លោក ជូអុក លី៖ សាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ World Economic Forum តែងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ហើយតែងបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជានៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក

នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ជូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ លោក ជូអុក លី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ WEF ជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយបានបញ្ជាក់ផងដែរថា លោកសាស្ត្រាចារ្យតែងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ហើយតែងបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជានៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក ។ ជាមួយគ្នានេះ លោក ជូអុក លី ក៏បានជម្រាបជូន សម្តេចធិបតី អំពីកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ ដែលនឹងគ្រោងរៀបចំនៅទីក្រុង Davos ប្រទេសស្វីស ក្រោមប្រធានបទ «ការកសាងទំនុកចិត្តទ្បើងវិញ» ដោយបែងចែងជា ៤ សសរស្តម្ភ រួមមាន៖ (១) ការរក្សាសនិ្តសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលបាក់បែក (២) ការអភិវឌ្ឍរីកចម្រើន និងការបង្កើតការងារសម្រាប់យុគសម័យថ្មី (៣) ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ជាកម្លាំងជំរុញសេដ្ឋកិច្ច និងសង្គម និង (៤) ការដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់អាកាសធាតុ ធម្មជាតិ និងថាមពល ដោយនឹងមានការចូលរួមយ៉ាងច្រើនកុះកររបស់ស្ថាប័នជាងពីរពាន់ មកពីទូទាំងពិភពលោក ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង WEF ក្នុងរយៈកាលកន្លងមកនេះ រួមទាំងការសហការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ The World Economic Forum (WEF) on ASEAN ក្នុងឆ្នាំ២០១៧ នៅកម្ពុជា ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ WEF ដែលជាវេទិកាមួយដ៏សកម្មសម្រាប់កិច្ចទំនាក់ទំនងទាំងក្នុងកម្រិតរដ្ឋាភិបាល និងវិស័យឯកជន តាមរយៈការដាក់បង្ហាញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមថ្មីៗរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យធុរកិច្ច និងវិនិយោគ ជាដើម ។ ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានគូសបញ្ជាក់អំពីការបន្តគាំទ្រចំពោះកិច្ចប្រជុំនានារបស់ WEF ដូចរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិមុនៗផងដែរ ។ ជាចុងក្រោយ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការអញ្ជើញរូបសម្តេច ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស ក្នុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ