សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ បាច់ផ្កាស្រស់ល្អ ១កន្ត្រក និងព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសថ្ងៃខួបកំណើត

 

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ បាច់ផ្កាស្រស់ល្អ ១កន្ត្រក និងព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

ព្រះរាជសារ និងបាច់ផ្កាស្រស់ល្អ ១កន្ដ្រកនេះ ត្រូវបានសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសនៃការប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧។

ព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មានខ្លឹមសារថា «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមអបអរសាទរ ជូនពរ និងកោតសរសើរដ៏ក្រៃលែងជាទីបំផុត ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានដឹកនាំកាកបាទក្រហមកម្ពុជាទទួលបានជោគជ័យល្អប្រសើរជាទីបំផុត។

សកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តម នៃកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ ឈ្លាសវៃ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានភាពល្បីរន្ទឺទទួលបានការកោតសរសើរ និងអំណរសាទរទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរជ័យមហាបវរសួស្តី សិរីមង្គលគ្រប់ប្រការ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានមហាជោគជ័យថ្មីៗទៀត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃព្រះរាជសារ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា