សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង ប្រវែងសរុប២៤៦,១៥គ.ម និងបើកការដ្ឋានសាងសង់កំណាត់ ផ្លូវជាតិលេខ៥ ចាប់ពីសេរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែង៣៥,១៤គ.ម

CMF:

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា​
គណអធិបតី ភ្ញៀវកិត្តយស លោកគ្រូអ្នកគ្រូ, ក្មួយៗសិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងអង្គពិធីទាំងមូល បងប្អូនជនរួមជាតិជាទីស្រលាញ់រាប់អាន។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

ថ្ងៃនេះខ្ញុំមានកិត្តិយសនៅក្នុងការចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមទៅបាត់ដំបង ដែលមានប្រវែង ២៤៦ គីឡូម៉ែត្រ និងពិធីបើកការដ្ឋានកសាងផ្លូវជាតិលេខ ៥ ពីសិរីសោភណ្ឌទៅប៉ោយប៉ែត ដែលមានប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោមឥណទានសមទានពីរដ្ឋាភិបាលជប៉ុន។​ ក្តីសប្បាយរីករាយទី១ គឺ បានជិះសាកលើផ្លូវ(ក្នុងដំណើរ)មក។ កាលដែលខ្ញុំប្រើផ្លូវនេះចុងក្រោយ គឺមុននឹងការបញ្ចប់ការកសាង។ នៅមានកំណាត់ខ្លះមិនទាន់(ធ្វើ)ទេ។ អញ្ចឹងបានជាក្នុងដំណើរព្រឹកមិញ គេបាន calculate ខុស មកដល់មុនម៉ោង។ លឿនពេក។ ដំបូងគ្រោងថាម៉ោង ៦ និង ៣០នាទី ចេញមក ហើយនឹងមកដល់នេះ ក្នុងរយៈពេលចរ ១ ម៉ោង ៥នាទី។ អញ្ចឹង delay បន្តិច។ ម៉ោង ៦និង ៤០នាទី បានចេញ ក៏មកដល់ ៧និង ៣០នាទី មិនគឺដល់ ១ម៉ោងផង។ សួរថាផ្លូវលឿន ឬឡានលឿន? … ឡានលឿនយ៉ាងម៉េចក៏ដោយ បើផ្លូវមិនអំណោយផលទៅមិនរួចទេ … តែផ្លូវគ្រលុក រត់ខ្ទេចឡាន ទៅលែងរួច …។

(១) ផ្លូវជាតិលេខ៥ ជាសរសៃឈាមជីវភាពសេដ្ឋកិច្ចខេត្តកណ្ដាល ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ និងកំពង់ស្ពឺ

នៅក្នុងឱកាសនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី សម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកតា លោកយាយ អ៊ំ ពូមីង បងប្អូន អ្នកកំពង់ឆ្នាំង និងនៅទីនេះមានអ្នកកំពង់ត្រឡាច និងអ្នកសាមគ្គីមានជ័យ។ តាមដឹងដូចមានបងប្អូនលោកតា លោកយាយពីខេត្តកណ្តាលមកចូលរួមដែរ … ផ្លូវជាតិលេខ ៥ ជាសរសៃឈាមធំមួយដែលថ្ពក់បណ្តាញផ្លូវតូចៗជាច្រើន ភ្ជាប់ទីប្រជុំជនជាច្រើននៅក្នុងខេត្តកណ្តាល ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ និងកំពង់ស្ពឺ។ គឺជាសរសៃឈាមធំមួយដែលភ្ជាប់មិនត្រឹមតែតំបន់និងភូមិសាស្រ្តទេ ប៉ុន្តែជាសរសៃឈាមដែលចិញ្ចឹមជីវភាពសេដ្ឋកិច្ចនៅតាមបណ្តាផ្លូវទាំងអស់នោះ។

(២) សន្លឹកឆ្នោតគាំទ្ររបស់អ្នកកំពង់ឆ្នាំង រួមចំណែកអោយមានរាជរដ្ឋាភិបាលអាណត្តិទី៧ បន្តបម្រើប្រជាពលរដ្ឋ

សូមពាំនាំនូវការផ្តាំផ្ញើថ្លែងអំណរគុណរបស់សម្តេចតេជោ ក៏ដូចជាក្នុងនាមខ្ញុំផ្ទាល់ដល់លោកតា លោកយាយ អ៊ំ ពូមីង បងប្អូន ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋ ជាពិ​សេសនៅក្នុងការជ្រើសរើសរាជរដ្ឋាភិបាលតាមលទ្ធិប្រជាធិបតេយ្យ។ ក្នុងការជ្រើសរើសនូវអ្នកដឹកនាំរដ្ឋាភិបាល ដើម្បីបម្រើប្រជាពលរដ្ឋ ពីខែកក្កដាកន្លងទៅនេះ ប្រជាពលរដ្ឋអ្នកខេត្តកំពង់ឆ្នាំង រួមជាមួយនឹងប្រជាពលរដ្ឋទូទាំងប្រទេសច្រើនកុះករ ភ្លូកទឹកភ្លូកដី បានទៅបំពេញកាតព្វកិច្ចខ្លួន ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៧ កន្លងទៅនេះ។ ខេត្តកំពង់ឆ្នាំងមាន(អត្រាបោះឆ្នោត)រហូតដល់ ៨៧,៣១ ភាគរយ ដែលជាកត្តាសំ​ខាន់(រួមចំណែក)ធ្វើឲ្យរាជរដ្ឋាភិបាលអាណត្តិទី ៧ អាចបន្តបម្រើប្រជាពលរដ្ឋតទៅទៀត … យើងទាំងអស់គ្នាបានដឹងហើយថា កាលដើមឡើយ កម្មវិធីថ្ងៃនេះត្រូវបានសម្ដេចតេជោឯកភាពអញ្ជើញជាអធិបតី​​ដ៏ខ្ពង់ខ្ពស់កាលពីចុងខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។ ប៉ុន្តែដោយសម្ដេចតេជោ ពេលនោះមានភាពមមាញឹកខ្លាំង រហូតមកពេលនេះអាណត្តិទី៧ ដែលរូបខ្ញុំក្នុងនាមជា​ប្រមុខរាជរដ្ឋាភិបាលថ្មី ទើបមានឱកាសមកប្រកាសដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដ៏ថ្មីស្រឡាងមួយនេះ ។

(៣) សម្ពោធនិងបើកការដ្ឋាននៅទិវា ៩០ថ្ងៃនៃកំណើតជាផ្លូវការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧

ថ្ងៃនេះ គឺថ្ងៃពិសេសមួយសម្រាប់រាជរដ្ឋាភិបាលថ្មី។ ថ្ងៃនេះគម្រប់ ៣ខែគត់នៃការចាប់កំណើតជាផ្លូវការរបស់រាជ​រដ្ឋាភិបាលអាណត្តិទី៧ កាលពីថ្ងៃទី ២២ខែសីហា កន្លងទៅ ដែលរដ្ឋសភា​​បានអនុម័តគាំទ្រជាផ្លូវការឲ្យរាជរដ្ឋាភិបាលលេចរូបរាងជាផ្លូវការ។ ការជួបនិងការសម្ពោធ(សមិទ្ធផលផ្លូវជាតិលេខ៥)នៅទីនេះ ចំថ្ងៃពិសេសហើយជានិមិត្តរូបនៃការបន្តការអភិវឌ្ឍ(មាតូភូមិ) នៅលើគន្លងដែលមានស្រាប់។ ផ្លូវជាតិលេខ៥ ជាផ្លូវដែលបន្សល់តាំងពីជំនាន់មុន ប៉ុន្តែរងផលប៉ះពាល់ដោយសារសង្រ្គាម … ឯកឧត្តម អភិបាលខេត្តបានបង្ហាញខ្ញុំពីប្រសិទ្ធភាពផ្លូវនេះពីមុន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងធារណការ និងដឹកជញ្ជូន រៀបរាប់ថាផ្លូវនេះពីមុនប៉ុន្មានគន្លង។ ខ្ញុំប្រាប់គាត់វិញថា “ខ្ញុំស្គាល់ផ្លូវនេះច្បាស់ណាស់ ព្រោះខ្ញុំទៅមកតាំងពីផ្លូវចាប់ផ្តើមធ្វើមាន២ គន្លង” … ភាគច្រើនខ្ញុំធ្វើដំណើរតាមផ្លូវនេះតែពេលយប់ទេ ព្រោះការធ្វើដំណើរទៅតាមខេត្តម្តង​ៗ ភាគច្រើនក្រោយការប្រជុំនៅភ្នំពេញ ដែលទម្រាំតែចប់បានចេញគឺម៉ោង ៦ឬ ៧យប់ទៅហើយ។ ទោះជាយប់ក៏ដោយ ផ្លូវលំបាកក៏ដោយ តែផ្លូវនេះជាផ្លូវសេដ្ឋកិច្ច​ដឹកជញ្ជូនមួយយ៉ាងសំខាន់។ ឡានពីប៉ោយប៉ែត ដឹកជញ្ជូនមកផ្លូវនេះ ហើយក៏សំខាន់សំរាប់ប្រជាពលរដ្ឋនៅទីនេះ។

(៤) ពី២គន្លងទៅជា៤គន្លង ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ បើកការដ្ឋានសង់ភាគចុងក្រោយសិរីសោភណ្ឌប៉ោយប៉ែត

អញ្ចឹងការកសាងផ្លូវនេះពង្រីកផ្លូវនេះ (ធ្វើឡើង)លើគន្លងចាស់​សល់ពីមុនមក ២គន្លង ហើយឥឡូវមានដល់ ៤ គន្លង (ដែលមានពីរគន្លង)សងខាង បានន័យថាជានិមិត្តរូបនៃការបន្តពង្រឹងស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ (បន្តការ)រីកចម្រើនដែលកសាងបានពីអាណត្តិមុនៗក្នុងពេល ៤០ ឆ្នាំជាងនេះ និងទី២ យើងមានការបើកការដ្ឋានកសាងពង្រីកបន្ថែមនូវកំណាត់ផ្លូវជាតិលេខ៥ ពីសិរីសោភណ្ឌទៅ(ប៉ោយប៉ែត នៃខេត្ត)បន្ទាយមានជ័យ។ អញ្ចឹង សមិទ្ធផលនេះជានិមិត្តរូបនៃការពង្រឹងនិងការពង្រីកអ្វីដែលមានស្រាប់ និងការបើកពង្រីកបន្ថែមទៀតនូវសមិទ្ធផលថ្មី។ ជាមួយគ្នាថ្ងៃនេះ គឺការសម្ពោធ(នេះ ក៏មានវត្តមានចូល)រួមពីតំណាងរបស់រដ្ឋាភិបាលជប៉ុន ដែលមានឯកឧត្តមឯកអគ្គរដ្ឋទូត អ៊ូអិណុ អាត់ស៊ូស៊ី និងសូមអរគុណឯកឧត្តម ក៏ដូចជាអ្នកវិនិយោគជប៉ុនជាច្រើនដែលបានចូលរួមនៅថ្ងៃនេះ ប្រជាពលរដ្ឋជប៉ុនដែលបានចូលរួមនៅថ្ងៃនេះ ក៏ជានិមិត្តរូបនៃការបន្តទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តរបស់យើង។

(៥) បន្តគោលនយោបាយការបរទេស រក្សានិងបង្កើនទំនាក់ទំនងផ្អែកលើច្បាប់អន្តរជាតិ ឯករាជ្យ និងគោរពគ្នាទៅវិញទៅមក

គ្រាដែលខ្ញុំទៅចូលរួមប្រជុំអាស៊ានក្រោយពីរដ្ឋាភិបាលថ្មីបង្កើតបានប៉ុន្មានថ្ងៃ ប្រទេសទាំងឡាយចង់ដឹងពីគោលជំហរការទូតរបស់រាជរដ្ឋាភិបាលថ្មី។ (តើរាជរដ្ឋាភិបាលមានជំហរ)ការបរទេសយ៉ាងម៉េច? ខ្ញុំ​បានប្រាប់ថា (ជំហរនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល)គឺផ្អែកទៅលើមូលដ្ឋាននៃនិរន្តរភាពនិងចីរភាព​ ដែលនិរន្តរភាពគឺបន្តនូវគោលនយោបាយដែលរាជរដ្ឋាភិបាលអាណត្តិទី៦ បានធ្វើ ជាពិសេសការបង្កើន​និងថែរក្សាទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសទាំងអស់ផ្អែកទៅលើគោលការណ៍ឯករាជ្យ គោរពគ្នាទៅវិញទៅមក ផ្អែកលើច្បាប់អន្តរជាតិ គោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដែលឆ្នាំនេះជាឆ្នាំពិសេស ខួបទី៧០ នៃទំនាក់ទំនងការទូតកម្ពុជាជប៉ុន។ ពី​ម្សិលខ្ញុំបានជួបជាមួយអតីតឯកអគ្គរដ្ឋទូត(ជប៉ុនដែលបំពេញការងារ)កាលពីឆ្នាំ ២០១៦ គឺកាលពី ១០ឆ្នាំជាងមុន រួមជាមួយអ្នកវិនិយោគជាច្រើន។ ឥឡូវគាត់ជាប្រធានសមាគមមិត្តភាពកម្ពុជា-ជប៉ុន។ គាត់បានចូលរួម(រៀបចំ)ឲ្យមានការរៀបចំបាញ់កាំជ្រួចកាលពីថ្ងៃ ១៩ (វិច្ឆិកា) ដើម្បីអបអរសាទរ(ខួបទំនាក់ទំនងនោះ) …។

(៦) ការសម្ពោធផ្លូវជាតិលេខ៥ ជានិមិត្តរូបនៃទំនាក់ទំនងរឹងមាំរវាងកម្ពុជានិងជប៉ុន

ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទំនាក់ទំនងមុនគេជាមួយកម្ពុជា ព្រោះកម្ពុជាក៏បានឯករាជ្យ ៧០ ឆ្នាំ ហើយទំនាក់ទំនងការទូតជាមួយជប៉ុនក៏ ៧០ឆ្នាំដែរ … ការសម្ពោធសមិទ្ធផលថ្មីរួមគ្នាដែលកើតពីការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុនចំពោះប្រជាជនកម្ពុជា តាមរយៈការផ្តល់ឥណទានអនុគ្រោះ ជានិមិត្តរូបនៃការជួយនៅក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនិងពង្រឹងនូវទំនាក់ទំនង។ សមិទ្ធផលដែលយើងសម្ពោធនៅទីនេះ គឺទី១ ក្នុងរយៈពេល ៣ខែនៃកំណើតរាជរដ្ឋាភិបាលថ្មីជានិមិត្តរូបនៃសមិទ្ធផលមួយបន្ថែមទៀតនៃបណ្តាសមិទ្ធផល សម្រាប់ប្រជាជាតិនិងប្រជាជន។ ផ្លូវនេះធ្វើហើយមិនមែនសម្រាប់អ្នកណាប្រើ ក្រៅតែពីប្រជាពលរដ្ឋប្រើនោះទេ គឺអ្នកខេត្តកណ្តាល ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ រួមទាំងប្រជាពលរដ្ឋទាំងអស់ដែលត្រូវការប្រើប្រាស់ដឹកទំនិញក៏ដូចជាធ្វើដំណើរផ្សេងៗ។ នេះជានិមិត្តរូបទំនាក់ទំនងរវាងដៃគូច្រើនប្រទេស ជាពិសេសថ្ងៃនេះគឺនិមិត្តរូបនៃការបន្តទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលកាន់តែរឹងមាំ …។

ជាមួយនឹងការទទួលបានសមិទ្ធផលថ្ងៃនេះ ខ្ញុំសូមចូលរួមត្រេកអរជាមួយប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលប្រទាក់ក្រឡាគ្នាទាំងប៉ុន្មាន … ខ្ញុំសូមអធ្យាស្រ័យនិងការយោគយល់ផងដែរចំពោះការរំខានកន្លងទៅ ពេលដែលយើងធ្វើនិងពង្រីកផ្លូវ ដែលមានការហុយធូលី។ យើងមិនអាចជប់ផ្លូវបានក្នុងពេលមួយយប់ទេ … យើងត្រូវធ្វើជាសន្សឹមៗ … បើមិនមានការចូលរួម​ គ្មានការយោគយល់របស់ប្រជាពលរដ្ឋក៏យើងមិនអាចធ្វើបានដែរ។ ការពង្រីកផ្លូវគឺត្រូវការការយោគយល់ និងការដោះស្រាយផលប៉ះពាល់ជាច្រើន ការទទួលប្រឈមនឹងការលំបាកក្នុងការធ្វើដំណើរដោយសារការហុយ​ គ្រឿងចក្រច្រើន ដែលទាមទារការយោគយល់របស់អ៊ំពូមីង បងប្អូន។ ថ្ងៃនេះ ក្នុងនាមប្រ​មុខរាជរដ្ឋាភិបាល ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ដែលកន្លងទៅនេះ មានការយោគយល់ និងគាំទ្រដល់ការអភិវឌ្ឍនិងកសាងផ្លូវដើម្បីយើងបានផលទាំងអស់គ្នា …។ស

[បញ្ចប់សេចក្ដីអធិប្បាយ១]

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បណ្តារដ្ឋបាលខេត្ត-ក្រុង-ស្រុកដែលនៅតាមបណ្តោយផ្លូវ ក៏ដូចជាបណ្តាក្រុមហ៊ុនអ្នកសាងសង់ពាក់ព័ន្ធទាំងអស់ ដែលរួមគ្នាសម្រេចបាននូវការកែលម្អផ្លូវជាតិដ៏មានគុណភាពខ្ពស់នេះ ។ ទន្ទឹមនេះ ខ្ញុំក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន សាជាថ្មីម្ដងទៀត ដែលបានផ្តល់ការគាំទ្រគ្រប់បែបយ៉ាង ទាំងជាធនធានមនុស្ស ចំណេះដឹងបច្ចេកទេស និងធនធានហិរញ្ញវត្ថុ ដែលនាំឱ្យយើងអាចសម្រេចបាននូវគម្រោងខ្នាតធំដូចនេះ ។​ ការគាំទ្រទាំងនេះ សបញ្ជាក់ថា ជប៉ុនគឺពិតជាមិត្តដ៏ល្អមួយរបស់កម្ពុជា ហើយគម្រោងអភិវឌ្ឍជាច្រើននឹងមិនអាចសម្រេចបានឡើយ ប្រសិនគ្មានការចូលរួមពីភាគីជប៉ុននោះ ។

ខ្ញុំក៏សូមយកឱកាសនេះ រម្លឹកជូនអង្គពិធីយើងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ គឺចាប់ផ្ដើមពីព្រែកក្ដាម រហូតដល់សិរីសោភ័ណ មានប្រវែងសរុប ៣៣០,៨៩ គីឡូម៉ែត្រ ហើយក្នុងនោះ យើងបានបែងចែកជា ៣ កំណាត់ រួមមាន៖ ទី១ កំណាត់ភាគខាងជើង «បាត់ដំបង-សិរីសោភ័ណ», ទី២ កំណាត់ភាគខាងត្បូង «ព្រែកក្ដាម-ធ្លាម្អម» និង ទី៣ កំណាត់ភាគកណ្ដាល «ធ្លាម្អម-បាត់ដំបង» ដែលប្រើប្រាស់រយៈពេលសាងសង់​សរុបប្រមាណ ៧ ឆ្នាំ និង ប្រើថវិកាសរុបប្រមាណ ៦៩១ លានដុល្លារអាមេរិក, ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(៧) ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយ សិរីសោភណ្ឌ/ប៉ោយប៉ែត នឹងចំណាយប្រមាណជា ៥៣ លានដុល្លារ

កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើងពី បាត់ដំបង-សិរីសោភ័ណ្ឌ ធា្លប់បានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយកាលពីខែមករា ឆ្នាំ២០២២។ ថ្ងៃនេះយើងសម្ពោធចំណែកផ្លូវពីព្រែកក្តាមទៅបាត់ដំបង ហើយយើង(បើកការដ្ឋា)បន្តធ្វើបន្ថែមនូវកំណាត់(ផ្លូវ)ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត ដែលមានប្រវែង ៣៥ គីឡូម៉ែត្រ។ យើងត្រូវចំណាយ ថវិកាប្រហែលប្រហែលខ្ទង់ ៥៣លានដុល្លារសម្រាប់ការសាងសង់បន្ថែមនេះ។ ក្នុងនោះ មានថវិកាឥណទានពីជប៉ុន រួមជាមួយបដិភាគរបស់រាជរដ្ឋាភិបាល។ មានការចោទសួរច្រើន។ ខ្ញុំឃើញការលើក(មតិ)វាយប្រហាររដ្ឋាភិបាលថា “រាជរដ្ឋាភិបាលខ្មែរ ក្នុង ៩០ថ្ងៃនេះ ដេករហូត ហើយដើរតែខ្ចីលុយគេ”។ ការទាញយកឥណទានអភិវឌ្ឍផ្លូវ មិនខុសពីក្រុមហ៊ុនមួយធ្វើការវិនិយោគទេ … មិនថាប្រទេសណាទេ (តែងតែប្រើ)ធនធានរបស់ខ្លួនក្នុងការវិនិយោគបន្ថែម ព្រោះត្រូវការពង្រីកលទ្ធភាព(ដឹកជញ្ជូន/សេដ្ឋកិច្ច) …។

(៨) ឬមួយខ្ចីពីស្ថាប័នឥណទានឬបណ្តាប្រទេសនានា ឬមួយខ្ចីពីប្រជាពលរដ្ឋក្នុងប្រទេស ដើម្បីវិនិយោគ

យើងមានជម្រើសពីរ ដែលទី១ ត្រូវសន្សំថវិកាជាតិ មួយឆ្នាំបន្តិចៗ ដើម្បីបាន ៦០០លានដុល្លារមកធ្វើផ្លូវនេះ។ តើពេលណាដែលយើងអាចសង់ផ្លូវនេះបាន? ក្នុងពេលដែលយើងត្រូវគិតគូរចំណាយរាប់ពាន់លានទៀត លើការដោះស្រាយបៀវត្សរ៍ ការចេញគោលនយោបាយគាំពារសង្គម និងខណៈដែលចំណូលរបស់យើងមានកំណត់ … មូលដ្ឋាននៃការប្រមូលថវិកានៅគ្រប់ប្រទេសមាន ទី១ គឺរដ្ឋាភិបាលស្វែងរកកម្ចីពីស្ថាប័នឬពីបណ្តាប្រ​ទេសនានា ឧទាហរណ៍ ក្រោយសង្គ្រាមលោកលើកទី២ ធនាគារពិភពលោកបង្កើតមកគឺដើម្បីផ្តល់កម្ចី ទម្លាក់ទុនទៅដល់ប្រទេសគ្មានលទ្ធភាព ដើម្បីកសាង។ គ្រប់ប្រទេសទាំងអស់ត្រូវការមូលធនខាងក្រៅ ដើម្បីជួយនៅក្នុងការវិនិយោគ … ទុនវិនិយោគទី២ គឺរដ្ឋាភិបាលក៏ខ្ចីពីប្រជាពលរដ្ឋ។ នៅប្រទេសច្រើនដែលរដ្ឋាភិបាលខ្ចីប្រជាពលរដ្ឋ តាមរយៈការចេញ​ Bond ឬមួយក៏ផ្តល់នូវកម្ចីតាមរូបភាពផ្សេងៗ …។

(៩) ខ្ចីដោយទទួលខុសត្រូវ និងវិនិយោគដោយត្រឹមត្រូវ បានផលដល់ប្រជាពលរដ្ឋ

អ្វីដែលសំខាន់ កម្ចីនិងការប្រើប្រាស់វិនិយោគនោះ សំដៅលើអ្វី? ការប្រើប្រាស់កម្ចីសំរាប់ការវិនិយោគនោះត្រូវមានការទទួលខុសត្រូវខ្ពស់ ហើយយើងមានលទ្ធភាពគ្រប់គ្រងនៅក្នុងកម្រិតណាមួយ ដែលយើងអាចសងត្រឡប់ទៅវិញបាន​ ហើយអាចទាញយកផល … ទី១ ការខ្ចីដោយទទួលខុសត្រូវ មិនថាកម្ចីពីជប៉ុន ពីចិន ពីធនាគារពិភពលោក ពីបណ្តាប្រទេសផ្សេងៗដើម្បីធ្វើការវិនិយោគ គឺដើម្បីសំដៅបង្កើនលទ្ធភាពដោះស្រាយបញ្ហាឱ្យបានលឿន។ យើងមិនធ្វើតែផ្លូវជាតិលេខ៥ ទេ យើងធ្វើនិងពង្រីកផ្លូវជាតិលេខ ៦, ផ្លូវជាតិលេខ ១, ផ្លូវជាតិលេខ ២, ផ្លូវជាតិលេខ ៣ និយាយរួមសរសៃឈាមទាំងអស់ត្រូវដើរទន្ទឹមគ្នា។ ព្រលានយន្តហោះ (កំពង់)ផែទឹកជ្រៅ។ល។ ប៉ុន្តែអ្វីដែលចាំបាច់គឺការគ្រប់គ្រងបំណុលសាធារណៈនេះ … មិនឱ្យធ្ងន់ពេក រហូតដល់អ្វីដែលថាបាត់ម្ចាស់ការ។ ទី២ ការខ្ចីបំណុលនេះ មកធ្វើវិនិយោគបានត្រឹមត្រូវ គឺវិនិយោគដើម្បីបង្កើតចរន្តសេដ្ឋកិច្ចចែកចាយផលទៅដល់ប្រជាពលរដ្ឋ …។

ផ្លូវជាតិលេខ ៥ មិនមែនផ្លូវដែលគ្រាន់តែសម្រាប់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវទេធ្វើដំណើរស្រួល ពីនេះទៅភ្នំពេញនោះទេ ប៉ុន្តែវាជួយផ្តល់ ទី១ អោយមានការតភ្ជាប់ មិនមែនតែតាមបណ្តោយផ្លូវជាតិលេខ៥ នេះទេ ប៉ុន្តែតភ្ជាប់ប្រទាក់ក្រឡាគ្នាជាមួយផ្លូវផ្សេងៗទៀត នៅខេត្តកណ្តាល ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង។ល។ ពីតំបន់ដែលដាច់ស្រយាលមកផ្លូវមេនេះ ដែល(នឹងមានប្រតិសកម្ម)ធ្វើឱ្យរីកនូវសកម្មភាពសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មិនទុកឱ្យប្រជាពលរដ្ឋនៅទីឯកោ នៅមួយកន្លែង … បើសិនជាអត់មានផ្លូវ(ដើម្បីនឹងធ្វើដំ​ណើរ) ឬពិបាកធ្វើដំណើរ មានអារម្មណ៍ឯកោ។ ផលិតផលទំនិញកសិកម្មមិនដឹងយកទៅណា? ការវិនិយោគទាំងអស់នេះត្រូវតែច្បាស់ថាតើគម្រោងណាដែលយើងត្រូវធ្វើដើម្បីអភិវឌ្ឍប្រទេសនិងផ្តល់ផលដល់ប្រជាពលរដ្ឋ។

(១០) ទាក់ទាញវិនិយោគបរទេស/ឯកជនក្នុងស្រុក និងភ្ជាប់ទំនាក់ទំនងរវាងប្រទេស ប្រជាជន និងទេសចរ

កាលមុនជេរសម្តេចតេជោថា “រដ្ឋាភិបាលស្មូម” ឥឡូវជេររដ្ឋាភិបាលថ្មីថា ៣ខែ​នេះដើរតែខ្ចីលុយគេ។ ខ្ញុំសូមបញ្ជាក់ថា ៣ខែនេះ យើងដើរទាក់ទាញ(ការវិនិយោគ ដែល)ក្នុងនោះមានគម្រោងកម្ចីមួយផ្នែក ក្រៅពីនោះ យើងបានទាក់ទាញទាំងការវិនិយោគបរទេសទាំងលើកស្ទួយវិនិយោគក្នុងស្រុក ដើម្បីប្រើប្រាស់ធនធានពីវិស័យឯកជន។ រដ្ឋាភិបាលមិនចាំបាច់ខ្ចីទេ។ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាច្រើនប្រើប្រាស់ធនធានឯកជនតាមរយៈ BOT … ខ្ញុំសម្ពោធព្រលានយន្តហោះនៅសៀមរាប តម្លៃជាង ១០០០លានដុល្លារ គឺការវិនិយោគបែប BOT។ ការទាញវិនិយោគមកកម្ពុជាតាមរយៈក្រុមហ៊ុនវិនិយោគផ្សេងៗ គឺដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ច។ ម្សិលមិញខ្ញុំជួបជា​មួយអ្នកវិនិយោគជប៉ុនជាច្រើនរូប ដែលមានគម្រោងពង្រីកវិនិយោគទៅលើវិស័យបណ្តុះបណ្តាលផ្នែក IT … គឺប្រើប្រាស់ធនធានវិនិយោគរបស់ឯកជនដើម្បីបញ្ចូលឈាមឱ្យយើង។ មួយទៀត គឺការ​ភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេស ទំនាក់ទំនងប្រជាជននិងប្រជាជន និងវិស័យទេសចរណ៍។ ក្នុងរយៈពេល ៣ខែនេះ រដ្ឋាភិបាលមិនបានដេក ហើយក៏មិនបានចេះតែដើរខ្ចីលុយគេនោះទេ ប៉ុន្តែប្រើប្រាស់ផលិតផលគ្រប់រូបភាពដើម្បី(ទទួលបានលទ្ធភាព)បម្រើប្រជាពលរដ្ឋ។ វិស័យឯកជនគឺជាដង្ហើមធំណាស់។ (ទោះបី)ផ្លូវនេះយើងធ្វើនៅក្នុង(ទំរង់ជា)ឥណទានក៏ដោយ ប៉ុន្តែវាបម្រើឱ្យការរីកចម្រើននៅក្នុងវិស័យឯកជនដែរ ដូចជាប្រព័ន្ធដឹកជញ្ជូន logistics វិស័យកសិកម្ម វិស័យឧស្សាហកម្ម អាចដំណើរការបាន … គឺធ្វើដើម្បីចែករំលែកឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនៅក្នុងខេត្តកណ្តាល ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង បន្ទាយមានជ័យ។ល។ អញ្ចឹងយើងបានប្រើប្រាស់និងធ្វើវិនិយោគទាំងរូបភាពកម្ចីនិងរូបភាពផ្សេងៗ ដើម្បីបានផលប្រយោជន៍ជូនប្រជាពលរដ្ឋ …។

(១១) គោលដៅ៥ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ស្តីពីការវិនិយោគ

ក្នុងន័យនេះ ខ្ញុំសូមមានចំណាប់អារម្មណ៍បន្ថែមទៅលើការវិនិយោគ ដែលនៅក្នុងនោះ រដ្ឋាភិបាលអាណត្តិទី៧ ដាក់ទិសដៅគោលដៅសំខាន់ ទី១ ជំរុញកំណើនសេដ្ឋកិច្ច និងទី២ បង្កើតការងារឱ្យច្រើនជូនប្រជាពលរដ្ឋ ជាការ​ងារដែលមានគុណភាព មានបៀវត្សរ៍ និងអត្ថប្រយោជន៍ និង(បណ្តុះបណ្តាល)ជំនាញឱ្យប្រជាពលរដ្ឋ។ ការងារដែលផ្តល់នូវការគាំពារសិទ្ធិ ការគាំពារសុខុមាលភាពដល់ប្រជាពលរដ្ឋ។ ទី៣ ការចែករំលែកដោយសមធម៌នូវផ្លែផ្កា កុំឱ្យប្រមូលផ្តុំនៅក្រុមណាមួយ កន្លែងណាមួយ (ដូចជា)កុំឱ្យធ្វើទៅរីកតែភ្នំពេញ ខេត្តផ្សេងៗអត់រីកចម្រើន កាន់តែលំបាក។ ទី៤ បង្កើនប្រសិទ្ធភាព(សេវាសាធារណៈ) ធ្វើយ៉ាងណារដ្ឋបាលថ្នាក់ជាតិក្រោមជាតិបម្រើសេវាជូនប្រជាពលរដ្ឋ លើកទឹកចិត្ត និងជំរុញការវិនិយោគនៅតាមបណ្តារាជធានី-ខេត្ត និង ទី៥ រក្សាចីរភាព។ ធ្វើអីត្រូវមាននិរន្តរភាព និងចីរភាព កុំឱ្យធ្វើតែមួយភ្លែតបាត់។ ផ្លូវដែលបានកសាងហើយនេះ បើសម្រាប់តែលម្អ មិនឱ្យឡានបើក ក៏អត់បម្រើសេដ្ឋកិច្ច ត្បិតវាមិនបានផលច្រើន។ តែផ្លូវនេះ ធ្វើឱ្យឈាមយើងរត់កាន់តែល្អ បានន័យថា សុខភាពតាមបណ្តោយផ្លូវសេដ្ឋកិច្ចកាន់តែល្អ ហ្នឹងហើយមានផលទៅដល់ប្រជាពលរដ្ឋជានិរន្តរ …។

ផ្លូវឌីជីថលជាផ្លូវដែលលឿនជាងគេ

ការធ្វើផ្លូវជាអាទិភាពគន្លឹះធំមួយក្នុងចំណោមអាទិភាព ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងឥឡូវមានបច្ចេកវិទ្យា។ ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់។ បើយើងនិយាយពីផ្លូវ យើងមិនមែននិយាយតែផ្លូវគោកតែមួយទេ ឬផ្លូវថ្នល់តែមួយទេ។ យើងនិយាយផ្លូវទឹក ផ្លូវអាកាស ផ្លូវគោក។ ឥឡូវមានផ្លូវឌីជីថល​មួយទៀត។ ទីនេះ ខ្ញុំឃើញប្រជាពល​រដ្ឋ​កាន់ទូរស័ព្ទឆ្លាត ចុចមួយប៉ាប់ជាប់ជាមួយគេនៅលើពិភពលោក។ នេះហើយផ្លូវឌីជីថល។ ផ្លូវហ្នឹងលឿនជាងគេ។ គេថា ភ្នែកទិព្វត្រចៀកទិព្វ។ កាលមុនមានត្រចៀកទិព្វស្តាប់វិទ្យុ ភ្នែកទិព្វមើលទូរទស្សន៍។ ឥឡូវនៅក្នុងដៃមានឧបករណ៍ដែលធ្វើឱ្យយើងមានភ្នែកទិព្វត្រចៀកទិព្វ ចង់និយាយជាមួយអ្នកនៅម្ខាងទៀតពិភពលោក នៅអាមេរិក គ្រាន់តែលើកប៉ាប់គេលឺនិងនិយាយគ្នាបាន។ ឥឡូវមាន Technology 4G ឬ3G បន្តិចទៀតមាន 5G មើលឃើញមុខអ្នកនៅអាមេរិកទៅហើយ។ ឥឡូវយុវជនយើងខ្លះភ្ជាប់និស្ស័យតាមហ្វេកប៊ុកហ្នឹង។ អ្នកខ្លះអត់ដែលជួបមុខគ្នាទេ រហូតទាល់តែថ្ងៃការ។ បើនៅក្រៅប្រទេស មានរឿងថាអ្នកខ្លះខំជិះយន្តហោះរាប់គីឡូ មកដល់ព្រលានយន្តហោះរកគ្នាមិនឃើញ។ គេដាក់ Profile ខុស។ គេយក Profile តួកុនទៅដាក់ ហើយម្ខាងទៀតឃើញគេស្អាត ចុះមករកមិនឃើញ។

ខ្ញុំឃើញដូចអ្នកពោធិ៍សាត់ ឬអ្នកអីថ្ងៃមុន? ខូចចិត្តតាមអនឡាញ។ អត់ដែលជួបគ្នាផ្ទាល់។ ភ្ជាប់និស្ស័យ​តែតាមអនឡាញ។ ដល់បែកបាក់គ្នា ក៏តាមអនឡាញ។ កូនស្រីចូលម្លប់ បើអត់ដកទូរស័ព្ទ (ដូច)អត់ចូលម្លប់ទេ … កន្លែងសមាធិគេឱ្យដកទូរស័ព្ទ។ តែហ៊ានអត់ដកទូរស័ព្ទគឺនៅតែហ្នឹង បើទៅដល់កោះណាឆ្ងាយរាប់ពាន់គីឡូក៏ដោយ បើនៅជាប់ជិតបង្កើយ ព្រោះផ្លូវហ្នឹងកៀកមនុស្សជិតគ្នា។ ថ្ងៃមុន ខ្ញុំបានសាងផ្នួសពេលដែលលោកយាយខូច។ បួសមុខភ្លើង។ ខ្ញុំដកទូរស័ព្ទចេញអត់ប្រើ។ នាយទាហានខ្ញុំម្នាក់ទៅថ្វាយបង្គំសុំយកឯកសារទៅឆ្លង ថាទាក់ទងព្រះតេជព្រះគុណ អត់បានតាមទូរស័ព្ទ។ ថាទេអាត្មាសាងផ្នួសហើយឱ្យគេធ្វើទៅ។

(១២) សារៈប្រយោជន៍មួយចំនួននៃផ្លូវជាតិលេខ៥

ត្រឡប់មកវិញ ហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវស្ពាន)គឺការតភ្ជាប់នេះសំខាន់ណាស់។ ៤ ផ្លូវដែលយើងធ្វើថ្ងៃនេះ ហើយក្នុង ៣ខែនេះ ខ្ញុំបានចូលរួមសម្ពោធសមិទ្ធផលតភ្ជាប់ធំៗច្រើន។ ថ្ងៃនេះ តភ្ជាប់ផ្លូវជាតិលេខ ៥ ក្នុងខួប ១ឆ្នាំ នៃផ្លូវហាយវេ។ ថ្ងៃមុនខ្ញុំទៅសម្ពោធព្រលានយន្តហោះដើម្បីយើងភ្ជាប់ផ្លូវអាកាស។ សម្ពោធស្ពានកោះនរា ដើម្បីភ្ជាប់ពីកន្លែងដែលលិចលង់ទៅជាកន្លែងមួយដែលអភិវឌ្ឍ។ កោះនរាឆ្នាំ ២០០៥ ទឹកវាយអស់រលីង … យើងជប់អោយមានដង្ហើមជីវិតឡើងវិញ។ ការសម្ពោធនូវផ្លូវជាតិលេខ៥ ដែលជាផ្លូវដង្ហើមមេធំតែមួយហើយជាប់ខ្វាត់ខ្វែង … ជាសរសៃឈាមមេដែលភ្ជាប់ពីតំបន់/ខេត្ត … ដែលពាក្យខ្មែរថា “មានផ្លូវមានសង្ឃឹម”។ មានផ្លូវកាន់តែច្រើន មានជម្រើសកាន់តែច្រើន តភ្ជាប់គ្រប់កន្លែងទាំងអស់។ ឥឡូវកន្លែងខ្លះ ទាល់តែមើលផែនទី។ ថ្ងៃមុន ខ្ញុំធ្វើដំណើរពីខេត្តស្ទឹងត្រែងទៅព្រះវិហារ ម៉ោង១០ ទៅ១១យប់ … មិនស្គាល់ផ្លូវ។ យើងក៏ហៅប៉ូលីសព្រំដែនម្នាក់ដឹកនាំយើង។ បើកខុសផ្លូវ(ដដែល)។ ដល់សួរចុះឡើងថាម៉េចប៉ូលីសព្រំដែនមិនស្គាល់ផ្លូវ? គេបន្ទោសថាផ្លូវច្រើន។ គេថាកាលមុនមានផ្លូវកៅស៊ូតែមួយខ្សែទេ។ ទៅតាមតែផ្លូវកៅស៊ូទៅ ផ្លូវដីផ្សេងៗកុំទៅ នឹងត្រូវហើយ។ ឥឡូវមានផ្លូវកៅស៊ូច្រើនខ្សែធ្វើអោយវង្វេង។

បងប្អូនអ្នកកំពង់ឆ្នាំង អ្នកពោធិសាត់ មកពីអាមេរិក បើខានមកយូរពីក្រៅប្រទេស ឬមួយពីខេត្តផ្សេង មិនស្រួលវង្វេងផ្លូវ។ កាលមុនទៅឱរ៉ាល់មានតែផ្លូវមួយទេ ឥឡូវមានផ្លូវ ៤៤ផង ផ្លូវ៥១ផង ហើយមានផ្លូវតូចៗ ភ្ជាប់ទៀត។ ផ្លូវលេខ៥ … បានជួយចិញ្ចឹមសរសៃឈាម មិនមែនភ្ជាប់តែពីបេះដូងមកចិញ្ចឹមតែបាតដៃនោះទេ តែតាមផ្លូវនេះគឺអវៈយវៈយើងរស់ទាំងអស់ … ខ្ញុំធ្លាប់បាននិយាយថា ពោធិសាត់និងកំពង់ឆ្នាំងជាខេត្តដែលគេទៅហួសមកហួស។ បើជ្រុលជាទៅ ហួសទៅដល់បាត់ដំបងតែម្ដងទៅ។ មានអីនៅពោធិសាត់ មានអីនៅកំពង់ឆ្នាំង។ បើមកវិញ កាត់កំពង់ឆ្នាំង (ហួស)ទៅភ្នំពេញតែម្ដងទៅ … ឥឡូវ(កំពង់ឆ្នាំង)មានរោងចក្រ មានតំបន់សេដ្ឋកិច្ចពិសេសពីរ។ ផ្លូវនេះដើរហើយ យើងនឹងជំរុញបន្ថែម។ មានការងារនៅនេះ បងប្អូនមិនបាច់ទៅណាទេ។ បង្កើតតំបន់សេដ្ឋកិច្ច។ នៅពោធិសាត់ដូចគ្នា នៅក្រគរឥឡូវទៅជាតំបន់សេដ្ឋកិច្ចពិសេស​។ ក្រុមហ៊ុន Ford ដំឡើងរថយន្ត ឥឡូវក្រុមហ៊ុន Minebea ទៅដំឡើងនៅនោះទៀត។ អ្នកក្រគរ អ្នកពោធិសាត់មិនបាច់ទៅណា។ ហ្នឹងហើយសារសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធរបស់យើង ផ្លូវជាតិលេខ៥ ដែលចិញ្ចឹមសរសៃឈាមនេះ។

(១៣) មិនប្រមូលផ្តុំការរីកចំរើននៅតែភ្នំពេញ ធ្វើអោយគ្រប់មូលដ្ឋានមានផ្លូវ ទឹក និងអគ្គិសនី

គោលដៅរបស់យើងគឺសមធម៌។ មិនមែនឲ្យការរីកចម្រើនប្រមូលផ្ដុំនៅតែភ្នំពេញនោះទេ។ យើងធ្វើយ៉ាងណាឲ្យផ្លូវ ទឹក ភ្លើងដល់ទៅមូលដ្ឋាន។ ឥឡូវ យើងមានភ្លើងសឹងតែគ្រប់ឃុំ។ នៅសល់តិចណាស់។ យើងដាក់គោលដៅតភ្ជាប់។ ទឹករបស់យើងស្អាតបានច្រើន។ យើងធ្វើប្រព័ន្ធធារាសាស្រ្ត … ពិតណាស់មិនទាន់ស្រោចស្រពទូទាំងប្រទេស តែយើងនឹងខិតខំ។ ផ្លូវយើងខ្វាត់ខ្វែង។ នៅតាមឃុំ លោកអ៊ំ ពូមីង បងប្អូនមិនដែលសុំផ្លូវកៅស៊ូទេ។ គាត់សុំបេតុងតែម្ដង។ ផ្លូវតាមឃុំ តាមសង្កាត់ គឺបេតុង ព្រោះធានាគុណភាពរយៈពេលយូរ។ ផ្លូវកៅស៊ូក៏យើងធ្វើ។ ស្ពានតភ្ជាប់។ នេះជាអ្វីដែលពាក្យខ្មែរថា “មានផ្លូវ មានសង្ឃឹម” នោះ។ ទៅដណ្ដឹងកូនគេ តែថាអត់ផ្លូវ គឺចប់ហើយ … ភាសាអង់គ្លេសក៏អញ្ចឹងដែរ។ តែថា No way គឺចប់ហើយ។ ខ្ញុំមិនដឹងថាភាសាជប៉ុនថាម៉េចទេ។ អ្នកបកប្រែមិនដឹងបកទាន់ឬទេ ព្រោះខ្ញុំនិយាយក្រៅសុន្ទរកថាបន្តិច … ផ្លូវពីមុនធ្វើពីកៅស៊ូ BDST ឥឡូវយើងឡើងដល់ AC។ មកដល់នេះ យើងកសាងបានច្រើន។ សម្រាប់ទៅមុខ ចំពោះហេដ្ឋារចនាសម្ព័ន្ធនេះ យើងក៏មិននៅហ្នឹងថ្កល់ត្រឹមហ្នឹងដែរ។

(១៤) ថែរក្សារបស់មានស្រាប់ ពង្រីកបន្ថែមរបស់មិនទាន់គ្រប់ស្តង់ដា សាងសង់ផ្លូវថ្មី ជំរុញប្រព័ន្ធ Highway

យើងខិតខំថែទាំថែរក្សាប្រើប្រាស់ឲ្យបានយូរអ្វីដែលមានស្រាប់។ អ្វីដែលមានមិនទាន់គ្រប់ស្តង់ដារយើងខិតខំពង្រីកបន្ថែម។ ឥឡូវផ្លូវជាតិលេខ៥ យើងពង្រីក។ គម្រោងផ្លូវជាតិលេខ៧ ពីស្គន់ទៅដល់កំពង់ចាម ក៏យើងគ្រោងពង្រីក។ ផ្លូវពីកំពង់សោមទៅកំពត កន្លែងដែលលំបាកយើងក៏កំពុងតែពង្រីកបន្ថែម។ ពិនិត្យមើល​ផ្លូវណាថ្មីទៀត ដែលត្រូវធ្វើបន្ថែម។ សម្រាប់អាណត្តិទី៧នេះ យើងគ្រោងជំរុញហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ Highway … កាលខ្ញុំរៀននៅក្រៅប្រទេស ខ្ញុំទៅប្រទេសជាច្រើន ទៅជប៉ុន ទៅកូរ៉េ។ ប្រព័ន្ធ Highway នេះសំខាន់ណាស់។ ឥឡូវគេនិយាយពីប្រព័ន្ធ Highway Digital ប៉ុន្តែ Highway Digital ម៉េចក៏ដោយ ក៏ត្រូវតាមប្រព័ន្ធផ្លូវជាក់ស្ដែងដែរ។ យើងអាចបញ្ជាកុម្ម៉ង់ម្ហូបតាមអនឡាញ ប៉ុន្តែគេមិនអាចបញ្ជូនម្ហូបមកយើងតាមអនឡាញទេ។ ព្រះតេជគុណអាចបិណ្ណបាត្រតាមអនឡាញ។ ខ្ញុំព្រះករុណាខ្ញុំក៏ធ្លាប់ឆ្លើយតបប្រគេនតាមអនឡាញដែរ។ តែដឹកជញ្ជូនគឺយកទៅប្រគេនផ្ទាល់តាមផ្លូវ។ ជំនាន់កូវីដ ព្រះអង្គមានបានទៅណារួច ចាំញោមមកវត្តអាត្មាមិនដឹងថ្ងៃណា។ ឥឡូវបិណ្ណបាត្រស៊ីម៉ង់ត៍ ៥តោនតាមអនឡាញ។ អញ្ចឹងបានប្រគេនព្រះអង្គតាមហ្វេសប៊ុកទៅ។ តែដឹកជញ្ជូនទៅផ្ទាល់។ អញ្ចឹងប្រព័ន្ធផ្លូវលើដីចាំបាច់ត្រូវតែបន្តបន្ថែម មិនអាចអត់បានទេ។ យើងមិនអាចធានា ឬមួយការផ្គត់ផ្គង់បានដោយប្រើប្រាស់តាមរលកធាតុអាកាសទាំងអស់ទេ …។

(១៥) នឹងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងផ្លូវល្បឿនលឿភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ផ្លូវ ៥០Cនិងផ្លូវដែកជើងត្បូង

យើងគ្រោងថែមផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ យើងបានចរចាហើយ។ កំពុងតែរៀបចំធ្វើ។ យើងមានស្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-កំពង់សោម។ ហ្នឹងខាងផ្លូវគោក។ យើងគ្រោងធ្វើផ្លូវ(ល្បឿនលឿន)ភ្នំពេញ-សៀមរាប-ប៉ោយប៉ែតមួយខ្សែទៀតខាងកើតទន្លេសាប។ ផ្លូវ ៥០C នឹងតភ្ជាប់រវាងខេត្តកំពង់ឆ្នាំងនៅផ្លូវជាតិលេខ៥ និងខេត្តកំពង់ធំនៅផ្លូវជាតិលេខ៦។ (បច្ចុប្បន្ន) ចង់ទៅកំពង់ធំពីកំពង់ឆ្នាំង ត្រូវទៅតាមព្រែកក្ដាម … ខ្ញុំសួរពេលមុនបោះឆ្នោតថា អ្នកកំពង់ឆ្នាំងចង់បានទេផ្លូវនិងស្ពានឆ្លងទន្លេទៅកំពង់ធំ?(ប្រជាជនឆ្លើយថាចង់)។ ខ្ញុំសួរពេលទៅកំពង់ធំ ក៏ថាចង់បាន។ ពិតហើយ អ្នករត់សាឡាង រត់ទូកដ ប្រហែលជាបាត់អាជីពទៀតហើយ … យើងភ្ជាប់គម្រោងផ្លូវគោក។ ផ្លូវ(លេខ៥)នេះមានស្ពាន ៦ខ្សែ ហើយមានស្ពានមួយធ្វើវែងជាងគេប្រហែលជាង ៣គីឡូម៉ែត្រ។

ក្រៅពីផ្លូវថ្នល់យើងក៏ពង្រឹងផ្លូវដែកទៀត​។ ឥឡូវអាទិភាពសំខាន់បំផុតគឺពង្រឹងផ្លូវដែកជើង-ត្បូង។ យើងមានផ្លូវដែកពីរខ្សែ គឺខ្សែខាងជើងពីប៉ោយប៉ែតទៅភ្នំពេញ កាត់តាមពោធិសាត់ បាត់ដឹង តាំងពីឆ្នាំ ១៩៦០ជាងនិងខ្សែខាងត្បូង ភ្នំពេញ-តាកែវ-កំពត-ព្រះសីហនុ។ ជំហានទីមួយ ពិនិត្យមើលដើម្បីពង្រឹងអ្វីដែលមានស្រាប់ ធ្វើយ៉ាងណាអាចទ្រទ្រង់ការដឹកជញ្ជូនបានធ្ងន់ ហើយបានលឿនដើម្បីបន្ថយចំណាយ។ បើយើងធ្វើផ្លូវល្បឿនលឿននេះហើយ ផ្លូវជាតិលេខ៥នេះ (រួមនឹង)ធ្វើផ្លូវដែកមួយទៀត ជួយសម្រាលការដឹកជញ្ជូនបានច្រើន ហើយកាត់បន្ថយតម្លៃដឹកជញ្ជូន។ ទៅថ្ងៃក្រោយ យើងអាចភ្ជាប់(ផ្លូវល្បឿនលឿន)មួយទៀត ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ … រទេះភ្លើងល្បឿនលឿនចាំក្រោយ។ អ្វីដែលមានស្រាប់ពង្រឹង។ ហ្នឹងវាលឿន វាមិនសូវអស់ច្រើន។ វាបម្រើដល់ការដឹកជញ្ជូន ជាពិសេសកាត់បន្ថយថ្លៃដឹកទំនិញ …។

(១៦) កំពុងចរចាស្ថាបនាព្រែកជីកហ៊្វូណន(តេជោ) និងបុកគ្រឹះពង្រីកជំរៅទឹកកំពង់ផែព្រះសីហនុជំហានទីមួយ

(សំរាប់)ផ្លូវទឹក មានគម្រោងមួយតភ្ជាប់ទន្លេនិងសមុទ្រ ដែលយើងកំពុងចរចា។ ព្រែកជីកហ្វ៊ូណន(តេជោ) ដែលនឹងជួយសំរួលការដឹកទំនិញដល់អ្នកនៅជុំវិញទន្លេសាប និងតាមបណ្ដោយទន្លេមេគង្គថ្ងៃក្រោយទៅតាមហ្នឹង។ កំ​ពង់ផែយើងមាន ៤ នៅកំពត កោះកុង និងកំពង់ផែខេត្តព្រះសីហនុ។ ខ្ញុំនិយាយជាមួយឯកឧត្ដម ឯកអគ្គរដ្ឋទូតអម្បាញ់មិញ គឺថាកំពង់ផែព្រះសីហនុគឺជាផែប្រវត្តិសាស្រ្ត ហើយលក្ខណៈភូមិសាស្រ្តកម្ពុជាគឺនៅកណ្ដាល រវាង Laem Chabang នៅថៃ និងកំពង់ផែនៅវៀតណាម។ អញ្ចឹងនេះជាកន្លែងសំខាន់។ កន្លងទៅ និងបច្ចុប្បន្នយើងមានបញ្ហាប្រឈមមួយគឺជម្រៅទឹក និង capacity​។ ជម្រៅទឹកឥឡូវនេះមានជាង ៨ម៉ែត្រទេ។ កប៉ាល់ដឹកទំនិញចូលមកយើងបានតែ ១៨% ទេ។ ក្រៅពីហ្នឹង ៨២% ទៀតគឺយកកប៉ាល់ទៅសាងបន្តិចៗ។ អញ្ចឹងវាអស់ថ្លៃច្រើន។ ដឹកចេញចូល … សូមអរគុណរដ្ឋាភិបាលជប៉ុនដែលបានយកចិត្តទុកក្នុងការជួយពង្រឹងកំពង់ផែយុទ្ធសាស្រ្តនេះ (ទាំង)ផ្លូវជាតិលេខ៥ ទាំងកំពង់ផែយុទ្ធសាស្រ្ត(នៅក្រុងព្រះសីហនុ)។ ថ្ងៃទី២២ ខែ១២ (នឹងសម្ពោធបុកគ្រឹះពង្រីកជម្រៅទឹកជំហានទី១)។ អរគុណណាស់ឯកឧត្ដម ស៊ុន ចាន់ថុល និងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ព្រមទាំងក្រុមការងារ Logistic និងខាងជប៉ុន ជាពិសេស ឯកឧត្ដមឯកអគ្គរដ្ឋទូតជប៉ុន ដែលខិតខំជំរុញការចរចា។ កាលពី ៣ សប្ដាហ៍មុន ខ្ញុំទទួលរបាយការណ៍ពីឯកឧត្ដម លូ គឹមឈន់ មកថា (អតីតនាយករដ្ឋមន្ត្រី)សម្ដេចតេជោបានមានការឯកភាព តែការចរចានៅក្នុងការបង្កើតដំណាក់កាលទី១ និងការពង្រីកនោះមិនទាន់ចេញ នៅខ្ទាស់ជាប់​គន្លឹះមួយចំនួន … ខ្ញុំសុំឲ្យឯកឧត្ដម ស៊ុន ចាន់ថុល ថាធ្វើម៉េចឲ្យបានមុនដំណាច់ឆ្នាំ ២០២៣ឲ្យខ្ញុំ ដើម្បី​យើងធ្វើការសម្ពោធបុកគ្រឹះ ព្រោះ ២០២៣ គឺខួប៧០ឆ្នាំនៃទំនាក់ទំនង(កម្ពុជា-ជប៉ុន)។

យើងសម្ពោធផ្លូវនេះ ហើយយើងនឹងសម្ពោធ(បើកការដ្ឋាន)ផែទៀត។ ថ្ងៃមុន ជប៉ុនក៏បានជួយនូវឥណទានឥតសំណង​​នូវការផ្ដល់ប្រព័ន្ធលើកដាក់របស់យើង។ បន្តិចទៀត ពេលដែលយើងពង្រីកជម្រៅផែជំហានទី១ នេះ កប៉ាល់ជាង ៩៣% នឹងចូលបាន (ព្រោះ)យើងពង្រីក(បានជំរៅទឹក) ១០ម៉ែត្រជាង។ អញ្ចឹងជាជាងចតនៅក្រៅ ហើយបានយក(កប៉ាល់តូចៗ)ទៅសាង យើងនឹងបាននបាវាទំនិញដឹកចូលដល់ក្នុងតែម្ដង។ អញ្ចឹងបានច្រើន។ នឹងពង្រីក(ជំហាន)ទី២ (ជំហាន)ទី៣ ទៅទៀត។ ពេលផែយើងទឹកជ្រៅ​​ គឺកប៉ាល់ទាំងអស់អាចចូលបាន។ អញ្ចឹងផែខេត្តព្រះសីហនុនឹងក្លាយជាផែមួយដែលមានសក្ដានុពលធំដើម្បីបម្រើសេដ្ឋកិច្ចជាតិ មិនត្រឹមតែអ្នកខេត្តព្រះសីហនុ តែបម្រើទូទាំងប្រទេសតែម្ដង …។

(១៧) ឆ្នាំ ២០២៥ ព្រលានយន្តហោះអន្តរជាតិភ្នំពេញដាក់អោយដំណើរការ បង្កើនសមត្ថភាពព្រលានយន្តហោះខេត្តព្រះសីហនុ កសាងព្រលានយន្តហោះមណ្ឌលគិរី

យើងបានសម្ពោធព្រលានថ្មីអន្តរជាតិសៀមរាបអង្គរ។ ឆ្នាំ ២០២៥ ព្រលានយន្តហោះភ្នំពេញដែលយើងធ្វើ(នឹងដាក់អោយប្រតិបត្តិការ)បន្ថែមទៀត។ នៅខេត្តព្រះសីហនុ យើងកំពុងតែពិនិត្យមើលការប្រើប្រាស់ ឬមួយក៏ upgrade ព្រលានយន្តហោះយើងដែលមានស្រាប់។ នេះយើងនិយាយ(គំរោង)ធំៗ។ ក្រៅពីហ្នឹងមានព្រលានយន្តហោះ​ ដូចនៅមណ្ឌលគីរីតូចៗទៀត ដើម្បីយើងភ្ជាប់ទំនាក់ទំនងគ្រប់វិស័យ។ អញ្ចឹងរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះនឹងបន្តជំរុញនូវគម្រោងវិនិយោគធំៗ ទាំងរូបភាព BOT ដែលប្រើប្រាស់ធនធានវិនិយោគរបស់វិស័យឯកជន ទាំងឥណទានមួយចំនួន ដើម្បីយកមកបំរើទៅ​ដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់សរសៃឈាមដែលកាន់តែរីកធំធាត់ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស … ដែលគេចោទថារដ្ឋាភិបាលដើរខ្ចីនេះខ្ចីនោះ យើងធ្វើការដោយទទួលខុសត្រូវ។ យើងមានលទ្ធភាពដើម្បី​បង្វែរបង្វិល តែសំខាន់បំផុតគឺពេលវេលាមិនរង់ចាំយើងទេ អ៊ំ ពូ មីង បងប្អូន។ តើលោកតា លោកយាយ ប្រជាពលរដ្ឋអ្នកកំពង់ឆ្នាំង អ្នកពោធិ៍សាត់ អ្នកកណ្តាល អ្នកបន្ទាយមានជ័យ អ្នកភ្នំពេញ អ្នកតាកែវ អ្នកកំពត អ្នកខេត្តព្រះសីហនុ យើងចង់ឃើញផ្លូវដែក ផ្លូវថ្នល់ ផ្លូវអាកាស ព្រលានយន្តហោះ កើតមានក្នុងដីយើងក្នុងពេលឆាប់ៗ ឬមួយក៏ចាំទាល់តែចៅយើងបានឃើញ? … ពេលវេលាសំខាន់ណាស់។ ចង់បានជីវភាពរស់នៅ នៅក្នុងខេត្តកំពង់ឆ្នាំងរីកលឿននៅក្នុងឆ្នាំហ្នឹងឬឆ្នាំក្រោយ ឬមួយចាំ ១០ឆ្នាំទៀត ទម្រាំយើងរកថវិកាសន្សំលុយធ្វើផ្លូវ ៥០C បង្កើតតំបន់សេដ្ឋកិច្ច។ ប្រហែលជាចង់បានឆាប់ៗមែនទេ? … យើងត្រូវធ្វើយ៉ាងណាឲ្យប្រទេសយើងរីកលូតលាស់ … អញ្ចឹងការខិតខំប្រមូលធនធានកៀរគរពីគ្រប់មជ្ឈដ្ឋាន គ្រប់រូបភាពដោយការទទួលខុសត្រូវ … រីកចំរើន កុំចាំជំនាន់ក្រោយ ជំនាន់នេះតែម្តង …។

(១៨) បន្តអនុវត្តគំរោងវិនិយោគថ្នាក់ជាតិនិងក្រោមជាតិ សិក្សាផលប៉ះពាល់ពីការសាងសង់ផ្លូវ ៥០សេនិងស្ពាន

អ្វីដែលខ្ញុំនិយាយគឺវិនិយោគធំៗ។ ក្រៅពីនោះរដ្ឋាភិបាលមានគម្រោងវិនិយោគថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ពង្រីកផ្លូវ ពង្រីកប្រឡាយទឹក ពង្រីកប្រព័ន្ធភ្លើង ដើម្បីតភ្ជាប់ប្រជាពលរដ្ឋតាមស្រុក ភូមិ ឃុំតទៅទៀត។ អ៊ំ ពូ មីង ចង់បានភ្លាម។ មិនចង់បាន ២០ ឆ្នាំទៀតមែនទេ? សូមជឿចុះថាជាការតបស្នងសងគុណដល់ប្រជាពលរដ្ឋទូទាំងប្រ​ទេស រួមទាំងអ្នកកំពង់ឆ្នាំងនៅទីនេះ ដែលបានផ្តល់ការទុកចិត្តគាំទ្រគណបក្សប្រជាជន ឱ្យដឹកនាំនិងចេញគោលនយោបាយបំរើប្រជាពលរដ្ឋ យើងនឹងខិតខំដើម្បីបំរើប្រជាពលរដ្ឋឲ្យបានសមិទ្ធផលកាន់តែច្រើននៅក្នុងអាណត្តិនេះបន្តថែមទៀត។ ថ្ងៃនេះ ខ្ញុំនិយាយតែផ្លូវទេ។ តែមានផ្លូវមានសង្ឃឹម។ ទៅភ្នំពេញឥឡូវមិនបាច់ចំណាយពេលយូរទេ។ ទៅពោធិ៍សាត់ក៏មិនចាំបាច់យូរដែរ … ផ្លូវ ៥០C នេះបង្កើតហើយ។ យើងគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិ​សេសនៅកំពង់លែង។ អ្នកកំពង់លែងក៏បានច្រើន។ មុនឆ្នាំ ២០១៣​ខ្ញុំបានទៅកំពង់លែងម្តងជាមួយឯកឧត្តម អ៊ឹង ប៊ុនហូវ។ កាលនោះខ្ញុំត្រូវដូរទូកដូចជា ២ ដង …។

ផ្លូវនេះបានសិក្សាយូរឆ្នាំ។ ខ្ញុំសូមបញ្ជាក់ ធ្វើអ្វីនីមួយៗយើងគិតណាស់។ រឿងផលប៉ះពាល់ពីផ្លូវ ៥០C នេះយើងសិក្សាយូរ ដោយសារយើងសិក្សាពីការប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងប្រព័ន្ធអេកូឡូជី។ បើផ្លូវនេះស្ពាននេះ ធ្វើទៅវាប៉ះពាល់ទៅដល់បរិស្ថាន វាធ្វើឲ្យខូចអ្វី។ បើបំផ្លាញបរិស្ថានយើងមិនធ្វើទេ។ បើធ្វើទៅប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ប៉ះពាល់ដល់រឿងមច្ឆាជាតិ ក៏យើងមិនធ្វើទេ។ បើធ្វើបានតែផ្លូវ តែធ្វើឲ្យខ្ទេចខ្ទាំដល់ផលផ្សេងៗ យើងមិនធ្វើទេ។ យើងសិក្សាដោយការទទួលខុសត្រូវ។ យើងរង់ចាំគ្រប់ក្រ​សួងស្ថាប័ន ក្រសួងបរិស្ថាន ក្រសួងធនធានទឹក ក្រសួងដែលពាក់ព័ន្ធទាំងអស់ ធ្វើការវិនិច្ឆ័យជាមួយដៃគូបច្ចេក​ទេសពីក្រៅគ្រប់ជ្រុងជ្រោយ ទើបយើងសម្រេច។ យូរព្រោះយើងធ្វើដោយការទទួលខុសត្រូវ។ បរិស្ថាន ជីវភាពរស់នៅ ធនធានធម្មជាតិ មច្ឆាជាតិ យើងគិតគូរ។ យើងចង់បានឈ្នះឈ្នះ។ កុំឲ្យធ្វើមួយបំផ្លាញមួយ។ យើងធ្វើឲ្យរីកទាំងពីរ …។

(១៩) ផ្លូវជាតិលេខ៥ រួមជាមួយផែទឹកជ្រៅ ធ្វើឲ្យភាពប្រកួតប្រជែងរបស់កម្ពុជាកាន់តែខ្លាំងនិងរឹងមាំ

ឥឡូវផ្លូវជាតិលេខ ៥ នេះនឹងជាសរសៃឈាមដែលនឹងភ្ជាប់ទៅលើផ្លូវជាតិផ្សេងៗទៀត។ អញ្ចឹងផ្លូវជាតិលេខ៥ រួមជាមួយនឹងប្រព័ន្ធផ្សេងៗទៀត ដូចជាប្រព័ន្ធផែទឹកជ្រៅជាដើម ធ្វើឲ្យភាពប្រកួតប្រជែងរបស់កម្ពុជាកាន់តែខ្លាំង កាន់តែរឹងមាំ ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះកាន់តែល្អប្រសើរ។ គេសួរថាផ្លូវនេះ បានផលតែប្រជាពលរដ្ឋ(ដែលរស់)នៅ(តាមបណ្តាយផ្លូវ)ទេឬ? អ្នកដែលប្រើផ្លូវនេះដឹកជញ្ជូន ទាំងការភ្ជាប់សេដ្ឋកិច្ច ទំនិញនាំចូលតាមច្រកប៉ោយប៉ែតមកដល់ទៅក្រោម ហើយឆ្លងទៅណាទៀត គឺកាត់បន្ថយ(ថ្លៃដឹកជញ្ជូននិងរយៈពេល) … ការអនុវត្តគោលការណ៍សមធម៌ … គឺធ្វើយ៉ាងណាឲ្យគ្រប់តំបន់មានលទ្ធភាពស្រូបយកផលចំណេញ បង្រួមគម្លាតរវាងរាជធានីភ្នំពេញ ជាមួយនឹងខេត្តផ្សេងៗ … ក្លាយទៅជាខេត្តមួយនៅជិតភ្នំពេញ។ អញ្ចឹងវាគួរតែជាខេត្តមួយដែលបំរើគាំទ្រទៅដល់ការអភិវឌ្ឍផ្នែកឧស្សាហកម្ម។ តែបើគ្មានផ្លូវ គ្មានប្រព័ន្ធដឹកជញ្ជូន គ្មានភ្លើង គ្មានអីទេ ពិបាកមក មិនមានអ្នកមក ត្បិតវាអស់ថ្លៃពេក។ គេទៅដាក់នៅតែកំពង់សោមទេ។ ឥឡូវបានរីកហើយ។ ប្រជាពលរដ្ឋដែលនៅទីនេះក៏មិនចាំបាច់ទៅណាឆ្ងាយ។ ថ្ងៃមុនខ្ញុំទៅសម្ពោធក្រុមហ៊ុនតម្លើងរថយន្តនៅក្រគរ។ អ្នកធ្វើការនៅហ្នឹងមានអ្នកកំពង់ឆ្នាំង អ្នកពោធិ៍សាត់ អ្នកបាត់ដំបង។ គាត់ចូលរៀននៅហ្នឹង ធ្វើការនៅហ្នឹង។ គាត់ចូលរួមកសាងជីវភាពសេដ្ឋកិច្ចរបស់ភូម ឃុំ ស្រុក របស់គាត់ ..។។

ជាមួយនឹងការអបអរសាទរនូវសមិទ្ធផលដែលបានកើតចេញពីការសហការជាមួយកម្ពុជាជប៉ុន ក្នុងពេលគម្រប់ខួបទី ៧០ ឆ្នាំនៃទំនាក់ទំនងការទូតរបស់យើង ក្នុងការភ្ជាប់សមិទ្ធផលបន្តពីរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីបន្តនិរន្តភាព ឲ្យជីវភាពរស់នៅកាន់តែល្អ (ខ្ញុំក៏បានចែករំលែក)ក៏ដូចជាការដាក់ចេញនូវគោលគម្រោងផែនការជាក់លាក់នៅក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ស្ពាន ថ្នល់នេះ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស ដើម្បីប្រ​ជា​ពលរដ្ឋបានដឹងថា តើរដ្ឋាភិបាលដេកអេះពោះអត់ធ្វើអី ដើរតែខ្ចីលុយ ៣ខែនេះមែនទេ? (ដូចបានជំរាបមកខាងលើ) គឺយើងបានចេញគោលការណ៍ សម្ពោធសមិទ្ធផលច្រើន និងដាក់គោលនយោបាយជាច្រើនបន្តទៀតគ្រប់វិស័យ …។

[បញ្ចប់សេចក្ដីអធិប្បាយ២]

ជាមួយនឹងការអបអរសាទរ និងសមិទ្ធផលដ៏សំខាន់នៅថ្ងៃនេះ ឯកឧត្តម លោកជំទាវ គណៈអធិបតី អ៊ំ ពូ មីង ខ្ញុំក៏សូមដាក់ចេញនូវអនុសាសន៍ សម្រាប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធអនុវត្ត ដូចខាងក្រោម៖

ទី១– ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៃបណ្តាខេត្តនៅតាមបណ្តោយផ្លូវជាតិលេខ ៥ នេះ កំណត់យន្តការ និងសូមចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ក្នុងការថែរក្សាផ្លូវជាតិនេះ ឱ្យមានគុណភាពល្អប្រសើរសម្រាប់អ្នកដំណើរជានិច្ច ។ ក្នុងករណីដែលមានការខូចខាតណាមួយ សូមជួសជុលឱ្យបានឆាប់រហ័ស និងចៀសវាងការបណ្តោយឱ្យមានការខូចខាតធ្ងន់ធ្ងរទៅថ្ងៃក្រោយ ។ អនុសាសន៍នេះក៏មិនមែនសម្រាប់តែផ្លូវជាតិលេខ៥ នោះទេ គឺ សូមអនុវត្តនៅគ្រប់បណ្តាផ្លូវ ស្ពាន និងទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតយន្តការរួម ដើម្បីឃ្លាំមើល និងជួសជុលជាប្រចាំនូវគុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ឱ្យបានល្អប្រសើរជានិច្ច ។

ទី២– ក្រសួងសាធារណការ និងដឹកជញ្ជូន​ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពនៅតាមដងថ្នល់ ជាពិសេស ត្រូវពង្រឹងលើផ្លាកសញ្ញាចរាចរណ៍ និងការសម្រួលរំហូរចរាចរណ៍ជាដើម ដើម្បីចៀសវាង ឬ យ៉ាងហោចណាស់ កាត់បន្ថយឱ្យបាននូវហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ។

ទី៣– ក្រសួងសាធារណការ និងដឹកជញ្ជូន​ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ត្រូវពង្រឹងការបន្ស៊ីគ្នារវាងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនីមួយៗ ជាពិសេស ការធ្វើផ្លូវ, ស្ពាន បណ្តាញលូ ប្រព័ន្ធទឹក និងប្រព័ន្ធអគ្គិសនី ឱ្យស្របទៅតាមប្លង់គោលណាមួយ ដើម្បីចៀសវាងការធ្វើរៀងៗខ្លួន ដែលនាំឱ្យខាតបង់ដល់ថវិកាជាតិ ឬ ថវិកាជំនួយ ថែមទាំងបង្កផលលំបាកដែលមិនចាំបាច់ដល់បងប្អូនប្រជាពលរដ្ឋ ។

ទី៤– ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ត្រូវប្រើប្រាស់គន្លងផ្លូវឱ្យបានត្រឹមត្រូវ កុំបើកបរលើសល្បឿនកំណត់ ត្រូវប្រុងប្រយ័ត្នជានិច្ចនូវចំណុចដែលមានផ្លូវឆ្លងកាត់ ត្រូវចូលរួមទប់ស្កាត់ឱ្យបានដាច់ខាតនូវការដឹកជញ្ជូនលើសកំណត់ទម្ងន់ និងត្រូវត្រួតពិនិត្យជាប្រចាំនូវលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ជាការបាត់បង់ធនធាន

ដូចខ្ញុំនិយាយពីដើមថា តើឡានលឿន ឬអ្នកបើកលឿន?​ ថាឡានលឿន។ ផ្លូវអំណោយផល ប៉ុន្តែឡានលឿនគឺអា​ស្រ័យទៅលើអ្នកកាន់ចង្កូត និងអ្នកជាន់ហ្គ៊ែរ។ យើងអត់ទាន់មានឡានបើកដោយ robot ទេ។ សុវត្ថិភាពចរាចរណ៍សំខាន់។ ក្នុងមួយឆ្នាំៗ ការគ្រោះថ្នាក់ដោយសារមីន ដោយសារសង្គ្រាម ការស្លាប់បាត់បង់ជីវិតដោយសារជំងឺរាត​ត្បាតផ្សេង ហើយជាពិសេសសង្គ្រាម បានលែងមានហើយ។ ប៉ុន្តែការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើន ជាការបាត់បង់ធនធានសំខាន់ណាស់។ សូមបន្តគោរព(ច្បាប់)ចរាចរណ៍ ជាពិសេសគោរពគន្លងឲ្យបានត្រឹមត្រូវ។ កុំជិះបញ្ច្រាស។ ឥឡូវគេដាក់ផ្លូវកៅស៊ូកណ្តាល។ កាលមុនឆ្លងកាត់បាន។ ឥឡូវកុំឲ្យមានហានិភ័យគេបាំង។ សូមបងប្អូនកុំជិះបញ្ច្រាសមករបាំងនេះ។ កាលមុនបញ្ច្រាស មានការគេចចូល។ ឥឡូវគេចអត់ចូល មកចំតែម្តង … ពិសេសផ្លូវល្បឿនលឿនភ្នំពេញ-កំពង់សោម ពេលខ្លះលេងមកបញ្ច្រាស អត់មកផ្លូវចំហៀងទៀត មកពីមុខតែម្តង។ គ្រោះថ្នាក់ណាស់ … មិនតែអ្នកបើកទេ តែបង្កដល់អ្នកដទៃ។ ត្រូវប្រុងប្រយ័ត្នការប្រើប្រាស់ល្បឿន …។

ចូលរួមអនុវត្តវិធានដឹកជញ្ជូនកុំឲ្យលើសទំងន់កំណត់

សូមចូលរួមទប់ស្កាត់និងចាត់ចែងការដឹកជញ្ជូនលើសទំងន់កំណត់។ ការប្រជុំរបស់រាជរដ្ឋាភិបាលវិស័យឯកជន ខ្ញុំបានសម្រេចឲ្យលើកការអនុញ្ញាតទំងន់នៃការដឹកជញ្ជូនពី ៤០ ទៅ ៤៥ តោន ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូនអាចមានលទ្ធភាពដឹកបានលើសបន្តិច កាត់បន្ថយចំណាយ។ ក្នុងការដឹកមួយជើង គាត់បានសន្សំថែមបាន ៥ តោន។ ៥ តោន បើគិតពីមុន ៤០ តោន ១០ភាគរយជាងហើយ។ តម្លើង ១២,៥ភាគរយឲ្យហើយដើម្បីជួយកាត់បន្ថយ(ចំណាយ)។ ប៉ុន្តែសូមចូលរួម(គោរពបំរាមដឹកលើសទំងនប់)។ ក្រសួង ស្ថាប័ន សូមពិនិត្យមើលឲ្យបានច្បាស់ ធ្វើយ៉ាងណាចូលរួមឲ្យបានយូរអង្វែង កំណត់ការប្រើប្រាស់ ថែរក្សាសម្បត្តិរួម … ខ្ញុំបានឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនគិតគូរពីវិធានការផ្សេងៗ អំពីការយោគយល់។ សំខាន់បងប្អូនប្រជាពលរដ្ឋដែលមានឡានដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន កុំប្រើយ័ន្តបិតតាមកញ្ចក់នោះខ្លាំងពេក។ យ័ន្តហ្នឹងតែអនុវត្តតឹងក៏មិនអាចជួយដែរ។ រួមទាំងអស់គ្នា ព្រោះពេលដែលហៅឡានដឹកជញ្ជូនមក​ គាត់ថាគាត់ក៏ចង់ដឹកត្រឹមត្រូវដែរ ប៉ុន្តែក៏សូមឱ្យដឹកបានដូចគ្នា គោរពទាំងអស់គ្នា។ បើគោរពទាំងអស់គ្នា ទាល់តែយើងទាំងអស់គ្នាចូលរួម … រដ្ឋមិនចង់ដើរតួជាប៉ូលីសរហូតដែរ។ វិស័យដឹកជញ្ជូន ឯកជនហ្នឹង ជួយធ្វើជាប៉ូលីសខ្លួនឯង។ យើងនឹងធ្វើការដើម្បីឱ្យវិស័យឯកជនដើរតួនាទីជាប៉ូលីសខ្លួនឯង គ្រប់​គ្រង​សមាជិកដឹកជញ្ជូនខ្លួនឯង។ កុំប្រើយ័ន្តច្រើនពេក។ ត្រូវមានការភ្ញាក់រលឹក ការចូលរួម។ បើមិនអញ្ចឹងទេ យើងថែ(ទាំផ្លូវ)ដើម្បីផលប្រយោជន៍ទាំងអស់គ្នាមិនកើតទេ។

យន្តការរដ្ឋ ប្រជាពលរដ្ឋ និងវិស័យឯកជន ចូលរួមថែរក្សាផ្លូវជាសរសៃឈាម

រដ្ឋបានធ្វើ(ផ្លូវ)ហើយ។ ភាគីជប៉ុនបានជួយផ្ដល់ឥណទានហើយ។ តែយើងមានកាតព្វកិច្ចក្នុងការជួសជុល ថែទាំ។ ការប្រើប្រាស់ក៏ត្រូវតែមានការទទួលខុសត្រូវគោរពច្បាប់ចរាចរណ៍ និងការជួយថែទាំ ការដឹកជញ្ជូនឱ្យត្រូវតាមទំងន់កំណត់ ​… ខ្ញុំសូមក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើការជាមួយនឹងវិស័យឯកជន រកដំណោះស្រាយ ដែលមានការចូលរួមពីវិស័យឯកជនពាក់ព័ន្ធ ទាំងបុគ្គលមានរថយន្តដឹកជញ្ជូន ទាំងក្រុមហ៊ុនដឹកជញ្ជូន។ ខ្ញុំតែងតែលើកនៅក្នុងគ្រប់វេទិកាថា រដ្ឋជាអ្នកធានានូវហេដ្ឋារចនាសម្ព័ន្ធ ច្បាប់ចរាចរណ៍ឱ្យដើរ ប៉ុន្តែសូមឱ្យវិស័យឯកជន និងប្រជាពលរដ្ឋដែលប្រើប្រាស់ ជួយគ្រប់គ្រង(ទាំងអស់)គ្នា។ សង្ឃឹមថា ទាំងយន្តការរដ្ឋ ទាំងប្រជាពលរដ្ឋ ទាំងវិស័យឯកជន រួមគ្នាដើម្បីថែរក្សាផ្លូវឈាម​ដែលជួយយើងទាំងអស់គ្នា។ បើដឹកធ្ងន់ បានមួយឆ្នាំ ផ្លូវនេះខូច នោះនឹងត្រូវដឹកយឺតឡើងវិញ។ ខាតអ្នកណា ខាតអ្នកដឹកជញ្ជូនខ្លួនឯងហ្នឹងឯង។ ធ្លាប់តែដឹកដោយប្រើពេល ៥ម៉ោង ឥឡូវត្រូវត្រឡប់ទៅដឹក ៦-៧ ម៉ោងវិញ ឡានរត់តែ​ ២-៣ ជើង(ខូចឡាន)។

ពាក់ព័ន្ធនឹងផ្លូវល្បឿនលឿន សូមកុំប្រើល្បឿនលឿនពេក។ ផ្លូវអនុគ្រោះកុំបើកលឿន ព្រោះគ្រោះថ្នាក់។ ពីដើម កាលពីផ្លូវមិនទាន់លឿន មានអ្នកបើកលឿន។ កាលហ្នឹងមានឡានផ្ដាច់ព្រលឹង។ ខ្ញុំចាំបាន។ សួរថាម៉េចបានបើកលឿន គេថាដោយសារផ្លូវហ្នឹងគ្រលុក បើកលឿនទៅវាហោះលើគ្រលុក។ ខ្ញុំថាគ្រលុកតូចៗ(មិនអីទេ តែដល់)គ្រលុកធំប្រយ័ត្នបាក់សាក់ស៊ី ហើយគ្រោះថ្នាក់។ ឥឡូវផ្លូវរលោងហើយ។ កុំឱ្យថាធ្វើផ្លូវហើយ ជិះបុកជ្រូក ទៅប្ដឹងអ្នកធ្វើផ្លូវ។ គ្រោះថា្នក់ដល់ជីវិតរបស់ប្រជាពលរដ្ឋនៅតាមផ្លូវ(មានច្រើន ដោយសារបើកលឿន)។

[បញ្ចប់សេចក្ដីអធិប្បាយ៣]

ជប៉ុនជាមិត្តដ៏សំខាន់មួយរបស់កម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ តាមរយៈការផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ព្រមទាំងជំនួយបច្ចេកទេសជាច្រើនដល់ការអភិវឌ្ឍនៅកម្ពុជា ។ ការជួយគាំទ្រពីមិត្តជប៉ុននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវ និងស្ពាន គឺពិតជាបាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ព្រោះរាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ការកសាងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច ហើយក៏ជាយុទ្ធសាស្រ្តនៃការបែងចែកផលលាភនៃកំណើនសេដ្ឋកិច្ច ឱ្យមានសមធម៌ និងបរិយាប័ន្នផងដែរ ។

ក្នុងន័យនេះ ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលជប៉ុន នឹងផ្តល់ការគាំទ្រជាបន្តបន្ទាប់ទៀត ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយខ្ញុំក៏សង្ឃឹមថា ប្រទេសយើងទាំងពីរនឹងមាន​កម្មវិធីផ្លាស់ប្ដូរចំណេះដឹង ជំនាញ បទពិសោធន៍ និងបច្ចេកវិទ្យាលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែច្រើន ដើម្បីឱ្យកម្ពុជាអាចរៀនសូត្រពីជប៉ុន ចំពោះការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យហេដ្ឋា​រចនាសម្ព័ន្ធ ឱ្យកាន់តែមានគុណភាពប្រសើរឡើង ។

នៅក្នុងឆ្នាំ ២០២៣ នេះ ក៏ត្រូវនឹងខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុនផងដែរ ដែលកម្ពុជាយើង និងប្រទេសជប៉ុន បានចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការនេះចាប់តាំងពីថ្ងៃទី ៩ ខែ មករា ឆ្នាំ ១៩៥៣ ហើយទំនាក់ទំនងបានល្អប្រសើរ ​ រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​នៅខែធ្នូ​ ឆ្នាំ២០១៣ ។ ជាមួយនឹងខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នានីតិកាលមុន សម្ដេចតេជា និង ឯកឧត្តម Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ធ្លាប់បានពិភាក្សា និង សម្រេចកំណត់យកឆ្នាំ ២០២៣ នេះ ជាឆ្នាំពិសេស ដើម្បីការជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន កើនឡើងមួយកម្រិតទៀត ពោល គឺទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ” រួចទៅហើយ ។

ក្នុងន័យនេះ នៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ជប៉ុន នៅប្រទេសជប៉ុន នាខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ខ្ញុំសង្ឃឹមថា យើងនឹងមានជំនួបពិភាក្សាទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែជោគជ័យផងដែរ ។

ខ្ញុំសូមយកឱកាសនេះគូសបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះ​ព្រះខែ អកអំបុក ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ក៏ដូចជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន យើងបានសម្រេចឯកភាពប្រើប្រាស់កាំជ្រួចជប៉ុន ដើម្បីបាញ់ជូនបងប្អូនប្រជាពលរដ្ឋទស្សនា ។ អាស្រ័យហេតុនេះ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់ ជាពិសេសលោកយាយលោកតា អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋយើង អញ្ជើញមកចូលរួមសប្បាយរីករាយឱ្យបានច្រើនកុះករ។ ពីនេះកំពង់ឆ្នាំង ទៅភ្នំពេញ អាចវិលល្ងាចបាន។ មកទស្សនាការប្រណាំងទូក ការបាញ់កាំជ្រួច និងការបណ្ដែតប្រទីបនៅក្នុងរាជធានីភ្នំពេញឱ្យបានច្រើន។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, រដ្ឋបាលខេត្តកណ្តាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង និង បន្ទាយមានជ័យ, ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្ម ក្នុងការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ ។ ខ្ញុំក៏សូមថ្លែងនូវអំណរគុណ និង ការកោតសរសើរចំពោះ ឯកឧត្តមឯកអគ្គរាជទូត និង សហការីទាំងអស់នៃស្ថានទូតប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រដល់ការស្តារ សាងសង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយយើងសង្ឃឹមថា មិត្តជប៉ុននឹងបន្តផ្ដល់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត ។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្ដាម ទៅបាត់ដំបង និង ការប្រកាសបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ៥ ពីសិរីសោភ័ណទៅប៉ោយប៉ែត ចាប់ពីពេលនេះតទៅ ខ្ញុំសូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ អ្នកឧញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ សូមមានសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងទទួលបាននូវពរ និង ពុទ្ធពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត។

ជាមួយគ្នានេះផងដែរ ក៏មានរៀបចំជូនលោកគ្រូ អ្នកគ្រូស្រុកសាមគ្គីមានជ័យ ៦៣៦នាក់ ស្រុកកំពង់ត្រឡាច ៦៥៥នាក់ សរុប ១២៩១នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្មួយៗសិស្សានុសិស្ស ១១៤៥នាក់ ម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល ប៊ិចមួយដើម ថវិកា ១ម៉ឺនរៀល។ ក្រុមយុវជនកាយរិទ្ធ កាកបាទក្រហម ៤០០នាក់​ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ ជូនវិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច ថវិកា ២លានរៀល។ ជូនសាលាស្រុកសាមគ្គីមានជ័យ ថវិកា ២លានរៀល។ សាលាស្រុកកំពង់ត្រឡាច ថវិកា ២លានរៀល។ ជូនក្រុមតន្រ្តីសម័យថវិកា ៥លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំកម្មវិធី ថវិកា ៣លានរៀល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ