សម្តេច​តេជោ ហ៊ុន សែន អញ្ជើញជួប​ពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរដ្ឋ​ទូត​បារាំង​ថ្មី

សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប​ពិភាក្សាការងារ​ជាមួយ លោកជំទាវ អ៊ីវ៉ា ង្វៀនប៊ិញ (Eva Ngauyen Binh) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា នៅវិមាន​សន្តិភាព ព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧​ ។

លោកជំទាវ Eva Ngauyen Binh បានថ្លែងអំណរគុណចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានផ្ត​ល់កិត្តិយស និងពេលវេលា​ដ៏មានតម្លៃ​ដល់លោកជំទាវ បានជួបពិភាក្សាការងារ។ ទន្ទឹមនឹងនេះ លោកជំទាវ​បាន​សម្តែងនូវកា​រអបអរ​សាទរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំចុះ​បញ្ជី​តំបន់ប្រាសាទ​ សំបូរ​ព្រៃគុក​ជាបេតិក​ភណ្ឌពិភពលោក។ លោកជំទាវឯកអគ្គរដ្ឋទូតថ្មីបារាំងក៏បានវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលកំពុងបម្រើការក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) យ៉ាងសកម្ម និងមានគុណភាព ដែលទទួលបាននូវ ការគាំទ្រនិងគោរពយ៉ាងខ្លាំង។ លើសពីនោះទៅទៀត លោកជំទាវ រីករាយចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបារាំងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកជំទាវ ឯកអគ្គរដ្ឋទូត​បាន​មាន​ប្រសាសន៍​ថា រយៈពេល៣ឆ្នាំកន្លងមកនេះទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបារាំង បានកើនឡើងទ្វេរដង។ ចំពោះបេសកកម្មរបស់លោកជំទាវមកកាន់កម្ពុជា នៅពេលនេះគឺដើម្បី​ខិតខំប្រឹង​ប្រែងឲ្យ​អស់ពី​សមត្ថភាព​ធ្វើយ៉ាងណាឲ្យទំនាក់ទង រវាងប្រទេស​ទាំងពីរកាន់តែរឹងមាំ ខ្លាំងឡើងរួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ​ចំពោះលោកជំទាវឯក​អគ្គរដ្ឋទូត​ ដែលបាន​ប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ អោយកាន់តែល្អរឹងមាំ។ សម្តេចតេជោ ក៏បានស្នើសុំឲ្យជម្រុញកិច្ចសហប្រតិបត្តិការ ជាពិសេសចំពោះការងារក្រោមឆ័ត្រ អង្គការ សហប្រជាជាតិ(UN) ក្នុងការផ្លាស់ប្តូរព័ត៌មាន រវាងគ្នាទៅវិញទៅមក ហើយស្នើសុំឲ្យលោកស្រីយក ចិត្តទុកដាក់ផងដែរលើ​ការអភិរក្សប្រាង្គប្រាសាទ ជាពិសេសគឺតំបន់​ប្រាសាទ​សំបូរពៃ្រគុក ដែលទើប តែបានចុះក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក រួមទាំងបន្តជំរុញនូវកិ​ច្ចសហ​ប្រតិបត្តិការ​បន្ថែមទៀត លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ មុននឹងបញ្ចប់កិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអរគុណប្រទេសបារាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព និងការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរលោកស្រីទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតនៅ ក្នុងប្រទេសកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ