នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក François GUEZ អគ្គនាយកក្រុមហ៊ុន PL Vista ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។
ក្នុងជំនួបនេះ លោក François GUEZ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន PL Vista ដែលជាក្រុមហ៊ុនមានឯកទេសលើការផ្គត់ផ្គង់ផលិតផលទារក គ្រួសារ និងការថែទាំគេហដ្ឋាន ។ ក្នុងឱកាសនោះផងដែរ លោកអគ្គនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងនៃការពង្រីកអាជីវកម្ម ដោយនឹងនាំចូលផលិតផលតាមបែបស្តង់ដារអឺរ៉ុបរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកអគ្គនាយក និងបានស្វាគមន៍ចំពោះការពង្រីកវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ព្រមទាំងបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលបន្តផ្តល់នូវការជួយគាំទ្រ និងសម្របសម្រួលដល់បរិយាកាសវិនិយោគនានានៅកម្ពុជា លើផ្អែកគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្ត សំដៅធ្វើយ៉ាងណាឱ្យការធ្វើធុរកិច្ចនៅកម្ពុជាទទួលបានភាពជោគជ័យ និងរីកចម្រើន ៕