សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ ៨អង្គ

CMF:

សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិ​កាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ​ដ៏ខ្ពង់ខ្ពស់
សូមក្រាបថ្វាយបង្គំសម្ដេចព្រះពោធិវង្ស កត្តិបណ្ឌិត​ អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ,​
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងសមាជិក សមាជិការាជរដ្ឋាភិបាល,
គណៈធិបតី ភ្ញៀវកិត្តិយស សីលវន្តសីលវតី លោក/អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស
អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ ​និងជនរួមជាតិទាំងអស់​ ជាទីស្រលាញរាប់អាន

ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជាមានក្តីសោមនស្ស​ ​ប្រកបដោយសទ្ធា​ជ្រះថ្លា ដែលបានចូលរួមក្នុងពិធី​ស្រោចស្រពព្រះសុគន្ធវារីប្រគេន សម្ដេច និងព្រះរាជាគណៈ ជាព្រះ​មន្រ្តី​សង្ឃជាន់ខ្ពស់គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១១ ព្រះអង្គ ​នាពេលនេះ​ ។ ពិធីស្រោចស្រពព្រះសុគន្ធវារី​នាថ្ងៃនេះ ជាសក្ខីកម្ម​នៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព ដែលប្រជាពលរ​ដ្ឋកម្ពុជា បាននិងកំពុងរស់នៅ ដោយភាពសុខក្សេមក្សាន្ត ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ​ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយ ប្រគេនសព្ទសាធុការពរ សម្តេច និង ព្រះរាជាគណៈ ជាព្រះ​មន្រ្តី​សង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ​ទាំង ១១ ព្រះអង្គ ដែលត្រូវទទួលព្រះសុគន្ធវារី នាពេលនេះ សូមសមប្រកបតែនឹង​ព្រះសុខភាពល្អបរិបូរណ៍ ​ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តបុព្វហេតុ​លើកស្ទួយ​ព្រះពុទ្ធ​សាសនា ​វប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់​​ជាតិ​ ដែលជាគោលការណ៍ដឹកនាំជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ​សម្រាប់​សាសនិទាំងអស់ឱ្យមាន សីលធ​ម៌ គុណធម៌ សុជីវ​ធម៌  ដែលជាកុសលចេតនា ក្នុងការរួមចំណែកធ្វើឱ្យសង្គមកម្ពុជា ក៏ដូចជាពិភពលោក ​មានសន្តិភាព និង ការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាបន្ន ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពចំពោះ ការរីកចម្រើនវិស័យសាសនានៅកម្ពុជា ទាំងពុទ្ធចក្រ ក៏ដូចជាការគោរពជំនឿសាសនាផ្សេងទៀតរបស់ប្រជាជនកម្ពុជា ដែលរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមលើកឡើងនូវទឡ្ហីករណ៍ ៣ ចំណុច ដែលឆ្លុះបញ្ចាំង​ឱ្យឃើញអំ​ពីការរីកចម្រើន ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះព្រះពុទ្ធសាសនា និងភាពសុដុម​រមនាជាមួយនឹងសាសនាដទៃទៀត ។

ទី១ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានផ្តោតសំខាន់ទៅលើ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ហើយមុំមួយ ក្នុងចំណោមមុំ នៃបញ្ចកោណទាំង៥ គឺ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន ដែលផ្តោតសំខាន់លើការធ្វើពលវូបនីយកម្មពលរដ្ឋ ឱ្យមានសីលធម៌ គុណធម៌ និងសុជីវធម៌​ ហើយថែមទាំងមានវិន័យ ព្រមទាំងការទទួលខុសត្រូវខ្ពស់ ប្រកបដោយមនសិការស្នេហាជាតិ និងភក្តីភាពចំពោះអត្តសញ្ញាណនៃភាពជាខ្មែរ។ កិច្ចការដ៏សំខាន់នេះអាចសម្រេចទៅបាន លុះត្រាតែមានការចូលរួមដ៏ចម្បងពីសំណាក់ការអប់រំទូន្មាន តាមបែបសាសនា ជាពិសេស ការជំរុញការរស់នៅតាមពុទ្ធោវាទនៃព្រះពុទ្ធសាសនា ដែលតែងប្រោសសត្វលោកឱ្យរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនារវាងគ្នាទៅវិញទៅមក។

នៅក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍ និងកាន់តែទំនើប ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាន នៃសាសនា គឺពិតជាសំខាន់ និងចាំបាច់ ហើយទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថា គុណតម្លៃនៃការទូន្មានរបស់ព្រះតេជព្រះគុណគ្រប់ព្រះអង្គ នឹងរួមចំណែកដ៏សំខាន់ចំពោះការសម្រេចវត្ថុបំណងនេះ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

គ្រប់សាសនាទាំងអស់ (១) មិនថាសាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រិស្ដ សាសនាផ្សេងៗ សុទ្ធតែមានគោលបំណងដូចគ្នា​ គឺការអប់រំមនុស្ស អប់រំអ្នកប្រតិបត្តិ ឱ្យមាននូវផ្នត់គំនិត នូវស្មារតី នូវសុចរិតភាព ប្រព្រឹត្តិអំពើល្អ និងគោរពគ្នាទៅវិញទៅមក ដែលនេះជាមូលដ្ឋានសម្រាប់ការរស់នៅប្រកបដោយសីលធម៌ គុណធម៌ និងការគោរពគ្នា និងសុខដុមរមនា។ ការកំណត់តម្លៃនៅក្នុងខ្លួន គឺជាកិច្ចការសំខាន់ នៅក្នុងសម័យទំនើប សម័យដែលយើងមានជម្រើសច្រើន ជាពិសេសសម្រាប់យុវជន យុវនារី សម្រាប់កុមារ ដែលក្លាយទៅជាអនាគតរបស់ប្រទេសជាតិ ទាមទារចាំបាច់ធ្វើការកំណត់តម្លៃនៅក្នុងខ្លួនឱ្យបានច្បាស់លាស់។

ពេលដែលយើងចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពេលដែលប្រទេសក្រីក្រ ពេលដែលប្រទេសយើងលំបាក កាលពីជំនាន់ខ្ញុំព្រះករុណាខ្ញុំនៅក្មេង ជម្រើសនិងលទ្ធភាពក្នុងការទទួលបាននូវការអប់រំ ឬព័ត៌មាន ឬមួយការទទួលលទ្ធភាពតាមបែបផែនសម្ភារនិយម មិនទាន់មានច្រើន។ អញ្ចឹងជម្រើសនៃការអប់រំរបស់យើងពេលនោះ គឺផ្ដោតខ្លាំងទៅលើការរៀនសូត្រ ទៅលើការបំពេញតួនាទីជាកូនល្អ ជាសិស្សល្អ​។ នៅ (២) ក្នុងសម័យបច្ចុប្បន្ន ដែលមានទំនើបកម្ម ជាពិសេសការទទួលបាននូវអរិយធម៌ និងលទ្ធភាពក្នុងការទទួលបាននូវសីលធម៌ នូវសម្ភារៈផ្សេងៗពីក្រៅប្រទេស ក៏ដូចជាភាពទំនើបកម្មនៅក្នុងសង្គមរបស់យើង ធ្វើឱ្យប្រជាពលរដ្ឋយើងមានជម្រើសច្រើនទាំងល្អទាំងអាក្រក់។ ការសម្រចចិត្តរបស់យុវជន របស់ប្រជាពលរដ្ឋយើងថាតើត្រូវទទួលយកអ្វី ឬប្រតិបត្តិអ្វីដែលល្អនិងអាក្រក់ គឺសំខាន់ណាស់។

ហេតុដូច្នេះ ការអប់រំ ការផ្ដល់ ការកសាងតម្លៃក្នុងខ្លួន គឺជាកត្តាចាំបាច់ ដើម្បីឱ្យមនុស្ស នៅពេលដែលជម្រើសច្រើន (សំរេចថា)តើយើងយកមួយណាដែលល្អ មួយណាដែលអាក្រក់ មួយណាដែលធ្វើទៅបានផលទៅដល់ខ្លួន ទៅដល់សង្គម មួយណាដែលធ្វើឱ្យប៉ះពាល់ផលអវិជ្ជមានដល់សង្គម ទៅដល់ជាតិនិងសាសនា។ អញ្ចឹងការ (៣)អប់រំទូន្មាន ប្រៀនប្រដៅទាំងនៅក្នុងសាសនាទាំងអស់ រួមជាមួយនឹងការអប់រំប្រៀនប្រដៅនៅក្នុងសាលានិងនៅក្នុងគ្រួសារ ដើរតួនាទីសំខាន់ណាស់ក្នុងការបង្កើតនូវតម្លៃច្បាស់លាស់ក្នុងខ្លួននៃប្រជាពលរដ្ឋយើង ហើយជាពិសេសតាំងពីក្មេងវ័យតែម្ដង

[បញ្ចប់សេចក្ដីអធិប្បាយ១]

ទី២ ការចូលរួមយ៉ាងកុះកររបស់ប្រជាជនកម្ពុជា ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ជាតឹកតាងមិនអាចខ្វះបាននៃការបន្តគោរព និងជំនឿសាសនាយ៉ាងមោះមុតរបស់ប្រជាជនកម្ពុជា បើទោះជាសាសនាធ្លាប់ត្រូវបានលុបបំបាត់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក៏ដោយ ។ ជាក់ស្តែង បើប្រៀបធៀបជាមួយនឹងពេលដែលរបបប៉ុលពត ត្រូវបានផ្តួលរលំនៅឆ្នាំ១៩៧៩ ដែលពេលនោះ វត្តអារាមត្រូវបានបិទទាំងស្រុងនៅទូទាំងប្រទេស ។ បច្ចុប្បន្ន យើងមានវត្តអារាមសរុបចំនួន ៥១៣៣ វត្ត មានព្រះសង្ឃចំនួន ៦៨ ៩៦៧ អង្គ និងថែមទាំងមានវិហារនៃសាសនាឥស្លាម និងសាសនាគ្រឹស្ត ជាច្រើនទៀត នៅទូទាំង​ព្រះរាជាណា​ចក្រកម្ពុជា ។ សមិទ្ធផលទាំងនេះ ដែលភាគច្រើនបានមកពីការរួមជាវិភាគទាន របស់ប្រជាជនកម្ពុជាផ្ទាល់បង្ហាញច្បាស់ អំពីទំនាក់ទំនងមិនអាចកាត់ផ្តាច់បាន រវាងផ្នែកអាណាចក្រ និងសាសនា​ចក្រ។

ទី៣ ទោះបី​ជា​ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សិទ្ធិសេរីភាពនៃការគោរពជំនឿសាសនាត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ ។ រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាយើង គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានធ្វើ​ទុក្ខបុកម្នេញដោយសា​រ​តែការគោរពជំនឿសាសនារបស់ពួកគេនោះទេ ។ ផ្ទុយទៅវិញ ការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗគ្នា​ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ត្រូវបានធានាការពារ នៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃ ក៏ដូចជា ដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ ។ យើងអាចនិយាយបានថា មិនមានជម្លោះសាសនានៅកម្ពុជាទេ។ នេះជាតថភាពមួយដែលយើងគួរមានមោទនភាពព្រោះមានប្រទេសជាច្រើន ដែលមិនអាចធានាបានសុខដុមនីយកម្ម ដែលពេលខ្លះបានបង្កជម្លោះបែកបាក់រវាងប្រជាជននៅក្នុងសហគមន៍សាសនា រហូតទៅដល់បង្កើតជាសង្គ្រាម ធ្វើឱ្យមនុស្សរាប់រយ រាប់ពាន់ រាប់ម៉ឺននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២]

នៅកម្ពុជា គ្រប់សាសនាទាំងអស់ទទួលបាននូវផល ឬមួយទទួលបានឆ្លងកាត់នូវស្ថានភាពដូចគ្នា ទាំងល្អ ទាំងអាក្រក់។ បើយើងនិយាយតែក្នុងរង្វង់ ៧០ឆ្នាំ នៅពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យពីសាធារណរដ្ឋបារាំងនៅឆ្នាំ ១៩៥៣ គ្រប់សាសនាចាប់ផ្តើមមានសេរីភាពប្រតិបត្តិឡើងវិញ។ ប៉ុន្តែជាអកុសលនៅពេលដែលប្រទេសយើងធ្លាក់នៅក្នុងភ្លើងសង្គ្រាមនៅទស្សវត្សរ៍ទី៧០ គ្រប់សាសនាត្រូវបានរងគ្រោះ ប្រជាពលរដ្ឋដែលប្រតិបត្តិគ្រប់សាសនាត្រូវបានប៉ះពាល់ដោយសារសង្គ្រាម ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ (៤) ឆ្នាំ ១៩៧៥ – ១៩៧៩ គ្រប់ការប្រតិបត្តិសាសនាទាំងអស់ត្រូវបានបិទ ហើយសមិទ្ធផលសាសនាជាច្រើនត្រូវបានបំផ្លាញ មិនថាសាសនាគ្រីស្ត សាសនាព្រះពុទ្ធ ឬសាសនាឥស្លាម នោះទេ សាសនាមហាយាន ឬសាសនាផ្សេងៗ

ក្រោយឆ្នាំ ១៩៧៩ សាសនាទាំងអស់ក៏បានទទួលនូវឱកាសដូចគ្នា សិទ្ធិដូចគ្នា និងការយកចិត្តទុកដាក់ដូចគ្នា គឺរស់ឡើងវិញដូចគ្នា។ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ប្រជាពលរដ្ឋដែលទទួលរងការកាប់សម្លាប់មិនមែនតែសាសនាព្រះពុទ្ធទេ សាសនាឥស្លាម សាសនាគ្រឹស្ត គឺសម្លាប់រួមតែម្តង។ ការរស់ឡើងវិញក៏ដូចគ្នា។ ផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត គឺរស់រានមានជីវិតគ្រប់គ្នាឡើងវិញមិនថាសាសនាណាទេ។ (៥) ឱកាសចូលរួមក្នុងជីវភាពសង្គម គ្រប់ទិដ្ឋភាពទាំងអស់ ទាំងនយោបាយទាំងសាសនា ទាំងសង្គមនៅក្នុងជួរមន្ត្រីរាជរដ្ឋាភិបាល ត្រូវបានផ្តល់ដូចគ្នាសម្រាប់សាសនិក និងគ្រប់សាសនាទាំងអស់។ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ដែលបានបង្កើតឡើង ហើយយើងបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ បានបញ្ចប់សង្គ្រាម ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់សាសនាទាំងអស់បានរួចផុតពីការស្លាប់។ (៦) ពេលមានសង្គ្រាម (មិនថា)ក្នុងកងទ័ព ឬមួយភូមិដែលប្រជាពលរដ្ឋរស់នៅឬមួយគ្រប់សាសនា (សុទ្ធតែមានការ)ប៉ះពាល់ដោយសង្គ្រាម។ ការបញ្ចប់សង្គ្រាមនេះ បានស្រោចស្រង់និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនិងគ្រប់សាសនាទាំងអស់ស្មើគ្នា។ ការគោរពប្រតិបត្តិ ការជំរុញ និងលើកកម្ពស់នូវសិទ្ធិសេរីភាពសាសនាគឺបានធ្វើគ្រប់ទាំងអស់ ទោះបីថាសាស​នាព្រះពុទ្ធ(ត្រូវបានកំណត់ថា)ជាសាសនារបស់រដ្ឋក៏ដោយ យើងបានជំរុញនិងការលើកកម្ពស់ទាំងអស់(ដូចគ្នា)។ នេះជាអ្វីដែលចូលរួមក្នុងការថែរក្សានូវសុខដុមនីយកម្មសាសនាដែលចៀសផុតពីការបំផ្លាញ។

កត្តាទី២ (៧) ក្រៅពីគោលនយោបាយរបស់រាជរដ្ឋាភិបាលចូលរួមដល់ការប្រតិបត្តិសាសនា យើងអាចនិយាយបានដោយមោទនភាពថា នៅកម្ពុជាមិនមានសាសនាណាមួយដែលប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ។ ក្នុងព្រះពុទ្ធសាសនាយើងមាននិកាយខុសគ្នា។ នៅក្នុងសាសនាឥស្លាមក៏មាននិកាយខុសគ្នា។ នៅក្នុងគ្រីស្តសាសនាក៏មាននិកាយខុសគ្នា ប៉ុន្តែមិនមានការប្រតិបត្តិជ្រុលនិយមដែលធ្វើឱ្យមានជម្លោះនៅក្នុងសាសនាតែមួយ ឬរវាងសាសនានៅកម្ពុជានោះទេ។

ដូច្នេះ កត្តាទាំង២ គឺ (៨) កត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា(ការដែលមិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយម) ការចូលរួមរបស់សហគមន៍ បានជួយទប់ស្កាត់និងលុបបំបាត់មិនឱ្យកើតមាននៅលើទឹកដីកម្ពុជានូវការប្រកាន់គោលជំហររើសអើង។ យើងដាច់ខាតត្រូវរួមគ្នាការពារកុំឱ្យកើតមានគោលនយោបាយរើសអើង ឬមួយក៏គោលនយោបាយទស្សនជ្រុលនិយមបែបណាមួយនោះ ហើយបើមានត្រូវលុបបំបាត់ឱ្យអស់ដើម្បីថែរក្សានូវសុខសន្តិភាព និងសុខដុមរមនានៅក្នុងសង្គមរបស់យើង។​

(៩) ទស្សននិងគោលការណ៍ជ្រុលនិយម មិនថានៅក្នុងសាសនា ឬនយោបាយត្រូវលុបបំបាត់ និងបំផ្លាញចោលឱ្យអស់ ព្រោះវាធ្វើឱ្យបែកបាក់សាមគ្គីក្នុងសង្គមជាតិ ដែលជាកត្តាបំផ្លាញនូវសុខសន្តិភាព សេរីភាព។ សង្គ្រាមមិនចាំបាច់កើតឡើងដោយសារអាវុធនោះទេ … អ្វីដែលកើតឡើងមុនគេគឺជម្លោះនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ ការប្រកាន់ ការរើសអើង ការលាបពណ៌គ្នា ការឲ្យស្អប់សញ្ជាតិនេះ សាសនានោះ។ រឿងមួយនេះគឺជាកត្តាដែលធ្វើឲ្យមនុស្សឈានទៅដល់ការស្អប់គ្នា។ បើស្អប់គ្នាហើយ មិនចាំបាច់មានអាវុធទេ សូម្បីតែដៃ ដុំថ្ម ក៏អាចបង្កើតសង្គ្រាមបានដែរ។ តែ (១០) បើសិនជាមានភាពកក់ក្តៅ ការយោគយល់គ្នា ស្រឡាញ់គ្នា រក្សានូវសុខដុមរមនាកម្ម ប្រកាន់នូវជំហរកណ្តាល ការគោរពគ្នាទៅវិញទៅមក នេះហើយគឺជាមូលដ្ឋានគ្រឹះដែលអាចឲ្យយើងថែរក្សានូវសុខសន្តិភាពបាន។ នយោបាយឈ្នះឈ្នះ (ដែល)បញ្ចប់(សង្គ្រាមបាន)គឺដោយសារការធ្វើបុណ្យ មិនមែនដោយសារការមិនទុកចិត្តគ្នានោះទេ។ សម្តេចតេជោ អាចចូលទៅតំបន់គ្រោះថ្នាក់នៅសំឡូត ម៉ាឡៃ (ទីតាំង)ចុងក្រោយដែលយើងឃើញ បានដោយសារការទុកចិត្តគ្នា ការជឿជាក់គ្នា ការប្រកាន់នូវសច្ចៈភាព ហើយការដែលកម្លាំងខ្មែរក្រហមបានព្រមទម្លាក់អាវុធចុះ … គឺដោយសារការទទួលដោយធម៌ និងការផ្តល់ធម៌ទៅវិញ។

(១២) គោលការណ៍ ៣ (ជាស្នូលនៃគោលនយោបាយឈ្នះឈ្នះគឺ) ទី១ ការមិនយកទោសពៃរ៍ ទី២ ការផ្តល់នូវសិទ្ធសេរីភាពថែរក្សាអាយុជីវិតទ្រព្យសម្បត្តិ និង(ទី៣ ការរក្សានូវ)តួនាទី គឺជាការផ្តល់ការយោគយល់និងការគោរពគ្នា និងការធ្វើយ៉ាងណាឲ្យខ្មែរយើងរួមគ្នា។ ៥០០ ឆ្នាំនៃសង្គ្រាម កើតឡើងដោយការបែក(បាក់គ្នា) តែត្រូវបានបញ្ចប់នៅឆ្នាំ ១៩៩៨ ដោយសារយើងយោគយល់គ្នាស្រឡាញ់គ្នា។ គោលនយោបាយរួមគ្នានេះ ធ្វើឲ្យយើងមាននិរន្តភាពនៃសន្តិភាព។ ប្រទេសច្រើនណាស់ដែលដាក់ចេញនូវគោលនយោបាយ បទឈប់បាញ់ តែនៅតែបន្តបាញ់គ្នាទៀត ដោយសារ(មិនមាន)ជំនឿទុកចិត្តនេះ។ កន្លែងខ្លះត្រូវបញ្ចប់ដោយការកម្ទេចចោលទាំងស្រុង។ អង្គការចាត់តាំងដឹកនាំនៅប្រទេសខ្លះ ត្រូវវាយកម្ទេចចោលតែម្តង។ អត់មាននូវការយោគយល់(តាមរបៀប)នយោបាយឈ្នះឈ្នះទេ។

យើងបានបញ្ចប់សង្គ្រាម ជាមួយនឹងន័យថានៅថែរក្សាចិត្តចរចា ការមិនគុំគួនគ្នា។ នយោបាយឈ្នះឈ្នះ តាមរយៈការផ្តល់នូវការយោគយល់ទាំង ៣ចំណុចខាងលើនេះ បានធ្វើឲ្យយើងជឿទុកចិត្ត និងឈានទៅដល់ការធា​នានូវសន្តិភាពមួយដែលមានចីរភាព។ នៅក្នុងតំបន់ខ្លះ ឧទាហរណ៍ថាយើងឃើញនៅក្នុងទូរទស្សន៍រាល់ថ្ងៃនេះ ព្យាយាមដោះស្រាយតាំងពីឆ្នាំ ១៩៧០ ជាង ៣០ ឆ្នាំ ៤០ ឆ្នាំ មិនទាន់ចប់ ដោយសារការបង្កើត(មិនបាន)​នូវរូបមន្តមួយក្នុងការទុកចិត្តគ្នា ជាពិសេសការញែកពីគ្នានៅក្នុងជម្លោះសាសនា។ ខ្ញុំមានការសប្បាយរីករាយដែលថា នៅក្នុងប្រទេសយើងមិនមានជម្លោះសាសនា ដែលជាកត្តាមួយ(ដ៏គ្រោះថ្នាក់នាំដល់)ជម្លោះសហគមន៍។

ហេតុនេះ (១៣) រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តនូវប្រពៃណីនិងគោលនយោបាយដែលរាជរដ្ឋាភិបាលនៅក្នុង ៤០ឆ្នាំជាងនេះ គោរពប្រតិបត្តិ ជំរុញ បើកសិទ្ធសេរីភាព និងធានាសិទ្ធសេរីភាពដល់គ្រប់សាសនាទាំងអស់ និងព្យាយាមថែរក្សាសុខដុមរមនីយ៍កម្មសាសនា ជាធាតុមួយសំខាន់ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាលុបបំបាត់គោលនយោបាយឬទស្សនៈជ្រុលនិយមណាមួយដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព … គ្មានអ្វីល្អ ឬសំខាន់ជាងការអង្គុយនៅវត្តចំពុះក្អែកប្រកបទៅដោយសេចក្តីសុខ(នោះទេ)។

ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានស្តាប់ចម្រៀងមួយជំនាន់ លន់ នល់ និយាយពីវត្តចំពុះក្អែក ដែលពេលនោះគឺជាទីតាំងកងទ័ព(ក្នុងការ)ច្បាំងគ្នានៅទីនេះ។ មូលដ្ឋានទ័ព កន្លែងដែលសែងសព សែងអ្នករបួសមកទីនេះ ដាក់អាវុធ ដាក់គ្រាប់នៅឃ្លាំង មិនមែនជាកន្លែងសម្រាប់ប្រតិបត្តិ ឬបង្រៀនសាសនា ព្រះសង្ឃ ធម្មទេសនា​ទេ។ អញ្ចឹងយើងត្រូវរួមគ្នា(ការពារសុខសន្តិភាព) កុំឲ្យតថភាព(រន្ធត់សោកសៅ)នេះកើតឡើងវិញ។

[បញ្ចប់សេចក្ដីអធិប្បាយ២]

ស្របតាមទឡ្ហីករណ៍ទាំង ៣ យើងសង្កេតឃើញថា ការរៀបចំពិធីតាមប្រពៃណីទំនៀមទម្លាប់ និងការរៀបចំពិធីសាសនា​​ ពីមួយឆ្នាំទៅមួយឆ្នាំ ការរៀបចំពិធីបុណ្យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក៏ដូចជាការរៀបចំពិធីសា​ស​នា​​ កាន់តែមានភាពអធិកអធមខ្លាំងឡើងៗ។ នៅ​​​ប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងរៀប​ចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក បន្ទាប់ពីខកខានប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ​សារ​​ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការទទួលធ្វើជាម្ចាស់ផ្ទះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ក្នុងន័យនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមអញ្ជើញពុទ្ធបរិស័ទ ក៏ដូចជាជនរួមជាតិទាំងអស់ ចូលរួម​អបអរសាទរ​ និងសប្បាយរីករាយឱ្យបានច្រើនកុះករ ក្នុងពិធីបុណ្យជាតិរបស់យើងខាងលើនេះ ។

ដើម្បីរួមចំណែកជាមួយនឹងក្រសួងធម្មការ និងសាសនា និងគណៈសង្ឃ ក្នុងនាម​រាជរដ្ឋាភិបាល និងក្នុងនាមជាពុទ្ធបរិស័ទមួយរូប ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូម​រួម​​ចំណែកផ្តល់ជូននូវវិភាគទានស្មារតីមួយចំនួនដល់អង្គពិធី ក្នុងការពិចារណា ដូចខាងក្រោម៖​

ទី១ សូមសម្ដេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គព្រះមេត្តា បន្តផ្ដោតព្រះទ័យជួយជំរុញ និងលើកកម្ពស់ការប្រតិបត្តិធម៌វិន័យ ឱ្យបានត្រឹមត្រូវតាម​ពុទ្ធដីកា ដើម្បីជាយានសម្រាប់ចម្លង និងជាស្រែបុណ្យប្រក​ប​ដោយ​សម្មាទិដ្ឋិ និងជាការសន្សំបុណ្យកុសលសម្រាប់ព្រះសង្ឃរៀងៗព្រះអង្គ ​និងពុទ្ធ​បរិស័ទ​ ​ឱ្យមានសុខសន្តិភា​ព និងការអភិវឌ្ឍ​ជានិច្ច​និរន្តរ៍។

ទី២ ក្នុងដំណើរយាង និមន្តលើមាគ៌ាព្រះធម៌ សូមសម្តេចជាអម្ចាស់ សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រះមេត្តាបន្តជួយដល់សង្គមជាតិ លើការលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈការសម្តែងធម្មទេសនានៅគ្រប់ទីកន្លែង និងការផ្សព្វផ្សាយ​តាម​​បណ្តាញសង្គម​ ​ដើម្បីជួយធ្វើឱ្យប្រជាជនកម្ពុជា មាននូវបញ្ញាស្មារតី​ប្រកប​ដោយព្រហ្មវិហារធម៌ កាត់បន្ថយ​អំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងចូលរួមជួយឱ្យសង្គមជាតិ មាន​សុខដុមរមនា និងពង្រឹងសាមគ្គីធម៌​។

ទី៣ សូមគណៈសង្ឃ​ទាំងពីរគណៈ និងថ្នាក់ដឹកនាំគ្រប់​សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ បន្តកិច្ចសហការជាមួយ​ក្រសួងធម្មការ​ និងសាសនា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសាសនា សាមគ្គីភាព និងវឌ្ឍនភាពសង្គម។ ​ក្រសួងធម្មការ និងសាសនាត្រូវបន្ត​សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីជួយលើកកម្ពស់សាសនា និងសីលធម៌សង្គម។

ទន្ទឹមនេះដែរ ក្រសួងធម្មការ និងសាសនា ត្រូវជំរុញរៀបចំច្បាប់ស្តីពីសាសនាឱ្យបានឆាប់ តាមដែល​អាចធ្វើទៅបាន ដើម្បីធ្វើជាមូលដ្ឋានក្នុងកិច្ចប្រតិបត្តិការងារវិស័យសាសនា និងបំពេញបន្ថែមលិខិតបទដ្ឋានគិតយុត្តនានាក្រោមច្បាប់ ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់ក្រសួង សម្រាប់លើកកម្ពស់ព្រះពុទ្ធសាសនា លើកកម្ពស់សីលធម៌សង្គ​ម សុខដុមនីយកម្មសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

មុននឹងបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណ អរគុណជាថ្មីម្តងទៀត ថ្វាយ ប្រគេនជូន សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី សីលវន្ត សីលវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ភ្ញៀវកិត្តិយស និងពុទ្ធបរិស័ទទាំងអស់​ ចំពោះព្រះវត្តមាន និងវត្តមានដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្រោច​ស្រព​ព្រះ​សុគន្ធាវារីនេះ ដែលបង្ហាញឱ្យឃើញពីសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក្រោមដំបូលនៃសុខសន្តិភាព ​និងការ​ចូលរួមក្នុងការធ្វើស្រែបុណ្យ និងការបំពេញបុណ្យកុសលរួមគ្នា ប្រកបដោយសទ្ធាជ្រះថ្លា។

ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយ ប្រគេនពរ និងជូនពរ ​សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃ​នាយក សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ​ឧកញ៉ា អស់លោក លោកស្រី សីលវន្ត សីលវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិ​ស្ស ភ្ញៀវកិត្តិយសទាំងអស់ សូមប្រកប​ដោយ​ពរ និងពុទ្ធពរទាំង ៥ ​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

[សេចក្តីអធិប្បាយ៣]

ក្នុងឱកាសនេះដែរ ទួលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ ក៏បានរៀបចំប្រគេនថ្វាយ ក្នុងនោះទេយ្យទានប្រគេនព្រះសង្ឃលើវេទិកានិងព្រះសង្ឃចូលរួមក្នុងពិធី។ សម្រាប់ជូនសាធារណជន លោកតា លោកយាយ ២០០នាក់ ម្នាក់ៗ ក្រណាត់សមួយដុំ ថវិកា ២ម៉ឺនរៀល។ ជូនលោក/អ្នកគ្រូ​ ១០១នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្មួយៗសិស្សានុសិស្ស ២០០នាក់ ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា ១ម៉ឺនរៀល។ ជូនសិស្ស និស្សិតកំពុងស្នាក់នៅក្នុងវត្ត ៥៥នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្រុមយុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម សហភាពសហព័ន្ធនិស្សិត … ក្នុងពេទ្យ TYDA ៧៥០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ ជូនសាលាបឋមសិក្សា ហ៊ុន សែន ចំពុះក្អែក ថវិកា ៥០ម៉ឺនរៀល។ សាលាខណ្ឌច្បារអំពៅ ថវិកា២លានរៀល។ ជូនក្រុមភ្លេងបុរាណ ថវិកា ៥លានរៀល និងគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣លានរៀលផងដែរ​៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ