សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សម្ពោធអគារសម្ភពក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ ភ្នំពេញ

CNV:

(១) សម្ពោធសមិទ្ធផលជាការវិនិយោគរបស់រាជរដ្ឋាភិបាល១០០% ក្នុងដើមឆ្នាំថ្មី

ជាដំបូងអនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីសុខាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ សូមជូនពរចូលឆ្នាំថ្មី ដែលទើបនឹងមកដល់ក្នុងប៉ុន្មានថ្ងៃនេះ សូមអ្នកទាំងអស់គ្នាទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលថ្មី នៅក្នុងឆ្នាំថ្មី គឺដើមឆ្នាំតែម្តង ជាមួយនឹងការវិនិយោគ ១០០% ពីសំណាក់រាជរដ្ឋាភិបាល នៅក្នុងដំណាក់កាលដ៏លំបាក គឺនៅឆ្នាំ ២០២១។ យើងបានដឹងហើយថា កូវីដ-១៩ បាននិងកំពុងផ្ទុះនៅឆ្នាំ ២០២១ គួរណាស់តែយើងមិនអាចសាងសង់មន្ទីរពេទ្យនៅទីនេះទេ។ ផ្ទុយទៅវិញ បើទោះបីជាកូវីដ-១៩ បានវាយប្រហារយើងជាដំណំ ការដ្ឋានទាំងអស់នៅទូទាំងប្រទេសកម្ពុជា មិនមែនតែការដ្ឋានសម្រាប់ប្រើប្រាស់ថវិកាជាតិប៉ុណ្ណោះទេ ការដ្ឋានដែល(ប្រើប្រាស់ថវិកា)ពីបរទេស ដែលរាជរដ្ឋាភិបាលចេញថវិកាបដិភាគ ក៏មិនត្រូវ​បានរាំងស្ទះដែរ។ ពេលនោះ យើងវិនិយោគទៅកាន់ខេត្តព្រះសីហនុអស់ប្រមាណជា៤០០ លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវ។ យើងវិនិយោគអស់ប្រមាណជា​២០០ លានដុល្លារ ទៅកាន់ខេត្តសៀមរាប(ដើម្បីកែលំអហេដ្ឋារចនាសម្ព័ន្ធ)។ មកកាន់មន្ទីរពេទ្យនេះ យើងបានធ្វើបដិភាគជាមួយនឹងគម្រោងវិនិយោគនានា។ យើងហ៊ានធ្វើកិច្ចការនេះ ដើម្បីងើបឈរឡើងក្នុងការដោះស្រាយតម្រូវការប្រទេសជាតិ រួមជាមួយនឹងការដោះស្រាយបញ្ហាកូវីដ-១៩។

(២) វឌ្ឍនភាពវិស័យសុខាភិបាលតាំងពីស្ថានភាពប្រទេសមានសង្គ្រាមផងសន្តិភាពផង

វិស័យសុខាភិបាលរបស់យើងក៏មានការរីកចម្រើននៅក្នុងរយៈពេលនោះដែរ។ ថ្ងៃនេះ ជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ដែលអ្នកទាំងអស់គ្នានៅទីនេះ ក៏ដូចជាបងប្អូនជនរួមជាតិ អាច​មើលឃើញអំពីវឌ្ឍនភាពនៃវិស័យសុខាភិបាលរបស់យើង ដែលចាប់ផ្តើមចេញពីដំណើរដ៏លំបាកលំបិន ក្នុងស្ថានភាពដែលប្រទេសមានសន្តិភាពផង និងមានសង្គ្រាមផង។ ពេលនោះ សង្គ្រាមមានកើតដោយដាច់ដោយដុំនិងពេលវេលាខ្លះ ក៏ប៉ុន្តែសង្គ្រាមនេះវាបន្តធ្វើឲ្យយើងមានផលប៉ះពាល់ក្នុងការអភិវឌ្ឍន៍ប្រទេសបន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ។

(៣) រយៈពេល៤៨ ឆ្នាំ ប្រជាពលរដ្ឋផ្លាស់ប្តូរពីបែកបាក់ ព្រាត់ប្រាស មកជារីករាយប្រារព្ធឆ្នាំថ្មី

បើនិយាយឲ្យឆ្ងាយជាងនេះបន្តិច កាលពី៤៨ ឆ្នាំមុន ប្រជាពលរដ្ឋរបស់យើង កំពុងធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញដោយបង្ខំ ដោយពួកខ្មែរក្រហម ខ្លះក៏ទទួលមរណភាពតាមផ្លូវ ខ្លះក៏ត្រូវគេសម្លាប់តាមផ្លូវ ខ្លះក៏ត្រូវបែកបាក់ប្រពន្ធកូន ប្តីសី។ គឺជារឿងអកុសល។ ប៉ុន្តែ ក្នុង៤៨ ឆ្នាំក្រោយនេះ ខ្ញុំសូមយក​ឱកាសនេះ អរគុណជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេស​ ដែលបានចូលរួមទាំងអស់គ្នាសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី ដែលទើបកន្លងផុតទៅថ្មីៗនេះ។ តាមស្ថិតិប្រជាជនប្រមាណជាង ១៣ លាននាក់ ដែលបានធ្វើដំណើរកំសាន្តនៅទូទាំងប្រទេស។ ចំណុចនេះ យើងអាចមើលឃើញថា ចេញមកពីអ្វី?

(៤) រថយន្តក្រុងមិនគិតថ្លៃរបស់រាជធានីភ្នំពេញបានដឹកអ្នកដំណើរ៥ ម៉ឺននាក់

ខ្ញុំក៏សូមអរគុណ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់រថយន្តក្រុង ជូនប្រជាជនប្រមាណជា៥ ម៉ឺននាក់ ចេញទៅលេងស្រុក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ លើកលែងតែដំណាក់កាលកូវីដ-១៩ ទេ ខ្ញុំបានដេញថ្លៃជាមួយក្រុមរថយន្តឈ្នួលនិងតាក់ស៊ី ដែលចេះតែឡើងថ្លៃ … ដល់ចឹងទៅ (រថយន្តឈ្នួលនិងតាក់ស៊ី)អត់ឡើងថ្លៃដែរ។ ៥ ម៉ឺននាក់ជិះរថយន្តក្រុង។ គេនិយាយចេះទៅទៀត ខ្លះគេស្គាល់គ្នាលើរថយន្តក្រុង។ គេអត់ស្គាល់គ្នាទេ តែគេជិះឡានជាមួយគ្នា។ ដល់ទៅអញ្ចឹងគេស្គាល់គ្នាលើឡាន។ សង្ឃឹមថា នារីនិងបុរស ដែលនៅកំលោះក្រមុំ អាចថ្ងៃក្រោយ បើសិនជាមានអ្នកណារៀបការធុនហ្នឹង ផ្ញើសំបុត្រអញ្ជើញខ្ញុំផង។ ថ្ងៃមុនខ្ញុំបាននិយាយនៅអង្គរសង្ក្រាន្តថា ឆ្នាំមុនៗនោះ នារីនិងបុរស គេទៅជួបជុំគ្នានៅអង្គរសង្ក្រាន្ត រួចហើយបន្ទាប់ទៅគេរៀបការជាមួយគ្នា។ ឆ្នាំនេះខ្ញុំគិតថា នារីនិងបុរស អាចជួបគ្នាលើឡានក្រុង បន្ទាប់ទៅគេរៀបការជាមួយគ្នា។ បើយ៉ាងដូច្នោះមែន ពេលដែលរៀបការសុំធ្វើលិខិតធ្វើម៉េចផ្ញើឲ្យដល់ខ្ញុំផងដើម្បីខ្ញុំចងដៃ។

(៥) ក្រោយពិធីបុណ្យចូលឆ្នាំ កាន់​តែ​មានការជឿជាក់អំពីស្ថានភាពគ្រប់គ្រងបាននៃជំងឺកូវីដ១៩

នេះជាស្ថានភាពដែលបង្កការសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មី។ ឆ្នាំនេះ ខ្ញុំកាន់​តែ​មានការជឿជាក់(អំពីស្ថានភាពគ្រប់គ្រងបានជំងឺកូវីដ១៩)។ កាលពីឆ្នាំទៅ ដូចដែលខ្ញុំធ្លាប់និយាយ ខ្ញុំភ័យព្រួយខ្លាំងណាស់។ នៅពាក់កណ្តាលឆ្នាំ២០២១ តែប៉ុន្មានខែសោះ ប្រជាពលរដ្ឋរបស់យើងប្រមាណ ១៣ ម៉ឺននាក់ឆ្លង។ បន្ទាប់ទៅ មានស្លាប់ចំនួន ៣០៥៦ នាក់ ក្នុងរយៈពេលមួយដ៏ខ្លី។ ខ្ញុំបានប្រកាសអាសន្នដើម្បីរកកន្លែងកប់សាកសព និងធ្វើប៉ាឆាថែម រៀបចំក្តារមឈូស។ ពួកអគតិថាខ្ញុំមើលងាយជីវិតប្រជាជន។ ប៉ុន្តែបើខ្ញុំមិនត្រៀមបែបនេះទេ ប្រជាពលរដ្ឋរបស់យើងប្រហែលជារកក្តារមឈូសមិនទាន់ពេលទេ … (ដោយសារ)ការខិតខំរបស់យើងទាំងអស់គ្នា យើងបានចាក់វ៉ាក់សាំងពេញលេញនៅភ្នំពេញនិងខេត្ត​កណ្តាល។ ស្រោចជោកហើយ ចាប់ផ្តើមដល់ពង្រីកទៅខាងក្រៅ។ ប៉ុន្តែដល់ពេលភ្ជុំបិណ្ឌ នៅបិណ្ឌទី១ និងបិណ្ឌទី២ បិណ្ឌទី៣ ក៏ចាប់ផ្តើមមានឆ្លង។ ចាប់ពីបិណ្ឌទី៤ ទៅ (ខ្ញុំបាន)សុំស្នើថាប្រជាពលរដ្ឋធ្វើបុណ្យបានផងនិងការពារបានផង។ លោកវត្តចំពុះក្អែកឆ្លងជិតទាំងអស់។ វិធីពេលនោះ គឺយកចង្ហាន់ទៅប្រគេនលោក។ លោកទទួល ប៉ុន្តែមិនបាច់ចូលវត្តទេ។ បើចូលក៏ចូលក្នុងកម្រិតណាមួយបានហើយ។ រឿងហ្នឹងយើងបានឆ្លងផុត។

(៦) ជាមេដឹកនាំ មានភារកិច្ចការពារប្រជាពលរដ្ឋដូចជាការពារឪពុកម្តាយនិងកូនចៅដូចច្នោះដែរ

យើងឃើញថាក្រោយភ្ជុំ មានការធ្លាក់ចុះ(នូវការឆ្លង)។ យើងក៏ចាប់ផ្តើមបើកបន្តិចម្តងៗ។ ថ្ងៃ១ ខែវិច្ឆិកា​ ឆ្នាំ ២០២១ យើងក៏បានបើកប្រទេសឡើងវិញ ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយចំនួនបន្តទៀត។ ដល់ទៅពេលចូលឆ្នាំខ្មែរ នៅឆ្នាំ២០២២ ខ្ញុំភ័យយកតែមែនទែន។ ពេលហ្នឹង ឆ្នាំ២០២២ ខ្ញុំទៅចូលឆ្នាំនៅឯក្រុងព្រះសីហនុ (សម្ពោធរូបសំណាក)ព្រះថោងតោងស្បៃ … មើលតាមទូរទស្សន៍ (ខ្ញុំថា)ងាប់ហើយមនុស្សដូចសមុទ្រមនុស្ស។ ខ្ញុំគិតខ្លួនឯងថា តើជាការសម្រេចចិត្តខុសឬត្រូវ ក្នុងការបើកឲ្យប្រជាពលរដ្ឋជួបជុំគ្នា ដោយគ្មានរក្សាគម្លាតបែបនេះ ក្នុងពេលដែលយើងនៅតែបន្ត ៣កុំ ៣ការពារ … អ្នកដទៃមិនដឹងថាគេគិតយ៉ាងម៉េចទេ ក៏ប៉ុន្តែសម្រាប់ខ្លួនខ្ញុំៗ ធ្វើជាមេដឹកនាំគេ ថ្វីត្បិតតែមិនមែនចាត់ទុកប្រជាជនជាកូនជាចៅរបស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំមានភារកិច្ចការពារពួកគាត់ដូចជាការពារឪពុកម្ដាយនិងកូនចៅរបស់ខ្ញុំដូចគ្នា។

ដូច្នេះ ខ្ញុំពិតជាបារម្ភថា តើមនុស្សប៉ុន្មាននឹងត្រូវស្លាប់បន្ទាប់ពីចូលឆ្នាំ? កុសលល្អ ដោយការខិតខំរបស់យើង ចំនួនអត្រាឆ្លងនេះវាបែរជាធ្លាក់ចុះៗ រហូតដល់ខែ៥។ ទៅប្រជុំនៅអាមេរិកក្នុងខែ៥ រវាងអាស៊ាននិងអាមេរិក ក្នុងពេលជប់លៀងជាមួយប្រធានាធិបតីអាមរិក Joe Biden ពេលធ្វើសង្កថា ដំបូងខ្ញុំបានសម្ដែងនូវមរណទុក្ខចំពោះប្រជាជនអាមេរិកទីមួយលានដែលបានស្លាប់(ដោយជំងឺកូវីដ១៩)។ នេះវាជារឿងពិត។ ងាកមកកាន់កម្ពុជាវិញ នៅពេលដែលអង្គុយបាយនោះ ប៉ុន្មានថ្ងៃមានសូន្យកូវីដ។ ប៉ុន្តែយើងនៅតែយកវិធានការ។ បន្តមក យើងបានបញ្ឈប់ពាក់ម៉ាស់ជាកាតព្វកិច្ច ប៉ុន្តែទុកលទ្ធភាពឲ្យបងប្អូនអាចពាក់ម៉ាស់តាមចិត្តចុះ។ បងប្អូនយើងមួយចំនួនដែលធ្វើដំណើរ ខ្លះក៏នៅពាក់ ខ្លះក៏ឈប់។ យើងនៅសល់វិធានការមួយចំនួន។

(៧) ដកចេញវិធានការណ៍ពាក់ម៉ាសនិងធ្វើតេស្ត មុនចូលរួមពិធីនានា

វិធានការមួយចំនួននោះ ត្រូវបានលើកលែងពីម្សិលមិញ។ លោកជំទាវ យក់ សម្បត្តិ ពេលដែលធ្វើដំណើរចេញពីទីក្រុងឡុងដ៍្រ ហោះមកប្រទេស ទាក់ទងមកជាមួយខ្ញុំ​ ឆ្លងឆ្លើយគ្នាអំពីគាត់ទៅប្រទេសអង់គ្លេស បានឃើញថានៅអង់គ្លេសគេអត់មានពាក់ម៉ាស់ទេ។ ឥឡូវគឺខ្លួនឯងពាក់ម៉ាសខ្លួនឯង។ តែអាហ្នឹងសេរីភាពនៃការជ្រើសរើសរបស់ខ្លួន បើខ្លួនយល់ថា ពាក់ម៉ាស់ទៅវាស្រួលខ្លួន អាហ្នឹងពាក់តទៅទៀតទៅ គ្មាននរណាហាមឃាត់ទេ។ ប៉ុន្តែ គ្រាន់តែអ្នកលក់ក្រែមលក់វាមិនសូវដាច់ ព្រោះគ្មានអ្នកណាឃើញក្រែម។

ប្រហែលជាលោកជំទាវ យក់ សម្បត្តិ រាយការណ៍ឲ្យឯកឧត្ដម ម៉ម ប៊ុនហេង ហើយឯកឧត្ដម ម៉ម ប៊ុន​ហេង បានបញ្ជូនសារមកឲ្យខ្ញុំ។ ខ្ញុំក៏បានប្រាប់ត្រឡប់ទៅវិញថា ឥឡូវឲ្យពិភាក្សាគ្នាទៅ ជាពិសេសជា​មួយ​​ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ថាត្រូវធ្វើយ៉ាងម៉េច ព្រោះខ្ញុំចង់ដកចេញនូវចំណុចពីរ។ ចំណុចទីមួយ គឺកាតព្វកិច្ចពាក់ម៉ាស់នៅពេលដែលជួបជុំគ្នាបែបនេះ។ កាលពីមុន ការជួបជុំបែបនេះតម្រូវឲ្យមានការពាក់ម៉ាស់។ និស្សិតចូលទទួលសញ្ញាបត្រក៏ពាក់ម៉ាស់។ ប្រជុំគណៈរដ្ឋមន្រ្តីក៏នៅពាក់ម៉ាស់។ ធ្វើស្អីក៏នៅពាក់ម៉ាសនៅពេលមានការជួបជុំ … អ្នកពាក់ម៉ាស់អត់មានអីខុសទេ ចង់ពាក់ក៏ពាក់ទៅ បើយល់ថា សុខភាពខ្លួនមិនសូវស្រួល ក្រែងលោឆ្លងពីគេពីឯង ក៏ពាក់ទៅ ឬក៏សុខភាពរបស់ខ្លួនមានបញ្ហា អាចបង្កឲ្យអ្នកដទៃក៏ពាក់ទៅ សូមអញ្ជើញពាក់។ ប៉ុន្តែ កាតព្វកិច្ចពាក់ម៉ាស់ក្នុងទីកន្លែងនៃការជួបជុំ គឺត្រូវបានដកចេញ រាប់ទាំងការចូលស៊ីហ្គេមនៅពេលខាងមុខ ក៏ត្រូវដកចេញ។

ការដកចេញមួយទៀត គឺការធ្វើតេស្ដ។ សម្រាប់បងប្អូនរបស់យើង ដែលមុនចូលមកជួបជុំគ្នានេះ តែងតែពីមុននេះគឺ​ធ្វើតេស្ដទាំងអស់ អញ្ចឹងឥឡូវគឺយើងដកចេញអាហ្នឹង។ ខ្ញុំគិតថា ដល់ពេលស៊ីហ្គេមដែលនៅសល់តែ ១៥ ថ្ងៃទៀត​ប៉ុណ្ណោះ បើយើងធ្វើតេស្ដសម្រាប់មនុស្សចូលស៊ីហ្គេម ចំណាយគ្រូពេទ្យមិនដឹងថាប៉ុន្មាន ហើយទាន់ពេលវេលាឬអត់? នេះជាបញ្ហាមិនតូចទេគឺបញ្ហាធំ។ បើសភាពការណ៍អាសន្ន ខាងសុខភាពសាធារណៈវាតម្រូវ យើងក៏ត្រូវតែធ្វើ។ ក៏ប៉ុន្តែ ក្រោយពេលចូលឆ្នាំខ្មែរនេះ គឺយើងអត់មានសំណាកធ្វើនៅតាមវិទ្យាស្ថានផង ហើយបងប្អូនខ្លះសង្ស័យអី ធ្វើតេស្ដរហ័សខ្លួនឯងទៅ។ អញ្ចឹងទេ យើងដកចេញនូវចំណុចពីរនេះ។ បងប្អូនណាចង់ធ្វើ ក៏ធ្វើខ្លួនឯងទៅ ឬក៏អាចទៅរកខាងពេទ្យខាងអីធ្វើទៅ ប៉ុន្តែមិនមែនជាកាតព្វកិច្ចទៀតទេ។

ឧទាហរណ៍ មុនដំបូង អ្នកដែលមកជួបជុំគ្នានៅទីនេះ ទីមួយត្រូវធ្វើតេស្ដ ទីពីរត្រូវពាក់ម៉ាស់។ ប៉ុន្តែ ម្សិលមិញ ប្រហែលជាសម្លេងខ្ញុំចេញមកនោះ ក្រោយពេលអ្នកខ្លះបានធ្វើតេស្ដរួចទៅហើយ អ្នកខ្លះក៏មិនទាន់បានធ្វើតេស្ដ ប្រហែលជាសម្លេងខ្ញុំចេញយឺតពេក ព្រោះឯកសារដាក់ពីឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ទៅដល់ខ្ញុំៗ ចារភ្លាម។ ខ្ញុំទាញទូរស័ព្ទមក ព្រោះមធ្យោបាយឥឡូវស្រួលណាស់។ ពីដើម មុនពេលដែលខ្ញុំបង្កើត channel Telegram របស់ខ្ញុំ គឺខ្ញុំត្រូវ forward ចេញទៅឲ្យស្ថានីយវិទ្យុនេះ/នោះ ទូរទស្សន៍នេះ/នោះ អនឡាញនេះ/នោះ។ ឥឡូវអត់ទេ channel Telegram របស់ខ្ញុំមានជាង ៦៩ ម៉ឺននាក់ ដែលខ្ញុំជឿថានឹងឡើងលើស៧០ ម៉ឺន។ បើអ្នកទាំងអស់គ្នាចង់ទទួលព័ត៌មានរហ័សមកតាម​ channel Telegram។ រុញព្រឹបតាម channel Telegram ហ្នឹង ស្ថានីយទូរទស្សន៍នានា គឺគេចាក់ផ្សាយអាហ្នឹងចេញតែម្ដង។

(៨) វាលទីបី អំពីជំងឺដង្កាត់ អាចជាវាលដែលឆ្លងមិនផុត

នេះជាការបញ្ជាក់ឡើងវិញថា ក្រោយចូលឆ្នាំខ្មែរនេះ មិនមានហានិភ័យកើតឡើងទេ ក៏ប៉ុន្តែ ខ្ញុំក៏នៅតែបន្តការអំពាវនាវ​​ អ្នកដែលគិតថា ខ្លួនឯងមានបញ្ហា គួរតែត្រូវពិនិត្យខ្លួនឯងយ៉ាងម៉េច? ដាក់បន្ទុកទៅឲ្យសាម៉ីខ្លូនម្នាក់ៗវិញ បូករួមនឹងការទទួលខុសត្រូវតាមដានហ្មត់ចត់ពីក្រសួងសុខាភិបាលរបស់យើង អំពីការវិវឌ្ឍប្រែប្រួលនៃស្ថានភាពសុខភាពសាធារណៈ។ នេះជាចំណុចដែលយើងនៅតែបន្តតាមដាន។ ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក កំពុងតែបង្កើតជាបញ្ហាធំណាស់សម្រាប់ជំងឺដង្កាត់។ ខ្មែរយើងចាស់ៗតែងថា «ហែលឆ្លងវាលបី»។ ការពិត យើងបានហែលឆ្លងវាលពីររួចស្រេចទៅហើយ ប៉ុន្តែវាលទីបីខ្ញុំគិតថាមិនងាយហែលឆ្លងរួចទេ។ ស្អីទៅវាលបីនោះ? វាលទីមួយគឺវាលសង្គ្រាម។ សង្គ្រាមយើងបានហែលឆ្លងរួចហើយ។ ឯវាលទីពីរ វាលគ្រោះទុរភិក្ស គឺការអត់ឃ្លាន យើងក៏បានហែលឆ្លងដែរ។ ឯវាលទីបី គឺជំងឺដង្កាត់នេះឯង មិនងាយហែលឆ្លងរួចទេអានេះ។ ឥឡូវសូម្បីតែអាកាសធាតុត្រូវជាចំណោទដែលត្រូវយកចិត្តទុកដាក់នៅខាងមុខ តាមដានឲ្យជាប់ ព្រោះសីតុណ្ហភាពវាចេះតែកើន ដែលតម្រូវឲ្យមានការតាមដាន សុខភាពដោយប្រុងប្រយ័ត្ន។

(៩) វីរភាពអាជ្ញាធរ កងកម្លាំង និងគ្រូពេទ្យ ក្នុងពេលមានពិធីបុណ្យនានា

ខ្ញុំសូមយកឱកាសនេះថ្លែងចេញពីទីនេះ ទៅកាន់បណ្ដាខេត្ត អាជ្ញាធរខេត្ត/រាជធានី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជា​ទៅតាមទីអារាមនានា កន្លែងនានាដែលបានចាត់តាំងកម្សាន្តឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងរយៈពេលចូលឆ្នាំកន្លងទៅ។ ខ្ញុំមានការកោតសរសើរចំពោះមន្រ្តីនគរបាល អាវុធហត្ថ ក៏ដូចជាកម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារយើងឲ្យយើងបានសប្បាយរីករាយ។ ពេលបុណ្យទានរួចម្ដងៗ យើងត្រូវចាំថា ទី១ គឺផ្នែកសន្តិសុខសាធារណៈដែលរាប់បញ្ចូលទាំងកងនគរបាលជាតិ កងរាជអាវុធហត្ថ និងកងកម្លាំងប្រដាប់អាវុធជាកងទ័ព ជាកងខេមរភូមិន្ទ អត់បានជួបជុំប្រពន្ធកូនដូចយើងទេ។ ពួកគាត់ត្រូវនៅការពារសន្តិសុខសម្រាប់ការសប្បាយរបស់យើង។ មួយទៀត គ្រូពេទ្យដែលគេហៅថា កងទ័ពអាវសនេះ មួយចំនួនអត់បានទៅទទួលទេវតាទេ ព្រោះនៅមើលថែអ្នកជំងឺនេះ។ ត្រូវ​មើលឃើញវីរភាព កុំឃើញចំណុចខ្សោយបន្តិចបន្តួចហ្នឹងនាំគ្នាវាយប្រហារ។ តើគ្រូពេទ្យប៉ុន្មាននាក់ ដែលត្រូវប្រចាំការនោះ? ខ្ញុំក៏មានប្រពន្ធជាពេទ្យដែរ ក៏ដឹងថារសជាតិប្រពន្ធជាពេទ្យនោះវាយ៉ាងម៉េច …។

(១០) ដោះស្រាយទំនាស់និងការពារទីតាំងដែលបច្ចុប្បន្នជាមន្ទីពេទ្យជាតិផ្នែកកុមារ

ឥឡូវបកមកមន្ទីរពេទ្យនេះវិញ។ ខ្ញុំគួរតែរំលឹក ដោយសារ ឯកឧត្តម ហោ ណាំហុង ក៏បានមកទីនេះដែរថ្ងៃនេះ ហើយក៏ឃើញនាយកមន្ទីរពេទ្យបានធ្វើសម្ភាសន៍។ អំពីទីតាំងមន្ទីរពេទ្យនេះ ខ្ញុំមានបញ្ហាត្រូវដោះស្រាយជាច្រើនលើក។ អាចចាត់ទុកថា ខ្ញុំជាឆ្មបម្នាក់ក្នុងការបង្កើតមន្ទីរពេទ្យនេះ … ព្រោះអ្វី? កាលខ្ញុំធ្វើរដ្ឋមន្ត្រីការបរទេស ខ្ញុំមានជំលោះជាមួយរដ្ឋមន្ត្រីការពារជាតិពេលនោះ។ ឥឡូវគាត់បានលាចាកលោកទៅហើយ។ នេះគ្រាន់តែជាប្រវត្តិ។ ពេលនោះ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា សម្ដេច ហេង សំរិន ជាប្រ​ធាន, ប៉ែន សុវណ្ណ អនុប្រធានទទួលបន្ទុកការពារជាតិ, ខ្ញុំសមាជិកទទួលបន្ទុការបរទេស។ ជាប្រវត្តិ​ មន្ទីរពេទ្យនេះត្រូវបានកសាងនៅឆ្នាំ១៩៧៤។ ឌី ឡាំថុល ក្រោយមកធ្វើជាលេខាផ្ទាល់របស់ខ្ញុំ មានប្រវត្តិទាក់​ទងរឿងហ្នឹង។ ឌី ឡាំថុល ដូចជាទៅបារាំង (ហើយ)ដូចជាត្រឡប់មកវិញ។ គាត់ជានិស្សិតឆ្នាំទី៥ ហើយគាត់ទៅបន្តរៀនយកវេជ្ជបណ្ឌិត ក្រោយពីធ្វើលេខាផ្ទាល់ឱ្យខ្ញុំនៅក្រសួងការបរទេស។

វេជ្ជបណ្ឌិតម្នាក់ឈ្មោះ ម៉ូរីហាន បានមករៀបចំកសាងមន្ទីពេទ្យហ្នឹងឡើងវិញ។ ខ្ញុំជាមួយហ្នឹងឯកឧត្តម ហោ ណាំហុង ដើម្បីធ្វើមន្ទីរពេទ្យនេះ។ អ្វីដែលជាជំលោះរវាងខ្ញុំជាមួយរដ្ឋមន្ត្រីការពារជាតិនៅត្រង់អី? ត្រង់ថាអង្គការ World Vision អង្គការទស្សនៈពិភពលោក គ្នាសុំដាក់ផ្លាកឈើឆ្កាងព្រះយេស៊ូគ្រីស្ត នៅខាងមុខបន្តិច យើងក៏អនុញ្ញាឱ្យដាក់។ ប៉ែន សុវណ្ណ បានប្រឆាំងជាមួយគ្រីស្តសាសនា។ រឿងវាអញ្ចេះបានវាទៅមានជំលោះ។ ជំលោះហ្នឹងវាមានថែមទៀត។ យើងជារដ្ឋមន្ត្រីការបរទេស(បានស្វែងសុំ)ឱ្យគេដឹកជំនួយមកឱ្យយើង។ ដឹកជំនួយកាកបាទក្រហមមក រដ្ឋមន្ត្រីការពារជាតិបានបញ្ជាឱ្យចាប់យន្តហោះនៅពោធិ៍ចិនតុង។ ខ្ញុំត្រូវធ្វើដំណើរពីកំពង់ចាមទៅដោះយន្តហោះនៅពោធិ៍ចិនតុង។ ហ្នឹងរឿងមួយដំណាក់ទៅ។ ដំណាក់ទី២ ខ្ញុំបានទាស់ជាមួយអ៊ុនតាក់។ នៅចាំទេ យើងប្រើតែមួយផ្នែកទេ ម្ដុំហ្នឹងធ្វើស្រែទេ។ ឆ្នាំ១៩៩២ ឃើញទីនេះជាស្រែ អ៊ុន​តាក់ សុំកន្លែងធ្វើ headquarters របស់អ៊ុនតាក់ ដោយគេបញ្ចូលអូស្កូមកដើម្បីធ្វើ។ ខ្ញុំថាអត់បានទេ។ ខ្ញុំមិនព្រម។ រឿងអីមន្ទីរពេទ្យនៅម្ខាង រួចហើយដាក់សុទ្ធតែទាហ៊ានសុទ្ធតែស្អីនៅកន្លែងហ្នឹង ខ្ញុំមិនព្រមទេមិនព្រមទាល់តែមែនអត់បាន។

(១១) មិនជួលវិទ្យាស្ថានសង្គមនៃសាកលវិទ្យាល័យភ្នំពេញអោយអ៊ុនតាក់

បន្ទាប់ពីមិនជោគជ័យរឿងសុំយកកន្លែងមន្ទីរពេទ្យនេះ អ៊ុកតាក់បាន​​ទៅសុំយកវិទ្យាស្ថានជាតិសង្គមសា​កល​វិទ្យាល័យភ្នំពេញ នៅតាមផ្លូវពីហ្នឹងទៅឆ្វេងដៃ។ ពីដើមជាសាលានយោបាយរបស់គណបក្សប្រជាជន ដែលបក្សកុម្មុយនីស្តវៀតណាមជួយសាងសង់ ប៉ុន្តែយើងអត់បានប្រើប្រាស់ទេ។ យើងជូនទៅសា​កលវិទ្យាល័យភ្នំពេញ ហើយសាកលវិទ្យាល័យភ្នំពេញ ក៏បានដាក់និស្សិតរៀននៅទីនោះ។ នៅចាំទេបង ហោ ណាំហុង ប្រជុំនៅព្រះរាជវាំងព្រះមហាក្សត្រលោកគង់នៅប្រាសាទខេមរិន្ទ កាលហ្នឹងអង់គ្លេសជាប្រធាន P5 បានទារយកទីតាំងហ្នឹង ដោយសូមជូនមួយខែ៦០ ម៉ឺនដុល្លារ។ ខ្ញុំថាអត់ទេ។ និយាយចុះឡើងចង់សង្កត់យើង។ ខ្ញុំថា “ឥឡូវអញ្ចេះឯកឧត្តម។ មុននឹងនិស្សិតធ្វើបាតុកម្មប្រឆាំងខ្ញុំៗ សូមលាលែងពីតំណែង ហើយឯកឧត្តមចាត់ការយ៉ាងម៉េចចាត់ការទៅ”។ ទាំង (យ៉ាស៊ូស៊ី) អាកាស៊ី (ប្រធាន អ៊ុនតាក់) ទាំងប្រទេសធំទាំង៥ ថា “ខ្ញុំត្រូវការឯកឧត្តមជាងត្រូវការអគារហ្នឹង”។ អៀង ម៉ូលី ក៏នៅចាំ … ពេលខ្ញុំគំ​រាមលាលែងចេញពីតំណែង ស្រាប់តែថាត្រូវការឯកឧត្តមជាងត្រូវការអគារ។ ហ៊ុន សែន មានតម្លៃដែរតើ …។

(១២) រាជរដ្ឋាភិបាលសាងសង់អគារ សាធារណរដ្ឋឆេកជួយបំពាក់សម្ភារៈ

បន្ទាប់មកទៀត យើងចាប់ផ្ដើមចូលរាជរដ្ឋាភិបាលចម្រុះ។ និយាយពីមួយនេះចង់ធ្វើអញ្ចេះ មួយនោះចង់ធ្វើអញ្ចុះ។ ចុះរឿងមន្ទីរពេទ្យត្រូវគិតយ៉ាងម៉េច។ អញ្ចឹងបានចេះតែខំរកនេះ/នោះ​។ កូរ៉េជួយខ្លះទៅ ស្អីខ្លះទៅ។ ថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០០០ កាលពីជាង២៣ ឆ្នាំមុន ខ្ញុំមកសម្ពោធអគារមួយដែលមាន២ ជាន់ នៅខាងនេះ។ ២២ ខែមករា ឆ្នាំ២០០៧ ខ្ញុំមកសម្ពោធអគារមួយទៀតមាន៣ ជាន់ជាជំនួយរបស់កូរ៉េ។ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ខ្ញុំមកសាជាថ្មីម្ដងទៀត កូរ៉េជួយទៀត។ ឥឡូវនេះខ្ញុំមកសម្ពោធដោយប្រើប្រាស់ថវិការបស់យើង ជាមួយនឹងការជួយបំពាក់សម្ភារៈបរិក្ខារពីសាធារណរដ្ឋឆេក ដែលយើងអរគុណចំពោះសាធារណរដ្ឋ ឆេក ដែលបានជួយយើង នៅក្នុងការបំពាក់សម្ភារៈនៅទីនេះ។

(១៣) បង្កើនសមត្ថភាពនិងលទ្ធភាពព្យាបាលស្ត្រីនិងកុមារ

យើងបានសមិទ្ធផលមួយដែលផ្ដល់ឱកាសឱ្យយើងកាន់តែច្រើននៅក្នុងការព្យាបាលជំងឺរបស់កុមារ។ យើងមានផ្នែកឯកទេសជំងឺកុមារនៅទីនេះ។ ខ្ញុំសង្ឃឹមថាការពង្រឹងសមត្ថភាពវិស័យសុខាភិបាលលើគ្រប់ផ្នែកគឺជាការចាំបាច់ខ្លាំងណាស់។ ក្នុងមួយរយៈកាលកន្លងទៅនេះ យើងក៏បានធ្វើច្រើនតាមរយៈជំនួយផង វិនិយោគផ្ទាល់ផង។ ឥឡូវនៅមន្ទីពេទ្យដែលមានចំណុះមួយម៉ឺនគ្រែ កំពុងតែដំណើរការមួយចំនួនហើយ … ធ្វើម៉េចឱ្យប្រជាពលរដ្ឋរបស់យើង អាចទទួលបាននូវសេវាសុខភាព(គ្រប់គ្រាន់)។ អ្វីដែលសំ​ខាន់យើងត្រូវតែបង្កើនសមត្ថភាពនិងលទ្ធភាពការព្យាបាលស្ត្រីនិងកុមារ។ យើងហៅអគារនេះថាអគារសម្ភព កន្លែងដែលត្រូវឆ្លងទន្លេ។ ខ្លួនខ្ញុំផ្ទាល់គឺជារឿងសោកសៅនៃការបាត់បង់កូនច្បង ដោយសារតែពេទ្យធ្វើធ្លាក់ពីដៃ។ រឿងរ៉ាវទាំងអស់វាពាក់ព័ន្ធជាមួយនឹងអ្វីដែលវាបានកើត ប៉ុន្តែមិនមែនជាបញ្ហាដោយឡែកតែខ្ញុំទេ។ អតីតកាលវាបានបន្សល់ការឈឺចាប់សម្រាប់យើង។

(១៤) បន្តនិងពង្រីកទំហំទឹកប្រាក់ក្នុងគោលនយោបាយគាំពារសង្គមចំពោះស្ត្រីក្រីក្រ

ឥឡូវ យើងមានលទ្ធភាព យើងត្រូវធ្វើយ៉ាងម៉េចដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងមានសុខភាពល្អ។ គោលនយោបាយគាំពារសង្គមទៅលើស្ត្រីក្រីក្រ ចាប់ពីពេលមានផ្ទៃពោះរហូតដល់ឆ្លងទន្លេ រហូតដល់កូនអាយុ២ឆ្នាំ គឺជាគោលនយោបាយដ៏សំខាន់មួយរបស់គណបក្សប្រជាជនដែលនឹងបន្ត ហើយពង្រីកទំហំនៃប្រាក់ដែលត្រូវទទួលបានសម្រាប់ស្ត្រីទាំងនោះ។ វាជារឿងមនុស្សម្នាក់ជីវិត២ នៅទីនេះ។ យើងមានការសោកស្តាយអំពីឧប្បត្តិហេតុខ្លះ ដូចជាករណីទាក់ទិនជាមួយនឹងស្ត្រីដែលខ្វះជំនាញហើយទៅឆ្លងទន្លេទាញគ្នាតាំងពីពោះវៀន ពោះតាំង មក ជារឿងដែលពិបាក តែនោះវាជារឿង។

(១៥) សូមពង្រឹងសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ រួមទាំងបង្កើនសមត្ថភាពបច្ចេកទេស

កុំតែ ១ករណី បែរជាបូករួមពេទ្យទាំងអស់នោះ តែខ្ញុំក៏សុំអំពាវនាវ គ្រូពេទ្យយើងបានទទួលងារជាកងទ័ពអាវស រួចស្រេចទៅហើយ ឆ្លងកាត់ដំណាក់កាល កូវីដ-១៩ នេះ។ ដូច្នេះខ្ញុំស្នើឱ្យបន្តការខិតខំពង្រឹងសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ រួមជាមួយនឹងការបង្កើនសមត្ថភាព លើផ្នែកបច្ចេកទេស។ ទាំងពីរហ្នឹងទៅទន្ទឹមគ្នា។ បច្ចេកទេសវាអត់ប្រយោជន៍ទេ ប្រសិនបើគ្មានក្រមសីលធម៌ ក្រមប្រតិបត្តិ គ្រប់គ្រងបច្ចេកទេស។ ខ្វះអីអ្នកបច្ចេកទេសនៅលើពិភពលោក ដែលខ្លះបែរជាយកបច្ចេកទេសទៅផ្សំជាគ្រឿងញៀន អ្នកបច្ចេក​ទេសខ្លះប្រើបច្ចេកទេសដែលខ្លួនមានទៅធ្វើអាវុធនុយក្លេអ៊ែរដើម្បីប្រល័យលោក។ បើបច្ចេកទេសគ្មានការគ្រប់គ្រងដោយក្រមសីលធម៌មួយទេ វាមិនអាចទៅរួចទេ។ អញ្ចឹងខ្ញុំសុំអំពាវនាវក្រុមគ្រូពេទ្យរបស់យើងបន្តការខិតខំ ដំបូងបំផុតគឺសីលធម៌វិជ្ជាជីវៈ។ ខ្ញុំធ្លាប់និយាយថាគ្រូពេទ្យកោសខ្យល់។ មិនមែនជាការប្រមាថ គ្រូពេទ្យទេ ក៏ប៉ុន្តែផ្ទុយទៅវិញគឺជាការលើកតម្លៃសីលធម៌របស់គ្រូពេទ្យ។ ជំនាន់យើងក្នុងទស្សវត្សរ៍ ៨០ យើងពង្រីកមានគ្រូពេទ្យទៅតាមមូលដ្ឋាន ក៏ប៉ុន្តែនៅពេលអ្នកជំងឺទៅដល់វិធីតែម៉្យាងដោយសារអត់មានថ្នាំពេទ្យ គ្រូពេទ្យហៅអ្នកជំងឺទៅកោសខ្យល់ …។

(១៦) មិនចេះប្រើកម្មវិធីប្រព័ន្ធព័ត៌មានក្នុងស្មាតហ្វូន មិនតែងតាំង

ពេលនោះជាពេលលំបាក ឥឡូវនេះពេលងាយស្រួលជាង គ្រូពេទ្យយើងខិតខំធ្វើយ៉ាងម៉េចបម្រើប្រជាពលរដ្ឋ ជាមួយគ្នានោះបច្ចេកវិទ្យាជាជឿនលឿនណាស់បច្ចុប្បន្ននេះ ត្រូវរៀនវា។ បើទោះបីជាបច្ចេកវិទ្យាវាលឿនប៉ុណ្ណាក៏ដោយ ប៉ុន្តែមនុស្សមិនលឿនវានៅដដែលហ្នឹង … ខ្ញុំបានឱ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យា។ ពីមុនខ្ញុំប្រើពាក្យថា អក្ខរកម្មកុំព្យូទ័រ ប៉ុន្តែឥឡូវខ្ញុំមិនប្រើពាក្យអក្ខរកម្មកុំព្យូទ័រទៀតទេ ខ្ញុំប្រើថាអក្ខរកម្មព័ត៌មានវិទ្យា។ សុំឱ្យចេះតែមួយជុំវិញស្មាតហ្វូនហ្នឹងបានហើយ … នេះជាសម័យប្រើ Internet មិនអាចចាប់ទូរស័ព្ទឡើងអាឡូអញ្ចេះ អាឡូអញ្ចោះ បន្តិចដាច់ បន្តិចអី អត់បញ្ជូនសារស្អីក៏មិនកើតៗ នោះទេ។ (បើមិនចេះ) អត់តែងតាំង។ បានសេចក្តីថា ទុកគាត់ចោលមួយកន្លែងតែម្តង ព្រោះយើងអត់ភ្ជាប់គាត់ចូលក្នុងគ្រុបមិនបាន។

យើងចង់បញ្ជូនឯកសារមួយទៅឱ្យគាត់ទាំងយប់ ហើយផ្ទះគាត់បិទជិតអស់ហើយធ្វើម៉េច? អញ្ចឹងវាមានវិធីប្រើបញ្ជូនទៅតាមសារដែលចងក្រងជាក្រុម ប៉ុន្តែមានមន្ត្រីយើងខ្លះខ្ជិល។ ខ្ញុំនិយាយពីមន្ត្រីរបស់យើងបន្តិចទៅចុះ។ ថ្នាក់រដ្ឋមន្ត្រីដែលបញ្ចូលក្នុងគ្រុប ពេលខ្ញុំបញ្ជូនសារចូលទៅក្នុងហ្នឹង ជួនកាល ៧ថ្ងៃក្រោយ បានទទួលបាន។ “សុំអរគុណ”។ ចុះអាធុនហ្នឹងកាន់ទូរស័ព្ទធ្វើអី? អ្នកខ្លះទៀត និយាយពីលឿន ហើយលឿនជាងគេ មានមនុស្ស២ នាក់ ទី១ បង ឯក សំអុល ទី២ ឆាយ ថន។ លឿនជាងគេទាំងអស់។ មិនទាន់បានមើលអត្ថន័យអីក៏ដោយគាត់ថាទទួលបានហើយ។ បើ កាញារីទ្ធ វិញ ជួនកាល១៥ ថ្ងៃ ក៏មាន … រដ្ឋមន្ត្រីព័ត៌មានប៉ុន្តែអត់មើលព័ត៌មាន … កាញារីទ្ធ ឆ្លើយក្រោយគេទាំងអស់។

(១៧) ខែមីនា ២០២៣ ចំណូលគយនិងពន្ធដារសរុបមាន ១០១២ លានដុលា្លរ

អញ្ចេះ ឧទាហរណ៍៖ ថវិកា រៀងរាល់ចុងខែ នៅពេលដែលគយនិងពន្ធដារ បូកសរុបរួចហើយ ខ្ញុំចាប់បញ្ជូនទៅក្នុងគ្រុបទី១ គឺគ្រុបអចិន្ត្រៃយ៍នៃគណបក្ស គ្រុបទី២ គឺគ្រុប រាជរដ្ឋាភិបាល ដើម្បីឱ្យដឹងពីចំណូល។ ចំណូលដែលនៅក្នុងខែមីនា យើងបានទទួលជាង១០០០ លានដុល្លារ។ ប៉ុន្តែនេះជាខែដែលវាត្រូវឡើង។ ឆ្នាំទៅយើងបានប្រហែលជា៩០០ លានដុល្លារទេ។ ឆ្នាំនេះយើងបានជាង១០១២ លានដុល្លារ។ បញ្ជូលទៅក្នុងនោះ។ ឥឡូវបើមើលឡើងវិញ អ្នកកន្ទុយក្រោយគេគឺកាញារីទ្ធ ​… ដល់ទៅរដ្ឋមន្ត្រីព័ត៌មានអត់កាន់ទូរស័ព្ទ ហើយវាយទៅរកគាត់ក៏មិនងាយទេ មិនដឹងថាកាន់ទូរស័ព្ទមួយណាពិតប្រាកដ។ ប៉ុន្តែ ហ្វេសប៊ុក បង្ហោះរហូត … តែ Whatsapp Telegram អត់បើកមើល។ យើងក៏មិនដឹងធ្វើម៉េច? អញ្ចឹងមានតែប្រើតែរដ្ឋលេខាធិការប្រចាំការ អ៊ុក ប្រាថ្នា។ ស្អីក៏ហៅ អ៊ុក ប្រាថ្នា ទាំងយប់អញ្ចឹងទៅ។ ហៅ កាញារីទ្ធ ចាំតែចូលតើ។ សុំបង្អាប់បន្តិចទៅចុះ ប៉ុន្តែមានអ្នកខ្លះអត់ទាន់ដឹងថា ខ្លឹមសារហ្នឹងវាស្អីទេ និយាយពីលឿនមកតែម្តង … មានមួយពេលខ្ញុំថាសុំទុករយៈពេល ១០នាទី ដើម្បីខ្ញុំត្រូវសរសេរបន្ថែម ប៉ុន្តែគ្រាន់តែឯងចុចគិប​ទៅ (ឆ្លើយមកថា) “ទទួលបានហើយ សុំអរគុណ!”។ អត់ដឹងថាខ្លឹមសារអីផង …។

(១៨) សុខភាពសេដ្ឋកិច្ចសកលជួបការលំបាក ចំណូលក្នុងប្រទេសមាននិន្នាការទ្រឹងឬថយ

ខ្ញុំវាយសារនៅក្នុងហ្នឹងទៀត។ ឆ្នាំនេះ យើងទទួលបាននូវចំនួនទឹកប្រាក់ប៉ុណ្ណឹង ប៉ុន្តែសុខភាពសេដ្ឋកិច្ចសកលជួបការលំបាក ចំណូលក្នុងប្រទេសរបស់យើងមាននិន្នាការទ្រឹងឬថយ ហើយវាយបញ្ជាក់ខាងក្រោម កុំឱ្យឃើញលុយប៉ុណ្ណឹងនាំគ្នាចាយ។ អត់ទេ។ ប៉ុន្តែ ម្សិលមិញស៊ីញ៉េ៣ ខ្វោក អស់៨ លានដុល្លារ។ យើងត្រូវមានថវិកាបដិភាគជាមួយនឹងគម្រោងនានា។ គម្រោង៣ ដែលយើងត្រូវដាក់ថវិកាបដិភាគ។ គំរោងមួយនោះគឺជិត៥ លានដុល្លារ។ គម្រោង២ ទៀត ជាង៣ លានដុល្លារ … ឧទាហរណ៍ យើងធ្វើផ្លូវមួយខ្សែ ផលប៉ះពាល់ជាមួយនឹងប្រជាពលរដ្ឋ។ យើងត្រូវដោះស្រាយ។ ឥឡូវគ្រាន់តែផ្លូវខ្សែក្រវាត់ក្រុងទី៣ តម្លៃសាងសង់និងតម្លៃដោះស្រាយផលប៉ះពាល់ តម្លៃដោះស្រាយផលប៉ះពាល់អស់លុយច្រើនជាងធ្វើផ្លូវ។ ផ្លូវជាតិលេខ១ ដែលជប៉ុនជួយ ជប៉ុនអស់តែ៩ លានដុល្លារទេ(ធ្វើផ្លូវ)កន្លែងហ្នឹង តែយើងដោះស្រាយផលប៉ះពាល់អស់ជិត១៣ លានដុល្លារ ព្រោះប៉ះពាល់ផ្ទះប្រជាពលរដ្ឋ អញ្ចឹងត្រូវឱ្យប្រជាពលរដ្ឋចេញ។ អញ្ចឹងយើងត្រូវឱ្យលុយទៅគាត់ ដើម្បីគាត់ទទួលចេញ។ ដងស្ពានទាំងសងខាង គឺយើងត្រូវដោះទាំងអស់។

(១៩) អនុវត្តច្បាប់អស្សាមិករណ៍ដើម្បីពង្រីកផ្លូវ មិនអនុវត្តការទិញសិទ្ធប្រើរថយន្តដូចសិង្ហបុរីទេ

ពីដើមសុទ្ធតែដីចំណីផ្លូវហ្នឹង ប៉ុន្តែដោយសាររាជរដ្ឋាភិបាលចិត្តធម៌ពេក។ ដល់ចិត្តធម៌ពេក​គាត់នៅចេះតែនៅអញ្ចឹងទៅ។ យើងសុទ្ធតែមានអនុក្រឹត្យកំណត់អំពីផ្លូវត្រូវមានទំហំប៉ុន្មាន អីទំហំប៉ុន្មាន។ ដំបូងគាត់សុំ ចៀនចេកលក់សិន សុំលក់នំបញ្ចុក។ ដល់លក់ចុះលក់ឡើងទៅ កាន់តែមានកាន់តែបានទៅ ធ្វើផ្ទះកាន់​តែ​ធំទៅៗ។ ដល់យើងត្រូវពង្រីកផ្លូវ ត្រូវតែយកលុយឱ្យគាត់។ ជួនកាលគាត់មិនព្រមចេញទៀត។ ដល់គាត់មិនព្រមចេញ យើងបង្ខំចិត្តត្រូវប្រើប្រាស់ច្បាប់អស្សាមិករណ៍ គឺថាឱ្យលុយប៉ុណ្ណឹង យកមិនយក រដ្ឋត្រូវតែអនុវត្តតាមគម្រោងហើយ។ ដូចជាផ្លូវពីស្គន់ទៅដល់សៀមរាប មានជាង៤០០០ គ្រួសារដែលទទួលយកនូវសំណងចាកចេញ ប៉ុន្តែនៅសល់៤២ គ្រួសារ អត់ព្រមទៅណា។ អញ្ចឹង ចុងក្រោយបំផុតប្រើប្រាស់ច្បាប់អស្សាមិករណ៍។ យកមិនយកហីទៅ ត្រូវតែឈូស។ បើមិនអញ្ចឹ​ងធ្វើម៉េចមានផ្លូវទៅសៀមរាប។

បើពីស្ទះចរាចរណ៍ ពីមុន ផ្លូវ ៧ម៉ែត្រ ចាត់ទុកថាធំហើយ។ ផ្លូវជាតិយើងពីដើមតែ ៧ម៉ែត្រទេ ឥឡូវពង្រីកទៅ១២ ម៉ែត្រ ក៏នៅតែតូច។ ឡើងទៅដល់២០ ម៉ែត្រក៏នៅតែតូចទៀត វាស្ទះចរាចរណ៍ពេញហ្នឹងតែម្ដង។ បងប្អូនខ្លះលើកជាមតិថា គួរធ្វើដូចសិងហ្គាពួរទៅ។ ខ្ញុំថាអត់ទេ។ ធ្វើដូចសឹងហ្គាពួរយ៉ាងម៉េច សិងហ្គាពួរ មុនអ្នកឯងទិញឡាន អ្នកឯងទិញសិទ្ធិទិញឡានសិន។ ទិញសិទ្ធិមានឡានជិះ ព្រោះគេកំណត់កុំឱ្យឡានមានច្រើនពេក។ ឥឡូវ យើងមានឡានជាង១ លានគ្រឿង ម៉ូតូជាង ៥លានគ្រឿង វាច្រើនណាស់។ មួយ​ថ្ងៃៗ រឿងថ្លៃសាំងនោះ ស្រែកនោះស្រែក។ ឥឡូវសាំងវាឡើងថ្លៃ មិនដឹងស្អីវា វាធ្លាក់ហើយ ឥឡូវវាឡើងមកវិញ។ ហើយយើងមិនមែនអ្នកផលិតប្រេងឯណា។ ឥឡូវវានៅត្រឹម ៨៣,៦៣ នៃប្រេង។ កាលពីមុនចូលឆ្នាំប្រហែលជា ២អាទិត្យ វាធ្លាក់ដល់ជាង ៧០ហើយ ស្រាប់តែដល់មុនថ្ងៃចូលឆ្នាំប៉ុន្មានថ្ងៃ វាហក់ឡើងមកបណ្ដោយ។ ២ថ្ងៃមុន វាឡើងដល់ ៨៦ ឥឡូវចុះនៅ ៨៣។ តែមិនយូរទេ អានេះវាឡើង។ ឡើងចុះៗ ហើយវិលនៅហ្នឹង។ ប៉ុន្តែយើងជួយគ្រប់គ្រងកុំឱ្យដំឡើងថ្លៃតាមចិត្តផងដែរ។

(២០) ទទួលកីឡាករ/ការិនីស៊ីហ្គេមដោយមិនតម្រូវអោយបង់ថ្លៃ

ខ្ញុំគិតថា មិននិយាយអ្វីបន្តទៅទៀតទេ គឺគ្រាន់តែជម្រាបជូនប្រជាពលរដ្ឋរបស់យើងនៅទីក្រុងភ្នំពេញឱ្យបាន​ជ្រាបថា សល់តែ១៥ ថ្ងៃទៀតតែប៉ុណ្ណោះ ស៊ីហ្គេមនឹងមកដល់។ សូមចូលរួមទាំងអស់គ្នា ដើម្បីទទួលភ្ញៀវរបស់យើង។ ​នៅឆ្នាំនេះ យើងធ្វើខុសប្លែកពីគេ។ ទោះបីលក្ខន្ដិកតម្រូវ ក៏ប៉ុន្តែកម្ពុជាជាប្រទេសតូច មានបេះដូងធំ​។ នាវា វេសស្ទឺដាម គ្មានប្រទេសណាមួយឱ្យចូលទេ កម្ពុជាឱ្យចូល សង្គ្រោះមនុស្សរាប់ពាន់នាក់នៅលើនាវា។ ឥឡូវ​ កម្ពុជាទទួលកីឡាករចូលប្រកួតស៊ីហ្គេមដោយមិនមានការបង់ថ្លៃដូចដែលប្រ​ទេស​ដទៃធ្លាប់យកទេ។ ខ្ញុំបានប្រាប់ទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ថា “បាញ់ អើយ បាញ់! បើទោះបី​ជា​យកមក ក៏មិនអាចក្លាយទៅជាអ្នកមានដែរ។ យើងមិនបាច់យកទេ, free ទាំងអស់ ទាំងខ្មែរទាំងបរទេស”។ ប៉ុន្តែ អ្នកដែលមកគាំទ្រកីឡាខ្លួន ដេកសណ្ឋាគារបង់លុយឱ្យគេ អត់ free ជាមួយទេ ប្រាប់ឱ្យហើយ។ free តែកីឡាករ កីឡាការិនីទេ។ យើងរៀបចំឱ្យ ដោយមិនចាំបាច់ធ្វើការបង់ថ្លៃដូចប្រទេសនានាទេ។ ខ្ញុំបានសម្រេចចិត្តហើយ។ ពីម្សិលម្ង៉ៃ មានការប្រជុំមួយ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឱ្យស្នើសុំយោល់មកខ្ញុំ។ ខាងគណៈកម្មការក៏បានលើកឡើងអំពីគំនិតនេះ។ ខ្ញុំសូមអធ្យាស្រ័យដែរ ដែលមុននេះមានពាក្យថា ប្រជាជនខ្មែរយើងទៅទិញសំបុត្រចូលមើលអី។ រឿងហ្នឹង(បានដោះស្រាយ)អស់ហើយ បិទបញ្ចប់នូវព្រឹតិ្តការណ៍ហ្នឹងទៅ។

(២១) ពីសង្រ្គាមបែកបាក់ មកមានសន្ដិភាព ទោះបីមិនទាន់មាន ក៏កម្ពុជាគ្មានវិបត្តិស្បៀងទេ

យើងធ្វើលើកនេះ ដើម្បីឱ្យពួកគេស្គាល់ខ្មែរឱ្យច្បាស់។ ពីមុននេះ ខ្មែរយើងត្រូវបានគេភ្លេចទៅហើយ។ ឥឡូវនេះ ល្អត្រង់អញ្ចេះ ខ្មែរនាំអង្ករចេញទៅកាន់៧៣ ប្រទេស។ ឥឡូវគេស្គាល់ខ្មែរតាមអី? ទី១ អង្ករខ្មែរកំពុងចេញទៅ៧៣ ប្រទេសយ៉ាងតិច ព្រោះអ្នកទទួលទានគេនឹងសួរថា អង្ករហ្នឹងមកពីណា? អញ្ចឹងអង្ករយើងបានចេញទៅ៧៣ ប្រទេស។ ស្វាយចន្ទីរបស់យើងក៏កំពុងចេញទៅតាមទីផ្សារនានា ដែលគេស្គាល់ខ្មែរតាម​រយៈស្វាយចន្ទីដែរ។ គេស្គាល់ខ្មែរតាមរយៈផលិតផលផ្សេងទៀត ដូចជាម្រេច មានម្រេចកំពត ម្រេចរតនគិរី មានម្រេចនេះម្រេចនោះ តាមលក្ខណៈភូមិសាស្រ្ត។ ពេលនេះ យើងកំពុងវិវត្តពីកម្ពុជាពីសង្រ្គាមបែកបាក់ មកកាន់កម្ពុជាដែលមានសន្ដិភាព។ ពីកម្ពុជាដែលមានលក្ខណៈអន់ថយ មកកាន់កម្ពុជាមួយដែលងើបឈរឡើងវិញ។ ទោះបីមិនទាន់មាន ក៏ប៉ុន្តែកម្ពុជាគ្មានវិបត្តិម្ហូបអាហារនិងស្បៀងនោះទេ។ យើងបានដើរឆ្ងាយហើយ …។

(២២) សូមដកឈ្មោះចេញពីបញ្ជីគណសុខភាពមជ្ឈិម ដើម្បីផ្តល់លទ្ធភាពឲ្យគ្រូពេទ្យព្យាបាលកូន

សង្ឃឹមថា ក្រុមគ្រូពេទ្យរបស់យើងនឹងចូលរួមចំណែកធ្វើឱ្យវិស័យសុខាភិបាលរបស់យើង កាន់តែប្រសើរ។ ខ្ញុំសូមអរគុណដែរ អ្នកចូលរួមនៅទីនេះដែលបានព្យាបាលតាំងពីខ្ញុំ រហូតដល់កូនខ្ញុំ រហូតដល់ចៅខ្ញុំ។ បើចៅខ្ញុំ មានពេទ្យ គ្រុយ, ស៊ិនណារ៉ា, បង សំអុល។ បង សំអុល មកទេថ្ងៃនេះ? ហ្នឹងជាគ្រូពេទ្យកូនក្មេង ហើយបង ស៊ីម នេះ គឺថាអ្នកបង្កើតកូន។ ខ្ញុំមានទៅណា មកតែហ្នឹង។ កូនខ្ញុំកើតទាំងអស់ មានមួយកើតនៅផ្ទះ។ ម្ដាយបង ហេង សំរិន ធ្វើឆ្មប។ ខ្ញុំរំលឹករឿងហ្នឹងបន្ដិច។​ អញ្ចឹងបានពេទ្យផ្នែកកុមារនេះ ជួយវេជ្ជបណ្ឌិត រិចន័រ ដើម្បីបានដីធ្វើមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញនិងនៅសៀមរាប។ កូនខ្ញុំ កូនស្រីច្បង វាមិនដឹងសន្លប់ពីពេលណាមក។ វាចេះតែដេក។ ដល់ម្ដាយហៅ កូនរឹងថ្គាមហើយ។ ពេលហ្នឹង រត់ដល់កាល់ម៉ែត្រ ភ្លេចគិតមន្ទីរពេទ្យដែលយើងបានធ្វើនេះ។ រត់ទៅដល់កាល់ម៉ែត្រ កាល់ម៉ែត្រថាទេ ជំនាញនៅនេះ។ កាលហ្នឹងនៅផ្ទះល្វែងក្បែរទូតចិន។ កាលហ្នឹងមានគណការពារសុខភាពមជ្ឈិម។ បងយិត គឹម​សេង ធ្វើជាប្រធាន ធ្វើជារដ្ឋមន្រ្តីសុខាភិបាល។

ខ្ញុំនៅជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៅឡើយ។ បង យិត គឹមសេង ថាប្អូនឯងនៅក្នុងគណការពារសុខភាពមជ្ឈិម គ្រូពេទ្យអស់ហ្នឹងអត់មានលទ្ធភាពព្យា​បាលទេ។ ខ្ញុំប្រាប់បង យិត គឹមសេង ថាដកឈ្មោះខ្ញុំចេញភ្លាមពីបញ្ជីគណសុខភាពមជ្ឈិម ដើម្បីផ្តល់លទ្ធភាពឲ្យគ្រូពេទ្យព្យាបាល … កាលហ្នឹង ស៊ិនណារ៉ា ឯងក៏នៅហ្នឹង គ្រុយ បង ហុក។ វាមានរឿងអញ្ចេះ។ ថ្ងៃហ្នឹងម្តាយធម៌ខ្ញុំមួយដេញឲ្យខ្ញុំទាំងយប់ទៅដុតធូប ដោយសំអាងថាខ្ញុំហ្នឹងមាត់អាក្រក់ដើមពោធិ៍ក្បែរផ្ទះហ្នឹងកាច់។ ខ្ញុំសំពះពីនេះទៅហើយជួយផង។ ដល់ទៅថ្ងៃមួយកូនខ្ញុំជាហើយ ខ្ញុំបីដាក់កូននៅលើភ្លៅ ហើយអង្គុយមើលគេ … ស្រាប់តែម្តាយធម៌របស់ខ្ញុំមកប្រាប់ថា គ្រូគេហ្នឹងថាព្រលឹងចៅគេយកទៅបាត់ហើយ។ ខ្ញុំថាមើលម៉ែ គ្រូហ្នឹងនៅណា? ខ្ញុំយកអំពាត់ផ្តៅទៅវាយឲ្យចេញ … កូនខ្ញុំទាំងអស់គ្រុនឈាមទាំងអស់ ជំនាន់ដេកអគារផ្ទះល្វែង។ អញ្ចឹងយើងមានការចាំបាច់ណាស់ដើម្បីបង្កើតឲ្យមានស្ថានភាពសុខភាពមាតា និងទារកកាន់តែប្រសើរជាមួយនឹងការខិតខំរបស់យើងទាំងអស់គ្នា។

(២៣) បើផ្ទេរលុយផលិតអាវុធ មកផលិតថ្នាំ/ឧបករណ៍ពេទ្យបានថោកត្រឹមតែ៥០ភាគរយ ប្រជាជននៅលើពិភព​លោកនឹងទទួលបាននូវផលប្រយោជន៍ធំណាស់

នៅលើពិភពលោក បើយកលុយទាំងឡាយដែលសម្រាប់ប្រើប្រាស់លើអាវុធ មកផលិតថ្នាំពេទ្យលក់ចែកចាយការពារសុខភាពប្រជាពលរដ្ឋ មិនដឹងថាតម្លៃឱសថនៅលើពិភពលោកនឹងធ្លាក់ចុះ(ទាបដល់ណាទេ) ប៉ុន្តែឥឡូវប្រទេសមួយៗ គិតតែរត់ប្រណាំងគ្នារឿងបង្កើនកម្លាំងទាហាន បង្កើនសភាវុធសម្រាប់កម្ទេចគ្នាទៅវិញទៅមក។ ចាយលុយអស់ច្រើនណាស់។ បើសិនជាលុយហ្នឹងផ្ទេរតែ៥០ ភាគរយមកផលិតថ្នាំពេទ្យ ឧបករណ៍ពេទ្យ លក់នៅលើពិភពលោកបានថោកជាងត្រឹមតែ៥០ ភាគរយ ប្រជាជននៅលើពិភព​លោកនឹងទទួលបាននូវផលប្រយោជន៍ធំណាស់។ ប៉ុន្តែប្រទេសនានា គេអត់បានគិតអញ្ចឹងណា គេគិតតែពីរឿងអាមួយពូកែខាងនេះទៅ អញរកវិធីម៉េចទប់អាហ្នឹង ផលិតអានោះទៅ វាយគ្នាផ្អើលអញ្ចឹងទៅ។ អ្នកដែលចំណេញពិតប្រាកដគឺអ្នកលផលិតអាវុធ។ ឥឡូវអាវុធវាបានដើរបំផ្លាញជីវិតមនុស្ស។

(២៤) ចូលឆ្នាំលើកក្រោយ គួរប្រែពីបាញ់ទឹកទៅជាប្រស់ព្រំទឹកគ្នាវិញ

កម្ពុជាដោះស្រាយបានបញ្ហា យើងបានបញ្ចប់សង្រ្គាមទៅហើយ ប៉ុន្តែអ្នកប្រើប្រាស់អាវុធនៅបន្តខុសឆ្គង​។ ថ្ងៃមុនតុលាការអត់ព្រមចោទប្រកាន់ អត់ធ្វើអីមន្រ្តីអគ្គនាយករងអាកាសចរស៊ីវិលម្នាក់។ រួចរឿងហ្នឹងជារឿងត្រូវកាត់ទោស។ អាហ្នឹងមិនកាត់ទោសទេ ចេញទៅក្រឡឹងផ្ទះដាក់ពាក្យបណ្តឹងមកខ្ញុំ។ អញ្ចឹងចុះហត្ថលេខាខ្វោករួចហើយបង្ហោះវឹងថា បើតុលាការមិនកាត់ទោសតាមច្បាប់ទេ ខ្ញុំអនុវត្តវិន័យមុន។ កុំអីខ្ញុំដកតាំងពីម៉ោង១១ យប់ ប៉ុន្តែដោយសារវាយប់ពេកទៅហើយ។ ចាំព្រឹក។ ព្រឹកឡើងដាក់ខ្វោក។ កុំអីខ្ញុំដេញចេញពីក្របខណ្ឌទៀត។ នេះគ្រាន់តែដកចេញពីតួនាទីទេ។ កុំឲ្យចេះតែមានកាំភ្លើងយកទៅគម្រាមគេ គម្រាមឯង។ កន្លងទៅកាំភ្លើងបាញ់ទឹក តែបាញ់ទឹកក៏មិនមែនស្រួលដែរណា។ កន្លងទៅឃើញគេបង្ហោះ ទេសចរអង់គ្លេសម្នាក់ត្រូវគេបាញ់ទឹកត្រូវភ្នែក។ កុំលេងបាញ់ទឹកបាញ់អីហ្នឹង។ រឿងវាហួសទៅហើយ ប៉ុន្តែឆ្នាំក្រោយមិនគួរមានទេអាបាញ់ទឹកហ្នឹង។ (គួរប្រែ)ទៅជាប្រស់ព្រំទឹកវិញ។ បាញ់ទឹកហ្នឹងជួនកាលគ្រោះថ្នាក់ដួលភ្លាម ប៉ាតម្ស៉ៅ ប៉ាតអីហ្នឹង តែរឿងបងប្អូនសប្បាយ ចេះតែសប្បាយហើយ។

ថ្ងៃនេះ ខ្ញុំបាននាំមកនូវជូនបុគ្គលិកមន្ទីរពេទ្យកុមារជាតិរបស់យើងចំនួន ៧៦៨ នាក់ ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល។ ជូនអ្នកជំងឺដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យមានចំនួន ៣៥១ នាក់ ក្នុងម្នាក់ៗចំនួន ២០ ម៉ឺនរៀល គាត់អ្នកជំងឺឲ្យច្រើនជាងគ្រូពេទ្យបន្តិចទៅ ជូនមន្ទីរពេទ្យកុមារជាតិ ១០ លានរៀល និងជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល ។ សប្បាយណាស់ឆ្នាំនេះ ហើយត្រៀមសប្បាយសម្រាប់ស៊ីហ្គេម ប៉ុន្តែកុំភ្លេចការធ្វើការងាររបស់យើងផង។ អំ​ពាវនាវកុំឲ្យមានការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងពេលចូលឆ្នាំនេះ មានខ្យល់កន្រ្តាក់ធ្វើឲ្យខូចខាតផ្ទះសំបែង រហូតដល់មានរបួសនិងស្លាប់មនុស្ស ប៉ុន្តែដែលស្លាប់ច្រើនជាងគេគឺស្លាប់ច្រើនដោយគ្រោះថ្នាក់ចរាចរណ៍ … មានស្រ្តីមានផ្ទៃពោះម្នាក់ ដែលបានស្លាប់ផ្ទៃពោះ ៧ ខែ ដែលបានស្លាប់ទាំងម្តាយទាំងកូន នេះជារឿងអនោចអធម … ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិនៅរាជធានីភ្នំពេញ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមគ្រូពេទ្យ មន្រ្តីសុខាភិបាលទាំងអស់ ក៏ដូចជាបងប្អូនជនរួមជាតិសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ