សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ នៅខេត្តកែប

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា
សមាជិក សមាជិកា រាជរដ្ឋាភិបាល

ឯកអគ្គរាជ/រដ្ឋទូត និងតំណាង​ស្ថានទូត អង្គទូតនានាប្រចាំកម្ពុជា
គណៈអធិបតីអង្គពិធីទាំងមូល ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
ជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក/លោក​ស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ក្នុងពិធីបិទបុណ្យសមុទ្រក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បី​ទេស​ចរណ៍” ដ៏មហោឡារិកនាពេលនេះ។ តាងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកែប សហភាព​សហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមសហការគ្នា រៀបចំ និងដឹកនាំអនុវត្តកម្មវិធីនានាក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ដ៏មានសារៈសំខាន់នេះ។

ខ្ញុំក៏សូមអរគុណចំពោះការចូលរួមរបស់បណ្តាស្ថានទូតជាច្រើន ដែលចូលរួមក្នុងការរៀបចំជាស្តង់ពិពណ៌ ហើយក៏មានការចូលរួមរបស់សិល្បៈករមកពីប្រទេសចិនផងដែរ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១]

ថ្ងៃនេះ ខ្ញុំសូមអរគុណចំពោះភាពជោគជ័យនៃការរៀបចំបុណ្យសមុទ្រជាលើកទីមួយ នៅក្នុងអាណត្តិថ្មី គឺនៅកែប ហើយក៏ជាលើកទីមួយផងដែរដែលខ្ញុំមកបានចូលរួមទាំងបើកទាំងបិទ។ ពិតណាស់ម្សិលមិញបើក យើងអត់បានឡើងកម្មវិធី តែថ្ងៃនេះ (យើងប្រារព្ធពិធី)បិទ(បាន)។ ទោះបីវិទ្យាសាស្ត្ររីកចម្រើនយ៉ាងណា ថ្ងៃនេះ ខ្ញុំគិតថា (រដ្ឋមន្ត្រីធនធានទឹកនិងឧតុនិយម)ឯកឧត្តម ថោ ជេដ្ឋា ប្រហែលជាចាញ់ស្លឹកគ្រៃហើយ។ តាមឧត្តុនិយមប្រកាសថាម៉ោង៤ និងម៉ោងនេះគឺថា(នឹងមានភ្លៀង)មកធ្ងន់។ តែខាងខេត្តបានរៀបចំពិធីដាំស្លឹក​គ្រៃបញ្ច្រាស់ជើង។ អញ្ចឹង (ដោយសារតែមិនមានភ្លៀងពេលនេះ) មើលទៅចាញ់ស្លឹកគ្រៃហើយថ្ងៃនេះ។

(១) បុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្នុងពេល ៤៥ឆ្នាំ ក្រោយពីការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ

យើងក៏បានរៀបចំប្រារព្ធពិធីទីមួយ ដូចឯកឧត្តគណៈអភិបាលខេត្តកែបបានលើកឡើង ក្នុងអំឡុងពេល ៤៥ ឆ្នាំក្រោយពីប្រទេសយើងបានទទួលផលពី (…) ការបង្កើតនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលក្រោយមកហៅថារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ ដែលប្រមូលនូវអ្នកស្នេហាជាតិងើបឡើងតស៊ូប្រយុទ្ធនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលឈានទៅដល់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩ និងដែល៤៥ ឆ្នាំក្រោយមក យើងមានវត្តមាននៅទីនេះ(ក្នុងពិធីបុណ្យសមុទ្រ) ៥ ថ្ងៃ (ក្រោយ)ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលរៀបចំនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដែលមានប្រជាពលរដ្ឋជិត ៤ លាននាក់ចូលរួមនៅភ្នំពេញ ក្នុងនោះមានទេសចរណ៍រាប់ម៉ឺននាក់ក៏ចូលរួមពីបណ្តាប្រទេសខាងក្រៅ។

(២) មាតាធម្មជាតិអាចរំខាន​ តែមិនអាចរាំងស្ទះ​ដំណើរការបុណ្យសមុទ្រ

តាមរបាយការណ៍ ដែលឯកឧត្តម សុខ សូកេន ក៏ដូចជាឯកឧត្តមអភិបាលខេត្តបានបញ្ជូនមកឲ្យខ្ញុំ នៅថ្ងៃទី១ (នៃពិធីបុណ្យសមុទ្រ) យើង(ទទួលបាន)វត្តមានជិត៤ ម៉ឺន៦ ពាន់នាក់។ ល្ងាចមិញ ទោះបីជាមានភ្លៀងបន្តិចក៏ដោយ (យើងបានកត់ត្រា)ទិន្នន័យ(ថាមាន)អ្នកចូលរួមទស្សនានៅទីនេះ រហូតដល់ជាង១២ ម៉ឺននាក់ ។ នេះជាជោគជ័យពេញដោយមោទនភាព។ ពិតណាស់ យើងមិនទាន់មានលទ្ធភាពគ្រប់គ្រងអាកាសធាតុ(បានទេ) ឬថាមាតាធម្មជាតិទាំងមូលទេ នៅលើពិភពលោកនេះ ប៉ុន្ដែដំណើរការមាតាធម្មជាតិក៏មិនអាចរាំងស្ទះ នូវ​ដំណើរការវិវត្ដរបស់យើង។ អាច(មានការ)រំខាន អាចពន្យារពេល ប៉ុន្ដែដំណើរការនៅតែទៅមុខ។ ជាក់ស្ដែងការប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តកែបនេះតែម្ដង។ សូមអបអរសាទរចំពោះការខិតខំប្រឹងប្រែង។

(៣) ស្ដង់ជិត ៥០០ បំបែកឯតទគ្គកម្មបុណ្យសមុទ្រពីពេលមុន

ថ្ងៃនេះ ខ្ញុំសំរេចចិត្តចូលរួមទាំងបើក(កម្មវិធី)ទាំងបិទ(កម្មវិធី)។ ធម្មតាខ្ញុំចូល(រួមក្នុងពិធី)បើក (…) ដើម្បីជាការថ្លែងអំណរគុណនិងកោតសរសើរចំពោះក្រុមការងារ គណៈកម្មាការខេត្ត គណកម្មាការអន្ដរក្រសួងខេត្ត ស្ថាប័នពាក់​ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ។ ឆ្នាំនេះ យើងរៀបស្ដង់ជិត ៥០០ (ដែលតួលេខនេះបាន)បំបែកឯត​ទគ្គកម្មបុណ្យសមុទ្រពីមុនមក។ ខ្ញុំបានជួបបងប្អូននៅតាមស្ដង់រៀបចំដោយបណ្ដាក្រសួងនិងខេត្តជាប់សមុទ្ររបស់យើង។ ល្ងាចមិញ មុនកម្មវិធី តាមតង់រៀបនៅមុខសាលាខេត្ត ខ្ញុំបានជួបជាមួយបងប្អូនប្រជាពលរដ្ឋមកពីខេត្តកំពង់ចាម ភ្នំពេញ​ បាត់ដំបង ដែលមករៀបចំស្ដង់លក់ផលិតផល​នៅទីនេះ។ ប្រជាពលរដ្ឋដែលមកមានមកពីខេត្តតាកែវ កែប កំពត កំពង់ស្ពឺ គ្រប់កន្លែងទូទាំងប្រទេស បានរួមគ្នាអបអរ​សាទរក្នុងបរិយាកាសមួយដែលអាចនិយាយបានថា ក្រោយពីយើងគ្រប់គ្រងបានកូវីដ-១៩ និងបានបញ្ចប់(ការធ្វើអោយរាំងស្ទះសកម្មភាពគ្រប់យ៉ាង) យើងបានរួមគ្នាងើបឡើងវិញលើគ្រប់វិស័យ គាំទ្រនូវសាមគ្គីជាតិ មិន​ថានៅខេត្តដើម្បីអបអរសាទរ និងលើកតម្កើងស្មារតីសប្បាយរីករាយ​ក្នុងតំណាក់កាលនៃ​សុខសន្ដិភាពនេះ។

[ចប់សេចក្ដីអធិប្បាយ១]

ជាការពិតណាស់ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីក លូតលាស់គួរជាទីមោទនៈ ហើយបានចូលរួមចំណែកកាន់តែច្រើនក្នុង ផ.ស.ស. សរុប របស់ជាតិ។ ជាអកុសល កំណើននេះត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងអំឡុងពេលនៃការរីករាលដាលនៃវិបត្តិ ជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិ​ពលអវិជ្ជមានដល់សុខភាពសាធារណៈ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ នៅទូទាំងសកលលោក។ វិស័យទេសចរណ៍ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំ​ផុត​ដោយសារជំងឺកូវីដ-១៩ បានផ្អាកការធ្វើដំណើរ ទាំងក្នុងប្រទេស និងក្រៅប្រទេស ស្ទើរតែទាំងស្រុង ដែល​បង្ខំឱ្យអាជីវកម្មទេសចរនិងធុរកិច្ចពាក់ព័ន្ធ បិទទ្វារនិងរុញច្រានបុគ្គលិករាប់ម៉ឺននាក់ឱ្យបាត់បង់ការងារ។

ប្រឈមនឹងវិបត្តិសកលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦កន្លងទៅ ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់វិធានការដ៏មានប្រសិទ្ធិភាពជាបន្តបន្ទាប់ដោយរួមមានយុទ្ធសាស្រ្តក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលអនុញ្ញាតិឲ្យកម្ពុជាអាចបើកប្រទេស បានយ៉ាងពេញលេញចាប់ពីចុងឆ្នាំ២០២១ មក។ ប៉ុន្តែទោះបីជាវិបត្តិសកលនេះ កំពុងស្រាកស្រាន្ត គួរឱ្យកត់សម្គាល់ ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកលនៅតែមានភាពផុយស្រួយ និងងាយរងនូវវិបត្តិថ្មី ដូចជាបញ្ហាសង្រ្គាមដែលធ្វើឲ្យយើងបន្តប្រឈមនឹងបញ្ហាថ្មីៗ និងកាន់តែស្មុគស្មាញ ដែលកំពុងកើតឡើងជា បន្តបន្ទាប់ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភូមិសាស្ត្រនយោបាយ ដែលនឹងបន្តជះឥទ្ធិពល ជាអវិជ្ជមានមកលើវិស័យទេសចរណ៍សកលលោក រួមទាំងកម្ពុជាផងដែរ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(៤) មិនអាចទុកអោយសេដ្ឋកិច្ចជាតិទាំងមូលពឹងផ្អែកតែលើវិស័យណាមួយ

ក្នុងន័យនេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ចគឺជាកិច្ចការសំខាន់ (…) យើងមិនអាចដាក់ពង់មាន់ក្នុងកន្ដ្រកតែមួយបានទេ​។ ប្រសិនបើយើងដាក់ពងមាន់ទាំងអស់ក្នុងកន្ដ្រកតែមួយ បើកន្ដ្រកនេះមានបញ្ហា (ស៊ុតទាំងអស់នឹង)បែក ហើយយើងអត់មានអីហូបទេ។ នៅក្នុងសេដ្ឋកិច្ចជាតិដូចគ្នា។ យើងមិនអាចដាក់សេដ្ឋកិច្ចយើងឱ្យពឹងផ្អែកទៅលើវិស័យណាតែមួយបានទេ។ ជាក់ស្ដែង ក្នុងពេលកូវីដ-១៩ និយាយរួម វិស័យទេសចរណ៍សូន្យតែម្ដង។ យើងបិទជើងយន្តហោះពីខាងក្រៅ។ ក្នុងប្រទេសក៏យើងត្រូវបិទដំណាក់កាលខ្លះមិនឱ្យចេញ-ចូល។ ក្នុងដំណាក់កាលនោះ វិស័យមួយចំនួននៅដំណើរការបាន។ កសិកម្ម (ជា)ឧទាហរណ៍។ ការចរាចរទំនិញខាង ពាណិជ្ជកម្មឧស្សាហកម្មយើងនៅដំណើរការ។ ក្រោយកូវីដ-១៩ (យើងក៏មក)ប្រឈមនឹងអតិផរណានៅលើ​សកលលោក។ វិបត្តិសង្គ្រាមនៅអឺរ៉ុបនិងនៅមជ្ឈិមបូព៌ា បានជះឥទ្ធិពលទៅដល់ការរីកចម្រើនលើវិស័យមួយចំនួន ដូចជាវិស័យឧស្សាហកម្ម និងការនាំចេញមួយចំនួន។ (ជាបណ្តើរៗ) យើងឃើញថាសក្តានុពលនៃវិស័យទេសចរណ៍ក៏បានកម្រើកឡើងវិញ ហើយនៅក្នុងឆ្នាំ ២០២៤ នេះ ក៏ក្លាយជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលបានដាក់គោលនយោបាយជាបន្តបន្ទាប់ ដូចដែលមានរៀបរាប់ក្នុងអ្វីដែលឯកឧត្តម សុខ សូកេន បានលើក(ឡើង)។

(៥) ទេសចរក្នុងប្រទេសបំពេញចន្លោះប្រហោងមួយចំនួនក្នុងដំណាក់កាលកូវីដ-១៩

នៅក្នុងវេទិកាជួបជាមួយវិស័យឯកជន ខ្ញុំបានដាក់ចេញវិធានការមុតស្រួចមួយចំនួន ដើម្បីជំរុញវិស័យទេស​ចរនេះ (…) ទោះបីជាយើងដាក់ឆ្នាំ២០២៤ ជាឆ្នាំទស្សនាសៀមរាបក៏ដោយ វិស័យទេសចរមិនមែនបានន័យថាយើងយកចិត្តទុកដាក់ជួយតែវិស័យទេសចរនៅសៀមរាបនោះទេ។ (និយាយពី)វិស័យទេសចរគឺត្រូវគិតគ្រប់ទីកន្លែង។ មិនត្រឹមតែគិតសម្រាប់ទេសចរដែលពីក្រៅប្រទេសនោះទេ យើងត្រូវគិតទាំងទេសចរក្នុងប្រទេសផង។ យើងឃើញថាទេសចរក្នុងប្រទេសសំខាន់ណាស់។ នៅក្នុងដំណាក់កាលកូវីដ-១៩ ពេលដែលយើងមិនទាន់បើកជើងហោះហើរពីក្រៅប្រទេស ទេសចរក្នុងប្រទេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំ​ពេញចន្លោះប្រហោងមួយចំនួន។ តាមការសាកសួរ បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនបានស្គាល់ប្រទេសកម្ពុជានៅក្នុងដំណាក់កាលកូវីដ-១៩ នេះទេ។ គាត់បានធ្វើដំណើរស្គាល់ទូទាំងប្រទេសនៅគ្រានោះ​។ ពេលមុន​ ឱ្យតែពេលបុណ្យទាន ពួកគាត់ភាគច្រើនចេញទៅក្រៅប្រទេស។ ខណៈ​យើងបិទការចេញ(ទៅក្រៅប្រទេស) នាដំណាក់កាលកូវីដ-១៩ ពួកគាត់បានធ្វើដំណើរទៅខេត្តមណ្ឌលគិរី បណ្តាខេត្តភាគឦសាន រួចបន្តដំណើរតភ្ជាប់ទៅដល់ខេត្តទិសខាងជើង ឆៀងទៅដល់ទិសខាងលិច។ ប្រជាពលរដ្ឋយើងមួយចំនួន មិនបានចាប់អារម្មណ៍ថាប្រទេសកម្ពុជាបានតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងនិងតាមបណ្ដោយព្រំដែន (…) ជាក់​ស្តែងល្ងាចនេះ (យើងកត់ត្រាតួលេខ)ទេសចរក្នុងប្រទេសជាង១២ ម៉ឺននាក់ ដែលក្នុងនោះ មួយភាគធំគឺទេសចរក្នុងប្រទេសដែលមកលេង។

(៦) ការផលិតនិងប្រើប្រាស់ផលិតផលទេសចរណ៍ក្នុងស្រុក ខុសពីផលិតកម្ម(ក្នុងវិស័យនានា)

ខេត្តកែប ព្រះសីហនុ កោះកុង ជាបណ្ដាខេត្តមានសក្ដានុពល ដែលតម្រូវឱ្យយើងគិតគូរទៅលើកិច្ចការងារ(ទេសចរណ៍)នេះ។ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាកិច្ចការសំខាន់ ហើយទេសចរណ៍គឺជាអ្វីដែលយើងយកចិត្តទុកដាក់។ វិស័យទេសចរនេះគឺមានលក្ខណៈខុសពីវិស័យមួយចំនួន។

ទី១ ការផលិតនិងប្រើប្រាស់ផលិតផលទេសចរណ៍ក្នុងស្រុកខុសពីផលិតកម្ម(ក្នុងវិស័យនានា)។ ឧទាហរណ៍ ក្នុងឧស្សាហកម្ម យើងអាចផលិតសំលៀកបំពាក់ ហើយយកទៅឱ្យគេប្រើប្រាស់នៅក្រៅប្រទេស។ ប៉ុន្តែផលិតផលទេសចរគឺត្រូវផលិតនៅក្នុងប្រទេស ហើយក៏ប្រើប្រាស់នៅហ្នឹងកន្លែងតែម្ដង។ យើងមិនអាចធ្វើភោជនីយដ្ឋាននៅខេត្តកែប ហើយយើងខ្ចប់ភោជនីយដ្ឋាននេះរុញទៅបើកនៅមណ្ឌលគិរីនោះទេ។ យើងមិនអាចផលិតជាផលិតផលទេសចរនៅខេត្តសៀមរាប ហើយរុញទៅឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកនោះទេ។ យើងអាចផលិតកាតាប យើងអាចផលិតអាហារនាំចេញទៅលក់នៅក្រៅ(ប្រទេស)។ លក្ខណៈពិសេសរបស់ផលិតផលទេសចរនេះ គឺនាំមនុស្សមកប្រើប្រាស់នៅហ្នឹងកន្លែង ខុសពីវិស័យមួយចំនួនដែលយើងផលិតសម្ភារៈយកទៅឱ្យមនុស្សប្រើប្រាស់នៅឯក្រៅ(ប្រទេស)។ វត្ថុ សម្ភារ ផលិតផលរត់រកមនុស្ស។ ឯ(ផលិតផលទេសចរនៅ)ទីនេះ គឺមនុស្សរត់រកផលិតផល។ នេះជាសក្ដានុពលមួយ។ យើងជំ​រុញការអភិវឌ្ឍវិស័យទេសចរ ដោយធ្វើការអភិវឌ្ឍនៅហ្នឹងកន្លែង។ បានផលធំនៅហ្នឹងកន្លែង។

(៧) កំណើននៃវិស័យទេសចរអាចប្រែក្លាយជាសក្ដានុពលឬមានអន្តសកម្មជាមួយវិស័យជាច្រើន

ទី២ កំណើននៃវិស័យទេសចរអាចប្រែក្លាយជាសក្ដានុពលនៃវិស័យផ្សេងៗទៀតជាច្រើន។ ឧទាហរណ៍ ប្រ​ជាពលរដ្ឋ១២ ម៉ឺននាក់ដែលមកទីនេះ ភាគតិចណាស់ដែលខ្ចប់បាយពីភ្នំពេញឬពីខេត្តនានាមកទទួលទាន។ បើ​គាត់នៅចាប់ពី ១ថ្ងៃទៅ២ថ្ងៃ ប្រាកដជាគាត់ទិញផលិតផលនៅក្នុង(មូលដ្ឋានឬក្នុង)ប្រទេស(ប្រើប្រាស់ឬទទួលទានជាក់ជាមិនខាន)។ ក្នុងនោះ ដើម្បីបម្រើនិងផ្គត់ផ្គង់ សណ្ឋាគារ/ភោជនីយដ្ឋានត្រូវការសាច់ បន្លែ ត្រូវការវត្ថុធាតុដើមផ្សេងៗ ដែល(សេចក្តីត្រូវការនោះនឹង)ជួយដល់ប្រជានេសាទយើង ជួយដល់កសិករយើងដែលដាំដំណាំនៅខេត្តកែបនេះ។ ខ្ញុំបានដាក់ចេញគោលការណ៍រួចហើយ កាលពីកិច្ចប្រជុំ(រវាងរដ្ឋាភិបាលជាមួយវិស័យឯកជន) អោយខេត្តដែលជាប់សមុទ្រទាំងអស់ ពង្រឹងខ្សែក្រវ៉ាត់បៃតង (…) បានន័យថាពង្រឹងសកម្មភាពនិងការបង្កើតផលិតផលដើម្បីគាំទ្រដល់វិស័យទេសចរណ៍នៅហ្នឹងកន្លែងនេះឯង។ យើងខិតខំយ៉ាងណាកាត់បន្ថយ(ការនាំយក)ផលិត​ផល(ពីទីផ្សេង)។ កុំអោយមានការចាំបាច់នាំយកបន្លែពីក្រៅប្រទេស។ ខិតខំ​ឱ្យប្រជាកសិករ ប្រជានេសាទ ក្លាយជាអ្នកផ្គត់ផ្គង់នៅហ្នឹងកន្លែង គឺនៅខេត្តកែបនិងបណ្តាខេត្ត(នៅជាប់)សមុទ្រ (…)។ សិប្បកម្មក៏ដូចគ្នា។ នៅតាមតំបន់ទេសចរនៅកែប នៅសៀមរាប យើងអាចជំរុញតំបន់ជុំវិញទាំងនោះ ឬជិតនោះ ផលិតវត្ថុអនុស្សាវរីយ៍ សម្ភារផ្សេងៗ ដែលជួយដល់វិស័យទេសចរ។

ការរៀបចំទីកន្លែងបម្រើឱ្យវិស័យទេសចរជាកិច្ចការមានលក្ខណៈសំខាន់ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងតែជំរុញ និងកំណត់ថាជាគោលដៅអាទិភាព ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ បង្កើនការ​ងារ កាត់បន្ថយភាពក្រីក្រដោយប្រសិទ្ធភាពនិងចីរភាព។ ការជំរុញ(សកម្មភាពនិងបណ្តាផលិតផលនានានៃ)វិស័យទេសចរនៅហ្នឹងកន្លែង នៅតាមបណ្ដាខេត្ត (…) នឹងជួយលើកកំពស់សេដ្ឋកិច្ចរបស់ខេត្ត របស់មូលដ្ឋាន ទាញយកសក្ដានុពលដែលមាននៅមូលដ្ឋាន ប្រើប្រាស់ជាផលប្រយោជន៍របស់ប្រជាជននៅមូលដ្ឋាន ចូលរួមនៅក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋឱ្យបានច្រើន។

(៨) ទេសចរមានតួនាទីរួមចំណែកលើកកិត្តិនាមជាតិ

ទី៣ ការលើកកិត្តិនាមរបស់ប្រទេសជាតិក៏ជាតួនាទីមួយយ៉ាងសំខាន់ តាមរយៈទេសចរផងដែរ។ ពិតណាស់ក្រសួងទេសចរ រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម បានចេញទៅផ្សព្វផ្សាយ ធ្វើការតាំងពិពណ៌ផ្សេងៗ នៅក្រៅប្រទេស។ ប្រជាជនបរទេសជាច្រើនបានឃើញស្តង់(តាំងបង្ហាញផលិតផល)របស់យើងនៅតាមប្រ​ទេសនានា។ ពាក្យខ្មែរ(មាននិយាយ)ថា “ឮមួយរយដងមិនស្មើនឹងឃើញម្ដងនោះទេ”។ ការទាញទេសចរមកពីក្រៅប្រទេស ឬមួយក៏ទាញទេសចរពីខេត្តផ្សេងមកកាន់កែប ឬមួយទាញទេសចរពីខេត្តផ្សេងនៅក្នុងប្រទេសទៅកាន់តំបន់ភូមិភាគឦសាន ដែលពីមុនគិតថាកម្ពុជានៅដាច់ដោយដុំ ជាតំបន់មិនអភិវឌ្ឍន៍ មិនទាន់បានឃើញស្ពានឆ្លងទន្លេសេកុង ទន្លេមេគង្គ ការតភ្ជាប់ផ្លូវនានា ឱ្យបានទៅឃើញម្ដងមានតម្លៃច្រើនជាងការនិយាយឬមើលតាមរូបភាពម្ដង

ដូចគ្នាដែរ ប្រជាពលរដ្ឋនៅក្រៅប្រទេស ពេលដែលមកកម្ពុជានឹងចាប់អារម្មណ៍ថាតើកម្ពុជាជាអី? បទពិ​សោធន៍ខ្ញុំជាក់ស្ដែង កាលខ្ញុំរៀននៅ (…) ប្រទេសអង់គ្លេស ទៅដល់ព្រលានយន្តហោះដំបូង Passport របស់ខ្ញុំត្រូវបានប៉ូលីសអន្តោប្រវេសន៍មើលប្រហែលជា១៥ នាទី (ហើយត្រូវបានគេដកទុក)។ ខ្ញុំភ័យ។ ខ្ញុំឆ្ងល់ថាមានបញ្ហាអី។ គាត់ហៅគ្នាមកមើលទៀត។ ខ្ញុំក៏សួរ។ តើខ្ញុំមានបញ្ហាអី? ព្រោះ Visa ខ្ញុំបានសុំស្រួល(បួល)។ គាត់ថាអត់មានបញ្ហាអីទេ គ្រាន់តែគាត់មិនដែលឃើញ Passport កម្ពុជា។ អ្នកឯងគឺជាមនុស្សទី១ដែលខ្ញុំឃើញកាន់ Passport កម្ពុជាមករៀននៅអង់គ្លេស។ គាត់សួរថា ប្រទេសអ្នកឯងឈប់មានសង្រ្គាមហើយឬ? (ប៉ូលីសអន្តោប្រវេសន៍នោះ)ពិចារណាចង់មក(ទស្សនាកម្ពុជានៅ) ២ឆ្នាំក្រោយ។ ស្ថានភាពប្រ​ទេសរបស់យើងបានប្រែប្រួលពីឆ្នាំ ១៩៩៨ (…) ដោយយើងទើបចប់សង្រ្គាម។ នៅខ្ទង់ឆ្នាំ ២០០៤-២០០៥ ដែលខ្ញុំចេញចូល(ប្រទេសអង់គ្លេស)ញឹកញាប់និងបានជួប(ប៉ូលីសអន្តោប្រវេសន៍)ដដែលនោះ គាត់បានប្រាប់ថាគ្រួសារបានមកស្រុកខ្មែរហើយ តែគាត់មិនទាន់បានទៅ។ គ្រួសារគាត់បានប្រាប់ថាមាន​សុវត្ថិភាពល្អណាស់។ គាត់នឹងដាក់ផែនការទៅ(ទស្សនាស្រុកខ្មែរដែរ)។

(៩) ទេសចរណ៍បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងផ្សព្វផ្សាយពីកម្ពុជាថាជាប្រទេសមានអារ្យធម៌វប្បធម៌ ប្រវត្តិសាស្រ្តយូរអង្វែង …

ការលើកកម្ពស់កិត្តិនាមរបស់ជាតិ បង្កើតការចាប់អារម្មណ៍ ក៏ដូចជាភាពជឿជាក់របស់ប្រជាពលរដ្ឋ ជាពិ​សេសស្ថានភាពដូចប្រទេសកម្ពុជា ដែលមានប្រវត្តិធ្លាប់ជាប្រទេសកើតសង្រ្គាម ជាប្រទេសអស្ថិរភាព (ជាកិច្ចការចាំបាច់)។ នៅក្រៅប្រទេស ប្រវត្តិសាស្រ្តភាគច្រើននិយាយពីកម្ពុជាដោយផ្សារភ្ជាប់ជាមួយសង្រ្គាមនៅវៀតណាម។ គេស្គាល់ ប៉ុល ពត។ បើប្រាប់គេថាមកពីកម្ពុជា គេច្រឡំថា កូឡុំប៊ី។ ប្រាប់គេថាមកពីកម្ពុជាគេអត់ស្គាល់។ បើ(និយាយឈ្មោះ)ប្រទេសជិតខាងគេស្គាល់។ តែបើខ្ញុំនិយាយពាក្យ ប៉ុល ពត គេស្គាល់​ ក្នុងពេលឆ្នាំ ១៩៩០ ជាង (…)។

ឥឡូវ គេស្គាល់កម្ពុជា (និងប្រាប់ថា) “ខ្ញុំទៅភាគច្រើនគឺអង្គរវត្តមុនគេ” ដោយសារការផ្សព្វផ្សាយ។ ទេសចរច្រើនដែលបានមកកម្ពុជា ហើយត្រឡប់ទៅវិញឃោសនាពីមាត់មួយទៅមាត់មួយ។ នេះសំខាន់ណាស់។ ឱ្យគាត់ឃើញជាក់ស្ដែង ទុកចិត្តជាក់ស្ដែង (…) ការផ្សព្វផ្សាយព័ត៌មាននោះមួយហើយ ប៉ុន្តែការបានទៅដល់ ជាក់ស្ដែងនេះគឺជាការសំខាន់។ នេះជាសក្ដានុពលរបស់វិស័យ​ទេសចរណ៍ដែលយើងត្រូវតែលើកកម្ពស់​ត្បិតទេសចរណ៍មិនត្រឹមតែធ្វើអោយមានកំណើនសេដ្ឋកិច្ច បង្កើតការងារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រនោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅលើពិភពលោកអំពីកម្ពុជា ថាជាប្រទេសមានអរិយធម៌ខ្ពង់ខ្ពស់ វប្បធម៌រង្គរឿង ប្រវត្តិសាស្រ្តយូរអង្វែង និងទាក់ទាញទាំងទេសចរ និងការវិនិយោគផ្សេងៗ​ ឱ្យមានភាព​កក់ក្ដៅជាមួយយើង។

(១០) ធ្វើពិពិធកម្មផលិតផលទេសចរ ក្រៅពីប្រាង្គប្រាសាទ

និយាយពីវិស័យទេសចរណ៍ និងពិពិធកម្ម(សកម្មភាពសេដ្ឋកិច្ច) យើងក៏ត្រូវនិយាយពីពិពិធកម្មក្នុងវិស័យឯទៀត​ផងដែរ។ ពិតណាស់ ពិពិធកម្មសេដ្ឋកិច្ច និយាយពីការអភិវឌ្ឍវិស័យផ្សេងៗ ប៉ុន្តែក្នុងវិស័យទេស​ចរណ៍ និងវិស័យ​នីមួយៗ ក៏យើងត្រូវនិយាយពីពិពិធកម្ម។ អ្វីដែលជានិមិត្តរូបប្រទេសជាតិគឺអង្គរវត្ត។ មនុស្សភាគច្រើនស្គាល់អង្គរវត្ត។ ថ្មីៗនេះ យើងបានដាក់ប្រាសាទកោះកេរ ប្រាសាទផ្សេងៗទៀតមួយចំនួនក្នុង(បញ្ជី)បេតិកភណ្ឌពិភពលោក ហើយបានធ្វើការផ្សព្វផ្សាយជាច្រើន។ ប៉ុន្តែ ដើម្បីទាក់ទាញទេសចរឱ្យមក យើងមិនអាចមានតែប្រាសាទតែម្យ៉ាងនោះទេ។ យើងត្រូវមានផលិតផលជាច្រើនដើម្បីទាក់ទាញ។ មនុស្សមិនអាចទៅមើលអង្គរវត្ត ១០០ដងទេ ហើយក៏មិនអាចទៅមើលអង្គរ៣ ថ្ងៃជាប់គ្នាដែរ។ អញ្ចឹងត្រូវការមានផលិតផលផ្សេងៗ ដើម្បីបម្រើសេចក្ដីត្រូវការរបស់គាត់។ អញ្ចឹង ទាមទារការរៀបចំគោលដៅទេសចរណ៍ (…) អោយបានច្រើននិងឱ្យសម្បូរបែប រួមទាំងព្រឹត្តិការណ៍ផ្សេងៗ។

កន្លងទៅ នៅកម្ពុជាមានដូចជាព្រឹត្តិការណ៍បុណ្យអុំទូក ដែលទើបបញ្ចប់, ការរៀបចំសង្ក្រាន្ត ព្រឹត្តិការណ៍បុណ្យទន្លេ បុណ្យសមុទ្រ ដែលយើងរៀបចំនៅថ្ងៃនេះ​។ ព្រឹកមិញ នៅអង្គរវត្ត ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន (បានអោយដឹងថា)គណៈកម្មាធិការអូឡាំពិចរបស់យើង បានរៀបចំដោយជោគជ័យនៅទីនោះនូវកម្មវិធី រត់ម៉ារ៉ាតុនលើកទី២៨ ដែលមានប្រជាពលរដ្ឋ/កីឡាករចូលរួមជាង១ ម៉ឺននាក់ ក្នុងនោះមានកីឡាករមកពីក្រៅប្រទេសជិត ៤ពាន់នាក់ចូលរួមផង​។ យើងត្រូវធ្វើព្រឹត្តិការណ៍ទាំងអស់នេះហើយដើម្បីឱ្យមាន(ការទាក់ទាញអ្នកទេសចរ)។ យើងមានសមុទ្រនៅ ៤ខេត្ត សូម្បីតែអ្នកនៅភ្នំពេញក៏ត្រូវការទៅលេង ដោយម្ដងទៅលេងនៅកំពត ម្តងទៅកំពង់សោម/ព្រះសីហនុ​ (និង)ម្ដងមកលេងនៅទីនេះ។ បើមកកែបក៏ត្រូវមានផលិតផលជាច្រើនជូនគាត់។

(១១) ១០០ ថ្ងៃនៃការខិតខំបន្តនិរន្តរភាពបុព្វហេតុរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់វិស័យ

អសញ្ចឹង (ពិធីបុណ្យសមុទ្រ)ថ្ងៃនេះគឺជានិមិត្តរូបនៃការរៀបចំក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ក្នុងវិស័យទេស​ចរណ៍ (…) សូមអរគុណចំពោះក្រសួងទេសចរណ៍សាជាថ្មី ចំពោះគណៈកម្មការរៀបចំបវរកញ្ញាក្នុងខេត្ត និងកោតសរសើរដល់ (រដ្ឋមន្ត្រីក្រសួងទេសចរណ៍)ឯកឧត្តម សុខ សូកេន។ (រាប់ថារយៈពេល) ១០០ថ្ងៃដូចគ្នា។ (វា) ១០៣ថ្ងៃចុះ តែ(យើង)យកលេខមូលគឺ ១០០ថ្ងៃ។ គឺ១០០ថ្ងៃនៃការបន្តសមិទ្ធផលដែលបានកសាង ៤០ឆ្នាំជាងក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ១០០ ថ្ងៃនៃការខិតខំជំរុញ(…)បន្តនិរន្តរភាពនៃបុព្វហេតុ​ដែលរាជរដ្ឋាភិបាលអាណត្តិមុនៗ (បានប្រឹងប្រែងដើម្បី)អភិវឌ្ឍសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់វិស័យ ដោយក្នុងវិស័យទេសចរណ៍ឯកឧត្តម សុខ សូកេន ទទួលដឹកនាំបន្តពីឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន អតីតរដ្ឋមន្រ្តី(ក្រសួងទេសចរណ៍) ដែលបានកសាងសមិទ្ធផលដ៏ច្រើននេះ។

ក្នុង ១០០ថ្ងៃនេះ មិនមែនស្ងៀមទេ។ ឯកឧត្តម សុខ សូកេន ជាអ្នកនិយាយតិច តែធ្វើច្រើន។ មិនសូវឮគេនិយាយប៉ុន្មានទេ ប៉ុន្តែបន្ដិចក៏ចុះទៅជួបសមគមន៍កំពង់ភ្លុក បន្តិចក៏ទៅជួបនៅបឹងទន្លេសាប បន្តិចជួបជា​មួយប្រតិបត្តិករសហគមន៍ក្នុងវិស័យទេសចរណ៍នៅសៀមរាប នៅកែប នៅ(ទី)នេះ(ទីនោះ) ចុះក្ដាប់ ចុះជួបផ្ទាល់ ចុះធ្វើការផ្ទាល់ ចុះរៀបចំផែនការផ្ទាល់ ជាមួយមន្រ្តីក្នុងក្រសួងស្ថាប័ន មន្ទីរពាក់ព័ន្ធ … ដូចសម្ដេចតេជោ តែងតែមានប្រសាសន៍ថាកុំឱ្យធ្វើជា “មន្រ្តីជើង១០ (តែជា)មន្រ្តីជើង ២”។​ ក្នុងកំឡុង ១០០ថ្ងៃនេះ ក្រសួងទេសចរណ៍បានបញ្ជាក់ថាជាក្រសួងដែលដឹកនាំដោយមន្រ្តីជើង២ ចុះគ្រប់កន្លែង (…)។

(១២) រៀបចំតំបន់ឆ្នេរសមុទ្រក្នុងខេត្ត៤ ជាគោលដៅទេសចរណ៍​សកល ទាក់ទាញនិងសម្បូរបែប លើកកម្ពស់ភាពធន់និងកំណើនសេដ្ឋកិច្ចកម្ពុជា លើគោលការណ៍«ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»

ខ្ញុំក៏សូមកោតសរសើរនៅក្នុងការរៀបចំជាយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍន៍ទៅវិស័យនេះ (ដែលមានខ្លឹមសារបំព្រួញថា) “បង្កើន៥ និងអភិវឌ្ឍ៣”​ ដើម្បីវិស័យទេសចរណ៍។ នៅក្នុងស្លោកនេះ គឺធ្វើយ៉ាងណាឱ្យតំបន់ទេសចរណ៍យើងទាំងឡាយទាញយកបានសក្ដានុពល ជាពិសេសរៀបចំចូលរួមដើម្បីជម្រុញសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩។ ការរៀបចំតំបន់ឆ្នេរសមុទ្រកម្ពុជា​ក្នុងខេត្ត៤ គឺព្រះសីហនុ កំពត កែប និងកោះកុង ដែលយើងប្រសិទ្ធនាមថាតារារះនៅទិសនិរតី ឱ្យបានប្រសើរ និងក្លាយទៅជាគោលដៅទេសចរណ៍​សកល ឈានមុខប្រកបដោយភាពទាក់ទាញ សម្បូរបែប រួមចំណែកដល់ការលើកកម្ពស់ភាពធន់ និងកំណើនសេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»។ នេះគឺជាកិច្ចការសំ​ខាន់ ដូចនៅក្នុងការខិតខំរៀបចំនូវបុណ្យសមុទ្រ នៅក្នុងឱកាសនេះផងដែរ។ ខ្ញុំក៏សូមយកឱកាសនេះ ធ្វើការកោតសរសើរដល់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តកែប ដែលបានខិតខំបំពេញកិច្ចការកសាង និងអភិវឌ្ឍន៍ខេត្តកែបលើគ្រប់វិស័យ ជាពិសេសការរៀបចំសោភណភាព និងបរិស្ថាននៅក្នុងខេត្តកែប ដែលនាំឱ្យខេត្តទទួលបានជ័យលាភី ពានរង្វាន់ថ្នាក់ជាតិ ថ្នាក់តំបន់ជាបន្តបន្ទាប់ ជាក់ស្តែង ការខិតខំរៀបចំនៅកន្លែងនេះ (…) ដែលបានធ្វើមកប៉ុន្មានឆ្នាំហើយ។

(១៣) វត្តមានប្រជាពលរដ្ឋរាប់សែននាក់ជាមួយថ្នាក់ដឹកនាំឃើញការអភិវឌ្ឍជាក់ស្ដែង ពិសេសផលប្រ​យោជន៍ដែលអ្នកកែបបានទទួលពីការអភិវឌ្ឍ ជាអ្វីដែលចង់បាន

ម្សិលមិញ (បណ្ឌិត សោម ពិសិដ្ឋ )សោកស្ដាយ(ដែលមានការរំខានពីធម្មជាតិ និងដែល)ខំរៀបចំ ៣ឆ្នាំហើយ តែពិធីបើកមិនបានប្រព្រឹត្តទៅស្រួលបួល។ ខ្ញុំថាកុំភ័យ ខ្ញុំនឹងមកបិទនៅថ្ងៃនេះដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែង។ យើងត្រូវចូលរួមជាមួយគ្នា។ វត្តមានខ្ញុំតែម្នាក់ មិនមែនជាវត្តមានដែលសំ​ខាន់ធំដុំអីនោះទេ។ សំខាន់គឺវត្តមានប្រជាពលរដ្ឋរាប់សែននាក់មកទីនេះ ជាមួយនឹងថ្នាក់ដឹកនាំ មកឃើញការអភិវឌ្ឍជាក់ស្ដែង ហើយជាពិសេសផលប្រយោជន៍ដែលអ្នកកែបបានទទួលពីការអភិវឌ្ឍ និងដែលនេះជាអ្វីដែលយើងចង់បានសម្រាប់ខេត្ត។ ផលប្រយោជន៍គឺចែកផលលាភទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ការរៀបចំទីតាំងលើឆ្នេរ ២៧០០ ម៉ែត្រនេះ ហើយដែលក្រោយពីចប់ទៅត្រូវប្រែក្លាយជាផលប្រយោជន៍សា​ធារ​ណៈ។ ផែនការមេដែលបានរៀបចំហើយ តាមបណ្ដោយឆ្នេរ ២៧០០ ម៉ែត្រ ត្រូវរៀបចំជាសួនច្បារ និងកន្លែងសាធារណៈឲ្យបាន កុំឲ្យមានកាត់កន្លែងណា

ខ្ញុំសូមអរគុណសម្រាប់ការរៀបចំ ពិសេសការចូលរួមបដិភាគតាមរូបមន្ត «ស្លឹកត្នោតខ្ចប់ស្ករត្នោត» ដែលសម្ដេចតេជោបានបង្កើតឡើងដោយមិនចាំបាច់ប្រើប្រាស់ថវិកាជាតិ ដើម្បីចែកបដិភាគក្នុងចំណោមប្រជាពលរដ្ឋ តាមលទ្ធភាពចូលរួមក្នុងការកសាងសមិទ្ធផលជូនសាធារណៈ។ ខ្ញុំគិតថា កន្លែងសំខាន់ដែលនឹងអាចបង្កើតបន្ថែមនូវសក្ដានុពលរបស់ខេត្តកែបទាក់ទាញការរៀបចំកម្មវិធីសម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំឃើញមានរៀបចំបណ្ដើរៗ តែមិនទាន់បញ្ចប់ទេ។ អញ្ចឹងគឺមានផែនការរៀបចំសួន ហើយរៀបចំផ្លូវបេតុងផ្សេងៗ សម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ត រត់កីឡានៅទីនេះ​។ អាចរៀបចំពិធីធំៗនៅទីនេះតែម្ដង ដូចយើងរៀបចំនៅថ្ងៃនេះ។ អញ្ចឹងគឺខិតខំកសាងបន្តទៀត។

(១៤) រៀបចំផែនការមេខេត្ត ៤ជាប់សមុទ្រឱ្យចប់ត្រឹមឆ្នាំ២០២៤ ទាញយកផលទាំងចំពោះមុខទាំងរយៈពេលវែង

អំពីការរៀបចំនៅក្នុងទីនេះ ខ្ញុំសូមផ្ដល់គោលការណ៍មួយចំនួន។ ចំពោះខេត្តកែប យើងមានផែនការមេសម្រាប់អភិវឌ្ឍទេសចរណ៍ខេត្តកែបឆ្នាំ ២០២៣-២០៣៥​ ដែលបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាប់កម្សាន្តបែបកម្រិតខ្ពស់។ ខ្ញុំសូមឲ្យគណៈអភិបាលរាជធានី/ខេត្ត គណៈកម្មាធិការជាតិអភិវឌ្ឍនិងគ្រប់គ្រងឆ្នេរ រៀបចំផែនការមេមួយដើម្បីខេត្តជាប់ឆ្នេរទាំង ៤ ក្នុងនោះបានរៀបចំផែនការអភិវឌ្ឍខេត្តព្រះសីហនុទៅជាខេត្តដែលមានសក្ដានុពលពហុបំណង។ ឥឡូវត្រូវភ្ជាប់ខេត្ត ៣ទៀត ដែលកំពុងកសាងផែនការមេ និងសង្ឃឹមថាចប់នៅឆ្នាំ២០២៤ នេះ។ កសាងផែនការមេដើម្បីអី? ដើម្បីថែរក្សាតម្លៃ ទាញឲ្យបាននូវសក្ដានុពលនៅកន្លែងនីមួយៗ ឲ្យអស់លទ្ធភាព គឺមិនត្រឹមតែទាញផលប្រយោជន៍រយៈពេលខ្លីចំពោះមុខនោះទេ តែត្រូវថែរក្សា(ផលប្រយោជន៍)រយៈពេលវែងឲ្យបាន (ថែមទៀត)។ នេះគឺជាគោលការណ៍សំខាន់របស់យើង។

ខេត្តទាំង៤ របស់យើង បើផ្គុំគ្នាមិនធំទេ។ យើងមានឆ្នេរ មានសក្ដានុពលធ្វើជាកំពង់ផែ មានសក្ដានុពលទេសចរណ៍ពហុបំណង មានទេសចរណ៍ផ្សេងៗ។ ការរៀបចំផែនការមេនេះ គឺធានាការអភិវឌ្ឍមានផែនការច្បាស់លាស់ និងកុំឲ្យខេត្តទាំង ៤គឺជាខេត្តប្រកួតប្រជែងគ្នា ប៉ុន្តែជាខេត្តដែលគាំទ្រគ្នាទៅវិញទៅមកដើម្បីបង្កើតខេត្តឆ្នេរសមុទ្រ ដែលប្រមូលកម្លាំងសរុបជួយជំរុញសក្ដានុពលជាប់សមុទ្ររបស់ព្រះរាជាណាចក្រកម្ពុជា (…) ទាញយក(សក្តានុពល)ថាតើខេត្តណាមានសក្ដានុពលអី? តម្រង់ទិសការវិនិយោគនិងការអភិវឌ្ឍឲ្យចំតែម្ដង។ ខេត្តណាមានសក្ដានុពលអី យើងរៀបចំផែនការមេដើម្បីជួយទៅដល់ការអភិវឌ្ឍនោះតែម្ដង។

(១៥) ដើរយឺត តែលំដាប់លំ​ដោយ មានផែនការ មានចក្ខុវិស័យ ដើរបានឆ្ងាយ មិនហត់ដោះបញ្ហា

និយាយដោយឡែក ខេត្តកែបដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិ ក៏ដូចជាមានសក្ដានុពលទៅលើការអភិវឌ្ឍទេសចរណ៍ និងផលិតនូវផលិតផលទេសចរណ៍មួយចំនួន ត្រូវគិតគូរ(ពីការ)ធានាឲ្យបាននូវតម្លៃរយៈពេលវែង ជាជាងឲ្យតម្លៃទៅលើផលចំណេញរយៈពេលខ្លី។ បទពិសោធន៍ពីប្រទេសជាច្រើន បង្ហាញថាកន្លែងខ្លះអភិវឌ្ឍលឿនរហូតគ្រប់គ្រងមិនបានក្នុងរយៈពេលវែង។ ទាញផលបានតែត្រឹម ១០ ទៅ ២០ឆ្នាំ ក៏អស់សក្ដានុពល។ អញ្ចឹង យើងគឺត្រូវធ្វើយ៉ាងណាអោយការវិវត្តន៍របស់ប្រទេសជាតិ សូម្បីតែពេលខ្លះអាចដើរយឺតបន្តិច ក៏នៅតែមានល្បឿនលឿន។ បានន័យថាម៉េច? គឺដើរយឺត តែមានសណ្ដាប់ធ្នាប់ មិនច្របូកច្រ​បល់។ ដើរលឿនពេក ប្រញាប់ពេក វានាំដល់ការខ្ទាស់គ្នា បុកគ្នា។ យូរទៅ វាលែងលឿនវិញ រវល់តែដោះស្រាយបញ្ហាដែលខ្ទាស់គ្នា ដែលប្រកួតប្រជែងគ្នា។

ខ្ញុំតែងតែថា (…) ដើរយឺត (តែ)ដើរដោយលំដាប់លំ​ដោយ ដោយមានផែនការច្បាស់លាស់ ដើរដោយមានចក្ខុវិស័យ​ច្បាស់លាស់ ដើរដោយដោយមានការសហការច្បាស់លាស់។ យើងដើរបានដោយវែងឆ្ងាយ ដោយមិនហត់រវល់តែឈប់ដោះស្រាយបញ្ហាផ្សេងៗដោយសារតែយើងប្រញាប់រៀងៗ ខ្លួនពេក។ ហ្នឹងហើយដែលផែនការមេខេត្តទាំង ៤ ត្រូវរៀបចំ ហើយអនុវត្តឲ្យបានដើម្បីយើងធានា(ការរីកចំរើន)យូរអង្វែង។ ខេត្តកែបនឹងឈរនៅរាប់ពាន់ឆ្នាំទៀត។ ខ្ញុំតែងនិយាយលេងថា យើងម្នាក់ៗ យ៉ាងច្រើន(អាចនៅ)បាន ១៥០ឆ្នាំ … នៅក្នុង ១៥០ឆ្នាំនេះ យើងធ្វើយ៉ាងណាឲ្យអ្នកដែលនៅខេត្តកែបទាំងប្រជាពលរដ្ឋ ទាំងរដ្ឋបាលខេត្ត អភិវឌ្ឍទៅតាមលំដាប់លំដោយ ដើម្បីឲ្យខេត្តកែបរក្សាតម្លៃនិងអភិវឌ្ឍយូរអង្វែង ជាខេត្តមួយមានលក្ខណៈពិសេស ហើយដែលយើងមានលក្ខណៈពិសេសនេះច្រើន (…) ខ្ញុំសូមធ្វើចំណាប់អារម្មណ៍និងថ្លែងអំណរគុណ កោតសរសើរសាជាថ្មីចំពោះខេត្តកែប គណៈអភិបាលខេត្តកែប ក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលបានរួមគ្នាថែរក្សា អភិវឌ្ឍ រៀបចំសណ្ដាប់ធ្នាប់ បរិស្ថាន សន្តិសុខ និងបម្រើជូនប្រជាពលរដ្ឋ។ ​

[ចប់សេចក្ដីអធិប្បាយ២]

ជោគជ័យនៃការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ចាប់តាំងពីឆ្នាំ២០១១ មក ពិតជា​បានស្តែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួលមុខមាត់ជាបន្តបន្ទាប់របស់តំបន់ឆ្នេរសមុទ្រកម្ពុជា ទាំង​លើ​ទិដ្ឋភាពសង្គម សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួល ស្គាល់ជា​អន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។

ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ប្រារព្ធពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែរួមចំណែក​ដល់ការ​ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួម ដល់ការគាំទ្រ​គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍទេសចរណ៍ ប្រកបដោយ​និរន្តរ​ភាព និងការទទួលខុសត្រូវ។ ជាការពិត សក្តានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរ សមុទ្រកម្ពុជា ដែលខ្ញុំបានលើកឡើង ដែលត្រូវ​បានប្រសិទ្ធនាមជា “តារារះនាទិសនិរតី” (The Rising Star of the Southwest) មាន​លក្ខណៈលេចធ្លោ​ និងមានភាពសម្បូរបែបដែលអំណោយផល ដល់ការអភិវឌ្ឍទេសចរណ៍នៅក្នុងតំបន់។

សូមឆ្លៀតឱកាសនេះ លើកទឹកចិត្តនិងផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែក​ដល់ការលើកកម្ពស់វិស័យ​​ទេសចរណ៍ដូចខាងក្រោម៖

ទី១. យើងត្រូវបន្តរក្សាឲ្យបាននូវសុខសន្តិភាពឲ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ នេះគឺជាកត្តាចាំបាច់។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

(១៦) ភ្នំវល្លិ៍ ខេត្តកែប ប្រែពីសមរភូមិស្លាប់រស់ជាកន្លែងអភិវឌ្ឍ

មជ្ឈដ្ឋានខ្លះ ឲ្យតែខ្ញុំនិយាយពីសុខសន្តិភាព ក៏តាំងចោទថា(ប្រកាន់យកជំហរឬវិធីដឹកនាំ)ផ្ដាច់ការ (និងបំភ័ន្តថា)សង្រ្គាមមិនអាចកើតឡើងទៀតទេ។ សូមត្រឡប់ទៅសួរបុព្វបុរសយើង ៥០០ឆ្នាំ(មុន)។ សួរលោកតា លោកយាយដែលនៅមានវត្តមាន និងដែលលោកកើតមុនឆ្នាំ១៩៧០ តើនៅទសវត្សរ៍ទី៦០ គាត់ដែលបាននឹកគិត​ទេថា ឆ្នាំ១៩៧០ យើងនឹងកើតសង្រ្គាមនៅក្នុងប្រទេស? ប្រហែលជាអត់ទេ។ ក៏គ្មាននរណាចង់​ឲ្យ(សង្គ្រាម)កើតឡើងវិញដែរ។ ម្សិលមិញ ខ្ញុំមកខេត្តកែបតាមឧទ្ធម្ភាគចក្រ (…) កាត់ភ្នំវល្លិ៍។ ភ្នំវល្លិ៍នេះគឺជាអតីតសមរភូមិសំខាន់ណាស់ (…) អ្នកដែលបើកឧទ្ធម្ភាគចក្រឲ្យខ្ញុំ គឺឯកឧត្តម ពិន ណារិទ្ធ។ គាត់ជាអ្នកតស៊ូ អ្នកច្បាំងនៅក្នុងសង្រ្គាមហ្នឹងតែម្តង។ គាត់ថា “សម្តេច ជំនាន់សង្គ្រាមខ្ញុំហោះមកហ្នឹង ២ដង”។ ខ្ញុំសួរថា “មកធ្វើអ្វី?”។ គាត់យកគ្រាប់មកទម្លាក់​ … ដោយសារកន្លែងហ្នឹងកាន់កាប់ដោយខ្មែរក្រហម។ ឈរវាយគ្នានៅកន្លែងហ្នឹង។ សមរភូមិភ្នំវល្លិ៍(មានយុទ្ធជន)ស្លាប់ច្រើននិងរបួសច្រើនណាស់។ អ្នកកែប អ្នកកំពតក៏មានដែរ។ ភាគីទាំងសងខាង ទាំងខ្មែរក្រហមទាំងរដ្ឋកម្ពុជា (…) ម្សិលមិញ ឃើញចំការស្វាយ ចំការម្រេច។ ដើរមើលស្តង់ម្សិលមិញ ម្រេចដាំលើភ្នំវល្លិ៍ដាក់ថាម្រេចកំពត មិនទាន់កែដាក់ថាកែបទេ។ ប្រែពីកន្លែងដែលច្បាំងគ្នាស្លាប់រស់ ទៅជាកន្លែងដែលអាចអភិវឌ្ឍបាន។ មានផ្លូវមួយខ្សែចូលទៅកន្លែងនោះ។ ខ្ញុំជិះកាត់ផ្លូវរទេះភ្លើងមួយដែល កាលពីឆ្នាំ ១៩៩៤ ទេសចរណ៍ជនជាតិបារាំងម្នាក់ អង់គ្លេសម្នាក់ អូស្រ្តាលីម្នាក់ ត្រូវខ្មែរក្រហមចាប់ពីផ្លូវរទេះភ្លើងទៅសម្លាប់ចោលនៅជើងភ្នំក្បែរហ្នឹង។ ដូចនេះ បើគ្មានសន្តិភាពទេ កុំថាមកលេងកែបវិលល្ងាច … កុំថាតែជនជាតិខ្មែរ សូម្បីតែទេសចរបរទេសក៏មិនអាចរស់បានដែរ។ វត្តមាននៃសន្តិភាពនេះត្រូវរក្សាឲ្យបាននៅក្នុងទឹកដីរបស់យើងនៅគ្រប់ទីកន្លែងទាំងអស់

[ចប់សេចក្តីអធិប្បាយ៣]

ទី២. ខ្ញុំសូមស្នើឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំង៤ រួមគ្នារក្សា ឱ្យបាននូវកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងឱ្យស័ក្តិសមនឹង កិត្តិនាមជា “តារារះនាទិសនារតី”។ រាជរដ្ឋាភិបាល អាណត្តិទី៧នេះ នឹងនៅតែចាត់ទុក ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ជាដៃគូដ៏សំខាន់ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរ សមុទ្រកម្ពុជា។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ត្រូវបន្តកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែខ្លាំងក្លា ថែមទៀត ពិសេសក្នុងឋានៈបច្ចុប្បន្នដែលកម្ពុជាកំពុងកាន់តំណែងដ៏សំខាន់ជាអគ្គលេខាធិការក្នុងស្ថា​ប័នអន្តរជាតិមួយនេះ។

ទី៣. ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ ជាពិសេស ការកសាងហេដ្ឋា រចនាសម្ព័ន្ធចាំបាច់សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។ ការតភ្ជាប់ត្រូវពង្រីកពីតំបន់មួយ ទៅតំបន់មួយ ទាំងការតភ្ជាប់តាមផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ដើម្បីបង្កភាពងាយស្រួលដល់ ទេសចរធ្វើដំណើរផ្ទៃក្នុង​ប្រទេសពីតំបន់ប្រាសាទ និង តំបន់ទេសចរផ្សេងទៀត មកកាន់តំបន់ឆ្នេរ។

ទី៤. ត្រូវជំរុញការផលិតផលិតផលទេសចរឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់ទេសចរ សម្រាប់ជំរុញ «ការនាំចេញនៅនឹងកន្លែង» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអា​ណត្តិទី៧នេះ។ ការណ៍នេះផ្តល់ឱកាសកាន់តែច្រើនដល់ប្រជាពលរដ្ឋក្នុងការបង្កើត មុខរបរ និងផលិត ផលិតផលទេសចរឱ្យមានស្តង់ដាល្អសម្រាប់បម្រើ និងបំពេញតម្រូវការភ្ញៀវទេសចរ អន្តរជាតិ ដែលកំពុង ត្រលប់មកកម្ពុជាវិញជាបណ្តើរៗ រួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់ផងដែរ។ បន្ថែមលើនេះ ខ្ញុំ​លើកទឹកចិត្តឱ្យជំរុញកសិ-ទេសចរណ៍ឱ្យបានទូលំទូលាយ ជាពិសេសនៅកន្លែងដែលមានតំបន់ ដែលមាន​សក្តា​នុពលសម្រាប់ទេសចរណ៍ និងកសិកម្ម។

ទី៥. អាជ្ញាធរមូលដ្ឋាន ជាពិសេសនៅតំបន់ទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការ ថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់ភ្ញៀវទេសចរ។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមាន ការពង្រឹងសុវត្ថិ​ភាពនៅ​គ្រប់​គោលដៅទេសចរណ៍ទាំងអស់ និងមិនត្រូវឱ្យតំបន់គោលដៅទេសចរណ៍ទាំងនោះ រួមទាំងតំបន់តាម​ឆ្នេរ​សមុទ្រកម្ពុជា ក្លាយជាតំបន់ជ្រកកោននៃអ្នកប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លង​ដែន​ឡើយ។

ទី៦. ខ្ញុំសូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រ​ភេទ បងប្អូនជនរួមជាតិទាំងអស់ និងវិស័យឯកជន ចូលរួមឱ្យបានផុសផុលប្រកបដោយ ស្មារតីទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បីឱ្យពិធីបុណ្យសមុទ្រនៅឆ្នាំនេះទទួលបានជោគជ័យ ជាពិសេសត្រូវរួមគ្នា ដើម្បីវិស័យ​ទេស​ចរណ៍ ស្របតាមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» និង «ទេសចរណ៍ ដើម្បីយើងទាំងអស់គ្នា» ផងដែរ។ បន្ថែមលើនេះ ខ្ញុំសូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ទេសចរជាតិ-អន្តរជាតិ អាជ្ញាធរ​មូល​ដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងសហការថែរក្សា សោភ័ណភាព អនាម័យ បរិស្ថាន ដែលជាកត្តាចម្បងមិនអាចខ្វះបាន ក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្រ ឱ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្ត​ជា​មរតកដល់កូនចៅជំនាន់ក្រោយ។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថាកម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែង លើកិច្ចការពារ និងអភិរក្សបរិស្ថានធនធានធម្មជាតិ ដោយឈរលើគោលការណ៍ «ការអភិវឌ្ឍបម្រើឱ្យ ការអភិរក្ស រីឯ​ការអភិរក្សបម្រើឱ្យការអភិវឌ្ឍ» ដោយយើងត្រូវរួមគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ដើម្បីឱ្យ​ឆ្នេរ​សមុទ្រកម្ពុជាបន្តជាឆ្នេរសមុទ្រដែលស្អាតលើសាកលលោក និងជា «តារារះពីទិសនិរតី»។

ខ្ញុំនៅតែមានសង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធពិធីបុណ្យសមុទ្រនឹងជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយ​សម្រាប់កម្ពុជា ក្នុងការធ្វើឱ្យឆ្នេរសមុទ្រកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកប ដោយគុណភាព ដែលរួមចំណែកការបង្កើនការងារ ប្រាក់ចំណូល ការចូលរួមកាត់បន្ថយភាពក្រីក្រនិងការការពារបរិស្ថាន​ធនធានធម្មជាតិ ។

មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រទេសជាមិត្តទាំងអស់ដែលបានចូលរួម ជា ពិសេសប្រទេសចិន និងប្រទេសឥណ្ឌា ដែលបានគាំទ្រ និងចូលរួមសម្តែងសិល្បៈនៅក្នុងពិធីបុណ្យសមុទ្រ  តាមរយៈការចាត់​បញ្ជូន​ប្រតិភូក្រុមសិល្បករ-សិល្បការនី មកចូលរួមប្រកបដោយស្មារតី សាមគ្គីភាព មិត្តភាព និងកិច្ចសហ​ការ​ដ៏​កក់ក្តៅបំផុត។ ជាមួយគ្នានេះ ខ្ញុំសូមអរគុណ និងវាយតម្លៃ ខ្ពស់ចំពោះគណៈកម្មការអន្តរក្រសួង​រៀប​ចំ​ពិធីបុណ្យសមុទ្រដឹកនាំដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានដឹកនាំរៀបចំពិធី​បុណ្យ​សមុទ្រ​លើកទី១០ ជុំទី៣ ក្រោមប្រធាន បទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» ដ៏អធិកអធមក្នុងរយៈពេល ៣ ថ្ងៃនេះដោយជោគជ័យ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិតិយសជាតិ និង អន្តរជាតិ សូមមាន​សុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមប្រកបដោយពុទ្ធពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមប្រកាសបិទ «ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣» នៅខេត្តកែប ចាប់ពីពេលនេះតទៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ