សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, បិទកិច្ចប្រជុំបូកសរុបសកម្ម​ភាពនិងលទ្ធផលការងារ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត សម្រាប់នីតិកាលទី៦ នៃរដ្ឋសភានិង​ទិសដៅបន្ត

CNV:

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួម​ក្នុងពិធីបិទកិច្ចប្រជុំបូកសរុប​សកម្មភាព និង​លទ្ធផលការងាររបស់ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យ​ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា ​នាពេលនេះ ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង​វាយ​តម្លៃខ្ពស់ចំពោះសម្តេច ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង-ស្ថាប័ន និង​មន្ត្រីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ចុះបំពេញការងារតាមមូលដ្ឋាននានាទូទាំងប្រទេស ស្វែង​យល់អំពីជីវភាព សុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាសំណូមពរ និង​បញ្ហាប្រឈមជាក់ស្តែងនានានៅតាមមូលដ្ឋាន សំដៅ​ពង្រឹង​ និង​លើកកម្ពស់​ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន​ និង​អាជ្ញាធរ​ថ្នាក់​ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ​រួមគ្នាដោះស្រាយបញ្ហាប្រឈម​របស់ប្រជាពលរដ្ឋ​ ក៏ដូចជាជំរុញការអភិវឌ្ឍ​មូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ និង​​លើកកម្ពស់ជីវភាពរបស់ប្រជា-ពលរដ្ឋ។

ដូចដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបានលើកឡើងអំពីការសម្រេចបានសមិទ្ធផលគួរជាទីមោទនៈរបស់ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលបានខិតខំកៀរគរធនធានពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការកសាងសមិទ្ធផលសង្គមលើគ្រប់វិស័យនៅមូលដ្ឋាន និង​ការចូលរួមជួយឧបត្ថម្ភគាំទ្រគ្រឿងឧបភោគ​បរិភោគ​ និង​មធ្យោបាយ សម្ភារ:ដល់ប្រជាពលរដ្ឋ​នៅពេលជួបប្រទះគ្រោះធម្មជាតិ និង​គ្រោះថ្នាក់នានា ក៏ដូចគ្រួសារ​ក្រីក្រ និង​ជនងាយរងគ្រោះ។

ក្រោយ​ថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាបានរៀបចំផែនការចុះពង្រឹងមូលដ្ឋាន ដើម្បីផ្សារភ្ជាប់​ភាពជិតស្និទ្ធរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ចូលរួមដោះស្រាយបញ្ហាប្រឈម​នានានៅ​តាមមូលដ្ឋានទូទាំងប្រទេសដោយទទួលបាននូវសមិទ្ធផលសំខាន់ៗ រួមមាន៖

[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]

(១) ការបញ្ជូនមន្ត្រីចុះមូលដ្ឋានត្រូវបានអនុវត្តតាំងពីឆ្នាំ ១៩៨២

ខ្ញុំចង់បញ្ជាក់ជូនបន្ដិចនៅទីនេះ។ ហាក់ដូចជាការគាប់ជួនឬការដើរត្រូវទិសតាំងពីដំណាក់កាលដំបូង​។ ប្រ​ហែលជាអស់លោកលោកស្រីមួយចំនួននៅចាំ យើងបានពង្រាយមន្ដ្រីចុះមូលដ្ឋានតាំងពីឆ្នាំ​១៩៨២។ បើខ្ញុំមិនច្រលំទេ ពេលនោះខ្ញុំនៅកាន់ក្រសួងការបរទេស ហើយបន្ដបន្ទាប់យើងបានបញ្ជូនមន្ដ្រី ពេលខ្លះបញ្ជូនមន្ដ្រីទៅកាន់ជាអភិបាលរងស្រុក ឬប្រធានស្រុកនៅពេលនោះ។ ​សូម្បីមន្ដ្រីការទូត មុននឹងបញ្ជូនទៅធ្វើទូតត្រូវចុះមូលដ្ឋាន។ ឧទាហរណ៍មន្ដ្រីនៅក្រសួងការបរទេសដូចជា ឯកឧត្តម សៀង គឹមហ៊ន់ លោក ភី ថាច ជាដើម យើងបានបញ្ជូនចុះមូលដ្ឋាន។ ម្ខាងទៀត ​ទាក់ទិននឹងការអនុវត្ដការផ្ដល់អំណាចទៅដល់មូលដ្ឋានគឺមានតាំងពីដំណាក់កាលមុននោះ ប៉ុន្ដែវាត្រូវបានបំផ្លាញ​ដោយអ្នកដែលមានចេតនាបំផ្លាញ។ (ដោយហេតុនេះ)បានជាយើងត្រូវធ្វើឡើងវិញអំពីការប្រគល់អំណាចទៅឲ្យមូលដ្ឋាន។

(២) មូលដ្ឋានជាគ្រឹះរបស់គណបក្សប្រជាជន ក្រោយ​ឆ្នាំ១៩៩៣ គេមានចេតនាធ្វើឲ្យមូលដ្ឋានទន់ខ្សោយ

ពួកគេចង់សំលាប់មូលដ្ឋានដោយដឹងច្បាស់ថាមូលដ្ឋានគឺជាគ្រឹះរបស់គណបក្សប្រជាជន។ ដូច្នេះក្រោយ​ការបោះឆ្នោតឆ្នាំ១៩៩៣ ពួកគេមានចេតនាធ្វើឲ្យមូលដ្ឋាន(ទន់ខ្សោយ)។ ខេត្តមួយ(ត្រូវបានកំណត់អោយក្នុង)មួយខែមានប្រាក់ត្រឹមតែ ១លានរៀល​ទេ។ ខ្ញុំបានចុះទៅដឹកនាំរៀបចំផែនការវាយប៉ៃលិន។ នៅខេត្តបាត់ដំ​បងខ្ញុំសួរគ្នាបញ្ជាក់ មួយខែឲ្យគ្នា​ចាយ ១លានរៀល។ យកទៅចាយអី? អញ្ចឹងទេ ខ្ញុំនិយាយតាមមួយបែប គេមានចេតនាជាក់លាក់។ បើពេលនោះធ្វើតាមតែអ្វីដែលអតីតរដ្ឋកម្ពុជាបានធ្វើ ល្បឿននៃកំណែទំរង់ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិដើរលឿន​ជាងនេះច្រើនដង។ ពេលនោះ បើមានដាច់ស្ពានត្រឹម ១០ ឬ ២០ម៉ែត្រ មិនចាំបាច់ក្រសួងសាធារណៈការទៅធ្វើទេ គឺមូលដ្ឋានធ្វើតែម្ដង។

(៣) មន្ត្រីថ្នាក់កណ្តាលចុះមូលដ្ឋាន រួមដោះស្រាយបញ្ហា

យើងបានប្រគល់អំណាចឲ្យច្រើន។ ប្រគល់អំណាចទាំងកងទ័ព ទាំងនគរបាល គឺជាគណៈបញ្ជាការឯកភាព។ ឯការបញ្ជូនមន្ដ្រីចុះមូលដ្ឋាន មិនមែនជារឿងថ្មីថ្មោងទេ។ សម្រាប់​គណបក្ស យើងបានធ្វើរហូត(មក)។ ចំពោះរឿងបញ្ជូនមន្ដ្រីរាជរដ្ឋាភិបាលចុះទៅគាំទ្រមូលដ្ឋាន យើងជជែក​គ្នានៅកន្លែងហ្នឹង ហើយយើងក៏មកបិទនៅចុងនីតិកាលកន្លែងនេះវិញ។ ខ្ញុំបានសង្កេតឃើញថា ពេល​មន្ដ្រីខាងលើចុះទៅមិនបានធ្វើឲ្យបាត់់ការទទួលខុសត្រូវរបស់មូលដ្ឋានទេ។ ប៉ុន្ដែផ្ទុយទៅវិញបានរួមគ្នាដោះស្រាយបញ្ហា។

[ចប់សេចក្តីអធិប្បាយ ១]

រាជរដ្ឋាភិបាលរក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព​ ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ជាពិសេស រក្សាបាននូវ​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងស្ថានភាព​ដែលសភាពការណ៍ក្នុងតំបន់ និង​​ពិភពលោក កំពុងមាន​ការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និង​ប្រកបដោយគ្រោះថ្នាក់ ជាពិសេសសង្រ្គាមរុស្សី-អ៊ុយក្រែន រួមជាមួយនឹង​ការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩ ការប្រែប្រួល​អាកាសធាតុ ដែល​បង្កឱ្យមាន​ផលប៉ះពាល់​មកលើ​សន្តិសុខ និង​ការលូតលាស់សេដ្ឋកិច្ច​ក្នុងតំបន់ និង​ពិភពលោក​។
រាជរដ្ឋាភិបាលបានជំរុញ​អនុវត្តជាប់ជាប្រចាំនូវកម្មវិធីកែទម្រង់​អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណមានភាពប្រទាក់ក្រឡា​​គ្នា សម្រេចបានសមិទ្ធផល​តាមការគ្រោងទុក​ ទាំងការកែទម្រង់រដ្ឋបាល-សាធារណៈ ការកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ ការកែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការកែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ការកែទម្រង់​​កងកម្លាំងប្រដាប់អាវុធ និង​កម្មវិធីកែទម្រង់​តាមវិស័យ​នានា ដើម្បីធានាការលើកកម្ពស់អភិបាលកិច្ច ក្នុងវិស័យសាធារណៈ និង​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព​ និង​សមធម៌។
រាជរដ្ឋាភិបាលបានចាត់វិធានការ​មុតស្រួចក្នុងការគ្រប់គ្រង​ ប្រកបដោយប្រសិទ្ធភាព និង​ទាន់ពេលចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងវិធានការ​ស្តារ​ និង​ជំរុញកំណើន​សេដ្ឋកិច្ចដែលទទួលរង​ផលប៉ះពាល់​ពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងពង្រឹងប្រព័ន្ធ​គាំពារសង្គម និង​ប្រព័ន្ធជំនួយសង្គម ដើម្បីជួយ​គាំពារ​ដល់​គ្រួសារ​ក្រីក្រ​ និង​ជនងាយរងគ្រោះ ​ដែលទទួលរងផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយវិបត្តិ​នៃជំងឺកូវីដ-១៩ គ្រួសារក្រីក្រងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និង​គ្រួសារងាយរងហានិភ័យ ដែលរង​ផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះ​ទឹកជំនន់ក្នុងរដូវវស្សាកន្លងមក និង​កម្មវិធីជំនួយសង្គម​មួយចំនួនទៀតសម្រាប់​ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និង​ងាយរងគ្រោះ​ទូទាំងប្រទេស។ ផ្អែកលើគោលនយោបាយ និង​យុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និង​កិច្ច ខិតខំប្រឹងប្រែងខាងលើនេះ រាជរដ្ឋាភិបាលបានទប់លំនឹងសេដ្ឋកិច្ចសង្គម និងជីវភាពប្រជាជនឱ្យមានភាពប្រក្រតី តាមរយៈការស្តារ និង​ការជំរុញ​សេដ្ឋកិច្ចជាតិឱ្យមាន​កំណើន​ឡើងវិញយ៉ាងឆាប់រហ័ស។
ចំពោះការអនុវត្តគោលនយោបាយការបរទេស ដែលក្នុងស្ថាន-ភាពពិភពលោកកំពុងវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស រាជរដ្ឋាភិបាលបានអនុវត្ត​នូវគោលនយោបាយការបរទេសឯករាជ្យ ផ្អែកលើគោលការណ៍ច្បាប់ ប្រកបដោយភាពបត់បែនទៅនឹងការប្រែប្រួល​ និង​សម្ពាធ​ភូមិសាស្ត្រនយោបាយ ដោយធានាការពារ​បាននូវឯករាជ្យ ​អធិបតេយ្យ​ជាតិ សុខសន្តិភាព ស្ថិរភាព ដើម្បី​ផលប្រយោជន៍ជាតិ និង​ប្រជាជនកម្ពុជា ។
ក្នុងក្របខណ្ឌតំបន់ កម្ពុជាសម្រេចបានដោយជោគជ័យយ៉ាងត្រចះត្រចង់ និង​ជាប្រវត្តិសាស្ត្រ ក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ាន កាលពីឆ្នាំ២០២២ និង​ការទទួល​​រៀបចំប្រកបដោយជោគជ័យ និង​ជាមោទនភាពជាតិដ៏ឧត្តុង្គឧត្តមនូវព្រឹត្តិការណ៍​កីឡាស៊ីហ្គេមលើកទី៣២ និង​អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបញ្ចប់​កាលពីពេលថ្មីៗនេះ។ ដោយឡែក ក្នុងក្របខណ្ឌអន្តរជាតិ កម្ពុជាបាននិង​កំពុងចូលរួម​ដើរតួនាទី​យ៉ាងសកម្មដោយស្មើភាព ស្មើសិទ្ធិជាមួយបណ្តាប្រទេសក្នុងកិច្ចការសំខាន់ៗ ជាច្រើនក្នុងសកលលោក។

បច្ចុប្បន្ន សមិទ្ធផលដែលកម្ពុជាទទួលបាន គឺមានច្រើនឥតគណនា ហើយទីស្តីការគណៈរដ្ឋមន្ត្រី​ក៏បានធ្វើការ​បោះពុម្ពផ្សព្វផ្សាយរួចហើយ នូវរបាយការណ៍អំពីសមិទ្ធផល​សំខាន់ៗនៃការអនុវត្ត យុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។

រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាលដែលបម្រើផលប្រយោជន៍ប្រទេសជាតិ និង​ប្រជាជន ហើយនៅតែបន្តចាត់ទុក​ការរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាការលើកកម្ពស់​គណនេយ្យភាព តម្លាភាព និង​ការទទួលខុសត្រូវ​ការ​រួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋរាល់គ្រាលំបាក និង​គ្រប់កាលៈទេសៈ។

ដូច្នេះ សម្រាប់ដំណាក់កាលពីពេលនេះ រហូត​ដល់ពេលរាជរដ្ឋា-ភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតចូលកាន់តំណែង ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានត្រូវបន្តចុះ​បំពេញបេសកកម្មតាមមូលដ្ឋាន ឱ្យបាន​សស្រាក់សស្រាំ តាមរយៈការពង្រឹង​មូលដ្ឋានលើកិច្ចការ​សំខាន់ៗ រួមមាន៖

ត្រូវបន្តខិតខំថែរក្សា ពង្រឹងសុខសន្តិភាព ស្ថិរភាព និង​រក្សាការពារ​សណ្តាប់ធ្នាប់​នៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីបន្តជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ ការលើកកម្ពស់​ជីវភាពប្រជាជន ត្រូវបង្កបរិយាកាសល្អប្រសើរ​សម្រាប់ការបោះឆ្នោត​ជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
ត្រូវ​សហការចូលរួម​អប់រំ បំផុស លើកទឹកចិត្តប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី​បោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយត្រូវចូលរួម​គោរពអនុវត្តឱ្យបានត្រឹមត្រូវ​នូវច្បាប់ បទបញ្ជា នីតិវិធី នៃការបោះឆ្នោត សំដៅរួមគ្នាធានាឱ្យការបោះឆ្នោត​ខាងមុខនេះ ប្រព្រឹត្តទៅ​ប្រកបដោយលក្ខណសេរី ត្រឹមត្រូវ យុត្តិធម៌ ដើម្បីបន្តជំរុញ​ និង​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ត្រូវពង្រឹង និង​ចាត់វិធានការ​ស្របតាមច្បាប់ ​ដើម្បី​ការពារ និង​រារាំង​គ្រប់សកម្មភាពដែលប៉ុនប៉ងបំផ្លាញដល់ដំណើរការ​បោះឆ្នោត ដែល​នឹងប្រព្រឹត្តទៅនាពេលដ៏ឆាប់ខាងមុខនេះ ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]

(៤) វិសោធនកម្មច្បាប់បោះឆ្នោត ការពារដំណើរការបោះឆ្នោតទាំងមូល

ចំណុចនេះបានបញ្ជាក់ថា យើងបានធ្វើវិសោធនកម្មច្បាប់។ វិសោធនកម្មច្បាប់នេះទៀតសោត វិសាល​ភាពនៅពេលនេះមិនមែនគ្រាន់តែត្រឹមកែទំរង់អ្នកឈរឈ្មោះឲ្យគេបោះឆ្នោតទេ ក៏ប៉ុន្ដែយើងត្រូវតែមានវិធាន​ការមួយចំនួនការពារដំណើរការបោះឆ្នោតទាំងមូល តាំងពីការចុះឈ្មោះ​ រហូតទៅដល់កិច្ចការផ្សេងៗ ទាក់​ទងនឹងការបោះឆ្នោត កុំឲ្យជនណាបំផ្លាញលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសរបស់យើងបាន … បន្ទាប់ពីប្រតិកម្ម យើងបានធ្វើសកម្មភាពមែន។ ឥលូវពួកគេកំពុងតែជ្រួលច្របល់ថាតើនឹងធ្វើអ្វី​ទៀត? យើងត្រូវតែធ្វើសកម្ម​ភាពដែលមិនអាចអត់ឱនឲ្យចំពោះអ្នកណាក៏ដោយដែលមានចេតនាបំផ្លាញនូវ​ការ​អនុវត្ដលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

(៥) ពហិកាមិនចូលរួមបោះឆ្នោត ស្មើនឹងសំលាប់សិទ្ធិនយោបាយរបស់ខ្លួន

ថ្ងៃស្អែក សម្ដេច ក្រឡាហោម នឹងទៅការពារ(ច្បាប់ចំពោះមុខ)គណៈកម្មាការសភា ហើយនឹងត្រូវឆ្លងកាត់ ការ​ប្រជុំ តាមគំរោងនៅថ្ងៃ ២៣(មិថុនា) សភានឹងដំណើរការប្រជុំ។ សម្ដេចក្រឡា​ហោម​និងឯកឧត្តម កើត រិទ្ធ​ ត្រូវទៅការពារច្បាប់នេះ។ ច្បាប់នេះនឹងចូលជាធរមាន។ យើងក៏ចង់ដឹងថា​ ជើងខ្លាំងនៅកន្លែងណាដែលចេញមក។ ពហិការមិនចូលរួមបោះឆ្នោត។ យើងអំពាវនាវឲ្យអ្នកឯង​ពហិការចុះ។ ការពហិការរបស់អ្នកឯងស្មើនឹងសំលាប់សិទ្ធិនយោបាយរបស់អ្នកឯងតែប៉ុណ្ណោះ។ បើអ្នកឯងខ្លាំង​អ្នកឯង​កុំទៅបោះឆ្នោត។ ប្រសិនបើអ្នក​ឯងមិនបានបោះឆ្នោតថ្ងៃ ២៣កក្កដា ខាងមុខទេ អ្នកឯងនឹងបាត់បង់សិទ្ធិបោះឆ្នោតនៅឆ្នាំ២០២៨។ បើទោះបីអ្នកឯងបានទៅបោះឆ្នោតនៅឆ្នាំ២០២៧ សំរាប់ការបោះឆ្នោត​ឃុំសង្កាត់ក៏ដោយ។ លក្ខខណ្ឌដើម្បីឈរឈ្មោះសំរាប់បោះឆ្នោតតំណាងរាស្ដ្របាន ទាល់តែបោះឆ្នោតសកល​បាន ២​ដង ក្នុងសេចក្ដីព្រាងច្បាប់។

(៦)​ បោះឆ្នោតឆ្នាំ​២០២៧/ឆ្នាំ២០២៨ ដើម្បីមានសិទ្ធិបោះឆ្នោតឆ្នាំ ២០៣២ … តែឥឡូវអាយុ៧០ហើយ

បើអញ្ចឹង បើអ្នកឯងមិនបានបោះឆ្នោតលើកនេះ (ហើយ)បោះឆ្នោតឆ្នាំ​២០២៧ និងឆ្នាំ២០២៨ ដើម្បីទៅមានសិទ្ធិបោះឆ្នោតឆ្នាំ ២០៣២ ក៏អ្នកឯងចាំទៅ។ ឥលូវអាយុពួកអ្នកឯង ៧០អស់ហើយ។ អញ្ចឹងអ្នកឯងនៅបានទៀតទេ? … ធ្វើជាអ្នកខ្លាំងរហូតទៅ។ ពហិការ​កុំ​បោះ។ អ្នកមិនទៅបោះឆ្នោតលើកនេះ ក៏គ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតធ្វើមេឃុំចៅសង្កាត់នៅឆ្នាំ ២០២៧ផងដែរ។ អ្នកដែលមិនចូលរួមបោះឆ្នោតថ្ងៃទី ២៣ ខែ(កក្កដាខាង)មុខនេះ ក៏គ្មានសិទ្ធិឈរឈ្មោះ​ឲ្យគេ​បោះឆ្នោតជាសមាជិកព្រឹទ្ធសភាព ជាក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង។ ដែលកន្លងទៅពួកអ្នកឯង​ស្រែកនៅគ្រប់អង្គប្រជុំដែលយើងក្ដាប់បានថា “កុំទៅបោះៗ” នោះ … បើថាអ្នកឯងខ្លាំង អ្នកឯងពូកែ អ្នកឯងកុំទៅបោះ។ មិនទៅបោះស្មើនឹងកាត់សិទ្ធិខ្លួនឯង ច្បាប់នឹងចេញអ្នកឯងប្រាកដច្បាស់ជា(មិនមានច្រកណាផ្សេងទៀតទេ)។

(៧) បើធ្វើបំពានលើការយោគយល់ មានតែវិធានការច្បាប់

ឥលូវ គេប្រមូលផ្ដុំទៅទិសដៅមួយផ្សេងទៀត ប៉ុន្ដែសាកល្បងលមើល។ មានប៉ុន្មាននាក់ដែលហ៊ានទៅចលនា​ឲ្យធ្វើរឿងហ្នឹង។ អ្នកឯងនឹងអាចជាប់នូវទោស។ កន្លងទៅគេយោគយល់រក្សាទុកឲ្យអ្នកឯង ប៉ុន្ដែដល់​អ្នកឯងធ្វើហួស។ យើងគ្មានជំរើសណាក្រៅពីវិធានការច្បាប់ទេ។ តែច្បាប់ចេញហើយអ្នកឯង​ប្រថុយជាមួយច្បាប់ វាមានតែគុកព្រៃស ត្រពាំងថ្លុង ព្រះវិហារ។ គេធ្វើគុកសំរាប់ដាក់មនុស្ស​ខូច​តើ។ នៅលើពិភពលោកមិនទាន់មានប្រទេសណាមួយដែលអត់មានគុក អត់មានខ្នោះ អត់កាំភ្លើងទេ។ ឥលូវបែបចង់ស្វាង។ ខ្ញុំដឹងថានៅភ្នំពេញប៉ុន្មានថ្ងៃមុននេះ​ប្រជុំ​បន្ទាន់ភ្លាមៗ ថាឈប់និយាយអីទាំងអស់គឺរក្សានូវសមិទ្ធផលដែលនៅសេសសល់តិចតួចហ្នឹង។ បើដឹង​អញ្ចឹង ម៉េចក៏មិននិយាយយូរហើយ។ (ម្តេចក៏បំផុសបំផុលរឿង)មិនទៅបោះ(ឆ្នោតជា)សិទ្ធិរបស់ខ្ញុំៗ។ បើចិត្តសឿងហ្អែងកុំទៅបោះ …។

(៨) ជួយកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក៥០បូក១ លើកអំនាចឲ្យគណបក្សប្រ​ជាជន

នេះបើនិយាយពីភាពខ្វះការចេះដឹងវាខុសពីគ្រូពេទ្យ។ គ្រូពេទ្យគ្រាន់បើជាងពួកនយោបាយនេះខ្លាំង​ណាស់។គ្រូពេទ្យមុនគេឲ្យថ្នាំនេះ ថាថ្នាំនេះលេបទៅជាអានេះ ប៉ុន្ដែវាអាចមានឥទ្ធិពលទៅលើអីទៀត។ គ្រូពេទ្យគេពូកែជាង។ អ្នកនយោបាយធុនអន់។ វាស្រែកថាវានឹងគ្រប់គ្រងប្រទេស។ បើល្ងង់​​អញ្ចឹងៗ មកគ្រប់គ្រងប្រទេសម៉េចនឹងកើត។ យើងមិនផ្ចាញ់ផ្ចាលនឹងអំពើខុសឆ្គងរបស់វាទេ ក៏ប៉ុន្ដែចង់ចង្អុល​បង្ហាញថាមេដឹកនាំរបស់វាភ្លើ។ មូលហេតុភ្លើហ្នឹងហើយ ដែលធ្វើឲ្យយើងមានកំលាំងដល់សព្វថ្ងៃ។ ម៉្ងៃៗជេរតែហ៊ុនសែនភ្លើ។​ ប៉ុន្ដែឥលូវ អ្នកណាដែលងាយស្រួលប្រើ? ខ្ញុំប្រើអាមួយនឹងស្រួលជាងប្រើអ្នកណាទៀត ​ប្រើឲ្យជួយកែរដ្ឋធម្មនុញ្ញពី ២ ភាគ ៣ មក ៥០ បូកមួយ … អញ្ចឹងអ្នកណាភ្លើជាងអ្នកណា? អ្នកណាដែលអ្នកលើកអំនាចឲ្យគណបក្សប្រ​ជាជនបានយ៉ាងស្រួល។ ពីដើមគេឌឺទៀត។ មាន ៧៣ អាសនៈ ទៅសុំគេ​ប្រជុំសភា។ គេឌឺទៀតថាបើសឿង ម៉េចចាំបាច់មកសុំគេប្រជុំសភា? គ្រាន់តែស្នើសុំប្រជុំសភាដើម្បីអនុម័តច្បាប់ក៏ត្រូវទៅ​អង្វរគេដែរ។ ជម្រើសដែលនៅសល់គឺកែពី ២ភាគ ៣ មកនៅ ៥០ បូក ១។ អញ្ចឹងដល់តែ ៥០ បូក ១ ប្រើក្បាលអាណាអោយ​ជួយ?

(៩) នាំគ្នារត់ទៅក្រៅឆ្នាំ២០១៧ និង២០១៨ ធ្វើអោយមិនមេដឹកនាំ(ប្រឆាំង)នៅក្នុងប្រទេស

ប្រើក្បាលអាអ្នកស្រែកជេរខ្ញុំថាអាល្ងង់នោះ។ អញ្ចឹងអាហ្នឹងវាស្អីវា? អរគុណដែលឆ្នាំ ២០១៧ និង ២០១៨ នាំគ្នារត់ទៅក្រៅអស់។ ដល់រត់ទៅក្រៅអស់ មានមេដឹកនាំណានៅក្នុងប្រទេស? ហ្នឹង​រឿងរបស់ហ្អែងតើ។ ឥលូវចេះស្រែកថាកុំបោះឆ្នោតទៀត។ អញ្ចឹងហ្អែងធ្វើទៅ។ តែច្បាប់ចេញរួចហើយល្អមើលតើ។ បានសេចក្ដីថា គណបក្សដទៃមានលទ្ធភាព ព្រោះពួកជ្រុលនិយមអត់បានឈរឈ្មោះ ព្រោះវាកាត់សិទ្ធិខ្លួន​វា។ ​ច្បាប់គេអត់អនុញ្ញាត … យើងគួរបង្រៀនវាខ្លះ … ហើយអ្នកធ្លាប់ជឿថាអាហ្នឹងដឹកនាំពូកែ ថាអាមេដឹកនាំហ្នឹងហើយ​ដែលនាំខុស នាំដល់អញរលាយ រលាយទាំងអញ អស់ទាំងព្រទ្យសម្បត្ដិផ្ទាល់ខ្លួនទៀត។

ឥលូវមកថាគណៈកម្មាការជាតិរៀបចំការបោះឆ្នោតមានសុទ្ធតែគណបក្សប្រជាជន ឬអ្នកដែលជិតស្និទ្ធជាមួយគណបក្សប្រជាជន។ យើងសួរពួកឯង តើអ្នកណាដេញពួកឯងចេញពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត? ពួកឯងតើរត់ចេញ។ ច្បាប់គេកំណត់ តែកាលណាអ្នកឯងចេញ គណៈអចិន្ត្រៃយ៍សភាមានសិទ្ធជ្រើសរើស ហើយដាក់ឱ្យសភាបោះឆ្នោត។ ពួកឯងរត់តើ។ គេគិតស្មានតែពេលនោះចែកអាសនៈអត់ទាន់ពេល តែគេអត់ដឹងថា ហ៊ីង ដារឹទ្ធ ​នៅ។ អញ្ចឹងក្នុងចំណោម ៤ , ៤, ១ ដល់វាទៅ ទៅបានតែ ៣ នៅសល់ ៦ មិនចាំបាច់សភាកោះប្រជុំបន្ទាន់ដាក់មនុស្សឯណា។ ឥឡូវចង់មកទារវិញ? ចាំជាតិក្រោយទៅ។

(១០) នយោបាយ“ “មានស៊ីអត់សែន មានសែនអត់ស៊ី”” គិតពី២០០៣ មក ធ្វើឱ្យមានតែសែន

ច្បាប់កំណត់ បើសិនជារៀបចំមិនបាន (ក្បាលម៉ាស៊ីន)ចាស់បន្តការងារ។ កុំមកស្រែករញ៉េរញ៉ៃ។ មកពីពួកអ្ហែងភ្លើ។ រត់ទៀតទៅ រួចហើយទៅជេរអញ ១ម៉ឺនគីឡូ ជេរអញតាមអនឡាញ … កោតតែគេរើសថាជាអ្នកដឹកនាំវ័យឆ្លាតទៅរួចដែរ … ល្ងង់ឬឆ្លាត វាស្ថិតនៅត្រង់លទ្ធផលថាអ្នកណានៅកំពុងកាន់អំណាច? ហ៊ុន សែននៅហ្នឹង។ ដាក់ទៅ “មានស៊ីអត់សែន មានសែនអត់ស៊ី”។ ២០ឆ្នាំហើយ បើគិតពី២០០៣ រហូតដល់ពេលនេះ … ឥឡូវវាត្រូវហើយមានតែមួយ​មានអញអត់ឯង។ ឯងអ្នកថាទេតើ … អត់លើកលែងទោសអោយអ្ហែងទេ។ បើមានអ្នកជំនាន់ក្រោយចូលមកក៏អ្នកជំនាន់ក្រោយអត់លើកលែងទោសអោយអ្ហែងដែរ។ អត់ចូលស្រុកបានរហូត។ ថែមទាំងសភាពការណ៍ថ្មីៗ ជាន់លើជាន់ ហ្នឹងទៅបណ្តោយហើយ។

(១១) គណបក្សប្រជាជនមានយុវជនរាប់រយរាប់ពាន់នាក់បន្តវេនតាមថ្នាក់

ឥឡូវអាយុសុទ្ធតែជាង៧០ហើយ។ សល់ ៥ ឆ្នាំ ប៉ុន្មានដងទៀត? មុខពួកអ្ហែង! អត់មានអ្នកបន្តវេនទេ។ ប្រៀបធៀបជាមួយយុវជនគណបក្សប្រជាជនមានអ្នកបន្តវេនរាប់រយ រាប់ពាន់នាក់ បន្តវេនតាមថ្នាក់។ ប៉ុន្តែនៅពេលដែលពួកឯងមានប៉ុន្មាននាក់ទៅដើម្បីបន្តវេន? និយាយគ្នាឱ្យច្បាស់ទៅលើរឿងនេះ។ ឥឡូវហ្នឹង ការដែលវាពង្រឹង វាប៉ុនប៉ងបំផ្លាញការដំណើរការបោះឆ្នោត កុំទុកពេលឱ្យវាបំផ្លាញ។ ច្បាប់ហ្នឹងចេញហើយគឺលែងហើយ។ គណបក្សដែលនៅទីក្រុងភ្នំពេញថាសុំឱ្យប្រយ័ត្នការនិយាយស្ដី​គឺត្រឹមត្រូវ។ កុំនិយាយរញ៉ីរញ៉ៃតទៅទៀត។ អួតអាងទៅនិយាយអញ្ចេះ/អញ្ចុះ និយាយយូរៗ វាត្រូវតែខ្លួនឯង …។

[ចប់សេចក្តីអធិប្បាយ ២]

-ត្រូវខិតខំរួមគ្នាធានាប្រក្រតីភាព និរន្តរភាព និង​ប្រសិទ្ធភាពការងារនៅតាមក្រសួង-ស្ថាប័ន និង​រដ្ឋបាល​គ្រប់ថ្នាក់​ នៅថ្នាក់ក្រោមជាតិ​ ដើម្បីជំរុញការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកប​ដោយចីរភាព ដោយបង្កើន​ការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ ជាមួយនឹងការដោះស្រាយ​សំណូមពរ​នានារបស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាប្រឈមនៅតាមមូលដ្ឋានប្រកបដោយតម្លាភាព និង​ប្រសិទ្ធភាពរហូតរាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតចូលកាន់តំណែង ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ៣]

(១២) ពីថ្ងៃទី២៧ កក្កដា បន្តចុះជួបកម្មករ ១០ លើកទៀត

ពីនេះទៅដល់ការបោះឆ្នោតត្រូវតែធ្វើសកម្មភាព។ ពេលបោះឆ្នោត យើងត្រូវគោរពវិធាននៃការបោះឆ្នោត។ បន្ទាប់ពីការបោះឆ្នោតទៅហើយ រាជរដ្ឋាភិបាលនេះអស់តំណែងនៅពេលដែលរដ្ឋាភិបាលថ្មីស្បថចូលកាន់តំណែង។ (តែរដ្ឋាភិបាលថ្មីស្បថចូលកាន់ដំនែង) យើងអស់(តំណែង)។ ចាំអាកន្លែងហ្នឹង។ ព្រឹកមិញខ្ញុំប្រ​កាសហើយ ពីនេះទៅដល់យុទ្ធនាការបោះឆ្នោត ខ្ញុំធ្វើសកម្មភាពរហូត។ ខ្ញុំផ្អាកត្រឹមតែថ្ងៃបើកយុទ្ធនាការ រហូតទៅដល់ថ្ងៃបោះឆ្នោតថ្ងៃ ២៣ កក្កដា។ ប៉ុន្តែចាប់ពីថ្ងៃទី ២៧ កក្កដាទៅ ខ្ញុំត្រូវបន្តចុះជួបជាកម្មករ ១០ លើកទៀត។ យើងត្រូវដើរទៅពិនិត្យអំពីអ្វីដែលយើងបានសម្រេច។ អញ្ចឹងទេ កុំបោះបង់ចោលតួនាទីរបស់ខ្លួននៅក្នុងអាណត្តិដែលយើងមាន។

(១៣) ពិនិត្យរៀបចំកែសម្រួលសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត

សមាជិករដ្ឋសភាក៏ដូចគ្នា។ នៅក្នុងរដ្ឋធម្មនុញ្ញបានចែងច្បាស់ សភាមានអាណត្តិ ៥ឆ្នាំ។ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែសភារំលាយរដ្ឋាភិបាល ២ដង ក្នុងរយៈពេល ១២ខែ។ មានកថាខណ្ឌមួយថា សភាអស់អំណាចនៅពេលដែលសភាថ្មីចូលកាន់តំណែង។ អញ្ចឹងត្រូវកំណត់អំពីតួនាទីរបស់យើងឲ្យបានច្បាស់ដើម្បីយើងធ្វើសកម្មភាពបន្តទៅទៀត។ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចូលកាន់តំណែង និងពិនិត្យរៀបចំកែសម្រួលសមាសភាពក្នុងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្តឲ្យបានសមស្រប និងបន្តដាក់ចេញនូវគោលការណ៍ និងវិធានការនានាដើម្បីបន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព។

(១៤) ក្រោយបោះឆ្នោត រៀបចំឡើងវិញក្រុមការងាររាជរដ្ឋាភិបាលចុះជួយតាមខេត្ត

ក្រុមការងារចុះមូលដ្ឋានបន្តទៀត ត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តរាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា សំដៅឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសដែលមានចំ​ណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ និងចក្ខុវិស័យឆ្នាំ(២០៥០)ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់។ ខ្ញុំកំពុងតែព្រៀងថាតើអ្នកណានឹងចុះទៅខេត្តណា? ក្រោយការបោះឆ្នោតនឹងត្រូវរៀបចំឡើងវិញ ព្រោះអ្នកខ្លះបន្ត អ្នកខ្លះមិនបន្ត។ បើទោះបីរដ្ឋាភិបាលនៅក្រុម team ចាស់បន្ត ក៏ត្រូវរៀបចំក្រុម team ថ្មី ធ្វើម៉េចឲ្យមានសមាជិករាជរដ្ឋាភិបាលចុះជួយតាមខេត្តនានាបន្តទៀត។ នេះគឺជាការផ្សាភ្ជាប់ខ្លួនជាមួយនឹងដំណើរការទាំង​មូលរបស់ជាតិ ជាពិសេសផ្សាភ្ជាប់ខ្លួនជាមួយនឹងមូលដ្ឋានដើម្បីជំរុញអនុវត្ត(កម្មវិធីនយោបាយនិងយុទ្ធសាស្រ្តរាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា)។

(១៥) យុទ្ធសាស្រ្តបញ្ចកោណ៖ ប្រមូលធាតុផ្សំនៃចតុកោណ និងបញ្ចូលធាតុថ្មី

នៅពេលខាងមុខនេះ យុទ្ធសាស្រ្តចតុកោណដែលបានអនុវត្ត ៤ដំណាក់កាលហើយ នឹងត្រូវបានផ្លាស់ប្តូរ ទៅជាយុទ្ធសាស្រ្តបញ្ចកោណ គឺមានមុំប្រាំ មិនមែនមុំ ៤ ទេ។ យើងបានចាប់ផ្តើមដោយអនុវត្តយុទ្ធសាស្រ្តត្រីកោណមួយអាណត្តិ បន្ទាប់ទៅយើងអនុវត្តនូវយុទ្ធសាស្រ្តចតុកោណទី ១, ទី២, ទី៣, និងទី៤ … យើងកំពុង រៀបចំយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងហ្នឹងប្រមូលដោយធាតុទាំងឡាយក្នុងយុទ្ធសាស្រ្តចតុកោណ ជាមួយនឹងការបញ្ចូលធាតុថ្មីបន្ថែមទៀត។ យើងនិយាយមុនបន្តិចទៅចុះ ព្រោះវាគង់តែនឹងដល់ពេលនោះ។ យើងបង្ហើបពីកម្មវិធីនយោបាយរបស់យើងទុកជាស្រេច។ យើងមិនធ្វើដំណើរការនេះដោយកញ្ឆក់កណ្តៀតទេ។

[ចប់សេចក្តីអធិប្បាយ ៣]

បន្ទាប់ពីចូលកាន់​តំណែង​ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានឹងពិនិត្យ​រៀបចំកែសម្រួល​សមាសភាព​​ក្រុមការងារ​រាជរដ្ឋា- ភិបាល​​ចុះមូលដ្ឋានរាជធានី-ខេត្តឱ្យបានសមស្រប និង​បន្តដាក់ចេញ​នូវគោលការណ៍ និង​វិធានការនានា ​ដើម្បីបន្តពង្រឹង​ និង​លើកកម្ពស់​ប្រសិទ្ធភាព​ក្រុមការងារចុះមូលដ្ឋានបន្តទៀតតាមរយៈ ការត្រួតពិនិត្យ និង​គាំទ្រការអនុវត្ត​កម្មវិធីនយោបាយ​ និង​យុទ្ធសាស្ត្ររាជរដ្ឋាភិបាលសម្រាប់នីតិ-កាលទី៧ នៃរដ្ឋសភា សំដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ក្លាយ​ជាប្រទេសដែលមានចំណូលមធ្យម​កម្រិតខ្ពស់ ​និង​ចក្ខុ-វិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែល​មានចំណូលខ្ពស់។

ខ្ញុំមានសុទិដ្ឋិនិយមចំពោះស្មារតីទទួលខុសត្រូវរបស់​​ក្រុម-ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន និង​ជឿជាក់ថា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីនឹងបន្ត​ពង្រឹង​ការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ​ និង​អនាគតដ៏រុងរឿង​នៃជាតិមាតុភូមិយើង ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមប្រកបដោយពុទ្ធពរ និង​ពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបីឃ្លៀងឃ្លាត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវក...

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ