សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, អបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២

CNV:

សម្តេច លោកជំទាវ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គពិធីជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកជួបជុំដោយផ្ទាល់ ចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី ១១២ ឆ្នាំ ២០២៣ ក្រោមមូលបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាពដើម្បី កិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្នុងគោលបំណងបន្តរំលេចនូវតម្លៃនៃការចូលរួមរបស់ស្ត្រី ក្នុងការថែរក្សាសុខសន្តិភាពក៏ដូចជា ការចូលរួមក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស ក្នុងយុគសម័យឌីជីថល។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១]

ខ្ញុំក៏សូមយកឱកាសនេះផ្ដាំផ្ញើពីភរិយារបស់ខ្ញុំ ដែលនៅក្នុងឱកាសនេះ គាត់ស្ថិតនៅក្នុងរយៈពេលនៃការកាន់ទុក្ខនូវមរណៈភាពរបស់ប្អូនស្រីរបស់គាត់ ហើយថ្ងៃនេះជាលើកដំបូងដែលគាត់អាក់ខានមិនបានចូលរួមជាមួយខ្ញុំក្នុងពិធីនេះ។

[បញ្ចប់សេចក្ដីអធិប្បាយ ១]

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅទូទាំងប្រទេស ទូលព្រះបង្គំខ្ញុំ និងភរិយាសូមសម្តែងនូវគារវភក្តីភាពនិងកត្តញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់អំពីសុខទុក្ខ និងជីវភាពរបស់កូនចៅព្រះអង្គ ពិសេស ស្ត្រី និងក្មេងស្រីកម្ពុជា។ ទូលព្រះបង្គំខ្ញុំ និងភរិយា សូមឧទ្ទិសដល់គុណបុណ្យព្រះរតនៈត្រ័យ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមី នៃអតីតព្រះមហាក្សត្រកម្ពុជា តាមជួយប្រោះព្រំ ថែរក្សា ព្រះអង្គទាំងទ្វេ ទទួលបានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្តគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ដែលបានរួមចំណែកគាំទ្រ លើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈ តួនាទី សុខុមាលភាពស្រ្តីនៅកម្ពុជា ក៏ដូចជានៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ខ្ញុំសូមគាំទ្រលើមូលបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ដែលពិតជាមានអត្ថន័យ និងសារៈសំខាន់ ក្នុងបរិការណ៍កម្ពុជា។ ចាំបាច់ត្រូវការការថែរក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានាសុខុមាលភាព និងការរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនា។

ប្រទេសជាតិយើង មានភាពរីកចម្រើនជឿនលឿនជាលំដាប់ លើមាគ៌ានៃការកសាង និងអភិវឌ្ឍលើគ្រប់វិស័យ។ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណ ៧% ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងទៅនេះ។ ទោះបីជាក្នុងអំឡុងឆ្នាំ ២០២០-២០២១ ដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលទទួលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏យើងនៅតែសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន។ ភាពជោគជ័យ នៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងការបង្កើតបាននូវភាពស៊ាំសហគមន៍ដ៍រឹងមាំមួយទូទាំងប្រទេស បានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញ តាំងពីខែ វិច្ឆិកា ឆ្នាំ ២០២១ ប្រកបដោយសុវត្ថិភាព រហូតដល់ថ្ងៃនេះ និងបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញជាបណ្តើរៗ ប្រកបដោយភាពធន់ និងរឹងមាំ។

ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្ត្រី ក្នុង និងក្រៅប្រព័ន្ធនៅពេលសម្រាលកូន ការឧបត្ថម្ភសាច់ប្រាក់ជូនជនពិការក្រីក្រ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ មូលនិធិសមធម៌សុខាភិបាល និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ផ្តល់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា អំឡុងពេលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និងឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ-១៩។

កន្លងមក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពក្លាហានដល់ស្ត្រី ដោយចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសង្គមនិងសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី គឺជាតឹកតាងនៃការឈានដល់សម័យឌីជីថលូបនីយកម្មសកល ដែលកម្ពុជាត្រូវក្ដាប់យកកាលានុវត្តភាពឱ្យបាន។ ម្យ៉ាងទៀត ការសម្រេចបានចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជាត្រូវសម្របតាមបរិវត្តកម្មឌីជីថល កំណត់ដោយការធ្វើបដិវត្តកម្មឧស្សាហកម្មទី ៤ ដែលបានកំណត់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥។

ការណ៍នេះ យើងត្រូវធានាថា ការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ ដើម្បីឱ្យស្ត្រី និងក្មេងស្រីគ្រប់រូបកាន់តែទទួលបាននូវកាលានុវត្តភាពពេញលេញ និងប្រកបដោយសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងបានអនុវត្តនូវ សិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាចខ្វះបានជាមួយនឹងបុរសនៅក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ។​

ក្នុងបរិការណ៍នេះ ខ្ញុំសូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ព្រមទាំងប្រជាជនគ្រប់រូបចូលរួមគាំទ្រ និងអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីលើកិច្ចការអាទិភាពដូចខាងក្រោម៖

១. គ្រប់ក្រសួង-ស្ថាប័នបន្តយកចិត្តទុកដាក់ និងជំរុញការបញ្ជ្រាបយេនឌ័រទៅក្នុងក្របខណ្ឌគោលនយោបាយកម្មវិធីជាតិ រួមទាំងកម្មវិធីកែទម្រង់នានា ក្របខណ្ឌជាតិគាំពារសង្គម កម្មវិធីប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍបៃតង។

២. បន្តលើកកម្ពស់ការចូលរួមនិងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងវិស័យសាធារណៈ នយោ​បាយ និងវិស័យឯកជន។

៣. ក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូពាក់ព័ន្ធបង្កើតការវិនិយោគក្នុងការពង្រឹងសក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង តាមរយៈការអភិវឌ្ឍសហគ្រិនភាពរបស់ស្រ្តី ការលើកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ស្រ្តី ការគាំទ្រដល់សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព និងការលើកកម្ពស់កម្មវិធីតុល្យភាពជីវិត ការងារ និងគ្រួសារ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ]

(១) ពង្រឹងអំនាចសេដ្ឋកិច្ចរបស់ស្ដ្រី

ចំណុចនេះ  ខ្ញុំគួរបញ្ជាក់បន្ថែមថា គោលដៅធំដែលជាអាទិភាពដែលយើងត្រូវតែធ្វើនោះគឺពង្រឹងសេដ្ឋកិច្ចរបស់ស្ដ្រីឲ្យខាងតែបាន។ ចំណុចនេះគេមើលឃើញថា បើស្ដ្រីកាន់កាប់​លុយហើយបុរសគ្មានសិទ្ធិនឹងតវ៉ាទេ។ ដូច្នេះ យើងត្រូវខិតខំពង្រឹងសមត្ថភាពស្ដ្រីរបស់យើងទៅក្នុងអំនាចសេដ្ឋកិច្ច និងក្នុងការសំរេចចិត្តនានាពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារដែលជាផ្នែកមានឥទ្ធិពលសម្រាប់គ្រួសារ។

[បញ្ចប់សេចក្ដីអធិប្បាយ ២]

៤. បង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM) ដើម្បីលុបបំបាត់គម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល និងការពង្រីកកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន និងស្ត្រី។

៥. បន្តដាក់ចេញវិធានការ និងមធ្យោបាយសមស្របនានា ដើម្បីលើកកម្ពស់ការសិក្សារបស់និស្សិតជានារីនៅកម្រិតឧត្តម និងក្រោយឧត្តមសិក្សា។ ចំណុចនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្តីកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ខ្ញុំបានប្រគល់ភារកិច្ចឱ្យក្រសួងអប់រំ យុវជន និងកីឡាក្នុងការ ពង្រីកការសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្ស និងនិស្សិតជានារី ដើម្បីជួយសម្រួលដល់ការសិក្សារៀនសូត្រនៅរាជធានី ភ្នំពេញ និងតាមបណ្តាខេត្តនានា។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៣]

(២) ចលនាជាតិកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សនិងនិស្សិតជានារី

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃ ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខ្ញុំបានប្រគល់ភារកិច្ចឲ្យក្រសួងអប់រំ យុវជននិងកីឡា កសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សនិងនិស្សិតជានារី ដើម្បីជួយសម្រួលដល់ការរៀនសូត្រនៅរាជធានីភ្នំពេញនិងនៅតាមខេត្តនានា។ ខ្ញុំគួរតែបញ្ជាក់នៅទីនេះបន្តិច ដើម្បីយើងទាំងអស់គ្នា។ (យើង)ធ្វើឲ្យក្លាយទៅជាចលនាជាតិមួយ។ ថ្ងៃមុន នៅទីនេះ ខ្ញុំបានដឹកនាំប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី យើងបានដាក់ចេញនូវទិសដៅក្នុងកិច្ចការដែលត្រូវបន្ត នោះគឺការយកចិត្តទុកដាក់កសាងអន្តេវាសិកសម្រាប់សិស្សជាស្ត្រី ដែលមិនមែនគ្រាន់តែជាការរៀបចំនៅទីក្រុងភ្នំពេញនោះទេ ប៉ុន្តែក៏ត្រូវផ្តោតផងដែរ ទៅលើការយកចិត្តទុកដាក់នៅតាមបណ្តាខេត្ត។ ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះសប្បុរសជនទាំងអស់ ចូលរួមនៅក្នុងការកសាងអន្តេវាសិកសម្រាប់សិស្សជាស្ត្រីនៅតាមវិទ្យាល័យនានា ដែលយើងបានពង្រាយទូទាំងប្រទេសហើយ នៅកៀក នៅតាមភូមិ តាមខេត្ត តាមស្រុកហើយ។ កុំភ្លេចថា មានសិស្សមួយចំ​នួនក្រីក្រ ជួបការលំបាក ខ្វះកន្លែងស្នាក់នៅ។

(៣) គ្មានស្ត្រីនៅថ្នាក់មធ្យមសិក្សា ក៏គ្មានស្ត្រីនៅថ្នាក់ឧត្តមសិក្សាដែរ

ពេលដែលយើងកសាងសាលា យើងត្រូវបន្ថែមទៅជាមួយនូវអន្តេវាសិកសម្រាប់ស្ត្រី នៅថ្នាក់មធ្យមសិក្សា។ បើគ្មានស្ត្រីនៅថ្នាក់មធ្យមសិក្សាទេ យើងក៏គ្មានស្ត្រីនៅថ្នាក់ឧត្តមសិក្សាដែរ។ ចំណុចនេះ ខ្ញុំចង់កាត់បន្ថយគំលាតរវាងអ្នកនៅតាមទីប្រជុំជន និងជនបទដាច់ស្រយាល តាមរយៈនៃការជំរុញឲ្យសិស្សស្ត្រីនៅជនបទ មានឱកាសសិក្សានៅវិទ្យាល័យដោយមានកន្លែងស្នាក់នៅ។ ធម្មតាទេ មាតាបិតាតែងព្រួយបារម្ភអំពីកូនស្រី ដូច្នេះ យើងក៏ត្រូវធ្វើរឿងនេះ។ ខ្ញុំបានធ្វើ ខ្ញុំមានពិសោធន៍ក្នុងការធ្វើ ក្នុងដំណើរជាង ៦០០០ គីឡូម៉ែត្រនេះ ទីកន្លែងដែលខ្ញុំធ្វើវិទ្យាល័យទាំងឡាយ គឺសុទ្ធតែមានអន្តេវាសិកសម្រាប់គ្រូផង និងសម្រាប់សិស្សផង ក្នុងហ្នឹងសិស្សជាស្ត្រីជាអាទិភាព។ ដូច្នេះជាមួយនឹងថវិការបស់រដ្ឋ យើងក៏ស្នើអំពាវនាវចំពោះសប្បុរសជននៅតាមទីកន្លែងនានា ចូលរួមក្នុងការធ្វើអន្តេវាសិក សម្រាប់សិស្សជាស្ត្រីនៅជនបទរបស់យើង ដើម្បីកាត់បន្ថយគំលាតរវាងទីក្រុងនិងជនបទ សម្រាប់ស្ត្រីរបស់យើង។

[បញ្ចប់សេចក្ដីអធិប្បាយ ៣]

៦. បន្តទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ អំពើហិង្សាលើស្ត្រី ពង្រីកវិសាលភាព និងគុណភាពនៃសេវា ឆ្លើយតបជាពហុវិស័យជួយជនរងគ្រោះ ការផ្តល់សេវាផ្នែកច្បាប់ដោយឥតគិតថ្លៃ និងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៤]

(៤) ហិង្សាក្នុងគ្រួសារមាននិន្នាការថយចុះ

ចំណុចនេះ យោងទៅតាមរបាយការណ៍បង្ហាញឲ្យឃើញថា អំពើហិង្សាមានការធ្លាក់ចុះ ក៏ប៉ុន្តែករណីធ្ងន់ធ្ងរមួយចំនួនក៏បានកើតឡើងក្នុងពេលនេះដែរ ដូចជាការបាញ់សម្លាប់ប្រពន្ធខ្លួនឯង ឬក៏ទម្រង់នៃអំពើហិង្សាធ្ងន់ធ្ងរ។ រឿងនេះគួរតែខិតខំលុបបំបាត់វា តាមរយៈនៃការធ្វើសកម្មភាពព្រមៗទាំងបុរស និងស្រ្តី។ យើងតែងនិយាយថា នៅពេលដែលរៀបការហើយ ភរិយាឆ្នាំអ្វីក៏វាក្លាយទៅជាឆ្នាំខ្លាដែរ។ ការពិតមិនដូច្នោះទេ បុរសនោះទេ ដែលក្លាយខ្លួនទៅជាសត្វខ្លានោះ និយាយឲ្យពិត។ កន្លងទៅតើមានស្ត្រីប៉ុន្មាននាក់ដែលលើកដៃវាយប្តីនោះ? ប៉ុន្តែបុរសវិញទេដែលលើកដៃវាយប្រពន្ធ … មានទាំងរឿងទៅទៀតថា ប្រពន្ធខ្ញុំឆ្នាំខ្លា មានរឿងទូរទស្សន៍បាយ័នថា «ប្រពន្ធខ្ញុំឆ្នាំខ្លា»។ ប៉ុន្តែខ្លាពិតប្រាកដគឺបុរសវិញទេ។ អញ្ចឹងហិង្សាកម្រណាស់ចេញពីស្រ្តី ប៉ុន្តែវាចេញពីបុរស។

(៥) បើទោះបីថាបែកបាក់គ្នា ស្ត្រីក្តីបុរសក្តី សូមកុំហែកហួរគ្នា

ទាមទារឱ្យធ្វើសកម្មភាពព្រមៗគ្នា ទាំងស្រ្តីនិងបុរស។ (ត្រូវមាន)ការគោរពគ្នាវាជាការចាំបាច់។ ប្តីប្រពន្ធចាំបាច់អីត្រូវវាយគ្នា។ ក្រោយមកនេះគឺដូចហាក់ជាស្ងប់ស្ងាត់បន្តិច។ មុននេះ មុនពេលមានការអំពាវនាវរបស់ខ្ញុំ នៅពេលដែលបុរសនឹងស្ត្រីលែងលះគ្នា និងបែកបាក់គ្នា ដោយជាប្តីប្រពន្ធក្តីជាសង្សារក្តី ហែកហួរគ្នានៅតាមហ្វេកប៊ុកមិនតិចទេ។ ក្រោយការអំពាវនាវរបស់ខ្ញុំ ការហែកហួរគ្នាតាមហ្វេកប៊ុកនេះត្រូវបានកាត់បន្ថយ។ អញ្ចឹង ខ្ញុំសុំអំពាវនាវសាជាថ្មីម្តងទៀតចំពោះស្ត្រីក្តីបុរសក្តី បើទោះបីថាខ្លួនបែកបាក់គ្នា មិនចង់រស់នៅមិនចុះសម្រុងគ្នា ហើយចែកផ្លូវគ្នាតែត្រូវទុកកិត្តិយសឱ្យកូន។ បើសិនជាយើងហែកកេរ្តិ៍គ្នាទៅវិញទៅមក តើកូនរបស់យើងថ្ងៃក្រោយវាយកមុខទៅទុកនៅឯណា? វានឹងកើតជាការអាម៉ាស់មួយសម្រាប់កូន ឬបើសិនជាគ្មានកូនទេ វានឹងកើតជាភាពអាម៉ាស់មួយសម្រាប់ក្រុមគ្រួសាររបស់យើងនិងខ្លួនយើង។

(៦) ហិង្សាក្នុងទំរង់បែបណាក៏ដោយត្រូវតែត្រូវបញ្ឈប់

គ្មាននរណាទទួលនូវផលប្រយោជន៍ នូវភាពអាម៉ាស់ក្រៅពីខ្លួនយើងដែលជាអ្នកវាយ(ប្រហារ)គ្នាទៅវិញទៅមកតាមហ្វេកប៊ុកនោះទេ។ ដូច្នេះសង្ឃឹមថា ទាំងស្រ្តីនិងបុរសនឹងធ្វើ(ពិចារណាលើ)ការណ៌នេះ។ ឥឡូវនេះវាមានគ្រប់ទម្រង់ហ្វេកប៊ុកក្តី TikTok ទៀត។ អញ្ចឹងទាស់គ្នានៅក្នុងហ្នឹងក៏ដាក់នៅក្នុងអា TikTok ទាស់គ្នានៅក្នុងហ្នឹងបង្ហោះចេញតាមហេ្វកប៊ុក។ ជួនកាលឡាយជេរគ្នាប្រមាថគ្នា។ តើយើងគួរដល់ដំណាក់កាលបញ្ចប់ទេ? យើងមិនអាចបន្ទោសតែម្ខាងជាខាងស្ត្រីឬខាងបុរសទេ ដូច្នេះយើងគួរតែទប់ស្កាត់ទៅលើរឿងនេះ។ អំពើហិង្សាទោះបីហិង្សាបែបណាក៏គួរតែត្រូវបញ្ឈប់។

(៧) អនុវត្តច្បាប់ មិនមែនមនោសញ្ចេតនាទេ ក្នុងការគ្រប់គ្រងរដ្ឋ

ក្នុងចំណុចនេះ ដោយសារថ្ងៃនេះគឺមានអគ្គរដ្ឋទូត មានប្រិយមិត្តបរទេសមួយចំនួនបានមកកាន់ទីនេះ (ខ្ញុំសូមលើកយកហេតុការណ៍មួយមកជំរាប)។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មិនចេះភាសាខ្មែរទេ (តែអាចស្វែងយលតាមរយៈការបកប្រែ)។ តើអស់លោក លោកស្រី មានបានដឹងទេថា នៅពេលដែលភរិយាខ្ញុំ និងខ្លួនខ្ញុំ ក៏ដូចជាក្រុមគ្រួសារទាំងមូលកំពុងតែសម្រក់ទឹកភ្នែកស្តាយប្អូនស្រី ដែលបានបាត់បង់ជីវិតដោយមិនបានលា ពួកគេបានចេញមកវាយប្រហារប្អូនស្រីរបស់ខ្ញុំ ភរិយាខ្ញុំនិងក្រុមគ្រួសារខ្ញុំ។ ប្រសិនបើឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត និងប្រិយមិត្តបរទេសជាខ្លួនខ្ញុំ ជាភរិយាខ្ញុំ តើអ្នកទាំងអស់គ្នាអាចទទួលបានទេ? ការគ្រប់គ្រងរដ្ឋ ខ្ញុំមិនផ្អែកលើបញ្ហាមនោសញ្ចេតនានោះទេ ក៏ប៉ុន្តែការអនុវត្តច្បាប់គឺត្រូវតែមាន។ អញ្ចឹងជួន​កាលអស់លោក ថា ហ៊ុន សែន ផ្តាច់ការ ហើយចូលចិត្តនិយាយតបតទៅជាមួយអ្នកនេះអ្នកនោះ។

(៨) មិនចុះហត្ថលេខាសុំលើកលែងទោសពួកអ្នកនយោបាយធ្វើកំហុសព្រហ្មទណ្ឌ

ប៉ុន្តែ ប្រសិនជាអស់លោក ឯកឧត្តម លោកជំទាវ អាចមើល(យល់)នូវអ្វីដែលជាការបកស្រាយរបស់គេ ដែល(ធ្វើការ)វាយប្រហារ(លើ)មនុស្សស្លាប់ (តើឯកឧត្តម លោកជំទាវ មានអារម្មណ៍យ៉ាងណា)។ មនុស្សស្លាប់ហើយហេតុអីបាយវាយប្រហារយ៉ាងដូច្នេះ? ដូច្នេះហើយបានជាខ្ញុំប្រកាសមិនចុះហត្ថលេខាណាទាំងអស់សម្រាប់ការលើកលែងទោសឱ្យពួកអ្នកធ្វើនយោបាយ ដែលអនុវត្តនូវគេហៅថា កំហុសព្រហ្មទណ្ឌ ខ្ញុំមិនលើកលែងឱ្យទេ។ ដោយសារវាអាក្រក់ជ្រុលហួស។ គ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួចទេ។ ប្រ​សិនបើខ្ញុំយោគយល់ ខ្ញុំមានតម្លៃស្មើនឹងតិរច្ឆាន។ ខ្ញុំមិនអាចធ្វើទេ។ សូមកុំស្រម៉ៃថា ហ៊ុន សែន នឹងប្រើប៊ិចរបស់ខ្លួនដើម្បីចុះហត្ថលេខា សុំការលើកលែងទោសឱ្យជននេះឬជននោះ។ នេះជាអាក្រក់ជួរជាតិ ហួសពីសត្វធាតុទៅទៀត។ បើសិនជាអ្នកទាំងអស់គ្នាជាខ្លួនខ្ញុំ ភរិយាខ្ញុំ តើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េច? មានផ្នែកខ្លះគេថា យើងអត់យល់គេ។ តែ តើគេបានយល់អ្នកណា? ហេតុអីបានគេទាមទារឲ្យយើងយល់គេ តែគេមិនយល់ពីយើង?

(៩) ជនបរទេសខ្លះ បែរជាការពារពួកប្រមាថទៅវិញ

បើដូច្នោះ ការកាន់អំណាច បើមិនប្រើអំណាចគឺមានន័យថាអត់កាន់អំណាចឬគ្មានអំណាច។ ដូចនេះ សូមកុំសង្ឃឹមថា ហ៊ុន សែន នឹងប្រើប៊ិចដើម្បីនឹងសុំការលើកលែងទោសឲ្យអ្នកណា ក្នុងករណីដែលអ្នកឯងធ្វើរបៀបនេះ។ នេះគឺជារឿងដែលចាំបាច់ ដែលខ្ញុំសូមប្រកាសនូវថ្ងៃនេះដើម្បីបញ្ជាក់។ ប្អូនស្រីរបស់ខ្ញុំ ប្អូនថ្លៃរបស់ខ្ញុំជាស្រី ប្រពន្ធខ្ញុំជាស្រី ហេតុអ្វីបានគេប្រមាថដល់កម្រិតប៉ុណ្ណឹង។ ជនបរទេសមួយចំនួនមកប្រមាថ មកនិយាយទៅដល់ក្រុមគ្រួសារខ្ញុំទៀត និយាយអំពីអ្វីដែលទាក់ទងជាមួយនឹងការប្រមាថរបស់គេ។ គេមិនបាននិយាយអំពីការប្រមាថទេ ប៉ុន្តែគេបែរជាការពារអាពួកប្រមាថទៅវិញ។ ខ្ញុំយល់គ្រប់គ្រាន់ហើយ។ សូមឲ្យគោរពសេចក្តីថ្លៃថ្នូររបស់ជនជាតិកម្ពុជាតែប៉ុណ្ណឹងបានហើយ។

[បញ្ចប់សេចក្ដីអធិប្បាយ ៤]

៧. បន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រីកវិសាលភាពកម្មវិធីមាតាបិតាភាព និងការអប់រំកូនតាមបែបវិជ្ជមាន និងពង្រីកវប្បធម៌អហិង្សា ព្រមទាំងកសាងគ្រួសារប្រកប​ដោយសុខដុមរមនា។

៨. បន្តអនុវត្តវិធានការគាំពារសង្គមប្រកបដោយបរិយាប័ន្ន តាមរយៈការពង្រីកវិសាលភាពអនុវត្តក្របខ័ណ្ឌជាតិគាំពារសង្គម ឱ្យដល់ក្រុមជនងាយគ្រោះ និងបាត់បង់ឱកាសផ្សេងៗក្នុងសង្គម ទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងគាំទ្រសុខុមាលភាពមាតា និងទារក ដើម្បីធានាបានលើការសម្រេចនូវការគ្របដណ្ដប់សុខភាពជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៥]

(១០) សំរេចផ្តល់ប្រាក់ឧបត្ថម្ភកម្មករនៅ ៧១ រោងចក្រដែលត្រូវបានព្យួរ

ចំណុចនេះ ខ្ញុំសុំបញ្ជូនសារទៅកាន់ស្រ្តីចំនួន ២៦ ០០០ នាក់ ក្នុងចំណោមកម្មករ/ការិនី ដែលកំពុងបាត់បង់ការងារធ្វើ ក្នុងចំណោមកម្មករចំនួន ៣២ ០០០ នាក់ … ម្សិលមិញនេះ ខ្ញុំបានចុះហត្ថលេខាពាក់ព័ន្ធទៅលើការផ្តល់ប្រាក់ឧបត្ថម្ភនៅក្នុងស្ថានភាពដែលរោងចក្រត្រូវបានព្យួរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានបញ្ជូនសំណើរទៅដល់ខ្ញុំ បន្ទាប់ពីមានអនុសាសន៍។ ដូច្នេះ ខ្ញុំបានសំរេចរួចហើយថា កម្មការិនីរបស់យើងទាំងនោះនឹងទទួលបាននូវប្រាក់(ប៉ះប៉ូវ)ដូចគ្នានឹងសម័យកូវីដ-១៩ ដែលរោងចក្រត្រូវព្យួរ។ ប៉ុន្តែ ខ្ញុំក៏ត្រូវតែជូនដំណឹងដែរ។ ក្នុងពេលដែលយើងបាត់បង់ការងារធ្វើនៅ ៧១ រោងចក្រដែលមានកម្មករ ៣២ ០០០ នាក់ ក្នុងហ្នឹងស្រ្តីមានចំនួន ២៦ ០០០ នាក់ នៅខេត្តកំពង់ស្ពឺបែរជាខ្វះកម្មករប្រមាណ ៣០ ០០០ នាក់ទៅវិញ។ ចំណុចនេះ ក៏សុំឲ្យក្រសួងការងារយកចិត្តទុកដាក់ជ្រើសរើសរបៀបម៉េចដើម្បីឲ្យស្រ្តីរបស់យើងអាចទទួលបាននូវផលប្រយោជន៍។

(១១) បង្កើនប្រាក់ឧបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះ ឆ្លងទន្លេ រហូតកូនអាយុដល់ ២ ឆ្នាំ

ជាមួយគ្នានេះដែរ ខ្ញុំក៏បានណែនាំឲ្យបង្កើននូវប្រាក់សម្រាប់ស្រ្តីមានផ្ទៃពោះ ឆ្លងទន្លេ រហូតកូនអាយុដល់ ២ ឆ្នាំ។ នេះជាកម្មវិធីដែលស្រ្តីទទួលបាន។ យើងខិតខំធ្វើយ៉ាងម៉េចឲ្យស្រ្តីរបស់យើងមានសុខភាពល្អ ហើយកូនដែលកើតឡើងនោះក៏វាមានសុខភាពល្អ តាមរយៈការដែលយើងជួយចំពោះជនក្រីក្រជួបការលំបាក។ សម្រាប់អ្នកមានគឺមិនចាំបាច់ទេ។ យើងក៏បានធ្វើកិច្ចការនេះ។ យើងប្រឹងធ្វើការងារនេះតទៅទៀត។ យើងអាចដោះស្រាយ ការងារធ្វើនិងការបណ្តុះបណ្តាលសម្រាប់ស្រ្តីរបស់យើង។ សង្ឃឹមថា ៨ មីនា មិនធ្វើតែមួយថ្ងៃទេ។ ហេតុអ្វីខ្ញុំរើសថ្ងៃ ៧ មិនធ្វើថ្ងៃ ៨ បើធ្វើថ្ងៃ ៨ ស្រ្តីមិនបានសម្រាក។ ឆ្លៀតពេលស្រ្តីបានសម្រាក យើងក៏សម្រាកទៅ។

(១២) រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងកិច្ចការនារីនៅអាណត្ដិក្រោយ នៅតែជាស្ដ្រី

ខ្ញុំសូមបញ្ជាក់ថាយើងត្រៀមបោះឆ្នោត ហើយរាជរដ្ឋាភិបាលថ្មី ត្រូវបង្កើតប្រហែលជាអាទិត្យទី ២ ឬអាទិត្យទី ៣ នៅខែកញ្ញា។ មនុស្សមួយចំនួនអាចនឹងចង់ដឹង(អំពីសមាសភាពគណៈរដ្ឋមន្ត្រីថ្មី)។ ខ្ញុំអាចនិយាយបានថា ស្រ្តីជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមិនត្រូវបានផ្លាស់ប្តូរទេ។ សូមបន្តការងារតទៅទៀត។ ខ្ញុំបានដឹកនាំរាជរដ្ឋាភិបាល ៣៨ ឆ្នាំ។ បើរាប់ទាំងក្របខណ្ឌរដ្ឋាភិបាល មានរយៈពេលជាង ៤៤ ឆ្នាំ។ ខ្ញុំមានមោទនភាពចំពោះរដ្ឋមន្ដ្រីក្រសួងកិច្ចការនារីដែលបានធ្វើកិច្ចការដ៏ល្អ។ ខ្ញុំសូមអរគុណដល់ស្ដ្រីទាំងឡាយនៅទូទាំងកម្ពុជា។

(១៣) ការស្ទង់មតិ ៣ ដងចុងក្រោយ ក្នុងចំណោម អ្នកចូលចិត្ត ហ៊ុន សែន ស្ដ្រីមានអត្រាខ្ពស់ជាងបុរស

ខ្ញុំចង់ទម្លាយនូវអាថ៌កំបាំងមួយអំពីការធ្វើការស្ទង់មតិជាញឹកញាប់។ និយាយពីការស្ទង់មតិ៣ ដងចុងក្រោយ គឺខែមករា ២០២២, តុលា ២០២២ និងខែមករា ២០២៣ (ក្នុងចំណោម)អ្នកចូលចិត្ត ហ៊ុន សែន ស្ដ្រីមានអត្រាខ្ពស់ជាងបុរសឆ្ងាយ។ សូមអរគុណស្ដ្រីទាំងឡាយដែលបានគាំទ្រ(ខ្ញុំ)។ អត្រាគាំទ្រនេះគឺជាសំលេង/សន្លឹកឆ្នោត។ (ការស្ទង់មតិនេះ)តែងតែ(ត្រូវបាន)ធ្វើ ហើយមិនមែនជនជាតិខ្មែរជាអ្នកធ្វើទេ។ យើងមានក្រុមឯកទេសមកពីក្រៅប្រទេស(ធ្វើកិច្ចការនេះ)។ ការគាំទ្រអាចមានខ្ពស់មានទាប(តាម)តំបន់ ប៉ុន្ដែទោះបីខ្ពស់ ទោះបីទាបយ៉ាងណា ទីកន្លែងណាក៏ដោយអត្រាពេញចិត្ត ហ៊ុន សែន គឺស្ដ្រីមានច្រើនជាងបុរស។ ខ្ញុំកំពុងស្រាវជ្រាវថាហេតុអ្វីបានជាស្រីគាំទ្រ ហ៊ុន សែន? (ពិតជាមិនមែន)ដោយភាពសង្ហាអីទេ។

(១៤) ស្ដ្រីទទួលផលប្រយោជន៍ច្រើនពីសុខសន្ដិភាពនិងការអភិវឌ្ឍ

ប្រហែលដោយសារតែស្ដ្រីអាចទទួលផលប្រយោជន៍ច្រើនពីសុខសន្ដិភាពនិងការអភិវឌ្ឍ ដែលខ្ញុំបានដឹកនាំក្នុងរយៈពេលកន្លងទៅ។ នៅក្នុងពេលសង្គ្រាម ស្ដ្រីរបស់យើងឈឺចាប់ជាងគេទោះបីស្ដ្រីមិនបានចូលរួមប្រយុទ្ធនៅក្នុងសមរភូមិក៏ដោយ។ មិនត្រូវភ្លេចថាស្ដ្រីបានលះបង់ប្ដីសី កូន បងប្រុង ប្អូន ឲ្យទៅធ្វើកងទ័ព។ ស្ដ្រីបានរងទុក្ខវេទនាច្រើន ដោយសារសង្គ្រាម។ ដូច្នេះ បន្ទាប់ពីសង្គ្រាមស្ដ្រីទទួលផលប្រយោជន៍យ៉ាងធំ … គ្រប់ទីកន្លែងទាំងអស់ មានតាំងពីតំបន់ឆ្នេរ តំបន់ទីក្រុង តំបន់ទន្លេសាប និងតំបន់ផ្សេង ខ្ញុំបាន(អោយ)ពិនិត្យសិក្សា។ រឿងនេះ ឯកសារមាននៅសម្ដេច ពិជ័យ សេនា និង លោកជំទាវ ម៉ែន សំអន។ ការសិក្សាជាភាសាអង់គ្លេស តែយើងបានបកប្រែ។ ប៉ុន្ដែខ្ញុំមិនផ្សព្វផ្សាយវាទេ។ (ជាថ្មីទៀត) ខ្ញុំអរគុណណាស់ដែលស្ដ្រីបានគាំទ្រ ខ្ញុំមានចំនួនច្រើនលើសលប់មានចំនួនច្រើនជាងបុរស។

(១៥) សំណាបយោងដីស្រីយោងប្រុស, ជួយស្ត្រីគឺជួយខ្លួនឯង

អរគុណជាថ្មីម្ដងទៀតចំពោះស្ដ្រី ហើយខ្ញុំក៏មិនភ្លេចអរគុណចំពោះភរិយាខ្ញុំ។ បើទោះបីគាត់មិនបានមកទីនេះដោយសារការវាយប្រហារធ្ងន់ធ្ងរបន្ទាប់ពីប្អូនស្រីត្រូវបាត់បង់ជីវិត ក៏ប៉ុន្ដែអ្វីដែលខ្ញុំមាននៅថ្ងៃនេះ មិនអាចអត់មានការយិតយោងពីភរិយាខ្ញុំបានទេ។ ពាក្យខ្មែរថាសំណាបយោងដីស្រីយោងប្រុស គឺជារឿងពិត។ ប្រសិនបើខ្ញុំមិនមានភរិយាប្រកបដោយគុណធម៌និងលក្ខណៈសម្បត្ដិយ៉ាងដូច្នេះ ប្រហែលជាខ្ញុំបាត់បង់ការគាំទ្រ ហើយកូនចៅរបស់ខ្ញុំក៏អាចបាត់បង់នូវការគាំទ្រដែរ។ ប៉ុន្ដែគាត់បានធ្វើកិច្ចការរបស់គាត់។ ត្រង់នេះហើយដែលខ្ញុំនិយាយថាជួយស្ដ្រីគឺជួយខ្លួនឯង។ បើប្រពន្ធយើង បងស្រីយើង ប្អូនស្រីយើង កូនស្រីយើង ចៅស្រីយើងមានការចេះដឹងវាជាភព្វសំណាងរបស់យើងជាប្ដី បង ប្អូន ជាឪពុក ជាជីតា។ នោះវាបានមកអំពីការដែលយើងវិនិយោគកាន់តែច្រើនសម្រាប់ស្ដ្រីដែលយើងនឹងទទួលផល។

(១៦) ស្ត្រីទី១ កម្ពុជា ដួសបាយអោយប្តី, ការយិតយោងគ្នា

ភរិយាខ្ញុំ ទោះបីថាយ៉ាងណាក៏ដោយគាត់មិនដែលឲ្យខ្ញុំដួសបាយទេ ខ្ញុំនិយាយមួយបែប បើកចំហរក្នុងគ្រួសារបន្ដិចទៅចុះ។និយាយអញ្ចឹងថាខ្ញុំជាមនុស្សប្រើតែប្រពន្ធឬ?ម៉េចមិនចេះដួសបាយឯងខ្លួនឯង? ប៉ុន្ដែភរិយាខ្ញុំមានទម្លាប់មួយគឺមិនឲ្យប្ដីដួសបាយទេ គាត់តែងដួសបាយឲ្យខ្ញុំ នៅពេលដែលខ្ញុំទទួលទានទៅអស់មួយចាន ចង់ថែមទៀត គាត់សុខចិត្តដើរវៀងទៅដួសបាយឲ្យខ្ញុំ ខ្ញុំក៏ទៅដណ្ដើមដួស។ នេះគឺជាចំណុចនៃការយិតយោងគ្នា។ ខ្ញុំមិនបានប្រើគាត់ទេ ហើយមិនមែនមានន័យថាខ្ញុំមិនចេះដួសបាយទេ។ ពេលដែលគាត់មិននៅ ខ្ញុំក៏ដួសបានខ្លួនឯងដែរ។ ប៉ុន្ដែពេលនៅជាមួយគ្នា គាត់មិនដែលឲ្យខ្ញុំដួសបាយទេ។ ស្ដ្រីទី ១ របស់កម្ពុជាដួសបាយឲ្យប្ដី។ អញ្ចឹងទេ តើស្ដ្រីដទៃទៀតអាចដួសបាយឲ្យប្ដីទេ។ បុរសៗ ដែលជាប្ដីនៅពេលដែលឃើញថាគេដួសបាយឲ្យ (ក៏កុំ)គិតតែពីប្រើគេ។ ប្រសិនបើយើងប្រុសដួសបាយឲ្យប្រពន្ធទទួលទានគឺកាន់តែល្អអត់អីទេ ជាពិសេសថ្ងៃនឹងតែម្ដង ថ្ងៃ ៨ មីនា នឹង។

​[បញ្ចប់សេចក្ដីអធិប្បាយ ៥]

ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាជនគ្រប់រូបសូមចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នងការពង្រឹងសមភាពយេនឌ័រ ដើម្បីបង្កឱកាសឱ្យស្ត្រី និងក្មេងស្រីបានចូលរួមយ៉ាងពេញលេញព្រមទាំងទទួលនូវ ភាគផលពីកិច្ចអភិវឌ្ឍនៅគ្រប់ជំនាន់។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរសម្ដេច លោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី ក្មួយៗនិស្សិត បងប្អូនជនរួមជាតិ និងភ្ញៀវជាតិ-អន្តរជាតិ សូមប្រកបដោយ ពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈសុខៈពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត។ សូមអរគុណ និងសូមរីករាយទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៣ ទាំងអស់គា្ន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ