ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល
គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ/ការិនីទាំងអស់ជាទីស្រឡាញ់រាប់អាន!
លើកទី១ មកកាន់ខេត្តព្រះសីហនុ ជួបបងប្អូនកម្មករ
ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ/ការិនី និយោជិត នៅក្នុងពិធីដ៏មានសារសំខាន់នៅក្នុងខេត្តព្រះសីហនុ។ ជាលើកដំបូងដែលខ្ញុំបានជួបជាមួយនឹងបងប្អូនកម្មករ/ការិនីនៅទីនេះ។ ពីមុន គឺសម្ដេចតេជោបានជួបបងប្អូនជាញឹកញាប់។ ថ្ងៃនេះ គឺជាលើកទី១ ហើយ។ ថ្ងៃនេះ មានដល់ជាង ១៥ ០០០ នាក់ ដែលបានអញ្ជើញចូលរួម … ក្នុងនោះក៏មានស្រ្ដីមានផ្ទៃពោះ ៤៨២ នាក់។ ខេត្តព្រះសីហនុ ខេត្តសមុទ្រ ម៉េចក៏កូនតិចជាងអ្នកកណ្ដាល។ ខ្ញុំទៅកំពង់ចាមថ្ងៃមុន ១២ ០០០ នាក់ គ្រាន់តែអ្នកមានផ្ទៃពោះមាន ៨០០នាក់ជាង … អម្បាញ់មិញ បានសួស្ដីជាមួយនឹងបងប្អូនខាងណេះ ម្ខាងទៀតអត់បានទៅជួប។ ប៉ុន្តែ(ជួប)តាមរលកធាតុអាកាស … អរគុណចំពោះម្ចាស់ទីតាំងដែលបានផ្ដល់ទីតាំងកន្លែងនេះ ក៏ដូចជាក្រុមហ៊ុនទាំង ៣០ រោងចក្រ សហគ្រាស ដែលបានអនុញ្ញាតឱ្យបងប្អូនចូលរួមនៅក្នុងកម្មវិធីនេះ។
សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក៏ដូចជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនបងប្អូនកម្មករ/ការិនី។ ជានិច្ចកាល ជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ហើយជាពិសេសកម្មករ/ការិនី ដែលសម្ដេចតេជោយកចិត្តទុកដាក់ណាស់ ហើយលោកបានចុះជាប់ជាប្រចាំ លើកលែងជំនាន់កូវីដ-១៩ ដែលខាន។ ក្រោយមកលោកបានដាក់ផែនការចុះ ហើយនៅសល់ ១០ គោលដៅ។ ប៉ុន្តែដោយសារពេលវេលា យើងជាប់បោះឆ្នោតផង អញ្ចឹងរាជរដ្ឋាភិបាលថ្មីកើតឡើង ខ្ញុំក៏បន្តនូវកិច្ចការងារនេះ ហើយមិនមែនចុងក្រោយទេ យើងនឹងបន្តទៅខាងមុខទៀត …។
ការចុះជួបកម្មករ/ការិនី ដូចជាការសាកថ្មឡើងវិញឱ្យខ្លួនឯង
ការចុះជួបនេះ គឺការផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋរបស់យើង បងប្អូនរបស់យើង ឃើញនូវភាពញញឹម ការលើកទឹកចិត្ត។ អម្បាញ់មិញ ចុះពីលើឧទ្ធម្ភាគចក្រមក ឯកឧត្តមថា “ឃើញនឿយណាស់”។ ខ្ញុំថា នឿយតែកាយ តែចិត្តមិននឿយទេ។ បើសិនអត់មក គឺថាអាចស្ទះ។ ព្រោះអី? ឥឡូវតាំងពីរាជរដ្ឋាភិបាលបង្កើតថ្មីមក ស្គាល់តែបន្ទប់គេង ប៊ុយរ៉ូ ឯកសារ ហើយផ្លូវទៅធ្វើការ កន្លែងធ្វើការ។ កម្មវិធីអីៗ គេលែងហៅទៅហើយ។ កាលមុនឧស្សាហ៍ទទួលសារ “បងនៅណា? មកណេះ”។ កម្មវិធីចេះតែទៅជាមួយនឹងបងប្អូន។ ឥឡូវគេលែងហៅ អញ្ចឹងនៅតែផ្ទះហ្នឹងឯង។ ម្សិលមិញ ប៉ុន្មានតង់ពីព្រឹក (កម្មវិធីសម្ពោធអាគារក្រសួង)មហាផ្ទៃ រហូតទៅដល់ថ្ងៃស៊ីញ៉េឯកសារចប់ ប្រជុំដោះស្រាយរឿងវិស័យទេសចរណ៍។ ល្ងាចបានជជែករឿងពន្ធរឿងអីបន្ដិច ទៅដល់ផ្ទះម៉ោង ៩ ស៊ីញ៉េឯកសារ។ ធ្វើកិច្ចការ។ ម៉ោង១២ ដាក់មួយប្រាវទៅ។ ប្រសិនបើអត់បានមកព្រឹកនេះទេ ប្រហែលជាអត់មានឱកាសសាកថ្មឡើងវិញទេ។ បានប៉ុន្មានខ្សឺតដែរព្រឹកមិញ។ មានបងស្រីមួយនោះ គាត់ថា មានគេប្រាប់ថា ថ្ពាល់សម្ដេចផ្អែមណាស់ …។
(១)សហគ្រាស/រោងចក្រប្រៀបដូចជាចលករឬថាមពលសំខាន់សំរាប់សេដ្ឋកិច្ចជាតិ
សប្បាយ(នឹង)ជួបជុំបងប្អូន។ ទី១ បានជួបគ្នា។ ទី២ ក៏បានឱកាសដើម្បីជម្រាបជូនបងប្អូនដើម្បីអរគុណផ្ទាល់ ចំពោះបងប្អូនកម្មករ/ការិនីនៅទីនេះ ថ្នាក់ដឹកនាំ សហគ្រាស រោងចក្រ គ្រប់កម្លាំងទាំងអស់ដែលបានរួមគ្នានៅ ជម្រុញកម្លាំងសេដ្ឋកិច្ចរបស់យើងតាមវិស័យរៀងខ្លួនៗ។ រោងចក្រសហគ្រាសនីមួយៗ គឺជាចលករសំខាន់ ជាថាមពលសំខាន់ ថាដូចជាថ្ម សម្រាប់ឱ្យប្រទេសរបស់យើងដើរទៅមុខ។ អញ្ចឹងថ្មកាន់តែខ្លាំង កម្លាំងថាមពលរបស់ប្រទេសកាន់តែកើន។ អញ្ចឹងថ្មនេះដើរ ទាល់តែធាតុផ្សំថាមពលនៅក្នុងថ្មនោះ គឺកម្លាំងបងប្អូន ដែលជាកម្លាំងផលិតនៅទីនេះ បងប្អូនដែលជាកម្មករ និយោជិតនិយោជក ផ្នែករដ្ឋបាលគ្រប់ផ្នែកទាំងអស់ ទាំងសន្ដិសុខទាំងអីដែលរួមគ្នាធ្វើការងារនៅទីនេះ ជម្រុញកម្លាំងពលកម្មដោយសុខដុមរមនា បង្កើតនូវបរិស្ថាននៃការទាក់ទាញសម្រាប់ប្រទេសជាតិរបស់យើង ដើម្បីបានផលឈ្នះឈ្នះទាំងអស់គ្នា។ បងប្អូនបានការងារ កំណើននូវបៀវត្សរ៍ ចំណូលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក្រុមហ៊ុនរោងចក្រក៏បានចំណូលនិងប្រាក់ចំណេញ ការងារផ្សេងៗ សេដ្ឋកិច្ចជាតិយើងក៏បានចំណូល តាមរយៈការនាំចេញ តាមពន្ធ មកចែករំលែកទៅលើការចំណាយសង្គម ជួយដល់ប្រជាពលរដ្ឋផ្សេងៗទៀត។ អញ្ចឹងវាវិល …។
(២) បងប្អូនកម្មករ/ការិនីចូលរួមបង្កានិងការពារពីកូវីដ១៩ ធានាដំណើរសេដ្ឋកិច្ចទាំងក្នុងពេលលំបាក ក៏ដូចជាពេលធម្មតា ជំរុញកំណើនសេដ្ឋកិច្ចជាតិ
នៅក្នុងដំណាក់កាលដែលលំបាក នៅពេលដែលកូវីដ-១៩ ផ្ទុះឡើង កាលនោះ យើងត្រូវធានាថាតើសរសៃឈាមមួយណាត្រូវបិទ (តើប្រឈមនឹង)ហានិភ័យសុខភាពរបស់ប្រជាពលរដ្ឋ ឬហានិភ័យសេដ្ឋកិច្ច? ទាំងពីរនេះសំខាន់ដូចគ្នា។ បើយើងមានជីវិត អត់ជីវភាព អត់ចំណូល យើងក៏លំបាក បានន័យថា ដាច់ពោះ។ ជំនាន់កូវីដ-១៩ ហ្នឹង យក្សល្ខោនក៏ចង់ដាច់ពោះដែរ។ អាចារ្យអ្នកភ្នួងអីហ្នឹងក៏ចង់ដាច់ដែរ។ ចុះទម្រាំសេដ្ឋកិច្ចរបស់យើងទាំងមូល។ បងប្អូននៅទីនេះមិនត្រឹមតែរកចំណូលសម្រាប់ខ្លួនទេ តែថែមទាំងជួយទៅដល់គ្រួសារ ដល់ឪពុកម្ដាយយើងថែមទៀត។ អញ្ចឹងបើសិនជាវាដាច់នោះ តើយ៉ាងម៉េច? បើយើងបិទរោងចក្រ ត្រូវតែប្រឈម។ ប៉ុន្តែពេលនោះ បងប្អូនយោគយល់ ហើយចូលរួម។ យើងបើក(រោងចក្រ) យើងអនុវត្តវិធានសុខាភិបាល យើងជួយនៅក្នុងការផ្ដល់សេវាសុខាភិបាល ចត្តាឡីស័ក កន្លែងខ្លះព្យាបាលជំងឺអីផ្សេងៗ … អរគុណចំពោះអាជ្ញាធរខេត្ត កងទ័ពអាវស/ពេទ្យ អាជ្ញាធរមូលដ្ឋាន ដែលរួមគ្នាសហការដើម្បីគ្រប់គ្រងកូវីដ-១៩ ហើយជាពិសេសអ្នកចូលរួមផ្ទាល់ គឺបងប្អូនតែម្ដង ព្រោះបងប្អូននៅទីនេះ ភាគច្រើនសុទ្ធតែអ្នកនៅតាមភូមិឃុំ។
បើសិនជាបងប្អូនគ្រប់គ្រងនៅកន្លែងនេះមិនបានទេ បងប្អូនត្រូវត្រឡប់ទៅតាមស្រុក/តាមផ្ទះរបស់យើងវិញ។ បើដូចនៅភ្នំពេញអី ភាគច្រើនមកនៅបណ្ដុំផ្ទះជួល។ ប៉ុន្តែ(នៅទីនេះ បងប្អូន)ត្រូវចូលទៅខាង(ឃុំ) បិតត្រាង (ឃុំ)ព្រៃនប់ អ្នកខ្លះនៅខាងស្រែអំបិលផ។ អញ្ចឹងប្រសិនបើយើងគ្រប់គ្រង(ជំងឺឆ្លង)នេះមិនបាន បងប្អូនមិនចូលរួមវិធានការ(សុខាភិបាល) ត្រឡប់ទៅផ្ទះវិញ ទូទាំងខេត្តនឹងមានបញ្ហា(ប្រឈមនឹងការឆ្លងជាមិនខាន)។ ពិសេសឪពុកម្ដាយ យាយតាដែលគាត់ចាស់ជរា ព្រមដោយពេលនោះ យើងមិនទាន់មានថ្នាំស្រួលបួល។ សូមអរគុណចំពោះការចូលរួមដោយសកម្មនិងការយោគយល់ខ្ពស់ ដើម្បីយើងធានានូវដំណើរសេដ្ឋកិច្ចនៅក្នុងពេលលំបាក ក៏ដូចជាពេលធម្មតាជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ ក៏ដូចជាប្រទេស …។
(៣) ខេត្តព្រះសីហនុ ៨៦,៥០% ទៅបោះឆ្នោត និង ៨៦,១៥% បោះជូនគណបក្សប្រជាជនកម្ពុជា
សូមអរគុណបងប្អូន ដែលបានផ្ដល់ឱកាសឱ្យរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែល ៤០ឆ្នាំជាង តាំងពី១៩៧៩ មកដល់ម៉ោងនេះ បាននៅបន្តបម្រើប្រជាពលរដ្ឋ បម្រើបងប្អូនតទៅទៀតតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣។ លទ្ធផលបោះឆ្នោត បានបញ្ជាក់ហើយថាបងប្អូនអ្នកខេត្តព្រះសីហនុមានភាពជឿជាក់ និងចង់ឱ្យគណបក្សប្រជាជនបន្តដឹកនាំបម្រើបងប្អូនតទៅទៀត។ ៨៦,៥០% អញ្ជើញទៅបោះឆ្នោត ក្នុងនោះ ៨៦,១៥% បោះជូនគណបក្សប្រជាជនកម្ពុជា ដែលខ្ពស់ជាងអត្រាមធ្យមនៅទូទាំងប្រទេស។ ទូទាំងប្រទេសយើងមានតែ ៨៤%ជាងទេ ទៅបោះឆ្នោត ហើយ ៨២% បោះឆ្នោតជូនគណបក្សប្រជាជន។ នៅខេត្តព្រះសីហនុ បងប្អូនមានភាពកក់ក្ដៅ បញ្ជាក់ភាពជឿជាក់និងការសប្បាយចិត្ត ជាពិសេសគោលនយោយបាយដឹកនាំរបស់សម្ដេចតេជោ និងថ្នាក់ដឹកនាំយើងគ្រប់ជាន់ថ្នាក់ពីអាណត្តិមុនៗ។ គោលនយោបាយដែលត្រឹមត្រូវរបស់យើង ដែលធ្វើឱ្យសេដ្ឋកិច្ចខេត្ត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកើនឡើង រួមទាំងជីវភាពរស់នៅរបស់បងប្អូននៅទីនេះ ក៏ដូចជានៅខេត្តព្រះសីហនុទាំងមូល …។
(៤) បច្ចុប្បន្នកាលត្រូវយកចិត្តទុកដាក់ ផែនការអនាគតសំខាន់ តែមិនត្រូវភ្លេចអតីតកាល
ខ្ញុំសូមអរគុណចំពោះរបាយការណ៍សង្ខេបពាក់ព័ន្ធនឹងសមិទ្ធផលក្នុងវិស័យការងារ ដែលទទួលបានក្នុងរយៈពេលកន្លងមកនេះ ជាពិសេសរាប់ចាប់ផ្ដើមពីឆ្នាំ១៩៩៧ មក ដែលថាមួយឆ្នាំមុននឹងនយោបាយឈ្នះឈ្នះត្រូវបានអនុវត្ត មួយឆ្នាំមុននឹងចប់សង្គ្រាម ៥០០ឆ្នាំរបស់យើង តើ(មានការ)វិវឌ្ឍយ៉ាងណា? ពិតណាស់ បច្ចុប្បន្នកាលគឺជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់ ហើយផែនការសម្រាប់អនាគតគឺជាអ្វីដែលជាកត្តាសំខាន់។ ប៉ុន្តែយើងក៏មិនត្រូវភ្លេចពីអតីតកាលនៃការវិវឌ្ឍមកដល់ម៉ោងនេះដើម្បីយើងមានមោទនភាព … សួរថាតើការវិវឌ្ឍ(ទាំងនោះ)មកដល់ម៉ោងនេះ យើងគ្រប់ឬនៅ? អត់ទាន់គ្រប់ទេ។ តែបើបងប្អូនប្រៀបធៀបកាលជាង១០ឆ្នាំមុន នៅពឹងឪពុក-ម្ដាយនៅឡើយ អត់ទាន់មានឯករាជ្យភាព អត់ទាន់មានលទ្ធភាពរកចំណូលខ្លួនឯងនៅឡើយ ក៏គួរតែមានមោទនភាពទៅ។ សួរថាតើយើងចង់បានលទ្ធភាពសម្រាប់បង្កើនចំណូល បង្កើនជីវភាព បង្កើនសមត្ថភាពយើងតទៀត។ យើងចង់បាន។ ហោចណាស់យើងក៏សប្បាយចិត្ត (ដែលមក)ដល់ម៉ោងនេះ (ទោះជា)យើងមិនបានអីធំដុំឬកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែជីវភាពរបស់យើងអាចធានាបានមួយកម្រិត អាចធានាការចំណាយខ្លួនឯងបានមួយកម្រិត។ បងប្អូនខ្លះអាចរួមគ្នាជួយដល់ឪពុកម្ដាយថែមទៀត …។
(៥) ចេញពីការរំដោះប្រទេសឆ្នាំ១៩៧៩ ប្រទេសមានតែដី មនុស្ស សង្គ្រាម ហើយរងទណ្ឌកម្មសេដ្ឋកិច្ច
ប្រទេសក៏ដូចគ្នា។ ដែលថាពីដើមមក ចេញពី(ឆ្នាំ)១៩៧៩ យើងពឹងច្រើនណាស់លើជំនួយពីក្រៅប្រទេស ព្រោះយើងអត់មានអីទាំងអស់។ យើងមានតែដី យើងមានតែប្រជាពលរដ្ឋ ដែលចេញមកលំបាកជីវភាព អត់មានទ្រព្យអីទាំងអស់។ សុខភាពលំបាក គោលនយោបាយបំផ្លាញខ្ទេច សល់តែមីនពេញដី សល់តែតំបន់វាយកាប់ចាក់គ្នាដែលត្រូវបន្ត(មួយរយៈពេល) ថែមទាំងរងទណ្ឌកម្មសេដ្ឋកិច្ចទៀត មិនមែនបើក(ដូច)រាល់ថ្ងៃនេះទេ។ មានរោងចក្រមកពីគ្រប់ប្រទេសនៅនេះ។ ពីមុន ប្រទេសយើងរងទណ្ឌកម្មសេដ្ឋកិច្ច អត់មានវិស័យឯកជនមកបើករោងចក្រ (មានកម្មករដល់ទៅ)១៥ ០០០ នាក់នៅទីនេះ(ទេ)។ នៅទូទាំងខេត្តគ្រាន់តែរោងចក្រ សហគ្រាស (កម្មករ)ជិត ៣៥ ០០០ នាក់។ បើរាប់ទាំងវិស័យទេសចរផ្សេងៗទៀត ចូលរាប់សែននាក់ដែលមានការងារធ្វើ។
(៦) ពីគ្មានលទ្ធភាពផលិតនិងនាំចូល មកមានសមត្ថភាពផលិតនាំចេញ
តាំងពីយើងអត់មានលទ្ធភាពអី ឥឡូវយើងមានលទ្ធភាពម្ចាស់ការខ្លួនឯងច្រើន សមត្ថភាពផ្គត់ផ្គង់ផលិតផ្ទៃក្នុងរបស់យើងមានច្រើន។ ១៩៧៩–៨០ យើងនាំអង្ករនាំសម្ភារស្បៀងមួយចំនួនមក។ ឥឡូវយើងផលិតខ្លួនឯង ហើយនាំចេញទៀត។ ខ្ញុំឧស្សាហ៍និយាយ សូម្បីតែមកដល់ឆ្នាំ១៩៩៣-៩៤ មុននឹងចេញទៅរៀននៅក្រៅប្រទេសក៏ដោយ ទឹកក្រូចមួយកំប៉ុងក៏ផលិតនៅក្រៅប្រទេសយកនាំចូលដែរ។ ឥឡូវទឹកក្រូច កូកាកូឡា ផលិតនៅខេត្តព្រះសីហនុ។ ទឹកសុទ្ធមិនដឹងប៉ុន្មានប្រភេទទេ។ មិនស្រួលបងប្អូនខ្លះអត់ចេះដាំទឹក អ្នកខ្លះអត់ចេះដាំទឹកទេ ធ្លាប់តែហូបទឹកសុទ្ធ។ យើងវិវឌ្ឍពីកាលជំនាន់ឪពុកម្ដាយរបស់យើងលំបាក។ ឥឡូវយើងទំនើបកម្ម ឈានមកដល់ប៉ុននេះ ម្ចាស់ការផលិតដោយខ្លួនឯងនៅទីនេះ …។
(៧) ចេញពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីប្រជាជនទទួលផលផ្ទាល់
ការវិវឌ្ឍប្រែប្រួលទាំងអស់នេះ ចាំបាច់(ទាមទារអោយមាន)ការចែករំលែក(ផលនៃ)សេដ្ឋកិច្ចរបស់យើងគឺមិនអាចប្រមូលផ្ដុំនៅតែថ្នាក់លើទេ។ អញ្ចឹងបានជា(ត្រូវធ្វើការ)កែទម្រង់សេដ្ឋកិច្ច។ ដើមឡើយ ចេញ(ពីរបបកម្ពុជាប្រជាធិបតេយ្យ ដំណាក់កាល)ដំបូង(យើងអនុវត្ត)សេដ្ឋកិច្ចផែនការ។ ទ្រព្យសម្បត្ដិឯកជនមិនសូវមានទេ ពីព្រោះរោងចក្រ/សហគ្រាសទាំងអស់ជារបស់រដ្ឋ កម្មករ/ការិនីនៅក្នុងក្របខណ្ឌរដ្ឋ។ ឯកជនមិនមាន ដោយសារ(ជំរើស)ប្រព័ន្ធសេដ្ឋកិច្ច រួមទាំងគំនាបសេដ្ឋកិច្ចផង។ ឥឡូវ យើងកែទម្រង់(ពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ច)ទីផ្សារសេរី។ ដើម្បីអី? ដើម្បីផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋក្លាយជាអ្នកទទួលផលផ្ទាល់ ពីកំណើនសេដ្ឋកិច្ចនេះ។ កាលពីមុន យើងប្រមូលផ្ដុំមករដ្ឋ រួចហើយទើបរដ្ឋចែកទៅ។វិញ …។
(៨) ជំរុញការធ្វើប្លង់កម្មសិទ្ធដីធ្លីជូនដើម្បីពលរដ្ឋឆាប់បានយកទៅប្រើប្រាស់
ម្សិលមិញ មានការប្រជុំនិងជជែកបន្ដិចពីរឿងកម្មសិទ្ធិដីធ្លី។ ក្រសួងដែនដីនឹងធ្វើយ៉ាងណាជំរុញគោលនយោបាយរបស់យើង។ មិនសូវមានប្រជាពលរដ្ឋដែលមានកម្មសិទ្ធិដីធ្លីមុនសង្គ្រាមទេ។ ភាគច្រើនប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ប្រើប្រាស់អាស្រ័យផលប៉ុណ្ណឹងទេ។ ឲ្យគាត់មានកម្មសិទ្ធិជាឯកជន អាចលក់ដូរបន្ដ ឬដាក់យកធ្វើអី អត់មានទេ … កាលពីឆ្នាំ២០១១ សម្ដេចតេជោ បានដាក់ចេញនូវគោលនយោបាយ “គោលនយោបាយចាស់សកម្មភាពថ្មី” វាស់វែងដីធ្លីបានច្រើន។ យើងបន្ដធ្វើ … យើងបញ្ចេញ(កម្មសិទ្ធបាន) ២លានក្បាលដី ហើយនៅសល់ ៥លានក្បាលដីទៀតដែលត្រូវចាត់វិធានការ … (រដ្ឋមន្ត្រី)ក្រសួងដែនដី(នគររូបនីយ៍កម្មនិងសំណង់) ឯកឧត្តម សាយ សំអាល់ បានចេញគោលការណ៍យុទ្ធសាស្ដ្រ។ ខ្ញុំបានចារឯកភាពផ្ដល់គោលការណ៍ ប្រើប្រាស់កម្លាំងសរុប ទាំងថ្នាក់កណ្ដាលទាំងថ្នាក់ខេត្តចុះមក(ធ្វើការនេះ) ឲ្យបងប្អូនឆាប់បានកម្មសិទ្ធិយកទៅប្រើប្រាស់ ឲ្យលឿនកុំឲ្យកកស្ទះ …។
(៩) គោលការណ៍៦ ចំណុចសំរាប់ឆ្នាំ២០២៣ និងគោលការណ៍ទាំង១០ សំរាប់មួយអាណត្តិ
ក្នុងវិស័យការងារក៏ដូចគ្នា … កម្មករ/ការិនីកាលពីមុនមាន ៨ម៉ឺននាក់ ឥឡូវកើនដល់ជាង ៨ម៉ឺននាក់គ្រាន់តែវិស័យកាត់ដេរវាយនភណ្ឌ។ បើបូកទាំងរោងចក្រសហគ្រាស(ផ្សេងៗ មាន)ជាង ១លាននាក់។ អ្នកទទួលផលរាប់លានអ្នកទៀត … បងប្អូននៅទីនេះ ភាគច្រើនប្រាក់ខែប្រហែលជាអត់ជាប់ពន្ធទេ ព្រោះកម្រិតនៃការយកពន្ធរបស់យើងគឺដំឡើងរហូត។ មួយចំនួនដែលប្រាក់ខែខ្ពស់ ពន្ធលើបៀវត្សក៏មិនច្រើនដែរ។ អញ្ចឹងលុយចូលហោប៉ៅបងប្អូនទាំងអស់តែម្ដង។ ហ្នឹងហើយជាការបែងចែកផល … ក្រៅពីផលជាបៀវត្សដែលយើងដំឡើង ហើយតិចឬច្រើន យើងប្ដេជ្ញាចិត្តដំឡើងបន្ដទៀតដើម្បីជួយឲ្យ(ជីវភាព)ល្អប្រសើរ យើងគិតគូរពីអត្ថប្រយោជន៍ផ្សេងៗទៀតច្រើន។ ឥឡូវ ផែនការគោលការណ៍ ៦ ចំណុច ដែលខ្ញុំឲ្យក្រសួងការងារអនុវត្ដក្នុងឆ្នាំ២០២៣ នេះ សល់តែ ១ខែកន្លះទៀតទេ។ ត្រូវត្រៀមលក្ខណៈហើយធ្វើជាបណ្ដើរៗ។ ចរចាបៀវត្សយើងបានធ្វើហើយ។ រៀបចំអីបន្ដៗទៀត ហើយ ៤ចំណុចនៃគោលការណ៍ក្នុងមួយអាណត្ដិនេះ។ ក្នុង១អាណត្ដិនេះ ផ្ដោតធ្វើ ១០ចំណុចហ្នឹង។ គោលការណ៍ផ្សេងទៀត យើងបានបន្ដធ្វើការបណ្ដុះបណ្ដាល ការបំពាក់ឲ្យបងប្អូនកាន់តែច្រើន គោលនយោបាយវិនិយោគស្អីៗ … បន្ដិចទៀត ខ្ញុំនឹងលើករឿងខេត្តព្រះសីហនុដែលមានផែនការទៅមុខទៀត យើងធ្វើអី(ទៀត)? គោលនយោបាយអភិវឌ្ឍកន្លែងនេះ មិនមែនសំរាប់តែតំបន់សេដ្ឋកិច្ចនោះទេ វាត្រូវគិតក្របខណ្ឌម៉ាក្រូ។ ទាល់តែឲ្យប្រទេសយើងទាក់ទាញយ៉ាងម៉េចទើបគេមក? ដាក់នៅណានៅទៅ ឲ្យតែនៅក្នុងដីខ្មែរ ហើយក្នុងខេត្តនីមួយៗ ត្រូវមានសក្ដានុពលទាញ(គេមកវិនិយោគ)។
(១០) អត្ថប្រយោជន៍សុខភាពគិតតាំងពីមិនទាន់កើត ពេលកើត និងក្រោយកើត
ប៉ុន្ដែអ្វីដែលសំខាន់គឺការផ្ដល់អត្ថប្រយោជន៍ឲ្យបងប្អូន តាំងពីអត្ថប្រយោជន៍សុខភាពផ្សេងៗ។ ឥឡូវគិតដល់កូនមិនទាន់កើត(ទៀត)។ កូនជំនាន់នេះសំណាង។ ឪពុកម្ដាយមានសុខភាព(ល្អ) ព្រោះបើកើតជំនាន់មុនលំបាក ព្រោះខ្ញុំកើតជំនាន់ ប៉ុល ពត (ដែលម្តាយខ្ញុំបានប្រាប់ថាប៊ិះតែនឹងស្លាប់ហើយ)។ ថ្ងៃមុន ខ្ញុំប្រាប់គេថា ខ្ញុំធ្លាប់ជាប់គុកជំនាន់ ប៉ុល ពត។ គេសួរថាម៉េចអញ្ចឹង? មកពីជំនាន់ ប៉ុល ពត ពុករត់ចេញទៅតស៊ូ អញ្ចឹងគេដាក់ម៉ែក្នុងគុក។ ពេលនោះប្រហែលជា ៦-៧ ខែ ក្នុងពោះ(ម៉ែ)។ មើលមានអ្នកណាទម្ងន់ ៧ខែទេ? កូន(របស់)ប្អូន សំណាងជាងបង។ បងជាប់គុក ៧ ខែក្នុងពោះ។ កើតចេញមក អត់មានអីទេ ហើយប៊ិះស្លាប់ម្ដង ព្រោះក្ដៅខ្លួនខ្លាំង អត់មានថ្នាំ។ ម្ដាយមិនមានថ្នាំសង្កូវអីស្រួលបួលទេ។ ពេទ្យខ្មែរក្រហមប្រាប់ម៉ែថា «មិត្តអើយ! ត្រៀមខ្លួនត្រៀមចិត្តទៅ»។ កូនទី១ ដែលត្រូវជាបងរបស់ខ្ញុំ ត្រូវស្លាប់ដោយសារពេទ្យប្រហែសធ្លាក់ស្លាប់ … ពេទ្យប្រាប់ឲ្យម៉ែត្រៀមចិត្ត ព្រោះគ្មានថ្នាំអីស្រួលបួលជួយទេ។
មកដល់ជំនាន់នេះ កូនមិនទាន់កើតផង ដឹងភេទបាត់ទៅហើយ ដឹងពីសុខភាពតាំងពីក្នុងពោះម្ដាយម្ល៉េះ។ កូននឹងតើមានអីអត់? អាចមានបញ្ហាអីអត់? … កូនកើតមក យើងមានពេទ្យដល់មូលដ្ឋាន។ មកធ្វើការនៅទីនេះ ក៏មានការយកចិត្តទុកដាក់ សូម្បីម៉ោងចេញធ្វើការយើងត្រូវគិតតាំងពីចេញមុនម៉ោងពីធ្វើការ ១៥នាទី (សំរាប់ស្ដ្រីមានផ្ទៃពោះ) និងការធ្វើដំណើរ។ កូនកើតមកមានពេទ្យ មានមណ្ឌលសុខភាពអីស្រួលបួល។ កើតមកភ្លាម ចាក់វ៉ាក់សាំងសម្រាប់ការពារជំងឺ។ ហ្នឹងហើយជាផលដែលបាន។ ថាកូនមិនទាន់កើត កូនតូចចុះក្រោម ២ឆ្នាំ មានអត្ថប្រយោជន៍ មានឧបត្ថម្ភសាច់ប្រាក់ផ្សេងៗ។ ឥឡូវ កូនក្នុងបន្ទុកថា ៥ឆ្នាំ ៦ឆ្នាំ យើងផ្ទាល់មាន ប.ស. ស បន្ដិចទៀតត្រូវដាក់គោលនយោបាយដើម្បីបដិភាគដោយស្ម័គ្រចិត្ត យើងបង់ថា ១៥ ៦០០ រៀល អត់ដល់ ៤ ដុល្លារផង ដើម្បីកូនអាចទទួលបានការព្យាបាលជាកញ្ចប់ ប.ស.ស ហ្នឹងដែរ។ បើយើងអត់(បង់ទេ) កូនទៅព្យាបាលម្ដងចំណាយពី ៦ ទៅ ៨ម៉ឺន។ អ្នកខ្លះឈឺល្មមៗ មិនបាច់ទៅ(ពេទ្យ)ទេ ទិញថ្នាំល្មមៗលេបទៅ ដោយសារទៅពេទ្យ ខ្លាចអស់(ប្រាក់)។ កូនកើតមកគិតពីទារកដ្ឋាន អាហារូបត្ថម្ភ មត្តេយ្យទៀត …។
ក្រៅពីនោះ ការខិតខំដើម្បីដាក់ចេញនូវការបង្កើនសមត្ថភាពចំណូល បង្កើនជំនាញ ការបណ្ដុះបណ្ដាលជំនាញ ការហាត់ការផ្សេងៗ ឲ្យអ្នកទើបចូលថ្មី អ្នកត្រូវផ្លាស់ប្ដូរការងារ ដោយសារប្រការណាមួយ អ្នកដែលនៅក្នុងការងារអាចបង្កើនជំនាញដើម្បីបានបៀវត្សកាន់តែខ្ពស់ … បានន័យថា មិនមែនគិតតែបៀវត្សគោលតែមួយទេ គិតគ្រប់ទាំងអស់។ ឥឡូវ យើងនិយាយពីការវិវត្ដការងារមកដល់ទីនេះ (ដែលបងប្អូនទទួលបាន)អត្ថប្រយោជន៍ … ហ្នឹងហើយការចែកដោយសមធម៌។ បើយើងនិយាយពីអត្ថប្រយោជន៍ការងារ អត្ថប្រយោជន៍ដែលបងប្អូនបានទទួលមុនគេ មុនបៀវត្សរ៍ទៀត យើងត្រូវ(គិត)ពីការមានការងារធ្វើសិន។ យើងនិយាយអំពីការបង្កើតការងារនៅទីនេះសិន ចាំនិយាយពីរឿងដំឡើងបៀវត្សរ៍។ បើអត់មានឆ្នាំបាយផង តើមានអីដាក់អង្ករ?
(១១) ខេត្តព្រះសីហនុ ខេត្តមានសក្ដានុពល តែត្រូវការកត្តា២ ដើម្បីច្នៃគ្រាប់ពេជអោយមានតម្លៃ
ខេត្តព្រះសីហនុជាខេត្តដែលមានសក្ដានុពលធំ។ ខេត្តនេះមានភូមិសាស្ត្រល្អ។ យើងមានសមុទ្រទឹកជ្រៅនៅទីនេះ មានកោះ មានឆ្នេរស្អាត។ ខ្សាច់នៅព្រះសីហនុ(សស្អាតធម្មជាតិ)។ ខ្ញុំទៅច្រើនប្រទេសហើយ។ ខ្សាច់នៅខេត្តព្រះសីហនុរបស់យើង ខ្ញុំថាស្ថិតនៅក្នុងលំដាប់កំពូល។ ប្រទេសខ្លះខ្សាច់សតែគ្រាប់ធំ ខ្សាច់សតែកន្លែងខ្លះគេដឹកយកចាក់ កន្លែងខ្លះសុទ្ធតែភក់។ តែខ្សាច់នៅយើងធម្មជាតិ។ នៅកន្លែងខ្លះ គេយកខ្សាច់ស៊ីលីកូនមកធ្វើទៀតតាមកោះមួយចំនួន។ ភូមិសាស្ត្រធម្មជាតិល្អណាស់ អំណោយផលណាស់ ប្រៀបដូចជាគ្រាប់ពេជ្រអញ្ចឹង។ ប៉ុន្តែបើមានតែធម្មជាតិ វាដូចជាពេជ្រមិនទាន់ឆ្នៃ … វាត្រូវការកត្តាអំណោយផលកត្តាវិជ្ជមាន (ដើម្បីច្នៃ)ឱ្យកាន់តែបានតម្លៃកាន់តែល្អដើម្បីផលប្រជាពលរដ្ឋបានច្រើន វាត្រូវការកត្ដាមួយចំនួន។
កត្តាទី១ អាចឲ្យយើងច្នៃពេជ្របាន សុខសន្តិភាព ស្ថិរភាព
កន្លែងនេះមានអំណោយផលមែន ពីមុនអាចជាលទ្ធភាពសម្រាប់ប្រជានេសាទនៅតាមភូមិតូចៗ កន្លែងធ្វើពាណិជ្ជកម្មតូចតាច ចិញ្ចឹមប្រជាពលរដ្ឋអត់ច្រើនទេ។ នៅតាមកោះមួយចំនួននៅជាព្រៃ មិនមែនដូចកោះរ៉ុងឥឡូវទៅជាកន្លែងទេសចរណ៍ធំទេ។ វាអាស្រ័យទៅលើអី ដើម្បីច្នៃពេជ្រហ្នឹងឱ្យខ្លាំង។ វាអាស្រ័យទៅលើកត្តាពីរ។ ទីមួយគឺកត្តាសុខសន្តិភាព ស្ថិរភាព។ តាមប្រវត្តិ ដីនៅទីនេះភូមិសាស្ត្រនៅទីនេះកកើតរាប់លានឆ្នាំមកហើយ … ពេជ្រនៅកន្លែងហ្នឹង ឬគ្រប់កន្លែងទាំងអស់ តែច្នៃឱ្យវា(មានតម្លៃ) អាស្រ័យទៅលើអំណោយផលពីសន្តិភាព និងស្ថិរភាព។ បងប្អូនដឹងហើយ ពីមុននៅទីនេះជាខេត្តមួយដែលមានសក្ដានុពល។ ពីមុនគឺខេត្តកំពង់សោម ហើយមើលប្រវត្តិពីមុន ទីរួមខេត្តដូចជានៅម្ដុំខាងកំពង់សិលា-ស្រែអំបិលនេះ។ ក្រោយមកបានដូរឈ្មោះទៅខេត្តព្រះសីហនុ ដើម្បីរំលឹកអរព្រះគុណដល់សម្ដេចព្រះបរមរតនកោដ្ឋ។
កាលនោះវិវឌ្ឍ យើងចាប់ផ្ដើមរៀបចំកំពង់ផែឧស្សាហកម្មអីហ្នឹង។ ជាអកុសលសង្គ្រាមកើតឡើង វាលែងទៅជាមាន។ ផែនេះដឹកជញ្ជូនច្រើនជាងគេគឺទី១ គ្រឿងសព្វាវុធយកមកវាយគ្នា ទី២ ដឹកនាំផលិតផលទំនិញកសិកម្ម តែមិនមែនដឹកនាំចេញទេ គឺ(ភាគច្រើន)ដឹកជញ្ជូនកសិកម្មយកមកឱ្យប្រជាពលរដ្ឋ ព្រោះតំបន់ភាគច្រើនលែងធ្វើស្រែបានហើយ … យើងខ្ចីលុយបរទេសទិញយកមកចិញ្ចឹមប្រជាពលរដ្ឋយើង(ដែលដាច់ស្បៀង)ដោយសារសង្គ្រាម។ មុនសង្គ្រាម យើងបាននាំអង្ករនាំផលិតផលកសិកម្មចេញ។ ផ្លូវជាតិលេខ៤ សហរដ្ឋអាមេរិកជួយធ្វើជាផ្លូវយុទ្ធសាស្ត្រ តែកាលពីមុនមិនមែនយុទ្ធសាស្ត្រដូចឥឡូវដឹកទំនិញ បង្កើតរោងចក្រតាមផ្លូវពីកំពង់សោម ដល់កំពង់ស្ពឺ ដល់ភ្នំពេញទេ តែជាផ្លូវសម្រាប់ដឹកសព្វាវុធច្បាំងគ្នា។ បើគ្មានសន្តិភាព (មាន)សក្ដានុពលក៏វាអត់កើត(ចេញជាអ្វី)ដែរ។ ប្រជាពលរដ្ឋនៅទីនេះ ក៏មិនអាចធ្វើពាណិជ្ជកម្មច្រើន ហើយកាលជំនាន់១៩៧០ … អ្នកកំពង់សោមស្ដាប់តែវិទ្យុ ព្រួយបារម្ភថាថ្ងៃណាធ្លាក់ថ្ងៃណាអី? ឆ្នាំ ១៩៧៩ មកដល់ឆ្នាំ ១៩៩០ជាង … ខ្ញុំធ្លាប់មកពីក្មេង គេថាអ្នកកំពង់សោមអ្នកមាន ព្រោះធ្វើពាណិជ្ជកម្មខ្លះជាមួយខាងថៃ មានម៉ូតូ C100 ជិះ សម្បូណ៌បង្គា ប៉ុន្តែវាដាច់ពីអ្នកភ្នំពេញ ផ្លូវមកក៏លំបាក។ ហ្នឹងយើងអត់និយាយដល់ខេត្តកោះកុងខេត្តអីផង ដែលកាន់តែដាច់ស្រយាលទៀត។ អញ្ចឹងបើគ្មានលក្ខខណ្ឌអំណោយផលសុខសន្តិភាពទេ កុំនិយាយថាធ្វើអីទាំងអស់។
កត្តាទី២ ត្រូវការគោលនយោបាយត្រឹមត្រូវ
កត្តាទី២ គឺគោលនយោបាយត្រឹមត្រូវ។ បានន័យថាយកពេជ្រដែលមិនទាន់ច្នៃទៅច្នៃ ហើយផលបានមកពីពេជ្រនេះ ចែកដល់បងប្អូនគ្រប់គ្នា។ មិនមែនយកទៅដាក់ទូរ ដាក់តាំង ឬឲ្យតែថ្នាក់ដឹកនាំដូចជំនាន់ ប៉ុល ពត ដែកយកទៅឲ្យអង្គការ ប្រមូលផ្តុំតែថ្នាក់លើ តែប្រជាជនអត់អីហូបទេ។ គោលនយោបាយដែលបានអនុវត្តមក ដើម្បីច្នៃពេជ្រនេះឲ្យល្អ … នៅក្នុងអាណត្តិរាជរដ្ឋាភិបាលប៉ុន្មានអាណត្តិមុន ជាពិសេសអាណត្តិទី៦ សម្តេចតេជោបានដាក់ចេញគោលនយោបាយសំខាន់បានប្រែក្លាយខេត្តព្រះសីហនុជាខេត្តប៉ូលទី២ នៃសេដ្ឋកិច្ច ដាក់ចេញគោលនយោបាយដើម្បីទាញការអភិវឌ្ឍកន្លែងនេះ ទៅជាតំបន់ឧស្សាហកម្ម និងទេសចរណ៍។
(១២) មានសន្តិភាព សេដ្ឋកិច្ចបើកចំហរ និងនយោបាយការទូតត្រឹមត្រូវ ច្នៃពេជអោយកាន់តែមានតម្លៃ
(ចង់)ឲ្យមានតំបន់សេដ្ឋកិច្ចពិសេសនេះ ទាល់តែយើងចេញគោលការណ៍ គោលនយោបាយឲ្យឯកជនមកវិនិយោគ។ គោលនយោបាយមានច្រើន ប៉ុន្តែក្នុងនោះមាន ៣ ដែលសំខាន់។ ទី១ គោលនយោបាយបញ្ចប់សង្រ្គាម តាមនយោបាយឈ្នះឈ្នះ ឲ្យមានសន្តិភាព, ទី២ គោលនយោបាយសេដ្ឋកិច្ចបើកចំហរ ការវិនិយោគដែលអោយផលទៅប្រជាពលរដ្ឋ, ហើយទី៣ នយោបាយការទូតត្រឹមត្រូវ។ យើងមិនយកប្រទេសណាជាសត្រូវទេ យើងស្វាគមន៍ទាំងអស់។ អញ្ចឹងបានខេត្តព្រះសីហនុមានទាំងវិនិយោគមកពីចិន មកពីជប៉ុន មកពីអឺរ៉ុប មកពីអាមេរិក។
អ្នកខ្លះអត់ទាន់បានកាន់អំណាចផង ជេរប្រទេសនេះចាប់ប្រទេសនោះ ធ្វើ(ការជាមួយតែ)អ្នកនេះ/នោះ។ យើងហ៊ានតែចាប់ប្រទេសណាមួយ យើងវេទនា។ យើងអត់(ធ្វើដូចអ្នកនយោបាយទាំងនោះថា)ទេ។ គោលនយោបាយការទូតសំខាន់ណាស់។ យើងនាំចេញផលិតផលទៅអឺរ៉ុប ចិន អាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ាន យើងអត់មានយកសត្រូវជាមួយអ្នកណាគេទេ។ ប្រជាពលរដ្ឋយើងចេញទៅរៀនសូត្រគ្រប់ប្រទេសទាំងអស់ ចេញទៅធ្វើការនៅតាមបណ្តាប្រទេសមួយចំនួន។ ប្រជាពលរដ្ឋទាំងអស់នោះបានមកលេងជាទេសចរនៅស្រុកយើង។ អញ្ចឹងគោលនយោបាយ ៣ ត្រូវបានច្នៃពេជ្រនេះឲ្យកាន់តែខ្លាំង។
ដោយសារគោលនយោបាយ ៣ នេះហើយ ខេត្តព្រះសីហនុមានសក្តានុពលដែលយើងមានកំពង់ផែទឹកជ្រៅ មានផ្លូវ មិនមែនតែផ្លូវជាតិលេខ ៤ទេ មានផ្លូវ highway ផ្លូវទឹក ផ្លូវអាកាស ព្រលានកងកេងរបស់យើង។ ផ្លូវទឹកយើងតភ្ជាប់ជាមួយពិភពលោក ទាំងទេសចរទាំងទំនិញ។ សួរថា កំណើនទាំងអស់ហ្នឹង ទាំងវិស័យទេសចរណ៍ យើងមានអូតែលច្រើន មិនថាតែលើដី លើកោះ … ឥឡូវខ្ញុំស្គាល់កោះច្រើន ដោយសារគេវិនិយោគ មានកោះសង្សារ មានកោះបង កោះអូន កោះតា កោះយាយ កោះចៅ កោះច្រើន។ កោះទាំងហ្នឹងស្ថិតក្នុងដែន(អធិបតេយ្យកម្ពុជា)រាប់លានឆ្នាំហើយ តែគ្មានឱកាសបានបង្ហាញភាពទាក់ទាញនិងសក្តានុពល។ ដល់ចប់សង្គ្រាម ដាក់គោលនយោបាយត្រូវ យើង(អភិវឌ្ឍ)រហូតទៅដល់កោះទាំងនោះ។
សំខាន់កោះសង្សារ។ ប្រពន្ធថាបបួលទៅនោះ តែកូន ៣ ហើយមិនដឹងទៅកោះសង្សារអីទេ។ ទុកឲ្យអ្នកគេទៅ honeymoon ចុះ។ អ្នកដែលមានគ្រួសារប្រយ័ត្នថ្ងៃ ១៤ខែកុម្ភៈ។ ថ្ងៃ ១៤ខែកុម្ភៈ ថ្ងៃអី? បើអ្នកនៅលីវអាចនិយាយថាបុណ្យសង្សារ តែបើអ្នកមានប្រពន្ធ ត្រូវថាបុណ្យនៃសេចក្តីស្រឡាញ់។ តែហ៊ានបុណ្យសង្សារ ប្រពន្ធវាយឥឡូវហើយ។ រឿងបុណ្យសង្សារហ្នឹង ខ្ញុំវាមិនទម្លាប់។ ហ្នឹងបុណ្យប្រពៃណីពីសាសនាគ្រឹស្តទេ។ បុណ្យនៃសេចក្តីស្រឡាញ់ គេមានប្រវត្តិព្រះអីមួយ។ ខ្ញុំមិនដែលទិញផ្កាឲ្យប្រពន្ធខ្ញុំថ្ងៃនោះទេ។ ថ្ងៃមួយប្អូនប្រុស ហេង ឡុង ប្រធានសមាគមសិល្បៈ … ថាប្រហែលជាបងអត់មានឱកាសទិញស្អីឲ្យបងស្រីទេ ក៏ទិញផ្កាទៅឲ្យ។ មានឯណាដាក់សារមកខ្ញុំបណ្តោយ …។
(១៣) អភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណង សេដ្ឋកិច្ចឧស្សាហកម្មទេសចរណ៍ ព្រមទាំងកែច្នៃសក្តានុពលសំបូរបែប
ប៉ុន្តែត្រឡប់មកនិយាយពីកោះនិងសក្តានុពលនៃទីតាំងរបស់យើង។ យើងបានដូរឈ្មោះពីខេត្តកំពង់សោមមកខេត្តព្រះសីហនុ ប៉ុន្តែអ្វីដែលសំខាន់គឺការប្រែប្រួលជីវភាពរស់នៅ និងផលដែលយើងទាញពីភូមិសាស្ត្ររបស់យើងជូនប្រជាពលរដ្ឋបានតាមគោលនយោបាយនោះ។ ផលនេះបានធ្វើមកដល់ម៉ោងនេះ។ អ្វីដែលយើងត្រូវធ្វើបន្ថែមជូនបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តច្នៃពេជ្រនេះទៅជាពេជ្រដែលមានតម្លៃ ហើយសម្បូរបែប។ ថ្ងៃមុនខ្ញុំជិះឡាន មើលឯកសារមួយ។ គេថាពេជ្រដែលធំជាងគេនៅលើពិភពលោក ត្រូវបានរើសម្តងនៅប្រទេសអាហ្វ្រិកមួយ ហើយគេយកទៅដាក់លក់នៅអង់គ្លេស។ ពេជ្រហ្នឹងមួយដុំធំ។ ធំជាងគេបំផុតនៅលើពិភពលោក។ វាថ្លៃ តែបើទុកនៅទាំងដុំវាអត់ថ្លៃប៉ុន្មានទេ។ គេបានយកវាទៅច្នៃ។ ដំបូងចេញពីថ្ម យកទៅច្នៃបានពេជ្រមួយដុំធំ តម្លៃឡើងមួយហើយ។ ប៉ុន្តែអ្វីដែលសំខាន់ គឺច្នៃវាទៅជាគ្រាប់ផ្សេងៗ ដើម្បីយកទៅធ្វើជាម្កុដរបស់ស្ដេចអង់គ្លេស ទៅធ្វើគ្រាប់ពេជ្រផ្សេងៗ កាន់តែច្រើន។ ខេត្តព្រះសីហនុក៏ដូចគ្នា។ ខេត្តដែលមានសក្តានុពល យើងធ្វើឲ្យកើតឡើងជាប៉ូលទី២ ជាតំបន់ទេសចរណ៍ទំនើប ប៉ុន្តែមិនត្រឹមតែប៉ុណ្ណឹងទេ។ គោលនយោបាយយើងទៅមុខ … បានធ្វើនិងបន្តធ្វើពីអាណត្តិទី៦ ដែលយើងបានដាក់ចេញគោលនយោបាយកែប្រែខេត្តព្រះសីហនុទៅជាខេត្តអភិវឌ្ឍន៍នៅតំបន់សេដ្ឋកិច្ចពហុបំណង សេដ្ឋកិច្ចឧស្សាហកម្មទេសចរណ៍ និងមានសក្តានុពលផ្សេងទៀតឲ្យច្រើនសំបូរបែប និងគ្រប់កន្លែង។
(១៤) ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ បន្តពន្យាការបង់ថ្លៃ៨០% ប្រើប្រាស់ផ្លូវតាម ETC ១ឆ្នាំ និងតាមការបង់ជាសាច់ប្រាក់ ៦ ខែទៀត
រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តគោលនយោបាយធានាលក្ខខណ្ឌថែរក្សាសុខសន្តិភាព ស្ថិរភាពឲ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ … ថ្ងៃនេះគឺថ្ងៃដែលត្រូវប្រារព្ធទិវាខួបមួយឆ្នាំនៃការដាក់ដំណើរការផ្លូវ highway ដែលប្រជាពលរដ្ឋធ្វើដំណើរ ដឹកទំនិញមួយចំនួនសប្បាយចិត្ត ព្រោះកាត់ដំណើរ(ឲ្យខ្លី) តែអ្នកអត់សប្បាយគឺអ្នកចេញទៅប្រជុំនៅភ្នំពេញ លែងបានលេសទៅគេងមួយយប់។ អ្នកភ្នំពេញមកប្រជុំនៅខេត្តព្រះសីហនុ ក៏លែងបានលេសដែរ។ មិនត្រឹមតែអ្នកភ្នំពេញ ខេត្តព្រះសីហនុទេ ខេត្តកំពង់ស្ពឺដែលនៅតាមផ្លូវក៏អស់លេស ខេត្តតាកែវក៏អស់លេសដែរ។ ទៅណាយើងត្រូវសុំច្បាប់ប្រពន្ធ។ មិនអញ្ចឹងឬអីអ្នកមានគ្រួសារ? បើគេអញ្ជើញខ្ញុំទៅក្រៅប្រទេស (ត្រូវសុំ)VISA(ពីប្រពន្ធ) កាលពីមុន។ ឥឡូវអត់អីទេ ព្រោះថ្នាក់ជាតិត្រូវមានគោលការណ៍គាត់ទៅជាមួយ។ យើងត្រូវបន្តធ្វើយ៉ាងណាអនុវត្តនូវគោលនយោបាយនេះ ជំរុញឲ្យខេត្តព្រះសីហនុកាន់តែល្អ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗ យើងត្រូវបន្តធ្វើបន្ថែមទៀត។
… ពេលដែលយើងបើក(ដំណើរការផ្លូវល្បឿនលឿននេះ) ក្រុមហ៊ុនក៏បានឯកភាពជាមួយរាជរដ្ឋាភិបាល យកថ្លៃ (charge) ៨០% នៃថ្លៃប្រើផ្លូវ (fee) សំរាប់រយៈពេលមួយឆ្នាំ បន្ទាប់ទៅគាត់នឹងសុំតម្លើងថ្លៃ (ដើម្បីដកយកថ្លៃដើម)ការវិនិយោគ។ តាមរយៈការចរចា រវាងក្រុមហ៊ុននិងរដ្ឋាភិបាល សូមអរគុណដល់ក្រុមហ៊ុនដែលពន្យាការបង់ថ្លៃតាមប្រព័ន្ធ ETC (Electronic toll collection) និងតាមប្រព័ន្ធ electronic នេះ គឺមិនដំឡើងទេ សំរាប់រយៈពេលមួយឆ្នាំទៀត។ រីឯការបង់ជាលុយផ្ទាល់ ក្រុមហ៊ុនពន្យារ ៦ខែទៀត។ ក្រៅពីហ្នឹងគាត់ឡើងបន្តិច។ អញ្ចឹងបងប្អូនទៅដាក់ពាក្យយក ETC តាម electronic ហ្នឹងស្រួលផង។ electronic ហ្នឹងមិនបាច់ចាំ។ ពេលខ្លះជិះក្បួនមក មួយក្បួនហ្នឹង ឡានមកដល់ហ្នឹងគឺទ្វារវាបើកស្រាប់។ យើងបញ្ចូលកាតក្នុងហ្នឹង អត់ចាំបាច់ចាំ។ បើអ្នកត្រូវបង់(លុយ)គឺត្រូវតកន្ទុយគ្នាខាតពេល។ អញ្ចឹងគឺមួយឆ្នាំនេះ ឥឡូវយើងមានកាដូថែមទៀតឲ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់។
អរគុណឯកឧត្តម ស៊ុន ចាន់ថុល អរគុណឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងក្រុមការងារហិរញ្ញវត្ថុដែលបានចូលរួមចរចា។ កន្លែងនេះ យើងប្រើថវិកា BOT ចំណាយអភិវឌ្ឍន៍ដូចជាជាង ២ ០០០ លាន។ ២ ០០០ លាននេះ បើសិនជាយើងខ្ចីយកទៅធ្វើ យើងត្រូវបង់ការប្រាក់។ ប៉ុន្តែយើងមិនខ្ចីទេ។ យើងទុក ព្រោះយើងមានគម្រោងច្រើនដែលសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ សម្រាប់ប្រជាពលរដ្ឋ និងធ្វើកន្លែងណាដែលវិនិយោគឯកជនអត់ធ្វើ (ដូចជា)គម្រោងពេទ្យ គម្រោងស្ពានខ្លីៗ មួយចំនួនសម្រាប់បងប្អូនប្រើប្រាស់។ យើងឲ្យក្រុមហ៊ុនវិនិយោគតាមរបៀប BOT។ បានន័យថា ជនបរទេសហ្នឹងខ្ចីលុយពីធនាគារ ដោយគាត់ជាអ្នកទូទាត់សងលុយធនាគារ មកធ្វើផ្លូវ។ រដ្ឋយើងជួយដោះស្រាយលក្ខខណ្ឌបដិភាគ ដោះស្រាយបញ្ហាដីធ្លីអីហ្នឹង។
ធ្វើហើយ ដើម្បីបានលុយមកសងធនាគារសងអី គាត់ត្រូវយកកម្រៃមួយចំនួន។ នៅគ្រប់ប្រទេស គេធ្វើការវិនិយោគតាមរបៀបហ្នឹង។ នៅអាមេរិកវិញជួនកាលយើងធ្វើដំណើរពីរដ្ឋមួយទៅរដ្ឋមួយគឺគ្រាន់តែបង់ផ្លូវហ្នឹង ៣ ទៅ ៤តង់ ព្រោះពីរដ្ឋមួយទៅរដ្ឋមួយហ្នឹង ពេលខ្លះត្រូវការក្រុមហ៊ុន ៣សម្រាប់ធ្វើ(ផ្លូវ)។ មួយក្រុមហ៊ុន ២០០ គីឡូម៉ែត្រ មួយក្រុមហ៊ុន ៥០០ គីឡូម៉ែត្រអីអញ្ចឹងទៅ។ ពី New York ទៅដល់ Washington D.C ជួនកាលត្រូវបង់ផ្លូវ ៣ដង (ព្រោះ)៣ ក្រុមហ៊ុនគេវិនិយោគ។ គេយកលុយយកមកវិនិយោគ ថែទាំចាត់ចែងអីទាំងអស់ សូម្បីតែសេវាឡានខូច ឡានអីហ្នឹង ក៏មានគេជួយតាមហ្នឹង …។
(១៥) បង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវដែក និងទៅអនាគតតាមព្រែកជីក និងផ្លូវល្បឿនលឿនថែមទៀត
ផ្លូវគោកហ្នឹងយើងបានខិតខំហើយ។ ឯកឧត្តម ស៊ុន ចាន់ថុល នៅទីនេះ ជាមួយនឹងឯកឧត្តម ប៉េង ពោធិ៍នា ម៉េចហើយរឿងផ្លូវដែករបស់យើង។ យើងកុំនិយាយរឿងផ្លូវល្បឿនលឿន រទេះភ្លើងអី យើងនិយាយតែផ្លូវដែកដឹកទំនិញ។ ផ្លូវដែកយើងបច្ចុប្បន្ន រទេះភ្លើងបើកបានត្រឹម ៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ យើងត្រូវ(តម្លើងសមត្ថភាព) upgrade ដោយនៅដំណាក់កាលទីមួយរុញទៅដល់(ល្បឿន) ៨០គីឡូម៉ែត្រក្នុងមួយម៉ោង … ខ្ញុំបានឲ្យសិក្សាពីការកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវ … បើសិនជាយើងធ្វើបានផ្លូវដែកនេះ ដឹកទំនិញបានច្រើនមកដល់នេះ។ ឡានដឹកមួយបានតែមួយ (បើរទេះភ្លើង)ទូរមាន(ដល់ទៅ)ប៉ុន្មាន (ព្រោះ)រថភ្លើងមួយ(ប្រវែង)ចង់ ២-៣គីឡូដី។ អ្នកចាំពេលរថភ្លើងឆ្លងកាត់ម្តងៗ ជួនកាលត្រូវពន្លត់ម៉ាស៊ីន ដើម្បីកុំឱ្យអស់សាំងព្រោះវាវែងពេក។ ដឹកទំនិញបាន។ យើងបង្កើនការដឹកទំនិញតាមផ្លូវដែក។ យើងធ្វើព្រែកជីកតាមនេះ។ យើងកំពុងធ្វើផ្លូវ Highway មួយទៀតទៅដល់បាវិត ដើម្បីយើងភ្ជាប់ពីបាវិត-ភ្នំពេញ-កំពង់សោម ភ្ជាប់ពីលិចមកកើត ពីកើតមកលិច។ យើងធ្វើព្រែកជីក ហើយយើងធ្វើផ្លូវ Highway គម្រោងដើម្បីភ្ជាប់ទៅប៉ូលទី៤ របស់យើងនៅខាងប៉ៃលិន ខាងបាត់ដំបង (ដែលមានសក្តានុពល)កសិកម្ម មកជាមួយខេត្តព្រះសីហនុ … នេះរឿងសក្តានុពលហេដ្ឋារចនាសម័្ពន្ធ …។
(១៦) សក្តានុពលកំពង់ផែទឹកជ្រៅនៃខេត្តព្រះសីហនុ
ហេដ្ឋារចនាសម័្ពន្ធវាជួយនៅក្នុងការកាត់បន្ថយតម្លៃដឹកជញ្ជូន។ Logistics (ភស្តុភាកម្ម) ធ្វើឱ្យសេដ្ឋកិច្ចវាកើន មិនមែនតែកើនតែខេត្តព្រះសីហនុទេ កើនតាមផ្លូវទាំងអស់ … ពាក្យខ្មែរថា “មានផ្លូវឬអត់ផ្លូវ?” តែមានផ្លូវមានសង្ឃឹមហើយ … យើងបង្កើតផ្លូវគោក ផ្លូវទឹក ដែលយើងនឹងមានព្រែកជីក ហ្វូណនតេជោ។ ខេត្តព្រះសីហនុមានសក្តានុពលនៅក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ហើយជាផែមួយសំខាន់នាំមុខ តាំងពីមុនសង្គ្រាម … ថ្ងៃមុន ខ្ញុំបានជួបជាមួយឯកឧត្តម លូ គឹមឈន់។ គាត់បានរាយការណ៍ថា កំពង់ផែវាមិនអាស្រ័យទំហំតូចធំទេ វាអាស្រ័យទៅលើថារវល់ឬមិនរវល់? បើផែហ្នឹងវាធំ ប៉ុន្តែបើដៃលើកទំនិញវាដេក ឬវាងើប(បញ្ឈរ)រហូតអញ្ចេះ បានន័យថាវាអត់សូវដើរ។ ពេលណាដៃហ្នឹងងើប (ស្មើនឹង)វាសម្រាក បានន័យថាអត់ Container ត្រូវស្ទូច។ សម្រាប់ផែដែលត្រូវចល័តទំនិញចេញចូលត្រឹមតែ ៦៥% នៃ capacity ពេញ គេថាផែស្ទះហើយ។ នៅយើងដូច ៨០%។ វាស្ទះមែន។ Capacity យើងតែ ៥៥ម៉ឺន Container ទេក្នុងមួយឆ្នាំ។ តែរាល់ឆ្នាំនេះ យើងច្នៃលើកដាក់រហូតទៅដល់ ៧៥ម៉ឺន Container។ បានន័យថាដៃហ្នឹងវាអត់ងើប វាអត់សូវសម្រាក វានៅក្រោមរហូត។ អញ្ចឹងបានជាយើងត្រូវពង្រីកវា។ ឥឡូវយើងកំពុងកែប្រែកន្លែង Container កន្លែងឃ្លាំងមួយ ដើម្បីចូលកប៉ាល់មួយថែមទៀត …។
(១៧) បុកគ្រឹះពង្រីកផែ ពង្រីកសមត្ថភាពលើកដាក់ និងទទួលនាវាដឹកទំនិញចូលបានដល់ ៩៣%
យើងបានឯកភាពគ្នាជាមួយជប៉ុន … ខ្ចីជាកម្ចីបូកជាមួយបច្ចេកទេសជប៉ុន ដើម្បីយកមកវិនិយោគពង្រីកផែទឹកជ្រៅរបស់យើង។ ដំណាក់កាលទី១ ខ្ញុំសង្ឃឹមថានឹងបានបុកគ្រឹះមុនដាច់ឆ្នាំ។ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបជាមួយប្រធាន JICA ម្សិលមិញ។ ម្សិលម្ង៉ៃ ខ្ញុំប្រគល់ភារកិច្ចឱ្យគាត់ ម្សិលមិញបានប្រជុំ ដើម្បីជំរុញការចរចាបញ្ចប់នៅក្នុងការទម្លាក់ថវិកាបុកគ្រឹះជំហានមួយក្នុងការពង្រីកផែរបស់យើង។ សង្ឃឹមថាបុកគ្រឹះឆ្នាំនេះ ព្រោះជាឆ្នាំសំខាន់សម្រាប់កម្ពុជា-ជប៉ុន គឺខួប៧០ឆ្នាំ នៃទំនាក់ទំនងយើង។ ខ្ញុំថាធ្វើម៉េចបុកគ្រឹះឱ្យបានមុនដាច់ឆ្នាំ។ គាត់ធ្វើបានមែន។ សូមអរគុណ។ យើងនឹងបុកគ្រឹះដើម្បីពង្រីកផែ ពង្រីក Capacity យើង។ ផែបច្ចុប្បន្ន ទឹកជម្រៅតែ ៩ម៉ែត្រកន្លះទេ។ អញ្ចឹង កប៉ាល់ដែលនាំទំនិញចូលមកបានតែ ១៨% … សល់ប៉ុន្មានយើងត្រូវសេងដាក់កប៉ាល់មួយទៀត។ វាចំណាយខ្ពស់។ ដល់ពេលយើងធ្វើផែទី១ នោះហើយ ជម្រៅទឹកវាខ្ពស់វាជ្រៅល្មម គឺកប៉ាល់អាចចូលមកបាន … លោតពី ១៨% ទៅ ៩៣% ចូលបាន។ នៅសល់ ៧% ទៀត កប៉ាល់ធំៗ បានយើងសេង។ អញ្ចឹងកាត់បន្ថយតម្លៃនៃការដឹកមកយើង។ ជាង ៤០០-៥០០ដុល្លារក្នុងមួយ Container កាត់បន្ថយមក ២០០ដុល្លារជាង។ យើងនឹងពង្រីកជាជំហាន ២ ជំហាន ៣ ទៀត។ ថ្ងៃក្រោយ កប៉ាល់ប៉ុន្មានចូលមកហ្នឹងទាំងអស់។ នេះគឺជាកិច្ចការសំខាន់ ដើម្បីឱ្យផែយើងកាន់តែដើរ បង្កើតការងារកាន់តែច្រើន ជំរុញសេដ្ឋកិច្ចកាន់តែសំខាន់។ នេះការពង្រីកកំពង់ផែទឹកជ្រៅ។ នេះជាគោលនយោបាយរដ្ឋាភិបាលនឹងត្រូវបន្ត។
(១៨) ដើម្បីឱ្យកើនរោងចក្រ សេដ្ឋកិច្ចខេត្តព្រះសីហនុ រួមទាំងសមត្ថភាពកំពង់ផែត្រូវតែកើន
វាមានគោលនយោបាយដែលដាក់ភ្លាមសម្រាប់ជួយប្រជាពលរដ្ឋ គោលនយោបាយគាំពារសង្គម និងគោលនយោបាយដែលត្រូវអភិវឌ្ឍក្របខណ្ឌម៉ាក្រូ … ឥឡូវមាន ២៤ រោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស កម្មករ ៨ពាន់នាក់ ដើម្បីឱ្យរោងចក្រកាន់តែកើននៅកន្លែងនេះ ទាល់តែសេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូលកាន់តែកើន រួមទាំងកំពង់ផែយើងផង។ អញ្ចឹង ត្រូវធ្វើគោលនយោបាយប្រព័ន្ធដឹកជញ្ជូន ហើយក៏មានការឯកភាពគ្នាដើម្បីដាក់ទៅជាផែ Transit … កំពុងរៀបចំនីតិវិធី។ បែបបទមានអស់ហើយ។ ជំរុញធ្វើឱ្យបាននៅមុនដាច់ឆ្នាំនេះប្រកាសទាំងអស់តែម្តង … យើងប្រកាសបុកគ្រឹះកសាងពង្រីកផែទឹកជ្រៅជំហានមួយ ប្រកាសការដាក់ចេញសេវា Transit។ សេវា Transit នេះអញ្ចេះ។ កប៉ាល់ខ្លះត្រូវដឹកមកយើង តែដឹកទៅ Laem Chabang របស់ថៃ។ អញ្ចឹងជួនកាលគាត់មកមាន Container ៤-៥។ បើយើងអត់ឱ្យគាត់ Transit ទេ គាត់ត្រូវតែដឹកទៅដល់នោះ។ វាខាត។ ភាគច្រើនអត់ចូលយើងទេ គេទៅនោះតែម្តង។ តែបើសិនគេចូលយើង បានគេទម្លាក់អាហ្នឹងផ្ញើសិន ចាំកប៉ាល់គេមួយទៀតមក គេដឹកយកទៅ។ ហ្នឹងគេចង់ចូលមកយើង បើមិនអញ្ចឹងវាខាត។ ដល់ពេលគេចូលកាន់តែច្រើន យើងបានសេវាកាន់តែច្រើន ការងារកាន់តែច្រើន។ ទាំងអស់នេះហើយគឺធ្វើដើម្បីអី? ដើម្បីជំរុញសេដ្ឋកិច្ច ជំរុញកំណើន បង្កើតការងារ និងផលសមធម៌ជូនដល់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ …។
យើងក៏ពង្រីកកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុទៀត។ គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្ដុភាកម្មក្រុងព្រះសីហនុ … ដូចបាននិយាយអញ្ចឹង គ្រាន់តែ Transit ហ្នឹងក៏វាពាក់ព័ន្ធដែរ។ បើគេយកមកផ្ញើមិនបានផង ចាំបាច់យកទៅឆ្លងកាត់ខ្មែរអី … ផែយើងយុទ្ធសាស្ត្រ(ព្រោះតាំង)នៅកណ្តាល។ Laem Chabang នៅខាងលើយើង ផែវៀតណាមនៅ(ខាងក្រោម) ផែយើងនៅកណ្តាល។ អញ្ចឹងជួនកាលគេដាក់នៅហ្នឹងហើយ គេចង់ផ្ញើនៅកន្លែងយើង កាន់តែបានច្រើន។ សក្តានុពលភូមិសាស្ត្រយើងមាន គ្រាន់តែពេជ្រយើងមិនទាន់ច្នៃ គេមិនទាន់ឃើញតម្លៃ។ ឥឡូវយើងត្រូវដាក់គោលនយោបាយច្នៃវាឱ្យច្រើនមុខ ដើម្បីឱ្យគេមកប្រើប្រាស់ទាញផលឱ្យយើងឱ្យកាន់តែច្រើន ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ។ នេះហើយគោលនយោបាយ ដែលរាជរដ្ឋាភិបាលពិនិត្យដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ដើម្បីទាញវិនិយោគមកថែមទៀតនៅខេត្តព្រះសីហនុ។
(១៩) ផែនៃខេត្ត ៤ ជាប់សមុទ្រ រួមគ្នាប្រកួតប្រជែងនឹងផែប្រទេសផ្សេង
ក្រៅពីរឿងហេដ្ឋារចនាសម័្ពន្ធ, យើងកំពុងតែធ្វើផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ។ ខ្ញុំឱ្យមានការគិតគូររួម កុំឱ្យគិតគូរដាច់ដោយដុំ។ ត្រូវគិតគូរជាកញ្ចប់ ជាមាត្រដ្ឋាន។ បើយើងគិតតែពីខេត្តព្រះសីហនុ ហើយយកខេត្តបីទៀតជាគូប្រជែងជាមួយខេត្តព្រះសីហនុ យើងអត់ប្រើប្រាស់សក្តានុពលបានទេ។ យើងត្រូវយកខេត្ត ៤ គឺខេត្តកោះកុង ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ របស់យើងផ្គុំគ្នា ដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ។ ទោះបីជាយើងដាក់គោលការណ៍អាទិភាពខេត្តព្រះសីហនុ និងខេត្ត ៣ទៀត ដើម្បីភ្ជាប់គ្នា ដើម្បីប្រទាក់ក្រឡាគ្នា តែយើងត្រូវគិតទាំង ៣ហ្នឹង … ឧទាហរណ៍ … ឥឡូវផែយើងមាន ៤ (ដែលមាន)សក្តានុពល។ ផែខេត្តព្រះសីហនុ ផែកំពត ២ ហើយអាចមួយទៀតនៅទឹកជ្រៅនៅកោះកុង តារាសាគរ។ ត្រូវរៀបចំគិតគូរឱ្យហើយធ្វើយ៉ាងណាកុំឱ្យផែ ៤ នេះទៅជាផែដែលប្រកួតប្រជែងគ្នា តែទៅជាផែដែលរួមកម្លាំងគ្នាដើម្បីប្រកួតប្រជែងជាមួយផែប្រទេសជិតខាង។ តើផែព្រះសីហនុត្រូវដាក់ទិសដៅអភិវឌ្ឍអីដើម្បីបម្រើអ្វីខ្លះអាទិភាព ? ផែកំពតត្រូវធ្វើអី? ផែកំពតពីរហ្នឹង មួយណាធ្វើអីៗ? កន្លែងខ្លះគេឲ្យផែមួយ គឺសម្រាប់តែបម្រើរឿងប្រេងឥន្ធនៈ រឿងរ៉ែ រឿងអី អញ្ចឹងទៅ។
ឧទាហរណ៍នៅ Singapore មានកោះមួយ Jurong ដាច់ដោយឡែកមួយៗ។ ផែណាសម្រាប់ទេសចរណ៍ ទំនិញ ផែណាសម្រាប់អី។ យើងគិតគូរក្របខណ្ឌ។ ក្រៅពីនោះ បើសិនជាមានផែតូចៗ តើថ្ងៃក្រោយគួរពិចារណាឲ្យអភិវឌ្ឍ ឬឲ្យកម្រិតណា ព្រោះពេលខ្លះ បើយើងឲ្យច្រើនពេកប្រកួតប្រជែងគ្នា វាដួលទាំងអស់គ្នា។ យើងត្រូវគិតជាយុទ្ធសាស្រ្តដើម្បីឲ្យមួយៗ រីក។ រីកដើម្បីចិញ្ចឹមទាំងអស់គ្នា។ អញ្ចឹងការគិតគូរក្របខណ្ឌនេះ ទាញគោលនយោបាយអភិវឌ្ឍនៅក្នុងខេត្តទាំង៤នេះ តើខេត្តណាត្រូវទេសចរណ៍? ឧទាហរណ៍ ខេត្តទាំងអស់សុទ្ធតែមានសក្តានុពលទេសចរណ៍ តើខេត្តទាំងអស់ត្រូវតែទេសចរណ៍ដូចគ្នាឬយ៉ាងណា? ខេត្តព្រះសីហនុមានកោះ។ ខេត្តកែបមានធម្មជាតិ។ ខេត្តកោះកុងមានស្អីផ្សេង។ តើយើងដាក់ទិសដៅយ៉ាងណាដើម្បីជំរុញលើកទឹកចិត្តការវិនិយោគឲ្យចំតែម្តង។ បើវិនិយោគធម្មជាតិនៅខេត្តណាមួយ អ្នកវិនិយោគដែលទទួលបានការលើកទឹកចិត្តនៅក្នុងវិស័យហ្នឹងចំគោលដៅ ទៅខេត្តហ្នឹងបានការលើកទឹកចិត្តច្រើនជាងខេត្តផ្សេង។ ឧទាហរណ៍ គាត់បានលើកទឹកចិត្តនៅទីនេះ ១០ បើគាត់ទៅដាក់ទីតាំងនៅខេត្តជាអាទិភាពរបស់យើង គាត់បាន ១៥ ឬ ២០ … ហើយយកកន្លែងនេះដាក់អីផ្សេង។ យើងរៀបចំ master plan។
(២០) ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់គោលដៅតំបន់ទេសចរណ៍ តំបន់ឧស្សាហកម្ម និងបង្កើនការហោះហើរត្រង់តភ្ជាប់តំបន់ទេសចរណ៍
ការពង្រឹងឡើងវិញនូវសក្តានុពលក្នុងវិស័យអចលនទ្រព្យ។ កន្លងទៅបានដើរលឿន។ ឥឡូវមានភាពជាប់គាំង យើងទទួលស្គាល់។ ក្រុមការងារ … បាននិងកំពុងធ្វើការជាប្រចាំដាក់ចេញជាគោលការណ៍ដោះស្រាយវិវាទ។ ក្រៅពីហ្នឹងគោលការណ៍លើកទឹកចិត្តជាពន្ធជាអីផ្សេងៗ ដើម្បីយើងឲ្យគាត់ដំណើរការឡើងវិញ។ អចលនទ្រព្យមិនមែនតែនៅកម្ពុជាទេដែលរាំង គឺនៅគ្រប់ប្រទេសទាំងអស់ក្នុងប៉ុន្មានឆ្នាំនេះ។ គេថាវាមានល្បឿនថយចុះនៅគ្រប់កន្លែង។ ប៉ុន្តែជាទូទៅ យើងឃើញលើពិភពលោកប្រហែលជា ១០ឆ្នាំ វាមាន(ហេតុការណ៍បែប)ហ្នឹងម្តង។ វាជាវដ្ដឡើងចុះ។ អ្វីដែលយើងត្រូវធ្វើថ្ងៃ ១៣ (វិច្ឆិកា)នេះ គឺខ្ញុំត្រូវប្រកាស។ ល្ងាចមិញជួបជាមួយនឹងវិស័យទេសចរណ៍។ បញ្ចប់មកប្រជុំរឿងពន្ធដារ ដើម្បីជួយទៅដល់វិស័យឯកជនក្នុងដំណាក់កាលលំបាក និងដាក់ចេញជាមូលដ្ឋានគោលការណ៍ អោយគាត់រឹងដៃរឹងជើង ចូលរួមអភិវឌ្ឍជាមួយយើង។
ការពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សំខាន់ណាស់នៅខេត្តព្រះសីហនុ។ ខ្ញុំបាននិយាយហើយ ត្រូវធ្វើគ្រប់កន្លែង ជាពិសេសគោលដៅដែលជាតំបន់ទេសចរណ៍ និងតំបន់ឧស្សាហកម្ម និងតំបន់ផ្សេងៗ ត្រូវធានាបាននូវសន្តិសុខស្ថេរភាព។ អត់មានអ្នកណាចង់មកលេងសមុទ្រទេ បើមកគេប្រាប់ថាប្រយ័ត្នគេបាញ់គ្នា ប្រយ័ត្នចោរឆក់ ប្រយ័ត្នចោរប្លន់។ ហេដ្ឋារចនាសម្ព័ន្ធមានហើយ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធនេះមានន័យទៅបាន ទាល់មានមនុស្សប្រើ។ បើសិនជាហេដ្ឋារចនាសម្ព័ន្ធអត់មានមនុស្សប្រើ អត់មានន័យទេ។ ខេត្តព្រះសីហនុជាមួយនឹងគណៈកម្មការអភិវឌ្ឍឆ្នេរបានធ្វើច្រើនណាស់។ រដ្ឋាភិបាលដាក់ទុនរាប់រយលានដើម្បីធ្វើផ្លូវប៉ុន្មានខ្សែនៅទីនេះ។ ឆ្នេររៀបចំបានល្អ បង្កើតការងារ បង្កើតជាកន្លែង។ ឥឡូវផ្លូវល្បឿនលឿន បងប្អូនមកព្រឹក ទៅវិញល្ងាច។ អញ្ចឹងសន្តិសុខត្រូវធានាជូនគាត់។ មិនថាទេសចរបរទេស ឬទេសចរក្នុងស្រុក សូម្បីតែអ្នកមកធ្វើការងារហ្នឹង បើសិនជាអសុវត្ថិភាព ក៏គេមិនងាយចង់មកទេ។ អញ្ចឹងរឿងកិច្ចការសន្តិសុខនេះត្រូវពង្រឹង អាជ្ញាធរគ្រប់ជាន់ថ្នាក់ កម្លាំងសមត្ថកិច្ច ឯកឧត្តមស្នងការ ឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយនឹងសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធគ្រប់ បំពេញភារកិច្ច បម្រើស្ថេរភាព សន្តិសុខ …។
ការបង្កើតការហោះហើរត្រង់មកខេត្តព្រះសីហនុក៏សំខាន់ដែរ។ ម្សិលមិញប្រជុំវិស័យទេសចរណ៍ យើងកំពុងឲ្យវិស័យទេសចរណ៍បើកមុខព្រួញហោះហើរឲ្យបានច្រើន។ យើងភ្ជាប់ខេត្តព្រះសីហនុជាមួយទិសដៅទេសចរណ៍… ឥឡូវខេត្តសៀមរាបដាក់ទិសដៅភ្ជាប់មិនតែជាមួយនឹងទីក្រុងធំៗ របស់(ប្រទេស)គេមួយចំនួនទេ គឺទាំង ទេសចរណ៍ក្នុងតំបន់។ អញ្ចឹងខេត្តព្រះសីហនុដូចគ្នា។ ថ្ងៃក្រោយ ឈានទៅភ្ជាប់ជាមួយភូកេត វ៉ង់តាវ សេប៊ូរបស់ហ្វីលីពីន កោះបាលី ម៉ាល់ឌីវ …។
(២១) ដាក់ទិសដៅទាញឧស្សាហកម្មកម្រិតនិងតម្លៃខ្ពស់មកខេត្តព្រះសីហនុ
បងប្អូនសួរថា និយាយតែពីរឿងធ្វើកំពង់ផែ ធ្វើផ្លូវ ទាក់ទាញក្រុមហ៊ុន ទាក់ទាញផ្លូវហោះហើរ ទេសចរណ៍ យកមកធ្វើអី? ខ្ញុំធ្វើការនៅនេះបានផលអី? យកមកសម្រាប់បងប្អូននោះឯង។ យើងបង្កើតការងារបន្ថែម ជំរុញសេដ្ឋកិច្ចបន្ថែម ឲ្យបងប្អូននៅទីនេះ និងគ្រួសារ មិត្តភក្ដិ ដែលគ្រប់អាយុចូលធ្វើការ កាន់តែមាន(ការងារធ្វើ)។ យើងមកទីនេះ ដាក់ទិសដៅមិនមែនតែឧស្សាហកម្មខាងវាយនភណ្ឌកាត់ដេរទេ គឺយើងដាក់ទិសដៅរុញឧស្សាហកម្មយានយន្ត និងអេឡិកត្រូនិក គឺឧស្សាហកម្មដែលមានកម្រិតខ្ពស់ តម្លៃខ្ពស់ មកខេត្តព្រះសីហនុ ដើម្បី បង្កើតការងារទៅថ្ងៃក្រោយ។ បងប្អូននៅទីនេះអាចបង្កើនជំនាញ ឬចង់ប្ដូរជំនាញ មានវគ្គបណ្ដុះបណ្ដាលរបស់យើង(ដើម្បីជួយសំរួលបំណង)។ អ្នកផ្សេងទៀត និស្សិតរបស់យើង បងប្អូននៅខេត្តផ្សេងមកធ្វើការនៅនេះ មិនចាំបាច់មានជម្រើសតែមួយក្នុងវិស័យកាត់ដេរទេ … យើងក៏មានផលិតសម្ភារពេទ្យអីៗ ទៅថ្ងៃក្រោយយើងចង់ដាក់ការផលិតគ្រឿងម៉ូតូ ដំឡើងរថយន្ត ផលិតគ្រឿងបង្គុំអគ្គិសនី ឲ្យកូនចៅយើងចេះអាហ្នឹងនៅទីនេះ។
(២២) សេដ្ឋកិច្ចកើន ពលរដ្ឋទទួលបានការងារ/ចំណូលច្រើន រដ្ឋបង្កើនចំណាយគាំពារសង្គម
ដើម្បីអី? ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋ ជូនកម្មករ/ការិនី។ កម្មករ/ការិនីបានចំណូលយកទៅណា? យកទៅចែកចាយបន្ត។ ចេញទៅត្រូវបង់ថ្លៃរថយន្តដឹកជញ្ជូន។ អញ្ចឹងយកលុយហ្នឹងទៅចែកដល់អ្នកដឹកជញ្ជូនៗ បានចំណូល។ យកទៅផ្សារ ទិញអាហារថ្ងៃត្រង់/ល្ងាច យកលុយដែលយើងរកបាននៅនេះ ទៅចែកឲ្យអ្នកផ្សារដើម្បីគាត់បានចំណូលពីការលក់របស់គាត់។ យកទៅឲ្យឪពុកម្ដាយធ្វើបុណ្យ។ ថ្ងៃមុន លោកតាម្នាក់នៅខេត្តកណ្ដាលថា ចៅគាត់៣-៤ នាក់ ម្នាក់ធ្វើការនៅធនាគារ ម្នាក់នៅរដ្ឋ ពីរនាក់ធ្វើការរោងចក្រ ក្នុង១ខែៗ រៃលុយគ្នាឲ្យគាត់ ៦០ ទៅ ៧០ម៉ឺន។ នោះប្រហែល ១០ឆ្នាំមុន។ មួយខែៗ គេណាត់គ្នាទិញពងទាកូនប៉ូវគាត់ម្ដង។ បងប្អូនមានចំណូល យកទៅទិញទូរស័ព្ទ មិនថាតែ N ចុចពិល ឬទូរស័ព្ទឆ្លាត … អ្នកលក់ទូរស័ព្ទគាត់បានចំណូល។ ពេលដែលយើងធ្វើផែទឹកជ្រៅដូចគ្នា។ ទំនិញចូលកាន់តែច្រើន សេដ្ឋកិច្ចយើងកើន បងប្អូនកាន់តែមានការងារ ចំណូលចូលរដ្ឋក៏កាន់តែច្រើន រដ្ឋយកលុយហ្នឹងទៅបើកប្រាក់ខែជូនមន្រ្តីរាជការ ចំណាយលើកម្មវិធីគាំពារសង្គម ធ្វើមណ្ឌលសុខភាព ធ្វើផ្លូវតាមមូលដ្ឋាន/ឃុំ យកទៅធ្វើសាលារៀន …។
(២៣) ខេត្តព្រះសីហនុ អាចចិញ្ចឹមសេដ្ឋកិច្ចជាតិនិងមានផលចែកវាយដល់បណ្តាខេត្តជុំវិញ
ទាំងអស់នេះគឺអ្វីដែលខេត្តព្រះសីហនុត្រូវទាញ។ បើធ្វើត្រូវ ខេត្តព្រះសីហនុមួយអាចចិញ្ចឹមសេដ្ឋកិច្ចជាតិ ពិសេសខេត្តជុំវិញនេះ គឺបានផល។ សក្ដានុពលនៅមួយកន្លែង តែមានផលចែកចាយ។ ឥឡូវខេត្តដែលជាប់ហ្នឹង ឧទាហរណ៍ កំពង់ស្ពឺ កាលមុនគេបើករោងចក្រដំបូងតែនៅភ្នំពេញ បន្ទាប់មកព្រះសីហនុ ដោយសារវានៅកៀកភ្លើងអីហ្នឹង។ ផ្លូវពិបាកដឹកជញ្ជូន ភ្លើងមិនសូវមាន ដាក់នៅកំពង់ស្ពឺ។ ឥឡូវរោងចក្រច្រើនដាក់នៅកំពង់ស្ពឺ។ យកទៅដល់កំពត កោះកុងមានសក្ដានុពល ប៉ុន្តែបើភ្ជាប់សក្ដានុពលទេសចរណ៍បន្ថែមទៀតខ្លាំង។ វារីវប្បកម្ម ខាងកសិកម្មនៅទីនេះ ចិញ្ចឹមបង្គាអីសម្រាប់នាំចេញថ្ងៃក្រោយ។ ខេត្តព្រះសីហនុអាចជាឆ្នាំងបាយ មិនត្រឹមតែចិញ្ចឹមអ្នកខេត្តព្រះសីហនុទេ ប៉ុន្តែជាថាមពល ជាថ្មមួយដែលជំរុញឲ្យសេដ្ឋកិច្ចជាតិកាន់តែលឿន … ដូចជានៅសហរដ្ឋអាមេរិក ជួនកាលគ្រាន់តែរដ្ឋគេមួយ សេដ្ឋកិច្ចលេខ៧ នៅលើពិភពលោក ដូចកាលីហ្វ័រញ៉ា … នៅចិន ទីក្រុងសៀងហៃមួយសេដ្ឋកិច្ចលេខប៉ុន្មានលើពិភពលោកឯណោះ …។
(២៤) ខេត្តព្រះសីហនុនឹងជាខេត្តនាំមុខគេមួយនៅក្នុងកំណើនសេដ្ឋកិច្ច ដែលប្រជាជនអាចចំណូលខ្ពស់ជាងខេត្តនានានៅពេលអនាគត
ខេត្តព្រះសីហនុមានសក្ដានុពលធំ។ ប៉ុន្តែ បើគ្មានសន្តិភាព ស្ថិរភាព គ្មានគោលនយោបាយត្រឹមត្រូវទេ គឺអត់ទៅមុខទេ។ ខ្ញុំនិយាយអម្បាញ់មិញនេះ សង្ខេបទៅលើគោលនយោបាយធំៗ ដែលនឹងផ្ដល់ជូនខេត្តព្រះសីហនុ។ សង្ឃឹមថានៅក្នុង ៥ឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំខាងមុខ ហើយគោលការណ៍ថានៅឆ្នាំ ២០៥០ កម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់ ក្នុងនោះខេត្តព្រះសីហនុនឹងជាខេត្តនាំមុខគេមួយនៅក្នុងកំណើនសេដ្ឋកិច្ច។ អ្នកខេត្តព្រះសីហនុដែលពីមុន គេថាអ្នកកំពង់សោមអ្នកមាននោះ ក៏មិនខុសពីហ្នឹងដែរ។ គឺនឹងអាចក្លាយទៅជាខេត្តដែលប្រជាជនមានចំណូលខ្ពស់ប្រៀបនឹងខេត្តផ្សេងៗទៀត …។
យើងមិនអាចជប់មួយថ្ងៃឲ្យបានអស់ទេ ប៉ុន្តែធ្វើម៉េចពីមួយជំនាន់ទៅមួយជំនាន់ ពីមួយឆ្នាំទៅមួយឆ្នាំ ថែរក្សាផលវិជ្ជមានដែលបានកសាងពីមុនឲ្យបាន ហើយខិតខំកសាងសមិទ្ធផលបន្ថែមទៀតឲ្យបងប្អូន។ ជំនាន់បងប្អូនគ្រាន់បើជាងជំនាន់ឪពុកម្ដាយ ជំនាន់កូនយើងឲ្យបានតែប្រសើរជាងជំនាន់យើងទៅទៀត។ នេះគឺជាគោលដៅ ជាគោលការណ៍ ការប្ដេជ្ញាចិត្ត និងការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិក្រោយៗទៀត បើរដ្ឋាភិបាលនៅបន្តដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ យើងនឹងបន្តគោលនយោបាយបម្រើប្រជាជន ធ្វើឲ្យប្រជាជនកាន់តែមានបាន ជាពិសេស អ្នកខេត្តព្រះសីហនុ គោលនយោបាយច្រើនណាស់ដែលយើងត្រូវប្រែក្លាយខេត្តនេះពីដុំពេជ្រមិនទាន់ច្នៃ ទៅជាពេជ្រដែលច្នៃ ហើយអាចប្រើប្រាស់បានច្រើនមុខ …។
(២៥) រីករាយបានប្រាបើថារាជរដ្ឋាភិបាលកំពុងធ្វើអ្វី ការពារសន្តិភាពនិងស្ថេរភាព អរគុណវិនិយោគិនចិនជួយទាក់ម៉ូយ
ខ្ញុំមិនបន្តទៀតទេ ព្រោះបងប្អូនខ្លះងើបតាំងពីម្សិល ល្ងាចមិញគេងមិនលក់ … ថ្ងៃនេះ អបអរសាទរ និងអរគុណចំពោះបងប្អូនដែលបានផ្ដល់ការទុកចិត្ត។ អរគុណបងប្អូនដែលបានផ្ដល់ឱកាសឲ្យគណបក្សប្រជាជនបន្តដឹកនាំ បម្រើប្រជាពលរដ្ឋ អនុវត្តគោលនយោបាយតទៅទៀត។ សំខាន់បំផុត បានប្រាប់បងប្អូនដោយផ្ទាល់ថា តើរាជរដ្ឋាភិបាលបម្រុងធ្វើអ្វីដើម្បីបម្រើប្រជាពលរដ្ឋ។ កុំថា មិនឃើញចេញស្អីច្បាស់លាស់ផង ចេះតែនិយាយបម្រើៗ ហើយចប់ទៅវិញ។ គោលនយោបាយ ១០ចំណុច ដែលឯកឧត្ដម ហេង សួរ បានរៀបរាប់ គឺដើម្បីបម្រើវិស័យការងារ កម្មករ/ការិនីទាំងការបណ្ដុះបណ្ដាលអីហ្នឹង។ អម្បាញ់មិញ ដែលខ្ញុំបានប្រកាស គោលនយោបាយច្បាស់លាស់ ហើយដាក់ចេញដើម្បីបង្កើនលទ្ធផលជាក់ស្ដែងនៅលើដី សម្រាប់ខេត្ត្ពព្រះសីហនុទាំងមូល ដើម្បីប្រជាជនទូទាំងខេត្តព្រះសីហនុ … មិនមែនតែលើដីទេ លើទឹកទៀត …។
ឯកឧត្ដម ស៊ុន ចាន់ថុល បន្ទាប់ពីនេះទៅ តំណាងខ្ញុំដើម្បីទៅអបអរសាទរខួបមួយឆ្នាំ(នៃការដាក់ឲ្យប្រើផ្លូវល្បឿនលឿន)។ សូមផ្ដាំអបអរសាទរផង។ ខ្ញុំបានបញ្ជូនសារមួយហើយ។ អរគុណក្រុមហ៊ុនដែលបានយោគយល់ក្នុងការជួយបន្ធូរផ្ដល់អនុគ្រោះការមិនយកថ្លៃប្រព័ន្ធ ETC មួយឆ្នាំ និងបង់លុយ(ផ្ទាល់)កន្លះឆ្នាំទៀត។ សង្ឃឹមថាបងប្អូនរៀនប្រើ បានហ្រ្វ៊ីហើយ លឿនទៀត។ ឥឡូវអេឡិកត្រូនិកអស់ហើយ … អរគុណចំពោះបងប្អូនដែលអញ្ជើញចូលរួមថ្ងៃនេះ ហើយសូមបន្តចូលរួមកសាងប្រទេសរបស់យើង យកចិត្តទុកដាក់បំពេញភារកិច្ចតាមជំនាញរបស់យើង កុំចូលរួមនឹងសកម្មភាពអីដែលបំផ្លាញស្ថិរភាព សន្តិភាព បំផ្លាញឆ្នាំងបាយយើង តែមានបញ្ហាអីយើងនិយាយគ្នា។ វិវាទអីកើតឡើងយើងនិយាយគ្នា។ យើងមានសហជីព យើងមានតំណាងក្រសួងមកដោះស្រាយបញ្ហា។ យើងមានអីយើងជួយគ្នា។ យើងធ្វើបានច្រើនហើយ …។
អរគុណវិនិយោគិន ម្ចាស់ក្រុមហ៊ុនទាំងអស់ ដែលមានការទុកចិត្តលើកម្ពុជា។ កាលពីទៅប៉េកាំង ខ្ញុំបានជួបបងប្អូនពីតំបន់សេដ្ឋកិច្ចពិសេស ចេជាង ហ្នឹង។ នៅចិនមានមតិមហាជនមួយចំនួនព្រួយពីសុវត្ថិភាព(មកវិនិយោគនៅកម្ពុជា) ព្រោះមានរឿងចិនមួយថា ស្អីៗ អសុវត្ថិភាពកំពង់សោម។ អញ្ចឹងគេភ័យ។ ដល់ទៅក្រុមហ៊ុនវិនិយោគនៅនេះឡើងនិយាយ គាត់ថាអត់ទេ។ គាត់ធ្វើការនៅហ្នឹងរាល់ថ្ងៃ បុគ្គលិកគាត់មកពីចិនក៏មាន អត់មានអ្នកណាភ័យផងហ្នឹង។ គាត់ទៅប្រាប់គេទៀត។ អញ្ចឹងសូមអរគុណណាស់ចំពោះជំនឿទុកចិត្ត ចំពោះការបន្តជួយយកអាសារ បន្តបង្កើតការងារ និងផ្ដល់ការយកចិត្តទុកដាក់ទៅលើជីវភាពរស់នៅ សុវត្ថិភាពការងារ និងបរិស្ថានការងារជូនបងប្អូន។ សូមបន្តពង្រីកការវិនិយោគបន្ថែមទៀត និងសូមជួយទាក់ម៉ូយមកថែមទៀត។ រាជរដ្ឋាភិបាលទាក់ម៉ូយហើយ តែបើវិស័យឯកជនគ្នាឯងទៅទាក់ម៉ូយ … បើយើងទៅប្រាប់គេថាសុវត្ថិភាពគេជឿត្រឹម ៥០% តែបើគ្នាគេដែលរស់នៅហ្នឹងប្រាប់ថាសុវត្ថិភាព … (បូកនឹង)អំណោយផលដែលថារាជរដ្ឋាភិបាលស្រុកខ្មែរមានគោលការណ៍អនុគ្រោះច្រើន គេនឹងមកច្រើន …។
យើងនឹងដល់បុណ្យអុំទូក។ សល់២ថ្ងៃទៀត បុណ្យខួបទី៧០ នៃឯករាជ្យភាពរបស់យើង ដែលជាគុណូបការៈដ៏ថ្លៃថ្លារបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះបរមរតនកោដ្ឋ សម្ដេចតា ហើយជាអ្វីដែលរាជរដ្ឋាភិបាលត្រូវបន្តប្ដេជ្ញាការពារកូនចៅយើង។ យើងនឹងមានបុណ្យអុំទូក។ ខេត្តព្រះសីហនុ ខេត្តសមុទ្រមានអុំទូកអត់? អត់មានទេ … ចុះស្ទឹងហាវអីហ្នឹង នាំគ្នាអុំទៅ? មានតែអុំខ្ទះ។ បង្កើតវិញ្ញាសាហ្នឹងមួយទៀតទៅមើល។ អុំខ្ទះមិនដឹងអង្កាល់ដល់ទេ។ សាកទៅប្រកួតនឹងគេទៅ។ យើងមានទូកបីខ្នាត ទូកអុំ ទូកចែវ និងទូកអន្តរជាតិ យើងសាកចូលទៅ។ ខេត្តសមុទ្រកាលពីស៊ីហ្គេម យើងបានប្រកួតកីឡាម៉ូតូទឹកនៅទីនេះ មោទនភាព។ បើអញ្ចឹង បងប្អូនសូមចូលរួមសប្បាយអបអរសាទរទាំងអស់គ្នា។
សូមជូនពរឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនទាំងអស់ ឲ្យទទួលបាននូវសុខភាពល្អ ជោគជ័យលើការងារទាំងអស់ និងពុទ្ធពរ និងពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃនេះក៏សូមជូនបងប្អូនកម្មករ/ការិនី ១៥ ១៩៤នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល ហើយជូនកម្មការិនីដែលមានផ្ទៃពោះ ៤៨២នាក់ ម្នាក់ៗថវិកា ២០០ដុល្លារអាមេរិក។ ដូចមិនមានអ្នកណាមក ត្រូវឆ្លងទន្លេថ្ងៃនេះទេ? ថ្ងៃមុនទៅ ចូលឆ្លងទន្លេ២នាក់។ ហើយជូនក្រុមគ្រូពេទ្យ ថវិកា ៣លានរៀល និងក្រុមតន្រ្តីសម័យ ៥លានរៀល៕