ចាប់ពីនេះទៅ សម្រាប់ស៊ីហ្គេម ២០២៣ យើងនៅសល់ ៦៧ ថ្ងៃទៀត គឺ(ដល់)ថ្ងៃដែលយើងទន្ទឹងរង់ចាំ បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេល ៦៤ ឆ្នាំរួចមកហើយ។ ប៉ុន្ដែ ពេលនេះ យើងសល់តែ ៦៧ ថ្ងៃ តែប៉ុណ្ណោះ។ សូមទាំងអស់គ្នាអបអរសាទរ។
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី (ក៏ដូចជា) ជ័យលាភី ដែលទទួលវិញ្ញាបនបត្រ/សញ្ញាបត្រនៅថ្ងៃនេះ ជាទីស្រឡាញ់!
ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់
ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានត្រឡប់មក(សាជាថ្មីម្ដងទៀត) ដើម្បីជួបជុំជាមួយនឹងនិស្សិតជ័យលាភីរបស់យើងនៅថ្ងៃនេះ ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់ម្គាល់ ដូចដែល ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍អំបាញ់មិញ ទាក់ទងនឹងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ឯកឧត្តម អ៊ិត សំហេង បានរំលឹកទៅដល់ឆ្នាំ ១៩៩៦ ពេលដែលខ្ញុំទៅចែកជូនសញ្ញាបត្រនៅពេលនោះគឺសិស្សមានត្រឹមតែជាង ២០០ នាក់ តែប៉ុណ្ណោះ ហើយពិបាកនឹង(រក)ការងារធ្វើទៀតផង ហេតុអីបានជាដំណាក់កាលនោះវាស្ថិតក្នុង(ស្ថានភាព)បែបនេះ? សង្គ្រាមមិនទាន់បានបញ្ចប់ទេ ជាមួយនឹងការវិនិយោគនៅតិចតួចណាស់ ដូច្នេះ ការបណ្ដុះបណ្ដាលនៅទីនោះស្ទើរតែគ្មានសិស្សតែម្ដង ដោយសារតែការដោះស្រាយការងារធ្វើ គឺជួបការលំបាក ដោយយើងមិនមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់ស្រូបយកអ្នកដែលបានបណ្ដុះបណ្ដាលនៅទីនោះ។
ជំនាន់មុនមានគ្រឿងយន្ដ តែគ្មានអ្នកបច្ចេកទេស
ខ្ញុំនៅចាំថា បងប្អូននៅទីនោះសំណូមពរ ដើម្បីឱ្យបានការងារធ្វើនៅទីកន្លែងនេះ/នោះ។ ខ្ញុំបានយល់ដឹងច្បាស់ពីបញ្ហានៅកន្លែងនេះ ទាក់ទិននឹងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដែលរឿងនេះខ្ញុំបានដឹកនាំកំណែទម្រង់ចាប់តាំងពីឆ្នាំ ១៩៨៥ រហូតមក។ ខ្ញុំបានចុះទៅតាមបណ្ដាខេត្ត ពេលនោះខេត្តក្រចេះមានការតឹងតែង ដោយមិនព្រមជាមួយបញ្ហាកំណែទម្រង់។ ដីធ្លីក៏មិនព្រមធ្វើ(ធ្វើកំណែទម្រង់)។ ខេត្តក្រចេះពេលនោះផលិតជាកាណូត។ កាណូតនៅប្រទេសរបស់យើងមិនសូវធ្វើពីដែកទេ គឺធ្វើពីឈើ ឯកឧត្តម ញ៉ែម ហេង ប្រហែលជាកំពុងនៅមើល គាត់មិនទាន់ទៅណាទេ ពេលនោះគាត់ធ្វើជាប្រធានគណបក្សខេត្ត ឯកឧត្តម ថឹក ទ្រឹងវុត្ថា ធ្វើអភិបាលខេត្ត គាត់នាំខ្ញុំដើរ តែខ្ញុំបាននាំគាត់ដើរវិញ ខ្ញុំថាឱ្យតម្រង់ទិស នៃការបណ្ដុះបណ្ដាល សម្រាប់ឆ្ពោះទៅរកការធ្វើសិប្បកម្មទាក់ទងនឹងការធ្វើទូក/កាណូត ដែលជាមូលដ្ឋានយើងផលិតនៅខេត្តក្រចេះ ដើម្បីផ្គត់ផ្គង់ទៅខេត្តដទៃ ហើយក្នុងវិស័យនោះក៏ទាក់ទាញការចាប់អារម្មណ៍ ទាក់ទងនឹងបញ្ហាការបណ្ដុះបណ្ដាលបច្ចេកទេស ទាក់ទងនឹងគ្រឿងយន្ដកសិកម្ម ឯកឧត្តម ញ៉ែម ហេង (និយាយ)ថា ខ្ញុំមិនចង់ឃើញពួកអាអស់ហ្នឹង។ ខ្ញុំមិនបង្ហាញការមិនយល់របស់ខ្ញុំនូវអ្វីដែលគាត់និយាយ។ ក្រោយមក ប្រហែលជាអ្នកទាំងអស់គ្នានៅទីនេះមានមួយចំនួនចាំបាន (យើងមាន)ត្រាក់ទ័រភ្ជួររាប់រយគ្រឿង ហើយ(យើង)ដាក់ត្រាក់ទ័រភ្ជួររាស់ជូន(ប្រជាពលរដ្ឋ)ទៅតាមខេត្ត តែយើងបែរជាគ្មានអ្នកបច្ចេកទេស សម្រាប់បម្រើឱ្យការជួសជុលគ្រឿងយន្ដកសិកម្មនោះទៅទៀត។ សូម្បីការបណ្ដុះបណ្ដាលទៅលើបញ្ហានេះ គឺអត់មាន។ មានគ្រឿងយន្ដសម្រាប់កសិករ ប៉ុន្ដែ ពេលបើកទៅខូច អ្នកបើក គឺអត់ចេះធ្វើ។ ចេះតែបើក/ភ្ជួរ។ អញ្ចឹងទេ បានក្រោយមកយើងតម្រង់ទិសបណ្ដើរៗ។
ការបណ្ដុះបណ្ដាលបច្ចេកទេសមានតាំងពីឆ្នាំ ១៩៥៨ ក្រោយព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ
ប្រសិនបើយើងពិនិត្យមើលនៅទីនេះ យើងឃើញថា បច្ចេកទេសនេះត្រូវបានបង្កើតឡើងតាំងឆ្នាំ ១៩៥៨ តើពេលនោះអ្នកណាជាអ្នកដឹកនាំ? គឺព្រះបរមរតនកោដ្ឋ។ ព្រះអង្គជាព្រះមហាក្សត្រចាប់តាំងពីឆ្នាំ ១៩៤១-៥៥ ព្រះអង្គរាជ្យ(សម្បត្តិ) ហើយ(ព្រះអង្គបាន)ថ្វាយរាជ្យសម្បត្ដិទៅព្រះបិតារបស់ព្រះអង្គ គឺព្រះបាទសុរាម្រិត។ នេះយោងតាមការចងចាំ និងការស្រាវជ្រាវប្រវត្ដិសាស្ដ្ររបស់យើង គឺវាដូច្នេះ។ ព្រះករុណាបិតា ក៏បានបង្កើតសង្គមរាស្ដ្រនិយម។ សង្គមរាស្ដ្រនិយមហ្នឹងហើយ ដែលចូលរួមការបោះឆ្នោតឈ្នះភ្លូកទឹក/ដី តាមរយៈនោះព្រះអង្គកាន់តួនាទីជានាយករដ្ឋមន្ដ្រី។ អញ្ចឹង សូមកុំភ្លេចថា ប្រទេសរបស់យើងនៅក្នុងដំណាក់កាលនោះ គឺមិនមែនព្រះករុណា(ព្រះបរមរតនកោដ្ឋ)ជាព្រះមហាក្សត្រទេ ព្រះករុណា(ព្រះបរមរតនកោដ្ឋ)ជាព្រះមហាក្សត្រសោយរាជ្យពីឆ្នាំ ១៩៤១-៥៥។ (ឆ្នាំ)១៩៥៥ ព្រះករុណា(ព្រះបរមរតនកោដ្ឋ) ដាក់រាជ្យថ្វាយទៅព្រះបិតារបស់ព្រះអង្គ ហើយឆ្នាំ ១៩៦០ ព្រះបិតារបស់ព្រះអង្គសោយទិវង្គត។ អញ្ចឹង ក្នុងឆ្នាំ ១៩៦០-៧០ ប្រទេសកម្ពុជាមានឈ្មោះព្រះរាជាណាចក្រកម្ពុជា តែគ្មានព្រះមហាក្សត្រទេ តែមានព្រះប្រមុខរដ្ឋ ដោយមានការកែប្រែរដ្ឋធម្មនុញ្ញដោយថ្វាយព្រះរាជតួនាទីទៅព្រះករុណាបិតាក្លាយជាប្រមុខរដ្ឋអស់មួយជីវិត។ ត្រង់ហ្នឹងហើយដែលទាក់ទងនឹងរដ្ឋប្រហារខុសច្បាប់នោះឯង ដោយសាររដ្ឋធម្មនុញ្ញបានចែង(យ៉ាងដូច្នេះ)។ នេះគ្រាន់តែជាការឱ្យដឹងពីប្រវត្ដិ នៃប្រទេសរបស់យើង គឺព្រះរាជាណាចក្រកម្ពុជា មិនមានព្រះមហាក្សត្រទេ តែមានប្រមុខរដ្ឋ។
ប្រសិនបើគ្មានសង្គ្រាមឆ្នាំ ១៩៧០ មកដល់ពេលនេះ តើប្រទេសរបស់យើងរីកចម្រើនដល់ណាហើយ?
ខ្ញុំចង់វិលត្រឡប់មកវិញ ការគិតគូរអំពីបច្ចេកទេសនេះមិនមែនទើបមានក្រោយនេះទេ គឺព្រះករុណា(ព្រះបរមរតនកោដ្ឋ) បានយកទឹកព្រះទ័យទុកដាក់តាំងពីព្រះអង្គដឹកនាំនៅក្នុងចុងទសវត្សរ៍ ៥០ (ដោយព្រះអង្គ)បានបង្កើតនូវវិទ្យាស្ថានបច្ចេកវិទ្យារួចមកហើយ ដែលពេលនោះហៅថា (សាលា)បច្ចេកទេសព្រះកុសុមៈ សំដៅសំខាន់ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសនេះឯង។ អញ្ចឹង បានយើងឃើញតាមរយៈខ្សែភាពយន្តនានា អ្នកបច្ចេកទេសរបស់យើងក៏មានការ(កើន)ឡើងនៅក្នុងដំណាក់កាលនោះ ក៏ប៉ុន្តែ សង្គ្រាមវាបានបំផ្លាញនូវការរីកលូតលាស់ខាងបច្ចេកទេស រហូតដល់របប ប៉ុល ពត អាហ្នឹង គឺលេងខ្ទេចតែម្តង។ អញ្ចឹង ចំណុចនេះយើងចោទចេញជាសំណួរថា ប្រសិនបើប្រទេសយើងមិនកើតសង្គ្រាមឆ្នាំ ១៩៧០ តើប្រទេសរបស់យើងបានដើរទៅដល់ណាហើយ? ពេលនោះកម្ពុជាមានប្រាក់ចំណូលរហូតទៅដល់ជាង ២០០ ដុល្លារ/ម្នាក់ ក្នុងពេលដែលកូរ៉េខាងត្បូងមាន(ប្រាក់ចំណូល)ត្រឹមតែ ៧៨ ដុល្លារ/ម្នាក់ទេ កម្ពុជា(ដើរ)លឿនជាងកូរ៉េខាងត្បូងទៅទៀត ក៏ប៉ុន្តែ ពេលនេះកូរ៉េខាងត្បូងគេទៅឆ្ងាយហើយ (ចំណែក)ឯងនៅខាងក្រោយ ដោយសារកំហុសមេដឹកនាំសម្រេចចិត្តធ្វើរដ្ឋប្រហារ។ បន្ទាប់ទៅ គឺរបប ប៉ុល ពត។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានរៀបចំឱ្យមានការបណ្ដុះបណ្ដាលឡើងវិញគ្រប់វិស័យ
ឥឡូវ វិលត្រឡប់មកដល់យើងនៅឯណេះវិញ ក្រោយថ្ងៃរំដោះ (៧ មករា ១៩៧៩) យើងក៏ចាប់ផ្តើមរៀបចំឱ្យមានការបណ្តុះបណ្តាល ក៏ប៉ុន្តែ ការបណ្តុះបណ្តាលរបស់យើងទៅមុខមិនលឿន ដោយសារកត្តាទីផ្សារនោះឯង។ ខ្ញុំនៅចាំ(បានថា) ឆ្នាំ ១៩៩៦ គឺទៅ(ទី)នោះ(សាលាបច្ចេកទេសព្រះកុសុមៈ) ហើយកន្លែងបណ្តុះបណ្តាលរបស់យើងក៏មិនព្យាបាលដែរ។ អាផ្លូវទៅពោធិ៍ចិនតុង (សាលាបច្ចេកទេសព្រះកុសុមៈ)នៅស្តាំដៃ កន្លែងហ្នឹងពីដើម(ជាកន្លែង)គេទាយលេខឡាន ឱ្យតែយើងទៅផុតអញ្ចឹងទៅ លឺសូរហ៊ោខាងក្រោយ (ព្រោះ)ពួកគាត់ចាក់លេខឡាន។ កន្លែងហ្នឹងកាលពីជំនាន់នោះអត់មានផ្ទះទេ ឥឡូវ ផ្ទះជាប់ពីហ្នឹងទៅដល់ពោធិ៍ចិនតុង ពីដើមពោធិ៍ចិនតុង(ស្ថិត)នៅក្នុងខេត្តកណ្តាល។ អញ្ចឹង ពេលដែលយើងបណ្តុះបណ្តាលដែលខ្វះនូវទីផ្សារការងារ វាមិនទទួលជោគជ័យទេ។ ក្រោយមកប្រទេសរបស់យើងកើន(អ្នកបច្ចេកទេស)បន្តិចម្តងៗ។
ផ្ដួចផ្តើមគំនិតបង្កើតក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយបំបែកចេញពីក្រសួងអប់រំ
ខ្ញុំនៅចាំ(បាន)ថា ការផ្តើមគំនិតរៀបចំបង្កើតនូវក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេលនោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គធ្វើជាប្រធានរដ្ឋសភា ឯខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ហើយថ្ងៃដែលឯកភាពគ្នា បង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺជាថ្ងៃការកូនរបស់ខ្ញុំ។ ពេលហ្នឹងខ្ញុំយាង សម្តេចក្រុមព្រះ និងព្រះអង្គម្ចាស់ក្សត្រី ម៉ារី ចូលរួមអាពាហ៍ពិពាហ៍ ក៏ជជែកគ្នាអំពីការបង្កើត(ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)នេះ។ ពីដើមវិទ្យាស្ថានខាងបណ្តុះបណ្តាលវិជ្ជាជីវៈ(ស្ថិត)នៅក្នុងក្រសួងអប់រំ។ អញ្ចឹង ទំហំការងារ នៃក្រសួងអប់រំពេលនោះពិបាកគ្របដណ្តប់ទៅលើផ្នែកនេះ។ ដូចអ្វីដែលធ្លាប់កើតនៅក្រសួងកសិកម្ម ដែលយើងមិនអាចរីកលូតលាស់ខាងផ្នែកទាក់ទិនជាមួយនឹងរឿងធនធានទឹក អញ្ចឹង បានឆ្នាំ ១៩៩៨ បង្កើតក្រសួងធនធានទឹកឡើង ជាមួយនឹងក្រសួងដែនដី នគរូបនីយកម្ម។ មិនទុកឱ្យក្រសួងដែនដី នគរូបនីយកម្ម នៅក្រោមក្រសួងណាមួយ(នោះទេ) គឺទៅមិនរួច។ ក្រោយមកបានយើងបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយទៀត ដែលយកផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈចេញពីក្រសួងអប់រំ ប្រគល់ឱ្យក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈនេះ។
គ្មានសន្តិភាព ស្ថិរភាពនយោបាយ ធនធានមនុស្ស មិនអាចទាក់ទាញវិនិយោគិនបានទេ
ឥឡូវនេះ ក្រសួងនេះបានរីកធំធាត់ ដែលថ្ងៃនេះយើងចែកសញ្ញាបត្ររហូតទៅដល់ ៥ ៤៥៥ នាក់ សុទ្ធតែជាអ្នកបច្ចេកទេស។ ឥឡូវនេះ តម្រូវការបញ្ហាបច្ចេកទេសកាន់តែធំ/ខ្លាំង ព្រោះតម្រូវការមួយផ្នែកក្នុងស្រុកកំពុងមានស្រាប់ ប៉ុន្តែ មួយផ្នែកទៀត (គឺ)ការទាក់ទាញវិនិយោគ ដើម្បីឱ្យមកកាន់ទីនេះ ប្រសិនបើយើងគ្មានធនធានមនុស្សគ្រប់គ្រាន់ផ្តល់ឱ្យគេទេ យើងមិនអាចទទួលបានជោគជ័យក្នុងការទាក់ទាញវិនិយោគិនមកទេ។ ត្រូវចាំឱ្យច្បាស់ មិនមែនដាក់ចេញថាដោះស្រាយគោលដៅការងារប៉ុណ្ណេះ/ប៉ុណ្ណោះ ដោយមិនផ្សារភ្ជាប់នឹងខ្សែសង្វាក់នៃការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ដែលមានលក្ខណៈជាពហុវិស័យ (និង/ឬ)ជាក្របខណ្ឌម៉ាក្រូរបស់វា ដូចជាបរិបទគ្របដណ្តប់ស្តីអំពីបញ្ហាសន្តិភាព ដែលវាជាកត្តាធានាឱ្យច្បាស់/គ្រប់ ដើម្បីការអភិវឌ្ឍនោះទេ។ គ្មានប្រទេសណាទៅវិនិយោគ ជាមួយនឹងប្រទេសដែលគ្មានសន្តិភាព គ្មានស្ថិរភាពនយោបាយ(នោះ)ទេ (គឺ)អត់ទេ។
កម្ពុជាក៏ជាហត្ថលេខីក្នុងកិច្ចព្រមព្រៀង នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
មួយផ្នែកទៀតគេក៏ត្រូវមើលលំហូរ ស្តីអំពីបញ្ហាទីផ្សារនៅខាងក្រៅ។ ល្ងាចស្អែកនេះ ខ្ញុំនឹងជួបក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ខ្ញុំក៏នឹងប្រាប់ពួកគេថា កុំមើលប្រទេសកម្ពុជាត្រឹមកម្ពុជាទេ ត្រូវមើលកម្ពុជាឱ្យហួសពីកម្ពុជា ដោយកម្ពុជាមានកិច្ចព្រមព្រៀងក្នុងក្របខណ្ឌអាស៊ាន ដែលហៅថា AFTA នោះ។ កម្ពុជាក៏ជាហត្ថលេខីក្នុងកិច្ចព្រមព្រៀងនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលហៅហាត់ថា AFTA។ កម្ពុជា គឺជាដៃគូពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន, រវាងកម្ពុជា និងកូរ៉េខាងត្បូង ហើយនៅមិនយូរប៉ុន្មានទេ យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និង Arab Emirates យើងក៏កំពុងតែរៀបចំខ្លួន ដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួនទៀត ហើយអាស៊ានក៏កំពុងតែធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ានជាមួយនឹងសហភាពអឺរ៉ុប។ យើងនៅមានទីផ្សារដទៃទៀត ដែលយើងអាចទៅរួច។ ដូច្នេះ មិនមែនគ្រាន់ជាបញ្ហាដាច់ដោយឡែករបស់ទីផ្សារកម្ពុជាទេ ដែលមានមនុស្ស ១៧ លាននាក់នោះទេ យើងមានមនុស្សដែលយើងត្រូវប្រកួតប្រជែង និងចូលទៅកាន់ទីផ្សារ នៃមនុស្សរាប់ពាន់/លាននាក់ ដែលយើងត្រូវឃើញ ដូច្នេះ ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនេះ កាន់តែមានតម្រូវការកាន់តែធំ។
ស្នើក្រសួងវប្បធម៌ពិភាក្សាជាមួយក្រសួងការងារ ទៅលើកង្វះទីតាំងបណ្ដុះបណ្ដាលវិជ្ជាជីវៈដូនតា
ដូច្នេះហើយបានជារាជរដ្ឋាភិបាល បានចេញនូវគោលដៅប្រគល់ឱ្យអស់លោកចាត់ចែង ដើម្បីឱ្យទទួលការបណ្ដុះបណ្ដាលនូវយុវជន/នារីក្រីក្រ ចំនួន ១ លាន ៥ សែននាក់ ដែលបន្ទុកនេះនឹងធ្លាក់ភាគច្រើនមកក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ខ្ញុំក៏បានបញ្ជាក់ថ្ងៃមុនហើយ(ដែរ) វិជ្ជាជីវៈដូនតាក៏ត្រូវបានទទួលការបណ្តុះបណ្តាល ដែលនឹងដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយធ្វើការសម្របសម្រួលជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីមូលដ្ឋាននៃការបណ្តុះបណ្តាល ព្រោះប្រហែលជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាចមានលទ្ធភាពទៅលើទីតាំងមួយចំនួន ដូចជានៅទីក្រុងភ្នំពេញ/សៀមរាប ប៉ុន្តែ នៅខេត្តមួយចំនួនទៀត ប្រហែលជាក្រសួងខ្វះ(ទីតាំង)។ បើក្រសួង(វប្បធម៌)ខ្វះ(ទីតាំង) សូមពឹងពាក់ទៅលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្នុងហ្នឹង ឯកឧត្តម អ៊ិត សំហេង ក៏បានលើកឡើងទាក់ទិនជាមួយនឹងការផ្តល់របស់ខ្ញុំ ទៅលើសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅឯខេត្តព្រះសីហនុ ព្រោះអញ្ចេះ ខ្ញុំមិនទៅចូលមើលសាលា? សាលារៀនចំណេះទូទៅ និងវិទ្យាល័យ វាគាប់ជួនអីសាលាបណ្តុះបណ្តាលវិជ្ជាជីវៈវានៅ(ទី)ហ្នឹងដែរ បើយើងឱ្យតែខាងក្រសួងអប់រំ អត់ឱ្យខាងនេះ គឺវាអត់ត្រូវ។ អញ្ចឹងទេ អាហ្នឹងដូច ៣ ជាន់ដែរ មានទាំងកន្លែងរៀន/ស្នាក់នៅរបស់សិស្ស។ យើងមានមូលដ្ឋាននៅភ្នំពេញផង/តាមខេត្តនានាផងដែរ ដើម្បីទទួលបានការបណ្តុះបណ្តាល។
អ្នកមានជំនាញបច្ចេកទេសវិជ្ជាជីវៈ កំពុងតែត្រូវប៉ាន់/៩៩ ភាគរយ នៃភូមិនៅទូទាំងប្រទេសមានអគ្គិសនីប្រើ
ឥឡូវ បច្ចេកទេស នៃការបណ្តុះបណ្តាលហ្នឹង គេហៅថា បច្ចេកទេសត្រូវប៉ាន់។ យើងពិនិត្យមើលទាក់ទិននឹងកម្រិតបរិញ្ញាបត្ររង (ចំនួន) ១ ៣៨៣ នាក់ ក្នុងហ្នឹងមានសំណង់ស៊ីវិល (ចំនួន) ៤៦៦ នាក់។ អគ្គិសនី (ចំនួន) ៦៩៦ នាក់។ ព័ត៌មានវិទ្យា (ចំនួន) ១៦ នាក់។ បរិក្ខារត្រជាក់ (ចំនួន) ៥ នាក់។ គ្រាន់តែរឿងនេះ ខ្ញុំនិយាយត្រង់(ទៅចុះ)ថា អគ្គិសនី/បរិក្ខារត្រជាក់ តិចៗដាច់ភ្លើង (ដូច្នេះវាធ្វើឱ្យខូច) ហើយអ្នកបច្ចេកទេសខាងអគ្គិសនីគេទៅធ្វើ ប៉ុន្តែ អគ្គិសនីហ្នឹងមកពីណា? (គឺគេ)ក៏ត្រូវបានទទួលការបណ្តុះបណ្តាលចេញពីកន្លែងយើង (ដើម្បី)ទៅរកការងារធ្វើ។ ឧទាហរណ៍ថា ម៉ាស៊ីនត្រជាក់នេះដាច់អស់ យើងមិនអង្គុយនៅក្តៅនៅហ្នឹង? អញ្ចឹង វាមានតម្រូវការ(អ្នកបច្ចេកទេស ដើម្បីជួសជុល)។
សម័យបក់ផ្លិត វាបានទៅឆ្ងាយកាន់តែឆ្ងាយហើយ។ សូម្បីតែប្រជាជននៅជនបទក៏គាត់ប្រើអគ្គិសនី គាត់ក៏មានកង្ហារដាក់ ដើម្បីគាត់សម្រាកលក់ដែរ មានតិចណាស់ដែលគ្មាន(អគ្គិសនីប្រើ)។ ឥឡូវនេះ ៩៩% នៃភូមិដែល យើងមានអគ្គិសនីភ្ជាប់ទៅឱ្យពួកគាត់ អញ្ចឹង ពួកគាត់អាចនឹងប្រើប្រាស់អស់ហ្នឹង។ នៅមានម៉ាស៊ីនត្រជាក់/ស្អីៗច្រើនណាស់។ សូម្បីតែយប់ម្សិល ខ្ញុំឆ្ងល់អញ្ចេះ ទូរទស្សន៍សម័យថ្មីរបស់យើង គឺមានភ្ជាប់តាំងពីហ្វេសប៊ុកក៏នៅហ្នឹង និង Youtube នៅក្នុងហ្នឹងតែម្តង។ ខ្ញុំភ្ជាប់ជាមួយនឹង Youtube ហើយខ្ញុំទាញយកចម្រៀងនានា ប៉ុន្តែ ភាគច្រើនខ្ញុំស្តាប់តែ(អ្នក)ចម្រៀង ៣ នាក់ទេ ហើយចម្រៀងហ្នឹងខ្ញុំបើកចោល ព្រោះ ១ ម៉ោង គឺវា Stop ហើយ។ អ្នកទាំងអស់(គ្នា)សាកវាយយកឈ្មោះ ពេជ្រ រដ្ឋា អាហ្នឹង គឺអត់សូវចេញមុខទេ ក៏ប៉ុន្តែ ច្រៀងពិរោះ ហើយ(ម្នាក់ទៀត)ឈ្មោះ ប៊ុន សំបូរ និងស្ត្រីម្នាក់(ឈ្មោះ) នៅ សៀងហៃ (គឺថា) ចម្រៀងពិរោះៗ ប៉ុន្តែ (ក៏)មាន សួស សងវាចា, ណូយ វ៉ាន់ណេត មានចម្រៀងភ្លេងការមករដឹកមក។ ប៉ុន្តែ កំពុងតែមើលៗស្រាប់តែវាដាច់ ម៉ោង ៩ ហ្នឹង ខ្ញុំរវល់ធ្វើការរបស់ខ្ញុំដែរ អ្ហែងមិនឆេះទេក៏ហីទៅ។ ដល់ពេលយប់ យើងបើកទៅដូចអត់មានស្អីចូល អ៊ិនធើណេតក៏វាដាច់ បើកស្អីក៏មិនរួច។ ដល់ព្រឹកឡើងហៅអ្នកបច្ចេកទេស ខ្ញុំមានអ្នកបច្ចេកទេស ២ នាក់ នៅជាប់យ៉ាងតិច (ក្នុងនោះ)ផ្នែកទូរស័ព្ទ/ទូរទស្សន៍ និងផ្នែកដទៃទៀត។ បើថាពាក់ព័ន្ធជាមួយនឹងពួកភ្លើង គឺត្រូវអញ្ជើញពួកភ្លើងភ្លាម …។
(១) ជំរុញទាក់ទាញវិនិយោគវិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុក ផ្ដល់ឱកាសទីផ្សារដល់កសិករ និងដោះស្រាយការងារធ្វើ
នៅពេលខាងមុខនេះ យើងកំពុងតែទាក់ទាញនូវអ្នកវិនិយោគ ដែលចូលមកកាន់ប្រទេសយើង (ហើយ)គោលនយោបាយឧស្សាហកម្មរបស់យើង ខ្ញុំតែងតែប្រាប់មិត្តភក្តិបរទេស និងអ្នកវិនិយោគបរទេស ឱ្យផ្តោតការយកចិត្តទុកដាក់ សម្រាប់មកវិនិយោគនៅកម្ពុជា។ គោលដៅសំខាន់ពីរ ដែលយើងចង់ទាក់ទាញអ្នកវិនិយោគក្នុងវិស័យឧស្សាហកម្ម៖ ទី(១) ឧស្សាហកម្មកែច្នៃ ដែលប្រើវត្ថុធាតុដើម (ដែល)កម្ពុជាមានស្រេច។ ទៅមុខបើកម្ពុជាមានលទ្ធភាព កម្ពុជាអាចក្លាយទៅជាប្រទេស ដែលចែកចាយនូវគ្រាប់ស្វាយចន្ទី គេហៅថា សឹងតែក្លាយទៅជាអ្នកដែលខ្លាំងមួយ ក្នុងចំណោមអ្នកខ្លាំង នៃការចែកចាយ ព្រោះក្នុងមួយឆ្នាំកម្ពុជានាំចេញគ្រាប់ស្វាយចន្ទី ដែលមិនទាន់កែច្នៃ ១ លានតោន។ យើងកែច្នៃខ្លួនឯងបានតិចតួចណាស់ ដែលយកមកតាំងពិព័រណ៍លក់ស្អីៗហ្នឹង យើង(បាន)ដាក់ចេញនូវគោលនយោបាយមួយ ដែលប្រជុំប៉ុន្មានខែមុន (គឺ)គោលនយោបាយស្វាយចន្ទី សំដៅការទាក់ទាញការកែច្នៃនៅក្នុងស្រុក។
វៀតណាម/ឥណ្ឌា គឺជាប្រទេសដែលនាំចែកចាយគ្រាប់ស្វាយចន្ទីទៅកាន់ច្រើនកន្លែងនៅលើពិភពលោក ប៉ុន្តែវៀតណាម គាត់ទៅដឹកគ្រាប់ស្វាយចន្ទីពីប្រទេសអាហ្វ្រិកមួយចំនួនយកមកកែច្នៃ ហើយក៏មានមួយផ្នែកកម្ពុជាយើងក៏ត្រូវពឹងពាក់ទៅលើទីផ្សារវៀតណាម ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីទៅទីនោះ។ ឥណ្ឌា្កក៏ដូចគ្នា មួយផ្នែកដាំក្នុងស្រុក តែមួយផ្នែកទៀតក៏ត្រូវនាំចូល។ ខ្ញុំជាមួយ ឯកឧត្ដម ចម ប្រសិទ្ធ ក៏ធ្លាប់ជិះយន្តហោះពី Ghana មកឥណ្ឌា ពេលហ្នឹងយើងជិះយន្តហោះដឹកគ្រាប់ស្វាយចន្ទីពី Ghana មកឥណ្ឌា ដើម្បីធ្វើការកែច្នៃនៅឥណ្ឌា។ អញ្ចឹង ទាំងវៀតណាមក៏មានដាំក្នុងស្រុក តែមិនគ្រប់គ្រាន់ គឺនាំពីខាងក្រៅយកមកកែច្នៃ។ អញ្ចឹង កម្ពុជាខ្លួនឯងនេះ គឺមានវត្ថុធាតុដើម តែការកែច្នៃ គឺមិនទាន់មានគ្រប់។ ដូច្នេះ កម្ពុជាចង់ទាក់ទាញអ្នកវិនិយោគមកកែច្នៃវត្ថុធាតុដើម ដែលមានក្នុងស្រុក។ ចំណុចនេះ គឺជាចំណុចដែលវានឹងបង្កើតបាននូវការងារធ្វើ/តម្លៃបន្ថែម សម្រាប់ផលិតកម្មរបស់យើង។
សព្វថ្ងៃនេះ អង្ករ/ស្រូវរបស់យើងមិនទាន់បានកែច្នៃអស់នៅឡើយទេ ជាមួយនឹងការផលិតដែលនៅសល់ឆ្នាំទៅ ៦ លាន ៦ សែនតោនស្រូវ គិតជាអង្ករ ៤ លាន ២ សែនតោន ដែលយើងលើសតម្រូវការ។ គោលនយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករ យើងជោគជ័យតែមួយទេ ក្នុងចំណោមពីរ គឺជោគជ័យអំពីការខ្វះអង្ករ/ស្រូវស៊ី ទៅជាប្រទេសដែលមានអតិរេកស្រូវ/អង្ករ។ ប៉ុន្តែ យើងមិនជោគជ័យក្នុងការនាំចេញ ១ លានតោន។ យើងនាំចេញបានតែ ៥០ ទៅ ៦០ ម៉ឺនតោនប៉ុណ្ណឹង ដោយសារយើងខ្វះមូលដ្ឋានអំពីការកែច្នៃ ទាក់ទងនឹងការរកម៉ាស៊ីនកិនស្រូវ/ឡសម្ងួត/ដើមទុន។ អញ្ចឹង បានជាយើងត្រូវបញ្ចុះដើមទុន ដើម្បីឱ្យរោងម៉ាស៊ីនកិនស្រូវមានទុនគ្រប់គ្រាន់ទិញពីកសិករ រួចហើយទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ តាមរយៈនៃការអន្តរាគមន៍ជួយទៅដល់ម៉ាស៊ីនកិនស្រូវ ដើម្បីទិញយកពីប្រជាពលរដ្ឋ។
កៅស៊ូរបស់យើងមានច្រើន គឺយើងនាំចេញ (តែការ)កែច្នៃក្នុងស្រុកមិនច្រើនប៉ុន្មានទេ អញ្ចឹង យើងក៏ត្រូវទាក់ទាញ។ ដំឡូងមីគ្រាន់តែកាត់ជ្រាំងៗ (ដើម្បី)នាំចេញ(មានចំនួន)ចូលដល់ជិត ២០ លានតោន។ ឥឡូវនេះ សម្រាប់អំពៅ មានការ(កែច្នៃ)ផលិតស្ករសក្នុងស្រុក។ ប៉ុន្តែ សម្រាប់ផ្នែកខ្លះទៀត យើងនាំចេញវត្ថុធាតុដើម ដូចជាដំឡូងមីអម្បាញ់មិញ យើងផលិតតិចតួចណាស់ ជាអេតាណុល ដែលយើងត្រូវការ ហើយមានរោងចក្រម្សៅមីអីក្នុងស្រុក ដើម្បីកែច្នៃ រួចហើយកែច្នៃទៅជាផលិតផលសម្រេច ហើយចាំនាំចេញទៅខាងក្រៅ។
ទាក់ទិនជាមួយនឹងបញ្ហាគ្រាប់ស្វាយចន្ទីនេះ ថ្ងៃមុនខ្ញុំទៅប្រទេសចិន ឯកឧត្ដម Xi Jinping ប្រធានាធិបតីចិន នៅពេលបាយ គាត់លើកគ្រាប់ស្វាយចន្ទី ដែលនាំពីកម្ពុជាឡើង (រួចនិយាយ)ថា នេះជាគ្រាប់ស្វាយចន្ទីនាំពីកម្ពុជា។ អញ្ចឹង ការកែច្នៃរបស់យើងអាចនាំចេញទៅកាន់ទីផ្សារគោលដៅ ព្រោះអានេះវាចែកចាយទៅកាន់តំបន់ទេសចរណ៍នានា នៃប្រទេសនានា ដែលត្រូវការសម្រាប់ដាក់តាមសណ្ឋាគារ។ អញ្ចឹងទេ បើកម្ពុជាអាចនឹងជំរុញទាក់ទាញវិនិយោគ សម្រាប់វិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុក វាផ្ដល់ឱកាសឱ្យកសិកររបស់យើងដាំដុះ ហើយមានទីផ្សារ គឺរោងចក្រនៅទីនេះ ដោះស្រាយការងារធ្វើឱ្យកូនចៅប្រជាពលរដ្ឋរបស់យើងផង ផ្ដល់នូវតម្លៃបន្ថែម សម្រាប់ផលិតផលរបស់យើងផង។ អាហ្នឹងផ្នែកទី(១) ដែលយើងចង់បាន។
(២) ស្វាគមន៍ឧស្សាហកម្ម ដែលមានបច្ចេកទេសខ្ពស់
ឯផ្នែកទី(២) ដែលយើងចង់បានក្នុងគោលនយោបាយឧស្សាហកម្ម គឺយើងទាក់ទាញនូវឧស្សាហកម្ម ដែលមានបច្ចេកទេសខ្ពស់ ដោយសព្វថ្ងៃបានធ្វើដំណើរមកបណ្ដើរៗ ដូចជាក្រុមហ៊ុនជប៉ុន Minebea ដែលមុននេះវិនិយោគត្រឹមតែជាង ៣០ លានដុល្លារទេ ឥឡូវ ក្រុមហ៊ុននេះវិនិយោគឡើងជិត ១ ពាន់លានដុល្លារទៅហើយ ដែលផលិតម៉ូទ័រ ហើយដែលបានអនុវត្តនូវរូបមន្ត គេហៅថា ១ បូក (ដែលមាន)មូលដ្ឋាននៅថៃ ហើយមកផលិតនៅកម្ពុជា។ ឥឡូវ គម្រោងផលិតនៅប្រទេសថៃ និងផលិតនៅកម្ពុជា គឺប្រហាក់ប្រហែលគ្នា។ ពីដើមខ្ញុំស្មានតែម៉ូទ័របូមទឹក តែម៉ូទ័រនេះវាប្រើគ្រប់។ ម៉ាស៊ីនត្រជាក់ក៏ប្រើម៉ូទ័រ ស្អីក៏ប្រើម៉ូទ័រដែរ ធ្វើតាំងពីតូចរហូតដល់ធំ មាន(តាំងពី)អាតូចស្ទើរតែមើលមិនឃើញ។ អញ្ចឹង អ្នកជំនាញបច្ចេកទេសរបស់យើងត្រូវទទួលការបណ្ដុះបណ្ដាល ហើយអ្នកនោះ គឺយកទៅបណ្ដុះបណ្ដាលនៅឯថៃ។ អញ្ចឹង(ទេ) នេះក៏ជាបញ្ហាមួយ ដែលយើងត្រូវសហការជាមួយក្រុមផលិតហ្នឹងតែម្ដង ដើម្បីគេអាចបញ្ជូនគ្រូមក ដើម្បីជួយយើងក្នុងការបណ្ដុះបណ្ដាលផ្នែកហ្នឹង សម្រាប់ផ្គត់ផ្គង់ត្រឡប់ទៅវិញ។ ក្រុមហ៊ុនហ្នឹងដូចជាមានគោលដៅ សម្រាប់ការបង្កើតរោងចក្រនៅខេត្តពោធិ៍សាត់មួយទៀត។ អញ្ចឹង បើសិនណាមានការផលិតហើយ ច្បាស់ជាមានតម្រូវការ នៃអ្នកបច្ចេកទេស។
ក្រុមហ៊ុនផលិតរថយន្ត Ford របស់អាមេរិក។ ក្រុមហ៊ុនរបស់កូរ៉េខាងត្បូង Hyundai។ ឥឡូវ ក្រុមហ៊ុនរបស់ជប៉ុនមាន Yazaki និងនៅខាងមុខនេះ នឹងបើកក្រុមហ៊ុន Toyota នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ អញ្ចឹង អាហ្នឹងមិនមែនជារឿងធម្មតាទេ វាទាមទារនូវអ្នកបច្ចេកទេស។ ហើយថ្ងៃមុននេះ បណ្ដាក្រុមហ៊ុនធំៗ ដែលធ្វើដំណើរជាមួយប្រធានាធិបតីអាល្លឺម៉ង់មក គាត់និយាយពីគោលបំណង នៃការយកក្រុមហ៊ុនផលិតរថយន្តមកដំឡើងនៅប្រទេសកម្ពុជា។ ខ្ញុំស្វាគមន៍អំពីបញ្ហានេះ។ ប៉ុន្តែ ក្នុងករណីបើគេដាក់មក យើងត្រូវតែដោះស្រាយអ្នកជំនាញ/កម្មករបច្ចេកទេសឱ្យគេ មិនអាចទៅទាំងងងឹតងងល់បានទេ។
ជំនាញបច្ចេកទេស មិនគ្រាន់តែទាក់ទាញការវិនិយោគពីខាងក្រៅទេ នៅក្នុងស្រុកក៏មានតម្រូវការច្រើនដែរ
ខ្ញុំគ្រាន់តែនិយាយអំពីក្របខណ្ឌគោលនយោបាយ ស្ដីពីបញ្ហាវិស័យឧស្សាហកម្ម វាទាមទារនូវការបណ្ដុះបណ្ដាលបច្ចេកទេស។ អាហ្នឹងគ្រាន់តែទាក់ទាញការវិនិយោគពីខាងក្រៅ តែនៅក្នុងស្រុករបស់យើងក៏វាត្រូវការច្រើនដែរ។ ឥឡូវ យើងចោទសួរថា មួយមជ្ឈមណ្ឌលជ្រោយចង្វារនេះ តើក្រុមអ្នកបច្ចេកទេសប៉ុន្មាន? មិនមែនប្រើតិចទេណា (មាន)ច្រើនណាស់។ ក្រុមអស់លោកនៅទីនេះសុទ្ធតែអ្នកបច្ចេកទេសជំនាញខាងអគ្គិសនី ស្រួលដោះស្រាយទេ ឧបមាថា បើដាច់ភ្លើង ខ្ញុំសុខចិត្តអង្គុយ(មើល) អ្នកបច្ចេកទេសរបស់យើងគាត់ដោះស្រាយយ៉ាងម៉េច? ខាងផ្នែកបរិក្ខារត្រជាក់ និងបច្ចេកទេសដទៃទៀត រឿងនេះយើងអ្នកនយោបាយទៅមិនដល់ទេ។ ហ្នឹងហើយដែលខ្ញុំសង្កត់ធ្ងន់ទៅលើការបណ្ដុះបណ្ដាលបច្ចេកទេសជំនាញ ដើម្បីបម្រើឱ្យសេចក្ដីត្រូវការដែលកំពុងតែមានការកើនឡើង ដែលមុននេះយើងមានតែសិស្សត្រឹមតែ ២០០ នាក់ ទៅចែកសញ្ញាបត្រ រកសិស្សរៀនមិនទាំងបានទៅទៀត។ ឥឡូវនេះ យើងត្រូវការការបណ្ដុះបណ្ដាល ហើយអ្នកទាំងអស់នេះភាគច្រើនទៅជាគ្រូ ព្រោះត្រូវយកមនុស្សទៅបង្កើតមនុស្ស ព្រោះយកគ្រូអក្សរសាស្រ្តទៅបង្រៀនម៉េចនឹងកើត? គ្រូអក្សរសាស្រ្តត្រូវមករៀនពីអ្នកបច្ចេកទេសអគ្គិសនីវិញ បើសិនចង់ដឹង សម្រាប់ការជួសជុលក្នុងផ្ទះ។
ការអភិវឌ្ឍតែងមានភាពប្រទាក់ក្រឡា រវាងការទាញវិនិយោគ និងការបណ្ដុះបណ្ដាលធនធានមនុស្ស
យើងត្រូវខិតខំបន្តទៅលើរឿងនេះ ដើម្បីឆ្លើយតបទៅលើតម្រូវការនានា ដែលកំពុងកើនឡើង ឥឡូវនេះ (នៅ)ទូទាំងប្រទេស យើងដោះស្រាយអគ្គិសនីរហូតទៅដល់ ៩៩ ភាគរយ នៃភូមិដែលមានអគ្គិសនីប្រើប្រាស់។ ឯភូមិដែល(អគ្គិសនី)ទៅមិនទាន់ដល់ គឺជាភូមិដែលបង្កើតថ្មីៗ ហើយជួនកាលបង្កើតបាន ៥ ខ្នងផ្ទះ (និង)នៅឆ្ងាយៗ អាហ្នឹងពិបាកបន្តិច។ តែគាត់ចេះច្នៃ គាត់ប្រើសូឡា/ពន្លឺព្រះអាទិត្យ/អាគុយ។ ដូច្នេះ គាត់ដោះស្រាយបានអាដំណាក់កាលដុតអុស/ចង្កៀងប្រេងកាត/ចន្លុះ។ (ដំណាក់កាលទាំងនោះ)វាឆ្លងផុតហើយ។ អាហ្នឹងជាចំណុចដែលយើងត្រូវមើលឃើញ។ ប្រទេសមួយវាមានការអភិវឌ្ឍ គឺវាបែបនេះ ហើយមិនមែនជាការដាក់ចេញច្បោលៗនោះទេ ប៉ុន្តែ ភាពប្រទាក់ក្រឡា រវាងការទាក់ទាញវិនិយោគ ដើម្បីបង្កើតការងារធ្វើ ដើរទន្ទឹមនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីទាក់ទាញវិនិយោគនោះ មិនអាចចេះតែកំណត់គោលដៅ ត្រូវដោះស្រាយការងារប៉ុណ្ណេះ/ប៉ុណ្ណោះ ចុះបើគេអត់មានអ្នកវិនិយោគទុនមក តើធ្វើម៉េច? អ្នកខ្លះគំរាមគេ (គំរាម)រឹបអូសទ្រព្យសម្បត្តិពីអ្នកមានទៅឱ្យអ្នកក្រ អើ! បើអូសពីអ្នកមានទៅឱ្យអ្នកក្រ វាមានខុសអីពី អាពត ចាំបាច់ទៅបណ្ដុះបណ្ដាលបច្ចេកទេសធ្វើអី?
៩១,៨៣ ភាគរយ នៃសិស្សបច្ចេកទេសកម្រិតបរិញ្ញាបត្ររងមានការងារធ្វើ
អញ្ចឹងទេ រឿងនេះសុំឱ្យបន្តការយកចិត្តទុកដាក់។ ហើយក្មួយៗដែលជានិស្សិតបានទទួលការងារធ្វើ និងអ្នកដែលមិនទាន់ទទួលការងារធ្វើ អ្នកដែលចូលក្របខណ្ឌរដ្ឋ គឺមានក្លាយទៅជាក្របខណ្ឌគ្រូ សម្រាប់ការបណ្ដុះបណ្ដាលបន្ត។ យើងនៅទីនេះដោះស្រាយបញ្ហាការងារធ្វើ បរិញ្ញាបត្ររងបាន(ចំនួន) ៩១,៨៣ ភាគរយ។ បរិញ្ញាបត្របាន(ចំនួន) ៩០,៦៤ ភាគរយ។ បរិញ្ញាបត្រជាន់ខ្ពស់បាន(ចំនួន) ១០០ ភាគរយ។ គ្រូបច្ចេកទេសកម្រិតឧត្ដមក្របខណ្ឌរដ្ឋ(ចំនួន) ១០០ ភាគរយ។ គ្រូបច្ចេកទេសកម្រិតមូលដ្ឋានក្របខណ្ឌរដ្ឋ ១០០ ភាគរយ ព្រោះយើងត្រូវការការបណ្ដុះបណ្ដាលបន្ត ហើយមូលដ្ឋាននៃការបណ្ដុះបណ្ដាលក៏ត្រូវតែបានគិត។ ហើយខាងមុខនេះ ១ លាន ៥ សែននាក់នោះ ត្រូវទទួលបានការបណ្ដុះបណ្ដាលដោយមិនបង់ថ្លៃហើយ ថែមទាំងរដ្ឋបង់ថ្លៃជូនថែមទៀត ដោយយើងផ្ដោតការយកចិត្តទុកដាក់ទៅលើសិស្សក្រីក្ររបស់យើង ដើម្បីឱ្យពួកគាត់មានឱកាសទទួលបានការបណ្ដុះបណ្ដាល ហើយមានការងារធ្វើ។
គ្មានវិនិយោគិនណាទៅវិនិយោគនៅប្រទេសមានសង្គ្រាមទេ
យើងមានការងារធ្វើច្រើនណាស់ ដែលនឹងត្រូវបន្តនៅពេលខាងមុខនេះ។ ការអភិវឌ្ឍប្រទេសជាតិមួយ មិនអាចនៅទ្រឹងទេ ម្យ៉ាងទៀត បរិស្ថាននយោបាយអនុគ្រោះអំពីសុខសន្តិភាព វានាំមកនូវការអភិវឌ្ឍ។ គ្មានការអភិវឌ្ឍណាមួយ ដែលរស់នៅក្រៅដំបូលនៃសន្តិភាពនោះទេ។ សូមសម្លឹងមើលទៅលើប្រទេសនានា ដែលមានសង្រ្គាមហែកហួរ ការបែកបាក់ និងអស្ថិរភាព សួរថា តើការអភិវឌ្ឍទៅបានទេ? អញ្ចឹង ដើម្បីធានាការអភិវឌ្ឍ គឺត្រូវរក្សាឱ្យខាងតែបាននូវស្ថិរភាពខាងនយោបាយ។ សន្តិភាព និងស្ថិរភាពខាងនយោបាយ ជាមូលដ្ឋានមួយធំណាស់ គ្មានប្រទេសណាមួយប្រថុយប្រថានយកទុនទៅដាក់នៅកន្លែងដែលស្ទើរតែផ្ទុះសង្រ្គាម ឬភាពរញ៉េរញ៉ៃនោះទេ ព្រោះវិនិយោគត្រូវការដាក់ទុននៅទីកន្លែងដែលមានសុវត្ថិភាពបំផុត គ្មានការវាយប្រហារភេរវកម្ម គ្មានចលាចលខាងនយោបាយ ដែលគេត្រូវដាក់ទុន។
កូនណាឪពុកម្ដាយប្រៀនប្រដៅមិនស្ដាប់ ធ្វើឱ្យពួកគាត់ទឹកភ្នែក កូននោះហែលទឹកភ្នែកពួកគាត់មិនរួចទេ
(រឿង)ហ្នឹងទាមទារឱ្យមានការខិតខំទាំងអស់គ្នា ហើយខ្ញុំសូមកោតសរសើរជាមួយនឹងការខិតខំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជា តាមគ្រឹះស្ថាននៃការបណ្ដុះបណ្ដាល ក្នុងរយៈពេលកន្លងទៅក្រោមការគ្រប់គ្រង នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ដែលយើងបានធ្វើកិច្ចការដ៏ល្អទៅលើចំណុចអស់ទាំងនេះ។ យុវជនរបស់យើងទទួលបាននូវការបណ្ដុះបណ្ដាល។ ពិតណាស់ហើយ នៅមានយុវជនមួយចំនួនដល់ម៉ោងនេះហើយ នៅមានពេលវេលាប្រណាំងម៉ូតូ នាំគ្នាកាប់ដាវសាម៉ូរ៉ៃអី ប៉ុន្តែ វាមិនបានយូរទេ។ ជួនកាល យើងមិនចង់ឱ្យ(មាន)មនុស្សស្លាប់ ប៉ុន្តែ វាត្រូវតែស្លាប់ដោយយើងមិនបានដឹង (ដោយ)វានាំគ្នាកាប់គ្នាអញ្ចឹងទៅ។ ហើយជួនកាលវាមិនទៅប៉ះអ្នកកាប់គ្នាហ្នឹងឯណា វាទៅកាប់ប៉ះអ្នកគ្នាមិនដឹងអីទៅទៀត។ តែយូរៗវាទៅនៅក្នុងមន្ទីរឃុំឃាំងអស់ទៅ។ ឪពុកម្ដាយក៏និយាយមិនស្ដាប់ ហើយអ្នកដែលនិយាយមិនស្ដាប់ហ្នឹង គឺជាអ្នកដែលហែលឆ្លងទឹកភ្នែកឪពុកម្ដាយមិនរួចទេ។
បើអ្នកនយោបាយវិញ មិនចាំបាច់ទៅនិយាយរឿងស្អីទេ គេគ្រាន់តែឌឺត្រឡប់ទៅវិញថា ចាំបាច់ទៅខ្វល់អីទេ បើឪពុកម្ដាយឯងមិនស្ដាប់ផង ទៅស្ដាប់អីអញ? ខ្ញុំស្រឡាញ់ប្រជាជនណាស់ អើ! ឪពុកម្ដាយឯងមិនទាំងស្រឡាញ់ផង ឯងមកស្រឡាញ់អីដល់អញ? អាហ្នឹងចប់តែម្ដង។ ចំណុចនេះខ្ញុំនិយាយបន្តិចទៅ លោក ហ៊ុន សែន ប៉ុន្មានថ្ងៃនេះ ម៉េចក៏តមាត់ជាមួយកូនក្មេង? អ្នកយល់បានយល់ អ្នកមិនយល់ គឺមិនយល់ទេ។ សូមរង់ចាំមើលលទ្ធផលក្នុងរង្វង់ ៤ ទៅ ៥ ឆ្នាំទៀត គឺវាយ៉ាងម៉េច? កម្រិតដូច ទៀ បាញ់ អីអាចយល់ថា ម៉េចបាន ហ៊ុន សែន ទៅតមាត់ជាមួយកូនក្មេង? ត្រូវហើយ បានលេចចេញកន្ទុយមកហើយ។ ៤ ទៅ ៥ ឆ្នាំទៀត ជួនកាលនយោបាយគេមិនមែនធ្វើ សម្រាប់ឥឡូវនេះទេ គេធ្វើសម្រាប់ ៤ ឬ ៥ ឬ ១០ ឆ្នាំទៀត។
នយោបាយឈ្នះឈ្នះ មិនមែនអនុវត្តនៅឆ្នាំ ១៩៩៨ ទេ ១៩៩៨ ជាការបញ្ចប់នៃការអនុវត្តនយោបាយឈ្នះឈ្នះ
សុំឱ្យទូទាំងប្រទេសបាត់នូវការភាន់ច្រឡំថា ជួនកាលត្រឹមតែនិយាយថា អនុវត្តនយោបាយឈ្នះឈ្នះសម្ដេចតេជោនៅឆ្នាំ ១៩៩៨ នេះជាការខុស ដែលខ្ញុំសុំឱ្យមានការកែតម្រូវក្របខណ្ឌទូទាំងប្រទេស។ នយោបាយឈ្នះឈ្នះ មិនមែនអនុវត្តនៅឆ្នាំ ១៩៩៨ ទេ តែវាបានចប់នៅឆ្នាំ ១៩៩៨ ឱ្យវាចាំអញ្ចេះ។ ចេញជាក់ស្តែង គឺនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៩៦ នៅឱរ៉ាល់ នេះគឺជាជោគជ័យដំបូង ប៉ុន្តែ ហ៊ុន សែន បានធ្វើកិច្ចការងារនេះ (មេដឹកនាំខ្មែរក្រហម)ចុះចូលម្នាក់មក ហ៊ុន សែន សុខចិត្តជួប ដើម្បីស្វែងយល់ថា បងប្អូនខ្មែរក្រហមចង់បានអីពិតប្រាកដ ដើម្បីយើងដាក់ចេញទៅឆ្លើយតបជាមួយនឹងតម្រូវការរបស់គេ។ អញ្ចឹង បងប្អូនមួយចំនួនថា អនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនៅឆ្នាំ ១៩៩៨ គឺជារឿងខុស។ ឆ្នាំ ១៩៩៨ គឺជាការបញ្ចប់ នៃការអនុវត្តនយោបាយឈ្នះឈ្នះ គឺនៅថ្ងៃទី ២៩ ធ្នូ ១៩៩៨ ក៏ប៉ុន្តែ ដំណើរការរបស់វា គឺវាមិនមែនជាការអនុវត្តត្រឹមតែមួយថ្ងៃនោះទេ។ ខ្ញុំធ្វើដំណើរទៅឱរ៉ាល់ ដើម្បីធ្វើសមាហរណកម្ម បន្ទាប់ទៅធ្វើដំណើរទៅប៉ៃលិន/សំឡូត/កំរៀង/ភ្នំព្រឹក ដើម្បីធ្វើសមាហរណកម្ម តាកែនកោះស្លាក៏ទៅដែរ អាហ្នឹងឆ្នាំ ១៩៩៦។
របៀបបញ្ជាទ័ពមានច្រើនខ្សែ ដើម្បីចៀសវាងថា មួយមិនអនុវត្ត ឬក៏អនុវត្តយឺត
ប៉ុន្តែ ឆ្នាំ ១៩៩៧ មកទាស់គ្នាឯងនៅកណ្តាលទីក្រុងភ្នំពេញឯណេះទៅវិញ ក្នុងពេលដែលយើងកំពុងតែសម្រុកឆ្ពោះទៅរកការយកអន្លង់វែង ដែលជាទីតាំងចុងក្រោយ ក៏ប៉ុន្តែ យើងត្រូវបានពន្យារ ហើយខ្ញុំអត់បានទៅអន្លង់វែងទេ ដោយសារពេលនោះខ្ញុំត្រូវកាន់ទុក្ខម្តាយ (ដែល)ទើបនឹងមរណភាពបានប៉ុន្មានថ្ងៃ ហើយសម្តេចពិជ័យសេនា ទៀ បាញ់ តំណាងឱ្យខ្ញុំទៅធ្វើសមាហរណកម្មនៅអន្លង់វែង។ ប្រហែលជា ឯកឧត្តម មាស សុភា នៅចាំ ការបះបោរនៅអន្លង់វែង មេទ័ពជើងគោកខ្លះក្តាប់អត់បានផង ខ្ញុំក្តាប់បាន។ ឥឡូវហ្នឹងប៉ុន្មាននាក់ តាម៉ុក ហៅទៅប្រជុំ គឺចាប់ផ្តើមបះបោរហើយ។ ទាក់ទងទៅ (មាស) សុភា, (មាស) សុភា (និយាយ)ថា អត់មានដំណឹងអីសោះ ប៉ុន្តែ ខ្ញុំមានដំណឹងរបស់ខ្ញុំរួចស្រេចទៅហើយ ដូចជាក្បែរភ្លឺទៅហើយបាន មាស សុភា បញ្ជាក់ត្រឡប់មកវិញថា មានការបះបោរមែន។ របៀបបញ្ជាទ័ពរបស់ខ្ញុំអត់បញ្ជាមួយខ្សែទេ ខ្ញុំបញ្ជាច្រើនខ្សែ ព្រោះដើម្បីចៀសវាងថា មួយមិនអនុវត្ត ឬក៏អនុវត្តយឺត ឯមួយទៀត គឺទៅមុន។ ខ្ញុំជួនកាលឱ្យបញ្ជាទៅអគ្គបញ្ជាការ ក៏ប៉ុន្តែ ទន្ទឹមគ្នាខ្ញុំទាក់ទងទៅមេភូមិភាគ ឬមេកងពលថា តើអគ្គបញ្ជាការបញ្ជាទៅដល់ហើយឬនៅ? បើមិនទាន់ទៅដល់ទេសុំឱ្យអនុវត្តលើបទបញ្ជាបែបនេះៗ ចង្អុលអញ្ចឹង។ អ្នកទាំងអស់គ្នាអាចឃើញហើយ ពេលដែលមានជម្លោះទល់ដែន ហើយដែលមកជុំគ្នានៅផ្ទះរបស់ខ្ញុំ បានឃើញរបៀប (បញ្ជាទ័ពរបស់ខ្ញុំ) កាលណាខ្ញុំឱ្យបទបញ្ជាទៅហើយ ខ្ញុំបារម្ភក្រែងលោអាបញ្ជានេះវាទៅអត់ដល់ អញ្ចឹង ខ្ញុំត្រូវមានប្រព័ន្ធទំនាក់ទំនងជាមួយនឹងមេបញ្ជាការកងពល ឬមេបញ្ជាការនៅទិសមុខព្រួញណាមួយ បើមិនអញ្ចឹងយើងបញ្ជាទៅតាមតែមួយខ្សែ គឺអាខ្សែនេះវាទៅអត់ដល់ គឺយើងមិនអាចទទួលជោគជ័យទេ។
២៩ ធ្នូ ១៩៩៨ ជាការបញ្ចប់សង្គ្រាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា/សាមកុក ស្រុកខ្មែរ
ខ្ញុំសុំឱ្យមានការកែតម្រូវនៅត្រង់កន្លែងហ្នឹង។ ថ្ងៃមុន សម្តេចពិជ័យ(សេនា ទៀ បាញ់) អ្នកណាទេសរសេរខុសយកមកឱ្យខ្ញុំៗថា សរសេរហ្នឹងខុស ឥឡូវ ខ្ញុំសុំឱ្យកែទូទាំងប្រទេស។ អូ! ពៅ សុភា (ដើម្បីយក)ទៅឱ្យ សម្តេច សាយ ឈុំ អាន ហើយព្រៀងដាក់អញ្ចឹង អនុវត្តនយោបាយឈ្នះឈ្នះនៅឆ្នាំ ១៩៩៨ (គឺ)អត់ទេ ឆ្នាំ ១៩៩៨ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ គឺជាការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ/ទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលវាបែកបាក់តាំងពីឆ្នាំ ១៤៧៣ ប្លាយឯណោះ។ សុំមើលសៀវភៅ “មហាបុរសខ្មែរ” ឡើងវិញ។ តាំងពីក្រោយ ពញ្ញាយ៉ាត ព្រះអង្គគ្រងរាជមិនបញ្ហាទេ ដល់ពេល នរាយណ៍រាជា ដែលព្រះរាជបុត្រច្បង និងដែលជាកូន(របស់)ប្រពន្ធទី ១ ឡើងសោយរាជ្យក៏មិនទាន់មានបញ្ហា ប៉ុន្តែដល់ នរាយណ៍រាជា សោយទិវង្គត ព្រះស្រីរាជា ឡើងកាន់ដំណែង ចាប់ផ្តើមមានការប្រឆាំងគ្នា។ ដើមឡើយមានការប្រឆាំងគ្នាត្រឹមតែ សុរិយោទ័យ ដែលជាព្រះរាជបុត្ររបស់ នរាយណ៍រាជា ព្រោះជាទម្លាប់ នៃការគ្រងរាជ្យ ឪពុកស្លាប់ កូនត្រូវបន្ត តែនេះឪពុកស្លាប់ តែប្អូនបន្ត។ ប្អូនហ្នឹង គឺព្រះស្រីរាជា ដែលជាកូនមហេសីទី២ របស់ ពញ្ញាយ៉ាត។
ជម្លោះបានចាប់ផ្តើមដំបូងត្រឹមតែទ្វេភាគីទេ គឺរវាងព្រះស្រីរាជា ជាមួយសុរិយោទ័យ ដែល សុរិយោទ័យ មិនសុខចិត្ត (ក៏)ទៅកសាងកងទ័ពនៅទួលបាសានឡើងវិញ ដែលគ្រប់គ្រងមួយភាគទៅ។ ក្រោយមកជម្លោះនេះបានផ្ទេរទៅជាជម្លោះបីផ្នែក តាមរយៈ ព្រះធម្មរាជា។ ព្រះធម្មរាជា ជាកូនទី ៣ ហើយដែល(ជា)កូនកាត់សៀម ក៏ពឹងពាក់ស្តេចសៀម(ឱ្យ)ចូលមកអន្តរាគមន៍។ ពេលហ្នឹង ព្រះស្រីរាជា លើកកងទ័ពទៅវាយសៀម ក្នុងពេលដែលសៀមមានវិបត្តិ។ ត្រឡប់មកវិញ ធម្មរាជា អត់ឱ្យ ព្រះស្រីរាជា ចូលក្រុង (ដោយ)ទប់នៅត្រឹមកំពង់សៀម ស្រុកបរិបូរណ៍ ហើយបកទៅពោធិ៍សាត់/បាត់ដំបង (គឺ)ទុកនៅត្រឹមហ្នឹង។ អញ្ចឹង ពេលហ្នឹងប្រទេសកម្ពុជាបែងចែកជាតំបន់បី៖ តំបន់ចតុមុខ សំរោងទង បាទី។ ពីដើមអត់មានខេត្តកំពង់ស្ពឺទេ មាន(ខេត្ត)សំរោងទង។ តាកែវក៏អត់មានដែរ មានខេត្តបាទី គ្រប់គ្រងដោយធម្មរាជា ដែលជាព្រះរាជទាយាទនៅពេលនោះ ដែលមួយភាគទៀតគឺគ្រប់គ្រងដោយ ព្រះស្រីរាជា ដែលចាប់ពី កំពង់សៀម ពោធិ៍សាត់ បាត់ដំបង។ ឯមួយភាគទៀត គឺ ព្រះសុរិយោទ័យ ដែលជាក្មួយនៅទួលបាសាន ដែលគ្រប់គ្រងមួយភាគរបស់កណ្តាល ទៅខេត្តកំពង់ចាមស្អីៗ។ អញ្ចឹង ប្រទេសកម្ពុជា គឺធ្លាប់បែងចែកជាបីផ្នែក។
ហើយជាបន្តបន្ទាប់មក ព្រះរាជបុត្ររបស់ ព្រះធម្មរាជា គឺ ព្រះស្រីសុគន្ធបទ បង្កើតជម្លោះជាមួយប្អូនថ្លៃខ្លួនឯង គឺហ្លួងព្រះស្តេចកន គ្រាន់តែដេកយល់សប្តិ ក៏យកគ្នាទៅសម្លាប់ បង្កើតឱ្យមានសង្គ្រាមក្នុងចន្លោះឆ្នាំ ១៥០០។ ព្រះធម្មរាជា សោយទិវង្គតនៅឆ្នាំ ១៥០៤ តែព្រះអង្គមិនព្រមនៅចតុមុខទេ ព្រះអង្គចូលចិត្តបង់សំណាញ់ បង្កើតបាននូវវិហារសួគ៌, វត្តព្រៃបាំងស្អីៗ។ ដល់ទៅផ្ទំយល់សប្តិឃើញសត្វនាគមកកន្ទ្រប់ព្រះរាជវាំង រកហោគន់គូរចុះឡើងៗ វាទៅថាមនុស្សឆ្នាំរោង គឺជាមនុស្សដែលមកដណ្តើមរាជ្យសម្បត្តិ។ (អញ្ចឹង) ដាក់ផែនការយក(ហ្លួងព្រះស្ដេចកន)ទៅសម្លាប់ ប៉ុន្តែ បានបងស្រីរបស់ខ្លួនលួចស្តាប់លឺ ក៏ប្រាប់ទៅប្អូន (ពេល)ប្អូនចុះមុជទឹក គេ(នឹង)បង់សំណាញ់ទៅពីលើ ដើម្បីសម្លាប់(ប្អូន)នៅក្នុងទឹក ប៉ុន្តែ មានបានស្លាប់ឯណា (ហ្លួងព្រះស្ដេច)កន មុជទឹកទៅបាត់។ ទៅដល់មានសត្វទទា បានជាមានភូមិ(មួយ)គេហៅថាបឹងទទា នៅខាងខ្សាច់កណ្តាល។ មានប្រវត្តិរបស់វា។ សូមឧស្សាហ៍មើលសៀវភៅបន្តិច ដើម្បីឱ្យដឹងប្រវត្តិខ្លួនឯងវាយ៉ាងម៉េច?
អញ្ចឹងអាចថាសង្គ្រាមនេះកើតឆ្នាំ ១៥០៦ រហូតដល់ឆ្នាំ ១៥១២ ទើបឈ្នះចាញ់ ក្នុងពេលដែល ព្រះច័ន្ទរាជា បានរត់ភៀសខ្លួនទៅប្រទេសថៃហើយ។ ឯនៅតទល់គ្នានៅទីនេះ គឺរវាងស្តេចកន ជាមួយនឹង ព្រះស្រីសុគន្ធបទ ទីចុងបំផុត ស្តេចកន ឈ្នះ។ ឈ្នះហើយក៏មិនព្រម(ទៅ)នៅនឹងទួលបាសាន ឬចតុមុខទេ (ដូច្នេះ) បានជាកើតមានអតីតរាជធានីមួយរបស់ខ្មែរនៅឯព្រៃនគរក្នុង នៅស្រុកត្បូងឃ្មុំ ធ្វើព្រះរាជវាំងមួយនៅឯហ្នឹង។ ហើយក៏បោះប្រាក់ស្លឹងចាយ។ ខ្មែរយើងគឺថាបែកបាក់គ្នាមិនចេះឈប់។ ចំណោទសួរថា តើព្រះមហាក្សត្រមុន ព្រះបាទអង្គឌួង ជាអ្នកណា? គ្រាន់តែប៉ុណ្ណឹងវាគ្រប់គ្រាន់ ដើម្បីចង្អុលបង្ហាញថា កម្ពុជាយើង(ពី)មួយដំណាក់កាល គឺសូន្យតែម្តង។ ជាការល្អហើយដែល ព្រះបាទអង្គឌួង ព្រះអង្គតស៊ូដណ្តើមយកទឹកដី ហើយបង្កើតទឹកដីឡើងវិញ ដោយសព្វថ្ងៃនេះអតីតព្រះរាជវាំងដែល ព្រះបាទ អង្គឌួង សាងសង់ គឺនៅវត្តវាំងចាស់នោះឯង។ អញ្ចឹង កម្ពុជារបស់យើង គឺបែកបាក់គ្នាជាប់រហូត។
ឆ្នាំ ១៩៧០-៧៥ កម្ពុជាមួយបែងចែកជាតំបន់ត្រួតត្រាពីរ
មុនឆ្នាំ ១៩៧០ ខ្មែរមាន ៥ ពួក (មាន)ខ្មែរក្រហម ខ្មែរស ខ្មែរខៀវ ខ្មែរស៊ីជម្ពូ និងខ្មែររដ្ឋាភិបាល អាហ្នឹងមុនឆ្នាំ ១៩៧៥។ ប៉ុន្តែ ខ្មែរស៊ីជម្ពូ គឺអត់មានប្រដាប់អាវុធទេ។ ឯខ្មែរក្រហមរស់នៅពេញព្រៃ។ សួរថា លោក ខៀវ សំផន, នួន ជា, ប៉ុល ពត, ហ៊ូ នឹម, ហ៊ូ យន់ ពេលហ្នឹងនៅឯណា? គឺនៅពេញតែព្រៃ។ ខ្មែរខៀវ នៅតាមព្រំដែនកម្ពុជា-ថៃ។ ខ្មែរស នៅតាមព្រំដែនកម្ពុជា-វៀតណាម ដឹកនាំដោយក្រុម សឹង ង៉ុកថាញ់ អីហ្នឹង។ មានចលនា ដាប ឈួន អីអញ្ចឹងទៅ។ ឆ្នាំ ១៩៧០-៧៥ គឺកម្ពុជាបែងចែកជាពីរ ម្ខាងគឺ លន់ នល់ ធ្វើរដ្ឋប្រហារ ឯម្ខាងទៀត គឺតំបន់រំដោះ ដែលដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ។
រឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមី” ជាខ្សែភាពយន្តបែបសិល្បៈផ្សារភ្ជាប់នឹងកត្តាប្រវត្តិសាស្ត្រ/តើ ៨៧០ ជានរណា? តុល ជានរណា?
នៅថ្ងៃទី ២០ មីនា (២០២៣) ខាងមុខនេះ នឹងមានចាក់បញ្ជាំងនូវខ្សែភាពយន្តបែបសិល្បៈទេ ក៏ប៉ុន្តែ វាផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រ ដែលវាដកស្រង់ចេញពីភាគនិទាន ដែល លោក ហ៊ុយ វាសនា បានធ្វើតាំងពីឆ្នាំ ១៩៩៥ ដែលមានចំណងជើងថា “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមី”។ (ខ្សែភាពយន្ត)នោះមិនមែនជាខ្សែភាពយន្តឯកសារ តែវាជាខ្សែភាពយន្តបែបសិល្បៈ តែវាទាក់ទងនឹងរឿងហ្នឹង។ ល្ងាចមិញខ្ញុំបានបង្ហោះនូវវគ្គមួយដែលមាន ១៦ នាទី និយាយពីមេបញ្ជាការ សំរេច ជាមួយមេបញ្ជាការ សឿន និយាយគ្នាពីរឿងបញ្ហា ៨៧០ ជាអ្នកណា? តុល ជាអ្នកណា? ដែលមុននោះសង្ស័យថា ៨៧០ គឺជាសម្តេចព្រះ នរោត្តម សីហនុ។ ពេលនោះមានអ្នកណាស្គាល់ ប៉ុល ពត? អញ្ចឹង ខ្ញុំបង្ហោះនៅក្នុងគ្រុប Telegram របស់ខ្ញុំ។ ខ្ញុំបង្ហោះក្នុងអាហ្នឹងបណ្តើរៗ ឥឡូវធ្វើបានច្រើនភាគហើយ។ ថ្ងៃទី ១៣ (មីនា ២០២៣) នេះ គឺចាប់ផ្តើមសម្ពោធ ហើយថ្ងៃទី ២០ (មីនា ២០២៣) ចាប់ផ្តើមចាក់តាមទូរទស្សន៍បាយ័ន។
អ្នកណាក៏អាចដឹងបានថា មេបញ្ជាការ សំរេច គឺមួយហ្នឹងហើយ។ វាជា(ខ្សែភាពយន្ត)ប្រភេទសិល្បៈ ក៏ប៉ុន្តែ វាផ្សារភ្ជាប់នឹងកត្តាប្រវត្តិសាស្ត្ររបស់វា។ អញ្ចឹង ក្នុងដំណាក់កាលឆ្នាំ ១៩៧០-៧៥ គឺបែងចែកជាតំបន់ពីរ។ តំបន់ម្ខាងដឹកនាំដោយ លន់ នល់ កាន់កាប់ទីក្រុង/ប្រជុំជនមួយចំនួន។ ឯម្ខាងទៀត គឺតំបន់រំដោះ ដែលដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ ដែលយើងអត់បានថា ខ្មែរក្រហម (ស្ថិតក្រោម) ប៉ុល ពត ដឹកនាំទេ ដែលប្រើពាក្យ ៨៧០។ សារាចរចេញមក ៨៧០ ហើយយើងស្មានថា ៨៧០ គឺសម្តេចព្រះ (នរោត្តម) សីហនុ ក្រោយមកឈ្មោះ តុល យើងក៏គិតថា សម្តេចព្រះ (នរោត្តម) សីហនុ ទៀតហើយមើលទៅ។ ដូរពីលេខទៅឈ្មោះមនុស្សវិញ។ មើលអាក្នុង Telegram របស់ខ្ញុំ គឺមាន(អ្នកតាមដាន)ជិត ៥០ ម៉ឺននាក់ គិតត្រឹម(ម៉ោង)នេះ ឥឡូវក៏កំពុងផ្សាយបន្តផ្ទាល់ដែរ។
ប្រជាប្រិយភាពរបស់ ហ៊ុន សែន/គណបក្សប្រជាជន គឺជួយបំពេញឱ្យគ្នាទៅវិញទៅមក
(មាន)រឿងដែលគួរឱ្យចង់សើច នេះហើយភាពល្ងង់ខ្លៅរបស់គេ នៅពេលដែលខ្ញុំកំពុងនិយាយនេះ ឥឡូវ (ចំនួនអ្នកគាំទ្រ)ឡើង ៥០ ម៉ឺន ១ ពាន់នាក់។ អញ្ចឹង ការផ្សាយបន្តផ្ទាល់ចេញពីគ្រុប Telegram នេះមាន ៦០K បានសេចក្តីថា ៦ ម៉ឺននាក់ មើលតាម Telegram ក្នុងចំណោម ៥០ ម៉ឺននាក់ មាន ៦ ម៉ឺននាក់ កំពុងចូលមើលនេះ។ ប៉ុន្តែ (មាន)ច្រើនទូរទស្សន៍ ដែលកំពុងផ្សាយបន្តផ្ទាល់ចេញពីទីនេះ។ ខ្លះគេមើលតាមទូរទស្សន៍/ហ្វេសប៊ុក។ ដូចជា BTV និងបាយ័ន គេផ្សាយតាមហ្វេសប៊ុករបស់ BTV។ Fresh News គេផ្សាយតាមទូរទស្សន៍ Fresh News។ ទូរទស្សន៍ជាតិក៏ដូចគ្នា។ មានអ្នក(នៅ)ក្រៅស្រុកគេថា ប្រជាប្រិយរបស់ ហ៊ុន សែន គឺខ្សោយណាស់ គេឡាយម្តងមានមនុស្សប៉ុន្មានពាន់នាក់(ចូលមើល) ឯចំពោះ លោក ហ៊ុន សែន វិញ ផេករបស់គាត់មានត្រឹមតែប៉ុន្មានពាន់នាក់ (គឺ)តិចជាងគេ(អ្នកចូលមើលផេករបស់គេ)ទៅទៀត។ ឱ! ព្រះអើយព្រះ បើថាល្ងង់ណាស់សុំបន្តល្ងង់ទៀតចុះ ហើយសូមរង់ចាំមើលល្បែងនេះវានឹងកើតនៅក្នុងពេលណា? ចាំមើលចុះ។ គ្រាន់តែគ្រុប Telegram យើងអាចមើលនៅក្នុងនេះដឹង(ទេ)តើ ៦០K ដែលកំពុងតែមើលនៅក្នុងនេះ។ អញ្ចឹង នៅចែកគ្នានៅតាមទូរទស្សន៍ ១ ម៉ឺន(នាក់) ២ ម៉ឺន(នាក់) កោតតែគេនិយាយទៅរួចថា ខ្ញុំទៅតោងកាលីបគេទៀត។ ឱ! ព្រះអើយព្រះ នៅកម្ពុជាប្រជាប្រិយរបស់ ហ៊ុន សែន ជួយយឹតយោងដល់គណបក្សប្រជាជន ឬហោចណាស់គណបក្សប្រជាជនក៏ជួយយិតយោងដល់ ហ៊ុន សែន វិញ វាបំពេញឱ្យគ្នាទៅវិញទៅមក។ តែមិននឹកស្មានថា ភាពល្ងង់របស់ពួកគេ ការវាយតម្លៃបែបនេះឯង គេហៅថា មនុស្សមិនដែលឈ្នះ។
មកទល់ម៉ោងនេះអ្នកដែលបង្រ្កាប ហ៊ុន សែន បាន មិនទាន់ចេញពីពោះម្ដាយទេ
ឥឡូវ អាមេនិងកូនដណ្ដើមគ្នាធ្វើនាយករដ្ឋមន្រ្តីបាត់។ ប៉ុន្តែ ចាំមើលដល់ទៅពេល ៤ ឬ ៥ ឆ្នាំទៀតនោះ ចេញមកយ៉ាងណា? ក្នុងពេលឥឡូវនេះចាប់ផ្ដើមចេញមុខជាបេក្ខជននាយករដ្ឋមន្រ្តី។ យើងចង់ឱ្យអាហ្នឹងចេញ។ វាចេញមែន ធូរថ្លៃពេកហើយ តែខ្ញុំមិនចង់និយាយទេ ហើយកុំថា ហ៊ុន សែន ល្បិចច្រើន។ បើអ្នកមិនស្គាល់នយោបាយទេ កុំធ្វើនយោបាយល្អជាង។ អ្នកដែលបង្រ្កាប ហ៊ុន សែន បាន ម៉ោងនេះមិនទាន់ចេញពីពោះម្ដាយទេ។ ខ្ញុំមិននិយាយសំដៅទៅអ្នកណាទេ កុំឱ្យថាខ្ញុំតមាត់ជាមួយកូនក្មេង ប៉ុន្តែ កូនក្មេងឯងកំពុងចូលអន្ទាក់បាត់ទៅហើយ។ ចូលស៊ប់តែម្ដង។ ហើយកូនក្មេងឯងរង់ចាំមើលទៅ លទ្ធផលថ្ងៃក្រោយ សូម្បីលទ្ធផលថ្ងៃនេះដាក់ខ្លួនស្មើជាមួយមេនោះ ដណ្ដើមយកតំណែងនាយករដ្ឋមន្រ្តី គឺវាគ្រប់គ្រាន់ ដើម្បីឆ្លុះបញ្ចាំងពីអ្វីទៅហើយ។
ទោះបីខ្មែរក្រហមមានកម្លាំងខ្លាំងប៉ុណ្ណឹង ក៏ខ្មែរក្រហមនៅតែមិនអាចត្រួតត្រាទឹកដីអស់ទាំងស្រុងទេ នៅសល់កម្លាំងប្រដាប់អាវុធនៅរាយប៉ាយ
ឥឡូវ ខ្ញុំនិយាយឡើងវិញដល់កន្លែង ១៩៧០-៧៥ ប្រទេសកម្ពុជាបែងចែកជាពីរ។ ដល់ឆ្នាំ ១៩៧៥-៧៩ របបប្រល័យពូជសាសន៍ ប៉ុល ពត តែ ប៉ុល ពត ក៏គ្មានសមត្ថភាពគ្រប់គ្រងទឹកដីទាំងអស់ដែរ។ ចលនាបង សាយ ភូថង និង ទៀ បាញ់ នៅកោះកុងរស់នៅឯណា? ចលនាបះបោររបស់បង ប៊ុន មី និង ប៊ូ ថង នៅភូមិភាគឦសាននៅឯណា? ចលនារបស់ពួកខ្ញុំនៅឯណា? ចលនាបះបោរចុងក្រោយរបស់ សម្ដេច ហេង សំរិន និងសម្ដេច ជា ស៊ីម នៅឯណា? អញ្ចឹង សូម្បីតែខ្មែរក្រហមមានកម្លាំងខ្លាំងប៉ុណ្ណឹង ក៏ខ្មែរក្រហមនៅតែមិនអាចត្រួតត្រាទឹកដីអស់ទាំងស្រុងទេ នៅសល់កម្លាំងប្រដាប់អាវុធដែលនៅរាយប៉ាយ រាប់ទាំងខ្ញុំក៏មានតំបន់ដែលខ្ញុំគ្រប់គ្រង គឺស្រុកមេមត់/ស្នួល ដែលចូលមកធ្វើខួបរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលបានចូលមកធ្វើក្នុងដីខ្មែរ ហើយកងទ័ពឈរនៅត្រង់ហ្នុង។ ប៉ុន្មានកងវរសេនាតូចឈរនៅក្នុងព្រៃចម្ការកៅស៊ូនោះ?
ពីឆ្នាំ ១៩៧៩-៩៣ កម្ពុជាមួយបែងចែកជាតំបន់ត្រួតត្រាបួន
ដល់ឆ្នាំ ១៩៧៩-៩៣ កម្ពុជាមួយបែងចែកជាតំបន់ត្រួតត្រាបួនឡើងវិញ។ ដំបូងត្រឹមតែពីរទេ ក្រោយមកឡើងដល់ទៅបួន ពេលបង្កើតហ៊្វុនស៊ិនប៉ិច (និងពេល)បង្កើតរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ។ តំបន់គ្រប់គ្រងទី(១) គឺរដ្ឋកម្ពុជា។ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមករដ្ឋកម្ពុជា។ តំបន់ត្រួតត្រាទី(២) គឺខ្មែរក្រហម។ តំបន់ត្រួតត្រាទី(៣) គឺហ៊្វុនស៊ិនប៉ិច។ និងតំបន់ត្រួតត្រាទី(៤) គឺរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ។ ក្នុងចន្លោះឆ្នាំ ១៩៩៣ កម្លាំងបីបានរួបរួមគ្នា គឺរដ្ឋកម្ពុជា ហ៊្វុនស៊ិនប៉ិច និងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ មកចូលរួមរដ្ឋាភិបាលចម្រុះជាមួយគ្នា។ កម្ពុជានៅតែបែងចែកជាតំបន់ត្រួតត្រាពីរ និងកម្លាំងប្រដាប់អាវុធពីរ រដ្ឋាភិបាល ពីរទៅទៀត ដោយ ខៀវ សំផន បោះទាំងលុយចាយនៅតំបន់អន្លង់វែង គឺរវាងម្ខាងរដ្ឋាភិបាល ដែលចេញពីការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ និងម្ខាងទៀត គឺតំបន់ដែលខ្មែរក្រហមគ្រប់គ្រង ដោយមានមួយជួរតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ តាំងពីម៉ាឡៃ ធ្លាក់ដល់ប៉ៃលិន/សំឡូត ជិតមកដល់កោះកុងឯណោះ។ ដល់ខាងលើនោះតាំងពីប្រាសាទព្រះវិហារ ក៏ធ្លាក់ក្នុងដៃខ្មែរក្រហមដែរ។ អញ្ចឹង អ្វីដែលជាការចង់បាន នៃកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស ដែលអ៊ុនតាក់មិនអាចសម្រេចបាន គឺអ៊ុនតាក់ដកចេញត្រឡប់មកវិញ ទុកឱ្យខ្មែរនៅមានសង្គ្រាមនៅឡើយទេ។ យើងបានសាកល្បងប្រើកម្លាំងយោធា រាប់ទាំងការវាយចូលប៉ៃលិននៅមុនចូលឆ្នាំខ្មែរ ប៉ុន្តែ ទីចុងបំផុតមិនអាចឈរជើងបានទេ ត្រូវដកចេញមកវិញ។
ធាតុផ្សំបីសំខាន់ នៃនយោបាយឈ្នះឈ្នះ
អញ្ចឹង (យើង)ប្រើមធ្យោបាយនយោបាយឈ្នះឈ្នះនោះឯង ដែលដាក់ចេញចំណុចតែបីទេ បន្ទាប់ពីការដែលខ្ញុំហៅអ្នកនេះ/នោះមកជួប ដាក់ចេញគោលដៅតែបីទេ។ ទី(១) ធានាជីវិតនិងរូបកាយរបស់គេ។ អ្នកដែលផ្ដាច់ខ្លួនចេញពីខ្មែរក្រហម មិនត្រូវបានទទួលនូវការចាប់ចង/ធ្វើបាប ឬក៏រហូតដល់ការសម្លាប់ គឺអត់ទេ (ត្រូវតែ)ធានាឱ្យគេ។ ទី(២) គឺធានាអាជីពនិងមុខរបរ។ បើអ្នកឯងធ្លាប់ធ្វើគ្រូ ធ្វើគ្រូវិញទៅ ដូរតែសៀវភៅសិក្សាទៅបាន។ ធ្លាប់ធ្វើទាហាន ធ្វើហ្នឹងវិញទៅ។ មេកងពល ឱ្យធ្វើមេកងពលតទៅទៀត។ ធ្វើមេស្រុកនៅកន្លែងហ្នឹង ធ្វើទៀតទៅ។ មុខរបរអីធ្វើហ្នឹងទៅ។ ទី(៣) ធានាកម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់គេ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។ ចំណុចទាំង ៣ នេះ គឺគ្រប់គ្រាន់ ដើម្បីធ្វើអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមរលំរលាយ។ មិនមែនធ្វើត្រឹមតែថ្ងៃទី ២៩ ធ្នូ ១៩៩៨ (នោះ)ទេ ហើយប្រតិបត្តិករទាំងឡាយ គឺផ្សងព្រេងជាមួយគ្រោះថ្នាក់មិនតូចទេ (ពេល)ដែលចូលទៅ។ មិនមែនរឿងលេង(សើច)ទេ ប៉ុន្តែ គោលដៅរួម ដែលភាគីទាំងអស់ចង់បាន ពិសេស បងប្អូនអតីតខ្មែរក្រហម ក៏ដូចជា ប្រជាពលរដ្ឋរបស់យើងចង់បាន គឺសន្តិភាព បញ្ចប់សង្គ្រាម។
នយោបាយឈ្នះឈ្នះ បានស្រោចស្រង់របាំសួយឱ្យរស់រានមានជីវិតដល់សព្វថ្ងៃ
ត្រង់នេះហើយដែលជាចំណុចល្អរបស់យើង ហើយក៏ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំ ដែលខ្មែរធ្លាប់តែបែកបាក់ (ក្នុងនោះ)គ្រប់គ្រងចម្រៀកៗតូច/ធំក្ដីក៏នៅតែមាន។ បើសិនជាយើងកុំធ្វើនយោបាយឈ្នះឈ្នះទាន់ពេល របាំសួយដាច់ពូជ ព្រោះតំបន់របាំសួយនេះ គឺថាជនជាតិសួយនេះ មិនដែលរដ្ឋាភិបាលចូលបានទេ តាំងពីរដ្ឋាភិបាលសម័យបារាំងក៏ចូលមិនបាន។ រដ្ឋាភិបាលជំនាន់ជប៉ុនក៏ចូលមិនបាន។ (រដ្ឋាភិបាល)ជំនាន់ក្រោយមកក៏ចូលមិនបាន។ មកដល់ជំនាន់រដ្ឋកម្ពុជាក៏ចូលអត់បាន។ ទាល់(តែ)យើងអនុវត្តនយោបាយឈ្នះឈ្នះលាតសន្ធឹងទៅ បានខាង(ក្រសួង)វប្បធម៌របស់យើងចុះទៅសិក្សា បានវាចេញអារបាំសួយម៉ាកំភ្លូស កុំអីដាច់ពូជរបាំសួយហ្នឹងទៅទៀត។ ហ្នឹងហើយដែលយើងខិតខំត្រូវរក្សាសន្តិភាពឱ្យបាន។
សូមបន្តផ្ដល់កម្ចីក្នុងអត្រាការប្រាក់សម្បទាន ទោះបីចូលទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប
មិនជាយូរប៉ុន្មានទេ ប្រទេសកម្ពុជានឹងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតូច ខ្ញុំកំពុងតែបារម្ភទៅវិញទេ ហេតុអីបានត្រូវបារម្ភ? កាលណាយើងចាកចេញពីប្រទេសដែលអភិវឌ្ឍតិចតួច ឧទាហរណ៍ថាយើងទៅខ្ចីលុយគេ (គឺ)គេលែងឱ្យយើងខ្ចីតាមអត្រាការប្រាក់សម្បទានហើយ គេឱ្យខ្ចីលុយតាមអត្រាការប្រាក់ពាណិជ្ជកម្ម។ នេះជារឿងដែល(បារម្ភ)។ បើអ្នកឯងក្រ អាហ្នឹងគេឱ្យ(យើងខ្ចី)តាមអត្រាការប្រាក់សម្បទាន។ ខ្ញុំបានប្រាប់គេថា បើទោះបីយើងខ្ញុំចូលទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ក៏សូមមេត្តាផ្ដល់ការអនុគ្រោះឱ្យយើងខ្ញុំអំពីបញ្ហាអត្រាការប្រាក់សម្បទាន។ ខ្ញុំនិយាយជាមួយជប៉ុន/កូរ៉េខាងត្បូង/ចិន/ធនាគារអភិវឌ្ឍន៍អាស៊ីថា សុំឱ្យបន្តនូវការផ្ដល់អត្រាការប្រាក់សម្បទាន។ អញ្ចឹងទេ យើងក៏នៅតែអំពាវនាវដល់ដៃគូរបស់យើង ផ្ដល់ឱ្យយើងនូវកម្ចីអត្រាការប្រាក់សម្បទានតទៅទៀត ព្រោះអារឿងការប្រាក់ធ្ងន់ហ្នឹង គឺថាយកមក រកស៊ីវាអត់ចំណេញ។ យើងត្រូវការធ្វើស្ពាន ត្រូវការធ្វើស្អី(ច្រើនទៀត)។
លើកទឹកចិត្តឱ្យប្រទេសនានាចូលរួមអភិវឌ្ឍន៍ផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា តាមរយៈ B.O.T
យើងត្រូវតែធ្វើឱ្យផ្លូវរទេះភ្លើងរបស់យើងក្លាយទៅជារទេះភ្លើងល្បឿនលឿនទាំងអស់។ អញ្ចឹង នៅទីនេះ យើងក៏អំពាវនាវ (និង)លើកទឹកចិត្តឱ្យប្រទេសនានាចូលរួម ហើយរៀបចំធ្វើ B.O.T ដែលយើងមិនចង់ខ្ចីប្រាក់គេក្នុងរង្វង់មួយដ៏ធំធ្វើផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅប៉ោយប៉ែត (និង)ពីភ្នំពេញទៅក្រុងព្រះសីហនុ ជំនួសឱ្យដែកផ្លូវចាស់ ដែលសព្វថ្ងៃនេះរត់បានត្រឹមតែ ៣០ គីឡូម៉ែត្រ/ម៉ោង ក្នុងពេលផ្លូវល្បឿនលឿនអាចរត់ទៅដល់ ១៣០ គីឡូម៉ែត្រ/ម៉ោង ដែលធ្វើឱ្យមានការចំណេញទៅលើការដឹកជញ្ជូន។ ពេលដែលរដ្ឋមន្ត្រីប្រតិភូបារាំងមក គាត់ក៏បានលើកទឹកចិត្តថា សុំអ្នកឯងសិក្សាទៅ រួចហើយអាចឱ្យក្រុមហ៊ុនបារាំងធ្វើ B.O.T ព្រោះយើងមិនចង់ខ្ចីលុយគេមកធ្វើ។ អញ្ចឹង បើគេធ្វើ B.O.T បាន គឺវាល្អ។
រាជរដ្ឋាភិបាលសម្រេចចេញលុយធ្វើស្ពានឆ្លងទន្លេមេគង្គ ដើម្បីភ្ជាប់ទៅផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត
ដូចជាផ្លូវល្បឿនលឿន យើងជិះផ្លូវល្បឿនលឿន យើងបង់លុយទៅ ហើយគេបានអាលុយហ្នឹងត្រឡប់ទៅវិញ។ ឥឡូវ ប្រជាជនដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៤ និងធ្វើដំណើរតាមផ្លូវល្បឿនលឿន (គឺធ្វើដំណើរតាម)អាផ្លូវល្បឿនលឿនអស់លុយ/ពេលវេលាតិចជាង ព្រោះអាផ្លូវជាតិលេខ ៤ វាប្រើសាំងច្រើនជាង ក្នុងពេលដែលសាំង ឡើងថ្លៃទៅទៀតនោះ។ ហើយមិនជាយូរប៉ុន្មាន(ទេ) យើងនឹងបើកការដ្ឋានសងសង់ផ្លូវល្បឿនលឿនភ្ជាប់រវាងទីក្រុងភ្នំពេញជាមួយនឹងបាវិត ហើយវៀតណាមគេនឹងធ្វើផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញមកភ្ជាប់ជាមួយទល់ ដែនកម្ពុជា។ ក៏សូមជម្រាបជូន(ថា) ពីមុនខាងក្រុមហ៊ុនចង់ធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គ ដោយយកប្រាក់ពីប្រជាជន (បាន)ខ្ញុំថា រឿងយកប្រាក់ពីប្រជាជនលើការឆ្លងស្ពាន គឺខ្ញុំទទួលយកអត់បានទេ សូមអ្នកឯងគិតគូរឡើងវិញ។ ប៉ុន្តែ ក្រោយមកគិតគូរយ៉ាងម៉េចក៏វាទៅមិនរួចដែរ ដើម្បីឱ្យការធ្វើដំណើរលើផ្លូវល្បឿនលឿនមានថ្លៃថោក។ ពីមុនយើងចង់ឱ្យលើកតម្លៃ ១ គីឡូម៉ែត្រប៉ុន្មាន ព្រោះប្រជាជនរបស់យើងត្រូវការឆ្លងស្ពានច្រើន។
ឥឡូវនេះ រាជរដ្ឋាភិបាលសម្រេចធ្វើស្ពានហ្នឹងតែម្ដង ដោយប្រើប្រាស់ថវិកាប្រមាណ ២៣០ លានដុល្លារ ធ្វើជាស្ពាន សម្រាប់ផ្លូវល្បឿនលឿន(ដោយធ្វើ)ពីរទៅ/មក ដើម្បីតភ្ជាប់ឆ្លងទៅត្រើយម្ខាង ហើយឆ្លងកាត់ខេត្តកណ្ដាលមួយផ្នែក ខេត្តព្រៃវែងមួយផ្នែក និងខេត្តស្វាយរៀងមួយផ្នែក។ យើងឱ្យក្រុមហ៊ុនធ្វើទៅចុះ ហើយយើងជាអ្នកចេញលុយ ព្រោះគេមានបច្ចេកទេស (ឥឡូវ) កំពុងតែចរចាគ្នាបន្ត។ ថ្លៃអីត្រូវរ៉ូវគ្នាអស់ហើយ។ យើងនឹងធ្វើអាហ្នឹង។ នៅប្រទេសខ្លះគេយកតម្លៃពីអ្នកប្រើអាផ្លូវធំដែលបង់ថ្លៃនោះយកមកកសាងអាផ្លូវតូច នេះជារបៀបដោះស្រាយបញ្ហា។ ជួនកាលការដាក់ចេញនូវគោលនយោបាយណាមួយ ដែលមិនគិតគូរទៅលើបរិស្ថានគ្របដណ្ដប់ទិដ្ឋភាពតភ្ជាប់របស់វាគ្រប់ជ្រុងជ្រោយ គឺគ្រាន់តែជាការឃោសនាឆបោកតែប៉ុណ្ណោះ។
អបអរសាទរក្រុមកីឡាបាល់ទះអាយុក្រោម ១៩ ឆ្នាំកម្ពុជា ដែលបានយកឈ្នះបារាំង ៣ សិត ទល់នឹងសូន្យ
សូមអបអរសាទរ ចំពោះអ្នកដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ (សូម)ប្រឹងបន្ត(ទៀត) ពីអ្នកបច្ចេកទេសមធ្យមទៅជាអ្នក(មានបច្ចេកទេស)ខ្ពស់ជាង(នេះ) ហើយនៅពេលទៅធ្វើជាគ្រូបង្រៀន ពេលហ្នឹងក៏ជាពេលវេលាដែល យើងត្រូវតែចេះ។ ថ្ងៃនេះ ខ្ញុំគួរតែនិយាយ(បន្តិច) ថ្ងៃមុនដោយសារតែវាមានរឿងច្រើនពេក ហើយវាចំខួបលើកទី ៤៤ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនឹងប្រពន្ធខ្ញុំ គឺនៅថ្ងៃទី ២៤ កុម្ភៈ ១៩៧៩។ ថ្ងៃសុក្រមុនខ្ញុំមិនបាននិយាយរឿងនេះ ដោយទុករឿងនេះនិយាយនៅថ្ងៃនេះ ដោយសារតែខ្ញុំមិនចង់និយាយច្រើន។ ពីទីនេះ ក្នុងនាមរាជរដ្ឋាភិបាល/ខ្លួនខ្ញុំផ្ទាល់ (ខ្ញុំសូម)អបអរសាទរ ចំពោះក្រុមកីឡាបាល់ទះអាយុក្រោម ១៩ ឆ្នាំរបស់កម្ពុជា ដែលបានប្រកួតមិត្តភាពកម្ពុជា-បារាំង ឈ្នះបារាំង ចំនួន ៣ សិត ទល់នឹងសូន្យ។ នេះជាមោទនភាពសម្រាប់ចៅៗ។
នៅទីនេះដែរខ្ញុំបាននិយាយថា ពេលនោះយើងវាយចាញ់បារាំង ៣ សិត ទល់នឹងសូន្យ ក្រុមដដែលហ្នឹង ក៏ប៉ុន្តែ ខ្ញុំនៅតែមានមោទនភាព ដោយសារខ្លួនធ្លាប់ជាអ្នកលេងបាល់ទះ ក៏ប៉ុន្តែ មិនមែនជាអ្នកលេងអាជីពអីទេ អញ្ចឹងទេ កម្ពស់/កម្លាំងរបស់យើងអត់ចាញ់បារាំងនោះទេ អ្វីដែលចាញ់(បារាំង) គឺយើងអត់ប្រើល្បិច។ ខ្ញុំនិយាយនៅកន្លែងហ្នឹង ខ្ញុំថា ទោះបីចាញ់ក៏មានមោទនភាពដែរ។ ខ្ញុំ(មើល)ឃើញក្រឡាឈ្នះ ព្រោះថា(ពិន្ទុវា)ប្រកៀកប្រកិត គេ(ពិន្ទុ) ២៥ យើង(ពិន្ទុ) ២៣ ប៉ុណ្ណឹង។ ខ្ញុំមើលទាំង ៤ សិត។ ចៅៗរបស់យើងគាត់ប្រើបច្ចេកទេសដ៏ល្អ ពីមុនអ្នកឱ្យបាល់មក គឺឱ្យសម្រាប់អ្នកនេះវាយ តែអ្នកចាប់ប៉ារ៉ាស់ហ្នឹងក៏ចាប់មិនជាប់ ថែមទាំងអ្នកនៅពីក្រោយ គឺពិបាកគេចទៀត។ (បាល់)បោះមក អ្នកនេះគ្រាន់តែលោតបញ្ឆោត តែវាអត់វាយ អាអ្នកខាងក្រោយ(ជាអ្នកវាយ) អញ្ចឹង អ្នកប៉ារ៉ាស់ៗម៉េចជាប់? ថែមទាំងត្រូវដើមទ្រូងអ្នកនៅខាងក្រោយទៅទៀត។ ចំណុចទាំងនេះវាជាបទពិសោធន៍មួយ។
ផ្ដាំទៅក្រុមកីឡាបាល់ទះកម្ពុជា ត្រូវពង្រឹងស្មារតីក្រុម កុំមានជំងឺតួឯក
ឥឡូវ យើងមើលចៅៗទាំងហ្នឹង កម្ពស់អត់ចាញ់បារាំងទេ។ កីឡា គឺវាអញ្ចឹង វាមានឈ្នះ/ចាញ់ ហើយចៅៗទាំងហ្នឹងបន្ទាប់ពីផុតអាយុ ១៩ (ឆ្នាំ)ទៅ ចូលទៅជម្រើសជាតិហើយ ឥឡូវ គេក៏អាចចូលទៅជម្រើសជាតិ ដើម្បីវាយបានដែរ។ ប៉ុន្តែ (តា)សូមផ្ដល់អនុសាសន៍ដល់ចៅៗ រឿងធំរបស់បាល់ទះ គឺអ្នកណាក៏ចង់ចេះគប់/ពូកែខាងគប់ដែរ ប៉ុន្តែ អ្នកដែលឱ្យបាល់ទើបជាអ្នកសម្រេចបញ្ហា។ អញ្ចឹង ប្រសិនបើក្នុងចំណោម ៦ នាក់ អ្នកទាំងឡាយមិនត្រឹមតែពូកែគប់ទេ ក៏ប៉ុន្តែ យកបាល់ និងប៉ះសេផ្ដល់បាល់ឱ្យគេ គឺជាវិធីដ៏ល្អ រហូតដល់គេឱ្យពាក់អាវខុសពីអ្នកដទៃ ប៉ុន្តែ ប្រសិនបើអ្នកដែលលេងកីឡានេះអាចឱ្យបាល់បាន បានសេចក្ដីថា អ្នកម្ខាងទៀតចាប់ប៉ារ៉ាស់អត់ជាប់ ព្រោះរវល់តែត្រៀមប៉ារ៉ាស់ជាមួយអ្នកដែលគិតថាអ្នកខាងនេះនឹងឱ្យបាល់មកខាងណេះ (ដូច្នេះខ្លួន)ត្រៀមប៉ារ៉ាស់នៅខាងនេះ ប៉ុន្តែ ទីចុងបំផុតអ្នកនោះវាយបណ្ដោយ។
ខ្មែរយើងមានទម្លាប់អញ្ចេះ បើទាត់បាល់គិតតែពីអាវ៉ង់សង់តែម្ដង គឺខ្សែប្រយុទ្ធ (ប៉ុន្តែ) ត្រង់ខ្សែការពារ/បម្រើ គឺថាអត់សូវចំណាប់ទេ។ ឥឡូវ គេកែសម្រួលហើយ។ បាល់ទះមុននេះអ្នកណាក៏ពូកែគប់ដែរ ប៉ុន្តែ អ្នកដែលឱ្យបាល់ គឺអត់(មានអ្នកចង់)ទេ (ប៉ុន្តែ) សម្រេចកំណត់ គឺបញ្ហាអ្នកឱ្យបាល់ឆ្លាតឬមិនឆ្លាត។ ជួនកាលគេគិតថាឱ្យបាល់មកខាងគេ ប៉ុន្តែ ជួនកាលគេឱ្យបាល់ទៅខាងក្រោយ អ្នកខាងក្រោយវាយភ្លាម។ ចៅៗត្រូវលេងជាក្រុម គឺអត់មានតួឯកបានទេ។ យើងពិនិត្យមើលបាល់ទាត់ (លោក កេស៊ូកិ) ហុងដា ដែលជា(គ្រូបង្វឹក)ជនជាតិជប៉ុន អ្នកដែល(តាំងខ្លួន)ជាតួឯកមិនព្រមប៉ះសេបាល់ឱ្យគេ (លោក កេស៊ូកិ) ហុងដា អត់ឱ្យចូលទាត់ទេ ចង់អ្នកឯងឈ្មោះល្បីយ៉ាងម៉េចក៏ដោយ ព្រោះអាហ្នឹងមិនមែនលេងស្មារតីជាក្រុម គឺគិតតែអូសបាល់យកទៅស៊ុត(ម្នាក់ឯង)តែម្ដង។
ខ្ញុំលេងបាល់ទះ អ្នកដែលឱ្យបាល់ខ្ញុំល្អជាងគេ គឺ ចម ប្រសិទ្ធ។ អាពេញ ឱ្យបាល់លឿនពេក។ អ្នកដែលឱ្យ បាល់ខ្ញុំលេងដំណាក់កាលចុងក្រោយ (គឺ) អាធី នៅមន្ទីរបក្ស វានៅមហាផ្ទៃ ប៉ុន្តែ ធ្វើការនៅ (គ)៨៥ (ដូច្នេះ) សំខាន់អ្នកឱ្យបាល់។ និយាយរួម យើងមានមោទនភាព។ ចៅរបស់ខ្ញុំ ១២ (នាក់)ហ្នឹង ប្រហែលលេងបាល់ទះដែលល្អអាចបានត្រឹម ៣ នាក់ តែប៉ុណ្ណឹងទេ ចាំមកជុំគ្នារកតែប៉ុន្មាននាក់ទៀត រួចហើយរកក្រុមណាមួយដាក់ប្រកួត ជាពិសេស ក្រុមអង្គរក្ស។ អា(ចៅ)មួយនោះទើបនឹងទៅវាយនៅវៀតណាម សាលារបស់វាបានលេខ ២ ក្នុងចំណោមថៃ/ឡាវ/កម្ពុជា។ ហើយទើបនឹងទៅវាយនៅវៀងចន្ទន៍ ក្នុងចំណោមបួនប្រទេសដដែល (សាលារបស់វាទទួល)បានលេខ ២ ទៀត គឺចាញ់សាលាវៀតណាម។ វៀតណាមបាល់ទះគេខ្លាំង។ អបអរសាទរចៅៗ ដែលប្រឹង(យកឈ្នះលើក្រុមបាល់ទះបារាំង) មើលទៅដូចមិនសមថាក្មេងហ្នឹងអាយុក្រោម ១៩ ឆ្នាំ មើលវាកាន់បាល់ គឺថាល្អ សឺវីសល្អហើយ ប៉ុន្តែ សឺវីសកាច វាយខូច ១ គ្រាប់ (ដូច)ឱ្យគេ ១ គ្រាប់។ ត្រូវប្រយ័ត្នអាហ្នឹង។
នយោបាយឈ្នះឈ្នះ ជាមូលដ្ឋានគ្រឹះនាំឆ្ពោះទៅរកការចរចា សីហនុ-ហ៊ុន សែន ហ៊្វែអង់តាឌឺណ័រ
ខ្ញុំនិយាយដូចជាប៉ប៉ាច់ប៉ប៉ោចបន្តិចហើយ រាល់ដាលទៅដល់ប្រវត្តិសាស្ត្រមុន អាចារ្យស្វា ពោធិកំបោរ។ កុំជឿខ្ញុំពេក ទៅបើក “មហាបុរសខ្មែរ” មើលទៅ។ ខ្មែរធ្លាប់មានតំបន់ត្រួតត្រាបី៖ (១) គឺត្រួតត្រាដោយ ព្រះធម្មរាជា នៅចតុមុខ សំរោងទង បាទី និងតំបន់មួយចំនួនផ្សេងទៀត។ (២) ព្រះស្រីរាជា គ្រប់គ្រងតំបន់មួយ ដែលតភ្ជាប់ពីកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង។ (៣) តំបន់ត្រួតត្រាមួយទៀតដោយ សុរិយោទ័យ ទៅ(ខាង)ព្រៃវែង កំពង់ចាមស្អីៗហ្នឹង។ ដល់ក្រោយពីហ្នឹងមកមានព្រះរាជាទិសខាងកើត/លិច ដោយបែងចែកយកទន្លេមេគង្គធ្វើជាព្រំប្រទល់តែម្ដង ម្ខាង(គឺ) ហ្លួងព្រះស្ដេចកន (និង)ម្ខាងទៀត អង្គច័ន្ទរាជា។ អញ្ចឹង វាច្របូកច្របល់ នៃប្រវត្តិសាស្ត្រ ប៉ុន្តែ យើងរក(នឹងចងក្រង)បានប៉ុណ្ណេះ។
ខ្ញុំក៏គួរតែបញ្ជាក់ដែរ នយោបាយឈ្នះឈ្នះវាមិននៅដាច់ដោយឡែកនោះទេ វាជាដំណើរការស្វែងរកសន្តិភាព ដែលយើងចាប់ផ្ដើមតាំងពីការចរចា ហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois) រវាងសម្ដេចព្រះ នរោត្តម សីហនុ-ហ៊ុន សែន ដែលគេហៅជាទូទៅថា ការចរចា សីហនុ-ហ៊ុន សែន ហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois)។ វាជាកិច្ចដំណើរការទូទៅ វាមិននៅដាច់ដោយឡែកនោះទេ តែយើងអនុវត្តតាមដំណាក់មួយៗ អ្វីដែលកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីសមិនអាចសម្រេចបាន គឺអ៊ុនតាក់ចាយលុយ(អស់) ២ ពាន់លាន(ដុល្លារ)ហើយ (ពេលអ៊ុនតាក់)ដកត្រឡប់ទៅវិញ ទុកឱ្យប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាពីរ រដ្ឋាភិបាលពីរ និងកម្លាំងប្រដាប់អាវុធពីរ រហូតទៅដល់ចរចាជាមួយគ្នានៅឯកូរ៉េខាងជើងឯណោះ សម្ដេចព្រះសង្ឃរាជ និងសម្ដេចប៉ុន្មានព្រះអង្គឯណោះបិណ្ឌបាត ខៀវ សំផន និង សុន សេន សូមឱ្យមានបទឈប់បាញ់នៅហ្នឹងកន្លែង គឺមិនព្រមតែម្ដង ហើយសុំព្យួរទុករដ្ឋធម្មនុញ្ញ អនុវត្តកម្មវិធីនយោបាយអប្បបរមា។ វាទៅជាអញ្ចេះ។ ដាក់លក្ខខណ្ឌមកខាងរដ្ឋាភិបាល។
ព្រះករុណា(បិតា) ដឹកនាំប្រជុំ ប៉ុន្តែ តួអង្គចរចា (គឺ)ខ្ញុំ ខៀវ សំផន និង សុន សេន។ សម្ដេច ជា ស៊ីម និងសម្ដេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ប្រគល់តួនាទីចរចាឱ្យខ្ញុំតទល់ជាមួយ ខៀវ សំផន។ ខ្ញុំសួរ ខៀវ សំផន ថា ឯកឧត្តម តើកម្មវិធីនយោបាយអប្បបរមាជំនួសឱ្យរដ្ឋធម្មនុញ្ញទេ? ខៀវ សំផន បានឆ្លើយថា ត្រូវតែអនុវត្តកម្មវិធីនយោបាយអប្បបរមា។ ខ្មែរក្រហមពេលហ្នឹងដាក់លក្ខខណ្ឌឱ្យរដ្ឋាភិបាល។ អាឈប់បាញ់មិនព្រមឈប់បាញ់ ហើយថែមទាំងដាក់លក្ខខណ្ឌឱ្យរដ្ឋាភិបាល ទទួលយកនូវការព្យួរទុកនូវរដ្ឋធម្មនុញ្ញ ហើយអនុវត្តកម្មវិធីនយោបាយអប្បបរមា។ រឿងនេះវាមិនមែនលេងសើចទេ។
អ្នកតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងទីក្រុងប៉ារីសល្មមៗបានហើយ តើនយោបាយឈ្នះឈ្នះ និងការកាត់ទោសខ្មែរក្រហម មានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ?
ក៏សូមបញ្ជាក់(ទៅកាន់)អស់លោក ដែលនិយមចូលចិត្តធ្វើជាគ្រូនៃកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស នយោបាយឈ្នះឈ្នះអត់មានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ អាកាត់ទោសខ្មែរក្រហមក៏អត់បានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ តើអស់លោកថាខុសទេ ដែលយើងរកសន្តិភាពបាន (និង)រំលាយចោយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម គេសរសើរទូទាំងសកលលោក ប្រជាជនកម្ពុជាអបអរសាទរ តើវាខុសទេអាហ្នឹង? អស់លោកអ្នកដែលពូខែខាងទ្រីស្ដីអប់រំគេ អំពីកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស? ល្មមៗបានហើយ អ្នកដែលចុះហត្ថលេខានៅលើនេះមានពីរនាក់ដែរ (មាន)ខ្ញុំ និង ទៀ បាញ់។ (ឯ) ចម ប្រសិទ្ធ នៅមួយខែ (ពេលដែល)ចរចានៅ(ទីក្រុង)ប៉ារីស។ ឯខ្ញុំមកជាមួយ ទៀ បាញ់, ស៊ិន សុង ដើរជុំវិញបឹងទន្លេសាប ត្រៀមរៀបចំខ្លួន ដើម្បីដកកងទ័ពវៀតណាមចេញ។
ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅរស់រានមានជីវិត ៧ នាក់ និង ៥ អង្គ/នាក់ បានសុគត/ស្លាប់
ខ្ញុំមិនហាមឃាត់អ្នក(មិនឱ្យ)និយាយទេ ប៉ុន្តែ និយាយឱ្យវាមានហេតុ/ផល ឥឡូវ អ្នកហត្ថលេខីនៃកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស ដែលនៅរស់មាន ៧ (នាក់)៖ ខ្ញុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, ឯកឧត្ដម ហោ ណាំហុង, ឯកឧត្ដម ឌិត មន្ទី, ឯកឧត្ដម អ៊ឹម ឈុនលឹម, ឯកឧត្ដម អៀង ម៉ូលី (មកពី)ខាង KPNLF និង ខៀវ សំផន។ ឯអ្នកដែលសុគត/មរណកាលទៅហើយមាន ៥ នាក់៖ គឺមានព្រះករុណាបិតា, សម្ដេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ, លោកតា សឺន សាន, សុន សេន និង ស៊ិន សេន។ មួយ សុន សេន (និង)មួយ ស៊ិន សេន។ ស៊ិន សេន (មកពី)ខាងរដ្ឋកម្ពុជា ហើយ សុន សេន ប៉ុល ពត អ្នកបាញ់សម្លាប់ទាំងគ្រួសារតែម្ដង។ រឿង សុន សេន ជាមួយរឿងប៉ុន្មានថ្ងៃនេះ គឺវាដូចគ្នា អ្នកដឹងបានដឹង។ អ្នកដែលមិនធ្លាប់ស្គាល់ ហ៊ុន សែន គិតថា ហ៊ុន សែន ម៉េចបានធ្វើអញ្ចឹង? ចាំមើលទៅវានឹងឈានដល់ដំណាក់កាលមួយ។
អំណោយកំដរដៃ/កម្មវិធីការងារដ៏មមាញឹក
ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់សិស្ស/គរុនិស្សិត ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ចំនួន ៥ ៤៥០ នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិតពិការ ចំនួន ៩ នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១ លានរៀល។ ជូនបុគ្គលិក/សាស្ត្រាចារ្យ ចំនួន ២៥៨ នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១០ ម៉ឺនរៀល។ ជូនវិទ្យាស្ថានជាតិបណ្តុះបណ្ដាលបច្ចេកទេសថវិកា ចំនួន ១០ លានរៀល។ ជូនក្រុមគ្រួពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ចំនួន ៣ លានរៀល។ ថ្ងៃនេះដូចអាទិត្យមុនអញ្ចឹង អាទិត្យមុន គឺនៅសល់បានតែល្ងាចថ្ងៃសុក្រទេ តែល្ងាចថ្ងៃសុក្រមានឯកសារប្រមាណជិត ២០។ ដល់ទៅព្រឹកថ្ងៃសៅរ៍នៅសល់ឯកសារ ១៩ ហើយសុទ្ធតែជាឯកសារសំខាន់ៗទៅទៀត ទាក់ទងក្របខណ្ឌគោលនយោបាយស្អីៗហ្នឹង ដែលត្រូវពិនិត្យដោះស្រាយ។ ម្សិលមិញ(នេះ) ព្រឹកកាត់សក់ ល្ងាចបានសម្រាកបន្តិច។ ថ្ងៃនេះ ជាមួយនឹងការចាប់ផ្ដើមនៅទីនេះ(ពេល)ព្រឹក ល្ងាចនេះនៅសណ្ឋាគារសុខា (ពាក់ព័ន្ធ)ជាមួយខាងទេសចរណ៍។ បន្តទៅកម្មវិធីរហូត។ ស្អែកនេះមានភ្ញៀវរហូតទៅដល់ ៣ (ក្រុម) ព្រឹក ២ (ក្រុម) ល្ងាច ១ ក្រុម (គឺត្រូវជួប)ជាមួយក្រុមធុរកិច្ច។ មានកម្មវិធី(ជាប់)រហូត ប៉ុន្តែ មិនចាំបាច់ថ្ងូរទេ ថ្ងូរទៅក៏គ្មានអ្នកណាគេឱ្យលុយយើងថែមដែរ ព្រោះយើងជាអ្នកកំណត់លុយឱ្យគេ។ ហត់នោះវាហត់ទៅហើយ តែយើងមិនអាចចៀសវាងបាននូវកិច្ចការដែលយើងត្រូវធ្វើនោះទេ។
មិនដែលពឹងផ្អែកលើប្រជាប្រិយភាពអ្នកដទៃ ដើម្បីធ្វើជាប្រជាប្រិយភាពរបស់ខ្លួននោះទេ គឺប្រឹងងើបឈរឡើងដោយខ្លួនឯងតាំងពីនៅក្មេងវត្ត
អរគុណណាស់ ចំពោះការស្ដាប់(និយាយ)ប៉ប៉ាច់ប៉ប៉ោចរបស់ខ្ញុំ ដែលមានមនុស្សរាប់លាននាក់កំពុងមើល កុំនិយាយថាត្រឹម ២ ឬ ៣ ពាន់នាក់វើយ។ សុំឆែកបន្តិច ដើម្បីឱ្យវាភ្លឺភ្នែក អ្នកកំពុងមើលតាម Chanel Telegram របស់ខ្ញុំមានចំនួន ៦ ម៉ឺន ១ ពាន់នាក់ អញ្ចឹង យើងថា(មាន)មនុស្សកន្លះលាននាក់ទៅចុះកំពុងមើលផ្ទាល់។ សូមបញ្ជាក់ ហ៊ុន សែន មិនដែលផ្អែកលើប្រជាប្រិយភាពអ្នកណា ដើម្បីធ្វើជាប្រជាប្រិយភាពរបស់ខ្លួននោះទេ គឺអត់ទេ។ ជីវិតរបស់ ហ៊ុន សែន គឺប្រឹងងើបឈរឡើងដោយខ្លួនឯងតាំងពីនៅក្មេងវត្ត។ ក្នុងគណបក្សប្រជាជន គឺបានទទួលផលពីអ្វីដែល ហ៊ុន សែន បានរួមចំណែក ខ្ញុំមិនមែនផ្ដាច់មុខធ្វើតែឯងនោះទេ ហើយកិត្យានុភាពរបស់ ហ៊ុន សែន ក៏មិនសាមញ្ញដូចអ្នកឯងគិតដែរ។ បើ ហ៊ុន សែន មិនមានកិត្យានុភាពគ្រប់គ្រាន់ តើគណបក្សប្រជាជនអាចឈរជើងបាននៅក្នុងនយោបាយ(ប្រទេស)កម្ពុជាទេ? (និយាយ)ថា ហ៊ុន សែន ផ្ដាច់ការ អ្នកឯង(និយាយ)ថាម៉េចក៏បាន ប៉ុន្តែ ខ្ញុំគ្រាន់តែចង្អុលបង្ហាញថា តើមានអ្នកណាផ្ដាច់ការជាង ប៉ុល ពត ទៅទៀត ហេតុអីបានជា ប៉ុល ពត រស់បានតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ? ក្នុងពេលដែល ហ៊ុន សែន អាចកាន់អំណាចជានាយករដ្ឋមន្ត្រីរហូតជាង ៣៨ ឆ្នាំ ហើយក៏ជាមនុស្សតែម្នាក់គត់ ដែលនៅក្នុង(រាជ)រដ្ឋាភិបាលមិនដាច់ (គឺមាន)រយៈពេលជាង ៤៤ ឆ្នាំ។
សម្ដេចពិជ័យសេនា (ទៀ បាញ់) តែងតែនិយាយថា “(ខ្ញុំ)ជាតួអង្គម្នាក់ ដែលតែងតែនៅគ្រប់ស្ថានការណ៍/ព្រឹត្តិការណ៍/ហេតុការណ៍” ហេតុការណ៍ណាដែល ហ៊ុន សែន មិនដឹង? កំណែទម្រង់ដីធ្លី កែទម្រង់ពីសេដ្ឋកិច្ចផែនការទៅសេដ្ឋកិច្ចទីផ្សារ (ក៏ដូចជា) ហេតុការណ៍ទាក់ទងនឹងកងទ័ពស្អីៗ។ ឆ្នាំនេះនឹងធ្វើខួបលើកទី ៤៥ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាប្រភពដ៏សំខាន់ នៃការបង្កើតរណសិរ្យសង្គ្រោះជាតិកម្ពុជា ដែលកើតឡើងភ្លាម មានអង្គការចាត់តាំងនយោបាយ/យោធាហើយស្រេច។ សូមកុំភាន់ច្រឡំលើការវាយតម្លៃ ហ៊ុន សែន ឱ្យសោះ ក្រែងលោនាំទៅដល់ការចាញ់ជាអមតៈនោះ។ សូមវាយតម្លៃឱ្យត្រូវ។ ប៉ុន្តែ វាពិបាកណាស់ ក្នុងការវាយតម្លៃថា ហ៊ុន សែន ទៅតាមផ្លូវណា (មាន)មនុស្សមិនច្រើនទេ ដែលវាយតម្លៃបាន(ពីដំណើររបស់ ហ៊ុន សែន)។ ជាមួយនឹងការកោតសរសើរ ចំពោះវឌ្ឍនភាព នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (ក៏ដូចជា) អបអរសាទរ ចំពោះនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំសូមជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក្មួយៗដែលជាជ័យលាភីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕