សម្រងប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងក្នុងពិធីបិទសន្និសីទលើកទី១ ក្រោមប្រធានបទ “អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ”

CNV:

លោកជំទាវ អាលីស វៃរីមូ ឌីរីទូ (Alice Wairimu Nderitu) អគ្គលេខាធិការរង និងជាទីប្រឹក្សាពិសេស នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួម
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួម និងថ្លែងសុន្ទរកថាបិទសន្និសីទ ក្រោមប្រធានបទ «អនាគតនៃប្រទេសកម្ពុជាដែលគ្មានអំពើប្រល័យពូជសាសន៍៖ ការបង្ការ និងការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព» ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា របស់ទីស្តីការគណៈរដ្ឋមន្ត្រី អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.), កងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ សាលយុត្តិតេជោនេះ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា នៅក្នុងការប្រឈមមុខនឹងអតីតកាលដ៏ខ្មៅងងឹត តាមរយៈការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីអំពើប្រល័យ​ពូជសាសន៍ ដោយមានកិច្ចសហការគាំទ្រពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្ត។ នេះគឺជាទីតាំងដ៏សក្តិសមបំផុតមួយ ដែលប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់វ័យ ក៏ដូចជាសហគមន៍អន្តរជាតិ អាចមករៀបចំសកម្មភាពនិងកម្មវិធីផ្សេងៗ ដើម្បីរៀនសូត្រពីប្រវត្តិសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងការទប់ស្កាត់ការកកើតឡើងវិញនៃអំពើប្រល័យពូជសាសន៍។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) វិធានការការពារ ការគ្រប់គ្រងចរាចរណ៍ ថែមដោយការការពារសុវត្ថិភាពពិរុទ្ធជន ពេលសវនាការម្ដងៗ តម្រូវឱ្យជ្រើសយកទីតាំងបញ្ជាការកងទ័ពជើងគោកធ្វើសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម

ដើម្បីយល់ដឹងបន្ដិចអំពីទីតាំងនៃការរៀបចំប្រារព្ធការកាត់ទោសខ្មែរក្រហមនៅទីនេះ។ ខ្ញុំគួរតែត្រូវរំលេចឱ្យ​ឃើញ ព្រោះអាចនឹងមានមនុស្សមួយចំនួនមិនដឹងថា តើទីតាំងនេះត្រូវធ្វើរបៀបម៉េចដើម្បីបង្កើតឱ្យមានទីតាំងនេះ។ នៅដើមឆ្នាំ២០០០ ខ្ញុំបានសម្រេចឱ្យអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទចាកចេញពីទីតាំងចាស់ មកកសាងទីតាំងថ្មីនៅទីនេះ។ ពេលនោះ ក៏មានការពិភាក្សារវាងមេបញ្ជាការជើងគោកជាមួយអគ្គបញ្ជាការ ដោយបញ្ជូនមេបញ្ជាការជើងគោកមកកាន់ទីនេះ និងរក្សាទីតាំងអគ្គបញ្ជាការនៅទីបញ្ជាការជើងគោក​ដែលនៅជាប់ក្រ​សួងការពារជាតិ រើទៅនៅភាគខាងជើងទីក្រុងភ្នំពេញ។ នៅពេលដែលកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិជាមួយនឹងភាគីកម្ពុជាបានចូលជាធរមាន អ្វីដែលបានកើត គឺយើងបានឃើញទីតាំងនេះមួយ និងទីតាំងសាលសន្និសីទចតុមុខមួយដែលអាចមានភាពស័ក្ដិសមនឹង(ជាកន្លែងរៀបចំ)ការកាត់ទោសខ្មែរក្រហម។ ប៉ុន្តែ ចំណោទអំពីវិធានការត្រូវការពារ ជាមួយនឹងបញ្ហាចរាចរណ៍ពេលដែលសវនាការម្ដងៗ ថែមដោយការការពារសុវត្ថិភាពសម្រាប់ពិរុទ្ធជនជារឿងមួយកាន់តែសំខាន់ទៅទៀត យើងក៏សម្រេចចិត្តយកទីកន្លែងនេះ។

(២) កាត់ដីខេត្តកណ្តាលបញ្ចូលក្រុងភ្នំពេញដើម្បីឆ្លើយតបតាមការតម្រូវនៃច្បាប់និងកិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិ

ប៉ុន្តែ ដើម្បីឱ្យកន្លែងនេះក្លាយទៅជាទីតាំងស្របច្បាប់ តើត្រូវធ្វើម៉េច? ច្បាប់ក៏ដូចជាក្នុងកិច្ចព្រមព្រៀង រវាងអង្គការសហប្រ​ជា​ជាតិ​ជាមួយកម្ពុជា តម្រូវឱ្យសាលាក្ដីនេះ ស្ថិតនៅក្នុងក្រុងភ្នំពេញ។ ពេលនោះ ទីតាំងនេះស្ថិតនៅក្នុងដីរបស់ខេត្តកណ្ដាល។ ​ដើម្បីបង្រ្គប់កិច្ច ខ្ញុំត្រូវចុះហត្ថលេខាលើអនុក្រឹត្យមួយដាក់បញ្ជូនដីនៅម្ដុំនេះទៅ(ជាដីរបស់)ទីក្រុងភ្នំពេញ។ ដូច្នេះ ទីក្រុងភ្នំពេញ ត្រូវចំណេញពីខេត្តកណ្ដាលនូវដីប៉ុន្មានពាន់ហិកតាក្នុងតំបន់នេះ។ នេះជាប្រវត្តិដែលត្រូវចងចាំ។ ជួនកាល មិនដឹងប្រវត្តិដើមចុងយ៉ាងម៉េច បានជាយកទីកន្លែងហ្នឹង(ធ្វើជាសាលាក្ដី) និងត្រូវធ្វើយ៉ាងម៉េច។ ខ្ញុំបានចុះហត្ថលេខាច្រើនដងណាស់។ ពីដើម គ្រាន់តែព្រលានយន្តហោះពោធិចិនតុងក៏ជាដីរបស់ខេត្តកណ្ដាល មិនមែនជាដីរបស់ភ្នំពេញទេ។ អញ្ចឹង ខ្ញុំបានចុះហត្ថលេខាពង្រីកទីក្រុងភ្នំពេញ តាំងពីជាង ៣០០គីឡូម៉ែត្រការ៉េទៅជិត ៧០០គីឡូម៉ែត្រការ៉េ។ ការចុះហត្ថលេខាមានពាក់ព័ន្ធជាមួយសាលាក្ដីនេះ។ បើមិនចុះហត្ថលេខាផ្ទេរដីខេត្តកណ្ដាលចូលទៅភ្នំពេញទេ សាលាក្ដីនេះមិនស្របច្បាប់ទេ។ គេឱ្យធ្វើនៅក្នុងទីតាំងនៅរាជធានីភ្នំពេញ មិនមែនទីតាំងខេត្តកណ្ដាលទេ។ ខ្ញុំគ្រាន់តែបញ្ជាក់ជូនដើម្បីឱ្យយើងទាំងអស់គ្នា(បានដឹងពីប្រវត្តិទីតាំងនេះ)។ ថ្ងៃនេះ គឺជាថ្ងៃបិទនៃសន្និសីទ ហើយការពិភាក្សាក្នុងកម្រិតខ្ពស់អាចនឹងមិនត្រូវមានទៀត។ ដូច្នេះ ប្រហែលជាខ្ញុំត្រូវធ្វើអត្ថាធិប្បាយច្រើនជាងអ្វីដែលជាឯកសារព្រៀងទុកសម្រាប់ការអានរបស់ខ្ញុំ។

[ចប់សេចក្ដីអធិប្បាយ១]

ការ​និយាយ​អំពី​ប្រធានបទទាក់ទងនឹង​ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការកសាងសន្តិភាព តែងតែ​រំលឹកឡើងវិញ​នូវការចងចាំផ្ទាល់ខ្លួន ការឈឺចាប់ និងការលំបាកជាច្រើន ដែលរូបខ្ញុំផ្ទាល់ ក៏ដូចជាប្រជាជន និងក្រុមគ្រួសារកម្ពុជា​​ដទៃទៀត បានតស៊ូឆ្លងកាត់​មុននឹង​អាចទទួលបាននូវប្រក្រតីភាពនៃជីវិត នៅក្រោមម្លប់សន្តិភាព ដូចសព្វថ្ងៃនេះ។ ជាអកុសល សន្តិភាពនៅតែជាសុបិន ដែលមិនអាច​ក្លាយជាការពិត សម្រាប់​តំបន់​ជាច្រើន នៃពិភពលោក។ ដូច្នេះហើយ បានជាយើងត្រូវរៀនសូត្រពីប្រវត្តិសាស្ត្រ ដែលតែងតែផ្តល់​នូវ​​មេរៀន​សំខាន់ៗ​​ពីអតីតកាល ដែលអាច​​ឱ្យយើងត្រៀមខ្លួន​បាន​ប្រសើរជាងមុន សម្រាប់អនាគត​ និង​​​ចៀសវាងការប្រព្រឹត្ត​​កំហុសជាន់ដាន ​។

ក្នុងស្មារតីនេះ ខ្ញុំសូមអនុញ្ញាតចែករំលែកនូវមេរៀនប្រវត្តិសាស្រ្ត និងបទពិសោធខ្លះៗ របស់កម្ពុជា ទាក់ទងនឹងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការកសាងសន្តិភាព។ ខ្ញុំយល់ថា មេរៀនទាំងនេះ មិនមែន​សម្រាប់តែប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ។

ទី១. ខ្ញុំពិតជាយល់ស្របចំពោះការលើកឡើងរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អំពីភាពចាំបាច់ដែលប្រជាជនកម្ពុជាយើង ត្រូវមានការឯកភាពគ្នាជាធ្លុងមួយ អំពីតថភាពប្រវត្តិសាស្រ្តរបស់ប្រទេសយើង។ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ដោយរបបកម្ពុជាប្រជាធិបតេយ្យ ពិតជាបានកើតឡើងនៅប្រទេសយើង។ នេះមិនមែនជាការប្រឌិត ឬ ជាការភូតកុហក ដើម្បីផលប្រយោជន៍នយោបាយណាមួយនោះទេ។ ក្នុងនាមខ្ញុំជាយុទ្ធជនវ័យក្មេងដែលបានដឹកនាំការតស៊ូ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍នេះ ចាប់ពីឆ្នាំ ១៩៧៧ មក និងជាមេដឹកនាំកម្ពុជាមួយរូប ដែលរងការឈឺចាប់ដោយសារការដាក់ទណ្ឌកម្មនយោបាយ-សេដ្ឋកិច្ច ពីសំណាក់ប្រទេសលោកខាងលិចជាច្រើន ដែលបន្តការពារមេដឹកនាំខ្មែរក្រហម ក្រោយពួកនេះដួលរលំនោះ ខ្ញុំបានរង់ចាំ ៤៣ ឆ្នាំ ទម្រាំប្រជាជនកម្ពុជាទទួលបានយុត្តិធម៌ប្រវត្តិសាស្រ្តនេះ។ តថភាពប្រវត្តិសាស្រ្តនេះ គឺពិតជាបានផ្តល់យុត្តិធម៌និងបង្ហាញតថភាពប្រវត្តិសាស្រ្តមួយទៀត នោះគឺថ្ងៃ៧ ខែ​មករា ឆ្នាំ១៩៧៩ ពិតជាថ្ងៃដែលយើងបានរំដោះជាតិនិងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅនេះ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(៣) ល្បែងថ្កោលទោសទាំងខ្មែរក្រហមទាំងអ្នកវាយខ្មែរក្រហម ត្រូវបានបញ្ចប់ដោយសាលក្រមតុលាការកូនកាត់ទទួលស្គាល់ដោយក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ

ចំណុចនេះ ខ្ញុំគួរតែត្រូវ(បកស្រាយ)នៅថ្ងៃនេះ។ ល្បែងផលបូកស្មើសូន្យ ត្រូវបានបញ្ចប់ដោយសាលក្រមតុលា​ការកូនកាត់មួយនេះ ហើយវាបានទទួលស្គាល់ទៅដល់កម្រិតក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។ មុននេះ គេបានថ្កោលទោសខ្មែរក្រហមផងនិងក៏បានថ្កោលទោសអ្នកដែលបានផ្ដួលរំលំខ្មែរក្រហមផង។ វាជាគណិតវិទ្យា ១+១ ឬ ១-១ = ០។ គេថ្កោលទោសខ្មែរក្រហម តែក៏ថ្កោលទោសអ្នកវាយខ្មែរក្រហម។ តើនេះវាជាល្បែង​នយោបាយដើម្បីបិទបាំងតថភាពប្រវត្តិសាស្រ្តដែលបានកើតពិតប្រាកដលើទឹកដីកម្ពុជាឬទេ? ខ្ញុំសូមស្នើឱ្យអ្នកច្បាប់(ផ្តល់យោបល់មកថា) នៅក្នុងកម្ពុជា តើអាចនឹងដាក់ឱ្យមានច្បាប់បានឬអត់ ចំពោះជនណាដែល(ថ្លែង)ថា (នៅ)កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នឹងត្រូវទទួលទោស? ហេតុអ្វីបានជាខ្ញុំនិយាយអញ្ចឹង? ដំណើរកាត់ទោសសម្រេចបានសាលក្រមតុលាការមួយថា “កម្ពុជាមានរបបប្រល័យពូជសាសន៍”។ បើសាលក្រមតុលា​ការ​ចេញមកអញ្ចឹងហើយ តើយើងអាចដាក់ច្បាប់មួយដើម្បីអះអាងថា “មានរបបប្រល័យពូជសាសន៍នៅកម្ពុជាឬទេ? នៅអឺរ៉ុបដូចជាមាន (ច្បាប់)ដែល(អ្នកណានិយាយ)ថា ហ៊ីត្លែរ មិនមែនជាប្រមុខរបប Fascist ត្រូវមានទោស។ អញ្ចឹង នៅកម្ពុជា គួរធ្វើ(ច្បាប់នេះដែរ)ឬទេ? នេះមិនមែនជាការបំផុសឱ្យគាបសង្កត់ទៅលើការបញ្ចេញមតិទេ។

(៤) ការបញ្ចេញមតិណាមានចរិតគាំពាររបបប្រល័យពូជសាសន៍ គួរតែត្រូវមានទោស

ក៏ប៉ុន្តែ មានរឿងអាក្រក់បែបនេះនៅកម្ពុជា។ ម្ខាងគេថ្កោលទោសខ្មែរក្រហម តែម្ខាងទៀតគេក៏បានថ្កោល​ទោសអ្នកដែលបានផ្ដួលរំលំខ្មែរក្រហម។ ខ្ញុំគិតថា ល្មមដល់ពេលដែលត្រូវដាក់ច្បាប់នេះ។ បើមិនអញ្ចឹង​ទេ ពួកអ្នកនយោបាយនៅតែលេងល្បែងដដែលៗ ដែលធ្វើឱ្យមានភាពច្របូកច្របល់ក្នុងសង្គមរបស់យើង។ ខ្ញុំគិតថា បើអង្គការសហប្រជាជាតិ ដែល(មាន)លោកជំទាវ (Alice Wairimu Nderitu អគ្គលេខាធិការរង និងជាទីប្រឹក្សាពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍) ជាតំណាង (បញ្ជាក់ថា)សាលក្រមតុលាការមានពិត បានសេចក្ដីថាវាទាល់តែមានរបបប្រល័យពូជសាសន៍បានកើត(ពិតមែន) ទើបបានជាយើង(ដំណើរការ)កាត់ទោស។ បើកាត់ទោសរួចហើយ នៅតែមានមនុស្សនិយាយថា “គ្មានខ្មែរក្រ​ហម​​ឯណាទេ ហើយក៏គ្មានអ្នកណាជួយសង្រ្គោះទេ …” អញ្ចឹងវានៅតែជារឿងច្រំដែលនៃប្រវត្តិសាស្រ្ត។ ដូច្នេះ គួរតែមានច្បាប់។ បើអ្នកឯងនិយាយថាមិនមានអំពើប្រល័យពូជសាសន៍ គឺមានទោស(ពីបទ)ប្រមាថ (និងត្រូវជាប់ពន្ធនាគារ)អីប៉ុន្មាន(ឆ្នាំ)។ មិនមែនជាការហាមឃាត់ការបញ្ចេញមតិទេ ក៏ប៉ុន្តែការបញ្ចេញមតិណាក៏ដោយ ដែលមានចរិតគាំពាររបបប្រល័យពូជសាសន៍គួរតែត្រូវមានទោស។ ខ្ញុំត្រូវនិយាយ​ចំណុចហ្នឹងឱ្យច្បាស់។ ខ្ញុំរង់ចាំ ៤៣ឆ្នាំ ទើបយុត្តិធម៌មួយត្រូវបានផ្ដល់។ មិនមែនជារឿងលេងសើចទេ។ គិតពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០២២ ទើបយុត្តិធម៌ត្រូវបានបញ្ចេញ …។

[ចប់សេចក្ដីអធិប្បាយ២]

ឆ្លៀតក្នុងឱកាសដ៏ឱឡាឫកនេះ, ខ្ញុំសូមសម្តែងនូវការដឹងគុណដល់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយគាំទ្រចលនាតស៊ូរបស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្នុងការរំដោះប្រទេស និងប្រជាជនកម្ពុជា ពីក្រញាំបិសាចប្រល័យពូជសាសន៍។ ជាមួយនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដ៏ស្មោះ ដល់មិត្តបរទេសទាំងអស់ ដែលបានជួយជ្រោមជ្រែង ក្នុងអំឡុងនៃដំណើរការចរចា រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ខ្ញុំក៏សូមអរគុណដល់ប្រទេសជាមិត្តទាំងឡាយ ដែលបានគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ, ផ្នែកជំនាញនិងផ្នែកច្បាប់ដល់ដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជោគជ័យនៃកិច្ចប្រឹងប្រែងស្វិតស្វាញអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជាផង និងចងក្រងជាមេរៀន និងការយល់ដឹងដ៏សំខាន់ ដើម្បីបង្ការកុំឱ្យសោកនាដកម្មបែបនេះ កើតមានជាថ្មីទៀត។

ទី២. យុត្តិធម៌ ក៏ជាធាតុផ្សំដ៏សំខាន់នៃការផ្សះផ្សាជាតិផងដែរ។ ក្រោយពេលរំដោះ តុលាការនៃអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកាត់ទោសមេដឹកនាំរបបនេះរួចហើយកាលពីឆ្នាំ១៩៧៩។ ប៉ុន្តែ ពេលនោះ សហគមន៍អន្តរជាតិមិនបានទទួលស្គាល់រដ្ឋាភិបាលដែលរំដោះប្រជាជនកម្ពុជានោះទេ ហើយក៏មិនបានទទួលស្គាល់យុត្តិធម៌ដែលតុលាការយើងបានរកឃើញនោះដែរ។ ពួកគេបានថ្កោលទោសយើង ដែលបានផ្តួលរំលំរបបខ្មែរក្រហម ហើយថែមទាំងចោទថា យើងបានប្រឌិតភស្តុតាងទាក់ទងនឹងអំពើប្រល័យពូជសាសន៍។ ប្រជាជនកម្ពុជាពិតជាមានការឈឺចាប់ខ្លាំងណាស់ នៅពេលដែលសហគមន៍អន្តរជាតិផ្តល់អាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ ឱ្យខ្មែរក្រហមជាអ្នកកាន់កាប់ ហើយបែរជាមកដាក់ទណ្ឌកម្មការទូត និងសេដ្ឋកិច្ច ចំពោះប្រជាជនខ្មែរដែលរស់រានមានជីវិតពីរបបខ្មែរក្រហម អស់រយៈពេល ១២ ឆ្នាំ។ ប្រទេសមួយចំនួនថែមទាំងបានជួយរៀបចំរដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៨២ ហើយផ្គង់ផ្គង់អាវុធនិងគ្រាប់រំសេវឱ្យខ្មែរក្រ​ហមថែមទៀតផង​។ នេះជាការដាក់ទោសផ្ទួនលើជនរងគ្រោះ និងការបិទភ្នែកព្រ​ងើយកន្តើយរបស់ប្រទេសមួយចំនួនចំពោះអំពើប្រ​ល័យពូជសាសន៍ ក្នុងដំណើរការចរចាស្វែងរក​ដំណោះស្រាយ​​នយោបាយសម្រាប់កម្ពុជា។ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា កន្លែងដែលស័ក្តិសមបំផុតសម្រាប់ខ្មែរក្រហម គឺនៅក្នុងតុលាការយុត្តិធម៌ មិនមែននៅក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា SNC នោះទេ សូម្បីតែនៅក្នុងកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីសក៏យើងត្រូវបានគេរារាំងមិន​ឱ្យហៅរបបខ្មែរក្រហមថាជារបបប្រល័យពូជសាសន៍។ អ្វីដែលអយុត្តិធម៌បំផុតនោះគឺប្រទេសដែលទទួលស្គាល់របបខ្មែរក្រហមនោះ បានបន្តផ្ដល់ការគាំទ្រផ្នែកនយោបាយនិងយោធាដល់ខ្មែរក្រហម មិនត្រឹមតែមិនដែលទទួលស្គាល់កំហុសរបស់ខ្លួនមកលើប្រជាជនកម្ពុជានោះទេ ពួកគេបែរជាមកបង្ខំឱ្យរាជរដ្ឋាភិបាលកាត់ទោសខ្មែរក្រហម នៅក្រោយពេលបោះឆ្នោតនិងក្រោយពេលខ្មែរក្រហមរលាយអង្គការចាត់តាំងនយោបាយនិងយោធាទៅវិញ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

(៥) “កន្លែងស័ក្តិសមរបស់ខ្មែរក្រហម គឺការកាត់​ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ មិនមែននៅក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ”

ខ្ញុំសូមពន្យល់(ចំណុច)ខាងលើបន្តិច។ ខ្ញុំចង់និយាយរឿងនេះ ដើម្បីចែករំលែកជូនអ្នកនៅទីនេះ ជាពិសេសប្រជាជនកម្ពុជា ក៏ដូចជាមិត្តភក្តិបរទេស។ បញ្ហាទាក់ទងជាមួយរឿងខ្មែរក្រហមនេះ នៅពេលសន្និសីទអន្តរជាតិទីក្រុងប៉ារីសចាប់ផ្ដើមក្នុងឆ្នាំ១៩៨៩ ខ្ញុំបានចង្អុលក្នុងសុន្ទរកថាថា “កន្លែងដែលស័ក្តិសមបំផុតរបស់ខ្មែរក្រហម គឺការកាត់​ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ មិនមែនស្ថិតនៅក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC ទេ”។ ពេលនោះភាគីរដ្ឋកម្ពុជា ដែលខ្ញុំជាតំណាង បានទាមទារឱ្យដាក់(ពាក្យ)ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍។ យើងបានដើរទៅគាំងនៅចំណុចនេះ។ គេបានហាមយើងមិនឱ្យនិយាយដល់របបប្រល័យពូជសាសន៍ថែមទៀត។ ថ្ងៃនេះ ដោយសារឯកឧត្តមអគ្គរដ្ឋទូតជប៉ុនអញ្ជើញមក ខ្ញុំគួរតែទម្លាយរឿងនេះបន្តិច។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស​មួយនេះ ត្រូវបានជាប់គាំង(ត្រង់ចំណុចទាក់ទងនឹងបញ្ហាដែលភាគីរបស់យើង(ទាមទារឱ្យដាក់(ពាក្យ)ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍)។

(៦) ភាគីវាយខ្មែរក្រហមរក្សាជំហរឱ្យមានការកាត់ទោសខ្មែរក្រហមតាំងពីដើមដល់ចប់

កន្លែងនេះ អាចបញ្ជាក់ថាភាគីកម្ពុជាខាងរដ្ឋាភិបាល ឬខាងអ្នកវាយខ្មែរក្រហមបានរក្សាគោលជំហរតាំងពីដើមដល់ចប់ដើម្បីកាត់ទោសខ្មែរក្រហម។ មិនមែនទើបនឹងនឹកឃើញ​ទេ។ យើងបានស្នើសុំដាក់ទៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស (នូវប្រការស្តីពី)ការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍។ ដោយសារការជាប់គាំងពេលនោះ ប្រហែលជាមិត្តភក្តិមួយចំនួនបានទៅពឹងពាក់ជប៉ុន។ (អ្នក​ដែលជាប់ពាក់ព័ន្ធគឺ) ឯកឧត្តម Owada ដែលបច្ចុប្បន្ននៅរស់នៅឡើយ និងក្រោយពេលដែលគាត់ធ្វើអនុរដ្ឋមន្ត្រីការបរទេស បានធ្វើជាតំណាងអចិន្ត្រៃយ៍របស់ជប៉ុននៅអង្គការសហប្រជាជាតិ ហើយក្រោយមកជាចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ។ ភាគីជប៉ុន បានអញ្ជើញខ្ញុំទៅទីក្រុង តូក្យូ ក្រោមហេតុផលពិនិត្យជំងឺ។ ប៉ុន្តែការពិតគឺការចរចាមួយដើម្បីស្វះស្វែងរក(ដំណោះស្រាយសម្រាប់)ចំណុចទាក់ទងភាពជាប់គាំងនៃភាសាដែលយើង​បានស្នើសុំ។ ខ្ញុំនៅចាំបានថា យើងទទួលទានអាហារនៅម៉ោង ៧ល្ងាច។ យើងប្រើពេល(ហូប)បាយប្រ​ហែលជា ១ម៉ោងកន្លះ។

(៧) ពី “ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍” មកត្រឹម “ទប់ស្កាត់ការវិលត្រឡប់អំពើពីអតីតកាលថ្មីៗ”​

យើងមកចរចាជាមួយ​គ្នានៅសណ្ឋាគារ New Otani គឺកន្លែងដែលខ្ញុំសម្រាក។ ប៉ុន្មានខែមុនខ្ញុំក៏បានទៅប្រទេសជប៉ុនដើម្បីធ្វើកែវភ្នែក។ ខ្ញុំក៏សម្រាកនៅសណ្ឋាគារហ្នឹងដដែល។ យើងចរចាគ្នារហូតដល់ម៉ោង២កន្លះភ្លឺ លើចំណុចហ្នឹង។ ចុងក្រោយ ឯកឧត្តម Owada បានយកជោគជ័យលើគំនិតរបស់ខ្ញុំ។ គាត់បាននិយាយមកកាន់ខ្ញុំថា សាដាំម ហ៊ូសេន, ហ្កាដាហ្វី គឺជាមនុស្សដែលត្រូវកាត់ទោសហើយ។ ក៏ប៉ុន្តែឯកឧត្តមគិតមើល បើសិនជាក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានដាក់បញ្ចូលឃ្លា​ “ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍” អាចខ្មែរក្រហមនិងប្រទេសមួយចំនួនគេមិនយល់ព្រម។ បើអញ្ចឹង យើងអាចកែសម្រួលមកនៅត្រឹមពាក្យថា “ទប់ស្កាត់ការវិលត្រឡប់អំពើពីអតីតកាលថ្មីៗ”។​ សូមមើលកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញ។ ចំណុចហ្នឹង ដើមឡើយជាចំណុចដែលកម្ពុជាបានស្នើធ្វើវិសោធនកម្ម។ ឯកឧត្តម អៀង ម៉ូលី គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកចូលរួមចរចាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ប៉ុន្តែ គ្រាន់តែ(គាត់)នៅភាគីផ្សេង។ ឥឡូវគាត់នៅភាគីរបស់គណបក្សប្រជាជនហើយ​។ និយាយគ្នាឱ្យច្បាស់។ គាត់មិនប្រឆាំងទេ ប៉ុន្តែគឺភាគីខ្មែរក្រហមប្រឆាំង។ ក្នុងចំណុចនេះខ្ញុំអាចបញ្ជាក់បានថា ភាគីភ្នំពេញនៅតែរក្សាកម្រិតកាត់ទោសខ្មែរក្រហម អត់ដែលបោះបង់ចោលទេ។ នេះជាចំណុចអំពីពាក្យពេចន៍ដែលយើងគួរតែចោទសួរនិងដែលខ្ញុំសូមបញ្ជាក់។

(៨) ប្រទេសដែលបានសាងកំហុសទទួលស្គាល់ខ្មែរក្រហម គួរទទួលព្រមថា ក្នុងជំនាន់នោះ នយោបាយរបស់ខ្លួនចំពោះកម្ពុជាមានចំណុចខុស

កាលពីមុន គេនាំគ្នាបិទភ្នែកចំពោះមុខការប្រល័យពូជសាសន៍។ ក្រោយមក គេបែរជាទាមទារគ្មានសមហតុផលណាទាំងអស់ ឱ្យកាត់ទោសខ្មែរក្រហម ក្រោយពេលដែលខ្មែរក្រហមរលំរលាយអង្គការចាត់តាំងទាំងនយោ​​បាយនិងយោធាអស់ភ្លាម។ ខ្ញុំកោតតែមនុស្សមួយចំនួន​(អាចប្រកាន់ឥរិយាបថនយោបាយដូចនេះទៅកើត)។ ខ្ញុំគួរតែផ្ញើជាមតិដល់ប្រទេសខ្លះដែលបានកសាងកំហុសក្នុងការទទួលស្គាល់ខ្មែរក្រហម ឬក៏បិទភ្នែកចំពោះ(មុខការប្រល័យពូជសាសន៍មួយនៅកម្ពុជា) ឱ្យទទួលព្រមថា “ក្នុងជំនាន់នោះ នយោបាយរបស់យើងចំពោះកម្ពុជាមានចំណុចខុស”។ មិនចាំបាច់ប្រកាសផ្សាយទេ។ គ្រាន់តែដើម្បីជា​ពិសោធន៍ទាំងអស់គ្នា។ រឿងនៅកម្ពុជា មិនមែនជាហេតុការណ៍ដាច់ដោយឡែកតែកម្ពុជាទេ។ វាជារឿងដែលមានការពាក់ព័​ន្ធជាមួយប្រទេសជាច្រើន និងការរៀបចំគោលនយោបាយពីដំណាក់កាលនោះដែលខ្វះភាពយុត្តិធម៌ និងសង្គតិភាព។ តើនេះវាស្រដៀងគ្នានូវពាក្យថា “ក្របីស៊ីស្រូវ បងមិនហ៊ានដេញ ក្របីដើរចេញ បងដេញឱ្យស្រីមើល” ឬ “ក្រពើក្នុងទឹក បងមិនហ៊ានចាប់ ក្រពើងាប់ស្រាប់ បងចាប់ឱ្យស្រីមើល” ឬទេ?

(៩) លន់ នល់ គ្រប់គ្រងទឹកដីតែ ១០% កាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ, រដ្ឋកម្ពុជា គ្រប់គ្រងទឹកដី ៩០% គេថាមិនស្របច្បាប់

នៅពេលដែល ខ្មែរក្រហមខ្លាំង គ្មានអ្នកណាមួយអើតក្បាលមកនិយាយទាក់ទងនឹងរឿងកាត់ទោសខ្មែរក្រហម ឬក៏ឈប់ទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិទេ។ មួយឆ្នាំៗ គេនាំគ្នាបោះឆ្នោតនៅអង្គការសហប្រ​ជា​ជាតិ។ ការបោះឆ្នោតនៅអង្គការសហប្រជាជាតិកើតឡើងនូវរឿងពីរខុសគ្នា។ កាលពីជំនាន់រដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ភាពជាតំណាងនៅអង្គការសហប្រជាជាតិត្រូវបាន(គេប្រគល់ឱ្យ)ពួក លន់ នល់ ដែលជាពួកធ្វើរដ្ឋប្រហារ​។ ពេលដែលពួក លន់ នល់ ខ្សោយទៅៗ រហូតគ្រប់គ្រងទឹកដីមិនដល់ប្រមាណ ១០% ពួក លន់ នល់ ក៏នៅតែកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ ដោយគេសំអាងថាពួក លន់ នល់ កាន់កាប់រដ្ឋធានី។ ដល់រដ្ឋកម្ពុជាកាន់កាប់ទឹកដីជាង ៩០% ​​​ក៏យើងនៅតែនៅក្រៅអង្គការសហប្រជាជាតិ។ គេថាយើងមិនស្របច្បាប់ទេ។ អញ្ចឹង(គេ)បកស្រាយ(ស្ថានការណ៍)ឱ្យត្រូវ(តែ)ជាមួយនឹងអ្វីដែលគេចង់បានប៉ុណ្ណោះ។ តើអ្នកក្លាយទៅជាអ្នកដែលយុត្តិធម៌ពីពេលណា/របៀបណា នៅពេលដែលអ្នកបញ្ចេញនូវជំហរបែបនេះ។

(១០) បើសិនជាខ្មែរក្រហមចូលរួមការបោះឆ្នោត និងមានអាសនៈក្នុងសភា តើអ្នកណាទទួលខុសត្រូវកាត់ទោសខ្មែរក្រហម?

ខ្ញុំមិនដឹងថាកាលពីម្សិលម្ង៉ៃ (ក្នុងពិធី)បើក បន្ទាប់ទៅជជែកពិភាក្សា តើបានដាក់សំណួរក្នុងចំណោមអ្នកស្រាវ​ជ្រាវ អ្នកសិក្សាថា៖ ប្រសិនបើខ្មែរក្រហមចូលរួមការបោះឆ្នោត មានគណបក្សនយោបាយត្រឹមត្រូវ និងមានអាសនៈក្នុងសភា តើអ្នកណាជាអ្នកទទួលខុសត្រូវលើការកាត់ទោសខ្មែរក្រហម? មានការដាក់ចេញជាសំណួរបែបនេះទេ? នេះយើងគួរតែ​​​អរគុណ ប៉ុល ពត ដែលបានដកខ្លួនចេញពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនចូលរួមបោះឆ្នោត។ ប៉ុល ពត បានសាងកំហុសខ្លួនឯងទើបផ្ដល់ឱកាសឱ្យយើងកម្ចាត់ខ្មែរក្រហម ទាំងអង្គការចាត់តាំងនយោបាយនិងយោធា តាមរយៈនយោបាយឈ្នះឈ្នះ មិនមែនតាមរយៈ អ៊ុនតាក់ នោះទេ។ ពេលដែល អ៊ុនតាក់ ដកចេញទៅ កម្ពុជានៅមានរដ្ឋាភិបាល ២ច្បាំងគ្នានៅឡើយ​។ ប៉ុន្តែ តាមរយៈនៃនយោបាយឈ្នះឈ្នះ(យើងបានធ្វើនូវអ្វីដែលអ៊ុនតាក់ធ្វើមិនបាន)។ ថ្ងៃនេះ (អតីត)មេខ្មែរក្រហមក៏មកដែរ។ ប៉ុន្តែ បើមិនមានមេខ្មែរក្រហម ​អ៊ី ឈាន និង សុខ ភាព បះបោរនាំទៅដល់ការដួលរលំរបស់ខ្មែរក្រហមទេ យើងក៏មិនដឹងទៅរកអ្នកណាបះ​បោរដើម្បីជំរុញចលនាទៅមុខនៃនយោយបាយឈ្នះឈ្នះរបស់យើងទេ។ ហ្នឹងជាចំណុចទី១។

(១១) កម្ពុជាបានបញ្ចប់សង្គ្រាមដោយភាគីខាងម្ខាងមកចុះចូលដល់ផ្ទះមេដឹកនាំម្ខាងទៀត

បើសិនជាខ្មែរក្រហមចូលរួមការបោះឆ្នោត មានបក្សនយោបាយត្រឹមត្រូវ មានកៅអីក្នុងសភា ដែលយ៉ាងហោចណាស់ខ្ញុំគិតថាខ្មែរក្រហមមានពីរឬបីកៅអីដែរ។ ប៉ៃលិនមួយកៅអីដែរ។ ដូច្នេះមានកៅអីនៅក្នុងសភា។ អញ្ចឹងតើអ្នកណាចេញមុខមកទាមទារកាត់ទោសខ្មែរក្រហម​? ប៉ុន្តែ នៅពេលដែល ប៉ុល ពត សាងកំហុសខ្លួនឯង ដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនចូលរួមបោះឆ្នោតនោះ យើងគួរតែអរគុណ ប៉ុល ពត ដែលផ្ដល់ឱកាសឱ្យយើងកម្ចាត់អង្គការតាំងនយោបាយ និងយោធារបស់ខ្មែរក្រហម។ អ្វីដែលគួរឱ្យចម្លែកទៅទៀត គឺរូបភាពនៅខាងក្រៅ គេបានឃើញមនុស្ស ៤នាក់អង្គុយជាប់នឹង ហ៊ុន សែន (ដែលអង្គុយ)កណ្ដាល, ខាងស្ដាំដៃ ខៀវ សំផន, ឆ្វេងដៃ នួន ជា, បន្តមកទៀត អៀង សារី។ ខៀវ សំផន ជាប្រមុខរដ្ឋនិងនាយករដ្ឋមន្ត្រី, នួន ជា គឺអតីតប្រធានរដ្ឋសភា និង អៀង សារី​ ជាអតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស។ គេបែរជាមកធ្វើបាបខ្ញុំ ធ្វើបាបអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ Boutros Boutros-Ghali។ នៅលើពិភពលោកតើមានរឿងនេះកើតឡើងហើយឬនៅ សម្រាប់ការបញ្ចប់សង្គ្រាមមួយដោយភាគីម្ខាងទៀតមកចុះចូលដល់ផ្ទះមេដឹកនាំម្ខាងទៀត? រឿងបែបនេះមិនទាន់មានទេ។ តែនៅកម្ពុជាបានមានរួចមកហើយ ប៉ុន្តែហេតុអីបានជាគេមកស្ដីបន្ទោសយើង ស្ដីបន្ទោសអតីតអគ្គលេខាធិការ​អង្គការសហប្រជាជាតិ Boutros Boutros-Ghali។

(១២) ទទួលយកការចុះចូលនៃមេដឹកនាំខ្មែរក្រហមដល់ផ្ទះដើម្បីជូនសារ ៣

ខ្ញុំបានឱ្យឧទ្ធម្ភាគចក្រទៅដឹកលោក ខៀវ សំផន, នួន ជា និងអ្នកដឹកនាំដទៃទៀត។ លោក ខៀវ សំផន គាត់មកទាំងប្រពន្ធ កូន កូនប្រសារនិងចៅ។ ខ្ញុំត្រូវមានសារ៣ ដើម្បីផ្ញើជូនចេញទៅក្រៅក្នុងការរៀបចំជំនួបបែបនេះនៅផ្ទះរបស់ខ្ញុំ។ ទី១ ខ្ញុំចង់ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថាសង្គ្រាមបានចប់ហើយ ដោយសារមេដឹកនាំថ្នាក់កំពូលៗបានចុះចូលដល់ផ្ទះរបស់នាយករដ្ឋមន្ត្រីហើយ។ ទី២ ខ្ញុំចង់ផ្ញើសារទៅកាន់កម្លាំងដែលនៅសេសសល់តិចតួចរបស់ខ្មែរក្រហមថាសូមបញ្ចប់ការប្រយុទ្ធព្រោះមេដឹកនាំរបស់អ្នកឯងបានមកចុះចូលដល់ផ្ទះរបស់ខ្ញុំហើយ​។ ទី៣ ខ្ញុំចង់ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថាសូមមកធ្វើទេសចរណ៍និងវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាបានបញ្ចប់សង្គ្រាមហើយ។ (ក្នុងស្ថានភាពនោះ) ប្រទេសមួយចំនួនបែរជាថាយើងចាប់ដៃជាមួយខ្មែរក្រហម។ បានខ្ញុំព្រលះទៅវិញ “អ្នកឯងកុំភ្លេចថា កាលពីមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស អ្នកឯងបានឱ្យខ្មែរក្រហមដើរលើព្រំក្រហម និងមាន Visa diplomatic ចូលប្រទេសអ្នកឯង។ តើអ្នកឯងថាម៉េចពេលហ្នឹង”។ លើការជាក់ស្ដែង ខ្មែរក្រហមដើរប្រជុំពេញពិភពលោក​ រាប់ទាំងប្រទេសជប៉ុន និយាយអញ្ចឹងតែម្តង … ឯកឧត្តម អៀង ម៉ូលី! យើងទៅប្រជុំចុះហត្ថលេខាបង្កើត SNC នៅទីក្រុងតូក្យូ។ ពេលហ្នឹង​ ខៀវ សំផន និងសុន សេន ធ្វើដំណើរទៅដោយមាន Visa Diplomatic ហើយជប់លៀងជាមួយគ្នា គ្រាន់តែចែកតុ ២ ទេតើកាលហ្នឹង។ ខ្ញុំសូមនិយាយរឿងហ្នឹងបន្តិចទៅចុះ រឿងវាកំប្លែងផង វាកម្សត់ផង បើយើងយកមកគិត។

(១៣) បរិយាយ ៤៨ម៉ោងជាវីដេអូ ចម្លងចេញជាសៀវភៅរួចហើយ ប៉ុន្តែ ១០ឆ្នាំទៀត ទើបឱ្យ​ផ្សាយ

ទៅ កូត្យូ ជំនាន់អតីតនាយករដ្ឋមន្ត្រី Toshiki Kaifu និងរដ្ឋមន្រ្តីការបទេស Taro Nakayama ដោយគណៈប្រ​តិភូរដ្ឋកម្ពុជាមាន ៦នាក់ មានរូបខ្ញុំ សម្តេចពិជ័យ ទៀ បាញ់ ឯកឧត្តម ហោ ណាំហុង … ចម ប្រសិទ្ធ អ្នកជំនួយការទេ ប៉ុន្តែហៅតែអ្នកចរចាធំៗ ខាងត្រីភាគីព្រះករុណាបិតា សម្តេចក្រុងព្រះនរោត្តម រណឫទ្ធិ ខាងភាគីរណសិរ្សរំ​ដោះជាតិខ្មែរមានសម្តេច សឺន សាន និងឯកឧត្តម អៀង ម៉ូលី ហើយខាងខ្មែរក្រហមមាន ខៀវ សំផន និង សុន សេន។ ពិធីជប់លៀងប្រារព្ធនៅក្នុងបន្ទប់តែមួយ ប៉ុន្តែត្រូវមានតុ ២។ ពេលហ្នឹងអត់ទាន់ត្រូវគ្នា។ តុមួយដាក់គណៈប្រតិភូរបស់ខ្ញុំ តុមួយទៀតដាក់គណៈប្រតិភូដឹកនាំដោយសម្តេច ព្រះករុណាបិតា ហៅថា សម្តេចព្រះនរោត្តម សីហនុ។ មុខម្ហូបមាន ៦មុខ។ ៣មុខដំបូង រដ្ឋមន្ត្រីការបរទេស Nakayama ត្រូវនៅរួមតុជាមួយត្រីភាគី។ អនុរដ្ឋមន្ត្រីការបរទេស (Hisashi) Owada មកនៅតុជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់រដ្ឋកម្ពុជា។ ផុតអស់ម្ហូប ៣មុខ គេត្រូវដូរគ្នាម្តង។ រដ្ឋមន្ត្រីការបរទេស Nakayama ចេញពីតុត្រីភាគី ទៅកាន់តុជាមួយ ហ៊ុន សែន ហើយ Owada ចេញពីតុ ហ៊ុន សែន មករួមតុជាមួយត្រីភាគី។ ដល់ប៉ុណ្ណឹង។ (ដែល)ខ្ញុំនិយាយ(នេះ គឺ)ក្រែងលោអស់ពីខ្ញុំទៅ មិនមានអ្នកណានិយាយ។ រឿងពិតវាអញ្ចឹង។ ខ្ញុំបាននិយាយ ៤៨ម៉ោងក្នុងវីដេអូរួចហើយៗ បានចម្លងចេញជាសៀវភៅ(រួចហើយទៀតផង)។ ប៉ុន្តែ ១០ឆ្នាំទៀត (ទើប)បានឱ្យ​ផ្សាយ។ ខ្ញុំនឹងធ្វើបន្ថែមទៀតនូវអ្វីដែលជាប្រធានបទខ្លះ ដែលខ្ញុំគួរតែនិយាយ។ ថ្ងៃនេះ ដែលខ្ញុំបានលើករឿងអស់ទាំងនេះ(មកនិយាយ) វីដេអូនេះក៏គួរតែត្រូវរក្សាទុកឱ្យបានល្អ (ដើម្បី)ថ្ងៃក្រោយទៅ កុំឱ្យបាត់បង់រឿងជាក់ស្តែងអញ្ចឹងៗ។ មានតែអ្នកប្រឡូកលើការជាក់ស្ដែង​ប៉ុណ្ណោះ ទើបដឹងរឿងពិតថាយ៉ាងម៉េច។

(១៤) “សុខចិត្តឱ្យតុលាការកូនកាត់បរាជ័យ តែមិនសុខចិត្តឱ្យប្រទេសមានសង្គ្រាមឡើងវិញ”

រឿងមួយទៀត គឺការបង្ខិតបង្ខំឱ្យកាត់ទោសដោយគ្មានគិតគូរពីផលវិបាកដែលនឹងកើតឡើង។ ខ្ញុំគួរតែចែករំលែករឿងនេះនៅថ្ងៃនេះ។ កុំថាខ្ញុំជះឥទ្ធិពលលើតុលាការ។ អត់ទេ។ ខ្ញុំត្រូវតែបញ្ជាក់ប្រាប់ពិភពលោកថា ខ្ញុំបាននិយាយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ពេលដែលគាត់មកទស្សនកិច្ចនៅកម្ពុជាលើកដំបូង (មានការ)ត្រួតពលដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន នៅវិមានសន្តិភាព។ ក្នុងការចរចា បាន គីមូន បានលើកពីវិធាននៃការពង្រីកការចោទប្រកាន់ ០០១, ០០២, ០០៣, ០០៤ (ដែលការពង្រីកដូចហ្នឹង នឹងធ្វើឱ្យការ)កាត់ទោស(មានសភាព)រាយប៉ាយ។ ខ្ញុំប្រាប់ឯកឧត្តម បាន គីមូន ថា “ឯកឧត្តម ខ្ញុំសុខចិត្តឱ្យតុលាការបរា​ជ័យ តែខ្ញុំមិនសុខចិត្តឱ្យប្រទេសខ្ញុំមានសង្គ្រាមឡើងវិញទេ”។ ពេលនោះ ក្រៅពីការចោទប្រកាន់មេដឹកនាំកម្ពុជា មានសម្តេចព្រះនរោត្តម សីហនុ, ឯកឧត្តម គាត ឈន់, ឯកឧត្តម ហោ ណាំហុង, សម្តេច ជា ស៊ីម, សម្ដេច ហេង សំរិន, ឯកឧត្តម អ៊ុក ប៊ុនឈឿន, ឯកឧត្តម ស៊ីម កា ចំនួន ៧រូប ក៏នៅមានរឿងដែលត្រូវចោទប្រកាន់តាមលំដាប់លេខរៀងរបស់គេទៀត ដែលពាក់ព័ន្ធអាចទៅដល់កងពល ដល់មេឃុំ មេតំបន់ ដល់មេស្រុក មេអី ពាសវាលពាសកាល។ នៅពេលចរចានោះ ខ្ញុំថា “អត់ទេ! ឯកឧត្តម គិតមើលទៅ? កាត់ទោសមនុស្ស ២០ ឬ ៣០នាក់ ថាអញ្ចឹងចុះ រួចហើយស្រាប់តែសង្គ្រាមផ្ទុះ ងាប់មនុស្សរាប់ម៉ឺននាក់ទៀត។ អ្នកណាជាអ្នកទទួលខុសត្រូវ? គ្មាននយោបាយឈ្នះឈ្នះលើកទី ២ទេ ឯកឧត្តម។

(១៥) ការកាត់ទោសខ្មែរក្រហម ឆ្លងកាត់អគ្គលេខាធិការអង្គការសហប្រជាជាតិ ៣នាក់

ខ្ញុំបានយកក្បាលទៅដូរយកសន្តិភាពដើម្បីប្រទេសនេះ។ អញ្ចឹងខ្ញុំមិនឱ្យរបូតទេ។ ខ្ញុំសុខចិត្តឱ្យតុលាការកូនកាត់បរាជ័យ តែខ្ញុំមិនឱ្យប្រទេសខ្ញុំកើតសង្គ្រាមទេ។ ពេលនោះ បើសិនអង្គការសហប្រជាជាតិបង្ខំ(តាមគំនិតពង្រីកការចោទប្រកាន់) តុលាការនេះនឹងបរាជ័យ។ ខ្ញុំមិនដឹងថា លោកជំទាវ (Alice Wairimu Nderitu អគ្គលេខាធិការរង និងជាទីប្រឹក្សាពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍) តំ​ណាងឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិបានដឹងរឿងហ្នឹងឬអត់? ប៉ុន្តែប្រហែលឯកឧត្តម បាន គីមូន មិនបានចែករំលែកទេ។ ឯកឧត្តម បាន គីមូន គាត់នៅរស់ទេ។ គាត់នៅកូរ៉េខាងត្បូង។ ដូចជាកាលពីខែមេសាកន្លងទៅនេះ (យើង)បានជួបគ្នា ដោយសារតែគាត់ក៏ទៅប្រជុំនៅ BOAO Forum ដែរ។ រឿងកាត់ទោសខ្មែរក្រហមនេះ ឆ្លងកាត់អគ្គលេខាធិការអង្គការសហប្រជាជាតិរហូតដល់ ៣(នាក់) តាំងពី កូហ្វី អាណាន់ ធ្លាក់ដល់ បាន គីមូន ធ្លាក់ដល់ អាន់តូនីញ៉ូ ហ្គូទែរ៉េស (António Manuel de Oliveira Guterres) ៣នាក់ … ខ្ញុំភ្លេចនិយាយ … ក្រៅពីរិះគន់ខ្ញុំ គេរិះគន់ ប៊ូតូ្រសកាលី ដោយសារអី?

(១៦) កិច្ចព្រមព្រៀងទីក្រុងប៉ារីស ចុះហត្ថលេខាក្នុងអាណត្តិ Javier Pérez de Cuéllar និងអនុវត្តក្នុងអាណត្តិ Boutros Boutros-Ghali

ខ្ញុំសូមជម្រាប ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ បានឆ្លងកាត់អគ្គលេខាធិការអង្គការសហប្រជាជាតិរហូត​ដល់ទៅ ២។ ការចុះហត្ថលេខា(កិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅក្នុងអាណត្តិរបស់លោក) Javier Pérez de Cuéllar។ ដល់ពេលអនុវត្តកិច្ចព្រមព្រៀង គឺ(ក្នុងអាណត្តិរបស់) Boutros Boutros-Ghali។ លោក Boutros Boutros-Ghali ធ្លាប់បានមកក្រុងភ្នំពេញ។ គាត់ស្គាល់ ខៀវ សំផន សុន សេន ប៉ុន្តែ សុន សេន បានត្រូវ ប៉ុល ពត សម្លាប់។ នៅសល់ ខៀវ សំផន។ ពេលដែល ខៀវ សំផន មក (យើងបាន)យកគាត់ទៅដាក់សណ្ឋាគារកងទ័ព។ Boutros Boutros-Ghali លី ក៏ទៅសណ្ឋាគារនៅកន្លែងទ័ព ដែលឥឡូវជាសណ្ឋាគារ សូហ្វីតែល។ ខៀវ សំផន ក៏នៅទីហ្នឹង Boutros Boutros-Ghali ក៏នៅទីហ្នឹង។ Boutros Boutros-Ghali ធ្វើជាអគ្គលេខាធិការ ហ្វ្រង់កូហ្វូនី​។ គាត់ឈប់ធ្វើអគ្គលេខាធិកាអង្គការសហប្រជាជាតិហើយ។ គ្រាន់តែចាប់ដៃនិយាយគ្នា ក៏គេទិតៀន Boutros Boutros-Ghali ដែរ។ ប៉ុន្តែ ខ្ញុំនៅចាំ កាលពី Boutros Boutros-Ghali នៅធ្វើអគ្គលេខាធិកាអង្គការសហប្រជាជាតិ ហើយប្រជុំនៅព្រះរាជវាំង ដែលពេលហ្នឹងត្រៀមរៀបចំការបោះឆ្នោត ខៀវ សំផន ថាមិនចាំបាច់បោះឆ្នោតអីទេ ព្រោះសហគមន៍អន្តរជាតិមិនទទួលស្គាល់។ Boutros Boutros-Ghali សួរថា “សហគមន៍អន្តរជាតិនៅឯណា? សហគមន៍អន្តរជាតិនៅនឹងមាត់ឯកឧត្តមតើ។”

(១៧) បើពង្រាយការចោទប្រកាន់ ការកាត់ទោសនឹងមិនអាចចប់បាន

យ៉ាងណាក្តី មនុស្សបានស្គាល់គ្នាអញ្ចឹង។ គ្រាន់តែ Boutros Boutros-Ghali ជួប ខៀវ សំផន ក៏មិនបាន? ហ្នឹងគេហៅថាភាពជ្រុល។ ធ្លាប់គាំទ្រខ្មែរក្រហមឱ្យវាយយើង គាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ដល់ទៅពេលខ្មែរក្រហមខ្សោយ ចាប់សង្កត់កយកតាមចិត្ត។ ខ្ញុំសូមបញ្ជាក់ បើសិនជាកុំមានការរារាំងពីខ្ញុំ ដំណើរការកាត់ក្តីនេះមិនដឹងជាពង្រាយ(ការចោទប្រកាន់ទៅ)មនុស្សប៉ុន្មាន(នាក់ទេ)។ ចុះពីកន្លែងមួយទៅកន្លែងមួយ គឺនឹងកាត់អត់ចប់ទេ។ ពិភពលោកចាំតែរកលុយទៅ។ ប៉ុន្តែខ្ញុំបានបញ្ជាក់ប្រាប់ បាន គីមូន ច្បាស់។ ឥឡូវ អ្នកខ្លះអាច(ទាក់ទងសុំ)សម្ភាសលោក បាន គីមូន។ កំណត់ហេតុអាចនៅមាន ជាពិសេសគឺអ្នកនៅសាលាក្តីខ្មែរក្រហម តំណាងឱ្យមន្ត្រីសាលាក្តីខ្មែរក្រហមអាចបានដឹងរឿងនេះ។ ខ្ញុំក៏គួរតែបញ្ជាក់បន្តិចផងដែរ នៅពេលបន្តិចទៀតនេះ ទាក់ទិនជាមួយនឹងរូបមន្តខ្លះ ដែលខ្ញុំហៅថា រូបមន្ត John Kerry ដែលក្រោយមកធ្វើជាបេក្ខជនប្រធានាធិបតីរបស់អាមេរិក ហើយក៏ធ្វើរដ្ឋមន្ត្រីការបរទេសជំនាន់ អូបាម៉ា។ ខ្ញុំនឹងនិយាយដល់រឿងនេះបន្តិចទៀត។

[បញ្ចប់សេចក្តីអធិប្បាយ៣]

ជាការពិត ខ្ញុំជាអ្នកស្នើឱ្យមានការបង្កើតសាលាក្តីកូនកាត់មួយនេះ ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ ហើយតុលាការនេះ ត្រូវបានបង្កើតឡើងដោយច្បាប់របស់កម្ពុជា នៅឆ្នាំ២០០១។ ដំណើរការកាត់ក្តីបានចាប់ផ្តើមនៅឆ្នាំ២០០៦ ហើយនៅឆ្នាំ២០២២ អង្គជំនុំជម្រះកំពូលនៃសាលាក្តីខ្មែរក្រហម បានចេញសាលដីការបស់ខ្លួន ដោយតម្កល់ការផ្តន្ទាទោសអស់មួយជីវិតដល់អតីតប្រមុខរដ្ឋខ្មែរក្រហម ពីបទប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ។ សាលដីកានេះ បាននាំមកនូវយុត្តិធម៌ ជូនដល់ប្រជាជនកម្ពុជា ដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីឧក្រិដ្ឋកម្មនេះ ព្រមទាំងបង្ហាញឱ្យពិភពលោកទាំងមូល ឃើញពីការពិតជាប្រវត្តិសាស្រ្តនេះ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]

(១៨) រៀបចំដំណើរការកាត់ទោសដែលកម្ពុជាត្រូវធ្វើម្ចាស់ ដោយច្បាប់របស់កម្ពុជា ដំណើរការក្តីក្នុងតុលាការកម្ពុជា

គំនិតផ្តួចផ្តើមឱ្យមានការកាត់ទោសខ្មែរក្រហមតាមរបៀបកូនកាត់នេះ បានឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងច្រើន។ ខ្លះថាត្រូវយកតាមរូបមន្តអាហ្វ្រិកខាងត្បូង របស់លោកបណ្ឌិត ដេសម៉ុន្ត ទូទូ (Desmond Tutu) អំពីភាពអនុគ្រោះផ្នែកណានោះ (យោងតាមភាពជាក់ស្តែងនៃ)របប អាបាថាយ (Apartheid)។ យើងថាមិនអាចធ្វើទៅរួចតាមរបៀបនោះទេ។ អញ្ចឹងទេ យើងជាអ្នកដាក់ចេញនូវសំណើអំពីការសាកល្បងរៀបចំដំណើរការកាត់ទោស ដែលកម្ពុជាត្រូវធ្វើម្ចាស់ ដោយច្បាប់របស់កម្ពុជា ដំណើរការក្តីនៅក្នុងតុលាការកម្ពុជា។ អញ្ចឹង យើងគួររំលេចនូវរូបមន្តរបស់ John Kerry … លោក John Kerry បានប្រឹងប្រែងលើកិច្ចការនេះ។ ក្នុងពេលដែលខ្ញុំធ្វើដំ​ណើរ​ទៅ ឡាហាវ៉ាន/គុយបា ដើម្បីចូលរួមប្រជុំ គាត់ក៏បានធ្វើដំណើរចេញពីអាមេរិកទៅជួបខ្ញុំនៅ ឡាហាវ៉ាន។

(១៩) រៀបចំតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមតាមច្បាប់របស់កម្ពុជាផង ស៊ីសង្វាក់ជាមួយកិច្ចព្រមព្រៀងដែលនឹងត្រូវអនុម័តដោយក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិផង

បន្ទាប់ទៅ ពេលដែលប្រធានាធិបតី គ្លីនតុន ធ្វើទស្សនកិច្ចនៅវៀតណាមឆ្នាំ២០០០ លោក John Kerry បានអមដំណើរ គ្លីនតុន មកទស្សនកិច្ចនៅវៀតណាម ដោយសារតែធ្លាប់ជាអ្នកចូលរួមចម្បាំងនៅប្រ​ទេស​វៀតណាម ហើយក៏ជាអតីតឈ្លើយសឹករបស់វៀតណាម។ គាត់បានឆ្លៀតធ្វើដំណើរមកកាន់ទីក្រុងភ្នំ​ពេញ និងបានទៅជួបខ្ញុំនៅផ្ទះនៅវិមានឯករាជ្យ។ តើជារូបមន្តអី? គឺរូបមន្ត Supermajority។ មិនយកសំឡេង ២ភាគ៣ មកប្រើទេ។ រូបមន្ត Supermajority វាលើសអា ២ភាគ៣។ អញ្ចឹង កុំឱ្យភាគីណាមួយប្រើសិទ្ធិជំទាស់បាន ឬក៏អនុម័តដោយឯកឯងដោយគ្មានការរាំងខ្ទប់ គឺត្រូវប្រើប្រាស់រូបមន្តនេះ។ ជារូបមន្តវ័យឆ្លាត។ យើងក៏ទទួលយក។ ពេលនោះ ដោយមានការមិនច្បាស់លាស់មួយចំនួន ឯកឧត្តម អូវ៉ាដា ក៏បានធ្វើដំណើរមកទៀត។ តាមរយៈនោះ ខ្ញុំក៏បានជួបតាមទូរស័ព្ទជាមួយ Kofi Annan ធ្វើការពិគ្រោះយោបល់លើការរៀបចំតាមច្បាប់របស់កម្ពុជាផង និងដើម្បីស៊ីសង្វាក់ជាមួយកិច្ចព្រមព្រៀងដែលនឹងត្រូវអនុម័តដោយក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិផង។ ពេញមួយដំណើរការក្ដី គឺយើងបានធ្វើកិច្ចការនេះ។

(២០) សម្ដេចវិបុលបញ្ញា សុខ អាន និងសហការីជាបណ្ឌិតច្បាប់ បានទទួលខុសត្រូវរៀបចំគ្រប់សម្រេច

យើងគួរតែរំលឹកទៅដល់សម្ដេចវិបុលបញ្ញា សុខ អាន ដែលគាត់បានជួយខ្ញុំលើរឿងនេះ ព្រមជាមួយសហការីរបស់គាត់ជាបណ្ឌិតច្បាប់ ឥឡូវជារដ្ឋលេខាធិការគណៈរដ្ឋមន្ដ្រី ដែលបានទទួលធ្វើកិច្ចការនេះយ៉ាងច្រើន។ សម្ដេចវិបុលបញ្ញា សុខ អាន បានទទួលខុសត្រូវចំពោះមុខខ្ញុំលើអ្វីទាំង​ឡាយ ហើយរៀបចំឱ្យខ្ញុំ មុនការសម្រេចមួយៗ។ លើការសម្រេចអស់ទាំងនេះ ខ្ញុំមើលទាំងតួអក្សរមួយៗ ព្រោះមិនអាចខ្ជីខ្ជាបានទេ។ ការខ្ជីខ្ជានឹងអាចឈានទៅដល់មហន្ដរាយសង្គ្រាមឡើងវិញនៅកម្ពុជា ដោយសារតែម្ដងទៅក៏គាំទ្រខ្មែរក្រហម ដល់ម្ដងទៀតក៏ទាមទារកាត់ទោស ហើយកាត់ដោយមិនគិតដល់ឫសគល់នៃបញ្ហា។ កុំថាអ្នកណារួចខ្លួន។ យើងទាំងអស់គ្នាជាចំណាប់ខ្មាំងសង្គ្រាម។ បើមិននៅខាង លន់ នល់ ទេគឺនៅខាងតំបន់រំដោះ។ គ្រប់តួអង្គពាក់ព័ន្ធ ត្រូវតែបម្រើទាំងសងខាង។ ពេលខ្មែរក្រហមគ្រប់គ្រងគឺខ្មែរក្រហមប្រើទាំងអស់គ្នាហ្នឹង។ ត្រូវតែស្រែកថា “ជយោ! កម្ពុជា ប្រជាធិបតេយ្យ”។ បើមិនស្រែកទេ គេសម្លាប់ចោល។ អ្នកដែលមិនស្គាល់ពីកម្ពុជាក៏ចេះតែបណ្ដោយឱ្យគេអូសកម្ពុជា​ទៅលិចក៏ទៅ ទៅកើតក៏ទៅ …។

(២១) បានសម្រេចគោលដៅផ្ដួលរំលំ, ទប់ស្កាត់, រំលាយអង្គការចាត់តាំង ប៉ុល ពត នាំមកនូវសន្ដិភាព និងចុងក្រោយគឺសាលក្រមដែលផ្ដល់យុត្ដិធម៌ឱ្យប្រជាជនកម្ពុជា

ខ្ញុំសូមបញ្ជាក់ថា សាលដីកាដែលនាំមកនូវយុត្ដិធម៌ វាក៏បានជួយឱ្យខ្ញុំដកខ្លួនពីអំណាចនាយករដ្ឋមន្ដ្រី។ (មានន័យថា)ខ្ញុំបានដើរដល់គោលដៅរបស់ខ្ញុំ គឺផ្ដួលរំលំ ប៉ុល ពត ទប់ស្កាត់ ប៉ុល ពត រំលាយអង្គការចាត់តាំង ប៉ុល ពត នាំមកនូវសន្ដិភាព ហើយចុងក្រោយសាលក្រមដែលបានចេញផ្ដល់យុត្ដិធម៌ឱ្យប្រជាជនកម្ពុជា។ ពីយុវជនអាយុ ២៥ ឆ្នាំម្នាក់ ដឹកនាំចលនាតស៊ូ ហើយទទួលរងការប្រមាថ ការឈឺចាប់ នៅពេលដែលខ្លួនធ្វើជារដ្ឋមន្ដ្រីការបរទេស នា​យករដ្ឋមន្ដ្រី ដោយត្រូវគេដាក់ទណ្ឌកម្ម គេគាំទ្រខ្មែរក្រហមឱ្យវាយយើង មកដល់ពេលដែលសាលក្រមនេះ បានចេញមក ខ្ញុំបានគិតថា អ្វីដែលជាគោលដៅ ខ្ញុំបានសម្រេចហើយ។ ពិតមែនហើយ ប្រធានបទសេដ្ឋកិច្ច វាជារឿងធំដែលនាំប្រទេសចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់ ប៉ុន្ដែក្មេងជំនាន់ក្រោយអាចធ្វើបានហើយ។ ឆ្នាំ២០២២ រហូតជិតបោះឆ្នោតឆ្នាំ២០២៣ ហើយ ខ្ញុំសម្រុកធ្វើឱ្យហើយនូវបញ្ជីឈ្មោះនាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីថ្មីៗ …។

(២២) ច្បាប់ដាក់ទោសអ្នកនិយាយមិនពិតពីរបបប្រល័យពូជសាសន៍នៅកម្ពុជា នឹងជួយសម្រួលការសរសេរនិងការអប់រំប្រវត្តិសាស្ត្រ

ការសម្រេចគោលដៅមួយៗ មិនមែនរឿងតូចទេ … សូមឱ្យអ្នកច្បាប់ទាំងឡាយពិចារណារួមគ្នា តើគួរមានច្បាប់កំណត់(ពីការមានទោសកំហុសពីការពោលខុសពីការពិតស្តីពីអំពើប្រល័យពូជសាសន៍ឬទេ) ដើម្បីបញ្ជាក់និងងាយស្រួលសរសេរប្រវត្ដិសាស្ដ្រទុកឱ្យក្មេងរៀន។ យើងថាទប់ស្កាត់របបប្រល័យពូជសាសន៍តាមរយៈការអប់រំមិនអញ្ចឹង។ បើតាមរយៈការអប់រំ មិនត្រូវសរសេរប្រវតិ្ដសាស្ដ្រឱ្យក្មេងរៀន? ចុះបើក្មេងកំពុងតែរៀន (មនុស្ស)មួយចំនួនវាថារឿងហ្នឹងមិនមែនអញ្ចឹងទេ (វានឹងបង្កភាពច្របូកច្របល់ដូចម្តេច?)។ ឥឡូវ អ្នកនយោបាយនៅស្រុកខ្មែរអាក្រក់អញ្ចឹង។ អញ្ចឹង មានតែវិធីដាក់ច្បាប់ទេ។ បើអ្នកឯងថា “នៅកម្ពុជាអត់មានរបបប្រល័យពូជ សាសន៍” តើត្រូវជាប់ទោសដូចម្តេច ត្រូវផាកពិន័យប៉ុន្មាន។ គួរធ្វើ។ ឥឡូវប្រគល់ឱ្យរដ្ឋមន្ដ្រីយុត្ដិធម៌ទៅ។ ខ្ញុំមិនមែននាយករដ្ឋមន្ដ្រីទេ ប៉ុន្ដែខ្ញុំមានសិទ្ធិប្រគល់។ មិនមែនខ្ញុំបំពានអំណាចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ទេ។ ខ្ញុំគ្រាន់តែជាឪរបស់នាយករដ្ឋមន្ដ្រី ខ្ញុំមានសិទ្ធិបញ្ជា។ ពិចារណាទៅ។ (មានច្បាប់)ហ្នឹងបានយើងស្រួលសរសេរប្រវត្ដិសាស្ដ្រ។ ច្បាប់នឹងត្រូវតែជាច្បាប់អង្គការទៅទៀត គឺ២/៣ បានកែបាន។ កុំឱ្យឡើងមកចេះតែកែបាន(តាមចិត្ត)។ យើងត្រូវដាក់ជាសៀវភៅប្រវត្ដិសាស្ដ្រ។ អញ្ចឹងទៅជាច្បាប់អង្គការ ២/៣ កុំឱ្យ ៥០ បូក ១ វាស្រួលកែ។ លេង ២/៣ តែម្ដង។ កែមិនបាន ទៅរកឯណា ២/៣ មានតែមួយពេលទេ គណបក្សប្រជាជនឆ្នាំ២០០៨ មាន ៩០ អាសនៈ ជាង ២/៣។ តែ ៥០ បូក ១ ពីមុនតែ ៦៨អាសនៈ ៧៣អាសនៈ ក្នុងពេលដែលប្រើប្រព័ន្ធ ២/៣ ពិបាកចង់ស្លាប់។ ដល់កែពី ៥០ បូក ១ បែរជាឯងទទួលអាសនៈ ២/៣ ទៅវិញ។ វាទៅជាអញ្ចេះ។ ឥឡូវទាន់យើងមាន អាសនៈ ២/៣ក្នុងសភា ដាក់ច្បាប់ហ្នឹងដោយសំឡេង ២/៣ បានយកជាការ។ ខ្ញុំថាគួរតែធ្វើហើយ ដើម្បីកុំឱ្យមនុស្សមួយចំនួនចេចចាច។ អ្នកខ្លះហ៊ានថ្កោលទោសខ្មែរក្រហម ហ៊ាននិយាយពីការលំបាកជំនាន់ ប៉ុល ពត ដល់តែចូលទៅបក្សនយោបាយមួយទៀត លែងហ៊ាននិយាយដល់ខ្មែរក្រហម។ ហ្នឹងវាយ៉ាងម៉េច?

[បញ្ចប់សេចក្ដីអធិប្បាយ៤]

ទី៣. ខ្ញុំចង់គូសរំលេចពីសារៈសំខាន់ នៃការជំរុញ «វប្បធម៌សន្ទនា» នៅក្នុងវប្បធម៌នយោបាយរបស់កម្ពុជា ដោយសារតែប្រទេសយើងបានឆ្លងកាត់វដ្តនៃអំពើហិង្សាដ៏សាហាវយង់ឃ្នង ការផ្លាស់ប្តូររបបជាញឹកញាប់ដោយមធ្យោបាយមិនប្រជាធិបតេយ្យ និងការសងសឹកឥតឈប់ឈរ ដូចមានពាក្យខ្មែរមួយឃ្លាពោលថា «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។

ដោយផ្អែកលើ «វប្បធម៌សន្ទនា» ខ្ញុំបានចាប់ផ្តើមចរចាស្វែងរកសន្តិភាពជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ហើយក្រោយមក ខ្ញុំបានចរចាជាមួយភាគីផ្សេងទៀតរបស់ខ្មែរក្រហម ដើម្បីសម្រេចគោលបំណងនៃ «នយោបាយឈ្នះ-ឈ្នះ»។ រហូតដល់ក្រោយពេលដែលកម្ពុជាបានទទួលសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨ ក៏ខ្ញុំនៅតែបន្តអនុវត្ត «វប្បធម៌សន្ទនា» ជាមួយគណបក្សនយោបាយផ្សេងៗ ដើម្បីបង្កើតភាពសុខដុម, ពង្រឹងឯកភាពជាតិ, និងបណ្តុះលទ្ធិប្រជាធិបតេយ្យ។ គំនិតផ្តួចផ្តើមដើម្បីបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ក៏ផ្អែកលើស្មារតីនៃ «វប្បធម៌សន្ទនា» ផងដែរ។ ការបង្កើត «វប្បធម៌សន្ទនា» គឺមានសង្គតិភាពជាមួយនឹងការជំរុញលទ្ធិប្រជាធិបតេយ្យសេរី-ពហុបក្ស ដោយគោរពគោលការណ៍នីតិរដ្ឋ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ លទ្ធិប្រជាធិបតេយ្យ គឺជារបបគ្រប់គ្រង ដែលគោរពភាពចម្រុះ និងផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការដោះស្រាយ និងការគ្រប់គ្រងការខ្វែងគំនិតនយោបាយ ដោយប្រើសន្លឹកឆ្នោត ជាជាងគ្រាប់កាំភ្លើង។ បច្ចុប្បន្ននេះ កម្ពុជាពិតជាមានគណបក្សនយោបាយច្រើន ប៉ុន្តែកម្ពុជាលែងមានក្រុមប្រដាប់អាវុធច្រើនទៀតហើយ។ អ្វីដែលសំខាន់ផងដែរនោះគឺអំពើហិង្សាក្នុងពេលបោះឆ្នោតបានរលាយសាបសូន្យតែម្តង ពីឆាកនយោបាយកម្ពុជា បន្ទាប់ពីការសម្រេចជោគជ័យ នៃ «នយោបាយឈ្នះ-ឈ្នះ»។ នេះជាតថភាពប្រវត្តិសាស្ត្រនៃនយោបាយកម្ពុជា ដែលបង្ហាញពីភាពចាស់ទុំ និងការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស។

យ៉ាងណាក្តី ខ្ញុំពិតជាមិនអាចអនុវត្ត «វប្បធម៌សន្ទនា» ជាមួយអ្នកនយោបាយក្បត់ជាតិ ដែលបានវាយប្រហារលើរូបខ្ញុំ និងក្រុមគ្រួសារខ្ញុំឥតឈប់ឈរ ទោះបីជាខ្ញុំធ្លាប់សុខចិត្តទទួលជួបអ្នកនយោបាយជ្រុលនិយមនេះ ក្នុងមនោសញ្ចេតនាជាមហាគ្រួសារខ្មែរក៏ដោយ។ ជនម្នាក់នេះ នៅតែចិញ្ចឹមចិត្តកម្ចាត់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពោលគឺ នៅតែប្រកាន់ខ្ជាប់មនោគមវិជ្ជា និងវប្បធម៌នយោបាយជ្រុលនិយម និងហិង្សានិយម ដែលគ្មានខុសអ្វីពីមនោគមវិជ្ជាហិង្សាបង្ហូរឈាមពីអតីតកាលនោះឡើយ។

ទី៤. សន្តិភាពនៅកម្ពុជា មិនមែនជាទ្រព្យដែលធ្លាក់មកពីលើមេឃនោះទេ។ សន្តិភាព គឺជាសមិទ្ធផលដែលយើងសម្រេចបាន ដោយលំបាកបំផុត ដោយឆ្លងកាត់ការតស៊ូ ការចរចាយ៉ាងតានតឹងជាច្រើនឆ្នាំ ប្រកបដោយបញ្ញាញាណ ការប្តេជ្ញាចិត្តមោះមុត ការអត់ធ្មត់ ការទប់ទល់នឹងខ្មែរគ្នាឯងផង និងការទប់ទល់តតាំងនឹងប្រទេសមហាអំណាចតូច-ធំផង។ ខ្ញុំសូមរំលឹកថា ជាមួយលទ្ធផលវិជ្ជមានជាច្រើនដែលសម្រេចបាននោះ UNTAC បានចាកចេញពីកម្ពុជា នៅឆ្នាំ១៩៩៣ ដោយមិនបានសម្រេចបេសកកម្មរបស់ខ្លួនទាំងស្រុងនោះទេ។ សន្តិភាពពេញលេញ ដែលជាគោលដៅចម្បងបំផុតនៃកិច្ចព្រមព្រៀងប៉ារីស មិនត្រូវបានសម្រេចនោះឡើយ។ UNTAC បានចាកចេញពីកម្ពុជា ដោយបន្សល់ទុកនូវតំបន់ត្រួតត្រា ២និងរដ្ឋាភិបាល ២។ កម្ពុជា បានស្ថិតនៅក្នុងស្ថានភាពស្បែកខ្លាដោយមានតំបន់គ្រប់គ្រងដោយខ្មែរក្រហម ហើយជម្លោះប្រដាប់អាវុធនិងអសន្តិសុខនៅបន្តមានក្នុងប្រទេស​។

ខ្ញុំត្រូវប្រឹងប្រែងរួមគ្នាជាមួយសហការីដ៏ជិតស្និទ្ធមួយចំនួន ដើម្បីសម្រេចបាននូវសន្តិភាពពេញលេញនេះ ជា​មួយ​នឹងការសម្រេចបាននូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨ តាមរយៈ «នយោ​បាយឈ្នះ-ឈ្នះ»។ មកដល់ពេលនេះ យើងមានសន្តិភាពជាង ២៥ ឆ្នាំហើយ។ សន្តិភាពនេះ បានអនុញ្ញាតឱ្យយើងប្រមូលធនធានគ្រប់យ៉ាង និងប្រមូលការប្រឹងប្រែងរបស់ប្រជាជាតិទាំងមូល ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ។ ដោយហេតុនេះ យើងទាំងអស់គ្នាត្រូវរួមគ្នា អរគុណសន្តិភាព និងការពារសន្តិភាព នេះ ឱ្យស្ថិតស្ថេរគង់វង្ស ដោយមិនអនុញ្ញាតឱ្យមានការបំផុសបំផុលគំនិត ឬចលនាជ្រុលនិយម ដែលនាំដល់ការបំបែកបំបាក់ និងការបង្កគ្រោះថ្នាក់ដល់ភាពស្ថិតស្ថេរ នៃសន្តិភាព ស្ថិរភាព និងភាពសុខដុម នៃសង្គមជាតិយើងនោះឡើយ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]

(២៣) ការការពារសន្ដិភាព និងការបង្ការកុំឱ្យមានការដណ្តើមអំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យ នឹងបញ្ចៀសបានសង្គ្រាម អំពើប្រល័យពូជសាសន៍

មធ្យោបាយការពារកុំឱ្យមានរបបប្រល័យពូជសាសន៍ ដំបូងបំផុតគឺត្រូវការពារសន្ដិភាពឱ្យបាន។ បើការពារសន្ដិភាពបានហើយ មិនចាំបាច់ព្រួយបារម្ភពីរឿងមានអំពើប្រល័យពូជសាសន៍ទេ។ ខ្ញុំគិតថាក៏ត្រូវមានទៅជាមួយគ្នា(ការបង្ការកុំឱ្យមាន)មធ្យោបាយដណ្ដើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ។ (បើធ្វើបានដូចនេះក៏)នឹងការពារ(កុំឱ្យកើតមានអំពើប្រល័យពូជសាសន៍)បាន។ មុននេះ ប្រទេសមហាអំណាចខ្លះបានលើកកងទ័ពចូលទៅប្រទេសនេះប្រទេសនោះ។ ហ្នឹងរឿងម្ខាង។ ប៉ុន្ដែ អ្វីដែលគ្រោះថ្នាក់សម្រាប់ប្រទេស ឧទារហណ៍ដូចជាកម្ពុជា មានការធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទ នរោត្ដម សីហនុ។ សូមកុំភ្លេច បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទេ គឺគ្មានអំពើប្រល័យពូជសាសន៍កើតឡើងទេ។ អញ្ចឹង ពេលមុនគេនិយមធ្វើរដ្ឋប្រហារ បរទេសញុះញង់ឱ្យធ្វើ។ ឥឡូវនេះ គេមិនធ្វើរដ្ឋប្រហារទេ តែគេធ្វើបដិវត្ដពណ៌។ អញ្ចឹង បើឃើញបដិវត្ដពណ៌នេះងើប (យើង)ដាក់វាទៅ ព្រោះវានាំដល់សង្គ្រាម អំពើប្រល័យពូជសាសន៍។ នៅកម្ពុជា មានការប៉ុនប៉ង(ធ្វើបដិវត្តន៍ពណ៌នៅ)ឆ្នាំ២០១៣ ម្ដង​។ តែហ៊ុន សែន បានរកឃើញគន្លឹះរបស់វា ហើយបាននិយាយរួចហើយនៅក្រសួងការពារជាតិ។

(២៤) ការពារគ្រប់បក្សនយោបាយ ប៉ុន្តែមិនឱ្យអ្នកណាផ្តួលរំលំរដ្ឋាភិបាលដោយកងកម្លាំងប្រដាប់អាវុធ

គន្លឹះបដិវត្តពណ៌ស្ថិតនៅលើចំណុចអព្យាក្រឹតកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ នេះជាទីបញ្ជាការកងទ័ពជើងគោក។ សូមមេបញ្ជាការកងទ័ពជើងគោក រដ្ឋមន្រ្តីការពារជាតិ អគ្គបញ្ជាការ មេប៉ូលីសចាំឱ្យច្បាស់ (កម្លាំងប្រដាប់អាវុធអាច)អព្យាក្រឹតបាន តែរវាងបក្សនិងបក្សទេ។ បើយើងជំពាក់ការពារឱ្យបក្សនយោបាយណាមួយ ត្រូវតែការពារឱ្យបក្សនយោបាយដទៃដូចគ្នា។ ប៉ុន្តែ រវាងបក្សនយោបាយនិងរដ្ឋាភិបាល មិនមានអព្យាក្រឹតទេ។ អ្នកណាចេញមកក្នុងបំណងផ្តួលរំលំ(រដ្ឋាភិបាល ត្រូវតែ)បង្ក្រាបអ្នកឯង។ និយាយឱ្យច្បាស់អញ្ចឹងតែម្តង។ ដើម្បីការពារប្រជាជន ១៧លាននាក់ កុំខ្លាចស៊ីសងជាមួយនឹងម្នាក់ឬ ២នាក់ … ពួកអ្នកទាំងឡាយថា ហ៊ុន សែន មកនិយាយនេះពេញដោយហិង្សា។ អត់ទេ។ នេះជាការចែករំលែកបទពិសោធ មិនមែនជាហិង្សាទេ។ ដើម្បីការពារមនុស្សមួយប្រទេសបាន យើងត្រូវដាច់ចិត្ត(ធ្វើសកម្មភាពចំពោះ)អ្នកធ្វើខុសច្បាប់ប៉ុន្មាននាក់។ លើការជាក់ស្តែង ពេលមុនធ្វើរដ្ឋប្រហារ។ ក្រោយមកធ្វើវិធីសាស្រ្តបង្កើតជាចលនារលកនេះរលកនោះ។ គន្លឹះរបស់វាគឺអព្យាក្រឹតកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលស៊ីវិល។ អត់ទេ។ កម្លាំងរបស់រដ្ឋាភិបាលមិនអាចទៅអព្យាក្រឹតជាមួយបក្សនយោបាយ រាប់ទាំងបក្សកាន់អំណាច ប៉ុន្តែកម្លាំងរដ្ឋាភិបាលត្រូវតែការពារគ្រប់បក្សនយោបាយ។ បើយើងការពារឱ្យបក្សកាន់អំណាច យើងក៏ត្រូវការពារឱ្យបក្សប្រឆាំង ឬបក្សនៅក្រៅរដ្ឋាភិបាល ប៉ុន្តែមិនអាចឱ្យអ្នកឯងផ្តួលរំលំរដ្ឋាភិបាលដោយដោយកងកម្លាំងប្រដាប់អាវុធ ដោយរដ្ឋបាលមិនកម្រើកដៃនោះទេ​ …។

(២៥) ការដណ្តើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ ជាឫសគល់សង្រ្គាមនិងការប្រល័យពូជសាសន៍

ខ្ញុំគិតថាមិនមានការចាំបាច់ដើម្បីខ្ញុំដើរធ្វើបាឋកថាកន្លែងនេះកន្លែងនោះទេ។ ការនិយាយរបស់ខ្ញុំថ្ងៃនេះ គឺជាការចែករំលែកមួយចំនួនធំហើយ។ អ្នកដែលត្រៀមសរសេរសៀវភៅមានសមាសភាពច្រើនក្រុម។ ក្រុម កើត រិទ្ធ ក៏មានមួយក្រុមទៅ បង សាយ បូរី (មានមួយក្រុមទៅ) … សរសេរទៅ។ ខ្ញុំចែករំលែកបណ្តើរៗ អ្វីដែលខ្ញុំចែកចំហ​បាន ព្រោះក្នុងហ្នឹង សរសេរក្រោយនេះ ក៏មានអ្នកសរសេរអត្ថបទសារព័ត៌មានកាលពីទសវត្សរ៍៨០ ទី៩០ មួយចំនួន។ ថ្ងៃនេះ ខ្ញុំបង្ហាញអាថ៌កំបាំងសម្រាប់អ្នកទាំងអស់គ្នា។ សូមកុំធ្វើរដ្ឋប្រហារផ្តួលរំលំ។ សូមកុំដណ្តើមអំ​ណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យដែលជាឫសគល់នៃសង្រ្គាម ហើយវាក៏ជាឫសគល់នៃការប្រល័យពូជសាសន៍ដែរ។ យើងកំពុងតែរង់ចាំមើលសាលដីកាដែលបម្រុងចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលនិងហាម៉ាស។ តើតុ​លាការចេញបានឬអត់? (ដូចគ្នាចំពោះ)សាលដីកាដែលបានចេញដើម្បីចាប់ ពូទីន។ អញ្ចឹងតើតុលាការអន្តរជាតិមួយនេះ មានយុត្តិធម៌ឬអត់? ចាប់ពូទីនចេញហើយ។ ឥឡូវប្រុងចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងមេដឹកនាំហាម៉ាស។ ចាំមើលថាតើនឹងចេញបានឬមិនបាន។

(២៦) បើសម្លាប់មនុស្សគ្មានកំហុសមិនមែនជាអំពើប្រល័យពូជសាសន៍ លើលោកនេះគ្មានកម្លាំងច្បាប់ មានតែអាវុធ អ្នកណាខ្លាំងអ្នកហ្នឹងឈ្នះ

ថ្ងៃហ្នឹង នៅក្នុងសាលអគារយុត្តិធម៌សម្រាប់កាត់ក្តីកន្លងទៅ ឥឡូវយើងក៏ចង់មើលដែរ សព្វថ្ងៃនៅតំបន់ហ្គាហ្សា ឬចូលដល់ទីក្រុងដទៃទៀតនៅប៉ាលេស្ទីន ដែលមនុស្សស្លាប់រាល់ថ្ងៃ តើគេគិតយ៉ាងម៉េច? មានប្រធានាធិបតីនៃប្រទេសមហាអំណាចមួយថា “រឿងនៅតំបន់ហ្គាហ្សា មិនមែនជាអំពើប្រល័យពូជសាសន៍”។ បើការសម្លាប់មនុស្ស មិនមែនជាអំពើប្រល័យពូជសាសន៍ទេ សូមកុំមកចោទគ្នាវើយ។ ទម្លាក់គ្រាប់បែកលើគេឯងគ្រប់តែកន្លែង ថាមិនប្រល័យពូជសាសន៍ទៀត មិនដឹងថាម៉េច។ ដល់ទៅសម្លាប់មនុស្សគ្មានកំហុសថាអត់មានបញ្ហា អញ្ចឹងនៅលើលោកវាគ្មានកម្លាំងច្បាប់ទេ។ វាមានតែកម្លាំងអាវុធ។ អ្នកណាខ្លាំងអ្នកហ្នឹងឈ្នះតែប៉ុណ្ណឹង … នាយករដ្ឋមន្រ្តីថ្មីមិនហ៊ាននិយាយ ប៉ុន្តែអតីតនាយករដ្ឋមន្រ្តីហ៊ាននិយាយ។ និយាយអញ្ចឹងមិនមានន័យថាបង្អាប់ថានាយករដ្ឋមន្រ្តីថ្មីខ្លាចមិនហ៊ាននិយាយទេ … ប៉ុន្តែខ្ញុំឆ្លងកាត់មួយជីវិតមកដល់ពេលនេះ ខ្ញុំមិនទាន់បញ្ចប់(ជីវភាព)នយោ​បាយឯណា។ ខ្ញុំនៅធ្វើនយោបាយតើ។ អញ្ចឹងខ្ញុំត្រូវតែនិយាយគ្រប់រឿងទាំងអស់។ គ្រាន់ថាសំឡេងរបស់ខ្ញុំមិនមែនការបង្គាប់បញ្ជាទេ នាយករដ្ឋមន្រ្តីទេដែលមានសំឡេងបង្គាប់បញ្ជានោះ …។

(២៧) មិនខ្លាចលះបង់អំណាចប្តូរយកសន្តិភាពរយៈពេលវែង

ខ្ញុំអត់មានស្នើឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីយុត្តិធម៌អីទេ។ ឯកឧត្តម កើត រិទ្ធត្រូវធ្វើនេះឬនោះ។ អត់មានស្នើទេ។ ឥឡូវខ្ញុំប្រើពាក្យស្នើ ព្រោះខ្ញុំមិនមែនជានាយករដ្ឋមន្រ្តី។ យោងតាមសុខភាព ខ្ញុំអាចធ្វើនាយករដ្ឋន្រ្តីបាន ២ អាណត្តិទៀតឯនោះ។ ១០ ឆ្នាំទៀត no problem។ ប៉ុន្តែ យើងត្រូវគិតគូរឱ្យបានហ្មត់ចត់។ ការបោះបង់ចោលអំ​ណាចដែលខ្លួនធ្លាប់កាន់ ៣៨ ឆ្នាំ ឬ ៤៥ឆ្នាំ ក្នុងដៃ ដើម្បីដូរយកនូវសន្តិភាព និងស្ថេរភាពរយៈពេលវែង ត្រូវហ៊ានធ្វើ។ ខ្ញុំធ្លាប់លះបង់គ្រប់យ៉ាង។ ជីវិតរបស់ខ្ញុំលះបង់គ្រប់សព្វហើយ។ ប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន លះបង់ដើម្បីប្តូរយកនូវសន្តិភាពដើម្បីប្រជាជន ដូច្នេះខ្ញុំមិនខ្លាចនឹងការលះបង់អំណាចរបស់ខ្ញុំដើម្បីប្តូរយកជាមួយនឹងសន្តិភាពរយៈពេលវែង។ ឥឡូវ លទ្ធផលវាបានចេញមកហើយ។ ការផ្ទេរអំណាចនេះ សម្រាប់អ្នកជំនាន់ក្រោយ មិននាំមកនូវការភ័យខ្លាចសម្រាប់ប្រជាជនកម្ពុជាទេ។ សេដ្ឋកិច្ចក៏បន្តមានកំណើនជាមួយនឹងអត្រាអតិផរណាដែលគ្រប់គ្រងបាន។ ដូច្នេះសេចក្តីសុខនេះ ប្រជាជនកម្ពុជាគ្មានការភ័យខ្លាច និងរត់លូនដោយសារការផ្ទេរអំណាចនោះទេ។

(២៨) អាយុនិងប្រិយភាព អាចបន្តធ្វើនាយករដ្ឋមន្រ្តី ប៉ុន្តែ ៣៨ ឆ្នាំនៃការកាន់អំណាច ឃើញថាយូរជាងគេនៅលើពិភពលោកហើយ

សំឡេងខ្ញុំនេះ មិនមែនជាសំឡេងអ្នកមានជំងឺទេ។ ដោះក្បាលមេក្រូហ្នឹងចេញ ក៏ខ្ញុំនិយាយឮទាំងអស់គ្នាហ្នឹង។ សាកល៎មើល។ ខ្ញុំទើបនឹងអាយុប៉ុណ្ណឹង។ នៅលើពិភពលោកនេះ មានអ្នកអាយុជាង ៩០ ក៏នៅធ្វើជានាយករដ្ឋមន្រ្តីបានដែរ។ ខ្ញុំអាចមានលទ្ធភាព។ អាយុជាមួយនឹងប្រិយភាពរបស់ខ្ញុំ អាចមានលទ្ធភាពធ្វើជានាយករដ្ឋមន្រ្តី ២ អាណត្តិ ឬ ៣ អាណត្តិទៀត ក៏វាអត់បញ្ហាដែរ។ ប៉ុន្តែ ៣៨ ឆ្នាំនៃការធ្វើនាយករដ្ឋមន្រ្តីវាក៏ល្មមគ្រប់គ្រាន់។ គេចាត់ទុកថានាយករដ្ឋមន្រ្តីដែលយូរជាងគេនៅលើពិភពលោកទៅហើយ។ មិនបាច់ថែមតទៅទៀតទេ។ ឥឡូវកំពុងរៀនធ្វើប្រធានព្រឹទ្ធសភា។ ថ្ងៃនេះ សមាជិកអចិន្រ្តៃយ៍ព្រឹទ្ធសភាមកទាំងអស់។ ទើបនឹងដឹកនាំបានប្រជុំអចិន្រ្តៃយ៍ម្តង ដើម្បីអនុម័តស្អីៗ។ តែមិនទាន់បានដឹកនាំការប្រជុំម្តង។ មិនដឹងថាខ្ញុំអាចធ្វើប្រធានព្រឹទ្ធសភាបានឬអត់? ប្រធានព្រឹទ្ធសភាគេមិនឱ្យប៉ប៉ាច់ប៉ប៉ោច។ បើមនុស្សចូលចិត្តប៉ប៉ាច់ប៉ប៉ោច។ ប៉ុន្តែខ្ញុំទ្រាំមិនអីទេ។ ទៅអ្នកណាសុំនិយាយ ឡើងនិយាយទៅ។ ខ្ញុំនៅអង្គុយស្តាប់។ ស្តាប់រួចហើយបន្តទៅទៀត។ ខ្ញុំមិនបកស្រាយទេ។ ពីដើមធ្លាប់ធ្វើដំណែងរបបប្រធាន។ ឥឡូវមិនមែនទៅធ្វើរបបប្រធានទៀតឯណា ទៅធ្វើរបបភាគតិចភាគច្រើន។ នាយករដ្ឋមន្រ្តី ឬរដ្ឋមន្រ្តីអត់មានរបបភាគតិចភាគច្រើនទេ។ តែនាយករដ្ឋមន្រ្តីសម្រេចហើយ បើអ្នកឯងមិនពេញចិត្តដើរចេញទៅ។ មានតែប៉ុណ្ណឹង អត់មានតវាបោះឆ្នោតទេ។

[បញ្ចប់សេចក្តីអធិប្បាយ៥]

ទី៥. ការបញ្ចប់របបប្រល័យពូជសាសន៍ និងការរំលាយទាំងស្រុង នូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម មិនត្រឹមតែបាននាំមកនូវសន្តិភាព និងការកសាងគ្រឹះដ៏រឹងមាំ នៃស្ថិរភាពសម្រាប់ប្រទេសយើងប៉ុណ្ណោះទេ, តែថែមទាំងបានបើកទ្វារនៃកាលានុវត្តភាពដ៏ច្រើនទៅកាន់ក្រៅប្រទេស។ ប្រាកដណាស់, សន្តិភាពនៅកម្ពុជាក៏បានលុបបំបាត់សេចក្តីកង្វល់សន្តិសុខដ៏ធំមួយ សម្រាប់តំបន់ទាំងមូល និងសម្រាប់ប្រទេសជាច្រើន នៅលើពិភពលោក។ យើងបានបង្កើនទំនាក់ទំនងពហុវិស័យជាមួយប្រទេសនានា ជាពិសេស បានបង្កើតទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ទាក់ទាញភ្ញៀវទេសចរ បង្កើនផលិតផលក្នុងស្រុក និងបោះដៃទៅរកទីផ្សារបរទេសនៅគ្រប់ទ្វីបទាំងអស់។ កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការតំបន់ និងអន្តរជាតិជាច្រើន, ពិសេស បានក្លាយជាសមាជិកដ៏សកម្មមួយនៃគ្រួសារអាស៊ាន, ជាសមាជិក WTO, និងបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាច្រើន, ទាំងទ្វេភាគី និងពហុភាគី។

មានសន្តិភាពនៅក្នុងផ្ទះរបស់ខ្លួន, កម្ពុជាបានសកម្មចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនទាហានមួកខៀវរបស់ខ្លួន ជាង ៩.០០០ នាក់ ទៅកាន់ប្រទេសជាច្រើន នៅអាហ្វ្រិក, មជ្ឈិមបូព៌ា, និងអឺរ៉ុប។ កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសទទួលកងមួកខៀវ ទៅជាប្រទេសដែលគ្រងឯកសណ្ឋានរបស់អង្គការសហប្រជាជាតិ ដើម្បីរួមចំណែករក្សាសន្តិភាព និងធ្វើសកម្មភាពមនុស្សធម៌នៅលើពិភពលោក។

កម្ពុជាក៏ជាសមាជិកសកម្មនៃអនុសញ្ញា Ottawa ស្តីពីការហាមឃាត់គ្រាប់មីនប្រឆាំងមនុស្សជាតិ ដោយបានចែករំលែកបទពិសោធស្តីពីការបោសសម្អាតមីនជាមួយប្រទេសជាច្រើននៅអាស៊ី អាមេរិកឡាទីន និងអឺរ៉ុប។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៦]

(២៩) ៥៤ ឆ្នាំ បំផ្លាញគ្រាប់មីនក្នុងប្រទេសមិនទាន់អស់ តែនឹងខិតខំចូលរួមបំផ្លាញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ក្រោមឆត្រកងរក្សាសន្តិភាព ដោយចាតទុកថាជាកិច្ចការមនុស្សធម៌

នេះគឺជាចំណុចដែលកម្ពុជាបានរួមចំណែកនៅពេលដែលខ្លួនមានលទ្ធភាព។ កាលពីថ្ងៃសៅរ៍ ខ្ញុំទទួលទានបាយជាមួយនឹងឯកអគ្គរដ្ឋទូតជប៉ុន ឯកឧត្តម UENO Atsushi នៅស្ថានទូតជប៉ុន។ យើងក៏បាននិយាយអំពីកិច្ចសហប្រតិបត្តិការ ព្រមទាំងការជួយបណ្តុះបណ្តាលអ្នកដោះមីននៅក្រៅប្រទេស។ យើងបន្តធ្វើកិច្ចការនេះតទៅទៀត ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួនឯងថាឆ្នាំ២០២៥ ខាងមុខ កម្ពុជាត្រូវសម្រេចគោលដៅកម្ពុជាមួយដែលគ្មានគ្រាប់មីននោះទេ។ ពិនិត្យមើល មកដល់ពេលនេះ រយៈពេល ៥៤ ឆ្នាំហើយ (ពីឆ្នាំ ១៩៧០) ដល់ឥឡូវ ៥៤ ឆ្នាំហើយ គ្រាប់មីនដែលមាននៅកម្ពុជាបំផ្លាញមិនទាន់អស់។ យើងប្រើពេលពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះដោះមីនមិនទាន់អស់ពីទឹកដីរបស់យើងផង។ ប៉ុន្តែយើងក៏នៅខិតខំដើម្បីចូលរួមជាមួយនឹងការបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ តាមរយៈកងរក្សាសន្តិភាពដែលបញ្ចូនទៅក្រៅប្រទេស និងតាមរយៈការធ្វើកិច្ចការរបស់យើងនៅក្នុងប្រទេស ដោយមានប្រទេសជាច្រើនបញ្ជូនមកទីនេះ រាប់ទាំងសិក្ខាកាមមកពីអ៊ុយក្រែនផងដែរ។ យើងបន្តកិច្ចការនេះដោយចាត់ទុកថាជាកិច្ចការមនុស្សធម៌។

[បញ្ចប់សេចក្តីអធិប្បាយ៦]

ទី៦. សន្តិភាព និងការអភិវឌ្ឍ ត្រូវតែដើរទន្ទឹមគ្នា។ «បើគ្មានសន្តិភាព នោះក៏គ្មានការអភិវឌ្ឍប្រកបដោយចីរភាព, ហើយបើគ្មានការអភិវឌ្ឍប្រកបដោយចីរភាព នោះក៏គ្មានសន្តិភាពដែរ»។ ដូចនេះ, ការជំរុញការអភិវឌ្ឍ ក៏ជាកាតព្វកិច្ចដ៏សំខាន់មួយ ដើម្បីធានាថា សន្តិភាពនឹងនៅស្ថិតស្ថេរយូរអង្វែង។ ចាប់តាំងពីការចាប់ផ្តើមអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ខ្ញុំបានប្រកាសប្តេជ្ញាថា ខ្ញុំនឹងប្រែក្លាយអតីតសមរភូមិ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ។ សមាហរណកម្មនយោបាយ និងរដ្ឋបាល នឹងមិនដំណើរការទេ ប្រសិនបើសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់បរាជ័យ។ សន្តិភាពនឹងនៅស្ថិតស្ថេរគង់វង្ស ដរាបណាយើងអាចកាត់បន្ថយភាពក្រីក្រដោយប្រសិទ្ធភាព កាត់បន្ថយគម្លាតសង្គម បង្កើតការងារជូនប្រជាជន និងបំពេញសេចក្តីត្រូវការនានារបស់ប្រជាជន បានយ៉ាងប្រសើរ។ សន្តិភាពពិតជាត្រូវការលក្ខខណ្ឌច្រើន ដើម្បីអាចស្ថិតនៅគង់វង្សយូរអង្វែងបាន ដូចជា ការផ្សះផ្សា និងឯកភាពជាតិ យុត្តិធម៌ និងការអភិវឌ្ឍជារួម។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៧]

(៣០) ធ្វើដំណើរ ៦ពាន់គីឡូម៉ែត្រ ចាយលុយ ជាង ៤៥០លានដុល្លារ ធ្វើទំនើបកម្មសាលា

អត់បានការទេ។ អញ្ចឹងត្រូវប្រើគ្រប់មធ្យោបាយទាំងអស់ធ្វើសមាហរណកម្មគ្រប់ផ្នែក ពិសេស ចាប់ផ្ដើមតភ្ជាប់។ អស់លោកខាងកងទ័ពចាំបានទេ? ព្រឹបភ្លាម ត្រូវធ្វើយ៉ាងម៉េចតភ្ជាប់ជាមួយប៉ៃលិន ហើយតំបន់ភាគខាងជើង ដែលចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៦។ ដល់ឆ្នាំ១៩៩៨ ផ្ដាច់ខ្លួននៅអន្លង់វែងភ្លាម រុញការតភ្ជាប់ ធ្វើម៉េចទៅកាន់អន្លង់វែង។ ក្រៅពីនោះ ដើរដាក់សាលារៀនស្អីៗ ព្រោះវិធីសាស្រ្តរបស់យើងដើម្បីដោះស្រាយបញ្ហាហ្នឹង យើងឱ្យមានសាលារៀនបន្ត គ្រាន់តែដកចេញនូវមេរៀនរបស់ខ្មែរក្រហម ដាក់មេរៀន ដាក់សៀវភៅសិក្សារបស់រដ្ឋាភិបាលចូលទៅ។ (អ៊ី) ឈាន នោះបានសាលាច្រើនជាងគេ … បើគ្មានសាលារៀន យើងមិនចាំបាច់ថាតែតំបន់នោះទេ។ ខ្ញុំទៅមណ្ឌលគិរី និងរតនគិរី … អត់ផ្លូវទេ។ ត្រូវរុញការតភ្ជាប់ឱ្យរហ័ស បើមិនអញ្ចឹង រដ្ឋបាលកណ្ដាលភ្លេចគិតទៅដល់រដ្ឋបាលនៅតាមតំបន់ដាច់ស្រយាល។ អញ្ចឹងបានជាប្រទេសរបស់យើងសម្បូរបែបដោយសាលារៀន គឺទៅដល់ជើងជណ្ដើរផ្ទះ។ បើតំបន់អតីតកម្ពុជាប្រជាធិបតេយ្យឈរជើងវិញ សាលារៀនកាន់តែល្អទៀត ដោយការធ្វើដំ​ណើរ ៦ពាន់គីឡូម៉ែត្ររបស់ខ្ញុំនេះ ទៅហ្នុងទើបបានសាលានោះដែរ។ ពេលកូវីដ-១៩ បានសាលាទាំងនោះធ្វើចត្តាឡីស័កបណ្ដោយ។ ខ្ញុំដើរជាង ៦ពាន់គីឡូម៉ែត្រ អស់លុយជាង ៤៥០លានដុល្លារ គ្រាន់តែធ្វើសាលាម៉ូដែលថ្មីឱ្យកូនសិស្សរៀន។ សាលាដែលដាក់ពី ១៩៩៦-៩៧ មកវាហួសសម័យ។ ពេលនោះធ្វើឱ្យតែបានសិន …

[បញ្ចប់សេចក្ដីអធិប្បាយ៧]

ទី៧ ខ្ញុំសូមអំពាវនាវដល់អង្គសន្និសីទ ឱ្យរៀនសូត្រពីកំហុសជាប្រវត្តិសាស្ត្រពីរលើក ដែលប្រទេសមួយចំនួនធ្លាប់បានធ្វើចំពោះកម្ពុជា ដើម្បីចៀសវាងការប្រព្រឹត្តកំហុសលើកទីបីម្តងទៀត។ កំហុសទីមួយ នៅពេលបរទេសខ្លះ ដែលប្រកាសខ្លួនជាជើងឯកខាងប្រជាធិបតេយ្យ បានគាំទ្ររដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ចេញពីអំណាច ហើយដែលប្រការនេះបានក្លាយឆ្នួននៃភ្លើងសង្រ្គាមនៅកម្ពុជា រហូតនាំទៅដល់ការដណ្តើមបាន និងការឡើងកាន់អំណាច នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបង្កវិនាសកម្មដ៏អាណោចអាធ័មបំផុតចំពោះប្រជាជាតិកម្ពុជា។ កំហុសទីពីរ នៅពេលដែលប្រទេសមួយចំនួនបានបន្តគាំទ្ររបបខ្មែរក្រហម ហើយផ្តល់សិទ្ធិតំណាងឱ្យពួកគេនៅអង្គការសហប្រជាជាតិ ទន្ទឹមនឹងការដាក់ទណ្ឌកម្មការទូត និងការហ៊ុមព័ទ្ធសេដ្ឋកិច្ចរយៈពេល ១២ ឆ្នាំ ប្រឆាំងប្រជាជនរាប់លាននាក់ ដែលបានរួចរស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ និងប្រឆាំងរដ្ឋាភិបាលដែលបានរំដោះប្រជាជនពីរណ្តៅមរណៈ។ ដូច្នេះ តទៅមុខទៀត យើងពិតជាតូ្រវប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ ដោយមិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយក្នុងសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្តងទៀតបានឡើយ តាមរយៈការសាបព្រោះមនោគមវិជ្ជា និងការជំរុញចលនាតស៊ូវណ្ណៈ ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ការប៉ុនប៉ងផ្លាស់ប្តូររបបដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងការរើសអើងពូជសាសន៍។ល។ លើសពីនេះ សហគមន៍អន្តរជាតិចាំបាច់ ត្រូវតែរួមគ្នាដាក់របាំងការពារប្រឆាំងនឹងការប៉ុនប៉ងណាមួយ ដែលអាចបង្កឱ្យកើតមានឡើងនូវសង្គ្រាមត្រជាក់ សាជាថ្មី ហើយចុងក្រោយ រុញច្រានឱ្យមានជម្លោះ ឬសង្រ្គាមក្តៅជារូបវន្ត ផ្អែកលើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលជាយថាហតុបង្កនូវការបាត់បង់ទ្រព្យសម្បត្តិ និងកាលានុវត្តភាពនៃការអភិវឌ្ឍ ជាពិសេស ការបាត់បង់អាយុជីវិតរបស់ប្រជាជន ដូចអ្វីដែលកំពុងតែកើតមាននៅតាមតំបន់មួយចំនួននៃពិភពលោក។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៨]

(៣១) សូមកុំប្រព្រឹត្តកំហុសទី៣ មកលើកម្ពុជា

ខ្ញុំតែងបានជួបជាមួយអ្នកការទូត ឬអ្នកនយោបាយនៃប្រទេសមួយចំនួន។ ខ្ញុំតែងរំឭកពួកគេថា សូមអ្នកកុំកសាងនូវកំហុសទី៣ (ចំពោះកម្ពុជា)។ ពួកអ្នកធ្លាប់បានកសាងកំហុស ២លើករួចមកហើយ។ កំហុសលើកទី១ ជាអ្វី? អស់លោកគិតមើល តើមានប្រទេសប៉ុន្មានទៅដែលបានគាំទ្រ លន់ នល់ ធ្វើរដ្ឋប្រហារ ក្នុងពេលដែលគេតាំងខ្លួនថាជាអ្នកប្រជាធិបតេយ្យ? គេធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ជារូបភាពរដ្ឋប្រហារយោធា ក្នុងពេលដែលគេតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ។ បើសិនជាគេយកឥរិយាបថដូចដែលគេដាក់ទណ្ឌកម្មលើយោ​ធាមីយ៉ាន់ម៉ាឥឡូវនេះ ប្រហែលជាកម្ពុជាមិនធ្លាក់ទៅដល់ខ្មែរក្រហមកាន់អំណាចទេ។ តែជាការគួរឱ្យ​ស្ដាយ។ តើប្រទេសទាំងនោះ ធ្លាប់បានកត់ត្រានៅក្នុងកំណត់ហេតុផ្ទៃក្នុងរបស់ខ្លួនថា ការទទួលស្គាល់ លន់ នល់ គឺជាកំហុសឬទេ? វាមិនមែនជាដំណើរការប្រជាធិបតេយ្យទេ។ ជាអកុសល រដ្ឋប្រហារយោធាមួយនៅកម្ពុជា ត្រូវបានប្រទេសមួយដែលប្រកាសខ្លួនឯងជាបិតាប្រជាធិបតេយ្យ ទទួលស្គាល់។

ប្រសិនបើពេលនោះ គេប្រើរូបមន្តដូចដែលគេធ្វើចំពោះមីយ៉ានម៉ា (ចំពោះកម្ពុជា) ប្រហែលជាសង្រ្គាមមិនរីកធំទេ។ លន់ នល់ អាចនឹងបន្ទន់ឥរិយាបថដកថយ ហើយការបង្រួមបង្រួមនឹងត្រឡប់មកវិញ។ ពួកគេមិនដែលទទួលស្គាល់ថាជាកំហុសទេ។ ទី២ ការទទួលស្គាល់ឱ្យខ្មែរក្រហមអង្គុយ ១២ឆ្នាំ នៅអង្គការសហប្រជាជាតិ ហើយមកដាក់ទណ្ឌកម្មអ្នកដែលបានប្រឹងប្រែងងើបឡើងដើម្បីប្រឆាំង ប៉ុល ពត ស៊ីអត់ស៊ីឃ្លាននៅទីនេះ។ មានមនុស្សម្នាក់ដែលខ្ញុំសុំមិនបញ្ចេញឈ្មោះគាត់ទេ។ គាត់ប្រើពាក្យថា “ជាកំហុសដ៏ធំ។ Big Mistake”។ គាត់ប្រើភាសាបែបនេះ។ នោះគឺអ្នកនៅតំបន់អឺរ៉ុបតែម្ដង។ អញ្ចឹងសូមកុំសាងកំហុសទី៣ ចំពោះកម្ពុជា។ អ្នកបានកសាងកំហុស ២លើក រួចមកហើយ។ តាំងខ្លូនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារយោធា។ តាំងខ្លួនជាអ្នកគោរពសិទ្ធិមនុស្ស ប៉ុន្តែគាំទ្រ ប៉ុល ពត នៅអង្គការសហប្រជាជាតិ។ ឥឡូវយើងកាត់ទោសរួចហើយ សូមកុំធ្វើកំហុសទី៣មកលើយើង។

(៣២) នៅលើពិភពលោកគ្មានស្តង់ដារតែមួយទេ បើត្រូវនឹងចិន ត្រូវតែខុសនឹងអ្នកដទៃ

យើងអត់ត្រូវការអ្វីទេ។ យើងសុំតែសុខទេ។ ម្ដងចោទយើងថាទៅនេះ បន្តិចទាញយើងឱ្យទៅនោះ។ លើពិភពលោកគ្មានទេ ស្តង់ដារមួយនោះ។ គ្មានទេ single standard មានតែ double ឬ triple standard។ លើការជាក់ស្ដែង ក្នុងតំបន់របស់យើង អ្នកណាប្រឆាំងចិន គឺជាមិត្តរបស់អ្នកដទៃ។ ឱ្យតែមាននិន្នាការស្របជាមួយចិន ដឹងតែអ្នកហ្នឹងត្រូវគេរករឿងរហូត។ ហ្នឹងត្រូវហ៊ាននិយាយការពិត។ បើមិនហ៊ាននិយាយការពិត ចាំបាច់ជិះយន្តហោះអស់លុយមួយគគោក មកអង្គុយធ្វើអី? លើការជាក់ស្ដែង អ្នកណារកស៊ីច្រើនជាមួយចិន ជិតស្និទ្ធជាមួយចិន គឺមានរឿងហើយ។ ប៉ុន្តែ ប្រទេសរបស់គេនោះ ក៏ទាក់ទងជាមួយចិន។ ប្រទេសខ្លះទៀត គិតណាស់ពីប្រជាធិបតេយ្យ សេរីពហុបក្ស ក៏ប៉ុន្តែទៅទាក់ទងនឹងប្រទេសដែលមានបក្សតែមួយ ហើយធ្វើជាដៃគូយុទ្ធសាស្រ្តថែមទៀត។ អញ្ចឹង អស់លោកអ្នកសិក្សាស្រាវជ្រាវទាំងឡាយគិតមើល តើនេះវាជាស្តង់ដារមួយឬច្រើន? មិនតិចជាង ៣ទេ។ ស្តង់ដារ១ ស្តង់ដារ២ ស្តង់ដារ៣ អង់គ្លេសគេថា single, double, triple អាហ្នឹងវាអញ្ចឹង។ នៅលើពិភពលោក អាធំចេះតែបង្រ្កាបអាតូច។ ដល់អញ្ចឹងវាបង្កើតទម្លាប់ក្នុងប្រទេសមួយៗ បក្សធំបង្រ្កាបបក្សតូចទៀត។ ហ្នឹងមានទាស់ខុសអី បើស្តង់ដារវាអញ្ចឹង។ ឥឡូវយើងគិតមើល ប្រទេសធំមិនដែលឱ្យអាតូចទៅសង្កត់​ទេ តែងតែធ្វើបាបអាតូច។ តើប្រទេសធំឈប់ធ្វើបាបប្រទេសតូចបានឬអត់? បើឈប់ធ្វើបាបហើយ ចាំមកប្រដៅថា បក្សធំឯងកុំធ្វើបាបបក្សតូច។ និយាយគ្នាឱ្យត្រង់ម្ដងទៅមើល។ ខ្ញុំតែអញ្ចឹង ប៉ប៉ាច់ប៉ប៉ោចរហូត បានគេថា អ្នកការទូត អ្នកនយោបាយមាត់អត់គម្រប។ បើនិយាយតែ blah blah blah តាមរបៀបពិធីការ អាហ្នឹងទៅមិនរួចទេ។

[បញ្ចប់សេចក្ដីអធិប្បាយ៨]

ក្នុងស្ថានភាពពិភពលោកដែលវិវត្តរហ័ស ពិបាកប៉ាន់ស្មាន ស្មុគ្រស្មាញ និងប្រកប ដោយគ្រោះថ្នាក់នេះ វាពិតមានសារៈសំខាន់ខ្លាំងណាស់ដែលសិទ្ធិ ឯករាជ្យភាព និងអធិបតេយ្យរបស់រដ្ឋតូចៗ ត្រូវបានទទួលស្គាល់ និងធានា។ ផ្អែកលើបទពិសាធន៍របស់កម្ពុជា សោកនាដកម្ម ពិសេស អំពើប្រល័យពូជសាសន៍បានកើតឡើងដោយសារការបំពាន ការបដិសេធសិទ្ធិទាំងនោះ និងការជ្រៀតជ្រែកពីសំណាក់ប្រទេសមហាអំណាចធំៗ ចូលកិច្ចការផ្ទៃក្នុងរបស់យើង។

ខ្ញុំសង្ឃឹមថា មេរៀនរបស់កម្ពុជាទាក់ទងនឹងការខិតខំកសាងអនាគតរបស់យើង ដោយគ្មានអំពើប្រល័យពូជសាសន៍ លើគ្រប់ទិដ្ឋភាពទាំងអស់ ទាំងក្នុងការបញ្ចប់សង្គ្រាម ការកសាងសន្តិភាព ការស្វែងរកយុត្តិធម៌ ការបង្រួបបង្រួម និងផ្សះផ្សាជាតិ ការកសាង និងអភិវឌ្ឍប្រទេសក្រោយសង្គ្រាម ការធ្វើសមាហរណកម្មទៅក្នុងសហគមន៍អន្តរជាតិ និងកិច្ចខិតខំកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាមិត្ត ដោយឈរលើគោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ នឹងផ្តល់ជាមូលដ្ឋានត្រិះរិះពិចារណាប្រកបដោយភាពជាក់ស្តែងនិយម ទាំងសម្រាប់ប្រទេសដែលបាន ឬកំពុងឆ្លងកាត់បទពិសោធដូចកម្ពុជា ក៏ដូចជាសម្រាប់បណ្តាប្រទេស ដែលមានអំណាចរៀបចំរបៀបវារៈសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់ និងសកលលោក ក្នុងបេសកកម្មរួមរបស់យើងសំដៅកសាងអនាគតពិភពលោកដែលគ្មានអំពើប្រល័យពូជសាសន៍។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។ ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ