សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, បិទសន្និបាតបូកសរុបការងារក្រសួងពាណិជ្ជកម្មប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤

CMF:

(១) រក្សា/ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី និងធានាគុណភាពនិងភាពជឿជាក់នៃមុខទំនិញ

រក្សានិងពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មី ជាអភិក្រមដែលយើងត្រូវព្យាយាមនិងអនុវត្ត​ឱ្យបានគ្រប់ពេលវេលា។ ពាក្យនេះស្រួលនិយាយ ប៉ុន្តែពិបាកធ្វើ។ ទី១ ការរក្សាទីផ្សារ។ វាមិនមែនយើងចូលទៅធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសមួយ គេទិញ(របស់)យើងរាល់ឆ្នាំនោះទេ បើយើងមិនខំប្រឹងថែរក្សាប្រេន។ នេះគឺជាកិច្ចការមួយដែលត្រូវយកចិត្តទុកដាក់។ (ទី២)ទីផ្សារដែលបើកហើយ គឺព្យាយាមថែរក្សា ធានាគុណភាពទំនិញ និងផលិតផល និងធានាភាពជឿជាក់ឱ្យបាន។ (ពេល)មិនទាន់បានទីផ្សារ មិនអីទេ។ តែបានហើយ បាត់ទៅវិញ វាមានបច្ច័យអាក្រក់​។ មិនត្រឹមតែបាត់លទ្ធភាពនាំចេញ រកចំណូលបន្ថែមនោះទេ ប៉ុន្តែបើសិនជាបាត់ដោយសារយើងថែរក្សាគុណភាព(មិនបាន)និងបាត់ដោយជឿជាក់មិនបាន ជាកត្តាធំណាស់ដែលអាចនឹងជះឥទ្ធិពល(មិនល្អ) … បើបាត់ដោយសារកត្តាអ្នកទិញ វាជារឿងមួយ ប៉ុន្តែយ៉ាងណាកុំឱ្យបាត់ដោយសារកត្តាអ្នកលក់ …

(២) បង្កើនបរិមាណផលិតផល, បង្កើនមុខទំនិញនាំចេញ និងធ្វើពិពិធកម្មពង្រីកទីផ្សារថ្មី

បើថែរក្សាបានវាជួយទៅដល់ការពង្រឹង។ ពង្រឹងបានន័យថា (ទី១)បង្កើនបរិមាណនៃការនាំចេញនូវផលិត​ផលនីមួយៗនៅផ្សារហ្នឹង។ ទី២ បង្កើនមុខទំនិញដែលនាំចេញ។ បានន័យថា ទ្វារយើងបើកហើយៗ ជាទូទៅ មិនដែលបើកម្ដងឱ្យ​ ១០០ភាគរយទេ។ គេឱ្យបើកជាជំហាន។ ពេលដែលយើងថែរក្សាបាននូវគុណភាព នូវផលិតផល នូវភាពជឿទុកចិត្តទៅលើផលិតផលកម្ពុជា យើងផ្ដល់ឱកាសទៅដល់ការពង្រីកបន្ថែម ជាពិ​សេសផលិតផលមួយចំនួន ព្រោះប្រទេសជាច្រើន និយាយរួមមិនងាយមាននូវផលិតផលណាដែលយើងអាចថាផ្ដាច់មុខនៅក្នុងប្រទេសដែលថាអាចនាំចេញនោះទេ​។ ប្រទេសជាង ១០០ លើពិភពលោក ផលិតនាំចេញស្រដៀងគ្នា ដូចជាផលិតផលពីចេក ផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម ដូចតែគ្នា។ អញ្ចឹងការធានា(គុណភាព)នេះ ជាកិច្ចការសំខាន់។ ការពង្រឹងនេះ ត្រូវផ្ដោតទៅលើការបង្កើនបរិមាណនៃការនាំចេញនូវផលិតផលនីមួយៗ ជាជំហាន។

ក្នុងកិច្ចការនេះ(ទី១) យើងបន្តចរចា(ដើម្បីបង្កើនបរិមាណ) ទី២ បង្កើនមុខទំនិញនៃការនាំចេញ។ ជួនកាល យើងបើកផ្សារដំបូងបានមួយមុខ​ពីរមុខ។ ឥឡូវយើងនាំបាន ១០-២០មុខ តែខិតខំធ្វើយ៉ាងណាដើម្បីបង្កើន(មុខទំនិញ)។ ទីផ្សារមួយដែលបើកទ្វារហើយ ជាឱកាស។ ធ្វើម៉េចថែរក្សា និងរុញបន្ថែមទៀត​។ ទីផ្សារថ្មី យើងត្រូវធ្វើ ប៉ុន្តែផ្សារដែលមានស្រាប់គឺធ្វើម៉េចកុំឱ្យបាត់ … ទី៣ ការពង្រីកទីផ្សារថ្មីគឺជាការចាំបាច់។ ការធ្វើពិពិធកម្មទីផ្សារ ជួយយើងកុំឱ្យងាប់ក្រឡា។ គេថាកុំឱ្យដាក់ពងមាន់នៅក្នុងកន្ត្រកតែមួយ។ បើកន្ត្រកមួយហ្នឹងវាខូច វាធ្លាក់បែកខ្ទេច ក៏នៅសល់មួយកន្ត្រកទៀតទុកហូបដែរ។ អញ្ចឹងយើងត្រូវធ្វើពិពិធកម្មទីផ្សារ។ ពិតណាស់ យើងនាំចេញទៅអាមេរិក អឺរ៉ុបច្រើន ប៉ុន្តែយើងក៏បានធ្វើការនាំចេញទៅប្រទេសផ្សេងៗ លើពិភពលោកផងដែរ។ យើងបង្កើនមុខព្រួញ(ទីផ្សារនាំ​ចេញ)។ ឥឡូវនេះយើងបង្កើនមុខព្រួញទៅខាងអារ៉ាប់ ទៅលើផលិតផលផ្សេងៗ ដែលយើងអាចធ្វើទៅបាន។ ប្រទេសខ្លះមានស្ដង់ដារខ្ពស់ អញ្ចឹងផលិតផលមួយដែលយើងមិនអាចនាំទៅកន្លែងហ្នឹងបាន យើងមិនងាប់ក្រឡាទេ យើងត្រូវរកទីផ្សារផ្សេងទៀត។ ជួនកាលស្ដង់ដារខុសគ្នាប្រភេទក៏ខុសគ្នា

(៣) បុរេសកម្មគឺ “ដើរគោះទ្វារ” ដើម្បីរក្សា/ពង្រឹងទីផ្សារមានស្រាប់ និងពង្រីកទីផ្សារថ្មី

កិច្ចការរក្សា ពង្រឹង និងពង្រីកទីផ្សារថ្មីនេះ ជាអភិក្រមដែលខ្ញុំនឹងផ្តល់ការណែនាំ ហើយសូមថែរក្សាឲ្យបាន។ ទាំងអស់នេះទាមទារឲ្យយើងធ្វើសកម្មភាពប្រកបដោយបុរេសកម្ម។ ស្មារតីបុរេសកម្មគឺកុំចាំ។ ដើរគោះទ្វារតែម្តង។ ពេលចេញទៅក្រៅប្រទេសប៉ុន្មានដង ខ្ញុំតែងតែប្រាប់កសិកម្មនិងពាណិជ្ជកម្មថា “មួយខំផលិត មួយខំលក់” តែមិនមែនតែកសិ​កម្មទេដែលខំផលិតនោះ។ អ្នកលក់មិនមែនលក់តែផលិតផលកសិកម្មទេ លក់គ្រប់ទាំងអស់ ទាំងឧស្សាហកម្មទាំងអី … យើងមិនអាចធ្វើម្តងចប់ទេ។​ យើងត្រូវធ្វើជាប្រចាំ តាមគ្រប់រូបភាពទាំងអស់។ ដើរគោះទ្វារ បានន័យថាដើរទៅជួបផ្ទាល់ ដើរទៅចរចាផ្ទាល់។ អញ្ចឹងបានរាល់កិច្ចការដែលខ្ញុំចេញទៅក្រៅប្រទេស ប្រាប់ថាទៅទាក់ម៉ូយនេះ ក្រៅពីការរៀបចំវេទិកាធុរកិច្ចដែលយើងផ្តោតទៅលើសេដ្ឋកិច្ចជាមួយនឹងវិស័យឯកជននៅតាមប្រទេសនីមួយៗ ច្រើនក្រុមហ៊ុន …។

(៤) ក្រសួងពាក់ព័ន្ធអាចបញ្ជូនព័ត៌មាន/មន្ត្រីទៅធ្វើការផ្សព្វផ្សាយ នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជារបស់សមាគមពាណិជ្ជកម្ម Kansai

ខ្ញុំបានណែនាំឲ្យរដ្ឋមន្ត្រីទាំងអស់ដែលអមខ្ញុំ កុំទៅអមខ្ញុំគ្រាន់តែអង្គុយអមខ្ញុំ។ ត្រូវឆ្លៀតឱកាសហ្នឹង ដើម្បីជួបផ្ទាល់ ធ្វើការផ្ទាល់មុន … ហ្នឹងហើយបុរេសកម្ម។ ដើរគោះទ្វារទាំងវិស័យឯកជន ទាំងវិស័យរដ្ឋជួប … កុំភ្លេចថាធ្វើនេះមិនខុសពី marketing ទេ គ្រាន់តែ marketing ថ្នាក់រដ្ឋ … ត្រូវប្រើអភិក្រមនេះ។ ដើរគោះទ្វារតាមរយៈការធ្វើពិពណ៌ ការធ្វើ​ road show ការប្រទាក់ក្រឡាជាមួយទូតនៅខាងក្រៅ និងជាមួយដៃគូ។ នៅជប៉ុនមានសមាគមពាណិជ្ជកម្ម Kansai មួយ បើកផ្ទះមជ្ឈមណ្ឌលវប្បធម៌កម្ពុជាផ្សព្វផ្សាយពីកម្ពុជា។​ អញ្ចឹង មិនចាំ​បាច់​គាត់ធ្វើសិក្ខាសាលាអី ក្រសួងពាក់ព័ន្ធអាចបញ្ជូនព័ត៌មាន បញ្ជូនមន្ត្រីយើងទៅឲ្យជួយ ព្រោះគាត់ជួយផ្សព្វផ្សាយ។ បុរេសកម្មបែបនេះ គឺជាកិច្ចការសំខាន់ ជាគោលការណ៍​ ដែលយើងត្រូវធ្វើបន្ត

[២]

(៥) ពិនិត្យនិងកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ស្ថាប័ននីមួយៗ ដើម្បីធានាប្រសិទ្ធភាពការងារ

ទាក់ទងទៅនឹងគោលដៅអាទិភាព វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ ការពង្រឹងស្ថាប័នរដ្ឋ ការជ្រើសរើសមន្ត្រីថ្មី គឺកិច្ចការសំខាន់។ ជាពិសេស ការពិនិត្យកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ស្ថាប័ន ដើម្បីយើងធានា(ប្រសិទ្ធភាព)។ ជួនកាលរចនាសម្ព័ន្ធ តួនាទីភារកិច្ច យើងបានរៀបចំ(តាំងពី) ២០ឆ្នាំមុន … ស្ថាប័នមួយចំណុះឲ្យអង្គភាពរបស់យើងលែងមានតម្រូវការហើយ។ ភារកិច្ចកាលពីទស្សវត្សរ៍ឆ្នាំ ៩០មាន តែឥឡូវអត់មាន។ តែមានតម្រូវការថ្មី។ យើងកុំខ្លាចកែសម្រួល។ ប្តូរវាទៅ។ មន្ត្រីយើងបណ្តុះបណ្តាលដើម្បីឈានទៅ(ធ្វើកិច្ចការថ្មី) ព្រោះបើដាក់នៅហ្នឹងមន្ត្រីអត់ការងារធ្វើដដែល ហើយស្ថាប័នយើងធ្ងន់។ អញ្ចឹងត្រូវកែសម្រួល។ គ្រប់ស្ថាប័នទាំងអស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងតែគិតគូរ។ ខ្ញុំលើកទឹកចិត្តឲ្យក្រសួងធ្វើការវាយតម្លៃ។ មិនមែនថាពីមុនអត់ដើរទេ ពីមុនក៏បានដើរ ប៉ុន្តែសួរថាប្រសិទ្ធភាពអស់ឬនៅ? យើងអត់ដឹងទេ។ បើសិនជាយើងធ្វើការវិភាគឃើញថាល្មមហើយ យើងមិនបាច់ដូរក៏បានដែរ។ ប៉ុន្តែហោចណាស់ក៏ត្រូវមានកាលវិភាគពិនិត្យមើលទៅលើស្ថានភាពបច្ចុប្បន្នដើម្បីតម្រង់ទិសស្ថាប័ន។

(៦) ត្រួតពិនិត្យ វាយតម្លៃ កែសំរួលកន្លែងចាំបាច់ ព្រោះជាអាណត្តិពង្រឹងជាជាងពង្រីក

ការពិនិត្យវាយតម្លៃខ្លួនឯង បានន័យថាធ្វើ check up។ ហ្នឹងដូចមនុស្សអញ្ចឹង … អ្នកខ្លះអត់ហ៊ានទៅជួបពេទ្យទេ ព្រោះឲ្យតែពេលជួបពេទ្យ ពេទ្យឲ្យតម … យើងត្រូវពិនិត្យមើលស្ថាប័ន តើកន្លែងណាយ៉ាងម៉េច ទាំងការរៀបចំមនុស្សបានត្រឹមត្រូវតាមការបណ្តុះបណ្តាល ព្រោះបើសិនជាខ្លួនយើងមិនមានសុខភាពល្អ យើងទៅធ្វើការអត់កើតទេ។ ភារកិច្ចកាន់តែរវល់ ការប្រកួតប្រជែងកាន់តែខ្លាំង ហើយពាណិជ្ជកម្មដើរតួនាទីសំខាន់នៅក្នុងការធានានូវប្រសិទ្ធភាព … ខ្ញុំគិតថាឯកឧត្តម លោកជំទាវ នៅក្នុងក្រសួងមានបទពិសោធន៍ច្រើន អាចចូលរួមជាធាតុផ្សំ បូកជាមួយនឹងការឃើញជាក់ស្តែង តម្រូវការជាក់ស្តែងនៃការប្រកួតប្រជែង និងវិវឌ្ឍនៅក្នុងសង្គម។ គ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់អនុវត្ត(ការត្រួតពិនិត្យ)ហ្នឹង check up កែសម្រួលឬមួយពង្រឹងកន្លែងណាដែលចាំបាច់ដើម្បីទិសដៅដើរទៅមុខទៀត ព្រោះអាណត្តិនេះ ជាអាណត្តិពង្រឹងជាជាងពង្រីក

(៧) ក្រសួងស្ថាប័នត្រៀមរៀបទៅជារដ្ឋាភិបាល digital, រៀបចំខ្លួនក្នុងផ្សារសេរីដើម្បីប្រកួតប្រជែង

បដិវដ្តកម្ម digital គឺត្រូវធ្វើការរៀបចំ platform ការរៀបចំថ្នាលអីផ្សេងៗ។ ឃើញរៀបចំតាំងពីជំនាន់ឯកឧត្តម ស៊ុន ចាន់ថុល ឯកឧត្តម ប៉ាន សូរស័ក្តិ។ ឥឡូវលោកជំទាវ ចម និម្មល យើងបន្តទៀត។ មិនមែនតែនៅទីនេះទេ ក្រសួងស្ថាប័នទាំងអស់ រដ្ឋាភិបាលទាំងមូលគឺយើងត្រៀមរៀបចំថ្នាលដើម្បីទៅជារដ្ឋាភិបាល digital នៅពេលខាងមុខ … បើយើងមិនដើរទៅទេ យើងអត់ទាន់គេទេ។ បើបានត្រឹមនិយាយអត់ធ្វើ ក៏ទៅមិនកើតដែរ … ការពង្រឹងស្ថាប័ននេះសំខាន់ណាស់។ ពង្រឹងខ្លួនឯងដើម្បីទៅធ្វើការ។ បើខ្លួនយើងអត់មានប្រសិទ្ធភាព កម្លាំងអត់មាំមួនទេ យើងទៅធ្វើអ្វីក៏លំបាក។ អញ្ចឹងទាមទារនូវការពិនិត្យមើល ហើយទំនើបកម្មរៀបចំរចនាសម្ព័ន្ធបំប៉នមន្រ្តីក៏ដូចជាការរៀបចំប្រព័ន្ធការងារ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងលើពិភពលោក។ ទីផ្សារសេរីអញ្ចឹង ទីផ្សារសេរីអត់អាណិតយើងទេ។ គេឲ្យយើងចូល តែរស់ខ្លួនឯង គេឲ្យយើងចូលប្រកួត តែប្រកួតខ្លួនឯង អត់មានអ្នកណាចាំជួយយើងរហូតទេ។

[៣]

(៨) ជំរុញការចូលរួមនៃវិស័យឯកជន តាមរូបមន្តភាពជាដៃគូនៃរដ្ឋនិងវិស័យឯកជន (PPP)

រូបមន្តភាពជាដៃគូនៃរដ្ឋនិងវិស័យឯកជន (PPP) គឺអ្វីដែលរាជរដ្ឋាភិបាលអាណត្តិនេះត្រូវជំរុញឲ្យបានច្រើន។ រដ្ឋដើរតួនាទីនៅក្នុងការគាំទ្រ ការរៀបចំនូវបទដ្ឋានគតិយុត្តិ និងគាំទ្រទៅដល់វិស័យឯកជនឲ្យចូលរួម​ រដ្ឋមិនអាចដើរតួនាទីជំនួសវិស័យឯកជន ក្នុងការជំរុញការអភិវឌ្ឍវិស័យឯកជន ឬធុរៈកិច្ចនោះទេ។ អញ្ចឹង អ្វីដែលខ្ញុំចង់បាន និងដែលខ្ញុំបានលើកនៅច្រើនវេទិកា គឺរៀបចំយន្តការបែបណាដើម្បីឲ្យមានការចូលរួមរបស់វិស័យឯកជនក្នុងការកំណត់ពិភាក្សា រៀបចំគោលនយោបាយ និងការដឹកនាំអនុវត្ត … នៅកំពង់ផែខេត្តព្រះស៊ីហនុ និងនៅជប៉ុនថ្ងៃមុន យើងបានចរចាគ្នាពីការបង្កើនទំហំនិងគំនិតផ្តួចផ្តើមផ្សេងៗ ក្នុងទំនាក់ទំនងកម្ពុជា-ជប៉ុនក្នុងវិស័យសេដ្ឋកិច្ច រួមដោយឲ្យតួនាទីសំខាន់ទៅលើ PPP នេះ ដោយឲ្យវិស័យឯកជនចូលរួម បានទាំងទុនបានទាំងជំនាញ។ ជួនកាលយើងយកមន្រ្តីរបស់រាជរដ្ឋាភិបាលទៅដឹកនាំយន្តការមួយដែលជំរុញឲ្យវិស័យឯកជន។ បើអត់មានវិស័យឯកជនចូលរួមសោះយើងអត់ដឹងទេ។ ខ្ញុំរៀនសេដ្ឋកិច្ចតែបើឲ្យខ្ញុំធ្វើ business ខ្ញុំអត់ទៅរួចទេ។ ខ្ញុំអាចធ្វើក្របខណ្ឌគោលនយោបាយ ប៉ុន្តែបើឲ្យខ្ញុំទៅធ្វើ marketing ខ្ញុំអត់ចេះលក់ទេ … ឲ្យវិស័យឯកជនចូលរួម ត្រូវជួយក្នុងការពង្រឹងសមត្ថភាពវិស័យឯកជនរបស់យើង។

(៩) ពាណិជ្ជកម្ម B2B និង G2G បើកច្រក កាត់បន្ថយលក្ខខណ្ឌបទដ្ឋានគតិយុត្តិ ឬបច្ចេក​ទេស ធ្វើឲ្យលំបាកដល់ការអនុវត្តនៃវិស័យឯកជន

សូមគិតគូរពីការរៀបចំយន្តការដើម្បីចូលរួម ទាំងការទៅគោះទ្វារគេ ដែលដាច់ខាតត្រូវតែមានវិស័យឯកជនទៅជាមួយ … ធ្វើទាំង B2B និង G2G។ ព្រោះអញ្ចេះ រដ្ឋបើកទ្វារ តែដល់ពេលអនុវត្តជាក់ស្តែងអត់ចាំបាច់ទាល់តែស្ថាប័នរដ្ឋនោះទេ។ ឥឡូវយើងមាន green trade ជា G2G ដើរតួ … ប្រទេសខ្លះគេរៀបយន្តការរដ្ឋាភិបាល ប៉ុន្តែក៏មិនបិទច្រកពីក្រុមហ៊ុនឯកជនរបស់យើងទៅធ្វើការផ្ទាល់។ និយាយរួម សម្រាប់យើងដូចសម្តេចតេជោលោកឧស្សាហ៍និយាយ “ឆ្មាសក៏ឆ្មា ឆ្មាខ្មៅក៏ឆ្មា ឲ្យតែចាប់កណ្តុរបាន”។ រដ្ឋលក់ក៏បាន ឯកជនលក់ក៏បាន … ត្រូវបើកច្រក ហើយកាត់បន្ថយតម្រូវការឬលក្ខខណ្ឌបទដ្ឋានគតិយុត្តិ ឬបច្ចេក​ទេសណាដែលធ្វើឲ្យលំបាកដល់ការអនុវត្តរបស់វិស័យឯកជន។ តែស្មុគ្រស្មាញពេកគាត់ធ្វើអត់កើត។ អត់ហ៊ានធ្វើ។ ខ្លាចធ្វើៗ អត់យល់លក្ខខណ្ឌជាប់ពិន័យទៀត។ និយាយរួមសម្រួល។ ធ្វើម៉េចធានាបរិស្ថាន ធានាការធ្វើនេះដើម្បីការពារតាមផ្លូវច្បាប់ ប៉ុន្តែឲ្យតិចបំផុតដើម្បីយើងឲ្យគាត់ធ្វើបាន …។

[៤]

(១០) ពាណិជ្ជកម្មក្រៅប្រទេស ឬមួយផលិតផលកំណត់ ឬមួយទីផ្សារកំណត់, ពាណិជ្ជកម្មក្នុងប្រទេសតភ្ជាប់រវាងអ្នកផលិតនិងអ្នកប្រើប្រាស់ កាត់បន្ថយការនាំចូល 

ជាទស្សនរបស់ខ្ញុំ ពាណិជ្ជកម្មក្រៅប្រទេសយើងគិតតាមពីររូបមន្ត។រូបមន្តទី១ គឺផលិតផលជាអ្នកកំណត់។ រូបមន្តមួយទៀត គឺតម្រូវការទីផ្សារជាអ្នកកំណត់។ ផលិតផលកំណត់យ៉ាងម៉េច? បានន័យថាផលិតផលពិសេស។ ឧទាហរណ៍ម្រេចកំពតដែលផ្អែកទៅលើលក្ខណៈភូមិសាស្ត្រមាន GI ហ្នឹង អ្នកណាគេក៏ផលិតអត់បានដែរ។ មានតែយើងទេ។ មិនអាចមានកំពតនៅជប៉ុនទេ។ ទោះបីជាខេត្តមួយរបស់ជប៉ុនដាក់កំពតក៏ដោយ ក៏ដីគាត់ដាំមិនដូចយើងដែរ។ ផលិតផលដែលជាលក្ខណៈពិសេស ឬមួយអង្ករពិសេសរបស់យើង។ ហ្នឹងយើងត្រូវផលិត ហើយយើងដើររកទីផ្សារ។ បានន័យថាកំណត់ផលិតផលមុន ទីផ្សារតាមក្រោយ។ មួយទៀតគឺទីផ្សារមុន ផលិតផលក្រោយ …

ឧទាហរណ៍ ខ្ញុំទៅអារ៉ាប់គេស្គាល់អ្វីជាងគេ(ពីកម្ពុជា)។ ខ្ញុំសួរព្រះអង្គម្ចាស់ដែលមកទទួលខ្ញុំនៅព្រលានយន្តហោះថា “ស្គាល់កម្ពុជាទេ?”។ កម្ពុជាអត់ដែលទៅ តែគេស្គាល់(កម្ពុជាដោយ​សារ)ខ្លឹមច័ន្ទ។ ឧទាហរណ៍ខ្លឹមច័ន្ទ Brand ពីកម្ពុជា មានទីផ្សារនៅទីនោះ។ បានន័យថានេះជាផលិតផលធំយើងខំផលិតហើយរកទីផ្សារឱ្យ។ ហ្នឹងជា Niche ជាលក្ខណៈពិសេស។ អញ្ចឹងការរុញចេញទៅក្រៅគឺផ្អែកលើកត្តា ២​ខាងលើ។ ដោយឡែកពាណិជ្ជក​ម្មក្នុងស្រុក គឺត្រូវបង្កើនប្រសិទ្ធភាពក្នុងការតភ្ជាប់រវាងអ្នកផលិតនិងអ្នកប្រើប្រាស់ឱ្យបានច្រើនឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីកាត់បន្ថយការនាំចូល។ នេះគឺកិច្ចការសំខាន់ដើម្បីលើកកំពស់ការគាំទ្រផលិតផលខ្មែរនិងការកាត់បន្ថយការនាំចូល កិច្ចការនេះគឺទាំងនៅផ្នែកកសិកម្ម ទេសចរណ៍ផ្សេងៗ …។

(១១) ២០២៥ ធ្វើវិភាជថវិកាសំរាប់គ្រឿងសម្ភារៈ/សង្ហារឹមការិយាល័យ ជាផលិតផលក្នុងស្រុក

ក្នុងមួយឆ្នាំៗ យើងចាយលុយទិញគ្រឿងសង្ហារឹម ដាក់ការិយាល័យសម្រាប់ស្ថាប័នរដ្ឋ ថ្នាក់ជាតិ ក្រោមជាតិច្រើនគួរសម។ បើគិតក្នុងមួយអាណត្តិគឺចាយច្រើន។ ខ្ញុំបានឱ្យឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រៀបចំក្រុមការងារនិងបានសិក្សាមួយជំហានត្រៀមចេញជាគោលការណ៍ ដើម្បីអាចថាពី ២០២៥ ទៅ យើងផ្ដល់លទ្ធភាពវិភាជថវិកាមួយចំនួនណាមួយនោះ ដែលត្រូវចំណាយទៅលើគ្រឿងសម្ភារគ្រឿងសង្ហារឹមដាក់ការិយាល័យ ដោយផ្ដោតទៅលើអាទិភាពទិញផលិតផលក្នុងស្រុក។ កិច្ចការនេះត្រូវការពេលវេលា។ គោលការណ៍មានហើយ។ ក្រុមការងារកំពុងសិក្សាបទពិសោធន៍ប្រទេសមួយចំនួន។ ​ត្រូវធ្វើការពិគ្រោះយោបល់ជាមួយវិស័យសាធារណៈនិងឯកជន។ យើងចង់ផ្ដល់ឱ្យអាទិភាពទៅលើសម្ភារៈគ្រឿងសង្ហារឹម(ជាផលិតផលក្នុងស្រុក) … ទៅមុខ ឆ្នាំ២០២៥ មិនមែន ១០០%ទេ មិនមែនបិទបងប្អូនដែលនាំចេញនាំចូលនោះទេ តែយើងនឹងដាក់ទិសដៅមួយចំនួនដើម្បីជួយលើកតម្កើងផលិតផលក្នុងស្រុក តាមរយៈ​ការវិភាជថវិកាមួយចំនួនអោយទិញផលិតផលក្នុងស្រុកយកទៅបំពាក់ឱ្យស្ថាប័នរដ្ឋរបស់យើង … យើងអនុវត្តឆ្នាំ ២០២៥ ដើម្បីឱ្យបងប្អូនខាងវិស័យឯកជនត្រៀមលក្ខណៈ …

[៥]

(១២) ផលិតករក្នុងស្រុកត្រូវពង្រឹងគុណភាពផលិតផល

យើងឱ្យទិញផលិតផលក្នុងស្រុក ប៉ុន្តែយើងត្រូវទទួលខុសត្រូវដែរ។ ត្រូវធានាថាសម្ភារៈដែលត្រូវយកមកផ្គត់ផ្គង់ស្ថាប័នជាតិមានគុណភាព។ អាចប្រើបានមានតម្លៃសមរម្យ។ យើងនឹងទាមទារឱ្យលើកកំពស់សមត្ថភាពរបស់គាត់ និយាយរួមផ្ដល់លទ្ធភាពឱ្យគាត់ តែឱ្យគាត់ពង្រឹងខ្លួនដែរ។ បើសិនមិនពង្រឹងខ្លួន យើងនឹងខាត។ យើងចង់ជួយ ប៉ុន្តែបើគាត់ផលិតអត់កើត កៅអីទិញមកប្រើមិនទាន់បានប៉ុន្មានបាក់អស់រលីង អញ្ចឹងជាបញ្ហា។ យើងជួយគាត់ដើម្បីបង្កើនផលិតភាព។ ខ្ញុំគិតថាយន្តការនេះនឹងអាចឈានទៅដល់ ព្រោះឥឡូវមានទីផ្សារហើយ។ ទាមទារឱ្យបងប្អូនអ្នកផលិតចាប់ផ្ដើមប្រកួតប្រជែងគ្នា។ មិនមែនល្អត្រឹមតែរដ្ឋបានជួយលើកទឹកចិត្តទេ តែគុណភាពនិងផលិតផលក្នុងស្រុកយើងកាន់តែកើនឡើង។ មិនចាំបាច់រដ្ឋទិញក៏បានដែរ តែគុណភាពខ្ពស់ ឯកជនថ្ងៃក្រោយគាត់មិនចាំបាច់ទិញពីក្រៅទៀតទេ … ម្សិលមិញ ខ្ញុំជួបជាមួយក្រុមហ៊ុនជប៉ុន Toyota។ គាត់មកតម្លើងរថយន្តនៅកម្ពុជា។ គាត់សុំឱ្យរដ្ឋាភិបាលដាក់ទិសដៅទិញរថយន្តផលិតក្នុងស្រុក។ ខ្ញុំថារដ្ឋាភិបាលមានអភិក្រមមួយ បើលក់តម្លៃទាប ហើយល្អ ពិតជាទិញហើយ …។

[៦]

(១៤) ធានាគុណភាព មិនក្លែងបន្លំផលិតផល នឹងជួយដល់ផលិតករក្នុងស្រុក

ការធានានូវភាពជឿជាក់ថាយកផលិតផលខ្មែរទៅគឺប្រាកដ(ជាមានគុណភាពល្អ)។ បើថាគុណភាពកម្រិតណា (ត្រូវតែ)កម្រិតនោះ កុំឲ្យមានវត្ថុក្លែងក្លាយ។ យើងធានាលើប្រការនេះ ដើម្បីជួយទៅដល់បងប្អូនដែលខិតខំពិតប្រាកដ ជាពិសេសការរក្សានូវគុណភាព។ ក្រុមហ៊ុននីមួយៗ ក៏ដូចគ្នា។ បើសិនជាគុណភាព(អន់ជាងគេ) សូម្បីតែស្ថាប័នរដ្ឋយើង បើថាទិញតុកៅអីមួយឆ្នាំហ្នឹងមកប្រើមិនបាន ឆ្នាំក្រោយប្រាកដជាអត់ទិញពីកន្លែងហ្នឹងទៀតទេ ប្រាកដជាទៅទិញកន្លែងផ្សេងហើយ។ ឥវ៉ាន់យើងលក់ចេញទៅក្រៅពីកម្ពុជា គេយកទៅតេស្ដពីរបីដងថាល្អ ខុសតែម្ដង(ក៏)បញ្ហា។ ត្រូវតែធានា។ ខ្ញុំឃើញអម្បាញ់មិញ ក្រសួងពាណិជ្ជកម្មបានដាក់នូវគោលដៅស្តង់ដារនេះដើម្បីធានាជាប្រចាំ។ ជាកិច្ចការសំខាន់។ ពេលខ្លះ ត្រូវដកផលិតផលអីផ្សេងៗ ដើម្បីជួយដល់វិស័យឯកជនធានាគុណភាព។ នេះគឺការជឿជាក់ពីអតិថិជន ដែលធ្វើឲ្យមានការលើកទឹកចិត្តចំពោះ(ផលិតផលមាន)គុណភាពនៅខាងក្នុង(ស្រុក)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ