[…] គោលដៅរបស់កម្ពុជាគឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងទូទាំងប្រទេស។ មិនមែនសម្រាប់តែ(ការមានបានរបស់)ក្រុមហ៊ុន អ្នកវិនិយោគ ឬអ្នកមានទុននោះទេ។ យើងត្រូវវិនិយោគ […] ដើម្បីពង្រីកនូវសក្តានុពលរបស់ជាតិ […] ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងបច្ចុប្បន្ន ១៧លាននាក់។ អញ្ចឹង កិច្ចការសំខាន់មួយក្នុងការកាត់បន្ថយភាពក្រីក្រគឺការបង្កើតការងារ។ ជាទស្សនៈរបស់ខ្ញុំ ការបង្កើតការងារនេះគឺមានគោលដៅ […] ធ្វើកិច្ចការធំៗ ៣ […]។
ទី១៖ គឺ(បង្កើន)បរិមាណ(ការងារ)។ បរិមាណ(ការងារនេះ)គឺយើងមិនត្រូវតែប្រមូលផ្តុំតែនៅភ្នំពេញទេ មិនត្រូវប្រមូលផ្តុំនៅ(តែ)ខេត្តព្រះសីហនុ ឬមិនត្រូវប្រមូលផ្តុំនៅ(តែ)ទីណា(មួយនោះ)ទេ។ បរិមាណ(ការងារជា)គោលដៅគឺបង្កើតការងារឱ្យបានច្រើន និងរុញការងារឱ្យដល់មូលដ្ឋាន។ នេះគឺជាកិច្ចការសំខាន់។
ពីដើមឆ្នាំ ១៩៩០ នៅទីនេះជាវាលស្រែ។ ភ្នំពេញមានតែមួយដុំទេ។ នៅទីនេះគឺផ្លូវជាតិលេខ៤ តូចមួយ […] ពេលនោះ រាជរដ្ឋាភិបាលរបស់យើងចាប់ផ្តើមធ្វើឯកជនភាវរូបនីយកម្ម។ យើងបើកឱ្យប្រជាពលរដ្ឋមានសិទ្ធិទិញដូរលក់ដីដើម្បីបើក(អោយមានការ)ធ្វើវិនិយោគ។ ពេលនោះមានការរិះគន់ច្រើនណាស់ថា កម្ពុជាបើកលក់ដី (នាំ)ឱ្យខ្មែរលក់ដីឱ្យចិន ឱ្យបរទេស។ មានការវាយប្រហារនិងរិះគន់ច្រើន។ ប៉ុន្តែបើយើងមិនបើកឱ្យទីផ្សារក្នុងការដំណើរការ ថ្ងៃនេះយើងគ្មានតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះទេ គ្មានការកម្មករជាង ៣ម៉ឺននាក់ ធ្វើការនៅទីនេះទេ ហើយគ្មានប្រាក់បៀវត្សរ៍រាប់លានដុល្លារដែលចូលទៅក្នុងហៅប៉ៅប្រជាពលរដ្ឋនៅទីនេះ និងនៅគ្រប់ខេត្ត រួមទាំងជាពិសេសខេត្តកំពង់ស្ពឺ ខេត្តកណ្តាលនេះ។ មិនត្រឹមតែ(នៅ)ទីនេះទេ យើង(នឹង)រុញ(ការវិនិយោគ)ទាំងអស់(ទៅគ្រប់ទិសទី)ឥឡូវ។
ថ្ងៃមុនខ្ញុំទៅបាវិត ទៅកំពង់ចាម ទៅខេត្តតាកែវ ទៅដល់ឧត្តរមានជ័យ។ ទៅដល់កន្លែងណាក៏យើងមាន(ការវិនិយោគ)។ យើងមិនជម្រុញតែមួយមុខឬមួយវិស័យទេ។ យើងជម្រុញ(ទៅតាម)ផ្នែក(យោង)ទៅលើសក្តានុពល។ កន្លែងណាដែលមានសក្តានុពលកសិកម្ម យើងជម្រុញការវិវត្តន៍ទៅវិស័យកសិកម្ម កន្លែងណាដែលមានសក្តានុពលនៅក្នុងការវិវត្តន៍វិស័យទេសចរណ៍ យើងជម្រុញលើកទឹកចិត្តឱ្យបង្កើតនៅក្នុងឧស្សាហកម្មទេសចរណ៍ កន្លែងណាដែលអាចជម្រុញឱ្យរុញដំណើរការនូវការវិវត្តន៍នូវវិស័យឧស្សាហកម្មធន់ធ្ងន់ ធន់មធ្យម បច្ចេកទេសយើងព្យាយាមរុញឱ្យមាននៅទីនោះ។ ធ្វើយ៉ាងណាយើងបង្តើតការងារច្រើន បង្កើតនូវកន្លែងមានសក្តានុពល និងរុញទៅដល់មូលដ្ឋានដើម្បីឱ្យកូនចៅប្រជាពលរដ្ឋយើងមានការងារធ្វើ។
អញ្ចឹងការជម្រុញបង្កើតការងារធ្វើនៅគ្រប់វិស័យនេះ គឺជាកិច្ចការងារសំខាន់ណាស់។ បរិមាណ(ការងារ)គឺត្រូវឱ្យមានច្រើន រុញឱ្យដល់មូលដ្ឋាន រុញឱ្យសមស្របទៅតាមសក្តានុពលសេដ្ឋកិច្ចរបស់យើង ហើយបើកសិទ្ធឱ្យប្រជាពលរដ្ឋរបស់យើង បំពាក់ចំណេះដឹងរៀនសូត្រ មានការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ ដើម្បីឱ្យ(អាច)ធ្វើការ រួមជាមួយវិស័យឯកជនដើម្បីធ្វើ(ការងារនេះ) […]។
ទី២៖ គុណភាព(ការងារ)។ យើងត្រូវយកចិត្តទុកដាក់និងជម្រុញអោយមានអាជីវកម្ម ឬប្រភេទវិនិយោគដែល(ការងារមាន)គុណភាព។ គុណភាពនេះ ខ្ញុំលើកមាន ៥ចំណុច៖
ទី១៖ (ត្រូវមាន)ការវិនិយោគដែលមានយុទ្ធសាស្ត្រច្បាស់លាស់និងយូរអង្វែង។ នេះជាគុណភាពនៃការវិនិយោគ។ មិនមែនគ្រាន់តែដាក់(ទុនមក)ដើម្បីបានចំណេញ ហើយលើកទៅបាត់ទេ […] ដូចជាក្រុមហ៊ុន OJI នេះ ដែលវិនិយោគ ៣០លានដុល្លារ ហើយមានគម្រោងពង្រីកការនាំចូលនូវឧបករណ៍ទំនើប បណ្តុះបណ្តាលធនធានមនុស្ស មិនមែនធ្វើសម្រាប់ថ្ងៃនេះហើយស្អែកលើកចេញទៅទេ។ នេះជាប្រភេទវិនិយោគដែលយើងចង់បាននៅកម្ពុជា។ មិនមែនមកគ្រាន់តែទិញដី ហើយលក់ដីទៅបាត់ទេ។ គឺអភិវឌ្ឍនៅនឹងកន្លែង លើកកម្ពស់នូវសេដ្ឋកិច្ចជាតិតាមរយៈការចូលរួមនៅក្នុងការបង្កើត។
ទី២៖ ផ្តល់ឱកាសឱ្យកម្មករនិយោជិកទទួលបានបៀវត្សរ៍និងអត្ថប្រយោជន៍ល្អ រួមជាមួយនឹងលទ្ធភាព និងឱកាសដើម្បីឱ្យគាត់បង្កើនសមត្ថភាព នេះជាវិនិយោគដែលយើងចង់បាន។ ប្អូនៗកម្មករ/ការិនីមួយចំនួននៅទីនេះ ប្រហែលជាកាលមុនយើងធ្លាប់ធ្វើនៅរោងចក្រកាត់ដេរ រោងចក្រផ្សេង។ ថ្ងៃនេះយើងមក(ធ្វើការ) នៅក្នុងរោងចក្រដែលប្រើម៉ាស៊ីនស្វ័យប្រវត្តិច្រើន។ មនុស្សតិចម៉ាស៊ីនច្រើន។ កាលមុនរោងចក្រផ្សេង ម៉ាស៊ីនតិច មនុស្សច្រើន។ (ដូចជា)រោងកាត់ដេរ ត្រូវការមនុស្សច្រើន។ អញ្ចឹងការអភិវឌ្ឍរៀនសូត្រជំនាញរបស់យើងនេះកាន់តែទំនើប ផ្គុំជាមួយបៀវត្សរ៍របស់យើងផង។ នេះជាអ្វីដែលយើងចង់បាន។
ការកសាងធនធានមនុស្ស មិនមែនរៀនតែនៅសាលាទេ គឺនៅការងារជាក់ស្តែងនេះឯង។ បើយើងបង្កើតការទាក់ទាញវិនិយោគដែលមានការលើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាល ការយកបច្ចេកវិទ្យាមកនេះ គឺដូចជាបង្កើតសាលាឱ្យកូនចៅប្រជាពលរដ្ឋយើង ឱ្យកម្មករ/ការិនីយើងគាត់ចាប់ផ្តើមពីកាត់ដេរ គាត់អាចវិវត្តន៍ទៅការធ្វើការបាន ហើយគាត់អាចមានលទ្ធភាពតទៅទៀត។
ទី៣៖ ការវិនិយោគនិងបង្កើតការងារ ដែលផ្តល់ការការពារសិទ្ធ និងយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់អ្នកទាំងអស់គ្នា ជាពិសេសសម្រាប់កម្មករ និយោជិក។ ការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋ និងបង្កើតការងារ យើងមិនអាចឱ្យគាត់គិតតែពីជ្រុងនៃបៀវត្សរ៍ទេ។ ត្រូវគិតអំពីការគាំពារសុខុមាលភាព។ គាត់ជាប្រជាពលរដ្ឋរបស់យើង ហើយរោងចក្រនីមួយៗ ដើរខ្លាំងបានដោយសារកម្មករ/ការិនី ដែលគាត់មានសុខភាពល្អ សុខុមាលភាពល្អ មានទឹកចិត្តធ្វើការដូចគ្នា។
អញ្ចឹងបានជាខ្ញុំអរគុណជាពិសេសចំពោះក្រុមហ៊ុនជប៉ុន ដែលក្រុមហ៊ុនជប៉ុនច្រើនណាស់ ដែលជាអ្នកកំណត់ស្តង់ដារនៅក្នុងការយកចិត្តទុកដាក់(អំពីសុខុមាលភាព)នេះ។ ការវិនិយោគបែបនេះ បង្កើតនូវការប្រកួតប្រជែង បង្កើតនូវទម្លាប់នៃការធ្វើការ នៃការគ្រប់គ្រង ដោយយកចិត្តទុកដាក់ទៅលើកម្មករ/ការិនី។ រាជរដ្ឋាភិបាលចង់បង្កើតការងារដែលមានគុណភាពសម្រាប់កម្មករ/ការិនី […] ដែលគោលដៅធំបំផុតគឺការកាត់បន្ថយភាពក្រីក្រ។ ភាពក្រីក្រមិនមែនតែរឿងថវិកាទេ ប៉ុន្តែ(គឺរាប់ទាំង)ក្រីក្រទាំងការការពារ គាំពារ ទាំងសុខភាពអីផ្សេងៗ ដែលយើងត្រូវធ្វើ។
ទី៤៖ ការវិនិយោគត្រូវយកចិត្តទុកដាក់លើបរិស្ថាន សហគមន៍ និងសង្គមជាតិ។ ការវិនិយោគមិនអាចគិតតែរឿងលុយចូលទេ។ យើងនិយាយសាមញ្ញ មិនគិតតែត្រូវការចំណូល ដោយមិនគិតពីផលប៉ះពាល់ទៅដល់អ្វីដែលនៅជុំវិញខ្លួនទេ […] នៅតំបន់សេដ្ឋកិច្ចពិសេស ការគ្រប់គ្រងរបស់យើង គ្រប់គ្រងបរិស្ថាន ការបញ្ចេញទឹកស្អុយអីហ្នឹង គឺយើងមានតម្រូវការការពារច្បាស់លាស់ហើយ […] ការវិនិយោគបែបនេះគឺយើងចង់បាន។ ការពារផលប៉ះពាល់បរិស្ថាន ការពារផលប៉ះពាល់ដល់ពលរដ្ឋជុំវិញ ហើយថែមទាំងផ្តល់ការយកចិត្តទុកដាក់ផ្តល់ត្រឡប់ទៅវិញដល់សង្គម។ នេះគឺជាការវិនិយោគដែលយើងចង់បាន។
អម្បាញ់មិញ លោក CEO របស់ OJI គ្រុប បាននិយាយច្បាស់ណាស់។ ខ្ញុំសូមអរគុណ។ ក្រុមហ៊ុន OJI មិនត្រឹមតែមកបង្កើតសង្វាក់ផលិតកម្ម បង្កើតការងារនៅទីនេះទេ ប៉ុន្តែក៏បានចូលរួមចំណែក ជួយទៅដល់សង្គមវិញ ហើយគាត់ក៏បានជួយទៅដល់សមាគមន៍ពេទ្យ TYDA។ សូមអរគុណណាស់។ ក្រៅពីនោះ ក្រុមហ៊ុន OJI មិនមែនជួយតែពេទ្យ TYDA (ទេ តែ)ក៏បានជួយមុនគេបំផុតទៅដល់កម្មករ/ការិនី ផ្តល់ឱកាសឱ្យគាត់បានបៀវត្សរ៍ល្អ កន្លែងធ្វើការបានសមរម្យ សុខុមាលភាពល្អ […] ព្រោះគាត់ជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គម។
ទី២ ការចូលរួមតាមរយៈគោលនយោបាយសង្គមផ្សេងៗដែលក្រុមហ៊ុនចែករំលែក។ ខ្ញុំចង់បានក្រុមហ៊ុនបែបនេះ ហើយប្រទេសយើងត្រូវតែដើរតាមបែបនេះ […] រាជរដ្ឋាភិបាលនឹងពិនិត្យមើលលទ្ធភាពក្នុងការជួយលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគឯកជនទាំងក្នុងនិងក្រៅប្រទេស ដែលជួយនៅក្នុងការថែរក្សាបរិស្ថាន ជួយទៅដល់សង្គមជាតិរបស់យើង ព្រោះនេះជាការចាប់ដៃគ្នាធ្វើហើយ។ អញ្ចឹងលើកទឹកចិត្តកម្រិតណាដើម្បីយើងជួយបន្ថែមទៀត។
ទី៥៖ ការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព ផលិតភាពការងារ តាមរយៈការនាំចូលនូវបច្ចេកវិទ្យាទំនើប និងការពង្រឹងរបៀបរបបការងារថ្មី។ អញ្ចឹងក្រុមហ៊ុនដែលមានលំដាប់អន្តរជាតិ មិនត្រឹមតែយកទុនមកវិនិយោគទេ ថែមទាំងនាំមកនូវបច្ចេកវិទ្យាទំនើបទាំងផ្នែករឹង ទាំងផ្នែកទន់។ ផ្នែករឹងគឺឧបករណ៍ គ្រឿងចក្រ គ្រឿងយន្តដែលយកមក។ ផ្នែកទន់គឺរបៀបរបបនៃការគ្រប់គ្រង Management skill។ នេះជាអ្វីដែលសំខាន់សម្រាប់បណ្តុះបណ្តាលចែករំលែកទៅឱ្យអ្នកគ្រប់គ្រងនិងធនធានរបស់កម្ពុជា ដើម្បីយើងដឹកនាំគ្រប់គ្រងក្រុមហ៊ុន […] ឱ្យមានលំដាប់ស្តង់ដារ ដែលអាចប្រកួតប្រជែងជាមួយអន្តរជាតិ ទោះមិនចាំបាច់ទៅប្រកួតប្រជែង ក៏នៅក្នុង(សង្វាក់ផលិតកម្ម)នេះ ក៏អាចគ្រប់គ្រងកាន់តែទំនើបកម្ម។
ខ្ញុំគិតថា ការគ្រប់គ្រងទាំង ៥ចំណុចនេះ ជាកត្តាដែលរួមផ្សំនៅក្នុងការកំណត់ថា តើវិនិយោគណាមួយ ឬ Business ណាមួយ អាជីវកម្មណាមួយដែលមានគុណភាព។ គុណភាពនៃការផ្តល់ឱ្យការងារ គុណភាពបរិស្ថាន គុណភាពផាសុខភាព គុណភាពរក្សាច្បាប់ គុណភាពការរួមចំណែក និងការពង្រឹងនូវរបៀបរបបការងារ និងបច្ចេកវិទ្យានៅកម្ពុជា។
ចំណុចទី៣ ក្រៅពីបរិមាណ និងគុណភាព គឺសមធម៌។ ការវិនិយោគដែលមានលក្ខណៈសមធម៌ត្រូវគិតទាំងនិយោជក និយោជិក តួអង្គទាំង ២សំខាន់នៅក្នុងការបង្កើតប្រព័ន្ធសេដ្ឋកិច្ចឱ្យដើរ ប្រព័ន្ធសង្វាក់ឯកជនឱ្យដើរ។ បើយើងគិតតែពីមួយអត់មួយអត់កើតទេ។ បើយើងគិតតែពីក្រុមហ៊ុន យើងអត់បានគិតពីកម្មករ/ការិនី យើងនឹងពិបាក។ បើយើងបង្ខំកម្មករ/ការិនី អត់គិតពីសុខុមាលភាពនិងច្បាប់ការពារប្រជាពលរដ្ឋយើង យើងបញ្ហាហើយ។ បើយើងគិតតែពីកម្មករ/ការិនី យើងអត់គិតពីបង្ករលក្ខណៈដល់ក្រុមហ៊ុនដើម្បីដំណើរការ ដូចជាការផ្តល់នូវការលើកទឹកចិត្តផ្សេងៗ យើងលំបាកដែរ ព្រោះគេលែងនៅ។ គេទៅហើយ។
អ្នកវិនិយោគក៏មិនអាចពង្រីកដែរ។ អញ្ចឹងការងារក៏មានកំណត់។ យើងអត់កាន់ជើងអ្នកណាទេ។ យើងកាន់ជើងជាតិយើងទាំងមូល។ កាន់ជើងផលប្រយោជន៍ជាតិទាំងមូល ទាំងសេដ្ឋកិច្ច ទាំងផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករ/ការិនី។ អញ្ចឹងរដ្ឋាភិបាលធ្វើអី? សមធម៌គឺយើងត្រូវធ្វើយ៉ាងណាឱ្យមានសុខដុមភាវូបនីយ៍កម្មរវាងនិយោជកនិងនិយោជិក។ ច្បាប់ដែលយើងដាក់ចេញដើម្បីលើកទឹកចិត្ត និងការពារកម្មករ/ការិនី ធ្វើយ៉ាងណានៅក្នុងព្រំដែនមួយឱ្យភាគីទាំង២ អាចរួមគ្នាបាន សហការគ្នា ជួយគ្នា ស្រឡាញ់គ្នា។
អញ្ចឹងរាជរដ្ឋាភិបាលគឺលើកទឹកចិត្ត ហើយធ្វើយ៉ាងណាឱ្យការវិនិយោគនេះប្រកបដោយសមធម៌ គឺសំដៅផ្តល់នូវអត្ថប្រយោជន៍ដល់ភាគីទាំង២ ដើម្បីធ្វើយ៉ាងណាឱ្យទាំង២ សប្បាយចិត្ត គឺរួមគ្នាធ្វើការ។ បើទាំងភាគីទាំង២ សប្បាយចិត្ត (តើយើងនឹង)បានអី? (យើងនឹង)បានផលរួមនៅក្នុងសង្គមជាតិ សេដ្ឋកិច្ចបានដើរ ប្រជាពលរដ្ឋរបស់យើងមានការងារធ្វើ មានការគាំពារច្បាស់លាស់ បៀវត្សរ៍បានកើន កាត់បន្ថយភាពក្រីក្រ […]៕