សម្រង់​សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធី​បើក​សន្និសីទអន្តរជាតិ​ថ្នាក់តំបន់​ឤស៊ីប៉ាស៊ីហ្វិក ស្តីពីការ​អភិវឌ្ឍ​កុមារតូច

CNV: 1 ខែ​មីនា, 2017

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់ តំបន់ឤស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារតូច ដែលត្រូវបានប្រារព្ធឡើងក្នុងទឹកដី នៃព្រះរាជាណាចក្រ កម្ពុជា នាឱកាសនេះ។

ជាបឋម ខ្ញុំសូមស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជទាំវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ ជាការពិត ការអភិវឌ្ឍកុមារតូចនេះមិនមែនជាកិច្ច ការថ្មី ដែលយើងទើបចាប់ផ្តើមធ្វើនោះទេ កិច្ចការនេះ កម្ពុជាបានចាប់ផ្តើមយកចិត្តទុកដាក់អនុវត្តពីក្រោយ ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ មក ដែលបានធ្វើឱ្យកុមារកម្ពុជាទទួលបានការឧបតម្ថគ្ភាំទ្រ, ទទួលបានការ គាំពារ, ចិញ្ចឹមបីបាច់ថែរក្សា ហើយសិទ្ធិរបស់កុមារត្រូវបានលើកតម្កើងជាបន្តបន្ទាប់។ លើសពីនេះទៀត កិច្ចគាំពារកុមារក៏ត្រូវបានបានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, នៅក្នុងច្បាប់ស្តីពីការអប់រំ, អនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលកម្ពុជាជាហត្ថលេខី ព្រមទាំងបានកំណត់យ៉ាងច្បាស់ក្នុងគោលនយោ បាយ និងផែនការសកម្មភាពជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ២០១៤-២០១៨។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបំពេញការងារយ៉ាងសកម្ម ក្នុងការផ្តល់អាហារូបត្ថម្ភ,  ការផ្សព្វផ្សាយ ជម្រុញការបំបៅកូនដោយទឹកដោះម្តាយ, ការផ្តល់វីតាមីនបន្ថែមដល់កុមារអាយុ ៦ ខែ ដល់ ៥៩ ខែ, ការ ផ្តល់សេវាថែទាំសុខភាព ដែលបានកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក ព្រមទាំងការពង្រីកសេវា អប់រំកុមារតូចតាមគ្រប់រូបភាព។ ការគាំពារទារក និងកុមារ តាមរយៈកម្មវិធីបង្ការការពារ និងកាត់បន្ថយ ជំងឺទារក និងកុមារ ដូចជា៖ ជំងឺរាគរូស, ជំងឺរលាកផ្លូវដង្ហើម, ជំងឺស្លេកស្លាំងដោយខ្វះជីវជាតិដែក, កង្វះ​ជាតិអ៊ីយ៉ូត, កង្វះឤហារូបត្ថម្ភ និងការការពារមេរោគអេដស៍ និងជំងឺអេដស៍។ល។

លើសពីនេះទៀត កម្ពុជាក៏បានដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈផែនការជាតិ ៥ ឆ្នាំជាបន្តបន្ទាប់ ជំរុញការអនុវត្តន៍ច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិទាំងឡាយ និងបានបង្កើនកិច្ចសហការល្អជាមួយប្រទេស នានាក្នុងតំបន់ ប្រទេសជិតខាង សំដៅអនុវត្តការងារឱ្យមានប្រសិទ្ធភាព លើការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងលុបបបាត់ការជួញដូរស្ត្រី និងកុមារ, ការកេងប្រវ័ញ្ច និងការរំលោភបំពានកុមារគ្រប់រូបភាព, ការប្រើ ប្រាស់កុមារក្នុងជម្លោះប្រដាប់ឤវុធ និងភាពអសីលធម៌ផ្សេងៗទៀតលើកុមារ។ ជាលទ្ធផល ស្ថានភាព សុខុមាលភាពរបស់កុមារកម្ពុជា ត្រូវបានកែលម្អឱ្យប្រសើរឡើងជាលំដាប់។

ដោយឡែក សន្និសីទអន្តរជាតិថ្នាក់តំបន់ឤស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារតូចថ្ងៃនេះ មិនគ្រាន់តែជា សក្ខីភាពបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំពារ និងអភិ វឌ្ឍន៍កុមារប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានបង្ហាញពីដំណាក់កាលថ្មីមួយទៀតរបស់កម្ពុជា ពីដំណើរវិវត្តន៍ នៃការអភិវឌ្ឍកុមារតូចកម្ពុជា ទៅក្នុងតំបន់ និងពិភពលោក។ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រ កបដោយចិរភាពឆ្នាំ ២០៣០ ទៀតផង។ ប្រការនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បី ឈានទៅសម្រេចឱ្យបាន នូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា គឺកសាងសង្គមកម្ពុជាមួយ ដែលធានា បាននូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សង្គម, ការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោល ការណ៍ប្រជាធិបតេយ្យ, ការកសាងធនធានមនុស្សប្រកបដោយគុណភាព, មានចំណេះដឹងជ្រៅជ្រះ, មាន ជំនាញជាក់លាក់ ឆ្លើយតបនឹងការវិត្តន៍នៃសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយចិរភាព។ ក្នុងស្មារតីនេះ សន្និសីទអន្តរជាតិថ្នាក់តំបន់ឤស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍស្តីពីកុមារតូច ពិតជាបានឆ្លុះបញ្ចាំងពីមោទន ភាព នៃការខិតខំប្រឹងប្រែងរួមគ្នា រវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក ព្រមទាំងពិភព លោក ក្នុងគោលដៅអភិវឌ្ឍន៍, លើកកម្ពស់សិទ្ធិជាមូលដ្ឋាន និងសុខុមាលភាពកុមារ។

ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសង្គមជាតិកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ទាំងធនធាន មនុស្ស, បច្ចេកវិទ្យា, ផលិតកម្ម, ប្រាក់ចំណូលជាដើម បាននាំមកនូវការផ្លាស់ប្តូររបៀបរបបរស់នៅរបស់ ប្រជាជនកម្ពុជា។ ក្នុងបរិការណ៍ថ្មីនេះ យើងចាំបាច់ត្រូវយកចិត្តទុកដាកកាន់តែខ្ពស់ ចំពោះវិស័យកុមារតូច ដើម្បីធ្វើឲ្យពួកគេទទួលបាននូវការរៀនគិតបែបថ្មី, ក្លាយជាកម្លាំងយុវជនប្រកបដោយចំណេះដឹង មានជំ នាញវិជ្ជាជីវៈ, មានសក្តានុពល និងភាពឈ្លាសវៃ សំដៅបង្កើនលទ្ធភាពកុមារតូច ក្នុងការបន្តវេនការងារ អភវិឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ ឆ្លើយតបនឹងមហ្ឆិតាកម្ពុជា ក្នុងការឈានសម្រេចឱ្យបាននូវប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ជារួមនៅកម្ពុជា កុមារតូច យើងចាប់គិតទារកបានចាប់កំណើតដល់កុមារអាយុក្រោម ៦ ឆ្នាំ ដែលក្នុង អំឡុងពេលនោះ មាតាបិតា ឬអ្នកឤណាព្យាបាល ត្រូវមានកាតព្វកិច្ចចិញ្ចឹមបីបាច់ថែរក្សា, មានការផ្តល់ ឤហារូបត្ថម្ភ, ការថែទាំសុខភាព, ការអប់រំឧបនិស្ស័យរបស់កុមារ។ ជាមួយនេះ យើងក៏បានដឹងហើយថា កន្លងមកនេះនៅកម្ពុជា កុមារតូចភាគច្រើនស្ថិតក្នុងបន្ទុកថែរក្សាដោយផ្ទាល់ពីគ្រួសារ ពោលគឺឪពុកម្តាយ ជាគ្រូ ផ្ទះជាសាលា ហើយធម្មជាតិជុំវិញជាកន្លែងលេង ដូច្នេះការអភិវឌ្ឍកុមារតូចឱ្យក្លាយជាកុមារល្អ, យុវ​ជន​ល្អ, ពលរដ្ឋល្អនោះ យើងមិនឤចកាត់ផ្តាច់ពីតួនាទីដ៍សំខាន់របស់មាតាបិតារបស់ពួកគេបានឡើយ។ ដោយឡែកបច្ចុប្បន្ននេះ ដោយសារតែការអភិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា បានធ្វើឱ្យស្ត្រីកាន់តែច្រើនត្រូវ​ចូលរួមក្នុងកម្លាំងពលកម្ម ដែលតាមរយៈនេះយើងឃើញថា ចំណងទាក់ទង រវាងមាតា និងកុមារតូច ត្រូវ​បានកាត់ផ្តាច់ដោយអន្លើ ហើយករណីដូច្នេះមានកាន់តែច្រើនឡើងៗ ដែលនឹងប៉ះពាល់ដល់ប្រក្រតីភាព នៃសង្គមគ្រួសារខ្មែរ ក្នុងរយៈពេលវែងទៅមុខ ដែលធ្វើឱ្យឪពុកម្តាយ និងកូនចៅ ពុំសូវមានភាពជិត​ស្និទ្ធ​ជាមួយគ្នា និងមិនជួយទំនុកបម្រុងគ្នាជាដើម។ ដូច្នេះ យើងចាំបាច់ត្រូវរកវិធីដោះស្រាយ ដើម្បីធានាថា កុមារតូចឤចទទួលបានការចិញ្ចឹមបីបាច់ថែទាំ និងការទទួលបានការអប់រំ ស្របតាមដំណើរការវិវឌ្ឍ​ជីវ​សាស្ត្ររបស់ពួកគេ ដែលប្រការនេះនឹងជួយរក្សាបាននូវគុណធម៌, វប្បធម៌, ប្រពៃណីរបស់សង្គម​គ្រួសារ​ខ្មែរ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ឆ្នាំ ២០១៤-២០១៨ សំដៅបម្រើបុព្វហេតុផ្តល់ការយកចិត្តទុក​ដាក់​ដល់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច ដោយជំរុញឱ្យមានការចូលរួមដ៏ទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ។

ដោយឡែក ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ តែងបានយកចត្តិទកុដាក់ដោយផ្ទាល់ដល់ការថែទាំ, ការ លើកកម្ពស់សុខុមាលភាពកុមារ, ការទំនុកបម្រុងដល់កុមារកំញ្រ, កុមារគរថ្លង់, កុមារដែលមានកាយ សម្បទាមិនគ្រប់គ្រាន់, កុមារងាយរងគ្រោះជាដើម។ ចំពោះមុខនេះ ខ្ញុំនៅតែបន្តគាំទ្រ និងយកចិត្តទុកដាក់ ខ្ពស់ដល់ការអភិវឌ្ឍកុមារតូច ហើយខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់មន្ត្រីអនុវត្តការងារពាក់ព័ន្ធ កុមារតូច, ឤជ្ញាធរដែនដី, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងគ្រប់ភាគីអ្នកពាក់ព័ន្ធ សូមបង្កើនការចូលរួមយកចិត្តទុកដាក់ឲ្យបានសកម្មផុសផុលទាំងអស់គ្នា លើវិស័យកុមារតូច ឱ្យប្រកប ដោយមនសិការ និងក្តីឤណិតស្រឡាញ់ ក្នុងនាមជាមនុស្ស ជាកោសិកា និងជាទំពាំងស្នងឫស្សី នៃសង្គមជាតិយើង។

ក្នុងគោលបំណងរួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពឆ្នាំ ២០៣០ ដែលធានា ឱ្យកុមារតូចទទួលបានការអប់រំ, ការគាំពារ និងការអភិវឌ្ឍប្រកបដោយគុណភាព ខ្ញុំសូមគូសរំលេចលើ ការងារនួយចំនួន ដែលស្ថាប័ន និងភាគីអ្នកពាក់ព័ន្ធត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះរួមមាន៖

ទី ១ ត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំដល់ កុមារតូចទាំងអស់ ពិសេសកុមារកំព្រា, កុមារតូចរងគ្រោះ, កុមារតូចងាយរងគ្រោះ, កុមារតូចជនជាតិភាគតិច និងកុមារតូចមានពិការភាពកាយសម្បទា តាមរយៈការ ពង្រឹង និងពង្រីកយន្តការដែលមានស្រាប់ ក្នុងការចិញ្ចឹមបីបាច់ថែរក្សា ការផ្តល់ឤហារូបត្ថម្ភ, ការផ្តល់ថែ ទាំសុខភាព និងការអប់រំសំដៅទប់ស្កាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ, ខិតខំធ្វើឲ្យកុមារបានរស់នៅ ដោយសុវត្ថិភាព មិនមានការប្រឈមនឹងអំពើជួញដូរ ឬការរំលោភបំពាននានា។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

តើប្រទេសណាបង្កើតឲ្យមានសោកនាដកម្មទៅលើកុមារច្រើនណាងគេ?

អនុញ្ញាតឲ្យខ្ញុំបានចាកចេញពីចំណុចពាក់ព័ន្ធនឹងការថែទាំកុមារបន្តិច … គ្រាន់តែនិយាយពីការថែទាំ ការ​​លើក​កម្ពស់ប្រឆាំងនឹងការជួញដូរកុមារ ឬក៏ពលកម្មកុមារជាដើម។ យើងមិនត្រូវភ្លេចជាមួយនឹងបញ្ហាសិទ្ធិ​រស់​រាន​មានជីវិត​របស់កុមារនោះទេ។ ចំណុចនេះ ខ្ញុំគិតថា បើមានសន្និសីទអន្តរជាតិកាន់តែច្រើន យើង​គួរ​តែ​តម្លើងសម្លេងឲ្យកាន់តែច្រើនផងដែរ អំពីបណ្តាប្រទេសដែលដើរឈ្លានពានគេ ហើយគិត​តែ​ពី​សម្លាប់​កុមារ។  អ្នកណាធ្វើច្រើនជាងគេនៅលើពិភពលោកនេះ? ដែលបង្កើតឲ្យមានសោកនាដកម្មទៅលើកុមារ។ ប្រទេសណាដែលនាំកងទ័ពទៅឈ្លានពានប្រទេសគេច្រើនជាងគេ? ប្រទេសនោះឯង ដែលធ្វើ​បាប​កុមារ​ច្រើន​ជាងគេ។ មិនត្រឹមតែធ្វើបាបកុមារនៅក្នុងប្រទេសដែលខ្លួននាំកងទ័ពឈ្លានពានគេទេ ក៏ប៉ុន្តែ ធ្វើបាប​ទាំង​កុមារ ដែលជាប្រទេសរបស់ខ្លួនផងដែរ។ ព្រោះអី? នាំប្តីគេ នាំកូនគេ មកច្បាំងនៅប្រទេសក្រៅ វាងាប់​ទៅ​ធ្វើឲ្យស្ត្រីនោះមេម៉ាយ កូននោះកំព្រា។

សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិដំបូង

… យើងនិយាយត្រឹមតែពលកម្មកុមារ និយាយអំពីការថែទាំកុមារ ប៉ុន្តែយើងមិនសូវបាននិយាយ​​ទៅលើ​បញ្ហា​សិទ្ធិរស់រានមានជីវិតរបស់កុមារ។ ឥឡូវយើងពិនិត្យមើល ​ស្លាប់មួយថ្ងៃៗប៉ុន្មាន? នៅអ៊ីរ៉ាក់ នៅលីប៊ី នៅស៊ីរី តើអ្នកណាអ្នកធ្វើរឿងនេះ? យើងគួរតែហ៊ាននិយាយត្រង់ៗ កុំខ្លាចពួកចក្រពត្តិនិយម ដែលដើរ​តែ​ឈ្លាន​ពានគេនោះ។ កាលពីដើមខ្លួនខ្ញុំផ្ទាល់ គឺជាកុមាររងគ្រោះមួយនាក់ នៅក្នុងអតីតកាលដែល​បារាំង​ត្រួត​ត្រានៅកម្ពុជា។ តាមឪពុកម្តាយរបស់ខ្ញុំនិយាយ បន្ទាប់ពីការកើតឡើងហើយ ខ្ញុំនេះត្រូវឪពុកម្តាយ​ទាញ​​ទម្លាក់ក្នុងលេណដ្ឋាន​ រៀងរាល់ពេលដែលកងទ័ពបារាំង និងកងទ័ពតស៊ូវ៉ៃគ្នា។ បន្ទាប់ទៅ នៅពេល​ដែល​អាមេរិកឈ្លានពានកម្ពុជា តើមានកុមារប៉ុន្មានទៅ ដែលបានស្លាប់ របួស ពិការ និងបង្កើតនូវស្ថាន​ភាព​ខ្វះអាហារូបត្ថម្ភ? កុមារនៅឥណ្ឌូចិន ទាំងវៀតណាម ទាំងឡាវ ទាំងកម្ពុជានេះ ច្រើនណាស់ រហូត​មក​ដល់​ឥឡូវមិនទាន់អស់នូវផលវិបាករបស់វា ដែលគ្រាន់តែអាជាតិគីមីនេះ វាបានធ្វើឲ្យកុមារកើតឡើងវា​មិន​គ្រប់​ទម្ងន់ វាឆែបមាត់ វាឆែបស្អី អាហ្នឹងមកពីអី? យើងបាននិយាយដល់វាទេ? យើងគួរតែមានសម្លេងរួម​មួយ ដើម្បីថ្កោលទោសពួកឈ្លានពាន ពួកដែលដើរសម្លាប់គេ … ខ្ញុំគិតថា អង្គការ UNICEF គួរឡើង សម្លេង​ឲ្យខ្លាំង​ជាងគេបន្តិច។

ស៊ូដង់វ៉ៃគ្នា ស្ត្រីទៅឆ្លងទន្លេនៅក្នុងមន្ទីរពេទ្យកម្ពុជាចូលដល់ពាន់នាក់

ខ្ញុំសូមជម្រាប គ្រាន់តែមន្ទីរពេទ្យកម្រិតពីររបស់កម្ពុជា ដែលបោះនៅស៊ូដង់ខាងត្បូង នៅពេលដែលកងទ័ព របស់ប្រធានាធិបតីស៊ូដង់ខាងត្បូង និងអនុប្រធានាធិបតីស៊ូដង់ខាងត្បូងវ៉ៃគ្នា ស្ត្រីដែលទៅឆ្លងទន្លេនៅក្នុង មន្ទីរពេទ្យកម្ពុជានៅប្រទេសស៊ូដង់ខាងត្បូង គឺចូលដល់ពាន់នាក់។ ហ្នឹងជាផលវិបាកនៃសង្គ្រាម។​ ខ្ញុំគិត​ថា យើងគួរកុំខ្លាចនឹងនិយាយចំៗឈ្មោះ ប្រទេសដើរឈ្លានពានគេ បើមិនដូច្នោះយើងគ្រាន់តែ​បន្ទោស​តែ​ខ្លួន​ឯងហ្នឹង បន្ទោសតែគ្នាឯងហ្នឹង។ ប៉ុន្តែ អាអ្នកបង្កហេតុយើងអត់បន្ទោស។ នៅកម្ពុជានៅសល់​គ្រាប់​បែក​គ្រាប់ស្អីច្រើនណាស់។ បន្តិចៗ ក្មេងស្លាប់​។ គ្នាមិនស្គាល់គ្រាប់ឯណា យកអា​គ្រាប់​ហ្នឹងមកដំ​លេង​ទៅ។ វាផ្ទុះទៅ។ ហើយហ្នឹងគ្រាប់បែកអ្នកណា? អាមេរិក។ អញ្ចឹងបានខ្ញុំថា ល្មមដល់ពេល​យើងហ៊ាន​និ​យាយ​ការពិត។

ប្រទេសនាំកងទ័ពទៅក្រៅប្រទេសឈ្លានពានគេ ប្រទេសនោះឯងធ្វើបាបកុមារច្រើនជាងគេ

ខ្ញុំគិតថា UNICEF កុំទៅខ្លាចអាមេរិក(ស្នូរទះដៃ)។ អាមេរិកមិនបង់វិភាគទានឲ្យអង្គការសហប្រជាជាតិ​ អា​ហ្នឹង​រឿងរបស់អាមេរិកតើ។ ប៉ុន្តែ អាមេរិកដើរឈ្លានពានគេ អាហ្នឹងយើងត្រូវហ៊ាននិយាយការពិត។ ខ្ញុំគិត​ថា បណ្តាមិត្តបរទេសទាំងឡាយមកកាន់ទីនេះ ភាគច្រើនសុទ្ធតែប្រទេសរងគ្រោះដោយការឈ្លានពាន និង​ការ​រំលោភបំពានពីប្រទេសក្រៅ ការមាក់ងាយ(ពី)ប្រទេសដទៃទៀត ដែលជាប្រទេសសម្លាប់យើងហើយ មក​ប្រដៅយើង។ អញ្ចឹង​បានជាពួកអាមេរិកកាំងខ្លះ មិនចូលចិត្តខ្ញុំទេ។ ចូលចិត្ត ឬមិនចូលចិត្ត​(រឿង​របស់​គេ)។ តែអ្នកឯងឈ្លានពានខ្ញុំ។ នេះគឺជារឿង(ពិត)។ គ្រាប់បែកនៅប៉ុន្មានលានតោន។ ទាំងអស់ ២ លាន ៥ សែនតោន ទម្លាក់នៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជាមួយឆ្នាំៗ ត្រូវស្លាប់អស់ប៉ុន្មានបន្ថែមទៀត? កុមារ​នៅវៀតណាមក៏មិនទាន់បានដោះស្រាយ កុមារនៅឡាវក៏មិនទាន់បានដោះស្រាយ បន្ថែមដោយកុមារ​នៅ​ប្រទេស​ច្រើនផ្សេងទៀត ដែលមានការឈ្លានពានពីបរទេស។ ប្រទេសណាដែលនាំកងទ័ពចេញ​ទៅ​ក្រៅ​ប្រទេស ឈ្លានពានច្រើនជាងគេ ប្រទេសហ្នឹងធ្វើបានកុមារច្រើនជាងគេ។ ហើយមកតាំងខ្លួនឯងធ្វើជា​អ្នក​ដើរប្រដៅគេ​ សិទ្ធិនេះសិទ្ធិនោះ រួចហើយយកទៅហើយ មួយឆ្នាំៗចេញរបាយការណ៍ពលកម្ម​កុមារ​ប៉ុណ្ណេះ​នៅក្នុងប្រទេសនេះ។ ប៉ុន្តែ អត់បាននិយាយថា បានសម្លាប់កុមារនៅប្រទេសនេះចំនួនប៉ុណ្ណេះ។ ម៉េច​ក៏មិននិយាយផង? និយាយឲ្យ​វាត្រង់ៗជាមួយគ្នាតែម្តងទៅ។

រៀបចំប្រធានបទការអភិវឌ្ឍកុមារ កុំភ្លេចគិតពីសិទ្ធិរស់របស់កុមារ

ខ្ញុំគ្រាន់តែរំលឹកថា បើយើងនិយាយអំពីបញ្ហាអាហារូបត្ថម្ភ និយាយពីបញ្ហាស្អីៗ កុំភ្លេចនិយាយពីសិទ្ធិរស់​រាន​មានជីវិតរបស់កុមារផង។ ថ្ងៃក្រោយរៀបចំប្រធានបទ សុំកុំភ្លេចប្រធានបទហ្នឹង ដូចជា យើងកាត់​មួយ​កង់ អត់បានគិតពីប្រវត្តិសាស្ត្ររបស់វា កាត់មួយកង់យកមកនិយាយ។ តើរឿងវាមកពីអី បានជាវាអញ្ចឹង? បើ​សិនជាកុំមានសង្គ្រាម និងរបបប្រល័យពូជសាសន៍នៅកម្ពុជា ប្រហែលជាកម្ពុជាមកដល់ថ្ងៃនេះ គ្មានអា​រឿង​បញ្ហាអាហារូបត្ថម្ភស្អីទៀតទេ។ និយាយឲ្យពិតទៅ។ ប៉ុន្តែ​ គេមកឈ្លានពានយើងខ្ញុំ​ហើយ សម្លាប់​យើង​ខ្ញុំហើយ មកប្រដៅយើងខ្ញុំថែមទៀត។ សម្លាប់ដប់ហើយ មកធ្វើឯងយកចិត្តទុកដាក់មួយ អា​ហ្នឹង​វា​មិនត្រូវរឿង។

ខ្ញុំថាដើម្បីចែករំលែកការយល់ដឹង។ ជួនកាលយើងគិតតែពីរឿងនេះ ប៉ុន្តែយើងភ្លេចគិតអំពីអាប្ញសគល់​របស់​​វា។ ប្រទេសណាក៏ដោយ ឲ្យតែមានការលូកដៃពីក្រៅហើយ​ អាក្នុងហ៊ានធ្វើ បង្កើតទៅជាសង្គ្រាមផ្ទុះ រញ៉េ​រញ៉ៃ។ រឿងតែប៉ុណ្ណឹង។ ខ្ញុំគិតថា ប្រទេស(របស់)អ្នកដែលមកអង្គុយនៅទីនេះ​ សុទ្ធតែបានឆ្លងកាត់​ហើយ បើមិនស្ថិតនៅក្រោមអាណានិគមរបស់បារាំងទេ នៅក្រោមអាណានិគមអង់គ្លេស​ បើមិនក្រោម​អា​ណានិគមអង់គ្លេសទេ នៅក្រោមប៉ទុយហ្គាល់ នៅក្រោមអេស្ប៉ាញ សុទ្ធតែប្រទេសភាគច្រើនស្ថិតនៅ​ក្រោម​អាណានិគមគេកាលពីដើម។ បន្ទាប់ទៅមានប្រទេសមួយចំនួន ទទួលការឈ្លានពានពី​ពួក​ចក្រ​ពត្តិ​ក្រោយ​មកទៀត។

កម្ពុជាមិនអាចទទួលយកបានទេ យកគ្រាប់បែកមកទម្លាប់ ហើយទារអោយសងលុយ

… មិនមែនថា ខ្ញុំជាអ្នកបង្កហេតុអីជាមួយអាមេរិក ប៉ុន្តែ អាមេរិកទេចូលចិត្តបង្កហេតុ។ ហើយ បង្កហេតុជា​មួយ​គេ សម្លាប់គេមិនអស់ចិត្តហើយ តាមទារលុយទៀត។ ខ្ញុំមិនទាន់បានលើកសំណើ​ផ្លូវការទៅប្រធានា​ធិប​តី​ថ្មីរបស់អាមេរិក ដូណាល់ ត្រាំម៍ ដើម្បីលុបបំណុលកម្ពុជាទេ។ រឿងអីទិញគ្រាប់​បែក​ទម្លាក់​លើ​ក្បាល​កម្ពុជា ហើយកម្ពុជាសងលុយទៀត? នេះវ៉ៃទារលុយ? មិនដឹងថាប្រទេសនានាយ៉ាងម៉េច? ប្រទេសខ្ញុំវា​អញ្ចឹង។ គេយកគ្រាប់បែកមកទម្លាក់លើហើយ គេមកទារលុយឲ្យយើងសង។ ដល់យើងមិនទាន់បានសង ប្រាប់ IMF ថាកុំឲ្យខ្ចីលុយ។ ខ្ញុំមានសេដ្ឋកិច្ច ៧ ភាគរយ អត់មាន IMF ចូលមករួមចំណែកទេ។ អត់ IMF ក៏វាមិនងាប់ខ្មែរដែរ។ ​អាហ្នឹងនិយាយឲ្យពិត កុំឲ្យគេមកប្រដៅច្រើនពេក ប្រឹងធ្វើខ្លួនឯងមើល។ អញ្ចឹងបាន​ថា កូនខ្មែរងើបឈរឡើង ដើម្បីឲ្យវាមានហ្នឹងគេហ្នឹងឯងទៅមើល។ ហើយបើ(ប្រទេសយើង)មាន ខ្ញុំហ្នឹង​ផ្តល់ជំនួយកាន់តែធំទៅក្រៅ។

សិទ្ធិសារព័ត៌មានអាមេរិកធ្លាក់ចុះ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំម៍ ឡើងកាន់អំណាច

ឥឡូវហ្នឹងគ្រាន់តែមានកងទ័ពនៅស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី, អាហ្វ្រិកកណ្តាល, លីបង់។ ហើយពី​មុន​ទៅដល់កោះស៊ីព្រ ធ្លាប់ទៅឆាត ប៉ុន្តែ មហ្ឆិតារបស់ខ្ញុំធំជាងហ្នឹងទៀត។ ដើម្បីបិទបាំងគេ គាត់​តែង​តែ​មាន​របាយការណ៍ … ទៅចេញសេចក្តីថ្លែងការណ៍ពីវ៉ាស៊ីនតោន អំពីសិទ្ធិមនុស្សនៅប្រទេសនេះចំណាត់​ថ្នាក់​ប៉ុណ្ណេះ សិទ្ធិកុមារនៅប្រទេសនេះចំណាត់ថ្នាក់ប៉ុណ្ណោះ។ ទៅដាក់ពិន្ទុនៅវ៉ាស៊ីនតោនឯណោះ​ រួចចុះ UNICEF ម៉េចក៏មិនដាក់ឈ្មោះ? ចាំឲ្យពួកអាមេរិកអ្នកដាក់? សុំសួរបន្តិចមើលលោកជំទាវ UNICEF ក្រែង​ UNICEF ទទួលបន្ទុកសិទ្ធិកុមារ ចាំបាច់ក្រសួងការបរទេស​អាមេរិកជាអ្នកដើរដាក់ពិន្ទុ? ដើរដាក់ពិន្ទុ​ឲ្យ​ទាំងអស់។ សេរីភាពប្រទេសណាប៉ុនណាៗ។ ឥឡូវចាំមើលឆ្នាំនេះ តើសេរីភាព នៃសិទ្ធិសារព័ត៌មាន​ក្នុង​ប្រ​ទេសអាមេរិកប៉ុនណា បើប្រធានាធិបតី ដូណាល់ ត្រាំម៍ ហាមឃាត់មិនឲ្យសារព័ត៌មាន​មួយ​ចំនួន​ចូល​សេត​វិមាន​ដើម្បីយកព័ត៌មាន? តើអាមេរិកជាសេរីភាពទី ១ ឬអាមេរិកនៅក្រោមគេ? ទាំងអស់គ្នាចាំមើល។ ឃ្លាំមើលសិទ្ធិមនុស្សនៅអាមេរិកម្តង។ ឥឡូវ សិទ្ធិមិនឲ្យមនុស្សចូលប្រទេសអាមេរិកពីប្រទេស(ចំនួន) ៧។ ឥឡូវសិទ្ធិរកបណ្តេញជនភៀសខ្លួនទៀត។ ចាំមើលសិទ្ធិមនុស្សនៅប្រទេសដែលតាំងខ្លួន​បិតាសិទ្ធិ​មនុស្ស​បន្តិច​មើល? សុំទោសអគ្គរដ្ឋទូតអាមេរិក ​បើសិនជាឮ ព្រោះខ្ញុំនិយាយត្រង់។ ថា លោក ហ៊ុន សែន ទៅ​ត្រង់​ណាមិនដែលភ្លេចទេ។ ភ្លេចយ៉ាងម៉េច បើរឿងវាពិតអញ្ចឹង ឲ្យគ្នាភ្លេចយ៉ាងម៉េច។

ទី ២ ត្រូវធានាការផ្សារភ្ជាប់ រវាងការអប់រំនៅមត្តេយ្យសិក្សាជាមួយកម្មវិធីគាំទ្រដទៃទៀត ដែលជាការងារ ចាំបាច់ ដើម្បីឱ្យកុមារតូចទទួលបាននូវការអភិវឌ្ឍ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ លើសពីនេះត្រូវ ពង្រឹងគុណភាពផ្សព្វផ្សាយព័ត៌មាន ស្តីពីកុមារ រួមទាំងដំណើរការវិវឌ្ឍន៍ថ្មីៗរបស់កុមារ,  របៀបចិញ្ចឹមបី បាច់ថែរក្សា, ការផ្តល់ឤហារូបត្ថម្ភ, ការថែទាំសុខភាព និងការអប់រំប្រកបដោយប្រសិទ្ធភាព។

ទី ៣ បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច ជាមួយ​ក្រសួង/ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា ក្នុងស្មារតីគាំទ្រ បំពេញឱ្យគ្នាទៅវិញទៅ​មក ដែលសកម្មភាពនេះជារូបមន្តស័ក្តិសិទ្ធិ ក្នុងការឈានទៅសម្រេចបាននូវជោគជ័យលើកម្មវិធីអភិវឌ្ឍន៍​កុមារ​តូច។

ទី ៤ ត្រូវលើកកម្ពស់សេវាគាំពារ និងអភិវឌ្ឍន៍កុមារតូចគ្រប់រូបភាព ដោយត្រូវគិតគូរឱ្យបានច្រើនពីគុណ​ភាព និងចិរភាពនៃសកម្មភាពការងារ។ ក្នុងន័យនេះ ការកំណត់គោលដៅ និងសូចនាករ ត្រូវឆ្លុះបញ្ចាំង​ឱ្យឃើញពីគុណភាពជាប្រចាំ ដោយមិនគ្រាន់តែគិតគូរអំពីបរិមាណប៉ុណ្ណោះទេ។

ទី ៥ រៀបចំបង្កើតកម្មវិធីតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងយន្តការផ្តល់របាយការណ៍មួយសមស្រប ដើម្បី​ធានាប្រសិទ្ធភាព ក្នុងការអនុវត្តផែនការ និងគោលនយោបាយជាតិ ពិសេសកែលម្អកម្មវិធី សកម្មភាព និងធ្វើអន្តរាគមន៍ ក្នុងវិស័យនេះឱ្យរឹតតែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

តាមរយៈនេះ ខ្ញុំជឿជាក់ថា គណៈកម្មាធិការជាតិគាំពារ និងអភវិឌ្ឍ កុមារតូច ក្រសួង/ស្ថាប័ន/ឤជ្ញាធរ ពាក់ព័ន្ធ ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ និងបន្តតួនាទីដ៏សកម្មរបស់ខ្លួន និងត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់​រាល់បញ្ហាប្រឈមនានា សម្រាប់បង្កើតបានជាឧត្តមប្រយោជន៍ដល់កុមារទូទៅ ព្រមទាំងការលើកកម្ពស់​សេចក្តីថ្លៃថ្នូររបស់សង្គមជាតិយើង។

មុននឹងបញ្ចប់ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះក្រសួង/ស្ថាប័នពាក់ព័ន្ធ ក៏ដូចជា ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងឤជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូច។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើកសន្និសីទអន្តរជាតិ ថ្នាក់តំបន់ឤស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារ តូចនាពេលនេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរ​ជាតិទាំងអស់ សូមទទួលបាននូវសិរីសួស្តី វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។