ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុង ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៣ ដូចដែលឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានរាយការណ៍ជូនអង្គពិធីមុននេះ។ ជាការពិត វិស័យកសិកម្មកម្ពុជា នៅតែបន្តរក្សាបាននូវភាពរឹងមាំ រក្សាបាននូវភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេស ធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរណា នៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។ ក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួន សំដៅជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន ៥,៦% នៅឆ្នាំ២០២៣ និងការរំពឹងទុកថាអាចសម្រេចបានកំណើនប្រមាណ ៦,៦% នៅឆ្នាំ២០២៤នេះ។
ខណៈពេលដែលពិភពលោកប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុកាន់តែខ្លាំង ដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភអំពីសន្តិសុខស្បៀង ដែលញ៉ាំងឱ្យប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិតការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មកម្ពុជានៅតែសម្រេចបាននូវកំណើនល្អក្នុងឆ្នាំ២០២៣។ ជាក់ស្តែង អនុវិស័យដំណាំសម្រេចបាន ៣៦,៨១ លានតោន កើនឡើងប្រមាណ ៦% ធៀបឆ្នាំ២០២២ ក្នុងនោះ ដំណាំស្រូវសម្រេចបាន ១២,៤៩ លានតោន និងមានអតិរេកចំនួន ៦,៩៩ លានតោន។ ជាងនេះទៀត កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨,៨២ លានតោន ដែលមានតម្លៃសរុបប្រមាណ ៤,៨ ពាន់លានដុល្លារ ទៅកាន់គោលដៅចំនួន ៧៨ប្រទេសទៀត ក្នុងនោះ ការនាំចេញអង្ករសម្រេចបានជាង ៦៥៦ ពាន់តោន កើនឡើងជាង ៣% ធៀបឆ្នាំ២០២៣។ អ្វីដែលសំខាន់ជាងគេនោះ គឺថា ប្រជាកសិករទូទាំងប្រទេសសប្បាយរីករាយដោយសារប្រាក់ចំណេញកើនឡើងពីការលក់ស្រូវបានក្នុងតម្លៃខ្ពស់ក្នុងឆ្នាំនេះ។ ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងបង្រ្កាបបទល្មើសជលផលទទួលបានលទ្ធផលគួរជាទីមោទនៈ។ ខ្ញុំសូមអបអរសាទរចំពោះកំណើននៃការប្រមូលផលត្រីទឹកសាប និងតួលេខវិជ្ជមានលើកទី១ រវាងការកើត និងការស្លាប់នៃសត្វផ្សោតទន្លេមេគង្គ ក្នុងឆ្នាំ២០២៣ កន្លងទៅ ព្រមទាំងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ប្រជានេសាទ ក្នុងការលែងប្រភេទមច្ឆាកំពុងរងគ្រោះថ្នាក់ និងកម្រទៅក្នុងធម្មជាតិវិញ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
ខ្ញុំសង្ឃឹមថា ស្មារតីបែបនេះនឹងបន្តអនុវត្តនៅក្នុងស្រទាប់ប្រជាពលរដ្ឋយើង និងអង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមនៅក្នុងការថែរក្សានូវធនធានរបស់យើង។
[ចប់សេចក្ដីអធិប្បាយ១]
ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការល្អ ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយ រដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់តាមដាន ពិនិត្យវាយតម្លៃ និងអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិបានទាន់ពេលវេលា។ ជាក់ស្តែង កាលពីឆ្នាំ២០២៣ កន្លងទៅ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ជាង ២ម៉ឺនគ្រួសារ នូវ ១៦រាជធានីខេត្ត ដែលបានប៉ះពាល់ដោយសារទឹកជំនន់ ហើយបានទទួលគ្រាប់ពូជស្រូវជាង ២ពាន់តោន ពីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីដាំដុះស្តារជីវភាព និងសន្តិសុខស្បៀងគ្រួសារឡើងវិញ។ ថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តចំនួន១០ ក៏បាននិងកំពុងសហការតាមដាន វាយតម្លៃផលប៉ះពាល់ និងដោះស្រាយបញ្ហាខ្វះទឹកស្រោចស្រព និងសង្គ្រោះដំណាំស្រូវលើផ្ទៃដីទំហំជាង ២ម៉ឺនហិកតា ជូនប្រជាពលរដ្ឋ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១) បាតុភូទ El Niño អាចមានរយៈពេលវែង សូមអាជ្ញាធរជួយអន្តរាគមសង្រ្គោះ និងព្យាយាមថែរក្សាស្តុកទឹក
កិច្ចការនេះត្រូវតាមដានជាប់ជាប្រចាំ ជាពិសេសឆ្នាំនេះ ដែលពិភពលោកវាយតម្លៃថាគ្រោះហានិភ័យពី El Niño អាចមានរយៈពេលវែង។ ឆ្នាំទៅ យើងមានអំណោយផលច្រើនក្នុងការធ្វើទាំងស្រូវវស្សា ទាំងស្រូវប្រាំង តម្លៃក៏ឡើងខ្ពស់ល្អ។ ប៉ុន្តែ ដោយសារតម្លៃឡើងខ្ពស់នេះ ប្រជាកសិករយើងក៏បានសម្រុកធ្វើស្រូវប្រាំងលើសផែនការ។ នេះគឺជាការល្អសម្រាប់យើង តែយើងមិនត្រូវមើលតែចំពោះមុខនោះទេ។ កន្លងទៅមានអ្នកសួរ ហេតុអីបានជាខេត្តខ្លះដាក់ចេញការណែនាំមិនឲ្យប្រជាជនធ្វើស្រូវប្រាំងជុំទីពីរ? ទឹកនៅក្នុងអាងរបស់យើងគឺសំរាប់ប្រើប្រាស់ទាំងស្រូវទាំងប្រជាជន។ អញ្ចឹង យើងគឺត្រូវគិតការធានាក្នុងផែនការជាក់ស្ដែង ជួយសង្រ្គោះរបស់រដ្ឋបាលខេត្តជាច្រើនទាន់ពេលវេលា។
ខ្ញុំសូមអរគុណណាស់ចំពោះការស្តុកទឹកនៅរដូវវស្សា ប៉ុន្តែក៏យើងឃើញថា ទំហំទឹករបស់យើងក៏បានធ្លាក់ចុះមួយចំនួន។ កន្លែងខ្លះ យើងក៏ធានាបាននូវការដោះស្រាយបញ្ហា កន្លែងខ្លះទៀតអាជ្ញាធរខេត្តត្រូវបញ្ជូននិងដាក់ម៉ាស៊ីនបូមសម្រាប់ប្រជាពលរដ្ឋ។ នៅក្នុងស្មារតីនេះ គឺខ្ញុំសូមអរគុណណាស់សម្រាប់អាជ្ញាធរខេត្ត–ស្រុករបស់យើង ដែលបានអន្តរាគមន៍ទាន់ពេលវេលាដល់ពួកគាត់។ ការថែទាំ ថែរក្សាទឹក និងប្រើប្រាស់ទឹក ជាយុទ្ធសាស្រ្តក្នុងរយៈពេល(ឆ្លងកាត់ស្ថានភាពអែលនីណូនេះ) ជាពិសេសឆ្នាំដែលយើងអាចព្យាករណ៍ពីការខ្វះខាតទឹក គឺទាមទារឲ្យយើងធ្វើផែនការ និងការអនុវត្តជាជំហានដើម្បីធានាដោះស្រាយចំពោះមុខ និងបម្រុងរយៈពេលតទៅទៀត។ សូមយកចិត្តទុកដាក់លើកិច្ចការនេះ ហើយក៏សូមប្រជាពលរដ្ឋយើងទាំងអស់ ជាពិសេសកសិកររបស់យើងចូលរួមក្នុងកិច្ចការនេះ។
(២) ចំពោះការនាំចូលសាច់បង្កក រដ្ឋាភិបាលត្រូវធានាអោយកសិករលក់បានថ្លៃ និងកុំអោយមានអតិផរណាថ្លៃ
ចំណុចមួយទៀត ដែលទាក់ទងនឹងសន្តិសុខស្បៀងគឺពាក់ព័ន្ធទៅនឹងអ្វីដែលឯកឧត្ដម ឌិត ទីណា បានលើកឡើង គឺការនាំចូលសាច់បង្កក ដែលកន្លងទៅ ប្រជាពលរដ្ឋយើងមានការសុំអន្តរាគមន៍(អោយមានការរាំងខ្ទប់)ពីរាជរដ្ឋាភិបាល។ កិច្ចការនេះ គឺក្រសួងកសិកម្មបានដឹកនាំប្រជុំជាមួយវិស័យចិញ្ចឹមសត្វរបស់យើង។ ពិតណាស់ ការដោះស្រាយគឺរាជរដ្ឋាភិបាលត្រូវធានាពីរ។ ទីមួយ គឺធានាកសិផលលក់បានថ្លៃល្អ មានចំណូលដល់កសិករ និងទីពីរ ធានាកុំឲ្យមានអតិផរណាថ្លៃ។ ក្រសួងពាណិជ្ជកម្មបាញ់តម្លៃឲ្យខ្ញុំរាល់ថ្ងៃ។ តម្លៃណាឡើងលើសពី ២០% គឺចាប់ផ្ដើមដាក់ជាប្រចាំថ្ងៃជាហានិភ័យហើយ។ តែសំណាងល្អ មកដល់ថ្ងៃនេះ វាមានឡើងថ្ងៃនេះ ស្អែកក៏ចុះវិញ។ យើងសង្ឃឹមថាវាមិនឡើង ១ខែ ២ខែ ឬ ៣ខែជាប់គ្នានោះទេ។ អញ្ចឹងការដោះស្រាយយើងត្រូវធ្វើម៉េច? …។
(៣) រដ្ឋាភិបាលចេញគោលការណ៍អនុគ្រោះវិស័យកសិកម្ម ធានាស្ថិរភាពផលិតកម្ម បន្ថយថ្លៃដើម និងធានាប្រាក់ចំណេញ
កន្លងទៅ រាជរដ្ឋាភិបាលបានចេញគោលការណ៍អនុគ្រោះច្រើនក្នុងវិស័យកសិកម្ម ដូចជាការមិនយកពន្ធដីកសិកម្មលក្ខណៈគ្រួសារ ការធ្វើស្រែលក្ខណៈគ្រួសារ ការបញ្ចុះថ្លៃអគ្គិសនី និងការលើកលែងនិងការផ្ដល់ការអនុគ្រោះមួយចំនួន ដែលខ្ញុំបានដាក់ចេញ ទាក់ទងនឹងការនាំចេញផលិតផលកសិកម្មរបស់យើង ៤-១០មុខ និងការអនុគ្រោះពន្ធផ្សេងៗ ដែលបានដាក់ចេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងវេទិកាជួបជាមួយវិស័យឯកជន គឺជួយដើម្បីធ្វើយ៉ាងណាធានាស្ថិរភាពការផលិត និងចំណូលរបស់វិស័យឯកជន កាត់បន្ថយនូវតម្លៃដើម និងធានាឲ្យមានចំណេញ។ ប៉ុន្តែតម្លៃនៃការលក់ចេញនោះ ជាពិសេសនៅក្នុងស្រុករបស់យើងគឺមានស្ថិរភាព។
(៤) ផ្អាកការនាំចូលសាច់បង្កកមួយរយៈ បង្វែអ្នកទិញអោយភ្ជាប់ជាមួយកសិករក្នុងស្រុក
កន្លងទៅ បានដាក់ចេញជាគោលការណ៍មួយចំនួន ដូចជាការផ្អាកក្នុងរយៈពេលនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកមួយចំនួន ជាសាច់ជ្រូក សាច់មាន់ សាច់មួយចំនួន ក្នុងរយៈពេល ៦ ខែ ដែលចាប់ផ្ដើមពីខែ៣នេះទៅ។ ប៉ុន្តែ ការអន្តរាគមន៍នេះមិនមែនជាវិធានការមួយដែលមានចីរភាព ដែលយើងចង់ធ្វើគ្រប់ពេលនោះទេ។ យើងចង់ឲ្យមានចីរភាព។ យកវិធីសាស្រ្តណាធានាការចិញ្ចឹមសត្វមានភាពប្រកួតប្រជែង។ ទី២ នៅក្នុងពេលដែលយើងផ្អាកការនាំចូលបណ្ដោះអាសន្ននូវគ្រឿងបំណែកកកនេះ យើងធ្វើឲ្យអ្នកទិញបំណែកកកដែលនាំពីក្រៅនេះ បង្វែរទៅភ្ជាប់ជាមួយកសិកររបស់យើង ទិញពីគាត់និងអាចយកបង្កកតាមបច្ចេកទេ។ ថ្ងៃក្រោយ ទោះបីមិនមានការដាក់ហាមឃាត់នេះ ក៏អាចបង្កើតនូវទីផ្សារ ប្រព័ន្ធចរន្តមួយផ្គត់ផ្គង់ផ្ទៃក្នុង។ កិច្ចការផ្គត់ផ្គង់ផ្ទៃក្នុងនេះ គឺជាកិច្ចការសំខាន់ណាស់។ ទីផ្សារផលិតនៅនឹងកន្លែង នាំចេញនៅនឹងកន្លែង … វិស័យឯកជនដើរបាន ទាល់តែមានបរិស្ថានមួយដែលអាចរស់ខ្លួនឯងបាន …។
(៥) តទៅ ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែង ព្រោះដើម្បីដករបាំងនាំចូលទៅគេ ត្រូវដករបាំងនាំចូលពីគេមកដែរ
អញ្ចឹងទេ ជាការគិតគូររយៈពេលវែង គឺជួយឲ្យកសិករមានលទ្ធភាពក្នុងការប្រកួតប្រជែង យ៉ាងហោចណាស់ក៏ដោះស្រាយបានតម្រូវការផ្ទៃក្នុងដែរ បើមិនបាននាំចេញ ដើម្បីកាត់បន្ថយការនាំចូលគ្រឿងឧបភោគបរិភោគជាច្រើន។ យើងដាក់គោលការណ៍មិនឲ្យនាំចូលសាច់ នាំចូលស្អីគ្រប់មុខមិនកើតទេ។ វាប្រឆាំងនឹងគោលការណ៍របស់ WTO ផង។ ឥឡូវយើងចុះហត្ថលេខាជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីច្រើន។ អញ្ចឹងទៅមុខទៀត វាទាមទារឲ្យយើងត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងដោយខ្លួនឯង ព្រោះយើងត្រូវដករបាំងនាំចូលពីគេ បើយើងចង់ឲ្យគេដករបាំងនាំចេញពីយើងទៅដែរ។ ការទាមទារ និងការខិតខំប្រឹងប្រែងនេះ គឺត្រូវធ្វើយ៉ាងណាដើម្បីមានចីរភាព និងនិរន្តរភាពរយៈពេលវែង។
(៦) បើកច្រកពាណិជ្ជកម្ម គឺត្រូវត្រៀមបង្កើនសមត្ថភាពទាញផល ប្រកួតប្រជែងយកចំណេញពីម្ខាងទៀត
ខ្ញុំសូមកោតសរសើរចំពោះក្រសួងកសិកម្មដែលបានខិតខំយកចិត្តទុកដាក់ទៅលើកិច្ចការនេះ។ ខ្ញុំឃើញមានការដាក់ចេញនូវវិធានការ និងគោលគំនិត និងវិធីសាស្រ្តផ្សេងៗជាច្រើន ពង្រឹងផ្ទៃក្នុង ក៏ដូចជាដាក់ចេញនូវវិធីសាស្រ្តនានាដើម្បីធានាចីរភាពនិងភាពប្រកួតប្រជែងបែបនេះ។ កិច្ចការនេះសំខាន់ ជាពិសេស សម្រាប់ក្រសួងពាណិជ្ជកម្ម។ ដែលទៅចរចានឹងគេ ក៏គឺចរចាហើយ ដើម្បីបើកច្រកពាណិជ្ជកម្ម។ ប៉ុន្តែដើម្បីធានាថាពាណិជ្ជកម្មនេះប្រាកដជាយើងបានចំណេញច្រើនជាងម្ខាងទៀត ទាល់តែយើងមានសមត្ថភាពទាញផល។ ព្រោះបើកច្រកហើយ ប្រកួតប្រជែង។ អញ្ចឹងទាំងមកទាំងទៅ។ អញ្ចឹងឱកាសសម្រាប់យើងបង្កើតទីផ្សារបន្ថែម ប៉ុន្តែក៏បង្កើននូវសមត្ថភាពនិងបច្ចេកទេស និងគុណភាពនៃការផលិតរបស់យើង។ អញ្ចឹងកិច្ចការទាំងអស់នេះ ទាំងក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងគ្រប់ស្ថាប័នពាក់ព័ន្ធរបស់យើងទាំងគយ និងពន្ធដារ ទាំងស្ថាប័ន អាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាដើម្បីខិតខំបង្កើននូវភាពប្រកួតប្រជែង។
ការដាក់ចេញនូវគោលការណ៍ និងវិធានការបណ្ដោះអាសន្ន ដូចជាការផ្អាកនាំចូលមួយរយៈខ្លីនូវសាច់បង្កកនេះ យើងសង្ឃឹមថានឹងជួយ ទី១ សម្រាលបន្ទុកដល់កសិកររបស់យើងដែលចិញ្ចឹមជ្រូក ប៉ុន្តែពេលជាមួយគ្នា យកឱកាសនេះព្យាយាមភ្ជាប់នូវផ្សារផ្ទៃក្នុងរបស់យើង ដើម្បីឲ្យពេលដែលការលើកលែង ៦ ខែនេះចប់ ក៏នៅមានការផ្សារភ្ជាប់។ បានន័យថា អ្នកបញ្ជាទិញសាច់បង្កក អាចបង្វែរមក(ទិញពីទីផ្សារ)ខាងក្នុងបានច្រើន។ អញ្ចឹងយកឱកាសនេះ មិនត្រឹមតែថាចាំតែរដ្ឋាភិបាលដាក់មកហើយ បានយើងធ្វើទេ គឺយកឱកាសនេះ(អនុវត្ត)តែម្ដង ដែលយើងអាចដកដង្ហើម រឹងដៃ រឹងជើង ដើម្បីពង្រឹងចីរភាពរបស់យើងទៅខាងមុខ។
[ចប់សេចក្ដីអធិប្បាយ២]
រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ការជំរុញអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ ដោយផ្សារភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើតច្រករបៀងមច្ឆា និងអង្ករ និងការជំរុញប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី នៅពេលអនាគត។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបង្កើនការវិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ដូចជា ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធគមនាគមន៍ជនបទ ប្រព័ន្ធឡូជិស្ទីក បណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃជាដើម ជំរុញការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ និងផ្ដល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ ដើម្បីជួយជំរុញផលិតកម្មឱ្យមានគុណភាព និងសុវត្ថិភាព កាត់បន្ថយថ្លៃដើម និងពង្រឹងសមត្ថភាព ប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជាលើទីផ្សារជាតិ និងអន្តរជាតិ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(៧) បញ្ជាក់ជាថ្មីពីការអនុគ្រោះពន្ធ ៣ ប្រភេទ គឺពន្ធដីកសិកម្មគ្រួសារ អាករតម្លៃបន្ថែមទំនិញអាហារមូលដ្ឋាន និងលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសផ្គត់ផ្គង់ទំនិញនិងសេវាដាំដុះ
សូមបញ្ជាក់ឡើងវិញអំពីគោលការណ៍អនុគ្រោះពន្ធ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នេះនឹងបន្ត … រដ្ឋាភិបាល ទី១ បន្តមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ ការនាំចូលសម្ភារៈកសិកម្ម កសិផលផលិតកម្ម កសិផលកសិកម្ម, ទី២ លើកលែងអាករតម្លៃបន្ថែមលើមុខទំនិញជាអាហារមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋរហូតដល់ឆ្នាំ ២០២៨, ទី៣លើកទឹកចិត្តផ្នែកពន្ធដារ ២ឆ្នាំបន្ថែមទៀត រហូតទៅដល់ចុងឆ្នាំ ២០២៥ ចំពោះសហគ្រាសដែលផលិតផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬសេវាកម្មដែលធ្វើការដាំដុះ ផលិត ឬនាំចេញផលិតផល ១៤មុខ ក្នុងនោះមាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូង មី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មានប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វវារីវប្បកម្ម និងផលិតផលដូងប្រេងនៅក្នុងស្រុក ជាវត្ថុធាតុដើមសម្រាប់ផលិតផល ផលិតចំណីសត្វ។ កន្លងទៅយើងធ្វើវេទិកាឯកជនយើងបាន ៩មុខ។ វេទិកាឯកជនខែ ១១ យើងនឹងអនុគ្រោះទៅលើចំណុចនេះ។ ខ្ញុំសូមលើកបន្ថែមដើម្បីបញ្ជាក់បន្ថែមទៅលើការងារនេះដើម្បីឱ្យបានឃើញពីយន្តការនិងការប្រើប្រាស់ និងព្យាយាមទាញយកផលប្រយោជន៍អំពីការលើកទឹកចិត្តនៅក្នុងរយៈពេលដ៏ខ្លីនេះ។
(៨) ចុះបញ្ជីហាងលក់អាហារមូលដ្ឋានសំរាប់ការរស់នៅប្រចាំថ្ងៃ ដើម្បីផ្តល់ការលើកលែងអាករតម្លៃបន្ថែម
ចំពោះការលើក(លែងអាករតម្លៃបន្ថែមលើមុខ)ទំនិញជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដល់ឆ្នាំ ២០២៨ ខាងមុននេះ ពន្ធដារត្រូវរៀបចំបញ្ជីទាក់ទងទៅនឹងកសិផល ហាងទំនិញជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលនឹងទទួលបាននូវការអនុគ្រោះដល់ឆ្នាំ ២០២៨។ ទាំងអស់នេះ គឺសំដៅធ្វើយ៉ាងណា មិនត្រឹមតែគិតគូរពីរឿងកសិករទេប៉ុន្តែគឺអ្នកប្រើប្រាស់តែម្តង។ ផលិតផលកសិកម្មជាការចាំបាច់។ ដរាបណាមនុស្សនៅហូបអាហារ កសិកម្មគឺចាំបាច់ណាស់។ យើងអត់អាចហូបកុំព្យូទ័របានទេ។ អត់ទូរស័ព្ទ Iphone 16 មានតែ N ចុចពិលយើងទៅទាក់ទងបាន ហើយអត់ N ចុចពិលក្នុងដៃ អត់សេវាយើងអាចរស់បាន តែបើអត់អីហូប អត់ទឹកប្រើប្រាស់គឺជាការលំបាក ហើយ(រស់)មិនបានយូរទេ។ មិនមានអ្នកណាជីវិតអមតៈ បើអត់មានអីហូបនោះទេ។ ត្រូវការយកចិត្តទុកដាក់លើការងារនេះ។ ជាពិសេសនៅក្នុងដំណាក់កាលនៃការស្តារសេដ្ឋកិច្ចនេះឡើងវិញ ក្រោយកូវីដ១៩ និងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែមានផលប៉ះពាល់ដោយកត្តាផ្សេងៗ។
[ចប់សេចក្ដីអធិប្បាយ៣]
ទន្ទឹមនេះ ក្នុងគោលដៅទាក់ទាញវិនិយោគបរទេស និងបើកទីផ្សារបន្ថែមសម្រាប់ផលិតផលកម្ពុជា រួមទាំង ផលិតផលកសិកម្មផងដែរ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ (ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់-អាសិប) ក្នុងក្របខ័ណ្ឌទ្វេភាគី (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋ ប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងអេមីរ៉ាតអារ៉ាប់រួម) និងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ បណ្តាប្រទេសជាមិត្តមួយចំនួនក្នុងតំបន់។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(៩) ធានាគុណភាពនិងបរិមាណផ្គត់ផ្គង់ ពិសេសក្នុងវិស័យកសិកម្ម ដើម្បីរក្សានិងពង្រឹងទីផ្សារ
ថ្ងៃមុន នៅក្រសួងពាណិជ្ជកម្ម ខ្ញុំក៏បានលើករឿងនេះ។ រឿងបើកទីផ្សារថ្មី វាជារឿងមួយហើយ ប៉ុន្តែសំខាន់ថែរក្សាទីផ្សារចាស់ឱ្យបាន ថែរក្សានូវភាពជឿជាក់ទៅលើផលិតផលយើងឱ្យបាន។ បើកច្រកហើយ ប៉ុន្តែបើបើកច្រកអត់មានមនុស្សទៅ វាអត់ប្រយោជន៍ទេ។ ការថែរក្សានិងពង្រឹងនូវទីផ្សារដែលមានស្រាប់តាមរយៈការពង្រឹងនិងធានានូវគុណភាព និងបរិមាណនៃការផ្គត់ផ្គង់របស់យើង ជាពិសេសបើពាក់ព័ន្ធនឹងវិស័យកសិកម្ម ស្ដង់ដារនៃការនាំចេញផលិតផលត្រូវធានាឱ្យបាន។ ឯកឧត្តម ឌិត ទីណា ដឹងហើយ យើងធ្លាប់នាំចេញទៅទីផ្សារមួយចំនួននៅអឺរ៉ុប ក្រោយមក ដោយសារកើតមានបញ្ហាមួយចំនួន យើងក៏បាត់បង់ទីផ្សារទៅវិញ។ យើងត្រូវទៅចរចា។ ពេលខ្លះត្រូវឡើងតុលាការ។ បើសិនជាការធានាមិនបានទេ យើងមានធ្វើឱ្យប៉ះពាល់ទៅដល់ផលិតផលគុណភាព។
កុំភ្លេចថានៅលើពិភពលោក មានជិត ២០០ ប្រទេស ហើយក្នុងនោះភាគច្រើនសុទ្ធតែមានអ្នកនាំចេញកសិកម្មដូចគ្នា។ បានន័យថាដៃគូប្រកួតប្រជែងយើងច្រើនណាស់។ ការកំណត់មុខសញ្ញានៃប្រទេសដែលត្រូវនាំចេញពង្រឹងនិងការកំណត់នូវទិសដៅនៃផលិតផលដែលត្រូវនាំចេញ ប៉ុន្តែត្រូវធានាគុណភាពនិងភាពជឿជាក់ទៅលើផលិតផលពង្រឹងទីផ្សារដែលមានស្រាប់ ហ្នឹងគឺទាក់ម៉ូយ បានន័យថា បើសិនជាគេមកហើយ គេទទួលហើយ គេមានទំនុកចិត្ត បានន័យថាអ្នកផ្សេងមុនមកទិញយើង ក៏គេសួរដែរ … យើងចង់ហៅម្ហូបថ្មីពីហាងថ្មី (យើងក៏ត្រូវសំរេចចិត្តថា)តើគួរហៅមកទេ? រៀបចំការកូន ហៅចុងភៅនឹងមកអត់? ប្រហែលជាទៅស៊ើបសួរសិន ចុងភៅហ្នឹងយ៉ាងម៉េចដែរ ម្ហូបនឹងល្អឬអត់ … នេះគឺជាកិច្ចការសំខាន់។
(១០) ក្រុមការងារយុទ្ធសាស្ត្រពាណិជ្ជកម្ម បើច្រកសំរាប់ផលិតកម្មក្នុងស្រុកផង ទាញយកការវិនិយោគផង
ប៉ុន្តែ ពេលជាមួយគ្នាត្រូវពង្រីកនូវមុខព្រួញមួយទៀត។ យើងបានរៀបចំបង្កើតក្រុមការងារយុទ្ធសាស្ត្រមួយ (ហៅថា) Trading Board ដើម្បីរៀបចំពិនិត្យមើលជាយុទ្ធសាស្ត្រទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសមួយចំនួន ក្នុងនោះ(ក៏)បើកច្រកជូនផលិតផលកសិកម្ម(ផងដែរ) ព្រោះផលិតផលនេះមិនមែនតែនាំចេញទេ។ បច្ចុប្បន្នយើងមិនភ្ជាប់តែត្រឹមនាំចេញទេ គឺយើងត្រូវព្យាយាមភ្ជាប់ទាំងនាំចេញទាំងការវិនិយោគ។ ឧទាហរណ៍ យើងទើបតែស៊ីញេជាមួយនឹងអារ៉ាប់រួម។ ស្អីខ្លះដែលអាច(នាំ)ទៅទីនោះបាន។ ផលិតផលកសិកម្មអីខ្លះ ឧទាហរណ៍ថា ផលិផល Halal។ យើងមិនត្រឹមតែខំបើកឱកាស ហើយខិតខំផលិតខ្លួនឯងទេ យើងថែមទាំងទាក់ទាញនូវក្រុមហ៊ុនដែលផលិតនោះយកមកដាក់វិនិយោគនៅទីនេះ។ ផលិតនៅស្រុកយើងមានស្ដង់ដារហើយនាំចេញ។ អញ្ចឹងយើងចំណេញ២។ ចំណេញពីការនាំចេញផលិតផល(ដែលហុចផល)ដល់កសិកររបស់យើង និងចំណេញពីការវិនិយោគ ទាំងបច្ចេកវិទ្យាចូលមក។ ភាគច្រើនចូលមកនេះ គាត់មិនដាំខ្លួនឯងទេ គឺអនុវត្តវិធាន Contract Farming ចុះកុងត្រាជាមួយកសិកររបស់យើង(អោយដាំដុះ)។ បើយើងអាចធានានាំចេញត្រង់នូវផលិតផលវេចខ្ចប់ក្នុងស្រុក(សំរាប់)នាំចេញ យើងអាចបានផលច្រើន តម្លៃច្រើន ជាងនាំផលិតផលឆៅចេញទៅក្រៅ … កិច្ចការងារនេះយើងបានធ្វើជាប់ជាប្រចាំមកហើយ ប៉ុន្តែត្រូវគិតគូរសំរួចកាន់តែខ្លាំង ហើយរិះរកវិធីសាស្ត្រផ្សេងៗទៀតដើម្បីទាញ។
(១១) វិស័យដែលអ្នកវិនិយោគជាច្រើនចាប់អារម្មណ៍ពីកម្ពុជាគឺកសិឧស្សាហកម្ម
ក្នុងរយៈពេល ៥ខែ នេះ យើងឃើញមានការចាប់អារម្មណ៍ច្រើន។ ពិតណាស់ ការទាញយកការវិនិយោគមកកម្ពុជាមិនមែនកើតចេញពីការចៃដន្យទេ។ ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវរដ្ឋមន្ត្រី ក្រុមការងាររបស់យើងចេញទៅ ខ្ញុំចេញទៅក៏មានការទំនាក់ទំនងជួប។ កន្លងទៅ យើងចេញទៅធ្វើការទាកទាញមួយចំនួនច្រើន។ បន្ដិចទៀតគឺដូចមានក្រុមហ៊ុនមួយចំនួនធំៗ របស់សិង្ហបុរី ខាង Temasek ខាង Walma Group ដែលពាក់ព័ន្ធនឹងផលិតផលកសិកម្មច្រើន ក៏បានមកប្រទេសយើង ក្រោយពីជួបខ្ញុំនៅ Davos។ បន្តិចទៀតមានក្រុមវិនិយោគពីអាមេរិកមក ត្រូវជួប។ យើងទៅជួបគេនៅឯណោះ ឥឡូវហៅគេមក មកពីជប៉ុន មកពីអីផ្សេងៗ នេះគឺជាឱកាស។ ក្នុងនោះវិស័យមួយដែលគេចាប់អារម្មណ៍ខ្លាំង គឺវិស័យកសិឧស្សាហកម្ម។ អញ្ចឹងជាឱកាសមួយដែលយើងអាចសំរួច។ គប្បីយើងសិក្សាឱ្យបានច្បាស់ថាប្រទេសណាត្រូវការអី ហើយគួរតែដាក់ទិសដៅទៅលើហ្នឹង។ យើងមិនចាំបាច់ដឹកយក ១០០មុខទៅឱ្យគេទេ។ យើងអាចសិក្សាថាតើគេត្រូវការអី ៤ឬ៥មុខ ហើយយកមុខហ្នឹងជំរុញ …។
(១២) ពាណិជ្ជកម្មនាំមុខទាក់ទាញ និងរៀបចំយុទ្ធសាស្ត្រសហការរវាងអ្នកផលិត អ្នកដាំ អ្នកលក់
ពេលខ្លះយើងចេញទៅ មីស្យុង នៅក្រៅ ដាក់មួយប្រទេសតែមួយផលិតផលក៏បានដែរ … បើថាប្រទេសនេះមើលទៅអង្ករអីផ្សេងៗប្រហែលជាទៅមិនរួច គេទិញពី ៦០ ប្រទេសទៅហើយ តែមៀនប៉ៃលិនយើងដូចទំនង។ មៀនប៉ៃលិនយើងគេចាប់អារម្មណ៍ច្រើន។ បើគ្រាន់តែមួយភាគរយនៃប្រទេសហ្នឹងទិញ វាស្មើនឹងយើងអាចបង្កើត ២ម៉ឺនហិកតា ទៅ៣ម៉ឺនហិកតាតាង៉ែន ឬមួយអីបាត់ទៅហើយ។ ទាញបុកទៅលើហ្នឹងតែម្ដង សំរួចយកតែម្ដង ជាជាងយើងស្ពាយគ្រប់មុខយកទៅ។ នេះគឺជាកិច្ចការដែលបានដាក់និងគិតគូរយុទ្ធសាស្ត្រ … ឃើញបទពិសោធន៍ប្រទេសខ្លះគេធ្វើអញ្ចឹង។ គាត់សុខចិត្តជិះយន្តហោះ ៣០ម៉ោង គាត់ទៅអំពាវលក់តែមួយឬពីរផលិតផលតែប៉ុណ្ណោះ ដើម្បីបើកទីផ្សារ អត់ចាំបាច់យក ២០មុខ នាំតែគេលំបាកមើល មិនដឹងអីខ្លះ។ យើងគប្បីសិក្សាឱ្យច្បាស់ ហើយទាញភ្ជាប់តែម្ដង។ ពាណិជ្ជកម្មនាំមុខនៅក្នុងការទាក់ទាញ យុទ្ធសាស្ត្ររៀបចំជាមួយអ្នកផលិត អ្នកដាំអ្នកលក់ គឺការសហការគ្នានេះ (…)។
(១៣) វិស័យកសិកម្ម ត្រូវការការសហការអន្តរស្ថាប័ន
សូមអរគុណណាស់ ចំពោះឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី គ្រប់បណ្ដាស្ថាប័នពាក់ព័ន្ធដែលក្នុងរយៈពេល ៥ខែ នេះបានធ្វើការសហការគ្នាល្អ។ នេះគឺជាគន្លឹះសហការស្ថាប័ន។ កសិកម្មមិនអាចដាំបាន ឬមួយធានានៅក្នុងការផលិតតាមគោលដៅរបស់ខ្លួនទេ បើគ្មានការគាំទ្រពីពាណិជ្ជកម្មក្នុងការបើកទីផ្សារ។ បើគ្មានការគាំទ្រពីធនធានទឹក ពីអភិវឌ្ឍន៍ជនបទ។ ជួនកាល គយ(ក៏មានតួនាទីពាក់ព័ន្ធ)ដើម្បីជួយសម្រួលនីតិវិធី(នាំចេញ/ចូល)។ អញ្ចឹងការសហការអន្តរស្ថាប័ននេះ ជាគន្លឹះ ដែលសូមឱ្យបន្ត ហើយមិនត្រឹមតែកម្រិត៥ខែនេះទេ ត្រូវតែពង្រឹងបន្ថែមទៀត ដើម្បីឱ្យកិច្ចការងារកាន់តែស្អិតរមួត … ព្រោះមានចរិកជាលក្ខណៈអន្តរវិស័យ។ កិច្ចការអន្តរវិស័យពាក់ព័ន្ធអន្តរស្ថាប័ន ត្រូវមានការឯកភាពគ្នា កិច្ចការទាំងអស់សុទ្ធតែប៉ះពាល់គ្រប់ជ្រុងជ្រោយ។
ល្ងាចមិញ ខ្ញុំត្រូវឱ្យកែសម្រួលការលើកយោបល់មួយដែលបានដាក់មកខ្ញុំ ឱ្យពិនិត្យឡើងវិញឱ្យពិនិត្យគ្រប់ជ្រុងជ្រោយ ជាមួយនឹងស្ថាប័នផ្សេងទៀត … បើដាក់ទៅហ្នឹង ប្រហែលជាអនុវត្តអត់ចេញទេ។ ខ្ញុំមិនបញ្ចេញស្ថាប័នណាទេ ប៉ុន្តែលិខិតបទដ្ឋានពាក់ព័ន្ធទៅនឹងស្ថាប័នលើកយោបល់មកដើម្បីអនុវត្ត យើងត្រូវប្រាកដប្រជាថាគ្រប់ស្ថាប័នទាំងអស់ចូលរួមដោយភាពច្បាស់លាស់ដើម្បីកុំឱ្យដាក់ទៅស្ថាប័នមួយទៀតថាខ្ញុំអត់ដឹងផង។ ដាក់ទៅ ធ្វើមិនកើត។ ត្រូវតែដាក់ឱ្យគ្រប់ជ្រុងជ្រោយ។ ពិតណាស់ កិច្ចការងារយើងបានធ្វើហើយ ប៉ុន្តែពេលខ្លះត្រូវគិតគ្រប់ទិដ្ឋភាពទាំងអស់ ហើយត្រូវការការសហការទាំងអស់គ្នា។
[ចប់សេចក្ដីអធិប្បាយ៤]
ជាមួយនឹងសមិទ្ធផលដែលសម្រេចបាននៅពេលកន្លងទៅ និងទិសដៅការងារដែលបានដាក់ចេញ សម្រាប់ជំរុញសម្ទុះការអភិវឌ្ឍវិស័យកសិកម្ម ខ្ញុំសូមដាក់ចេញអនុសាសន៍បន្ថែមមួយចំនួន ដូចខាងក្រោម៖
ទី១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង នៃវិស័យកសិកម្មកម្ពុជា តាមរយៈការតាមដាន និងវាយតម្លៃជាប់ជាប្រចាំ នូវស្ថានភាពទីផ្សារ និងនិន្នាការថ្លៃកសិផល សំដៅដាក់ចេញវិធានការសមស្រប និងទាន់ពេល ការស្រាវជ្រាវ និងអភិវឌ្ឍសម្រាប់ផលិតគ្រាប់ពូជសុទ្ធ មានគុណភាពល្អ និងទិន្នផលខ្ពស់ ទំាងស្រូវ និងបន្លែ សម្រាប់ផ្គត់ផ្គង់ដល់កសិករឱ្យបានគ្រប់គ្រាន់ និងការកែច្នៃ និងវេចខ្ចប់ផលិតផលអាហារក្នុងស្រុក ឱ្យមានអនាម័យ គុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដាអន្តរជាតិ។
ទី២. ការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្មមានសារៈសំខាន់ណាស់ សម្រាប់លើកកម្ពស់កំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេស ការបន្តកាត់បន្ថយភាពក្រីក្រ និងវិសមភាពសេដ្ឋកិច្ចរបស់ប្រជាជន។ ក្នុងន័យនេះ ខ្ញុំសូមជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលលើផ្នែកហិរញ្ញវត្ថុ ដើម្បីពិនិត្យ សិក្សា និងស្វែងរកប្រភពថវិកា និងយន្តការហិរញ្ញវត្ថុផ្សេងៗ ដែលអាចប្រើប្រាស់បាន ដើម្បីបង្កើន និងពង្រីកឥណទានដល់វិស័យដ៏សំខាន់នេះ ក្នុងការលើកកម្ពស់ផលិតកម្ម ផលិតភាព និងជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិកម្មទាំងមូល។
ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រប់អង្គភាពពាក់ព័ន្ធ បន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក និងព្រៃកោងកាង ជាពិសេស ការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និងប្រភេទមច្ឆាងាយរងគ្រោះ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយបន្តលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រការងារអភិរក្ស និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលា ក្នុងការបង្រ្កាបបទល្មើស។ ជាមួយគ្នានេះ ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់រូបភាព រួមទាំងការលើកទឹកចិត្ដដល់ការវិនិយោគឯកជនលើផ្នែកវារីវប្បកម្ម និងការកែច្នៃ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ កាត់បន្ថយការនាំចូល និងបង្កើនការនាំចេញ។ ទន្ទឹមនេះ ត្រូវបន្តពង្រឹងសហគមន៍នេសាទឱ្យមានសមត្ថភាពរឹងមាំលើការងារអភិរក្ស និងមានលក្ខណៈទំនើប តាមឧត្តមានុវត្តអន្តរជាតិ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]
(១៤) ករណីព្រៃលិចទឹកបឹងទន្លេសាប កំណត់ភូមិសាស្ត្រផ្អែកលើស្ថានភាពជាក់ស្តែង ធានាសុខដុមរមនារវាងបរិស្ថាននិងមនុស្ស
ខ្ញុំសូមលើកយកករណីមួយដែលសំខាន់ គឺព្រៃលិចទឹកបឹងទន្លេសាប។ ឯកឧត្តម លោកជំទាវ បានដឹងហើយ នៅឆ្នាំ ២០១១ អនុក្រឹត្យ ១៩៧ បានកំណត់ដីព្រៃលិចទឹកស្ថិតនៅក្នុងតំបន់៣ ជាតំបន់ការពារដាច់ខាត។ ប៉ុន្តែការកំណត់នោះកន្លងទៅ គឺមិនបានយកចំណុចដែលមានភូមិនៅទីនោះយូរពីមុនមក។ អញ្ចឹងសម្តេចតេជោ លោកបានកែសម្រួលតំបន់នេះជាក់ស្តែង ដោយកែពីតំបន់៣ មួយចំនួន ទៅជាតំបន់២ ដែលប្រជាពលរដ្ឋមានសិទ្ធិបង្កបង្កើនផល អាស្រ័យផល និងពីតំបន់២ ទៅតំបន់១ ដែលជាតំបន់ប្រជាពលរដ្ឋអាចមានសិទ្ធិធ្វើកម្មសិទ្ធិលំនៅដ្ឋាន។ ក្រៅពីបទដ្ឋាន និងការវិវត្តនេះ គឺវាមានករណីរំលោភបំពានធ្ងន់ធ្ងរនៅឆ្នាំ ២០២១-២០២២។
សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងតឹងរឹងកំណត់ភូមិសាស្ត្រផ្អែកទៅលើស្ថានភាពជាក់ស្តែង ព្រោះយើងត្រូវមានសុខដុមរមនារវាងបរិស្ថាននិងមនុស្ស។ ការកំណត់ត្រូវធានាទាំងមនុស្សក៏បានផល និងបរិស្ថានចាំបាច់ក៏ត្រូវការពារ។ បរិស្ថានទន្លេសាបគឺដើម្បីអ្វី? ដើម្បីមនុស្សហ្នឹងឯង។ ការថែរក្សាព្រៃលិចទឹក ជាជម្រកត្រីពង សម្រាប់ឲ្យអី? ក្រែងយើងហូបត្រី? ត្រីវាខ្សត់ យើងវាអត់។ ត្រូវតែទិញចូលមក។ ឆ្នាំនេះឃើញផលត្រីឡើងល្អ។ អញ្ចឹងគោលដៅនៅក្នុងការការពារនោះ សម្តេចតេជោ បានចាត់ក្រុមការងារពិសេស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំ។ យើងបានកំណត់រួចទៅហើយៗ បានចេញកំណត់គោលការណ៍មួយចំនួន ទីតាំងមួយចំនួនប្រែក្លាយជាផ្លូវការមុនបោះឆ្នោតយើងនេះ។
(១៥) ចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្របឹងទន្លេសាបជាលក្ខណៈប្រព័ន្ធដោយសុក្រឹត្យភាព និងដោយប្រសិទ្ធភាព
តែកិច្ចការនេះមិនទាន់ចប់ទេ។ យើងបានធ្វើមួយជំហានហើយក្នុងការកំណត់ទីតាំង មាននិយាមកាផ្សេងៗ និងកំណត់តំបន់១ តំបន់២ តំបន់៣។ អញ្ចឹងរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះនឹងបន្តកិច្ចការនេះឲ្យចប់ ដោយប្រសិទ្ធភាព និងសុក្រឹត្យភាព តាមគោលការណ៍ដែលបានដាក់ចេញនៅអាណត្តិទី៦ ដោយសម្តេចតេជោ។ អញ្ចឹងកិច្ចការនេះ ទាមទារឲ្យយើងធ្វើអ្វី? កសិកម្មមិនពាក់ព័ន្ធផ្ទាល់ប៉ុន្មានទេ ពាក់ព័ន្ធអាជ្ញាធរទន្លេសាប ពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានផ្សេងៗ ប៉ុន្តែកសិកម្មក៏មានពាក់ព័ន្ធរឿងមច្ឆារឿងអី។ អាជ្ញាធរទទួលខុសត្រូវគឺអាជ្ញាធរទន្លេសាប។ កន្លងទៅក៏មានក្រុមការងារចំពោះកិច្ចដែលបង្កើតឡើង ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ដើម្បីធ្វើកិច្ចការងារនេះ។ អញ្ចឹងយើងបែងចែកជា ២ការងារចំពោះមុខនិងការងាររយៈពេលវែង។
ការងារចំពោះមុខត្រូវបញ្ចប់កិច្ចការនេះដោយសុក្រឹត្យភាព និងដោយប្រសិទ្ធភាព តាមរយៈការចុះបញ្ជីដីឲ្យបានច្បាស់លាស់ត្រឹមត្រូវ។ អញ្ចឹងជំហានមួយដែលត្រូវធ្វើបន្ត គឺត្រូវធ្វើការចុះបញ្ជីដីទាំងអស់ឲ្យបានត្រឹមត្រូវ ហើយចុះបញ្ជីជាប្រព័ន្ធតែម្តង ដើម្បីកុំឲ្យពិបាកត្រួតពិនិត្យទៅថ្ងៃក្រោយ។ ដើម្បីធានាសង្គតិភាព ខ្ញុំបានប្រគល់ភារកិច្ចឲ្យឯកឧត្តម សាយ សំអាល់ ដឹកនាំសម្របសម្រួលការងារនេះ ដោយមានអាជ្ញាធរទន្លេសាប ក្រសួងដែនដី ក្រសួងធនធានទឹក អាជ្ញាធរមូលដ្ឋានរាជធានីខេត្ត ត្រូវធ្វើការងារនេះបន្ត ជំរុញកិច្ចការងារនេះបន្ត ចុះឲ្យអស់តែម្តង ដើម្បីធានាឲ្យបានច្បាស់លាស់ ព្រោះឥឡូវយើងបានកំណត់ ប៉ុន្តែនៅមិនទាន់ចុះអស់ទេ អញ្ចឹងវានៅដីចេះដើរ។ ធ្វើយ៉ាងណាត្រូវធ្វើឲ្យបាន ហើយធានានូវសង្គតិភាពក្នុងការធ្វើនេះ។
(១៦) គូសផែនទី និងបោះបង្គោលកំណត់ព្រំតំបន់ក្នុងភូមិសាស្ត្រឡើងវិញ
ជំហានទី២ ក្រោយពីការចុះបញ្ជីដីចប់សព្វគ្រប់ ខ្ញុំសូមឲ្យអាជ្ញាធរទន្លេសាបរៀបចំគូសផែនទីនិងបោះបង្គោលឡើងវិញ។ កាលយើងបោះនៅឆ្នាំ ២០១១ នោះ វាដោយទាំងភូមិដោយទាំងអី។ អញ្ចឹងបានកែហើយ។ (មានការកំណត់ទីតាំងនិងព្រំ) តំបន់២ តំបន់១ តំបន់៣ (រួចហើយ)។ អញ្ចឹង បោះឡើងវិញឲ្យមានសុក្រឹត្យភាព និងគូសផែនទីកំណត់ព្រំឡើងវិញទាំងអស់ ដាក់បញ្ចូលក្នុងប្រព័ន្ធដែលងាយស្រួល (ដើម្បីនឹងតាមឃ្លាំមើល) ក្នុងការ tracking។ កិច្ចការនេះអាចថាបញ្ចប់ នៅក្នុង(ពេលដែល)ក្រុមការងារដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ (ចុះអនុវត្ត)។
(១៧) ថែរក្សានិងគ្រប់គ្រង ធានាសុក្រឹត្យភាព ចីរភាព និងប្រសិទ្ធភាព
ជំហាន៣ គឺការងារអចិន្ត្រៃយ៍ដែលត្រូវថែរក្សា និងគ្រប់គ្រងឲ្យបានល្អ។ អាជ្ញាធរទន្លេសាប ដែលយើងមានហើយ ត្រូវពង្រឹងយន្តការនេះដើម្បីធានាការដឹកនាំសម្របសម្រួលគ្រប់គ្រងបឹងទន្លេសាប ដែលមានស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលមូលដ្ឋាន។ ថ្ងៃនេះអាជ្ញាធរខេត្តដូចមកដែរ ៦ខេត្តដែលជាប់នៅក្នុងហ្នឹង(តំបន់បឹងទន្លេសាប) សូមអនុវត្តនេះឲ្យបានសុក្រឹត្យ។ គោលដៅរបស់យើងគឺសុក្រឹត្យភាព។ ជំហាន១ ជំហាន២ នេះត្រូវធានាឲ្យបាន ៣ យ៉ាង៖ ទី១ សុក្រឹត្យភាព, ទី២ ចីរភាព (និង)ទី៣ ប្រសិទ្ធភាព។
(១៨) ថែរក្សាតំបន់ព្រៃលិចទឹកបឹងទន្លេសាប គឺការពារផលប្រយោជន៍ជាតិរយៈពេលវែង
សុក្រឹត្យភាព(១) បានន័យថាប្រជាជនដែលនៅតាមគោលដៅត្រូវទទួលបានផល កុំឲ្យមានករណីកន្ទេលធំបន្លំដេក។ បើអញ្ចឹងយើងដោះស្រាយបញ្ហាមិនចប់ទេ។ សូមពិនិត្យមើលឲ្យបានច្បាស់ ដើម្បីយើងធ្វើគោលការណ៍។ កន្លងទៅជាលក្ខណៈបច្ចេកទេសគឺយកអនុក្រឹត្យ ១៩៧ នេះ (មកអនុវត្តជាគោល)ដើម្បីធានា (…) ព្រោះការថែរក្សាតំបន់ព្រៃលិចទឹកនៅបឹងទន្លេសាប មិនមែនការពារផលប្រយោជន៍បុគ្គល ឬមួយផលប្រយោជន៍អ្នកណាសម្រាប់រយៈពេលខ្លីទេ គឺផលប្រយោជន៍សម្រាប់ជាតិយើងរយៈពេលវែង។ តំបន់បឹងទន្លេសាបដែលថាជាបឹងទឹកសាបដែលធំជាងគេនៅលើពិភពលោក។ បើយើងមិនធ្វើ ត្រូវបាត់បង់ចំណាត់ថ្នាក់ធំជាងគេ។ ជួលកាល អាចទៅជាតូចជាងគេវិញនៅលើពិភពលោក។ ប៉ុន្តែអ្វីដែលសំខាន់ វាមិនមែនបាត់បង់តែទំហំ បាត់បង់ជីវៈចម្រុះ បាត់បង់ជំរកត្រីធ្វើឲ្យយើង ដែលជាប្រទេសមានត្រីជាអាហារ មានត្រីថោកខែធ្វើប្រហុកធ្វើអីបានច្រើន រងនូវការបាត់បង់បន្តិចម្តងៗ។ ការការពារនេះគឺជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ។
(១៩) កំណត់ព្រំ បោះបង្គោល ដាក់និយាមកា ប្រើបច្ចេកទេស និង drone គ្រប់គ្រង
ចីរភាព (២) គឺកំណត់ឲ្យបានច្បាស់លាស់រយៈពេលវែងនៅតំបន់ទាំងអស់តាមរយៈការចុះឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ងាយស្រួលក្នុងការត្រួតពិនិត្យ ព្រោះថ្ងៃក្រោយយើងលែងល្បាតតាមទូកទៀតហើយ។ ប្រើ drone ហ្នឹងវាស្រួល។ អញ្ចឹងមិនចាំទាល់តែទូកចេញទៅ មនុស្សទៅអស់ទេ។ drone ហ្នឹង វាហោះវាមាននិយាមកាវាតែម្តង។ កន្លែងណាដែលមិនត្រូវនិយាមកាគឺវាលោតក្រហមភ្លាម។ ឥឡូវយើងអត់ទាន់មានទិន្នន័យហ្នឹងច្បាស់លាស់។ អាជ្ញាធរទន្លេសាប ត្រូវគ្រប់គ្រងកិច្ចការហ្នឹង … អាជ្ញាធរផ្សេងៗទៀតត្រូវគ្រប់គ្រងរឿងបរិស្ថាន រឿងកសិកម្មនេះ យើងមើលបច្ចេកវិទ្យានេះ។ អញ្ចឹងគិតគូរឲ្យបានច្បាស់ កំណត់ព្រំឲ្យបានច្បាស់ ដាក់បច្ចេកទេសបោះបង្គោល ហើយដាក់និយាមកាចូល ហើយប្រើបច្ចេកទេសសម្រាប់គ្រប់គ្រងតែម្តង។
(២០) អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិពាក់ព័ន្ធ ការពារតំបន់បឹងទន្លេសាបជាទ្រព្យសម្បត្តិរួមរបស់ជាតិ
ទី៣ ប្រសិទ្ធភាព គឺការពារឲ្យបានជាដាច់ខាតនៅតំបន់បឹងទន្លេសាប ដែលជាទ្រព្យសម្បត្តិរួមរបស់ជាតិយើង។ ការងារនេះ អាជ្ញាធរមូលដ្ឋានខេត្តស្រុកគឺជាតួអង្គសំខាន់។ កិច្ចការនេះ អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដីកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវចូលរួមអនុវត្តការងារនេះឲ្យបានម៉ត់ចត់ ជាពិសេសពាក់ព័ន្ធនឹងការទន្រ្ទានតំបន់ព្រៃទឹកសាប បឹងទន្លេសាប និងនៅកន្លែងផ្សេងទៀត ប៉ុន្តែ យើងនិយាយអំពីបឹងទន្លេសាប ធ្វើយ៉ាងណា ធ្វើកិច្ចការឲ្យបានសុក្រឹត្យ។ មានអ្នកខ្លះសួរថាចិត្តអាក្រក់ម្ល៉េះរដ្ឋាភិបាលចង្អៀតចង្អល់ម្ល៉េះ ២ ទៅ ៣ ម៉ឺនហិកតាហ្នឹង មិនឲ្យចែកគ្នាទៅ។ កាលមុន សម្ដេចតេជោ(ឱ្យ)កាត់(ឱ្យប្រជាពលរដ្ឋ)ចូលប៉ុន្មាន(រួចហើយ)។ អញ្ចឹងសំណួរចោទទៅសួរវិញ ថាចង់បាន ២ ទៅ ៣ ម៉ឺនហិកតាធ្វើអី្វ? បើកចិត្តឲ្យទូលាយបន្តិចទៅ ទុកអា ២ ទៅ ៣ ម៉ឺនហិកតាហ្នឹង ចិញ្ចឹមត្រីទុកឲ្យយើងហូបមួយប្រទេសវិញទៅ។ បានន័យថាម៉េច? ការអភិវឌ្ឍយើងមានដីច្រើនណាស់ ត្រូវអភិវឌ្ឍ កុំប៉ះ(តំបន់បឹងទន្លេសាប) ហ្នឹងទុកឲ្យកូនចៅយើង ទុកឲ្យប្រទេសយើង នៅមានបឹងទន្លេសាបធំជាងគេ។
ថ្ងៃក្រោយរកលទ្ធភាពស្តារវាថែមទៀតកុំឲ្យវាគោក។ ឥឡូវបើសិនជាយើងឈូសយកកន្លែងហ្នឹង វាបាត់ជីវៈចម្រុះ ហើយដីហ្នឹងថ្ងៃក្រោយកាន់តែរីង ទន្លេសាបយើងតំបន់សំណើមហ្នឹងកាន់តែថយ កាន់តែគោក។ ចំណេញ ១ ពាន់គ្រួសារ ចំណេញ ១ ម៉ឺនម្ចាស់ដី ប៉ុន្តែខាតមួយប្រទេស ហើយតកូនតចៅ។ ដោយទាំងកូនចៅអ្នកដែលមានដីនៅក្នុងតំបន់៣ហ្នឹងផង។ អញ្ចឹងសូមធ្វើម៉េចការពារតំបន់៣។ ប្រជាពលរដ្ឋដែលមានសិទ្ធិប្រើប្រាស់ក្នុងតំបន់២ សូមប្រើប្រាស់ដោយទទួលខុសត្រូវនិងរួមការពារ។ ប្រជាពលរដ្ឋដែលរស់ក្នុងតំបន់១ សុំចូលរួមការពារនិងម្ចាស់ការឲ្យបាន។ រាជរដ្ឋាភិបាលគិតអំពីសុខដុមនីយកម្មរវាងមនុស្សនិងបរិស្ថាន។ ប្រជាពលរដ្ឋដែលរស់នៅហ្នឹងយូរហើយ យើងសុខចិត្តឆ្វៀលជូន ប៉ុន្តែកន្លែងផ្សេងទៀតសូមកុំ។ បងប្អូនដែលថាមានដី មានអីនៅកន្លែងផ្សេងហើយ មិនបាច់ទៅទេកន្លែងហ្នឹងនោះ។ ទុកថ្ងៃក្រោយជិះទូកទៅលេងទាំងអស់គ្នា ទុកកន្លែងចិញ្ចឹមត្រី ទុកកន្លែងឲ្យត្រីពង។
(២១) មិនមានអ្វីមានតម្លៃជាងការថែរក្សាធនធានធម្មជាតិជាផលប្រយោជន៍ជាអត្តសញ្ញាណជាតិ និងបឹងទន្លេសាបធំជាងគេនៅលើពិភពលោក និងជាផលសម្រាប់ឲ្យកូនចៅយើងតជំនាន់តទៅទៀតទេ
ខ្ញុំសង្ឃឹមថាអភិក្រម៤ នឹងត្រូវបានប្រើ ក្នុងចំណោមអភិក្រមទាំង៥។ ខ្ញុំមិនចង់ប្រើអំណាចចុងប៊ិចទេ តែបើបង្ខំខ្ញុំ ខ្ញុំត្រូវតែប្រើហើយ។ ការទទួលខុសត្រូវដឹកនាំរដ្ឋបាល បើគ្មានវិន័យក្នុងរដ្ឋបាលធ្វើការងារមិនចេញទេ។ ខ្ញុំនិយាយឲ្យច្បាស់អញ្ចឹងតែម្តង។ ខ្ញុំមិនសូវចេះមាត់ទេ ប៉ុន្តែដៃខ្ញុំចេះចុះស៊ីញេ។ ខេត្តទាំង៦ ជាអ្នកទទួលបន្ទុកដឹកនាំរួម ហត់កាយមិនសូវបញ្ហា កុំឲ្យហត់ចិត្ត។ ខ្ញុំជឿថាឯកឧត្តមនិងអាជ្ញាធរទាំងអស់ខិតខំប្រឹងប្រែងដើម្បីស្រុះដៃគ្នាទប់ស្កាត់។ ឮអត់លំបាកទេក្នុងការធ្វើ យើងចាំបាច់ត្រូវការស្រុះដៃគ្នា ហើយយល់រួមគ្នាអំពីអត្ថប្រយោជន៍តំបន់នេះ។ វាគ្មានតម្លៃអី។ ដីឯណាថ្លៃជាងតម្លៃអនាគតរបស់យើង។ វាមានតម្លៃណាដែលល្អបំផុតអាចកាត់តម្លៃបានជាងការថែរក្សាធនធានធម្មជាតិដែលជាផលប្រយោជន៍ដ៏សំខាន់ សម្រាប់អត្តសញ្ញាណជាតិរបស់យើង ថាបឹងទន្លេសាបធំជាងគេនៅលើពិភពលោក និងជាផលសម្រាប់ឲ្យកូនចៅយើងតជំនាន់តទៅទៀត។ អញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនដែលចាប់អារម្មណ៍ទៅលើដីនៅកន្លែងតំបន់ ៣នោះ សូមម្ចាស់ការដកថយមុននឹងត្រូវអនុវត្តតាមច្បាប់ ព្រោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឲ្យបាន និងត្រូវការពារឲ្យបាន។
(២២) មិនចង់ប្រើអំណាចចុងប៊ិច តែត្រួវធ្វើការស្រុះដៃគ្នា ម្ចាស់ការទទួលខុសត្រូវ ដើម្បីប្រយោជន៍ជាតិ
អញ្ចឹងឯកឧត្តមទាំង ៦ ខេត្ត សន្យាជាមួយខ្ញុំ ចូលរួមដើម្បីអនុវត្តទប់ស្កាត់ការទន្ទ្រានតំបន់ ៣ នេះឲ្យបាន ព្រោះបឹងទន្លេសាបនៅក្នុងដែនសមត្ថកិច្ចរបស់ឯកឧត្តមហ្នឹង។ ៦ ខេត្តដឹងហើយតើអី្វ មិនបាច់ចាំខ្ញុំអានឈ្មោះទេ។ ធ្វើយ៉ាងម៉េចរួមគ្នាប្រើអភិក្រម ៤ ឲ្យច្រើនទៅ។ អភិក្រម ៤ គឺការស្វ័យកែសម្រួល។ មិនថាអ្នកណាល្អឥតខ្ចោះទេ ប៉ុន្តែសំខាន់ត្រូវយល់ ហើយត្រូវចេះចូលរួមកែសម្រួលដើម្បីទប់។ ខ្ញុំសុំឯកឧត្តមសាយសំអាល់ ឯកឧត្តម ថោ ជេដ្ឋា ជាមួយឯកឧត្តមអភិបាលខេត្តទាំង ៦ និងអាជ្ញាធរទាំងអស់រួមគ្នាជាធ្លុងមួយដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង ការការពារបឹងទន្លេសាបរបស់យើង ដើម្បីធានានូវអត្ថប្រយោជន៍សម្រាប់ជាតិរបស់យើង។ ខ្ញុំអត់ចង់ប្រើអំណាចចុងប៊ិចទេ ហើយយើងក៏មិនចាំបាច់ បើសិនជាយើងម្ចាស់ការទទួលខុសត្រូវធ្វើការងារស្រុះដៃគ្នាបែបនេះ។ មិនមែនគម្រាមទេ និយាយមែនទែន។ អត់លេងទេ លេងមែនទែន។
[ចប់សេចក្ដីអធិប្បាយ៥]
ទី៤. កិច្ចការបន្តសម្រាប់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងការទន្ទ្រានដីព្រៃ ឱ្យកាន់តែមានប្រសិទ្ធភាព។ គណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវរួមសហការពង្រឹងការងារនេះ ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយចាំបាច់នានា ដើម្បីស៊ើបអង្កេត និងកំណត់ឱ្យបានច្បាស់នូវមុខសញ្ញាមេខ្លោង និងខ្សែរយៈដែលនៅពីក្រោយការទន្ទ្រានដី និងការបំផ្លាញព្រៃឈើ ដើម្បីដាក់ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះ ត្រូវបង្កើនការដាំឈើ ជំរុញឧស្សាហកម្មឈើដាំ និងសម្រួលការនាំចូលផលិតផលឈើ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងផ្តល់ជម្រើសមុខរបរផ្សេងៗ ដល់ប្រជាពលរដ្ឋពឹងអាស្រ័យផលពីព្រៃឈើ សម្រាប់កាត់បន្ថយសម្ពាធលើធនធានព្រៃឈើ។
ទី៥. ខ្ញុំសូមលើកទឹកចិត្តដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តសហការជាមួយ ក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដើម្បីធានាចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម។ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវសហការផ្តល់ព័ត៌មានអំពីការព្យាករអាកាសធាតុ ជាពិសេស ទឹកជំនន់ និងគ្រោះរាំងស្ងួតឱ្យបានទៀងទាត់ និងទាន់ពេល ព្រមទាំងជួយសិក្សា និងកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគ្រប់គ្រងទឹកជំនន់រដូវវស្សា និងរក្សាទឹកទុកសម្រាប់ប្រព័ន្ធស្រោចស្រព និងការប្រើប្រាស់នៅរដូវប្រាំង។
ទី៦. ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់កិច្ចសហការល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចុះបញ្ជីដីរដ្ឋ ដូចជា ដីសម្បទានសេដ្ឋកិច្ច ដីព្រៃសហគមន៍ ចម្ការឈើដាំ សហគមន៍ នេសាទ និងកន្លែងអភិរក្សជលផល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់ និងគ្រប់គ្រងប្រើប្រាស់ ជាប្រយោជន៍ដល់ការអភិវឌ្ឍ វិស័យកសិកម្ម ប្រកបដោយចីរភាព។
ទី៧. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការកែទម្រង់ស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេស ត្រូវជំរុញបង្កើនសមត្ថភាពវិទ្យាស្ថាន និងមន្ទីរពិសោធន៍ជាតិកសិកម្ម ដើម្បីគាំទ្រការងារស្រាវជ្រាវកសិកម្ម និងការបង្កើតគណៈបសុពេទ្យ សំដៅលើកកម្ពស់ការគ្រប់គ្រងវិជ្ជាជីវៈបសុព្យាបាល និងការចិញ្ចឹមសត្វ។
ទី៨. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសិក្សាពីតម្រូវការធនធានមនុស្សសម្រាប់ការងារសិក្សាស្រាវជ្រាវក្នុងវិស័យកសិកម្ម ទំាងបរិមាណ និងទាំងគុណភាព ដោយផ្អែកលើទំហំការងារជាក់ស្តែង ការកំណត់តួនាទីភារកិច្ច ការពិពណ៌នាការងារ ការវាយតម្លៃលើលទ្ធផលការងារ ការរៀបចំគោលនយោបាយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងធនធានមនុស្ស ការកែទម្រង់រចនាសម្ព័ន្ធមុខងារ និងការអនុវត្តការងារ ជាដើម។
ទី៩. ទន្ទឹមនេះ ត្រូវបន្តជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ៨០០ នាក់ទៀត ក្នុងឆ្នាំ២០២៤ និង៥៥០នាក់ទៀត នៅឆ្នាំ២០២៥ តាមផែនការគ្រោងទុក ហើយត្រូវផ្តល់ការបណ្តុះបណ្ដាលដល់មន្រ្តីដែលជ្រើសរើសបាន ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស អាជ្ញាធរឃុំ-សង្កាត់ត្រូវយកចិត្តទុកដាក់ដោះស្រាយលើការស្នាក់នៅ និងជីវភាពមន្ត្រីកសិកម្មឃុំឱ្យបានសមរម្យ។ ដោយឡែក ចំពោះការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រសួងត្រូវគិតគូរបង្វែរគម្រោងមួយចំនួន ដែលមានថវិកាស្រាប់ និងកៀរគរគម្រោងថ្មីៗ ដើម្បីផ្តល់ការគាំទ្រដល់សហគមន៍កសិកម្មទំនើប។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៦]
(២៣) មន្ត្រីកសិកម្ម ប្រតិបត្តិជំនាញដោយបេះដូងជួយកសិករ ធ្វើបុណ្យពិតប្រាកដជូនកសិករ
ក្នុងន័យនេះ ខ្ញុំក៏សូមអរគុណ និងកោតសរសើរដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏ដូចជាស្ថាប័នពាក់ព័ន្ធដែលបានចូលរួមដឹកនាំនៅក្នុងការជ្រើសរើសមន្ត្រី ជំហានទី១ ប្រមាណ ២០០នាក់ជាង។ ឥឡូវនៅសល់ប៉ុន្មានទៀត? ប៉ុន្តែការជ្រើសរើសមិនមែនជាកិច្ចការចុងក្រោយទេ គឺជាកិច្ចការដំបូងត្រូវធានានូវអ្វីដែលយើងរើសបាន។ បងប្អូនមានឆន្ទៈត្រូវធានានូវការបណ្តុះបណ្តាល បំប៉នជំនាញជាប្រចាំ ពិសេសពេលដែលទៅមូលដ្ឋាន គឺសូមធ្វើយ៉ាងណាអាជ្ញាធរខេត្ត អាជ្ញាធរស្រុកយកចិត្តទុកដាក់ទៅដល់ធនធានរបស់យើង។
កន្លងទៅមានរឿងខ្លះទាក់ទងទៅនឹងជំនាញមួយចំនួនដែលបញ្ជូនទៅតាមស្រុក ឧទាហរណ៍ ដូចជា គ្រូបង្រៀនទៅបន្តិចគាត់សុំដូរ។ កត្តាមួយសំខាន់គឺមិនមែនរឿងការលំបាកទេ ពេលខ្លះគឺការប្រទាក់ក្រឡាយកចិត្តទុកដាក់របស់ស្ថាប័នដែលនៅទីនោះ។ បានន័យថាចូលទៅថ្មីផង ពិបាកផង ទៅដល់គេមិនសូវរាប់រកទៀត មិនសូវឱ្យតម្លៃទៀត គឺពិបាក។ អញ្ចឹងសូមឯកឧត្តម លោកជំទាវ គណៈអភិបាល គណៈអភិបាលរាជធានីខេត្ត អភិបាលខេត្ត អភិបាលស្រុក ជួយផ្គត់ផ្គង់គោលរបបដែលយើងមានឱ្យគ្រប់គ្រាន់ យកចិត្តទុកដាក់ប្រើប្រាស់និងផ្តល់តម្លៃ ព្រោះទាំងអស់នេះគឺជាធនធាននៅតាមឃុំរបស់យើង នៅក្នុងការជួយដល់កសិករ។
សូមយកចិត្តទុកដាក់ថែទាំកម្លាំងនេះឱ្យបាន ដើម្បីធានានូវប្រសិទ្ធភាពនិងការជួយដល់កសិកររបស់យើង ព្រោះបរិមាណវាមិនធានានូវក្នុងលទ្ធផលទេ។ ពង្រាយតែមនុស្ស អត់មានសមត្ថភាព អត់មានឆន្ទៈអត់ទៅធ្វើការ ហើយបើមានឆន្ទៈ មានសមត្ថភាព តែអត់លទ្ធភាពទាំងការបង្កលក្ខណៈឱ្យធ្វើការក៏ពិបាក។ អញ្ចឹងយកទៅអត់មានអីឱ្យធ្វើ នៅបញ្ឈរជើង ឬមួយទៅកន្លែងអត់មានអី អត់មានការគាំទ្រពីឃុំ អត់មានអី ក៏ពិបាកដែរ។ អញ្ចឹងការងារនេះសំខាន់ណាស់ រើសបានត្រូវបញ្ជូនទៅគឺត្រូវថែទាំឱ្យជាប់។ អញ្ចឹងការងារនេះគឺសុំយកចិត្តទុកដាក់។
ខ្ញុំសូមអំពាវនាវដល់បងប្អូនៗ ដែលបានជាប់ជាមន្ត្រីកសិកម្ម ត្រូវទៅប្រតិបត្តិជំនាញរបស់ខ្លួនដោយយកគេថាបេះដូងទៅជាមួយ ទៅដើម្បីជួយកសិករ មិនមែនទៅដើម្បីបង្គ្រប់កិច្ច (បាន)ប៉ុន្មានឆ្នាំ(ហើយ)យើងចេញទៅណាទេ។ ទៅដើម្បីថាក្នុងរយៈពេលដែលយើងបំពេញភារកិច្ចនោះ យើងបានជួយដល់កសិករ គឺធ្វើបុណ្យពិតប្រាកដជូនកសិករ។
[ចប់សេចក្ដីអធិប្បាយ៦]
ជាថ្មីម្តងទៀត ខ្ញុំសូមចូលរួមអបអរសាទរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះការសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៣ ហើយខ្ញុំក៏សូមលើកទឹកចិត្តឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត សំដៅលើកកម្ពស់ជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀងនៅកម្ពុជា។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងអង្គពិធីទាំងមូល សូមប្រកបដោយសុខភាពល្អបរិបូណ៌ មានសុភមង្គលក្នុងគ្រប់ក្រុមគ្រួសារ និងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចក្រោមម្លប់ដ៏សែនត្រជាក់នៃសុខសន្តិភាព និងសូមប្រកាសបិទ «សន្និបាតបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤» នាពេលនេះ៕