(១) តួសម្ដែងច្រើនជំនាន់ខុសគ្នា សម្ដែងក្នុងរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី”
ថ្ងៃនេះ ជាការបង្ហាញមុខដំបូង បន្ទាប់ពីថ្ងៃទី ២២ ខែសីហា កន្លងទៅ ដែលពេលនោះ ខ្ញុំធ្វើសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់ឲ្យអ្នកជំនាន់ក្រោយបន្តវេន គ្រប់គ្រងដឹកនាំនីតិប្រតិបត្តិ។ ខ្ញុំសូមអរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីបិទកញ្ចក់កាម៉េរ៉ាថតខ្សែភាពយន្ត រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី»។ អម្បាញ់មិញ ឯកឧត្តម ហ៊ុយ វាសនា បានធ្វើរបាយការណ៍ទាក់ទង នឹងដំណើរការថតរឿងនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះអ្នកដឹកនាំរឿង ក៏ដូចជាកោតសរសើរចំពោះអ្នកបច្ចេកទេស កោតសរសើរចំពោះតួសម្ដែងទាំងអស់។ យើងមានតួសម្ដែងច្រើន ដែលខ្ញុំសូមបញ្ជាក់ថាគ្របដណ្ដប់ត្រឹមតែប្រមាណជាមិនដល់ ៣០% នោះទេ។
បើយោងទៅលើកត្តាប្រវត្តិសាស្ត្រពិត រឿងនេះមានតួអង្គច្រើនទៀតដែលយើងមិនបានរំលឹក ហើយប្រសិនបើត្រូវថតឱ្យអស់សាច់រឿង រឿងនេះអាចឈានដល់ ៣០០ ភាគ ក៏ថាបាន។ ប៉ុន្តែយើងមិនមានលទ្ធភាពធ្វើបែបនោះទេ។ យើងបានប្រមូលតួសម្ដែងតាំងពីសម័យសង្គមរាស្ត្រនិយម និងបន្តបន្ទាប់ទៀតច្រើនជំនាន់ខុសគ្នា ដើម្បីសម្ដែងរឿងនេះ។ ខ្ញុំយល់ពីការលំបាកនៃការថតរឿងនេះ។ ដែលលំបាកជាងគេ ដូចដែលខ្ញុំនិយាយពេលដែលយើងចាប់ផ្ដើមក្រុងពាលីដើម្បីរៀបចំថតខ្សែភាពយន្តនេះគឺតួសម្ដែងរបស់យើង មិនដូចតួអង្គជាក់ស្តែងកាលពីសម័យនោះទេ។ ខ្ញុំបាននិយាយថា ត្រូវយកតួសម្ដែងទៅលុតដំ ៦ខែសិន ទើបអាចមានរាងរៅដូចមនុស្សកាលពីជំនាន់នោះ។ តួសម្ដែងមួយចំនួនត្រូវធ្វើឱ្យមុខអាក្រក់ … ធ្វើឱ្យតួសម្ដែងស្គមស្គាំង ព្រោះតួសម្ដែងធាត់ជាងតួជាក់ស្តែងកាលពីសម័យកាលនោះ។
(២) ការសន្ទនា ការច្នៃប្រឌិត ការនិទាន ជួយសំរួលដល់ការខ្វះភូមិសាស្ត្រនិងតួជាក់ស្តែង
មួយផ្នែកទៀត ភូមិសាស្ត្រនៃការថតគឺមានការលំបាក។ ប្រទេសមានការអភិវឌ្ឍខុសពីពេលមុន។ ដូចនេះយើងត្រូវស្វះស្វែងរកទីតាំង(នៅតាមគោលដៅជាច្រើនដើម្បី)ថតខ្សែភាពយន្តមួយនេះ។ បើខ្ញុំមិនច្រឡំទេ ការថតភាពយន្តនេះ ធ្វើទាំងនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពង់ចាម ត្បូងឃ្មុំ រហូតទៅដល់កំពង់ធំនិង មិនដឹងថាទីតាំងកន្លែងណាផ្សេងទៀត។ យើងពិបាករកទីតាំងថតដើម្បីឱ្យ(មានទិដ្ឋភាព)ដូចកាលពីសម័យកាលនោះ។ អ្នកដឹកនាំរឿងរបស់យើងក៏បានច្នៃប្រឌិតដើម្បីនឹងឱ្យការថតនេះសម្រេចចេញជារូបរាង។ ឯវិធីសម្ដែងទៀតសោត ដោយសារព្រឹត្តការណ៍នេះបានតភ្ជាប់ជាមួយប្រទេសជិតខាង និយាយឱ្យចំគឺប្រទេសវៀតណាម យើងគ្មានលទ្ធភាពសុំតួវៀតណាមមកចូលរួមសម្ដែងទេ។ ដូច្នេះ មានតែវិធីសាស្ត្រនិយាយ(ក្នុងការសន្ទនាដើម្បីគួបផ្សំឱ្យយល់តែប៉ុណ្ណោះ។ មានចលនាតស៊ូផ្សេងទៀត ដូចជាចលនាប៉ះបោរនៅបូព៌ាទិស ចលនានៅភូមិភាគឦសាន ចលនានៅកោះកុង ចលនាអ្នកប្រមូលផ្ដុំក្រោយសន្និសីទហ្សឺណែវ ដែលយើងមិនអាចទៅរកតួអង្គទាំងនោះមកថតបានទេ។ ដូច្នេះ យើងមានតែប្រើប្រាស់វិធីនិទាន ដើម្បីឱ្យយល់នូវព្រឹត្តិការណ៍ទាំងនោះ។ រឿងរ៉ាវមួយចំនួនត្រូវបានរំលេចឡើងតាមរយៈការសន្ទនា។ ការសន្ទនានោះហើយដែលអាចធ្វើឱ្យដឹងពីប្រវត្តិនៃការឆ្លងកាត់ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ។
(៣) ចំណាយច្រើនបំផុតក្នុងប្រវត្តិភាពយន្តខ្មែរ តួអង្គក្នុងសាច់រឿង ៤ នាក់មិនបានទស្សនាភាពយន្តថតចប់
ខ្ញុំសូមយកឱកាសនេះថ្លៃអំណរគុណចំពោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងអង្គភាពអង្គរក្សដែលបានជួយរៀបចំប្រតិបត្តិការថតរឿងដ៏សំខាន់នេះ។ សូមអរគុណចំពោះអង្គរក្សដែលប្រឹងប្រែងកាត់បន្ថយប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌសម្រាប់ការប្រយុទ្ធដោយគ្រាប់ពិត។ តាមពិត ការប្រយុទ្ធនីមួយៗ មិនមានរយៈពេលខ្លីដូចនៅក្នុងរឿងទេ។ ជួនកាលវាយគ្នា២០ថ្ងៃ។ ប៉ុន្តែនៅក្នុងរឿង ជួនកាលត្រូវរបួសឆាប់ពេក ព្រោះគ្រាន់តែជាបង្ហាញឈុតឆាកខ្លះៗ តែប៉ុណ្ណោះ មិនមែនវាយគ្នា ១ម៉ោង ឬ១៥នាទី ដកថយទេ។ វាយគ្នាមួយយប់ទល់ភ្លឺ។ ជួនកាលវាយជាប់ដៃគ្នាដល់ទៅកន្លះខែ ឬ២០ថ្ងៃ ក៏មាន។ ការតស៊ូទៀតសោតគឺត្រូវឆ្លងកាត់នូវដំណាក់កាលដ៏លំបាកៗ …។
មានរឿងមួយដែលគួរនិយាយ។ ខ្ញុំឃើញចំណុចដែលទាក់ទិននឹង(សម្ដេច) ម៉ែន សំអន ព្យាបាល ប៉េង ប៉ាត់ ខ្ញុំក៏មិនថាអីទេ ព្រោះនេះជាសាច់រឿង។ ដល់ពេលដែលសួរ សំអន គាត់ធ្លាប់ព្យាបាល ប៉េង ប៉ាត់ មែន។ បានក្រោយមក ប៉េង ប៉ាត់ និងសំអន បាន(ទទួលគ្នាជាប្តីប្រពន្ធ)ទៅ។ រឿងវាចាប់ផ្ដើមពីបែបនេះ។ (ឈុត)នោះដោយសារតែអ្នកនិពន្ធរបស់យើងបានទៅសម្ភាសន៍ ម៉ែន សំអន ដោយផ្ទាល់។ ខ្ញុំសូមអរគុណចំពោះសប្បុរសជននានាដែលបានចូលរួមជួយនៅក្នុងការផ្គត់ផ្គង់ថវិកាថតរឿងនេះ ដែលជាការចំណាយច្រើនបំផុតនៅក្នុងប្រវត្តិនៃខ្សែភាពយន្តរបស់កម្ពុជា។
ខ្ញុំមានការសោកស្ដាយដែលតួអង្គ ៤នាក់ បានមរណកាល នៅក្នុងរយៈពេលនៃការថតរឿងនេះ។ ទី១ មេបញ្ជាការ សុខ សារឿន កាលដែលយើងចាប់ផ្ដើមថតគាត់នៅរស់។ ទី២ បងប្រុសរបស់ខ្ញុំ ហ៊ុន ណេង ពេលដែលយើងចាប់ផ្ដើមថតគាត់នៅរស់។ ទី៣ អ្នកគ្រូពេទ្យ តាំងលី ពេលដែលយើងចាប់ផ្ដើមថតគាត់រស់។ និងទី៤ ប្អូនថ្លៃពៅរបស់ខ្ញុំ កាលដែលថតគាត់នៅរស់។ ឥឡូវភាពយន្តបានថតចប់សព្វគ្រប់ ប៉ុន្តែពួកគាត់មិនបានមើលរឿង ដែលត្រូវបានសម្ដែង ដោយមានខ្លះជាតួអង្គរបស់គាត់នោះទេ។
(៤) សូមកុំឱ្យប្រវត្តិសាស្ត្រមានបញ្ចូលគំនិតអ្នកនិពន្ធ ធ្វើអោយរឿងខុសពីការពិត
ខ្ញុំមានការរីករាយជាមួយនឹងអ្វីដែលសម្រេចបាន ទោះបីថាឆ្លុះបញ្ចាំងមិនអស់នូវអ្វីដែលវាបានកើត ក៏ប៉ុន្តែខ្ញុំក៏មានសំណូមពរថាសូមកុំឱ្យមានរឿងប្រវត្តិ ហ៊ុន សែន ដល់ទៅ២ … សូមប្រើប្រាស់នូវអ្វីដែលមាននៅក្នុងខ្សែភាពយន្តនេះជាមូលដ្ឋាន សម្រាប់ការឆ្លុះបញ្ជាំងអំពីដំណើរជីវិតរបស់ខ្ញុំ។ អ្វីដែលខ្ញុំខ្លាចបំផុតគឺរឿងប្រវត្តិសាស្ត្របានបញ្ចូលនូវគំនិតរបស់អ្នកនិពន្ធ ហើយធ្វើឱ្យរឿងនោះគឺក្លាយទៅជារឿងខុសការពិត។ ឧទាហរណ៍ ខ្ញុំបានសំណូមពរឱ្យផ្អាកការបញ្ជាំងនៅតាមទូរទស្សន៍នានា ហើយរៀបចំការចាក់ផ្សាយឡើងវិញនោះគឺចម្រៀងបទ «អនិច្ចាកូនកម្សត់ ប្រវត្តិម្តាយកម្ម» ដែលនៅក្នុងរូបភាពនៃការចាក់ផ្សាយនោះ បានឃើញពេទ្យឆ្មបបោះកូនទៅក្រៅផ្ទះ។ នេះវាខុសពីការពិត។ ឥឡូវមានរូបភាពនៅក្នុងខ្សែភាពយន្តនេះហើយ។ ប្រសិនបើយើងចង់ដាក់ចូលគឺយើងត្រូវដាក់សាច់រឿងពិតដែលវាបានកើតឡើង ដូចដែលខ្សែភាពយន្តនេះបានបង្ហាញ។
(៥) ឆ្លុះបញ្ចាំងការពិតជាប្រវត្តិផ្ទាល់ខ្លួន ការតស៊ូរបស់ប្រជាជននិងអ្នកស្នេហាជាតិ រួមគ្នារំដោះប្រទេស
អញ្ចឹងសុំបញ្ជាក់ថា ខ្សែភាពយន្តទាំង ៩៦ភាគនេះ ត្រូវឆ្លងកាត់គ្រប់ពេលនូវការពិនិត្យរបស់ខ្ញុំ។ ពេលខ្លះខ្ញុំឱ្យថតឡើងវិញ។ សូម្បីតែស្លៀកពាក់មិនត្រូវ ទីកន្លែងនិងរបៀបសន្ទនាមិនត្រូវក៏ត្រូវឱ្យកែ។ មានឈុត(ដែលត្រូវបានអោយ)ថតឡើងដូចជា ៤ ឬ៥កន្លែងដែរ ប៉ុន្តែភាគច្រើនជាងគេគឺការស្លៀកពាក់ខុស។ អញ្ចឹងទេនៅពេលដែលឆ្លងមកខ្ញុំនោះ ខ្ញុំក៏បានផ្តល់មតិឱ្យមានការកែតម្រូវឡើងវិញ បើមិនដូច្នេះទេស្ថានភាពគឺខុសជាមួយនឹងការពិត ដែលហៅថា រូបភាពក្បត់និងខ្លឹមសារ។ ឆ្លងកាត់នូវការធ្វើរឿងនេះ ខ្ញុំយល់បានអំពីការលំបាករបស់អ្នកធ្វើខ្សែភាពយន្ត ទាំងអ្នកនិពន្ធ អ្នកដឹកនាំរឿង ទាំងតួសម្តែង មិនមែនជាការងាយស្រួលទេ។
អ្វីដែលជារឿងគ្រោះថ្នាក់នោះនៅត្រង់ថា ត្រង់វគ្គដែលខ្ញុំយល់សប្តិធ្លាក់ទៅក្នុងទឹកទន្លេ ហើយទឹកទន្លេគួចចេញទៅខាងក្រៅ។ ពិតជាមានរឿងអព្ភូតហេតុបែបនេះមុនពេលខ្ញុំចាកចេញ ២ថ្ងៃ។ ខ្ញុំឈរនៅមាត់ទន្លេនៅស្រុកកំណើតរបស់ខ្ញុំ។ ទឹកទន្លេបានគួច ច្រាំងទន្លេបានបាក់ ហើយទឹកទន្លេបានកួចខ្ញុំចេញពីច្រាំងទន្លេទៅដល់ពាក់កណ្តាលទន្លេ ហើយបានទឹកកួចខ្ញុំចូលមកដល់ច្រាំងវិញ។ អ្នកនិពន្ធ អ្នកដឹកនាំរឿង បានយករឿងនេះមកថត។ តួឯក ប៉ាន ខែមម៉ានូ ស្ទើរតែបាក់ឆ្អឹងខ្នងដោយសារតែទម្លាក់ខ្លួនរាងជ្រុល។ ជាសំណាងហើយដែលគាត់នៅសម្តែងបាន។ ប្រសិនបើមិនអញ្ចឹងទេ រឿងនេះមិនអាចចប់ទេ។
ខ្ញុំក៏សុំអរគុណចំពោះ ឯកឧត្តម ហ្វៃ សំអាង ក៏ដូចជា ឧកញ៉ា ហេង ឡុង ដែលបានសម្តែងទាក់ទងជាមួយនឹងការថតមួយផ្នែកទៀត ទុក្ខស្រី ប្តីព្រាត់ និង ជីវិតក្មេងវត្ត។ ថ្ងៃនេះ មានការចូលរួមចំនួន ៥០នាក់ ដែលមកទទួលមេដាយផងដែរ ព្រមទាំងអ្នកចម្រៀងទាក់ទិននឹងការបញ្ចូលសម្លេងក្នុងខ្សែភាពយន្តនេះ មានលោក ជិន វឌ្ឍនា អ្នកស្រី ហ៊ឹម ស៊ីវន និងដូចជា អ្នកដែលច្រៀងបទដែលមានបញ្ចូលទៅក្នុងខ្សែភាពយន្តនេះ ត្រង់អានសំបុត្រស្ទើរបែកដើមទ្រូង។ ការថតនេះក៏បានក្លាយទៅជាព្រឹត្តិការណ៍មួយ។ អ្វីដែលជាសំណូមពររបស់ខ្ញុំ គឺកុំឱ្យមានប្រវត្តិដល់ទៅពីរ។ តើប្រវត្តិមួយណាពិត ប្រវត្តិមួយណាមិនពិត?
កាលពីជំនាន់មុនគឺ ហង្សមាស បានថតគឺដឹកនាំដោយលោក ហ្វៃ សំអាង គឺថត ទុក្ខស្រីប្តីព្រាត់ អញ្ចឹងទុក្ខស្រីប្តីព្រាត់។ កាលពីពេលនោះ ឈុំ អាឈុន ឆ្លងទឹក រួចហើយលួចកាច់ពោតស៊ី ចេញមកធ្វើរដ្ឋមន្ត្រីការបរទេស។ វាមិនមែនដូច្នោះទេ។ ប្រវត្តិរឿងរ៉ាវវាមានច្រើន។ រឿងនេះបានឆ្លុះបញ្ចាំងការពិតនៅក្នុងប្រវត្តិនៃខ្លួនខ្ញុំផង ហើយវាទាក់ទងនឹងប្រវត្តិនៃការតស៊ូរបស់ប្រជាជនកម្ពុជា ដែលមានក្រុមអ្នកស្នេហាជាតិដទៃទៀត រួមគ្នាដើម្បីរំដោះប្រទេសរបស់យើង។
(៦) ចេញពីអំណាច ដោយសារគិតគូរពីកត្តាសន្តិភាពនិងស្ថេរភាពសម្រាប់ប្រទេស
រឿងវាដូចជាគាប់ជួនណាស់។ ថ្ងៃទី២៥ ខែកក្កដា ខ្ញុំបានចូលគាល់ព្រះមហាក្សត្រ រួចហើយចេញត្រឡប់មកវិញ ខ្ញុំបានប្រកាសថា ខ្ញុំមិនបន្តតំណែងជានាយករដ្ឋមន្រ្តីនៅក្នុងអាណត្តិថ្មីនេះទេ គឺត្រូវប្រគល់ទៅឲ្យអ្នកបន្តវេនជំនាន់ក្រោយ។ គាប់ជួននៅថ្ងៃនោះ គឺទាក់ទិនជាមួយនឹងយកកំណើតរបស់ ហ៊ុន ម៉ាណែត តែម្ដង។ នេះគឺជាការគាប់ជួន។ អ្នកទាំងអស់គ្នាអាចចោទសួរថា (សម្ដេចនៅ)មានកម្លាំង ហេតុអ្វីមិនបន្តធ្វើនាយករដ្ឋមន្រ្តីតទៅទៀត ចាំបាច់បន្តវេនអី? វាមិនមែនជាបញ្ហាផ្ទាល់របស់ខ្ញុំ ហើយវាមិនមែនជាបញ្ហារបស់ ហ៊ុន ម៉ាណែត ម្នាក់ឯងទេ ក៏ប៉ុន្តែនេះវាជាបញ្ហារួមរបស់ជាតិយើង។ សូមប្រយ័ត្នប្រយែងកុំឲ្យហួសពេល។
តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោកនេះ ដែលសុខចិត្តលះបង់អំណាចនៅពេលដែលខ្លួនប្រជាប្រិយភាពកំពុងឡើងខ្ពស់? អ្នកដទៃគិតផ្សឹង។ មនុស្សមួយចំនួនចុះចេញពីអំណាចនៅពេលដែលធ្លាក់ឆ្នោត មនុស្សមួយចំនួនចុះចេញពីអំណាចដោយសារតែបញ្ហានេះ/នោះ តែសម្រាប់ខ្ញុំ ការចុះចេញពីអំណាចដោយសារការគិតគូរសម្លឹងទៅឲ្យឆ្ងាយពីកត្តាសន្តិភាពសម្រាប់ប្រទេសរបស់យើង។ ជាងមួយខែនៃការរៀបចំរាជរដ្ឋាភិបាលថ្មី តើប្រជាជនកម្ពុជាមានការភ័យខ្លាចដោយសារការផ្លាស់ប្ដូរមេដឹកនាំទេ? តើប្រជាជនបានទៅដកប្រាក់ ត្រៀមអង្ករដើម្បីត្រៀមរត់នោះទេ? អត់ទេ។ ប្រសិនបើទុកយឺតបន្តិចរហូតដល់សុខភាពខ្ញុំមានបញ្ហា ឬរហូតខ្ញុំស្លាប់ រឿងវានឹងច្របូកច្របល់សម្រាប់ប្រទេសជាតិ។ ដូច្នេះ ខ្ញុំអាចនិយាយបានថា ការលះបង់របស់ខ្ញុំគឺជាការលះបង់ដើម្បីប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។
វាមិនមែនបញ្ហា ហ៊ុន ម៉ាណែត តែម្នាក់ទេ។ ឥឡូវរដ្ឋមន្រ្តីក្មេងៗ គេកំពុងកាន់ការយ៉ាងខ្ជាប់ខ្ជួន។ ខ្ញុំក៏បញ្ជូនសារទៅឲ្យក្រុមប្រឆាំងទាំងឡាយបានភ្លឺភ្នែក។ អ្នកទាំងនោះ បានវាយតម្លៃថា ហ៊ុន សែន មិនហ៊ានចុះចេញពីអំណាចទេ។ អ្នកស្គាល់ ហ៊ុន សែន តិចពេកហើយ។ អ្នកត្រូវរៀនសូត្រពី ហ៊ុន សែន បន្ថែមទៀត។ ហ៊ុន សែន ហោចណាស់ក៏រស់បាន ៣០ឆ្នាំទៀតដែរ។ អ្នកឯងចាំមើលទៅ។ ហើយ ហ៊ុន សែន ក៏នៅតែមានឥទ្ធិពលនយោបាយនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំរីករាយដែលបានរៀបចំអោយស្ថិរភាពបន្តកើតមាននៅក្នុងប្រទេស។
(៧) បើរដ្ឋាភិបាលអ៊ីស្រាអែលមិនតម្រូវអោយចាកចេញ យើងកុំរត់ចោលប្រជាជនអ៊ីស្រាអែល
ក្នុងប៉ុន្មានថ្ងៃនេះ មានរឿងរ៉ាវកើតនៅអ៊ីស្រាអែល។ នាយករដ្ឋមន្រ្តី បណ្ដារដ្ឋមន្រ្តីដែលមានការពាក់ព័ន្ធ កំពុងតាមដានដោយដិតដល់នូវព្រឹត្តិការណ៍។ មានអ្នកលើកឡើងដូចកាលពីឆ្នាំ២០១៣/២០១៤ ទៀតហើយ។ អ្នកទាំងអស់គ្នាអាចចាំបានថា កូរ៉េខាងជើងបានគំរាមកំហែងវាយប្រហារទៅលើកូរ៉េខាងត្បូង។ ប្រទេសមួយចំនួននៅក្នុងតំបន់បានប្រកាសថាត្រៀមយន្តហោះទៅដឹកជម្លៀសប្រជាជនរបស់គេចេញពីកូរ៉េខាងត្បូង។ ក្នុងពេលដដែល ក្រុមប្រឆាំងបានចោទមកលើខ្ញុំថា គ្មានគិតគូរអ្វីទៅលើពលករដែលរស់នៅកូរ៉េខាងត្បូង។ ពេលនោះ ខ្ញុំបានឆ្លើយតប អំពាវនាវចំពោះពលករយើងដែលនៅកូរ៉េខាងត្បូងកុំរត់ចោលប្រជាជនកូរ៉េខាងត្បូង។ ត្រូវរស់នៅជាមួយប្រជាជនកូរ៉េខាងត្បូង។
ឥឡូវករណីដូចគ្នា។ ប្រទេសមួយចំនួនត្រៀមយន្តហោះទៅដឹកនិស្សិតនិងពលកររបស់គេពីអ៊ីស្រាអែល។ អម្បាញ់មិញ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រាប់ខ្ញុំថា យើងមិនមានលទ្ធភាពធ្វើបែបនេះទេ។ ប្រជាជនអ៊ីស្រាអែលរស់នៅរបៀបណា គឺយើងរស់នៅរបៀបហ្នឹង។ នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីកសិកម្មដែលមាននិស្សិតច្រើនជាងគេ បានធ្វើការស្ទើពេញមួយយប់។ រដ្ឋមន្រ្តីអប់រំបានធ្វើកិច្ចការនេះ។ ជាអកុសលនិស្សិតយើងម្នាក់បានស្លាប់។ ឥឡូវយើងកំពុងតាមមើលអំពីសុវត្ថិភាពនៃពលរដ្ឋរបស់យើងនៅអ៊ីស្រាអែល។ ប្រសិនបើរដ្ឋាភិបាលអ៊ីស្រាអែល មិនតម្រូវឲ្យយើងចាកចេញទេ យើងកុំរត់ចោលប្រជាជនអ៊ីស្រាអែល។
ករណីដូចគ្នានៅកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៣-២០១៤ ឥឡូវនេះបានកើតឡើងនៅឯអ៊ីស្រាអែល។ ប្រសិនបើរត់ចោលប្រជាជនអ៊ីស្រាអែល ក្នុងពេលដែលប្រជាជនអ៊ីស្រាអែលជួបការលំបាក ថ្ងៃក្រោយកុំចាំបាច់សុំទៅរៀន ឬសុំទៅធ្វើការនៅប្រទេសអ៊ីស្រាអែលតទៅទៀត។ ដូចគ្នាកាលពីជំនាន់កូវីដ-១៩ នៅដើមឆ្នាំ ២០២០ ប្រទេសមួយចំនួនយកយន្តហោះទៅដឹកប្រជាពលរដ្ឋរបស់គេចេញពីប្រទេសចិន ក៏ប៉ុន្តែខ្ញុំធ្វើដំណើរទៅប្រទេសចិនដើម្បីជូនសារអំពីការសាមគ្គីភាពជាមួយនឹងប្រជាជនចិន ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ មួយផ្នែក មួយផ្នែកទៀតជូនសារទៅនិស្សិតកម្ពុជាសូមឲ្យបន្តរស់នៅជាមួយប្រជាជនចិនក្នុងកាលៈទេសៈលំបាក។
(៨) អំពាវនាវរកការសន្ទនា រកការស្រុះស្រួល តែមានយថាហេតុថា សង្គ្រាមអាចនឹងរីករាលដាល
ខ្ញុំសូមផ្តល់ជាយោបល់ដល់រាជរដ្ឋាភិបាល ដល់នាយករដ្ឋមន្រ្តី ក្នុងករណីដែលរដ្ឋាភិបាលអ៊ីស្រាអែលថាចាំបាច់ត្រូវតែជម្លៀសប្រជាពលរដ្ឋនិស្សិតកម្ពុជាចេញ យើងកុំខ្លាចនឹងចំណាយប្រាក់កាសជួលយន្តហោះពិសេសទៅដឹកនិស្សិតរបស់យើងជាង ៤០០ នាក់ ចាកចេញពីអ៊ីស្រាអែល។ ប៉ុន្តែខ្ញុំមិនជឿថាអ៊ីស្រាអែលនឹងមានសំណូមពរបែបនេះចំពោះយើងនោះទេ។ កងទ័ពយើងកំពង់ឈរជើងនៅលីបង់។ ខ្ញុំកំពុងតែគិតថា ការវាយបករបស់អ៊ីស្រាអែលទៅលើក្រុម Hamas លើកនេះ មិនមែនគ្រាន់តែតំបន់ Gaza ទេ …។
យើងមិនបញ្ចេញមតិណាមួយទាក់ទិននឹងកិច្ចការបរទេសនេះទេ។ អ្វីដែលយើងចង់បាន សូមឲ្យភាគីទាំងអស់អត់ធ្មត់ ស្វែងរកផ្លូវដោះស្រាយតាមរយៈនៃការសន្ទនា។ ខ្ញុំសូមអំពាវនាវចំពោះក្រុម Hamas ឲ្យដោះលែងចំណាប់ខ្មាំង ក្នុងហ្នឹងក៏មានពលរដ្ឋថៃចំនួនជាង ១០ នាក់ផងដែរ។ ខ្ញុំអំពាវនាវចំពោះក្រុម Hamas ថា ប្រសិនបើអ្នកចាប់ចំរិត ចាប់ជាចំណាត់ខ្មាំងយកទៅសម្លាប់ ឬធ្វើបាប គ្មានប្រយោជន៍ទេ។ ខ្ញុំអំពាវនាវ ឲ្យមានការសន្ទនា រកការស្រុះស្រួល ក៏ប៉ុន្តែខ្ញុំក៏កំពុងសម្លឹងឃើញថាសង្គ្រាមនេះនឹងរីករាលដាលទំហំ ដែលអ៊ីស្រាអែលអាចនឹងទៅត្រួតត្រាតំបន់ Gaza ឡើងវិញ បន្ទាប់ពីការដកចេញនាឆ្នាំ ២០០៥-២០០៦ ហើយអាចនឹងឈានទៅដល់ការវាយនៅលើទឹកដីលីបង់ដើម្បីបំផ្លាញចោលនូវមូលដ្ឋានរបស់ Hezbollah ដែលគាំទ្រក្រុម Hamas។ សង្ឃឹមថាកងទ័ពរបស់យើងដែលកំពុងស្ថិតនៅលីបង់រក្សាឲ្យបានខ្ជាប់ខ្ជួនស្តាប់បទបញ្ជានៃអង្គការសហប្រជាជាតិ កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
(៩) ប្រធានគណបក្សកាន់អំណាច មានសិទ្ធិបញ្ចេញយោបល់លើនយោបាយក្នុងនិងក្រៅប្រទេស
ខ្ញុំនិយាយពាក់ព័ន្ធនឹងនយោបាយបន្តិចទៅចុះ។ ហេតុអីបានជាលោក ហ៊ុន សែន ឯងនិយាយពីនយោបាយ។ ច្បាស់ជាវាយកទៅធ្វើអត្ថាធិប្បាយហើយ។ សុំផ្តាំទៅ មេបក្សកាន់អំណាច វានៅតែមានអំណាចអញ្ចឹង។ បើថាល្ងង់ណាស់ បង្រៀនបន្តិចទៅចុះ ក្រែងលោវានៅតែមិនចេះ។ ខ្ញុំបំពាក់មេដាយជូនអស់លោក អ្នកទាំងអស់គ្នាល្ងាចនេះក្នុងឋានៈខ្ញុំជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ប៉ុន្តែក្នុងតួនាទីជាប្រធានគណបក្សកាន់អំណាច ខ្ញុំនៅតែមានសិទ្ធិបញ្ចេញយោបល់ទៅលើបញ្ហានយោបាយទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ខ្ញុំមិនបញ្ជាកម្លាំងជំនួសនាយករដ្ឋមន្រ្តីទេ។ ម៉ោងនេះ ពេលនេះមានតែនាយករដ្ឋមន្រ្តីទេដែលមានសិទ្ធិបញ្ជាកម្លាំង។ ឯខ្ញុំគ្មានសិទ្ធិបញ្ជាកម្លាំងទេ ក៏ប៉ុន្តែខ្ញុំមានសិទ្ធខាងនយោបាយ ត្រួតត្រាលើកិច្ចការនយោបាយ តែខ្ញុំមិនចុះហត្ថលេខា ឬបញ្ជាកម្លាំងនីតិប្រតិបត្តិទេ។
(១០) ពីក្មេងវត្តមកជានាយករដ្ឋមន្ត្រី និងពីកូនក្បត់អង្គការមកជានាយករដ្ឋមន្ត្រី
ឥឡូវនេះអាចនិយាយបានថា ពីក្មេងវត្តម្នាក់ក្លាយទៅជានាយករដ្ឋមន្រ្តីដែលត្រួតត្រាដឹកនាំប្រទេសរយៈពេល ៣៨ ឆ្នាំ ហើយបើគិតទាំងពីរទាំងឧបនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីជាង ៤៤ ឆ្នាំ។ ពីកូនក្បត់អង្គការដែលត្រូវគេប្រមាថ ក៏ក្លាយទៅជានាយករដ្ឋមន្រ្តីទៀត។ អ្នកឯងត្រូវចាំ។ បើមិនជឿ កុំប្រមាថ។ ទំនាយអ្នកឯងមិនដល់ ព្រហ្មលិខិតចារមកមិនដល់ អ្នកគ្មានសំណាងនឹងធ្វើជានាយករដ្ឋមន្រ្តីទេ។ ខ្ញុំមិនដែលនឹកឃើញថា ខ្ញុំបានធ្វើជានាយករដ្ឋមន្រ្តីទេ។ កាលពីដើម ជីវិតរបស់ខ្ញុំវាផុយស្រួយណាស់ មិនរត់គេចពីការបាញ់ប្រហារទេ ក៏ប៉ុន្តែដើរចូលឱ្យគេបាញ់តែម្ដង។ អញ្ចឹងឥឡូវ វាបានតភ្ជាប់មកបែបនេះ។
(១១) នាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រុមបន្តវេន គ្រប់គ្រងប្រទេសបាន
រឿងបន្តវេន បន្តពូជយ៉ាងណានោះ ស្ដាប់លោក Jame Sok ហៅលោក សុខ សុគន្ធ បកស្រាយទៅ។ វាពិតជាតពូជពិតប្រាកដមែន។ ពូជទី១ គឺប្រទេសមួយត្រូវតែមានរដ្ឋាភិបាលបន្ត។ អញ្ចឹងចប់អាណត្តិទី៦ ចូលអាណត្តិទី៧។ អាហ្នឹងវាតពូជហើយ កុំឆ្ងល់ពេក។ ពូជទី២ ហ៊ុន ម៉ាណែត គឺជាសមាជិកគណបក្សប្រជាជន។ អញ្ចឹងជាការតពូជរបស់គណបក្សប្រជាជន ដែលជាគណបក្សឈ្នះឆ្នោត។ ឯពូជទី ៣ ខ្ញុំទទួលស្គាល់ថា (ហ៊ុន ម៉ាណែត) ជាកូនប្រុសរបស់ខ្ញុំធ្វើជានាយករដ្ឋមន្រ្តី។ អញ្ចឹងតើវាខុសទេក្នុងការបន្តពូជ។ អ្នកឯងនិយាយពី “ឡើងតាមជើងខោ តពូជ”។ តពូជ គេតហើយ។ ខ្ញុំសូមជម្រាបឱ្យអ្នកឯងបានភ្លឺភ្នែ ឥឡូវនាយករដ្ឋមន្រ្តីបន្តវេន រដ្ឋមន្រ្តីក្រុមបន្តវេន វាយ៉ាងម៉េច? គេគ្រប់គ្រងប្រទេសបាន។
(១២) ជាងមួយខែទៅនេះ សង្កថារបស់ សម្តេចធិបតី មានលក្ខណៈបង្គាប់បញ្ជា
ប៉ុន្តែពួកនេះ ភ្លើណាស់។ ទុកឱ្យភ្លើអញ្ចឹងកាន់តែល្អសម្រាប់យើង។ ប្រហែលជាអាខ្មៅលួចមើលរឿងហ្នឹង។ បើសិនអាខ្មៅមើលរឿងហ្នឹង គឺអាខ្មៅថោកណាស់ ព្រោះអាខ្មៅជំទាស់នឹងការថតខ្សែភាពយន្តនេះ។ អាហ្នឹងចង់សឹកយកប្រពន្ធ។ សឹកទៅអាខ្មៅអើយ។ ផ្ដាំពីនេះទៅ សំដី ហ៊ុន សែន អត់ដូរទេ ដូរតែតួនាទីទេ។ សូមផ្ដាំទៅអ្នកសរសេរអត្ថបទមួយ ដែលខ្ញុំនិយាយនៅថ្ងៃទី ២២ ខែសីហា (ឆ្នាំ ២០២៣)។ អត្ថបទនោះ វាមិនអាក្រក់ទេ ក៏ប៉ុន្តែគេបាននិយាយថា “សង្កថារបស់ ហ៊ុន សែន មានលក្ខណៈបង្គាប់បញ្ជា។ សង្កថា ហ៊ុន ម៉ាណែត គ្មានលក្ខណៈបង្គាប់បញ្ជាទេ”។ ខ្ញុំសូមផ្ដាំទៅអ្នកឯង ឥឡូវនេះសង្កថារបស់ ហ៊ុន សែន អត់មានលក្ខណៈបង្គាប់បញ្ជាទេ ប៉ុន្តែជាងមួយខែទៅនេះ សង្កថារបស់ ហ៊ុន ម៉ាណែត មានលក្ខណៈបង្គាប់បញ្ជា។ បញ្ហាស្ថិតនៅត្រង់ថា តំណែងនាយករដ្ឋមន្រ្តី បើមិនបង្គាប់បញ្ជាទេ មិនមែននាយករដ្ឋមន្រ្តីទេ។
(១៣) អ្នកបានកើតនៅប្រទេសអ្នកមាន តែមិនប្រាកដថាខួរក្បាលអ្នកពូកែជាងគេទេ
ខ្ញុំសូមផ្ដាំទៅពួកអ្នកឯង ដែលធ្លាប់សរសេរអាក្រក់ពីប្រទេសរបស់ខ្ញុំ ធ្លាប់វាយប្រហារប្រទេសខ្ញុំ ជាពិសេសក្នុងដំណាក់កាលកូវីដ១៩។ អ្នកឯងវាយតម្លៃទាបបំផុតពីលើសមត្ថភាពគ្រប់គ្រងសភាពការណ៍របស់កម្ពុជា មីយ៉ាន់ម៉ា ឡាវ បង់ក្លាដេស ប៉ុន្តែទីចុងបំផុត ប្រទេសរបស់ពួកអ្នកឯងដែលជាប្រទេសអ្នកមាន មានមនុស្សស្លាប់ច្រើនជាងគេបង្អស់។ ប្រទេសកម្ពុជាមានមនុស្សឆ្លងតិចនិងស្លាប់តិច។ អ្នកឯងអត់ដែលបានសុំទោសពីកំហុសនៃការវាយតម្លៃមិនត្រូវទេ។ ខ្ញុំធ្លាប់និយាយដោយត្រង់ៗ ហើយក៏សូមផ្ញើសារទៅម្ដងទៀតថា “ពួកអ្នកឯងមានសំណាងត្រឹមតែកើតនៅក្នុងប្រទេសអ្នកមានទេ ប៉ុន្តែត្រង់ខួរក្បាលអ្នកឯងមិនប្រាកដថា ពូកែជាងខ្ញុំនោះទេ។ សមត្ថភាពទន់ខ្សោយរបស់អ្នកឯង បានបង្ហាញតាមរបៀបដែលអ្នកឯងវាយតម្លៃសភាពការណ៍អត់ត្រូវ។ ថាពួកប្រឆាំងចុះ វាទន់ខ្សោយ វាល្ងង់ ប៉ុន្តែពួកអ្នកធ្វើអត្ថាធិប្បាយនៃប្រទេសអ្នកមានមួយចំនួន មិនប្រាកដថា ពួកនេះពូកែទេ។ សំណាងនៅត្រង់ពួកគេកើតនៅក្នុងប្រទេសអ្នកមាន គេបង្អាប់យើង។ ប៉ុន្តែការពិត ខួរក្បាលរបស់ពួកគេ មិនប្រាកដថាពូកែជាងពួកយើងទេ។ អញ្ចឹងយើងត្រូវមានមោទនភាពឡើង។
(១៤) តាំងពីឆ្នាំ ១៩៧០ កិច្ចការនៅពីមុខ … ឥឡូវមិនចាំបាច់ប្រញាប់ប្រញាល់ទៀតទេ
ថ្ងៃនេះ មានការជួបជុំ។ សូមអធ្យាស្រ័យពីបងប្អូនផងដែរ ដោយសារតែយើងមានការបំពាក់មេដាយរហូតទៅដល់ ៤១៩ នាក់ ជាចំនួនមួយច្រើន។ យើងបំពាក់ឱ្យទាំងអស់នូវអ្នកចូលរួម។ ក្នុងហ្នឹងមានតួសំដែង។ ក្នុង ៤១៩នាក់នេះ សរុបទាំង ៣ក្រុម៖ ក្រុមថតខ្សែភាពយន្តរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” មាន ៣៦២នាក់ ក្នុងនោះមាន កុមារានិងកុមារី ១០នាក់, ក្រុមការងារថតចម្រៀងទុក្ខស្រីប្ដីព្រាត់ និងជីវិតក្មេងវត្ត របស់ឯកឧត្តម ហ្វៃ សំអាង ៥០នាក់, ក្រុមអ្នកនិពន្ធអ្នកចម្រៀង ៧នាក់ សរុបទាំងអស់ ៤១៩នាក់។ សូមជូនម្នាក់ៗ ចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងការបំពាក់មេដាយជូនតាមកម្រិតដែលបានស្នើសុំពីព្រះមហាក្សត្រ។ ខ្ញុំនិងភរិយា បំពាក់វគ្គទី១ បន្ទាប់ទៅ នាយករដ្ឋមន្រ្តីនឹងបំពាក់ដំណាក់កាលទី២។ សម្រាប់កុមារា កុមារី ១០នាក់ ដែលមិនទាន់មានសិទ្ធិទទួលការបំពាក់មេដាយ ជាជំនួសមកវិញ ខ្ញុំនិងភរិយា បានរៀបចំជាខ្សែកអនុស្សាវរីយម្នាក់ ៥ជី មានតម្លៃ ១,០៨១ ដុល្លារ ក្នុងមួយខ្សែ ដែលមានខ្សែ ៤ ជី និងបន្តោង ១ ជី ទុកជាវត្ថុអនុស្សាវរីយ៍នៃការថតនេះផងដែរ។
ថ្ងៃនេះមានការផ្សាយបន្តផ្ទាល់។ ខ្ញុំបង្ហោះ tiktok ខ្ញុំបង្ហោះសារ តាមតេឡេក្រាម គឺប្រជាពលរដ្ឋបានសំណូមពរ ចង់ស្តាប់សម្លេងខ្ញុំឡើងវិញ។ ឥឡូវបានស្តាប់នៅថ្ងៃនេះថា សម្លេងហ៊ុនសែន នៅតែហ៊ុនសែន អត់ទៅណាទេ។ កែវាមិនឡើងទេ។ វាមានរឿងមួយក៏គួរតែនិយាយបន្តិចដែរ។ ខ្ញុំមិនដឹងថាដកបានឬមិនបាននៅក្នុងចំរៀងជីវិតក្មេងវត្ត ត្រង់កន្លែងមានអ្នកយកស្រាទៅចាក់លើក្បាលខ្ញុំជាក្មេងវត្ត។ កាលហ្នឹងខ្ញុំពិនិត្យដែរ តែដូចជាភ្លាត់យ៉ាងម៉េច។ មនុស្សដូចជា ហ៊ុន សែន (មិនអាច)ឲ្យគេយកស្រាចាក់លើក្បាលទេ។ ហ្នឹងបង្ហាញពីវប្បធម៌ដែលមិនគោរពផង។ ខ្ញុំសុំនិទានអំពីរឿងហ្នឹងបន្តិចចុះ វគ្គត្រង់ហ្នឹងកែបន្តិចបានទេ។ កន្លែងហ្នឹង ខ្ញុំដូចជាធ្លោយ … មនុស្ស ហ៊ុន សែន តាំងពីកុមារ រហូតដល់ពេលនេះ មិនអាចមានអ្នកណាមកវាយក្បាលបានទេ។
សូមបញ្ជាក់ជូនដែរថា ៥៣ ឆ្នាំកន្លងទៅ ពេលនេះខ្ញុំកំពុងតែសុខសប្បាយណាស់។ អ្វីដែលជាការព្រួយបារម្ភគឺឡើងគីឡូ ព្រោះយើងមិនសូវបានហាត់ប្រាណ។ ប៉ុន្តែកាលដែលខ្ញុំចាប់ផ្តើមធ្វើទាហាននៅឆ្នាំ ១៩៧០ កិច្ចការនៅពីមុខរហូត។ ភ្ញាក់ឡើងប្រញិបប្រញាប់រហូតពេលធ្វើនាយករដ្ឋមន្ត្រី។ ឥឡូវពេលដែលខ្ញុំភ្ញាក់ឡើងគឺខ្ញុំមិនចាំបាច់ប្រញាប់ប្រញាល់ទេ។ មើលនេះមើលនោះ។ ពីដើមត្រូវប្រញាប់ប្រញាល់ ឯកសារគលើតុ។ ឥឡូវនាយករដ្ឋមន្ត្រីដឹងខ្លួនហើយថា ខ្លួនធ្វើការយ៉ាងម៉េចខ្លះ? ឥឡូវចេះនិយាយថាម៉ោង១ ម៉ោង២ ម៉ោង១២ មិនទាន់បានដេក។ ធ្វើទៅ។ ប្អូនពៅប្រាប់តាមគ្រុបថា បងនីៗ ថតមុខបងណែត ទុក ហើយកត់ថ្ងៃខែឲ្យច្បាស់ ចាំឆ្នាំក្រោយផ្ទៀងឡើងវិញ ថាមុខជ្រួញប៉ុន្មាន។ ប៉ុន្តែហ៊ុនសែន មុខអត់ជ្រួញទេណា។ តួ ហ៊ុន សែន ទេ ដែលមុខជ្រួញ។
បន្តិចទៀត តួឯក តួសំដែង មកជួបជាមួយនឹងតួពិត។ យើងពិបាករកតួណាស់ ទម្រាំរើសបានមនុស្សមក។ ឥឡូវតួមនុស្សដើរតួតាំងពីខ្ញុំអាយុ ១៧ ឬ១៨ ឆ្នាំ រហូតដល់អាយុ ២៧ ឬ២៨ ឆ្នាំ។ អញ្ចឹងនៅតែតួហ្នឹង។ ហេង ច័ន្ទមុនីរ័ត្ន ដើរតួ ម៉ារ៉ានី តាំងពីម៉ារ៉ានីអាយុ ១៦ រហូតដល់ម៉ារ៉ានីអាយុ ២៦ ឆ្នាំ។ អញ្ចឹងយើងអត់មានតួណាផ្សេង។ យើងមិនអាចដូរតួបាន ប៉ុន្តែយើងមានដូរតួក្មេងៗ។ ដូរតួបាន ខ្ញុំនិយាយទៅណាទៀតហើយ។ឥឡូវល្មមដល់ម៉ោងដែលត្រូវចាប់ផ្តើមបំពាក់មេដាយ។ ចុងបញ្ចប់ ជាមួយនឹងការប្រកាសបិទបញ្ចប់បិទកាម៉េរ៉ាថតរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» ខ្ញុំសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកស្រី អស់លោក អ្នកនាងកញ្ញា សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអរគុណ!