ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ/ការិនីទាំងអស់ ជាទីស្រឡាញ់រាប់អាន!
ថ្ងៃនេះ ខ្ញុំមានកិត្តិយសដែលបានមកជួបបងប្អូននៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងក្រុងតាខ្មៅ។ ហើយជាលើកទី២ ដែលជួបជាមួយបងប្អូនមកពីខេត្តកណ្ដាល ក្រោយបោះឆ្នោតសកលឆ្នាំ២០២៣ និងការបង្កើតរាជរដ្ឋាភិបាលថ្មី។ អរគុណណាស់ចំពោះការស្វាគមន៍ដ៏កក់ក្ដៅរបស់បងប្អូន … អរគុណណាស់ចំពោះការជួបជុំ … ខ្ញុំសូមអរគុណចំពោះក្រសួងការងារ អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធទាំងអស់ចំពោះការរៀបចំកម្មវិធីនេះឡើង ជាពិសេសបងប្អូនដែលត្រូវសម្របសម្រួលការធ្វើដំណើរ និងបងប្អូនកម្មករ/ការិនី ដែលអញ្ជើញចូលរួមតាំងពីព្រលឹម។ ខ្ញុំក៏សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនកម្មករ/ការិនី និយោជិតគ្រប់រូប ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ជ្រាលជ្រៅបំផុត។ថ្ងៃនេះ យើងមានបងប្អូនស្រីដែលមានផ្ទៃពោះជាង ៦០០នាក់ ហើយក្នុងនោះមានភ្លោះប្រុសដល់ទៅពីរ … ឥឡូវភ្លោះដូចមិនសូវមានឆ្លាស់ ប្រុសៗទាំងពីរ ស្រីៗទាំងពីរ តែឆ្នាំនេះ ឆ្នាំប្រុសច្រើន ព្រោះខ្ញុំទៅគ្រប់កន្លែងសុទ្ធតែប្រុសទ។ ធនធានមនុស្សកាន់តែច្រើន អញ្ចឹងគឺអបអរសាទរណាស់ ហើយសំខាន់បានសុខភាពល្អ។ នេះជាការកិច្ចសំខាន់របស់រាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ទាំងម្ដាយទាំងកូន។
(១) បន្តប្រពៃណីជួបសំណេះសំណាលជាមួយកម្មករ/ការិនីពីសម្ដេចតេជោ
ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះឧកញ៉ា ជា រិទ្ធី ដែលបានផ្ដល់ទីតាំង ហើយអរគុណចំពោះបណ្ដាក្រុមហ៊ុនទាំង ២៩ រោងចក្រដែលបានអនុញ្ញាតឱ្យបងប្អូនបានចូលរួមនៅក្នុងកម្មវិធីសំណេះសំណាលនេះ ហើយអនុញ្ញាតឱ្យសម្រាកមួយថ្ងៃក្រោយពីចប់កម្មវិធី ដោយគិតប្រាក់ខែជូនដើម្បីយើងបានចូលរួមក្នុងការបន្តប្រពៃណីនៃការចុះជួបជាមួយបងប្អូនកម្មករ/ការិនី ដែលសម្ដេចតេជោបានធ្វើជាប់ជាប្រចាំ។ លោកបានធ្វើពីរជុំ។ ដោយសារកូវីដ-១៩ ក៏បានផ្អាកបន្ដិច។ យើងត្រូវបន្តធើ្វការជួបផ្ទាល់នេះ។ កន្លងទៅមានគេធ្លាប់រិះគន់វាយប្រហារថាប្រមុខរដ្ឋាភិបាលខ្មែរដើរជួបតែប្រជាជន? ធ្វើការជំនួសរដ្ឋមន្រ្តីក្រសួងការងារ ដណ្ដើមការងារក្រសួងការងារអស់ហើយ។ ជួបមិនបានឬម៉េច? បងប្អូនប៉ុន្មាននាក់ធ្លាប់បានជួបសម្ដេចតេជោ ពេលដែលគាត់ចុះជួប? សឹងទាំងអស់។ សប្បាយរីករាយទេ ដែលមេដឹកនាំចុះជួបផ្ទាល់អញ្ចឹង? …។
(២) ការរៀបចំដោយមានការសិក្សាគ្រប់ជ្រុងជ្រោយ និងផ្សព្វផ្សាយផែនការ/គោលនយោបាយ
ការចុះជួប(ផ្ទាល់នេះគឺ)ដើម្បីភ្ជាប់មនោសញ្ចេតនា បាននិយាយផ្ទាល់ ស្ដាប់ផ្ទាល់ ជាពិសេស គឺការផ្សព្វផ្សាយនូវគោលនយោបាយមួយចំនួន។ មានការលើកឡើងថា ២ខែនេះឃើញតែនាយករដ្ឋមន្រ្តីនិយាយសុទ្ធ។ ជាកម្រិតនយោបាយ (នាយករដ្ឋមន្ត្រី)ត្រូវតែនិយាយ។ (ការ)ដាក់ចេញនូវគោលនយោបាយ បើយើងមិនឱ្យប្រាប់ប្រជាពលរដ្ឋម្ចាស់ប្រទេសថា រដ្ឋាភិបាលត្រូវធ្វើអីជូនឱ្យបងប្អូន ធ្វើម៉េច(បងប្អូនបានជ្រាប)? យើងធ្វើការងារតាមជំហាន តាមលំដាប់លំដោយ … ទី១ ការរៀបចំផែនការ រៀបចំគោលនយោបាយ ផ្អែកទៅលើការសិក្សាគ្រប់ជ្រុងជ្រោយ។ (យើងត្រូវពិនិត្យមើលថា)បងប្អូនត្រូវការអីខ្លះ? ដើរដល់ណាហើយ? ចង់ដើរទៅណាទៀត? យើងត្រូវធ្វើអីទៀត ពីពេលនេះទៅមុខ … ត្រូវតែធ្វើកិច្ចការទាំងហ្នឹង។ មិនមែនចេះតែមកឆក់កណ្ដៀតតាមអារម្មណ៍នោះទេ។ មិនអាចអង្គុយនៅក្នុងបន្ទប់ គិតថាស្អែកត្រូវនិយាយស្អីខ្លះ(នោះទេ) មិនគ្រាន់តែនិយាយ ឱ្យពិរោះទេ។ ត្រូវការសិក្សាពីគោលនយោបាយកសាងឱ្យបានគ្រប់ជ្រុងជ្រោយ។
ទី២ គឺការផ្សព្វផ្សាយនូវផែនការនិងគោលនយោបាយ …. តាមពិត យើងបានកសាងផែនការរាប់សិបខែមកហើយ ផ្អែកទៅលើមូលដ្ឋានបទពិសោធន៍ដែលមានស្រាប់និងជាក់ស្ដែងនិយម។ ការផ្សព្វផ្សាយនេះគឺជាកិច្ចការសំខាន់ដើម្បីឱ្យមហាជនបានយល់។ ក្នុងការផ្សព្វផ្សាយ ខណៈដែលខ្ញុំដាក់ប្រគល់ភារកិច្ចជូនទៅឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី តាមក្រសួងស្ថាប័ន ខ្ញុំក៏មានកាតព្វកិច្ចជូនដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋ(បានជ្រាប)។ បងប្អូននៅទីនេះជាម្ចាស់ប្រទេសក៏ចង់ដឹងដែរមែនទេ ថារដ្ឋាភិបាលធ្វើអីខ្លះជូនបងប្អូន មានគោលនយោបាយអ្វីខ្លះ? កិច្ចការវាមិនអាចមួយថ្ងៃជប់ចេញអស់ទេ ប៉ុន្តែមានជំហានរបស់វា។ អញ្ចឹង(អ្វីដែលយើងកំពុងធ្វើគឺជា)ការកសាងផែនការនិងការផ្សព្វផ្សាយផែនការដែលខ្ញុំកំពុងធ្វើនិងដាក់ចេញជាគោលនយោបាយ។
(៣) រាជរដ្ឋាភិបាលកសាងផែនការលើភាពជាក់ស្តែងនិយម មិនមែនទ្រឹស្តីនិយមទេ
អម្បាញ់មិញ ឯកឧត្តម ហេង សួរ បានអាននូវផែនការអនុវត្តជាជំហានទី២។ បន្ទាប់មក គឺការចាត់តាំងអនុវត្ត ការរៀបចំយន្ដការ រៀបចំមនុស្ស រៀបចំសាលាបណ្ដុះបណ្ដាល រៀបចំថវិកាជាតិ បង្កើនទៅតាមមណ្ឌលសុខភាព ទៅលើកម្មវិធីសមធម៌ ជូនដល់បងប្អូន។ ហ្នឹងជំហានទី៣។ បន្ទាប់មក ត្រូវបូកសរុបជាមួយការតាមដានត្រួតពិនិត្យការអនុវត្តនោះ។ បានចុងក្រោយ យើងបូកសរុបនិងរាយការណ៍ ដោយធ្វើការវាយតម្លៃជាប្រចាំ។ នៅក្នុងរយៈពេល ២ខែនេះ និងក្នុងការកកើតរាជរដ្ឋាភិបាល យើងបានសិក្សាជាជំហានក្នុងការកសាងផែនការ ផ្អែកទៅលើជាក់ស្ដែងនិយម មិនមែនទ្រឹស្ដីនិយមទេ ចុះស្រាវជ្រាវ ជួបផ្ទាល់ សិក្សាផ្ទាល់ ប្រមូលព័ត៌មានគ្រប់ភាគីទាំងអស់ ទាំងសហជីពទាំងកម្មករ/ការិនី ទាំងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បូកជាមួយនឹងវិស័យឯកជនផ្សេងៗ រោងចក្រអីផ្សេងៗ ដើម្បីយើងរកឱ្យឃើញថាយើងបានដើរមកដល់ណា? ត្រូវដើរទៅណាទៀត នៅក្នុងគ្រប់វិស័យ ទាំងអប់រំ សុខាភិបាល ឧស្សាហកម្ម ទេសចរណ៍ផ្សេងៗ។
ពេលនេះ យើងធ្វើការផ្សព្វផ្សាយ។ ការផ្សព្វផ្សាយជាដំណាក់កាលសំខាន់ ដើម្បីឱ្យបងប្អូនមានភាពជឿជាក់ថា រដ្ឋាភិបាលដែលបងប្អូនខំទៅបោះឆ្នោតឱ្យភ្លូកទឹកភ្លូកដីនៅថ្ងៃទី២៣ កក្កដា ២០២៣កន្លងទៅនេះ មិនបាននៅស្ងៀមទេ ប៉ុន្តែបានគិតគូរនិងដាក់ចេញជាផែនទីកំណត់ទិសដៅជាគោលនយោបាយ ដើម្បីឱ្យបងប្អូន … នៅដំណាក់កាល ២ខែដំបូងនេះ បានឃើញថា បានឮ និងដឹងថាតើយើងនឹងបានអ្វីខ្លះ។ បន្ទាប់ទៅ នឹងមានយន្តការធ្វើការបន្តឱ្យបានទៅដល់គោលដៅដែលយើងដាក់ចេញក្នុងរយៈពេលមួយអាណត្តិនេះ។ នេះហើយជាដំណាក់កាលនៃការធ្វើការ ដែលវាខុសពីអ្នកខ្លះអង្គុយកៅអីនិងនិយាយមួយថ្ងៃៗ មិនដឹងប្រធានបទប៉ុន្មានទេ។ អ្នកនិយាយចេញតែខ្យល់ហ្នឹងឯង។ យើងធ្វើជាក់ស្ដែងបម្រើប្រជាពលរដ្ឋគ្រប់វិស័យ គ្រប់កិច្ចការ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
(៤) រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយគណបក្សប្រជាជនបន្តអនុវត្តគោលនយោបាយដើម្បីបុព្វហេតុជាតិនិងប្រជាជន
បងប្អូនមកអង្គុយនៅទីនេះ មានការងារធ្វើ បៀវត្សកាន់តែកើន។ (សួរថា)គ្រប់ឬនៅ? មិនទាន់គ្រប់ទេ។ រាជរដ្ឋាភិបាលដាក់ផែនការថានៅឆ្នាំ២០៥០ ប្រទេសរបស់យើងកាន់តែរីកចម្រើន ជាប្រទេសដែលប្រជាពលរដ្ឋមានចំណូលកាន់តែខ្ពស់ថែមទៀត … មិនទាន់គ្រប់ទេ (តែ)ល្អជាងមុន។ ល្អច្រើន។ យើងត្រូវធ្វើជាជំហានគីង្គក់ បានន័យថា តក់ៗពេញបំពង់ ដូចជាបៀវត្សអប្បបរមា(ដែល)ទោះបីជាមិនច្រើន(ក៏នៅតែមានឡើង)។ ស្រុកណាក៏មិនអាចគ្រប់គ្រាន់ដែរ។ សូម្បីនៅអាមេរិក ប្រាក់ខែអប្បបរមាមួយម៉ោង ៨ដុល្លារ ៩ដុល្លារហ្នឹង (ហើយកាល)ពីមុនត្រឹមតែ ៥ដុល្លារ ៦ដុល្លារ។ សួរថាឆ្នាំក្រោយឆ្នាំក្រោយមួយទៀតនឹងដំឡើងទៀតទេ? អត់មានអ្នកណាគ្រប់ទេ។ យើងនឹងដំឡើងជាបណ្ដើរៗ ព្រោះតម្រូវការជីវភាពរស់នៅកាន់តែកើន តម្លៃទំនិញកាន់តែកើន … ឯកឧត្តម ហេង សួរ បាននិយាយហើយ ទោះបីក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏យើងបានដំឡើងបៀវត្សអប្បបរមា។ សម្រាប់ឆ្នាំ២០២៤ យើងដំឡើង ៤ដុល្លារថែមទៀត និងបានអត្ថប្រយោជន៍ច្រើនផ្សេងៗទៀត។
បងប្អូនបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យបន្តបម្រើប្រជាពលរដ្ឋ។ មិនខុសទេ។ សូមអរគុណ។ គណបក្សចេញគោលនយោបាយដើម្បីរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សនោះ យកជាប្រទីបបំភ្លឺផ្លូវបម្រើប្រជាពលរដ្ឋ។ គណបក្សប្រជាជនបានចេញនិងបានអនុវត្តគោលនយោបាយកន្លងទៅហើយ។ (រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ)គណបក្សនឹងបន្តអនុវត្ត(គោលនយោបាយនោះតទៅទៀត)។ សូមបងប្អូនជឿចុះ អ្វីដែលរាជរដ្ឋាភិបាលនឹងបន្តធ្វើគឺដើម្បីបុព្វហេតុជាតិនិងប្រជាជនតែមួយគត់ … ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេសនិងអ្នកកំណត់នូវជោគវាសនារបស់ប្រទេស មានជីវភាពរស់នៅកាន់តែល្អប្រសើរ។ (គោលដៅរបស់យើង)គ្មានអ្វីក្រៅពីធ្វើឱ្យប្រជាពលរដ្ឋកាន់តែរឹងមាំ កាន់តែមានបាន និងដើម្បីឱ្យប្រទេសយើងរីកចម្រើននោះទេ …។
(៥) ប្រទេសខ្លាំងបាន ទាល់តែប្រជាជនមានសុខភាពរឹងមាំ ពង្រឹងសមត្ថភាព ពង្រឹងជីវភាពរស់នៅ
សូមយកឱកាសនេះ ជាថ្មីម្ដងទៀតអរគុណដល់អ្នកខេត្តកណ្ដាល ប្រជាពលរដ្ឋទូទាំងប្រទេស អ្នកក្រុងតាខ្មៅ អ្នកនៅក្នុងបណ្ដារាជធានីខេត្តទាំងអស់ ដែលបានចូលរួមនៅក្នុងការកសាងប្រទេស ថែរក្សាសុខសន្ដិភាព ស្ថិរភាព ចូលរួមនៅក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន ជំរុញឱ្យកន្លែងការងាររបស់ខ្លួន ជារោងចក្រ សហគ្រាស គ្រប់វិស័យទាំងអស់ ស្ថាប័នរដ្ឋ ឯកជន អង្គការ ស្ថាប័ន អាជីវកម្មខ្លួនឯង កសិករ ដោយខិតខំចាប់យកឱកាស សន្ដិភាពនេះ ដើម្បីធ្វើឱ្យមានការរីកចម្រើន។ បងប្អូនបានចូលរួមយ៉ាងសកម្មនៅក្នុងការជួយប្រទេសជាតិរបស់យើង។ បើមានឱកាសហើយ បងប្អូនអត់ចាប់យកឱកាស រដ្ឋមិនអាចទទួលបន្ទុកនៅក្នុងការជួយបងប្អូនបានទាំងអស់ទេ។ រដ្ឋមានតែផ្ដល់គោលគំនិត គោលការណ៍។ បានន័យថាបង្រៀននិងផ្ដល់សន្ទូចដើម្បីឱ្យចាប់ត្រី … ប្រទេសយើងខ្លាំង ទាល់តែប្រជាជនរស់រវើក ទាល់តែប្រជាជនមានសមត្ថភាព មានសុខភាពរឹងមាំ សំខាន់ចេះឆក់យកឱកាសពង្រឹងសមត្ថភាពខ្លួន ពង្រឹងជីវភាពរស់នៅរបស់ខ្លួន …។ សូមអរគុណសាជាថ្មីចំពោះការផ្ដល់ការទុកចិត្តនិងការ(ផ្ដល់)ពិន្ទុល្អសម្រាប់គណបក្សប្រជាជន ក្នុងការដែលបានបម្រើប្រជាជន៤០ឆ្នាំនេះ ហើយផ្ដល់ឱកាសឱ្យបន្ដដឹកនាំតទៅទៀត។ សូមបងប្អូនបន្ដចូលរួមក្នុងការថែរក្សានូវសុខសន្ដិភាព ស្ថិរភាព និងពង្រឹងខ្លួន និងភូមិ/ឃុំរបស់ខ្លួន ស្រុក/ខេត្ត និងស្ថាប័នរបស់ខ្លួន ដើម្បីឱ្យជាតិយើងកាន់តែរឹងមាំ …។
(៦) វប្បធម៌នៃការចែករំលែក មិនមែនចែករំលែកតែមានធនធាននោះទេ
នេះជាស្មារតីដែលយើងត្រូវធ្វើ ត្រូវចេះជួយគ្នា។ យើងរីកចម្រើនហើយ យើងជួយគ្នារស់ទៀត។ វប្បធម៌នៃការចែករំលែកមិនមែនទាល់តែមានធនធានដើម្បីចែករំលែកនោះទេ។ ការចែករំលែកការយកចិត្តទុកដាក់ សុខទុក្ខ សហការ សុខដុមរមនីយកម្ម ថែរក្សានូវវិស័យការងារមួយដែលល្អ ថែរក្សានូវបរិស្ថានការងាររបស់ប្រទេសកម្ពុជាដែលមានស្ថិរភាព ទាក់ទាញវិនិយោគមកបន្ថែមទៀតក៏បង្កលក្ខណៈឱ្យវិនិយោគក្នុងប្រទេសរីកចម្រើនដែរ។ ការយោគយល់គ្នានេះហើយ ជាអ្វី(ដែលនាំ)ឱ្យខ្មែរយើងខ្លាំង។ យើងបញ្ចប់បាននូវសង្គ្រាមរ៉ាំរ៉ៃ។ នយោបាយឈ្នះឈ្នះគឺការយោគយល់គ្នា ការធ្វើបុណ្យជាមួយគ្នា និងការស្រឡាញ់រាប់អានគ្នា។ មិនថា(មាន)និន្នាការ(នយោបាយ) សាសនាអ្វីនោះទេ យើង(អាច)នៅជាមួយគ្នាបានដោយជោគជ័យ … យើងចង់ឃើញប្រទេសជាតិនិងប្រជាជនរបស់យើងរីកចម្រើន។ ក្នុងនោះ បងប្អូនផ្ទាល់ដែលមានវត្ដមាននៅទីនេះនិងក្រុមគ្រួសារ ចូលរួមផ្ទាល់ក្នុងការកសាង និងបន្ដតទៅទៀត។
ជាមួយនឹងការលើកទឹកចិត្ត ទុកចិត្តពីសំណាក់បងប្អូន កម្មករ និយោជិត បងប្អូនប្រជាពលរដ្ឋ (ចំពោះ)រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន រដ្ឋាភិបាលមិនឱ្យបងប្អូនខកបំណងទេ មិននៅស្ងៀម ឬចោលកិច្ចសន្យាទេ។ យើងបានបន្តអនុវត្ដកិច្ចសន្យានោះជាជំហាន។ ពិតណាស់ ៤០ថ្ងៃ ៥០ថ្ងៃ ៦០ថ្ងៃ ៩០ថ្ងៃ ១០០ថ្ងៃ ១ឆ្នាំ ៤ឆ្នាំ យើងមិនអាចដោះស្រាយអស់នូវអ្វី ដែលប្រជាជនចង់បាននោះទេ … បើប្រជាជនចង់បានអ្វីៗ ត្រឹមតែ ២០២៨ឱ្យចប់ ក្រោយពីហ្នឹងឈប់ឱ្យ(មាន)សំណូមពរ ក៏ទៅមិនរួចដែរ។ ដូចជា(ការចិញ្ចឹម)កូនអញ្ចឹង។ បើឱ្យស្នើសុំឪពុកម្ដាយត្រឹមតែ ១០ឆ្នាំ លើសពី១០ឆ្នាំ ឈប់ឱ្យសុំ ឃើញថាមិនបានទេ។ គាត់ត្រូវការរហូត។ កាន់តែធំ គាត់ត្រូវការ(កាន់តែច្រើន) … សំខាន់គឺយើងត្រូវខិតខំដោះជាជំហាន ដោះជាបណ្ដើរ។ អ្វីដែលដោះបានត្រូវខិតខំដោះឱ្យបាន ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែង ត្រូវកា្ដប់ឱ្យជាប់តម្រូវការប្រជាពលរដ្ឋ។
(៧) សុវត្ថិភាព ផាសុកភាព និងមនុស្ស ជាកត្តាសំខាន់ក្នុងការធ្វើឱ្យមានជោគជ័យ
ជាក់ស្ដែង ជីវភាពនិងសុខុមាលភាពរបស់បងប្អូនត្រូវបានលើកកម្ពស់ជាបន្ដបន្ទាប់ កាន់តែប្រសើរ តាមរយៈការដំឡើងប្រាក់ឈ្នួល ការពិនិត្យព្យាបាលជំងឺដោយមិនមានការបង់ប្រាក់តាមរយៈបេឡាជាតិសន្ដិសុខសង្គម និងការទទួលរបបសោធននិវត្ដ នៅពេលដែលបងប្អូនចូលនិវត្ដជាដើម។ តាមរយៈយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ដែលក្នុងនោះមាន កម្មវិធីទី១ និងទី ២ គឺផ្ដោតទៅលើការពង្រីក និងថែទាំសុខភាពឱ្យបានដល់ប្រជាជន ៧ លាន ៤ សែន នាក់ និងឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល និងការបណ្ដុះបណ្ដាលជំនាញដល់យុវជន មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យឱ្យបាន ១លាន ៥សែននាក់ ដោយមិនបង់ថ្លៃនិងទទួលប្រាក់ឧបត្ថម្ភផងដែរ។ កម្មវិធីគោលនយោបាយអាទិភាពទាំងពីរនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដោយផ្ទាល់និងប្រយោល ដល់បងប្អូនកម្មករ និយោជិត បន្ថែមលើអត្ថប្រយោជន៍ដទៃទៀត ដែលបងប្អូនកំពុងទទួលបានពេលបច្ចុប្បន្ន …។
ឯកឧត្តម ហេង សួរ បានលើកច្រើនអំពីអ្វីខ្លះដែលយើងត្រូវធ្វើជូនបងប្អូន អ្វីខ្លះដែលធ្វើមកហើយ ដើរមកដល់នេះ ដើរមកដល់ណា ហើយទៅមុខទៀតយើងធ្វើម៉េច។ ខ្ញុំសូមរំលេចបន្ដិចទាក់ទងទៅនឹងជ្រុងមួយដែលឯកឧត្តមបានលើកគឺការបណ្ដុះបណ្ដាលធនធានមនុស្ស។ បើយើងប្រៀបធៀបប្រទេសយើង ដូចភោជនីយដ្ឋានមួយ (យើងក៏នឹងយល់ថា)ហាងមួយដែលជោគជ័យបាន ទាល់តែមានអតិថិជនច្រើន ទើបមានចំណូលច្រើន ចំណេញកាក់កប ពង្រីក(មុខរបរ) មានប្រាក់ខែបើកឱ្យបងប្អូនកម្មករ បុគ្គលិក ចុងភៅអី បានកាន់តែច្រើន។ ឬអាចបង្កើតសាខា រកមនុស្សបន្ថែមទៀតធ្វើការ។ ដើម្បីទទួលបានអតិថិជនច្រើន តើត្រូវការកត្ដាប៉ុន្មាន? ទី១ សុវត្ថិភាព។ បើនៅហាងឧស្សាហ៍មានការវាយតប់គ្នា រញ៉េរញ៉ៃ … គ្មានអ្នកណាចូលទេ។ ប្រទេសក៏ដូចគ្នា មកវិនិយោគធ្វើអ្វី បើមកមិនទាន់បានអីផង ច្របូកច្របល់ រកស៊ីអីមិនកើត …។
ទី២ ផាសុកភាព។ ហាងហ្នឹងចូលទៅមិនដឹងអនាម័យមិនដឹងអី (ក៏មិនអាចទាញភ្ញៀវបានដែរ)។ មិនបាច់ថា ទាល់តែមានម៉ាស៊ីនត្រជាក់ទេ តែហាងធម្មតាមានខ្យល់ស្រួលបួល រៀបចំស្អាត អនាម័យហ្នឹង ក៏មានភ្ញៀវទៅដែរ។ ជាប្រទេសដូចគ្នាទេ។ ប្រសិនបើគ្មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ពិបាកហៅគេមកវិនិយោគបន្ដិច។ បើផ្លូវ២១នេះ ធ្វើមិនជាប់ល្អ ភ្លើងមកមិនដល់ ក៏ពិបាកហៅរោងចក្រមកធ្វើនៅតាមផ្លូវហ្នឹង។ មិនដឹងមកធ្វើម៉េច បើដំឡើងម៉ាស៊ីនភ្លើងដែលស៊ីថ្លៃប្រេងច្រើន។ ដឹកជញ្ជូនទៅណា? បើផ្លូវដឹកមិនរួចផង។ ដឹកទម្រាំដល់ខេត្តកណ្ដាលហ្នឹងអស់ ៥ម៉ោង។ ខាតទៅមិនរួចទេ។ ស្ថានភាពការងារ ចូលមកមិនទាន់បានប៉ុន្មានផង ឃើញតែដុតរោងចក្រ … អញ្ចឹងមកវិនិយោគធ្វើអី? មកឃើញតែបញ្ហា។
ចូលហាងហ្នឹងមានផាសុកភាពហើយ មានម៉ាស៊ីនត្រជាក់ មានអីហើយ តែកត្ដាទី៣ កត្ដាដែលកំណត់នូវជោគជ័យជាកត្ដាស្អីគេបងប្អូន? គឺកត្ដាមនុស្ស។ ចូលទៅដល់ហាង ខាង reception រាក់ទាក់អញ្ជើញឱ្យចូល កុំឱ្យគ្រាន់តែឃើញពាក់ស្បែកជើងផ្ទាត់ ក៏តាំងដេញចេញ មានអ្នកណាទៅទៀត? … ថ្ងៃមុនខ្ញុំឃើញគេបង្ហោះដូចនៅបាវិត ឬនៅឯណានោះ ប្អូនប្រុសម្នាក់នោះគាត់ចេះកំប្លែង។ ម្ហូបគាត់សុទ្ធតែ(មានឈ្មោះ)ប្លែកៗ ហើយខួរក្បាលគាត់ពូកែចាំ។ ការរាក់ទាក់ ការរៀបចំល្អ ចូលទៅមានការទាក់ទាញ។
ខ្ញុំចាំពីក្មេង មានកំពង់ស្ពឺមានហាងមួយគេហៅ បាយផ្អែម។ ហើយខ្ញុំឆ្ងល់ គេថា ចូលហាងយាយបាយផ្អែម។ យើងមិនដឹងបាយផ្អែមអី? ក្រែងថាគាត់ដាក់ស្ករៗ។ តាមពិត បាយមិនផ្អែមទេ បាយដូចគេដូចឯងដែរហ្នឹង ប៉ុន្តែសម្ដី ការរាក់ទាក់ រួសរាយរបស់គាត់។ ម្ហូបឆ្ងាញ់អាចទទួលទានបាន ហើយតម្លៃសមរម្យ។ ឥឡូវបើយើងនិយាយ restaurant ដែលដើរបែបហ្នឹង ខ្ញុំថាមិនងាយបរាជ័យទេ …។
ដើម្បីឱ្យហាង/ប្រទេសមួយដើរ ទាល់តែអ្នកគ្រប់គ្នា ទី១ មានចិត្តដូចគ្នាថារួមគ្នាធ្វើឱ្យល្អ បម្រើអតិថិជនឱ្យល្អ អ្នកសេវាត្រូវទទួលឱ្យល្អ អ្នកទទួលភ្ញៀវត្រូវរាក់ទាក់ អ្នកដែលធ្វើម្ហូបត្រូវធ្វើឱ្យឆ្ងាញ់ ទើបយើងរួមចិត្តតែមួយ។ ប្រទេសយើងដូចតែគ្នាទេតើ បរិស្ថាន សុខសន្តិភាព កុំឱ្យចូលមកវាយគ្នា ឬមួយក៏អីបន្តិចឈ្លោះគ្នា វាយគ្នា។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តស្អីៗ ផ្លូវ ទឹក ភ្លើង ការលើកទឹកចិត្តវិនិយោគ។ សំខាន់បំផុតគុណភាពរបស់ធនធានមនុស្សរបស់យើង គឺប្រជាពលរដ្ឋរបស់យើង។ គេមកបើករោងចក្រនៅនេះ តើអាចមានធនធានមនុស្សឱ្យធ្វើការបានទេ? ទីមួយសុខភាពមាំមួនឬអត់? បងប្អូនត្រូវធ្វើការយូរម៉ោង បើសិនជាសុខភាពមិនមាំមួនពិបាកធ្វើការ ធ្វើបន្តិចឈឺៗ រោងចក្រក៏ពិបាកដែរ។ ទីពីរសមត្ថភាពចំណេះដឹងអាចធ្វើបានតាមកម្រិត។ ពីដំបូង យើងមានតែរោងចក្រកាត់ដេរកម្រិតទាបទេពីឆ្នាំ១៩៩០ជាង ដោយសារសមត្ថភាពរបស់យើង តែឥឡូវយើងអាចធ្វើកាត់ដេរកម្រិតខ្ពស់ ផលិតឧបករណ៍សម្ភារនាំចេញគ្រឿងអគ្គិសនី គ្រឿងរថយន្ត ដំឡើងរថយន្ត ដោយសារសមត្ថភាពប្រជាជនបានកើនឡើង។
(៨) អប់រំក្នុងប្រព័ន្ធ ឬបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សមានសមត្ថភាពពីក្រុមហ៊ុនវិនិយោគ សហគ្រាសទាំងក្នុងនិងក្រៅប្រទេស
ទាំងអស់ហ្នឹង … អាស្រ័យទៅលើការបណ្ដុះបណ្ដាលនិងត្រៀមលក្ខណៈ។ ក្រៅពីគោលនយោបាយគាំពារសង្គម គោលនយោបាយសុខភាព សុខាភិបាល រឿងដែលយើងត្រូវគិតគូរឱ្យប្រជាជនទូទៅ ជាពិសេសអ្នកក្រីក្រ ងាយរងហានិភ័យ រងគ្រោះ គឺការអប់រំបណ្ដុះបណ្ដាល។ អប់រំក្នុងសាលាតាមប្រព័ន្ធក្រសួងអប់រំមួយហើយ តែអ្វីដែលសំខាន់ និយាយក្នុងវិស័យការងារ ការអប់រំក្នុងប្រព័ន្ធអប់រំក៏ដោយ ក្រោមប្រព័ន្ធ TVET ការងារក៏ដោយ បណ្ដុះបណ្ដាលវិជ្ជាជីវៈក៏ដោយ គឺត្រៀមលក្ខណៈឱ្យបងប្អូនអាចទទួលបាននូវការងារ និងអាចឆ្លើយតបបានទៅនឹងតម្រូវការមនុស្សមានសមត្ថភាពពីក្រុមហ៊ុនវិនិយោគ សហគ្រាសទាំងក្នុងនិងក្រៅប្រទេស។ កុំឱ្យ(កើតមានស្ថានភាពថា)បើកហាងគុយទាវ (បែរជា)ទៅបណ្ដុះបណ្ដាលមនុស្សធ្វើនំ។ កុំឱ្យថាបើកហាងនំប៉័ង (បែរជាបណ្តុះបណ្តាល)មនុស្សធ្វើអីផ្សេងវិញ។ វាមិនចំជំនាញ ចេះតែយកទៅហើយ។ បណ្ដុះបណ្ដាលភ្លាម ធ្វើភ្លាមនៅកន្លែងហ្នឹង(មិនកើតទេ)។ ត្រូវការវិនិយោគ … បើយើងនិយាយ(ស្រួលស្ដាប់់)គឺថា បង្រៀនស្ទូចត្រី ឱ្យបងប្អូនមានសមត្ថភាព មានតែវិធីនេះទេ ទើបប្រជាពលរដ្ឋរឹងមាំ។ រដ្ឋអាចជួយដំបូងពេលដែលប្រជាពលរដ្ឋមិនទាន់រឹងដៃរឹងជើង។ ពេលដែលគាត់មានមូលដ្ឋានរឹងដៃរឹងជើង យើងព្រលែងនិងជួយគាត់ពីក្រោយ …។
ចេញពី ប៉ុល ពត ក្រដូចតែគ្នា។ ឥឡូវ ហេតុអីបានជាអត្រានៃភាពក្រីក្ររបស់យើងចុះមកក្រោម ២០%? សួរថាអ្នកដែលក្រទាំងអស់ទៅណា? គាត់មានជីវភាពធូរធារ។ គាត់ក្លាយទៅជាអ្នកជីវភាពមធ្យម។ ជីវភាពគាត់អាចធានាខ្លួនឯងបាន ដោយមិនចាំបាច់ត្រូវពឹងផ្អែកទៅលើរដ្ឋទាំងស្រុង។ ពីដើមទី យើងរៀបចំសហគមន៍ យើងរៀបចំប្រព័ន្ធការងារដែលរដ្ឋត្រូវធានា។ ពីដើម ចេញពីរបប ប៉ុល ពត មក យើងអត់មានអីទាំងអស់។ ឥឡូវយើងបានធ្វើឱ្យគាត់រស់ខ្លួនឯងបាន។ អត់ខុសពីឪពុកម្តាយទេ។ ពេលកូននៅតូចត្រូវតែរកលុយចិញ្ចឹម ហើយ តែដល់ពេលមួយកូនអាចរៀនបាន កូនគ្រប់អាយុ កូនត្រូវចេញទៅធ្វើការរស់នៅខ្លួនឯង ហើយជួយដល់ម៉ែឪវិញ។ រដ្ឋាភិបាលក៏ដូចគ្នាទេ។ ប្រជាពលរដ្ឋដែលនៅក្មេង តាំងពីតូច គោលនយោបាយដែលដាក់សម្រាប់កូនចៅយើងទើបកើតមក រៀនបណ្តុះបណ្តាលរកការងារឱ្យធ្វើ ដើម្បីគាត់រឹងមាំ ជួយឪពុកម្តាយ ជួយរដ្ឋហើយ តាមរយៈការជួយជាកម្លាំងពលកម្ម ធ្វើឱ្យគ្រប់វិស័យទាំងអស់រីកចម្រើន ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន។
(៩) ថ្ងៃ១៤ ខែវិច្ឆិកា ប្រកាសផ្លូវការកម្មវិធីគោលនយោបាយអាទិភាពទី២ ស្តីពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ការបណ្តុះបណ្តាលនេះសំខាន់ ហើយជាអាទិភាពចម្បង នៅក្នុងកម្មវិធីគោលនយោបាយ ៦ចំណុច ដែលខ្ញុំដាក់គឺផ្តោតទៅលើកិច្ចការនេះ ជាពិសេសការប្រគល់ភារកិច្ចទៅឱ្យក្រសួងការងារ ៦ចំណុចដែលត្រូវធ្វើនៅឆ្នាំ២០២៣ នេះ បូកជាមួយ ៤ចំណុចដែលត្រូវធ្វើក្នុងអាណត្តិនេះ។ ការប្រគល់ភារកិច្ចនិងដាក់ទិសដៅឱ្យធ្វើនេះ គឺមានផ្តោតទៅលើការអប់រំនេះផងដែរ។ ឯកឧត្តម ហេង សួរ បានអានពីការត្រៀមលក្ខណៈហើយ។ យើងដាក់គោលដៅ យើងចេញគោលការណ៍ យើងរៀបចំជាផែនការដើម្បីធ្វើ(កិច្ចការនេះ)។ យើងចាត់តាំងអនុវត្ត ដើម្បីក្នុងមួយអាណត្តិនេះ ប្រជាពលរដ្ឋចាប់ផ្តើមទទួលផលជាបណ្តើរៗ។ សម្រាប់អ្នកដែលថា ២ខែនេះ ខ្ញុំនិយាយសុទ្ធអត់មានធ្វើអី (គួរតែយល់ថា)ការនិយាយហ្នឹង សម្រាប់អ្នកដឹកនាំនយោបាយ គឺដាក់ចេញនូវគោលនយោបាយ និងប្រគល់ភារកិច្ចឱ្យស្ថាប័នពាក់ព័ន្ធត្រូវធ្វើ។ ហ្នឹងហើយរបៀបរបបធ្វើការនោះ … ដាក់ផែនការ ប៉ុន្តែអ្នកទទួលផលគឺប្រជាពលរដ្ឋ។ យើងបានត្រៀមអស់ហើយ។ យើងបាននិងកំពុងបណ្តុះបណ្ដាលគ្រូជិតចប់ហើយ។ បំប៉នវិក្រឹត្យការបន្ថែម។ យើងបានរៀបចំផែនការ មិនមែនទើបប្រកាសថ្ងៃនេះ បានឱ្យចេញទេ។
នៅសល់ប្រហែលជា ១០ ទៀត ខ្ញុំត្រូវទៅប្រកាសចេញជាផ្លូវការតែម្តង។ ឥឡូវកំពុ
ងត្រៀមលក្ខណៈ។ ដល់ពេលខ្ញុំប្រកាស គឺចាប់ផ្តើមចេញដំណើរ បានន័យថាត្រៀមទាំងគ្រូ ទាំងប្រព័ន្ធការងារ … គោលនយោបាយដែលយើងដាក់ចេញក្នុងការបណ្តុះបណ្តាល ១លាន ៥សែននាក់ គឺសម្រាប់បងប្អូនកូនចៅប្រជាពលរដ្ឋ។ សួរថាការរៀនសូត្រ ការបណ្តុះបណ្តាលនេះ យើងរៀបចំដើម្បីអ្នកណា? ថ្ងៃមុនមានការវាយប្រហារថា ខ្ញុំរៀបចំគោលនយោបាយដើម្បីតែបក្សពួកអ្នកមានអំណាច។ ខ្ញុំថា និយមន័យបក្សពួក ហ៊ុន ម៉ាណែត បក្សពួករបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺប្រជាពលរដ្ឋ ១៧ លាននាក់។ អ្នកណាអ្នកមានអំណាច? គឺប្រជាពលរដ្ឋហ្នឹងឯង។ អញ្ចឹងគោលនយោបាយដែលយើងដាក់ចេញគឺ(សម្រាប់)បក្សពួកទាំង ១៧លាននាក់ គឺគ្របដណ្តប់ទៅឱ្យប្រជាពលរដ្ឋខ្មែរយើងទាំងអស់ … សួរថា ការបណ្តុះបណ្តាលនេះឱ្យអ្នកណា? ១លាន ៥សែននាក់ ដែលដាក់ក្នុងគោលការណ៍(បណ្តុះបណ្តាល)ក្នុងរយៈពេលមួយអាណត្តិនេះ គឺផ្តោតទៅលើយុវជន កូនចៅប្រជាពលរដ្ឋ អាយុ១៥ឆ្នាំឡើង ដែលអាចទទួលផែនការនៃការបណ្តុះបណ្តាលនេះ។ កូនចៅប្រជាពលរដ្ឋនៅក្នុងគ្រួសារក្រីក្រ នៅក្នុងគ្រួសារងាយរងហានិភ័យ។ ហ្នឹងហើយអ្នកដែលទទួលផល។ ចំពោះបងប្អូនកម្មករ/ការិនី ក៏ជាអ្នកដែលអាចទទួលផលនេះបានដែរ បើសិនជាមានតម្រូវការ។
(១០) ផែនការនិងគោលនយោបាយមានហើយ តែបើមិនផ្សព្វផ្សាយ អត់មានអ្នកដឹង និងអ្នកប្រើ
សុំឱ្យក្រសួងការងារធ្វើការជាមួយវិស័យឯកជន ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យបងប្អូនដឹង។ យើងមានផែនការនិងគោលនយោបាយហើយ ប៉ុន្តែពេលខ្លះ បើយើងមិនដើរផ្សព្វផ្សាយ មិនដើរពន្យល់បងប្អូន កញ្ចប់នៅតែកញ្ចប់គោលនយោបាយ តែអត់មានអ្នកប្រើ។ អម្បាញ់មិញបានជជែកជាមួយឯកឧត្តម សាយ សំអាល់ រឿងសំណើរបស់សមាគមន៍អចលនទ្រព្យ។ ថ្ងៃ១៣ ខ្ញុំនឹងប្រកាស។ តាមពិត យើងមានគោលនយោបាយបើកចំហ តែអត់សូវមានអ្នកប្រើ។ ប្រហែលជាអត់ទាន់សូវដឹង។ អញ្ចឹងយើងនឹងផ្សព្វផ្សាយឱ្យប្រើ … សូម្បីតែកាលខ្ញុំធ្វើការងារយុវជន រដ្ឋមានកញ្ចប់ថវិកាហ្វឹកហ្វឺនសម្រាប់ខេត្ត បណ្តុះបណ្តាល TVET តាមខេត្ត ប៉ុន្តែខេត្តតិចណាស់ដែលស្នើសុំ ដោយសារខេត្តមួយចំនួនអត់ដឹង។ កាលនោះខ្ញុំនៅកំពង់ចាម។ អញ្ចឹងការផ្សព្វផ្សាយត្រូវតែធ្វើឱ្យបានដល់បងប្អូន ហើយពន្យល់គាត់។ រៀបចំនីតិវិធីដើម្បីឱ្យគាត់បានទទួលផលនេះដោយសាមញ្ញបំផុត។ កុំឱ្យរៀបចំកម្មវិធីហើយ ឱ្យអ្នកដាក់ពាក្យហ្នឹងត្រូវ(ឆ្លងកាត់ការ)បំពេញទម្រង់បែបបទស្មុគស្មាញ ចូលរៀនអត់បាន។ លក្ខខណ្ឌកុំតឹង។ ធ្វើម៉េចឱ្យបងប្អូនចូលមក។ បំពេញបែបបទអនឡាញ(ក៏បាន) … ជួនកាលបងប្អូនកម្មករ/ការិនីធ្វើការពេញមួយថ្ងៃ បើចាំតែទៅកន្លែងមន្ទីរការងារខេត្ត ទៅបំពេញទម្រង់ចូលរៀនហ្នឹង មិនដឹងកាលណា។ អញ្ចឹងជួនកាលឆ្លៀតពេលសម្រាក គាត់ចុចបំពេញទម្រង់តាម IT …។
បងប្អូនកម្មករ/ការិនី ក៏ជាមុខសញ្ញាទទួលផលនេះដែរ។ ឧទាហរណ៍ បងប្អូនខ្លះត្រូវការប្តូរការងារ ដោយសារត្រូវព្យួរ ឬមួយក៏ត្រូវដូរការងារ។ កាលមុនធ្លាប់តែធ្វើរោងចក្រកាត់ដេរ តែបន្តិចទៀតគាត់ចង់ទៅធ្វើការនៅរោងចក្រផលិតគ្រឿងបង្គុំអគ្គិសនីនៅជិតផ្ទះ។ គាត់ចង់ទៅធ្វើការនៅហ្នឹង តែ ៥ ទៅ ១០ឆ្នាំនេះ គាត់ធ្វើតែនៅក្នុងរោងចក្រកាត់ដេរ គាត់មានជំនាញខាងកាន់ម៉ាស៊ីនកាត់ដេរ តែការងារនៅរោងចក្រអគ្គិសនីជិតផ្ទះ គាត់មិនមានជំនាញ។ អញ្ចឹងគាត់ត្រូវការការបណ្តុះបណ្តាល។ ទី២ នៅក្នុងរោងចក្រមួយ បងប្អូនមិនបាច់ដូរការងារក៏ដោយ ជួនកាលយើងត្រឹមតែកូនជាង ឥឡូវចង់ឡើងធ្វើមេកន្ត្រៃ ក៏ត្រូវការបណ្តុះបណ្តាលបន្ថែម ក្នុងហ្នឹងក្រុមហ៊ុនក៏ចំណេញ យកអ្នកដែលចំណាប់ៗទៅបណ្តុះបណ្តាលបន្ថែម ឡើងតួនាទី ឡើងសមត្ថភាព ឡើងការទទួលខុសត្រូវ ឡើងបៀវត្សរ៍ …។
(១១) រៀនមិនបង់លុយ និងទទួលបានប្រាក់ឧបត្ថម្ភ
រៀបចំការចុះឈ្មោះ ការទទួលផលឱ្យងាយ ដើម្បីបងប្អូនងាយទទួល។ កុំឱ្យ ២ឆ្នាំក្រោយ ធ្វើការវាយតម្លៃឡើងវិញនៅតែអត់មានមនុស្សចូល។ ឆែកចុះឆែកឡើងមកពីបងប្អូនពិបាកចុះឈ្មោះពេក។ អញ្ចឹងសូមរុញឱ្យដល់ និងពង្រាយនៅតាមខេត្តដើម្បីឱ្យជិតនឹងបងប្អូន។ ការបណ្តុះបណ្តាលនេះ មិនមែនតែចូលរៀនអត់បង់លុយទេ។ ទី១ រៀនអត់បង់លុយ ហើយចំពោះអ្នកដែល(រៀន)ពេញម៉ោង មានប័ណ្ណក្រីក្រ កូនចៅប្រជាពលរដ្ឋ អាចទទួលប្រាក់ឧបត្ថម្ភប្រចាំខែដូចជា ២៨ម៉ឺនមួយខែ។ យើងទៅរៀនដោយមិនបាច់បង់លុយ។ យើងផ្តល់ឱកាសបណ្តុះបណ្តាលជូន ព្រោះជួនកាលបងប្អូនមួយខែៗ ត្រូវជួយគ្រួសារ … បើហៅទៅរៀន ទាល់តែមានអីជួយគាត់ បើមិនចឹងគាត់បាត់ចំណូល។ យើងជួយ តិចឬច្រើនក៏យើងបានផ្ដល់សម្រាប់ធានាការចំណាយមួយចំនួន ធ្វើម៉េចឱ្យគាត់រៀនឱ្យជាប់។ យើងបង្រៀនឱ្យគាត់ស្ទូចត្រី ដើម្បីយើងចេញទៅភ្ជាប់ការងារ។
សូមរៀបចំការងារសម្រាប់កម្មករ/ការិនីឱ្យបត់បែន។ ថ្ងៃមុន ខ្ញុំបានបញ្ជាក់ បើបងប្អូនធ្វើការពេញម៉ោង អញ្ចឹងជួនកាលទម្រាំចប់យប់ទៅហើយ។ យើងរៀបចំ(បណ្ដុះបណ្ដាល)ពេលយប់ ឬចុងសប្ដាហ៍ដើម្បីបងប្អូន(អាចចូលរួមបាន)។ បើថាឱ្យខ្ញុំ(ត្រូវរៀន)ហើយ ឱ្យខ្ញុំមានជម្រើសផង។ បើឱ្យខ្ញុំរៀនដើម្បីបង្កើនសមត្ថភាព ខ្ញុំកំពុងតែធ្វើការ ហើយបើដាក់បង្រៀនតែថ្ងៃចន្ទដល់សុក្រ ចំម៉ោងខ្ញុំធ្វើការ ខ្ញុំត្រូវរើសមួយ ត្រូវបោះបង់ការងារ ឬមួយទៅរៀន? ឥឡូវបើយើងរៀបចំម៉ោងបន្ថែម ក្រៅម៉ោង(ធ្វើការ) … គ្រាន់តែហត់បន្តិច តែដើម្បីជំនាញរបស់យើងៗអាចទទួលបាន។ មិនមែនបង្ខំ។ ខ្ញុំឃើញបងប្អូនខ្លះធ្វើការផងទៅរៀននៅមហាវិទ្យាល័យអីផ្សេងៗ ផងដើម្បីបង្កើន(សមត្ថភាព)។ ការរៀននេះគឺសម្រាប់បង្កើនជម្រើសឱ្យបងប្អូនទៅថ្ងៃក្រោយ …។
(១២) ត្រៀមថវិកាជាតិរាប់រយលានដុល្លារ បណ្ដុះបណ្ដាលមុខជំនាញ ៣៨ ក្នុងវិស័យ ១០ បង្កើនសមត្ថភាពកូនចៅប្រជាពលរដ្ឋ
ឥឡូវយើងបង្កើតជម្រើសឱ្យបងប្អូន … ហើយសូមសហការជាមួយក្រុមហ៊ុនដើម្បីផ្ដល់ឱកាសហ្នឹង និងការលើកទឹកចិត្តឱ្យបងប្អូនបានដឹងផង។ យើងបង្កើតឱ្យច្រើនកម្មវិធីគោលនយោបាយ ហើយកម្មវិធីមិនមែនលើក្រដាសទេ គឺកម្មវិធីចាត់តាំងនិងអនុវត្តនៅមូលដ្នាន។ បងប្អូននឹងទទួលផលជាក់ស្ដែង។ យើងបានត្រៀមហើយថវិកាជាតិរាប់រយលានដុល្លារ ដើម្បីជួយបងប្អូនកើនសមត្ថភាព(ពីការបណ្ដុះបណ្ដាល ដែលជា)កូនចៅប្រជាពលរដ្ឋយើង។ ហ្នឹងហើយបក្សពួករបស់រាជរដ្ឋាភិបាល ដែលនោះគឺកូនចៅប្រជាពលរដ្ឋយើង … បណ្ដុះបណ្ដាល(មាន)គោលបំណង និងជំនាញអីខ្លះ? អម្បាញ់មិញឯកឧត្ដម ហេង សួរ បាននិយាយហើយ។ យើងបណ្ដុះបណ្ដាលចំពោះមុខក្នុង ១០វិស័យ ហើយមានមុខជំនាញ ៣៨មុខ។ វិស័យទាំង ១០នោះរួមមាន សំណង់ អគ្គិសនី អេឡិកត្រូនិក បរិក្ខារក្ដៅ/ត្រជាក់ (ទាំងម៉ាស៊ីនកំដៅ ម៉ាស៊ីនត្រជាក់) … មេកានិកទូទៅ មេកានិករថយន្ត ទេសចរណ៍ សេវាកម្ម កសិកម្ម កសិឧស្សាហកម្ម ធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មាន។ ក្នុងវិស័យទាំង១០នេះ មានមុខជំនាញ ៣៨សម្រាប់បងប្អូន ហើយតាមកន្លែងនីមួយៗយើងមើលតាមតម្រូវការជាក់ស្ដែងឱ្យបងប្អូន។
សួរថា មុខជំនាញ ៣៨ ក្នុងវិស័យ១០ នេះ កើតចេញមកដោយក្ដីស្រមៃ ឬយប់មិញចាក់ឆ្នោត បើកចាក់គម្ពីរ ឬអី? អត់ទេ។ គឺសិក្សាវាយតម្លៃច្បាស់លាស់ផ្អែកទៅលើមូលដ្ឋានជាក់ស្ដែងនៃតម្រូវការ ពិនិត្យមើល ពិភាក្សាជាមួយអ្នកពាក់ព័ន្ធ ពិនិត្យមើលជាក់ស្ដែងតម្រូវការទីផ្សារការងារ … យើងយកទិន្នន័យជាក់ស្ដែងមកធ្វើការវិភាគ។ ធ្វើការវិភាគហើយបានដាក់ចេញជាគោលនយោបាយ និងវិធីសាស្រ្តដោះស្រាយ … មិនមែនចេះតែស្រមើស្រមៃនោះទេ គឺផ្អែកទៅលើវិទ្យាសាស្រ្ត។ លើកយកនូវបទពិសោធន៍ពីបណ្ដាប្រទេសផ្សេងៗ ដែលពិភាក្សាជាមួយជំនាញការមួយចំនួន បូកនឹងអ្វីដែលធ្លាប់ជាបទពិសោធន៍នៅស្រុកយើង។ នេះហើយជារបៀបធ្វើការដែលមានប្រសិទ្ធភាព។ សិក្សាពីមូលដ្ឋានច្បាស់លាស់ថាអ្វីទៅជាបញ្ហាដែលប្រឈម? ដាក់ចេញជាវិធានការដោះស្រាយផ្អែកទៅមូលដ្ឋានវិទ្យាសាស្រ្តនិងតថភាព បទពិសោធន៍ជាក់ស្ដែងជោគជ័យនៅក្នុងប្រទេស និងតាមបណ្ដាប្រទេសមួយចំនួន … មិនមែនដេកស្រមើស្រមៃនោះទេ។
(១៣) និក្ខេបបទបរិញ្ញាបត្រជាន់ខ្ពស់សរសេរអំពីការដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា និក្ខេបបទថ្នាក់បណ្ឌិត សរសេរពីកត្តាសំខាន់ក្នុងការអភិវឌ្ឍជាតិ
សុំនិយាយត្រង់នេះបន្តិច។ ល្ងាចមិញមានគេផ្ញើវីដេអូមួយឱ្យមក ខ្ញុំលែងហៅលោកអ៊ំចាស់វស្សា ខ្ញុំហៅម្សៀចាស់វស្សាម្តង … វាយប្រហាររឿងនិក្ខេបបទ PhD របស់ខ្ញុំ។ គេថា ហ៊ុន ម៉ាណែត សរសេរ PhD ហ្នឹង ប្រហែលជាជួលបរទេសសរសេរហើយ បានរកមិនឃើញ។ គាត់ផ្អែកទៅលើជនជាតិបរទេសម្នាក់ អ្នកកាសែតម្នាក់ដែលទៅសុំនិក្ខេបបទខ្ញុំពីសាលាមិនបាន។ គេមិនឱ្យ (ក៏)ចុះកាសែត។ យ៉ាប់អីយ៉ាប់។ ល្ងង់ម៉្លេះលោក។ ខ្ញុំមានទៅហាមសាលាឯណា។ សាលាគេមានគោលការណ៍លាក់ការណ៍របស់និស្សិត។ មិនមែននិក្ខេបបទរបស់ខ្ញុំ និក្ខេបបទរបស់អ្នកណាគេ បើអ្នកឯងចង់សុំ អ្នកឯងសុំគេមិនបាន មកសុំខ្ញុំទៅ ខ្ញុំឱ្យ។ ចាំបាច់ទៅចុះដល់កាសែត។ ខ្ញុំមានអីត្រូវលាក់និក្ខេបបទ។ ខ្ញុំសរសេរអំពីឧស្សាហកម្មតូចនិងមធ្យម សកម្មភាពរបស់វាដែលត្រូវអនុវត្ត។ គេថាសហគ្រាសក្រុមហ៊ុនតូចនិងមធ្យម សារៈសំខាន់របស់វានៅក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ ខ្ញុំសរសេរពីថាកត្តាអីខ្លះដែលជួយឱ្យវិស័យសហគ្រាសធុនតូចនិងមធ្យមឱ្យវាដើរ។ ទៅផ្អែកទៅលើ(ករណីសាលាមិនឱ្យ)ហ្នឹង ថាខ្ញុំមិនសរសេរខ្លួនឯង ប្រហែលជាជួលបរទេស។ តាមមើល ប្រវត្តិលោកអ៊ំ ប្រហែលជារៀនអត់ដល់ PhD ទេ បានជាលោកអ៊ំអត់យល់ពីការធ្វើ PhD … គេធ្វើនិក្ខេបបទ ៥ឆ្នាំ ឆ្លងកាត់ការឆ្លងជាមួយទីប្រឹក្សាជាប់រហូត គ្មានអ្នកណាទៅបន្លំបានទេ។ ពេលចប់ត្រូវការពារជាមួយនឹងបណ្ដុំនៃសាស្ត្រាចារ្យ។ ខ្ញុំការពារចង់ ១០នាក់ហើយ។ គ្រូខ្ញុំ អ្នកទីប្រឹក្សាខ្ញុំអត់ឱ្យចូលទេ …។
តាំងថា ហ៊ុន ម៉ាណែត សរសេរអីអត់ពាក់ព័ន្ធជាមួយស្រុកខ្មែរ។ សរសេរអត់ប្រយោជន៍។ ខ្ញុំសរសេរ ២០ឆ្នាំមុនអំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅប្រទេសក្រីក្រ។ ក្នុងនោះខ្ញុំចាប់អារម្មណ៍ទៅលើសហគ្រាសធុនតូច និងមធ្យម ដែលជាកត្តាកំណើនសេដ្ឋកិច្ច។ ឥឡូវគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺអត់ខុសទេ ដាក់ទិសដៅមួយ សំខាន់គឺសហគ្រាសធុនតូច ធុនមធ្យម និងមីក្រូនេះឯង។ ខ្ញុំគិតថាវាជាចលករ ហើយនេះខ្ញុំបានផ្តោតការយកចិត្តទុកដាក់ ២០ឆ្នាំមុនឯណោះ … គេថា ហ៊ុន ម៉ាណែត សរសរអត់ពាក់ព័ន្ធនឹងខ្មែរ។ ខ្ញុំថាមើលឡើងវិញ។ ពេលខ្ញុំសរសេរនិក្ខេបបទនោះ ខ្ញុំត្រូវការប្រមូលទិន្នន័យ បទពិសោធន៍ពីប្រទេសផ្សេងៗ យកមកវិភាគ ដើម្បីបញ្ចេញជារូបមន្តមួយ យកមកចូលរួមដើម្បីធ្វើការដាក់នៅក្នុងប្រទេសណាក៏វាបានដែរ រួមទាំងកម្ពុជា។ ល្ងាចមិញរៀបចូលគេង មានគេបាញ់រឿងហ្នឹងឱ្យមើល។ មើលរួចចេះតែចង់បញ្ជាក់បន្តិច។ ជូនសារទៅម្សៀនយោបាយចាស់វស្សាដើរវាយតែកូនក្មេងនោះ។ គ្រាន់តែប្រាប់គោលនយោបាយយើងធ្វើដូចគ្នាទេ មិនខុសពីខ្ញុំសរសេរនិក្ខេបបទទេ។ យើងដាក់គោលដៅស្អីដែលយើងចង់ធ្វើ ដើម្បីអភិវឌ្ឍប្រទេសជាតិរបស់ខ្ញុំ។
នៅពេលដែលខ្ញុំសរសេរនិក្ខេបបទបរិញ្ញាបត្រជាន់ខ្ពស់ ខ្ញុំសរសេរអំពីការដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជាដោយប្រើប្រព័ន្ធទីផ្សារនិងអ្វីដែលរដ្ឋាភិបាលចូលរួម។ ឥឡូវខ្ញុំត្រូវប្រឈមការដោះស្រាយកិច្ចការងារនេះ។ ឯកឧត្តម សាយ សំអាល់ (រដ្ឋមន្ត្រី)ក្រសួងដែនដី នគរូបនីយកម្ម នៅទីនេះត្រូវចូលរួមជាគោលនយោបាយដែនដីដែលយើងត្រូវធ្វើពាក់ព័ន្ធនឹងស្រុកខ្មែរ។ កាលនោះខ្ញុំសរសេរស្រុកខ្មែរ។ ដល់ពេលនិក្ខេបបទថ្នាក់បណ្ឌិត ខ្ញុំសរសេរពីកត្តាមួយដែលនាំឱ្យអភិវឌ្ឍប្រទេសជាតិ។ ខ្ញុំមើលនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម សហគ្រាសធុនតូច ធុនមធ្យម … ប្រទេសខ្មែរយើងពិបាករកទិន្នន័យ តែយើងយកបទពិសោធន៍។ ខ្ញុំធ្វើ(ការសិក្សាទិន្នន័យនិងបទពិសោធន៍ពី)ជិត ១០០ប្រទេស ដើម្បីទាញ(យកជាការសន្និដ្ឋាន/រូបមន្ត) ព្រោះប្រទេសទាំងអស់ទាញមក(មាន)ហេតុផល(ខុសៗ ពីគ្នា)។ ពេលដែលយើងដាក់ចេញគោលនយោបាយ យើងយកបទពិសោធន៍ពីប្រទេសផ្សេងៗ បូកជាមួយតថភាពជាក់ស្តែងរបស់យើង។
(១៤) គោលដៅនៃការបណ្តុះបណ្តាលនេះគឺឱ្យចប់ ឱ្យចេះ ឱ្យមានការងារត្រូវជំនាញ
សូមបញ្ជាក់ទៅលើកិច្ចការងារនេះ។ អ្វីដែលយើងធ្វើមិនខុសទេគឺធ្វើផ្អែកទៅលើបច្ចេកទេសវិទ្យាសាស្ត្រជាមូលដ្ឋាន និងការដោះស្រាយបញ្ហាជាក់ស្តែង។ បញ្ហាជាក់ស្តែងគឺបញ្ហានៅលើដៃរបស់បងប្អូន។ អញ្ចឹងការបណ្តុះបណ្ដាលនេះគឺការកសាងផែនការហ្នឹងឱ្យបងប្អូន។ គោលដៅដែលយើងចង់បាននៃការបណ្តុះបណ្តាលនេះ គឺឱ្យចប់ ឱ្យចេះ ឱ្យមានការងារ។ គោលដៅ ៣នេះ ជាប្រទីបដែលត្រូវធ្វើ ចប់ ចេះ មានការងារ ដែលត្រូវជំនាញ។ ហើយក្រុមហ៊ុនទទួលបាននូវកម្មករ បុគ្គលិក ដែលចេញពីបណ្តុះបណ្តាលទៅ អាចស្រួលនៅក្នុងការជួយដល់ក្រុមហ៊ុនដែលត្រូវជំនាញ និងមានសមត្ថភាពគ្រប់គ្រាន់។ សុំដាក់នេះជាទិសដៅ។ ចប់ ចេះ មានការងារ។ នេះគឺជាអ្វីដែលក្រសួងត្រូវដាក់ទិសដៅសម្រាប់ការអប់រំនេះ។ បើត្រឹមតែមួយចប់ អត់ចេះវាយ៉ាប់។ ហ្នឹងយ៉ាប់វិញ។ មាន(តែ)វិញ្ញាបនបត្រ (តែអត់ចេះ)។
ដូចខ្ញុំនិយាយពីការបកប្រែ។ បកប៊ិះ(ផ្ទុះ)ភ្លើងសង្គ្រាម។ អ្នកសួរ សួរថា “អ្នកឯងព្រមឬទេលើលក្ខខណ្ឌនេះដើម្បីបញ្ចប់សង្គ្រាម?”។ អ្នកឆ្លើយថា “ខ្ញុំព្រម”។ ស្រាប់តែអ្នកបកប្រែថា “ខ្ញុំមិនព្រម” ចប់បាត់។ ខ្ញុំមានរឿងមួយ កាលហ្នឹងហ្វឹកហ្វឺនជួយសង្គ្រោះរឿងភេរវកម្ម។ ចាប់ចំណាប់ខ្មាំងម្នាក់ដាក់គ្រាប់បែកពេញខ្លួន ដល់ពេលកម្លាំងចូលទៅរំដោះ អ្នកគ្រាប់បែកហ្នឹងជាជនបរទេស។ គាត់អត់ចេះខ្មែរទេ … ដល់សុវត្ថិភាពហើយចូលទៅរំដោះ ត្រូវជម្លៀសយកចេញមកដើម្បីជួយកាត់គ្រាប់បែកហ្នឹង។ មួយសន្ទុះឃើញអ្នកដោះមីនហ្នឹងចេញមកវិញ អត់ព្រមដោះ។ ដល់សួរម៉េចបានអ្នកឯងមិនដោះ? ថាបងឯងដោះម៉េចបើគាត់ជេរខ្ញុំ។ ដល់ទៅសួរថា គាត់មានជេរឯណា។ អ្នកដែលជាប់គ្រាប់បែកធ្វើជាភ័យស្រែកថា Help! Help! … កម្លាំងយើងអត់យល់ អត់ចេះភាសា ស្មានថាគេជេរ ចេញមកទុកចោលបណ្តោយ។ ហ្នឹងរឿងមួយទៅ។ រឿងច្រើនផ្សេងទៀត។
(១៥) អត្ថប្រយោជន៍៣ នៃការបណ្តុះបណ្តាលស្របតាមស្ថានភាពភូមិសាស្ត្រមូលដ្ឋាន
បណ្តុះបណ្តាលជំនាញឱ្យចំគោលដៅ ហើយឱ្យចេះ ហើយចេញមក យើងផ្គុំជាមួយនឹងការងារ ផ្អែកទៅលើស្ថានភាពជាក់ស្តែង ធ្វើយ៉ាងណាឱ្យស្របទៅតាមស្ថានភាពភូមិសាស្ត្រនៅមូលដ្ឋាន។ ខ្ញុំថាគួរតែរៀនដើម្បីឆ្លើយតបទៅនឹងមូលដ្ឋាន។ បើនៅកន្លែងហ្នឹងឧទាហរណ៍ នៅពោធិ៍សាត់ ដែលគ្រោងតំបន់សេដ្ឋកិច្ចពិសេស ដែលដាក់ទៅសុទ្ធតែគ្រោងដំឡើងរោងចក្រមានបច្ចេកវិទ្យា បើកវគ្គបណ្តុះបណ្ដាលសម្រាប់បច្ចេកវិទ្យាដែលរោងចក្រនៅហ្នឹង(ត្រូវការ)។ កុំបើកអីដែលគាត់ពិបាកទៅរកការងារនៅកំពង់ធំ ឬមួយនៅឯណា? … រៀបចំនេះឱ្យវាស្របទៅតាមភូមិសាស្ត្រ ហើយលើកទឹកចិត្តបងប្អូន(រៀននិងរកការងារ)នៅហ្នឹងកន្លែងឱ្យបានច្រើន។ យើងខំរុញការងារឱ្យដល់មូលដ្ឋាន … អញ្ចឹងការបណ្តុះបណ្តាលរបស់យើងឱ្យចំស្របជាមួយនឹងការងារ។ កុំ យកកម្មវិធីមួយនៅទូទាំងប្រទេស ទៅដាក់ឱ្យរៀន ដែលនៅកន្លែងណាក៏រៀនតែកម្មវិធីហ្នឹង។ កន្លែងណាដែលមានអីច្រើន ខំប្រឹងផ្តោតទៅលើនោះឱ្យច្រើនដើម្បីលើកទឹកចិត្តនៅមូលដ្ឋាន … ដើម្បីកុំឱ្យគាត់ចល័តច្រើន ព្រោះនៅក្បែរផ្ទះស្រួល។ ចំណេញ។ ទី១ ពឹងឪពុកម្តាយបាន មិនបាច់ជួលផ្ទះ។ ទី២ មានកូន អាចឪពុកម្តាយអាចជួយមើលបាន។ និងទី៣ យើងនៅមានរក្សាកម្លាំងនៅក្នុងភូមិរបស់យើង បងប្អូនរបស់យើង …។
(១៦) បណ្តុះបណ្តាលទាំងជំនាញរឹងនិងជំនាញទន់ ទាំងឥរិយាបថ ទាំងផ្នត់គំនិត
ការបណ្តុះបណ្តាលនេះ គឺធ្វើយ៉ាងណាពេលចប់ បានការងារ។ សហគ្រាសក្រុមហ៊ុនត្រូវទទួលស្គាល់សមត្ថភាព(ដែលបានចេញបណ្តុះបណ្តាល) ដោយសារគាត់បានបង្កើនគុណភាព ផលិតភាព និងឥរិយាបថការងារល្អ។ អញ្ចឹងអ្នកដែលចេញពីការបណ្តុះបណ្តាលទៅ ត្រូវគិតពីគុណភាព។ អ្នកដែលចេញពីសាលាគឺក្រុមហ៊ុន សុខចិត្តចំណាយពេល ឬមួយឱ្យពេលបុគ្គលិកខ្លះទៅរៀននៅហ្នឹង ព្រោះចេញមកវិញបានផលជាងមុន។ កុំឱ្យទៅរៀនមកវិញយ៉ាប់ជាងមុន។ ទៅពីមុនអត់ចេះផឹកទេ មកវិញចេះផឹកព្យុះ។ ទៅពីមុនរម្យទម មកវិញច្រងេងច្រងាង។ ត្រូវតែពីមុនសមត្ថភាពមានកម្រិត។ មកវិញទាំងឥរិយាបថទាំងការងារ(មានការបើកទូលាយ)។ ការបណ្តុះបណ្តាលនេះ មិនមែនបណ្តុះបណ្តាលតែជំនាញរឹងទេ ជំនាញទន់ផ្នែកឥរិយាបថ ផ្នត់គំនិតនេះសំខាន់ណាស់ទៅជាមួយគ្នា … យើងទៅមុខបានអាស្រ័យលើខួរក្បាលយើង។ ខួរក្បាល ៦០% ឬ៧០% កាយសម្បទាតែ ៣០% ទេ។ ជញ្ជាំង ២ម៉ែត្រ លោតមិនរួចទេ តែបើឆ្កែដេញលោតរួចមិនដឹងខ្លួន ដោយសារតែខួរក្បាលយើងបញ្ជា។ តែមិនលោតហើយឆ្កែខាំ យកមួយណា? លោតទាល់តែរួច។ ការលំបាកហត់នឿយយ៉ាងម៉េចក៏ដោយ បើអារម្មណ៍យើងទៅ យើងទៅរួច។ ចេញពីធ្វើការងារហត់ តែបើអារម្មណ៍ថាយើងត្រូវការបំប៉នបន្ថែមដើម្បីឈានទៅមុខ យើងទៅរួច។ អញ្ចឹងការងារដូចគ្នា។ ការងារជាសមូហភាព ជាក្រុម ការបណ្តុះបណ្តាលរួមគ្នាល្អ។ ការអប់រំនៅផ្នែកទន់នេះសំខាន់ណាស់ដែលត្រូវធ្វើ។
ខ្ញុំសុំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ទៅលើគុណភាពនៃការបណ្តុះបណ្តាល។ ទី១ ខ្លឹមសារនៃការបណ្តុះបណ្តាល … ឱ្យចំទៅនឹង(ស្ថានភាពជាក់ស្តែងនិងតម្រូវការនៅ)មូលដ្ឋាន … ដាក់ទិសដៅឱ្យចេះ រៀនឱ្យចប់ ឱ្យចេះ រៀនឱ្យចប់។ បានន័យថា ធ្វើយ៉ាងណាឱ្យកម្មវិធី flexible ឱ្យមានវិន័យ … ដើម្បីប្រាកដថាគាត់ទៅរៀនបានទាំង៦ខែ អវត្តមានតិចបំផុតដោយសារកត្តាឈឺ ឬមួយការចាំបាច់អីមួយ ដើម្បីកាន់វិញ្ញាបនបត្រមួយៗ កុំឱ្យទៅរៀនតែមួយថ្ងៃក៏បានវិញ្ញាបនបត្រដែរ។ គេហៅថាវិញ្ញាបនបត្រសេះហោះ។ កុំឱ្យមានទៀតរឿងហ្នឹង។ អត់ចំណេញទេ។ ជួយមនុស្សដោយមនោសញ្ចេតនា ឱ្យគាត់ កាន់សញ្ញាបត្រមួយប្រហោងធ្លុង ទៅមិនរួចទេ។ ធ្វើបាបគាត់វិញ។ ធ្វើឱ្យគាត់ដើរកុហកគេ។ គាត់កុហកខ្លួនឯង … ទី៣ ធ្វើឱ្យគាត់ឆាប់បាត់បង់នូវ credit …។
(១៧) យកចិត្តទុកដាក់លើការអនុវត្តជាងទ្រឹស្ដី ផលិតសម្ភារបរិក្ខារសម្រាប់អនុវត្ត និងចុះហាត់ការ
(ធ្វើម៉េចឱ្យ)ទ្រឹស្តីត្រូវប្តូរជាមួយការអនុវត្ត។ ផ្តោតទៅលើការអនុវត្តឱ្យច្រើន។ ធ្វើការជាមួយវិស័យឯកជន ហើយបង្កើតសម្ភារមធ្យោបាយខ្លួនឯង ដែលអាចធ្វើទៅបានតាមលទ្ធភាព។ សម្ភារហ្នឹងវាថ្លៃ(ដែរ) ដើម្បីឱ្យគាត់ធ្វើជាក់ស្តែង។ ក្នុងរបាយការណ៍ ឯកឧត្តម ហេង សួរ (ប្រាប់ថាមាន)ធ្វើ ព្រោះការបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវអនុវត្តឱ្យច្រើន។ ទ្រឹស្តីតិចអនុវត្តឱ្យច្រើន។ អញ្ចឹងខិតខំសហការជាមួយវិស័យឯកជន ក្រុមហ៊ុនជាដៃគូផ្សេងៗ រុញគាត់ឱ្យហាត់ការ។ យើងថាចុះ stage។ ធ្វើហាត់ការឱ្យបានច្រើន។ ធ្វើកិច្ចការងារហ្នឹង ហើយទទួលការចូលរួមពីវិស័យឯកជន ហើយសូមសហគ្រាសក្រុមហ៊ុន ផ្ដល់ឱកាសនិងលើកទឹកចិត្តឱ្យបងប្អូនយើងអាចមានឱកាសរៀនសូត្របង្កើនសមត្ថភាពផង។ ជួយផ្ដល់លើកទឹកចិត្ត បើគាត់ចូលរៀន កុំប្រកាន់វិន័យក្រុមហ៊ុនតឹងរ៉ឹងពេក ទុកឱកាសឱ្យគាត់បានធ្វើការផង។ មិនឱ្យប៉ះពាល់ទៅដល់ម៉ោងការងារទេ ប៉ុន្តែសូមឱ្យមានជម្រើស។ សូមជួយសម្រួលផងដើម្បីបានផលទាំងអស់គ្នាទេ។ (សុទ្ធតែជា)បុគ្គលិកកម្មករ និយោជិតរបស់យើងទេ មកទទួលការងារនេះ។ រៀបចំវគ្គបណ្ដុះបណ្ដាលមានលក្ខណៈបត់បែនដើម្បីបងប្អូន ពេលវេលា ក៏ដូចជាមេរៀនអី modules អីផ្សេងៗ។
(១៨) ហ្វឹកហ្វឺនជំនាញឱ្យបានពេញលេញតាមច្បាប់, អ្នកក្រៅប្រព័ន្ធក៏អាចទទួលការបណ្ដុះបណ្ដាល
ចំណុចមួយទៀត គឺជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្របទៅតាមច្បាប់។ សុំឱ្យក្រុមហ៊ុននីមួយៗ បង្កលក្ខណៈឱ្យបងប្អូនបណ្ដុះបណ្ដាលហ្វឹកហ្វឺន។ ការបណ្ដុះបណ្ដាលនេះ ធ្វើដើម្បីបង្កើនជំនាញនិងការរៀបចំជំនាញឡើងវិញ និងលើកទឹកចិត្តឱ្យមានការចូលរួមវិស័យឯកជនផង … យើងនិយាយ (ពីការបណ្តុះបណ្តាល) ១លាន ៥សែន នោះគឺភាគច្រើនផ្ដោតទៅលើបងប្អូន កូនចៅប្រជាពលរដ្ឋក្រីក្រងាយរងហានិភ័យ មានបណ្ណ ដែលមានទទួលផល តែបងប្អូនកម្មករ/ការិនីក៏អាចទទួលបាន បងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏អាចទទួលបាន។ យើងត្រៀមហើយ។ មិនមែនតែបងប្អូននៅក្នុងរោងចក្រ នៅសហគ្រាសដែលមានចុះបញ្ជីទេ។ បងប្អូនស្វ័យនិយោជន៍ អ្នកលក់ដូរខ្លួនឯង ជួនកាលគាត់លក់ខ្លួនឯង គាត់ចង់បានរៀនដើម្បីឆាប់ទៅយកអាជីពផ្សេងៗ …។
(១៩) រដ្ឋអនុញ្ញាតឱ្យវិស័យឯកជនធ្វើជាដៃគូក្នុងការបណ្ដុះបណ្ដាលនិងត្រូវមានភាពបត់បែន
សហការឱ្យជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនឯកជន … យើងត្រូវការដៃគូ … ទី១ ឱ្យគាត់ចូលរួមផ្ដល់ការបណ្ដុះបណ្ដាល និងទី២មានភាពបត់បែនផង។ កន្លែងខ្លះឱ្យក្រុមហ៊ុនឯកជនអាចរៀបចំកម្មវិធីបណ្ដុះបណ្ដាលតែម្ដង ហើយមកអនុវត្តនៅសាលាយើង។ រដ្ឋយើងអ្នក Control។ ក្រុមហ៊ុនគេដឹងថាគេត្រូវការអី។ ឧទាហរណ៍ថាគេត្រូវការរើស ១០០នាក់ ចូលក្រុមហ៊ុនផលិតរថយន្តមួយ។ គេត្រូវការជាងខាងអ្វីមួយ។ ក្រុមហ៊ុនគេអត់មានកន្លែងបើក(បង្រៀន)ទេ។ គេសុំរៀបចំកម្មវិធីបណ្ដុះបណ្ដាល ហើយឱ្យគេបញ្ជូនគ្រូមកកន្លែងយើង ដាក់អាហ្នឹងឱ្យក្រុមគេចូលមកធ្វើបណ្ដុះបណ្ដាល ហើយឱ្យសិស្សចូលមកសិក្សាហើយយកពីក្នុងហ្នឹងទៅធ្វើការតែម្ដង។ យើងឱ្យមានភាពបត់បែន កុំរឹងកំព្រឹស … មិនមែនថាបត់បែនរហូតបាត់ម្ចាស់ការ រប៉ាត់រប៉ាយទេ តែវាស្ថិតនៅក្នុងក្របខណ្ឌនៃការដាក់ទិសដៅរបស់យើង … តែយើងក៏មិនរឹងកំព្រឹសដែរ បើសិនជាមានស្អីដែលជា niche ជាចំណុចពិសេស ឬមួយជាអ្វីសម្រាប់អនាគត។
(២០) ការបណ្ដុះបណ្ដាលឆ្លើយតបតម្រូវការបច្ចុប្បន្នផងនិងព្យាករណ៍សម្រាប់ទៅអនាគតផង
ថ្ងៃ១៤ វិច្ឆិកា ប្រហែលជាខ្ញុំនិយាយបន្ដិច។ កំពុងពិនិត្យមើលយន្តការវាយតម្លៃឡើងវិញរវាងក្រសួងអប់រំ ក្រសួងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការងារ ក្រសួងឧស្សាហកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ដើម្បីយើងធ្វើការវាយតម្លៃ។ យើងមានគណៈកម្មាធិការជាតិអប់រំមួយ ដែលមានកន្លងមក ដូចជាឯកឧត្តម អ៊ិត សំហេង ជាប្រធាន។ កាលមុនសម្ដេច សុខ អាន លោកជាប្រធាន។ លោកខូចទៅ បាន(ឯកឧត្តម អ៊ិត សំហេង ធ្វើជាប្រធាន) ដើម្បីយើងពិនិត្យមើលយន្តការសម្របសម្រួលទិសដៅទៅមុខ … ថ្ងៃនេះ ខ្ញុំនិយាយអ្វីដែលចំពោះមុខ គឺឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន។ ប៉ុន្តែយើងក៏ត្រូវគិតព្យាករណ៍ទៅអនាគតកាលដែរ។ ពេលដែលយើងត្រូវត្រៀមលក្ខណៈទុកមុនដាក់ទិសដៅទាញនូវឧស្សាហកម្មអនាគត ឬឧស្សាហកម្ម ៤.០ … ពេលខ្លះវាជាមាន់និងពងមាន់អ្នកណាកើតមុន? តែយើងចាំឧស្សាហកម្មនោះមក បានយើងបង្កើត ឬមួយយើងបង្កើតដើម្បីចាំទាញគេមក? តែអាហ្នឹងមិនអាចក្រសួងការងារធ្វើម្នាក់ឯងទេ ព្រោះការបណ្ដុះបណ្ដាលមិនអាចត្រូវការចាំទាល់តែថ្នាក់ទី១២ ឬមួយបងប្អូនអាយុ២០ ឬ២៥ឆ្នាំ បានធ្វើទេ ត្រូវធ្វើតាំងពីក្មេងមកបន្តិចដើម្បីតម្រង់ទិស។
ឥឡូវយើងនិយាយអំពីផែនការដែលយើងមានចំពោះមុខ។ កុំអាលនិយាយពីអនាគត ព្រោះនេះវាធំជាង។ យើងចង់បានចាបមួយដែលធំហើយ ប៉ុន្តែយើងនឹងត្រៀមអន្ទាក់ ត្រៀមរៀបចំវា។ កុំភ្លេចថាចាបក្នុងដៃត្រូវធ្វើឱ្យអស់សក្ដានុពល។ ហ្នឹងហើយគឺជាអាទិភាពនៅក្នុងការដាក់ចេញនូវទិសដៅការបណ្ដុះបណ្ដាលនេះ ផ្អែកទៅលើតថភាពជាក់ស្ដែង ទៅលើការពិគ្រោះជាក់ស្ដែង តើត្រូវការស្អីខ្លះ ស្អីខ្លះទៀតដែលចំពោះមុខកំពុងតែមក? រោងចក្រអគ្គសនីដែលផលិតផ្ទាំងសូឡាអីវាមានស្រាប់ហើយ។ ផលិត EV នោះ វានៅអនាគតមានតិចៗ ឬមួយក៏ផលិតផ្កាយរណបនោះវានៅអនាគត … ផលិតអីដែលសក្ដានុពលយើងទាញមកបាន ហើយចំពោះមុខ កំពុងតែមាននិងកំពុងខ្វះ ហើយបើកច្រកឱ្យវិស័យឯកជនដើរតួនាទីយ៉ាងសំខាន់។
ក្រសួងអប់រំ … ក៏មានបង្កើតមជ្ឈមណ្ឌលមួយនៅកំពង់ស្ពឺសាកល្បង ហើយយើងឱ្យផ្គុំគ្នា។ អញ្ចឹងបានត្រូវការពិនិត្យមើលយន្តការសម្របសម្រួលរួមមួយដើម្បីយើងធានាការតម្រង់ទិសនិងការត្រៀមលក្ខណៈដើម្បីអនាគតយើងព្យាករណ៍។ មើលផែនការដែលអាចធ្វើទៅបាន អ្វីដែលអាទិភាពរួមគ្នា។ ឥឡូវយើងមានគណៈកម្មាធិការនេះ បែងចែកក្រសួងអប់រំបណ្ដុះបណ្ដាលអី? ក្រសួងការងារបណ្ដុះបណ្ដាលអី? កម្រិតណា? ចែកភារកិច្ចគ្នាដាច់មែន ប៉ុន្តែបណ្ដុះបណ្ដាលពេលណា? ភ្ជាប់គ្នាយ៉ាងម៉េច? វាត្រូវការពិនិត្យមើលបន្ថែមទៀត ឱ្យស្របនឹងក្រសួងផ្សេងៗ ត្រូវធ្វើ។ ប៉ុន្តែឥឡូវការបត់បែននេះ … ខ្ញុំសុំលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជន ចូលរួមជាមួយរដ្ឋ ក្នុងនាមជាដៃគូជួយគិតជួយធ្វើតែម្ដង។ បានន័យថា គិតអាចរៀបចំផ្ដល់យោបល់មកក្រសួងការងារ ក្រសួងអប់រំ ថាឥឡូវជំនាញស្អីខ្លះដែលខ្ញុំត្រូវការ ជួយបណ្ដុះបណ្ដាលឱ្យខ្ញុំផង។ ជួយធ្វើ គឺមានលទ្ធភាពបញ្ជូនគ្រូបច្ចេកទេសមកជួយបណ្ដុះបណ្ដាលមក ឬមួយក៏បង្កើតកម្មវិធីបណ្ដុះបណ្ដាលខ្លួនឯង ជួយទាំង funding ផងមក។ យកកន្លែងបណ្ដុះបណ្ដាលរបស់ខេត្តហ្នឹង ដាក់១បន្ទប់ ឬ២បន្ទប់របស់ក្រុមហ៊ុនហ្នឹងទៅ។ ឱ្យកន្លែងគាត់ ដាក់កម្មវិធី។ គាត់ទម្លាក់លុយមកបណ្ដុះបណ្ដាល បញ្ជូនគ្រូមក សិស្សមករៀន ហើយគាត់បើកពិព័ណ៌ប្រមូលការងារនៅកន្លែងហ្នឹង។ ធ្វើអាហ្នឹងបានទៀត។
(២១) វិស័យឯកជនរួមគ្នាជាមួយរដ្ឋ រួមធ្វើ រួមគិត ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីប្រយោជន៍ប្រជាជន
វិស័យឯកជនមិនមែនជាសត្រូវរបស់រដ្ឋទេ វិស័យឯកជាដៃគូដ៏ល្អរបស់រដ្ឋ។ រួមគ្នាដើម្បីបង្កើតការងារ បង្កើតផលប្រយោជន៍ជូនប្រជាពលរដ្ឋរបស់យើង។ រួមគ្នាធ្វើ រួមទាំងការគិតគូរពីអត្ថប្រយោជន៍ ពីជីវភាពរស់នៅ ទាំងបៀវត្សរ៍ ទាំងសុខភាព ការបណ្ដុះបណ្ដាលធនធានមនុស្ស។ អញ្ចឹងត្រូវមានភាពបត់បែន។ យើងយន្តការរដ្ឋ ជាយន្តការសម្របសម្រួលនិងតម្រង់ទិស ប៉ុន្តែមិនមែនរឹងកំព្រឹស ដែលគេចូលរួមមិនបានទេ។ ក្រសួងការងារ អាចគិតគូរធ្វើ … ជួនកាលក្រសួងការងារមិនអាចទៅដឹងថាក្រុមហ៊ុន ៥នេះ ត្រូវការដូចគ្នាទាំងអស់ទេ។ ផលិតផលដូចគ្នា ប៉ុន្តែក្រុមហ៊ុននេះប្រហែលជាខ្វះអ្នកបញ្ជាម៉ាស៊ីន ក្រុមហ៊ុននេះប្រហែលជាខ្វះអ្នកដំឡើងអគ្គិសនី។ កុំថាក្រុមហ៊ុនដូចគ្នា។ ក្រុមហ៊ុនផលិតបង្គុំអគ្គិសនីតែមួយ ផលិតសម្រាប់ប្រទេសអាមេរិក មួយផលិតសម្រាប់ប្រទេសកូរ៉េ វាខុសគ្នាទៀត។ អញ្ចឹងទាល់តែបណ្ដុះបណ្ដាល។ បើយើងឱ្យក្រសួងដាក់ផែនការរកឧបករណ៍មកបណ្ដុះបណ្ដាល ទៅអត់រួច។ សុំឱ្យវិស័យឯកជន ក្រុមហ៊ុន រួមគ្នាជាមួយរដ្ឋ លើកទឹកចិត្តដើម្បីចូលរួមនៅក្នុងការរួមគ្នាធ្វើ រួមគិត ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍ប្រជាជនទាំងអស់គ្នា។
(២២) ខេត្តកណ្ដាលមានកម្មករជាង១៥ម៉ឺននាក់ មានព្រលានយន្តហោះថ្មី មានផ្លូវក្រវាត់ក្រុង ព្រែកជីក
ឥឡូវយើងមានរោងចក្រដំឡើងរថយន្ត៨។ ដំឡើងនិងផ្គុំ។ យើងមានរោងផលិតសូឡាទៅអាមេរិក ទៅកាណាដា មានរោងចក្រផលិតសូម្បីសំលៀកបំពាក់ក៏ម៉ាកខ្ពស់ៗដែរ ដោយសារទឹកដៃបងប្អូន គុណភាពយើងឡើង ក្នុងការផលិតឧបករណ៍។ អ្នកវិនិយោគដាក់ទុនមកថែម។ ខេត្តកណ្ដាលមានកម្មករជាង ១៥ម៉ឺននាក់ … ក្រៅពីផ្ទាល់ យើងធ្វើប្រយោលដើម្បីបម្រើឱ្យបងប្អូនទៀតនៅខេត្តកណ្ដាល? ហេដ្ឋារចនាសម្ព័ន្ធ ព្រលានយន្តហោះ២០២៥ ត្រូវបើក(នៅជាប់ខេត្តកណ្តាល ដែល) … នឹងបង្កើនសកម្មភាពឧស្សាហកម្មច្រើននៅទីនេះទាំងការងារនៅព្រលានផង។ ឥឡូវ(យើងមានផ្លូវ)ក្រវាត់ក្រុងខ្សែទី៣។ ត្រូវបង្កើតថែមទៀត ដើម្បីបង្កើនការដឹកជញ្ជូនកាត់តាមនេះ។ តែប្រព័ន្ធដឹកជញ្ជូនមក ការបង្កើតរោងចក្រ សហគ្រាស កិច្ចការសេដ្ឋកិច្ចផ្សេងទៀតនឹងមក។ យើងមានគម្រោងព្រែកជីកហ្វូណនតេជោ …។
ផែនការនិងការអនុវត្តនេះគឺគិតគ្រប់ជ្រុងជ្រោយនិងជាក់ស្ដែងនិយម។ យើងធ្វើផ្លូវមួយ មិនមែន(ត្រូវការតែ)១ឆ្នាំ ឬស្អែកហើយទេ។ បងប្អូនអ្នកនៅតាមផ្លូវលេខ២១នេះដឹងហើយ។ អ្នកនៅពីតូចៗ ២០ឆ្នាំជាងមុន កាលពីយើងនៅក្មេងទៅរៀនមិនបានផ្លូវប៉ុននេះទេ។ គ្មានបុរីអី គ្មានផ្លូវអីអញ្ចេះទេ។ ខ្ញុំចាំមកត្រឹមតាខ្មៅនេះ ចេញផុតតែពីរង្វង់មូលខេត្តកណ្ដាលមកហ្នឹង ផ្លូវតូចហើយស្ងាត់ជ្រៀប។ ឥឡូវជិះចង់វង្វេង ព្រោះផ្លូវធំ។ ប្រជាពលរដ្ឋក៏កើន។ បើគ្មានរោងចក្រនៅទីនេះ គ្មានបងប្អូនរាប់ម៉ឺននាក់ រាប់សែននាក់មកធ្វើការនៅទីនេះទេ។ (គ្រាន់តែ)លុយចូលរាប់លានដុល្លារក្នុងហោប៉ៅបងប្អូននៅទីនេះ។ រាប់រយលានដុល្លារចូលអ្នកខេត្តកណ្ដាល … ពីឆ្នាំ១៩៩៧ យើងមានរោងចក្រជាង៦០ កម្មករជាង៨ម៉ឺននាក់ ឥឡូវកម្មករ/ការិនី៨០ម៉ឺននាក់ជាង ប្រាក់បៀវត្សកើនចូលរាប់ពាន់លានដុល្លារ។ យើងធ្វើ តែវាចេញពីជំហានអញ្ចឹង។ ចេញពីការប្រមើលមើលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ២០ឆ្នាំជាងមុនថាវិស័យឧស្សាហកម្មត្រូវដើរ។
(២៣) អ្នកខេត្តកណ្តាលមួយចំនួនធំក្លាយជាអ្នកក្រុង
ដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រត្រីកោណ ចតុកោណ កសាងមនុស្ស កសាងហេដ្ឋារចនាសម្ព័ន្ធ។ យើងចាត់តាំងអនុវត្ត។ ឥឡូវយើងបន្តធ្វើតទៅទៀត។ យើងចេញគោលការក្នុងការដោះស្រាយបញ្ហាជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនកាន់តែល្អកាន់តែប្រសើរ។ ជាពិសេសអ្នកខេត្តកណ្ដាលនៅទីនេះ។ ខេត្តកណ្ដាលបានបាត់ទឹកដីបន្តិចម្ដងៗ ទៅរាជធានីភ្នំពេញ … ឥឡូវ(ភាគច្រើន)ទៅជាអ្នកក្រុង។ (ថ្មីៗនេះ) ទើបបាត់ក្រុងអរិយក្សត្រមួយទៀត។ កាលមុនដង្កោអីនេះ របស់ខេត្តកណ្ដាលទេតើ។ ថ្ងៃមុនមានអ្នកលើកយោបល់ថា គួរតែយកខេត្តកណ្ដាលឱ្យខេត្តរើទីតាំងមកនេះមក ព្រោះជីវភាពប្រជាពលរដ្ឋរីកចម្រើន។ ខាងនោះក៏យកដែរ។ រីកទៅខាងព្រែកព្នៅខាងអី។ បានន័យថា ប្រជាពលរដ្ឋកាន់តែរីក ភូមិសាស្ត្ររដ្ឋបាលកាន់តែរីក ដោយសារជីវភាពប្រជាពលរដ្ឋ អញ្ចឹងត្រូវការបង្វែការបម្រើសេវាចូលទៅក្នុងរាជធានីភ្នំពេញ។
(២៤) ដើម្បីការរីកចម្រើន ទាមទារសុខសន្តិភាព ការដឹកនាំនយោបាយត្រឹមត្រូវ និងការប្តេជ្ញាជម្នះឧបសគ្គ
ហ្នឹងហើយគឺការរីកចម្រើន។ អ្វីដែលសំខាន់គឺវាទាមទារនូវ កត្តាទី១ សុខសន្តិភាព ស្ថេរភាព ទី២ ការដឹកនាំទទួលខុសត្រូវ គោលនយោបាយត្រឹមត្រូវ និងទី៣ការប្តេជ្ញាចិត្តខ្ពស់ក្នុងការជម្នះរាល់ឧបសគ្គដើម្បីទាញយកផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ រាល់ថ្ងៃនេះ មិនមែនអត់ឧបសគ្គទេបងប្អូន គ្រាន់តែនៅក្រៅប្រទេសហ្នឹងយើងត្រូវប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងនៅក្នុងតំបន់។ ថ្ងៃមុនខ្ញុំទៅវេទិកាខ្សែក្រវាត់ និងផ្លូវ កាលមុននៅអាស៊ាន យើងគិតតែក្នុងអាស៊ានទេប្រកួតប្រជែង ១០ ប្រទេស ដល់ពេលខ្ញុំទៅវេទិកានោះ ជាង ១០០ ប្រទេសចូលរួម ពីអាហ្វ្រិក ពីអាមេរិកឡាទីន ពីគ្រប់ប្រទេសទាំងអស់ សុទ្ធតែប្រកួតប្រជែងជាមួយយើងទាំងអស់។ អញ្ចឹង លើពិភពលោកនេះ រាប់រយប្រទេសដែលប្រកួតប្រជែង ជាបញ្ហាប្រឈម។ អញ្ចឹងទាមទារឱ្យយើងដាក់ចេញនូវគោលនយោបាយពង្រឹងប្រទេសរបស់យើង ពង្រឹងប្រជាពលរដ្ឋរបស់យើង ពង្រឹងលក្ខខណ្ឌនៅក្នុងការសម្របសម្រួលការវិនិយោគ ហើយដើរទាក់ម៉ូយឱ្យបានច្រើន ដើម្បីហៅគេមក។ សូម្បីតែទាក់ម៉ូយហ្នឹងក៏គេថា ហ៊ុន ម៉ាណែត ហ្នឹងស្អីៗដែរ។ មិនធ្វើក៏ថា ធ្វើក៏ថា។ ឥឡូវធ្វើហើយ។ ថាចុះ។ សំខាន់ឱ្យប្រជាជនបានផល។ អង្កាល់មុនគេជេរសម្តេច(តេជោថា)ឱ្យតែចេញទៅក្រៅប្រទេស ស្នើសុំកម្ចីជាថវិកាយកមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ គេជេរមិនចប់។ រិះគន់មិនចេះចប់។ តែអ្នកជេរហ្នឹងណា ពេលស្ពានធ្វើហើយប្រើដែរ។ ពេលសម្តេចខ្ចីលុយជប៉ុនយកមកធ្វើស្ពានគីហ្ស៊ូណា អ្នកដែលជេរសម្តេចខ្ចីលុយ ស្ពានធ្វើហើយឆ្លងដែរ។
(២៥) កសាងហេដ្ឋារចនាសម្ព័ន្ធធំៗ បម្រើសកម្មភាពសេដ្ឋកិច្ចជាតិ ដោយកម្ចីនិងដោយ BOT
អ្នកដែលជេរសម្តេចថា ទៅទាក់ទង(ទទួល)វិនិយោគចិន ហើយឥឡូវជេរដល់ខ្ញុំទៀត ទៅឃើញតែវិនិយោគចិន បាត់អធិបតេយ្យភាពអស់ហើយ។ ដល់ចិនមកវិនិយោគបើករោងចក្រ ខ្លះឱ្យកូនចៅទៅធ្វើការដែរបានប្រាក់ខែដែរ។ អ្នកគាំទ្រខ្លួនឯងក៏បានប្រាក់ខែ។ ដើម្បីផលប្រយោជន៍រួម យើងមិនមែនបាត់អធិបតេយ្យភាពទៅប្រទេសណាទេ។ យើងមិនខ្ចី(បុលឱ្យជាប់)បំណុលគ្មានហេតុផល រហូតដល់ជំពាក់វ័ណ្ឌកដូចគេថានោះទេ។ ប្រទេសលើពិភពលោកតិចបំផុតដែលអត់មានបំណុល។ ប្រទេសអត់មានបំណុល ក៏ត្រូវចេញបំណុលខ្ចីទៅលើប្រជាពលរដ្ឋខ្លួនឯងដែរ។ ប្រទេសតិចណាស់ ដូចជាវ៉ាទីកង់តូចមួយ គាត់មិនខ្ចីលុយអ្នកណា។ ប៉ុន្តែភាគច្រើនគឺដើម្បីចំណូល។ សូម្បីតែជប៉ុនខ្លួនឯង បន្ទុកបំណុលរបស់គាត់លើស ១០០ ភាគរយនៃ ផ.ស.ស។ អាមេរិក បារាំងអី ដូចតែគ្នាដែរដើម្បីការវិនិយោគ។ ប្រជាពលរដ្ឋយើងដូចគ្នា។ ប៉ុន្តែវិនិយោគទទួលខុសត្រូវ មិនមែនយកលុយមកដើម្បីទិញឡាន មិនមែនយកលុយមកទៅទិញយន្តហោះ យកលុយដើម្បីទិញអ្វីដែលអត់បម្រើការនោះទេ។ យើងយកលុយមកដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗ បម្រើដល់សេដ្ឋកិច្ចជាតិ …។
កន្លែងខ្លះ យើងមិនខ្ចីលុយទៀត។ យើងឱ្យវិនិយោគមកដាក់ទុនតាមរូបភាព BOT។ គេទៅខ្ចីលុយមក គេអ្នកទៅជំពាក់ធនាគារ តែយើងឱ្យសិទ្ធិគេធ្វើអាជីវកម្ម។ ឧទាហរណ៍ធ្វើផ្លូវល្បឿនលឿនភ្នំពេញ-កំពង់សោម ត្រូវចំណាយ ២ ០០០ លានជាងដុល្លារ បើរដ្ឋធ្វើខ្លួនឯង រដ្ឋត្រូវទៅខ្ចីលុយ ២ ០០០ លាន ដើម្បីយកមកធ្វើ។ តែយើងឱ្យក្រុមហ៊ុនវិនិយោគឯកជនមួយគាត់មកធ្វើ … តែយើងឱ្យសិទ្ធិគាត់ធ្វើអាជីវកម្ម។ ប៉ុន្មានឆ្នាំចប់ត្រូវផ្ទេរមកឱ្យរដ្ឋយើងវិញ។ ប្រទេសច្រើនណាស់ធ្វើដូចហ្នឹង។ យើងធ្វើ(តាមគ្រប់)រូបភាពទាំងអស់ ទាំងផ្លូវមួយចំនួន ទាំងព្រែកជីកហ្វ៊ូណន ទាំងផ្លូវដែក … គឺបានផលសម្រាប់បងប្អូនហ្នឹងឯង។ ខ្ញុំទៅចិនថ្ងៃមុន ទូរទស្សន៍ចិនសម្ភាសន៍ថា គម្រោងផ្លូវខេត្តព្រះសីហនុ-ភ្នំពេញ ហ្នឹងបានផលមកពីណា? មុនមក គាត់សម្ភាសន៍ជាមួយនឹងអ្នកបើកឡានដឹកជញ្ជូនទំនិញឱ្យក្រុមហ៊ុន(ដែលជា)ប្រជាពលរដ្ឋធម្មតា។ គាត់ថា កាលពីមុនមួយថ្ងៃដឹកបានតែមួយជើង។ ឥឡូវគាត់ដឹកបាន ២ទៅ ៣ជើង។ អ្នកណាខាត? គឺខាតអ្នកភ្នំពេញទៅប្រជុំនៅកំពង់សោម និងអ្នកកំពង់សោមមកប្រជុំនៅភ្នំពេញ។ កាលមុនផ្លូវចង្អៀត ប្រាប់ប្រពន្ធថាទាល់តែដេកមួយយប់។ ឥឡូវប្រពន្ធលែងឱ្យទៅដេកមួយយប់ហើយ។ បងឯងចេញម៉ោង ៥ ព្រឹក ប្រជុំចប់ចេញមកវិញតែ ២ម៉ោងទេ …។
បន្តិចទៀតយើងធ្វើបន្ថែម ផ្លូវ(ល្បឿនលឿន)ភ្នំពេញ-បាវិត និងកំពុងសិក្សាភ្នំពេញទៅសៀមរាប-ប៉ោយប៉ែត-កំពង់ធំ … យើងកំពុងតែសិក្សាធ្វើផ្លូវដែកបន្ថែម ឱ្យប្រព័ន្ធតភ្ជាប់ដឹកទំនិញពីលិចទៅកើត ពីជើងទៅត្បូង ឱ្យណែន។ ដើម្បីអ្វី? ពេលដែលផ្លូវវាទៅដល់ រោងចក្រ ការងារ វាទៅដល់ទីនោះដូចគ្នា។ រោងចក្រ ការងារកាន់តែទំនើប ប្រទេសយើងកាន់តែប្រកួតប្រជែង ទាញគេមកផលិតកាន់តែច្រើន បានផលបងប្អូននៅទីនេះ បានផលសម្រាប់អ្នកជំនាន់ក្រោយរបស់បងប្អូន។ ថ្ងៃនេះ ជិតកើត ៩ខែ កូនអាយុ ១៨ឆ្នាំ កាន់តែខ្វាត់ខ្វែងជាងហ្នឹងទៀត កាន់តែទំនើបជាងនេះ …។
អរគុណប្រជាពលរដ្ឋដែលបានគាំទ្រ និងមានជំនឿទុកចិត្តលើគណបក្សប្រជាជន
រាជរដ្ឋាភិបាលអាណត្តិនេះ មិនខុសពីអាណត្តិមុនៗទេ។ គណបក្សប្រជាជនកម្ពុជាប្តេជ្ញាចិត្តបង្កើតសមិទ្ធផលថ្មីៗជូនបងប្អូនលើគ្រប់វិស័យទាំងអស់។ អញ្ចឹងខ្ញុំនិយាយតែប៉ុណ្ណឹងចុះ … ថ្ងៃនេះ មេឃស្រទុំ ភ្លៀងពីយប់ ស្រោចដីឱ្យត្រជាក់។ អម្បាញ់មិញស្រោចបន្តិចបន្តួចលើបងប្អូនផង។ ជួបគ្នាថ្ងៃនេះ ដើម្បីបញ្ជាក់តែប៉ុណ្ណឹងទេ បញ្ជាក់ថា ទី១ ការអរគុណរបស់គណបក្សប្រជាជនកម្ពុជាចំពោះបងប្អូនប្រជាពលរដ្ឋដែលបានគាំទ្រ។ ទី២ បងប្អូនជឿទុកចិត្ត បងប្អូនមិនខកចិត្តទេ តាមរយៈការបញ្ជាក់ថា ខ្ញុំក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់ គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បានគិតគូរជាប្រចាំ បានរៀបចំគោលនយោបាយ រៀបចំជាផែនការអនុវត្ត និងគ្រោងអនុវត្ត ដើម្បីក្នុងមួយអាណត្តិនេះផ្តល់ផលឱ្យបងប្អូនប្រជាពលរដ្ឋបន្ថែមតទៅទៀត។ សុំឱ្យបងប្អូនជឿចុះ គ្រប់វិនាទីទាំងអស់ ផលប្រយោជន៍ប្រជាជន ជំនាន់នេះ និងជំនាន់ក្រោយៗនៅតែជាអ្វីដែលជាគោលដៅរបស់រាជរដ្ឋាភិបាល និងបន្តធ្វើឱ្យបងប្អូនបន្តថែមទៅទៀត។
សំខាន់ចុងក្រោយគឺថាមកកេងចំណេញបានប៉ុន្មានខ្សឺតដែរព្រឹកនេះ។ ខ្ញុំមកខេត្តកណ្តាល ២ ដង មកលើកមុន ៣ទៅ ៤នាក់ថា បងអើយខ្ញុំចាំបងឯងតាំងពីម៉ោង ២យប់មិញ … ថ្ងៃនេះអត់មានអ្នកណាអស់ថ្មទេ គ្រាន់តែមានទូរសព្ទខ្លះ program ចង់ភ្ញាក់ ថតទៅចេញបបូរមាត់ឡើងក្រហម ហើយមានដុះត្រចៀក។ អរគុណណាស់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំដែលបានឆ្លៀតឱកាសចូលរួមនៅព្រឹកនេះ។ អរគុណបណ្តាក្រុមហ៊ុន សហគ្រាស វិស័យឯកជន ដែលបានជឿទុកចិត្តក្នុងការវិនិយោគទុននៅក្នុងប្រទេសកម្ពុជា ហើយខិតខំរួមជាមួយរាជរដ្ឋាភិបាលអនុវត្តនូវច្បាប់ការងារជួយដល់បងប្អូនប្រជាពលរដ្ឋ ការរីកចម្រើនប្រកបដោយភាពទទួលខុសត្រូវឈ្នះៗទាំងអស់គ្នា និងជឿទុកចិត្តបន្តដាក់ទុន និងបន្តប្រតិបត្តិការ និងពង្រីកទុនតទៅទៀត។ អរគុណចំពោះផ្តល់ឱកាសឱ្យបងប្អូនបានចូលរួមនៅថ្ងៃនេះដោយនឹងសម្រាកពេញមួយថ្ងៃ ហើយជាពិសេសអរគុណដល់បងប្អូនយើង កម្មករ និយោជិតទាំងអស់ ទាំង ១៨ ០០០ នាក់ ដែលបានឆ្លៀតឱកាសចូលរួមថ្ងៃនេះ។ សូមជូនពរ និងប្រសិទ្ធពរឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីសប្បាយ សុភមង្គល ទទួលបាននូវសុខភាពល្អ អាយុយឺនយូរ និងទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃនេះ សម្រាប់បងប្អូន កម្មករ កម្មការិនីចំនួន ១៨ ១៩០ នាក់ ម្នាក់ៗទទួលបានអាហារសម្រន់ និងថវិកា ២ ម៉ឺនរៀល បន្ថែមជូនកម្មការិនីមានផ្ទៃពោះ ៦៥៣ នាក់ ម្នាក់ៗថវិកា ២០០ ដុល្លារ។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ៣ លានរៀល ហើយជូនតន្រ្តីសម័យថវិកា ៥ លានរៀល។ មានអ្នកឆ្លងទន្លេ ២ នាក់ ម្នាក់បានកូនស្រី និងម្នាក់ទៀតបានកូនប្រុស ក្នុងម្នាក់បានថវិកា ៤ លានរៀន បន្ថែមទៀត៕