សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ជួបសំណេះសំណាលជាមួយនឹងអាចារ្យ អាចារិនី លើកទី៨

CNV:

(១) ជួបយឺត ប្រសើរជាងមិនបានជួប

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ គ្រូឧទ្ទេស អាចារ្យ អាចារិនី ទាំងអស់ជាទីស្រលាញ់។

ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងអាចារ្យ អាចារិនី លើកទី៨។ បើតាមខ្ញុំចាំ ខ្ញុំចូលរួមនៅលើកទី១ ឯបន្តបន្ទាប់មក គឺលោកជំទាវ ម៉ែន សំអន បានតំណាងឱ្យខ្ញុំ ធ្វើការជួបសំ​ណេះសំណាលជាបន្តបន្ទាប់។ លើកនេះ ជាលើកទី៨ បន្ទាប់ពីការបណ្ដុះបណ្ដាល គឺក្រសួងធម្មការនិងសាស​នា ឯកឧត្តម ឈិត សុខុន បានស្នើអញ្ជើញម្ដងទៀត។ គាប់ជួននៅឆ្នាំនេះ មានការជួបជុំ​ខាងគ្រិស្ដសាសនាផង មានការជួបជុំខាងឥស្លាមសាសនាផង យើងក៏មិនអាចនឹងបដិសេដជាមួយនឹងការចូលរួមសម្រាប់ការសំណេះសំណាលជាមួយនឹងអាចារ្យអាចារិនី។

ខ្ញុំក៏មិនភ្លេចនូវការសូមការអភ័យទោស អំពីការផ្លាស់ប្ដូរពេលវេលាសម្រាប់ការជួបជុំនេះ។ កាលពីមុន គ្រោងនៅព្រឹកថ្ងៃទី០៣ ខែមេសា ប៉ុន្តែ ដោយសារកម្មវិធីមមាញឹកពេក បើសិនជាយើងធ្វើនៅព្រឹកថ្ងៃទី ០៣ គឺខ្ញុំត្រូវទៅសម្ពោធមន្ទីរពេទ្យក្រូចឆ្មារនៅព្រឹកថ្ងៃទី ០៤ ហើយល្ងាចថ្ងៃទី ០៤ ត្រូវហោះចេញទៅវៀងច័ន្ទដើម្បីប្រជុំកំ​ពូល​គណៈកម្មការអន្តរជាតិខាងទន្លេមេគង្គ។ អញ្ចឹងបានជាស្នើសុំលើកពេលវេលាពីការជួបនៅព្រឹកថ្ងៃទី ០៣ មកកាន់ការជួបនៅព្រឹកថ្ងៃទី ០៨ នេះវិញ។ បើទោះបីជាមានការលើកពេល ក៏ខ្ញុំគួរតែត្រូវនិយាយថា “ការជួបយឺត ប្រសើរជាងមិនបានជួប”។ ប្រសិនបើពេលនោះ ខ្ញុំសម្រេចថាឱ្យលោកជំទាវ ម៉ែន សំអន ជំនួសទៀត គឺនៅតែមិនបានជួបដដែល។ ប៉ុន្តែថ្ងៃនេះ បើទោះបីថាជួបយឺត​ ក៏យើងបានជួបគ្នា។

(២) ២០ ឆ្នាំមុនប្រកាសពីវិបត្តិអាចារ្យ និងការប្រឈមដាច់ពូជចាប៉ីនិងអាយ៉ៃ

ដោយដឹងថា ពេលនេះ កំពុងតែមានការផ្សាយបន្តផ្ទាល់ ដូច្នេះខ្ញុំក៏ចង់សាកម្ដងអំពីបញ្ហាទាក់ទិននឹងបញ្ហាខ្លះ ដែលខ្ញុំចាំបាច់ត្រូវលើកឡើងនៅទីនេះនៅក្នុងពិធីសំណេះសំណាលរបស់យើងនេះ។ សង្ឃឹមថា ព្រះតេជ​ព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ លោកអាចារ្យ យាយជីនៅតាមទីអារាមនានា ក៏ដូចជាអ្នកកំពុងទស្សនា គឺមិនធ្វើការចាប់កំហុសណាមួយ ទាក់ទិននឹងការអត្ថាធិប្បាយរបស់ខ្ញុំព្រះករុណាខ្ញុំ នោះទេ។ ឯកឧត្តម ឈិត សុខុន បានធ្វើរបាយការណ៍អម្បាញ់មិញទាក់ទងនឹងវឌ្ឍនភាពនៃការបណ្ដុះបណ្ដាលអាចារ្យអាចារិនីរបស់យើង។ រឿងនេះ ប្រហែលជាអ្នកទាំងអស់គ្នា ឬក៏អាចមួយផ្នែកណានោះនៅចាំបានថា ប្រហែលជាជិត ២០ឆ្នាំមុន ខ្ញុំបានប្រកាសអំពីវិបត្តិអាចារ្យ ហើយក៏បានប្រកាសផងដែរអំពីការដាច់ពូជនៃ​វប្បធម៌ទាក់ទិនជាមួយនឹងបញ្ហាចាប៉ីដងវែងនិងអាយ៉ៃ ក៏ដូចជាទម្រង់ល្ខោនបាសាក់អីជាដើម។

(៣) តួនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ឬសាសនានិងរដ្ឋ ឬទំនាក់ទំនងអាណាចក្រនិងពុទ្ធចក្រ

នៅពេលដែលមានការប្រកាសអាសន្ននេះ ក្រសួងធម្មការនិងសាសនា ដែលទាន់ទងនឹងការបណ្ដុះបណ្ដាលអាចារ្យ ក៏បានរៀបចំការបណ្ដុះបណ្ដាលនេះឡើង និងសើរើទំលៀមទំលាប់របស់យើងឡើងវិញ។ ខាងផ្នែកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានធ្វើការខិតខំដើម្បីធ្វើការជម្រុញការបណ្ដុះបណ្ដាលខាងផ្នែកចាប៉ីដងវែង ផ្នែកអាយ៉ៃ និងផ្នែកដទៃទៀត។ នេះជាសារមួយ ដែលខ្ញុំបានចូលរួមដើម្បីរំលឹកអំពីភាពចាំបាច់ ដែលយើងត្រូវបណ្ដុះបណ្ដាលអាចារ្យ។ ថ្ងៃនេះគឺខ្ញុំចង់ចាប់យកចំណុចទាក់ទិនជាមួយនឹងអ្វីដែលឯកឧត្តម ឈិត សុខុន បានលើកឡើងអម្បាញ់មិញនេះ គឺតួនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ជាមួយនឹងសង្គម។ ចំណុចនេះ ប្រហែលជាប្រធានបទសម្រាប់ការសន្ទនានៅថ្ងៃនេះ។ និយាយឱ្យនៃទូលាយ យើងអាចនិយាយថា តួនាទីសាសនាជាមួយនឹងសង្គម ឬអាចនិយាយតាមមួយបែបថា “សាសនានិងរដ្ឋ”។ បើនិយាយមួយផ្នែកទៀត គឺទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ។ ចំណុចនេះ គឺសុទ្ធតែជាប្រធានបទ។

(៤) និក្ខេបបទវិទ្យាសាស្ត្រនយោបាយ៖ ផលប្រយោជន៍ទៅវិញទៅមករវាងសាសនានិងសង្គម​/រដ្ឋ

បើយើងនិយាយក្នុងក្របខណ្ឌតូចចង្អៀតរវាងប្រទេសមួយ ដែលកាន់ព្រះពុទ្ធសាសនា យើងអាចនិយាយបាននៅក្នុងកម្រិតថា ពុទ្ធចក្រនិងអាណាចក្រ ប៉ុន្តែបើយើងនិយាយន័យទូលាយជាងទៀត ដោយសារប្រទេសយើងមិនមែនមានត្រឹមតែព្រះពុទ្ធសាសនាទេ យើងមានឥស្លាមសាសនា គ្រិស្ដសាសនា និងមានអ្នកដែលគោរពជំនឿដទៃទៀត គឺយើងអាចនិយាយអំពីតួនាទីសាសនាជាមួយនឹងរដ្ឋ ឬសាសនាជាមួយនឹងសង្គម។ ដែលនេះ វាជាទំនាក់ទំនងចៀសមិនដាច់។ ម្សិលម្ង៉ៃ និងម្សិលមិញ វាជាការគាប់ជួនដែរ ខ្ញុំបានទទួលនូវរបាយការណ៍ថា មាននិក្ខេបបទរបស់ខ្ញុំនៅឯបណ្ណាល័យ។ ខ្ញុំក៏បានឱ្យទៅស្រាវជ្រាវយកត្រឡប់មកវិញ។ បន្ទាប់ទៅ ខ្ញុំក៏យកនិក្ខេបបទបណ្ឌិតវិទ្យាសាស្រ្តនយោបាយរបស់ខ្ញុំ ដើម្បីឱ្យធ្វើជា PDF សម្រាប់បញ្ចូលទៅក្នុង E-Book របស់ខ្ញុំ វាងាយស្រួលទុកដាក់។ ខ្ញុំក៏បានពិនិត្យ​អំពីបញ្ហាដែលខ្ញុំសរសេរជាង៣០ ឆ្នាំមុន ក្នុងការយកទៅការពារនិក្ខេបបទបណ្ឌិតវិទ្យាសាស្រ្តនយោបាយ។ ខ្ញុំនិយាយអំពីទំនាក់ទំនងរវាងសាសនាជាមួយនឹងសង្គម​, សាសនាជាមួយនឹងរដ្ឋ អំពីផលប្រយោជន៍ដែលទទួលបានទាំងសងខាង។

(៥) ចំនួនព្រះសង្ឃព្រះពុទ្ធសាសនាច្រើនជាងពេទ្យនិងពាក់កណ្តាលនៃចំនួនទ័ព

ខ្ញុំចង់រំលេចរឿងនេះបន្ថែម ដើម្បីធ្វើជាមូលដ្ឋានមួយសម្រាប់ការយល់ដឹងទាំងអស់គ្នា និងការខិតខំប្រឹងប្រែងទាំងអស់គ្នា។ តាមជ្រុងមួយ យើងអាចនិយាយបានថា រវាងសាសនាជាមួយនឹងរដ្ឋ ឬអាចនិយាយតាមច្រកចង្អៀតបន្តិចថា រវាងពុទ្ធចក្រនិងអាណាចក្រ គឺមិនអាចផ្ដាច់ចេញពីគ្នាបានទេ … (ហេតុនេះ)ទើបយើងខិតខំរួមគ្នាបង្កើតឱ្យមានសាសនាកកើតឡើងវិញ បន្ទាប់ពីសាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានបំបាច់ចោលដោយរបប ប៉ុល ពត។ មិនមែនជាចំណុចចៃដន្យ ហើយក៏ជាចំណុចប្រជាភិថុតិទេ ប៉ុន្តែគឺគណបក្សប្រ​ជា​ជនកម្ពុជា ដែលដឹកនាំតាំងពីមុនពេលរំដោះបង្កើតចេញរណសិរ្ស យើងមានព្រះសង្ឃតំណាងឱ្យក្នុងជួរថ្នាក់ដឹកនាំរបស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។ បន្ទាប់ពីរំដោះប្រទេស វត្តអារាមរបស់យើងកើតបន្តិចម្ដងៗ រហូតទៅដល់ព្រះសង្ឃក៏មានពីចំនួនតិចមកកាន់ចំនួនច្រើន។ ឥឡូវនេះ ព្រះសង្ឃមានទៅដល់ជាង៥ ម៉ឺនអង្គឯណោះ។ ជាចំនួនមួយច្រើន បើប្រៀបធៀបទៅនឹងកម្លាំងគ្រូពេទ្យវិញ គ្រូពេទ្យរបស់យើងមានត្រឹមតែ ២ម៉ឺន ឬ ៣ម៉ឺននាក់ទេ … សឹងតែថាប្រហាក់ប្រហែលជិត ៥០% នៃចំនួនកងទ័ព​នៅទូទាំងប្រទេសទៅហើយ។ និយាយយ៉ាងដូច្នេះ គេអាចដឹងបានថា ចំនួនកងទ័ពកម្ពុជាមានប៉ុន្មាន តែបញ្ហាទាំងអស់នេះ វាជារឿងមួយផ្សេង។

(៦) ទំនាក់ទំនងវិចារវិទ្យារវាងអាណាចក្រនិងពុទ្ធចក្រ៖ អាណាចក្រជួបវិបត្តិ ពុទ្ធចក្រជួបវិបត្តិដូចគ្នា

យើងពិនិត្យមើល តើសាសនាទទួលបានផលប្រយោជន៍អ្វីខ្លះពីអាណាចក្រ? យើងប្រើពាក្យ “អាណាចក្រ” ចុះ ហើយសូមអភ័យទោសពីឥស្លាមសាសនា ពីគ្រិស្ដសាសនា ដែលខ្ញុំយកនូវប្រធានបទដ៏តូចចង្អៀតជាង ក្របខណ្ឌសាសនានិងរដ្ឋ។ ខ្ញុំនិយាយផ្នែកអាណាចក្រនិងពុទ្ធចក្រ ដើម្បីងាយស្រួលពុទ្ធបរិស័ទយើងអាចនឹងមានការយល់ដឹង ដូចថាងាយៗក្នុងការស្ដាប់។ ដោយសារតែមានទំលាប់ទៅលើបញ្ហាពុទ្ធចក្រនិងអាណាចក្រទៅហើយ។យើងពិនិត្យមើល នៅពេលដែលអាណាចក្រជួបប្រទះនឹងការខូចខាត និយាយរួមរដ្ឋទទួលនូវវិបត្តិ ពុទ្ធចក្រក៏ជួបនូវវិបត្តិដូចគ្នា។ យើងបានឃើញហើយថា នៅក្នុងឆ្នាំ ១៩៧០ ពេលរដ្ឋប្រហារចាប់ផ្ដើមភ្លាម ក្បាលម៉ាស៊ីនរបស់រដ្ឋរង្គោះរង្គើនិងបែកបាក់ ក្លាយទៅជាក្បាលម៉ាស៊ីនដឹកនាំសង្រ្គាម។ ក្នុងពេលជាមួយគ្នានេះ ប្រជាជនកម្ពុជាទាំងមូល ក៏ទទួលទណ្ឌកម្មពីសង្រ្គាមនេះដែរ។ ក្នុងហ្នឹងព្រះពុទ្ធសាសនា ក៏ដូចជាសាសនាដទៃទៀត ត្រូវទទួលរងគ្រោះដូចគ្នា។ អស់ទាំងនេះគឺជាចំណុចដែលយើងត្រូវឃើញអំពីចំណងទាក់ទងនឹងវិចារវិទ្យារវាងព្រះពុទ្ធសាសនា ឬអាចនិយាយថា រវាងអាណាចក្រនិងពុទ្ធចក្រ។ នៅពេលដែលអាណាចក្រជួបប្រទះនូវវិបត្តិ ពុទ្ធចក្រគឺជួបវិបត្តិដូចគ្នា។

យើងជួបវិបត្តិក្នុងមួយរយៈពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ គ្រាប់បែកអត់ស្គាល់វត្តទេ វាអត់ស្គាល់ព្រះសង្ឃទេ។ ដល់ជំនាន់ ប៉ុល ពត កាន់តែលែងស្គាល់ហើយ។ ចាប់សឹកព្រះសង្ឃ ធ្វើគត់ព្រះសង្ឃ បង្ខំឱ្យព្រះអង្គចាកចេញពីវត្តអារាម។ មានរឿងមួយ វាជារឿងកំប្លែង ក៏ប៉ុន្តែ វាជារឿងពិត។ ខ្ញុំធ្លាប់បានបោះទ័ពនៅឯឃុំពាមជីលាំង នៅភូមិបាត់ឡាស្នាប់។ ពេលនោះ ខ្ញុំបោះទ័ពជាប់នឹងវត្ត។ យន្តហោះ បានហោះចេញពីកំពង់ចាមទៅទំលាក់នៅហ្នឹង។ ដល់ទំលាក់គ្រាប់ លោកសង្ឃចូលត្រង់សេ។ រឿងវាអញ្ចេះ ប្រជាជនក៏រត់ចូលត្រង់សេ ព្រះសង្ឃក៏ចូលត្រង់សេ។ អ្នកចូលបានមានតែអ្នកមានផ្ទះនៅហ្នឹងទេ ហើយលោកសង្ឃចូលបានក៏វត្តនៅក្បែរហ្នឹងដែរ ប៉ុន្តែមានអ្នកដំណើរដែលធ្វើដំណើរដល់វត្តហ្នឹង គ្មានអីចូលនឹងគេស្រែករកលោកជួយ។ លោកតាថាអាត្មាជួយខ្លួនឯងមិនបានផង។ រួចលោកចូលត្រង់សេបាត់។ ចូលត្រង់សេទៅ។

ធម្មតា លោកស្លៀកស្បង់និងសំពត់ងូត។ អញ្ចឹងលោកទៅ មិនមានបានស្លៀកទាំងអស់ឯណា​ សំពត់ងូតនិងស្បង់នៅហ្នឹងមាត់ត្រង់សេហ្នឹង​។ (យន្តហោះ)ចានស្រាក់ទម្លាក់ពីលើ។ (ឃើញស្បង់និងសំពត់ងូតនៅពីក្រោម) ស្មានតែឱ្យសញ្ញា(ពីទីដៅ ក៏)ទំលាក់គ្រាប់បែកថែមនៅហ្នឹង។ សូមព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គមេត្តាអធ្យាស្រ័យ លោកមានស្លៀកខោក្នុងពីកាល។ រឿងអីមិនដឹងទេ អាត្មាយករួចខ្លួនហើយ​។ ស្បង់នៅមាត់ត្រង់សេ។ យន្តហោះចាក់ស្រាក់ហោះពីលើ។ (មើលឃើញស្បង់និងសំពត់ងូត)ហ្នឹង វា(គិតថាជាមាន)អ្នកឱ្យសញ្ញាសម្រាប់ការទំលាក់គ្រាប់បែក។ កាលណា មានបាញ់ភ្លើងចុះមក យន្តហោះវាទំលាក់ហើយ។ សូម្បីតែពួកខ្ញុំបោះទ័ពនៅក្បែរហ្នឹង ក៏សង្ស័យថា ម៉េចយន្តហោះចាក់ស្រាក់ អត់ព្រមទៅណាសោះ។ ដល់ទៅឃើញស្បង់ចីពរលោកនៅមាត់ត្រង់សេ អញ្ចឹងលោកគ្មានខោក្នុងឯណា។

(៧) ពុទ្ធចក្រទទួលបាននូវមនុញ្ញផលពីការរីកចម្រើនរបស់សង្គម

អញ្ចឹងបាននិយាយត្រឡប់មកវិញ។ គ្រាប់បែក គ្រាប់ផ្លោងអត់ស្គាល់វត្តអារាមទេ អត់ស្គាល់ថា អ្នកណាជាព្រះសង្ឃ ជាអ្នកមាន អ្នកក្រ គ្រូបង្រៀន យាយជី អាចារ្យទេ។ នៅពេលដែលប្រទេសជាតិមានវិបត្តិ ដែលយើងហៅថា អាណាចក្រឬក៏រដ្ឋមានវិបត្តិ វាបង្កើតឱ្យមានវិបត្តិគ្រប់ផ្នែក ក្នុងហ្នឹងគឺសាសនាក៏ទទួលរងនូវវិបត្តិដែរ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងក្រោយពេលរំដោះ យើងក៏រកស៊ីមានបានបន្ដិចម្ដងៗ។ នៅពេលដែលពុទ្ធបរិស័ទទាំងឡាយអាចរកស៊ីមានបាន នោះហើយដែលធ្វើឱ្យផ្នែកពុទ្ធចក្រ ទទួលបាននូវមនុញ្ញផលពីការរីកចម្រើនរបស់សង្គម … ឆ្នាំណាដែលប្រជាជនបង្កបង្កើនផលបានល្អ ឆ្នាំនោះព្រះសង្ឃ មិនត្រឹមតែមានចង្ហាន់ឆ្ងាញ់ទេ តែព្រះសង្ឃបានទទួលនូវបច្ច័យដើម្បីកសាងនូវសមិទ្ធផលនានាក្នុងទីអារាម។ ប្រសិនបើប្រជាពលរដ្ឋក្នុងផ្នែកអាណាចក្រនេះ រកស៊ីមានបាន ព្រះសង្ឃទទួលបានចង្ហាន់ឆ្ងាញ់ បន្ថែមពីលើនោះ កសាងសាលាសំ​ណាក់និងសមិទ្ធផលផ្សេងៗក្នុងទីអារាម គឺនឹងទទួលបានដូចគ្នា។ ប៉ុន្តែបើឆ្នាំណាដែលប្រជាពលរដ្ឋជួបប្រទះនូវទឹកជំនន់ ឬរាំងស្ងួត គឺព្រះសង្ឃក៏ទៅតាមហ្នឹងដែរ។

(៨) គ្រប់សាសនាប្រដៅមនុស្សឱ្យធ្វើអំពើល្អ ដែលជួយដល់រដ្ឋក្នុងការគ្រប់គ្រងសង្គម

ក្នុងដំណាក់កាលកូវីដ-១៩ ព្រះសង្ឃក៏អត់ចង្ហាន់ដែរ ព្រោះទៅបិណ្ឌបាតឯណាបាន បើពេលហ្នឹងពេលបិទខ្ទប់នោះ។ អញ្ចឹងទេ បញ្ហានេះ វាជាចំណងទាក់ទងគ្នាធំណាស់ដែលមិនអាចមើលរំលង ហើយបោះបង់ចោលមួយណាបានទេ។ ខ្ញុំគួរតែរំលឹកអំពីចំណងទាក់ទងរវាងព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ឬនិយាយន័យទូលាយជាងគឺសាសនានិងរដ្ឋ ដែលវាមានចំណងទាក់ទងឱ្យគ្នា។ រដ្ឋក៏ទទួលផលប្រយោជន៍ពីព្រះពុទ្ធសាសនាមកវិញ។ តើអ្វីទៅដែលរដ្ឋទទួលផលពីព្រះពុទ្ធសាសនា និងពីសាសនាដទៃ? គ្រប់សាសនាទាំងអស់តែងតែប្រដៅមនុស្សឱ្យធ្វើអំពើល្អ មែន? អំពើល្អនោះហើយ ដែលជួយដល់រដ្ឋ ក្នុងការគ្រប់គ្រងសង្គម។

ចំណុចនេះ ខ្ញុំបានសរសេរយ៉ាងច្បាស់ តាំងពីនិក្ខេបបទរបស់ខ្ញុំនៅឆ្នាំ១៩៩០ បន្ទាប់ទៅនៅឆ្នាំ១៩៩១ ដែលជាង ៣០ឆ្នាំមុននោះ។ ខ្ញុំបានសរសេរនិក្ខេបបទនេះ ទាក់ទិនអំពីរដ្ឋទទួលផលពី​ព្រះពុទ្ធសាសនា ហើយបើនិយាយន័យទូលំទូលាយជាងគឺទទួលពីសាសនា ទាំងគ្រិស្ដសាសនា ឥស្លាមសាសនា ពិសេសព្រះពុទ្ធសាសនា គឺណែនាំឱ្យមនុស្សធ្វើអំពើល្អ។ បើមនុស្សធ្វើអំពើល្អគ្រប់តែទីកន្លែងហើយនោះ … រដ្ឋទទួលបាននូវផលប្រយោជន៍។ បើមនុស្សធ្វើអំពើអាក្រក់ច្រើន រដ្ឋក៏ទទួលផលលំបាក វាត្រូវយកទៅកាត់ទោស កាត់ទោសហើយត្រូវយកទៅដាក់គុក …។

(៩) ធន​ធានមនុស្សក្នុងសាសនា រួមចំណែកជួយដល់ការអភិវឌ្ឍសង្គម

អញ្ចឹងបានជាយើងត្រូវគួបផ្សំគ្នារវាងពុទ្ធចក្រនិងអាណាចក្រនៅទីនេះ ដើម្បីជួយដល់សង្គមរបស់យើង។ ធន​ធានមនុស្សដែលមានការចេះដឹងក្នុងព្រះពុទ្ធសាសនា និងសាសនាដទៃទៀត សុទ្ធតែបានរួមចំណែកជួយដល់ការអភិវឌ្ឍសង្គម។ ចំណុចនេះ គេមិនត្រូវមើលស្រាលទេ។ នៅក្នុងការដឹកនាំប្រទេសជាតិមួយ ហើយមើលស្រាលតួនាទីសាសនានោះ(ជាការមិនត្រឹមត្រូវទេ)។ កាលឆ្នាំ២០០០ ខ្ញុំនៅចាំ មានម្នាក់គេនិយាយថា ដោយ​សារតែយើងកាន់សាសនាហ្នឹងហើយ បានជាធ្វើឲ្យយើងក្រ។ វាទៅជាអញ្ចេះ។ វាមិនមែនបណ្ដាលមកពីការកាន់ព្រះពុទ្ធសាសនាបានធ្វើឲ្យយើងក្រទេ។ វាមិនមែនទេ។ នោះជាទស្សនៈរបស់អ្នកឯងគិត គឺអ្នកឯងគិតទៅ ហើយមិនបាច់ចាំកាន់សាសនាអីទេ … អានោះចូលទមិឡហើយ។ មិនទាន់បានអីផង និយាយធុនហ្នឹងទៅហើយ។ កាលនោះឆ្លងសហស្សវត្សរ៍ ឆ្នាំ២០០០ មិនត្រូវដូរពីសតវត្សរ៍ទី២០ ទៅ ២១ ហើយខ្ញុំទៅអង្គរវត្តទៅឆ្លងសហស្សវត្សរ៍នៅអង្គរវត្ត។

(១០) ក្នុងព្រះពុទ្ធសាសនា មិនអាចមិនមានអាចារ្យបានទេ

អញ្ចឹងទេបានជារយៈពេលកន្លងទៅ យើងខិតខំធ្វើការលើកកម្ពស់នូវតួនាទីព្រះពុទ្ធសាសនារបស់យើងៗមិនអាចអត់អាចារ្យបាននោះទេ។ យើងធ្លាប់មានវិបត្តិ​អាចារ្យ ហើយវិបត្តិនោះមួយចំនួនអាចដឹង មួយចំនួនអាចមិនដឹងទេ។ រឿងចាប់ផ្ដើមពីការកូន (យឹម) ឆៃលី នេះ។ ការកូន ឆៃលី នេះ អាចារ្យភ្លេចវាយឃ្មោះ ពីដើមដល់ចប់។ ដំបូងត្រឹមតែកាត់សក់ទេ​ ដូចជាអត់មានវាយឃ្មោះ? ចេះតែចាំមើលអាចារ្យ។ ផ្ទឹមចងដៃអត់វាយឃ្មោះទៀត។ ឃ្មោះហ្នឹងយកមកទុកគរចោល។ ហ្នឹងសុំទោសអាចារ្យ ខ្ញុំមិនបញ្ចេញឈ្មោះទេ តែអាចារ្យដឹងខ្លួនឯងហើយ។ ខ្ញុំថា “លោកអាចារ្យ វាយ៉ាងម៉េចបានជាដល់ថ្នាក់ភ្លេចវាយឃ្មោះ?” រឿងរៀបការនេះណា វាចាំបាច់ណាស់ឃ្មោះនេះ។ គងគេវាយសម្រាប់មនុស្សស្លាប់ ប៉ុន្តែឃ្មោះនេះគឺចោលមិនបានទេអានេះ។ សុទ្ធតែថា គេស្រែកបន្ទរចុងក្រោយនោះ «មានអីធ្វើជាបន្ទាល់?» មិនត្រូវវាយឃ្មោះហ្នឹង? ដល់នេះអត់​មា​នវាយឃ្មោះអីសោះ។ អញ្ចឹងវិបត្តិអាចារ្យដល់ហើយ។ មេអាចារ្យ ស្រាប់តែភ្លេចវាយឃ្មោះ បើអញ្ចឹងទេត្រូវតែមានការបណ្ដុះបណ្តាល។

(១១) តាមការស្រាវជ្រាវពីទំនៀមទម្លាប់ពិធីការ លេចចេញរឿងអាចារ្យឆ្វេងអាចារ្យស្តាំ

ខ្ញុំគួរតែត្រូវរំលឹកពីកន្លែងនេះបន្តិច ដោយសារតែខ្ញុំបានលើកនៅទីនេះ។ កាលនោះនៅនឹងកោះពេជ្រហ្នឹងដែរ? ជួបលើកទី១ នៅនឹងកោះពេជ្រហ្នឹងដែរ តែខ្ញុំមិនដឹងថាអគារមួយណា? យើងឲ្យស្រាវជ្រាវពីទំនៀមទម្លាប់។​ វាបានបង្កើតនូវរឿងថ្មីមួយគឺរឿងអាចារ្យឆ្វេងនិងអាចារ្យស្ដាំ។ នៅចាំទេកាលពីពេលនោះ? អាចារ្យផ្នែកធ្វើការស្រាវជ្រាវ មានអាចារ្យ ញាន ភឿង ឥឡូវគាត់ឈឺ គាត់ជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និង អាចារ្យ ធី នេះ។ ថតជាខ្សែវីដេអូផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅលើបញ្ហាទំនៀមទម្លាប់នៃអាពាហ៍ពិពាហ៍។ អញ្ចឹងនៅពេលនោះក៏មានការផ្ទុះឡើងនូវការព្រួយបារម្ភរបស់អ្នកដែលអនុវត្តតាមទំនៀមទម្លាប់។ អាចារ្យ ញាន ភឿង និង​អាចារ្យ ធី ថា មុនពេលផ្ទឹម គេមិនអាចឲ្យកូនប្រុសអង្គុយស្ដាំទេ គេឲ្យខាងស្រីអង្គុយខាងស្ដាំ។ ដល់អញ្ចឹង វាជះឥទ្ធិពលទៅដល់អ្នកដែលគេអនុវត្តនូវទំនៀមទម្លាប់។ ពេលនោះខ្ញុំក៏មានកង្វល់ដែរ ដោយសារតែយើងមិនទាន់បានធ្វើការផ្សព្វផ្សាយនិងកំណត់របៀបម៉េច។ ពេលមកជួប ខ្ញុំក៏បានប្រាប់ថា “យើងត្រូវគោរពទៅម្ចាស់(ពិធី) …”។ ខ្ញុំមិនកាត់សេចក្ដីថា មួយណាត្រូវមួយណាខុសទេ។ កូនរបស់ខ្ញុំទាំងអស់ពេលការ កូនប្រុសនៅខាងស្ដាំដៃរហូត … ខ្ញុំមិនថា អាចារ្យ ញាន ភឿង ឬ អាចារ្យ ធី ខុសទេ ព្រោះរឿងនេះវាហាក់ដូចជាត្រឹមត្រូវម៉្យាងដែរ ព្រោះមុនអ្នកឯងក្លាយទៅជាប្ដីរបស់គេនៅពេលសំពះផ្ទឹម អ្នកឯងមិនទាន់មានសិទ្ធិមកខាងស្ដាំដៃទេ។ ខ្ញុំមិនព្យាយាមកាត់សេចក្ដីទេ តែខ្ញុំព្យាយាមនឹងឲ្យយោបល់ដើម្បីកុំឲ្យវាខ្ទាស់គ្នា។ ស្ដាំឬឆ្វេង? មិនមែនអាចារ្យទេណា កូនស្រីស្ដាំ ឬកូនស្រីឆ្វេង? មិនមែនអាចារ្យទៅអង្គុយជំនួសទេ។

(១២) អាចារ្យ គួររៀបចំពិធីទៅតាមការចង់បានរបស់ម្ចាស់ពិធី

​ ដើម្បីចៀសវាង(ការមិនចុះសំរុងគ្នា) ខ្ញុំសូមផ្ដាំនៅទីនេះ អាចារ្យខ្មោចក៏មាន អាចារ្យបច្ច័យបួនក៏មាន អាចារ្យការក៏មាន ថា អាចារ្យដែលខ្ញុំឲ្យកាន់ពេលាការរបស់ខ្ញុំ អាចារ្យខ្មោចខ្ញុំមិនឲ្យកាន់ទេ។ លើកលែងតែករណីមានអាចារ្យពីរនាក់។ ទីមួយ អាចារ្យ គុណ ទីពីរ អាចារ្យ ម៉ា។ ហ្នឹងខ្ញុំអនុញ្ញាតឲ្យកាន់ចុះ។ ប៉ុន្តែក្រៅពីនោះ អាចារ្យដុតខ្មោចកុំមកកាន់ពេលាការ … ខ្ញុំព្យាយាមឲ្យយោបល់អញ្ចេះ។ សុំអាចារ្យៗដែលត្រូវធ្វើពិធីសម្រាប់អាពាហ៍ពិ​ពាហ៍​ក្ដី ឬបុណ្យផ្សេងៗក្ដី តែខ្ញុំចង់និយាយអាពាហ៍ពិពាហ៍មុន បើកាលណាទៅ(រៀបចំពិធី គប្បី)សួរម្ចាស់ដើមការ តើឲ្យខ្ញុំរៀបចំរបៀបម៉េច? អាចារ្យត្រូវសួរម្ចាស់ដើមការ កុំឲ្យទាស់គ្នារវាងម្ចាស់ដើមការនិងអាចារ្យ។ អាចារ្យរឹងរូសពេក វាមិនត្រូវជាមួយម្ចាស់ដើមការ។ យើងត្រូវគោរពទៅដល់ម្ចាស់ដើមការ។ បើម្ចាស់ដើមការយកតាមទំនៀមទម្លាប់ដែលគាត់ធ្លាប់ធ្វើ ដែលដាក់ខាងប្រុសនៅខាងស្ដាំ គឺសុំធ្វើតាមម្ចាស់ដើមការទៅ។ កុំរឹងទទឹង​ បើមិនអញ្ចឹង គឺខូចការហើយ​។

ក្នុងករណីដែលថា ខាងម្ចាស់ដើមការគេថាស្រេចលើលោកអាចារ្យ អញ្ចឹងលោកអាចារ្យចាត់ចែងខ្លួនឯងទៅ។ ខ្ញុំសុំផ្ដាំប៉ុណ្ណឹង។ បើមិនអញ្ចឹងទេ លោកអាចារ្យឯងនិងម្ចាស់ដើមការមិនត្រូវគ្នាទេ ហើយបើម្ចាស់ដើមការនិងអាចារ្យមិនត្រូវគ្នា បានន័យថាមួយរោងហ្នឹងគឺថា ចង់ខូចហើយ។ ផ្ដាំទុកឲ្យហើយ។ ខ្ញុំមិនព្យាយាមកាត់សេចក្ដីថាត្រូវឬខុសទេ ប៉ុន្តែគ្រាន់តែសម្របសម្រួលរវាងអ្នកដែលអនុវត្តតាមទម្លាប់ និងអ្នកដែលអនុវត្តតាមក្បួន ដែលក្បួនចេញពីក្រសួងវប្បធម៌ វិចិត្រសិល្បៈ ដែលរួមមានអាចារ្យរបស់យើងចេញពីក្រសួងធម្មការ និងសាសនា គឺបានដាក់កូនក្រមុំនៅខាងស្ដាំដៃ ហើយដាក់កូនកម្លោះនៅខាងស្ដាំដៃតែពេលផ្ទឹមទេ។ ចាប់ពីពេលផ្ទឹមចងដៃហើយ បានន័យថាក្លាយទៅជាប្ដី គឺនៅខាងស្ដាំដៃ … សុំផ្ដាំម្ដងទៀត លោកអាចារ្យ អាពាហ៍ពិពាហ៍ ដើម្បីចៀសវាងឲ្យខាងតែបានរវាងម្ចាស់ដើមការ ជាមួយនិងអាចារ្យ។ យើងកុំយកក្បួនរបស់អាចារ្យយើងទៅបង្ខំឲ្យគ្រួសារមួយទទួលយក។ ត្រូវសួរយោបល់ថា តើឥឡូវឲ្យខ្ញុំធ្វើយ៉ាងម៉េច?​

បើក្បួនចេញមកវាមានពីរអញ្ចឹង? មួយគឺកូនកម្លោះអង្គុយខាងឆ្វេងដៃមុនពេលផ្ទឹម ឯមួយទៀតកូនកម្លោះនៅស្ដាំដៃមុនពេលផ្ទឹម និយាយរួមមួយជុំ តើឲ្យខ្ញុំធ្វើមួយណា? បើសាមីដើមការគេពេញចិត្តមួយណា ធ្វើតាមមួយនោះទៅ។ សូមផ្ដាំទៅអាចារ្យ កុំរឹងទទឹង។ អ្នកដែលឆុងឆ្នាំនោះ វាទៅឆុងគ្រួសារគេទេ មិនមែនឆុងអាចារ្យឯណា។ ជួនកាល គេបន្ទោសថា កូនអញវាមិនត្រូវគ្នា វាលែងលះដោយសារតែអាចារ្យដាក់ខុស មកបានរឿងខូចដល់អាចារ្យទៅទៀត បង្កើតជារឿងដល់អាចារ្យយើង ថាធ្វើមិនត្រូវក្បួន គន់គូរលេខវាមិនត្រូវ ដាក់ផ្ទឹមទៅមិនត្រូវ បានជាកូនអញវាលែងគ្នា តាមពិតគេលែងគ្នាខ្លួនឯងសោះ មករឿងនៅអាចារ្យនេះវិញ។ អញ្ចឹងចំណុចនេះគឺជាចំណុចសំខាន់ណាស់សម្រាប់លោកអាចារ្យ។ ករណីមួយទៀត ប្រជាពលរដ្ឋម្ចាស់ដើមការគាត់ថា ខ្ញុំប្រគល់ជូនលោកអាចារ្យ ខ្ញុំគោរពតាមលោកអាចារ្យ លោកអាចារ្យចង់រៀបចំម៉េចក៏រៀបទៅ ខ្ញុំអញ្ជើញលោកអាចារ្យមកដើម្បីរៀបចំពិធី។ អញ្ចឹងអាចារ្យយើងក៏មានពីរផ្នែកដែរ។ អាចារ្យខ្លះប្រកាន់ទម្លាប់ទៅតាមដាក់ប្រុសខាងស្ដាំរៀងរហូតមក អាចារ្យខ្លះទៀតគឺទៅតាមអ្វីដែលក្រសួងវប្បធម៌ និងក្រសួងធម្មការ បានស្រាវជ្រាវ …។

(១៣) ត្រូវសួរម្ចាស់ដើមបុណ្យជាសំខាន់តើត្រូវធ្វើពិធីអ្វីខ្លះ

ក្រៅពីនោះ នៅមានពិធីបុណ្យផ្សេងៗដទៃទៀត យើងត្រូវសួរម្ចាស់ដើមបុណ្យជាសំខាន់ តើត្រូវធ្វើពិធីអ្វីខ្លះ មុននឹងយើងទៅធ្វើ។ ហើយសុំនិយាយបន្តិចទៅចុះ មិនមែនអួតប្រពន្ធខ្លួនឯងទេ ប៉ុន្តែខ្ញុំត្រូវតែលើកប្រពន្ធខ្លួនឯងអញ្ចឹង ព្រោះរឿងអស់អញ្ចឹងៗ គាត់អត់មានឲ្យខ្ញុំខ្វល់ទេ គាត់គិតទាំងអស់ តាំងពីថ្ងៃ ពីខែ ពីម៉ោងស្អីៗ គាត់ហៅអាចារ្យទៅពិគ្រោះ បង្កើតបានជាកម្មវិធីមួយ ម៉ោងប៉ុន្មានធ្វើអីៗ ​​គាត់លម្អិតណាស់។ និយាយរួម អរគុណភរិយាខ្ញុំដែរ អរគុណទេវតាដែលផ្សំផ្គុំឲ្យខ្ញុំបានជួបប្រពន្ធរបស់ខ្ញុំ។ គូព្រេងមិនព្រាត់។ បើសិនជាខ្ញុំគ្មានប្រពន្ធហ្នឹងទេ និយាយឲ្យពិត បើមិនមានប្រពន្ធធុននេះទេ ប្រហែលជា ហ៊ុន សែន ឈរជើងមិនបានយូរទេ ប៉ុន្តែដោយសារតែមានប្រពន្ធល្អ ​បានកូនមកក៏អប់រំបានល្អ ឥឡូវកំពុងអប់រំបន្ត​ចៅទៀត។

(១៤) ជោគជ័យក្នុងការប្រែពីប្រទេសក្នុងសង្គ្រាម/បែកបាក់ ទៅជាប្រទេសមានសន្តិភាពពេញលេញ

ខ្ញុំក៏មិនប្រកាសខ្លួន​ឯងថាជាគ្រូជោគជ័យទេ សុំប្រាប់ឲ្យហើយ។ ខ្ញុំជោគជ័យសឹងតែគ្រប់ផ្នែកទៅហើយ ប៉ុន្តែខ្ញុំមិនទាន់ប្រកាសថាជាគ្រូជោគជ័យទេ។ ជានយោបាយខ្ញុំជោគជ័យមករហូត។ មានចំណុចដែលខ្លួនចាញ់។ ឧទាហរណ៍ ធ្វើរឿងនេះមិនជោគជ័យ ត្រូវកែវាដើម្បីទៅរកជោគជ័យ។ ប៉ុន្តែ ក្នុងន័យនយោបាយ ក្នុងក្របខណ្ឌទូទៅ ចេញដំណើរតាំងពីការតស៊ូរំដោះជាតិ ថ្ងៃ២០ មិថុនា ១៩៧៧ រហូតមកដល់ពេលនេះ ខ្ញុំជាអ្នកជោគជ័យមួយក្នុងចំណោមអ្នកជោគជ័យនៅលើពិភពលោកនេះ។ ពីប្រទេសមួយមានសង្គ្រាម បែកបាក់ជាចម្រៀកៗ ទៅជាប្រទេសមួយដែល(បង្កើតបាននូវសន្តិភាពពេញលេញដោយ)គ្មានការប្រើគ្រាប់មួយគ្រាប់។ ខ្ញុំយកក្បាលរបស់ខ្ញុំទៅដូរជាមួយនឹងសន្តិភាព ទៅដូរនឹងការរស់រានមានជីវិត ទៅដូរជាមួយនឹងកំណែទម្រង់ទាំងឡាយដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម វាជាជោគជ័យ ប៉ុន្តែ ខ្ញុំមិនទាន់ប្រកាសថាជាគ្រូជោគជ័យទេ។ ក្នុងគ្រួសាររបស់ខ្ញុំៗ អប់រំកូនរបស់ខ្ញុំ កម្រិតឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សាទាំងអស់ ក៏ខ្ញុំមិនទាន់ប្រកាសថាខ្លួនខ្ញុំជាអ្នកជោគជ័យដែរ ហើយទៅបង្ហាត់បង្ហាញគេទេ។ ឥឡូវខ្ញុំកំពុងតែបន្តជាមួយចៅ តែចៅប្រហែលជាយើងបានតែចៅណាដែលនៅជិតយើង បានយើងអប់រំគេបានច្រើនជាង។ និយាយអញ្ចឹង មិនមែនដាក់ផ្លែផ្កាឲ្យគ្រូជោគជ័យទេ សូមបន្តទៅ តែបន្តយ៉ាងណាក៏ដោយ សូមកុំឲ្យប៉ះពាល់ លើកឧទាហរណ៍ពីនេះ/នោះ តែកុំលើកពីកន្លែងណាដែលវាជាចំណុចមិនគួរលើកតែប៉ុណ្ណឹងទេ។ តាមពិត អ្នកដែលផ្ដល់ជាគំនិត ហើយដែលគេមានបទពិសោធន៍បញ្ចេញមួយចំនួននោះ មិនមែនអាក្រក់ទេ។ ខ្ញុំមិនហាមឃាត់ទេជាមួយនឹងការធ្វើបែបនេះ ប៉ុន្តែគ្រាន់តែថាចៀសវាងនូវបញ្ហាណាដែលរសើបតែប៉ុណ្ណឹងទេ។

(១៥) គួបផ្សំរវាងតួនាទីរដ្ឋជំរុញសាសនាមានការអភិវ​ឌ្ឍនិងផលប្រយោជន៍ដែលរដ្ឋទទួលបានពីសាសនា

ត្រឡប់មករឿងការទទួលផលរបស់រដ្ឋពីវិស័យសាសនា។ ព្រះពុទ្ធសាសនាក្ដី ឥស្លាមសាសនាក្ដី គ្រីស្ទសាស​នាក្ដី គឺតែង​​អប់រំមនុស្សឲ្យធ្វើអំពើល្អ។ បើកាលណាមនុស្សកសាងអំពើល្អកាន់តែច្រើន រដ្ឋងាយគ្រប់គ្រង វាមិនអាណាធិបតេយ្យ វាមិនពាលាអាវាសែ ល្បែងស៊ីសងស្អីៗ ហ្នឹងវាជ្រុះឯង រាប់ទាំងការគោរពច្បាប់ចរាចរណ៍នេះ គឺវាស្រួល។ ម្សិលមិញ ត្រូវតែប្រជុំឆ្លងផែនការសកម្មភាពទសវត្សរ៍នៃចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយ ៥០% នៃគ្រោះថ្នាក់បច្ចុប្បន្នឲ្យធ្លាក់ចុះ ៥០% នៅឆ្នាំ២០៣០។ យើងមានការចាំបាច់ដើម្បីគួបផ្សំរវាងម្ខាងតួនាទីរបស់រដ្ឋក្នុងការជំរុញឲ្យសាសនាមានការអភិវ​ឌ្ឍ និងម្ខាងទៀតផលប្រយោជន៍ដែលរដ្ឋទទួលបានពីសាសនា គឺការអប់រំមនុស្សឲ្យល្អ និងការអប់រំមនុស្សឲ្យមានការចេះដឹង។ គុណធម៌ សីលធម៌នេះ ជាផ្នែកសំខាន់ណាស់សម្រាប់មនុស្សកសាងនូវអំពើល្អ …។

(សូមរំលឹកម្តងទៀត) កុំយកតួនាទីអាចារ្យទៅបង្ក្រាបក្រុមគ្រួសារគេដែលអញ្ជើញយើងទៅ … តែមិនស្រួល គេបន្ទោសថា កូនអញលែងលះគ្នាដោយសារអាចារ្យឲ្យផ្ទឹមខុសក្បួន អាចារ្យដេញពេលាខុស ហើយបើថា រកអាចារ្យ សែន វិញ ថ្ងៃការគឺដឹងតែថ្ងៃល្អជាងគេគឺថ្ងៃសៅរ៍ អាទិត្យ … កាលជំ​នាន់​ប្អូនៗរបស់ខ្ញុំការ ទាំងប្អូនថ្លៃទាំងបង្កើត ដេញពេលាទៅ​ ត្រូវតែចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ព្រោះថ្ងៃហ្នឹងគេអត់ធ្វើការ។ ឥឡូវហ្នឹង ថ្ងៃសៅរ៍ អាទិត្យ មិនប្រាកដថាមានមនុស្សទេណា ដោយសារអី? ដោយសារគេទៅដើរលេង​ ហើយដូចថ្ងៃនេះ អាចារ្យ និងយាយជី អត់បានដើរលេងទេ។ អាចារ្យ និងយាយជីខ្លះ ដូចជានៅក្មេង។ អ្នកក្មេងៗហ្នឹងអាចារ្យដែរឬ? សុទ្ធតែអាចារ្យឬ? មើលអ្នកដែលអាចារ្យអាយុក្រោយ ៤០ ឆ្នាំ លើកដៃទៅមើល? អរគុណណាស់។ ចុះអាចារិនី? មានប៉ុន្មាននាក់ទៅ? អ្នកពាក់ផ្លាកមកសុទ្ធតែអាចារ្យ ឬគ្រាន់តែចូលរួមទេ? អរគុណណាស់ និយាយលេងទេអាហ្នឹងគ្រាន់តែថា ថ្ងៃនេះ ប្រហែលជាមានអ្នកមើលពីក្រៅមក។

(១៦) អាខ្មៅ ត្រូវសូមទោសដែលមុសាថាមានអំណោយ ១០ម៉ឺនដុល្លារ ទៅ ជេម សុខ

ប៉ុន្តែ អ្នកខ្លះគេអាចចាប់ចំណុចរបស់ខ្ញុំ ដើម្បីយកទៅវាយប្រហារខ្ញុំក៏មាន។ មុននឹងចូលទៅនិយាយដល់កន្លែងដទៃទៀត សុំផ្តាំទៅអាខ្មៅទៀតហើយ។ អាខ្មៅសួរមកប៉ុន្មានថ្ងៃមុននេះថា ពេលណាដែលលោក ហ៊ុន សែន ឈប់តាមរករឿងអាត្មា? ខ្ញុំមិនហៅវាថា ជាព្រះសង្ឃទេ ព្រោះអានេះគឺជាក្មេងពាល ហើយគ្រាន់តែយកស្បង់ចីពរទៅគ្របដណ្តប់តែប៉ុណ្ណឹងទេ។ ខ្ញុំមិនខ្វល់អាខ្មៅឯងធ្វើអីទេ! … ប៉ុន្តែដែលថា ហ៊ុន សែន ផ្ញើលុយ ១០ម៉ឺនដុល្លារឱ្យ ជេម សុខ ហ្នឹង (អាខ្មៅត្រូវ)រកឱ្យឃើញ។ បើកាលណារកមិនឃើញ ហ៊ុន សែន នៅតែតាមជេរអាខ្មៅ ព្រោះហ្អែងខូច។ ផ្តាំទៅ ជេម សុខ ផង ឬ សុខ សុគន្ធ ជួយទារលុយពីអាខ្មៅ ព្រោះឥឡូវយើងហៅព្រះសង្ឃថាម៉េច? បើវាមុសាអញ្ចឹង។​ មុសាហ្នឹងវាស្ថិតនៅក្នុងសីល៍មួយដែលគេហាម … ឥឡូវបើចេញមកសុំទោសអាហ្នឹង អូខេ។ អញហៅតេជគុណ ឱ្យតែហ្អែងអាខ្មៅចេញមកសុំទោស។ ហ្អែងខូច។ បើកាលណាហ្អែងមិនព្រមសារភាពរឿង ១០ម៉ឺនដុល្លារ ដែលថា ហ៊ុន សែន ផ្ញើឱ្យ ជេម សុខ ឬ សុខ សុគន្ធទេ ហ្អែងកុំសង្ឃឹមថា អញឈប់រករឿងហ្អែង អញតាមរករឿងហ្អែងរហូត។ អញងាប់ទៅឋានក្រោមហើយ អញតាមរករឿងហ្អែងទៀត។ រួចចង់ឱ្យអញហៅហ្អែង (តេជគុណ) ហ្អែងជាក្មេងពាលគ្រាន់តែយកស្បង់ចីពរហ្នឹងយកមកគ្របខ្លួនតើ ឱ្យអញហៅយ៉ាងម៉េច? ជេម សុខ ដូចជាអត់ហៅអាខ្មៅហ្នឹងជាព្រះសង្ឃឯណា? មួយហ្នឹងសង្ឃអីវា បើនៅស្រុកខ្មែរនេះអាហ្នឹងអត់មានវត្តផង … វាចេះលើកទៀតវាថា រាសីវាខ្ពស់ជាងរាសីខ្ញុំទៅទៀត អើ! បើរាសីឯងខ្ពស់ឯងនៅហ្នឹងទៅបានហើយ វាផុតត្រឹមហ្នឹង ឱ! អាខ្មៅអើយអាខ្មៅ! ល្មមហើយ យ៉ាប់ណាស់។

តើយើងត្រូវធ្វើអីទៀត? អម្បាញ់មិញខ្ញុំធ្វើការប្រៀបធៀបមួយចំនួនវាមិនអស់ទេ ដោយសារយើងហ្នឹងម៉ោងគេផ្សាយថ្ងៃហ្នឹង ថ្ងៃនេះគឺទូរទស្សន៍មួយចំនួនគេផ្សាយឯណា ខនសឺតផង វាយប្រដាល់ផង បើតាម BTV គេវាយប្រដាល់ តាមធម្មតាគេផ្សាយចេញតាម BTV ទេ ប៉ុន្តែ BTV គេវាយប្រដាល់ គេផ្សាយតាមបាយ័ន។ ខ្ញុំមិនដឹងថាទូរទស្សន៍ដទៃទៀតគេជាប់ស្អី? ប៉ុន្តែចង់ផ្សាយក៏ផ្សាយ មិនផ្សាយក៏មិនផ្សាយទៅ ប៉ុន្តែផ្សាយនៅនេះគ្រាន់ឱ្យ​អាខ្មៅមើលដែរ … បើចេញមកសុំទោសប្រាប់ថាអត់ទេ អាត្មានិយាយខុស អាហ្នឹងគឺថាអត់ឱន ប៉ុន្តែបើមិនសងលុយហ្នឹងគឺអត់ទេ មិនដោះស្រាយរឿងហ្នឹងគឺជាប់ជំពាក់​ ព្រោះហ្អែងមិនមែនសង្ឃឯណា? ហ្អែងគ្រាន់តែមនុស្សបោកតើ។ ឥឡូវជេរគ្នាពេញហ្នឹង រួចអីស្រាក្រហម ស្រីមេម៉ាយ ម៉ោង ១២យប់ … ថ្ងៃមុនរឿងបញ្ហាអ្នកមាន អ្នកក្រ មកលើកមកជេរ ហ៊ុន សែន ដែរ។ ជេរ ហ៊ុន សែន ផង ទៅជេរ ខឹម វាសនា បានទៀត។ មិនដឹងថា ខឹម វាសនា បានស្តាប់អាខ្មៅ ឬអត់? …។

អញមិនហៅឯងជាសង្ឃទេ អញហៅអាខ្មៅរហូត ហើយឈ្មោះឯងក៏អញមិនហៅដែរ។ អាក្មេងពាលគ្រាន់តែយកស្បង់ចីពរយកមកពាក់ បើដរាបណាឯងមិននិយាយរឿង ១០ម៉ឺនដុល្លារ ដែល ហ៊ុន សែន ផ្ញើទៅឱ្យ ជេម សុខ នោះ មិននិយាយរឿងហ្នឹងទេ អញនៅតែហៅហ្អែងអាខ្មៅ អញតាមរករឿងហ្អែងរហូត ងាប់ទៅជាខ្មោចក៏តាមរករឿងហ្អែងដែរ។ វាចេះនិយាយថាវារាសីខ្ពស់ជាង ហ៊ុន សែន ទៅទៀត អើ! បើមនុស្សរាសីខ្ពស់ជាង ហ៊ុន សែន វាមកត្រួត ហ៊ុន សែន បាត់ទៅហើយ ហ្អែងចាំបាច់រត់ចោលស្រុកអីអាខ្មៅ។ កាលហ្នឹងអ្នកណាធ្វើអីហ្អែង? ប៉ុន្តែអញអរគុណហ្អែងដែរ បានពួកហ្អែងរត់ចោលស្រុកវាស្រួលអញ។ ស្ថិរភាពនៅនេះ។ បើពួកហ្អែងនៅហ្នឹងរញ៉េរញ៉ៃជាងស្អីទៀតពួកហ្អែងហ្នឹង … ហ្អែងរត់ទៅខ្លួនឯងតើ! ហ្អែងចង់បានសិទ្ធិជ្រកកោនតើ។ ហ្អែងជេរអញដើម្បីតែហ្អែងបានទៅនៅក្រៅប្រទេសតែប៉ុណ្ណឹងតើ! អញមានធ្វើអីហ្អែង?

(១៧) កិច្ចការធំៗ ៥ ជំពូក ដែលរដ្ឋាភិបាលគណបក្សប្រជាជនបានធ្វើក្នុងអាណត្តិទី៦

ឥឡូវតើយើងត្រូវធ្វើអីទៀតនៅពេលខាងមុខ? ខ្ញុំចង់លើកឡើងនូវចំណុចមួយចំនួន ដើម្បីឱ្យអ្នកទាំងអស់គ្នា យើងចូលរួមទាំងអស់គ្នា ដើម្បីធ្វើកិច្ចការទាំងអស់គ្នា ប៉ុន្តែមុននឹងចូលដល់បញ្ហាហ្នឹង ខ្ញុំចង់រំលេចពីកិច្ចការដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅនេះ។ ខ្ញុំគិតថាមិនប្រើពេលវែងប៉ុន្មានទេ? ឥឡូវនេះចុងអាណត្តិទី ៦ ចុងនីតិកាលទី ៦ នៃរដ្ឋសភា ដែលនៅសល់តែប៉ុន្មានខែទៀតហ្នឹងចូលដល់ការបោះឆ្នោត។ តើកិច្ចការអ្វីខ្លះដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនបានធ្វើ? កិច្ចការច្រើនណាស់ដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅនេះ។ ដំបូងរឿងយើងរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ បើទោះបីជាមានការប៉ុនប៉ង់ក្នុងការផ្តួលរំលំ ដូចជា ប្រកាស ៩ វិច្ឆិកា មកចាប់ ហ៊ុន សែន ឱ្យកម្លាំងប្រដាប់អាវុធមកបាញ់ប្រហារ​មកលើរដ្ឋាភិបាល ទាមទារឱ្យព្រះមហាក្សត្រចុះចេញពីតំណែង រំលាយចោលរបបរាជានិយម ទម្លាក់ចោលរាជ្យបល្ល័ង្គ ក៏នៅរក្សានូវស្ថិរភាពនយោបាយបាន។ ប៉ុន្តែមិនត្រូវធ្វេសប្រហែសទេណា ឧបបាយកលពួកទាំងនេះ។

ការងារទី២ … ខ្ញុំអរគុណចំពោះអាចារ្យ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសនោះគឺការគ្រប់គ្រង កូវីដ-១៩ ដែលប្រទេសយើងស្ថិតនៅក្នុងចំណោមប្រទេសមួយដែលជោគជ័យក្នុងការគ្រប់គ្រងសមរភូមិ ពិតមែនតែយើងមិនទាន់ឈ្នះសង្គ្រាម កូវីដ-១៩ ទេ ក៏ប៉ុន្តែយើងមានជោគជ័យក្នុងការគ្រប់គ្រងទៅលើសមរភូមិ កូវីដ-១៩ ដែលមកដល់ពេលនេះយើងមានឱកាសជួបគ្នាឡើងវិញ។ បើទោះបីអ្នកខ្លះនៅពាក់ម៉ាស់ អ្នកខ្លះមិនពាក់ម៉ាស់ ក៏ប៉ុន្តែយើងអាចនឹងជួបជុំគ្នាបាន យើងបើកប្រទេសឡើងវិញបាន។ មិនមែនជាបញ្ហាតូចតាចទេ ក្នុងតែមួយប៉ព្រិចភ្នែកប្រជាជន ៣ ០៥៦នាក់ បានស្លាប់ដោយសារ កូវីដ-១៩។

នេះជារឿងសោកស្តាយ ក៏ប៉ុន្តែយើងបានជម្នះនូវការលំបាក ដោយធ្វើការរួមគ្នាតាមវិធានការសុខាភិបាល ៣កុំ ៣ការពារ ផង និងតាមរយៈការស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជន ដែលមនុស្សទាំងអស់បានទទួលវ៉ាក់សាំង ទាំងព្រះសង្ឃ ទាំងគ្រហស្ថ។ ខ្ញុំសូមអរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គនៅគ្រប់ទីអារាម អរគុណលោកយាយ លោកតា អាចារ្យ យាយជី នៅតាទីអារាមនានាដែលបានចូលរួមផ្តល់កិច្ចសហការណ៍ រាប់ទាំងអាចារ្យដែលទទួលការបណ្តុះបណ្តាលនៅពេលនេះផងដែរ។ ប្រជាជនទូទៅក៏ចូលកិច្ចការងារនេះ បានជាផ្តល់ឱកាសឱ្យយើងធ្វើបានកិច្ចការងារនេះ។

ឯកិច្ចការទី ៣ … បើទោះបីជា កូវីដ-១៩ បានវាយប្រហារយើងធ្ងន់ធ្ងរ ហើយធ្វើឱ្យសេដ្ឋកិច្ចរបស់យើងធ្លាក់ចុះជាលើកដំបូងគឺអវិជ្ជមានរហូតទៅដល់ ដក ៣,១ភាគរយនៃឆ្នាំ ២០២០ ក៏ប៉ុន្តែយើងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងវិញដល់ ៣ភាគរយនៅឆ្នាំ២០២១ និង៥,២ភាគរយនៅឆ្នាំ ២០២២ កន្លងផុតទៅ។ ជាមួយគ្នានេះ ជីវភាពប្រជាជនរបស់យើងត្រូវបានរក្សាស្ថិរភាព បើទោះបីជាការធ្លាក់ចុះនៃប្រាក់ចំណូលខ្លះ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើងមិនទាន់ដល់កម្រិតអត់បាយស្លាប់នោះទេ។ យើងបានបញ្ចេញនូវថវិកាជាង ១០០០លាន រួចទៅហើយ ដើម្បីជួយដល់ប្រជាជនក្រីក្រជួបការលំបាក។ យើងនឹងបន្តទម្លាក់ថវិកាក្នុងមួយខែជាង ៤០លានដុល្លារ សម្រាប់ចែកជូនទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ កូវីដ-១៩ ផង ដោយសារអតិផរណាផង យើងបន្តធ្វើកិច្ចការងារនេះតទៅទៀត។

ឯការងារទី ៤ យើងចាត់តាំងការបោះឆ្នោតកាលពីឆ្នាំ២០២២ កន្លងទៅ ថ្នាក់ ឃុំ/សង្កាត់ ទទួលបានជោគជ័យល្អ ដោយមានបណ្តាគណបក្សចូលរួមច្រើន ប្រជាជនចេញទៅបោះឆ្នោតច្រើន។ ខ្ញុំក៏សុំយកឱកាសនេះថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋរបស់យើង ក៏ដូចជាអាចារ្យ យាយជី ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ឱ្យគណបក្សប្រជាជនបានឈ្នះក្នុងរយៈពេលកន្លងទៅ។ សុំអរគុណទុកជាមុនថា​ ប្រជាពលរដ្ឋនឹងទទួលយកនូវការដឹកនាំរបស់គណបក្សប្រជាជនតទៅទៀតនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុននេះ។

ឯចំណុចទី ៥ អម្បាញ់មិញ ឯកឧត្តម ឈិត សុខុន ក៏បានធ្វើរបាយការណ៍ហើយ ឆ្នាំកន្លងទៅនេះយើងបានធ្វើកិច្ចការដ៏ល្អក្នុងឋានៈជាម្ចាស់ផ្ទះអាស៊ាន ប្រធានអាស៊ាន យើងធ្វើកិច្ចការដ៏ល្អ ហើយ ២ឆ្នាំ ជាប់គ្នា ២០២១ យើងធ្វើប្រធាននៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ពេលនោះយើងមិនអាចនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ៥២ប្រទេស មកដល់ប្រទេសកម្ពុជាទេ ដោយសារតែបញ្ហាកូវីដ-១៩ ប៉ុន្តែយើងប្រជុំតាមអនឡាញ។ ការប្រជុំ អាស៊ី-អឺរ៉ុប នេះ ក៏ជាជោគជ័យមួយរបស់កម្ពុជា។ បន្ទាប់ទៅក្នុងឋានៈជាប្រធានអាស៊ានយើងបានរួមគ្នាក្នុងជាតិរបស់យើង ដើម្បីធ្វើឱ្យកិច្ចប្រជុំមួយនេះទទួលបានជោគជ័យ។

ខ្ញុំគ្រាន់តែលើកត្រួសៗអំពីចំណុចនេះ ដើម្បីឱ្យឃើញថា យើងបានរួមគ្នាប្រឹងប្រែងដើម្បីធ្វើឱ្យប្រទេសជាតិរបស់យើងមានការរីកចម្រើន។ កិច្ចការដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅនេះ គឺមិនមែនតូចតាចទេ វាធំ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ទទួលបានផលប្រយោជន៍ទាំងអស់គ្នា។ មិនទាន់មានគម្រោងការណាមួយដែលយើងអាក់ខានទេ ស្ពាន ផ្លូវ នៅតែបន្តកសាង ប្រឡាយទឹកនៅតែបន្តកសាង មន្ទីរពេទ្យ សាលារៀន នៅតែបន្តកសាង។ យើងមិនមែនជារដ្ឋឈានទៅរកការក្ស័យធនទេ ក៏ប៉ុន្តែជារដ្ឋដែលមានភាពធន់ខាងសេដ្ឋកិច្ច។

(១៨) កិច្ចការធំ ៥ ត្រូវបន្តធ្វើ៖ រក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម

ឥឡូវតើយើងត្រូវធ្វើអីទៀត? ខ្ញុំសុំផ្តាំផ្ញើទៅលើកិច្ចការមួយចំនួន។ ទី ១៖ សុំចូលរួមទាំងអស់គ្នាដើម្បីរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ រឿងនេះសំខាន់ណាស់ ធំណាស់។ សាសនាមិនអាចរស់នៅជាមួយសង្គ្រាមទេ សាសនាច្បាស់ជារស់នៅជាមួយសន្តិភាព។ ឥឡូវនេះនិយាយថា «កីឡារស់នៅក្នុងសន្តិភាព» នៅសល់តែ ២៧ថ្ងៃ ទៀតទេ ដែលយើងនឹងទៅដល់ការបើក ស៊ីហ្គេម ហើយដែលនឹងមានកីឡាករ/ការិនី ជាង ១ម៉ឺននាក់ ពីប្រទេសផ្សេងៗមកចូលរួមប្រកួតនៅទីក្រុងភ្នំពេញ ជាមួយនឹងភ្ញៀវដ៏ច្រើន។ យើងនិយាយពី «កីឡារស់នៅក្នុងសន្តិភាព» ប៉ុន្តែនិយាយពីក្របខ័ណ្ឌទូលាយជាងនេះអ្វីក៏ត្រូវរស់នៅជា​មួយសន្តិភាពដែរ គ្មានសន្តិភាពគឺមិនអាចធ្វើអីបានទេ។

យើងពិនិត្យមើលឥឡូវអ្នកណាទៅចាត់តាំងការប្រកួតនៅ អ៊ុយក្រែន បាន? អ្នកណាទៅចាត់តាំងការប្រកួតនៅ ស៊ីរី នៅ យេមែន គេអាចចាត់តាំងការប្រកួតបានខ្លះៗឥឡូវ ប៉ុន្តែកាលពីពេលមុន អ៊ីរ៉ាក់ លីប៊ី ស៊ីរី យេមែន តើអ្នកណាទៅប្រកួតស្អីនៅកន្លែងនោះ? ពេលដែល អ៊ីរ៉ាក់ ទាត់ជាមួយយើង កម្ពុជាទាត់ជាមួយ អ៊ីរ៉ាក់ អ៊ីរ៉ាក់ត្រូវខ្ចីនូវតារាងរបស់ប្រទេសគេទេ ដើម្បីទទួលយើងជាម្ចាស់ផ្ទះទៅទាត់ជាមួយអ៊ីរ៉ាក់នោះ ត្រូវឱ្យយល់។ សូម្បីតែចាត់តាំងកីឡានៅទីក្រុង​ បាដាដ ដែលជាទីក្រុង មួយពាន់មួយយប់ ដែលជាទីក្រុងដ៏ចំណាស់ រឿង អាបុលកាសេន អីហ្នឹង … ត្រូវបំផ្លាញដោយសង្គ្រាមនោះឯង។ វាដូចជាសម័យប៉ុល ពត បំផ្លាញទៅក្រុងភ្នំពេញអញ្ចឹងដែរ ទម្រាំតែយើងក៏កសាងបានប៉ុណ្ណេះ។ សូមឱ្យទាំងអស់គ្នាចូលរួមក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ឋាប់ធ្នាប់សង្គម។

ក្នុងបញ្ហាសណ្ឋាប់ធ្នាប់សង្គមនេះ សុំលោកយាយ លោកតា ញាតិញោម បងប្អូនទាំងឡាយ គឺចូលរួមនៅក្នុងការជួយនៅតាមគេហៅថា ភូមិ/ឃុំ មានសុវត្ថិភាព យកអាហ្នឹងធ្វើជាស្នូល ព្រោះរឿងវានៅនឹងមូលដ្ឋានទាំងអស់ហ្នឹង។ ថ្ងៃនេះបានជួប អាចារ្យ បានជួបអាចារីនី ដែលនៅតាមទីអារាមនានាផ្តល់ការអប់រំចំពោះពលរដ្ឋ ដែលគាត់ទៅសុំសីល ឬក៏ក្មេងៗ ឬក៏ទៅធ្វើបុណ្យ ធ្វើទាន យើងផ្តល់ការអប់រំ ក្នុងនោះមានបញ្ហាទាក់ទងនឹងគ្រឿងញៀន បញ្ហាទាក់ទងនឹងបញ្ហាល្បែងស៊ីសង។ ម្សិលមិញយើងក៏បាននិយាយទាក់ទងទៅដល់បញ្ហាសុវត្ថិភាពចរាចរណ៍ សុំឱ្យទាំងអស់គ្នាចូលរួមនៅក្នុងសុវត្ថិភាពចរាចរណ៍។ បញ្ហាធ្ងន់ធ្ងររបស់យើងគឺទាក់ទិនជាមួយបញ្ហាគ្រឿងញៀននេះ។ បើសិនជាកូនចៅរបស់យើង ចៅៗរបស់យើង ឬកូនរបស់យើង ឬសាច់ញាតិរបស់យើង អ្នកនៅក្នុងភូមិរបស់យើងប្រព្រឹត្តិអំពើគ្រឿងញៀនច្រើន ហើយនឹងល្បែងស៊ីសងច្រើន វានឹងកើតឡើងនូវចោរលួច ចោរប្លន់ នៅទីនោះ។

អាចារ្យ យាយជី ព្រះសង្ឃ ផ្តល់នូវការអប់រំ នូវអំពើល្អទាំងឡាយសម្រាប់ពលរដ្ឋ ហើយកាលណាតែពលរដ្ឋមានសីលធម៌ មានគុណធម៌ល្អ គឺអំពើ ទុច្ចរិត វាមិនកើតឡើងទេ ហើយបើវាកើតឡើងក៏វាតិចតួច។ អញ្ចឹងសុំមេត្តាជួយទៅដល់ក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលខ្ញុំនិយាយប៉ុណ្ណឹងទៅចុះ។ ទាក់ទិន នឹង សន្តិភាព ស្ថិរភាពនយោបាយ សន្តិភាពរក្សាបានតាមរយៈតែតាមរយៈតួនាទីគណបក្សប្រជាជនតែប៉ុណ្ណោះ គ្មានបក្សណាមានលទ្ធភាពគ្រប់គ្រងនូវសន្តិភាពបានទេ។ បើទោះបីជា នៅពេលខាងមុខមានអ្នកសន្យាឱ្យប្រាក់ប៉ុណ្ណេះ ប្រាក់ប៉ុណ្ណោះ ក៏មិនមែនជាមូលហេតុធំសម្រាប់ប្រជាពលរដ្ឋព្រោះអ្នកខ្លះ រកតែផ្ទះនៅខ្លួនឯង​មិនបានផង ទៅសន្យាឱ្យផ្ទះថ្មគេយ៉ាងម៉េច? ឥឡូវរកតែការងារខ្លួនឯងមិនបានផង ទៅដោះស្រាយការងារឱ្យគេ ២ ទៅ ៣លាននាក់ រកតែការងារខ្លួនឯងធ្វើមិនបានផង។ ហ្នឹងរឿងគេឃោសនាលក់ទំនិញតែប៉ុណ្ណឹងទេ។ យើងមិនទៅបង្អាប់ទំនិញរបស់គេទេ អាហ្នឹងទុកឱ្យប្រជាជនវិនិច្ឆ័យទៅចុះ។

ប៉ុន្តែស្អីក៏ដោយ ការឡើង ឬចុះគឺវាចំណុះទៅលើបញ្ហាតើយើងរក្សាសន្តិភាពបាន ឬអត់? បើរក្សាសន្តិភាពបានហើយ គឺការអភិវឌ្ឍទៅមុខវាទៅហើយ ប៉ុន្តែបើបាត់ស្ថិរភាពគឺអ្នកឯងបាត់អ្វីទាំងអស់ រាប់តាំងជីវិតក៏មិនគង់វង្សផង។ នេះជាចំណុចទី ១ ដែលខ្ញុំចង់ផ្តាំផ្ញើជូនចំពោះបងប្អូនទាំងអស់ដែលបានចូលរួមនៅទីនេះ។ ឥឡូវអាចារ្យខ្លះប្រហែលអាយុតិចជាងខ្ញុំទេ ដែលខ្ញុំហៅថា លោកតា លោកយាយ ហ្នឹងប្រហែលជាអាយុតិចជាងខ្ញុំទេ។ ឥឡូវនេះអ្នកគេកំពុងមើលផ្សាយបន្តផ្ទាល់គេថា តែមិនស្រួលមានខម្មិន្តទៀតហើយ សម្តេចសង្ហាណាស់ឥឡូវហ្នឹង។ ខ្លាចពាក្យគេថាសង្ហាតែម្ដងឥឡូវហ្នឹង។ បង្ហោះរូបចេញមួយទៅ (មានខម្មិនថា)សង្ហាណាស់លោកពុក សង្ហាចុះសង្ហាឡើង អៀនខ្លួនឯងតែម្ដងឥឡូវ …។ ​

សូមនិយាយបន្តិចទៅចុះ។ សរសើរប្រពន្ធទៀតហើយ យាយហ្នឹងស្អាតមែន។ ពីក្រមុំស្អាតណាស់ ស្អាតណាស់ទោះបីជំនាន់ប៉ុលពតវាលត់យ៉ាងម៉េចក៏ដោយ? អត់ខ្មៅទេ។ ស្អាតណាស់ បើមិនអញ្ចឹងមិនអាចទាញចិត្តបុរសនេះបានទេ។ មិនងាយទេ … ស្រាប់តែប៉ះនាងហ្នឹង ម៉ែអើយឃើញភ្លាមស្រលាញ់ភ្លាមតែម្តង។ ឥឡូវហ្នឹងគេកំពុងតែថតបន្ត បានច្រើនហើយ ប្រហែលជាខ្ទង់ ៨០ ភាគ ឥឡូវចាក់បាន ១០ ភាគហើយ អាហ្នឹងជាប្រវត្តិពិត អាមានអ្នកមកនិយាយថា ហ៊ុន សែន កាឡៃប្រវត្តិសាស្រ្ត អ្នកណាកាឡៃប្រវត្តិសាស្រ្ត? អ្នកឯងហ្នឹងកាឡៃប្រវត្តិសាស្រ្ត ប្រវត្តិសាស្រ្តរបស់ហ៊ុន សែន ថ្ងៃមុនខ្ញុំនិយាយពេលសម្ពោធគឺថា​ខ្ញុំបញ្ចេញបានត្រឹមតែ ៤០ ភាគរយ ប៉ុន្តែខ្ញុំមើលជាក់ស្តែងមែនទែនបញ្ចេញបានត្រឹម ៣០ ភាគរយទេ អត់ដល់ ៤០ ភាគរយទេ … ដូចខ្ញុំនិយាយពីឆាកប្រយុទ្ធ ១០៥ … យើងយកតែ ៥ មកធ្វើឈុតឆាកតូចៗ ងាយណា ទៅយកពីរបស់គេមកគឺកម្មសិទ្ធិបញ្ញា។ ឥឡូវយើងទៅយកយន្តហោះពីណាមកទម្លាក់គ្រាប់បែក

ពិបាកមែនទែនរើសតួ តួឥឡូវ វាអត់ស្គមដូចតួមុន កាលជំនាន់ប៉ុលពតតួមានស្អាតដូចតួឥឡូវណា ឥឡូវត្រូវចាប់តួមួយចំនួនលាបឲ្យវាខ្មៅបន្តិចព្រោះវាសពេក ហើយប្រដាប់ប្រដាទៅយកប្រដាប់ប្រដាចាស់ៗមក ពិបាកមែនទែនពិបាករើសតួ ពេលដែលចាប់ពិគ្រោះជួបជុំគ្នាដំបូង ខ្ញុំថាយកតួហ្នឹងទៅលត់ដំ ៦ ខែសិន ឲ្យរែកដី ៦ ខែសិនចាំយកមកថត ប៉ុន្តែថាអញ្ចឹងគ្មានអ្នកណាគេមកថតឲ្យយើងទេ មិនមែនស្រួលណារឿងថតខ្សែភាពយន្តហ្នឹង ដល់យើងដឹកបានដឹងថាអ្នកដែលដើរតួខ្សែភាពយន្តហ្នឹងមិនស្រួលប៉ុន្មានទេណា ពិបាករបស់គេដែរណា ទម្រាំតែត្រូវមួយប្លង់ៗគ្នា។ ជួនកាលមួយប្លង់គ្នាថតមួយថ្ងៃក៏មានដែរ មួយប្លង់ទម្រាំតែត្រូវមិនមែនរឿងលេងទេ។

ទាំងអស់គ្នាចូលរួមរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់ សន្តិសុខសង្គម ហើយអំពាវនាវឲ្យមានការចូលរួមចំណែកក្នុងការអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាពដែលសំដៅខ្ពស់ទៅការលុបបំបាត់គ្រឿងញៀន ល្បែងស៊ីសង និងចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលវាកំពុងប្រល័យជីវិតមនុស្សរាល់ថ្ងៃជាមធ្យម ៥ នាក់ក្នុងមួយថ្ងៃស្លាប់ ហើយរបួសក៏មិនតិចដែរ។ អញ្ចឹងក្នុងគោលដៅ ២០៣០ បើថាមួយថ្ងៃស្លាប់ ៥ នាក់ក្នុងមួយថ្ងៃ ត្រូវកំណត់គោលដៅធ្វើម៉េចអប់រំមនុស្សឲ្យលុបបំបាត់បាន ឲ្យនៅស្លាប់ត្រឹមតែ ២ កន្លះបានហើយ ហើយបើតិចជាងណកាន់តែអត់ស្លាប់គឺល្អតែម្តង។ ព្រោះស្លាប់ទៅបន្សល់ទុក្ខនូវផលវិបាកច្រើន។

(១៩) រដ្ឋាភិបាលសុំការអនុគ្រោះរៀបចំឥណទានឡើងវិញ ប៉ុន្តែមិនមែនផ្អែកលើហ្នឹង មានលុយហើយមិនសងទេ

សូមបញ្ជាក់ជូនបន្តិចដែរ ម្សិលមិញខ្ញុំនិយាយនៅក្នុងការប្រជុំគណរដ្ឋមន្រ្តីទាក់ទិននឹងបញ្ហាអំពាវនាវឲ្យមីក្រូហិរញ្ញវត្ថុកុំមានការរឹបអូសកុំមានការចាប់ចងស្អីៗ សម្រាប់ប្រជាពលរដ្ឋដែលមានការខ្វះខាត ក៏ប៉ុន្តែខ្ញុំសុំបញ្ជាក់ កុំផ្អែកលើអ្វីដែលខ្ញុំនិយាយ មានលុយហើយមិនព្រមទៅសងគេ។ ហ្នឹងការប្រាក់កាន់តែធ្ងន់។ អញ្ចឹងបើមានលុយហើយយកទៅសងគេទៅ។ ខាងធនាគារ និងហិរញ្ញវត្ថុគេក៏បានជួយច្រើនដែរ។ ម្សិលមិញខ្ញុំក៏បានបញ្ជារឿងនេះមួយ។ អ្នកណាក៏ដោយ ដែលចលនាមនុស្សកុំឲ្យទៅសងធនាគារ អ្នកហ្នឹងជាគោលដៅនៃការរឹបអូសនិយាយគ្នាឲ្យច្បាស់អញ្ចឹងតែម្តង ព្រោះកន្លងទៅមានអាក្រុមខូច គណបក្សនយោបាយខ្លះខូចណាស់ទៅសន្យាថាបើខ្ញុំឈ្នះ ខ្ញុំអត់ឲ្យសងទេ។ អញ្ចឹងបាន អាមនុស្សហ្នឹងជំពាក់លុយធនាគារ សុំឲ្យធនាគាររឹបអូសអាអ្នកហ្នឹងតែម្តងទៅ ឲ្យវាឆាប់លឿន កុំឲ្យខូចពេក។

រដ្ឋាភិបាលសុំការអនុគ្រោះរៀបចំឥណទានឡើងវិញចំពោះអ្នកដែលជំពាក់ធនាគារ ហើយយោគយល់ចំពោះការលំបាក ក្នុងការសងគេស្អីៗហ្នឹង អាចប្រើប្រាស់រយៈពេលខ្លះ ប៉ុន្តែ មិនមែនផ្អែកលើបញ្ហាហ្នឹងមិនសងធនាគារ មានលុយហើយមិនសងទេ។ សុំបញ្ជាក់មកវិញអាកន្លែងហ្នឹងបន្តិច ហើយអ្នកណាក៏ដោយដែលយកគោលការណ៍របស់បក្សនយោបាយដែលទៅញុះញង់កុំឲ្យគេសងបំណុល ជំពាក់បំណុលគេ អ្នកហ្នឹងបើជំពាក់ធនាគារ គឺសុំឲ្យធនាគារ ឬមីក្រូហិរញ្ញវត្ថុប្តឹងទៅតុលាការរឹបអូសអាហ្នឹងបណ្តោយទៅ ដើម្បីកុំឲ្យវាខូច ព្រោះទៅខ្ចីលុយគេមិនសងលុយគេយ៉ាងម៉េច? ប្រទេសណាក៏ដូចប្រទេសណា មានអ្នកជំពាក់បំណុលគេ មានអ្នកយកលុយទៅដាក់ធនាគារ វាធម្មតាទេ វាមិនមែនមានតែស្រុកខ្មែរទេ។ ម្សិលមិញខ្ញុំឮថាមានការផ្សព្វផ្សាយអាហ្នឹងចេញទៅ។ ខ្ញុំក៏មានការបារម្ភដែរ។ ដល់បងប្អូនមួយចំនួនឮថាលោកហ៊ុន សែន ថាកុំឲ្យសង សុំកុំឲ្យមានការរឹបអូស អនុគ្រោះស្អីៗ អាហ្នឹងអត់ទេ បើមានកុំទុកយូរនាំតែយើងជំពាក់ការប្រាក់គេច្រើនទេ។ បើសិនជាបុគ្គលណាដែលនិយាយភ្ជាប់រឿងនយោបាយថាបើគេឈ្នះមិនសង រឹបអូសអាហ្នឹងមុនទៅ …។

(២០) ក្រសួងធម្មការ និងសាសនាត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរ

ឯចំណុចទី ២ ដែលខ្ញុំចង់និយាយ(ជាកិច្ចការត្រូវបន្តធ្វើ)គឺការងារពាក់ព័ន្ធនឹងក្រសួងធម្មការ និងសាសនា ក្រសួងធម្មការ និងសាសនាត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរ អាចារិនី ដើម្បីបំពេញតម្រូវការរបស់ប្រជាពុទ្ធបរិស័ទទូទាំងប្រទេស។ ជាមួយនេះ ក្រសួងធម្មការ និងសាសនាត្រូវ យកចិត្តទុកដាក់ រៀបចំចងក្រង និងដំណើរការ សហគមន៍អាចារ្យខ្មែរឲ្យបានទូលំទូលាយទូទាំងប្រទេស។ អញ្ចឹងភារកិច្ចនេះក្រសួងធម្មការ និងសាសនាត្រូវបន្តការងារបណ្តុះបណ្តាលអាចារ្យ ឥឡូវអាចារ្យទើបតែអាយុ ៥០ នៅពេលនេះ ប៉ុន្តែធ្មេចបើកៗ ៦០ ជួនកាលអាចារ្យថាជាអ្នកធ្វើអាចារ្យខ្មោចឲ្យគេ ត្រឡប់មកដល់ផ្ទះងាប់ខ្លួនឯងក៏មានដែរ។ មិនមែនបានសេចក្តីថាអាចារ្យជីវិតអមតៈឯណា។ អញ្ចឹងទេត្រូវបន្ត បើយើងនៅមានព្រះសង្ឃនៅមានវត្ត។ រឿងនេះ មិនមែនតែបញ្ហាព្រះពុទ្ធសាសនាទេ វាត្រូវមានគ្រប់សាសនាទាំងអស់ ឥស្លាម សាសនាក៏គេមានគ្រូប្រដៅ គ្រីស្ថសាសនាគេមានគ្រូគង្វាលរបស់គេ​​ទៅតាមចំណែករៀងៗខ្លួន។

ដោយឡែកក្នុងវិស័យពុទ្ធចក្រនេះត្រូវបន្តការបណ្តុះបណ្តាលទៅលើអាចារ្យ យាយជី ហើយក៏សុំផ្តាំផ្ញើអាចារ្យកុំជ្រៀតជ្រែកកិច្ចការព្រះសង្ឃច្រើនពេក កន្លែងខ្លះអាចារ្យទាស់ជាមួយនឹងចៅអធិការ​ហើយទាស់ផ្តើមចេញពីរឿងបញ្ហាកាន់កាប់ថវិកាហ្នឹងឯង។ សុំមេត្តាយោគយល់គ្នា។ ធ្វើបុណ្យ ធ្វើទាន អាចារ្យដើរតួនាទីសំខាន់ ម្ខាងជួយលោក ម្ខាងជួយពុទ្ធបរិស័ទការគ្រប់គ្រងទីអារាមក៏ប៉ុន្តែ ត្រូវគោរពតាមឋានានុក្រម។ អាចារ្យគឺនៅជា​មួយព្រះសង្ឃ ដែលនៅក្នុងទីនោះមានរចនាសម្ព័ន្ធគ្រប់គ្រង គឺមានព្រះចៅអធិការ មានគ្រូសូត្រស្តាំ មានគ្រូសូត្រឆ្វេង។ ខ្ញុំមិនមែនជាអ្នកអាចារ្យអីគេទេ ប៉ុន្តែធ្លាប់ជាអ្នកធ្លាប់នៅវត្ត ស៊ីបាយបួស ដោយសារបាយបួសហ្នឹងហើយដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះ …។

(២១) រៀបរាប់អំពីប្រវត្តិនាឡិកា

ថាឯងអសុរសណាទៀតហើយ មកជួបជាមួយអាចារ្យហើយនៅនិយាយអសុរសកុំថាណាអាចារ្យហ្នឹងនិយាយបញ្ចោរជាងអីទៀត។ ម៉េច ហ៊ុន សែន មិនស្គាល់។ កុំថាឡើយអាចារ្យ យាយជី អាចារ្យ យាយជីគឺថាបញ្ចោរអស់ទាស់ហើយ។ ខ្ញុំធ្លាប់នៅជាមួយ សូម្បីតែព្រះសង្ឃហ្នឹងក៏ចេះបញ្ចោរដែរ។ ដល់ខ្ញុំចាប់ធ្វើចំណាប់ខ្មាំងព្រោះពេលខ្លះវាយពេក ដល់វាយពេកបបួលព្រះសង្ឃឆាន់បាយយប់។ បបួលព្រះសង្ឃទៅមើលកុន។ រកវាយទៀត “ព្រះតេជព្រះគុណតែហ៊ានវាយខ្ញុំព្រះករុណាខ្ញុំទូលព្រះចៅអធិការ”។ ស្បថអត់ហ៊ានទេ។ មានពេលខ្លះទាល់តែលេងល្បិចដែរ។ រួចហើយរឿងទៅយកចង្ហាន់ យកមកម៉ោង ១០ ឬ ១០៖៣០ អីនៅឆាន់អែប្រមែនៅហ្នឹង។ អាឯងនេះឃ្លានចង់ងាប់។ អត់យល់ការឃ្លានរបស់កូនសិ​​ស្ស។ ដល់អញ្ចឹងដឹងក្បួន។ ចាំម៉ោង ១១ និង ៤៥ នាទី លោកតែម៉ោង ១២ ឆាន់លេងបាន​ និយាយពីមកដល់ឆាន់ប្រឹបៗ។

ថ្ងៃមុនខ្ញុំរៀបរាប់អំពីប្រវត្តិនាឡិកា។ អញ្ចឹងបានកូនសិស្សលោកមាននាឡិកាពាក់មូលហេតុមកពីលោកវាយ យកចង្ហាន់មកមិនទាន់ពេល យើងមានស្អីមើល។​ អញ្ចឹងបានជាខ្ញុំមាននាឡិកាពាក់តាំងពីក្មេងវត្ត ​ដើម្បីបញ្ចៀស មិនមែនដើម្បីហ៊ឺហាទេ គឺដើម្បីបញ្ចៀសរឿងលោកវាយហ្នឹង។ នាឡិកាពីក្មេងវត្តហ្នឹង ពាក់មកដល់ឆ្នាំ ១៩៨២ តពីហ្នឹង។ នាឡិកាហ្នឹងមិនដឹងនៅឯណា កំពុងតាមរក។ មិនដឹងថាតាមរកឯណាទេ។ ថ្ងៃមុនគ្រាន់តែខ្ញុំថានាឡិកាហ្នឹងមិនដឹងទៅណា គ្រាន់តែម្ចាស់ថាខ្ញុំឲ្យនាឡិកាគាត់ពីឆ្នាំនេះឆ្នាំនោះ មិនដឹងប៉ុន្មានអ្នក។ ខ្ញុំថាអត់ទេ ខ្ញុំរកនាឡិកាខ្ញុំ។ ទីចុងបំផុតខ្ញុំដូរជាមួយបង ជា ស៊ីម។ ខ្ញុំឲ្យទីតូនីទៅគាត់ គាត់ឲ្យរូឡិចមកខ្ញុំ ហើយខ្ញុំមិនដឹងថាបង ជា ស៊ីម ឲ្យអ្នកណា ប៉ុន្តែឮអញ្ចឹងផ្អើលនាឡិកាទីតូនីយកមក។ អត់ទេខ្ញុំមានហើយ ខ្ញុំឈប់រកហើយ អញ្ចឹងសុំក្រសួងធម្មការ និងសាសនាបន្តទៅទៀត។

(២២) អាចារ្យ/អាចារិនី សហការជាមួយគណសង្ឃនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់

ចំណុចទី ៣ អាចារ្យ អាចារិនី ខ្មែរត្រូវរួមគ្នាសហការជាមួយនឹងគណសង្ឃ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចឲ្យបានល្អ តាមតួនាទីភារកិច្ច និងតាមលិខិតបទដ្ឋានគតិយុត្តិនានាដើម្បីរួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនាដែលជាមូលដ្ឋានមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម។ ខ្ញុំអានទៅចុះអាហ្នឹង គេព្រាងមក អាមុនខ្ញុំមិនព្រាងទេ ទៅខ្លួនឯងតែម្តងទៅ មកដល់ឃើញដាក់ ចាំបន្តិចខ្ញុំនិយាយអាក្បួនដើម្បីបង្ហាញទៅអ្នកធ្វើបឋកថាទាំងឡាយ តើដើម្បីធ្វើបឋកថាបានតើយើងត្រូវធ្វើយ៉ាងម៉េច? ត្រូវស្គាល់អីខ្លះសិន។

(២៣) អាចារ្យ/អាចារិនី ថែរក្សាក្រមសីលធម៌អាចារ្យខ្មែរ ភាពថ្លៃថ្នូរក្នុងតួនាទីរបស់ខ្លួន

ទី៤ អាចារ្យ អាចារិនីខ្មែរត្រូវពង្រឹងការថែរក្សាឲ្យបាននូវក្រមសីលធម៌អាចារ្យខ្មែរ ថែរក្សាឲ្យបាននូវភាពថ្លៃថ្នូរក្នុងតួនាទីរបស់ខ្លួន ត្រូវមានភាពឆ្លៀសវៃក្នុងការរិះរកនីតិវិធីក្នុងដោះស្រាយ សម្របសម្រួលគ្រប់តម្រូវការរបស់បរិស័ទ គ្រប់មជ្ឈដ្ឋានព្រមទាំងទទួលខុសត្រូវ សម្របសម្រួលគ្រប់តម្រូវការរបស់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានព្រមទាំងទទួលខុសត្រូវ និងរក្សានូវគុណធម៌ចៀសវាងនូវការប្រព្រឹត្តខុសឆ្គង ប្រកាន់បក្សពួក ឬរើសអើងវណ្ណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនា។

ខ្ញុំបានលើកឡើងពីខាងលើហើយ ឲ្យយកចិត្តទុកដាក់ បើនៅក្នុងទីអារាមមួយបែងចែក ឥឡូវកង្វល់ធំគឺស្អី កង្វល់រឿងនៅជាមួយគ្នាអត់សុខ វត្តខ្លះកើតឡើងដោយសារអី? វត្តថ្មីកើតឡើងដោយសារលោកត្រូវបានចាកចេញពីវត្តទៅនៅវត្តផ្សេង ហើយក៏កើតឡើងវត្តថ្មីទៅ។ គ្រូសូត្រឆ្វេង គ្រូសូត្រស្តាំមិនត្រូវគ្នា ឬព្រះចៅអធិការមិនត្រូវគ្នាជាមួយនឹងគ្រូសូត្រ ឬអាចារ្យមិនត្រូវគ្នាជាមួយនឹងព្រះចៅអធិការ នោះហើយជាចំណុចដែលនាំទៅដល់ភាពរង្គោះរង្គើក្នុងទីអារាម្យ។ នៅកន្លែងខ្លះវត្តមិនឆ្ងាយពីគ្នាទេ សួរថាហេតុអីបានអញ្ចឹង? ថាមកពីគ្រូសូត្រឆ្វេង ឬគ្រូសូត្រស្តាំអត់ត្រូវជាមួយនឹងចៅអធិការ អញ្ចឹងទៅកសាងវត្តមួយក្បែរហ្នឹង។ ត្រូវខិតខំ សម្របសម្រួលតួនាទីរបស់អាចារ្យដែលចូលរួមចំណែក។ អាចារ្យកុំចាក់ភ្លើងបន្ថែមទៅនឹងជម្លោះណាមួយដែលកើតឡើងនៅក្នុងទីអារាម្យ។ តួនាទីអាចារ្យនេះ បានជាការរួមចំណែកមួយក្នុងការធ្វើសុខដុមបនីយកម្មក្នុងទីអារាម្យហ្នឹង ហើយជាគម្រូឲ្យពុទ្ធបរិស័ទចំណុះជើងវត្តដែរ។

(២៤) អាចារ្យ អាចារិនីខ្មែរត្រូវបំពេញ តួនាទី ភារកិច្ចឲ្យបានល្អ ស័ក្តិសមជាអ្នកដឹកនាំពិធីពុទ្ធសាសនា

ចំណុចទី៥ អាចារ្យអាចារិនី ត្រូវបំពេញតួនាទី ភារកិច្ចឲ្យបានល្អ ស័ក្តិសមជាអ្នកដឹកនាំពិធីពុទ្ធសាសនា បង្ហាត់បង្រៀន ពន្យល់បង្ហាញ និងជាបុគ្គលដែលគួរឲ្យគោរពព្រមទាំងចូលរួមរក្សាមរតកវប្បធម៌ព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរឲ្យបានស្ថិតស្ថេរគង់វង្សប្រកបដោយអរិយធម៌ខ្ពស់។ ឥឡូវនេះ គឺខាងផ្នែកអាណាចក្រកំពុងតែជម្រុញថែទាំប្រពៃណី ក្នុងពេលជិតចូលឆ្នាំហ្នឹងដូចជាការរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឬក៏ទាញព្រ័ត្រ ឬលេងចោលឈូង លាក់កន្សែង ស្អីៗនេះ ល្បែង របាំនានា អញ្ចឹងសុំផ្តល់ឱកាសពិភាក្សាជាមួយព្រះសង្ឃឲ្យប្រជាពលរដ្ឋបានលេងនៅក្នុងទីអារ៉ាម​ ជួយបង្កលក្ខណៈឲ្យអ្នកនៅជិតខាងអាចទទួលបាននូវទំនៀមទម្លាប់ រឿងទំនៀមទម្លាប់វប្បធម៌ អរិយធម៌នេះគឺសំខាន់ណាស់។

បើយើងមិនរក្សាក្បួនខ្នាតចាស់ទេ ស្មើនឹងការបំផ្លាញ ព្រោះអ្វីដែលបានកើតឡើងនៅក្នុងពេលនេះវាត្រូវរក្សាមរតករាប់រយឆ្នាំបន្តទៅទៀត។ អញ្ចឹងបានជានៅថ្ងៃពេលដែលជួបជុំ ថ្ងៃទី ២ ខែមីនាកន្លងទៅ ខ្ញុំឲ្យយកចិត្តទុកដាក់ទៅលើបញ្ហាការចាក់រូបបដិមា ឬក៏ថារូបព្រះពុទ្ធអញ្ចឹងតែម្តង ឬក៏ចម្លាក់អីផ្សេងៗត្រូវរក្សាទម្រង់ដើមឲ្យខាងតែបាន បើរក្សាទម្រង់ដើមមិនបានទេ គឺ ២០០ ឆ្នាំទៀត ៣០០ ឆ្នាំទៀត គឺអ្វីដែលយើងធ្វើនៅថ្ងៃនេះ វាទៅជាទម្រង់ដើមទៅហើយ ខុសៗវាទៅខុសបាត់ទៅហើយ ព្រោះចេះបើយើងចាក់រូបព្រះមួយព្រះអង្គ ចាក់ខុសទម្រង់ ដល់ពេលចាប់ផ្តើមអភិសេក អភិសេកហើយ តែគេថ្វាយបង្គំ អត់មានអ្នកណាហ៊ានទៅវាយ ត្រូវតែរក្សាទុកហើយ … យើងក៏មានព្រះ ឥណ្ឌាក៏មានព្រះ ចិ​នក៏មានព្រះ ថៃក៏មានព្រះ … ត្រូវប្រយ័ត្នប្រយែងក្នុងបញ្ហាទំនៀមទម្លាប់។ សូម្បីសំលៀកបំពាក់ត្រូវតែធ្វើឲ្យបានម៉ត់ចត់ … នេះជាសម័យដែលយើងថតជាខ្សែភាពយន្ត ថតជាវីដេអូ តែកាលណាបង្ហោះចេញប្រឹប អ្វីដែលជារឿងខុសខាងវប្បធម៌ខ្មែរអត់ត្រូវទេ​។ អញ្ចឹងបានត្រូវធ្វើឲ្យត្រូវក្បួនត្រូវខ្នាត ប្រយ័ត្នប្រយែងនូវកន្លែងហ្នឹង។

(២៥) ការបែងចែកមិនដាច់ពីគ្នារវាងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា បូករួមជាមួយសាសនាព្រលឹង

ខ្ញុំគិតថា មិនគួរនិយាយអីបន្ថែមឲ្យលើសពីហ្នឹងទេ។ ខ្ញុំមានចៅម្នាក់ ឥឡូវហ្នឹងគឺកំពុងព្យាបាលរបួស។ ចៅហ្នឹងថ្ងៃមុនទៅសួរ “លោកតាៗ តើលោកតាឯងកាន់ព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនា”។ មកសួរខ្ញុំអញ្ចឹង។ យី! ចៅចេះសួរ។ ទេ!ឲ្យចៅចេះសួរចុះ គេថាចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់។ សម្រាប់ខ្មែរយើងពិបាកបែងចែកណាស់។ នៅក្នុងខ្លួនយើងម្នាក់ៗ កុំថាឡើយក្នុងសង្គម ពិបាកបែងចែកឲ្យដាច់ពីគ្នារវាងព្រះពុទ្ធសាសនា ព្រហ្មញ្ញសាសនា និងសាសនាព្រលឹង​។ លើការជាក់ស្តែង ព្រហ្មញ្ញសាសនានៅជាមួយយើងច្រើនជាងព្រះពុទ្ធសាសនាទៅទៀត។ ក្រៅពីនោះ សាសនាព្រលឹងនៅជាមួយយើងច្រើនជាងគេទាំងអស់ ឲ្យតែចាប់ផ្តើមឡើង ម៉ែអើយជួយផងៗ។ ហ្នឹងសាសនាព្រលឹងតើ។ អញ្ចឹងទេ ចំណុចនេះ មិនអាចបែងចែកដាច់ចេញពីគ្នារវាងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ហើយដែលក្នុងនោះក៏មានសាសនាព្រលឹងទៅជាមួយផងដែរ។

ឧទាហរណ៍ ធ្វើអីមួយ ត្រូវតែក្រុងពាលី។ តើក្រុងពាលី ជាព្រះពុទ្ធសាសនា ឬព្រហ្មញ្ញសាសនា? វាច្បាស់ណាស់ ហ្នឹងជាព្រហ្មញ្ញសាសនាទេតើ។ អញ្ចឹងបានអាចារ្យរបស់យើងត្រូវចេះទាំងព្រះពុទ្ធផង ទាំងព្រហ្មញ្ញសាសនាផង … បើមិនចឹង យើងមិនអាចយល់អស់ទេ​។ សាសនាព្រលឹងយើងមើលមិនឃើញទេ ប៉ុន្តែមនុស្សទៅបន់ស្រន់ឯលិច បន់ស្រន់ឯកើត។ ហ្នឹងចូលសាសនាព្រលឹងទាំងអស់ ដែលពុំមានចងក្រងក្នុងគម្ពីរណាមួយជាក់លាក់ទេ … ប៉ុន្តែមានមួយប្រភេទដែលខ្ញុំហៅថា សាសនាព្រលឹង។ ប៉ុន្តែយ៉ាងណា អាខ្មៅកុំលេងពីអាមេរិកមកវ៉ើយ កុំថា ទេ! លោក ហ៊ុន សែន មិនហៅលោក។ វាហៅតែ ហ៊ុន សែនៗ។ អញមិនចង់ឲ្យឯងហៅអញសម្តេចអីទេ។

(២៦) ព្រះមហាក្សត្រ ទីអារាម ដើរតួនាទីសំខាន់ក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិសាសន៍យើង

នេះជាចំណុចដែលខ្ញុំគ្រាន់តែប​ញ្ជាក់បន្ថែមដើម្បីយើងអាចយល់។ ក្នុងវត្តព្រះពុទ្ធ ប៉ុន្តែព្រហ្មញ្ញនៅហ្នឹង ព្រះពុទ្ធសាសនាប៉ុន្តែព្រហ្មញ្ញនៅជាមួយ ចែកគ្នាវាមិនដាច់ទេកន្លែងហ្នឹង។ ពិធីសែនព្រេនមួយចំនួនគឺជាប្រភេទរបស់​ព្រហ្មញ្ញទេ។ យើងខិតខំថែទាំប្រពៃណីរបស់យើង ទំនៀមទម្លាប់របស់យើងដែលសំបូរបែប។ ខ្មែរយើងមហាសំបូរ​ហើយ ចាត់ទុកថាដូនតាយើងបានបន្សល់ទុកមរតកសំបូរបែបឲ្យយើង។ យើងត្រូវដឹងថា ព្រះមហាក្សត្ររបស់យើង និងបណ្តាទីអារាមទាំងអស់ ដើរតួនាទីសំខាន់ណាស់ ក្នុងការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីរបស់ជាតិសាសន៍របស់យើង។ ជំនាន់បារាំងចូលមកត្រួតត្រាស្រុកខ្មែរ ទំនៀមទម្លាប់ក្បួនខ្នាតរបស់យើង​ នៅក្នុងព្រះបរមរាជវាំង ទំនៀមទម្លាប់របស់យើងនៅក្នុងទីអារាម​។ ទីអារាមរបស់យើងបានដើរតួនាទីសំខាន់ក្នុងការថែរក្សា។ ឥឡូវយើងពិនិត្យមើលប្រទេសជាច្រើន ពេលដែលបារាំងចូលទៅ បារាំងយកភាសាបារាំងទៅដាក់ឲ្យតែម្តង ហោចណាស់ក៏ធ្វើ Romanisé ដែរ។ ដូចជាវៀតណាម​ វៀតណាមអក្សរវៀតណាមពីដើម ដូចអក្សរចិនចឹង ប៉ុន្តែបារាំងធ្វើ Romanisé ទៅជាអក្សរវៀតណាមរាល់ថ្ងៃ ប៉ុន្តែខ្មែរ បារាំងអត់ធ្វើបានទេណា ខ្មែរនៅរក្សាបាននូវអក្សរសាស្ត្រនិងភាសារបស់ខ្លួនយ៉ាងច្បាស់ ដែលនោះជាចំណុចខ្លាំងនៃរបបរាជានិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជា ហើយដែលមានព្រះពុទ្ធសាសនាជាបង្អែកដ៏រឹងមាំនៃវប្បធម៌ជាតិរបស់ខ្លួន ដែលត្រូវបានរក្សា។

(២៧) តួនាទីព្រះពុទ្ធសាសនា រួមចំណែកកសាងនិងថែរក្សាវប្បធម៌ជាតិ

ឥឡូវយើងពិនិត្យមើល។ មុននេះ កាលពីថ្ងៃទី២ ខែមីនា ខ្ញុំបានស្នើសុំឲ្យតាមទីអារាមនានា មានភ្លេងពិណ​ពាទ្យ​គ្រប់វត្ត … ខ្ញុំគិតថា សប្បុរសជននានាអាចនឹងចែករំលែកជួយទៅដល់វត្តនេះមួយវង់ទៅ វត្តនោះមួយវង់ទៅ។ វាក៏មិនជាថ្លៃប៉ុន្មានទេ ហើយដាក់ទៅក្មេងៗចេះវាយ។ ឥឡូវជាង ៥០០០ វត្ត យើងថាជាង ៥០០០ វត្តឲ្យតែមាន ៤០០០ វត្ត យើងមាន ៤០០០ វង់ភ្លេងពិណពាទ្យ ហើយក្នុងមួយវង់ភ្លេងពិណពាទ្យ យើងគិតថាមាន ៦ នាក់។ អញ្ចឹងយើងគិតមើល អ្នកដែលជួយការពារ រក្សាទំនៀមទម្លាប់របស់យើងមានប៉ុន្មានទៅ វាកើតតកូ​នតចៅទៅថ្ងៃក្រោយទៀត។ អញ្ចឹងទីអារាមគឺជាកន្លែងនៃការដាក់រក្សានូវសម្បត្តិវប្បធម៌ជាតិនោះឯង។ ទូកងប្រណាំងរួចហើយ អត់ដែលយកទៅដាក់នៅតាមផ្ទះទេ គេយកទៅដាក់តាមវត្ត អញ្ចឹងក៏ក្លាយទៅជាសម្បត្តិជាតិរបស់យើងមួយដែរ។ ស្គរ គង សម្រាប់វាយពេលមានបុណ្យសពស្អីៗនេះ នៅវត្តទេ អត់ដែលទុកនៅផ្ទះទេ។ ចំណុចអស់ទាំងនេះហើយ ដែលយើងត្រូវឃើញតួនាទីរបស់ព្រះពុទ្ធសាសនា ដែលបានចូលរួមចំណែកយ៉ាងធំនូវការកសាង ថែរក្សាវប្បធម៌ជាតិរបស់យើង។

(២៨) បើទេវតាចារមកមិនឲ្យធ្វើនាយករដ្ឋមន្រ្តី ប្រឹងប៉ុណ្ណាក៏មិនបានធ្វើមួយជីវិតហ្នឹង

ខ្ញុំសូមអរគុណណាស់ តទៅទៀតក៏មិនបានដែរ ព្រោះគេផ្សាយបន្តផ្ទាល់ ក្តៅម៉ាស៊ីនរបស់គេ។ ទេ! បើសិនជាចង់សាកជាមួយខ្ញុំ ខ្ញុំអាចនិយាយដល់ម៉ោង ១ ក៏ខ្ញុំអត់អស់ពាក្យនិយាយដែរ ហើយមានក្មេងពាលខ្លះថាខ្ញុំរត់មិនរួចនៅឆ្នាំ ២០២៣។ ងាប់ហើយ ហ្អែងចាំមើលៗ ងាប់ទេ។ ថ្ងៃមុននេះ ឪពុកមារបស់ខ្ញុំម្នាក់ ទើបនឹងបានចែកឋានទៅ គាត់អាយុ ១០២ ឆ្នាំ ហើយខ្វះតែ ៩ ថ្ងៃទៀត គ្រប់ ១០៣ ឆ្នាំ។ ពូជរបស់ខ្ញុំវែងណាស់ ហើយម្យ៉ាងអញធ្វើបុណ្យច្រើនណាស់អាខ្មៅអើយ។ ​មិនងាយងាប់ទេ។ ហ្អែងកុំសង្ឃឹមថាចាំដល់ថ្ងៃអញងាប់។ ដល់ថ្ងៃងាប់ បើអញងាប់ ក៏អញនៅសល់កូននិងចៅរបស់អញដែរ។ ហ្អែងមិនអាចដើរកន្លងសពអញបានទេ … មនុស្សទាល់តែជឿបុណ្យបាបខ្លះទៅ … អ្នកដែលចង់ធ្វើនាយករដ្ឋមន្ត្រី ទោះបីអ្នកឯងស្រមៃប៉ុន្មានក៏ដោយ ចេញតាមហ្វេសប៊ុកចង់ធ្វើស្អីក៏ដោយ ប៉ុន្តែបើទេវតាចារមកមិនឲ្យធ្វើនាយករដ្ឋមន្រ្តី អ្នកឯងអត់ធ្វើនាយករដ្ឋមន្ត្រីមួយជីវិតហ្នឹង។ ទោះប្រឹងប៉ុណ្ណាក៏ដោយ។

ឯអ្នកដែលមិនចង់ (ដូចជា)ខ្ញុំ(មិន)ដែលនឹកឃើញធ្វើនាយករដ្ឋមន្ត្រីអីពីអង្កាល់ ប៉ុន្តែធ្វើម៉េចបើព្រះប្រទានមកឲ្យធ្វើចឹង។ មិនមានអ្នកណាលើកបន្តុបខ្ញុំទេ។ ខ្ញុំឡើងមក ហើយមករស់នៅជាមួយគ្នាចឹង ហើយជជែកគ្នាចឹង តាំងពី ១៩៧៩ មក រហូតមកចឹង។ ខ្ញុំមានដែលទៅចោលប្រជាពលរដ្ឋពីអង្កាល់ មានដែលរត់ទៅចោលឯណា។ ខ្ញុំមានជាតិសាសន៍តែមួយ ខ្ញុំមិនមានជាតិសាសន៍ដល់ទៅ២ ផង។ អញ្ចឹងខ្ញុំមានតែខាំស្មៅនៅហ្នឹង ហើយទៅស្រុកគេ អត់មានសម្លរកកូរទេ អត់មានប្រហុកចិញ្រ្ចាំទេ។ ខ្ញុំទៅក្រៅប្រទេសរាល់ដង ត្រីងៀតទៅពីផ្ទះទេ ពងទាប្រៃទៅពីផ្ទះទេ។ កន្លងទៅ ទៅញូវយ៉ក ចេញពីញូវយ៉ក ទៅគូបា ចេញពីគូបា មកតូក្យូ ស៊ីពងទាប្រៃរហូត។

(២៩) វាគ្មិនល្អ ត្រូវដឹងថាអ្នកស្តាប់ជានរណា

សូមអភ័យទោស បើសិនជាខ្ញុំនិយាយខុសឆ្គងសម្រាប់ទីនេះក្តី និងសម្រាប់នៅខាងក្រៅ គឺ(សំដៅ)ពួកអសិរពិស។ (សំរាប់)ពួកវា ទោះបីខ្ញុំនិយាយល្អប៉ុណ្ណាក៏ដោយ វានៅចាត់ទុកថាខ្ញុំនិយាយខុស អញ្ចឹងគឺវាខុសគ្នាទៅហើយ មិនបាច់ចាំគិតទេអាហ្នឹង ព្រោះវានៅក្រៅបញ្ជី។ ឯចំពោះអ្នកនៅក្នុងប្រទេស ខ្ញុំក៏សូមអភ័យទោសអំពីគ្រូជោគជ័យដែរ។ ខ្ញុំមិនហាមឃាត់ទេ បន្តទៅ នៃបទពិសោធន៍ល្អៗក្នុងជីវិតរបស់ខ្លួន នៅក្នុងអ្វីដែលខ្លួនបានធ្វើល្អ គឺផ្តល់នូវជារបៀបការគិតគូរ​ ប៉ុន្តែគ្រាន់តែកុំឲ្យមានបញ្ហារសើបណាមួយកើតឡើង ថ្លឹងថ្លែងនូវពាក្យពេចន៍ ហើយរៀនឲ្យបានច្រើនអំពីអក្សរសាស្ត្រខ្មែរនិងរបៀប​និយាយ។ របៀបនិយាយទៀតសោត ខ្ញុំសូមផ្តាំ ដំបូង​បំផុតត្រូវដឹងថាអ្នកណាអង្គុយពីមុខ។ ដើម្បីធ្វើវាគ្មិនល្អ គេត្រូវដឹងថា អ្នកណានៅអង្គុយពីមុខ។ ខ្ញុំថ្ងៃនេះ ទៅជាចាប់ឆាយ ដោយសារអ្វី? ដោយសារតែក្រៅពីមនុស្សនៅក្នុងនេះ ឥឡូវមិនដឹងប៉ុន្មាន channel កំពុងផ្សាយផ្ទាល់នៅខាងក្រៅ អញ្ចឹងទៅជាចាប់ឆាយ។ ខ្ញុំអត់ប្រមូលផ្តុំតែរឿងយាយជី អាចារ្យណា មិនអញ្ចឹង ខ្ញុំនិយាយដល់ទៅអាស៊ាន ដល់អីណានោះ ព្រោះដោយសារមនុស្សជាច្រើន។ ប៉ុន្តែដើម្បីធ្វើវាគ្មិនមួយបានល្អ ដំបូងបំផុតត្រូវស្គាល់មនុស្សណា អ្នកណាខ្លះនៅពីមុខយើង បើមិនចឹង អ្ន​កហ្នឹងគ្នាជាអ្នកដែលរស់នៅតំបន់ព្រៃភ្នំ ឯងយកឧទាហរណ៍មាត់សមុទ្រ យកមកអត់ត្រូវទេ។

(៣០) អ្នកណាក៏អាចជាគ្រូបានដែរ, មនុស្សចាប់ឆាយរៀបគោលនយោបាយត្រូវក្តីប្រាថ្នាប្រជាជន

អញ្ចឹងគ្រាន់តែផ្តាំចំណុចតូចមួយ ក្នុងចំណោមថាធ្វើវាគ្មិនយ៉ាងម៉េចទើបងាយស្រួលឲ្យគេយល់។ ដំបូងបំផុតត្រូវស្គាល់ថាអ្នកណានៅពីមុខ បើមជ្ឃដ្ឋានហ្នឹងជាមជ្ឃដ្ឋានគ្រូពេទ្យ ហើយត្រូវនិយាយរបៀបម៉េចទាក់ទងនឹងប្រធានបទផ្នែកវេជ្ជសាស្ត្រ។ មជ្ឃដ្ឋានហ្នឹងជាមជ្ឃដ្ឋានគ្រូ ត្រូវនិយាយយ៉ាងម៉េចទាក់ទងនឹងបញ្ហាគរុកោសល្យ និងវិស័យអប់រំ។ បើសិនជាភាពចំរុះ មានបញ្ញវ័ន្តគ្រប់ប្រភេទខុសៗគ្នា ក៏យើងនិយាយទៅរកតម្រង់បែបណា ដែលអាចឲ្យគេធ្វើសំយោគបាន។ នេះគ្រាន់តែជាការផ្តាំផ្ញើទេ។ សម្រាប់ខ្ញុំមិនមែនគេហៅថា គ្រប់មុខ ១០០ មុខទេ មានអ្នកចេះដឹងលើសខ្ញុំច្រើនណាស់ រាប់ទាំងកូនខ្ញុំក៏វាចេះដឹងលើសខ្ញុំដែរ។​ អ្នកណាក៏ដោយក៏អាចក្លាយទៅជាគ្រូយើងបានដែរ កសិករម្នាក់ក៏អាចក្លាយទៅជាគ្រូរបស់យើងបានដែរ អ្នកស៊ីក្លូម្នាក់ក៏អាចក្លាយទៅជាគ្រូយើងបានដែរ នៅពេលដែលយើងសួរនាំពីគាត់នូវអ្វីដែលយើងអត់ចេះ គាត់ឆ្លើយតបមកជាមួយយើង គឺជាការបង្រៀនយើង។

កុំចាំតែគ្រូហ្នឹងចេញពីមហាវិទ្យាល័យ ថ្នាក់នេះ ថ្នាក់នោះ គឺគ្រាន់តែកសិករម្នាក់ ជនពិការម្នាក់ក៏អាចក្លាយទៅជាគ្រូយើងបានដែរ ព្រោះគាត់ពន្យល់យើងថា នៅពេលដែលគាត់ពិការ គាត់មានតម្រូវការអញ្ចេះៗ ការគិតគូររបស់គាត់បែបនេះៗ។ អញ្ចឹងធ្វើឲ្យយើងយល់ ដល់យើងរៀបចំក្របខណ្ឌគោលនយោបាយ ដាក់ទៅវាត្រូវរឿង។ អញ្ចឹងកសិករក៏គ្រូយើង កម្មករក៏ជាគ្រូយើង ជនពិការក៏ជាគ្រូយើង គ្រូបង្រៀនក៏ជាគ្រូយើង គ្រូពេទ្យក៏ជាគ្រូយើង អ្នកណាក៏ជាគ្រូយើងបានដែរ។ ខ្ញុំចាត់ទុកមនុស្សទាំងអស់នៅក្នុងប្រទេសកម្ពុជាជាគ្រូរបស់ខ្ញុំ … ខ្ញុំជាមនុស្សចាប់ឆាយទេ ប៉ុន្តែចាប់ឆាយហ្នឹងហើយ ដែលរៀបចំគោលនយោបាយត្រូវជាមួយនឹងគោលដៅរបស់ប្រជាជនចង់បាន។

អំណោយ

ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់អាចារ្យ និងអាចារិនី សរុប ១៥០០ នាក់ ក្នុងម្នាក់ៗសុំជូនថវិកា ២០ ម៉ឺនរៀល ជូនត្រឡប់ទៅផ្ទះ។ ខំធ្វើដំណើរមកពីចំងាយ បានជួប​មុខនាយករដ្ឋមន្ត្រី មុខយ៉ាង​ម៉េច ចាស់ឬក្មេង? ឥឡូវសុំសួរបន្តិចមើល ក្មេងឬចាស់? ​បើមួយៗគេថា កាន់តែក្មេងទៅៗចេះ វាមិនដែល។ កាលនៅ ៥០ គេថា ឥឡូវហ្នឹងគឺគេមើលមកខ្ញុំប្រហែលអាយុ ៥០ តែប៉ុណ្ណឹងទេ អត់ទេ​ ឈាន ៧០ ហើយ ទោះបីដូរអាយុយ៉ាងម៉េច ដូរឆ្នាំយ៉ាងម៉េចក៏ដោយ។ ហើយជូនគណៈកម្មការរៀបចំអង្គពិធីចំនួន ២០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល។ ជាថ្មីម្តងទៀត អរគុណជាមួយនឹងការយកចិត្តទុកដាក់ស្តាប់ និងសូមអភ័យទោសចំពោះការខុសឆ្គងទាំងឡើយ ដែលអាចកើតមានជាយថាហេតុនៅក្នុងបឋាកថាដែលអត់ព្រាងទុក។ ព្រាងជាសុន្ទរកថា តែអត់ត្រូវរឿង អញ្ចឹងទេ មកដល់ឆៅយកបណ្តោយ ហើយចាប់យកចំណុចទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ ទៅធ្វើជាកម្មវត្ថុទៅបណ្តោយទៅ។ នៅតែប៉ុន្មានថ្ងៃទៀត នឹងចូលដល់ឆ្នាំថ្មីហើយ សូមទេវតាឆ្នាំថ្មីប្រទានពរជ័យសម្រាប់អ្នកទាំងអស់គ្នា ជួបតែសេចក្តីសុខ សេចក្តីចម្រើនជាមួយនឹងពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ