(១) ដើរមើលទីតាំង៣ នៃ ១១ប្រឡាយ ក្នុងប្រព័ន្ធប្រឡាយដែលកំពុងតែស្ដារ
សូមអរគុណបងប្អូនទាំងអស់ដែលបានខំប្រឹងកសាង(ប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រព ខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញនេះ)។ អម្បាញ់មិញ ខ្ញុំបានសួរមេការថា ធ្លាប់បានធ្វើប្រឡាយដល់ ៧គីឡូម៉ែត្រពីមុនមកទេ? (គាត់ថា) អត់ទេ។ ជាប្រវត្តិសាស្រ្តហើយ ដែលបានចូលរួមធ្វើ។ តាមពិត ថ្ងៃនេះ បានដើរមើលទីតាំង ៣កន្លែងជាផ្នែកនៃ ១១ប្រឡាយ ក្នុងប្រព័ន្ធប្រឡាយដែលយើងស្ដារ។ ពីដើមអាណត្តិ ខ្ញុំបានសម្រេចដាក់ធ្វើគម្រោងធំមួយដែលប្រើប្រាស់ថវិកាជាង ៤០០លាន(ដុល្លារ) បើប្រៀបធៀបទៅ ធំជាងគម្រោងដែលធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដោយសារការចាំបាច់។ តាំងពីដើមទីមក គម្រោងនេះអនុវត្តក្នុង(រយៈពេល) ៨ខែ។ យើងធ្វើដោយសំរេចបានជោគជ័យច្រើន។ កន្លែងនេះ ចាប់ផ្ដើមពីត្រឹមតែខែកុម្ភៈមក។ អញ្ចឹងត្រឹមតែ ៦ខែទេ … យើងធ្វើបានលឿន។សូមអរគុណក្រសួងធនធានទឹកនិងឧតុនិយម ក៏ដូចជាក្រុមការងារពាក់ព័ន្ធ មានទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានដោះស្រាយផលប៉ះពាល់និងចរចារៀបចំគម្រោងថវិកា។ អាជ្ញាធរខេត្ត មានខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលបានចូលរួម។ មិនមានជម្រើសផ្សេងទេ។ បើអត់ចូលរួម អត់ធ្វើឱ្យ។ លិចដដែល។ អញ្ចឹងគឺបានចូលរួមសហការគ្នាដោះស្រាយបញ្ហានេះ។
(២) ប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រព ខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញស្រាយបញ្ហាបញ្ចេញទឹកពីរាជធានីភ្នំពេញ និងបញ្ចៀសទឹកជន់មកពីតំបន់ឱរ៉ាល់តាមព្រែកត្នោត
គម្រោងនេះមានពីរមុខព្រួញ។ មួយមុខព្រួញ គឺដោះស្រាយ(ចំណោទការបញ្ចេញទឹក)ក្នុងរាជធានីភ្នំពេញ ដែលកែលម្អប្រព័ន្ធរំដោះទឹក និងដាក់លូបន្ថែម។ លូខ្លះ យើងធ្វើមុខកាត់តូច។ ឥឡូវយើងបន្តធ្វើអោយធំ។ ប៉ុន្តែគម្រោងមួយផ្នែកធំនៅខាងក្រៅនេះ គឺបញ្ចៀសទឹក(ជន់មក)ពីព្រែកត្នោត ពីតំបន់ឱរ៉ាល់ ដែលកន្លងទៅបុកមកទីនេះ។ យើងកែប្រឡាយ ១០ខ្សែ ជាង ២៦០គីឡូម៉ែត្រ។ នេះបើថាវែង គឺវែងជាងព្រែកជីកហ្វូណនតេជោ ៨០គីឡូម៉ែត្រ។ អញ្ចឹងព្រែកជីកនេះធ្វើហើយមុន។ ព្រែក/ប្រឡាយនេះ មានសារសំខាន់ណាស់។ យើងប្រើពាក្យថាបញ្ចៀសទឹកពីរាជធានីភ្នំពេញ ប៉ុន្តែផលមិនមែនបានតែរាជធានីភ្នំពេញទេ។ តាមជំនាញរាយការណ៍ ផលដែលបាន ទី១ យើងស្រោចស្រង់តំបន់លិចទឹកជាង ៣០ម៉ឺនហិកតា ដែលមានទាំងការប៉ះពាល់ស្រែចម្ការ ការប៉ះពាល់ផ្ទះលំនៅដ្ឋាន និងប៉ះពាល់តំបន់រោងចក្រ។ សង្កាត់សាក់សំពៅនេះ បើមិនរៀបចំនៅក្នុងផែនការនេះ ទាំងប្រឡាយ ទាំងស្ថានីយបូមទឹក រំដោះទឹក គឺលិចច្រើន … អោយតែទឹកខ្លាំងមក សង្កាត់កន្ទោកលិចហើយ។ អញ្ចឹងគំរោងនេះបណ្ដោះ(បរិមាណទឹកពី)ត្រឹមនោះមក …។
(៣) បង្កើតបានប្រព័ន្ធធារាសាស្រ្ត ជម្លៀសទឹកខួបប្រាំងខួបវស្សាសំរាប់ខេត្តតាកែវ កណ្តាលនិងភ្នំពេញ
ទី២ ប្រព័ន្ធស្រោចស្រព ប្រព័ន្ធធារាសាស្រ្ត ដែលយើងជម្លៀសទឹកខួបប្រាំងខួបវស្សា សម្រាប់ប្រជាពលរដ្ឋរបស់យើងប៉ុន្មានខេត្តនេះ (ស្រែចម្ការ)៥០ម៉ឺនហិកតា ដែលអាចទទួលផលបាន។ កាលមុន ប្រឡាយខ្លះបានគោករាក់ ហើយប្រឡាយខ្លះតូច និងមិនបានថ្ពក់ពីព្រែកត្នោតមកច្រើន។ ឥឡូវយើងភ្ជាប់។ យើងថែមស្ថានីយបូមទឹក។ យើងធ្វើបានដោយជោគជ័យ។ យើងធានាបានផលច្រើន។ បានប៉ុណ្ណឹង ប្រហែលជាមានកន្លែងភ្ជាប់និស្ស័យច្រើនទៀត ព្រោះបើតាមការធ្វើដំណើរមកអម្បាញ់ម៉ិញ មើលទៅស្ទឹងតូច កន្លែងកូនប្រឡាយនោះ មានអ្នកកំពុងរៀបចំកន្លែងទេសចរណ៍ ដែលភាគច្រើនជាកន្លែងភ្ជាប់និស្ស័យក្មេងៗ។ ប្រជាជនបានទាំងផ្លូវទៀត។ អម្បាញ់មិញនៅស្ទឹងតូច កន្លែងទំនប់ យើងមានខ្នងប្រឡាយ ៨ម៉ែត្រសងខាង។ អញ្ចឹង កាលមុនប្រើតែផ្លូវតូចពិបាក ឥឡូវប្រជាពលរដ្ឋមានផ្លូវធំ។ ឥឡូវមានតំបន់ទេសចរណ៍ដែលសហគមន៍អាចបង្កើតបាន។
(៤) ប្រឡាយក្រាលបេតុង ៧គីឡូម៉ែត្រ មិនដែលមានក្នុងប្រវត្តិសាស្ត្រ
សូមអរគុណផងដែរ ដល់ប្រជាពលរដ្ឋយើងដែលរស់នៅតាមបណ្ដោយប្រឡាយដែលបានចូលរួម។ ពេលយើងធ្វើ មិនមែនគ្រាន់តែស្ដារទេ គឺយើងពង្រីក(ទំហំប្រឡាយ/ព្រែក)ទៀត។ ប្រឡាយខ្លះត្រឹមតែ ៣-៤ម៉ែត្រ តែយើងពង្រីក កន្លែងខ្លះ(ពង្រីក)ដល់ ៨០-១០០ម៉ែត្រ ឯទទឹងចង់ប៉ុនព្រែកជីកហ្វូណនតេជោហើយ … ប្រព័ន្ធធារាសាស្រ្តនេះសំខាន់ ដែលយើងចំណាយថវិកាជាង ៤០០លាន(ដុល្លារ)ធ្វើ … យើងត្រូវតែធ្វើដើម្បី(រំដោះទឹក) មិនត្រឹមតែនៅរាជធានីភ្នំពេញទេ តែបានផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋយើង។ ទឹកនេះ ហូរចាក់ទៅក្នុងតំបន់ព្រលានហោះយន្ត ហើយទៅបណ្ដោះទៅទៀត។ ជួយទាំងព្រលានយន្តហោះ ចាក់ទៅប្រឡាយ៩៦ ហើយហួសទៅបាសាក់ផង។ ជួយរៀបចំច្រើន … ពួកយើង(កម្មករ/ការិនី)ចូលរួម។ កុំភ្លេចថតរូបទុកជាអនុស្សាវរីយ៍ ព្រោះបន្ដិចទៀត គេបង្ហូរទឹកមើលលែងឃើញហើយ។ អម្បាញ់មិញ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធនធានទឹកប្រាប់ថា ទឹកហ្នឹងតាមពិតត្រូវបង្ហូរហើយ ប៉ុន្តែទុកឱ្យសម្ដេចមើលថ្មសិន។ ដូចនិយាយអញ្ចឹង សួរថានៅស្រុកខ្មែរធ្លាប់ធ្វើប្រឡាយក្រាលបេតុង ៧គីឡូដីទេ? អត់មានទេ។ ជាប្រវត្តិសាស្រ្តហើយ។ ថតរូបពេលចូលដំបូងសុទ្ធតែព្រៃ … ឥឡូវយើងធ្វើបានប៉ុណ្ណេះ ដោយដៃយើងផ្ទាល់ …។
(៥) សមិទ្ធផលការពារទឹកជំនន់បានជាង ៣០ម៉ឺនហិកតា និងជាប្រឡាយប្រព័ន្ធស្រោចស្រព ៥០ម៉ឺនហិកតា
អរគុណសាជាថ្មី ជូនដល់បងប្អូនចូលរួមផ្ទាល់ ប្រជាពលរដ្ឋដែលរស់នៅជុំវិញនៅទីនេះ។ សង្ឃឹមថា ទឹកដែលធ្លាក់ចុះនៅខែវស្សា(នឹងលែងបង្កជាការជន់លិចទៀត)។ ឆ្នាំនេះ យើងអាចថាទឹកធំ។ ជាទូទៅ ឆ្នាំរោងទឹកធំ។ ខ្ញុំទើបនិយាយលេងជាមួយនឹងឯកឧត្តម មេបញ្ជាការយោធភូមិភាគពិសេស ឯកឧត្តមមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេសអង្គរក្សថា រាល់ឆ្នាំមកដេកនៅទីនេះរហូត។ ត្រៀមអន្តរាគមន៍ដាក់ទូកដាក់អី។ ឆ្នាំនេះប្រហែលអស់ការងារហើយ។ ប៉ុន្តែសុខចិត្តអស់ការងាររឿងជម្លៀសទឹកជំនន់ចុះ ឱ្យតែប្រជាជននៅកក់ក្ដៅ។
សង្ឃឹមថា ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់សាក់សំពៅ ទាំងរោងចក្រ លែងព្រួយ លែងសូវមានថតបង្ហោះថាទឹកលិចកន្លះម៉ែត្រចូលក្នុងផ្ទះទៀត ព្រមដោយ(បានជាសមិទ្ធផល)សម្រាប់ប្រជាពលរដ្ឋ ទាំងតំបន់ដែលការពារទឹកជំនន់បានជាង ៣០ម៉ឺនហិកតា និងប្រឡាយប្រព័ន្ធស្រោចស្រព ៥០ម៉ឺនហិកតា សំរាប់ស្រែចម្ការ។ អញ្ចឹងបានផលធំ ដល់ប្រជាពលរដ្ឋយើងរាប់សែនរាប់លាននាក់។ សូមអរគុណសាជាថ្មី និងជូនពរដល់ពួកយើងដែលបានចូលរួម(ជួយកសាង)ផ្ទាល់។ ជូនពរឯកឧត្តម អស់លោកដែលបានចូលរួមមើលទាំងអស់គ្នានៅថ្ងៃនេះ។ ខេត្តនិងក្រសួងស្ថាប័នពាក់ព័ន្ធ សុំបន្តជួយបន្តទៀត …។
នៅការដោះស្រាយផលប៉ះពាល់មួយចំនួនទៀត។ សូមខំប្រឹងដោះឱ្យប្រជាពលរដ្ឋ។ សូម(ប្រជាពលរដ្ឋ)ចូលរួម ដើម្បីយើងបានផលទាំងអស់គ្នា។ បើសិនយើងមិនដោះទេ ទឹកបុកមក លិចយើងហ្នឹងឯង។ អ្នកនៅតាមបណ្ដោយប្រឡាយទឹក។ អញ្ចឹង បើយើងដោះបានល្អ អាចជួយសម្រួលមិនអោយមានការលំបាកនៅទីនោះ។ សូមអរគុណជាពិសេសប្រជាពលរដ្ឋដែលនៅតាមបណ្ដោយប្រឡាយស្ទឹងព្រែកត្នោត។ អរគុណសាជាថ្មី ជូនពរទាំងអស់គ្នា។ ថ្ងៃនេះ ជូន(កម្មករ/ការិនី) ២៤៧នាក់ ក្នុងម្នាក់ថវិកា ១០ម៉ឺនរៀលផងដែរ៕