សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញ​ផ្លូវឆ្ពោះ​ទៅការ​គ្រប​ដណ្តប់​សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥

ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា, ព្រឹទ្ធសភា, រដ្ឋសភា និង រាជរដ្ឋាភិបាល;
ឯកឧត្តម, លោកជំទាវ, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងដៃគូអភិវឌ្ឍ;
ឯកឧត្តម, លោកជំទាវ, លោក-លោកស្រី និង ភ្ញៀវកិត្តិយស ជាតិ និង អន្តរជាតិ, ជាទីមេត្រី!

ខ្ញុំពិតជាមានក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានធ្វើជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នាថ្ងៃនេះ។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម, ដែលមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន, ជាមួយនឹងការចូលរួមដែលមិនអាចខ្វះបានពីសំណាក់ក្រសួងសុខាភិបាល, ក្រោមការដឹកនាំរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា, រដ្ឋមន្ត្រី ក្រសួងសុខាភិបាល, និង គ្រប់ក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំផែនទីបង្ហាញផ្លូវនេះ រហូតសម្រេចបានជោគជ័យ និង ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការដ៏មហោឡារិក នាពេលនេះ ។ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកានៃព្រឹទ្ធសភា, រដ្ឋសភា, រាជរដ្ឋាភិបាល, តំណាងអង្គទូត, ដៃគូ- អភិវឌ្ឍ, និង ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ ដែលមានវត្តមានក្នុងពិធីនេះ ។

ខ្ញុំចាត់ទុកកម្មវិធីដ៏វិសេសនៅថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រ និង ជាវឌ្ឍនភាពមួយដ៏សំខាន់ ក្នុងការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា, ពិសេស ពាក់ព័ន្ធនឹងការគាំពារសុខភាព និង សុខុមាលភាព របស់ពលរដ្ឋកម្ពុជាទាំងអស់ ពីព្រោះថា ការដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» នេះ គឺជាការបោះជំហានដ៏ស្វាហាប់ ប្រកបដោយមោទនភាពរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅការកសាងប្រព័ន្ធថែទាំសុខភាពសង្គមមួយ សម្រាប់ពលរដ្ឋគ្រប់រូប ឲ្យទទួលបាននូវសេវាថែទាំសុខភាព ប្រកបដោយគុណភាព នៅគ្រប់ទីកន្លែង និង គ្រប់ពេល ដោយមិនប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

(១) ធ្វើឲ្យប្រជាពលរដ្ឋទទួលបានការថែទាំសុខភាពពីសេវាសុខាភិបាលមានគុណភាពនិងតម្លៃសមរម្យ

សម្រាប់រដ្ឋាភិបាលអាណត្តិទី ៧ យុទ្ធសាស្ត្របញ្ចកោណដែលបន្តពីយុទ្ធសាស្ត្រចតុកោណ ធនធានមនុស្សនៅ​តែជាគន្លឹះអាទិភាពទី១។ ដូចនៅក្នុងវីដេអូអម្បាញ់មិញ ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀត មូលធនមនុស្សគឺជាគន្លឹះអាទិភាពសម្រាប់ការកសាងប្រទេសព្រោះមនុស្សជាកត្តាកំណត់នៃប្រទេស។ មនុស្សគឺជាដង្ហើមគឺជាអ្នកអនុវត្ត/ប្រតិបត្តិក្នុងការជំរុញសេដ្ឋកិច្ច ថែទាំវប្បធម៌ ថែទាំប្រពៃណី និងអត្តសញ្ញាណជាតិ។ អញ្ចឹង កសាងមូលធនមនុស្ស សុខភាព និងចំណេះដឹងគឺជាកិច្ចការសំខាន់។ គោលដៅក្នុងការកសាងសុខភាព គឺធ្វើឲ្យប្រជាពលរដ្ឋអាចទទួលបានការថែទាំសុខភាពពីសេវាសុខាភិបាលដែលមានគុណភាពនិងតម្លៃសមរម្យ។

(២) សេវាសុខភាពមានគុណភាព ទៅដល់មូលដ្ឋាន ប្រជាពលរដ្ឋមានលទ្ធភាពទទួលសេវា

លក្ខខណ្ឌ/គោលដៅ ៣ ដែលយើងចង់បាន គឺទី១ គុណភាព។ អង់គ្លេសថា Quality គឺលទ្ធភាពដែលទទួលបានសេវាសុខាភិបាលមានតែគុណភាព។ បើបង្កើនសេវាសុខភាពសុខាភិបាល តែប្រជាជនអត់មានលទ្ធភាពទទួលវាអត់មានប្រយោជន៍ទេ។ ត្រូវបង្កើនលទ្ធភាពឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកក្រីក្របំផុតទទួលបានសេ​វា។ ដូច្នេះ មិនអាចប្រមូលផ្តុំ បង្កើនទំនើបកម្មនៅតែភ្នំពេញ សម្រាប់តែអ្នកមានលទ្ធភាពនៅក្នុងក្រុង នៅពេលដែលជនបទមានគម្លាតឆ្ងាយនោះទេ។ នេះជាគោលដៅទី ២។ ទី៣ តម្លៃសមរម្យ សេវាសុខភាពមានគុណភាព រុញទៅដល់មូលដ្ឋាន គិតអំពីលទ្ធភាពទទួលបាន លទ្ធភាពក្នុងការបង់ថ្លៃ ឬមួយក៏ការជួយជ្រោម​ជ្រែងរបស់រដ្ឋកម្រិតណាមួយ … គោលដៅចាំបាច់ពង្រឹងធនធានមនុស្ស ពង្រឹងមូលធនមនុស្ស គឺមានសុខភាពជាចម្បង។ នោះគឺកសាងសេវាសុខភាពដែលមានគុណភាព រុញឲ្យដល់មូលដ្ឋាន ធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាពនៅក្នុងការទទួលបានដោយមានចីរភាព។

(៣) ឆ្នាំ២០២៣ ការវិនិយោគក្នុងវិស័យសុខាភិបាល​​កើនដល់ប្រមាណជា ៥៧៣លានដុល្លារ

សំណួរសួរថា តើរដ្ឋាភិបាលបានធ្វើអីខ្លះ និងកំពុងបន្តធ្វើអ្វីខ្លះ? ថ្ងៃនេះ យើងដាក់ឱ្យអនុវត្តជាផ្លូវការផែនទីឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល តាមផែនការ ១២ឆ្នាំ «២០២៤-២០៣៥»។ យើងធ្វើជាជំ​ហានរយៈពេល ១២ឆ្នាំ ដើម្បីធ្វើផែនការមួយដែលប្រទាក់ក្រឡា។ យើងមិនអាចដាក់ផែនការយៈពេល ១ឆ្នាំ នោះទេ។ យើងត្រូវមានផែនការវែងដើម្បីយកមកធ្វើជាប្រទីបបំភ្លឺផ្លូវ ជាផែនទីដើម្បីកសាងផែនការឆ្នាំ ផែនការខែ ផែនការអនុវត្តឲ្យមានសង្គតិភាព ប្រទាក់ក្រឡា ទិសដៅស្របជាមួយនឹងគោលដៅរបស់យើង។ លើបញ្ហាទាំង ៣ គឺគុណភាព លទ្ធភាពទទួលបានសេវា និងតម្លៃសមរម្យ តើរដ្ឋាភិបាលចេញគោលនយោ​បាយ​អីខ្លះ ហើយឥឡូវធ្វើអីទៀត? ទី១ អំពីគុណភាព យើងបានវិនិយោគច្រើនក្នុងរយៈពេល ៤០ឆ្នាំនេះ ទៅលើសុខាភិបាល។ ដូចមានរៀបរាប់ក្នុងរបាយការណ៍របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សុខាភិបាលជាវិស័យនាំមុខក្នុងការចំណាយវិនិយោគ។

នៅឆ្នាំ ២០២៣ (ការវិនិយោគក្នុងវិស័យសុខាភិបាល​បាន)​កើនដល់ប្រមាណជា ២ ៣០០ប៊ីលានរៀន ស្មើនឹង ៥៧៣លានដុល្លារ ក្នុងនោះផ្តោតទៅលើការពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសុខាភិបាល ទំនើបកម្មឧបករណ៍បរិក្ខារ លើកកម្ពស់គុណភាពថ្នាំ បង្កើនសមិទ្ធផលនៅមូលដ្ឋាន ពង្រឹងក្រមប្រតិបត្តិ ពង្រឹងការកសាងធនធានមនុស្ស ជំរុញបន្ថែម(សេវា)ទៅមូលដ្ឋាន ​លើកទឹកចិត្តនិងផ្តល់សិទ្ធិឲ្យវិស័យឯកជនក្នុងនិងក្រៅប្រទេសចូលរួម។ កិច្ចការទាំងអស់នេះ(ដើរតួ)សំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាល។ នេះគ្រាន់ជាផ្នែកមួយនៃការវិនិយោគ។ មានការវិនិយោគពាក់ព័ន្ធការចំណាយគាំពារសង្គមអីទៀត។ យើងចាយច្រើន។ បន្តិចទៀតខ្ញុំនឹងបញ្ជាក់។ ការងារនេះ ខ្ញុំក៏សូមយកឱកាសអរគុណទៅដល់ដៃគូដែលមានអង្គការសង្គមនិងប្រទេសជាដៃគូ ដែលបានជួយអភិ​វឌ្ឍវិស័យសុខាភិបាល។ ខ្ញុំបានជួបជាមួយនឹងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតពីបណ្តាប្រទេស ថ្នាក់ដឹក​នាំស្ថាប័នអន្តរជាតិជាច្រើន ដែលមកជួបប្រជុំគ្នា ក្នុងនោះមិនដែលចោលរឿងសុខាភិបាលទេ ជាពិសេសគឺពង្រឹងការផ្តល់គុណភាពសុខាភិបាលនៅមូលដ្ឋាន ដែលនេះវាស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលរបស់យើង។

(៤) វឌ្ឍនភាពនៃការកែលំអការផ្តល់សេវាសុខាភិបាលឱ្យដល់មូលដ្ឋាន

ទី២ (អំពីការកែលំអ)លទ្ធភាពទទួលបានសេវា បានន័យថារុញសេវាសុខាភិបាលឲ្យដល់មូលដ្ឋាន កសាងប៉ុស្តិ៍សុខភាព មណ្ឌលសុខាភាព ពេទ្យបង្អែកស្រុក ពង្រឹងពេទ្យបង្អែកខេត្ត ពេទ្យថ្នាក់ជាតិ ទំនើបកម្ម បង្កើន​គុណភាពផ្តល់សេវា ប្រភេទជំងឺធ្ងន់និងរុញទៅដល់តាមខេត្ត … ក្នុងដំណាក់កាលទី១ នេះ យើងបានធ្វើការចុះហត្ថលេខាជាមួយ JICA ដើម្បីកសាងពេទ្យតំបន់ ២ (ដែលមួយ)នៅសៀមរាប និង(មួយ)នៅខេត្តកំពង់ចាម ដែលខ្ញុំបានទៅសម្ពោធនៅមណ្ឌលវះកាត់នៅពេទ្យសៀមរាបថ្ងៃមុន ក៏បាននិយាយគឺចង់ជំរុញនិងធ្វើវិមជ្ឈការសមត្ថភាពព្យាបាលប្រជាពលរដ្ឋឱ្យដល់មូលដ្ឋានក្នុងកម្រិតដែលអាចធ្វើទៅបាន ក្នុងនោះមានការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី១ ស្ដីពី «ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅរក​ការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា» ដែលយើងប្រកាសការដាក់ចេញជាផែនទីនៅថ្ងៃនេះ និងវិធានគន្លឹះក្នុងវិស័យសុខាភិបាល​នៅ​អាណត្ដិទី ៧នេះ ដែលផ្ដោតលើការពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែកស្រុក។

(៥) ធ្វើទំនើបកម្មសេវាសុខាភិបាលពីលើចុះក្រោម និងពង្រឹងការផ្តល់សេវាតាមមណ្ឌលសុខភាព/ពេទ្យបង្អែកស្រុក

យើងពង្រឹងពីក្រោមឡើង និងទំនើបកម្មពី​លើចុះ។ នេះជាអ្វីដែលខ្ញុំនិយាយថាអនុវត្តតាមអភិក្រម២ ជាមួយគ្នា។ ទំនើបកម្ម កសាងសមត្ថភាព លទ្ធភាព ព្យាបាល វះកាត់ធ្ងន់ ជំងឺដែលមានលក្ខណៈស្មុគស្មាញពីលើចុះក្រោម ពីថ្នាក់ជាតិរុញទៅដល់តំបន់ និងនៅថ្ងៃក្រោយទៅដល់ខេត្ត។ ការពង្រឹង​ពីក្រោម​ឡើង គឺពង្រឹងប៉ុស្ដិ៍សុខភាព ជាពិសេសមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក។ នេះជាអ្វីដែលរាជរដ្ឋាភិបាលអាណត្ដិទី៧ បានដាក់ចេញជាគោលការណ៍ ហើយយើងបានធ្វើជាប្រចាំតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ​​ជំរុញពង្រឹងសេវា។ ឥឡូវ យើងរៀបចំផែនការឈានទៅដល់ថ្ងៃមុខ ដែលអាចថាមណ្ឌលសុខភាពនីមួយៗ ​មានលទ្ធភាពធ្វើការមិនបិទទ្វារ បានន័យថា ២៤ ម៉ោង ក្នុង ១ ថ្ងៃ និង ៧ ថ្ងក្នុង ១ សប្ដាហ៍។ កន្លែងនេះសំខាន់ណាស់។ នៅទីប្រជុំជន នៅភ្នំពេញ ប្រជាជនអាចរត់ទៅរកគ្លីនិកឯកជនដែលបើក ២៤ម៉ោង … នៅជនបទដាច់ស្រយាល (យើងចង់អោយមាន)លទ្ធភាពដែលប្រជាពលរដ្ឋអាចទៅរកមណ្ឌលសុខភាពបើកទ្វារ ២៤ ម៉ោង មាន​ពេទ្យប្រចាំការគ្រប់គ្រាន់ មានថ្នាំសង្កូវ ឧបករណ៍សំភារៈយ៉ាងហោចណាស់សង្គ្រោះបឋម បើមានករណីធ្ងន់ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬបញ្ហាអីបន្ទាន់។

(៦) “ការគ្របដណ្ដប់សេវាសុខភាពមានគុណភាព ជាទីពឹងរបស់ប្រជាពលរដ្ឋជាពិសេសតាមមូលដ្ឋាន បានគ្រប់ពេលវេលា ”

នេះជាគោលដៅ និងមហិច្ឆតារបស់យើងក្នុងអាណត្ដិទី ៧ នេះ គឺត្រូវ​ធ្វើឲ្យប្រជាពលរដ្ឋយើង មិនត្រឹមតែមាននូវអ្វីដែលហៅថា “ការគ្របដណ្ដប់សុខភាពកាន់តែធំនោះទេ ប៉ុន្ដែជាសេវាសុខភាពមានគុណភាព ដែលប្រជាពលរដ្ឋទុកចិត្ត និងអាចជាទីពឹងរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសតាមមូលដ្ឋាន” … ក្នុងន័យនេះ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤ ដល់ ២០៣៥, (ដែលមានរយៈពេល) ១២ ឆ្នាំនេះ បានដាក់ចេញនូវផែនការនិងគោលដៅច្បាស់លាស់ឈានទៅកសាងឲ្យបានប្រ​ព័ន្ធ/សេវាថែទាំសុខភាពមួយសំរាប់ប្រជាពលរដ្ឋ ដែលយើងធានាថាមិនមានប្រជាជនណាត្រូវបោះបង់ ឬរុញចេញ មិនទទួលបានការថែទាំសុខភាពនោះទេ។

(៧) គោលដៅ៣ នៃ “ផែនទីបង្ហាញផ្លូវការគ្របដណ្តប់វិស័យសុខាភិបាល”

ក្នុងផែនទីនេះ បានដាក់ចេញគោលដៅ៣ ដូចឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់។

ទី១ ពង្រីកវិសាលភាពគ្របដណ្ដប់នៃវិស័យសុខាភិបាលជាសាវ័ន្ដឲ្យបានយ៉ាងហោចណាស់ ៨០ % នៃប្រជាជនសរុប ដែលបច្ចុប្បន្នយើងមានជិត ៧លាននាក់។ បានន័យថាយើងមានលទ្ធភាពគ្របដណ្ដប់ដោយប្រព័ន្ធគាំពារសង្គមតាមរូបភាពណាមួយដល់ខ្ទង់ ៤១% នៃប្រជាជន។ គោលដៅរបស់យើងក្នុង ១២ ឆ្នាំនេះ គឺ​បង្កើន(ចំនួន)ប្រជាពលរដ្ឋដែលត្រូវគ្របដណ្ដប់។ បានន័យថា ប្រសិនយើងផ្អែកទៅលើប្រជាពលរដ្ឋដែលមាន ១៧លាន​នាក់ ជាគោលដៅយើងទៅថ្ងៃក្រោយ អ្នកទទួលផលជិត ១៤លាននាក់ ដែល(យើង)អាចធានាបានថាអាចមានលទ្ធភាពទៅរកពេទ្យនៅជិតគាត់ ហើយអាចមានលទ្ធភាពគ្របដណ្ដប់ដោយសេវា​សុខភាព ជាប្រព័ន្ធគាំពារសង្គមតាមរូបភាពណាមួយ ដូចជាតាម ប.ស.ស ឬបណ្ណសមធម៌ ជាដើម។

ទី២ បង្កើនសន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្ដឲ្យបានយ៉ាងហោចណាស់ ៨០%។ យើងដាក់ចេញ សូចនាករច្បាស់លាស់។ យើងមិនចេះតែនិយាយទេ។ យើងមិនអាចថា ១២ ឆ្នាំក្រោយឡើងពី ៤១% ទៅ ៤២ % នោះទេ។ យើងដាក់គុណជា ២ តែម្ដង។ នេះជាគោលដៅខ្ពស់ ប៉ុន្ដែចាំបាច់ត្រូវធ្វើ ស្របទៅ​នឹងគោលការណ៍របស់អង្គការអន្ដរជាតិផង។ ប៉ុន្ដែ អ្វីដែលសំខាន់គឺការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំ​រុញការអភិវឌ្ឍការគ្របដណ្ដប់នេះ។ ការគ្របដណ្ដប់(មានលក្ខណៈជា)បរិយាប័ន្ន បានន័យថាយើងរុញ(សេវា)ឲ្យអាចទទួលផលនេះ បាន(ដល់)ប្រជាពលរដ្ឋជាអតិបរិមា ជាជាងអភិវឌ្ឍមកចែកតែមួយក្ដាប់ … ប្រ​ទេសយើងត្រូវការប្រជាពលរដ្ឋគ្រប់រូប។ ដូចដែលខ្ញុំបាននិយាយជារឿយៗ អ្នកដែលជាសសរ ជាមូលដ្ឋាន​នៃការរឹងមាំរបស់ប្រទេសជាតិគឺប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ពិសេសអ្នកនៅមានការលំបាកនៅខាងក្រោម។ បើគ្រឹះក្រោមយើងមាំ យើងមិនរង្គើទេ។ ស្ថានភាពយ៉ាងណា យើងនៅមានភាពធន់ … គោលដៅនៃការដាក់ចេញផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់នេះគឺនៅក្នុងទិសដៅហ្នឹង។

ទី៣ ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់ទៅលើការថែទាំសុខភាពឲ្យសល់ត្រឹម ៣៥%​ នៃចំណាយសរុប។ ចំណុចនេះ ខ្ញុំសូមភ្ជាប់ជាមួយគោលដៅទី៣ របស់យើងដែលថា ក្រៅពីបង្កើនគុណភាព ពង្រីកលទ្ធភាពដែលអាចទទួលសេវាបាននៅមូលដ្ឋាននៅជិតផ្ទះ គឺតំលៃសមរម្យ។ ប្រទេសយើងអត់ខុសពីប្រទេសគេទេ។ តែប្រទេសរីកចំរើនហើយ ជីវភាពឡើងហើយ តំលៃ​ថ្លៃនៃសេវាថែទាំសុខភាពក៏ឡើងដែរ។ វាត្រូវតែអញ្ចឹងហើយ។ ថ្លៃនៃសេវាថែទាំសុខភាពនឹងឡើង​ចៀសមិនផុត ព្រោះពេទ្យត្រូវវិនិយោគលើឧបករណ៍ដែលថ្លៃ ថ្នាំកាន់តែថ្លៃ សេវាពេទ្យកាន់តែថ្លៃ បុគ្គលិក​អីក៏កាន់តែថ្លៃដើម្បីផ្ដល់សេវា។

នៅប្រទេសអភិវឌ្ឍ ដូចជានៅសហរដ្ឋអាមេរិក កាលខ្ញុំជាសិស្ស ពេលខ្លះក្អក ឈឺទ្រូង ត្រូវទៅចាំពេទ្យ។ ពេទ្យមកយកញញួរមកគោះបន្ដិច ២ ០០០ ដុល្លារ។ សេវាត្រូវតែឡើងចៀសមិនផុតទេ។ បើមិនអញ្ចឹង ពេទ្យមិនមានលទ្ធភាពយកទៅទិញថ្នាំ ទិញឧបករណ៍មកវិនិយោគបានសេវាល្អទេ។ វាត្រូវតែឡើងដូចជានិន្នាការពិភពលោក។ ប៉ុន្ដែ អ្វីដែលយើងត្រូវធានាគឺអ្វីដែលចេញពីហោប៉ៅប្រជាជនកុំឲ្យឡើងខ្ពស់ពេក។ឡើងដឹងតែត្រូវឡើង។ ដូចដែលខ្ញុំនិយាយក្នុងតម្លៃ ២០០០ ដុល្លារ ខ្ញុំចេញដូចជាតែ ១០០ ទេ។ ក្រៅពីហ្នឹងគឺធានារ៉ាប់រង។ ជាសិស្សត្រូវទិញ​ធានារ៉ាប់រង … ចំណេញទាំងពីរ។ សេវាពេទ្យមានលទ្ធភាពក្នុងការវិនិយោគខ្ពស់ទិញសំភារៈ ទិញថ្នាំអីល្អៗ ប៉ុន្ដែប្រជាពលរដ្ឋដែលទៅអត់ចំាបាច់ត្រូវបង់(ថ្លៃសេវាខ្ពស់)ហួសហេតុ។ បើមិនអញ្ចឹងអត់មានអ្នកណាទៅប្រើ(សេវាថែទាំសុខភាព)។ អញ្ចឹងគេមានកម្មវិធីធានារ៉ាប់រង។ វាស្រដៀងគ្នានឹងប្រព័ន្ធគាំពារសង្គមដែលយើងកំពុងរៀបចំរាល់ថ្ងៃនេះ គឺដើម្បីព្យាករណ៍ទៅអនាគតហ្នឹង​ឯង។ បានន័យថា ពេលដែលតំលៃវាឡើង​ យើងត្រូវរករូបមន្ដណាដើម្បីឲ្យ(ការចំណាយរបស់)ប្រជាជនចេញពីហោប៉ៅច្រើនបំផុតត្រឹម ៣៥%។ អ្នកខ្លះចេញទាបជាងហ្នឹង។ តែទោះជាចេញយ៉ាងណា កុំឲ្យលើស ៣៥% តាមរយៈការបង្កើតនូវកម្មវិធី/គំរោង/រូបមន្ដផ្សេងៗ ដែល​យើងដាក់ចេញនូវរបបសន្ដិសុខសង្គម/បដិភាគ។ ឥឡូវបងប្អូនបានទទួលផលហើយ។ គាត់បង់តែ ១៥ ៦០០រៀល/ខែ គាត់ទៅព្យាបាលដោយមិនចាំបាច់បង់។ បានន័យថាគាត់ចេញពីហោប៉ៅគាត់តែ ១៥ ៦០០ រៀល/ខែ។ មួយខែទៅពេទ្យពីរ ឬបីដង គឺ ប.ស.ស ចេញឲ្យ។ រូបមន្ដបែបនេះ សំរាប់អ្នកស្វ័យនិយោជ អ្នកស្ម័គ្រ​ចិត្ត អ្នកដែលក្រុមហ៊ុនចេញ … ​គាត់បង់បដិភាគមែន តែរដ្ឋជួយបដិភាគ ឬក៏កម្មវិធីរបស់គាត់ នេះហើយជាគោលដៅ។

(៨) ធានាថាការចំណាយរបស់ប្រជាពលរដ្ឋ មានការ​ប៉ះប៉ូវ មានលទ្ធភាពទទួលសេវាថ្លៃ តែបង់តម្លៃទាប

យើងមិនអាចហាមថាមិនឲ្យតំលៃនៃការផ្ដល់សេវាសុខាភិបាលកើនទេ។ (បើហាមដូចនោះ)ទាល់តែយើងព្រមទទួលថា​​មិនឲ្យគុណភាពកើនដែរ។ តែយើងត្រូវធានាថាការចំណាយចេញពីហោប៉ៅរបស់ប្រជាពលរដ្ឋត្រូវមានអ្វីជួយ​ប៉ះប៉ូវគាត់ ឲ្យគាត់បានទទួលលទ្ធភាព ទទួលសេវាថ្លៃ តែបង់តម្លៃទាប។ ផែនទីបង្ហាញផ្លូវថ្ងៃនេះ គឺសម្រាប់អនុវត្ត​ក្នុងគោលដៅហ្នឹងឯង។ ខ្ញុំសុំមិនពន្យល់ខាងបច្ចេកទេសទេ ទុកឲ្យខាងអ្នកបច្ចេកទេសបកស្រាយចុះ។ ប៉ុន្តែ សូមបញ្ជាក់ថា គុណសម្បត្តិដែលយើងគិតថាថ្ងៃនេះគឺជាការកំណត់ទិសដៅជាប្រវត្តិ​សាស្រ្តក្នុងវិស័យសុខាភិបាលរបស់យើង ដែលដាក់ចេញនូវផែនទីច្បាស់លាស់នោះ មានគោលដៅអី? គឺគោលដៅព្យាករ ធ្វើឲ្យវិស័យសុខាភិបាលយើងរីកចម្រើន ទាំងគុណភាពខ្ពស់ ថ្លៃសមរម្យ ដែលលទ្ធភាពប្រជាជនអាចទទួលយកបាន …។

(៩) រដ្ឋរៀបចំយន្តការនិងគោលនយោបាយឲ្យវិស័យឯកជនអាចចូលរួមបានផ្តលសេវាធានារ៉ាប់រង

បច្ចុប្បន្ននេះ សម្រាប់ការជួយទប់គឺមានរូបមន្ត ២។ ទៅថ្ងៃមុខ ខ្ញុំឃើញថាមិនខុសពីហ្នឹងទេ។ ថ្ងៃក្រោយអាចមានជារូបមន្តឯកជន គេហៅថា (ធានា)រ៉ាប់រង។ ឥឡូវមានលក់បណ្ដើរៗហើយ។ ក្រុមហ៊ុន Life Insurance អីហ្នឹង។ អ្នកខ្លះមានទិញទុកហើយ។ អ្នកខ្លះមិនមែនត្រឹមតែរ៉ាប់រងសុខភាពទេ រ៉ាប់រងដល់ជីវិតទៀត។ ទុកសន្សំឲ្យកូន។ អញ្ចឹងទៅថ្ងៃមុខ គឺមានលទ្ធភាពទាំងឯកជនទាំងរដ្ឋ។ តែនៅក្នុងវិស័យរដ្ឋ គឺយើងរៀបចំបែបនេះ ដើម្បីថ្ងៃក្រោយឯកជនអាចចូលរួមបានតាមរូបមន្តណាមួយ។ យើងចង់ឲ្យមានលទ្ធភាព មាន​ចីរភាព។ រដ្ឋមិនអាចរ៉ាប់រងទាំងអស់ទេ។ រដ្ឋត្រូវរៀបចំជាយន្តការ ជាគោលនយោបាយដើម្បីឲ្យវិស័យឯកជនអាចចូលរួមបាន ហើយប្រជាជនក៏ត្រូវមានសិទ្ធិ។ ជួនកាល មន្រ្តីរាជការគាត់មាន ប.ស.ស ​របស់គាត់ អត្ថប្រយោជន៍ពីកន្លែងការងារ តែគាត់ក៏មានជម្រើសទិញបន្ថែមនៅកន្លែងណា។ ឧទាហរណ៍ ធានាសុខភាពមួយៗ គាត់មានជាកញ្ចប់។ កញ្ចប់ខ្លះសម្រាប់តែព្យាបាលមូលដ្ឋានទេ តែទៅធ្វើធ្មេញត្រូវមានកញ្ចប់ផ្សេងទៀត។ អញ្ចឹងត្រូវមានការចូលរួមរបស់ឯកជនជាមួយ …។

(១០) ២០២៣ ចំណាយសម្រាប់ប្រព័ន្ធគាំពារសង្គម មានប្រមាណ ៩២៩ លានដុល្លារ

និយាយនៅក្នុងរូបមន្តរបស់យើងនេះមាន២។ ទី១ របបសន្តិសុខសង្គម ឬ ប.ស.ស តាមរយៈស្វ័យនិយោជ តាមរយៈការស្ម័គ្រចិត្ត ឬមួយក៏សម្រាប់ក្រុមហ៊ុនមួយចំនួនគឺជាកាតព្វកិច្ចដែលត្រូវបង់ចូល។ ថ្ងៃក្រោយ យើងនឹងបង្វែរទៅជាកាតព្វកិច្ចឬយ៉ាងណា? រឿងនេះចៀសមិនផុតទេ។ ប្រជាពលរដ្ឋមិនអាចរស់បាន បើសិនជាគ្មានលទ្ធភាពព្យាបាលជំងឺ។ ខ្ញុំជឿថាមាន ៩៩ក្នុង ១០០នាក់ ហើយចៀសមិនផុតពីការឈឺថ្កាត់ ទោះតិចឬច្រើន។ មនុស្សកើតមក រហូតដល់ចាស់ស្លាប់ទៅវិញ អត់ឈឺសោះ ខ្ញុំមិនដឹងថាមានដែរឬទេ។ ហ្នឹងបើតាមវដ្ដនៃជីវិត គឺកើត ចាស់ ឈឺ ស្លាប់។ អញ្ចឹងចៀសមិនផុត។ តិចឬច្រើនគឺត្រូវតែរកថ្នាំ។ បើមិនទៅពេទ្យ ក៏ទៅឱសថស្ថានទិញថ្នាំ … សម្រាប់ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលចំណាយសម្រាប់ប្រព័ន្ធគាំពារសង្គមបានកើនដល់ ៣ ៧១៥ ប៊ីលានរៀល គឺ ៩២៩ លានដុល្លារ។ អម្បាញ់មិញ ការវិនិយោគ ៥០០(លានដុល្លារ)ជាង (ឯ)ការចំណាយគាំពារសង្គម ៩០០(លានដុល្លារ)ជាង។ (យើងបាន)ចំណាយធំណាស់ទៅលើសុខភាពរបស់ប្រជាពលរដ្ឋ។ អ្នកខ្លះថា រដ្ឋាភិបាលមិនចេះគិតគូរពីប្រជាពលរដ្ឋ។ (តាមការពិតយើង)គិតគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយជំរុញគ្រប់សកម្មភាព …។

(១១) ប្រព័ន្ធគាំពារសង្គមផ្នែកសុខាភិបាលគ្របដណ្ដប់ប្រជាពលរដ្ឋគោលដៅ ៤លាន ៧សែននាក់ ស្មើនឹង ២៧% នៃប្រជាជនសរុប

ដល់ចំណុចនេះ ខ្ញុំសុំយករឿងមួយទាក់ទងនឹងរឿងសុខភាពដដែល។ រឿងធ្វើនំអត់ម្សៅ ឬអ្នកដែលចង់មកលួចផ្លែស្វាយ ឬផ្លែឈើគេ ហើយចោទម្ចាស់គេទៀត។ ឥឡូវ នៅក្នុងប្រព័ន្ធគាំពារសង្គមផ្នែកសុខាភិបាលរបស់យើង មូលនិធិសមធម៌យើងបានធ្វើ ២០ឆ្នាំហើយ ដែលយើងហៅថា មូលនិធិសមធម៌សុខាភិបាល ឬបណ្ណសមធម៌ ឬបណ្ណក្រីក្រនោះ។ យើងបានអនុវត្តសាកល្បងដំបូងនៅឆ្នាំ ២០០០។ រាជរដ្ឋាភិបាល​ផ្ដួចផ្ដើមធ្វើ។ គ្មាននរណាមកឲ្យធ្វើទេ។ យើងចង់គិតគូររូបមន្តដូចថ្ងៃនេះ គឺយើងគិត ១២ឆ្នាំ។ ថ្ងៃនោះយើងបានគិតសម្រាប់ ៥០ឆ្នាំទៀត។ រករូបមន្តអីដើម្បីជួយប្រជាពលរដ្ឋ ជាពិសេសជួយផ្ដល់ជាសេវាសុខាភិបាល។ ឥឡូវយើងឈានមួយជំហានទៀតទៅរករូបមន្តអីផ្សេង ដើម្បីឲ្យមាននិរន្តរភាពនិងការចូលរួម។ ពីកំណើតដំបូង ឆ្នាំ ២០០០ យើងបានពង្រីកទូទាំងប្រទេស ទាំងថ្នាក់ជាតិ និងក្រោមជាតិ។

ចាប់ពីឆ្នាំ២០១៥ គិតមកដល់បច្ចុប្បន្ន យើងគ្របដណ្ដប់បានប្រជាពលរដ្ឋគោលដៅប្រមាណ ៤លាន ៧សែននាក់ ស្មើនឹង ២៧% នៃប្រជាជនសរុប។ ប្រជាពលរដ្ឋដែលទទួលបានមានប្រជាពលរដ្ឋពីគ្រួសារក្រីក្រងាយរងគ្រោះ ប្រមាណជាង ២លាន ៨សែននាក់, ក្រុមគោលដៅមួយចំនួនដូចជាសមាគមម៉ូតូ រ៉ឺម៉ក កង់បី អ្នកធាក់ស៊ីក្លូ កម្មករ/និយោជិតក្រៅប្រព័ន្ធ ។ល។ ជាង ១០ម៉ឺននាក់, បុគ្គលិកបម្រើការក្នុងសេវាទេសចរណ៍សេដ្ឋ​កិច្ចក្រៅប្រព័ន្ធជាង ៣ពាន់នាក់, គ្រួសារងាយរងហានិភ័យចំនួនជាង ១លាន ៨សែននាក់។ នេះគ្រាន់តែបណ្ណសមធម៌សុខាភិបាល។ យើងមិនទាន់គិតពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពេលកូវីដ-១៩ ដែលយើងចំណាយអស់ជាង ១៣០០លានផង។ អញ្ចឹងអ្នកដែលបានផល គឺ ៤លាន ៧សែននាក់ ហើយផលនេះត្រូវបានប្រជាពលរដ្ឋទទួលស្គាល់ ហើយបានទៅដល់ដៃប្រជាពលរដ្ឋ។ លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៣ កន្លងទៅ ក៏មួយភាគធំបានពីការឃើញជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ពីការយកចិត្តទុកដាក់ជួយគាត់ពេលលំបាកកូវីដ និងពេលលំបាករបស់ប្រជាជនក្រីក្រ ជាពិសេសរឿងសុខភាពនេះឯង …។

(១២) អ្នកនយោបាយប្រឆាំងមិនអាចបបន្តុះបង្អាប់កម្មវិធីបណ្ណក្រីក្ររបស់រដ្ឋាភិបាលបាន ព្រោះប្រជាពលរដ្ឋបានទទួលផលនិងឲ្យតម្លៃ

យើងខំធ្វើ តែវាមានអ្នកនយោបាយចូលចិត្តបន្តុះបង្អាប់។ ស្អីក៏ដោយដែលរដ្ឋាភិបាលធ្វើក៏សុទ្ធតែអាក្រក់។ ស្អីក៏គ្មានកំណើត។ បង្អាប់ក្នុងប្រទេសមិនអស់ចិត្ត ចេញទៅដល់ក្រៅប្រទេសបង្អាប់ទៀត។ ប៉ុន្តែ ករណីមួយនេះ បង្អាប់តម្លៃកម្មវិធីបណ្ណក្រីក្ររបស់រដ្ឋាភិបាល គឺបង្អាប់មិនកើត ព្រោះប្រជាពលរដ្ឋបានទទួលផល ប្រជាពលរដ្ឋឲ្យតម្លៃ។ ដល់អញ្ចឹង បង្អាប់លែងអស់តម្លៃ លួចតែម្ដង។ គេលួចយ៉ាងម៉េច? គេថាកម្មវិធីនេះអាក្រក់ណាស់។ បានផល គេមិននិយាយថាផលអាក្រក់ទេ​ គេទទួលស្គាល់ថាផលល្អ ព្រោះទៅភូតប្រជាពល​រដ្ឋយ៉ាងម៉េច បើគាត់ទៅព្យាបាលអត់អស់លុយ។ ទៅរករឿងថា កម្មវិធីហ្នឹងអាក្រក់ គេអត់ជឿ។ អញ្ចឹងមានតែទៅនិយាយថា អាហ្នឹងល្អ តែរបៀបធ្វើអាក្រក់។ គេចោទរាជរដ្ឋាភិបាលថាប្រកាន់បក្សពួក ឲ្យតែគ្នាឯង។ សួរថា ៤លាន ៧សែននាក់ ឲ្យតែប្រពន្ធ បងប្អូនខ្សែមេភូមិ មេឃុំ ចៅហ្វាយខេត្តឬ។ ខ្ញុំសួរ ចៅហ្វាយខេត្ត មេឃុំ បងប្អូនប៉ុន្មាននាក់? គ្រួសារណាដល់ ៤លាន ៧សែននាក់? យើងធ្វើគោលនយោបាយសម្រាប់ប្រជាពលរដ្ឋយើងដោយមិនរើសអើង។ មិនត្រឹមតែប៉ុណ្ណឹងទេ គេថាអ្នកដែលបានហ្នឹងដោយសារគេចូលបក្សប្រ​ឆាំង។ រដ្ឋាភិបាលខំធ្វើ ដាំ២០ ឆ្នាំ ទម្រាំតែបានផ្លែ ទីបំផុតអ្នកឯងមកចង់លួចហើយជេរអ្នកដាំទៀត។ បោកប្រាស់អ្នកដាំទៀត។ រឿងតែប៉ុណ្ណឹង។

ពួកនេះមិនមែនត្រឹមតែធ្វើនំអត់ម្សៅទេ។ ធ្វើនំអត់ម្សៅបានន័យថា ធ្វើអីបោកបញ្ឆោត។ មកឆក់យកផ្លែឈើដែលគេដាំ ហើយធាក់ម្ចាស់គេ បេះផ្លែឈើគេយកទៅលក់ ហើយឲ្យអតិថិជនស្រឡាញ់ខ្លួន។ រដ្ឋាភិបាលបានផ្ដល់ឲ្យប្រជាពលរដ្ឋ មិនមែនលក់ទេ។ យើងផ្ដល់ឲ្យគ្រប់គ្នាដោយមិនរើសអើង។ បងប្អូនបានទទួលផល បងប្អូន​គាំទ្ររដ្ឋាភិបាល (ជា)រឿងបងប្អូន។ យើងឲ្យទាំងអស់។ ប៉ុន្តែគេវិញ​ គេមកបេះយក(ផល)ហ្នឹង ហើយ​ថាចូលមកគេទើបបាន។ ហ្នឹងស្មើបេះយកទៅលក់ទៀត​ ដែល(ផ្លែឈើ)យើងខំដាំ។ អ្នកខំដាំមានលទ្ធភាពអីក្រៅពីការពារភាពស្អាតស្អំរបស់ខ្លួនតាមផ្លូវច្បាប់។ (ដោយហេតុនេះហើយ)បានជាមានការប្ដឹងនិងឃាត់ខ្លួនលោក ស៊ុន ចន្ធី … នេះមិនមែនសិទ្ធិសេរីភាព​ក្នុងការបញ្ចេញមតិទេ គឺបោកប្រាសតែម្ដង។​​ ផ្សព្វ​ផ្សាយព័ត៌មានមិនពិត (Fake News) ដើម្បី(កេង)ចំណេញនយោបាយដោយចេតនា ត្រូវតែប្រឈមជាមួយច្បាប់ ត្រូវតែទទួលខុសត្រូវ។ យើងខំដាំបានផ្លែចែកប្រជាជន គេលួចបេះ គេជេរយើង។ យើងគ្រាន់តែការ​ពារ​ខ្លួន គេនាំគ្នាថាយើងអាក្រក់ទៀត …។

(១៣) មួលបង្កាច់គោលនយោបាយរដ្ឋាភិបាលថារើសអើងអ្នកទទួលផល ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយដោយគ្មានការរើសអើង (បានផលដល់)ប្រជាពលរដ្ឋ ៤លាន ៧សែននាក់។ បន្តិចទៀតយើងគ្រោងពង្រីកតាមរយៈ(ផែនទីបង្ហាញផ្លូវការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា)នេះក្នុងរយៈពេល ១២ ឆ្នាំ (នឹងគ្របដណ្តប់បានអ្នកទទួលផលដល់)ទៅ ៨០%។ បានន័យ​ថា (អ្នកទទួលផលជា)ប្រជាពលរដ្ឋទូទៅដោយគ្មានការរើសអើង។ នេះជាគោលនយោ​​បាយរបស់រាជរដ្ឋាភិបាល។ ខ្ញុំទទួលស្គាល់ថាក្នុង ៤លាន ៧ សែននាក់ ច្បាស់តែមានបងប្អូនមេឃុំ ចៅហ្វាយស្រុកព្រោះមិនដែលបងប្អូនមេឃុំ ចៅហ្វាយស្រុកអ្នកមានទាំងអស់ទេ។ គាត់ក៏ជាប្រជាពលរដ្ឋដែរ។ កន្លែងខ្លះ ជាការអនុវត្ត យើងបានដូរផែនការវាយតម្លៃដំបូង​​​ ID Poor រហូត … ប៉ុន្តែបើចោទរាជរដ្ឋាភិបាលថាមានគោលនយោបាយរើសអើងបែបនេះ គឺអ្នកឯងមួលបង្កាច់ទាំងស្រុង។ អ្នកត្រូវទទួលខុសត្រូវចំពោះច្បាប់។ បើមិនអញ្ចឹងទេ អ្នកឯងដើរបំផុសបំផុល … លួចរបស់គេលក់គ្រប់កន្លែងក្នុងស្រុក … ធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿលើគោ​លនយោបាយរបស់រាជរដ្ឋាភិបាល បង្កភាពវឹកវរក្នុងអារម្មណ៍របស់ប្រជាជន ក្នុងពេលដែលអ្នកឯងចំណេញនយោបាយ។ រាជរដ្ឋាភិបាលត្រូវការពារភាពស្អាតស្អំរបស់មន្ត្រីដែលខិតខំអនុវត្តគោលនយោបាយ។ វាមិនល្អឥត​​​ខ្ចោះក៏ដោយ តែបងប្អូនខិតខំដើម្បីបានផលដល់ប្រជាពលរដ្ឋជិតកន្លះប្រទេស។

(១៤) ការបញ្ចេញមតិ/ប្រឌិតរឿងមិនពិតដោយចេតនា ក្លែងបន្លំយកចំណេញ ត្រូវហាមឃាត់ដោយច្បាប់

ដូចខ្ញុំនិយាយអំពីការបញ្ចេញមតិ និងការប្រឌិតរឿង។ បញ្ចេញព័ត៌មានមិនពិតដោយចេតនា ចង់ក្លែងបន្លំយកចំណេញ ត្រូវតែទទួលទៅតាមអ្វីដែលអ្នកឯងធ្វើ។ ច្បាប់ប្រឆាំង Fake News នេះមិនមែនសំរាប់តែកម្ពុជាទេ។ ឥឡូវប្រទេសច្រើនណាស់កំពុងតែប្រឈម។ ប្រទេសផ្សេងៗ (កំពុងប្រឈម)ការផ្សព្វផ្សាយព័ត៌មានមិនពិត។ អំពើញុះញង់ត្រូវហាមឃាត់ដោយច្បាប់ ដូចជានៅ ឥណ្ឌា ថៃ សិង្ហបុរី មានជាទោសព្រហ្មទណ្ឌផង។ នៅប្រទសខ្លះ ផ្អែកទៅលើលក្ខខណ្ឌ បើសិនជាការផ្សព្វផ្សាយហ្នឹងធ្វើឲ្យខូចសន្តិសុខសង្គមនឹងត្រូវមានទោសព្រហ្មទណ្ឌ។ ម្សិលម្ង៉ៃ រដ្ឋមន្ត្រីការបរទេសរបស់អាល្លឺម៉ង់ កំពុងតែប្ដឹងមនុស្សម្នាក់ដែលចោទគាត់តាម X ថាជារដ្ឋមន្ត្រីការបរទេសដែលល្ងង់ជាងគេលើពិភពលោក។ មិនមែនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងថាគាត់ជាឧក្រឹដ្ឋជន ដោយសារគាត់មិនបានទប់ការបញ្ជូនអាវុធទៅ អ៊ុយក្រែន ប្រើប្រាស់ក្នុងការប្រយុទ្ធគ្នាធ្វើឲ្យមនុស្សស្លាប់។ គាត់មានសិទ្ធិចេញមកប្ដឹង … មន្ត្រីជាន់ខ្ពស់របស់អាល្លឺម៉ង់ចេញប្ដឹងមិនមែនធម្មតា។ មុននឹងគេចេញប្ដឹង គេមានអ្នកច្បាប់ឲ្យយោបល់។ ប្ដឹងបាន។ អញ្ចឹងបានន័យថា ទោសបែបប្រឌិតរឿងចោទប្រកាន់នេះ គាត់មានសិទ្ធិនៅក្នុងការប្ដឹងអ្នកឯង។ រាជរដ្ឋាភិបាលក៏មានសិទ្ធិប្ដឹងនិងអនុវត្តច្បាប់ដែរ។ នេះគឺជាសិទ្ធិក្នុងការការពារភាពស្របច្បាប់ ភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បូកជាមួយការការពារកុំឲ្យមានការញុះញង់រើសអើង បង្កភាពចលាចលដែលប្រជាជនចាប់ផ្ដើមរើសអើងមិនជឿទុកចិត្តទៅលើគោលនយោ​បាយរបស់រដ្ឋាភិបាលដែលយើងដាក់ចេញដោយសុចរិតភាពនោះ។ យើងត្រូវអនុវត្តច្បាប់។ បើប្រទេសលោកសេរីអនុវត្តច្បាប់បាន កម្ពុជាក៏មានសិទ្ធិ(អនុវត្តច្បាប់ដូចគ្នា)ដែរ។

(១៥) សូមប្រទេសជាមិត្តដែលចង់ពង្រឹងប្រជាធិបតេយ្យ កុំវាយតម្លៃករណីមួយ​ដោយផ្អែកថា “អ្នកនោះជាអ្នកណា” តែត្រូវមើលថា “អ្នកនោះបានធ្វើអី”

ខ្ញុំសូមអំពាវនាវឲ្យមិត្តទាំងអស់ ដែលមកណែនាំកម្ពុជាកុំឱ្យប្រើច្បាប់ដើម្បីបិទសម្លេង ទៅណែនាំអ្នកធ្វើខុសច្បាប់ កុំឲ្យរំលោភច្បាប់។ លោក ស៊ុន ចន្ធី មិនមែនទើបនឹងរិះគន់រាជរដ្ឋាភិបាលពេលទៅជប៉ុនហ្នឹងទេ គាត់រិះគន់រហូត។ តែសិទ្ធិរបស់គាត់ មានអ្នកណាធ្វើអី។ គាត់ទេតើ នៅមិននៅទៅប្រឌិតរឿងដើម្បីកេងចំ​ណេញនយោបាយធ្វើឲ្យខុស បង្កើតនូវភាពវឹកវរនិងចលាចល។ សាររបស់គាត់ ទោះបីជាគាត់ចង់ធ្វើតេស្តយកល្អយកអីក៏ដោយ ប៉ុន្តែជាចេតនាបំផ្លាញការពិត បង្កើតការមួលបង្កាច់ទៅលើគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ អញ្ចឹង រដ្ឋាភិបាលមានសិទ្ធិត្រូវ(ការពារ)។ ខ្ញុំសូមឲ្យប្រទេសជាមិត្ត ជាពិសេសលោកសេរី ដែលចង់ពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា​ ពង្រឹងការអនុវត្តច្បាប់គ្រប់គ្នា ជាពិសេសការគោរពច្បាប់។ មិនអាចថា ជាសកម្មជនបក្សប្រឆាំង ឬអ្នក(មួយចំនួន)ណា អាចមានសិទ្ធិធ្វើបាន ហើយមួយលើកទឹកចិត្តអ្នកខុសទេ។ គួរតែជួយណែនាំគាត់កុំឲ្យដើរហួសព្រំដែននៃច្បាប់។ សូមមិត្តទាំងអស់ មុននឹងវាយតម្លៃករណីណាមួយ កុំយកថាអ្នកនោះជាអ្នកណា ត្រូវមើលថាអ្នកនោះធ្វើអី។

(១៦) បានផលពីកម្មវិធីជាង ២០ឆ្នាំនេះ ប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជន ចូលរួមជាមួយរដ្ឋាភិបាល ជាសិទ្ធិមិនអាចបំភ្លៃបាន

អ្នកប្រឆាំងរាជរដ្ឋាភិបាលមាន។ លទ្ធផលបោះឆ្នោត ​​ក្នុង ៨លាន(នាក់) មានតែ ៦លាននាក់ទេ បោះឆ្នោតឲ្យគណបក្សប្រជាជន។ ក្នុងនោះមានជាង ១ លាននាក់ ​មិនគាំទ្រ តែគេអនុវត្ត(តាមច្បាប់)​​​។ នៅក្នុងផ្សារ នៅក្នុងអី បញ្ចេញមតិតាមហ្វេសប៊ុក តាមអីអញ្ចឹងទៅ។ រឿងអ្នកនយោបាយ ជាពិសេសអ្នកដឹកនាំបក្ស មិនថាបក្សប្រឆាំងឬបក្សណាទេ ត្រូវមានស្ដង់ដារ ត្រូវប្រកាន់ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ជាងប្រជាពល​រដ្ឋធម្មតា។ មិនអាចចេះតែដើរនិយាយរញ៉ីរញ៉ៃអញ្ចឹងទេ។ វាធ្វើឲ្យអ្នកគាំទ្រវិលវល់ ធ្វើឲ្យសង្គ​មមួយមានបញ្ហា។ ត្រូវប្រកាន់ជំហរការទទួលខុសត្រូវច្បាស់លាស់។ បើអ្នកឯងនិយាយថារដ្ឋាភិបាលដាក់ចេញគោលនយោ​បាយប្រកបដោយការរើសអើងលើបណ្ណក្រីក្រ អ្នកឯងមានទឡ្ហីករណ៍ទេ? កុំយកករណីមួយឬពីរ នាក់(មកសំអាង)។ មើល(ឲ្យ)ដល់ ៤លាន ៧សែននាក់ តើសុទ្ធតែជាខ្សែស្រឡាយរបស់ចៅហ្វាយខេត្ត(ឬ)ទេ​។ ខ្ញុំមិនជឿថាចៅហ្វាយខេត្តណាមានសាច់ញាតិរហូត ១ម៉ឺននាក់ ឬ ២ម៉ឺននាក់ទេ។ សម្រាប់ប្រជាជនដែលបានផលពីការជួយក្នុងកម្មវិធី ២០ឆ្នាំនេះ ដែលគាត់សម្រេចចិត្តមកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាសិទ្ធិរបស់គាត់។ គាំទ្ររដ្ឋាភិបាលចូលរួមជាមួយរដ្ឋាភិបាលជាសិទ្ធិរបស់គាត់ មិនអាច​យកជំហរហ្នឹងមកបំភ្លៃការពិតទេ។ ប្រជាជនបានផលដោយសារយើងខំដាំ។ ប្រជាជនសប្បាយចិត្តគាំទ្រយើងឲ្យដាំទៀត។ កុំមកលួចផលរបស់យើង ហើយមួលបង្កាច់អ្នកដាំ។ គេមានសិទ្ធិ(រកយុត្តិធម៌)។

(១៧) ក្នុងនាមជាខ្មែរ មិនគួរប្រកាន់ជំហរប្រឆាំងនិងបន្តុះសបង្អាប់ជាតិខ្លួនចំពោះមុខបរទេស

ខ្ញុំសូមយកឱកាសនេះនិយាយ ព្រោះវាភ្ជាប់ជាមួយរឿងបណ្ណក្រីក្រ ទាក់ទងនឹងគោលនយោបាយ។ ពូកែណាស់ចេញទៅក្រៅបន្តុះបង្អាប់។ យើងអួតដោយសារយើងមិនធ្លាប់មាន។ ឥឡូវបើសិនជាម្ដាយម្នាក់ មានកូនជាប់បាក់ឌូប្លិ៍ ហើយមួយតំណដូនតាគាត់មិនដែលមានអ្នកណាជាប់បាក់ឌូប្លិ៍ គាត់អួតបានអត់? គាត់ក៏មានសិទ្ធិអួតដែរ។ កុំមកថាគេកង្កែបក្នុងអណ្ដូង។ គេមានកូនដែលរៀនបានដល់បណ្ឌិត។ គេមានសមត្ថភាព។ ប្រ​ទេសយើង ដែលតាំងបាតដៃទទេ ​ពីមានសង្គ្រាមបែកបាក់ មកកសាងរួមគ្នាបានប៉ុននេះ គួរតែអរទៅ។ គួរតែអរថាពីមួយថ្ងៃទៅមួយថ្ងៃ យើងបង្កើតសមិទ្ធផលកាន់តែទំនើបជូនប្រទេសជាតិ។ ក្នុងនាមជាខ្មែរមិនគួរណាប្រកាន់ជំហរប្រឆាំង … បន្តុះសបង្អាប់(ជាតិ)ខ្លួនឯងនៅមុខបរទេស … ចំណុចល្អជាច្រើនយកទៅបង្ហាញ​ទៅក្នុងនាមជាខ្មែរ កុំឲ្យគេមើលងាយ(ខ្មែរ)។ អ្នកឯងបង្អាប់ប្រទេស(ជាតិខ្លួនឯង តែ)គេកំពុងតែមើលអ្នកឯងនៅស្រុកគេ ក៏គេកំពុងមើលងាយអ្នកផង។ យើងខំប្រឹងធ្វើស្ពាន ធ្វើអី(ផ្សេងៗ)។

ត្រូវហើយ ស្រុកយើងមិនដែលស្ពានឆ្លងទន្លេវែង ២-៣ គីឡូម៉ែត្រ ឥឡូវយើងធ្វើបានមួយ។ យើងសប្បាយចិត្ត។ ថ្ងៃក្រោយ យើងធ្វើច្រើនទៀត។ ហ្នឹងរឿងវាមួយ។ ដល់បង្អាប់ចំកន្លែងដែលបង្អាប់លែងកើត លួចបណ្ដោយ ហើយតែលួច ជាប់(ជំពាក់ត្រូវចាប់) … មិនត្រឹមតែ(លួចផ្លែ មក)មួលបង្កាច់អ្នកខំដាំទៀត .. អញ្ចឹងដើម្បីធា​នានូវស្ថិរភាព សច្ចភាព ជាពិសេសការដាក់ចេញនូវគោលនយោបាយសម្រាប់សុខភាពបងប្អូន បន្តិចទៀត យើងនឹងពង្រីកបន្ថែមជាគំនិតផ្ដួចផ្ដើមនិងការទទួលខុសត្រូវ ខំគិត ខំធ្វើ ខំទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ គ្មានបក្សណាមកឲ្យយើងធ្វើទេ។ អ្នកឯងក៏បានផលដែរ។ ខំប្រឹងដាំទៅ កុំ​មកលួចរបស់គេ។ បានតិចបានច្រើន រួមគ្នាដាំទៅ។ បើមិនបានធ្វើកម្មវិធីនេះ ក៏ប្រមូលលុយមកទៅជួយអ្នកក្រទៅ។ កុំយកលុយទៅទិញកាតទូរស័ព្ទ ដើរជេរ(អ្នកនេះអ្នកនោះថា)ផ្ដាច់ការ។

(១៨) មិនមែនជាប់ទោសពីការនិយាយរឿងសុខភាពប្រជាជនទេ​ តែពីការបង្កាច់កម្មវិធីរបស់រាជរដ្ឋាភិបាល

ថ្ងៃមុន ខ្ញុំជួបជាមួយនឹងឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ហើយមានមន្រ្តីពីក្រៅ។ គាត់និយាយថា កម្ពុជាអត់មានសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ។ ខ្ញុំថា “ឯកឧត្តម! សម័យនេះ ស្រួលមើលណាស់។ ឯកឧត្តមឡើងមើលតែហ្វេសប៊ុក មើលអីទៅ ជេរព្យុះ” … រាល់ថ្ងៃ។ សំខាន់ មានអ្នកចោទថា កម្ពុជាអត់មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ព្រោះសូម្បីតែនិយាយរឿងសុខភាពប្រជាជន ក៏ជាប់(ទោស)។​ វាមិនមែនរឿងសុខភាពប្រជាជន។​ អ្នកឯងមួលបង្កាច់កម្មវិធីរបស់រាជរដ្ឋាភិបាល។ ខ្ញុំប្រាប់ថាអោយមើលតែប៉ុណ្ណេះដឹងហើយ។ អ្នកដែលទៅកាន់មេក្រូនៅខេត្តជេររដ្ឋាភិបាលថាអត់ប្រជាធិបតេយ្យ អត់បើកសិទ្ធិសេរីភាព យប់ឡើងមិនដឹងទៅសប្បាយនៅណា ដេកនៅផ្ទះ មានម៉ាស៊ីនត្រជាក់។ គ្មានអ្នកណាទៅរកធ្វើទុក្ខបុកម្នេញ គាត់ទេ។ គាត់មានលុយទិញឡានជិះតាមផ្លូវអត់មានអ្នកណា(ហាមឃាត់) កុំឲ្យតែបុកគេ ដែលប៉ូលីស​ចាប់។ គាត់ជិះទៅដល់មូលដ្ឋានរៀបចំកម្មវិធី គ្មានអ្នកណាហាម។ គាត់ឡើងនិយាយដាក់មេក្រូដោយគ្មានអ្នកណាធ្វើ​អី។ ឯកឧត្តមមើលទៅវាសមអត់។ យើងគាំទ្រសិទ្ធិសេរីក្នុងការបញ្ចេញមតិ ប៉ុន្តែក៏ត្រូវមានព្រំដែន។ ការបញ្ចេញមតិដែលមិនមានចេតនាបង្កើត fake news បំផ្លើស ញុះញង់ … ប្រទេសណាក៏ការពារដែរ។ ដើម្បីការពារនូវស្ថិរភាពសន្ដិសុខសង្គម ករណីមួយនេះ ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលអនុវត្តច្បាប់ ដោយសារអ្នក​នោះធ្វើហួសព្រំដែនច្បាប់ដើម្បីការពារភាពស្អាតស្អំនៃគោលនយោបាយរាជរដ្ឋាភិបាល និងដើម្បីប្រជាជនបន្តជឿទុកចិត្ត និងចូលរួមនៅក្នុងអ្វីដែលប្រកបដោយសុចរិតភាព និងភាពទៀងត្រង់។ បើយើងមិនធ្វើទេ ប្រជាជននឹងមិនដឹង(អ្វីពិតអ្វីមិនពិត ដោយសារតែ)អ្នកដើរបំផុស(ព័ត៌មានមិនពិត) …។

(១៩) ពង្រឹងច្បាប់និងការអនុវត្តច្បាប់ បង្រ្កាបក្មេងទំនើង និងការប្រើប្រាស់អាវុធបង្កអសន្តិសុខនិងបំផ្លាញទ្រព្យសម្បត្តិ

សូមភ្ជាប់ត្រង់ហ្នឹងមួយទៀត។ ថ្ងៃនេះ មានអភិបាលខេត្តចូលមកច្រើន។ មានឯកឧត្តមអគ្គស្នងការ មានស្នងការចូលរួម។ រឿងភាពអនាធិបតេយ្យ អស្ថិរភាព​ រឿងបងធំបងតូច កាប់គ្នាច្រើនណាស់។ សូមឲ្យពង្រឹងកិច្ចការនេះ។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជាទៅអភិបាលនៃគណៈអភិបាលរាជធានីខេត្តទាំងអស់​ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបន្ដឹង​ ចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមដាវសាមូរ៉ៃ ដែលកាប់គ្នាប៉ុន្មានថ្ងៃនេះនៅភ្នំពេញ។ ម្សិលម៉្ងៃឃើញដាច់ដៃ និងបំផ្លាញនូវទ្រព្យសម្បត្តិ។ ថា(ទំនាស់តែ)ភាគីចុះ តែវាធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ត្រូវធ្វើឲ្យបានម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើង ទាំងវិធានការណ៍រដ្ឋបាលក្នុងការបង្កាទប់ស្កាត់ ទាំងវិធានការណ៍អនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ គ្មានការលើកលែង ដើម្បីការពារសណ្ដាប់ធ្នាប់សាធារណៈ សន្ដិសុខសង្គម។ ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតទៅតាមច្បាប់ជាធរមាន … សន្ដិសុខសង្គម សុវត្ថិភាពភូមិឃុំសង្កាត់ មានសុវត្ថិភាព គឺជាគោលដៅអាទិភាពចម្បង។

រឿងគ្រឿងញៀន យើងបានអនុវត្តបន្តជាប្រចាំ។ យើងឃើញការអនុវត្តបានច្រើន។ ខ្ញុំសូមអរគុណដល់សមត្ថ​កិច្ចទាំងអស់។ វាមិនមែនងាយស្រួលទេ ប៉ុន្តែយើងអនុវត្តជាប់ជាប្រចាំ។ រឿងបើកបរស្រវឹងបុកគេ ចាប់ និងអនុវត្តច្បាប់មិនឲ្យរួចទេ។ ឥឡូវស្ងាត់។ ឥឡូវនៅក្រុមបងធំបងតូច ជាពិសេសក្រុមដាវសាមូរ៉ៃ។ ខ្ញុំកំពុងឲ្យក្រសួងយុត្តិធម៌ពិនិត្យមើល រឿងដាវសាមូរ៉ៃហ្នឹង។ ប្រជាពលរដ្ឋកាន់អាវុធនៅតាមស្រុកស្រែ ទៅធ្វើការងារនៅចំការ។ តែនៅភ្នំពេញ កាន់ដាវសាមូរ៉ៃ ទៅធ្វើអី? ក្មេងៗ ទៅរៀនដាក់ដាវដាក់អីទៅធ្វើអី? ការពារខ្លួន? យកល្អ កុំឲ្យមានទាំងអស់គ្នា ប្រសើរជាង។ បើឲ្យមានអញ្ចឹង ម្នាក់ៗ ចាប់ផ្ដើមធ្វើកាន់តែស្រួច កាន់តែវែងជាងមុន។ បន្តិចទៀតដល់ធ្នូហើយ ព្រោះកាប់គ្នាកៀកពេក។ ដាក់អាហ្នឹងតែម្ដងពីចម្ងាយ …។

សូមធ្វើយ៉ាងណាឲ្យមាន(ច្បាប់)។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវឲ្យស្ថាប័នអយ្យការ និងស្ថាប័ន​តុលាការ មានវិធានការណ៍ច្បាប់ម៉ឺងម៉ាត់លើសំណុំរឿងករណីក្មេងទំនើងនេះ ដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃការអនុវត្តច្បាប់។ ខ្ញុំមិនមែនដាក់បញ្ជាទៅតុលាការទេ។ តុលា​ការឯករាជ្យ ប៉ុន្តែខ្ញុំសូមអំពាវនាវឲ្យស្ថាប័នអយ្យការ តុលាការហ្នឹង អនុវត្តឲ្យបានម៉ឺងម៉ាត់លើកិច្ចការនេះ។ ពិតណាស់ មានច្បាប់យើងខ្លះ ក្មេងក្រោមអាយុ ១៤ឆ្នាំ ១៤-១៨ឆ្នាំ មានទោសកម្រិតណាមួយ ប៉ុន្តែត្រូវសិក្សាឲ្យបានច្បាស់ ថាតើពង្រឹងយ៉ាងណាដើម្បីឲ្យខ្លាច។ ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវឪពុកម្ដាយ ក៏ដូចជាអាណាព្យាបាលឲ្យខិតខំតាមដាន អប់រំទូន្មានប្រដៅកូនៗ ព្រោះកិច្ចការនេះ ត្រូវអប់រំទាំងក្នុងសាលានិងផ្ទះ ហើយសូមកុំគ្រប់គ្រងឲ្យបាន។ កន្លែងខ្លះ ឪពុកម្ដាយល្អ ឪពុកម្ដាយចង់ឲ្យកូនមាន ចង់ឲ្យកូនសប្បាយ។

(២០) អនុវត្តកម្មវិធីបន្ថែមម៉ោងសិក្សា ដើម្បីកាត់បន្ថយភាពទំនេរនៅក្រៅសាលា និងជួយបំប៉នការសិក្សា

យើងកំពុងដាក់ចេញនូវការអនុវត្តកម្មវិធីសាកល្បងចំនួន ៤០សាលាជាងក្នុងការអប់រំ។ ម៉ោងខ្លះ យើងរៀនមួយកំណាត់ថ្ងៃ។ ឥឡូវកំពុងតែបន្ថែមម៉ោងក្នុងមួយថ្ងៃៗ កុំឲ្យទំនេរនៅក្រៅ។ ឲ្យរៀននៅក្នុងសាលា។ ចាប់ផ្ដើមពីថ្នាក់បឋម។ យើងយកចំណេញ២៖ ទី១ ការរៀនបន្ថែម ២ម៉ោងនេះដើម្បីកុំឲ្យមនុស្សទំនេរ ចេញទៅធ្វើអីច្រើនពេក។ ជាពិសេសក្មេងៗហ្នឹងឯង។ ទី២ ជួយបំប៉នបន្ថែមផង កុំឲ្យពិបាករៀនគួរ។ រៀននៅក្នុងម៉ោង​រដ្ឋតែម្ដង។ ថែមម៉ោងហ្នឹង។ យើង(បញ្ចេញ)ថវិកាមួយចំនួន។ យើងអាចនឹងប៉ះប៉ូវជូនអ្នកគ្រូលោកគ្រូក្នុងកិច្ចការហ្នឹង។ បានន័យថា រៀនព្រឹកផងល្ងាចអាចរៀនបន្ថែមម៉ោង។ ដូចរៀនគួរហ្នឹង។ អ្នកដែលលទ្ធភាពអី រៀននៅទីនេះតែម្ដង ដោយមិនចាំបាច់(បង់លុយរៀនគួរ)បន្ថែម … យើងកំពុងសាកល្បង ប៉ុន្តែត្រូវការឪពុក​ម្ដាយចូលរួម ដើម្បីឲ្យ(កម្មវិធីបន្ថែមម៉ោងដំណើរការបាន)។ ជាចុងក្រោយ សូមឲ្យក្មួយៗទាំងអស់ ប្រ​កាន់ខ្ជាប់នូវវិន័យ សីលធម៌ សេចក្ដីថ្លៃថ្នូរក្នុងនាមជាយុវជន ជាទំពាំងស្នងឫស្សី និងសូមចៀសវាងសកម្ម​ភាពទាំងឡាយដែលនាំអន្តរាយដល់ខ្លួន ដល់គ្រួសារនិងសង្គម។ រឿងនេះ ធំបំផុតផ្ដើមចេញពីក្មួយៗ។

វាទាក់ទងនឹងរឿងសុខភាពដែរ។ តែកាប់គ្នាទៅ គ្មានអ្នកណាក្រៅពីឪពុកម្ដាយចេញលុយព្យាបាលជំងឺ យកមកពេទ្យដដែលហ្នឹង។ កាប់គ្នាអត់សួររដ្ឋមន្រ្តីក្រសួងសុខាភិបាលទេ។ តែដល់របួសចូលទៅព្យាបាល មានការយឺតយ៉ាវ រករឿងរដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ជិះម៉ូតូជ្រែស្រវឹងអត់មានសួររដ្ឋមន្រ្តីក្រសួងសុខាភិបាលឬអគ្គស្នងការ ឬស្នងការនគរបាលទេ ជិះគេចទៀត អត់ប្រាប់ទៀត។ តែដល់មានរឿង គឺក្មួយៗជាអ្នកធ្វើជាអ្នកទទួល។ ដល់ពេលយើងអនុវត្តតឹង សូមកុំបន្ទោសរាជរដ្ឋាភិបាលថាតឹងរឹងចិត្តអាក្រក់ ធ្វើបាបក្មេង។ មិនមែនធ្វើបាបទេក្មួយណា។ យើងអនុវត្តនេះ ទី១ គឺជួយតម្រង់ទិសឲ្យក្មួយល្អ ទី២ ជួយការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ក្មួយៗ ទាំងអ្នកកាប់គេ ទាំងអ្នកត្រូវគេកាប់ ទី៣ ជួយការពារឪពុកម្តាយ ក្រុមគ្រួសារ កុំឲ្យខ្លោចផ្សាដោយសារកូនជាប់គុក ឬកូនស្លាប់ ឬកូនដាច់ដៃដាច់ជើង ទី ៤ ជួយសង្គមនិងប្រជាជនរស់នៅដោយគ្មានភាពភ័យខ្លាចពីក្មួយៗ។

(២១) ពង្រឹងនូវគោលនយោបាយភូមិ ឃុំ សង្កាត់ សុវត្ថិភាព

ក្នុងន័យនេះ សូមពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់ សុវត្ថិភាព ហើយសូមជួយមើលបុស្តិ៍សុខភាព មណ្ឌលសុខភាពយើងផង។ បន្តិចទៀត ប្រតិបត្តិការ ២៤ម៉ោង។ សូមសមត្ថកិច្ចនៅតាមភូមិឃុំជួយមើល។ ថ្ងៃមុន អ្នកណាទៅបាញ់ពេទ្យមួយនៅរតនគិរី ឬមណ្ឌលគិរី? ហ្នឹងរឿងស្នេហាត្រីកោណទេ ប៉ុន្តែជាសុវត្ថិភាពជាក់ស្តែង។ បើមានសុវត្ថិភាព មានសន្តិសុខការពារ។ បើថ្ងៃក្រោយបើក ២៤​ ម៉ោង គឺជួយផងពិនិត្យមើលដើម្បីលើកទឹកចិត្តដល់ពេទ្យដែលខំផ្តល់សេវាសាធារណៈជូនប្រជាជន ២៤ ម៉ោង ៧ ថ្ងៃមួយអាទិត្យនេះផង។ សូមចូលរួមពង្រឹងភូមិឃុំមានសុវត្ថិភាព និងសេវាជូនប្រជាពលរដ្ឋយើង។ នេះជាកិច្ចការដែលពាក់ព័ន្ធ អញ្ចឹងសុំអាជ្ញាធរជាពិសេសគណៈបញ្ជាការឯកភាព​រាជធានីខេត្តទាំងអស់ អ្នកដែលមកផ្ទាល់អ្នកដែលមកជាតំណាងសូមជួយប្រាប់។ អ្នកដែលទទួលបានព័ត៌មានតាម facebook បូកជាមួយនឹងស្នងការអាវុធហត្ថនៅគ្រប់បណ្តារាធានីខេត្តទាំងអស់ គឺត្រូវពង្រឹងរឿងនេះ។ ធ្វើឲ្យបាត់តែម្តង។ រឿងឡានស្រវឹងបុកបាត់ ស្រែកមួយប្រាវបាត់។ ឥឡូវកន្លែងនេះ ខ្ញុំថាអត់ពិបាកទេ អត់ច្រើនទេ។ ក្រុមគាត់មួយភូមិ ឬមួយខេត្តមានតែមួយក្រុម ឬពីរក្រុមទេ។ ពង្រឹងតែគាត់ទៅ អ្នកផ្សេងលែងអស់ហើយ។ កុំឲ្យធំតែគាត់ពេក។ ប្រយ័ត្នបងធំធំជាងអភិបាលខេត្ត។ ចុះបើអភិបាលខេត្តបញ្ជាទៅហើយ ធ្វើបងធំអត់បែកផង។ ហ្នឹងបានន័យថាគាត់ខ្លាំងជាង​អភិបាលខេត្ត។ ឥឡូវធ្វើទៅ។ បានន័យថាដាក់វិន័យរឹតបន្តឹង ជាពិសេសរឿងកាប់គ្នាមានភ័ស្តុតាង ត្រូវមើល។ ភ័ស្តុតាងអត់មានដូចពីដើម ហៅសាក្សីមកសួរ។

ឥឡូវមាន CCTV។ ថ្ងៃមុន យោធិនម្នាក់បាញ់បោះ។ឯកឧត្តម ទៀ សីហា​ កាត់ចេញ ស្រាប់តែមានព័ត៌មានទៅគាត់ថា បុគ្គលហ្នឹងដោយសារការពារខ្លួនព្រោះក្មេង​ស្ទាវមក។ គាត់ត្រូវដកកាំភ្លើងការពារខ្លួន។ ដល់អញ្ចឹងព័ត៌មានអត់គ្រប់។​ មួយចំនួនខឹងក្រសួងការពារជាតិថាអយុត្តិធម៌ គ្នាដកកាំភ្លើងបាញ់ការពារខ្លួនសោះ ម៉េចត្រូវបណ្តេញគ្នាចេញ។ មានឯណា។ ចេញពី CCTV មកឈរកណ្តាលថ្នល់ទើបមកពីស្រវឹងផងដាក់មួយប្រាវដើរទៅផ្ទះធ្វើមិនដឹង។ មានក្មេងបងធំឯណា។ មានធុកៗគ្នាភ័យចង់លោះព្រលឹង។ សាក្សី ភ័ស្តុតាងវាមានគ្រប់ អនុវត្តច្បាប់កុំឲ្យរួច។ ធ្វើមួយករណី ២ ករណី ឲ្យវារឹងមាំដើម្បីការពាររាប់រយករណីទៀត។ យើងមិនចង់យកក្មេងជាសត្រូវ ប៉ុន្តែក្មេងធ្វើខុសច្បាប់ជាពិសេសបង្ករបួសស្នាមកាប់ស្លាប់(ត្រូវតែអនុវត្តច្បាប់)។ ត្រូវតែធ្វើដើម្បីឲ្យសង្គមជាតិយើង ភូមិ ឃុំមានសុវត្ថិភាព … ខ្ញុំជឿថាឯកឧត្តមអភិបាលនៃគណអភិបាលរាជធានីខេត្តមិនខ្សោយជាងបងធំបងតូចទេ។ មែនទេ? ប្រយ័ត្នគេស្នើឲ្យបងធំ បងតូចឡើងធ្វើអភិបាលជំនួស … អត់មានម៉ែឪណាសប្បាយចិត្តឲ្យកូនដើរកាប់គ្នាទេ ជឿចុះ។ បើយើងមិនជួយលត់ទេ ខ្លះនៅក្រៅក៏រញ៉ីរញ៉ៃ ទៅផ្ទះក៏រញ៉ីរញ៉ៃ។ ជួនកាលកាប់ទាំងឪពុកម្តាយទៀត។ ត្រូវកាត់បន្ថយ ជាពិសេសឧបករណ៍ អាវុធហ្នឹង។ ខ្ញុំឲ្យក្រសួងយុត្តិធម៌ពិនិត្យមើលច្បាប់ ការដាក់អាវុធតាមខ្លួនហ្នឹង ព្រោះបើអ្នកនៅស្រុកស្រែចំការ ត្រូវការទៅកាប់ឆ្ការព្រៃ តែនៅក្នុងភ្នំពេញឆ្ការអី។ យកទៅសាលាសន្ធរម៉ុក យកទៅធ្វើអី? ដាក់ក្រោមកែបម៉ូតូសម្រាប់ការពារខ្លួន។ ការពារអ្នកណា?

ហ្នឹងខ្ញុំធ្លាប់ម្តង។ នៅអាមេរិកគេឲ្យតស៊ូមតិ ហើយគេឲ្យបែកជា ២ ក្រុម។ មួយក្រុមគាំទ្រឲ្យប្រជាពលរដ្ឋមានអាវុធកាន់ មានអាវុធគ្រប់ដៃតាមច្បាប់ មួយក្រុមកុំឲ្យកាន់គ្រប់ដៃតាមសមត្ថកិច្ច។ ខ្ញុំនៅក្នុងក្រុមការពារឲ្យតែសមត្ថកិច្ចបានហើយកុំឲ្យគ្រប់ដៃ។ ក្នុងទឡ្ហីករណ៍មួយ ខ្ញុំប្រាប់អញ្ចេះ បើសិនជាមានគ្រប់ដៃចោរប្លន់អត់ចាំយើងទេ ចោរបាញ់យើងចោលមុនព្រោះចោរដឹងថាអ្នកហ្នឹងអាចមានកាំភ្លើងបាញ់ត។ ចោរបាញ់មុន … ខ្ញុំថាមនុស្សអាក្រក់ បើសិនជាសង្ស័យអ្នកឯងមានកាំភ្លើង​ ជននោះនឹងបាញ់អ្នកឯងមុនហើយ។ តែបើជននោះដឹងថាអ្នកមិនមានអាវុធ ប្រហែលជាគេគ្រាន់តែភ្ជង់យក(ទ្រព្យរបស់) … កាលពីនៅក្មេងខ្ញុំចាំថាឆ្នាំ១៩៨០ ឬ១៩៨១ ចំពាមបាញ់សុទ្ធតែគ្រាប់ដែក។ ចែកព្រំដែនគ្នា។ អ្នកពេទ្យចិន អ្នកផ្សារកាប់គោ ខ្ញុំឈរមើល ប៊ិះត្រូវមួយគ្រាប់នឹងគេដែរ។ គ្រាប់កាំកង់ គ្រាប់ឃ្លី។ តែពេល ដូចមហាអំណាចប្រកួតប្រជែងសភាវុធ។ ក្រុមមួយៗ តែកាប់យូរៗទៅច្នៃប្រឌិតកាន់តែខ្លាំងហើយចូលកាប់គ្នាផ្ទាល់តែម្តង។ ជួនកាលលេងពីក្រោយ ជិះស្ងាត់ៗ ដេញកាប់គ្នា។ សូមឲ្យធ្វើ(ការចាត់វិធានការ)ហ្នឹង។ សូមទោសឯកឧត្តមអគ្គរាជទូត ឯក​អគ្គរដ្ឋទូត(ដែលត្រូវអង្គុយ)ស្តាប់ខ្ញុំ ប៉ុន្តែរឿងនេះវាពាក់ព័ន្ធរឿងសុខភាព ទាក់ទងរឿងសណ្តាប់ធ្នាប់សង្គម។ ថ្ងៃនេះ សូមយកចិត្តទុកដាក់ទៅលើការងារនេះផង …។

[បញ្ចប់សេចក្តីអធិប្បាយ]

ការគ្របដណ្តប់សុខភាពជាសកល មិនមែនត្រឹមតែជាការគិតគូរអំពីសុខភាពរបស់ពលរដ្ឋមួយមុខ​ប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងជាការវិនិយោគប្រកបដោយយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍមូលធនមនុស្ស សំដៅលើកកម្ពស់​សុខុមាលភាព​សង្គម, សមធម៌, កំណើនសេដ្ឋកិច្ច, និង សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ផងដែរ ។ បន្ថែមលើនេះ, ការគ្របដណ្តប់សុខភាពជាសកល ក៏ជាកត្ដាគន្លឹះមួយ ដែលរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។ ក្នុងទិសដៅនេះ, កម្ពុជាត្រូវសម្របជាប្រចាំ តាមនិន្នាការប្រែប្រួលសកល ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកកម្ពស់ភាពជាអ្នកដឹកនាំ, អភិបាលកិច្ច, សមត្ថភាពស្ថាប័នគ្រប់កម្រិត, និង ភាពជាដៃគូ ប្រកបដោយបរិយាបន្ន ដោយផ្សារភ្ជាប់នឹងការធានាបាន នូវគោលនយោបាយសមស្រប និង សមត្ថភាពអនុវត្តជាក់ស្តែង, លទ្ធផលការងារ និង ការទទួលខុសត្រូវ ដើម្បីជម្នះរាល់ឧបសគ្គផងទាំងពួង ដែលមានភាពកាន់តែស្មុគស្មាញ ។

ក្នុងន័យនេះ, ដើម្បីសម្រេចបានចក្ខុវិស័យ និង ទិសដៅគោលនយោបាយខាងលើ, ខ្ញុំសូម ស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ, ជាពិសេស ក្រសួងសុខាភិបាល, ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ, ក្រសួងផែនការ, ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ, និង ក្រុមប្រឹក្សាជាតិគាំពារសង្គម, ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍ, វិស័យឯកជន, និង គ្រប់ភាគីពាក់ព័ន្ធ, រួមគ្នាជាធ្លុងមួយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ ឲ្យបានសម្រេចជោគជ័យ និង មានប្រសិទ្ធិភាពខ្ពស់ ក្នុងគោលដៅជំរុញឲ្យការគ្របដណ្តប់សុខភាពជាសកល ក្លាយជាការពិតសម្រាប់ពលរដ្ឋកម្ពុជា ។ ទន្ទឹមនេះ, ខ្ញុំក៏ស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំផែនការប្រតិបត្តិ និង ផែនការយុទ្ធសាស្ត្រលម្អិត, ក៏ដូចជា យន្តការតាមដាន និងវាយតម្លៃជាប្រចាំ អំពីវឌ្ឍនភាព និង បញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលយុទ្ធសាស្ត្រពាក់ព័ន្ធ ឲ្យបានសមស្រប, ទាន់ពេល, និង ចំទិសដៅ ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលល្អ តាមការគ្រោងទុក ។

ខ្ញុំសូមប្រគល់ភារកិច្ចជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយក-រដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, និង ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, បន្តដឹកនាំ, តម្រង់ទិស, និង សម្របសម្រួលការអនុវត្ដផែនទីបង្ហាញផ្លូវនេះ តាមរយៈយន្តការអនុគណៈកម្មការទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសកល ដែលនឹងត្រូវបង្កើតឡើង ដូចត្រូវបានកំណត់ក្នុងយន្តការអភិបាលកិច្ចនៃផែនទីបង្ហាញផ្លូវនេះ។

ក្នុងនាមរាជរដ្ឋាភិបាល, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ជាថ្មីម្ដងទៀត ដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម, ក្រសួងសុខាភិបាល, ក្រុមការងារបច្ចេកទេសអន្តរក្រសួង និង អគ្គ-លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចំពោះការដឹកនាំសម្របសម្រួល ក្នុងការធ្វើឲ្យ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ ២០២៤-២០៣៥» ដែលជាឯកសារមគ្គុទេសក៍ដ៏មានសារៈសំខាន់សម្រាប់ប្រជាជាតិខ្មែរនេះ លេចចេញជារូបរាងឡើង ។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ដល់គ្រប់ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍ និង អង្គការសង្គមស៊ីវិលពាក់ព័ន្ធ ដែលបានផ្ដល់ការគាំទ្រ និង កិច្ចសហការល្អ ក្នុងដំណើរនៃការរៀបចំផែនទីបង្ហាញផ្លូវនេះ និង សូមអំពាវនាវឲ្យបន្ដផ្ដល់ការគាំទ្រពេញទំហឹង និង ចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្ដផែនទីបង្ហាញផ្លូវនេះ ឲ្យបានសម្រេចតាមគោលដៅដែលបានកំណត់ ។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី បានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ, វណ្ណៈ, សុខៈ និង ពលៈ និង សូមសម្រេចបាននូវជោគជ័យក្នុងភារកិច្ចបម្រើជាតិ និង មាតុភូមិ ។ ខ្ញុំសូមប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ ២០២៤-២០៣៥» ចាប់ពីពេលនេះតទៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា