យតម្លៃសមិទ្ធផលក្នុងខណ្ឌរបស់យើងជាងប្រជាជនក្នុងខណ្ឌដង្កោនោះទេ។ ត្រឡប់ទៅវិញ គ្មាននរណាឲ្យតម្លៃសមិទ្ធផលក្នុងប្រទេសកម្ពុជាជាងប្រជាជនខ្មែរនោះទេ។ សូមអ្នកខ្លះកុំដើរបង្អាប់ប្រទេសខ្លួនឯង។ សូមលើកប្រទេសខ្លួនឯងខ្លះផង។
(២៤) ពីអត់ មកមាន ពីមានតិច ទៅមានច្រើន ពីគេជួយធ្វើ ទៅធ្វើដោយខ្លួនឯង
យើងនឹងបន្តធ្វើតទៅទៀត។ ពីអត់ មកមាន ពីមានតិច ទៅមានច្រើន។ ពីគេជួយធ្វើទាំងអស់ ទៅជាយើងមានសមត្ថភាពធ្វើដោយខ្លួនឯង ដោយកូនខ្មែរ។ ស្ពានដែលធ្វើនេះ ស្ពានក្រុមហ៊ុន OCIC ធ្វើ គឺប្រើវិស្វករខ្មែរយើង។ ពីដំបូងយើងពឹងវិស្វករពីប្រទេសផ្សេងមកធ្វើ។ ឥឡូវស្ពានអាកាសនេះ យើងធ្វើពីរខ្សែធំទៀតដោយកូនខ្មែរសុទ្ធសាធ។ អញ្ចឹងបានថាមិនត្រឹមតែធ្វើទេ ធ្វើដោយកូនខ្មែរទៀត។ សល់ពីអាពត គេវាយចោលវិស្វករប៉ុន្មាន? ឥឡូវយើងធ្វើដោយខ្លួនឯង។ ហ្នឹងហើយជាមោទនភាពរបស់យើង។ កាលពីខ្ញុំទៅមើលព្រលានយន្តហោះ អ្នកឧកញ៉ា ពុង ឃាវសែ ថាមានពីរជំហាន។ ជំហានមួយ យើងឲ្យវិស្វករពីអង់គ្លេសមកគូរប្លង់ជួយធ្វើច្រើន។ ប៉ុន្តែពេលធ្វើនេះ យើងដាក់វិស្វករខ្មែរដើម្បីរៀនធ្វើ។ ដល់ពេលយើងពង្រីកជំហានពីរ យើងនឹងប្រើប្រាស់វិស្វករខ្មែរយើងភាគច្រើន។ នេះហើយជាសមិទ្ធផលរបស់យើង។
(២៥) កង្កែបក្នុងអណ្តូង ដែលអណ្ដូងកាន់តែប្លែក កាន់តែសម្បូរបែប ត្រជាក់ត្រជុំសម្រាប់កង្កែបទាំងអស់
យើងមិនអាចគិតថា វិស្វករខ្មែរធ្វើស្ពានអាកាសបាន អួតម៉េះ? វិស្វករជប៉ុនគេធ្វើបានស្ពានកាត់សមុទ្ររាប់រយគីឡូម៉ែត្រ(ឯណោះ)។ គេធ្វើបាន អបអរសាទរ(គេទៅ) ប៉ុន្តែកុំភ្លេច យើងត្រូវមានមោទនភាពទៅដល់ប្រជាពលរដ្ឋយើង ដែលពីមុនធ្លាប់តែរងទុក្ខដោយសារសង្រ្គាម មិនបានធ្វើស្ពានអាកាសនេះ។ ងើបចេញពីរបប ប៉ុល ពត អត់សូវមានធនធានមនុស្ស។ ឥឡូវត្រូវបណ្ដុះបណ្ដាល ហើយយើងធ្វើបានដោយខ្លួនឯង។ បើថា ជាកង្កែបក្នុងអណ្ដូង ក៏ថាចុះ ប៉ុន្តែអណ្ដូងរបស់កម្ពុជាកាន់តែពេញទៅៗ កាន់តែប្លែកទៅៗ កាន់តែសម្បូរបែបទៅៗ មានកង្កែបកាន់តែច្រើន តាំងពីមានលទ្ធភាពកសាងអណ្ដូងមួយនេះ ឱ្យមានភាពត្រជាក់ត្រជុំសម្រាប់កង្កែបទាំងអស់។ អ្នកឯងចង់ថាអីថាចុះ។ គួរតែមានមោទនភាពសម្រាប់ខ្លួនយើង(ដែលជាជនជាតិខ្មែរ) សម្រាប់គ្រួសារយើង សម្រាប់ភូមិស្រុកយើង។ នេះហើយជាការព្យាករណ៍និងរំពឹងទុកឯករាជ្យភាពរបស់ជាតិ សមត្ថភាពកសាងខ្លួនឯង កសាងអភិវឌ្ឍន៍ គ្រប់គ្រងម្ចាស់ការ …។
(២៦) ឯករាជ្យភាពប្រជាជន គឺឱកាសរៀនសូត្រ ការងារ ចិញ្ចឹមកូនចៅ គ្រប់គ្រងផ្ទះសម្បែង ទ្រព្យសម្បត្តិ សិទ្ធិសេរីភាពតាមផ្លូវច្បាប់
យើងផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋ។ អ្វីដែលគាត់ចង់បានមានតែប៉ុណ្ណឹង គឺឯករាជ្យភាព។ ឯករាជ្យភាព គឺផ្អែកទៅលើឱកាស ឱកាសរៀនសូត្រ ឱកាសការងារ ឱកាសប្រតិបត្តិចិញ្ចឹមកូនចៅ មានឱកាសរកចំណូលចិញ្ចឹមខ្លួនគាត់ គ្រប់គ្រងផ្ទះសម្បែង ទ្រព្យសម្បត្តិឯកជន គាត់មានសិទ្ធិសេរីភាពសម្រេចធ្វើអ្វីក៏បាននៅក្នុងផ្លូវច្បាប់ នេះហើយគឺឯករាជ្យភាពរបស់ប្រជាជន។ ប្រទេសយើងដូចគ្នា។ នៅថ្ងៃនេះ លោកអ៊ំ ពូមីង បងប្អូន សង់សមិទ្ធផលថ្មីនេះ ស្ពានអាកាសភ្លោះនេះ គឺធ្វើដើម្បីផ្ដល់លទ្ធភាពនិងឯករាជ្យភាពបន្ថែមទៀត ជូនប្រជាពលរដ្ឋដែលនឹងត្រូវធ្វើដំណើរពីខាងភ្នំពេញ ទៅខេត្តកណ្ដាល ដោយបន្ថែមផ្លូវចូលទៅក្នុងតំបន់ដែលត្រូវអភិវឌ្ឍនៅពេលខាងមុខនេះ និងប្រើប្រាស់រួមគ្នា តសរសៃឈាមចូលគ្នា។ កន្លែងដែលកូនចៅប្រជាពលរដ្ឋអ្នកដង្កោ នឹងមានឱកាសធ្វើការបំពេញការងារនិងអភិវឌ្ឍន៍បន្ថែមទៀតនៅទីនេះ។ ការសម្ពោធនៅថ្ងៃនេះ ខ្ញុំសូមអរគុណសាជាថ្មី ទៅដល់ក្រុមហ៊ុន OCIC ក៏ដូចជាសាលារាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្ដាល ក្រសួងសាធារណការ(និងដឹកជញ្ជូន) និងមន្ទីរសាធារណការនិងដឹកជញ្ជូន គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តចូលរួមដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនេះបានល្អ។
(២៧) ការរៀបចំក្រុងត្រូវគិតទាំងបរិមាណទាំងគុណភាព ធានាថាប្រជាពលរដ្ឋងរស់នៅដោយសេចក្ដីសុខ ស្ថិរភាព ស្រាយបានតម្រូវការទឹកភ្លើង សេដ្ឋកិច្ច ការងារ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព
ម្សិលម្ង៉ៃ បានទៅមើលប្រឡាយទឹក។ សូម្បីតែប្រព័ន្ធធនធានទឹក ក៏ត្រូវគិតដល់កន្លែងហ្នឹងដែរ។ យើងបណ្ដោះទឹកពីឱរ៉ាល់មកព្រែកត្នោត។ យើងធ្វើប្រព័ន្ធប្រឡាយធំៗ ៣-៤ ដើម្បីបន្ធូរសំពាធទឹក។ ឥឡូវយើងកាយប្រឡាយបន្ថែម។ ប្រឡាយនេះ នឹងនាំទឹកទៅតំបន់ព្រលានយន្តហោះ(ថ្មី) បណ្ដោះទឹកចេញពីហ្នឹង ហើយកុំឱ្យលិចព្រលានយន្តហោះ ចាក់ទៅប្រឡាយ ៩៦ ទៅបាសាក់ និងទឹកធ្លាក់ទៅទន្លេបាទី ដើម្បីគ្រប់គ្រង(ទឹកនៅ)កន្លែងនោះ ផ្ដល់(ប្រយោជន៍ទៅដល់)ខាងកសិកម្មបន្ថែម។ អញ្ចឹងការគិតគូរប្រទាក់ក្រឡាទាំងអស់នេះ គឺដើម្បីឱ្យរីកចម្រើនទាំងអស់គ្នា។ អ្នកឧកញ៉ា ពុង ឃាវសែ ធ្វើព្រលានយន្តហោះហើយ មិនហោះក្នុងទឹកទេ … ថ្ងៃមុននៅសាក់សំពៅ កន្លែងហ្នឹងជំរាល។ យើងចាក់ដីមិនបានទេ រាប់ម៉ឺនហិកតា។ បើនឹងទៅរើ (ក៏មិនដឹងថានឹងរើដូច)ម៉េចបើមានរោងចក្រ និងបុរីនៅពេញហ្នឹង។ អញ្ចឹង បានជាយើងធ្វើប្រឡាយទឹក ដាក់ស្ថានីយបូមទឹក ៤ ខិតខំបូមរំដោះទឹក តាំងពីកន្ទោក ផ្លូវជាតិលេខ៤ អីមក។
សង្ឃឹមថា ថ្ងៃក្រោយ ការរំដោះទឹក(តាមវិធីនេះ)នឹងជួយប្រជាពលរដ្ឋបានតាមការរំពឹងទុក។ បន្ដិចទៀត សាក់សំពៅក៏នឹងរីកដែរ។ ឃើញបុរី រោងចក្រ តំបន់ការងារច្រើននៅហ្នឹង។ ឯកឧត្តម ឃួង ស្រេង ថាត្រូវតែធ្វើអាហ្នឹង បើមិនធ្វើទេគឺពិបាក ហានិភ័យខ្ពស់។ បើសិនជាទឹកនេះហៀរទៅខាងណោះ អាចខាតបង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋរាប់ពាន់លានដុល្លារ។ អញ្ចឹង សង្ឃឹមថាយើងនឹងដោះស្រាយបានតំបន់មួយចំនួនដែលទឹកធ្លាប់បានលិចកន្លះម៉ែត្រចូលក្នុងផ្ទះ។ ឆ្នាំនេះ យើងពិនិត្យមើលថាការធ្វើ(ប្រឡាយរំដោះទឹក) គ្រប់គ្រាន់ឬនៅ? បើសិនមិនគ្រប់គ្រាន់ យើងនឹងច្នៃបន្ថែម ដើម្បីធ្វើយ៉ាងម៉េចបណ្ដោះ(គ្រោះលិចលង់) ជូនអ្នកភ្នំពេញ អ្នកដង្កោ អ្នកខេត្តកណ្ដាល។ នេះហើយការរៀបចំក្រុង ឱ្យគាត់រស់នៅ មិនត្រឹមតែបរិមាណទេ ត្រូវគិតទាំងអស់ ដើម្បីធានាថា ប្រជាពលរដ្ឋយើងរស់នៅដោយសេចក្ដីសុខ ស្ថិរភាព ដោះស្រាយបាននូវដំណោះស្រាយទឹកភ្លើង សេដ្ឋកិច្ច ការងារ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីបានល្អជូនប្រជាពលរដ្ឋ។ ប្រព័ន្ធគមនាគមន៍តភ្ជាប់ ដែលយើងធ្វើថ្ងៃនេះគឺជាកិច្ចការសំខាន់។
[ចប់សេចក្ដីអធិប្បាយ១]
ដើម្បីជំរុញការអភិវឌ្ឍទីក្រុងឱ្យកាន់តែទំនើប និង ឆ្លើយតបទៅនឹងការកើនឡើងនៃនគរូបនីយកម្ម, ខ្ញុំសូមផ្ដល់នូវទស្សនៈ និង អនុសាសន៍មួយចំនួន ដូចខាងក្រោម ៖
ទី១. ចំពោះការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុង, ក្រសួង-ស្ថាប័នជំនាញ និង រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តអនុវត្តដោយឈរលើគោលការណ៍ជាអាទិភាព ២ គឺ ១). បង្កើនល្បឿនការអភិវឌ្ឍទីក្រុង ដោយត្រូវដើរឱ្យបានមុនសេចក្តីត្រូវការរបស់ប្រជាជន និង បង្កើនការ វិនិយោគស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ ២០៣៥, និង ២).ផ្តើមគិតពីកិច្ចការសាងសង់សំណង់នីមួយៗឱ្យស្របតាមការវិវត្តនៃតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ ។
ទី២. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈ ទំនើប, វ័យឆ្លាត និង សន្សំសំចៃខ្ពស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញ, ដូចជា ការបំពាក់កាមេរ៉ាសុវត្ថិភាព, អំពូលសូឡា និង ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារសាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្ដិសមជាទីក្រុងឆ្លាតអាស៊ាន។
ទី៣. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និង ឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ, ដូចក្នុងករណីការដាំដើមឈើបន្ថែមនៅចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងលិច និង គម្រោង «ស្ពានអាកាសមរតកតេជោ» ជាដើម ។
ទី៤. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវខិតខំជំរុញការអនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និង ប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង នៅតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តចុះពិនិត្យដោះស្រាយប្រព័ន្ធបណ្ដាញលូ អណ្ដូងលូ និង ប្រឡាយរំដោះទឹក ព្រមទាំងត្រៀមជាស្រេច ដើម្បីធ្វើអន្តរាគមន៍ចំពោះករណីជំនន់ទឹកភ្លៀង និង ប្រធានសក្តិនានា ដែលអាចកើតមានជាយថាហេតុ ។
ទី៥. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការងារសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និង ក្មេងទំនើងទាំងតាមសាលារៀន និង ក្នុងសហគមន៍ ។ ល ។) ធានាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យបានល្អប្រសើរ ពោលគឺ ត្រូវបន្តចាត់វិធានការឱ្យបានជាប្រចាំជាប់មិនដាច់ដូចភ្លៀងរលឹម ដោយមិនត្រូវលើកលែងឡើយ ។
ទី៦. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់រំដោះចញ្ចើមផ្លូវក្នុងទីក្រុងឱ្យខាងតែបាន ដើម្បីសម្រួលចរាចរណ៍ និង កាត់បន្ថយការកកស្ទះចរាចរណ៍ សំដៅ, ម្យ៉ាង, កាត់បន្ថយថ្លៃនៃការធ្វើ ដំណើរ (ចំណេញពេល និង សេដ្ឋកិច្ច), បង្កើនសេវាកម្មជិះរថយន្តក្រុង និង ម៉្យាងទៀត កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននៅក្នុងទីក្រុង ជាមួយនឹងការបង្កើនសម្រស់របស់រាជធានីយើង។ បន្ថែមលើនេះ, ចំពោះការកកស្ទះចរាចរណ៍នៅម៉ោងទៅ និង ចេញពីបម្រើការងារ (Rush Hours), រដ្ឋបាលរាជធានីភ្នំពេញត្រូវដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋរហូតដល់ស្ថានភាពចរាចរណ៍ត្រឡប់មកសភាពធម្មតាវិញទើបកម្លាំងចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ចរាចរធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
តាមរយៈពិធីនៅថ្ងៃនេះ, ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ និង អ្នកធ្វើដំណើរឆ្លងកាត់ទាំងឡាយ សូមមេត្តាចូលរួមសហការ ផ្ដល់ភាពអធ្យាស្រ័យ យោគយល់ និង ការអត់ធ្មត់ខ្ពស់ ចំពោះផលប៉ះពាល់ និង ការរំខាននានា ដែលអាចកើតមានដោយសារការដ្ឋានស្ថាបនាស្ពានអាកាសថ្មី ដែលនឹងចាប់ផ្ដើមនាពេលនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបានផ្តួចផ្ដើមគំនិតស្នើសុំឱ្យមានការប្រសិទ្ធនាម ស្ពានអាកាសទី ១ ដែលត្រូវបើកការដ្ឋានស្ថាបនា នាពេលនេះ ថាជា «ស្ពានអាកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត»។ ដោយមានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ ហើយខ្ញុំសូមអរគុណ ចំពោះការស្នើសុំនេះ ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី, លោកយាយ លោកតា, បងប្អូនប្រជាពលរដ្ឋ និង អង្គពិធី សូមមានសុខភាពល្អបរិបូណ៌ និង ទទួលបានជោគជ័យ ក្នុងគ្រប់ការងារ រៀងៗខ្លួន, ព្រមទាំងប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត ។ សូមអរគុណ!
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
ឯកឧត្តម ឃួង ស្រេង អត់ឱ្យស៊ីញូអីបន្ដិចសោះរឿងដាក់ឈ្មោះហ្នឹង។ អត់ឱ្យជម្រើសសោះ។ ដាក់ឈ្មោះអ្វីក៏បាន ឱ្យតែធ្វើបានគុណភាពល្អ ជូនប្រជាពលរដ្ឋប្រើប្រាស់។ សំខាន់ ពេលដែលរៀបចំនេះ សុំគិតពីសុវត្ថិភាពឱ្យមែនទែន ព្រោះជាពិសេស យើងត្រូវការលើកស្ទូច កុំឱ្យ(ពេលដែលប្រជាពលរដ្ឋកំពុង)ជិះៗ ធ្លាក់ដែកចុះមក។ កន្លែងខ្លះ ការដ្ឋានខ្លះ មានរឿងហ្នឹង(កើតឡើង)។ សូមមានសំណាញ់សុវត្ថិភាពអីឱ្យបានច្បាស់លាស់។ សុំឱ្យប្រជាពលរដ្ឋយោគយល់(ចំពោះការរំខានពីសកម្មភាពសាងសង់)។ ថ្ងៃនេះ ខ្ញុំសូមរៀបចំឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ សាលាខណ្ឌដង្កោរ ថវិកា ២លានរៀល។ សាលាក្រុងតាខ្មៅថវិកា ២លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ៣លានរៀល។ ហើយជូនក្រុមតន្រ្តីសម័យថវិកា ៥លានរៀល។(សម្ដេចរាប់ឈ្មោះសិល្បករ សិល្បការិនី)។ ជូនពរទាំងអស់គ្នា សូមអរគុណ ហើយធ្វើដំណើរត្រឡប់ទៅវិញ សុវត្ថិភាពទាំងអស់គ្នា៕
[ចប់សេចក្ដីអធិប្បាយ២]