ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ កម្មវិធី​នេះរៀបចំ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខាភ្នំពេញ ។

«សេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និង​សេវា ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធផ្តល់​នូវការ​បង្កើតមុខ​របរ​ការ​ងារ​ធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថាន​សុវត្ថិភាព​​ចំណី​អាហារ ការប្រមូលពន្ធជាដើម។

«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឈ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវបាន​ដាក់​ចេញ​​ជាមួយ​ចក្ខុ​វិស័យអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យ​រីកធំធាត់​និងមាន​លទ្ធភាព​ឈាន​​ចូល​ក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំង ចលករដ៏សំខាន់ក្នុងការកែលម្អជីវភាព​របស់​ប្រជា​ជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅ​សម្រេច​បាននូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

 

យុទ្ធ​សាស្ត្រជាតិនេះ មានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិត​​ភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូល​រួមទៅ​ក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីក​ចម្រើ​ន​ទៅ​មុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខ​របរ និងការងារ​ចិញ្ចឹមជីវិតនៅកម្ពុជា។

ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្របតាមចក្ខុវិស័យ និងគោលបំណងខាងលើ យុទ្ធ​សាស្ត្រ​ជាតិនេះ ដាក់ចេញគោលដៅសំខាន់ៗចំនួន៤ ដូចខាងក្រោម៖

ទី១៖ បង្កលក្ខណៈងាយស្រួលដល់ការឈានចូលក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ឬនិយាយម្យ៉ាងទៀត ឈានចូលក្នុងប្រព័ន្ធអភិវឌ្ឍន៍អន្តរកាលមួយ (Into the System) មុននឹងអាចចូលរួមបានពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

ទី២៖ ផ្តល់ប្រយោជន៍ដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ដើម្បីធានាថា មិនធ្លាក់​ចូល​ទៅ​ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ ទោះបីក្នុងករណីមិនអាចចូលរួម ពេញលេញ​ក្នុងសេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធក៏ដោយ។

ទី៣៖ ថែបំប៉នអ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ឱ្យរីកធំធាត់ ដើម្បីអាចចូលរួមពេញ​លេញ​ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

ទី៤៖ លើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ ក៏ដូចជាការលើកកម្ពស់​ការចូល​រួម​របស់​គ្រប់តួអង្គពាក់ព័ន្ធ។

ដើម្បីសម្រេចចក្ខុវិស័យ គោលបំណង និងគោលដៅខាងលើ ការរៀបចំ និងអនុវត្តយុទ្ធ​សាស្ត្រ​ជាតិនេះ ត្រូវអនុលោមតាមអភិក្រមសំខាន់ៗ ដែលមានភាពប្រទាក់ក្រឡា គ្នា ដូចខាងក្រោម៖

ទី១៖ កំណត់វិសាលភាព និងការធ្វើអាទិភាវូបនីយកម្ម ពិសេសការកំណត់វិស័យ និង​ប្រភេទ​​អាជីវកម្ម មុខរបរ និងការងារអាទិភាព ដើម្បីអាចឆ្លើយតបទៅ នឹងភាពមាន​កម្រិត​នៃធនធានរបស់រាជរដ្ឋាភិបាល និងទំហំដ៏ធំនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​នៅ​កម្ពុជា។

ទី២៖ មានភាពទន់ភ្លន់ និងបត់បែន ដោយផ្តោតការយកចិត្តទុកដាក់លើមនុស្ស ក្នុងរយៈ​ពេល​ខ្លី តាមរយៈការផ្ដល់កិច្ចគាំពារសង្គម និងការពង្រឹងសមត្ថភាព និងផលិតភាព ដែល​ប្រៀបបាននឹងការទាក់ទាញឱ្យចូលរួមទៅក្នុងប្រព័ន្ធ (System) ដែលមានស្រាប់ (ដូចជា​មូលនិធិសមធម៌សុខាភិបាល និង ការបណ្តុះបណ្តាលជំនាញជាដើម) មុននឹងអាច​ចូលរួម​ទៅ​ក្នុងសេដ្ឋកិច្ច ក្នុងប្រព័ន្ធឱ្យបានពេញសក្តានុពល។

ទី៣៖ ជំរុញការធ្វើអន្តរកាលពីសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅសេដ្ឋកិច្ចក្នុងប្រព័ន្ធ សម្រាប់រយៈ​ពេល​មធ្យម និងវែង ដើម្បីកាត់បន្ថយបន្តិចម្ដងៗនូវទំហំនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការ​គាំ​ពារដែលផ្អែកលើភាគទាន (Contribution-Based) ព្រមទាំងបង្កើនចំណូល​ និង​ការ​ចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ទី៤៖ កំណត់និយមន័យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុង​ការគ្រប់គ្រង និងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកម្មវិធីគោលនយោបាយ​អាទិ​ភាព​មួយ ក្នុង​ចំណោម​កម្មវិធីគោលនយោបាយអាទិភាពទាំង៦​ របស់រាជរដ្ឋាភិបាល​នីតិ​កាល​ថ្មី។

កម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលថ្មីរួមមាន៖

១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល

២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស

៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុង​គ្រាមាន​វិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន

៤៖ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព​ចូល​រួមក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួល​បានផល​ប្រយោជន៍​ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ

៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅ​លើក​ស្ទួយ​ផលិត​កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ

៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព​កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

កម្មវិធីនយោបាយអាទិភាពទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលគ្រោងប្រកាសដាក់អនុវត្តន៍ជា​បន្ត​បន្ទាប់​មុនដំណាច់ឆ្នាំ២០២៣ ដើម្បីធានាបានការផ្តល់អត្ថប្រយោជន៍នានាដល់ប្រជា​ពល​រដ្ឋ។

នៅកម្ពុជា ប្រជាជនមានការងារធ្វើ (Employed Population) មានចំនួនសរុបជិត ៧.៩​លាននាក់ (យោងតាមអង្កេតកម្លាំងពលកម្ម ឆ្នាំ២០១៩ ) ក្នុងនោះប្រជាជន​មានការ​ងារ​ធ្វើក្នុងប្រព័ន្ធ (Formal Sector) មានចំនួនជិត១.៧លាននាក់ ឬ២១.៥​នៃប្រជាជន​មាន​ការងារធ្វើសរុប។ ដោយឡែក ប្រជាជនមានការងារធ្វើជិត ៦.២លាននាក់ផ្សេងទៀត ធ្វើការក្នុងវិស័យក្រៅប្រព័ន្ធ (Informal Sector)៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។