- ឯកឧត្តម ដេននីស ហ្វ្រង់ស៊ីស (Dennis Francis) ប្រធានមហាសន្និបាត
- ឯកឧត្តម អាន់តូនីញ៉ូ ហ្គូទរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ជាបឋម, ខ្ញុំសូមអបអរសាទរ ឯកឧត្តម ដេននីស ហ្វ្រង់ស៊ីស (Dennis Francis) ក្នុងឱកាសដែលឯកឧត្តម ជាប់ឆ្នោតធ្វើជាប្រធានសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ការពិភាក្សាក្រោមមូលបទ “ការកសាងទំនុកចិត្ត និងការជំរុញសាមគ្គីភាពសកលឡើងវិញ៖ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ ២០៣០ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅរកសុខសន្តិភាព វិបុលភាព ការរីកចម្រើន និងចីរភាពសម្រាប់ទាំងអស់គ្នា» គឺសមស្របនឹងកាលៈទេសៈ និងបរិបទសកលលោកនាពេលនេះ។
ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំដ៏ឧត្ដុង្គឧត្តមនេះ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំប្តេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកទាំងអស់ក្រោមស្ថាប័នអង្គការសហប្រជាជាតិដ៏ឧត្តុង្គឧត្តម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួមរបស់យើង។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ខ្ញុំមានកង្វល់រួមអំពីអស្ថិរភាពពិភពលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនាពេលនេះ។ ការវិវត្តកាន់តែដុនដាបនៃសង្គ្រាមនៅអ៊ុយក្រែន និងផលវិបាកធ្ងន់ធ្ងរនៃសង្គ្រាម សបញ្ជាក់ពីការបាត់បង់ជំនឿពីរដ្ឋសមាជិក និងកង្វះទំនុកចិត្តទៅលើពហុភាគីនិយម។ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបណ្ដាប្រទេសមានអំណាចធំៗ បានរុញច្រានឱ្យមានការបង្វែរធនធានយកទៅប្រើប្រាស់ក្នុងគោលដៅពង្រីកសមត្ថភាពផ្នែកសន្តិសុខវិញ។ ប្រការនេះបានធ្វើឱ្យធនធានដែលត្រូវការចាំបាច់ ដើម្បីដោះស្រាយផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ និងការខិតខំសម្រេច របៀបវារៈឆ្នាំ ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកាន់តែខ្សត់ខ្សោយទៅ។ ទន្ទឹមនឹងនេះ ការប្រែប្រួលអាកាសធាតុក៏គំរាមកំហែងដល់អត្ថិភាពនៃមនុស្សជាតិផងដែរ។ បើគ្មានសកម្មភាពប្រកបដោយមហិច្ឆតា និងបន្ទាន់របស់ពួកយើងទេ ពិភពលោកនឹងជួបប្រទះការកើនឡើងនៃអត្រាភាពក្រីក្រ ភាពអត់ឃ្លាន ហានិភ័យនៃជំងឺរាតត្បាត និងវដ្ដដ៏ជ្រាលជ្រៅនៃអស្ថិរភាព និងជម្លោះ។
ឥឡូវនេះ គឺជាវេលាចំបាច់ ដើម្បីស្ដារឡើងវិញនូវទំនុកចិត្ត ផ្នែកសន្តិសុខជាយុទ្ធសាស្ត្ររវាងប្រជាជាតិទាំងអស់ និងទំនុកចិត្តទៅលើប្រព័ន្ធសកលដែលផ្អែកលើវិធានច្បាប់។ ការណ៍នេះតម្រូវឱ្យរដ្ឋទាំងអស់គោរពឱ្យបានពេញលេញនូវច្បាប់ និងបទដ្ឋានអន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ យើងត្រូវពង្រឹង និងបង្កើនអំណាចកោះប្រជុំនៃប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីជំរុញសាមគ្គីភាពសកលឡើងវិញ និងកសាងពិភពលោកដែលមានសុខសុវត្ថិភាព និងវិបុលភាពកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។ ការងារសំខាន់បំផុតនោះ គឺត្រូវផ្ដោតលើការដោះស្រាយបញ្ហាអភិវឌ្ឍន៍ និងការការពារការរីករាលដាលនៃជម្លោះដែលកំពុងកើតមាន។
ក្នុងន័យនេះ កម្ពុជាវាយតម្លៃខ្ពស់ចំពោះ «របៀបវារៈថ្មីសម្រាប់សន្តិភាព» របស់ឯកឧត្តមអគ្គលេខាធិការ ជាមួយនឹងអនុសាសន៍ប្រកបដោយមហិច្ឆតាសម្រាប់ស្ថិរភាពពិភពលោក និងចក្ខុវិស័យសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការជាសកល ដូចដែលបានរៀបរាប់នៅក្នុងរបាយការណ៍ ស្តីពី «របៀបវារៈរួមរបស់យើង»។ កម្ពុជាគាំទ្រពេញទំហឹងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអគ្គលេខាធិការ ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ។ ខ្ញុំជឿជាក់ថាការអំពាវនាវរបស់ឯកឧត្តមអគ្គលេខាធិការ ឱ្យមាន «កញ្ចប់ថវិកាជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដែលមានទំហំ ៥០០ ប៊ីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំនេះ ដល់ឆ្នាំ២០៣០ ដើម្បីវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព និងសកម្មភាពដើម្បីអាកាសធាតុ នឹងធ្វើឱ្យវឌ្ឍនភាពកន្លងមកនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រឡប់ទៅរកគន្លងដើមនៃវឌ្ឍនភាពឡើងវិញ។ កិច្ចព្រមព្រៀងសាមគ្គីភាពអាកាសធាតុ ដែលឯកឧត្តមអគ្គលេខាធិការបានស្នើ ក៏នឹងនាំទៅរកការកាត់បន្ថយការបំភាយឧស្ម័នស្របតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែក្នុងកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន»។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ជាមួយនឹងសន្តិភាព និងស្ថិរភាពឋិតថេរ កម្ពុជាបន្តរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១,៦% ហើយសេដ្ឋកិច្ចរបស់យើងបានកើនឡើងជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ រហូតដល់មានការផ្ទុះឡើង នៃជំងឺរាតត្បាតកូវីដ-១៩។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលជោគជ័យបំផុត នៅក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងការងើបឡើងវិញក្រោយវិបត្តិ។ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២ បានងើបឡើងវិញក្នុងអាត្រា ៥,២% និងត្រូវបានព្យាករថា បន្តកើនឡើងក្នុងរង្វង់ ៥,៦% នៅឆ្នាំ២០២៣ នេះ។
ដូចដែលបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ត្រួតពិនិត្យជាតិស្ម័គ្រចិត្តលើកទី ២ របស់កម្ពុជា (VNRs) កាលពីខែកក្កដា កន្លងទៅ ៧២,៥% នៃសូចនាករ និងសូចនាកររងនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សុទ្ធតែមានវឌ្ឍនភាពល្អ។ ប្រទេសយើងកំពុងផ្លាស់ប្តូរពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍ នៅឆ្នាំ២០២៧ ដោយសារតែមានគោលនយោបាយដ៏ត្រឹមត្រូវ និងសមត្ថភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចខ្ពស់ ការបែងចែកផលពីកំណើនប្រកបដោយសមធម៌ ក៏ដូចជាសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់។
ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ ក៏មានការរីកចម្រើនជាលំដាប់។ កាលពីខែកក្កដា ឆ្នាំនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយ ១៨ ចូលរួមប្រកួតប្រជែង។ ប្រជាជនជាង ៨,២ លាននាក់ បានទៅបោះឆ្នោតស្មើនឹងអត្រាអ្នកទៅបោះឆ្នោត ៨៤,៥៩% ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣។ នេះគឺជាសក្ខីភាពយ៉ាងច្បាស់បង្ហាញពីភាពចាស់ទុំនយោបាយ និងភាពក្លៀវក្លារបស់ប្រជាជនយើង នៅក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យ។ ការបោះឆ្នោតនេះត្រូវបានវាយតម្លៃយ៉ាងទូលំទូលាយថា សេរី យុត្តិធម៌ និងអាចទុកចិត្តបាន ដោយអ្នកសង្កេតការណ៍រាប់ពាន់នាក់ បូករួមទាំងអ្នកសង្កេតការណ៍អន្តរជាតិ ៣៣៣ នាក់ មកពីប្រទេសចំនួន ៦៥។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
កម្ពុជា ក៏ដូចប្រទេសកំពុងអភិវឌ្ឍជាច្រើនទៀតដែរ នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព នៅត្រឹមឆ្នាំ២០៥០។ ក្នុងគោលដៅនេះ និងស្របតាមការអំពាវនាវរបស់ឯកឧត្តមអគ្គលេខាធិការ ចំពោះរដ្ឋសមាជិកដើម្បីអនុវត្ត «ផែនការសង្គ្រោះសម្រាប់មនុស្សជាតិ និងភពផែនដី» រាជរដ្ឋាភិបាលយើងខ្ញុំប្ដេជ្ញាចាត់វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលខ្ញុំទើបបានប្រកាសជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ។
យុទ្ធសាស្ត្របញ្ចកោណនឹងចាប់ផ្តើមអនុវត្តពីដំណាក់កាលទី១ ដោយមានបាវចនាចំនួនប្រាំគឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកអាទិភាពគន្លឹះ ៥ គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស គឺ «បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹង បដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ខ្ញុំសូមជម្រាបដែរថា គោលដៅចម្បងនៃយុទ្ធសាស្ត្រនេះ រួមមាន ម៉្យាង រក្សាចលនការនៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ជារួម និងម៉្យាងទៀត កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង ៥ រួមមាន៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស និងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ដើម្បីជោគជ័យនៃយុទ្ធសាស្ត្របញ្ចកោណ កម្ពុជានឹងខិតខំពន្លឿនការកែទម្រង់អភិបាលកិច្ច ដើម្បីធានាថា រដ្ឋបាលសាធារណៈដំណើរការដោយប្រសិទ្ធភាព និងមានសុចរិតភាពខ្ពស់។ យើងនឹងការពារឱ្យបានដាច់ខាតនូវសន្តិភាព, ស្ថិរភាពនយោបាយ, សន្ដិសុខ និងសណ្តាប់ធ្នាប់សង្គម ទន្ទឹមនឹងការខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ យើងក៏នឹងពង្រឹងបន្ថែមទៀត នូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ហើយបន្តស្វាគមន៍ការគាំទ្រទាំងឡាយពីប្រទេសដៃគូជាមិត្ត ទាំងផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន នៅក្នុងការអនុវត្តគោលនយោបាយអាទិភាព ដើម្បីជួយឱ្យកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន ព្រមទាំងជំរុញសមាហរណកម្មទៅក្នុងតំបន់ និងពិភពលោក។
កម្ពុជានឹងបន្តដើរលើមាគ៌ានយោបាយការបរទេសបច្ចុប្បន្ន ដែលឯករាជ្យ អព្យាក្រឹត ផ្អែកលើវិធានច្បាប់ គោរពគ្នាទៅវិញទៅមក ដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។ កម្ពុជាប្រឆាំងដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។ កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ។ កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងទៀត។ កម្ពុជានឹងខិតខំបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិ ទូទាំងពិភពលោក តាមរយៈក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់យើង។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
បន្ថែមលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងក្របខណ្ឌសកល កម្ពុជាក៏បានបន្ថែគោលដៅដោយឡែករបស់ខ្លួនទាក់ទងនឹងសកម្មភាពមីន គឺ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។ ក្នុងការខិតខំប្រឹងប្រែងនេះ កម្ពុជាសូមអំពាវនាវឱ្យមានការបន្តផ្ដល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។ យើងក៏សូមលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានកាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជា “ឃាតកលាក់មុខ» និងបន្តគំរាមកំហែងដល់សន្តិសុខមនុស្សជាតិ បើទោះបីជាសង្គ្រាមប្រដាប់អាវុធបានបញ្ចប់ទៅហើយក្តី។
កម្ពុជាសូមស្វាគមន៍នូវគំនិតផ្ដួចផ្តើម «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» ដែលបានដាក់ចេញដោយ ឯកឧត្តម អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ និងពិតជាមានមោទនភាពដែលកម្ពុជាត្រូវបានជ្រើសរើសចូលរួម ក្នុងគំនិតផ្តួចផ្តើមនេះ ក្នុងនាមជាប្រទេសឈានមុខមួយ នៅក្នុងចំណោមប្រទេស ដែលមានសក្ដានុពលទាំង ១០។ ជាមួយគ្នានេះ, ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បីបញ្ចប់សង្គ្រាម ដោះស្រាយឫសគល់ នៃជម្លោះ និងពង្រឹងសាមគ្គីភាព ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវ កម្ពុជាគាំទ្រពេញទំហឹងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្តិភាព។ កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីរួមចំណែកបន្ថែមទៀតដល់ដំណើរការនេះ កម្ពុជាបានសម្រេចចិត្តឈរឈ្មោះជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ ហើយយើងខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្រដ៏មានតម្លៃរបស់ឯកឧត្តម លោកជំទាវ សម្រាប់បេក្ខភាពរបស់យើងខ្ញុំនៅក្នុងស្ថាប័ននេះ។
- ឯកឧត្តម លោកជំទាវ លោក លោកសី្រ!
ជារួម ទោះបីជាយើងមានបញ្ហាប្រឈម និងអស្ថិរភាពច្រើនក៏ដោយ យើងក៏នៅតែអាចកសាងពិភពលោកឱ្យកាន់តែប្រសើរសម្រាប់ទាំងអស់គ្នាបាន តាមរយៈការធ្វើការរួមគ្នា ឆ្ពោះទៅរកគោលដៅរួមរបស់យើង ព្រមទាំងការពង្រឹងទំនុកចិត្តទៅវិញទៅមក និងសាមគ្គីភាពជាសកល។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុម័ត “សេចក្ដីថ្លែងការណ៍នយោបាយនៃកិច្ចប្រជុំកំពូល នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» និង «សេចក្តីព្រាងសេចក្តីសម្រេចនៃកិច្ចប្រជុំកំពូលនៃអនាគត»។ យើងជឿជាក់ថា ឯកសារទាំងនេះនឹងជួយឱ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រក្សាបាននូវគន្លងវឌ្ឍនភាពរបស់ខ្លួនតាមផែនការ និងសម្រេចគោលដៅត្រឹមឆ្នាំ ២០៣០។
សូមអរគុណ!