(១) ចែកសញ្ញាបត្រនៅ RULE លើកទី២២
ខ្ញុំព្រះករុណាខ្ញុំមានការរីករាយ ដែលបានជួបជុំនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចំនួន ៥ ៦១០ នាក់ ដែលនឹងទទួលសញ្ញាបត្រនៅថ្ងៃនេះ បន្ទាប់ពីការខកខានក្នុងរយៈពេលកន្លងទៅដោយសារកូវីដ-១៩។ គិតពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៦ មកដល់ពេលនេះ ខ្ញុំបានចូលរួមចែកសញ្ញាបត្រសំរាប់និស្សិតនៅសាលានេះ ចំនួន ២២លើក គឺជាសាលាដែលនាយករដ្ឋមន្រ្តីទៅច្រើនជាងគេ មិនទាន់គិតពីការធ្វើជាគ្រូឧទ្ទេសនាមនៅសាលានេះ កាលជំនាន់វគ្គខ្លីៗ ដែលពេលនោះគ្រប់គ្រងដោយឯកឧត្តម ស៊ិន សុង ក្រសួងមហាផ្ទៃផងនោះទេ។ ខ្ញុំបានមកបង្រៀននៅសាលានេះ មុនពេលសាលានេះត្រូវបានប្រគល់មកឱ្យក្រសួងអប់រំ យុវជន និងកីឡា។
(២) ការអភិវឌ្ឍធនធានមនុស្ស ដើរដល់ចំណុចគួរជាទីមោទនៈ
យើងរីករាយជាមួយសមិទ្ធផលថ្មី ជាផ្នែកសំខាន់ដែលយើងយកចិត្តទុកដាក់តាំងពីដើមទីរហូតមកដល់ពេលនេះ។ យើងបានផ្ដោតការយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សជាអាទិភាព ដើម្បីកសាងប្រទេស។ ដូចដែលខ្ញុំធ្លាប់បានបញ្ជាក់ យើងបានចាប់ផ្ដើមពីការ “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ”។ ជាបណ្ដើរៗ ចលនាជាតិរបស់យើង បានជម្រុញតម្រូវការនៃការអភិវឌ្ឍធនធានមនុស្ស មកដល់ចំណុចមួយដែលយើងគួរមានមោទនភាព។ បើទោះបីជានៅមានតម្រូវការច្រើននៅឡើយក្តី ក៏ប៉ុន្តែ យើងបានដើរចេញឆ្ងាយពីចំណុចដែលយើងបានចេញដំណើរក្រោយរំដោះឆ្នាំ១៩៧៩។
(៣) អភិវឌ្ឍទាំងផ្នែករឹងនិងទន់ ស្រាយតម្រូវការជំរុញកំណើនសេដ្ឋកិច្ច ទាក់ទាញវិនិយោគក្រៅប្រទេស
ចំណុចទាំងនេះ ក៏បានចង្អុលបង្ហាញអំពីការខិតខំប្រឹងប្រែងរួមគ្នាដើម្បីរំលត់ភ្លើងសង្រ្គាមដែលឆាបឆេះនៅក្នុងប្រទេសយើងអស់រយៈកាលដ៏យូរលង់ ហើយនាំមកនូវសន្ដិភាព។ សន្ដិភាពនោះវាបានផ្ដល់ផ្លែផ្កាសម្រាប់ឱ្យយើងអភិវឌ្ឍលើគ្រប់វិស័យ។ យើងអភិវឌ្ឍទាំងផ្នែករឹងនិងផ្នែកទន់។ សម្លឹងមើលអំពីផ្នែករឹង អ្វីដែលបាននិងកំពុងកើតនៅក្នុងប្រទេសរបស់យើង គឺយើងបានខិតខំដោះស្រាយតម្រូវការរបស់មនុស្ស ហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន ជាស្ពាន ផ្លូវ ឬក៏ផ្នែកនានាទាក់ទងនឹងការជម្រុញកំណើនសេដ្ឋកិច្ច វិស័យកសិកម្ម ប្រព័ន្ធប្រឡាយទឹក ឬក៏វិស័យអគ្គិសនី និងវិស័យដទៃ បម្រើឱ្យការអភិវឌ្ឍនិងការទាក់ទាញវិនិយោគពីក្រៅប្រទេស។
ឯផ្នែកទន់ យើងរៀបចំបណ្ដាលិខិតបទដ្ឋានគតិយុត្ត បណ្ដាច្បាប់ទាំងឡាយត្រូវបានអនុម័តក្នុងមួយឆ្នាំៗ ច្រើនណាស់ ហើយឆ្លងកាត់តាមដំណាក់កាលមួយៗថែមទៀត។ អ្វីដែលសំខាន់នោះនៅត្រង់ថា និស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួនច្រើនម៉ឺននាក់។ គ្រាន់តែនៅក្នុងសាលាមួយនេះ មិនទាន់គិតអំពីចំនួនអ្នកដែលបានសិក្សានៅក្នុងជំនាន់អតីតរដ្ឋកម្ពុជាដែលយើងបានបើកវគ្គខ្លីៗទេ មាននិស្សិតដែលចេញពីសាលានេះ ចំនួនរហូតទៅដល់ ៦៦ ០០០ នាក់។ មាននិស្សិតដែលកំពុងទទួលការបណ្ដុះបណ្ដាលនៅទីនេះចំនួន ១៨ ០០០ នាក់ថែមទៀត។
(៤) ចលនាអភិវឌ្ឍធនធានមនុស្សទាំងរដ្ឋនិងឯកជនទៅព្រមគ្នា
នេះចង្អុលបង្ហាញថា យើងបានស្រុះគ្នាក្លាយទៅជាចលនាជាតិជម្រុញនិងវិនិយោគទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ មិនមែនគ្រាន់តែរដ្ឋ ដែលចេញចំណាយទៅលើការបណ្តុះបណ្តាលនិងវិនិយោគលើធនធានមនុស្សនោះទេ។ ក្រុមគ្រួសារនីមួយៗ ដែលបានផ្ដល់លុយកាក់ សន្សំលុយកាក់ រកលុយកាក់ ដើម្បីបង់ថ្លៃការសិក្សានេះគឺជាការរួមចំណែកធំណាស់។ ចលនាជាតិ(បណ្តុះបណ្តាលធនធានមនុស្ស)របស់យើង ទាំងរដ្ឋទាំងផ្នែកឯកជនបានទៅជាមួយគ្នា។ ក្នុងសាលារបស់យើងនេះ គឺយើងទទួលបាននូវអ្នករៀនបង់ថ្លៃមួយចំនួនធំ ហើយអ្នកដែល(បានទទួល)អាហារូបករណ៍មានចំនួនតិចជាងទេ។ យើងឃើញគ្រឹះស្ថានរដ្ឋមួយចំនួន អ្នករៀនបង់ថ្លៃគឺច្រើនជាងអ្នកដែលមានអាហារូបករណ៍។
(៥) វិស័យឯកជនចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និងសាកលវិទ្យាល័យរដ្ឋផ្តល់ការសិក្សាបង់ថ្លៃ
ខ្ញុំព្រះករុណាខ្ញុំនៅតែបញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្ញុំព្រះករុណាខ្ញុំ(ឱ្យវិស័យឯកជនចូលរួមវិនិយោគក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស)គឺត្រឹមត្រូវ។ ត្រឹមត្រូវនោះ មាន២ ចំណុចសំខាន់។ ទី១ បើកឱកាសឱ្យវិស័យឯកជនចូលរួមក្នុងការវិនិយោគក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ អញ្ចឹងបានជា(យើងឃើញមាន)សាកលវិទ្យាល័យជាគ្រឹះស្ថានសិក្សាផ្នែកឯកជនរាប់សិប។ ក្រៅពីផ្ដល់ឱកាសសម្រាប់វិស័យឯកជន យើងបានផ្ដល់ឱកាសសម្រាប់សាកលវិទ្យាល័យរបស់រដ្ឋ យកមួយផ្នែកផ្តល់ការសិក្សាដោយការបង់ថ្លៃរបស់និស្សិត។ កាលពីមុនអាចនឹងមានមនុស្សមួយចំនួនពេបជ្រាយ ប៉ុន្តែឥឡូវគេអាចទទួលស្គាល់ភាពចាំបាច់យ៉ាងដូច្នេះ។
សូម្បីតែសាលាសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចនេះ កាលពីមុនយើងខ្វះថវិកាដើម្បីធ្វើ(អគារសិក្សា)។ ខ្ញុំមិនដឹងថា តើនៅមានរូបភាពរក្សាបានទេ … រូបភាពដើមនៃអគារក្នុងសកលវិទ្យាល័យនេះ តាំងពីដំបូលស័ង្កសី។ គួរត្រូវបានរក្សាទុក ព្រោះហ្នឹងវាជាច្បាប់ដើម។ ខ្ញុំបានមកកន្លែងហ្នឹង ចែកសញ្ញាបត្រកន្លែងហ្នឹង ជួនកាលភ្លៀងរលឹម។ តាមរយៈនៃការដែលនិស្សិតរួមចំណែករៀនសូត្រធ្វើការបង់ថ្លៃ សាកលវិទ្យាល័យនីមួយៗ រាប់ទាំងសាកលវិទ្យាល័យនេះផងដែរ បានយកថវិកាកសាងអាគារកាន់តែល្អទៅៗ ដែលបង្កើតជាមូលដ្ឋានសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សបន្តទៅទៀត។
នេះជាចលនាជាតិ។ យើងបានធ្វើការសម្រេចចិត្តត្រូវ។ ខ្ញុំសូមបញ្ជាក់ឡើងវិញ ទី១ ផ្ដល់ឱកាសឱ្យវិស័យឯកជនចូលរួមវិនិយោគក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងទី២ គឺគ្រឹះស្ថានសិក្សារបស់រដ្ឋបើកឱកាសឱ្យនិស្សិតដែលរៀនបង់ថ្លៃ។ បានពីការបង់ថ្លៃនោះហើយ ដែលមួយផ្នែកត្រូវយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅក្នុងសាកលវិទ្យាល័យ និងមួយផ្នែកទៀត ក៏ជាការប៉ះប៉ូវទៅលើសាស្រ្តាចារ្យ គ្រូបង្រៀន …។
(៦) ទោះបីនៅតិចជាងបុរស តែចំនួនស្រ្តីបន្តការសិក្សាដល់បរិញ្ញាបត្រជាន់ខ្ពស់មានការកើនឡើង
អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ យើងចែកសញ្ញាបត្រចំនួនដល់និស្សិតចំនួន ៥ ៦១០ នាក់។ ក្នុងនោះបរិញ្ញាបត្រចំនួន ៥ ៤២៣ នាក់ មានស្រ្ដី ២ ៨៨០ នាក់ ឬស្មើនឹង ៥៣,១១%។ ដល់ទៅបរិញ្ញាបត្រជាន់ខ្ពស់ និស្សិតរបស់យើងទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួន ១៨៧នាក់ ក្នុងនោះមានស្រ្តី ៧២នាក់ ស្មើនឹង ៣៨,៥០%។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានរំលឹកហើយថាវាមានកត្តាសត្យានុម័តរបស់វា។ យើងបានឃើញថា ពេលប្រឡងមធ្យមសិក្សាទុតិយភូមិម្ដងៗ ស្រ្តី យុវតី ចូលប្រឡងច្រើនជាងយុវជនជាបុរស។ ពេលជាប់គ្រប់និទ្ទេសទាំងអស់គឺស្រ្ដីច្រើនជាង។ ដល់មកចូលកម្រិតបរិញ្ញាបត្រ ស្រ្ដីក៏នៅតែមានចំនួនច្រើនជាងបុរសដែរ។ ប៉ុន្តែចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ទៅរហូតដល់ថ្នាក់បណ្ឌិត គឺស្រ្ដីចាប់ផ្ដើមចុះ។ បើទោះបីជាចុះ តែតួលេខត្រូវបានកើនឡើង។ មុននេះ មានត្រឹមតែជាង១០% ឥឡូវបានកើនឡើងជាង២០%។ នៅទីនេះ កើនឡើងជិត ដល់៤០% គឺ៣៨,៥០% បើយើងប្រៀបធៀបនឹងតួលេខមុនៗ … យើងមិនត្រូវមើលស្រាលអំពីការវិនិយោគសម្រាប់ស្រ្តីនោះទេ។
(៧) តួនាទីស្ត្រីធំក្នុងសេដ្ឋកិច្ច … វប្បធម៌ស្ត្រីពឹងផ្អែកលើប្រាក់ខែប្តីកំពុងដូរផ្លាស់
ខ្ញុំមានមោទនភាពដោយសារតែនៅពេលជួបជុំសហគ្រិនវ័យក្មេង យើងបានសង្កេតឃើញថាស្ត្រីដើរតួនាទីក្នុង សេដ្ឋកិច្ចធំណាស់។ វាជាចំណែកនៃការទទួលខុសត្រូវក្នុងសង្គមគ្រួសារ។ ទម្លាប់ដែលថាពេលមានប្ដីហើយត្រូវពឹងពាក់លើលុយរបស់ប្ដី ឥឡូវនេះស្ត្រីគេក៏មានប្រាក់ខែដែរ កុំមើលស្រាលគេ។ ពិតមែនថាកាលពីដើមមានវប្បធម៌ពឹងផ្អែកលើប្ដី។ ឥឡូវនេះ វប្បធម៌(នៅក្នុងទំនាក់ទំនងបុរសស្ត្រី)មិនមែនយ៉ាងដូច្នោះទេ។ ខ្ញុំក៏បានឃើញលោក វ៉ាន់ សារ៉ាយ ខាង Fresh News ធ្វើសម្ភាសន៍ក្មួយស្រីម្នាក់និងក្មួយប្រុសម្នាក់ និយាយអំពីការចូលរួមរបស់ស្ត្រី។ ខ្ញុំពេញចិត្តនឹងបទសម្ភាសន៍នោះ។ ក្នុងរថយន្តរបស់ខ្ញុំមានទូរទស្សន៍សម្រាប់មើល(ការផ្សាយ)ផ្ទាល់មុននឹងទៅដល់(ទីប្រារព្ធពិធី)។
ម្សិលមិញទៅកំពង់ស្ពឺ កំពុងតែជិះឡានឃើញនាងមួយពោះធំគាត់និយាយទូរស័ព្ទ។ យើងចំណាំទូរស័ព្ទក្រហម … ទៅរកឃើញ។ ហៅមកឆ្លងឆ្លើយគ្នា។ ដល់ឆ្លងឆ្លើយទៅ យើងបានដឹងដែរ។ គាត់បានប្រាក់ខែ ៣២០(ដុល្លារ) ប្ដីគាត់បាន ៣៣០(ដុល្លារ)។ កម្មករធ្វើការទាំងប្ដី/ប្រពន្ធ បានជាង ៦០០ដុល្លារ ក្នុងមួយខែ។ ម្សិលមិញ ហៅមក មានជាប់លុយ អត់បានដាក់លុយក្នុងហោប៉ៅទៀតទេ។ ភ្លេចបំពេញ។ ធម្មតាមាន១០០០ ដុល្លារ ក្នុងហោប៉ៅ ក៏ជូនគាត់១ ០០០ ដុល្លារ(កាលពីម្សិលមិញ)។
(៨) រាជរដ្ឋាភិបាលចេញប្រាក់បណ្តុះបណ្តាល(អ្នកក្រីក្រ) ១លាន ៥សែននាក់
នៅក្នុងចំណោម(ការបណ្តុះបណ្តាល)ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ស្ត្រីបានតួដើរនាទីសំខាន់ណាស់។ ត្រូវផ្ដោតការយកចិត្តទុកដាក់ជំរុញបន្តទៀត លើកទឹកចិត្តឱ្យស្ត្រីទទួលបាននូវការបណ្ដុះបណ្ដាល។ បើមិនទទួលបាននូវការបណ្ដុះបណ្ដាលក្នុងប្រព័ន្ធទេ ក៏ទទួលបានការបណ្ដុះបណ្ដាលក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាលនឹងចេញប្រាក់ដើម្បីហ្វឹកហាត់(អ្នកក្រីក្រ)ដែលគ្មានធនធានចំនួន ១លាន ៥សែននាក់ នៅពេលខាងមុខនេះ។ ច្បាស់ណាស់ថា អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាចំនួនច្រើននឹងត្រូវបានចូលរៀន ដែលក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត រាប់ទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការហ្វឹកហាត់ ដល់ពួកគេនូវជំនាញដូនតា។
(៩) សាកលវិទ្យាល័យរដ្ឋ៣ ទាក់ទាញនិស្សិត
សូមថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនៃសាកលវិទ្យាល័យ ក៏ដូចជាថ្នាក់ដឹកនាំ សាស្រ្តាចារ្យ ដែលបានខិតខំបង្ហាត់បង្រៀននិស្សិត ជាសមិទ្ធផលទទួលសញ្ញាបត្រនៅថ្ងៃនេះ បន្ថែមទៅដោយនិស្សិតដែលកំពុងសិក្សា ១៨ ០០០ នាក់បន្ថែម។ ខ្ញុំនៅតែធ្វើការកត់សម្គាល់ថា សាកលវិទ្យាល័យរដ្ឋ ៣ គឺនៅតែដើរតួនាទីសំខាន់។ ទី១ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ទី២ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, ទី៣ គឺសាកលវិទ្យាល័យជាតិគ្រប់គ្រង គឺនៅតែដើរតួនាទីសំខាន់ក្នុងការទាក់ទាញនិស្សិតចូលរៀន។ នេះផ្ដើមចេញពីបញ្ហារក្សាគុណភាព។
(១០) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទាក់ទាញសិស្សបរទេសច្រើន
ក្នុងនោះក៏មាននិស្សិតបរទេស ដែលខ្ញុំគិតថាជារឿងមិនសាមញ្ញទេ។ យើងមាននិស្សិតបរទេសមករៀននៅទីនេះក្នុងចំនួនមួយកាន់តែច្រើនទៅៗ។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាសាលាមួយដែលទាក់ទាញសិស្សបរទេសច្រើនជាងគេ។ ក្នុងហ្នឹងផ្នែកបរិញ្ញាបត្រគឺមានឡាវ៥៦នាក់, កូរ៉េ១៧នាក់, វៀតណាម១០នាក់, ជប៉ុន១នាក់, ចិន៣នាក់, បារាំង៨នាក់។ ដល់បរិញ្ញាបត្រជាន់ខ្ពស់គឺមានបារាំង៩៩នាក់, ចិន៧នាក់, អាមេរិក២នាក់, បង់ក្លាដេស១នាក់, កូរ៉េ៥នាក់។ កូរ៉េច្បាស់ជាកូរ៉េខាងត្បូង មិនមែនខាងជើងទេ។ អោយតែយើងហ៊ានទទួលកូរ៉េខាងជើង គឺខុសពីសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ អញ្ចឹងបានជារឿងទណ្ឌកម្មវាពិបាក។ សូម្បីតែគ្រូបង្ហាត់កីឡាក៏ត្រូវចេញពីស្រុកខ្មែរសិនដែរ ដោយសារតែរឿងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ ជប៉ុន៣នាក់, ម៉ារ៉ុក២នាក់, អង់គ្លេស៦នាក់, ម៉ាលី១នាក់, ហ្កាបុង១នាក់, ទុយនេស៊ី១នាក់, អ៊ុយក្រែន១នាក់, ទួរគី១នាក់ និងវៀតណាម១នាក់។ ចំនួនដែលគួរឱ្យភ្ញាក់ផ្អើលជនជាតិបារាំងមានរហូតដល់៩៩នាក់។ បើបូកទាំងបរិញ្ញាបត្រទៀត បារាំងជាង១០០នាក់សិក្សានៅសាកលវិទ្យាល័យនេះ។
(១១) ទោះបីមានជំងឺរាតត្បាត នឹងឈានដល់ស្ថានភាពប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០
ប្រទេសយើងកំពុងតែវិវត្តទៅមុខ។ សូមបញ្ជាក់ផងដែរ យើងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ចំណុចចាកចេញផុតពី(ស្ថានភាពជា)ប្រទេសអភិវឌ្ឍន៍តិចតួច ដែលវាអាចនឹងកើតនៅឆ្នាំ២០២៧ ហើយកំពុងតែដើរឆ្ពោះទៅដល់ប្រទេសដែលមានប្រាក់ចំណូល(មធ្យមកំរិត)ខ្ពស់ក្នុងឆ្នាំ២០៣០។ យោងតាមការព្យាករសេដ្ឋកិច្ច យើងអាចសម្រេចបាននៅឆ្នាំ២០៣០ បើទោះបីជាជំងឺរាតត្បាតបានកើតឡើងនៅក្នុងប្រទេស ក៏ដូចជានៅក្នុងពិភពលោក។ បន្ថែមលើនោះ ភូមិសាស្ត្រនយោបាយក្លាយទៅជាប្រធានបទដ៏ក្ដៅគគុក។ (និយាយពី)សង្គ្រាម មិនមែនគ្រាន់តែសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែនទេ។ តំបន់អាស៊ីរបស់យើងកំពុងជាគោលដៅប្រឈមដ៏គ្រោះថ្នាក់។ ប្រទេសមួយចំនួនប្រកាសបញ្ជូននាវាចូលមកកាន់តែកៀកនៅក្នុងភូមិសាស្ត្រអាស៊ីអាគ្នេយ៍ ហើយតម្រង់ឆ្ពោះទៅរកសមុទ្រចិនខាងត្បូង។
(១២) សម្ព័ន្ធភាពអាមេរិក អង់គ្លេសនិងអូស្តា្រលី កំពុងធ្វើឱ្យមានហានីភ័យរត់ប្រណាំងសព្វាវុធ
បន្ថែមលើនោះ សម្ព័ន្ធភាពខ្នាតតូចទាក់ទិននឹងការប្រើប្រាស់នាវាមុជទឹកដើរដោយនុយក្លេអ៊ែរ រវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី ក៏កំពុងក្លាយទៅជាកង្វល់របស់អាស៊ាន និងបណ្ដាប្រទេសនៅក្នុងតំបន់។ អាស៊ានមានចំណុចពិសេសរបស់ខ្លួន គឺ(ប្រកាស)ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ។ យើងប្រឆាំងនឹងការរីកសាយអាវុធនុយក្លេអ៊ែរ។ បើសិនជាវាមិនមានហានិភ័យអ្វី ក៏វាជាចំណុចចាប់ផ្ដើមនៃការរត់ប្រណាំងសព្វាវុធដ៏មានគ្រោះថ្នាក់។ ខ្ញុំយល់ថា បើសិនជាបន្តស្ថានភាពនេះតទៅទៀត ពិភពលោកនឹងប្រឈមគ្រោះថ្នាក់កាន់តែធំ។
(១៣) សង្គ្រាមត្រជាក់បានកើតឡើងរួចហើយ តែទប់កុំអោយមានការប៉ះទង្គិចដោយអាវុធ
យើងនៅតែមានសុឆន្ទៈថាពិភពលោកនឹងរកការស្រុះស្រួលគ្នាមួយដើម្បីគ្រប់គ្រងទំនាក់ទំនង ជាពិសេសភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយចិន។ ត្រូវរកវិធីគ្រប់គ្រងទំនាក់ទំនងនេះ។ ចៀសវាងឱ្យបាននូវការកកើតឡើងវិញ(នូវសង្គ្រាមត្រជាក់)។ ឥឡូវសង្គ្រាមត្រជាក់បានកើតរួចទៅហើយ ក៏ប៉ុន្តែទប់ស្កាត់វាកុំឱ្យក្លាយទៅជាហានិភ័យនៃសង្គ្រាមដែលចាប់ផ្ដើមពីការប៉ះទង្គិចដោយអាវុធណាមួយ។ NATO ធ្លាប់តែនៅទិសខាងលិច ឥឡូវ NATO ហាក់ដូចជាមកឆ្ពោះមកកាន់អាស៊ីប៉ាស៊ីហ្វិកក្រោមរូបភាពនេះ/នោះ។ ជាកង្វល់។
(១៤) ចេញពីស្ថានភាពប្រទេសអភិវឌ្ឍតិចតួចឆ្នាំ២០២៧ … មានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០
បើទោះបីមានការប្រឈមទាក់ទិននឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាតនិងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ តែខ្ញុំមានជំនឿនៅក្នុងចិត្តយ៉ាងជាក់លាក់ថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៧ យ៉ាងយូរបំផុត ហើយបន្តទៅនឹងដើរដល់គោលដៅនៃប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ ដូចដែលបានដាក់ចេញជាគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ កំណើនសេដ្ឋកិច្ចដែលយើងបាននិងកំពុងមានសព្វថ្ងៃនេះ ផ្ដល់ឱកាសឱ្យយើងឈានទៅដល់គោលដៅនោះ។ តែ នេះវាមិនចំណុះលើការខិតខំម្នាក់ឯងរបស់រាជរដ្ឋាភិបាលទេ។ គ្រប់តួអង្គពាក់ព័ន្ធត្រូវមានភារកិច្ចធ្វើ។
(១៥) មីយ៉ាន់ម៉ា កំពុងរអិលបន្ដិចទៅរកសង្គ្រាមស៊ីវិល
ក្នុងហ្នឹងក៏មានចំណែករក្សាឱ្យបាននូវសន្តិភាពនិងស្ថិរភាពនយោបាយ។ បើគ្មានសន្តិភាពនិងស្ថិរភាពនយោបាយ កុំនិយាយពីការអភិវឌ្ឍ។ យើងពិនិត្យមើល តើនៅអ៊ុយក្រែនគេអាចអភិវឌ្ឍបានទេ? នៅមីយ៉ាន់ម៉ា សភាពការណ៍បានវិវត្តខុសពីពេលមុនហើយ។ ពេលមុន នៅក្នុងកុងសង់ស៊ីស៥ ចំណុច គ្រាន់តែនិយាយអំពីការទប់ស្កាត់អំពើហិង្សា បង្កើតនូវការសន្ទនា ផ្ដល់ជំនួយមនុស្សធម៌ និងរកដំណោះស្រាយតាមរយៈការចរចា។ ឥឡូវ មីយ៉ាន់ម៉ាបានរអិលបន្ដិចម្ដងៗឆ្ពោះទៅរកសង្គ្រាមស៊ីវិលកាន់តែធំ។ អញ្ចឹងទេ ពេលប្រជុំអាស៊ានកន្លងទៅ ខ្ញុំបានលើកឡើងថា យើងគួរធ្វើបច្ចុប្បន្នភាពលើបញ្ហានេះ។ មុននេះយើងគ្រាន់តែនិយាយពីពីរឿងទប់ស្កាត់ហិង្សា បង្កើតនូវការសន្ទនា ផ្ដល់ជំនួយមនុស្សធម៌និងរកដំណោះស្រាយដោយសន្ដិវិធី។
(១៦) នយោបាយឈ្នះ-ឈ្នះបែបកម្ពុជា មិនប្រាកដថាអាចអនុវត្ដបាននៅមីយ៉ាន់ម៉ា
ឥឡូវនេះ ទីកន្លែងមួយចំនួនមានការវាយប្រហារគ្នាកាន់តែច្រើន។ ក្នុងពេលដែលរដ្ឋបាលកណ្ដាលកំពុងតែជាប់ដៃប្រយុទ្ធក្នុងជម្លោះគ្នាឯង រដ្ឋតូចៗកំពុងពង្រឹងខ្លួនអាចឈានទៅរកការប្រកាសឯករាជ្យ។ នេះជាចំណុចដែលខ្ញុំកំពុងតែសង្កេតមើលពីចម្ងាយទៅលើស្ថានការណ៍នៅមីយ៉ាន់ម៉ា។ សង្គ្រាមនោះវានឹងអូសបន្លាយរយៈពេលវែង។ រឿងមីយ៉ាន់ម៉ាស្មុគស្មាញដូចកម្ពុជាយើងពីមុនដែរ។ ប៉ុន្ដែ ភ័ព្វសំណាងរបស់កម្ពុជា យើងបានដកខ្លួនចេញពីសង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ។ ប៉ុន្ដែនយោបាយឈ្នះ-ឈ្នះបែបកម្ពុជា មិនប្រាកដថាអាចអនុវត្ដបាននៅមីយ៉ាន់ម៉ាទេ។ និយាយត្រង់គឺយើងមានមោទនភាព ហើយយើងត្រូវដើររួមគ្នាដើម្បីឆ្ពោះទៅកាន់គោលដៅដែលយើងចង់ទៅ ហើយដែលមានកំណត់ទិសដៅរួចមកហើយ។
(១៧) មានសន្តិភាព គោលនយោបាយត្រឹមត្រូវ តែត្រូវការនិស្សិតប្រឹងប្រែងនិងការគាំទ្រពីគ្រួសារ
សូមអបអរសាទរចំពោះវឌ្ឍនភាពនៃវិស័យអប់រំ និយាយជារួមនិងវឌ្ឍនភាពនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច(និយាយដោយឡែក)។ ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះអបអរសាទរជាមួយជ័យលាភីទាំងអស់។ នេះមិនមែនជារឿងតូចតាចទេ ហើយក៏មិនមែនបានធ្លាក់មកពីលើមេឃដែរ។ ពិតមែនតែមានដំបូលសាលា ប៉ុន្ដែបើគ្មានការខិតខំរបស់និស្សិតម្នាក់ៗទេ ពិតជាមិនអាចឈានដល់ដំណាក់កាលនេះទេ។ យើងត្រូវឃើញកត្តាពាក់ព័ន្ធគ្នាទៅលើបញ្ហានេះ។ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងរកសន្តិភាព រក្សានូវស្ថេរភាពនយោបាយ ផ្ដល់គោលនយោបាយសមស្របដើម្បីឲ្យវិស័យឯកជនមានលទ្ធភាពចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្របខណ្ឌគោលនយោបាយរាជរដ្ឋាភិបាលត្រឹមត្រូវដែលបានផ្ដល់ឱកាសបែបនេះ។ ក៏ប៉ុន្ដែ បើគ្មានការប្រឹងប្រែង និងចូលរួមពីនិស្សិតខ្លួនឯងទេ តើបានមកពីណា? ក្នុងនោះបើគ្មានការគាំទ្រពីអាណាព្យាបាល មាតាបិតា អ្នកខ្លះមានទាំងប្ដីមានទាំងប្រពន្ធ បើសិនជាប្ដីមិនអនុញ្ញាតឲ្យប្រពន្ធមករៀន ក៏(ប្រពន្ធ)អត់បានដែរ(រៀន)។ សុទ្ធតែមានទំនាក់ទំនងជាមួយគ្នាពីផ្នែកដែលមានការពាក់ព័ន្ធទាំងអស់។ សង្ឃឹមថា ទាំងព្រះតេជព្រះគុណគ្រប់ព្រះអង្គ ដែលមានវត្តមាននៅទីនេះ ទទួលសញ្ញាបត្រ និងទាំងគ្រហស្ថដែលជាស្ដ្រី និងបុរស ដែលមានជោគជ័យសម្រាប់ការទទួលសញ្ញាបត្រនៅថ្ងៃនេះ នឹងមានការខិតខំតទៅទៀត។
(១៨) បន្តការសិក្សាពេញមួយជីវិត ត្បិតបច្ចេកវិទ្យាដើរលឿន
ជាប់សញ្ញាបត្រថ្ងៃនេះ យើងគិតថាមានសមត្ថភាព។ ខ្ញុំសូមបញ្ជាក់ថាសភាពការណ៍ពិភពលោកដើរលឿនណាស់ បច្ចេកវិទ្យាដើរលឿនណាស់។ ដូច្នេះ យើងត្រូវរៀនសូត្រជាប្រចាំ។ យើងមិនអាចនៅទ្រឹងបានទេ។ ប្រសិនបើយើងនៅទ្រឹង យើងនឹងក្លាយជាជនអភិរក្សនិយមដ៏គួរឲ្យខ្លាច។ បញ្ហានេះវាមិនមែនជាការចង្អុលបង្ហាញតែលើនិស្សិតទេ តែចង្អុលបង្ហាញទៅលើមេដឹកនាំផងដែរ។ បើមេដឹកនាំមិនព្រមរៀនសូត្រ មិនព្រមស្វែងយល់ ពួកគាត់នឹងក្លាយជាឧបសគ្គរារាំងនូវការជឿនលឿនរបស់និស្សិតរបស់ក្មេងជំនាន់ក្រោយ។ វាប្រៀបបាននឹងដុំថ្មដែលដុះសង្កត់ទៅលើពន្លកដែលកំពុងរីកដុះដាល។ គ្រប់តួអង្គ គ្រប់មនុស្ស បន្ដការរៀន។ រៀនពេញមួយជីវិត។ ពេលប្រឡងកន្លងទៅ អ្នកគ្រូម្នាក់នៅឧត្ដរមានជ័យ ប្រឹងប្រឡងបាក់ឌូប្លិ តែប្រឡងមិនជាប់។ ខ្ញុំដូចផ្ញើឲ្យគាត់១០ លានរៀលកាលហ្នឹងដើម្បីលើកទឹកចិត្ត។ គាត់ជាគ្រូបង្រៀនបឋម។ ឥឡូវគាត់ត្រូវប្រឡងយកបាក់ឌូប្លិដើម្បីបង្កើនចំណាត់ថា្នក់។ គាត់អាយុដូចជា៥៦ ឆ្នាំ កាលឆ្នាំប្រឡង។ ឥឡូវ៥៧ ឆ្នាំ។ ឆ្នាំនេះគាត់ប្រឡងទៀត។ រៀនពេញមួយជីវិត។ វិទ្យាសាស្ដ្របច្ចេកទេសមានការជឿនលឿនរបស់វាមិនអាចនៅទ្រឹងមួយកន្លែងបានទេ។
(១៩) អតីតកាលផ្ដល់បទពិសោធន៍ តម្រង់ផ្លូវបច្ចុប្បន្នកាលនិងអនាគតកាល
ដំណាក់កាលនេះ ជាដំណាក់កាលសេដ្ឋកិច្ច digital មិនមែនរឿងដែលយើងយករបៀបដឹកនាំ២០ ឆ្នាំមុន មកធ្វើវិធីសាស្រ្តដឹកនាំនៅពេលនេះទេ។ ពីអតីតកាល យើងមិនអាចទៅធ្វើអ្វីវាកើតទេ ក៏ប៉ុន្តែអតីតកាលវាផ្តល់នូវបទពិសោធន៍ឲ្យយើងសម្រាប់តម្រង់ផ្លូវ បច្ចុប្បន្នកាលនិងអនាគតកាល។ ទ្រឹស្តីមួយចំនួនបាននិយាយថា បើនិយាយពីអតីតកាលគឺមិនអាចបង្វិលបាន។ បង្វិលអត់បានទេ។ គ្មានអ្នកណាទៅផ្លាស់ប្តូររឿងអតីតកាលបានទេ ប៉ុន្តែយើងយកអតីតកាលនោះដើម្បីដកបទពិសោធន៍កំហុសហ្នឹង។ តើការជឿនលឿនហ្នឹងវាចេញពីស្អី។ កាលដែលគេធ្វើមុននោះ គេជឿនលឿនក្នុងដំណាក់កាលមុន។ ឧទាហរណ៍ សម័យអង្គរ ការជឿនលឿនក្នុងសម័យនោះ វាមានកត្តាអីខ្លះ? ឬក៏ក្រោយមកទៀតការបែកបាក់នៅក្នុងប្រទេសយើងបណ្តាលមកពីអីបានជាប្រទេសមានសង្រ្គាមមិនចេះចប់? សូម្បីតែរដ្ឋធម្មនុញ្ញរបស់យើង តើមានការចាប់អារម្មណ៍ទេ ត្រង់កថាខណ្ឌពាក់ព័ន្ធនឹងព្រះមហាក្សត្រ ដែលបានចែងដោយនិយាយបែបសាមញ្ញថា “អ្នកដែលអាចគ្រងរាជ្យបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា មានតែខ្សែព្រះបាទអង្គឌួង ព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្ថិ និងបច្ឆាញាតិរបស់ ព្រះបាទអង្គឌួង”។
បើយើងគិតពីត្រឹមហ្នឹង វាត្រឹមតែ១៨៤០ ប្លាយមកតើ។ អញ្ចឹងស្តេចមុនឈ្មោះអី? ត្រូវសួរចំណុចហ្នឹង។ តើស្តេចអង្គណា? តើកម្ពុជាពិតជាបានបាត់បង់ប្រទេសអស់មួយរយៈទេ បានជាបាត់តំណស្តេច។ ក្នុងដំណាក់កាលនេះយើងត្រូវស្វែងយល់ថាអ្វីទៅដែលជារឿងសោកនាដកម្មពីអតីតកាល។ យើងក៏ត្រូវស្វែងយល់ថាហេតុអ្វីទៅបានជាមានការជឿនលឿនពីអតីតកាល? ដូចជាយើងដកស្រង់បទពិសោធន៍ ពីការដឹកនាំរបស់ព្រះបរមរតនកោដ្ឋនៅក្នុងទសវត្សរ៍៦០ ដែលព្រះអង្គបានកសាងនូវសមិទ្ធផលច្រើនណាស់ សូម្បីតែស្តាដដែលយើងកំពុងតែប្រកួតទាំងស៊ីហ្គេមនិងប៉ារ៉ាហ្គេម ព្រះអង្គបានកសាងនៅក្នុងដំណាក់កាលនោះ ដោយមិនមានជំនួយដូចសព្វថ្ងៃនេះទេ។ ព្រះអង្គធ្វើបាន។ អញ្ចឹងយើងស្រាវជ្រាវអំពីរបៀបខិតខំរបស់ព្រះអង្គយ៉ាងម៉េច។ យើងមិនអាចផ្លាស់ប្តូរអតីតកាលបាន ប៉ុន្តែអតីតកាលវាបានប្រាប់យើងថាអ្វីដែលយើងស្រាវជ្រាវវាចេញមកពីអី បានវាជឿនលឿន ហើយចំណុចស្អីជាកំហុសដែលយើងត្រូវចៀសវាង។
ដំណើររបស់យើងឆ្ពោះទៅមុខ។ ជាដំណើរដែលយើងត្រូវបន្តរួមគ្នា។ ជាមួយនឹងការអបអរសាទរសម្រាប់និស្សិត ខ្ញុំព្រះករុណាខ្ញុំក៏សុំធ្វើការអបអរសាទរចំពោះមាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារទាំងឡាយ ដែលបានផ្តល់ឱកាសឲ្យកូន ឲ្យចៅ ឲ្យប្តី ឲ្យប្រពន្ធ ដើម្បីមកសិក្សាឲ្យក្លាយទៅជាធនធានមនុស្សសម្រាប់សង្គមជាតិរបស់យើងនាពេលនេះ។ ខ្ញុំព្រះករុណាខ្ញុំ ហាក់ដូចជា ស្អែកនៅមួយគ្រែទៀត សម្ពោធសមិទ្ធផលផងនិងត្រូវចែកសញ្ញាបត្រផងខាងផ្នែកច្បាប់។ ហ្នឹងក្នុងផ្នែកសម្ពោធសមិទ្ធផលនិងចែកសញ្ញាបត្រក្នុងវិស័យយុត្តិធម៌ដែលមានទាំងចៅក្រមទាំងក្រឡាបញ្ជី នៅសាលាបណ្តុះបណ្តាលខាងផ្នែកយុត្តិធម៌នោះ … សម្ដេច ម៉ែន សំអន … កុំដើរតាមខ្ញុំច្រើនពេកអី ក្រែងលោឈឺ។ ខ្ញុំព្រួយណាស់ (និយាយជាមួយសម្ដេច ម៉ែន សំអន)… ឃើញថាដើរតាមខ្ញុំច្រើនពេក … ខ្ញុំអត់អីទេ។ មានអ្នកខ្លះសួរខ្ញុំអញ្ចេះ ឃើញថាចេញមុខរាល់ថ្ងៃហ្នឹង ហត់ឬមិនហត់? បានចម្លើយខ្ញុំទៅវិញថា បើវាមិនហត់ទើបវាចម្លែក។
ម្សិលមិញទៅកំពង់ស្ពឺ ត្រឡប់មកវិញគិតថា នឹងបានទៅវាយកូនហ្គោលមួយពេល។ ប្រឹងក្រោកម៉ោងជាង២ហើយបានទៅវាយ។ គ្រាន់តែចេញកូនឡានទៅភ្លៀងខ្លាំងដូចខឹងពីអង្កាល់។ ទៅរត់ជ្រកនៅកន្លែងគេទុកឧទ្ធម្ភាគចក្រ។ ទៅនៅហ្នឹងវាមិនព្រមរាំងសោះ។ រួចហើយក៏ឱ្យគេយកឡានធំទៅទទួលត្រឡប់មកផ្ទះដេកមើលទូរទស្សន៍គេប្រកួតកីឡាប៉ារ៉ាហ្គេម។ ពីនេះទៅ នៅសល់កម្មវិធីច្រើន។ កម្មវិធីខ្លះក៏ត្រូវធ្វើដំណើរតាមឧទ្ធម្ភាគចក្រដែរ។ គ្រោងថាខានស្អែកនេះទៅកំពង់ឆ្នាំងគឺទៅតាមឧទ្ធម្ភាគចក្រហើយ។ បើទៅតាមឡានគឺត្រូវប្រើជាង១ ម៉ោង។ ២យប់ហើយ តគ្នា។ ទៅពញាឮក៏ក្រោកម៉ោង៥កន្លះ។ ទៅកំពង់ស្ពឺក៏ក្រោកម៉ោង៥កន្លះ។ ព្រឹកមិញនេះក្រោកម៉ោង៦ និយាយឱ្យត្រង់ទៅ។ បើសម្រាកមុនម៉ោង១២ វាភ្ញាក់ម៉ោង៤។ បើសម្រាកក្រោយម៉ោង១ អាហ្នឹងដេកទាល់តែម៉ោង៧ ក៏បានដែរ។
មនុស្សវារពឹស។ វាធ្លាប់មើលអានេះមើលអានោះ។ ជួនកាលត្រូវដោះស្រាយ។ ជួនកាលយើងនៅឯណេះយប់ ប៉ុន្តែនៅអាមេរិក នៅបារាំងវាថ្ងៃ។ ខាងនោះគេជូនសារមក។ កន្លែងខ្លះមិនអាចជូនសារទៅអ្នកផ្សេងក្រៅតែពីខ្លួនខ្ញុំម្នាក់។ អញ្ចឹងខ្ញុំត្រូវតបសារគេ។ ត្រង់ខាងគេភ្លឺ យើងនៅឯណេះវាយប់។ ឃើញគេវាយសារមកអំពីព័ត៌មាននេះព័ត៌មាននោះ យើងក៏តបសារត្រឡប់ទៅវិញ។ យើងធ្វើការនៅទីកន្លែងខុសៗគ្នា។
(២០) ម្ចាស់ផ្ទះស៊ីហ្គេមនិងប៉ារ៉ាហ្គេម បំពេញតួនាទីទទួលខុសត្រូវសមាជិកអាស៊ាន ពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងរួមចំណែកទៅដល់ការពង្រឹងវិស័យកីឡា
ខ្ញុំព្រះករុណាខ្ញុំគួរតែនិយាយដល់ប៉ារ៉ាហ្គេមបន្តិច។ ប៉ុន្មានថ្ងៃនេះ អ្នកទាំងអស់គ្នាភាគច្រើននៅក្នុងនេះ និស្សិតមួយចំនួនអាចចូលរួម។ ភាគច្រើនមន្រ្តីរបស់យើងគឺចូលរួមបើកប៉ារ៉ាហ្គេម។ ខ្ញុំគិតថា ពេលបើកប៉ារ៉ាហ្គេមក៏មិនអន់ជាងស៊ីហ្គេមទេ ជាពិសេសមនុស្សហោះ១០នាក់ ដែលគេច្រៀងនោះ។ ស៊ីហ្គេមមានមនុស្សហោះតែម្នាក់ទេទៅដុតគប់ភ្លើង។ ខ្ញុំគិតថា ការដែលធ្វើស៊ីហ្គេមនិងប៉ារ៉ាហ្គេម យើងបានរួមចំណែកក្នុងការបំពេញតួនាទីជាសមាជិកដែលមានការទទួលខុសត្រូវរបស់អាស៊ាន ទៅលើកិច្ចការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ហើយរួមចំណែកទៅដល់ការពង្រឹងវិស័យកីឡា។ យើងមិនមែនធ្វើម្ចាស់ផ្ទះត្រឹមតែសម្រាប់ប្រជាជនខ្លួនឯង១៧លាននាក់ទេ យើងមានភារកិច្ចសម្របសម្រួលនិងពង្រឹងទំនាក់ទំនងក្នុងចំណោមប្រជាជនជាង ៦០០លាននាក់របស់អាស៊ាន។ អ្នកខ្លះគេថាយើងចាយលុយខ្ជះខ្ជាយ មិនគិតយកលុយទៅធ្វើអី នាំគ្នាទៅធ្វើស៊ីហ្គេម។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា ស៊ីហ្គេមគឺជាកាតព្វកិច្ចរបស់សមាជិកអាស៊ាន។
(២១) កេរ្តិឈ្មោះរៀបចំស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម បន្សល់ទុកអោយកូនចៅរាប់រយឆ្នាំទៅមុខ
ខ្ញុំបានស្នើសុំពន្យារពេលនៃការធ្វើស៊ីហ្គេមនេះ ដោយសារយើងត្រូវការលុយសម្រាប់ធ្វើផ្លូវថ្នល់ សម្រាប់ធ្វើប្រឡាយទឹក សម្រាប់ធ្វើសាលារៀន សម្រាប់ធ្វើមន្ទីរពេទ្យមុន។ ដល់ពេលវេលាដែលយើងត្រូវធ្វើ យើងធ្វើឱ្យបានល្អ។ បន្ថែមលើនោះ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម កម្ពុជាមិនយកថ្លៃទាំងអស់ គ្រប់ទាំងថ្លៃស្នាក់នៅ ហូបចុក ទាំងថ្លៃប្រព័ន្ធផ្សព្វផ្សាយគឺអត់យកលុយទេ។ ខ្ញុំបញ្ជាក់នៅទីនេះថា លុយអាចចាយអស់ ប៉ុន្តែកេរ្តិ៍ឈ្មោះចាយអត់អស់ទេ។ កេរ្តិ៍ឈ្មោះដែលកម្ពុជាធ្វើស៊ីហ្គេមនិងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទុកបន្សល់ឱ្យកូនចៅយើងរាប់រយឆ្នាំទៅមុខទៀត។
យើងប្រទេសក្រ ក៏ប៉ុន្តែបេះដូង/ចិត្តយើងធំទូលាយ។ កុំធ្វើជាមនុស្សមុខលុយខ្លាំងពេក។ លុយចាយអស់ ក៏ប៉ុន្តែកិត្តិយសចាយអត់អស់ទេ។ កត់ត្រាចំណាំ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកជាគំនិត នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានលើកជាគំនិត។ ក្រោយនេះយើងនឹងឆ្លាក់នៅវិមានឈ្នះឈ្នះអំពីអ្វីដែលវាបានកើតនៅក្នុងដំណាក់កាលស៊ីហ្គេមនិងប៉ារ៉ាហ្គេម។ ដូនតាយើងមានអ្វីកើតឡើងបានឆ្លាក់ទុកតាមសិលាចារិកនានា តាមរូបចម្លាក់នៃអង្គរ នៅប្រាង្គប្រាសាទនានាឱ្យយើងបានដឹង។ យើងក៏មានភារកិច្ចដើម្បីនឹងចង្អុលបង្ហាញទុកនៅក្នុងទីកន្លែងដែលអាចឆ្លាក់បាន បន្ថែមទៅដោយមានរូបភាពជាវីដេអូជាខ្សែភាពយន្តនានាផងដែរ។
(២២) រឿងធំគឺចាត់តាំងការប្រកួត ធានាសាមគ្គីភាពប្រជាជនអាស៊ាន ៦០០ លាននាក់
បើទោះបីជាកម្ពុជាឈរនៅចំណាត់ថ្នាក់លេខប៉ុន្មាន ហ្នឹងរឿងឈ្នះរឿងចាញ់។ រឿងធំរបស់កម្ពុជាគឺធ្វើម៉េចចាត់តាំងការប្រកួតមួយដែលធានាសាមគ្គីភាពសម្រាប់ប្រជាជនអាស៊ាន ៦០០លាននាក់។ ត្រូវថែទាំកីឡាករ/ការិនីរបស់បណ្តាប្រទេសនានាឱ្យបានល្អ។ កាន់តែត្រូវយកចិត្តទុកដាក់ថែមទៀតដោយសារពិការភាពនៃកីឡាករ/ការិនីពីបណ្តាប្រទេសនានា ដែលយើងត្រូវថែទាំឱ្យបានហ្មត់ចត់។ អរគុណគណៈកម្មការប្រកួត ក៏ដូចជាគ្រប់សេវាទាំងអស់ រាប់ទាំងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមបម្រើឱ្យការផ្តល់សេវានិងធានាឱ្យកីឡាករ/ការិនី និងអ្នកគាំទ្រ ឬក៏គ្រូបង្វឹកនានាដែលបានមកចូលរួមនៅក្នុងប្រទេសរបស់យើង។ ថ្ងៃនេះបន្តការប្រកួត។ ម្សិលមិញក៏យើងប្រកួត។ ឥឡូវយើងទៅនៅទីប៉ុន្មានឯណោះ? ទើបបានមេដាយមាស២ ដែរ ប៉ុន្តែគោលដៅមិនមានមហិច្ឆតាខ្ពស់ទេ។
បើតាមការគិតគូររបស់ប៉ារ៉ាអូឡាំពិកនោះ គឺគេគិតថាត្រូវយកមេដាយមាសដូចជាត្រឹម ៧ ឬ៨ ប៉ុណ្ណឹងទេ។ ឥឡូវបាន២ ហើយ។ ហ្នឹងផែនការរបស់គេដូចជា៨? សង្ឃឹមថា៦ ទៀតអាចយកបាន (សួររដ្ឋមន្រ្តីអប់រំ) យើងតិចជាង(គេ) ហើយគ្មានអ្នកណាទៅយកឈ្នះពីឥណ្ឌូនេស៊ីកើតទេ ព្រោះគាត់បញ្ជូនមកច្រើនណាស់។ ថៃក៏បញ្ជូនមកច្រើន ព្រោះគាត់ប្រជាជនច្រើនជាងយើង។ មេដាយវាជារឿងមួយហើយ។ លើកទឹកចិត្តចំពោះកីឡាករ/ការិនី ទោះបីជាបានមេដាយឬមិនបានមេដាយ ក៏នៅតែជាកីឡា។
(២៣) ធ្វើជាម្ចាស់ផ្ទះដ៏ល្អ ផ្ដល់សេវាល្អ ប្រកួតដោយក្រមសីលធម៌
ខ្ញុំកោតសរសើរកីឡាបាល់ទាត់ពិការភ្នែក។ ខ្ញុំជាមនុស្សពិការភ្នែកម្ខាង ហើយក៏ធ្លាប់ពេលរបួសដំបូង ភ្នែកម្ខាងទៀតក៏វាមើលអត់ឃើញទៅមុខ។ ក្នុងមួយអាទិត្យដំបូង បានប្រហែលជា ១០ម៉ែត្រប៉ុណ្ណឹង បន្តទៅបានប្រហែលជា ១០០ម៉ែត្រ ៥០ម៉ែត្រ ៦០ម៉ែត្រ ចេះតែឡើងបន្តិចម្តងៗ។ ដល់ឥឡូវមើលបានដល់គ្រាប់កូនហ្គោល ដែលហោះបានឆ្ងាយទៅដល់ណា នៅពេលដែលយើងវាយចេញទៅ។ មិនថាវាយថ្ងៃ ឬវាយយប់ទេ វាយយប់យើងបើកភ្លើងវាយ យើងអាចតាមមើលគ្រាប់កូនហ្គោលបាន។ អ្វីដែលគួរឱ្យកោតសរសើរ ពួកគាត់អាចរកបាល់ឃើញ ហើយទាត់បញ្ចូលទីយ៉ាងល្អទៅទៀត។ កីឡាឡាវទាត់បញ្ចូលទី … យើងប្រកួតចាញ់ឡាវ។ ប៉ុន្តែ នេះជាលើកដំបូងដែលកីឡាពិការភ្នែករបស់កម្ពុជាបានចូលប្រកួតខ្នាតអន្តរជាតិបែបនេះ។ អញ្ចឹងលើកទឹកចិត្តឲ្យមានការខិតខំ។ ទោះបីបានឬមិនបាន(មេដាយ) ក្មួយៗកូនៗកុំបាក់ទឹកចិត្ត។ កីឡាមានឈ្នះមានចាញ់អញ្ចឹងហើយ។ អ្វីដែលសំខាន់ធ្វើឲ្យបានល្អ ក្នុងនាមជាម្ចាស់ផ្ទះ តំណាងឲ្យប្រជាជន១៧ លាននាក់ នៅពីក្រោយខ្នង … ធ្វើជាម្ចាស់ផ្ទះដោយមានការទទួលខុសត្រូវ (ត្រូវមាន)សីលធម៌របស់អ្នកកីឡា ហើយសេវាកម្មនានា ត្រូវតែបានផ្តល់(ឲ្យល្អ)។
ទីក្រុងភ្នំពេញបានផ្តល់ល្អណាស់សម្រាប់ការធ្វើទាំងស៊ីហ្គេមនិងប៉ារ៉ាហ្គេម។ បើកាលស៊ីហ្គេមមានខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក៏បានធ្វើកិច្ចការល្អ ក្នុងឋានៈជាម្ចាស់ផ្ទះ គ្មានរឿងអ្វីកើតឡើងសូម្បីតែបន្តិច។ វាពិតហើយរឿងបាល់ទាត់ ដំណាក់កាលចុងក្រោយរវាងថៃនិងឥណ្ឌូនេស៊ីនោះ។ ហ្នឹងរឿងផ្សេង មិនមែនជាការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះ ប៉ុន្តែម្ចាស់ផ្ទះបានសម្រួលភ្លាមដើម្បីកុំឲ្យមានបញ្ហាកើតឡើង។ រឿងនេះបានកន្លងផុតទៅជាមួយនឹងការចងចាំដែលប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានផ្តល់នូវជំនឿទុកចិត្ត។ ខ្ញុំក៏យកឱកាសនេះអរគុណជាមួយនឹងរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ក៏ដូចជាទីម័រខាងកើត Timor-Leste ដែលបានបញ្ជូនកីឡាករ/ការិនីមកប្រកួតក្នុងស៊ីហ្គេមនិងបញ្ជូនកីឡាករ/ការិនីជនពិការមកប្រកួតក្នុងក្របខណ្ឌអាស៊ានប៉ារ៉ាហ្គេមពេលនេះ។ យើងខ្ញុំនឹងទទួលខុសត្រូវជាបន្តទៀត។
(២៤) អាស៊ានអាចរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះអូឡាំពិក ឬ World Cup បាល់ទាត់ពិភពលោក
កម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយការទទួលខុសត្រូវ ហើយជាចំណែកដែលជម្រុញពង្រឹងវិស័យកីឡាក្នុងក្របខណ្ឌអាស៊ាន។ ខ្ញុំបាននិយាយនៅថ្ងៃបើកថា នៅថ្ងៃណាមួយខ្ញុំស្រមៃឃើញថាអាស៊ានរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះអូឡាំពិក ហើយក៏អាចរួមគ្នាដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup បាល់ទាត់ពិភពលោក។ យើងអាចរួមគ្នាទៅបាន។ យើងចែកប្រកួតមួយពូលអញ្ចឹងទៅ។ ពេលដែលចែកពូលហ្នឹងមានប៉ុន្មានពូលមកទាត់នៅថៃអញ្ចឹងទៅ។ ដល់ទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ ទៅប្រទេសណាទៅ។ បើនិយាយពីទឹកដីអាស៊ាន វាតូចជាងទឹកដីកាណាដា តូចជាងទឹកដីរុស្ស៊ី តូចជាងទឹកដីចិនផង។ អាចទំនាក់ទំនងគ្នាធ្វើទៅបាន។ កាលពីមុន ឆ្នាំ១៩៩០ប៉ុន្មាន ជប៉ុននិងកូរ៉េខាងត្បូងសហការគ្នាដើម្បីធ្វើ។ អញ្ចឹងអាស៊ានក៏អាចធ្វើបាន។
(២៥) អាស៊ានគួរតែមានក្រុមបាល់ទាត់មួយ
ខ្ញុំបាននិយាយលេងជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានថា យើងគួរតែមានក្រុមបាល់ទាត់អាស៊ានមួយក្រុម។ ឥឡូវយើងមាន ១១ ប្រទេសហើយ។ កម្ពុជាដាក់២ នាក់ ប្រទេសនេះដាក់២ នាក់ៗ សុទ្ធតែជើងខ្លាំងចូលទៅ ដើម្បីបង្កើតជា team របស់អាស៊ានមួយចូលប្រកួតនឹងគេ។ យើងមិនអាចថាប្រទេសណាមួយទៅប្រកួតឈ្នះគេទេ ព្រោះម្ចាស់ផ្ទះត្រូវបានទទួលសិទ្ធិជាស្វ័យប្រវត្តិក្នុងការចូលប្រកួត។ បើអញ្ចឹងទេ យើងបង្កើត team អាស៊ានមួយទៅដើម្បីប្រកួត។ ខ្ញុំកំពុងតែមានក្តីសង្ឃឹម ដោយសារយើងក៏ជាសមាជិកដែលត្រូវគិតគូរអំពីអនាគតអាស៊ាន។ នៅពេលដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ដូចជានៅឆ្នាំ២០១៥ ម៉ាឡេស៊ីចង់ថា អត្តសញ្ញាណរួមរបស់អាស៊ានគឺម៉ោងដូចគ្នា។ កាលហ្នឹងឯកឧត្តម Najib Razak គាត់ធ្វើជានាយករដ្ឋមន្ត្រី។ ខ្ញុំថា “ឯកឧត្តមអើយ! បើសិនជាឯកឧត្តមឲ្យម៉ោងរួម ឲ្យអនុវត្តម៉ោងរបស់សិង្ហបុរី ម៉ោងរបស់ម៉ាឡេស៊ី ច្បាស់ណាស់ថា ខ្ញុំសូម្បីតែព្រះសង្ឃក៏ធ្វើបាតុកម្មប្រឆាំងខ្ញុំដែរ។ ឧទាហរណ៍ថា ឥឡូវនេះម៉ោង ៨:៣៧ នាទី អញ្ចឹងបើសិនជាទៅធ្វើម៉ោងសិង្ហបុរី ម៉ោងម៉ាឡេស៊ី វាមិនទៅដល់ម៉ោង៩ ជាងហើយ”។ អញ្ចឹងទេ ព្រះសង្ឃធ្លាប់តែតើនម៉ោង៥ ត្រូវតើនម៉ោង៤ តើនមុនមួយម៉ោង។ ការខុសគ្នានេះ ខ្ញុំថាធ្វើអត់បានទេ។ កាលហ្នឹងគេគិតគូរថា គ្រោងយកម៉ោងហុងកុងដែលទីផ្សារហុងកុងតែងតែបើកបិទឲ្យស៊ីចង្វាក់គ្នា។ យកម៉ោងរួមមិនបានទេ ព្រោះទម្លាក់មនុស្សរាប់រយរាប់ពាន់ឆ្នាំហើយ។ តែដល់ម៉ោងត្រូវដេកថ្ងៃហើយ ត្រូវដេកថ្ងៃបន្តិច។ ប៉ុន្តែទម្លាប់ដេកថ្ងៃក៏មិនល្អដែរ បើសិនជាថាមានកូនមានចៅ កុំឲ្យវារៀនដេកថ្ងៃ។ ខ្មែរថា លួចគេ ធ្លាប់ដៃ ដេកថ្ងៃ ធ្លាប់ភ្នែក។
កាលពីមុនខ្ញុំអត់ចេះដេកថ្ងៃទេ។ ធ្វើកូនសិស្សលោកមានពេលណាដេកថ្ងៃ លោកវាយរំបល់យ៎ឥឡូវហ្នឹង។ ព្រះតេជព្រះគុណនៅនេះស្រាប់។ ព្រះតេជព្រះគុណអើយ អាណិតកូនសិស្សលោកផង។ ថាយ៉ាងណាកុំវាយ លេងសុទ្ធតែរំពាត់ផ្តៅចឹង។ លោកជំនាន់ដើមរំពាត់ផ្តៅ បន្ទះរនាបវាយអត់ស្វាង។ ពេលធ្វើទាហានមានឱកាសណាដេកថ្ងៃ។ ដេកថ្ងៃទើបចេះក្រោយមកនេះទេ ពិសេសពេលធ្វើដំណើរចុះឡើងទៅប្រទេសនេះប្រទេសនោះ ម៉ោងខុសគ្នាចាប់ផ្តើមចេះដេកថ្ងៃទៅ។ ប៉ុន្តែក្នុងអាស៊ាន ចំណាំមើលអញ្ចេះ ពេលព្រឹកប្រជុំហើយបាយ។ បាយហើយប្រជុំទៀត។ យើងសង្កេតឃើញថា អ្នកណាមុនអានសុន្ទរកថាងោកសិន។ ដល់ខ្លួនចាប់ផ្តើមអានសុន្ទរកថា រួចហើយងោកទៀត។ អ្នកដែលអានសុន្ទរកថារួចហើយ គេអត់ដាស់ គឺថាទៅមួយវឹងអញ្ចឹងទៅ។ រហូតទៅដល់អង្គប្រជុំហ្នឹងត្រូវបានបិទ។ កត់សម្គាល់ដល់សេចក្តីថ្លែងការណ៍នេះសេចក្តីថ្លែងការណ៍នោះ មានមតិអីទេ។ ចប់បាត់។ ការពិតប្រធានអង្គប្រជុំនោះលក់ដែរ។ ដូច្នេះសង្កេតឃើញថា នៅក្នុងចំណោមប្រទេសអាស៊ានរបស់យើងគឺដេកថ្ងៃ។ ទម្លាប់របស់ខ្ញុំព្រះករុណាខ្ញុំអត់ទេ ទោះបីថាយ៉ាងម៉េចក៏ដោយគឺប្រឹងពេលហ្នឹង ជម្នះវាតែបន្តិចគឺវាអាចរួចហើយ។ ដឹកនាំការប្រជុំអាស៊ានកាលពីឆ្នាំ២០២២ មិនមែនរឿងលេងសើចទេ។ ប្រជុំជាប់រហូតទាំងអស់។
(២៦) មាស សុខសោភា សូមទោសសាធារណជននិងដកចម្រៀងចេញពីបណ្តាញសង្គមហើយ
មួយទៀត ខ្ញុំក៏សូមយកឱកាសនេះ អរគុណអ្នកនាង មាស សុខសោភា ដែលយប់មិញនេះបង្ហោះសារសូមទោសសាធារណជនអំពីកំហុសឆ្គង។ អរគុណកូនស្រីដែលបានលុបចោលទាំងក្នុងហ្វេសប៊ុក ទាំងក្នុង YouTube។ ខ្ញុំអំពាវនាវសូមឲ្យអ្នកលេងបណ្តាញសង្គមបញ្ឈប់ភ្លាម។ បើមិនអញ្ចឹង វាទៅជារឿងរុញឲ្យខ្លោច រោចឲ្យឆៅ។ ខ្ញុំចូលទៅមើលនៅក្នុងហ្វេសប៊ុកមួយ គឺហ្វេសប៊ុករបស់អ្នកចម្រៀង មាស សុខសោភា នេះ ដែលគាត់ភ្ជាប់នូវការបង្ហោះរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ខ្ញុំមើលឃើញនៅទីនោះ មានការចូលទៅផ្តល់ comment ថាគួរតែចាត់ការលើផ្លូវច្បាប់។ ខ្ញុំសូមអង្វរករ។ គ្នាបានជាជ្រុលជ្រួសទៅហើយ។ គ្នាក៏បានសូមទោស។ គ្នាបានដកចេញ។ ឥឡូវតើចាំបាច់ត្រូវធ្វើរឿងហ្នឹងឲ្យវាជារឿងបន្ថែមលើរឿងទេ? កុំរុញឲ្យខ្លោច កុំរោចឲ្យឆៅ។ ស្ងប់ស្ងៀមទៅ។ គ្នាបានទទួលស្គាល់ហើយថាគ្នាប្រហែល។ គាត់ជឿតាបសសក់សណាមួយនៅព្រះវិហារ។ មើលទៅសួរតាបសហ្នឹងមើល យល់សប្តិឃើញអីបានជាត្រូវការចម្រៀងឲ្យគ្នានិពន្ធរឿងហ្នឹង។
គ្រាន់តែចាប់ផ្ដើមចេញចំណងជើងមកវាខុសតែម្ដង «មរណភាពស្វាមី ជ័យវរ្ម័នទី៧»។ អញ្ចឹងបើនិយាយព្រះមហាក្សត្រ យើងត្រូវប្រើរាជសព្ទ មិនអាចប្រើពាក្យមរណភាពទេ (ត្រូវប្រើ)ការសោយទីវង្គត។ ហ្នឹងគ្រាន់តែចេញចំណងជើងមក អ្នកជំនួយការនិងក្រុមការងាររបស់គាត់ និងអ្នកនិពន្ធហ្នឹងគឺខ្សោយខ្លាំងណាស់។ គ្មានឯកសារយោងទេ។ យ៉ាងណាក៏ដោយ ខ្ញុំមិនព្យាយាមធ្វើអត្ថាធិប្បាយអ្វីថែមទៀតទេ។ អ្វីដែលខ្ញុំសុំត្រឡប់មកវិញ គឺបងប្អូនទាំងអស់បញ្ឈប់ត្រឹមប៉ុណ្ណឹង។ អ្នកចម្រៀង មាស សុខសោភា គ្នាបានសុំទោស ហើយដកចេញពីហ្វេសប៊ុក និង YouTube។ យើងទៅវិញទេដែលមាន កុំយកទៅចាក់តទៅទៀត លុបចោលទៅ។ កុំទុកវា។ បើសិនជាយើងបន្ត វាចេះតែកើតរឿង។ ខ្ញុំសូមអង្វរករនិងអំពាវនាវឲ្យមានការយោគយល់។ អរគុណចំពោះកូនស្រី មាស សុខសោភា ដែលបានធ្វើការសុំទោសលើរឿងនេះ ហើយបានប្រញាប់ប្រញាល់ដកចេញ។ ប្រតិកម្មនានាគួរតែត្រូវបញ្ឈប់ត្រឹមប៉ុណ្ណឹង។ មិនត្រូវបន្តដំណើរស្អីទៀតទេ។ ផ្លូវច្បាប់ឬមិនផ្លូវច្បាប់មិនគួរត្រូវបានបន្ត ព្រោះគ្នាបានទទួលស្គាល់កំហុស និងដកចេញហើយ។
(២៧) ត្រូវប្រុងប្រយ័ត្ន ពេលថតខ្សែភាពយន្តទាក់ទងនឹងប្រវត្តិសាស្រ្ត
រឿងប្រវត្តិសាស្រ្ត សូម្បីតែសព្វថ្ងៃ តែថតខ្សែភាពយន្ត គ្នាមិនដឹងរឿង ហើយមកថតរឿងរបស់យើង។ ដល់ថតរឿងរបស់យើង គ្នាធ្វើម៉េចដឹងអស់រឿងរបស់យើង។ អញ្ចឹងទេ គ្នាតែងតែសួរ និងបញ្ជូនមកឲ្យយើងពិនិត្យមុនពេលដែលបញ្ជូនទៅចាក់បញ្ចាំង។ កន្លែងខ្លះខ្ញុំប្រាប់ថា កន្លែងហ្នឹងមិនត្រូវទេ។ គ្រាន់តែដំណើរស្ពាយវិទ្យុទាក់ទងស្អីៗហ្នឹង គ្នាត្រូវទៅថតឡើងវិញ។ រឿងអ្វីដែលទាក់ទងនឹងប្រវត្តិសាស្រ្ត ត្រូវតែធ្វើឲ្យច្បាស់នឹងប្រវត្តិសាស្រ្ត ប៉ុន្តែបើរឿងនោះជាការប្រឌិត ជាអ្នកនិពន្ធស្រមើស្រមៃធ្វើអីធ្វើទៅ។ ខ្ញុំថា តែមួយរឿងហ្នឹងបានហើយ កុំឲ្យមានរឿងជីវិតពិតរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ច្រើនពេក។ អ្នកនេះទាញទៅថាអញ្ចេះទៅ អ្នកនោះទាញទៅថាអញ្ចុះទៅ។ ដូច្នេះទីចុងបំផុតអ្នកពិតប្រាកដគឺពិបាក។ ដូចជា មានអ្នកដែលចង់និពន្ធរឿងខ្ញុំថែមទៀត ដាក់ថា «ស្នេហាក្នុងគ្រាកលិយុគ» ហើយចង់ប្រើតួអង្គខ្ញុំៗថា មើលទៅហត់ណាស់។ ដាក់អាក្ដីស្រមើស្រមៃចូលក្នុងរឿងហ្នឹងមិនបានទេ។ បើចង់ដាក់ក្ដីស្រមៃអី យកឈ្មោះអ្នកផ្សេង តួអង្គផ្សឹងទៅ កុំយកតួអង្គខ្ញុំ។ ដូចថាគ្នាក៏ចង់ធ្វើពីជីវិតរបស់យើង ប៉ុន្តែបើថាពីជីវិតរបស់យើងវាទៅត្រឹមប៉ុណ្ណឹង ហើយទៅដាក់ថែមថយក្ដីស្រមើស្រមៃថែមទៀត វាទៅខុសរឿងតែប៉ុណ្ណឹងទេ។
ខ្ញុំឃើញអ្នកថតរឿងទាក់ទងនឹងរឿងប្រវត្តិសាស្រ្ត «តេជោយ៉ត» បានថតសម្រិតសម្រាំង ហើយទៅតាមក្បួនខ្នាតតាមប្រវត្តិរបស់គេ។ ប៉ុន្តែ រឿងនេះក៏ត្រូវបានខ្ញុំចោទចេញជាសំណួរនៅពេលដែលខ្ញុំទៅចូលរួមបុណ្យទន្លេនៅខេត្តកំពង់ធំ។ នៅទីនោះគេហៅ តេជោមាស តេជោយ៉ត ជា តេជោប៉ាអង ទៅវិញ។ សម្រាប់ខ្ញុំៗ មើលឃើញថា តំបន់ហ្នឹងគ្មានតេជោណាក្រៅពី តេជោមាស និងតេជោយ៉ត ទេ។ ដល់ក្រោយមក (ទើបដឹងថា)មនុស្សតែម្នាក់ទេ តែឈ្មោះគាត់ផ្សេង។ គាត់ទទួលបទបញ្ជាពីព្រះស្រីសុរិយោពណ៌ ចេញពីសំរោងទងធ្វើដំណើរទៅកំពង់ធំដើម្បីវាយជាមួយនឹង ព្រះបាទថៃណាមួយ។ វាយពីខាងនោះហើយ បានត្រឡប់វាយចុះមកវាយតាមសមុទ្រ គឺមកពុលក្រសាំង ពុលអីនៅខេត្តកំពតនេះ។ សម្លម្ជូរក្រសាំង។ នេះរឿងមានប្រវត្តិរបស់វាអញ្ចេះ … ខ្លះគេបញ្ចូលដែរ ដូចជារឿងខ្ញុំទៅស្រុកចិន មានទៅខេត្តមួយ។
កាលហ្នឹងមិនដឹង បង ហោ ណាំហុង ចាំឬអត់។ ខេត្តហ្នឹងធ្លាប់ជាខេត្តដែល Hu Zintao ធ្វើជាអភិបាលខេត្ត។ ពេលនោះយើងទៅទស្សនកិច្ច។ កន្លែងទឹកជ្រោះធ្លាក់គឺកន្លែងគេថត អ៊ូខុង ហោះ គឺរឿង ថាងចេងទៅចម្លងធម៌។ ខ្ញុំបានទៅដល់កន្លែងដែលឆ្អឹងរបស់ថាងចេងនៅ Shaanxi វិហារក្ងាន។ ក្ងានហោះកាត់តាមកន្លែងហ្នឹងហើយធ្លាក់។ ខ្ញុំក៏សួរគេថា តើរឿង ថាងចេង ហ្នឹង មាន អ៊ូខុង ប៉ាចេ ឬទេ? មានស្វាមួយ ជ្រូកមួយអញ្ចឹងទេ? គេថាអត់មានទេ តែអ្នកនិពន្ធគេដាក់ថែមទៅ។ នោះជារឿងមួយ តែសម្រាប់រឿងខ្ញុំសុំថាមានប៉ុណ្ណាគឺប៉ុណ្ណឹង។ សុខចិត្តថាមិនឲ្យអស់ តែមិនឲ្យលើស។ ខ្ញុំបាននិយាយហើយថា ថ្ងៃសម្ពោធខ្ញុំគិតថាគ្របដណ្ដប់បាន៤០% តែឥឡូវនេះខ្ញុំគិតថា គ្របដណ្ដប់នៃដំណើរជីវិតរបស់ខ្ញុំត្រឹមតែ៣០% តែប៉ុណ្ណឹងទេ ព្រោះយើងមិនអាចយកមកទាំងអស់ទេ។ បើមិនអញ្ចឹង រឿងហ្នឹងប្រហែលជា១ពាន់ភាគទើបចប់។ រឿងនេះត្រឹមតែ១០០ ភាគអីប៉ុណ្ណឹង។
ឥឡូវ គេធ្វើបានច្រើនដែរហើយ។ ល្ងាចនេះចាប់បញ្ចាំងបន្តទៅទៀតហើយ។ គ្រាន់តែថា ខ្ញុំមិនដាក់ឈ្មោះរបស់ខ្ញុំទេ។ រឿងនេះវាកើតមកពីអី? កើតពីអ្នកនិពន្ធម្នាក់ លោក ហ៊ុយ វាសនា។ គាត់និពន្ធរឿង(ល្ខោននិយាយ) «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅឆ្នាំ ១៩៩៧ ឬ ១៩៩៨។ ខ្ញុំស្ដាប់តាមវិទ្យុ១០៣ ទីក្រុងភ្នំពេញ។ ស្ដាប់ៗទៅ ទេ! មេបញ្ជាការ សំរេច ឯតួស្រីនោះ ម៉ារិនី … រឿងនេះដូចជារឿងឯងវ៉ី? ខំសួរៗទៅ រឿងយើងមែន។ ដល់រឿងយើងមែន អញ្ចឹងក៏ចេះតែទំនាក់ទំនងធ្វើឲ្យវាចប់ទៅ។ នៅក្នុងនោះ ក៏វាមានឆាកខ្លះខុស វាមិនត្រូវ ដោយសារគ្នាក្ដាប់រឿងមិនបាន។ អញ្ចឹងបានជាមកធ្វើការកែតម្រូវក្នុងខ្សែភាពយន្តនេះតែម្ដង។ វាទាក់ទងនឹងរឿងប្រវត្តិសាស្រ្តពិតនៃជិវិតរបស់ខ្ញុំ។ ខ្ញុំសូមនិយាយសាជាថ្មី សុំកុំឲ្យរឿងទាក់ទិនជាមួយនឹងបទចម្រៀងមួយបទដែលត្រូវបានដកចេញហើយ ក្លាយទៅជារឿងជជែកគ្នាក្នុងបណ្ដាញសង្គមបន្តទៅទៀតអី សុំបញ្ចប់ត្រឹមប៉ុនហ្នឹងទៅ។
ថវិកាជូនអង្គពិធី ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រថ្ងៃនេះ ចំនួន ៥ ៦១០ អង្គ/នាក់ ក្នុងមួយអង្គ/ម្នាក់ៗ ទទួលបានថវិកា៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិតពិការ៨ នាក់ ក្នុងនោះប្រុស ៥ នាក់ ស្រី ៣ នាក់ ថវិកាម្នាក់ៗ ១ លានរៀលបន្ថែមទៀត។ ជូនសាស្រ្តាចារ្យ និងបុគ្គលិក ចំនួន ៧៤៦ នាក់ ក្នុងម្នាក់ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ថវិកា ១០ លានរៀល ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣ លានរៀល។ ជាថ្មីម្ដងទៀត ជាមួយនឹងការកោតសរសើរវឌ្ឍនភាពនៃសាកលវិទ្យាល័យ ក៏ដូចជាអបអរសាទរចំពោះជ័យលាភី ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ទទួលសញ្ញាបត្រនៅថ្ងៃនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំប្រគេនពរជូនព្រះតេជព្រះគុណ គ្រប់ព្រះអង្គ ជូនពរចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ពិសេស ជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមជួបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយពុទ្ធពរនិងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕