សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ពិធី​ចែកសញ្ញាបត្រ​សាកលវិទ្យាល័យ​លីមកុកវីង

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល
លោកជំទាវ Dato’ Tiffanee Marie Lim ប្រធានក្រុមផ្សព្វផ្សាយសាកលវិទ្យាល័យ លីមកុកវីង
គណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និសិ្សតជ័យលាភី នៃសាកលវិទ្យាល័យ លីមកុកវីង ក៏ដូចជាក្រុមគ្រួសារ និងអាណាព្យាបាលរបស់សិស្សទាំងអស់ ជាទីមេត្រី!

[ចាប់ផ្ដើមសេចក្ដីអធិប្បា​យ១]

(១) អបអរសាទរជាមួយនិស្សិតជ័យលាភី និងអរគុណដល់ក្រុមគ្រួសារ

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានបានមកចូលរួមអបអរសាទរជាមួយនឹងនិស្សិតជ័យលាភី ទាំង ៥៤០ នាក់ ដែលជាអ្នកទទួលបញ្ចប់ការសិក្សាពីឆ្នាំ ២០២១,២០២២ និង ២០២៣។ ជាដំបូង (ទី១)ខ្ញុំសូមអបអរសាទរជាមួយនឹងនិស្សិតជ័យលាភីទាំងអស់ ដែលបានសម្រេចភារកិច្ច និងទទួលបញ្ចប់ការសិក្សាមួយជំហាន។ អារម្មណ៍ថ្ងៃនេះ ប្រហែលជារំភើប ដោយគិតថាប្រហែលជាអត់មានតេស្ដ អត់មាន homework អីទៀតទេ។ (អារម្មណ៍នេះ) យ៉ាងហោចបានមួយរយៈ។ ការរៀនសូត្រគឺជាកាតព្វកិច្ចដែលយើងត្រូវបំពេញ វា​មិនខុសពីការរៀនជាផ្នែកមួយនៃជីវិត​ ដែលយើងចាប់ផ្ដើ​មតស៊ូមកដល់ពេលនេះ គឺធានានូវជោគជ័យប៉ុន្តែត្រូវការការតស៊ូ។ ការបញ្ចប់ការសិក្សាមួយកំរិតទៀតនេះ បានន័យថាកាតព្វកិច្ចមួយត្រូវបានបញ្ចប់ យកជាមូលដ្ឋានទៅបំពេញកាតព្វកិច្ចផ្សេងៗទៀត … ទី២ ខ្ញុំអរគុណដល់ក្រុមគ្រួសារ។ ចូលមក បានជួបជាមួយអ៊ំស្រី បងស្រីបងប្រុសមួយចំនួន ដែលបានមកអបអរសាទរកូន/ក្មួយ។ អម្បាញ់មិញ បងស្រីម្នាក់ប្រាប់ថា (កូនដែលរៀនចប់)ជាកូនទី៣ ប៉ុន្តែជាមនុស្សទីមួយក្នុងគ្រួសារដែលបានបញ្ចប់សាកលវិទ្យាល័យ … សូមសួរថាតើអ្នកណាខ្លះដែលជាមនុស្សទីមួយនៅក្នុងគ្រួសារដែលបានបញ្ចប់កម្រិតសិក្សានៅថ្នាក់សាកលវិទ្យាល័យ សូមលើកដៃ? មានច្រើន។ សូមអបអរសាទរ។

(២) សមិទ្ធផលបញ្ចប់ការសិក្សា មានការគាំទ្រផ្នែកហិរញ្ញវត្ថុនិងផ្លូវចិត្តពីក្រុមគ្រួសារ និងពីការប្រឹងប្រែងរបស់សាស្ត្រាចារ្យនិងបុគ្គលិកសិក្សា

កន្លងទៅ ប្រទេសរបស់យើងជំនាន់ឪពុកម្ដាយយើងជំនាន់តាយើងឆ្លងកាត់សង្រ្គាម ធ្វើអោយមានខ្សែស្រឡាយរបស់យើងច្រើននាក់មិនមានឱកាស។ ខ្ញុំគិតថាថ្ងៃនេះ អ្នកដែលសប្បាយចិត្តមិនមែនត្រឹមតែនិស្សិតខ្លួនឯងនោះទេ ប៉ុន្តែក្រុមគ្រួសារដូនតារបស់យើងផងដែរ។ នៅពេលដែលប្រទេសមានសង្រ្គាម គ្មានឱកាស(រៀនសូត្រ)ទេ ហើយបើមានសង្រ្គាមក៏គ្មានចិត្តចង់រៀនដែរ ព្រោះមិនដឹងថាអនាគតយ៉ាងណានិងខ្ចាត់ព្រាត់ទៅដល់ណា ព្រោះបើសិនជាវាយគ្នា គឺត្រូវវេចបង្វេច … សមិទ្ធផលដែលនិស្សិតសំរេចបានក្នុងការបញ្ចប់ការសិក្សានេះ ក៏ដោយ​សារមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីក្រុមគ្រួសារ ពីឪពុកម្ដាយដែលជួយបង់ និងការគាំទ្រផ្លូវចិត្តចំពោះអ្នកដែលមានគ្រួសារហើយ ដែលជួនកាលប្ដីមករៀន ឬប្រពន្ធមករៀន។ បើប្ដីមករៀន បើប្រពន្ធមិនសប្បាយចិត្ត ក៏រៀនមិនចូលដែរ។ អញ្ចឹងទាល់តែមានការគាំទ្រនិងលើកទឹកចិត្តទើបអាចបញ្ចប់ការសិក្សានេះ។

ខ្ញុំសូមយកឱកាសនេះ អបអរសាទរជាមួយនឹងក្រុមគ្រួសារ ឪពុកម្ដាយ អាណាព្យាបាល ក៏ដូចជាប្ដីប្រពន្ធ អាចអ្នកខ្លះមានកូនទៀត។ ខ្ញុំសូមហៅថាប្អូនៗនិស្សិតចុះ។ កន្លែងខ្លះ ខ្ញុំបានជួប មានពូនិស្សិត អ៊ំនិស្សិត។ ពេលខ្ញុំចែកសញ្ញាបត្រ បានដឹងថាគាត់ជាពូ។ គាត់មានអាយុ ៦០ឆ្នាំជាងមករៀន។ ខ្ញុំថាម៉េចអញ្ចឹង? គាត់ថា ពីដើមមកគាត់ចង់រៀន។ កាលមុនមានសង្រ្គាម រៀនបានប៉ុណ្ណេះ។ ចប់សង្រ្គាមធ្វើការរហូត។ ជាពិសេស អ្នកនៅតាមខេត្ត។ ឥឡូវមានសាលា គាត់ចូលរៀនបញ្ចប់អ្វីដែលជាសេចក្ដីសង្ឃឹមរបស់គាត់តាំងពីក្មេង។ ជាការអបអរដល់ឱកាសដែលទទួលបាន ខ្ញុំសូមអបអរសាទរដល់ក្រុមគ្រួសារនិស្សិតជ័យលាភីផង។ ជោគជ័យថ្ងៃនេះ មិនមែនតែក្រុមគ្រួសារនិងនិស្សិតទេ បើសិនជាគ្មានពាក់កណ្ដាលទៀត យើងមិនអាចជោគជ័យទេ គឺសាលា សាស្រ្តចារ្យ និងគ្រូ បុគ្គលិកគាំទ្រទាំងអស់។

(៣) សមិទ្ធផលសិក្សាបង្កើតធនធានមនុស្សជំរុញសកម្មភាពការងារ/សេដ្ឋកិច្ច អោយផលដល់ប្រទេសជាតិ

ខ្ញុំសូមយកឱកាសនេះអបអរសាទរចំពោះសាស្រ្តចារ្យ លោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងចែករំលែកនូវចំណេះដឹងឱ្យនិស្សិតទទួលបានសមត្ថភាពនិងបញ្ចប់ការសិក្សាដោយជោគជ័យ។ សូមអរគុណនិងកោតសរសើរ និងអបអរសាទរ ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ បុគ្គលិកសិក្សានៃសាកលវិទ្យាល័យ ដែលបានផ្ដល់ការគាំទ្រនិងបង្កលក្ខណៈ​ឱ្យការសិក្សាប្រព្រឹត្តិទៅដោយរលូន។ នេះគឺជាសមិទ្ធផល ដែលសំរេចបានជារួមដោយតួអង្គជាច្រើន ដែលរួមគ្នាដើម្បីសម្រេចភារកិច្ច។ ផលទាំងអស់នេះ បានទៅអ្នកណា? បានត្រឡប់ទៅវិញទៅទាំងអស់គ្នា៖ ទី១ និស្សិតផ្ទាល់, ទី២ ក្រុមគ្រួសារ, ទី៣ សាកលវិទ្យាល័យ សាស្រ្តាចារ្យ ដែលខិតខំចែករំលែក។ ឥឡូវបានសិស្សបានរៀនចប់ហើយ ក្លាយទៅជាធនធានមនុស្សដែលអាចយកទៅបម្រើ ទៅជំរុញសេដ្ឋកិច្ច និងដឹកនាំ ឬធ្វើការងារជំរុញ សកម្មភាពនៅតាមបណ្ដាអង្គភាពស្ថាប័ន​ មិនថារដ្ឋឯកជន ឬអង្គការ ឬស្វ័យនិយោជន៍​ខ្លួនឯងទេ។ ដែលធំបំផុត គឺប្រទេសជាតិរបស់យើងដែលបានផល។ ផលរបស់ប្រទេសជាតិយើង គឺកើតឡើងពីផលនៃប្រជាជននីមួយៗ ម្នាក់ៗ​។ យើងទន្ទឹមនឹងការអបអរសាទរនូវការសម្រេចជោគជ័យ ដែលកើតពីការរួមគ្នារវាងតួអង្គសំខាន់ហ្នឹង យើងក៏អបអរសាទរនូវសមិទ្ធផលដែលប្រទេសជាតិ ដែលមានធន​ធានមនុស្សកាន់តែមានគុណវុឌ្ឍិបន្ថែមទៀត …។

(៤) ធនធានមនុស្សជាទ្រព្យជួយប្រទេសឱ្យអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងចីរភាព

យើងដឹងហើយថា ធនធានមនុស្សជាកត្តាកំណត់នូវអ្វីគ្រប់យ៉ាង។ មនុស្សជាអ្នកបង្កើតផែនការ។ មនុស្សជាអ្នកដឹកនាំអនុវត្តផែនការ។ មនុស្សជាអ្នកតាមដានត្រួតពិនិត្យផែនការ។ មនុស្សជាអ្នកកែសម្រួលនិងធ្វើការអភិវឌ្ឍផែនការ។ សាកលវិទ្យាល័យ លីមកុកវីង បើកនៅកម្ពុជា ១៦ឆ្នាំ។ បើគ្មានមនុស្សដឹកនាំ កែសម្រួល update ជាប្រចាំទេ មិនអាចជោគជ័យមកដល់ប៉ុណ្ណេះទេ។ យកតែឧទាហរណ៍មួយប៉ុណ្ណេះថា កុំព្យូទ័រគឺមនុស្សអ្នកវាយ មិន​មែនកុំព្យូទ័រជាអ្នកវាយខ្លួន​ឯងទេ។ ឥឡូវ ChatGPT (ធ្វើអោយ)កុំព្យូទ័រអាចជួយសរសេរតែងសេចក្ដីឱ្យ ប៉ុន្តែមិនអាចគ្រប់គ្រាន់នោះទេ ព្រោះការដឹកនាំ ការកសាងប្រទេស គឺត្រូវការធនធានមនុស្សដែលរស់រវើក។ អញ្ចឹងធនធានមនុស្សជាទ្រព្យសំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឱ្យប្រទេសយើងអភិវឌ្ឍន៍រីកចម្រើនដោយនិរន្តរភាពនិងចីរភាព។ និរន្តរភាពនិងចីរភាពមនុស្ស ខុសពីសំភារៈ និងឧបករណ៍។ កុំព្យូទ័រឆ្លាតដូចម៉េចក៏ដោយ ក៏មកដល់ម៉ោងនេះ មិនអាចអភិវឌ្ឍខ្លួនឯងបានទេ។

(៥) មនុស្សខុសពីបញ្ញាសិប្បនិម្មិតត្រង់អាចអភិវឌ្ឍ ធ្វើទំនើបកម្ម និង update ខ្លួនជាប្រចាំ

ថ្ងៃក្រោយ(យើងនឹងមានជំនួយពី) AI (បញ្ញាសិប្បនិម្មិត)។ ខ្ញុំដឹងថាមានសមត្ថភាពយ៉ាងណា។ ប៉ុន្តែមកដល់ម៉ោងនេះ ទោះបីកុំព្យូទ័រពូកែគិតជាងយើងក៏ដោយ ប៉ុន្តែវានៅមានកំណត់ត្រឹម program ដែលគេធ្វើឱ្យ។ ចេញមកឆ្នាំនេះ វានឹងហួសសម័យនៅឆ្នាំក្រោយ។ ប៉ុន្តែមនុស្សមិនដូចនោះទេ។ មនុស្សវិវឌ្ឍជាប្រចាំ ព្រោះមានសមត្ថភាពក្នុងការធ្វើទំនើបកម្ម និង update ខ្លួនឯងជាប់ជាប្រចាំ។ ខុសគ្នាត្រង់ហ្នឹង។ ឡានទំនើបៗ ដូចជា Ferrari, Lamborghini ទោះជាលឿនយ៉ាងម៉េចក៏ដោយ ផលិតចេញមក ក្រោយជិះបានបន្ដិច វាក៏នឹងចាប់ផ្ដើមខូច។ វាមិនអាចហួសពីហ្នឹងបានទេ។ វាមិនអាច update ខ្លួនវាបានទេ … បើនិយាយពីរឿងសុខភាព អាយុដល់កម្រិតមួយអាចស្រុតទាប ដោយសារខ្លួនយើងរាងកោងបន្ដិច ប៉ុន្តែកម្រិតបញ្ហាកើនប្រចាំៗថ្ងៃ … ការរៀននៅសាលា ផ្លែផ្កាក្នុងសង្គម វាអត់ខុសទេពាក្យនេះ ចាប់ផ្ដើមមូលដ្ឋានក្នុងសាលា ប៉ុន្តែមនុស្សយកទៅជាមូលដ្ឋាន។

អម្បាញ់មិញ បានជួបលោកគ្រូម្នាក់។ គាត់បានចាប់ផ្ដើមពីរៀន កខគ ដូចតែគ្នា តែឥឡូវក្លាយទៅជាគ្រូបង្រៀននៅពីសាលាសន្ធរមុខ។ សាលាសន្ធរមុខពីដើម កាលខ្ញុំរៀន គេហៅថា សាលារាជធានី ប្រកួតប្រជែងជាមួយនឹងសាលាដូនពេញ។ សាលារដ្ឋប្រលងប្រណាំង math ជាមួយនឹងគ្នា … ខ្ញុំចាំកាលរៀននៅចតុមុខ ដោយសារឪពុករបស់ខ្ញុំនិងនាយកសាលា បានយួរខ្ញុំពីទីចាត់ការទៅថ្នាក់រៀន។ ហែកកេរ្ដិ៍ខ្លួនឯងបន្ដិចទៅចុះ។ មុនចូលរៀន ២អាទិត្យ បានខោអាវមកតឺនុយ​មុខកញ្ចក់ ដឹងតែចូលរៀនហើយ។ ដល់ថ្ងៃចូលរៀន អត់ចង់ចូល។ ពុកគាត់នាំទៅសាលា។គ្រាន់តែឃើញមុខសាលា យំបណ្ដោយ។ ចេញពីទីចាត់ការ សុំមកផ្ទះ។ អញ្ចឹងត្រូវតែយួរទៅ។ ថ្ងៃចូលដំបូងហ្នឹង អក្សរមុនគេដែលខ្ញុំឡើងសរសេរគឺលេខ១ … ដោយសារថ្ងៃនោះ បានជាខ្ញុំអាចចេះមកដល់ថ្ងៃនេះ។

(៦) ធនធានមនុស្សរស់រវើក នឹងអភិវឌ្ឍប្រទេសជាតិមាននិរន្តរភាពនិងចីរភាព

ការរៀនសូត្រគឺដូចគ្នា។ ធនធានមនុស្សដែលធ្វើឱ្យសេដ្ឋកិច្ចយើងមានចីរភាពទាល់តែរស់រវើក។ ការជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើន​ មាននិរន្តរភាពនិងចីរភាព ជាការសំខាន់។ ការអភិវឌ្ឍរីកចម្រើនមួយហើយ ប៉ុន្តែបើគ្មានធនធានមនុស្ស មិនអាចចីរភាពនិងនិរន្តរភាព។ ដូចខ្ញុំនិយាយអញ្ចឹង ម៉ាស៊ីនកុំព្យូទ័រ គេធ្វើមកទំនើបណាស់នៅថ្ងៃនេះ ប៉ុន្តែបើគ្មានធនធានមនុស្សដែល update វា ធ្វើ program ថ្មីសម្រាប់ update ទេ កុំព្យូទ័រនេះនឹងនៅតែប៉ុណ្ណឹង។ សំរាប់ប្រទេស បើយើងចង់ឱ្យវិវត្តរីកចម្រើនជានិច្ច ទាល់តែមានធនធានមនុស្សដែលរស់រវើក។ និយាយពីសម័យបច្ចេកវិទ្យាថ្មី ឌីជីថល AI បើយើងមានមនុស្សត្រឹមតែបង្រៀនចេះវាយអង្គុលីលេខ មិនអាចចាប់យកមកប៉ុណ្ណេះបានទេ។ បើយើងមិនរៀបចំថ្នាលបណ្ដុះបណ្ដាលត្រៀមឌីជីថល និង AI ទេ យើងនឹងដើរក្រោយគេ។ អញ្ចឹងហើយ ក្រសួងអប់រំដាក់ចេញគោលនយោបាយរួមជាមួយវិស័យឯកជនជាច្រើន គិតគូរអំពីថ្នាលបណ្ដុះបណ្ដាលនេះ …។

(៧) ធនធានមនុស្សជួយឲ្យប្រទេសប្រកួតប្រជែងក្នុងបរិបទសកលភាវូបនីយកម្ម

(ទី៣) ធនធានមនុស្សជួយឲ្យប្រទេសយើងមានលទ្ធភាពប្រកួតប្រជែងនឹងប្រទេសផ្សេងទៀតក្នុងបរិបទសកលភាវូបនីយកម្ម។ យើងត្រូវការភាពរស់រវើកជាប្រចាំ។ យើងមិនអាចនៅនឹងថ្កល់ទេ។ បើសិនជាយើងនៅនឹងថ្កល់ យើងនឹងថយក្រោយ។ ប្រៀបធៀបទៅនឹងប្រទេសផ្សេងនៅជុំវិញយើង គេវិវត្តហើយ គេមិននៅចាំទេ។ សូម្បីតែប្រទេសដែលមានបច្ចេកវិទ្យាទំនើប ដូចសហរដ្ឋអាមេរិក ប្រទេសនៅអឺរ៉ុប ចំណាយរាប់ពាន់លានក្នុងមួយឆ្នាំ ដើម្បីធ្វើ R&D បន្ថែមទៀត ឲ្យកាន់តែទំនើប … ធនធានធម្មជាតិមានកំណត់។ នៅលើពិភពលោក ឧទាហរណ៍ថា រ៉ែ ឬ rare earth មានកំណត់។ បើធ្វើថ្មមួយគ្រាប់ត្រូវការប៉ុនខ្មងជើងតាំងពីឆ្នាំ៩០ជាង។ ឯកឧត្ដម លោកជំទាវប្រហែលជាចាំ និស្សិតយើងមួយចំនួនប្រហែលកើតមិនទាន់ទេ។ ទូរស័ព្ទដំបូងមកគឺ Motorola គឺដូចខ្មងគោ … ថ្មវាធំណាស់។ តែថ្មនេះដាក់បានប៉ុន្មានម៉ោងគឺអស់ហើយ។ ឥឡូវថ្មតូច ប្រើធនធានតិច បច្ចេកវិទ្យាខ្ពស់ ទើបប្រ​កួតប្រជែងបាន ទើបទៅរួច។ ដែលខ្ញុំនិយាយបែបនេះ បានន័យថា ប្រទេសយើងត្រូវតែវិវត្ត ទើបអាចប្រកួតប្រ​ជែង។ បើយើងនៅនឹងថ្កល់ យើងចាញ់គេហើយ ព្រោះគេដើរទៅមុខ នេះគឺជាភាពជាក់ស្ដែង។

(៨) ធនធានមនុស្សជួយឲ្យប្រទេសចាប់ឱកាស និងកាត់បន្ថយគម្លាតជាមួយប្រទេសផ្សេងបាន

(ទី៤) ធនធានមនុស្ស ជួយឲ្យប្រទេសអាចចាប់ឱកាស និងកាត់បន្ថយគម្លាតជាមួយប្រទេសផ្សេងបាន។ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដឹងហើយ ប្រទេសយើងចេញពីសង្រ្គាម។ យើងថយ យើងយឺតជាងប្រ​ទេសជិតខាងមួយចំនួន ប៉ុន្តែការបញ្ចប់សង្រ្គាមនិងការកសាងធនធានមនុស្សប្រែក្លាយពីកម្លាំងដែលធ្លាប់តែយកទៅវាយគ្នាលើសមរភូមិ មកជាកម្លាំងប្រមូលផ្ដុំដើម្បីបណ្ដុះបណ្ដាលបង្កើនសមត្ថភាពសេដ្ឋកិច្ច បានធ្វើឲ្យយើងក្លាយទៅជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់។ ពីមុន កូវីដ-១៩ ក្នុងរយៈពេលជិត២ទសវត្ស យើងជាប្រ​ទេសដែលមានកំណើនសេដ្ឋកិច្ចក្នុងចំណោមប្រទេសលឿនជាងគេទាំង ១០លើសកលលោក។ ល្បឿននេះ​ហើយដែលធ្វើឲ្យគម្លាតសេដ្ឋកិច្ចជាមួយប្រទេសជិតខាងមួយចំនួនបាន(រួមមក)កៀក(គ្នា)។ ពិតណាស់ គេដើរមុនយើង តែយើងក៏ចាប់ផ្ដើមរត់បានដែរ។ ពីទសវត្សរ៍មុនសង្រ្គាម យើងរត់បានលឿនជាងប្រទេសជិតខាង។

(៩) គម្លាតខួរក្បាលអាចបំព្រួញបានលឿនជាងគម្លាតក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចការនានា

តែយើងជំពប់ជើងដួលដោយសារសង្រ្គាម។ ជំនាន់អាពត យើងប្រៀបដូចគេជាន់បន្ថែម ដោយសារការកាប់សម្លាប់អ្នកចេះដឹង និងបាត់បង់ធនធានមនុស្សច្រើន។ យើងងើបឡើងវិញ ដើរប៉ាំង​ពៀចក្នុងទសវត្សឆ្នាំ១៩៨០ ឆ្នាំ១៩៩០ ទើបយើងបញ្ចប់សង្រ្គាម។ យើងចាប់ផ្ដើមរត់។ គម្លាតក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ គម្លាតក្នុងកិច្ចការមួយចំនួន វាបិទយឺតជាងគម្លាតខួរក្បាល។ (យើងអាចបំព្រួញ)គម្លាតខួរក្បាលបានលឿន។ កូនខ្មែរយើងឥឡូវចេញទៅប្រឡងនៅក្រៅប្រទេស ខាងបច្ចេកវិទ្យា វិទ្យាសាស្រ្ត។ ថ្ងៃមុន យក Program ដែលធ្វើដោយកូនខ្មែរទៅប្រកួតលើ Platform ក្រៅប្រទេស នៅអាស៊ាន យើងបានលេខ១ ទៅប្រកួតលើពិភពលោកយើងបានលេខ២ ឈ្នះប្រទេសជាច្រើន។ កំណើនសេដ្ឋកិច្ចរបស់យើង អាចទាញភ្ជាប់បិទគម្លាតបាននៅពេលដែលយើងមានឱកាស (ដែលអភិវឌ្ឍ)ដោយធនធានមនុស្ស។ អញ្ចឹងធនធានមនុស្សសំខាន់ណាស់។

(១០) ធនធានមនុស្សនាំឲ្យប្រទេសមានឯករាជ្យភាព

(ទី៥) ធនធានមនុស្សធ្វើឲ្យយើងឯករាជ្យ។ ចេញ​ពីទសវត្សរ៍ទី៨០ ប្រទេសយើងត្រូវពឹងច្រើន ដោយសារអ្នកចេះដឹងយើងខ្វះ។ យើងពឹងជំនាញការពីខាងវៀតណាម ពីខាង(អតីតសហភាព)សូវៀត។ ឆ្នាំ១៩៩០ជាង ពេលដែលយើងបោះឆ្នោតរួច យើងពឹងជំនាញការ អ្នកធ្វើផែនការពីធនាគារពិភពលោក ពីបារាំង ពីអី មកជួយយើងច្រើន។ សាលាខ្លះគឺមានទីប្រឹក្សាបារាំងមកជួយរៀបចំផែនការឲ្យ។ ខ្ញុំធ្វើការនៅធនាគារពិភពលោកនាដើមឆ្នាំ២០០២។ ផែនការយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រជំនាន់នោះ ធនាគារពិភពលោកជួយសរសេរឲ្យ។ ឥឡូវផែនការអភិវឌ្ឍចតុកោណរហូតមកបញ្ចកោណ យើងធ្វើខ្លួនឯង។ មិនត្រឹមតែសរសេរខ្លួនឯងនោះទេ ប៉ុន្តែដឹកនាំអនុវត្តខ្លួនឯង។ នេះគឺឯករាជ្យភាពរបស់យើង។ យើងធ្វើសំណង់ហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ជាច្រើន ដោយពឹងខ្លួនឯង។ ថ្ងៃមុន ខ្ញុំទៅសណ្ឋាគារ Sun and Moon ឧកញ៉ា ជា រតនា។ គាត់ប្រាប់ថា អូតែលហ្នឹងគឺកូនខ្មែរឌីហ្សាញ និងដឹកនាំធ្វើ។

(១១) ធនធានមនុស្ស កាន់តែប្រើ កាន់តែពូកែ

អគារដែលសម្ដេចតេជោលោកមានមោទនភាពធំដែលយើងធ្វើពីមុន គឺអគារវិមានសន្តិភាព ជាកន្លែងធ្វើការរបស់នាយករដ្ឋមន្រ្តី គឺធ្វើដោយកូនខ្មែរ ក្រុមហ៊ុនខ្មែរ វិស្វករខ្មែរគ្រប់គ្រងធ្វើ។ ធ្វើឲ្យយើងមានឯករាជ្យភាព បានន័យថា មិនមែនធ្វើអ្វីបន្តិច ក៏ទៅរកគេពីក្រៅមកដែរនោះទេ។ សមត្ថភាពនិងការធ្វើបាននេះ កើតឡើងដោយសារការអប់រំបណ្ដុះបណ្ដាលធនធានជាច្រើន ដែលយើងបង្កើតឡើងវិញពីទសវត្សរ៍ទី៨០ ក្រោយ១៩៧៩មក តាមរយៈការបណ្ដុះបណ្ដាល ហើយបណ្ដុះបណ្ដាលតគ្នា។ សំរាប់ធនធានមនុស្ស មិនថាប្រើប្រាស់យ៉ាងណាទេ មិនចាស់គំរឹលទេ កាន់តែប្រើគឺកាន់តែស្រួច។ ដូចសាស្រ្តាចារ្យម្នាក់អម្បាញ់មិញ គាត់ជាគ្រូនៅសន្ធរម៉ុក តែគាត់បានរៀនបន្ថែម អាចថាបានអាហារូបករណ៍ទៅក្រៅខ្លះ។ លោកគ្រូខ្លះក៏មិនដែលទៅក្រៅដែរ។ យើងរៀន​នៅក្នុងស្រុក ហើយចេញមកចែករំលែកជាបន្តទៀត។

(១២) ពង្រឹងនិងពង្រីកសមត្ថភាពស្រាវជ្រាវ ដើម្បីដកដង្ហើមខ្លួនឯង

(នេះហើយគឺ)ឯករាជ្យភាព ដែលយើងតែងប្រើពាក្យថា ដកដង្ហើមតាមច្រមុះខ្លួនឯងលើគ្រប់វិស័យ។ ប្រទេសយើងមិនអាចនៅឯកោ។ យើងត្រូវការសហប្រតិបត្តិការ។ យើងត្រូវរៀន ត្រូវច្បាមយកបន្ថែម ការផ្លាស់ប្ដូរបទពិសោធជាមួយប្រទេសផ្សេងៗ តែងតែត្រូវធ្វើជាប់ជាប្រចាំ។ ប៉ុន្តែ សមត្ថភាពក្នុងការធានាម្ចាស់ការក្នុងកម្រិតណាមួយត្រូវតែមាន មិនអាចពឹងគេទាំងស្រុងនោះទេ។ ធនធានមនុស្សអាចឲ្យយើងរស់បាន។ យើងខ្លាំងបាន យើងមានសមត្ថភាពស្រាវជ្រាវខ្លួនឯងបាន។ ជួនកាលគ្រូបង្ហាត់លាក់ក្បាច់។ យើងស្រាវជ្រាវខ្លួនឯងបន្ថែម។ ការចែករំលែកពីប្រទេសផ្សេងៗ មានបច្ចេកវិទ្យាខ្លះគឺច្បាប់ប្រទេសគេមិនឲ្យចែករំលែកទៅប្រទេសក្រៅតែម្ដង។ ទាក់ទងរឿងសន្តិសុខជាតិអីជាដើម តែយើងអាចស្រាវជ្រាវធ្វើខ្លួនឯង អភិវឌ្ឍខ្លួនឯង ជារបស់ខ្លួនឯង។ ឥឡូវនៅក្នុងសន្តិសុខ Cyber សន្តិសុខប្រព័ន្ធអ៊ិនធើណិត មានការវិវត្តលឿន។ អញ្ចឹង ដើម្បីធានានូវសុវត្ថិភាព យើងត្រូវមានសមត្ថភាពផ្ទៃក្នុងធ្វើការវិវត្តខ្លួនជាប់ជាប្រចាំ ព្រោះការងារខ្លះយើងត្រូវម្ចាស់ការ ការងារខ្លះត្រូវលាក់ការ។ នេះហើយគឺជាសារៈសំខាន់ដែលធនធានមនុស្សបានផ្ដល់ឲ្យយើងសម្រាប់ប្រទេសជាតិ។

(១៣) ការរៀនសូត្របង្កើនគុណវុឌ្ឍិ និងចំណេះដឹង

ការដែលប្រទេសជាតិទាញយកផលបានពីការអភិវឌ្ឍធនធានមនុស្ស វាភ្ជាប់មកនូវចំណុច ៤ ដែលមនុស្សម្នាក់ៗបានពីការរៀនសូត្ររបស់ខ្លួន។ វាមិនខុសគ្នាទេ។ ទី១ ការរៀនសូត្របង្កើនគុណវុឌ្ឍិ ចំណេះដឹងបានកើនខ្ពស់ ហើយមានសមត្ថភាពក្នុងការរីកចម្រើនជាប្រចាំ។ សម្រាប់បុគ្គលម្នាក់ៗ បានមកដល់ប៉ុណ្ណេះ ទាល់តែចាប់ផ្ដើមពីថ្ងៃទីមួយ ដែលសរសេរអក្សរ ក និងលេខ ១។ បងប្អូននៅទីនេះ អ្នកខ្លះចប់បរិញ្ញាបត្រ ប៉ុន្តែវាទាល់តែចប់បាក់ឌូប្លិ៍ ទើបមកបរិញ្ញាបត្រ អ្នកខ្លះដល់ទៅបរិញ្ញាបត្រជាន់ខ្ពស់។ សមត្ថភាពដែលយើងរៀនបណ្ដើរៗនេះ បង្កើនគុណវុឌ្ឍិឲ្យយើង ដើម្បីអាចឈានទៅចាប់ជំហានមួយទៀត អភិវឌ្ឍខ្លួនជាប្រចាំ។

ទី២ បើយើងមានសមត្ថភាព ប្រទេសយើងមានធនធានមនុស្សល្អ អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ត្រឡប់មកនិយាយពីបុគ្គលម្នាក់វិញ។ ពេលដែលយើងមានសមត្ថភាព យើងអាចប្រកួតប្រជែងជាមួយអ្នកជុំវិញខ្លួន។ យើងនៅក្នុងទីផ្សារសេរី បងប្អូនភាគច្រើនប្រហែលជាចេញទៅធ្វើការនៅក្នុងវិស័យឯកជន ទោះបីជាក្នុងមន្រ្តីរាជការ អង្គការសង្គមស៊ីវិល ឬធ្វើខ្លួនឯង តែងតែមានភាពប្រកួតប្រជែង។ អញ្ចឹងសមត្ថភាព គុណវុឌ្ឍិដែលយើងបណ្តុះបណ្តាលបាននេះ បង្កើននូវភាពប្រកួតប្រជែងដើម្បីវិជ្ជមានទាំងអស់គ្នា។ យើងបានគុណវុឌ្ឍិបន្ថែម។ អ្នករៀនខាងស្ថាបត្យកម្ម ខាងសំណង់ស៊ីវិល ខាងរចនាកែច្នៃម៉ូដ ខាងគ្រប់គ្រងធុរកិច្ច ទាញយកនូវបទពិសោធដែលបានរៀន។

(១៣.១) រៀនទ្រឹស្ដីគឺការដកស្រង់បទពិសោធន៍ដែលបានចងក្រងរួចហើយ

អ្នកខ្លះថា រៀនហ្នឹងរៀនបានតែទ្រឹស្ដី … ខ្ញុំសូមបញ្ជាក់ថា ទ្រឹស្ដីបានមកពីណា? ទ្រឹស្ដីមិនមែនងើបឡើងដោយ​សារការនឹកឃើញ ដេកយល់សប្ដិ ងើបឡើងទើបសរសេរទេ។ វាបានមកពីបណ្ដុំនៃបទពិសោធផ្សេងៗ យកមកចងក្រងសំយោគទៅជាទ្រឹស្ដីមួយ។ មិនមែនទ្រឹស្ដីមួយចេះតែនឹកឃើញសរសេរទេ។ ទ្រឹស្ដីនេះមុននឹងគេយកទៅអនុវត្ត គេបានប្រមូលផ្ដុំពីបទពិសោធន៍ យកមកចងក្រងជារូបមន្តសំយោគ ឆ្លងកាត់ការធ្វើតេស្ដច្រើនណាស់ទម្រាំតែទ្រឹស្ដីនេះគេយកមកអនុវត្ត។ អញ្ចឹងការរៀនទ្រឹស្ដីគឺការដកស្រង់បទពិសោធពីអ្នកដទៃ ដែលគេយកមកចងក្រងរួចទៅហើយ។ ទ្រឹស្ដីអត់មានខុសពីការអនុវត្តទេ ប៉ុន្តែ ស្ថានភាពវាខុសគ្នា។ បទពិសោធនៃប្រទេសពីរាប់សិបឆ្នាំមុនយកមកក្រង វាជាមូលដ្ឋានមែន តែពេលយើងអនុវត្ត ស្ថានភាពប្រទេសបានឈរនៅទីតាំងមួយខុសគ្នា។ តែ ហោចណាស់យើងមានមូលដ្ឋាន ព្រោះទ្រឹស្ដី បទពិសោធប្រទេសផ្សេងៗ ទោះវាមិនដូច ១០០% ក៏វាមិនមែនខុសពីអ្វីដែលមាននៅស្រុកខ្មែរទាំងស្រុងទេ។

(១៣.២) រឿនទ្រឹស្តីបានន័យថាមានមូលដ្ឋាន ៥០% ដើម្បីយកទៅអនុវត្តជាក់ស្តែង

បើយើងរៀនបានទ្រឹស្តី បានន័យថាយើងបាន ៥០% (ហើយនៅ៥០% ទៀត)ត្រូវយកទៅអនុវត្ត។ មូលដ្ឋានបន្ថែមនេះហើយ ជាឧទាហរណ៍ ជាពិសេសខាងវិទ្យាសាស្ត្រ បទពិសោធន៍ដែលគេធ្វើអគារនៅប្រទេសផ្សេងៗទំនើប គេកែច្នៃច្រើន។ យក(បទពិសោធន៍ទាំង)ហ្នឹងយកមកចងក្រងជាមេរៀនដើម្បីយើងរៀន។ អញ្ចឹង ពេលដែលយើងអនុវត្តនៅប្រទេសខ្មែរ បច្ចេកវិទ្យាមូលដ្ឋានមួយចំនួនដូចតែគ្នាទេ គ្រាន់តែស្ថាបត្យកម្មពេលខ្លះខុសគ្នា … ឧទាហរណ៍ ខ្ញុំចេះតែសង្កេត អគារនៅអឺរ៉ុប និងអគារនៅស្រុកខ្មែរនៅអាស៊ី។ អគារនៅអាស៊ីភាគច្រើនផ្តល់នូវភាពក្បាច់ក្បូរ​នៅខាងក្រៅ តែនៅខាងក្នុងសាមញ្ញ។ នៅអឺរ៉ុបភាពច្រើនខាងក្រៅគឺជ្រុងៗ តែគេធ្វើ Decoration ខាងក្នុងវិញ។ តែមូលដ្ឋាននៃការសាងសង់អគារមានគ្រឹះ ប្រើដែកអីយ៉ាងម៉េចដើម្បីវាមាំដូចតែគ្នា។ ការច្នៃប្រឌិតជារឿងមួយទៀត …។

(១៤) មានចំណេះដឹងច្បាស់លាស់អាចឱ្យចាប់ឱកាសការងារបានច្រើន

ទី៣ អាចចាប់ឱកាសការងារផ្សេងៗបានច្រើន … យើងមានចំណេះច្បាស់លាស់ មានជម្រើសច្រើន យើងអត់ងាប់ក្រឡា … មនុស្សកើតមកខុសគ្នា។ អ្នកខ្លះកើតនៅគ្រួសារក្រីក្រ នៅខេត្តឆ្ងាយ។ អ្នកខ្លះកើតមកជាកូនអ្នកធូរធារ នៅទី​ក្រុង ប៉ុន្តែមានឱកាសរៀនសូត្រក៏អាចឱ្យបិទគម្លាត។ ភាពជោគជ័យរបស់ឪពុកម្តាយមិនធានាភាពជោគជ័យរបស់កូនទេ។ កើតមកក្នុងគ្រួសារក្រីក្រ បើគ្មានឱកាសអាចហ្នឹងលំបាក តែបើមានការរៀនសូត្រដូចគ្នាគាត់អាចមានសមត្ថភាពមកសិក្សាបាន តស៊ូរៀនសូត្រ បានអាហារូបករណចេញទៅធ្វើ Manager អីបាន។ កូនអ្នកមានជីវភាពធូរធារមិនប្រាកដថាជោគជ័យទេ បើមិនខំប្រឹង។ នៅក្នុងហ្វេកប៊ុកយើងឃើញហើយ អ្នកដែលមានប្រវត្តិលំបាក ដូចជាកូនកំព្រា ឥឡូវមានសមត្ថភាពដឹកនាំការងារ។ អ្នកដែលធ្លាប់ជាកូនចៅអ្នកដែលធូរធារក៏ធ្លាក់ខ្លួន។ (ករណីនេះ)មិនមែនតែក្នុងប្រទេសខ្មែរទេ។ នៅក្រៅ(ក៏មាន) វាមានកត្តាជាច្រើន។

(១៤.១) សមត្ថភាព និងចំណេះដឹង ជាលក្ខខណ្ឌនៃការរើសមន្ត្រីដោយក្រុមហ៊ុន/ស្ថាប័នរដ្ឋ

កត្តាសមត្ថភាពនេះឯង ធ្វើឱ្យអ្នកចាប់ផ្តើមពីកម្រិតទាបមកមានឱកាស ដែលខ្ញុំនិយាយថា ក្មេងរបស់យើងទាក់ទងទៅក្របខណ្ឌអាចប្រកួតប្រជែងបាន សមត្ថភាពប្រទេសយើងអាចទាញការវិនិយោគផ្នែកបច្ចេកវិទ្យាមកស្រុកយើងបាន … សំរាប់អ្នកវិនិយោគ កាលមុនបើយើងអត់មានធនធានមនុស្ស គេមើលប្រទេសជិតខាងយើងដែលវិវត្ត គេទៅហ្នឹងហើយ។ (នេះការវិនិយោគ)ខ្ពស់ៗ។ ឥឡូវយើងមានធនធានមនុស្សផលិតបង្គុំអគ្គិសនី ផលិតគ្រឿងអេឡិចត្រូនិក គេក៏រើសកម្ពុជាដែរ។ ដូចគ្នា បើសិននៅក្នុងលក្ខណៈបុគ្គល បើយើងមានសមត្ថភាព មានចំណេះ ក្រុមហ៊ុនមួយរើស ​មន្ត្រីរាជការត្រូវរើសជំនាញ គេអត់មើលប្រវត្តិរូបថាអ្នកឯងកូនកសិករ ឬមួយអីទេ គេមើលបច្ចុប្បន្នថាអ្នកឯងរៀនអីខ្លះ មានសមត្ថភាព មានចំណេះដឹងអី ដែលការនេះបើកឱកាសឱ្យបិទគម្លាត និងចាប់ឱកាសប្រកួតប្រជែង។

(១៤.២) ធនធានមនុស្ស មានការប្រកួតប្រជែង គ្រប់គ្នាមានឱកាស ប្រទេសជោគជ័យមិននៅហ្នឹងថ្កល់

សម្រាប់បងប្អូនដែលបានឱកាសរៀនសូត្រ មិនថាអាហារូបករណ៍របស់សាលា (ឬបង់ថ្លៃ) ហើយក៏អរគុណចំ​ពោះសាកលវិទ្យាល័យដែលបានផ្តល់អាហារូបករណ៍ជាច្រើនដល់និស្សិត រួមទាំងអាហារូបករណ៍ទៅ គណៈកម្មាធិការអាហារូបករណ៍ផ្តល់ជូន សម្តេចតេជោ ដែលយើងមាន ៥៥នាក់ នៅទីនេះ មិនថាអាហារូបករណ៍បែបនេះ ឬអាហារូបករណ៍ឪពុកម្តាយទេ សុទ្ធតែបានចាប់យកឱកាសសម្រាប់យើងកសាងមូលដ្ឋានក្នុងការប្រកួតប្រជែង។ ពាក្យអាហារូបករណ៍ឪពុកម្តាយនេះ ខ្ញុំរៀនពីប្អូនៗរៀននៅអូស្ត្រាលី។ ខ្ញុំសួរថាប៉ុន្មាននាក់បានអាហារូបករណ៍(មករៀននៅអូស្ត្រាលីនេះ) គាត់លើកដៃទាំងអស់គ្នា។ ខ្ញុំថា យើងដូចជាបញ្ជូនតែ ២០នាក់ទេក្នុងមួយឆ្នាំ ប៉ុន្តែអ្នកលើកដៃមានសឹងតែ ៥០នាក់។ ៣០នាក់ទៀតថាពួកខ្ញុំមករៀនដោយអាហារូបករណ៍ឪពុកម្តាយ ឬគ្រួសារគាំទ្រ ឬខ្លួនឯង។ ធនធានមនុស្សយើងមានការប្រកួតប្រជែង ទើបប្រទេសយើងជោគជ័យ មិននៅហ្នឹងថ្កល់។ មនុស្សប្រឹងប្រែង ហើយមានឱកាសគ្រប់គ្នា។

​(១៥) ត្រូវមានឯករាជ្យភាព សេរីភាព និងម្ចាស់ការរបស់ខ្លួន

ទី៤​ ឱ្យមានឯករាជ្យសេរីភាព និងម្ចាស់ការរបស់ខ្លួន។ យើងធ្វើអីយើងមានសមត្ថភាពគិតគូរខ្លួនឯង យើងមានសមត្ថភាពចាត់តាំងអនុវត្តខ្លួនឯង។ យើងមានការគ្រប់គ្រងលើជីវិតរបស់យើង។ បានន័យថាយើងមានជម្រើស។ យើងធ្វើអីក៏អត់ចាំបាច់គេមកដឹកដៃយើងដែរ។ យើងមានសមត្ថភាព យើងអត់ពឹងគេទេ។ ខ្ញុំតែងតែលើកឧទាហរណ៍ពីរឿងកំប្លែងមួយ។ ស្រឡាញ់គេតែអត់ចេះសរសេរសំបុត្រ។ ពឹងមិត្តភក្តិឱ្យសរសេរសំបុត្រ។ ឱ្យសរសេរយូរៗ មិត្តភក្តិយកបាត់។ ចុះបើសរសេរសំបុត្រយូរៗ សរសេរចុះសរសេរឡើងដាក់ពាក្យក្នុងហ្នឹង អ្នកនោះគេគិតថាមិត្តភក្តិតើ … មានទេនៅក្នុងនេះ? សម័យឥឡូវចេះសរសេរហើយ ចេះ Text ហើយ។ សម័យឥឡូវតែអត់ចេះប្រើចាញ់គេហើយ។ តិចពឹងមិត្តភក្តិឱ្យប្រើ Whatapp វាយទៅ ប្រើលេខរបស់មិត្តភកក្តិគេច្រឡំ … យើងអាចគិត យើងអាចធ្វើ។ យើងត្រូវការផ្តល់មតិយោគបល់ ប៉ុន្តែសមត្ថភាព និងភាពម្ចាស់ការខ្លួនឯង បង្កើតនៅតាមគុណវុឌ្ឍិ។ មិនមានន័យថា មិនបានរៀនដល់មហាវិទ្យាល័យ មិនអាចមានសេរីភាពនោះទេ។ យើងមាន សេរីភាព ប៉ុន្តែសមត្ថភាពគុណវុឌ្ឍិ អាចឱ្យយើងមានជម្រើសច្រើន គ្រប់គ្រងនូវអ្វីដែលយើងចង់ធ្វើ …។

(១៦) រៀនដើម្បីត្រៀមអោយកម្ពុជាក្រកួតប្រជែងជាមួយពិភពលោក

ហេតុនេះហើយ រដ្ឋាភិបាលបានដាក់អាទិភាពធំលើការបណ្តុះបណ្តាលធនធានមនុស្ស។ យើងប្រើមូលធនមនុស្ស​ផ្តោតទៅលើសុខភាព និងការអប់រំ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានធ្វើការច្រើនណាស់ក្នុងការកែទម្រង់(វិស័យអប់រំ)។ រដ្ឋមន្ត្រីមុនៗ ក៏បានធ្វើការច្រើន តាំងពីយើងចេញពីបាតដៃទទេមកដើម្បីកំណែទម្រង់ជាបន្តបន្ទាប់។ ជាពិសេសចុងក្រោយនេះ យើងធ្វើកំណែទម្រង់ដើម្បីកែប្រព័ន្ធ និងកែកម្មវិធីឱ្យទាន់សម័យ។ បានន័យថា ផ្តោតទៅលើបច្ចេកវិទ្យា​ ​ទៅលើវិទ្យាសាស្ត្រ។ រដ្ឋាភិបាលអាណត្តិទី៧ ខិតខំពង្រឹងមូលដ្ឋានអប់រំ បន្ថែមទៀត។ រាជរដ្ឋាភិបាលបានបើកឱកាសឱ្យមានការចូលរួមពីវិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស។ លើកទឹកចិត្តឱ្យមានការចាប់ដៃគ្នារវាងសាកលវិទ្យាល័យ ឬគ្រឹះស្ថានអប់រំជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីចែករំលែកបទពិសោធន៍ និងផ្ទេរនូវចំណេះដឹង។ សិស្សមិនមែនរៀនសម្រាប់តែកម្ពុជាទេ តែរៀនសម្រាប់ត្រៀមកម្ពុជាក្រកួតប្រជែងជាមួយពិភពលោក។ ដើម្បីឱ្យដើរអោយទាន់ ទាល់តែកម្មវិធីអប់រំបណ្តុះបណ្តាលយើងដើរទាន់គេដែរ។ យើងមិនអាចយក N ចុចពិល ប្រកួតជាមួយ Iphone ១១ ទេ។ យើងក៏មិនអាចប្រើត្រឹម Computer ឬ ៤G ទៅ Compete ជាមួយ ៥G នៅអនាគត ឬ AI ទេ។

(១៧) អ្នកប្រតិបត្តិផ្ទាល់ក្នុងការកសាងធនធានមនុស្សគឺគ្រឹះស្ថានសិក្សាពីមត្តេយ្យរហូតដល់ឧត្តមសិក្សា

តាមការខិតខំប្រឹងប្រែងនេះ រាជរដ្ឋាភិបាលបានបើកច្រកលើកទឹកចិត្ត។ ថ្ងៃមុន ជួបជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សា ខ្ញុំក៏បានផ្តល់នូវគោលការណ៍លើកទឹកចិត្តមួយចំនួន ដើម្បីជួយនៅក្នុង(ការបណ្តុះបណ្តាល) ប៉ុន្តែអ្វីដែលជាមោទនភាពគឺវិស័យអប់រំ ទាំងគ្រឹះស្ថានរបស់រដ្ឋ និងវិស័យឯកជន បានរួមគ្នាធ្វើកិច្ចការនេះ។ ខ្ញុំសូមឱ្យបន្តរួមគ្នាពង្រឹងវិស័យអប់រំ ជាមួយនឹងក្រសួងអប់រំបន្តទៅទៀត។ ក្រសួងអប់រំអាចបានត្រឹមតែដាក់ចេញគោលនយោបាយនិងទិសដៅមួយចំនួន រាជរដ្ឋាភិបាលបានត្រឹមតែអាចផ្តល់គោលការណ៍អនុគ្រោះតូចតាចមួយចំនួន ដើម្បីជួយសម្រួលជាពិសេសពេលលំបាក ប៉ុន្តែអ្នកប្រតិបត្តិផ្ទាល់ មេទ័ពផ្ទាល់នៅក្នុងការកសាងធនធានមនុស្សគឺគ្រឹះស្ថានសិក្សា តាំងពីមត្តេយ្យរហូតទៅដល់ថ្នាក់ឧត្តមសិក្សា ដែលត្រូវរួមគ្នាធ្វើព្រោះអ្នកកាន់រោងចក្រជាក់ស្តែងគឺនៅហ្នឹងហើយ … រាជរដ្ឋាភិបាលបានត្រឹមតែធានាថាប្រទេសគ្មានសង្គ្រាម ធានានូវការបើកច្រកឱ្យមានការរីកចម្រើននៅក្នុងវិស័យអប់រំ ធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ បង្កើនសមត្ថភាព ជីវភាព ដើម្បីគាត់មានលទ្ធភាពទៅចូលរៀនសូត្របន្ថែម ប៉ុន្តែការដឹកនាំប្រតិបត្តិ ធានាគុណភាពអាស្រ័យទៅលើគ្រឹះស្ថានផ្ទាល់។ នេះហើយគឺជាអ្វីដែលយើងបានធ្វើនៅក្នុងរយៈពេលច្រើនទស្សវត្សរ៍មកនេះ ហើយនឹងបន្តធ្វើទៅទៀត អោយកាន់តែរឹងមាំ កាន់តែរួមគ្នា កសាងធនធានទំនើបទាន់សម័យ ហើយបត់បែន អាចឱ្យប្រទេសប្រកួតប្រជែងដោយចីរភាព ចាប់យកឱកាសទៅជាប្រទេស (អ្នកមាននៅឆ្នាំ២០៥០)។

(១៨) ពង្រឹងខ្លួន ចេញពីស្ថានភាពជាប្រទេសក្រីក្រអភិវឌ្ឍតិច ដើម្បីក្លាយជាប្រទេសអ្នកមាននៅឆ្នាំ ២០៥០

កម្ពុជាកំពុងតែចរចេញពីប្រទេសអភិវឌ្ឍតិច Least developed countries (LDC) ហើយនៅឆ្នាំ២០២៩ យើងត្រូវបញ្ចប់(ដំណើរនេះដែលមាន)រយៈពេល ៥ឆ្នាំ។ បើយើងនៅជាប្រទេសអភិវឌ្ឍតិច គេថាមានអត្ថប្រយោជន៍មួយចំនួន គឺយើងអាចខ្ចីថវិកាក្នុងអត្រាទាប … ត្បិតពេលដែលយើងចេញពីស្ថានភាព(ជាប្រទេសមានការអភិ​វឌ្ឍតិច)នេះ គេលែងមានអនុវត្តគោលការណ៍អនុគ្រោះមួយចំនួនទៀតហើយ។ សំណួរសួរថា ចុះហេតុអីកម្ពុជាមិនព្រមនៅជា LDC ទៅ? ដើម្បីគេឱ្យយើងច្រើន។ ថាទេ យើងអត់ត្រូវការរស់ដោយការប្រណីរបស់គេទេ។ យើងត្រូវការរស់ខ្លួនឯងទើបមានចីរភាពនិងខ្លាំង។ បើយើងរស់ដោយសារគេអនុគ្រោះ ត្រឹមតែកម្ចីថោក ស្អីៗយើងមិនអភិវឌ្ឍខ្លួនឯង យើងនៅតែពឹងគេមួយជីវិត។ បើយើងពង្រឹងខ្លួនឯង មិនត្រឹមតែចាកចេញពីស្ថានភាពជាប្រទេសក្រីក្រ ប្រទេសដែលអភិវឌ្ឍតិចនោះទេ ប៉ុន្តែក្លាយទៅជាប្រទេសអ្នកមានឆ្នាំ ២០៥០ យើងនឹងហ៊ានប្រកួតផ្ទាល់ជាមួយគេ។ យើងដាក់ទិសដៅពង្រឹងខ្លួនឯង។ ការនេះធានានូវឯករាជ្យភាពរបស់យើង។ ពាក្យថាចង់អោយមានឯករាជ្យ ត្រូវតែប្រឹងរស់ខ្លួនឯង មិនទៅពឹងការអនុគ្រោះយោគយល់ដោយអ្នកណា។ ប្រកួតស្មើគ្នាគ្រប់ប្រទេសទាំងអស់។ សួរថាហេតុអីចាំបាច់យើងចេញ បើនៅហ្នឹងស្រួល។ ត្រូវតែចេញមកខ្លួនឯង ពង្រឹងទិសដៅខ្លួនឯង។ ពឹងគេរស់មិនកើតទេ។ ពឹងនៅពេលយើងទន់ខ្សោយ។ ពឹងក្នុងទិសដៅដែលយើងត្រូវពង្រឹងខ្លួនឯងរយៈពេលវែង។ ចេញពីសង្រ្គាមយើងមិនអាចក្លាយជាប្រទេសអ្នកមានទេ។ យើងពឹង …។

(១៩) ពីពឹងគេនៅទសវត្សរ៍ទី៨០ និងទី៩០ កម្ពុជាកំពុងឈោងចាប់ភាពម្ចាស់ការពឹងខ្លួនឯងលើគ្រប់វិស័យ

មើលនៅប្រទេសខ្លះ ក្នុងវិស័យមួយចំនួននៅពឹងគេ។ កាលពីទសវត្សរ៍ទី៨០ ទី៩០ កម្ពុជាយើងនៅពឹងគេ។ ឥឡូវយើងងាកមកពឹងខ្លួនឯងលើគ្រប់វិស័យ។ នេះជា(ការឈោងចាប់ភាព)ម្ចាស់ការរបស់យើង។ ក្នុងគ្រាកូវីដ-១៩ បើសិនយើងគ្មានពេទ្យរបស់យើងទេ ប្រហែលជាលំបាក។ បើសិនជាពឹងពេទ្យបរទេស ប្រហែលជាពេលនោះគាត់រត់ទៅស្រុ​កវិញអស់ហើយ មិនអាចទៅហៅអ្នកណាមកជួយយើងបានទេ។ ម្នាក់ៗរៀងៗខ្លួនពេលនោះ។ បិទព្រំដែន បិទជើងហោះហើរទាំងអស់។​​ តែដោយសារពេទ្យ ឬទ័ពអាវសដែលបណ្តុះបណ្តាលនៅក្នុងប្រទេសនិងមួយចំនួនតូចបានទៅរៀននៅក្រៅ … ទើបយើងអាចប្រយុទ្ធជាមួយកូវីដ-១៩ រហូតសំរេចបានអត្រាចំណាត់ថ្នាក់ល្អនៅក្នុងការគ្រប់គ្រង បូកជាមួយនឹងប្រជាពលរដ្ឋ​ដែលរងគ្រោះស្លាប់ដោយសារកូវីដ-១៩ គិតជាភាគរយ​តិចជាងគេនៅអាស៊ី។ សម្តេចតេជោ លោកដាក់ចេញនូវផែនការ។ ដឹកនាំមេទ័ពធំមែន ប៉ុន្តែមេទ័ពជួរមុខបើសិនជាគ្មានពេទ្យទ័ពអាវសបូកនឹងការចូលរួមរបស់ប្រជាពលរដ្ឋយើងដែលមានសមត្ថភាព (មិនអាចជោគជ័យបានទេ)។ ប្រយុទ្ធនឹងកូវីដ-១៩ ខ្ញុំដឹងតែមួយផ្នែកតូចនៅមន្ទីពេទ្យហ្លួងម៉ែ ដែលជាពេទ្យកម្រិតធ្ងន់។ អ្នកខ្លះចូលទៅនៅសល់តែ ១០ ភាគរយទេដែលអាចរស់ រលាកសួតអស់ហើយ …។

(២០) ពេទ្យមួយចំនួនធំ មិនបានទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេស តែម្ចាស់ការព្យាបាលដោយជោគជ័យ

(ក៏គួរតែលើកពី)ទឹកចិត្ត បេះដូង និងសមត្ថភាពពេទ្យរបស់ខ្ញុំមួយចំនួន។ យើងបានទទួលសំណូមពរពីប្រជាពល​រដ្ឋ។ យើងផ្តល់ជំនួយវះកាត់បេះដូងដល់អ្នកជំងឺមួយចំនួនដែលមិនមានថវិកា។ ពេទ្យស្ម័គ្រចិត្ត TYDA មានគម្រោងថវិកាផ្ទាល់។ ពេលចូលមក មុននឹងវះកាត់ ពេទ្យបានធ្វើការពិគ្រោះយោបល់(ពីស្ថានភាពអ្នកជំងឺ) ជួនកាលជាមួយបារាំង។​ មានករណីមួយឬពីរដែលខ្ញុំចាំ ដែលបញ្ជូនរូបទៅឲ្យសាស្រ្តាចារ្យធំខាងបេះដូងនៅបារាំង។ គាត់ថាមានតែ ១០ភាគរយទេ ដែលជោគជ័យ។ តែពេទ្យរបស់យើងបានវះកាត់ដោយជោគជ័យ។ មានម្នាក់នោះធ្ងន់។ អាយុ ៣០ (ឆ្នាំ)ជាង កូន ៤នាក់នៅពោធិ៍សាត់។ ពេទ្យចុះទៅជួប និងវាយតម្លៃថា បើអត់វះកាត់ ២អាទិត្យត្រូវស្លាប់ចោលកូន។ យកមកវះនៅមន្ទីពេទ្យ។ ទៅវិញមានកូនភ្លោះ។ ឥឡូវបានកូន ៦បាត់ទៅហើយ។ (ពេទ្យ TYDA) មិនត្រឹមតែជួយសង្រ្គោះទេ ប៉ុន្តែបង្កើនធនធានមនុស្សឲ្យយើងទៀត។ នេះសមត្ថភាពម្ចាស់ការខ្លួនឯង។ ពេទ្យមួយចំនួនធំមិនដែលទទួលការបណ្តុះបណ្តាលនៅក្រៅ(ប្រទេសទេ)។​ នេះជាសមត្ថភាពគ្រប់គ្រងម្ចាស់ការខ្លួនឯង ដើម្បីអភិវឌ្ឍប្រទេស។

(២១) តម្រង់ទិសសិក្សានិងការអនុវត្តជាក់ស្តែង តាមនិយាម “រៀនក្នុងសាលា ផ្លែផ្កានៅក្នុងសង្គម”

តើការទទួលបានសញ្ញាបត្រថ្ងៃនេះមានន័យយ៉ាងម៉េច? អម្បាញ់មិញ Dato Tiffanee Marie Lim បានលើកថា សាលាខំប្រឹងបណ្តុះបណ្តាលកម្មវិធីឲ្យដូចជាក់ស្តែង … គោលដៅអញ្ចឹង។ បើយើងបណ្តុះបណ្តាលធនធានមនុស្សអត់សម្របទៅតាមស្ថានភាពជាក់ស្តែង (មិនមានប្រយោជន៍ទេ)។ នៅកម្ពុជា រហូតមកដល់ពេលនេះ មិនទាន់មានការចាំបាច់នឹងបង្កើតឬមួយបណ្តុះបណ្តាលខាងយានអាវកាសនិកទេ។ ថ្ងៃមុនអ្នកមកជួបសុំបង្កើតមហាវិទ្យាល័យ space មួយនៅកម្ពុជា។ ខ្ញុំថាកម្ពុជាអត់ទាន់ត្រូវការទេ។ គេដាក់ទៅសុំឯកឧត្តម ហង់ជួន ណារ៉ុន។ គេមកជួបខ្ញុំ។ ខ្ញុំថាកម្ពុជាអត់ចង់ទេ។ ខ្ញុំថាអ្នកឯងចង់ធ្វើក៏ធ្វើ ប៉ុន្តែខ្ញុំប្រាប់ថាមិនទាន់ត្រូវការ។ ដាក់នាំតែខាតទេ។ គួរតែបើកខាង IT ឬ Digital ឬ AI វិញ ព្រោះខ្ញុំត្រូវការ … យើងត្រូវការចំពោះមុខ និងព្យាករណ៍ចំពោះអនាគតដែលពិតប្រាកដខាងមុខកម្រិតហ្នឹង។ ការរៀនសូត្រនៅទីនេះ ត្រូវភ្ជាប់កម្មវិធីតម្រង់ទិសសិក្សានិងការអនុវត្តជាក់ស្តែង។ រៀនក្នុងសាលា ផ្លែផ្កានៅក្នុងសង្គម ដើម្បីឲ្យសមស្របទៅតាមតម្រូវការសង្គម និងប្រជាពលរដ្ឋ។

(២២) ធនធានមនុស្សបង្កើតទីផ្សារ ឯទីផ្សារជំរុញការផលិតធនធានមនុស្សបន្តទៀត

អម្បាញ់មិញ ក្នុងសុន្ទរកថារបស់ Dato បានលើកថា ខិតខំបណ្តុះបណ្តាលឲ្យដូចទីផ្សារតម្រូវការ។ អញ្ចឹងយើងរៀនតាមកម្មវិធីត្រូវជាមួយនឹង(សេចក្តីត្រូវការក្នុង)ទីផ្សារ។ ប៉ុន្តែមានទីផ្សារក៏ដោយសារមនុស្សដែរ។ ខ្ញុំធ្លាប់លើកហើយថា តើមនុស្សនិងទីផ្សារ មួយណាកើតមុន មាន់និងពងមាន់មួយណាកើតមុន? ហេតុអីបានជាខ្ញុំនិ​យាយអញ្ចឹង? ភាគច្រើនយើងមើលថាទាល់តែទីផ្សារច្រើនផ្នែក IT (ទើប)យើងបណ្តុះបណ្តាលច្រើន។ ប៉ុន្តែ ក្រុមហ៊ុនសហគ្រាសដែលមកផលិតឬមួយបើកខាង IT ដូចជា call center អីទាល់តែមានមនុស្សចេះដែរ។ ខ្ញុំជួបប្រទេសច្រើនណាស់។ ឧទាហរណ៍ថាចង់មកវិនិយោគបង្កើតគ្រឿងបង្គុំ ឬតម្លើងរោងចក្ររថយន្ត គាត់រើសថាតើទៅថៃ ទៅវៀតណាម ទៅកម្ពុជា ឬទៅឡាវ។ អញ្ចឹងធនធានមួយដែលគាត់គិតក្រៅពីគោលដៅវិនិយោគ គឺថាតើកម្ពុជាមានមនុស្សចេះប៉ុណ្ណា? តើគាត់ចាំបាច់ត្រូវដាក់ទុនមកបង្រៀន ៤ឆ្នាំសិនឬទេ? អត់ទេ។ គាត់ត្រូវចំណាយលុយ។ គាត់ចង់បានមនុស្សជាក់ស្តែង។ អញ្ចឹងពីរហ្នឹងគឺវាត្រូវទៅជាមួយគ្នា។ ធនធានមនុស្សបង្កើតទីផ្សារ ទីផ្សារជំរុញឲ្យការផលិតធនធានមនុស្សបន្តទៀត។

មិនមែនតែមួយទេ មិនមែនតែទិសតែម្ខាងទេ។ ដោយ​សារយើងមានធនធានមនុស្សអាចផលិតគ្រឿងបង្គុំអគ្គិសនី មានធនធានមនុស្សក្នុងផ្នែកជំនាញស្ថាបត្យកម្មសំ​ណង់ ឆ្នៃម៉ូតអីផ្សេងៗ ទើបមករៀបចំរោងចក្រ ឬមួយក៏ក្រុមហ៊ុនកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីនេះជាជាងដឹកមនុស្សមួយយន្តហោះមកធ្វើគ្រាន់តែអគារមួយ។ អញ្ចឹងហើយបានជាខ្ញុំលើកថា តើការភ្ជាប់ការរៀនសូត្រយ៉ាងម៉េចអោយជួយសង្គម។ គឺជួយគ្នាទៅវិញទៅមក។ មាន់និងពងមាន់មួយណាកើតមុន? វាពិបាកឆ្លើយ។ ការងារនិងមនុស្សធ្វើមួយណាមុន? ពីរហ្នឹងត្រូវពឹងគ្នាទៅវិញទៅមក។ បងប្អូនបញ្ចប់ការសិក្សាថ្ងៃនេះ អាចភ្ជាប់នឹងស្ថានភាពជាក់ស្តែង។ គេមើលទិដ្ឋភាពច្រើន។ មេរៀននៅទីនេះ មិនមែនមានតែនៅលើក្រដាសទេ។ គេថាផ្នែករឹងនិងផ្នែកទន់។ ស្អីទៅរឹង ស្អីទៅទន់? ផ្នែករឹងគឺជំនាញ ឧទាហរណ៍បច្ចេកទេសដែលយើងរៀនពីសាលា ប៉ុន្តែផ្នែកទន់គឺពាក់ព័ន្ធទៅនឹងផ្នត់គំនិតនិងការតស៊ូ និងរបៀបរបបការងាររបស់យើង … ការរៀនសូត្រដែលយកចេញទៅការប្រកួតប្រជែងនៅក្នុងសង្គម ប្រកួតប្រជែងនៅក្នុងសាលា គឺប្រកួតប្រជែងក្នុងបន្ទប់ពិសោធន៍/Labo។ ពេលដែលយើងចេញពី Labo នេះទៅក្នុងសង្គម យើងប្រកួតប្រជែងមែនទែន។

(២៣) ជោគជ័យធំកើតពីបណ្តុំជោគជ័យតូចៗ, ប្រឹងប្រែង តស៊ូ អំណត់ជាកត្តានាំអោយសំរេចបានជោគជ័យ

យើងទទួលខុសត្រូវ … ជាការសង្កេតពីខ្លួនខ្ញុំ ក៏ដូចជាការសង្កេតពីអ្នកដែលខ្ញុំស្គាល់ មានបទពិសោធន៍​មួយចំនួនដែលភ្ជាប់នឹងសង្គមជាក់ស្តែង៖

ទី១ ជោគជ័យធំកើតចេញពីជោគជ័យតូចៗ ជាច្រើនផ្គុំគ្នា។ ខ្ញុំរៀនមកដល់បណ្ឌិត ទាល់តែខ្ញុំរៀនចប់ថ្នាក់ទី១ ចប់បាក់ឌូប្លិ៍ ចប់បរិញ្ញាបត្រ។ បងប្អូននៅទីនេះដូចគ្នា។ ចប់មួយឆ្នាំៗ ទាល់តែយើងប្រឡងចប់ assignment មួយៗ homework មួយៗ ពិន្ទុគ្រប់ បានមធ្យមភាគទើបយើងជាប់។ បើយើងបរាជ័យគ្រប់មុខ អត់បានឡើង … នៅក្នុងសង្គមការងារអត់ខុសគ្នាទេ។ នៅក្នុងវិស័យឯកជន បងប្អូនចង់ឲ្យហាងរីកធំ ទាល់តែម្ហូបឆ្ងាញ់ សេវាល្អ ហើយមិនមែនឆ្ងាញ់ និងសេវាល្អតែមួយថ្ងៃហ្នឹងទេ។ ទាល់តែវារាល់ថ្ងៃ។ កុំឲ្យថ្ងៃហ្នឹងឆ្ងាញ់ ស្អែកមកប្រៃហួស ខាន​ស្អែកមកពិបាកហួស។ សេវាថ្ងៃនេះមកពិរោះ ស្អែកឡើងមកគ្រោតគ្រាត … ទាល់តែថេរ។ ការងារធំវាផ្អែកលើការងារតូចៗ ដុសខាត់រាល់ថ្ងៃ … អញ្ចឹងបទពិសោធន៍មួយដែលចប់ពីការរៀនសូត្រនេះទៅធ្វើការក្នុងសង្គមជាក់ស្តែង គឺយើងខិតខំប្រឹងប្រែងរាល់ថ្ងៃ។

ទី២ ការខិតខំប្រឹងប្រែងតស៊ូនិងភាពអំណត់ គឺជាកត្តានៃភាពជោគជ័យ។ យើងអត់អាចទទួលបាននូវអ្វីដែលយើងចង់បានគ្រប់ពេលនោះទេ តែកុំបោះបង់(ការតស៊ូ)។ គ្មានអ្នកណាបានជោគជ័យគ្រប់ពេល/កិច្ចការទេ តែកុំបិទច្រកខ្លួនឯង។ ការរៀនសូត្រដូចគ្នា។ បងប្អូនអាចធ្លាក់ assignment មួយ តែបងប្អូនអត់បោះបង់ទេ។ បានរៀនមកដល់ប៉ុណ្ណេះ ខ្ញុំជឿថាមិនមែនងាយស្រួល មិនមែនឆ្លងកាត់ដោយគ្មានបញ្ហានោះទេ។ ក្នុង ៤ ឆ្នាំនេះ ទាំងការរៀនសូត្រ ទាំងបញ្ហាផ្សេងៗទាក់ទងនឹងគ្រួសារ បញ្ហាផ្សេងៗ​ទាក់ទងការងារ រៀនមេរៀនខ្លះយើងធ្វើល្អ ខ្លះមិនល្អ ប៉ុន្ដែរៀនទាល់តែតស៊ូទើបយើងទៅមុខបាន។

(២៤) ការឆាប់បោះបង់ នាំអោយខាតបង់ទាំងការងារទាំងការរៀនសូត្រ

ខ្ញុំជួបមនុស្សច្រើនដែលឆាប់បោះបង់ពេក ខាតទាំងការងារ និងការរៀនសូត្រ។ តាមរយៈអាហារូបករណ៍សម្ដេចតេជោ ខ្ញុំអោយសិស្សមួយឆ្នាំៗ រាប់ពាន់នាក់។ ពេលខ្លះ យើងទៅជួបសួរពីរនាក់។ ករណីមួយនៅមណ្ឌលកុមារកំព្រាកៀនឃ្លាំង។ ក្មេងពីរនាក់បងប្អូនក្មេងកំព្រា គឺបងស្រី និងប្អូនប្រុស។ ឲ្យរៀននៅសាលា​ NUM ជាមួយគ្នា។ បីឆ្នាំក្រោយបានជួប។ នាងជាបងស្រីរៀនបានដល់ឆ្នាំទី៣។ ប្អូនប្រុសចេញតាំងពីឆ្នាំ​ទី១។ សួរទៅថា ការរៀនមានការលំបាកបន្ដិច តែអាចទៅរួច។ បញ្ហាខ្លាំងដើរជាមួយពួកម៉ាកដែលមានម៉ូតូ … ការឲ្យតម្លៃការរៀនសូត្រ បីឆ្នាំក្រោយមកខុសគ្នា។ ឥឡូវបងស្រីដែលបានរនចប់ ចង់ធ្វើការនៅ TV ព្រោះគាត់រៀនខាង Communication។ គាត់សំរេចភារកិច្ច។ ប្អូនប្រុសសុំអាហារូបករណ៍ម្ដងទៀត។ ឲ្យរៀន។ រៀនហើយបោះបង់ចោលទៀត។ ខ្ញុំអត់ដឹងគាត់ទៅណា។ ការតស៊ូ អំណត់ ព្យាយាម ដាក់ទិសដៅច្បាស់លាស់ សំខាន់។

ការរៀនសូត្រក៏មិនខុសពីការងារ​ទេ។ ក្នុងការងារ ខ្ញុំក៏ឃើញដែរ។ ប៉ុន្មាននាក់មកជួបខ្ញុំ។ ជោគជ័យតែគាត់ឆាប់បោះបង់។ គាត់ឆាប់មានអារម្មណ៍ថាគេមិនឲ្យ​តំលៃ។ នេះជាកំហុសធ្ងន់។ អំណត់ តស៊ូ។ យើងមិនងាប់ក្រឡា ប៉ុន្ដែកុំឆាប់បោះបង់។ ត្រូវព្យាយាមដើម្បីបង្ហាញខ្លួន។ ខ្ញុំឃើញមានករណីមួយនៅកងទ័ព។ មេទ័ពឃើញម្នាក់នឹងមានការបណ្ដុះបណ្ដាលល្អ ចង់ថាអ្នកហ្នឹងថ្ងៃក្រោយឲ្យទៅជាមេបញ្ជាការរង។ ប៉ុន្ដែមុននឹងឲ្យទៅជាមេបញ្ជា​ការរងទទួលជំនាញ គាត់ឲ្យទៅជាជំនួយការសិន រៀនពីក្រោមឡើងលើ។ ប៉ុន្ដែគាត់ទៅធ្វើការបានតែពីរឆ្នាំគាត់មានអារម្មណ៍ថាមេបញ្ជាការមិនឲ្យតម្លៃគាត់។ គាត់រៀនចេញពីសាលានេះសាលានោះ ហេតុអីមិនឲ្យគាត់ទៅកាន់អញ្ចេះៗ។ គេគិតថាដើម្បីឲ្យអ្នកហ្នឹងមានមូល​ដ្ឋានទៅកាន់កន្លែងហ្នឹង គេឲ្យមាន(គ្រឹះ)ពីក្រោម។ ជាលទ្ធផលយ៉ាងម៉េច? ដល់បាក់ទឹកចិត្ត គាត់មិនធ្វើការ។ គាត់មិនមានវត្ដមាន។ គាត់មិនបញ្ចេញអស់សមត្ថភាព។ ថ្នាក់លើមិនបានដឹងឯណា ដឹងត្រឹមតែថាមួយនេះល្អអ្វី ដល់ឲ្យទៅធ្វើការជាក់ស្ដែងមិនកើត។

គេមើលលទ្ធផល។ គេមិនដឹងយើងមានសមត្ថភាពឬយ៉ាងម៉េចទេ ​ព្រោះលទ្ធផលវាកើតចេញពីលទ្ធភាព និងឆន្ទៈ។ បើយើងគ្មានការជំរុញខ្លួនឯងជាប្រចាំ យើងឆាប់បោះបង់លឿនពេក យើងបាត់ឱកាស។ នេះដែលខ្ញុំនិយាយថាការងារតូចត្រូវតែធ្វើយកចិត្តទុកដាក់ហើយកុំឆាប់បោះបង់។ រៀនសូត្រដូចគ្នា។ បើបងប្អូនបានធ្លាក់មួយប្រ​លងហើយបោះបង់សាលាចោល (គឺជាការខាតបង់) … មានអ្នកណាខ្លះធ្លាប់ធ្លាក់ថ្នាក់ខ្លះ? មើលលើកដៃមើល។ កុំខ្មាស។ យើងចប់ហើយតើ? មានមួយពីរ។ យើងខំប្រឹងឡើងវិញទាល់តែជាប់។ បើរៀនធ្លាក់មួយថ្នាក់ យើងបោះបង់ចោល យើងបិទច្រកខ្លួនឯង។ ការរៀនសូត្រ ការធ្វើការដូចគ្នា។ អត់មានជោគជ័យរហូតទេ។

(២៥) ពេលខ្លះ គំនិតថ្មី ដែលខ្លះថាឆ្កួត គឺជាគំនិតដែលអនុវត្ដទៅបានជោគជ័យរយៈពេលវែង

មានអ្នកណាធ្លាប់មើលរឿង Harry Potter? ស្គាល់អ្នកស្រី J K Rolin ទេ? បើស្គាល់ Harry Potter ទាល់តែស្គាល់គាត់ ព្រោះគាត់អ្នកសរសេរ។ សៀវភៅហ្នឹង កាលពីការសរសេរដំបូង យកទៅឲ្យរោងពុម្ព ១២ គេទាត់ចោល។ ​គេថារឿងនឹងទៅមិនរួចទេ ព្រោះវាគ្មានអ្នកណាចាប់អារម្មណ៍។ តែគាត់មិនបោះបង់ទេ។ គាត់នៅតែជឿថា​របស់គាត់មានតម្លៃ។ គាត់នៅតែតស៊ូដើម្បីរករោងពុម្ពដែលបោះឲ្យគាត់បាន។ គាត់អត់បោះបង់សៀវភៅហ្នឹង​ចោល ​ហើយទៅសរសេរសៀវភៅថ្មីទេ។ ទៅមួយគេមិនឲ្យ ទៅមួយទៀត។ ក្នុងពិភពលោកយើង​នេះ ពេលខ្លះគំនិតដែលថ្មី ដែលខ្លះគេថាឆ្កួត គឺជាគំនិតដែលអនុវត្ដទៅបានជោគជ័យរយៈពេលវែង។ អញ្ចឹងសៀវភៅគាត់គេថាអត់ទាក់ទាញ។ ដល់(រោងពុម្ព)ទី១២​ បោះពុម្ពទៅ ក៏ផ្ទុះការគាំទ្រ។ គាត់ក្លាយទៅជាអ្នកមាន ឡើងចង់ប៉ុនស្ដេចអង់គ្លេស អង្គម្ចាស់ក្សត្រី ដោយសារសៀវភៅគាត់។ Jack Ma និយាយថា Aliba ចេញដំបូង ប៉ុន្មានក្រុមហ៊ុន ទាត់គាត់ចោល។ ចុងក្រោយគាត់បានក្រុមហ៊ុនតូចមួយព្រមប្រើរបស់គាត់ … ត្រូវការភាពជាក់កា​រភាពជឿជាក់​ខ្លួនឯង ការតស៊ូ អំណត់ ឲ្យច្បាស់លាស់។ ការរៀនសូត្រដូចគ្នាភាពជឿជាក់ទៅលើខ្លួនឯង។

(២៦) ចេះមួយច្បាស់ ប្រសើរជាងចេះច្រើន តែមិនច្បាស់មុខណា

ជំនាញមានច្រើន។ អ្នកខ្លះអត់មានភាពជឿជាក់ហ្នឹងហើយដែលបោះបង់ចោល។ ចាប់ផ្ដើមចង់រៀន IT ដល់រៀនមួយរយៈចេះតែដើរជាមួយមិត្តភក្ដិ គេថាអានេះល្អជាង ចាប់ផ្ដើមលែងច្បាស់ខ្លួនឯង បោះបង់ចោលកណ្ដាលទី ចាប់លិច ចាប់កើត ចាប់ខុសទាំងអស់។ ចេះអីក៏ដោយចេះឲ្យច្បាស់ តស៊ូឲ្យចប់ នេះជាកត្ដាកំណត់។ ត្រូវការជំ​នាញច្រើនណាស់។ ទោះបីជំនាញនឹងគ្មានមនុស្សច្រើនប្រើប្រាស់ក៏ត្រូវការមានដែរ។ ឧទាហរណ៍ក្នុងអាគារមួយនេះ​ត្រូវការច្រើនណាស់ ទាំងអ្នកគ្រប់គ្រងទាំងគណនេយ្យក្រុមហ៊ុន ជាងភ្លើង ជាង Microphone … ឲ្យតែចេះច្បាស់ កុំចេះច្រើនតែអត់ច្បាស់។ ចេះមួយឲ្យច្បាស់ ប្រសើរជាងចេះច្រើន តែចេះតិចៗ។ ភាសាចេះច្រើន​តែរកបាយហូបអត់បាន។ បញ្ហាដែលចេះមិនច្បាស់ប្រយ័ត្នខុស។ មានម្ដង ខ្ញុំវិះតែនឹងដាច់បាយដោយសារអ្នកបកប្រែ។ ទៅប្រជុំយុវជននៃប្រទេសមួយ។ គេថាគេរៀបបាយហើយ។ រៀបនៅកន្លែងនេះ។ សួរថាបើខ្ញុំចង់ គេអាចជូនទៅមើលកន្លែង។ ខ្ញុំថាមិនចាំបាច់រៀបកន្លែងនោះទេ រៀបកន្លែងនេះបានហើយ។ អ្នកបកប្រែថា ឯកឧត្តម ហ៊ុន ម៉ាណែត ថាមិនបាច់រៀបបាយឲ្យគាត់ទេ … ខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងនេះដើម្បីបញ្ជាក់ថាការចេះប្រាកដ ចេះដោយអំណត់តស៊ូ បង្កើតជាសមត្ថភាព និងតម្លៃពិតរបស់យើង។ ឲ្យតែមានចំណេះប្រាកដជាមានតម្លៃ …។

(២៧) ជំរើស៣៖ ប្តូរជំនាញតាមទីផ្សារ បន្តរៀននិងធ្វើការក្នុងអាជីពខ្លួនស្រឡាញ់ និងបង្កើតទីផ្សារការងារខ្លួនឯង

ឧទាហរណ៍ នៅទីនេះ​ភាសាអង់គ្លេសជាភាសាដែលគេប្រើទូទៅ។ គណប្រតិភូអឺរ៉ុបខាងកើតពិបាករកអ្នក​ចេះរស្ស៊ី។ យើងបង្កើតទំនាក់ទំនងជាមួយប្រទេសអារ៉ាប់។ រកអ្នកចេះ ឲ្យតែច្បាស់(មាន)ទីផ្សារ។ បើច្បាស់យើងបង្កើតខ្លួនឯង។ ពេលខ្លះត្រូវការភាពជឿជាក់ដើម្បីហ៊ាន … ខ្ញុំចាំ​ពាក្យមួយ ដែលពេលនោះក្រសួងការងារគាត់ទៅផ្សព្វផ្សាយដល់និស្សិតថា យើងខិតខំបណ្ដុះបណ្ដាលឲ្យ​ចំតម្រូវការទីផ្សារ។ ប្អូនស្រីម្នាក់ងើបមកសួរថានិ​យាយតែអញ្ចឹង រដ្ឋាភិបាលមិនបានបង្កើតទីផ្សារឲ្យចំមុខវិជ្ជាដែលខ្ញុំរៀន។ សំណួរគាត់ធ្វើឲ្យខ្ញុំពិចារណា។ យើងចង់បង្កើតឲ្យគ្រប់ តែវាអត់មានប្រសិទ្ធភាព។ យើងមាន១០០ មុខ តែយើងមិនអាចរៀន ១០០ មុខទេ។ រាជរដ្ឋាភិបាលធានាឱកាសនិងសិទ្ធិសេរីភាពក្នុងការរៀនមុខវិជ្ជា និងបើកឱកាសឲ្យគាត់រក(ការងារ)​។ គាត់មានជំរើស ៣ ដែលជំរើសទី១ គឺប្ដូរជំនាញរបស់គាត់ឲ្យចំទីផ្សា។ ជំរើសទី២ គឺបន្ដរៀននូវអ្វីដែលគាត់កំពុងរៀន ហើយចេញទៅធ្វើការងារនៅក្នុងអាជីពដែលគាត់ស្រឡាញ់។ មិនមែនការងារទាំងអស់គិតតែពីចំនួនប្រាក់ខែប៉ុន្មាននោះទេ។ អ្នក​ខ្លះគាត់មាន passion មានជំនាញដែលគាត់ចង់រៀន។ អ្នកខ្លះគាត់រៀនពីបរិស្ថាន រៀនពីមើលសត្វ អត់​មានចំណូល​ខ្ពស់ទេ ប៉ុន្ដែគាត់ស្រឡាញ់។ គាត់នៅបន្ដធ្វើអ្វីដែលគាត់រៀន។ ជំរើសទី ៣ ត្រូវបង្កើតទីផ្សារការងារដោយខ្លួនឯង សំរាប់ជំនាញដែលមិនសូវមាន។ មានច្រើនណាស់ដែលគេបង្កើតទីផ្សារខ្លួនឯង។ ដូចហ្វេសប៊ុកពីមុនអត់ដែលមានអ្នកណាដែលមាន តែ Mark Zuckerberg និងក្រុមគាត់ទៅបង្កើត platform មួយថ្មី ដែលអត់មានទីផ្សារសោះពីមុន តែគាត់ខំប្រឹងបង្កើតទីផ្សារខ្លួនឯងឲ្យដើរ។

(២៨) រដ្ឋាភិបាលធានាបរិស្ថាន ធានាឱកាស និងការបើកចំហ

បើយើងគ្មានការច្នៃប្រឌិតបែបខាងលើនេះទេ យើងមិនមានវឌ្ឍនភាពទេ។ អ្វីៗ ដូចតែពីដើមរហូត។ ពីដើមគេធ្វើតែកប៉ាល់ អត់យន្តហោះទេ ទាល់តែអ្នកថ្មីដូចជាគ្រួសាររបស់ Wright brothers ហោះដំបូងគេនៅអាមេរិក។ គាត់ហ៊ានធ្វើម៉ាស៊ីនឲ្យហោះ ទើបឥឡូវយើងមានយន្ដហោះ រហូតដល់យានអវកាស។ ពេលខ្លះអត់ទីផ្សាយើងបង្កើតខ្លួនឯង។ យើងខំជំរុញ។ គំនិតខ្លះវាថ្មី ដូច Aliba អញ្ចឹង។ អត់មានអ្នកលក់តាមហ្នឹង អត់អ្នកណាជឿ។ ឥឡូវបង្កើត(បានជោគជ័យ) អត់មានអ្នកណាជឿ តែឥឡូវបង្កើត។ ក្រុមហ៊ុន FedEx ដឹកឥវ៉ាន់ធំជាងគេរបស់អាមេរិក អ្នកដែលបង្កើតហ្នឹង ពេលដែលគាត់សរសេរនិក្ខេបបទ​​ គាត់បាន C … គ្រូថាគំនិតហ្នឹងទៅមិនរួច ព្រោះអាហ្នឹងអត់មានអ្នកណាដែលធ្វើអញ្ចឹង។ ​​​ភាពក្លាហាន ភាពជឿជាក់ និងការអំណត់ ប្រាកដប្រជានិងជំរុញ។​​ អញ្ចឹងយើងមានជំរើស៣ ដើម្បីបន្តដំណើរទៅមុខ។ ជំនាញអីក៏ដោយអោយតែច្បាស់ យើងអាចធ្វើ ទោះបីទីផ្សារធំឬតូច ឬមួយយើងបង្កើតទីផ្សារខ្លួនឯង។ បើចាំបាច់ ​យើងមានមូលដ្ឋានរួចហើយសម្រាប់ ​​readjust។ យើងបានបរិញ្ញា​បត្រមួយហើយ យើងអត់ចាំបាច់ទៅរៀនយកបាក់ឌូបិ៍្លឡើងវិញទេ។ យើងអាចផ្ទេរទៅរៀនចាប់ជំនាញថ្មី។ បើឱ្យរដ្ឋាភិបាលធានាមុខរបរអ្វីដែលរៀនទាំងអស់ ប្រហែលជាអត់បានទេ។ យើងអាចធានាបានថា១០ជំនាញប៉ុណ្ណោះ អញ្ចឹងមិនឱ្យរៀនជំនាញអីផ្សេងទៀតព្រោះ​​យើងមិនបានបង្កើតការងារ។ ទេ យើងឱ្យគាត់រៀន។ រដ្ឋាភិបាល ធានានូវបរិស្ថាន ធានានូវឱកាស ធានានូវការបើកចំហ និងទាញយកលទ្ធភាពផ្សេងៗទៀតនេះ គឺជាអ្វីដែលផ្ដល់ឱ្យតាមឱកាសសម្រាប់បងប្អូននៅទីនេះដែលជានិស្សិត។

(២៩) មានសមត្ថភាព មានឆន្ទៈ កុំខ្លាចនឹងលើកគំនិតថ្មី និងយកអ្វីដែលរៀនទៅច្នៃប្រឌិតអោយមានប្រសិទ្ធភាព

ខ្ញុំសូមលើកទឹកចិត្តឱ្យនិស្សិតរបស់យើងត្រូវហ៊ាន យកអ្វីដែលយើងរៀនយកទៅដើម្បីច្នៃប្រឌិត បង្កើនប្រសិទ្ធភាព។ កុំទុកចោល។ ដូចជាខ្ញុំអញ្ចឹង។ ខ្ញុំក៏ធ្លាប់ធ្វើការឱ្យថ្នាក់លើ ខ្ញុំក៏មានជំនួយការខ្ញុំខ្លះដែរ។ ជំនួយការខ្ញុំខ្លះគាត់មានសមត្ថភាព គាត់មានឆន្ទៈ ប៉ុន្តែអ្នកខ្លះខ្លាចក្នុង(ការ)លើកគំនិតថ្មី។ អ្នកខ្លះធ្វើ។ គាត់ផ្ដល់ឱ្យខ្ញុំ។ ខ្ញុំដាក់ទៅមួយគាត់ប្រាប់មកវិញ ២ឬ៣។ ខ្ញុំរើសមួយ។ អ្នកនេះដែលខ្ញុំចង់បាន .. ខ្ញុំត្រូវធ្វើការងារធំៗ។ ខ្ញុំអត់ត្រូវការគិតគូរតូចៗ … តែបើគាត់ចេះច្នៃប្រឌិត មានយោបល់ គាត់មាន reactive ហ្នឹងហើយយើងចង់បានដោយសារគាត់ហ៊ាន។ អ្នកផ្សេងទៀត អាចមានដែរ តែគាត់ថា​ខ្ជិលលើកទៅខ្លាច។ ខ្លាចជាងគេខ្លាចគ្នាឯង។ ខ្លាចគេថាយើងអញ្ចេះ/អញ្ចុះ យកមុខមាត់។ ខ្លាចជាងគេរឿងហ្នឹង។ អ្នកខ្លះអត់ខ្លាចមេទេ ខ្លាចរឿងហ្នឹង។ ដោយសារយើងលើកយោបល់ច្រើនពេកខ្លាចគេថា។ បើអញ្ចឹងយើងអត់ទៅមុខទេ។ ត្រូវហ៊ានហើយត្រូវជួយគ្នាគាំទ្រគ្នា។ ខ្ញុំសុំលើកទឹកចិត្តអ្វីដែលយើងរៀនបន្ថែម យកចំណេះពីក្រៅដើម្បីយកទៅកន្លែងការងារ … សូម្បីតែជា Business ផ្ទាល់ខ្លួន ក៏យើងអាច​យកទៅច្នៃប្រឌិត ប្រកួតប្រជែង បាន។

(២៩) ធនធានមនុស្សត្រូវរស់រវើក កុំជាមនុស្សទឹកកក

វិស័យឯកជនត្រូវការប្រកួតប្រជែង មិនមែនតែក្នុងស្រុកទេ ត្រូវការស្ដង់ដារ។ អញ្ចឹងបានកន្លងទៅមានការចែកពានរង្វាន់អាស៊ាន។ កន្លែងខ្លះពានរង្វាន់ពិភពលោក។ ផលិតផលដែលខ្មែរផលិត ផលិតផលដែលខ្មែរដាំ កម្មវិធីដែលកូនខ្មែរធ្វើ ប្រកួតប្រជែង។ នេះហើយគឺជាបទពិសោធ​ណ៍ធ្វើការ។ រៀនសូត្រដូចគ្នា។ ពេលខ្លះ Creative project គឺថា project ដែលឱ្យជាក្រុម គេឱ្យតែប្រធានបទទេ។ ខ្ញុំឃើញប្រព័ន្ធរៀនសូត្រនេះ ត្រូវបានបណ្តុះបណ្តាលតាំងពីក្មេងៗឡើង។ គ្រូថាឥឡូវសិស្សថ្នាក់ទី១ សរសេរពីបរិស្ថាន។ អញ្ចឹងគេឱ្យសិស្សជាបុគ្គលឬជាក្រុម ២ឬ៣នាក់ជជែកគ្នា ហើយឡើងឡើងប្រធានបទ។ យើងមើលច្រើន។ ខ្ញុំសុំឱ្យខាងស្ថាប័ននីមួយៗលើកទឹកចិត្តនៅក្នុងការបើកច្រកគិតគូរ ជួយគិត ជួយធ្វើ ដើម្បីយើងអភិវឌ្ឍរួមគ្នា។ នៅតាមសាកលវិទ្យាល័យ សាស្ត្រាចារ្យច្រើនមានបទពិសោធន៍ បង្រៀនផងមានគំនិតច្នៃប្រឌិតទាញ​យកបន្ថែមផង។ សាស្ត្រាចារ្យនិងសិស្សទាញយកផលដើម្បីចែកសង្គម គឺត្រូវការនវានុវត្តជាប្រចាំ ការវិវត្ត​ជាប្រចាំ។ មូលដ្ឋានធនធានមនុស្សយើងត្រូវរស់រវើក … កុំធ្វើមនុស្សទឹកកក យើងត្រូវរស់រវើក។ រស់រវើកទាំងភាពជឿជាក់និងភាពក្លាហាន ទើបប្រទេសយើងរីកចម្រើនបាន។ យើងបើកឱកាសប្រកួតប្រជែង។

ខ្ញុំឃើញថា អ្វីដែល​យើងធ្វើបានមកដល់ម៉ោងនេះ មិនត្រឹមតែរដ្ឋបើកឱកាសទេ គឺដោយសារការខិតខំការប្រកួតប្រជែង ខិតខំច្នៃប្រឌិត។ និយាយតែក្នុងវិស័យអប់រំមួយ រដ្ឋបើកច្រកឱ្យវិស័យឯកជន សាកលវិទ្យាល័យ​គ្រឹះ​ស្ថាន​ឯកជន គ្រឹះស្ថានអន្តរជាតិចូលរួម តែដោយសារក្នុងវិស័យនេះ សាកលវិទ្យាល័យនីមួយៗ ខិតខំច្នៃប្រឌិតមានទាំងសមាគមរួមគ្នា ជជែកគ្នារស់រវើកនេះហើយ ទើបអាចជោគជ័យ។ ការផ្ដល់យោបល់ពីសមាគមក៏ដូចជាគ្រឹះស្ថាននីមួយៗ ក្នុងវិស័យអប់រំនេះហើយ ទើបផ្ដល់ធាតុផ្សំទៅក្រសួងអប់រំ។ ក្រសួងអប់រំយកទៅដាក់ចេញជាផែនការដើម្បីឱ្យស្របទៅតាមជាក់ស្ដែង។ នេះហើយគឺជាភាពរស់រវើករបស់យើង។ ត្រឡប់មកវិញធនធានមនុស្សរបស់យើងគឺជាកិច្ចការសំខាន់។ ការឯកភាព និងភាពរស់រវើករបស់ប្រទេសជាតិ រួមទាំងម្នាក់ៗ បានទទួលផលរស់រវើក ឯករាជ្យភាពរបស់ខ្លួន ជាធនធានមនុស្សដែលសកម្មសម្រាប់កម្ពុជា។

[ចប់សេចក្ដីអធិប្បាយ១]

ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់របស់និស្សិតជ័យ​លាភីរបស់យើង,ដើម្បីបន្តការលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា, ជាពិសេស ចូលរួមអនុវត្តឱ្យបានជោគជ័យនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ សម្រាប់ការអភិវឌ្ឍ ​​មូលធនមនុស្ស, ខ្ញុំសូមផ្តល់នូវទស្សនៈ និង អនុសាសន៍មួយចំនួន ដូចខាងក្រោម ៖

ទី១. ជាមួយនឹងចំណេះដឹងទទួលបានពីការសិក្សានៅសាកលវិទ្យាល័យ លីមកុកវីង, និស្សិតជ័យលាភីទាំងអស់ គួរបន្ដការសិក្សាជំនាញឯកទេសបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលរបស់ខ្លួនឱ្យកាន់​តែ​ខ្ពស់តាមដែលអាចធ្វើទៅបាន និង ត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជន ឌីជីថល និង យុ​វជនសកល ក្នុងឯកទេសកម្មរៀងៗខ្លួន សំដៅទាញយកផលប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថល និង រួមចំណែកដល់ការកសាង ម៉ូដែលកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និង នវានុវត្តន៍ ។

ទី២. ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់គ្រប់សាស្ត្រាចារ្យទាំងអស់ បន្តអភិវឌ្ឍសមត្ថភាព និង បង្កើនការសិក្សាស្រាវជ្រាវសិក្សាបែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និង ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និង ឧត្តមានុវត្តជាក់ស្តែង, ហើយចំណេះដឹងពីការស្រាវជ្រាវនេះ គួរត្រូវបានចែករំលែកឱ្យបានទូលំទូលាយ ដើម្បីជាប្រយោ​ជន៍​ដល់ប្រទេសជាតិ និង ប្រជាជនយើង ។

ទី៣.ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និង ឯកជន បន្តធ្វើបច្ចុប្បន្នកម្មវិធីសិក្សា ឱ្យស្របនឹងតម្រូវការនៃទីផ្សារការងារ និង បន្តអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដើម្បី ធានា​នូវគុណភាព នៃការបណ្តុះបណ្តាល, ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និង ជំ​​នាញផ្នែកបច្ចេកវិទ្យា និង ឌីជីថល ស្របតាមបរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ច និង សង្គម, ការប្រកួតប្រជែងនៃទីផ្សារការងារ, សាកលភាវូបនីយកម្ម និង ការវិវត្តនៃសកលលោក ។

ទី៤. ខ្ញុំសូមលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ និង ឯកជន បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្រឹះស្ថានអប់រំ និង គ្រឹះស្ថានស្រាវជ្រាវជាតិ-អន្ដរជាតិ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវរួមគ្នា, ដកស្រង់បទពិសោធ និង ធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បីផ្ទេរ-ចំណេះដឹង, បទពិសោធជាក់ស្តែង និង ឧត្តមានុវត្ត សំដៅបង្កើនគុណភាពនៃការអប់រំ, ការបណ្តុះបណ្តាល, និង ការសិក្សាស្រាវជ្រាវឱ្យកាន់តែល្អប្រសើរ ។

ទី៥. សូមក្រសួងអប់រំ យុវជន និង កីឡា, ដៃគូអភិវឌ្ឍ, វិស័យឯកជន និង គ្រប់អង្គភាពពាក់ព័ន្ធ សហការ និង បន្តលើកស្ទួយវិស័យអប់រំ និង ការបណ្តុះបណ្តាល ឱ្យកាន់តែល្អប្រសើរ តាមរយៈ ការធ្វើទំនើបកម្មអភិបាលកិច្ចគ្រប់គ្រង, ការផ្តល់សេវាបង្រៀនប្រកប ដោយគុណភាពខ្ពស់, និង កិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជនសម្រាប់ជាសសរទ្រូងដ៏រឹងមាំ និង ពោរពេញដោយសមត្ថភាព។

មុននឹងបញ្ចប់នេះ, ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវអំណរសាទរ ចំពោះថ្នាក់ដឹកនាំនៃ សាកលវិទ្យាល័យ លីមកុកវីង ក្រុមប្រឹក្សាភិបាល, គណៈ​គ្រប់​គ្រង, បុគ្គលិកសិក្សា, សាស្ត្រាចារ្យ, ដៃគូអភិវឌ្ឍ និង និស្សិតជ័យលាភីទាំងអស់ ដែល​បាន​យកចិត្តទុកដាក់ខិតខំបង្រៀនស្រាវជ្រាវ និងរៀនរហូតសម្រេចបាន សមិទ្ធផល​ធនធាន​មនុស្ស​បន្ថែមសម្រាប់រួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ថ្នាក់ដឹកនាំនៃសាកល- វិទ្យាល័យ, ក្រុមប្រឹក្សាភិបាល, គណៈ​គ្រប់​គ្រង, បុគ្គលិកសិក្សា, សាស្ត្រាចារ្យ និង និស្សិតជ័យលាភី ទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ ជោគជ័យក្នុងគ្រប់ការងាររៀងៗខ្លួន និង បានប្រកបដោយពុទ្ធពរ និង ពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈនិង បដិភាណ កុំបីឃ្លៀងឃ្លាត ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

សម្រាប់ថ្ងៃនេះផងដែរ សម្រាប់ជូននិស្សិតជ័យលាភី ៥៤០នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល, ជូនសាស្ត្រាចារ្យបុគ្គលិកសិក្សា៦៧នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល, ជូនសាកលវិទ្យាល័យ លីមកុកវីង ថវិកា ១០លានរៀល, និងជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ៣លានរៀល។ សូមអរគុណ។

[ចប់សេចក្ដីអធិប្បាយ២]

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ