សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុងពិធី សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣

CMF:

[ផ្ដើមសេចក្ដីអធិប្បាយ១]

(១) ជំនួបជាប្រពៃណីលើកទី៩ រវាងនាយករដ្ឋមន្ត្រីនិងសិស្សនិទ្ទេស A

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល គណធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំនៃគ្រឹះស្ថានសិក្សានានា មាតា បិតា អាណាព្យាបាល ក្មួយៗជាបេក្ខជននិទ្ទេស A ទាំងអស់ និងអង្គពិធីទាំងមូលជាទីមេត្រី។ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេកដែលបានជួបជាមួយក្មួយៗ ជ័យលាភីនិទ្ទេស A ទាំង ១ ៦៩១ នាក់។ នេះគឺជាលើកទី ១ សម្រាប់ខ្ញុំ ដែលជួបជាមួយនឹងក្មួយៗនិទ្ទេស A នៅទីនេះ ប៉ុន្តែនេះជាលើកទី ៩ នៃប្រពៃណីនៃការជួបរវាងនាយករដ្ឋមន្រ្តីជាមួយក្មួយៗ និទ្ទេស A។ វប្បធម៌នេះបានចាប់ផ្តើមឡើងដោយសម្តេចតេជោអតីតនាយករដ្ឋមន្រ្តី តាំងពីឆ្នាំ ២០១៤។ លោកតែងតែឆ្លៀតឱកាសដើម្បីជួបជាមួយនឹងក្មួយៗ ទាំងអស់។

(២) ឆ្នាំ២០២០ សម្តេចតេជោសំរេចឲ្យជាប់ដោយគ្មានការប្រឡងនិងគ្មាននិទ្ទេស

លើកលែងតែមួយឆ្នាំទេ នៅឆ្នាំ ២០២០ ដែលឆ្នាំនោះអត់មាននិទ្ទេស A ឬនិទ្ទេស E ទេ ឆ្នាំនោះជាប់ទាំងអស់គ្នាតែម្តង ដោយសារស្ថានភាពចាំបាច់ពេលនោះគឺកូវីដ-១៩។ ពេលនោះ ខ្ញុំនៅចាំបានថាសំណួរដែលខ្ញុំបានជជែកជា​មួយឯកឧត្តម ហង់ជួន ណារ៉ុន ខណៈដែលខ្ញុំកំពុងតែទៅមើលខេត្តត្បូងឃ្មុំ រៀបចំនូវមណ្ឌលព្យាបាលទ្រង់​ទ្រាយ​ធំថ្នាក់តំបន់នៅទីនោះ គ្រាដែលយើងរងប៉ះពាល់ដោយសារកូវីដ-១៩ គឹបើសិស្សអត់បានរៀន អត់បានប្រឡង តើឲ្យគាត់ជាប់ ឬឲ្យគាត់ delay មួយឆ្នាំ? គឺជាការសម្រេចចិត្តធំណាស់ ក្នុងនាមជានាយករដ្ឋមន្រ្តីដែល សម្តេចតេជោ លោកបានអារកាត់និងវះកាត់ គឺឲ្យជាប់ទាំងអស់គ្នា … ទូទាំងពិភពលោកអត់មានប្រទេសណាមួយមិនថាប្រទេសត្រជាក់ ប្រទេសក្តៅ ប្រទេសអាស៊ី ប្រទេសអាហ្រ្វិក ដែលកូវីដ-១៩ អនុគ្រោះឲ្យទេ។ ទាមទារឲ្យយើងត្រូវកែសម្រួលវិធីសាស្រ្តរៀនសូត្ររួមទាំងការប្រឡង។ ពេលនោះ សម្តេចតេជោ បានសំរេចឲ្យជាប់ទាំងអស់គ្នាដើម្បីកុំឲ្យអនាគតក្មួយៗត្រូវពន្យាមួយឆ្នាំ … ប៉ុន្តែឆ្នាំក្រោយមក ទោះមានអ្នកស្នើសុំជាប់ទាំងអស់ទៀត ក៏សម្តេចថាបានណែនាំអោយរៀបចំប្រឡង។

(៣) ការរៀបចំថ្ងៃនេះគឺរាងពន្យាពេលបន្តិចដោយសារយើងនៅរង់ចាំការបញ្ជាទិញនូវគ្រឿង electronic galaxy tap

ឆ្នាំនេះ យើងបានប្រឡងនៅខែ ១១ ឆ្នាំ ២០២២ … ការរៀបចំ(ជំនួប)ថ្ងៃនេះរាងពន្យាពេលបន្តិចដោយសារយើងនៅរង់ចាំការបញ្ជាទិញ electronic galaxy tap ដោយក្រុមហ៊ុនជីបម៉ុង។ អរគុណអ្នកឧកញ៉ា លាង ឃុន ដែលបានជានិច្ចជាកាលជាអ្នក sponsor គ្រឿង electronic នេះសម្រាប់ជារង្វាន់ជូនក្មួយៗជិត ១ ៧០០ នាក់នេះ … ប៉ុន្តែមុននឹងជួបថ្ងៃនេះ (ក្មួយៗ)ក៏បានជួបជាមួយថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយតាមបណ្តារាជធានីខេត្ត ជួបជាមួយក្រុមការងារគណបក្សប្រជាជនចុះជួបតាមបណ្តារាជធានីខេត្ត និងគណៈអភិបាលខេត្តមួយជំ​ហានទៅហើយៗ ក៏មានការជួយរៀបចំការលើកទឹកចិត្តផ្សេងៗនៅតាមបណ្តាខេត្តជាច្រើន សំខាន់បំផុតគឺមោទនភាពសម្រាប់គ្រួសាររបស់យើងមុនគេ។

[បញ្ចប់សេចក្ដីអធិប្បាយ១]

ថ្ងៃនេះ ខ្ញុំសូមកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នាយ៉ាងល្អជាមួយនឹងក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គិសនីកម្ពុជា រដ្ឋបាលរាជធានីខេត្ត និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងការរៀបចំ និងដំណើរការការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២-២៣  និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ដោយរលូន និងទទួលបានលទ្ធផលជាទីមោទនៈ។ ខ្ញុំសូមចូលរួមអបអរសាទរជាមួយនឹងជ័យលាភីទាំងអស់នៅក្នុងសម័យប្រឡងថ្ងៃទី ៦ វិច្ឆិកា កន្លងទៅហើយដែលមានក្មួយៗជាង ៩៨ ០០០ នាក់ ស្មើនឹង ៧២,៨៩ ភាគរយ នៃបេក្ខជនបានប្រឡងជាប់សរុប។

[ផ្ដើមសេចក្ដីអធិប្បាយ២]

(៤) វឌ្ឍនភាពនិងចីរភាពនៃកំណែទម្រង់ការប្រឡង​សញ្ញាបត្រទុតិយភូមិលើគោលការណ៍ចេះជាប់

មិនមែនតែក្មួយៗ និទ្ទេស A ដែលមានវត្តមាននេះទេ។ ក្មួយៗ ៧២,៨៩ ភាគរយនៃបេក្ខជនសរុប ដែលបានប្រឡងជាប់ ពូក៏សូមផ្ញើការអបអរសាទរជូនក្មួយៗផង។ កិច្ចការនេះបង្ហាញអំពីវឌ្ឍនភាព និងចីរភាពនៃការកំណែទម្រង់ប្រឡង​សញ្ញាបត្រទុតិយភូមិ ដែលឈរលើគោលការណ៍ចេះជាប់។ ជិត ១០ ឆ្នាំ ចាប់ផ្តើមពីឆ្នាំ ២០១៤ នៃការរៀបចំតាំងពីពេលដំបូង បើតាមរបាយការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់អម្បាញ់មិញ អ្នកជាប់ប្រឡងដល់ទៅ ២តង់ បូកសរុបទៅមិនដល់ ៥០ ភាគរយផង។ ព្រោះតង់ទី១ ជាប់ប្រហែល ២៥ ភាគរយជាង។ ​អញ្ចឹងមិនអស់ចិត្តឲ្យប្រឡងម្តងទៀតបាន ១៧ភាគរយជាង។ បូកសរុបនៅពេលនោះមាននិទ្ទេស A តែ ១១ នាក់គត់។ តែថ្ងៃនេះ យើងមានជាប់រហូតក្បែរ ៧៣ ភាគរយ ហើយនិទ្ទេស A ឡើងដល់ ១ ៦០០ ជាង ជិត ១ ៧០០ នាក់។ បានន័យថាប្រព័ន្ធការងារនេះដើរ។ ដើរបានន័យថាម៉េច? បានន័យថាចីរភាព។ ចីរភាពបានន័យថាម៉េច? បានន័យថា សង្គមទាំងមូល ប្រជាជនទាំងមូលបានគាំទ្រ និងទទួលនូវការកែទម្រង់នេះ ហើយយកជាវប្បធម៌ថ្មីនៃការប្រឡងតែម្តង។ នេះគឺជាជោគជ័យរបស់យើង។

(៥) ក្មួយៗដែលប្រលងមិនជាប់ឆ្នាំនេះ  សូមកុំអស់សង្ឃឹម/កុំបោះបង់ បន្តដំណើរទៅមុខ

ជាមួយគ្នានេះ ខ្ញុំក៏សូមលើកទឹកចិត្តចំពោះក្មួយៗដែលមិនបានជាប់ឆ្នាំនេះ​។ យើងបានខិតខំរៀនសូត្រ ១២ ឆ្នាំ ហើយយើងបានទៅប្រឡង។ លទ្ធផលមិនបានដូចចិត្ត ប៉ុន្តែកុំអស់សង្ឃឹម។ យើងមានច្រកបន្តទៀត។ ក្មួយៗអាចជ្រើសរើស។ ក្មួយៗ ជំនាន់នេះមានប្រៀបមានឱកាសជាងជំនាន់ពូ។ កាលជំនាន់ពូ អត់មានឱកាសរៀនបរិញ្ញា​បត្ររង (អត់)មានឱកាសទៅរៀនខាងជំនាញបច្ចេកទេសនោះទេ។ សូម្បីតែឱកាសរៀនបន្តនៅថ្នាក់ឧត្តមសិក្សាក៏មានកំណត់ ដោយសារពេលនោះចំនួននៃសាកលវិទ្យាល័យមានកម្រិត អ្នកជាប់មិនបានចូលទៅមហាវិទ្យាល័យត្រង់ទេ គឺត្រូវរៀនមួយឆ្នាំចាំយកកៅអីសិន។​ ក្មួយៗប្រហែលជាអត់ដែលឮថារៀនយកកៅអីទេ។ ដោយសារសា​កលវិទ្យាល័យយើងមានចំនួនតិច អ្នកជាប់ច្រើន អញ្ចឹងត្រូវរៀនបម្រុងមួយឆ្នាំ ហើយប្រឡងយកកៅអីដើម្បីមានសិទ្ធិចូលរៀននៅក្នុងសាកលវិទ្យាល័យបន្តទៅទៀត។

ពេលនេះ មានឱកាសច្រើនណាស់សំរាប់ទាំងអ្នកដែលជាប់អាចរៀនបន្តធ្វើការ រៀននៅឧត្តមសិក្សា មិនតែរាជធានីភ្នំពេញទេ នៅតាមបណ្តាខេត្តផ្សេងៗជាច្រើនក៏មានឱកាសរៀនខាងបច្ចេកវិទ្យាផ្សេងៗ ដើម្បីការងារ រៀនខាងចំណេះដឹង វិជ្ជាជីវៈផ្សេងៗ ខាង Tvet។ ក្មួយៗដែលមិនបានជាប់នោះ ក៏អាចទៅរៀនយកបរិញ្ញាបត្ររង ឬក៏ទៅរៀនឡើងវិញយកបាក់ឌូប្លិ៍ឆ្នាំក្រោយ។ សូមកុំអស់សង្ឃឹម។ ជួនកាលថ្ងៃខ្លះស៊យតែមួយពិន្ទុ ឬមួយការរៀនសូត្រ យើងចាប់អ្វីមួយមិនទាន់ច្បាស់មិនទាន់ឆ្អិន។ មានឱកាសបន្តទៅទៀត។ ផ្លូវនូវវែងឆ្ងាយ កុំបោះបង់ចោល ដើរទៅមុខ។ នេះគឺជាការផ្ដាំផ្ញើចំពោះក្មួយៗ ដែលមិនបានជាប់នៅឆ្នាំនេះ … ខ្ញុំសូមចូលរួមអបអរសាទរ ជាពិសេស ជាមួយបេក្ខជនជាប់និទ្ទេស A ទាំង ១ ៦៩១ នាក់ ដែលកំពុងមានវត្តមាននៅទីនេះ ក្នុងនោះបេក្ខជននិទ្ទេស A ក្នុងការប្រលងសញ្ញាបត្រទុតិយភូមិមាន ១ ៦៧៣នាក់ និងបេក្ខនារីមាន ៩៤៧នាក់ … និងបេក្ខជននិទ្ទេស A ក្នុងការប្រលងសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៨នាក់ ក្នុងនោះមានស្រី ១៤នាក់។ ម៉េចហើយប្រុសៗយើង?  អម្បាញ់មិញចូលមកមានក្មួយបីគូភ្លោះ។ ឯកឧត្តម សេង ទៀង បញ្ជាក់ថាមានភ្លោះបីគូ ស្រីមួយគូ ប្រុសពីរគូ ហើយបាននិទ្ទេស A ដូចគ្នា ឆ្លាតដូចគ្នា …។​

(៦) ការជាប់បាក់ឌូប្លិ៍ គឺជាការមកដល់ផ្លូវបំបែកទាំងការរៀនសូត្រទាំងជីវិតរស់នៅ

ថ្ងៃនេះ ក៏មានក្មួយ អន ផានិត (មក)ពីគ្រួសារដែលមានម្ដាយឪពុកពិការ នៅខេត្តកំពតនិងបានខិតខំប្រឹងប្រែងប្រលងជាប់និទ្ទេស A។ អញ្ចឹងកាលៈទេសៈ ស្ថានភាពគ្រួសារ ស្ថានភាពអ្វី មិនជាឧបសគ្គទេ។ សូមអបអរសាទរសម្រាប់ទាំងអស់គ្នា។ ផ្លូវមានច្រើនសម្រាប់ដើរទៅមុខ។ ដើរមកដល់នេះ ឪពុកម្ដាយយើងចិញ្ចឹមយើង បង្កលក្ខណៈ(ងាយស្រួល)ហើយ លោកគ្រូអ្នកគ្រូខំបង្រៀន រាជរដ្ឋាភិបាលបង្កើតសាលា បង្កើតឱកាស ឯការដើរទៅមុខទៀត​គឺអាស្រ័យនៅលើយើង។ អញ្ចឹងមិនថា ក្មួយៗដែលជាប់និទ្ទេស A ក្មួយៗជាប់និទ្ទេស B, C ឬមួយក្មួយៗដែលមិនបានប្រឡងជាប់ទេ ផ្លូវយើង(វែងឆ្ងាយ)ត្រូវតទៅមុខទៀត។ ការជាប់បាក់ឌូប្លិ៍នេះ ខ្ញុំគិតថាជាផ្លូវបំបែក ទាំងការរៀនសូត្រទាំងជីវិតរស់នៅរបស់យើង។ ភាគច្រើន អ្នកដែលជាប់បាក់ឌូប្លិ៍ យើងហៅថាមធ្យមសិក្សាទុតិយភូមិ គឺបានរៀន ១២ឆ្នាំ។ យើងដឹងហើយកាលពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី ១២ មិនមានជម្រើសទេ។ កម្មវិធីក្រសួងអប់រំរៀបឱ្យទៅសាលាលោកគ្រូអ្នកគ្រូបង្រៀន។ យើងរៀនតាមកាលវិភាគ។ យើងត្រូវរៀនតាមស្ដង់ដារក្រសួងអប់រំ ១២ឆ្នាំ។ ប៉ុន្តែដល់ដំណាក់កាលនេះ ក្មួយៗត្រូវសម្រេចចិត្តហើយដើរផ្លូវណាទៀត។ ឪពុកម្ដាយក៏ដូចគ្នា។ បើតាមច្បាប់ក៏ស្រដៀងគ្នាដែរ ដល់អាយុហ្នឹង អាយុគេហៅថា គ្រប់អាយុអាចសម្រេចចិត្តខ្លួនឯងបានហើយ លែងមានអាណាព្យាបាលហើយ។ នេះគឺជាផ្លូវបំបែកមួយដែលសំខាន់។ ការខិតខំប្រឹងប្រែងរបស់យើង សន្សំនូវចំណេះដឹងបានប៉ុណ្ណេះ គឺយើងត្រូវតែបន្តទៅទៀត។

(៧) តួអង្គ ៥ ជំរុញនិងលើកទឹកចិត្តកំណែទម្រង់ ផ្លាស់ប្ដូរផ្នត់គំនិតនិងការជឿទុកចិត្តលើប្រព័ន្ធប្រឡង

ទន្ទឹមជាមួយនឹងការអបអរសាទរជាមួយក្មួយៗទាំង ១ ៦៩១ នាក់ ថ្ងៃនេះយើងក៏សូមអបអរសាទរផងដែរ ចំពោះតួអង្គដែលបានចូលរួមនៅក្នុងការធ្វើឱ្យក្មួយៗ សំរេចបានលទ្ធផល(ដ៏ល្អ)។ (ទី១) គឺក្មួយៗសិស្សា​នុសិស្សខ្លួនឯង​ ជាតួអង្គដែលសំខាន់ ជាអ្នកកំណត់ ខិតខំរៀនសូត្រ ហើយហ្មត់ចត់នៅក្នុងការងារ ទើបទទួលបាន(និទ្ទេស) A។ ជួនកាល រៀនចេះហើយ ថ្ងៃប្រលងអត់ហ្មត់ចត់ ក៏អត់បាន(និទ្ទេស) A ដែរ។ ខិតខំយកចិត្តទុកដាក់ ជម្នះឧបសគ្គ មិនថាជីវភាពគ្រួសារ មិនថាឱកាស ទីតាំងលំបាក ភូមិស្រុកពិបាក តែយើងខិតខំដើរ បាន(ទទួល)ជោគជ័យ។

តួអង្គទី២ គឺលោកគ្រូអ្នកគ្រូ។ ក្មួយៗមកដល់ថ្នាក់ទី ១២ ប្រលងជាប់និទ្ទេស A នេះ … ព្រោះនៅសាលាមានការបណ្ដុះបណ្ដាលពីរ៖ (ទី១) បណ្ដុះបណ្ដាលធំៗ នៅក្នុងសាលា, និង(ទី២) នៅប្រទេសយើងឬមួយនៅប្រទេសមួយចំនួន មានអ្នកខ្លះគឺ(ទទួលការ)បណ្ដុះបណ្ដាលនៅផ្ទះ ដោយឪពុកម្ដាយបង្រៀន។ ប៉ុន្តែនៅប្រទេសយើង ក្មួយៗនៅទីនេះ គឺការបណ្ដុះបណ្ដាលនៅសាលា។ អញ្ចឹង (ការសំរេចបានជាលទ្ធផលនេះ អាស្រ័យដោយ)គុណលោកគ្រូអ្នកគ្រូតាំងពីមត្តេយ្យ បឋម រហូតទៅដល់មធ្យមសិក្សា ជាពិសេស លោកគ្រូអ្នកគ្រូនៅថ្នាក់ទី ១២ ដែលខិតខំបង្រៀនដើម្បីឱ្យយើងបានទទួលនូវលទ្ធផលល្អនៅក្នុងការប្រលង … ជាមោទនភាពណាស់ ចំពោះលោកគ្រូអ្នកគ្រូ និងសូមអបអរសាទ​រនិងអរគុណចំពោះការខិតខំចែករំលែកនេះផងដែរ។

តួអង្គទី៣ គឺមាតាបិតា​ អាណាព្យាបាល។ បើគ្មានការជំរុញលើកទឹកចិត្ត ឬក៏បង្កលក្ខណៈឱ្យក្មួយៗបានរៀនសូត្រ ជម្រុញឱ្យក្មួយប្រឹងរៀនដើម្បីប្រឡងយកនិទ្ទេស​ A (ក៏លំបាកនឹងសំរេចលទ្ធផលនេះដែរ)។ ឪពុកម្ដាយខ្លះមានការលំបាក ដូចអម្បាញ់មិញ ក្មួយ អន ផានិត ឪពុកម្ដាយពិការ ខំប្រឹងធ្វើយ៉ាងណាឱ្យកូនបានរៀន ជំរុញបង្កលក្ខណៈឱ្យបានរៀនសូត្រដល់ថ្នាក់ទី១២។ មិនថា ក្មួយដែលជាប់ននិទ្ទេស A, B, C ឬអ្នកដែលមិនជាប់នេះ តែដល់ប្រឡងថ្នាក់ទី ១២​ ហើយជាការពុះពាររបស់ឪពុកម្ដាយតស៊ូឱ្យកូនទៅបន្តរៀន។ គឺជាកិច្ចការលះបង់ធំណាស់ …។

តួអង្គទី៤ គឺក្រសួងអប់រំ យុវជននិងកីឡា អាជ្ញាធររាជធានីខេត្ត មន្ទីរអប់រំកីឡា អាជ្ញាធរពាក់ព័ន្ធទាំងអស់ គណៈគ្រប់គ្រងសាលា អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងការជួយជំរុញការអប់រំឱ្យបានល្អ ក៏ដូចជាការចូលរួមដឹកនាំការប្រឡងបានសុក្រឹតនិងយុត្តិធម៌ ដែលក្នុងនោះ គឺមានការចូលរួមបន្ថែមពីសហភាពសហព័ន្ធយុវជនកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័ន និងអ្នកស្ម័គ្រផ្សេងៗទៀតនៅតាមកន្លែង(ប្រឡង) ដែលធ្វើឱ្យការប្រឡងរបស់យើងបានសុក្រឹត ធានាថា អ្នកចេះ ជាប់, ធានាថា អ្នកជាប់ ជាប់ដោយមោទនៈ ហើយអ្នកមិនជាប់ ក៏ធ្លាក់ដោយអស់ចិត្ត …។

ទី៥ គឺមហាជន។ កិច្ចការទាំងអស់នេះ មិនអាចមាននិរន្តរភាពនិងចីរភាព ១៤ឆ្នាំ(មកបានទេ) បើគ្មានការគាំទ្រពីមហាជននោះ។ បើសិនជាឆ្នាំទី១ ២០១៤ ចេញមកហើយ ជាប់ប៉ុណ្ណឹង ឪពុកម្ដាយមហាជន នាំគ្នាបាតុកម្មឱ្យដកកម្រិតស្តង់ដារកែទម្រង់ហ្នឹងចេញ (យើងពិតជា)មិនបាន(សំរេចលទ្ធផលល្អដូច)នៅពេលហ្នឹងទេ … បើប្រជាពល​រដ្ឋយើងទូទាំងប្រទេសមិនសាទរការ(ធ្វើ)កំណែទម្រង់នោះទេ និងចូលរួមដើម្បីជំរុញកិច្ចការងារនេះទេ (កិច្ចការនេះ)មិន(អាចដំណើរការមក)បាន ១៤ ឆ្នាំនេះទេ។ យើងប្រហែលជាត្រូវកែតាំងពីឆ្នាំទី២ ឯណោះ បើថាមហាជនយល់ថាមិនបាច់ប្រលង … ផ្ទុយទៅវិញ ការគាំទ្ររបស់មហាជន​ គាំទ្រពីបងប្អូន ពីអ្នកក្នុងភូមិជំរុញនិងលើកទឹកចិត្តកំណែទម្រង់នេះ បានធ្វើឱ្យវាក្លាយជាចលនាមួយ ដែលខ្ញុំនិយាយថាផ្លាស់ប្ដូរនូវផ្នត់គំនិតនៃការប្រឡង និងការជឿទុកចិត្តទៅលើប្រព័ន្ធប្រឡង

(៨) គោលការណ៍ប្រកួតប្រជែងក្នុងការគ្រប់គ្រង/ដឹកនាំសាលាប្រចាំឆ្នាំ ជាកត្តាសំខាន់

ខ្ញុំក៏សូមអរគុណដល់ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះតាមបណ្ដារាជធានីខេត្តកន្លងទៅ ដែលចូលរួមជំរុញដល់កិច្ចការងារនេះ និងលើកទឹកចិត្ត ទាំងការបង្កលក្ខណៈក្នុងការរៀនត្រៀមប្រលង ការជំរុញ ការធានា ចូលរួមជាមួយរដ្ឋាភិបាលនៅក្នុងការកសាងបរិស្ថាន ទំនុកបម្រុងដល់សាលានៅតាមមូលដ្ឋានជាច្រើន ដែលបង្កលក្ខណៈឱ្យក្មួយៗអាចរៀនសូត្របាន ថែមទាំងលើកទឹកចិត្តដល់កម្មវិធីប្រឡងផ្សេងៗទៀតក្រៅពីប្រឡងបាក់ឌូប្លិ៍។ ខេត្តខ្លះខ្ញុំធ្លាប់ចុះទៅផ្ទាល់ ក្រុមការងារក៏មានការលើកទឹកចិត្តជាប្រចាំ ជួនកាលមិនបាច់ចាំប្រ​ឡងទី ១២ ទេ។ នៅតាមវិទ្យាល័យខ្លះ ក្រុមការងារក៏មានចែកប្រចាំឆ្នាំការប្រឡងនិទ្ទេស។ មានម្តងនៅស្រុកក្រូចឆ្មារ ខ្ញុំចុះទៅប្រគល់(រង្វាន់ដល់)សិស្សពូកែ លេខ១ ដល់លេខ ១០ គឺស្រីទាំងអស់។ លេខ ១១ មានប្រុសមួយ។ ទោះជាយ៉ាងណា រឿងស្រីប្រុសរឿងមួយទេ ប៉ុន្តែអ្វីដែលសំខាន់គឺមានកម្មវិធីលើកទឹកចិត្ត។ ការប្រកួតប្រជែងរបស់សាលា ក្រសួងអប់រំដាក់ចេញនូវគោលការណ៍ប្រកួតប្រជែងសាលា ក្នុងការគ្រប់គ្រងក្នុងការដឹកនាំប្រចាំឆ្នាំ ក៏ជាយន្តការមួយក្នុងការជំរុញនេះដែរ

[បញ្ចប់សេចក្ដីអធិប្បាយ២]

ខ្ញុំសូមអរគុណចំពោះការចូល និងការគាំទ្ររបស់ប្រជាពលរដ្ឋយើងទូទាំងប្រទេសចំពោះកំណែទម្រង់នៃការប្រឡងបាក់ឌូប្លិ៍នេះ  ដែលធ្វើឱ្យយើងមាននិរន្តរភាព និងអាចពង្រឹកនូវការប្រឡងនេះ រហូតទៅដល់មានលទ្ធផលដែលយើងបានឃើញថា តាំងពី ១១នាក់ នៅឆ្នាំ ២០១៤ មកជិត ១ ៧០០ នាក់។ តាំងពីជាប់ ២៥% មកដល់ ៥០% ទៅ ៧០%ជាង ដោយការខិតខំប្រឹងប្រែងខ្លួនឯង។ នេះហើយគឺជាជោគជ័យ​ ដែលបានកើតឡើងពីកម្លាំងសរុបរបស់ប្រជាពលរដ្ឋយើងទូទាំងប្រទេស នេះគឺសូមអរគុណ និងសូមអបអរសាទរ។

ការកសាងមូលធនមនុស្សល្អ ត្រូវការរយៈពេលយូរ និងការវិនិយោគក្នុងបរិមាណច្រើន ស្របពេលដែលកម្ពុជាមានអាទិភាពជាច្រើន ដែលត្រូវយកចិត្តទុកដាក់ ដើម្បីកសាងសង្គមកម្ពុជា ឱ្យបានរឹងមាំ ការបង្កើនការងារ ផលិតភាពការងារ, និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅកម្រិតតំបន់ និងសកល ព្រមទាំងដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ នេះគឺជាចក្ខុវិស័យនិងទិសដៅនៃការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលរបស់យើង។ ជាការពិត, ការអប់រំប្រកបដោយគុណភាពខ្ពស់ គឺជាកូនសោដ៏សំខាន់មួយសម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងរឹងមាំនៃសេដ្ឋកិច្ចជាតិ  ព្រមទាំងការដោះស្រាយបញ្ហាសង្គម តាមរយៈបង្កើនមូលធនមនុស្ស, គំនិតច្នៃប្រតិដ្ឋ, បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ជំរុញបង្កើនភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ, លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និង ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន, ភាពធន់, និងចីរភាព ។

ការអប់រំ និងការអប់រំបណ្តុះបណ្តាល មិនត្រឹមតែបង្កើនធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ, ប៉ុន្តែ វិស័យទាំងនេះបង្កើតនូវឧត្តមប្រយោជន៍ជាច្រើន សម្រាប់ប្រទេសជាតិ រួមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់សម្រាប់អ្នកទទួលបានការអប់រំ និង ការបណ្តុះបណ្តាល ព្រមទាំងផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល ។ ក្មួយៗសិស្សានុ-សិស្សទាំងអស់ បាន និងកំពុងធ្វើការវិនិយោគរយៈពេលវែង និង សន្សំបាននូវ «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត ដែលទ្រព្យសម្បត្តិចំណេះដឹងទាំងនេះ អាចលក់នៅក្នុងទីផ្សារការងារ និងទទួលបានផលជាបៀវត្សខ្ពស់, បង្កើនភាពងាយស្រួលក្នុងការទទួលបានការងារ, មានផលិតភាពសេដ្ឋកិច្ចខ្ពស់, មានជោគជ័យនៃសហគ្រិនភាព, មានចីរភាពនៃជីវភាពខ្ពស់ផ្ទាល់ខ្លួន និងមានភាពធន់នៅស្ទើរគ្រប់កាលៈទេសៈ នៃស្ថានភាព សេដ្ឋកិច្ច និងសង្គម ។

រាជរដ្ឋាភិបាល នីតិកាលទី ៧ បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» ដោយមានបញ្ចកោណយុទ្ធសាស្ត្រទី ១  ផ្តោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម, កំណើនសេដ្ឋកិច្ច  និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និង ភាពធន់ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន ៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖ (១) ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, (២) ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស, (៣) ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, (៤) ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង, និង(៥) ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និងបរិយាប័ន្ន។

[ផ្ដើមសេចក្តីអធិប្បាយ៣]

(៩) អប់រំដើម្បីអ្វី? ត្រូវការបរិស្ថានបែបណា?

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណពីមុនៗ គឺយើងយកមនុស្សជាគោល ការកសាងមូលធនមនុស្សគឺជាការងារចាំបាច់ចម្បង។ ចំពោះរាជរដ្ឋាភិបាល ការកសាងមូលធនមនុស្សជាពិសេសការអប់រំនេះ យើងត្រូវឆ្លើយសំណួរ ២។ សំណួរទី១ គឺការអប់រំដើម្បីអ្វី? តើធនធានមនុស្សបែបណាដែលយើងចង់បាន? សំណួរទី២ គឺតើយើងធ្វើបរិស្ថានបែបណា ដើម្បីឱ្យធនធានមនុស្សដែលយើងខំកសាងបាន មានឱកាសលូតលាស់អាចប្រើប្រាស់បានតាមសក្តានុពល និងលើកទឹកចិត្តឱ្យកសាងមនុស្សជាមូលធនល្អសម្រាប់ជាតិតទៅទៀត? សំណួរ២ នេះ គិតនៅក្នុងក្របខណ្ឌនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សំណួរទី១ ថាយើងអប់រំដើម្បីអ្វី? ម្សិលមិញខ្ញុំបានឃើញនៅក្នុងប្រព័ន្ធសង្គមមួយ … មានការបញ្ចេញមតិថា តើការអប់រំរបស់យើងគឺដើម្បីតែបានប្រាក់ខែខ្ពស់មែនទេ? ខំរៀនទាល់តែបានប្រាក់ខែខ្ពស់បានរៀន។ តើអប់រំដើម្បីគោលដៅនេះតែមួយគត់ឬទេ? ពិតណាស់ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាគោលដៅធំរបស់យើង។ ការបង្កើនសមត្ថភាពឱ្យក្មួយៗ ឱ្យយុវជនឱ្យប្រជាពលរដ្ឋ ដើម្បីអាចមានលទ្ធភាពចាប់យកជំនាញ ទៅបង្កើននូវផលិតភាព និងអាចរកអាជីពបានល្អ បង្កើនចំណូល ឬមួយធ្វើការ ឬមួយបង្កើតអាជីពខ្លួនឯង តាមសមត្ថភាពខ្លួនឯង ដើម្បីបង្កើនជីវភាពគ្រួសារ។

(១០) គោលដៅ ៤ ធំឬចតុស្តម្ភនៃការអប់រំមនុស្ស

ប៉ុន្តែ វាមិនមែនជាជ្រុងតែមួយនោះទេ។ គោលដៅនៃការអប់រំ លោកគ្រូ អ្នកគ្រូ អាចដឹងហើយ … ចតុស្តម្ភនៃការអប់រំមានគោលដៅធំ ៤ ដើម្បីយើងអប់រំមនុស្សទៅជាពលរដ្ឋល្អ។ (១) អប់រំដើម្បីចេះដឹង។ មានចំណេះដឹងដើម្បីយល់ពីស្ថានភាពជុំវិញខ្លួន អាចធ្វើការសម្រេចចិត្តដោយគ្រប់ជ្រុងជ្រោយ។ (២) រៀនដើម្បីចេះធ្វើ បង្កើតជំនាញ បំនិន ដើម្បីយកទៅធ្វើការងារបានពិតប្រាកដ។ (៣) រៀនដើម្បីជាពលរដ្ឋល្អមានសីលធម៌ល្អ។ (៤) អប់រំដើម្បីចេះរស់នៅក្នុងសង្គមដោយសុខដុមរមនា (ចំណេះសមូហភាព)។ ជាគោលដៅនៃការអប់រំ គឺមិនមែនតែជំនាញរឹងទេគឺទាំងជំ​នាញទន់ផង។ មិនត្រឹមតែចំណេះដឹង បទពិសោធន៍ការងារប៉ុណ្ណោះទេ តែក៏ត្រូវអប់រំឥរិយាបថផង។ នេះជាគោលដៅនៃការអប់​រំ ដែលហៅថា ចតុស្តម្ភនៃការអប់រំ ឬគោលដៅ ៤ នៃការអប់រំ។ អញ្ចឹង អប់រំមនុស្សម្នាក់ មិនប្រាកដថាត្រូវតែអោយគាត់មានធ្វើការងារដែលទាល់តែទទួលបានប្រាក់ខែខ្ពស់នោះទេ។ អ្នកខ្លះធ្វើការនៅក្នុងអង្គការសង្គម ចូលរួមនៅក្នុងជំនាញដែលគាត់ស្រឡាញ់កសាងសង្គមដោយមិនគិតពីបៀវត្សរ៍។ ការងារស្ម័គ្រចិត្តនេះហើយគឺជាការអប់រំរបស់មនុស្ស។ បើយើងផ្ដោតតែទៅលើអ្វីដែលយើងគិតតែកម្រៃ គិតតែពីសំភារៈ វាបាត់ការសំគាល់នៃ ៣ ជ្រុងទៀត។ ជាពិសេសជ្រុងស្តីពីសីលធម៌ គុណធម៌ និងការចេះរស់នៅដោយគោរពគ្នា ដោយប្រទាក់ក្រឡាគ្នាជាមួយគ្នា។

យុទ្ធសាសត្របញ្ចកោណទី ១ របស់រាជរដ្ឋាភិបាល មានមុំមួយពាក់ព័ន្ធនឹងការអភិវឌ្ឍមូលធនមនុស្ស។ មុំឯទៀតពាក់ព័ន្ធទៅនឹងសុខភាព ការបណ្តុះបណ្តាលចំណេះដឹងជំនាញ ឬថាចំណេះរឹង និងមុំទី៥ គឺការបង្កើតនូវចំណេះទន់ សីលធម៌ គុណធម៌ និងការប្រទាក់ក្រឡាគ្នា។ ការរៀបចំក្រឹត្យក្រមគោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនដាក់ឲ្យតែពិរោះទេ។ យើងបានគិតគូរច្បាស់លាស់ មានមូលដ្ឋានច្បាស់លាស់។ ផលិតមនុស្សម្នាក់មិនមែនឱ្យតែពូកែធ្វើការ ពូកែប្រកួតប្រជែង ដោយមិនមានក្រឹត្យក្រមសីលធម៌ ជាន់អ្នកណាក៏ជាន់នោះបានទេ។ ចេញមកត្រូវតែចេះប្រកួតប្រជែងដោយវិជ្ជមាន ដើម្បីយើងរួមគ្នាកសាង។ ចេះជួយយកអាសារគ្នា ចេះមានក្រមសីលធម៌ល្អ ដែលជាពលរដ្ឋល្អ។ លោកគ្រូ អ្នកគ្រូ ដែលបង្រៀន និងក្មួយៗដែលរៀន ១២ ឆ្នាំនេះ មិនមែនបង្រៀន/រៀនតែចំណេះដឹងផ្នែកវិទ្យាសាស្ត្រ គណិត(វិទ្យា) ភូមិ(វិទ្យា)នោះទេ ប៉ុន្តែយើងបង្រៀន/រៀនទាំងផ្នែកអប់រំសីលធម៌ ជាពិសេសការប្រទាក់ក្រឡាគ្នា និងការយោគយល់គ្នា សាមគ្គីគ្នា នៅក្នុងសង្គមរស់នៅរបស់យើង។

(១១) ការប្រឡងផ្អែកលើមូលដ្ឋានគុណាធិបតេយ្យ ការប្រកួតប្រជែងដោយស្មើភាព ត្រឹមត្រូវ យុត្តិធម៌ និងបរិយាបន្ន

សំណួរទី២ថា យើងខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សបានល្អហើយ ត្រូវធ្វើម៉េចឲ្យធនធានមនុស្សហ្នឹងអាចប្រើប្រាស់បានសក្តានុពលនិងមានលទ្ធភាពកាន់តែរីកធុះនិងកាន់តែរឹងមាំតទៅទៀត? … លើកទឹកចិត្តដើម្បីក្លាយទៅជាពលរដ្ឋល្អ និងជាធនធានមូលធនមនុស្សដ៏ល្អ? ឆ្លើយនឹងសំណួរនេះ ខ្ញុំសូមត្រឡប់មកវិញពាក់ព័ន្ធទៅនឹងការប្រឡងបាក់ឌូប្លិ៍។ ទស្សនៈវិស័យនៅក្នុងការធ្វើកំណែទម្រង់នៃការប្រឡងនេះ គឺជាមេរៀនមួយល្អ ដែលយើងអាចប្រើជាប្រទីប ជាគំរូនៃការកសាងបរិស្ថានសង្គម … អញ្ចឹងបរិស្ថាននៃការប្រឡង ឬបទពិសោធន៍នៃជ្រុងនេះយ៉ាងម៉េច? (ទី១) ការប្រឡងមានភាពជោគជ័យនិងនិរន្តភាព ធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងវប្បធម៌ និងផ្នត់គំនិត។ ផ្នត់គំនិតជ្រុងណាខ្លះ? ការប្រឡងនេះគឺផ្អែកលើមូលដ្ឋាននៃគុណាធិបតេយ្យ ការប្រកួតប្រជែងដោយស្មើភាពត្រឹមត្រូវ យុត្តិធម៌ បរិយាបន្ន អ្នកចេះគឺជាប់ អ្នកដែលម៉ត់ចត់ធ្វើការងារបានពិន្ទុកាន់តែល្អ ពិន្ទុកាន់តែខ្ពស់ ដូចនិទ្ទេស A ថ្ងៃនេះអញ្ចឹង។ គោលការណ៍និងបទពិសោធន៍នៃបរិស្ថានប្រឡងបែបនេះ លើកទឹកចិត្តឲ្យក្មួយៗ និងបងប្អូនរបស់យើងទាំងឪពុកម្តាយ ទាំងសមាគមន៍ ទាំងប្រជាពលរដ្ឋទូទាំងប្រទេស គាំទ្រដល់គោលការណ៍នេះ។

បើយើងយកបទពិសោធន៍នៃការប្រឡងបាក់ឌូប្លិ៍នេះ ទៅធ្វើនៅក្នុងកិច្ចការតាមស្ថាប័ន នៅក្នុងវិស័យឯកជន នៅក្នុងអីក៏ដោយ ដូចជាកន្លងទៅមានការរៀបចំ board គណៈកម្មការអីផ្សេងៗ បានជំរុញលើកទឹកចិត្តដល់អ្នកទាំងនោះ (អោយសំរេច)លទ្ធផលខ្ពស់។ វប្បធម៌និងមូលដ្ឋានបែបនេះ ជាមូលដ្ឋានថា(លទ្ធផលនៃ)ការប្រឡងជាកញ្ចកនិងជាប្រទីបមួយ ជាបទពិសោធន៍មួយ ដែលមិនខុសពីទិដ្ឋភាពសង្គមការងារ។ ខ្ញុំមិននិយាយថានៅក្នុងសង្គមទាំងមូលងាយស្រួលដូចប្រឡងបាក់ឌូប្លិ៍(នោះទេ) ប៉ុន្តែជាប្រទីបនិងចក្ខុវិស័យ ជាទិសដៅ … ដើម្បីបន្តិចម្តងៗ ឈានទៅជំរុញ(ប្រសិទ្ធភាពការងារ) ហើយដែលរាជរដ្ឋាភិបាលយើងបានធ្វើច្រើនហើយក្នុង ៤០ ឆ្នាំនេះ។ ពិសេសយុទ្ធសាស្ត្រចតុកោណប៉ុន្មានដំណាក់កាល គឺយកអភិក្រមនៃការពង្រឹងអភិបាលកិច្ចជាគោល ដែលយើងកែទម្រង់ច្រើនណាស់ ដើម្បីលើកទឹកចិត្តនិងការវាយតម្លៃ។ ប៉ុន្តែនៅមិនទាន់គ្រប់ទេ។ ត្រូវបន្តធ្វើតទៅទៀត។ អញ្ចឹងមូលដ្ឋាននិងបទពិសោធន៍ក្នុងការប្រឡងបាក់ឌូប្លិ៍នេះ ជាបរិស្ថានមួយដែលអាចឲ្យធនធានមនុស្ស ដែលយើងបណ្តុះបណ្តាលហើយ មានលទ្ធភាព មានជម្រើស និងសក្តានុពលរីក …។

(១២) វប្បធម៌ឬផ្នត់គំនិតអត្តរាគមន៍ ត្រូវបានជំនួសដោយវប្បធម៌ទទួលខុសត្រូវជាបុគ្គល

(ទី២) ការប្រឡង(ដែលទទួលបានលទ្ធផលតាមរយៈសមត្ថភាព/ចំណេះដឹងពិតប្រាកដ)បានជំនួសវប្បធម៌ ឬផ្នត់គំនិតអវិជ្ជមានមួយចំនួនដែលធ្លាប់តែមានពីមុន … ទី១ គឺវប្បធម៌អន្តរាគមន៍ត្រូវបានជំនួសដោយវប្បធម៌បុគ្គលទទួលខុសត្រូវ។ ជិតប្រឡង មិនមានឪពុកម្តាយរត់រកអន្តរាគមន៍ទៀតទេ។ ក្មួយៗក៏មិនពឹងលើឪពុកម្តាយ ឬបងប្អូន ដើម្បីពឹងអ្នកនេះអ្នកនោះដើម្បីបានជាប់ដែរ។ ត្រូវទទួលខុសត្រូវខ្លួនឯង។ នេះគឺជាវប្បធម៌សំខាន់ក្នុងការប្រឡង ដែលយើងអាចរៀនពីជ្រុងនេះ ដើម្បីខិតខំជំរុញគ្រប់វិស័យនៅក្នុងសង្គមជាតិរបស់យើង។ ទទួលខុសត្រូវខ្លួនឯង ជាប់ធ្លាក់រឿងខ្លួនឯង … អាចថាពីមុនមានមួយផ្នែកតូចនៃអ្នកប្រឡងចេះតែទៅរកអន្តរាគមន៍។ ដល់សួរថាម៉េចបានធ្វើដូចនោះ? ថាមកពីគេធ្វើគ្រប់គ្នា បានខ្ញុំធ្វើដែរ។ ខ្ញុំធ្វើដោយសារគេធ្វើ អ្នកខ្លះថាមកពីសង្គម។ ទៅបន្ទោសសង្គមវិញ។ សង្គមកើតឡើងដោយមនុស្ស មនុស្សគឺជាកោសិកា ឥរិយាបថមនុស្សបែបណា ផ្គុំគ្នាទៅជាឥរិយា​បថសង្គម … វប្បធម៌នៃការប្រឡង(តាមសមត្ថភាព)នេះ គឺគ្រួសារនីមួយៗ ឪពុកម្តាយនីមួយៗ សិស្សម្នាក់ៗ បានចូលរួមនៅក្នុងការខិតខំ ដោយបន្ទុកនៃការជាប់ធ្លាក់គឺជា(ការទទួលខុសត្រូវ)របស់ខ្លួន។ ហេតុនេះពួកគាត់បានឈប់រត់ទៅរកអន្តរាគមន៍ និងប្រែមកជាការលើកទឹកចិត្តខិតខំរៀនសូត្រវិញ។ នេះគឺជាវប្បធម៌មួយដែលយើងត្រូវជំរុញ … គឺជាវប្បធម៌ដែលការកែទម្រង់ក្នុងការប្រឡងបាក់ឌូប្លិ៍បានបង្កើតឡើង។

(១៣) ជំនួសមនោសញ្ចេតនាលក្ខណៈចង្អៀត ដោយមនោសញ្ចេតនាលក្ខណៈធំទូលាយ

ទី៣ ការជំនួសមូលដ្ឋានមនោសញ្ចេតនាលក្ខណៈចង្អៀត ដោយមនោសញ្ចេតនាលក្ខណៈធំទូលំទូលាយបំផុត។ កាលខ្ញុំធ្វើជាគណៈកម្មការប្រឡងនាយទាហាន ធ្លាប់មានការលើកឡើងថាហេតុម៉េចក៏អនុវត្តតឹងម្ល៉េះ អត់មនោសញ្ចេតនាសោះ។ ខ្ញុំឆ្លើយទៅវិញថា មិនមែនខ្ញុំអត់មនោសញ្ចេតនាទេ គឺខ្ញុំមានមនោសញ្ចេតនាដែលទូលំទូលាយបំផុត។ ព្រោះអី? មិនចាំបាច់តែអ្នកដែលស្គាល់ខ្ញុំមួយចំនួនតូច អាចនិយាយជាមួយខ្ញុំឲ្យកូនចៅបានជាប់ទេ។ អ្នកណាក៏ដោយ មិនបាច់ស្គាល់ខ្ញុំក៏ដោយ ឲ្យតែចេះគឺជាប់ហើយ។ នេះគឺមនោសញ្ចេតនាធំបំផុតសម្រាប់ជាតិរបស់យើង … មនោសញ្ចេតនាធំបំផុត គឺមនោសញ្ចេតនាជាមួយក្មួយៗតែម្ដង។ បើយើងខំទៅអន្តរាគមន៍ឲ្យគាត់ជាប់ គាត់អត់ខំប្រឹងទេ។ គាត់នៅតែពឹងរហូត។ តើជួយគាត់ឬមិនជួយគាត់?​ បើមិនឲ្យគាត់ខ្លាំង ជាប់បាក់ឌូប្លិ៍ (ពេល)ចូលទៅធ្វើការអត់ចេះ (តើយើង)ជួយឬទេ? អញ្ចឹង យើងក៏រួមចំណែកមួយដែរនៅក្នុងការជួយពង្រឹងវប្បធម៌មនោសញ្ចេតនាធំទូលំទូលាយបំផុត …។

(១៤) ជំនួសការជឿទុកចិត្តលើអ្នកដទៃ ឬរបស់ក្រៅខ្លួន ដោយទុកចិត្តលើសមត្ថភាពក្នុងខ្លួន

ទី៤ គឺជំនួសការជឿទុកចិត្តទៅលើអ្នកដទៃ ឬរបស់ក្រៅខ្លួន ដូចជា ប្រ៊ុយយ៉ុង ដោយការទុកចិត្តលើសមត្ថភាពក្នុងខ្លួន … កាលពីខ្ញុំប្រឡង មានអ្នកពូកែសរសេរប្រ៊ុយយ៉ុងណាស់។​ សរសេរមួយសៀវភៅចូលក្នុងបណ្ដូលប៊ិច​មួយ។ ក្មួយៗ(ប្រហែលជា)សរសេរមិនកើតទេ។ មេរៀនគេសរសេរហើយ គេមូរដាក់ចូលក្នុងបណ្ដូលប៊ិច​បាន។ សម័យក្រោយមក គេពឹងទូរស័ព្ទ បែកធ្លាយវិញ្ញាសាអញ្ចឹងទៅ … ឪពុកម្ដាយ … ពេលខ្លះដោយសារខ្លាចកូនមិនជាប់ ធ្វើសកម្មភាពធ្វើខុសទម្រង់។ គ្រាប្រឡងឌីប្លូម ខ្ញុំចាំមួយជីវិត ដោយសារខ្ញុំប៊ិះបែកក្បាល។ នៅសាលាចតុមុខ ខ្ញុំប្រឡងនៅជាន់ទី១។ ពេលប្រឡងគេដាក់ប៉ូលីសជុំវិញ ហើយបិទបង្អួចទាំងអស់ តែបន្ទប់រៀនមានរន្ធខ្យល់។ កំពុងតែសរសេរៗ ដុំថ្មមួយដុំភ្ជាប់ជាមួយនឹងប្រ៊ុយយ៉ុង(ហោះ)ចូលមកប៊ិះក្បាលខ្ញុំ។ មិនដឹងថាគប់យ៉ាងម៉េចទេ តែសរសើគប់ចូល។ ដោយសារការខ្លាច ការព្រួយបារម្ភ អញ្ចឹងត្រូវពឹងទៅលើអ្វីមួយដោយមិនទុកចិត្តទៅលើសមត្ថភាពរបស់កូន ឬមួយសមត្ថភាពខ្លួនឯងដែលជាបេក្ខជន។ អញ្ចឹងការប្រឡងដែលធ្វើបានតឹងរឹងនិងមានការចូលរួមសហការនេះបង្កើតបានវប្បធម៌ និងផ្នត់គំនិតឲ្យទុកចិត្តខ្លួនឯង កុំទុកចិត្តអ្វីនៅក្រៅខ្លួន … អញ្ចឹងការបង្កើតវប្បធម៌ និងផ្នត់គំនិតនេះ គឺជាកិច្ចការសំខាន់ដើម្បីធានាបរិស្ថានមួយដែលអាចបង្កើតទៅបាន និងមាននិរន្តរភាព និងការប្រកួតប្រជែងដោយស្មើភាព ធ្វើឲ្យអ្នកដែលមានសមត្ថភាព ខិតខំប្រឹងប្រែង បានជាប់ដោយ(និទ្ទេស)ល្អ។ អ្នកដែលមិនទាន់លទ្ធភាពគ្រប់គ្រាន់ គឺនៅមានឱកាសបន្តទៀតដើម្បីជាប់។

(១៥) ការកែទម្រង់ចាប់ពីឆ្នាំ២០១៤ តែនៅឆ្នាំ២០១៥/១៦ នៅមានអ្នកជឿថានឹងមិនជោគជ័យ

នេះហើយក្របខណ្ឌគោលនយោ​បាយ​របស់រាជរដ្ឋាភិបាល ដែលមានទី១ គឺធនធានមនុស្ស ព្រោះធនធានមនុស្សធ្វើឲ្យយើងអាចទាញជាសក្ដានុពលប្រកួតប្រជែងបាន។ ធនធានមនុស្សនេះត្រូវដុសខាត់វាតាមរយៈការអប់រំ។ អប់រំស្អីខ្លះ ទិសដៅស្អីខ្លះ ខ្ញុំបានបញ្ជាក់ហើយគឺចតុស្ដម្ភនៃការអប់រំ ទាំងចំណេះរឹង និងចំណេះដឹងទន់ ទាំងសមត្ថភាព ចំណេះ​ដឹង ជំនាញ បំនិន និងគុណធម៌ សីលធម៌។ ប៉ុន្តែបើបណ្ដុះបណ្ដាលបានល្អហើយ ត្រូវបង្កើតបរិស្ថានឲ្យធនធាននេះអាចចេញរស្មីដោយខ្លួនឯងបាន។ ជាបញ្ហាស្មុគស្មាញ មិនមែនស្រួលទេ។ បញ្ហាមិនមែនខ្មៅសទេ វាមានប្រផេះច្រើន ដូចជាបញ្ហាសង្គម មនោសញ្ចេតនា វប្បធម៌អីផ្សេងៗ តែយើងត្រូវដាក់ទិសដៅកម្រិតណាមួយ ដើម្បីយើងដើរទៅ? បរិស្ថាននេះ ខ្ញុំបានលើកឧទាហរណ៍ព្រឹកនេះ គឺពន្យល់តាមលក្ខណៈបរិស្ថានដែលបង្កើតដោយការកែទម្រង់នៃការប្រឡងនេះឯង ជាជ្រុងមួយនៃការបណ្ដុះបណ្ដាល និងជាផ្នែកតូចមួយនៃសង្គមមែន តែលទ្ធផលវាបានបញ្ជាក់។ ជ្រុងមួយដែលយើងឲ្យមានសង្ឃឹម។ ការកែទម្រង់ការប្រឡងតាំងពីឆ្នាំ២០១៤ មកនេះ មិនមែនស្រួលទេ។ ការទាញឲ្យសហគមន៍ ឪពុកម្ដាយ សិស្ស ផ្លាស់ប្ដូរវប្បធម៌ និងផ្នត់គំនិត រហូតមកដល់ពេលនេះគឺពិបាក។ សូម្បីតែឆ្នាំ ២០១៥ និង ២០១៦ ក៏មានអ្នកនៅជឿថាការកែទម្រង់មិនទៅមុខនិងត្រឡប់ក្រោយ។ ប៉ុន្តែ ១០ឆ្នាំកន្លងមកនេះ យើងបានទៅមុខ ហើយបានកែសំរួល។ នេះគឺជាជោគជ័យមួយសំខាន់ ជាបទពិសោធន៍ដែលបញ្ជាក់ថា (យើងក្តាប់បាន)កត្តាដែលនាំឲ្យការកែទម្រង់រីកចម្រើន។ យើងអាចធ្វើបាន …។

(១៦) កំណែទម្រង់វិស័យអប់រំជោគជ័យ ត្រូវការកត្តាធំៗ ៤

អញ្ចឹង ការកែទម្រង់អាចជោគជ័យទៅបាន មានការទទួលស្គាល់និងគាំទ្រ និងមានចីរភាពបែបនេះ ខ្ញុំពិនិត្យឃើញថាផ្អែកទៅលើកត្តាគន្លឹះ ៤ ដូចដែលខ្ញុំធ្លាប់ពិនិត្យមើលកាលពីខ្ញុំនៅក្នុងកងទ័ព។ កំណែទម្រង់មិនមែនជាការងាយ​ស្រួលទេ។ ដើម្បីកំណែទម្រង់មានជោគជ័យ ត្រូវការកត្តា ៤ ធំៗ។

ទី១. ត្រូវមានចក្ខុវិស័​យវែងឆ្ងាយ ឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកទៅលើផលប្រយោជន៍ជាតិនិងប្រជាជនជាគោល។ យើងមិនអាចនឹកឃើញយប់មិញគេងយល់សប្ដិអញ្ចេះ ស្អែកឡើងចេញមកដាក់បទបញ្ជាដោយអត់មានមូលដ្ឋានច្បាស់លាស់ទេ។ គិតគូរច្បាស់លាស់ណាស់ ធ្វើយ៉ាងណា ដើរយ៉ាងណា ដើម្បីផលប្រយោជន៍អី … បើធ្វើទៅវាអាក្រក់ជាងមុន កុំធ្វើ។ អាក្រក់ ឬល្អផ្អែកលើអី? លើមូលដ្ឋានផលប្រយោជន៍ជាតិ ប្រជាជននិងសង្គម។ អញ្ចឹងការកែទម្រង់អប់រំ ការប្រឡងបាក់ឌូប្លិ៍នេះ គឺដាក់ចក្ខុវិស័យវែងឆ្ងាយ ធ្វើឲ្យមានមូលដ្ឋានជំរុញគុណាធិបតេយ្យ លើកទឹកចិត្តដល់ការខិត​ខំប្រឹងប្រែងរបស់កូនចៅប្រជាជន ពិសេសក្មួយៗ ដែលធ្វើជាគ្រាប់ពេជ្រចាំបាច់សម្រាប់កសាងសង្គមជាតិយើងឱ្យរីកចម្រើនយូរអង្វែង។

ទី២ គឺការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្ត ជាពិសេស ថ្នាក់ដឹកនាំ ដែលមានឆន្ទៈខ្ពស់នៅក្នុងការកែទម្រង់។​១០ឆ្នាំនៃការកែទំរង់ប្រឡងនេះ តួអង្គទីមួយ គឺសម្ដេចតេជោនាយករដ្ឋមន្រ្តីផ្ដល់ការគាំទ្រដាច់ណាត់ចំពោះការជំរុញការប្រឡងនេះ ផ្ដល់លទ្ធភាពគ្រប់បែបយ៉ាងដើម្បីធ្វើ។ ទីពីរ ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលខ្ញុំស្ដាប់ពីការដឹកនាំធ្វើពីដំបូងមក ព្រោះឆ្នាំ ២០១៤ ខ្ញុំកាន់ការងារយុវជនដែរ។ ខ្ញុំធ្លាប់ធ្វើ ពេលដែលខ្ញុំកាន់គណៈកម្មការប្រឡងនាយទាហាន។ យើងដាក់ផែនការពីដំបូង កែទម្រង់មួយដែលថាប្រឡងតែនៅភ្នំពេញ។ ឥឡូវដើម្បីឱ្យយុវជនដែលនៅតាមខេត្តមានលទ្ធភាព យើងត្រូវពង្រីក។ មានមតិជាច្រើនលើកឡើងថា កែធ្វើអីបើពីមុនគេធ្វើអញ្ចឹងធ្វើតែអញ្ចឹងទៅ។ មានទស្សនច្រើនណាស់។

សួរថាពីមុន(របៀបនោះ)ដើរឬទេ? មិនមែនថាពីមុនអត់ដើរទេ។ បើពីមុនអត់ដើរ កងទ័ពយើងមិនបានដើរមកដល់ប៉ុននេះទេ ប៉ុន្តែពីមួយជំហានទៅមួយជំហាន យើងត្រូវមើលមូលដ្ឋានអ្វីដែលមានពីមុនមក ត្រូវថែរក្សាឱ្យបានសមិទ្ធផលវិជ្ជមាន និងរិះរកវិធីដើម្បីដើរទៅមុខទៀតឱ្យកាន់តែមានប្រសិទ្ធភាព។ នេះជាគោលដៅនៃការកំណែទម្រង់។ យើងមិនមែនធ្វើបដិវត្តន៍ទេ។ ខ្ញុំសូមបញ្ជាក់ថាការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ។ មិនមែនផ្ដាច់ចោលនូវគោលនយោបាយពីមុន លុបចោលទាំងអស់ហើយអនុវត្តតាមរបៀបដូចជំនាន់ខ្មែរក្រហម ចូលមកហើយលុបចោលកម្មសិទ្ធឯកជន ដាក់អីផ្សេងនោះទេ។ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជានិរន្តរភាពនិងចីរភាពនៃនយោបាយដែលមានពីមុនមក ជាពិសេសយុទ្ធសាស្ត្រ​បញ្ចកោណ គឺផ្អែកលើមូលដ្ឋាននៃយុទ្ធសាស្ត្រចតុកោណ។ ប៉ុន្តែអ្វីដែលយើងកែសម្រួលមុំ ដែលត្រូវការកែទម្រង់ចាំបាច់។

ចំពោះការប្រឡងក៏ដូចគ្នា។ ពីមុនយើងមានកំណែទម្រង់ច្រើនឆ្នាំតាំងពីឆ្នាំ ៨០មក តាំងពីដំណាក់កាលយើងអត់មានធនធានមនុស្ស។ ចេញមកអ្នកអត់ចេះត្រូវបានបង្រៀនដោយអ្នកចេះ។ ខ្ញុំចាំអនក្ខរកម្ម។ យើងកែសម្រួលដើម្បីធ្វើទំនើបកម្មជាជំហាន។ កំណែទម្រង់ការប្រឡងបាក់ឌូប្លិ៍ឆ្នាំ២០១៤ មិនមែនមែនជាការធ្វើបដិវត្តន៍ ប៉ុន្តែជាកំណែទម្រង់និងពង្រឹងសម្រួចនូវសមិទ្ធផលបន្ថែមដើម្បីរីកចំរើន។ ពង្រីកនូវសមិទ្ធផលដែលថ្នាក់ដឹកនាំជំនាន់មុននៃក្រសួងអប់រំបានបន្តធ្វើ ហើយយើងរៀបបន្តធ្វើដើម្បីផលប្រយោជន៍ជាតិតែមួយ។ ទាមទារនូវការជំរុញនូវចក្ខុវិស័យច្បាស់លាស់ គឺការប្ដេជ្ញាចិត្តខ្ពស់។ ការបង្កើតផ្នត់គំនិតឬមួយការដាក់ចេញនូវអ្វីដែលជារបត់មិនជាការងាយ​ស្រួលទេ។ បើបត់ត្រឹមតែមួយស្ថាប័នរឿងមួយ តែនេះបត់មួយប្រទេស។ ដែលខ្ញុំនិយាយរឿងការផ្លាស់ប្ដូរនៃទស្សនឬវប្បធម៌និងគំនិត … យើងត្រូវបង្កើតបរិស្ថានមួយដើម្បីឱ្យមានទំនុកចិត្តទាំងអស់គ្នា។ ពាក្យសាមញ្ញថាឱ្យវាស្មើភាព។ បើបាន បានទាំងអស់ បើអត់ អត់ទាំងអស់។ និយាយសាមញ្ញអញ្ចឹង។ លក្ខខណ្ឌមួយស្មើគ្នា។ បើឱ្យ ឱ្យទាំងអស់ បើអត់ អត់ទាំងអស់ ទើបបានហៅថាស្មើភាព។ លក្ខខណ្ឌណាក៏ត្រូវសម្រាប់ទាំងអស់គ្នា …។

បន្ទាប់មក ការប្ដេជ្ញាចិត្តខ្ពស់របស់មន្ត្រីអនុវត្ត។ មន្ត្រីក្រសួងអប់រំមន្ទីរអប់រំ ការិយាល័យអប់រំ សាលា លោកគ្រូ អ្នកគ្រូ អ្នកចូលរួមនៅក្នុងការគាំទ្រទៅដល់ការប្រឡង អនុវត្តបានខ្ជាប់ខ្ជួន។ បើសិនជាគោលនយោបាយដាក់ចេញ មិនមានប្រតិបត្តិករដោយស្មោះត្រង់និងដាច់ខាតនៅក្នុងការអនុវត្តទេ គឺមិនជោគជ័យទេ។ ឯកឧត្តម ហង់ជួន ណារ៉ុន មិនអាចម្នាក់ឯង ទៅធ្វើមេប្រយោគផងអីផង សម្រាប់១០ម៉ឺននាក់ទេ។ ការចេញវិញ្ញាសារបើសិនជាអ្នកដែលគ្រប់គ្រងមិនអនុវត្ត ចេញវិញ្ញាសារតែមួយយប់មុនរលាយបាត់ហើយ។ រឿងប្រឡងនេះខ្លាចជាងគេបំ​ផុត ឱ្យតែស្អែកឡើងប្រឡង វិញ្ញាសារចាប់ផ្ដើមរុញចេញ … បើសិនជាអ្នកកាន់ហ្នឹងធ្វើអោយចេញ(វិញ្ញាសារ) យើងខូចការបាត់ហើយ … អញ្ចឹងត្រូវការការចូលរួមទាំងអស់របស់មន្ត្រីទាំងអស់និងការលះបង់រួមគ្នា។

ទី៣ គឺការចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសពីប្រជាជន​គ្រួសារ ឪពុកម្ដាយ និងអាណាព្យាបាល សិស្សខ្លួនឯង ទាំងខាងរដ្ឋ មហាជន សាមីខ្លួន និងគ្រួសារផ្ទាល់ត្រូវចូលរួម។ ទី៤ គឺការលះបង់ដើម្បីផលប្រយោជន៍រួម។ ការជំ​នួសវប្បធម៌ប៉ុន្មានដែលខ្ញុំនិយាយ ដោយវប្បធម៌ថ្មីនិងទស្សនថ្មី ទាក់ទងការប្រឡងនេះ គឺជាការលះបង់មួយ។ បើគ្មានការលះបង់នេះទេ យើងមិនអាចធ្វើការកំណែទម្រង់បានទេ។

កត្តា៤នេះធ្វើឱ្យការរៀបចំបរិស្ថាននៃការប្រឡងបាក់ឌូប្លិ៍ ១០ឆ្នាំបានជោគជ័យ។ ខ្ញុំជឿថា បើសិនជាឱ្យប្រជាពលរដ្ឋធ្វើប្រជាមតិ តើក្រសួងអប់រំនិងគណៈកម្មាធិការគួរបន្តធ្វើការងាររៀបចំឱ្យមានសុក្រឹតភាពដូចរាល់ថ្ងៃនេះឬទេ? ខ្ញុំជឿថាប្រជាពលរដ្ឋច្រើនលើសលប់នឹងគាំទ្រដល់យន្តការនេះបន្តទៅទៀត។

(១៧) ស្នូលនៃយុទ្ធសាស្ត្រចតុកោណនិងស្នូលនៃយុទ្ធសាស្ត្របច្ចកោណ គឺអភិបាលកិច្ច

(កត្តា)៤នេះកើតចេញពីការខិតខំនិងការគាំទ្រ។ បរិស្ថាននៅក្នុងការប្រឡងនេះ យើងចង់សួរសំណួរដែលឆ្លើយតបទៅវិញថា តើបរិស្ថានសង្គមយ៉ាងម៉េច? ធ្វើឱ្យជាកន្លែងដែលមានទឹកសន្សើមដែលធនធានមនុស្សងាយស្រួលដុះងាយស្រួលលូតលាស់។ ចក្ខុវិស័យនៃការដាក់ចេញទស្សនទានគោលនយោបាយរបស់រាជរដ្ឋាភិបាល​គឺផ្អែកទៅលើកត្តានេះឯង។ បើបណ្ដុះបណ្ដាលមកហើយ មិនឱ្យលូតលាស់ យើងត្រូវធ្វើអី? បើខំប្រឹងលើកទឹកចិត្តឱ្យរៀន តែមកនៅតែអន្តរាគមន៍ឱ្យជាប់ដដែល អ្នកដែលអត់មានខ្សែទុយោប្រឡងមិនជាប់ចាំបាច់ទៅធ្វើអី មានអ្នកណាទៅរៀនទៀត។ នៅក្នុងន័យនេះ គោលនយោបាយរបស់រាជរដ្ឋាភិបាល តាំងពីយុទ្ធសាស្ត្រចតុកោណ ឥឡូវបច្ចកោណ បានដាក់ស្នូលមួយគឺការពង្រឹងប្រទេសជាតិ ស្នូលនៃយុទ្ធសាស្ត្រចតុកោណនិងស្នូលនៃយុទ្ធសាស្ត្របច្ចកោណ គឺអភិបាលកិច្ចដែលជាធាតុផ្សំមួយសំខាន់ណាស់។ នៅក្នុងសង្គម មិនមែនតែរាជរដ្ឋាភិបាលទេ មានវិស័យឯកជន វិស័យសង្គមស៊ីវិល ប្រជាពលរដ្ឋសាមញ្ញ ប៉ុន្តែយើងត្រូវចាប់ផ្ដើមនៅក្នុងរាជរដ្ឋាភិបាលជំរុញវប្បធម៌នេះក្នុងស្ថាប័នរដ្ឋតែម្ដង។

អាណត្តិច្រើនហើយដែលយើងពង្រឹងគោលនយោបាយវិមជ្ឈការ គោលនយោបាយបង្កើតយន្តការច្រកចេញចូលតែមួយតាមក្រសួងស្ថាប័នថ្នាក់ខេត្ត បង្កើតសិទ្ធនិងការទទួលខុសត្រូវ គឺដើម្បីធ្វើកំណែទម្រង់។ និយាយដោយឡែក យុទ្ធសាស្ត្របច្ចកោណដំណាក់កាលទីមួយ ក៏មិនខុសពីយុទ្ធសាស្ត្រចតុកោណកំណែទម្រង់។ ស្នូលគឺការកំណែទម្រង់និងការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបក​ម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាតនិងស័ក្កិសម។ នេះឆ្លើងនឹងសំណួរ សួរថាតើយើងត្រូវបង្កើតនិងថែរក្សាបរិស្ថានសង្គមយ៉ាងណា ដើម្បីឱ្យធនធានមនុស្សដែលខំបណ្ដុះបណ្ដាលក្លាយទៅជាធនធានដែលអាចបញ្ចេញសក្តានុពលគ្រប់គ្រាន់ ដើម្បីជំរុញសង្គមជាតិយើងឱ្យក្លាយទៅជាសង្គមកាន់តែអភិវឌ្ឍខ្ពស់ …។

(១៨) វិធានការគន្លឹះ ៣ ក្នុងការកែទំរង់និងបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ

យើងយកទិសដៅនេះដាក់ចូលក្នុងក្របខណ្ឌគោលនយោបាយ ក្នុងវិធានការគន្លឹះ៥ ដែលខ្ញុំដាក់ចេញ គឺវិធានការគន្លឹះស្តីពីការកំណែទម្រង់និងការបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ ក្នុងនោះមានវិធានការ៣។ ទី១ ពាក់ព័ន្ធនិងការប្រឡងរើសមន្ត្រីថ្មី ដែលយើងបានអនុវត្តរួចហើយ ជាមួយនឹងការរើសមន្ត្រីកសិកម្ម លើកទីមួយ ២៥០នាក់ ដែលមានជិត ១ម៉ឺននាក់ដាក់ពាក្យ … ខ្ញុំតាមមើល មិនទាន់មាន Complain ទេ។ ១ម៉ឺននាក់ យក ២៥០នាក់ ប្រាកដជាមានអ្នកជាប់និងអ្នកធ្លាក់ហើយ … ប៉ុន្តែធ្លាក់ដោយអស់ចិត្ត ព្រោះជាការដឹកនាំប្រឡងដោយមានគុណាធិបតេយ្យ។ ល្ងាចមិញ ខ្ញុំបានចារឯកភាពឲ្យ ៥ក្រសួងទៀត រើសក្របខណ្ឌឆ្នាំ ២០២៣ ដោយប្រឡងដែរ។ កាលពីបង្កើតរាជរដ្ឋាភិបាលថ្មី មាន ៦ស្ថាប័នដែលត្រូវប្រឡង … ខ្ញុំបានឲ្យរៀបចំនីតិវិធីថ្មីសិន … វាជារបត់មួយនៅក្នុងការពង្រឹងស្ថាប័ន។ ទី២ ការកែទម្រង់ផ្ទៃក្នុងក្រសួង-ស្ថាប័ន ចំពោះយន្តការដែលមានស្រាប់ បូកជាមួយការប្រើប្រាស់មន្រ្តីដែលមានស្រាប់ដើម្បីរៀបចំធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព និងផ្ដល់ឱកាសនៅក្នុងការបណ្ដុះបណ្ដាលនិងពង្រឹងបន្ថែម ក៏ដូចជាឱកាសនៅក្នុងការ(ទទួលបាន)គ្រាប់ពេជ្រដែលបណ្ដុះបណ្ដាលមក ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព។ បរិមាណជារឿងមួយ ប៉ុន្តែគុណភាព(ក៏សំខាន់)។ អញ្ចឹងត្រូវបង្កើតបរិស្ថានមួយដែលអាចរីកលូតលាស់ទាំងមន្រ្តីថ្មីដែលរើសទាំងមន្រ្តីដែលមានស្រាប់ និងប្រព័ន្ធលើកទឹកចិត្តដែលភ្ជាប់ជាមួយលទ្ធផលការងារជាសមិទ្ធកម្ម​ …។

សំណួរស្តីពីការបណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នុងនិងក្រៅប្រទេស។ សូម្បីតែមន្រ្តីរបស់យើងនៅតាមក្រសួង-ស្ថាប័ន ក៏បញ្ជូនចេញទៅរៀនច្រើន ហើយត្រឡប់មកវិញ។ ខ្ញុំជឿថាក្នុង ៤០ឆ្នាំនេះ យើងបានធ្វើកំណែទម្រង់ច្រើន ប៉ុន្តែកំណែទម្រង់មិនចប់ទេ។ (៣)  ត្រូវធ្វើជាប់ជាប្រចាំដើម្បីពិនិត្យមើល វាយតម្លៃជាប្រចាំ។ យើងធ្វើជាច្រើនហើយតាមក្រសួង-ស្ថាប័នពីមុនៗមក តែយើងក៏ដល់ពេលដែលខ្លួនយើងដើរទៅមុខហើយ អាយុកើនទៅមុខហើយ មិនមែនថានៅនឹងថ្កល់មួយកន្លែងទេ។ ពេលខ្លះត្រូវតែឈប់ដើម្បីឆែកសុខភាពមើលដែរ។ កន្លែងខ្លះ ត្រូវការកែសម្រួលដើម្បីយើងដើរទៅឆ្ងាយ។ ជួនកាលធ្លាប់តែកូកា(កូឡា)ច្រើន ឥឡូវពេទ្យប្រាប់ថា ឆែកមើលទៅជិតដល់កម្រិតទឹកនោមផ្អែមហើយ បន្ថយទៅវិញទៅ … ពាក់ព័ន្ធនឹងការបង្កើតធនធានមនុស្សនោះ តើ ការបណ្ដុះបណ្ដាល/អប់រំ មានទិសដៅអី? ធ្វើយ៉ាងណាដើម្បីមានបរិស្ថានអំ​ណោយ​ផល ក្នុងការប្រើប្រាស់ធនធាននេះឲ្យបានល្អ ឲ្យបានសក្ដានុពល និងឲ្យឱកាសដល់ធនធានបន្តលូតលាស់ដោយខ្លួនឯង?

គឺការបង្កើតបរិ​ស្ថានស្រដៀងគ្នានៅក្នុងកំណែទម្រង់នេះឯង ឲ្យមានការទុកចិត្ត និង​ឱកាសដើម្បីយើងធ្វើយ៉ាងណាលើកកម្ពស់ការយកសមិទ្ធកម្មជាគោល គុណាធិបតេយ្យ និងផ្ដល់ឱកាសឲ្យគ្រប់គ្នានៅក្នុងការខិតខំប្រឹងប្រែងទទួលបាននូវលទ្ធផល្អពីការខិតខំប្រឹងប្រែងរបស់ខ្លួន។ (បើមិនដូចនោះ) មិនមែនចេញពី(អ្នកបានទទួលនិទ្ទេសល្អពី) ១១នាក់ មកដល់ជាង ១ ៦០០នាក់នេទេ។ បើសិនជានិទ្ទេស A តែ ១១នាក់ ប្រ​ឡងចប់គ្មានក្រុមការ​ងារចុះទៅជួយ គ្មានការលើកទឹកចិត្ត ជួបសម្ដេចតេជោ គ្មានការឃើញតគ្នា។ បើសិនជា ១១នាក់នេះ មិនបានធ្វើឲ្យសាលាមួយដែលមានសិស្សនិទ្ទេស A រីកមុខរីកមាត់ នាយកសាលាមួយៗមានកិត្តិយសនោះទេ ប្រហែលជាមិនយកចិត្តទុកដាក់ មិនចាំបាច់ ព្រោះវាអត់តម្លៃ។ អញ្ចឹងការខិតខំប្រឹងប្រែងនេះ គឺបានដោយសារការយកចិត្តទុកដាក់ ផ្ដល់គុណតម្លៃ និងពូនជ្រំបន្តទៀត។

នេះគឺជាបរិស្ថានមួយដែលយើងយកជាគោលដៅក្នុងការដាក់ចេញនូវគោលនយោបាយ ទាំងយុទ្ធសាស្រ្តចតុកោណ ដែលឥឡូវជាយុទ្ធសាស្ត្របញ្ចកោណ នឹងទៅមុខ កំណែទម្រង់ ពង្រឹងស្ថាប័ន និងពង្រឹងបរិស្ថាននៅក្នុងប្រទេស … ពង្រឹងបរិស្ថាននៅក្នុងប្រទេសគឺជាអ្វីដែលជាគោលដៅរដ្ឋាភិបាលត្រូវបន្តធ្វើ។ នេះជាមូលដ្ឋានតែមួយគត់ដែលអាចឱ្យយើងពង្រឹងភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ដើម្បីឱ្យសុខភាពសេដ្ឋកិច្ចសង្គមរបស់យើង ផ្នត់គំនិតរបស់ប្រជាពលរដ្ឋរបស់យើង ជាពិសេសយុវជននិងសង្គមរបស់យើងទទួលបាន និងចូលរួមនៅក្នុងការរៀបចំបរិស្ថានមួយដែលសមស្រប និងអំណោយផលសម្រាប់ការប្រើប្រាស់ធនធានជាតិ … អញ្ចឹងពាក់ព័ន្ធទៅនឹងសំណួរ ២នេះ គោលនយោបាយនិងចក្ខុវិស័យយើងបានដាក់ចេញ ដែលយើងអាចយកបទពិសោធន៍ដែលខ្ញុំលើកនេះ គ្រាន់ថាជាបទពិសោធន៍ដែលមានស្រាប់ ដើម្បីយើងយកជាជាឧទាហរណ៍។ ឧទាហរណ៍ដែលយើងត្រូវជឿជាក់លើខ្លួនឯងថា បើយើងមានចក្ខុវិស័យច្បាស់លាស់ផ្អែកលើមូលដ្ឋានជាតិនិយម ការប្តេជ្ញាចិត្តខ្ពស់ ការចូលរួមពីគ្រប់ភាគី និងការចូលរួមលះបង់ដើម្បីផលប្រយោជន៍រួម (ទោះជា)ការលំបាកយ៉ាងណា យើងអាចពុះពារបាន និងអាចកែសម្រួលបានដើម្បីនិរន្តរភាពនៃកំណែទម្រង់របស់យើង

ធ្វើ(កំណែទំរង់ការប្រឡង)បាក់ឌូប្លិ៍ប៉ុណ្ណេះជាឧទាហរណ៍។ ប៉ុន្តែ ការលំបាកបំផុត គឺយើងបញ្ចប់សង្គ្រាម វាយគ្នា ៥០០ឆ្នាំ ដែលបង្កើតភាពមិនជឿទុកចិត្តរវាងគ្រប់ភាគីទាំងអស់។ ដោយសារកត្តា ៤ (ខាងលើ) និងចក្ខុវិស័យ​ច្បាស់លាស់ (យើងអាច)បញ្ចប់សង្គ្រាម រកសន្តិភាព ការឯកភាពជាតិពេញលេញ បង្រួបបង្រួមទឹកដីទាំងស្រុងដើម្បីជាតិបាន ដោយសារការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ សម្តេចតេជោ និងថ្នាក់ដឹកនាំប្រតិបត្តិករ ការចូលរួមរបស់ប្រជាពល​រដ្ឋគ្រប់ភាគីទាំងអស់ កងកម្លាំងប្រដាប់អាវុធ និងការលះបង់នូវតួនាទី ការសម្របសម្រួល ខាងភាគីរដ្ឋកម្ពុជាក៏លះបង់អំណាចមួយចំនួនឱ្យទៅខាងខ្មែរក្រហម ខ្មែរក្រហមក៏លះបង់តំបន់គ្រប់គ្រងរបស់ខ្លួនដើម្បីចូលរួម។ អញ្ចឹងកត្តា ៤នេះ ធ្វើឱ្យយើងជោគជ័យក្នុងការរក្សាសន្តិភាព។​ កំណែទម្រង់ដែលយើងធ្វើលំបាកពីមុន គឺរូបមន្ត ៤នេះ។  ខ្ញុំគិតថាកំណែទម្រង់ទៅមុខទៀត បើកត្តា ៤ នេះ យើងរួមគ្នាធ្វើបាន នេះគឺជាការឆ្លើយនូវសំណួរទី២ ថាបរិស្ថានយើងត្រូវធ្វើបែបណាដើម្បីឱ្យជោគជ័យ។ ខ្ញុំមានសុដ្ឋិនិយមច្បាស់លាស់ថាការចូលរួមគាំទ្ររបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បូកជាមួយនឹងបងប្អូនប្រជាពលរដ្ឋគ្រប់វិស័យ អាចបង្កើតវប្បធម៌និងបរិស្ថានមួយដែលអាចធានាបានការរីកលូតលាស់ ប្រកបដោយបរិយាបន្ន ប្រកបដោយភាពប្រកួតប្រជែង តាមគោលការណ៍គុណាធិបតេយ្យ និងការបង្កើននូវប្រសិទ្ធភាពរបស់ប្រទេសជាតិ …។

[បញ្ចប់សេចក្ដីអធិប្បាយ៣]

ខ្ញុំសូមត្រឡប់ទៅដើម្បីចូលរួមចំណែក ដល់ការលើកកម្ពស់បន្ថែម ដល់ការសិក្សារបស់ក្មួយៗ និងការបង្រៀននូវគ្រប់កម្រិតសិក្សា ព្រមទាំងការលើកកម្ពស់គុណភាពវិស័យអប់រំ នៅកម្ពុជា។ ខ្ញុំសូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួនដូចខាងក្រោម៖

ទី ១ ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗទាំងអស់ដែលបាននិទ្ទេស A ទាំងនៅទីនេះ និងក្មួយៗសិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់ សូមបន្តសិក្សានៅកម្រិតឧត្តមសិក្សា ឬគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តខិតខំប្រឹងប្រែងរៀនសូត្រនៅមុខជំនាញដែលខ្លួនជ្រើសរើស ដើម្បីឱ្យក្លាយទៅជាធនធានមនុស្សដ៏រឹងមាំសម្រាប់គ្រួសារ ពលរដ្ឋសកល និងសម្រាប់មាតុភូមិជាទីស្នេហានៃយើងទាំងអស់គ្នា។ សំដៅរួមចំណែកដល់ការជំរុញសន្ទុះ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ឱ្យឈានដល់ការសម្រេចបានចក្ខុវិស័យឆ្នាំ ២០៥០។

[ផ្ដើមសេចក្ដីអធិប្បាយ៤]

(១៩) ចេះអ្វីចេះឱ្យប្រាកដ

ក្មួយៗប៉ុន្មាននាក់នៅទីនេះ ដែលត្រូវទៅរៀននៅសាកលវិទ្យាល័យ? មើលសុំលើកដៃបន្តិចមើល។ បែបមានផែន​ការទៅរៀនបន្តនៅសាកលវិទ្យាល័យ? ច្រើនដែរ។ ដាក់ដៃចុះ។ ក្មួយៗណាខ្លះមិនទៅយកមហាវិទ្យាល័យទេ ទៅរៀនយកជំនាញបច្ចេកទេសណាមួយ ដូចការបណ្តុះបណ្តាលវិជ្ជាជីវៈ។ មានទេ? អត់ទេ? មហាវិទ្យាល័យទាំងអស់គ្នា។ ជំនាញប្រាកដជាជំនាញខុសគ្នាហើយ។ អម្បាញ់មិញខ្ញុំចូលមកអ្នកខ្លះរៀនខាងពេទ្យ។ ម្នាក់នោះដូចខាងតិចណូ។ ប្រឡងជាប់តិចណូហើយ។ ខ្ញុំធ្លាប់កាន់អាហារូបករណ៍។ ក្មួយៗច្រើនណាស់ ដែលសម្រេចចិត្តនៅផ្លូវបំបែកនេះ ហើយមានការប្រែប្រួល។ សំណួរសួរថាជំនាញណាល្អជាងជំនាញណា? វាគ្មានជំនាញណាអាក្រក់ទេ គឺអាស្រ័យទៅលើអ្វីដែលយើងចង់បាន។ ទិសដៅអ្វី។ វាអាស្រ័យធំបំផុតទៅលើខ្លួនយើង រៀនស្អីក៏ដោយ រៀន​ឲ្យចេះឲ្យប្រាកដ យើងបានតម្លៃហើយ។ កុំចង់រៀនជំនាញស្អីដែលល្អបំផុត តែខ្លួនរៀនអត់កើត។ យើងអត់ច្បាស់ យើងអត់មានចំណូល គ្រាន់តែទៅរៀនដោយសារសង្គមត្រូវការ។ ចេះអ្វីក៏ដោយឲ្យតែប្រាកដ គឺយើងអាចអភិវឌ្ឍខ្លួនឯង ទោះបីជាធ្វើការងារនៅក្នុងស្ថាប័នដែលត្រូវជំនាញរបស់ខ្លួន បង្កើតការងារខ្លួនឯង ប្រើប្រាស់យ៉ាងណាចេះឲ្យប្រាកដ។ រៀនខាងកុំព្យូទ័រ ចេះ programming យើងអាចធ្វើអី រៀនខាងភាសាអង់គ្លេស បកឲ្យត្រូវ បកខុសគ្រោះថ្នាក់ បកខុសប្រយ័ត្នផ្ទុះសង្គ្រាម។

រឿងអ្នកបកប្រែភាសា។ ខ្ញុំសុំមិនបញ្ចេញគណៈប្រតិភូយើង។ ទស្សវត្សរ៍ទី ៨០ ចេញទៅប្រទេសរុស្ស៊ី។ ទៅដល់សហភាពសូវៀត ថ្នាក់ដឹកនាំគាត់ស្វាគមន៍គ្នា (ជំនាន់ហ្នឹងគេហៅ)សមមិត្តកម្ពុជា … ត្រូវការអ្វីឲ្យខាងយើងជួយ? អ្នកបកប្រែគាត់បកថា “ភាគីសូវៀតសួរតើកម្ពុជាចង់យ៉ាងម៉េច?” គ្រាន់តែថាអត់ចង់យ៉ាងម៉េចទេ ចប់បាត់។ អត់បានស្នើសុំទាំងអស់។ ថ្ងៃមុននេះ ឯកឧត្តម សុខ ចិន្តាសោភា អត់មក? និស្សិតរបស់យើងនៅអ៊ីស្រាអែល ក្រ​សួងអប់រំឯកឧត្តម ហង់ជួន ណារ៉ុន ឯកឧត្តម ឌិត ទីណា ឯកឧត្តម សុខ ចិន្តាសោភា, ទូតរបស់យើង កុងស៊ុពាក់ព័ន្ធជាប្រចាំពេលដែលមានផ្ទុះ។ យើងជម្លៀសគាត់ទៅកន្លែងសុវត្ថិភាពជាប់ជាប្រចាំ។ ឯកឧត្តម សុខ ចិន្តាសោភា ធ្វើការផ្ទាល់ជាមួយកុងស៊ុលកិត្តិយស ហើយកុងស៊ុលកិត្តិយសគាត់ជាជនជាតិអ៊ីស្រាអែល។ គាត់ចេះតែអង់គ្លេសទេ។ អញ្ចឹងដល់ពេលរាងធូរ គាត់ទៅជួបនិស្សិតរបស់យើង និងប្រាប់ថារាជរដ្ឋាភិបាលបានយកចិត្តទុក​ដាក់ណាស់។ រាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានតាមដានពីស្ថានភាពក្មួយៗជាប់ជាប្រចាំ ហើយយកចិត្តទុកដាក់ ហើយសុំក្មួយៗកុំមានការព្រួយបារម្ភ។ គាត់និយាយជាភាសាអង់គ្លេស ដល់អ្នកបកប្រែបកថា “គាត់និងឯកឧត្តម សុខ ចិន្តាសោភា ល្អូកល្អឺនណាស់” ហើយក្មួយៗនៅនោះឆ្ងល់ថា ហ្អាក រឿងអីល្អូកល្អឺន? តាមពិតគាត់ចង់និយាយថា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋាភិបាលយកចិត្តទុកដាក់ …។

ត្រឡប់មកវិញ ចេះឲ្យប្រាកដ។ ស្អីក៏មានតម្លៃដែរ។ ការងារទាំងអស់គឺការងារថ្លៃថ្នូរ។ ញើសឈាមរបស់យើង។ បើជំនាញគ្មានតម្រូវការ យើងមិនដាក់នៅក្នុងកម្មវិធីសិក្សាទេ។ ទោះបីជាក្មួយចាប់រៀនសូត្រ ថ្ងៃក្រោយមិនរៀននៅក្នុងសាកលវិទ្យាល័យ ថ្ងៃក្រោយមិនរៀននៅក្នុងសាកលវិទ្យាល័យ ទៅរៀនខាង ធីវេត (TVET) ឬមួយខាងអី ឬក៏រៀនអីក៏ដោយ ធ្វើអីក៏ដោយត្រូវឱ្យច្បាស់លាស់។

(២០) សញ្ញាបត្រ និងសញ្ញាឃើញ ត្រូវដើរជាមួយគ្នា

សញ្ញាបត្រ និងសញ្ញាឃើញ ត្រូវដើរជាមួយគ្នា។ សញ្ញាបត្រ ជួយបើកទ្វារឱ្យក្មួយចូល ប៉ុន្តែសញ្ញាឃើញ គឺជាអ្វីដែលជួយឱ្យក្មួយៗដើរកាំជណ្ដើរបាន ទៅខ្ពស់កម្រិតណា នៅក្នុងទីកន្លែងដែលយើងរៀបចំបរិស្ថាន ដែលអាចឱ្យលទ្ធភាព សមត្ថភាពនៃការរីកចម្រើនទៅបាន។ អញ្ចឹងទាមទារការខិតខំប្រឹងប្រែងខ្លួនឯង។ មិនប្រាកដថា ទាល់​តែជំនាញហ្នឹងមានមនុស្សចូលចិត្តរៀន មនុស្សរៀនច្រើន ដូចជា management ឬ IT ថាជាជំនាញដ៏ល្អជាងជំនាញផ្សេងទៀតនោះទេ។ ស្អីក៏ដោយ ចេះឱ្យច្បាស់។ អញ្ចឹងជូនយោបល់ទៅក្មួយៗ ត្រូវបន្តខិតខំរៀនសូត្រ យកចិត្តទុកដាក់ និងបន្តនូវការខិតខំប្រឹងប្រែង ដូចក្មួយប្រលងបាក់ឌូប្លិ៍អញ្ចឹង។ ក្មួយបាននិទ្ទេស A ដោយសារក្មួយខំប្រឹងខ្លួនឯង ក្មួយបាននិទ្ទេស A ខុសពីនិទ្ទេស B ដោយសារក្មួយយកចិត្តទុកដាក់លើការងារតូចៗ។ ជួនកាល ចេះ ប៉ុន្តែធ្វើខ្ជីខ្ជាក៏មិនបាននិទ្ទេស A ដែរ។ ជួនកាល ខុសតែពិន្ទុ ដកបូកមួយហ្នឹង ខុសបាត់ទៅហើយ។ ធ្វើការក៏ដូចគ្នា។ ទៅប្រកួតប្រជែងក្នុងការងារ នៅសាកលវិទ្យាល័យ ក៏មិនខុសពីការប្រកួតប្រជែង បន្តការរៀនសូត្រ។

[ចប់សេចក្ដីអធិប្បាយ៤]

ទី២ សូមលើកទឹកចិត្តដល់ក្រសួងអប់រំ យុវជន និងកីឡា ស្វែងរក និងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីអាហារូបករណ៍ ទាំងពីស្ថាប័នរដ្ឋ វិស័យឯកជនក្នុងស្រុក និងអាហារូបករណ៍ទៅសិក្សានៅបរទេស ជូនដល់ក្មួយៗជ័យលាភីឆ្នាំនេះ ។ ជាមួយគ្នានេះ ខ្ញុំសូមកោតសរសើរ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលបានប្រកាសផ្តល់ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រចំនួនរហូតដល់ ៣០០ កន្លែង ដើម្បីសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាក្នុងស្រុកធំៗចំនួន ៦ អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១០០ កន្លែង និងការផ្តល់ថវិកាសិក្សា រាប់ពាន់កន្លែងដោយមិនគិតការប្រាក់ សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំ២០២៤ នេះ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]

ខ្ញុំសូមអរគុណដល់សាកលវិទ្យាល័យជាច្រើន ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A (និង)និទ្ទេស B មួយចំនួន។ ជាការចូលរួមចំណែកធំណាស់ក្នុងការផ្ដល់នេះ។

[ចប់សេចក្ដីអធិប្បាយ៥]

ទី៣. ខ្ញុំសូមលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យទាំងអស់ សូមបន្តអភិវឌ្ឍសមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និង ឧត្តមានុវត្តន៍ជាក់ស្តែង។ លទ្ធផលនៃការសិក្សាស្រាវជ្រាវអាចជាធាតុចូលដ៏សំខាន់សម្រាប់គោលនយោបាយសង្គម-សេដ្ឋកិច្ច ហើយលទ្ធផលទាំងនេះត្រូវបានលើកទឹកចិត្តឱ្យបោះពុម្ពក្នុងទស្សនាវដ្តីវិទ្យាសាស្រ្តក្នុងស្រុក ឬ ទស្សនាវដ្តីវិទ្យាសាស្រ្តក្នុងតំបន់ និងអន្តរជាតិ ដើម្បីលើកកម្ពស់កិត្តិសព្ទវិស័យអប់រំកម្ពុជានៅលើឆាកអន្តរជាតិ  និងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវលទ្ធផលសិក្សាស្រាវជ្រាវទាំងនោះ សំដៅធ្វើទីផ្សារអន្តរជាតិរបស់កម្ពុជានៅលើឆាកអន្តរជាតិ ។

ទី៤. ខ្ញុំសូមលើកទឹកចិត្ត ក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់គ្រឹះស្ថានឧត្តមសិក្សា បន្ដកៀរគរបញ្ញវន្តកម្ពុជាដែលមានសញ្ញាបត្រកម្រិតឧត្តម ជាពិសេសមានសញ្ញាបត្រថ្នាក់បណ្ឌិត និងមានបទពិសោធជាក់ស្តែង មកបង្រៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរ និង ដើម្បីរួមចំណែកដល់ការធ្វើបរិវត្តកម្មសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចអតិពលកម្មទៅជាសេដ្ឋកិច្ចអតិមូលធន ផ្អែកលើជំនាញ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងជួយជំរុញការអនុវត្តគោលនយោបាយជាតិធំៗឱ្យសម្រេចបានជោគជ័យ ។

ទី៥. ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាព បង្កើតកម្មវិធី និងសេវាប្រឹក្សាយោបល់ដល់សិស្សានុសិស្សនិងនិស្សិត ក្នុងការតម្រង់ទិស ការជ្រើសរើសអាជីព និងមុខជំនាញឯកទេស នៅតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីជួយតម្រង់ទិសនៃការសិក្សារបស់សិស្សានុសិស្ស សំដៅបង្រួមឱ្យបានជាអប្បបរមានូវគម្លាតរវាងការផ្គត់ផ្គង់ជំនាញ និង តម្រូវការជំនាញក្នុងទីផ្សារការងារនៅកម្ពុជា ។ បន្ថែមលើនេះ ផ្តល់ការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើងបន្តការសិក្សានៅកម្រិតបន្តបន្ទាប់ទៀត ដើម្បីអភិវឌ្ឍធនធានមនុស្សដ៏សំខាន់របស់យើង លើមុខជំនាញអាទិភាព ដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង វិស្វកម្ម ជាដើម ។

ទី៦. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំយន្តការពិនិត្យតាមដាន និងវាយតម្លៃគុណភាពអប់រំឱ្យបានល្អដោយប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ដើម្បីលើកកំពស់វិស័យអប់រំឱ្យកាន់តែប្រសើរ ពង្រឹងគុណភាពឧត្តមសិក្សាឱ្យក្លាយទៅជាឃ្លាំងពុទ្ធិ និងមូលធនបញ្ញាជាតិ សម្រាប់ចាប់យកកាលានុវត្តភាពការងារថ្មីៗ និងជម្នះបាននូវផលប៉ះពាល់ជាយថាហេតុ ទាំងពេលបច្ចុប្បន្ន និង អនាគត, និង លើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សា ក្នុងការជំរុញការអភិវឌ្ឍ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវរួមគ្នា, ដកស្រង់បទពិសោធ និងធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក សំដៅបង្កើនគុណភាពនៃការអប់រំ, ការបណ្តុះបណ្តាល, និងការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ ។

ទី៧. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដើម្បីតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនៅតាមបណ្តាគ្រឹះស្ថានសិក្សា ជាពិសេសសាលារៀន នៅទីជនបទ និងតំបន់ដាច់ស្រយាល សម្រាប់ស្វ័យសិក្សាស្រាវជ្រាវ, ជំរុញការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងទាញយកឯកសារសិក្សាតាមអនឡាញ សំដៅលើកកម្ពស់ការអប់រំ និង ជំរុញបរិយាប័ន្ននៃការអប់រំ ព្រមទាំងលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និង ការសិក្សាមួយជីវិតសម្រាប់ទាំងអស់គ្នា ។

ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការខិតខំរៀនសូត្ររបស់ក្មួយៗទាំងអស់រហូតទទួលបាននិទ្ទេស A និង សូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង បុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី មាតាបិតា-អាណាព្យាបាល និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកដល់ការសម្រេចបានជោគជ័យរបស់ក្មួយៗទាំងអស់ ។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ថ្នាក់ដឹកនាំសាលា, លោកគ្រូ-អ្នកគ្រូ, ក្មួយៗ ព្រមទាំងមាតាបិតា-អាណាព្យាបាលទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរ ទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត, និង សូមជូនពរដល់ក្មួយៗទាំងអស់ សូមបន្តការសិក្សាប្រកបដោយជោគជ័យ សម្រាប់ជា មូលធនមនុស្សដ៏រឹងមាំរបស់មាតុភូមិជាស្រឡាញ់របស់យើងទាំងអស់គ្នា ។

សម្រាប់ព្រឹកនេះក៏មានរៀបចំជូនសម្រាប់ក្មួយៗជាសិស្សានុសិស្សប្រឡងជាប់និទ្ទេសសរុប ១ ៦៩១នាក់ម្នាក់ៗទទួលបានកាក់រូបហង្សចំនួនមួយ សៀវភៅអានមួយប្រអប់ដែលមានសៀវភៅលោកតាក្រមង៉ុយមួយក្បាល បណ្ឌិត អ៊ូចុង មួយក្បាលgalaxy tap ចំនួនមួយគ្រឿង និងថវិកា២លានរៀលផងដែរ។ ជូនចំពោះនាយក នាយិកានៃគ្រឹះស្ថានដែលចូលរួមកម្មវិធីព្រឹកនេះចំនួន៤២៨ នាក់ ក្នុងម្នាក់សូមជូនកាក់មាសស្លឹងចំនួនមួយ,​ សៀវភៅអានមួយប្រអប់ដូចគ្នា ថវិកាផ្ទាល់ខ្លួនចំនួន ១លានរៀល, ជូនថវិកាសាលាទាំង ៤២៨ ដោយសាលានីមួយៗបានថវិកា ៣លានរៀលផងដែរ។ សូមជូនគ្រូពេទ្យប្រចាំការនៅអង្គពិធីថវិកា ៣លានរៀលផងដែរ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ