សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មករ និយោជិត នៅសួនឧស្សាហកម្មខេមតុន (Camton) ស្រុកពញាឮ ខេត្តកណ្ដាល

CNV:

(១) តំបន់ប្រយុទ្ធបានក្លាយជាតំបន់អភិវឌ្ឍនិងមានតំបន់រោងចក្រ

ដំបូងចង់សួរបន្តិចផ្លូវណាទៅផ្ទះម៉ែក្មេកៗ? ឥឡូវហ្នឹងមកមិញហ្នឹងមិនដឹងថា ឯណាស្រុកពញាឮ​? ហើយវាបែកវាត្រង់ថាទៅត្រង់ណា? វង្វេងមែន ពិតជាវង្វង មិនមែនត្រឹមតែវង្វេងក្រុងទេណា ឥឡូវក្រុងភ្នំពេញ បើថាឲ្យបើកឡានខ្លួនឯងចប់បណ្តោយ ឥឡូវហ្នឹងវង្វេងនៅជនបទ។ កន្លែងនេះ គឺជាកន្លែងវាយគ្នា កាលពីទសវត្សរ៍ទី ៨០ ម្តុំនេះជាតំបន់ដែលមានការវាយឆ្មក់ ប៉ុន្តែ ឥឡូវនេះបានក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ហើយមានតំបន់រោងចក្រ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដើម្បីជួបកម្មករ/ការិនី នៅស្រុកពញាឮសាជាថ្មីម្តងទៀត។

(២) បើគណបក្សប្រជាជនឈ្នះឆ្នោតនឹងបន្តជួបកម្មករ

ដូចដែលឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍អម្បាញ់មិញ ហើយខ្ញុំក៏នៅចាំ ដោយសារតែមានការកត់ត្រា ក្នុងនោះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំបាននិយាយថា “ក្មួយៗដែលមិនទាន់បានជួប សង្ឃឹមថានឹងជួបគ្នានៅពេលក្រោយបោះឆ្នោត។ លក្ខខណ្ឌនៅត្រង់ចំណុចនេះ បើសិនជាពូឈ្នះឆ្នោតគឺដំណើរជួបជាមួយនឹងកម្មករនឹងបន្តធ្វើ (ពូបាននិយាយថា)ក្នុងរយៈពេល១០ ឆ្នាំទៀត។ បើសិនជាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ បែរជាគណបក្សប្រជាជនចាញ់ឆ្នោត ពូពុំមានឱកាសដើម្បីធ្វើនាយករដ្ឋមន្រ្តីតទៅទៀតទេ។ ដូច្នេះដំណើរការជួបគ្នាគឺមិនអាចជួបបានតទៅទៀតដែរ។ សង្ឃឹមថាក្មួយៗនឹងបោះឆ្នោតឲ្យពូ ឲ្យគណបក្សប្រជាជន ដើម្បីឲ្យពូមានលទ្ធភាពដឹកនាំ”។ ពូមានក្រុមការងារមួយ ធ្វើការនៅស្ងាត់ស្ងៀមទេ។ ពេលនេះគេកំពុងតែមើលការផ្សាយបន្តផ្ទាល់ ហើយគេថតសម្លេងនិងគេកត់ត្រានូវអ្វីដែលយើងធ្លាប់បាននិយាយពីមុន ហើយធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់។ ពេលនោះជួបនៅអង្គស្នួល។ រឿងនេះបានកើតកាលពីឆ្នាំ២០១៨ ក្រោយការបោះឆ្នោត។ យើងក៏បានធ្វើដំណើរតទៅទៀតដូចការគ្រោងទុក។

(៣) រាំងស្ទះការជួបជុំកម្មករ/ការិនីជុំទី២ ដោយសារកូវីដ-១៩

តាមការពិត ពូចង់ដំណើរការជួបជុំ ជុំទី២ ឲ្យបានឆាប់ ប៉ុន្តែជាអកុសលកូវីដ-១៩ បានធ្វើឲ្យរាំងស្ទះស្ទើរតែគ្រប់ផ្នែក។ ក្នុងហ្នឹងដំណើរជួបជាមួយនឹងកម្មករ/ការិនីក៏ត្រូវបានអាក់ខាន។ ឆ្នាំ២០២០ យើងជួបកូវីដ-១៩ ឆ្នាំ២០​២១ ក៏នៅបន្តកូវីដ-១៩ ឆ្នាំ២០២២ ក៏នៅជួបកូវីដ-១៩ និង២០២៣ មុនពេលលើកលែងការធ្វើតេស្តសម្រាប់ការជួបជុំ យើងមិនមានឱកាសដើម្បីជួបគ្នាទេ។ ថ្ងៃនេះមាន ១​ម៉ឺន ៧ពាន់នាក់ជាង … (បើមានការជួបគ្នាក៏)នឹងតម្រូវឲ្យក្មួយៗរុកច្រមុះគ្រប់ៗគ្នា។ ការលើកលែង(ការធ្វើតេស្ត)បង្កើតឱកាសសំរាប់ការជួបជុំគ្នាឡើងវិញ។ មានការប៉ះដៃគ្នាបន្តិចបន្តួច។ បើសិនជាក្មួយៗត្រឡប់ទៅវិញ បែរជាកើតកូវីដ-១៩ កុំសង្ស័យថាឆ្លងពីណា ថាឆ្លងពីពូតែម្តងទៅ។ ប៉ុន្តែបើសិនជាពូកើតកូវីដ-១៩ វិញ គឺពូក៏នឹងនិយាយថាមិនមែនឆ្លងពីក្មួយៗទេ តែឆ្លងខ្លួនឯងធ្វើការតាំងពីណាពីណីមក។ ម្សិលមិញសុំពេល២ ថ្ងៃការចៅ។

(៤) ក្លាយជាប្រទេសនាំមុខមួយដែលអាចត្រួតត្រាជំងឺកូវីដ១៩បាន

ជំងឺកូវីដ-១៩ ទាមទារឲ្យយើងមានការប្រុងប្រយ័ត្ន ក៏ប៉ុន្តែបច្ចុប្បន្ននេះវាមិនអាសន្នដូចកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ នោះទេ។ មានការផ្សព្វផ្សាយមួយចេញពីសិង្ហបូរីថានាយករដ្ឋមន្រ្តីសិង្ហបូរីកំពុងកើតកូវីដ-១៩។ ឥឡូវហ្នឹង កូវីដ-១៩ ហ្នឹងប្រៀបដូចជាផ្តាសាយធម្មតា។ សូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះបណ្តារោងចក្រទាំងអស់ ជាពិសេសកោតសរសើរក្មួយៗជាកម្មករ/ការិនីដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ គ្រានោះគឺជាកង្វល់ធំណាស់។ អ្វីដែលជាការព្រួយបារម្ភជាងគេ គឺ(ការដែលអាច)ផ្ទុះកូវីដ-១៩ ក្នុងរោងចក្រ ដែលប្រមូលផ្តុំទៅដោយកម្មករ។ មួយរោងចក្ររាប់រយរាប់ពាន់នាក់។ គឺជារឿងគួរឲ្យខ្លាចនិងបារម្ភខ្លាំងណាស់។ ក្មួយៗទាំងអស់បានខិតខំអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងទទួលយកវ៉ាក់សាំងដើម្បីការពារជំងឺ​ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំមុខ១ ក្នុងចំណោមប្រទេសនាំមុខដទៃទៀតដែលអាចត្រួតត្រា ជំងឺកូវីដ-១៩បាន

(៥) បិទទ្វាររោងចក្រក្នុងដំណាក់កាលកូវីដដោយសារប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមស្ថិតក្នុងការបិទខ្ទប់

ដូច្នេះហើយបានជាយើងមានឱកាសដើម្បីបើករោងចក្រឡើងវិញ ព្រមគ្នានឹងការដឹកមកដល់នូវបណ្តាវត្ថុធាតុដើមសម្រាប់ការផលិតក្នុងប្រទេសនិងការបញ្ជាទិញពីនិងនាំចេញទៅប្រទេសក្រៅ។ នេះគឺជាពេលពេលវេលាដែលពូត្រូវអរគុណចំពោះកម្មករ/ការិនីទាំងអស់ដែលនៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ នៅក្នុងដំណាក់កាលនៃកូវីដ-១៩ នោះ យើងក៏បានជួបប្រទះនូវការបិទទ្វារខ្លះៗ នៃរោងចក្រ។ ការបិទទ្វារនោះ មិនមែនបណ្តាលមកពីអ្វីផ្សេងក្រៅពីខ្វះវត្ថុធាតុដើម(នោះទេ)។ ប្រទេសលក់វត្ថុធាតុដើមឲ្យយើងពិបាកនៅក្នុងការដឹកជញ្ជូននិងការនាំចេញ។ សូម្បីតែនៅក្នុងប្រ​ទេសនោះ អ្នកនៅក្នុងប្រទេសរបស់គាត់ក៏ត្រូវធ្វើការបិទខ្ទប់។ អញ្ចឹងការដឹកវត្ថុធាតុដើមពីកន្លែងមួយ មកកាន់កំពង់ផែសម្រាប់ដើម្បីដឹកមកប្រទេសរបស់យើងមិនអាចធ្វើទៅរួច

(៦) រាជរដ្ឋាភិបាលយកចំណាត់ការផ្តល់កម្រៃទ្រទ្រង់ជីវភាព៧០ ដុល្លារ/ខែ ក្នុងដំណាក់កាលកូវីដ១៩

ដូច្នេះ ពេលនោះរាជរដ្ឋាភិបាលបានធ្វើចំណាត់ការមួយដោះស្រាយឲ្យក្មួយ​ៗកម្មករ/ការិនីមានឱកាសទទួលបានប្រាក់កម្រៃក្នុងកម្រិតមួយដែលអាចទ្រទ្រង់ជីវភាពក្នុងដំណាក់កាលដ៏លំបាក។ យើងបានផ្តល់ចំពោះកម្មករ/ការិនីក្នុងវិស័យកាត់ដេរ​និងដេរស្បែកជើងចំនួន៧០ ដុល្លារ ដែលក្នុងនោះ ៤០ ដុល្លារទទួលពីរាជរដ្ឋាភិបាលនិង៣០ ដុល្លារទទួលពីនិយោជកពីម្ចាស់រោងចក្រ។ យើងក៏បានផ្តល់(ការឧបត្ថម្ភ)ចំពោះកម្មករ/ការិនីដែលធ្វើការនៅតាមសណ្ឋាគារផងដែរ។ ប៉ុន្តែអ្នកនៅតាមសណ្ឋាគារបានចំនួនតិចជាង។ ពួកគាត់បានប្រាក់តែពីរាជរដ្ឋាភិបាលប៉ុណ្ណោះ មិនបានប្រាក់ពីថៅកែទេ ព្រោះថៅកែឡុងចុង។ បិទសណ្ឋាគារទៅ គ្នាក៏ជួបការលំបាក។

(៧) រដ្ឋលើកលែងសិននូវកាតព្វកិច្ចមួយចំនួនដែលម្ចាស់រោងចក្រត្រូវបំពេញ

ម្ខាងទៀត យើងក៏បន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ដែលឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ពាក់ព័ន្ធនឹងការលើកលែងកាព្វតកិច្ចមួយចំនួនដែលម្ចាស់រោងចក្រត្រូវធ្វើបំពេញ។ យើងមានការបន្ធូរបន្ថយថវិកាបង់ពន្ធឲ្យរដ្ឋ បើមិនដូច្នេះ​ទេ រោងចក្រដំណើរការទៅមិនរួច។ អ្នកដែលបាត់បង់ការងារធ្វើគឺកម្មករ បូកបន្ថែមទៅដោយយើងមិនអាចមានទំនិញនាំចេញទៅកាន់ទីផ្សារដែលបញ្ជាទិញពីប្រទេសរបស់យើងនោះទេ

(៨) ជំនួបលើកទី២ ពិនិត្យវឌ្ឍនភាពក្រោយជំនួបទី១ និងអ្វីអាចធ្វើបានថែមទៀត

(សំរាប់)ជំនួបលើកទី២ របស់យើង ខ្ញុំមានគោលដៅជាក់លាក់គឺចង់ពិនិត្យវឌ្ឍនភាពដែលទទួលបានពីជំនួបលើកទី១ ហើយពិនិត្យមើលថែមទៀតអ្វីដែលយើងអាចធ្វើបានសម្រាប់កម្មករ/ការិនី​។ អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពមុនពេលជំនួបនិងក្រោយពេលជំនួប ហើយបន្ទាប់ទៅក៏មានអនុសាសន៍១០ ចំណុច ដែលក្រសួងការងារនិងបណ្ដុះបណ្ដាល​វិជ្ជាជីវៈបានធ្វើ។ ខ្ញុំសូមឲ្យយករឿងមួយតាម​ដានដោយមានការយកចិត្តទុកដាក់នៅក្នុងអនុសាសន៍ទី១០ ទាក់ទង​នឹង​ពលករនៅក្រៅប្រទេស។

(៩) បើបណ្តេញកម្មករកម្ពុជា ឡាវ មីយ៉ាន់ម៉ា ចេញពីថៃ នឹងធ្វើអោយខូចខាតសហគ្រាសថៃខ្លួនឯងដែរ

​មិនទាន់បានអីផង (អ្នកឈ្នះឆ្នោត)នៅក្នុងប្រទេសថៃបានគំរាមដេញ​ចេញនូវកម្មករកម្ពុជានិងឡាវ។ ខ្ញុំគ្រាន់តែផ្ដាំទៅ អ្នក​ឈ្នះ​ឆ្នោតនៅប្រទេសថៃថា “ខ្ញុំមិនជ្រៀតជ្រែកនយោបាយប្រទេសអ្នកទេ​ ប៉ុន្ដែខ្ញុំសង្ឃឹម​ថាអ្នកមើលឲ្យឆ្ងាយពីប្រទេសថៃ។ អ្នកជាអ្នកឈ្នះឆ្នោត ក៏ប៉ុន្ដែអ្នកមិន​ប្រាកដថាក្លាយជានាយករដ្ឋមន្ដ្រីនិងបង្កើតរដ្ឋាភិបាលបានទេ។ អ្នកបាន​ដាក់ចេញនូវនយោបាយមួយដែលបង្កគ្រោះថ្នាក់មិនមែនគ្រាន់​តែពលករកម្ពុជា ឡាវ ឬមីយ៉ាន់ម៉ាទេ តែវានឹងខូចខាតដល់សហគ្រាសថៃដែល​ប្រើពលករមកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ។ យើង​ត្រូវតាមដាន(សភាពការណ៍នេះ)ឲ្យបានហ្មត់ចត់ ដើម្បីធានាពលកររបស់យើងដែល​ធ្វើការនៅថៃ។

(១០) អនុសាសន៍ទី១០ បង្កាផលប៉ះពាល់ដល់កម្មករ/ការិនីធ្វើការនៅប្រទេសថៃ

រដ្ឋាភិបាល ប្រាយុទ្ធ ចាន់អូចា បានបង្ក​លក្ខណៈពីកម្មករមិនស្របច្បាប់ឲ្យទៅជាកម្មករស្របច្បាប់។ នេះ​អ្នកឈ្នះ(ការបោះឆ្នោត)មានត្រឹមតែ១៥១ សំឡេង ក្នុងពេលដែលត្រូវការសំឡេងដល់ទៅ៣៧៦ ទើបបង្កើត​រដ្ឋាភិបាលបាន មិនទាន់បានធ្វើអីផង គំរាមបណ្ដេញកម្មករកម្ពុជានិងឡាវចេញហើយ។ ខ្ញុំគិតថា នយោបាយនេះប្រហែលជាមិនទទួលបានការគាំទ្រពីប្រទេសជិតខាងដូចជាកម្ពុជានិងឡាវនោះទេ​។ កម្ពុជាគ្រាន់តែផ្ដាំផ្ញើថា​គួរប្រុងប្រយ័ត្ន។ ខ្ញុំមិនប្រដៅអ្នកនយោបាយថៃទេ។ កម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសគេទេ​ ក៏ប៉ុន្ដែវាប៉ះពាល់ទៅដល់កម្មករ/ការិនីរបស់យើងដែលកំពុងធ្វើការនៅប្រទេស​ថៃ។ នេះជាអនុសាសន៍ទី ១០ ដែលខ្ញុំផ្ដល់ទៅឲ្យក្រសួង​ការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

(១១) ក្រោយជំនួបពេលសម្រាលកូនស្ត្រីទទួលបានមាតុភាព៣ ខែនិងបៀវត្សរ៍១២០%

ក្មួយបានលឺហើយអម្បាញ់មិញ មុនពេលជំនួបទី១ និងក្រោយជំនួបទី១ តើមានអ្វីកែប្រែ? ដូចជាបញ្ហាទាក់ទងជាមួយស្ដ្រីគឺ មុននោះគឺទទួលបាន​ការឈប់សម្រាក ប៉ុន្ដែទទួលបានបៀវត្សត្រឹម ៥០% ប៉ុន្ដែក្រោយពេលជំនួប យើងទទួលបានការឈប់សំរាករយៈពេល ៣ ខែ និងបៀវត្ស ១២០%។ នេះជាសមិទ្ធផលនៃជំនួប។ ខ្ញុំមិនមែនជាអ្នកដែលជិះសេះមើលផ្កាទេ​ ខ្ញុំដើរដោះស្រាយបញ្ហា។ អញ្ចឹងអ្វីដែល ឯកឧត្តម អ៊ិត សំហេង បានលើកឡើង​ត្រូវការពារវាឲ្យជាប់។ យើងនឹងបង្កើនថែមនូវអ្វីដែលយើងអាចដោះស្រាយបាន ដូចជាបញ្ហាដែលខ្ញុំនិយាយហើយថ្ងៃមុន។ ខ្ញុំចង់ឲ្យស្ដ្រី​មាន​ផ្ទៃពោះចាប់ពី ៣ ខែ ឡើងទៅបានចេញមុនម៉ោងយ៉ាងតិច ១៥ នាទី។ ព្រោះដើម្បីអ្វី? ស្ដ្រីមានផ្ទៃពោះនៅពេលដែលចេញជាមួយគ្នា ប៉ះទង្គិចចុះ​ឡើង … អ្នកខ្លះនិយាយថាគ្រាន់តែរឿងកំប៉ិកកំប៉ុកអញ្ចឹង ក៏លោក ហ៊ុន សែនចេះលើក​ជា​បញ្ហាដែរ។

អ្នកគិតថាជារឿងកំប៉ិកកំប៉ុក ប៉ុន្ដែសម្រាប់ខ្ញុំរឿងបែបនេះមិនមែនជារឿងកំប៉ិកកំប៉ុកទេ។ ជារឿងធំណាស់។ ប្រពន្ធរលូតកូន ស្ដ្រីរលូតកូន ស្ដ្រីនោះមានការសោកស្ដាយប៉ុណ្ណានិងឈឺចាប់ប៉ុណ្ណា? ឪពុកដែលជាប្ដីរបស់​ស្ដ្រីរលូតកូនឈឺចាប់ប៉ុណ្ណា? រឿងនេះខ្ញុំធា្លប់ជួបប្រទះខ្លួនឯង។ ជួបប្រទះ​លើកទី១ កូនស្លាប់នៅនឹងមុខ សុំគេយកកូនទៅកប់ក៏គេមិនឲ្យ សុំគេមើលថែទាំភរិយាដែលទើបឆ្លងទន្លេក៏គេមិនឲ្យ តើយើងឈឺចាប់ប៉ុណ្ណា? បន្ទាប់ទៅមកដល់ទីក្រុងភ្នំពេញក៏ជួបប្រទះបញ្ហារលូតកូនទៀតដោយសារ​ខ្វះការយកចិត្តទុកដាក់ពីខ្លួនឯងតែម្ដង។ នៅភ្នំពេញសម័យនោះអត់មានទឹក​ប្រើប្រាស់ទេ … ព្រលឹមឡើងក្នុងឋានៈជារដ្ឋមន្ដ្រីការបរទេសត្រូវទៅដងទឹកពីមាត់ទន្លេ ធ្វើធុងសាំង​អូសទឹកមក។ មកដល់ហើយ ចាក់នៅខាងក្រោម ហើយត្រូវរែកឡើងទៅលើ។ ថ្ងៃមួយ ប្រញាប់ប្រជុំក៏ទៅប្រជុំ។ ប្រពន្ធខ្វះទឹកនៅក្នុងបន្ទប់ទឹកក៏ទៅយួរ​ទឹកហ្នឹងមក បានជារឿងរលូតកូន។

(១២) អ្វីដែលផលប្រយោជន៍ប្រជាជន ត្រូវតែឲ្យតម្លៃនិងរកវិធីសាស្ដ្រ​ដោះស្រាយ

ពូយល់​ណាស់ពីបញ្ហាទាំងនេះ។ អ្នកខ្លះថារឿងនេះជារឿងកំប៉ិកកំប៉ុក ប៉ុន្ដែសំរាប់​ពូ​មិនមែនជារឿងកំប៉ិក​កំប៉ុកទេ។ អ្វីដែលជាផលប្រយោជន៍របស់ប្រជាជន អ្វីដែលផលប្រយោជន៍ទាក់ទងនឹងជីវិតមនុស្សគឺពូឲ្យតម្លៃខ្ពស់ ហើយរកវិធីសាស្ដ្រ​ដោះស្រាយ។ អញ្ចឹងសូមអរគុណ រោងចក្រ សហគ្រាសទាំងអស់ដែលបានអនុញ្ញាតឲ្យកម្មការិនីមានផ្ទៃពោះបានចេញមុនពេលកំណត់យ៉ាងតិច១៥ នាទីដើម្បីចៀសវាងការប៉ះទង្គិច … ដែល(អាច)កើតមានបញ្ហាលំបាក។ រឿងដែលទាក់ទងនឹងផលប្រយោជន៍ប្រជា​ជនកុំចាត់ទុកថារឿងនោះជារឿងតូចតាច ត្រូវចាត់ទុករឿងនោះជារឿងដែល​យើងត្រូវដោះស្រាយ។ ខ្ញុំមានមោទនភាពចំពោះរឿងដែលយើងបានដោះស្រាយមុនពេលមកជួបនិងក្រោយពេលមកជួប។ អ្វីដែលជាសមិទ្ធផលដែលយើងបានបង្កើតឡើងនៅពេលនោះគឺរក្សាបានមកដល់ពេលនេះ ហើយបន្ថែមបានដូចអ្វីដែលឯកឧត្តម អ៊ិត សំហេង បានរាយការណ៍​អម្បាញ់មិញ។

(១៣) ការឧបត្ថម្ភកំណើតកូនមួយ កូនភ្លោះពីរ និងកូនភ្លោះបី

ខ្ញុំគួរតែបញ្ជាក់ចំណុចនេះបន្ដិច ដើម្បីយើងអាច​យល់ស្របគ្នាសំរាប់ការអនុវត្ដរយៈពេលខាងមុខ។ ក្មួយៗកំ​ពុងទទួលនូវការឧបត្ថម្ភសម្រាប់ការមានផ្ទៃពោះ ក្នុងកូនមួយទទួលបាន៤០ ម៉ឺនរៀល កូនពីរ៨០ ម៉ឺនរៀល និងកូនបី១២០ ម៉ឺនរៀល។ អ្នកបានកូន(ភ្លោះបី)នោះគឺ​មានប្រាក់ឧបត្ថម្ភពីខ្ញុំ៥ លានរៀលថែមទៀត។ សម័យឥឡូវ មាននៅសល់កើតកូន(ភ្លោះ)៣ ក៏ប៉ុន្ដែមិនសូវ(ចាប់កំណើត)នឹងអ្នកមានភ្លើងអគ្គិសនីទេ។ ព្រោះអី? អ្នកដែលទៅចាប់ជាតិ៣ នាក់ហ្នឹង ចូលអត់​ចុះព្រោះភ្លើងអគ្គិសនីវាភ្លឺ។ ​បើភ្លោះពីរសំបូរ។ បើភ្លោះបីមិនសូវមានប៉ុន្មានទេ​។ ឥឡូវ (សេង) ទៀង ប៉ុន្មានគ្រួសារហើយដែលយើងឧបត្ថម្ភ? (៣៩៤ គ្រួសារ)។ ប៉ុន្ដែតើយើងជួបប្រទះប៉ុន្មានទៅក្នុងចំណោមកម្មករជិត៤០០ គ្រួសារហ្នឹង? មានតិចណាស់! ព្រោះឥឡូវកម្មករមានអគ្គិសនីប្រើ … ដល់ភ្លឺពេកកូនអត់ចូល(ចាប់កំណើត) គេហៅថាកម្មករដំណាក់កាលថ្មី។ យើងនឹងធ្វើឲ្យគ្រប់ភូមិនៅជនបទមានអគ្គិសនីប្រើ។ ឥឡូវនេះដូចជាសម្រេចបាន៩៧% ទៅ៩៨% ទូទាំងប្រទេសហើយ … ឯខេត្តកណ្ដាលបែបគ្រប់១០០% នៃភូមិទៅហើយ ដែលមានអគ្គិសនីប្រើប្រាស់នោះ

(១៤) ក្រៅពីឧបត្ថម្ភមួយលើកពេលឆ្លងទន្លេ មានការឧបត្ថម្ភពិនិត្យសុខភាពមុននិងក្រោយមាតុភាព១៤ដង

ដើម្បីចៀសវាងការលំបាកក្នុងការបើកស្ទួន រវាងការទទួលផលពីការបើកផ្ដល់សម្រាប់អ្នកឆ្លងទន្លេ ក្នុងម្នាក់កូនមួយ៤០ ម៉ឺនរៀល ហើយបន្ទាប់ទៅកូនដែលមាននឹងទទួលផលទាក់ទិនជាមួយ​អ្នកមានផ្ទៃពោះរហូតដល់កូនអាយុ២ ឆ្នាំ យើងអនុវត្ដជាមួយ​គ្នាតែម្ដង ដោយធ្វើសមាហរណកម្មហើយចាប់ផ្ដើម​អនុវត្ដ​ចាប់ពីខែសីហាទៅ។ បានសេចក្ដីថា ឥឡូវនេះខែ៦។ នៅខែ៧ (ចាប់ផ្ដើមអនុវត្ដ)ខែ៨ ព្រោះយើងត្រូវមានវិធីសាស្ដ្រ ត្រូវមានការគ្រប់​គ្រង ត្រូវមានយន្ដ​ការនៃការដោះស្រាយតទៅទៀត។ ក្មួយ​ៗពីមុនបានទទួលនូវការឧបត្ថម្ភ១ លើក។ ឥឡូវនេះ ក្រៅពី១ លើកនៃថ្ងៃឆ្លងទន្លេ ក្មួយៗនឹងទទួលបានការឧបត្ថម្ភ១៤ លើក​បន្ថែមទៀត … សម្រាប់ពេលដែលក្មួយៗចាប់ផ្ដើមមានផ្ទៃពោះត្រូវទៅពិនិត្យ ៤ លើក។ ពីមុនក្មួយៗទៅពិនិត្យមិនបានទទួលអ្វីទេគឺពិនិត្យហើយគេយកប្រាក់។ ខាងក្រោយនេះ … ពេលដែលក្មួយទៅពិនិត្យ៤ ដងគឺទទួលបាននូវប្រាក់ឧបត្ថម្ភវិញ។ យើងចង់ឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ទទួលបាននូវការពិនិត្យសុខភាព។ ដល់ពេលឆ្លងទន្លេ យើងត្រូវទទួលការឧបត្ថម្ភម្តង ដូចដែលយើងបានធ្វើកន្លងទៅនេះ។ បន្ទាប់ពីការឆ្លងទន្លេហើយក្មួយៗ​នឹងទទួលបានការឧបត្ថម្ភ ១០ ដងផ្សេងទៀត រហូតដល់កូនអាយុ ២ ឆ្នាំ។

(១៥) ពង្រីកវិសាលភាពជំនួយសង្គមកិច្ចដលើស្រ្តីមានផ្ទៃពោះ/ឆ្លងទន្លេនិងរកការសហការពីរោងចក្រ

នេះជាអ្វីដែលយើងបានអនុវត្តកន្លងទៅ។ ឥឡូវនេះ វិសាលភាពរបស់វា(កម្មវិធីជំនួយផ្នែកសង្គមកិច្ច)ត្រូវបានពង្រីកមកសម្រាប់ក្មួយៗ ជាកម្មការិនីនៅតាមរោងចក្រ​/សហគ្រាសរបស់សេដ្ឋកិច្ចក្នុងប្រព័ន្ធនេះ។ ពង្រីកទំហំនៃប្រាក់ដែលទទួលបាន ហើយប្រាក់ដែលទទួលបាននេះវាមិនថយទេ។ តែកាលណាកើនហើយគឺវាអត់ថយទេ។ នេះជាចំណុចថ្មីមួយនៃការយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់កម្មការិនីជាស្ត្រីមានផ្ទៃពោះរបស់យើង … ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈអាចបន្តពិភាក្សាជាមួយថៅកែរោងចក្រ ខាងផ្នែកវិស័យឯកជន កុំឲ្យទម្ងន់ធ្លាក់មកក្នុងថវិកាជាតិច្រើនពេក។ ខាងរោងចក្រអាចជួយលើកម្មវិធីសង្គមរបស់យើងនេះ។ យើងត្រូវធ្វើការជាមួយវិស័យឯកជនដើម្បីយើងអាចយល់គ្នា ព្រោះនៅក្នុងរោងចក្រនីមួយៗ មិនមែនកម្មករសុទ្ធតែមានផ្ទៃពោះ១០០% នោះទេ។ វាមានចំនួនតិចតួចទេ ពេលដែលកម្មករមានផ្ទៃពោះហើយដែលរោងចក្រត្រូវដោះស្រាយ។ (សម្តេចនិយាយអំពីថ្ងៃក្តៅចំអ្នកមានផ្ទៃពោះ)។

(១៦) អ្វីដែលកំពុងមានសព្វថ្ងៃគឺបានមកដោយមានសន្តិភាព

តើក្មួយៗដឹងទេថា អ្វីដែលយើងបាននឹងកំពុងមានសព្វថ្ងៃនេះ បានមកពីអ្វី? រឿងសំខាន់ជាងគេ គឺបានមកដោយសន្តិភាពដែលយើងរកបានមកដោយលំបាក។ តើនៅក្នុងពេលដែលយើងមានសង្គ្រាម អ្នកណាគេមកវិនិយោគ? បើសិនជាយើងនៅបន្តមានសង្គ្រាម ពេលនេះម៉ោងនេះ ប្រហែលជាក្មួយៗខ្លះមិនបានកើតមកទេ ដោយសារតែឪពុកម្ដាយរបស់ខ្លួនត្រូវបានស្លាប់នៅក្នុងសង្គ្រាមនោះឬក៏មិនមានវត្តមានរោងចក្រនិងសហគ្រាសនៅតាមទីកន្លែងដែលក្មួយៗកំពុងធ្វើការនេះទេ។ យើងមិនតម្រង់ឆ្ពោះតែទៅរកទីក្រុងភ្នំពេញទេ។

(១៧) ពង្រាយរោងចក្រទៅតាមបណ្តាខេត្ត

យើងបានពង្រាយរោងចក្រទៅតាមបណ្តាខេត្ត។ គ្រាន់តែនៅខេត្តកណ្តាលនេះ​​មានរោងចក្រច្រើនដែរ រហូតទៅដល់… ជាង៣០៩ រោងចក្រ។ ដោយឡែកស្រុកពញាឮ២៥ រោងចក្រ។ ពីមុននេះ នៅពញាឮសូម្បីតែសិប្បកម្មក៏លំបាកផង។ មានសិប្បកម្មច្រើនធ្វើទឹកត្រី ព្រោះខាងផ្នែកនេសាទមាននៅខាងហ្នឹង។ ប៉ុន្តែឥឡូវ យើងមានរោងចក្រ។ ថ្ងៃនេះ ក៏មានក្មួយៗមកពីខាងខេត្តកំពង់ស្ពឺ និងមកពីខេត្តកំពង់ឆ្នាំង មើលសុំមើលមុខអ្នកខេត្តកំ​ពង់ឆ្នាំងតិចមើល។ ខាងណា? អ្នកកំពង់ឆ្នាំងមានផ្ទៃពោះនឹងគេដែរ? អ្នកមានផ្ទៃពោះខាងខេត្តកំពង់ឆ្នាំង មើលលើកដៃតិចមើល។ អ្នកកំពង់ស្ពឺ ប៉ុន្មាន? អ្នកកណ្តាលប៉ុន្មាន? កន្លែងនេះកន្លែងមុំ ៣ មុំរបស់ព្រំប្រទល់រវាងម្ខាង នេះជាទឹកដីរបស់កណ្តាល ប៉ុន្តែទៅមិនឆ្ងាយទេ គឺទឹកដីកំពង់ឆ្នាំង និងកំពង់ស្ពឺ។ នេះហើយដែលហៅថាការតភ្ជាប់ពីតំបន់មួយទៅកាន់តំបន់មួយ។ ផ្លូវដែលក្មួយៗធ្វើដំណើរមកក៏វាមិនលំបាកពេកទេ។ ចំណុចនេះវាផ្តើមចេញពីសុខសន្តិភាព

(១៨) អ្វីៗ ទាំងអស់រស់ក្រោមដំបូលសន្តិភាព

កន្លងទៅ យើងបានបញ្ចប់ស៊ីហ្គេមដោយជោគជ័យ។ ថ្ងៃនេះ ក្មួយៗកុំភ្លេច យប់នេះមើលទូរទស្សន៍ ផ្សាយបន្តផ្ទាល់អំពីការបើកអាស៊ានប៉ារ៉ាហ្គេម មិនអន់ជាងការបើកស៊ីហ្គេមទេ។ មើលកាំជ្រួចតាមការផ្សាយបន្តផ្ទាល់។ ឥឡូវហ្នឹងមិនសូវមានមនុស្សចូលមើលដូចកាលពីស៊ីហ្គេមទេ ប៉ុន្តែក្មួយៗអាចទៅ។ ទៅដល់ហ្នឹងគេឲ្យចូលមើលហើយ។ សំបុត្រមិនអស់លុយទេ … ថ្ងៃហ្នឹងថៅកែគេឲ្យសម្រាកទាំងព្រឹកទាំងល្ងាច ដើម្បីជួបជាមួយនឹងពូ។ អញ្ចឹងឆ្លៀតពេលល្ងាច ហើយស្អែកថ្ងៃអាទិត្យគឺសម្រាក​។ អញ្ចឹងឆ្លៀតទៅមើលការប្រកួតណាមួយរបស់កីឡាករ/ការិនីជាជនពិការ។ យើងបានប្រើពាក្យមួយថា «កីឡារស់ក្នុងសន្តិភាព» គឺពិតជាត្រឹមត្រូវ។ ប៉ុន្តែពូចង់និយាយថា អ្វីៗទាំងអស់រស់នៅក្រោមដំបូលសន្តិភាព

(១៩) បក្សប្រឆាំងចង់ឲ្យមានចលាចលដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល

សន្តិភាពនេះ វាមិនមែនត្រូវការត្រឹមតែអ្នកដែលនៅក្នុងរដ្ឋាភិបាលទេ។ អ្នកដែលគាំទ្របក្សប្រឆាំង ឬមេដឹកនាំបក្សប្រឆាំង ក៏វាត្រូវការដែរ។ ប៉ុន្តែមេបក្សវាបំផុសឲ្យតែធ្វើម៉េចមានចលា​ចល ព្រោះវាអត់នៅក្នុងស្រុក។ អ្នកនៅក្នុងស្រុកក៏មិនចង់ឲ្យមានសង្គ្រាមចលាចលនោះទេ តាមដែលយើងដឹងបាន។ ពួកគេ(ប្រឆាំង)នៅតែមានបំ​ណងចង់ឲ្យមានចលាចលដើម្បីពួកគេទាញយកនូវផលចំណេញពីចលាចលនោះផ្តួលរំលំរាជរដ្ឋាភិបាល។ ប៉ុន្តែពួកអ្នកឯង ខ្ញុំបានប្រាប់រួចហើយថា កុំធ្វើអ្វីដែលខុសនឹងច្បាប់។ អញ្ចឹងយើងត្រូវទទួលយកនូវហេតុផលដ៏សមស្របថា គ្មានសន្តិភាពគឺគ្មានការអភិវឌ្ឍទេ។ រឿងនេះគឺជារឿងពិត។ សាកល្បងល៎មើល បើសិនជាមានសង្គ្រាមផ្ទុះឬចលាចលណាមួយ ថៅកែរោងចក្រគេបិទរោងចក្រ។ ក្មួយៗបាត់បង់ការងារធ្វើ។ ឆ្នាំ២០១៣ (ក្មួយៗ)មិនព្រមធ្វើបាតុកម្មទេ តែមេបាតុកម្មវាទៅទម្លាយទ្វាររោងចក្រឲ្យគេធ្វើបាតុកម្ម។ បើមិនកាត់ទោសវា ទើបរឿងវាចម្លែក …។

(២០) ការពារអំណាចដើម្បីការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាជន

វាមិនដែលទេដែលគេអត់ធ្វើបាតុកម្ម ឯងទៅទម្លាយទ្វាររោងចក្រ។ មានរូបភាពបញ្ចាំងដល់រាល់ថ្ងៃ។ ពួកនេះមិនខ្លាចថាវាត្រូវចំណាយអ្វីទេ ឲ្យតែបានអំណាច។ អ្នកឯងមកចោទខ្ញុំថាលោក ហ៊ុន សែន ការ​ពារអំណាច។ អ្នកឯងនិយាយត្រឹមត្រូវ។ បើខ្ញុំមិនការពារអំណាច តើមានសន្តិភាពនេះទេសម្រាប់ប្រជាជនកម្ពុជា? ពួកអ្នកឯងមានមុខទេ មានសមត្ថភាពទេ ក្នុងការគ្រប់គ្រងសន្តិភាពរបស់ប្រទេស​។ ពិតជាមិនគ្រប់គ្រាន់ទេ ពួកអ្នកឯងចាំតែការសងសឹកទេ។ ប៉ុន្តែយើងមិនអនុញ្ញាតឲ្យពួកអ្នកឯងធ្វើសកម្មភាពតាមចិត្តទេ។ សូម្បីតែប៉ុន្មានថ្ងៃនេះ ម្តងហើយម្តងទៀត អ្នកនៅតែចង់ធ្វើបាតុកម្ម។ ខ្ញុំនៅតែបញ្ជាក់ថា បើអ្នកឯងហ៊ានធ្វើ បទបញ្ជារបស់ខ្ញុំត្រូវតែអនុវត្ត។ កុំបង្កើតចលាចល។ អញ្ចឹងទេ យើងត្រូវរួមគ្នាការពារ រក្សាសន្តិភាពនេះឲ្យខាងតែបាន។

(២១) គណបក្សប្រជាជន រកសន្តិភាពនិងការពារសន្តិភាព

មានតែគណបក្សប្រជាជនមួយប៉ុណ្ណោះដែលមានសមត្ថភាពរកសន្តិភាព ហើយការពារសន្តិភាពបានទៀត។ គណបក្សដទៃមិនទាន់មានសមត្ថភាពបែបនោះទេ។ ក្មួយៗ កូនៗ ចៅៗ ទៅសួរឪពុកម្តាយ ទៅសួរជីដូនជីតាទៅ ឆ្លងកាត់ដំណាក់កាលបែបណាដែលខ្មែរឆ្លងកាត់។ នៅកំពង់ស្ពឺ នៅកណ្តាលយើងនេះ ចូលមកពញាឮ … ពញាឮខាងនោះ ជាប់មុខកំពូល គឺខ្មែរក្រហមចូលតាមច្រកហ្នឹងទៅបាញ់ចូលភ្នំពេញ។ កំពង់ស្ពឺនេះ ជាតំបន់ដែលយើងពន្លត់សង្គ្រាម ភ្នំឱរ៉ាល់ ពួកតំបន់ឱរ៉ាល់អីហ្នឹង។ តំបន់នេះអសន្តិសុខ។ តើអ្នកណាមកវិនិយោគ? អ្នក​ណាមកធ្វើទេសចរណ៍? សូម្បីតែយើងខ្លួនឯងមានការលំបាក(ធ្វើដំណើរ)ពីតំបន់មួយទៅកាន់តំបន់មួយ។ សង្គ្រាមវាសង្គ្រាមហើយ ប៉ុន្តែដោយសារសង្គ្រាមនោះយើងកសាងផ្លូវថ្នល់អត់បាន។

(២២) អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព រោងចក្រក្លាយជាសហគមន៍សុខសាន្ត

ឥឡូវ យើងមានផ្លូវលំប៉ុន្តែផ្លូវមិនសូវជាកាក់កប ធ្វើមួយឆ្នាំហើយខ្ទេចបណ្តោយ។ អញ្ចឹង បើបានជ្រុលធ្វើ លេងចាក់បេតុងបណ្តោយ ឲ្យវាធានាក្នុងការប្រើប្រាស់នៅតាមភូមិ​ឃុំរបស់យើង … ពូសូមអំពាវនាវឲ្យរួមគ្នាអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព តាមរយៈធ្វើយ៉ាងណាឲ្យរោងចក្រក្លាយទៅជាសហគមន៍សុខសាន្តមួយ ដែលច្របាច់ចូលគ្នា និងធ្វើការរួមគ្នា រវាងម្ចាស់រោងចក្រ ជាមួយនិងកម្មករ។ ម្ចាស់រោងចក្រត្រូវតែយល់ថាបើគ្មានកម្មករធ្វើការជាមួយទេ យើងគ្រាន់តែជាម្ចាស់ឃ្លាំង មិនមែនជាថៅកែរោងចក្រទេ។ ម្ចាស់រោងចក្រក៏ត្រូវតែយកចិត្តទុកដាក់លើសុខទុក្ខរបស់កម្មករ។ កម្មករក៏ត្រូវតែយល់ដឹងថា បើគ្មានរោងចក្រទេ តើខ្លួនមានការងារធ្វើឯណា? លើការជាក់ស្តែង បើសិនជាគ្មានរោងចក្រទេ ពេលនេះក្មួយៗកំពុងធ្វើអ្វី? ក្មួយៗកំពុងធ្វើស្រែចំការ ឬលក់ដូរតិចតួច ឬធ្វើសេវាតិចតួចជាមួយឪពុកម្តាយ គ្មានប្រាក់ចំណូលទេ។

(២៣) អនុញ្ញាតឱ្យបើកប្រាក់ខែជារូបិយប័ណ្ណបរទេស ដើម្បីទាក់ទាញការវិនិយោគ បង្កើតការងារ

ឥឡូវនេះ ប្រាក់ចំណូលរបស់ក្មួយៗហោចបំផុតក៏បាន ២០០ដុល្លារអាមេរិកដែរ លើសកម្រិតនៃប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីរបស់យើង ដែលប្រទេសខ្លះគឺមានចំនួនតិចតួច ជាមួយនឹងអត្រាប្តូរប្រាក់របស់គេហាក់មិនមានស្ថិរភាព។ ក៏ប៉ុន្តែសម្រាប់ប្រទេសយើង យើងអនុញ្ញាតឱ្យប្រើប្រាស់នូវរូបិយប័ណ្ណបរទេស ដើម្បីបើកផ្តល់ឱ្យក្មួយៗ ដោយធ្វើយ៉ាងម៉េចធានាថា កុំឱ្យមានការបាត់បង់តាមរយៈនៃអត្រាប្តូរប្រាក់។ ប្រទេសខ្លះកម្មករទទួលប្រាក់ខែខ្ពស់ណាស់ដែរ ប៉ុន្តែដោយសារតម្លៃប្រាក់របស់គេប្រៀបធៀបទៅនឹងដុល្លារមានការធ្លាក់ចុះ ដូច្នេះគេបានបើកជារូបិយប័ណ្ណក្នុងប្រទេសនោះ យកមកប្រៀបជាមួយដុល្លារគឺធ្លាក់ចុះ។ យើងផ្តល់ឱកាសឱ្យថៅកែរោងចក្រ ម្ចាស់សហគ្រាស/ក្រុមហ៊ុន បើកផ្តល់ជាប្រាក់ដុល្លារ។ អ្នកខ្លះគិតថា បើកឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេសនឹងបាត់អធិបតេយ្យ។ ក៏ប៉ុន្តែយើងមិនយល់ដូច្នោះទេ។ យើងគិតអំពីផលប្រយោជន៍នៃការទាក់ទាញវិនិយោគមកកាន់ប្រទេស។ តាមរយៈការវិនិយោគនោះ យើងដោះស្រាយការងារធ្វើឱ្យកម្មករ/ការិនីរបស់យើង បូកនឹងយើងមានទំនិញសម្រាប់ការនាំចេញ ដែលថ្ងៃមុនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបញ្ជូនមកនូវតួលេខរយៈពេល៤ ខែកន្លងទៅ យើងបាននាំចេញជាង ៧ ០០០ លានដុល្លាររួចស្រេចទៅហើយ។

(២៤) កុំឲ្យមានបងតូច/ធំ គ្រឿងញៀន ចោរលួច/ប្លន់ កាប់ចាក់ នៅតាមរោងចក្រ

ចាប់ផ្តើមនៅឆ្នាំ១៩៩៧ យើងមានរោងចក្រប្រមាណជា៨០ រោងចក្រ ជាមួយនឹងកម្មករប្រហែលជាជាង ៨ម៉ឺននាក់ និងការនាំចេញក្នុងទំហំជាង ២០០លានតែប៉ុណ្ណោះ។ ឯប្រាក់ឈ្នួលរបស់កម្មករ/ការិនីរៀមច្បង បានត្រឹមតែ ៤០ដុល្លារទេ។ ឥឡូវប្រាក់ឈ្មួលរបស់ក្មួយ​ៗឡើងទៅដល់ ២០០ដុល្លារ ជាមួយអត្ថប្រយោជន៍ដទៃទៀត​ដែលក្មួយទទួលបាន ទាំងការពិនិត្យសុខភាព ឬក៏ការធ្វើម៉ោងបន្ថែម ប្រាក់រង្វាន់ប្រចាំឆ្នាំស្អីៗ … សូមចូលរួមចំណែកធ្វើឱ្យរោងចក្រក្លាយទៅជាសហគមន៍សុខសាន្ត កុំឱ្យមានការឈ្លោះទាស់ទែងគ្នា កុំឱ្យមានបងតូច បងធំ កុំឱ្យមានគ្រឿងញៀន កុំឱ្យមានចោរលួចចោរប្លន់ កាប់ចាក់គ្នានៅក្នុងរោងចក្រ។ បើសិនជារោងចក្ររាប់ពាន់​រោងចក្ររបស់យើង សហគ្រាសរបស់យើងទូទាំងប្រទេសធ្វើបានយ៉ាងដូច្នេះ វាជាការរួមចំណែកធំណាស់សំរាប់ការអនុវត្តនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលយើងកំពុងបន្តប្រយុទ្ធជាមួយបញ្ហាគ្រឿងញៀន។ សង្ឃឹមថាក្មួយៗ អាចធ្វើកិច្ចការនេះបាន។ ក្មួយៗ ត្រូវចាត់ទុករោងចក្ររបស់ក្មួយៗជាឆ្នាំងបាយ។ ក្មួយៗសាកគិតមើលអ្នកណាជាអ្នកខាតពិតប្រាកដ បើសិនជារោងចក្រត្រូវបិទ?

(២៥) សុំឱ្យបរទេសកាត់ជំនួយ កុំទិញទំនិញនិងដាក់ទណ្ឌកម្ម ជាការវាយបំបែកឆ្នាំងបាយកម្មករ

មនុស្សខ្មែរមួយចំនួនដែលជាមេបក្សប្រឆាំង តែងទៅសុំបរទេសកុំឱ្យមកវិនិយោគនៅស្រុកខ្មែរ ឬកុំទិញទំនិញពីស្រុកខ្មែរ។ ក្មួយៗគិតខ្លួនឯងទៅ តើសំណូមពរបរទេសកុំទិញទំនិញពីកម្ពុជា សំណូមពរកុំមកវិនិយោគនៅកម្ពុជានេះ តើអ្នកណាអ្នកខាត? គឺជាការវាយប្រហារដោយផ្ទាល់ចំពោះក្មួយៗទេ។ ហ៊ុន សែន អត់ងាប់ទេ។ អ្នកដែលងាប់ពិតប្រាកដគឺកម្មករ។ ព្រោះអី? បើគេអត់បញ្ជាទិញ រោងចក្រត្រូវបិទ។ គឺរោងចក្រដែលត្រូវបិទ ហើយកម្មករអត់ការងារធ្វើ។ អញ្ចឹងក្មួយៗមានតែវិលត្រឡប់ទៅធ្វើស្រែចម្ការជាមួយនឹងឪពុកម្តាយវិញតែប៉ុណ្ណោះ។ នៅកម្ពុជា យើងនៅតភ្ជាប់គ្នា។ អត់ទាន់ទៅជាប្រទេសឧស្សាហកម្មបែបប្រទេសលោកខាងលិចទេ។ ប្រទេសលោកខាងលិចគេធ្វើកម្មករតកូនតចៅតជំនាន់ហើយ។ នៅពេលដែលរោងចក្រត្រូវបិទ ឬគេកាត់ចំនួនកម្មករចេញ កម្មករនោះអត់មានការងារធ្វើតែម្តង។ ឯចំពោះយើងវិញ ស្ថានភាពរបស់កម្ពុជានៅល្អប្រសើរត្រង់ឪពុកម្តាយរបស់ក្មួយៗ នៅជាកសិករនៅឡើយទេ។ ឪពុកម្តាយក្មួយៗ នៅពាណិជ្ជករតូចតាច អ្នកលក់ដូរតូចតាចនៅឡើយទេ ឬក៏ជាម្ចាស់សិប្បកម្មតូចតាចនៅឡើយទេ។ ដូច្នេះ ពេលដែលក្មួយៗចាកចេញពីរោងចក្រទៅ ក្មួយៗនឹងទៅធ្វើការជាមួយឪពុកម្តាយដែលជាកសិករ ឬក៏ពាណិជ្ជករតូចតាច ឬក៏ជាសិប្បករតូចតាច។ ប៉ុន្តែប្រាក់ដែលក្មួយធ្លាប់ទទួល២០០ដុល្លារ ក្នុងមួយខែត្រូវបាត់។ ក្មួយៗត្រូវចង្អុលមុខពួកប្រឆាំងថា អ្នកឯងកំពុងបំបែកឆ្នាំងបាយខ្ញុំ អ្នកឯងទៅសុំឱ្យបរទេសកាត់ជំនួយ អ្នកឯងទៅសុំប្រទេសក្រៅកុំទិញទំនិញពីកម្ពុជា ដាក់ទណ្ឌកម្មកម្ពុជាតាមរយៈនេះ/នោះ … មានតែគណបក្សប្រជាជនទេដែលរកការងារធ្វើនិងការពារឆ្នាំងបាយឱ្យក្មួយ​ៗ

(២៦) ប្រាក់ចំណូលក្នុងស្រុកមានជាង៣ ពាន់លានដុលារ មិនគិតប្រាក់ចំណូលពីកូរ៉េខាងត្បូង ពីថៃនិង ប្រទេសនានា

បើសិនជាសន្តិភាពត្រូវបានពង្រឹងល្អ លក្ខខណ្ឌវិនិយោគរបស់យើងកាន់តែប្រសើរ វិនិយោគមកកាន់តែច្រើន យើងនឹងដោះស្រាយការងារធ្វើឱ្យពលរដ្ឋរបស់យើងតទៅទៀត។ កុំភ្លេចឱ្យសោះ ក្មួយៗមួយចំនួនមានប្អូនដែលមិនទាន់មានការងារធ្វើ ត្រូវរកការងារធ្វើ។ ដូច្នេះគេមានក្រុមហ៊ុន គេមានរោងចក្រ គេមានស្អីមក គេដោះស្រាយការងារធ្វើ។ ម្ខាងទៀត កម្មករ/ការិនីខ្លះក៏មានកូនពេញកម្លោះពេញក្រមុំទៅហើយ។ គេត្រូវការការងារធ្វើ។ បើអញ្ចឹងយើងត្រូវការអ្នកវិនិយោគមកបន្ថែមទៀត ​​… ប្រាក់ចំណូលដែលយើងទទួលបានសព្វថ្ងៃនេះ គឺគិតគ្រាន់តែប្រាក់ចំណូលក្នុងស្រុកគឺប្រមាណជាង ៣ ០០០ លានដុលារ មិនទាន់គិតប្រាក់ចំណូលដែលមកពីកូរ៉េខាងត្បូង ប្រាក់ចំណូលដែលមកពីថៃនិងនៅក្រៅប្រទេស … អ្នកខ្លះនិយាយថាលោក ហ៊ុន សែន បង្រៀនឡើងឱ្យធ្វើខ្ញុំគេ។ ឥឡូវក្មួយៗគិតមើល តើនៅស្រុកណាដែលមានថៅកែទាំងអស់គ្នានោះ? ឥឡូវយើងប្រៀបធៀបទៅប្រទេសអ្នកមានៗ តើប្រទេសអ្នកមានៗនោះ ជាថៅកែទាំងអស់គ្នារាប់រយលាននាក់ ឬរាប់សិបលាននាក់? ប្រទេសទាំងអស់នោះមានកម្មករតើ ដោយសារប្រទេសនោះគេមានថៅកែ គេបង្កើតរោងចក្រ គេបង្កើតសហគ្រាស គេបង្កើតក្រុមហ៊ុន ដូច្នេះគេក៏ដោះស្រាយការងារធ្វើឱ្យពលរដ្ឋរបស់គេដូចគ្នា។

(២៧) មិនមែនគាបសង្កត់មុនបោះឆ្នោត តែអ្នកឯងលេងនយោបាយទុច្ចរិត

នៅពេលមានវិបត្តិសេដ្ឋកិច្ចម្តងៗ ជាពិសេសវិបត្តិសេដ្ឋកិច្ចពាក់ព័ន្ធជាមួយកូវីដ-១៩ និងទាក់ទងជាមួយនឹងសង្គ្រាមដែលវាបានកើត ប្រទេសមួយចំនួនបានកាត់បន្ថយចំនួនកម្មករ។ ប្រទេសទាំងនោះកាត់បន្ថយចំនួនកម្មករបាន។ ឯប្រទេសខ្មែរគឺករណីដូចគ្នាតែធ្វើអត់បាន។ ដូច Naga World យើងចោទចេញជាសំណួរមួយដោយត្រង់ៗថា តើកម្មករម្នាក់ដែលខ្លួនអត់មានការងារធ្វើសោះ តែមានលទ្ធភាពធ្វើបាតុកម្មរយៈពេល ២ឆ្នាំ ដោយមិនចាំបាច់ធ្វើការងារ។ តើយ៉ាងម៉េច? សុំមិត្តភក្តិបរទេសទាំងឡាយដែលផ្តល់លុយកាក់សម្រាប់អ្នកដែលនៅសេសសល់(បាតុកម្មនៅNaga) ដកដៃចេញទៅ។ មិនមែនគេមិនដឹងទេ។

ធ្វើបាតុកម្មតាំងពីជាង ៣០០ នាក់។ យើងដោះស្រាយជាង២០០ នាក់ហើយ។ អ្នកទាំងនោះក៏ទៅមានការងារធ្វើ បានសំណងហើយ។ យើងរួមចំណែកដោះស្រាយការងារធ្វើទៀត។ ប៉ុន្តែ១០១ នាក់ វាមានហេតុផល … នៅសល់ ៩៨ នាក់។ ក្មួយៗ ៩៨ នាក់គួរតែចាកចេញទៅ។ មិនមែនគេមិនដឹងទេ។ អ្នកដែលគេហៅថាស៊ីឈ្នួលធ្វើបាតុកម្មនោះ។ ប្រ​​ទេសគេដទៃគេកាត់ម្តងៗរាប់ពាន់នាក់ ម៉េចក៏គេធ្វើបាន។ ឯប្រទេសខ្មែរកាត់តែជាង ៣០០ នាក់ ធ្វើមិនបាន? ដោយមានអ្នកនៅពីក្រោយឱ្យធ្វើ … កន្លងទៅ ខ្ញុំមិនទាន់បញ្ជាឱ្យចាប់តែប៉ុណ្ណឹង រឿងកន្លែងបើកលុយធ្វើបាតុកម្មនេះ។ អ្នកឯងចង់សាកមើលទៅ។ ខ្ញុំអាចរំលាយអង្គការរបស់អ្នកឯងចោលទៀត។ សុំព្រមានអ្នកឯងឱ្យយល់។ កុំថា ហ៊ុន សែន មុនបោះឆ្នោតធ្វើការគៀបសង្កត់។ អត់គាបសង្កត់ទេ។ ពួកអ្នកឯងលេងនយោ​បាយ​ទុច្ចរិត

(២៨) អង្គការក្រៅរដ្ឋាភិបាលត្រូវធ្វើរបាយការណ៍ហិរញ្ញវត្ថុជូនរដ្ឋាភិបាល

បើធ្វើអង្គការក្រៅរដ្ឋាភិបាល(ដើម្បី)បំផ្លាញរដ្ឋាភិបាល ថ្ងៃក្រោយ(យើង)នឹងពិនិត្យឡើងវិញ។ ចំណុចនេះបានពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ហើយ។ (អង្គការទាំងនោះត្រូវ)បញ្ជាក់របាយការណ៍ហិរញ្ញវត្ថុ។ ត្រូវតែធ្វើ។ មិនដកទេកន្លែងហ្នឹង។ អង្គការក្រៅរដ្ឋាភិបាលណាខ្លះទទួលលុយពីណាខ្លះៗ? ត្រូវតែធ្វើ។ បើអ្នកឯងមិនធ្វើទេ ប៉ុន្មានខែត្រូវរំលាយចោលអង្គការហ្នឹង។ ដាក់ជាការកំណត់អញ្ចឹងក្នុងសេចក្តីព្រៀងវិសោធនកម្មច្បាប់ទាក់ទងនឹងអង្គការក្រៅរដ្ឋាភិបាល។ ខ្ញុំសុំផ្ញើសារជូនទៅមិត្តភក្តិទាំងឡាយ និងអង្គការក្រៅរដ្ឋាភិបាលឱ្យបានដឹង។ ជំហររបស់រដ្ឋាភិបាលមិនដកថយទេ លើបញ្ហារបាយការណ៍ហិរញ្ញវត្ថុ។ បើអ្នកឯងមិនរាយការណ៍ទេ ថ្ងៃក្រោយរដ្ឋាភិបាលនឹងយកវិធានការរំលាយចោលនូវអង្គការហ្នឹងតែម្តង … ច្បាប់រាយការណ៍ហិរញ្ញវត្ថុស្អីៗនេះ ប្រទេសដទៃតើគេនាំអាទិ៍ធ្វើ។ ប្រទេសហ្នឹងគេធ្វើបាន។ ដល់ទៅខ្មែរធ្វើ បែជាអត់បាន។

នៅប្រទេសគេ ដូចជាកាត់កម្មករ គេធ្វើបាន។ សូម្បីតែអាធំៗ ដូចជា Microsoft របស់ Bill Gates អីហ្នឹង ក្រុមហ៊ុនធំៗ ហ្នឹង សុទ្ធតែកាត់កម្មករ។ គេកាត់បាន។ ក្រុមហ៊ុន Air France ក្រុមហ៊ុនហោះហើរអីនេះកាត់បាន តែដល់ខ្មែរកាត់អត់បាន។ វាមិនដែលអ្នកណាអត់ធ្វើកម្មករ២ ឆ្នាំហើយ នៅមានលុយធ្វើបាតុកម្មទៀត។ បានសេចក្តីថា មានអ្នកចិញ្ចឹមពីក្រោយ។​ យើងក៏ចង់ដឹងដែរ។ អ្នកឯងនិយាយពីតម្លាភាព ប៉ុន្តែអ្នកឯងអត់បានអនុវត្តនូវអ្វីដែលហៅថាតម្លាភាពទេ។ អ្នកឯងលាក់លៀមយកលុយទៅជួយអ្នកនេះទៅជួយអ្នកនោះ។ យើងនឹងពិនិត្យឡើងវិញទាំងអស់ថាអង្គការណាទទួលលុយពីអ្នកណា? បើមិនអញ្ចឹងអ្នកឯងបញ្ជូនលុយមកធ្វើភេរវកម្ម ធ្វើម៉េចខ្ញុំជឿ? អ្នកឯងបញ្ជូនលុយមក ជួនកាលអ្នកឯងក្រោមហេតុផលណាមួយ អ្នកឯងអាចជាបណ្តាញភេរវកម្មក៏អាចថាបានដើម្បីបំផ្លាញប្រទេសរបស់ខ្ញុំ។ ហ្នឹងស្ថានភាពភូមិសាស្រ្តនយោបាយ​កាន់តែតម្រូវឱ្យយើងត្រូវតែប្រយ័ត្ន

(២៩) នៅលើដីខ្មែរ សញ្ជាតិខ្មែរ អនុវត្តច្បាប់ខ្មែរដោយមិនមានការលើកលែង

ខ្ញុំបានបញ្ជាក់ហើយ រឿងដែលខ្ញុំមិនលើកលែងទោសឱ្យអ្នកណា​ គឺដោយសារតែខ្ញុំមិនទុកចិត្តជនបរទេសមួយចំនួនដែលចូលចិត្តរំខាននិងចង់ផ្ដួលរំលំគេតែប៉ុណ្ណឹង … សូមជម្រាបជូនសារទៅ (បើសិនមាន)អន្តរាគមន៍លើក(លែងទោស)អ្នកណា អ្នកហ្នឹងជាប់គុកឱ្យគ្រប់ថ្ងៃ។ ឧទាហរណ៍ អប្សរាក្បាលត្រងោល កុំសង្ឃឹមថាភ្ជុំបិណ្ឌទទួលបានការបន្ធូរបន្ថយទោសស្អីៗ។ អប្សរាក្បាលត្រងោលមួយសុំរដ្ឋមន្រ្តីយុត្តិធម៌ ខាងផ្នែកយុត្តិធម៌ ច្បាស់ជា កើត រិទ្ធ គាត់ឮហើយ “កុំដាក់ចូលក្នុងបញ្ជីនៃការបន្ធូរបន្ថយទោស តាមរយៈបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌស្អីៗ ព្រោះ(មានអ្នក)អន្តរាគមន៍”។ បើមានអន្តរាគមន៍ កុំលើកលែងតែម្ដង ទុកឱ្យជាប់គុករហូតដល់ថ្ងៃចុងក្រោយតែម្ដង … ដើម្បីយើងស៊ីសងគ្នានៅលើតុឱ្យវាច្បាស់។ បើថាមកស្រុកខ្មែរគឺខ្មែរឱ្យវាចំ។ មកនិយាយជា​មួយខ្ញុំថា “សំណុំរឿងអ្នកនេះ មានការរសើបណាស់សម្រាប់ប្រទេសយើងខ្ញុំ ដោយសារអ្នកហ្នឹងជាជនជាតិយើងខ្ញុំ”។ អញ្ចឹងខ្ញុំប្រាប់ត្រឡប់ទៅវិញថា “អញ្ចឹងវិធីដែលល្អជាងគេរបស់ខ្ញុំ គឺខ្មែរឱ្យមានសញ្ជាតិតែមួយតែម្ដង។ អញ្ចឹងទៅម្ដងអ្នកនេះសញ្ជាតិប្រទេសនេះ អ្នកនេះសញ្ជាតិប្រទេសនោះ។ អញ្ចឹងមកលើដីខ្មែរគឺសញ្ជាតិខ្មែរ ត្រូវអនុវត្តច្បាប់ខ្មែរដោយគ្មានការលើកលែង”។ អ្នកឯងចង់ថាម៉េចថាទៅ ព្រោះនេះជាប្រទេស(កម្ពុជា) ដើម្បីយើងបញ្ជាក់ឱ្យច្បាស់អំពីអធិបតេយ្យជាតិដែលមិនត្រូវមានការលូកលាន់ពីបរទេសណាទេ

(៣០) កុំគំរាមពីការមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត

កុំមកគំរាមខ្មែរថា គេមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតទេ។ មិនចាំបាច់បញ្ជូនមកទេ ព្រោះរឿងបោះឆ្នោត វាអាស្រ័យទៅលើប្រជាពលរដ្ឋបោះឆ្នោត រួចហើយអាស្រ័យទៅលើបញ្ហាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បន្ទាប់ទៅ បើមានបណ្ដឹង ក្រុមប្រឹក្សាធម្មនុញ្ញ(ដោះស្រាយ)។ បន្ទាប់ទៅ ព្រះមហាក្សត្រ ព្រះអង្គកោះប្រជុំសភា និងបង្កើតរាជរដ្ឋាភិបាល គឺព្រះមហាក្សត្រឡាយព្រះហស្ថលេខា ចប់រឿងហ្នឹង។ វាអត់មានត្រូវការលោកឯង(មកគំរាមទេ)។ ចង់គំរាម(ថាមិនបញ្ជូនមក)។ មិនបាច់បញ្ជូនមកទេ។ អញ្ចឹងៗ កុំមកនិយាយជា​មួយ ហ៊ុន សែន។ ចង់បញ្ជូនក៏បញ្ជូនទៅ មិនបញ្ជូនទេហីទៅ។ វាមានអីទៅពិបាក។ អញ្ចឹងៗ ចាំបាច់មកនិយាយជាមួយនឹងគេ ធ្វើមើលគេកូនក្មេងបៀមដៃ។ គេប្រទេសមួយដែរ។

ខ្ញុំតែងនិយាយត្រង់ៗ​ថា ពួកអ្នកឯងសំណាងបានកើតនៅប្រទេសអ្នកមាន ហើយមកប្រដៅខ្ញុំ។​ តែខួរក្បាលអ្នកឯង មិនប្រាកដថាពូកែជាងខ្ញុំទេ … ធ្វើម៉េច គេកើតនៅប្រទេសអ្នកមាន រួចហើយគេមកមើលយើងដូចជាកូនក្មេង។ ប៉ុន្តែមកដល់ប៉ះម៉ាំង អោនមុខដែរតើ … (បញ្ជាឱ្យយើងធ្វើ)អញ្ចេះៗ។ (បានខ្ញុំថា)“ឯកឧត្តម! សំ​ណាងឯកឧត្តមបានកើតនៅប្រទេសអ្នកមាន ហើយមកប្រដៅខ្ញុំ។​ ប៉ុន្តែពួកឯកឧត្តមមិនប្រាកដថាពូកែជាងខ្ញុំទេ។ ពួកខ្ញុំកសាងប្រទេសតាំងពីអត់មានអីសោះ ប្រទេសបែកបាក់ជាចម្រៀកៗ រាប់រយឆ្នាំ។ យើងខ្ញុំធ្វើឱ្យឯកភាព”។ ដូច្នេះ ខួរក្បាលអ្នកឯងមិនប្រាកដថាពូកែជាងខ្ញុំទេ … ដល់ក្រោយមកធូរដែរ។ ចូលមកសរសើរបណ្ដោយ។ ខ្ញុំមិនចង់ឱ្យគេសរសើរលើសការពិតទេ សូមនិយាយតែការពិតទៅបានហើយ។

(៣១) តើតំណាងពិសេសអគ្គលេខាធិការ អសប ជាជនជាតិថៃ ដែលបានទាមទារឱ្យថាក់ស៊ីននិងយីងឡាក់ ចូលស្រុកវិញផងទេ

សូមតំណាងពិសេស អគ្គលេខាធិការអង្គការសហប្រជាជាតិ​ (Vitit) Muntarbhorn ក្រឡេកមើលប្រទេសថៃរបស់អ្នកឯងទៅបានហើយ។ កុំជ្រុលហួស។ អ្នកឯងដែលបានទាមទារឱ្យ ថាក់ស៊ីន និង យីងឡាក់ ចូលស្រុក​ទេ? ខ្ញុំសុំសួរទៅអ្នកឯង។ អ្នកឯងកុំមើលកម្ពុជា ជាសំរាមក្នុងកែវភ្នែកអ្នកឯង។ ខ្ញុំសូមប្រដៅអ្នកឯង។ ជួបគ្នាតាមអនឡាញម្ដង។ បន្ទាប់ទៅមកជួបគ្នាផ្ទាល់នៅដដែល។​ ថានៅជំនាន់កូវីដ-១៩ យើងចាប់មនុស្សដល់ទៅ ៦ពាន់នាក់ ៧ពាន់នាក់។ ខ្ញុំសួរថា “អ្នកឯងដឹងពីណា?” ថាបានពីព័ត៌មាន។ បានខ្ញុំចង្អុលមុខ “ឯកឧត្តម! ធ្វើការជាមួយខ្ញុំ កុំប្រើប្រាស់ព័ត៌មានដែលគេបំផូស។ ត្រូវយកការពិតមកនិយាយ”។ ឥឡូវខ្លួនឯងជាជនជាតិថៃ ខ្ញុំមិនបន្ដុះបង្អាប់រដ្ឋាភិបាលថៃ​ ឬប្រជាជនថៃទេ តែខ្ញុំចង់និយាយអំពីតំណាងពិសេសអគ្គលេខា​ធិការអង្គការសហប្រជាជាតិ ដែលលើករឿងមិនត្រឹមត្រូវជាមួយនឹងកម្ពុជា។ តើប្រទេសថៃមានប្រជាធិបតេយ្យបែបណាហើយ?

កាលជំនាន់ (Surya Prasad) Subedy ខ្ញុំក៏និយាយដែរ។ លោកឯងមកប្រដៅខ្ញុំ ក្នុងពេលដែលប្រទេសនេបាល់មិនទាន់មានរដ្ឋធម្មនុញ្ញផង។ “របបសាធារណរដ្ឋ ក៏ប៉ុន្តែ នៅរក្សាធម្មនុញ្ញរបស់រាជានិយម” … ប្រទេសខ្លះគឺយ៉ាប់ជាងយើងទៅទៀត ហើយត្រូវបានចាត់តាំងធ្វើតំណាងពិសេស។ រួចគេថា ធ្វើតំណាងពិសេសហ្នឹង គេអត់មានយកប្រាក់ខែអីទេ។ ខ្ញុំចង់សួរអ្នកឯងមួយម៉ាត់ អ្នកឯងជិះយន្តហោះនិងដេកសណ្ឋាគារផ្កាយ៥ ហ្នឹង តើជាលុយរបស់អ្នកឯង ឬលុយរបស់អង្គការសហប្រជាជាតិ? អ្នកឯងអត់ប្រាក់ខែមែន តែអ្នកឯងដើរធ្វើទេសចរណ៍ជិះសុទ្ធតែ first class … មានកន្លែងដេកយ៉ាងស្រួល រួចហើយមកនៅសណ្ឋាគារសុទ្ធតែផ្កាយ៥។ តើលោកឯងចេញលុយខ្លួនឯង(ឬ)? សូមឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិបញ្ចេញរឿងហ្នឹងឱ្យបានដឹងផង បានទេ? … ដើរម្ដងត្រូវចាយឱ្យវាមិនដឹងប៉ុន្មាន មានលុយដាក់ហោប៉ៅ លុយជិះយន្តហោះ លុយស្អីៗនេះ។ អត់យកប្រាក់ខែមែន តើវាចំណាយទៅលើអាហ្នឹង ស្មានតែ​តិចណាស់? កុំធ្វើឡូយជាមួយកម្ពុជាវើយ … អញ្ចឹងបានតែក្រសួងការបរទេស គេចេះតែវាយបក។

(៣២) ថៅកែរោងចក្រនិងកម្មករ/ការិនីជាគូជីវិត ស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ ទស្សនវិជ្ជាបែបខ្មែរ

សូមបញ្ជាក់ជាមួយនឹងអស់លោកខេត្តទាំងអស់។ កិច្ចការដែលត្រូវបានប្រគល់ជាបន្តបន្ទាប់ ខិតខំដោះស្រាយបញ្ហា ការមិនចុះសម្រុងណាមួយរវាងកម្មករជាមួយនឹងម្ចាស់រោងចក្រ ឱ្យបានលឿនបំផុត។ កុំរង់ចាំតែក្រសួងការងារ។ អស់លោកចៅហ្វាយខេត្តហ្នឹងត្រូវតែនាំមុខ ប្រគល់ឱ្យអនុខេត្តណាមួយធ្វើ។ តាមដានរឿងឱ្យជាប់ ជាមួយនឹងមន្ទីរការងារ។ ពេលដែលឃើញថា សំណុំរឿងហ្នឹងត្រូវធ្វើការរហ័ស ត្រូវអញ្ជើញថៅកែរោងចក្រមកនិយាយដោយស្ងាត់ស្ងៀមនិងអញ្ជើញកម្មករមកជួបជុំគ្នាដើម្បីដោះស្រាយ។ មានតែវិធីហ្នឹងទេ។ កុំឡើងតុលា​ការ វារឿងរ៉ាវវែងឆ្ងាយណាស់

ថៅកែយកចិត្តទុកដាក់ចំពោះកម្មករ (ពេល)កម្មករមានសុខភាពល្អ ធ្វើការល្អ ធ្វើការបានទិន្នផលល្អសម្រាប់រោងចក្រវិញ វាជាការបំពេញឱ្យគ្នាទៅវិញទៅមក។ អញ្ចឹងយើងត្រូវចាត់ទុកថា ម្ចាស់រោងចក្រត្រូវចាត់ទុកកម្មករ/ការិនី​ គឺជាគូជីវិត។ ឯកម្មករ/ការិនីក៏ត្រូវចាត់ទុកម្ចាស់រោងចក្រក៏ជាគូជីវិតដែរ។ ព្រោះអញ្ចេះ បើកាលណាអត់រោងចក្រ ក្មួយៗមិនអត់ការងារធ្វើ? ដល់ទៅថៅកែ បើសិនជាមានតែរោងចក្រ តែអត់មានកម្មករ អាហ្នឹងគឺជាម្ចាស់ឃ្លាំងតើ មិនមែនថៅកែរោងចក្រទេ។ អញ្ចឹងទេ ត្រូវធ្វើកិច្ចការងារនេះ។

សិទ្ធិកម្មករត្រូវបានធានា ចំពោះមុខច្បាប់ការងារ។ មានតែច្បាប់មួយទេ ប៉ុន្តែយើងមិនយកបញ្ហាហ្នឹងឡើងតុលាការទេ។ ក្មួយៗ ទាំងផ្នែកម្ចាស់រោងចក្រ ទាំងផ្នែកកម្មករ/ការិនី ត្រូវយកច្បាប់ការងារធ្វើជាម៉ែត្រវាស់។ ការមិនស្រុះស្រួល មិនចុះសម្រុងណាមួយកើតឡើង ត្រូវតែបានដោះស្រាយជាមួយគ្នាដោយសន្ដិវិធី ដោយមានការចូលរួមពីសំណាក់សហជីព អាជ្ញាធរ និងពីសំណាក់ម្ចាស់រោងចក្រនិងកម្មករជាមួយគ្នា។ អញ្ចឹងគ្រប់ទីកន្លែងទាំងអស់ ត្រូវបានប្រគល់ភារកិច្ចហើយថា កុំចិញ្ចឹមចំណង ត្រូវដោះស្រាយឱ្យស្រូត។

ករណីថៅកែរត់ចោលមួយចំនួន យើងបុរេប្បទានដើម្បីដោះស្រាយប្រាក់ហ្នឹងឱ្យទៅកម្មករ/ការិនី រួចហើយទៅលក់ឡៃឡុងរោងចក្រនោះ។ លក់ឡៃឡុងរោងចក្រ វាមិនរួចថ្លៃដែលយើងដោះស្រាយទេ។ អញ្ចឹងទេ ក្រសួងការងារនៅជំពាក់រដ្ឋច្រើនណាស់ ប៉ុន្តែផលប្រយោជន៍វាបានទៅកម្មករ ដែលថៅកែរត់ចោល។ សំណងត្រូវបានផ្ដល់ដោយយកថវិការបស់រាជរដ្ឋាភិបាលទៅដោះស្រាយ ដែលហៅថាបុរេប្រទានមុននោះ។ ចាំពេលណាមួយ ត្រូវធ្វើបញ្ជីទូទាត់កាត់បំណុលហ្នឹងចោល។ បើមិនអញ្ចឹង ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតែជំ​ពាក់លុយរហូតហ្នឹង។ ហ្នឹងនីតិវិធីផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលទេ

ក្មួយៗទាំងឡាយ ទម្រាំបានមកដល់ពេលនេះ យើងមានការលំបាក ប៉ុន្តែការលំបាកយើង ក៏មានជោគជ័យជាមួយនឹងវិធីសាស្រ្តដោះស្រាយបញ្ហាតាមបែបកម្ពុជា។ យើងអត់មានទ្រឹស្ដីពីប្រទេសណាទេ។ ទ្រឹស្ដីនេះ យើងបង្កើតខ្លួនឯង ការអនុវត្តជាក់ស្ដែងយើងបង្កើតខ្លួនឯង។ យើងអត់យកលទ្ធិ ម៉ាក្ស-លេនីន មកអនុវត្ត, យកលទ្ធិ ម៉ៅ មកអនុវត្ត យកលទ្ធិសតិអារម្មណ៍ ហូជីមិញ មកអនុវត្តទេ។ គណបក្សប្រជាជនបានធ្វើខ្លួនឯង រាប់ទាំងនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមគឺខ្មែរធ្វើខ្លួនឯង។ យើងមានទស្សនវិជ្ជា យើងមានមនោគមវិជ្ជាដាច់ដោយឡែកមួយ គឺតាមបែបខ្មែរដែលយើងអត់មានគម្ពីរនិយមពីអ្នកណាទេ

(៣៣) កុំស៊ីលុយបរទេស មកវាយក្បាលខ្មែរ … សូមនិយាយការពិត មិនចង់អោយសសើរទេ

ពេលខ្លះ រឿងនៅប្រទេសគេៗ ធ្វើបាន តែនៅស្រុកខ្មែរៗ ធ្វើអត់កើត។ ធ្វើអានេះទៅខុស ធ្វើអានោះទៅខុស។ ដូចជារបាយការណ៍ហិរញ្ញវត្ថុ​នៃអង្គការក្រៅរដ្ឋាភិបាលគឺខុសរហូត។ អត់រាយការណ៍។ ថ្ងៃក្រោយដាក់បន្ថែមហើយ។ មិនរាយការណ៍ គឺអង្គការនោះត្រូវបិទ។ បើមិនអញ្ចឹងទេ មិនដឹងជាអង្គការប៉ុន្មានស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ។ អស់លោកខ្មែរមួយចំនួន បើបានជាជ្រុលស៊ីលុយបរទេស សូមកុំវាយក្បាលខ្មែរ។ ខ្ញុំ អំពាវនាវឱ្យខ្មែរភ្ញាក់រលឹក។ កុំអោនក្បាលស៊ីលុយបរទេស ហើយសម្លាប់ខ្មែរ រាយការណ៍អាក្រក់ពីខ្មែរ។ ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពិតទេ។ រាប់ទាំងផ្ដាំទៅ (Vitit) Muntarbhorn ដែលជាជនជាតិថៃ និងជាតំណាងអ្នករាយការណ៍ពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ “ខ្ញុំអត់ត្រូវការឱ្យអ្នកឯងនិយាយលើសពីអ្វីដែលមាននៅកម្ពុជាទេ ហើយក៏​មិនចង់ឱ្យអ្នកឯងនិយាយខុសលើកសរសើរខ្ញុំលើស”។ ខ្ញុំក៏មិនចង់ឲ្យអ្នកឯងនិយាយខុសពីការពិតនៃកម្ពុជាដែរ។ អ្នកឯងមើលពីចម្ងាយ ហើយស្ដាប់តែរបាយការណ៍របស់ពួកប្រឆាំង ហើយពួកប្រឆាំងវាដែលចេះនិយាយល្អពីកម្ពុជា(ពីអង្កាល)?

(៣៤) ធ្វើជាម្ចាស់ផ្ទះដ៏ល្អសម្រាប់ការប្រកួត ការស្នាក់នៅ និងការស្វាគមន៍គ្រប់ផ្នែក

សូម្បីតែស៊ីហ្គេមល្អចង់ងាប់ វានៅបន្ទោសឯងទៀត។ ស៊ីហ្គេមនៅកម្ពុជា ឥឡូវគេហៅ ប៉ារ៉ាឡាំពិក។ ល្ងាចនេះអាស៊ានប៉ារ៉ាហ្គេម។ ក្មួយៗចាំមើលទៅ ល្ងាចនេះទៅវិញសម្រាកទេ រួចហើយបើកទូរទស្សន៍ចាំមើល។ ពូនិងមីងនឹងទៅប្រកាសបើកដើម្បីលើកទឹកចិត្តកីឡាករ/ការិនីពិការរបស់យើង។ ឥឡូវគឺមានការប្ដេជ្ញាចិត្ត ថៃក៏ប្ដេជ្ញាចិត្តបញ្ជូនកីឡាករមកច្រើន ថានឹងយកចំណាត់ថ្នាក់ទីមួយឲ្យបាន។ ឥណ្ឌូនេស៊ីក៏ប្រកាសថានឹងយកលេខមួយឲ្យបាន។ ម៉ាឡេស៊ីប្រកាសពីម្សិលមិញខាងមេកីឡាគេថានឹងយកលេខមួយឲ្យបាន។ អញ្ចឹងទេ កម្ពុជាក្លាយទៅជាទីលានដ៏ល្អនៃការប្រកួតប្រជែងនៃកីឡាពិការនៅក្នុងតំបន់អាស៊ាន។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដ៏ល្អសម្រាប់ការប្រកួត សម្រាប់ការស្នាក់នៅ សម្រាប់ការស្វាគមន៍ដោយមានគ្រប់ផ្នែក ក្នុងនោះមានយុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ ដែលចូលរួមជាមួយចលនានេះ ដែលយើងជឿថាយើងនឹងធ្វើម្ចាស់ផ្ទះដ៏ល្អ។

ពូគិតថា ពូហត់ដែរ មិនមែនថាមិនហត់ទេនិយាយនេះ។ យប់មិញក្រោកតាំងពីម៉ោង៥ កន្លះ។ ក្មួយៗតាំងពីម៉ោង ២ ឯណោះ។ អញ្ចឹងបានត្រូវតែសុំសម្រាកហើយ។ ឯពូធម្មតាសម្រាកដល់ម៉ោង៦ ព្រឹក ប៉ុន្តែជួនកាលភ្ញាក់តាំងពីម៉ោង ៣ ម៉ោង ៤ អីដែរ។ យប់មិញរាលស្រងល់ ព្រោះការចៅ។ ដល់ត្រូវប៉ុន្មានកែវ ទៅដល់ផ្ទះ បញ្ចូលតែថ្មទូរស័ព្ទ តបសារមួយចំនួន ក៏ប្រាប់ក្មេងថា ម៉ោង៥ កន្លះដាស់ផង ព្រោះយើងធ្វើដំណើរ … កាត់ម្ខាងក្រុងភ្នំពេញពីតាខ្មៅធ្លាក់ពញាឮ រួចចម្ងាយដីគេថា ៥២ នាទី វា ៥២ នាទីមែន។ នេះចេះបានឡានសារ៉ែនបើកផ្លូវ។ បើអត់វិញចាំតែមកទាន់ទេតើ។ ពូមិនសូវធ្វើដំណើរតាមអាកាសទេ។ តែដូចទៅខេត្តឆ្ងាយ ស្វាយរៀង ហើយអាចនឹងទៅខេត្តមួយចំនួន ក៏នឹងអាចប្រើឧទ្ធម្ភាគចក្រទៅដែរ ព្រោះជួនកាលទៅព្រឹកឯណោះ មកវិញល្ងាចធ្វើការ។ ល្ងាចនេះ បើកប៉ារ៉ាហ្គេម អញ្ចឹងអាចសម្រាកបានយូរបន្តិច។ បើថាលក់ដល់ម៉ោង ៣ បើលក់បន្តទៀតម៉ោង៤ ចាំម៉ោង៥ ចាំភ្ញាក់ក៏បាន …។

អំណោយជូនអង្គពិធី

ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់កម្មករ​/ការិនី និងបុគ្គលិកចូលរួមក្នុងអង្គពិធី ចំនួន ១៧ ៣០៧ នាក់ ក្នុងម្នាក់​ៗ អូ! ភ្លេចគិត នំប៉័ងគេដាក់ហ្នឹងមាននរណាបានហូបឬនៅ? អស់ហើយ? ហើយទឹកក្រូចផឹកឬនៅ? ខ្លះនៅ ព្រោះយើងដឹងអាហ្នឹងហើយដែលហៅថា វិធីស្វែងយល់។ ក្មួយៗក្រោកតាំងពីយប់ម៉ោង ២ ម៉ោង ៣ ម៉ោង ៤ អញ្ចឹងអត់មានអីក្នុងពោះទេ អញ្ចឹងអ្នករៀបចំត្រូវដាក់អាហ្នឹងមក នំប៉័ង មានទឹកសុទ្ធ ទឹកក្រូច ដើម្បីឲ្យក្មួយ​ៗអាចបេះៗលេងបាន ប៉ុន្តែអ្នកដែលហត់នៅនេះ តែបានទឹកនេះយោងដែរ។ … ហើយក្រៅពីរបស់ហ្នឹងក៏មានថវិកា ២ ម៉ឺនរៀលម្នាក់ ក្មួយៗអើយ តិចតួចទេ។ ហើយសម្រាប់ក្មួយៗមានផ្ទៃពោះហ្នឹង ក៏ជូនម្នាក់ៗ ២០០ ដុល្លារ។ ហើយក្មួយៗដែលមានកូនទើបនឹង ២ ខែ កុំអន់ចិត្ត អាហ្នឹងចាំទៅទទួលរបបពិនិត្យផ្ទៃពោះ ៤ ខែតែម្ដងទៅ ព្រោះឥឡូវទើបនឹង ២ ខែ នៅសល់តែ ២ ខែ សល់ពិនិត្យ ២ ដងទៀត រួចហើយត្រូវទទួលពេលដែលសម្រាល និងទទួល ១០ ដងទៀតរហូតដល់កូនអាយុ ២ ឆ្នាំ។ អញ្ចឹងទេ ក៏ធ្វើម៉េច បើយើងមកយឺតជាងគេ។ ឥឡូវនេះមានអ្នកខ្លះកូនទី១ ខ្លះកូនទី២ ខ្លះកូនទី៣ មានអាមួយនោះក្មេងជាងគេកូនទី៣ទៅហើយ ការពីអាយុប៉ុន្មានទៅ នាងអើយនាង! តែអាហ្នឹងក៏ល្អដែរ មានកូនពីក្មេងឲ្យហើយទៅ។ ហើយសម្រាប់ក្រុមគ្រូពេទ្យប្រចាំការ ៣ លានរៀល និងក្រុមតន្រ្តីសម័យថវិកា ៥ លានរៀល។

ថ្ងៃនេះ រោងចក្រដែលមកចូលរួមមានរោងចក្រពីខេត្តកណ្ដាល ១៣ ពីខេត្តកំពង់ស្ពឺ ៤ និងមកពីកំពង់ឆ្នាំង ២។ អភិបាលខេត្តទាំងបីគឺមកទាំងអស់គ្នា ជួបជុំគ្នានៅទីនេះ។ សូមអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ និងតំ​បន់សួនឧស្សាហកម្មខេមតុន … (សួរនាំម្ចាស់) … អរគុណហើយដែលចេះផ្ដួចផ្ដើមគំនិតវិនិយោគបែបហ្នឹង បង្កើតការងារធ្វើ។ អាហ្នឹងបានបុណ្យ ហើយមើលការខុសត្រូវកម្មករ/ការិនី។ អរគុណចំពោះម្ចាស់រោងចក្រទាំងអស់ ដែលបានផ្ដល់ការសម្រាកនិងផ្ដល់ការអនុញ្ញាតឲ្យកម្មករ/ការិនីបានមកសំណេះសំណាល។ ស្អែកយើងទៅគងពិសី កំពង់ស្ពឺ។ ដូចពីផ្ទះខ្ញុំទៅជិតជាង តែក៏ត្រូវតែក្រោកពីម៉ោង៥ កន្លះដែរ។ អញ្ចឹងក្មួយៗបានសម្រាកថ្ងៃអាទិត្យ តែពូមិ​នបានសម្រាកថ្ងៃអាទិត្យទេណា។

ថ្ងៃនេះមន្រ្តីរាជការគេសម្រាក តែពូមិនបានសម្រាក ហើយអ្នកមួយចំនួនក៏មិនបានសម្រាកដែរ។ ស្អែកត្រូវទៅមួយកន្លែងទៀតដើម្បីជួបកម្មករ/ការិនីតាមការសន្យា។ ជួបនេះមិនមែនដើម្បីអ្វីក្រៅពីត្រួតពិនិត្យវឌ្ឍនភាព ទាក់​ទិននឹងអ្វីដែលយើងទទួលបាន ហើយនិងស្វះស្វែងរកវិធីសាស្រ្តដើម្បីដោះស្រាយ។ ដូចជាករណីអម្បាញ់មិញ សូមឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិភាក្សាជាមួយម្ចាស់រោងចក្រនានាថា ថ្ងៃក្រោយអាចទៅរួចទេនៅក្នុងបញ្ហាទទួលយកការអនុវត្តសម្រាប់អ្នកមានផ្ទៃពោះនិងកូនអាយុ២ ឆ្នាំ ដើម្បីកាត់បន្ថយនូវបន្ទុកថវិការដ្ឋ ហើយនិងម្ចាស់រោងចក្រទទួលរ៉ាប់រងនូវកិច្ចការងារនេះវិញ។ នេះជាផ្នែកមួយនៃការរកវិធីដោះស្រាយដើម្បីយើងអាចដើរទៅមុខរួមគ្នាក្នុងជំហានធ្វើឲ្យប្រទេសយើងកាន់តែជឿនលឿន ជីវភាពរបស់ប្រជាជនកាន់តែល្អ

តាមរយៈក្មួយៗ កូនៗ ចៅៗទាំងអស់ ឲ្យពុក ពូ តា បានផ្ដាំផ្ញើសួរសុខទុក្ខក្រុមគ្រួសារ ឪពុកម្ដាយ ជីដូនជីតា ដែលពួកគាត់នោះហើយរួមជាមួយតា អ៊ំ ពូ ធ្វើដំណើរជាមួយគ្នាទាំងលំបាកលំបិនតាំងពីឆ្នាំ១៩៧៩ ដែលពេលនោះប្រជាជនយើងមានតែ ៥ លាននាក់ជាងទេ ឥឡូវឡើងជាង ១៧ លានហើយ។ មិនឡើងម៉េច បើគ្រាន់គ្នាតែប៉ុណ្ណឹង មនុស្សជាង ៥០០ នាក់ទៅហើយដែលត្រៀមឆ្លងទន្លេនោះ ហើយនៅមានអ្នកដែល ២ ខែ នៅមួយគគោក។ ហ្នឹងជារដូវកាលនៃការទទួលបានផលប្រយោជន៍ពីសុខសន្តិភាពទាំងអស់។ ផ្ដាំសួរសុខទុក្ខពួកគាត់ ហើយសង្ឃឹមថា ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សូមអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា។ បន្តទៅ បើគណបក្សប្រជាជនឈ្នះការបោះឆ្នោត ការដើរសួរសុខទុក្ខកម្មករនៅតែបន្តធ្វើ ដែលជាភារកិច្ចខានមិនបាន។ ទោះបីជាតាមានកម្លាំងចាស់ ប៉ុន្តែអាចនឹងតាបន្តឬអាចនឹងមានក្មេងជំនាន់ក្រោយគេបន្តទៅទៀត ឲ្យតែគណបក្សប្រជាជនឈ្នះ។ មិនយកពេលហ្នឹង ធ្វើយុទ្ធនាការឃោសនាទេ តែសង្ឃឹមថា ឪពុកម្ដាយ ជីដូនជីតា ក៏ដូចជាកូនៗ ក្មួយៗ ចៅៗ មិនភ្លេចជាមួយនឹងគណបក្សប្រជាជន ឬនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ។

យើងនៅជាមួយគ្នា ពេលកូវីដ-១៩ក៏កូវីដ-១៩ជាមួយគ្នា។ ពួកកូនៗមួយចំនួនបានកើតកូវីដ-១៩ តាក៏កើតកូវីដ-១៩នឹងគេដែរ។ ក្មួយៗ ចៅៗ បានចាក់វ៉ាក់សាំង តាក៏ចាកវ៉ាក់សាំងនឹងគេដែរ គ្រាន់តែតាគេឲ្យត្រឹមដូសទី៤ ទេ។ ឥឡូវសូមសួរអ្នកណាបានចាក់ដូសទី៥? ដូសទី៤? ចុះឲ្យតែបានចាក់? ១០០%។ ក្មួយៗ ចៅៗកុំភ្លេចណា ពេលនោះប្រទេសយើងស្ថិតនៅក្នុងអាសន្ន ក្នុងរយៈពេលមួយដ៏ខ្លី បានឆក់យកជីវិតប្រជាជនយើងអស់ ៣ ០៥៦នាក់។ តាពិតជាបារម្ភធំណាស់ រហូតដល់ប្រកាសអាសន្ន បង្កើតប៉ាឆាបន្ថែម ដើម្បីឲ្យមានកន្លែងដុត រកដីបញ្ចុះសពទៅតាមប្រពៃណីនៃជាតិសាសន៍នីមួយៗ។ ឲ្យធ្វើក្ដារមឈូសបន្ថែម រហូតខ្លះគេថា តាមើលងាយជីវិតមនុស្ស ប៉ុន្តែ តាធ្វើបែបនេះគឺសំដៅថា ឲ្យប្រជាជនខ្មែរយើង ទោះបីគាត់ទទួលមរណភាពទៅហើយ គាត់មានក្ដារមឈូសគ្រប់គ្រាន់ត្រឹមត្រូវ មានក្រណាត់រុំត្រឹមត្រូវ ទោះបីជាមិនអនុញ្ញាតឲ្យគ្រួសារយកទៅបូជា។

អ្នកកូវីដ-១៩រាប់ម៉ឺននាក់របស់យើង អត់មានអ្នកណាមួយដេកនៅតាមចិញ្ចើមផ្លូវទេ យើងមានកន្លែងឲ្យសម្រាក ឥឡូវធ្វើមន្ទីរពេទ្យមានសមត្ថភាពទទួលបាន ១ ម៉ឺនគ្រែ ប្រសិនបើកូវីដ-១៩​វិលត្រឡប់មកវិញ យើងមានកន្លែងគ្រប់គ្រាន់ដើម្បីទទួលឲ្យអ្នកជំងឺអាចស្នាក់នៅ។ អ្នកដែលមានកូវីដ-១៩អត់មានត្រូវចំណាយមួយសេនទេ ទៅមានសម្ភារហើយស្រេច មុង ភួយ កន្ទេល ខ្នើយ សម្រាករួចហើយយកទៅផ្ទះ។ អ្នកដែលទទួលមរណភាពហើយ ក្រុមគ្រួសារនៅទទួលបានប្រាក់កាសពីរាជរដ្ឋាភិបាលផ្ដល់ឲ្យទៀត។ ត្រូវប្រឹងរកវ៉ាក់សាំងឲ្យមនុស្សគ្រប់រូបបានចាក់នៅក្នុងប្រទេស អ្នកទាំងអស់គ្នាក៏ចាក់ តា ឬអ៊ំ ឬពូនេះក៏ចាក់ដូចគ្នាដែរ ស្មើភាពគ្នា។ ឥឡូវដោយសារតែរឿងយើងគ្រប់គ្រងបានកូវីដ-១៩ហ្នឹងហើយ បានជាចៅៗ កូនៗ ក្មួយៗទាំងឡាយបានមកជួបមុខអ៊ំ/ពូ/តា។ បើកុំអីបើតាទៅបាត់ ក៏ចៅៗមិនបានជួបមុខ ព្រោះអាកូវីដ-១៩ហ្នឹងវាមិនស្គាល់អ្នកធំទេ។ កើតម្ដងនឹងគេដែរតើ អូមីក្រុងម៉ាកទីប៉ុន្មាននោះ ហើយបើសិនជាតាមិនទៅណា ក៏អាចក្នុងចំណោម ១៧ ០០០នាក់ជាងនេះ អាចនឹងមរណភាព និយាយតាមមួយបែបថាអាចស្លាប់ដោយសារកូវីដ-១៩ ហើយថ្ងៃនេះមិនបានមកជួបទេ។ អញ្ចឹង យើងប្រឹងណាស់ដើម្បីបានប៉ុណ្ណឹង។ អរគុណសម្រាប់ការចូលរួមរបស់ឯកឧត្ដម អស់លោក លោកស្រី ហើយចុងក្រោយក៏សូមជូនពរចំពោះកូនៗ ចៅៗ ក្មួយៗ ជាកម្មករ/ការិនីទាំងអស់ សូមជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ