ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា សមាជិក-សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា
និង រាជរដ្ឋាភិបាលទាំងមូលជាទីមេត្រី!
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជា
អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសហការីទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួម នៅក្នុងពិធីសម្ពោធជាផ្លូវការ អគារធនាគារវីងថៅវើ នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមចូលរួមអបអរសាទរអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និង ជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សមាជិកក្រុមប្រឹក្សាភិបាលធនាគារ, លោក-លោកស្រី ថ្នាក់ដឹកនាំ និង បុគ្គលិក ធនាគារធនាគារវីង ចំពោះសមិទ្ធផលថ្មីដែលបាននៅថ្ងៃនេះ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]
អម្បាញ់មិញយើងក៏បានស្តាប់នូវរបាយការណ៍សង្ខេបរបស់អ្នកឧកញ៉ា គិត ម៉េង អំពីការវិវត្តន៍របស់ធនាគារ(ដែល)នៅក្នុងរយៈពេលដ៏ខ្លីបានដើរតួនាទីសំខាន់ជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈការចូលរួមពង្រឹងវិស័យធនាគារ។ (១) វិស័យធនាគារមានសារៈសំខាន់ណាស់ … (ប្រៀបបានដូច)ជាឈាម។ ពាក្យសាមញ្ញថា អត់លុយធ្វើអីក៏អត់កើតដែរ ប៉ុន្តែបើមានថវិកា/លុយហើយ អត់មានការគ្រប់គ្រងច្បាស់លាស់ ឬយន្តការក្នុងការផ្គត់ផ្គង់និងការជួយចល័តចរន្តនេះ គឺវាលំបាកដែរ។ អញ្ចឹងធនាគារដើរតួនាទីសំខាន់ណាស់នៅក្នុងការប្រមូលផ្តុំធន និងការបង្វិលធនទៅគាំទ្រដល់ដំណើរសេដ្ឋកិច្ច។ អញ្ចឹងប្រសិទ្ធភាពនៃដំណើរការប្រព័ន្ធធនាគារគឺធានាសុខភាពរបស់សេដ្ឋកិច្ច … (ដោយអាចប្រៀបធៀបថា)ធនាគារគឺដូចបេះដូង (ដែល)ប្រមូលឈាមនិងបញ្ចេញឈាមទៅចិញ្ចឹមសរីរាង្គ។ បើបេះដូងដើរមិនល្អ សុខភាពយើងក៏មិនល្អ …។
[ចប់សេចក្តីអធិប្បាយ ២]
ការសម្រេចនៅក្នុងការវិនិយោគសាងសង់អគារដ៏ខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីភាពទំនុកចិត្ត និង ជឿជាក់របស់វិនិយោគិនឯកជន និង ក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ចរបស់ប្រទេសកម្ពុជា, និយាយជារួម និង ភាពរឹងមាំ និង ភាពធន់របស់វិស័យធនាគារ និង ហិរញ្ញវត្ថុរបស់កម្ពុជា, និយាយដោយឡែក។
យោងតាមរបាយការណ៍អម្បាញ់មិញនេះ គឺខ្ញុំសូមអបអរសាទរជាថ្មីចំពោះភាពជោគជ័យរបស់ធនាគារ ដែលបានដើរតួជំរុញនៅក្នុងប្រតិបត្តិការ ជួយយ៉ាងច្រើនទៅដល់អាជីវករពាណិជ្ជករ និយោជិក និងប្រជាជនទូទាំងប្រទេសឱ្យមានភាពងាយស្រួលទាក់ទិនសុវត្ថិភាព ទុកចិត្ត និងចំណាយសោហ៊ុយតិចនៅក្នុងការផ្ទេប្រាក់ បើប្រៀបធៀបទៅនឹងការផ្ទេប្រាក់តាមវិធីក្រៅផ្លូវការផ្សេងទៀត។ ប្រតិបត្តិការនេះ បានជួយសម្រាលបន្ទុក និង កាត់បន្ថយពេលបានច្រើន ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើការទូទាត់ថ្លៃទឹក-ភ្លើង, បង់ការប្រាក់កម្ចី និង សេវាកម្មផ្សេងទៀត។ ជាមោទនភាពសម្រាប់កម្ពុជា, ប្រតិបត្តិការលើសេវាទូទាត់ និង ផ្ទេរប្រាក់ តាមរយៈ ប្រព័ន្ធទូរស័ព្ទនេះ ត្រូវបានប្រទេសមួយចំនួនយកមកអនុវត្ត, ជាពិសេសនៅបណ្តាប្រទេស(ភាគខាងក្រោមតំបន់អាហ្វ្រិកសាហារ៉ា) Sub-Sahara Africa។ ផ្អែកលើភាពជោគជ័យនេះ, ធនាគារវីងត្រូវបានធ្វើបរិវត្តកម្មដោយជោគជ័យ ពីធនាគារឯកទេសទៅជាធនាគារពាណិជ្ជ នៅចុងឆ្នាំ ២០២០។
ជាងនេះទៀត, ធនាគារវីងបានដើរតួនាទីយ៉ាងសំខាន់សហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយនិងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល រួមមាន៖
ទី១. អនុវត្តគោលនយោបាយគាំពារសង្គម ដូចជា ១- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមាន ផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ និង ២- នៅពេលមានវិបត្តិនៃជំងឺកូវីដ-១៩ បានចូលរួមអនុវត្តកម្មវិធីជំនួយសង្គមពិសេស រួមមាន ការផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និង ទេសចរណ៍ដែលបានព្យួរការងារ, ប្រជាជនក្រីក្រមានប័ណ្ណ ក្រីក្រកម្រិត១ និង កម្រិត ២, ប្រជាជនដែលរស់នៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩។ ជារួម, ធនាគារបានជួយសម្រួលក្នុងការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដល់ប្រជាជនប្រមាណ ៨០ ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនចំនួនជាង ៣,៣ លាននាក់, តាមបណ្ដាញភ្នាក់ងារវីងជាង ១៥ ០០០ កន្លែង, ចាប់ពីខែមិថុនា ឆ្នាំ ២០២០ រហូតដល់ ខែតុលា ឆ្នាំ ២០២៣។
ទី២. ការវិវឌ្ឍរបស់ធនាគារវីង បានគាំទ្រ និង ជួយជំរុញដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់សេវាកម្មបើកបៀវត្សរ៍មន្ត្រីរាជការលើស្ថាប័នជាច្រើន, សេវាកម្មទូទាត់វិក្កយបត្រពន្ធលើអចលនទ្រព្យ, សេវាកម្មទូទាត់ស្លាកលេខរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន, ការទូទាត់ពន្ធគយ និង ការទូទាត់ សេវាកម្មសាធារណៈផ្សេងទៀត។
ទី៣. នាពេលថ្មីៗនេះ, ធនាគារបានធ្វើកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយបានព្រមព្រៀងផ្តល់កម្ចីឥណទានប្រមាណ ៥ លានដុល្លារអាមរិក ដល់ប្រជា-កសិករក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់ប្រជាកសិករ ក៏ដូចជា អ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅលើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យបានទៅមុខមួយកម្រិតទៀត។ ទន្ទឹមគ្នានេះ, ធនាគារវីងបានបង្កើតភាពជាដៃគូសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយសម្រួលទៅដល់យុវជន ឱ្យទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានា ក្នុងការបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ តាមរយៈការទទួលបានបទពិសោធន៍ហិរញ្ញវត្ថុនៃធនាគារឌីជីថលដ៏ទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត។
ទី៤. ធនាគារបានចូលរួមការគាំទ្រអនុវត្តគោលនយោបាយបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដោយបានពង្រីកវិសាលភាពក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុកាន់តែសម្បូរបែប ដោយបានដាក់ចេញនូវសេវាកម្ម “វីងឌីជីថលឡូន” កាលពីចុងឆ្នាំ ២០២២ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្នើកម្ចីបានយ៉ាងលឿនរហ័ស តាមរយៈកម្មវិធី Wing Bank App ដោយចំណាយពេលត្រឹមតែ ៣ នាទី ទទួលបានកម្ចីយកទៅប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុទាន់ពេលវេលា។ ទន្ទឹមនេះ ធនាគារវីងបានដាក់ឱ្យប្រើប្រាស់សេវាកម្មឌីជីថលដ៏មានភាពច្នៃប្រឌិតមួយទៀត ដែលមានឈ្មោះថា Wingcoin ដែលផ្តល់រង្វាន់ជាកាក់ឌីជីថល នៅរាល់ពេលអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការទូទាត់ជាមួយហាងជាដៃគូធនាគារវីង ហើយអតិថិជនអាចប្រើប្រាស់កាក់នោះ ដើម្បីទិញទំនិញ នៅលើថ្នាលឌីជីថលដូចជា Wingmall ជាដើម។
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ឌីជីថល, រាជរដ្ឋាភិបាលនីតិកាលទី ៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅសំរេចចក្ខុវិស័យឆ្នាំ ២០៣០ និងឆ្នាំ២០៥០ និងដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤, ការរីកចម្រើនវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និង ជាចលករសំខាន់ គ្របដណ្តប់លើគ្រប់ទិដ្ឋភាពសង្គម-នៃសេដ្ឋកិច្ច និង សង្គម, រួមទាំងវិស័យហិរញ្ញវត្ថុ និង ធនាគារ។
បន្ថែមលើនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេក-វិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលមានចក្ខុវិស័យរយៈពេលវែង អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង ការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរវិត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និង លើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យធនាគារ។
ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨» នេះ គឺជាសមិទ្ធផលមួយដ៏មានសារៈសំខាន់ គួរជាទីមោទនភាព សម្រាប់ជាមគ្គុទេសក៍ ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» សំដៅចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។
ក្របខ័ណ្ឌគោលនយោបាយទាំងនេះ នឹងមានសារៈសំខាន់សម្រាប់វិស័យធនាគារនៅកម្ពុជា រួមទាំងធនាគារវីង ក្នុងបរិការណ៍នៃការរីកចម្រើនយ៉ាងឆាប់រហ័យនៃបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ការចាប់យក និង ការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និង ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើន ប្រកបដោយចីរភាព។
ដើម្បីបន្តធានារក្សាបាននូវស្ថិរភាព និង ភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ និង ធនាគារ ព្រមទាំងលើកកម្ពស់តួនាទីរបស់ធនាគារ នៅក្នុងសកម្មភាពសេដ្ឋកិច្ច, ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម ៖
ទី១. ធនាគារទំាងអស់សូមពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្មរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា សំដៅរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រី, កាត់បន្ថយវិសមភាពសេដ្ឋកិច្ច និង ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ទី២. ខ្ញុំសូមលើកទឹកចិត្តដល់ធនាគារវីង និង ធនាគារក្នុងស្រុកដទៃទៀត សូមពិនិត្យ លទ្ធភាពផ្តល់ឥណទានឱ្យបានកាន់តែច្រើន ដល់សហគ្រាសមីក្រូ ធុនតូច និង មធ្យម ដើម្បីជួយសម្រាលសម្ពាធហិរញ្ញវត្ថុ និង រួមចំណែកដល់ការរក្សាស្ថិរភាពនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា។
ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ធនាគារ, ទាំងការពង្រីកឥណទាននិងបង្កើនសម្ពាធឥណទាន (Loan Porfolio) ដល់វិស័យកសិកម្ម, ជាពិសេសឥណទានសម្រាប់ដំណាំស្រូវ និងឥណទានបៃតង ដើម្បីបង្កើនការនាំចេញអង្ករប្រណិតកម្ពុជាទៅទីផ្សារអន្តរជាតិ, លើកកម្ពស់ ចីរភាព និង រួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកដល់កម្មវិធី គោល- អាទិភាពរបស់រាជរដ្ឋាភិបាល, ជាពិសេស យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។
ទី៤. ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសំវិធានធនរយៈពេល ១២ ខែ, ដែលខ្ញុំបានប្រកាសអនុញ្ញាតនៅក្នុង «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩» កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។
ទី៥. ជាមួយគ្នានេះ, ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា ត្រូវរៀបចំជាកម្មវិធី ផ្តល់កម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និង លក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីអនុញ្ញាតឱ្យបងប្អូនយើង ដែលជាប្រតិបត្តិករទេសចរណ៍ អាចទទួលបាននូវហិរញ្ញប្បទាន ក្នុងចំនួនទឹកប្រាក់សមស្របតាមប្រភេទអាជីវកម្ម។
ទី៦. ធនាគារជាតិនៃកម្ពុជាគួររិះរកវិធីសមស្រប ដើម្បីបន្ធូរបន្ថយនូវបទប្បញ្ញត្តិប្រុងប្រយ័ត្នមួយចំនួនដែលចាំបាច់ ក្នុងការផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ បន្តដើរ តួនាទីកាន់តែសំខាន់ ក្នុងការរួមចំណែកគាំទ្រក្រុមហ៊ុន-សហគ្រាសឯកជន។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]
… ដើម្បីឱ្យសេដ្ឋកិច្ចមួយដើរ ត្រូវតែចរន្តនៃធនធានមូលធនដើរ ក្នុងនោះ(វិស័យ)ហិរញ្ញវត្ថុដើរតួនាទីសំខាន់ណាស់ខាងប្រព័ន្ធធនាគារ។ ធនាគារជាតិរបស់យើងមិនត្រឹមតែដើរតួនាទីជួយសំរួលនិងគាំទ្រដល់ប្រតិបត្តិការដោយប្រព័ន្ធធនាគារយើងប៉ុណ្ណោះទេ ថ្មីៗនេះ (២) ធនាគារជាតិបានដើរតួនាទីយ៉ាងសកម្មចរចាជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងការរៀបចំប្រព័ន្ធទំនាក់ទំនងជួយដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ផ្សេងៗ តាមរយៈការរៀបចំប្រព័ន្ធទូទាត់ត្រង់ ក៏ដូចជាការដាក់ចេញជា QR code ផ្សេងៗ ទៅគ្រប់ប្រទេស។ (ក្នុងដំណើរទស្សនកិច្ច)ទៅកាន់ប្រទេសជប៉ុននេះ យើងបានធ្វើ(កិច្ចការទាំងនេះ) ព្រោះជានិន្នាការពិភពលោកបច្ចុប្បន្ន។ ការកាន់លុយដើរដូចជាមិនមានទៀតទេ។ វាទាក់ទងទៅនឹងសុវត្ថិភាព វាទាក់ទងទៅនឹងច្បាប់នៃប្រទេសនីមួយៗ។ កាលពីទស្សវត្សរ៍ទី ៨០ ឬ៩០ ទៅណាមកណា ជួនកាលយួរថវិកាទៅនឹងដៃ(ដែលអាច)មានបញ្ហា។ ឥឡូវនេះ (មានសាច់ប្រាក់)១ម៉ឺន(ដុល្លារ) ក៏តម្រូវអោយធ្វើការប្រកាស(declare) ហើយ។ (សូម្បីតែ)ទេសចរ មិនបាច់ថានៅក្រៅប្រទេសទេ ទោះបីជានៅក្នុងប្រទេស (ក៏ដោយ ក៏គេប្រើ QR code) … ថ្ងៃមុនខ្ញុំបានឃើញតាម TikTok រឿងគេធ្វើ QR code … (សូម្បី)ទិញផលិតផលមួយចំនួនក៏អញ្ចឹង។ ការទូទាត់(តាមវិធី)នេះជារបត់បច្ចុប្បន្ននិងទៅអនាគត។
ដូចបានលើកឡើងក្នុងសន្ទរកថាអម្បាញ់មិញ (៣) បើសិនជាគ្រាកូវីដ-១៩ យើងគ្មានប្រព័ន្ធអេឡិចត្រូនិកទេ យើងពិតជាមានការលំបាក។ តើអ្នកណាអាចនឹងកាន់លុយយកទៅតំបន់បិទខ្ទប់។ អ្នកណាចុះទៅបើក? រដ្ឋាភិបាលដាក់ចេញសាច់ប្រាក់ឧបត្ថម្ភទៅប្រជាពលរដ្ឋ ប៉ុន្តែសួរថាតើមន្ត្រីណាដែលចូលទៅក្នុងតំបន់នោះ។ ចេញមកវិញទៅណា? (ដោយ)ចូលទៅក្នុងតំបន់នោះ ចេញមកវិញត្រូវធ្វើចត្តាឡីស័ក ៤ ទៅ ១០ថ្ងៃ។ អញ្ចឹងទម្រាំតែចូលទៅគ្រប់ ២០ម៉ឺនខ្នងផ្ទះ ឬមួយ ៨០ម៉ឺនខ្នងផ្ទះ វាពិតជាពិបាក។ មួយវិញទៀត យើងទៅយ៉ាងម៉េចកើត? យើងត្រូវប្រើពេលប៉ុន្មាន? ធនធានប៉ុន្មានដើម្បីយកថវិកាជូនគាត់? … ទោះបីជាប្រទេសយើងមានការតភ្ជាប់ផ្លូវថ្នល់ច្រើនហើយក្តី (យើងសង្កេតឃើញថា)ផ្លូវឌីជីថល(បាន)ដើរលឿនជាង។ ពីនេះទៅកំពង់ចាម ២ម៉ោង។ បើអ្នកបើកលឿនអាច ១ម៉ោង។ តែឌីជីថល ចុចតែមួយភ្លែតទៅដល់។ អញ្ចឹង ប្រព័ន្ធទូទាត់នេះសំខាន់ណាស់។
យ៉ាងណាក្តី (៤) (ការនេះ)ទាមទារការវិនិយោគរបស់ធនាគារ ដើម្បីធានាថាលឿន មានប្រសិទ្ធភាព តែ(ត្រូវមាន)សុវត្ថិភាពផងដែរ។ ព្រោះថា បើយើងប្រើប្រាស់ឌីជីថល(នៅក្នុងផ្នែកទូទាត់សាច់ប្រាក់)ហើយ បើមិនមានសុវត្ថិភាពទេ យើងនឹងមានគ្រោះថ្នាក់។ មានបទពិសោធន៍ច្រើនណាស់ (អំពីគ្រោះថ្នាក់នៃផ្នែកនេះនៃ)ធនាគារនៅលើពិភពលោក។ នៅហ្វីលីពីន ពួក Hacker បាន hack ប្រព័ន្ធធនាគារនៅក្រៅ ធ្វើឱ្យប្រព័ន្ធច្របូកប្រចល់។ អញ្ចឹងការយកចិត្តទុកដាក់វិនិយោគទៅលើប្រព័ន្ធការពារ(គឺជាកិច្ចការចាំបាច់ដើម្បីធានាសុវត្ថភាព) ធ្វើម៉េចកុំឱ្យ(កើតមានហេតុការណ៍)ថា បើកកុងហើយ(ថ្ងៃនេះ) ស្រាប់តែស្អែកឡើង(ហូរប្រាក់ចេញ)ទៅណាអស់ … បច្ចុប្បន្ននេះ ខ្ញុំឃើញថា នៅលើទូទាំងពិភពលោក បានវិនិយោគខ្លាំងលើការគាំពារ(សុវត្ថភាព)នេះ។ ការវិនិយោគលើប្រព័ន្ធ(សុវត្ថភាព)របស់ធនាគារនេះ ក៏នឹងជួយទៅដល់ e-government របស់យើង។ បន្តិចទៀតត្រូវរៀបចំ e-government (ដែលពាក់ព័ន្ធគ្នា)ទៅនឹងប្រព័ន្ធ Data។
រដ្ឋាភិបាលមានទិន្ន័យច្រើនដែលត្រូវដាក់ទៅលើហ្នឹង។ អញ្ចឹងគេភ្ជាប់ទាំងឈ្មោះក្នុងទិន្ន័យដ្ឋាន។ ឧទាហរណ៍ថា ដើម្បីទូទាត់បៀវត្សរ៍ឱ្យជាប្រចាំ ត្រូវមានទិន្ន័យជាឈ្មោះមន្ត្រី។ បើសិនយើងការពារទិន្ន័យហ្នឹងមិនបានហើយត្រូវគេយកទៅបំភ្លៃ ឬជួនកាលដាក់ឈ្មោះមន្ត្រី ៥ម៉ឺននាក់ ស្រាប់តែគេចូលមកដូរលេខកុងទាំងអស់ទៅចូលអ្នកណាផ្សេង ហ្នឹងជាក៏ជាហានីភ័យដែរ។ អញ្ចឹង សុំលើកទឹកចិត្តអោយយកចិត្តទុកដាក់លើប្រព័ន្ធការពារ។ ខ្ញុំសូមអរគុណចំពោះធនាគារទាំងអស់ ជាពិសេសធនាគារនៅក្នុងស្រុកដែលបាន(ធ្វើអោយមានការ)រីកចម្រើន។ ចេញទៅក្រៅប្រទេស ខ្ញុំបានជួបជាមួយអ្នកវិនិយោគខាងប្រព័ន្ធធនាគារតាមបណ្តាប្រទេសមួយចំនួន។ ក្នុងនោះក៏មានប្រតិបត្តិករមួយចំនួនក្នុងនេះហើយ។ (៥) វិស័យធនាគារដើរតួនាទីស្នូលក្នុងការទទួលថវិកាសន្សំ និងបង្វិលថវិកាហ្នឹងទៅជាការទុនវិនិយោគផ្សេងៗ។ ប៉ុន្តែ ធនាគារក៏មែនមានត្រឹមតែការទទួល(សន្សំ)ប៉ុណ្ណោះទេ។ វាមានផលិតផលផ្សេងៗ ទៀតដែលអាចជួយបាន។ អញ្ចឹង បន្តិចម្តងៗ សង្ឃឹមថាប្រព័ន្ធធនាគាររបស់យើង ជាពិសេសវិស័យឯកជននឹង(បង្កើត)បាននូវផលិតផលផ្សេងៗ ដើម្បីឱ្យសម្បូរបែប(ដើម្បីបាន)ដល់ប្រជាជនរបស់យើង(ប្រើប្រាស់)។
បើជាទ្រឹស្តី(ដែល)ខ្ញុំបានអាន គេថា “មិនត្រឹមតែមនុស្សធ្វើការហត់ទេ គឺត្រូវធ្វើឱ្យថវិកាគឺលុយរបស់យើងហត់ថែមទៀត”។ បានន័យថា ឥឡូវយើងដាក់(ប្រាក់ជាបញ្ញើក្នុងធនាគារយក)ជាការប្រាក់។ ហ្នឹងគេថាលុយធ្វើការ ២៤ម៉ោង។ ជួនកាល(គេយកទៅដាក់អោយប្រតិបត្តិការបន្តដែល)មាន(ដូចជា)ទៅលើភាគហ៊ុន ទៅលើអីផ្សេងៗ បានន័យថា យកថវិកាដដែលនោះទៅបង្កើត(ជាសាច់ប្រាក់)បន្ថែម។ (៦) ប្រជាពលរដ្ឋយើងដែលខំធ្វើការ ហើយយកមកមួយផ្នែកបន្ទាប់ពីការចំណាយ(ចាំបាច់)មកដាក់សន្សំ(ក្នុងធនាគារ)។ តែធនាគារមានផលិតផលជាច្រើន ដែលលុយសន្សំនេះមិនត្រឹមតែបានតែការប្រាក់ធម្មតាប៉ុណ្ណោះទេ។ បើមានផលិតផលផ្សេងទៀត គាត់អាច(យកថវិកានោះ)ទៅទាញយកផលបានច្រើន។ នៅកម្ពុជា យើងនៅមានកម្រិត។ ប៉ុន្តែការនេះត្រូវដើរដោយផ្អែកទៅលើការគិតគូរច្បាស់លាស់ ព្រោះបើកម្រិតនៃការត្រឡប់មកវិញច្រើន ហានិភ័យក៏ខ្ពស់។ ប៉ុន្តែ យើងមិនអាចនៅនឹងថ្កល់តែប៉ុណ្ណឹងទេ។ យើងត្រូវតែវិវត្តន៏ទៅមុខ។
ខ្ញុំសង្ឃឹមថាវិស័យធនាគាររបស់យើង ក្នុងនេះនិយាយពីនវានុវត្តន៍ គឺនឹងចូលរួមច្នៃប្រឌិតដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនរបស់យើងកាន់តែមានជម្រើសក្នុងការរៀបចំជាហិរញ្ញប្បទាន និងបង្កើនសុវត្ថិភាព ជាពិសេសនៅក្នុងដំណាក់កាលលំបាកនេះ។ កាលពីថ្ងៃទី ១៣ ខែ ១១ រដ្ឋាភិបាលបានដាក់ចេញជាគោលការណ៍បន្ធូរបន្ថយមួយចំនួន ដោយប្រុងប្រយ័ត្ន។ យើងបន្ថយកម្រិតនៃ reserve requirement ពី ៩ ទៅ ៧% ដើម្បីទុកលទ្ធភាពឱ្យធនាគារ។ យើងអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ ដើម្បីឱ្យធនាគារផ្តល់លទ្ធភាពឱ្យទៅក្រុមហ៊ុន ឬមួយអាជីវកម្មដែលកំពុងមានបញ្ហាឱ្យមានលទ្ធភាពរៀបចំឥណទានឡើងវិញ សម្រាលបន្ទុក …(បើមិនដូចនោះទេ)កន្លែងខ្លះត្រូវតែបង់ទាំងដើមទាំងការ។ អញ្ចឹង ពេលខ្លះស្ថានភាពលំបាក។ អញ្ចឹងសុំឱ្យធនាគារយើងបន្តពិនិត្យនិងផ្តល់លទ្ធភាព ប៉ុន្តែសុំឱ្យមានប្រុងប្រយ័ត្ន។ (៧) នៅក្នុងវិស័យធនាគារ ទោះជាត្រូវពង្រីកលទ្ធភាពនិងសម្រួល ប៉ុន្តែយើងក៏មានកាតព្វកិច្ចរក្សាលំនឹងនៃប្រព័ន្ធនេះដែរ។ ការបញ្ជូនទៅឱ្យអតិថិជនត្រូវមានការវាយតម្លៃច្បាស់លាស់ ជាពិសេសនៅក្នុងកាលទេសៈដ៏លំបាកនេះ។ អ្នកណាត្រូវទទួលមុន អាទិភាពមុនហើយលំនឹងយ៉ាងម៉េច? ព្រោះបើសិនជាយើងរុញមិនស្រួល ទុនដែលយើងរុញទៅអត់លំនឹង អត់សុវត្ថិភាព។ វាពាក់ព័ន្ធដល់លំនឹងនៃសេដ្ឋកិច្ចទាំងមូល។
ប៉ុន្តែទោះជាយ៉ាងណាក៏សុំលើកទឹកចិត្តដើម្បីជំរុញបន្ត ព្រោះថាបើសិនជាអត់មានចរន្តថវិកាទេ សេដ្ឋកិច្ចរបស់យើងអត់ដើរទេ។ ដូចខ្ញុំនិយាយពីខាងដើមហើយ បើឈាមស្តុកនៅតែក្នុងបេះដូងហ្នឹង អត់មកដៃជើង យូរៗ វានឹងមានបញ្ហាហើយ។ តែរុញទៅ រុញទៅអោយបានសមស្រប។ រុញទៅកន្លែងសំខាន់។ រុញឱ្យស្រួល។ បើរុញខ្លាំងពេក មិនតាមចង្វាក់បេះដូងរបស់យើង វាអាចដាច់សរសៃឈាម។ តែបើអត់រុញ វានឹងស្ទះ។ អញ្ចឹងសុំធ្វើយ៉ាងម៉េចជួយជំរុញការងារនេះ។ លទ្ធភាពរបស់រដ្ឋាភិបាលមានកំណត់ ប៉ុន្តែទោះជាយ៉ាងណាក៏យើងនឹងខិតខំជួយ តាមរយៈការសម្រួលនៅតាមគោលនយោបាយមួយចំនួន។
ការសម្ពោធធនាគារវីងថ្ងៃនេះ ក៏ជានិមត្តិរូបនៃការរីកចម្រើននូវភាពជឿជាក់ ក៏ដូចជាការរីកចម្រើនរបស់វិស័យឯកជន ជាពិសេសអ្នកវិនិយោគក្នុងស្រុករបស់យើង … និយាយអញ្ចឹងមិនមែនបានន័យថាយកចិត្តទុកដាក់តែវិនិយោគក្នុងស្រុកទេគឺយើងយកចិត្តទុកដាក់ទាំងអស់ … ធ្វើយ៉ាងណាសហការគ្នាហើយជំរុញជាមួយគ្នា។ ខ្ញុំមានការសប្បាយរីករាយ (ដែលមើលឃើញថា)ការពង្រីក(សមត្ថភាពនិងលទ្ធភាព)ធនាគារក្នុងស្រុកក្នុងប៉ុន្មានឆ្នាំមកនេះ (បាននិងកំពុងតែវិវត្តដោយ)យើងម្ចាស់ការ ហើយបង្វិលទុនក្នុង(ស្រុក)នេះតែម្តង។ (៨) ក្នុងការចេញទៅក្រៅ គ្រប់ប្រទេសទាំងអស់និយាយរួម លើកនេះមានសមាគមន៍ឧកញ៉ាចូលរួមដែរ ជាពិសេសសភាពាណិជ្ជកម្ម ជាមួយបងប្អូនវិនិយោគិនទាំងអស់នៅក្នុងប្រទេសដែលខំចេញទៅជួបជាមួយវិស័យឯកជនបរទេស/ក្រៅប្រទេសដើម្បីទាញការវិនិយោគ ក៏ដូចជាដើម្បីបើកទីផ្សារចេញទៅក្រៅ … ដើម្បីពាណិជ្ជកម្មដើរ វិនិយោគដើរ ត្រូវការការសម្របសម្រួលពីវិស័យធនាគារ។
ខ្ញុំសង្ឃឹមថា (៩) ពេលដែលចរន្តវិនិយោគចូលមក ក៏ដូចជាចរន្តពាណិជ្ជកម្មយើងកើន ធនាគារយើងក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចការនេះ។ អញ្ចឹងទាមទារឱ្យធនាគាររបស់យើងរៀបចំខ្លួនជាស្រេច ព្រោះស្តង់ដារនៃការទូទាត់ក្នុងប្រទេសអាចថានៅក្នុងកម្រិតមួយ។ ប៉ុន្តែ ការធានាទៅដល់ពាណិជ្ជកម្មក្រៅប្រទេសគឺត្រូវការកម្រិតមួយទៀត។ ទោះជាយ៉ាងណាក្តី ខ្ញុំសង្ឃឹមថាជាឱកាសបន្ថែមទៀតសំរាប់ពង្រីកនិងពង្រឹងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុក្នុងប្រទេសរបស់យើង។ ខ្ញុំមានតែប៉ុណ្ណឹងទេ ហើយមុននឹងបញ្ចប់ជាថ្មីនេះខ្ញុំសូមអបអរសាទរដល់ធនាគារវីង នៅក្នុងការសម្ពោធ វីងថៅវើ ដែលសម្រេចបានជោគជ័យថ្មីបន្ថែមទៀតសម្រាប់រួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
[ចប់សេចក្តីអធិប្បាយ ២]
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សូមទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារធនាគារ វីង ថៅវើ ចាប់ពីពេលនេះតទៅ។ សូមអរគុណ៕