សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ជិត ៥ ពាន់នាក់

 

CNV:

ចាប់ពីថ្ងៃនេះដល់ថ្ងៃដែលកម្ពុជាបើកការប្រកួតស៊ីហ្គេម យើងនៅសល់ ៦៥ ថ្ងៃទៀត ដែលជាការរង់ចាំរបស់យើង នៃការរង់ចាំ(អស់)រយៈពេល ៦៤ ឆ្នាំ។ សូមអ្នកទាំងអស់គ្នាអបអរសាទរជាមួយខ្ញុំ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅ​ថ្ងៃនេះ!

(១) ចាប់ផ្តើមការសិក្សាឡើងវិញពីដៃទទេ ក្នុងស្ថានភាពសង្គ្រាម និងទណ្ឌកម្មដ៏អយុត្តិធម៌

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលចូលជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក៏ដូចជា និស្សិតជ័យលាភី ដើម្បីធ្វើកម្មវិធីពីរជាមួយគ្នា ទី(១) សម្ពោធដាក់ឱ្យប្រើប្រាស់​នូវអគារ ២ ខ្នង ដូច​ដែល​ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍អម្បាញ់មិញ។ ទី(២) កាផ្ដល់សញ្ញាបត្រ​សម្រាប់​និស្សិតជ័យលាភី (ចំនួន) ៤ ៦១៧ នាក់។ ត្រឹមតែក្នុងរយៈពេល ៣ ថ្ងៃតែប៉ុណ្ណោះ ខ្ញុំបានធ្វើកិច្ច​ការងារចែកសញ្ញាបត្រនៅទីនេះ គឺមានចំនួនច្រើន។ ក្នុងផ្នែកវិស័យសិក្សាធិការកម្រិតថ្នាក់ឧត្តមសិក្សានេះ (ខ្ញុំ) នឹងត្រូវចែក​សញ្ញាបត្រជាបន្ដបន្ទាប់ ដែលបង្ហាញឱ្យឃើញពីវឌ្ឍនភាពនៃវិស័យអប់រំនិងការបណ្ដុះបណ្ដាលធនធាន​មនុស្សនៅក្នុងប្រទេសរបស់យើង។ អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងពីការចាប់​ផ្ដើមរបស់គាត់ជានិស្សិតបន្ដការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាយើងនេះ។ រឿងដូចគ្នានេះដែរ យើងឃើញនៅ​កម្រិតទូទាំងប្រទេសនាពេលនោះ កន្លែងណាត្រូវការរៀន (គឺ)ទាំងគ្រូ/សិស្ស ទៅបោស/ជួសជុលសា​លា (រួច)នាំគ្នារៀនទៅ។ ពេលនោះវាដូច្នេះឯង។ វាជាការចាប់ផ្ដើមមួយដែលចេញពីបាតដៃទទេ ហើយស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់ សង្គ្រាមនៅបន្ដជាមួយនឹងទណ្ឌកម្មដ៏អយុត្តិធម៌ពីសំណាក់​បរទេសមួយចំនួន។

(២) មិត្តភក្តិបរទេស មិនត្រូវសាងកំហុសលើកទី៣

ខ្ញុំធ្លាប់បានរំលឹក ចំពោះមិត្តភក្ដិបរទេសខ្លះថា សូមអ្នក​កុំកសាងកំហុសទី៣ ចំពោះយើងខ្ញុំអី។ ម៉េចបានថាកំហុសទី៣? តើកំហុសទី១ ជាអ្វី? តើកំហុសទី២ ជាអ្វី? កំហុសទី១ គឺពួកអ្នកឯងតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែពួកអ្នកឯងគាំទ្ររដ្ឋប្រហារយោធាមួយនៅក្រុងភ្នំពេញ (នៅឆ្នាំ) ១៩៧០។ ពួកអ្នកឯងតែងតែចាត់ទុកប្រទេសរបស់ខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែផ្ទុយទៅវិញ ពួកអ្នកឯងបានគាំទ្រនូវ​រដ្ឋប្រហារយោធាមួយ ដែលនាំប្រទេសរបស់ខ្ញុំទៅកាន់សង្គ្រាមមួយ ដែលបើកផ្លូវឱ្យពួក ប៉ុល ពត បាន(ចូលមកកាន់អំនាច)។ នេះជាកំហុសទី(១) របស់ពួកអ្នក។

រីឯកំហុសទី២ តើពួកអ្នកនៅចាំទេ ពួកអ្នកបានបន្ដគាំទ្រ​ពួកខ្មែរក្រហមនៅអង្កការសហប្រជាជាតិពីឆ្នាំ​ ១៩៧៩-៩១? ពួកអ្នកមិនដែលបង្ហាញពីការស្ដោក​ស្ដាយអំពីឥរិយាបថនយោបាយការបរទេសរបស់អ្នក ចំពោះប្រទេសរបស់ខ្ញុំនោះទេ។ ខ្ញុំគ្រាន់តែផ្ដល់យោ​បល់ឱ្យអ្នកឯងថា សូមកុំកសាងកំហុសទី៣ នៅកម្ពុជា។ នេះជាពាក្យដែល ហ៊ុន សែន និយាយជាមួយនឹងប្រទេស​មួយចំនួន ដែលមកជួបជាមួយខ្ញុំ ហើយតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ។ មានអ្នកខ្លះបាននិយាយថា នេះជាកំហុសធំនៅក្នុងអតីតកាលរបស់គេ។ ប៉ុន្ដែ (គេ)មិនហ៊ាននិយាយក្នុងអង្គប្រជុំទេ និយាយពេលជូនដំណើរចេញ (គឺ)​លួចខ្សឹបប្រាប់យើងទៅវិញទេ ហើយគេមិនដែលបានសុំទោស ឬសំដែងការសោកស្ដាយទេ។

(៣) កម្ពុជាចាប់ផ្ដើមឡើងវិញ ក្នុងស្ថានភាពលំបាកជាមរតក៌ពីរបប ប៉ុល ពត

អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន ខ្លួនឯង មុន​ពេល​បានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ក៏ចាប់ផ្ដើមបោសសាលាដើម្បីរៀន ហើយស្ថានភាពនេះ​មាននៅក្នុងក្របខណ្ឌទូទាំងប្រទេស គឺមិនមានកន្លែងណាមួយដែល​មិន​ធ្វើបែបនេះទេ។ ក្រសួងនីមួយៗរៀបចំឡើងវិញទាំងអស់។ ខ្ញុំសង្កេតឃើញថា បណ្ដានាយករដ្ឋមន្ដ្រី ឬប្រធានាធិបតីនៅលើពិភពលោកនេះ (គឺ)ងាយស្រួល (នៅ)ត្រង់ថា របស់មានស្រាប់ គ្រាន់តែដណ្ដើមធ្វើម៉េចឱ្យឈ្នះឆ្នោត (គឺ)មាន​កន្លែង​អង្គុយស្រួល មានស្ថាប័ន/ស្អីៗទាំងអស់។ សម្រាប់កម្ពុជាយើង គឺចាប់ផ្ដើមពីការរៀបចំឡើងវិញ​ទាំងអស់​ ហើយការរៀបចំឡើងវិញនៅក្នុងស្ថានភាពមួយដែលវាលំបាក​ (ព្រមដោយ)មរតកដែល ប៉ុល ពត បានបន្សល់ទុកឱ្យយើង(មាន)ដូចជា៖ ស្ដ្រីមេម៉ាយ កុមារកំព្រា ប្រជាជនត្រូវជម្លៀសពីកន្លែង​មួយទៅកន្លែងមួយ។ ដល់តែរំដោះ​ហើយ (គឺ)ត្រូវរែកចាន/ឆ្នាំង(ត្រឡប់មកវិញ) ហើយយើងមើលឃើញរូបភាពគួរឱ្យអាណោចអធ័ម ដែលម្ខាងដាក់​កូន ម្ខាង(ទៀត)ដាក់អីវ៉ាន់។ នេះជារឿងពិតដែលបានកើតឡើងក្នុងទឹកដីកម្ពុជា។

(៤) កម្ពុជា ប្រឈមនឹងការដែលគេគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ និងការដាក់ទណ្ឌកម្ម

មនុស្សមួយចំនួនដែល(ព្រម)ទទួលយកសច្ចធម៌ពិត គឺបានបង្ហាញនូវការស្ញប់ស្ញែងដល់ខ្លួនឯង មិនមែនស្ញប់ស្ញែងដល់(រាជ)រដ្ឋាភិបាលអីទេ ស្ញប់ស្ញែងថា អញកាលហ្នឹងក្រណាស់ រកតែស្បែកជើងពាក់មិនបានផង។ ឥឡូវអញមិនគួរមានឡានជិះនា​ថ្ងៃនេះទេ។ មានមនុស្សមិនតិចទេ (ដែល)បានរើបម្រាសពីការលំបាកនាដំ​ណាក់កាលនោះ។ ដោយឡែក ​ក្នុង​ក្របខណ្ឌស្ថាប័ន (គឺ)គ្មានស្ថាប័នណាមួយ ដែលមិនរៀបចំឡើងវិញទេ (គឺ)ចាប់ផ្ដើមពីមនុស្សតិចតួចណាស់ ខុសពី​ប្រទេសដទៃដែលគេដូរថ្នាក់ដឹកនាំរួចហើយស្ថាប័ននៅ(មានប្រក្រតីភាព)ទាំងអស់។ អញ្ចឹង ធ្វើរដ្ឋមន្ដ្រី នាយករដ្ឋមន្ដ្រី ឬប្រធានាធិបតី​នៅប្រទេសផ្សេង គឺវាស្រួល។ ប៉ុន្ដែ នៅប្រទេសកម្ពុជាយើង គឺចាប់ផ្ដើមពីបន្ដិចម្ដងៗ​ ដូចដែលខ្ញុំបាននិយាយអម្បាញ់មិញ គេគាំទ្រខ្មែរក្រហមនៅអង្កការសហប្រជាជាតិ(ទេ)តើ មានដោះស្រាយអី​ជាមួយយើង? ថែមទាំងដាក់ទណ្ឌកម្មចំពោះយើង។​

(៥) បន្ទាប់ពីសហភាពសូវៀតដកថយ វិទ្យាស្ថានជួបទំនាស់ភាសាយាន អង់ក្លូសាក្សុង ឬហ្វ្រង់កូហ្វូន

ខ្ញុំពិតជាមានមោទនភាពជាមួយនឹងវឌ្ឍនភាពរួម នៃវិស័យអប់រំ​សិក្សាធិការ (គឺ)​ការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង (និយាយ)ដោយឡែកវិទ្យាស្ថានបច្ចេកវិទ្យានេះ ជាមួយនឹងការចាប់ផ្ដើមក្នុង​គ្រាលំបាក។ ខ្ញុំនៅចាំបាន(ថា) ក្នុងឆ្នាំ ១៩៩១ យើងលំបាកសារជាថ្មីម្ដងទៀត ពេលនោះដោយសារសហភាព​សូវៀត ដួលរលំ ដូច្នេះគ្រូរបស់រុស្ស៊ីត្រូវដកខ្លួន។ អញ្ចឹងទេ ខ្ញុំត្រូវចរចាជាមួយភាគីបារាំង ដើម្បីមកជួយសង្គ្រោះវិទ្យាស្ថានបច្ចេកវិទ្យានេះ ពេលហ្នឹងវាមានជម្លោះ រវាងពួកក្រុមនិយាយភាសាបារាំង/អង់គ្លេស។ នៅចាំបានទេមានបាតុកម្ម ឈ្មោះ ប៉ាង លីដា (ជា)មេបាតុកម្ម។ ពីមុនសាលាហ្នឹងរៀនភាសារុស្ស៊ី ដល់ពេលយើងចាប់ផ្តើមទាញបានហ្វ្រង់កូហ្វូន (Francophoneមក វាមានការទាមទារ (គឺ)ខាងអង់ក្លូសាកស្សុង (Anglo-Saxons) ម្ខាងទៅ (និង)ខាងហ្វ្រង់កូហ្វូន (Francophoneម្ខាងទៅ។ ទម្រាំតែដោះស្រាយចប់ ខ្ញុំត្រូវដើរតួនាទី(ជាអ្នក)សម្របសម្រួល។ ប៉ុន្តែ មិនដឹង(ថា) ប៉ាង លីដា បាតុកម្មគាំទ្រខាងហ្វ្រង់កូហ្វូន (Francophone) ឬខាងអង់ក្លូសាកស្សុង (Anglo-Saxons)? ប៉ុន្តែ គ្មានជោគជ័យណាមួយ ដែលមិនចេញពីការលំបាកទេ។

(៦) មរតក ២ នៃគណបក្សប្រជាជន (១)ការសង្គ្រោះជីវិតមនុស្សឱ្យរស់រានមានជីវិតថ្ងៃរំដោះ ៧ មករា ១៩៧៩ និង(២) បង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស អនុវត្តនយោបាយឈ្នះឈ្នះ

ម្សិលមិញ ខ្ញុំបាននិយាយជាមួយនឹងគណៈប្រតិភូសាំងហ្គាពួររហូតដល់ ២ (ក្រុម) ជាពិសេស គណៈប្រតិភូទី១ គឺប្រធានសេវាចារកម្មស៊ីវិលរបស់សាំងហ្គាពួរ។ គាត់និយាយអំពីជោគជ័យនៃការធ្វើប្រធានអាស៊ានក្នុងពេលដ៏លំបាក។ ខ្ញុំនិយាយថា ជោគជ័យដែលបានមកចេញពីការលំបាក គឺជាជោគជ័យដែលមានតម្លៃ ហើយត្រូវការពារ។ បានខ្ញុំនិយាយទៅដល់កត្តាសន្តិភាពទាំងឡាយដែលយើងបានខិតខំ(ស្វែងរក)។ យើងត្រូវថែអាហ្នឹង (ព្រោះ)ជារបស់ដែលមានតម្លៃបំផុត​។ ឥឡូវថា មរតកដែលមេដឹកនាំគណបក្សប្រជាជនបន្សល់ទុកឱ្យជាតិមាតុភូមិអ្វីខ្លះទៅ?​

ដំបូងបំផុត កុំភ្លេចអំពីការសង្គ្រោះជីវិតមនុស្សឱ្យរស់រានមានជីវិត តាមរយៈថ្ងៃរំដោះ ៧ មករា (១៩៧៩)។ បើអត់មានថ្ងៃរំដោះ ៧ មករា (១៩៧៩) កុំនិយាយអីទៀត និយាយតែពីរឿងងាប់តែម្ដង អាហ្នឹងនិយាយការពិត។ ឥឡូវ អ្នកណាមួយហ៊ានមកអះអាងថា បើអត់មានថ្ងៃរំដោះ ៧ មករា (១៩៧៩) អញនៅតែរស់(ទេ)? ប៉ុន្តែ ពួកគេបានកាឡៃប្រវត្តិសាស្ត្រនេះ។ ឯមរតកទី(២) គឺការចូលរួមរបស់រដ្ឋាភិបាលអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា តាមរយៈការកសាងឡើងនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ដល់វាបញ្ចប់ហើយ គឺថាចាប់ផ្តើមចូលដល់ដំណាក់កាល នៃការអនុវត្តនយោបាយឈ្នះឈ្នះតែម្តង។ មរតកនេះ គឺសំខាន់ណាស់។

(៧) ឆ្នាំ ២០២៥ បំផ្លាញចោលគ្រាប់មីនឱ្យអស់ ធានាថាប្រជាជនទទួលបានដីធ្លីទៅគ្មានគ្រោះថ្នាក់

ថ្ងៃមុនខ្ញុំបាននិយាយអំពីប្រវត្តិទំនាក់ទំនងរវាងសន្តិភាពនិងសង្គ្រាមបែកបាក់។ ឥឡូវ យើងមានឱកាសគ្រប់ទីកន្លែង នោះនៅត្រង់ថា បំផ្លាញចោលគ្រាប់មីនឱ្យអស់នៅត្រឹមឆ្នាំ ២០២៥ ដើម្បីធានាថា ប្រជាជនទទួលបានដីធ្លីទៅ គឺគ្មានគ្រោះថ្នាក់ ឬក៏អ្នកដែលធ្វើដំណើរទាំងឡាយចូលចិត្តដើរកំសាន្ត ឬក៏គ្នាអត់ស្គាល់ភូមិសាស្ត្រទៅដើរជាន់មីន។ មីននេះ យើងនឹងខិតខំ ដើម្បីហ្នឹងបំផ្លាញចោលវាឱ្យអស់នៅក្នុងឆ្នាំ ២០២៥។ យើងប្រើពេល ៣០ ឆ្នាំហើយ ដើម្បីដោះ(មីន) ក៏ប៉ុន្តែ វាមិនទាន់អស់ ដោយសារប្រទេសយើងហែកហួរទៅដោយសង្គ្រាមហ្នឹងវាធំពេក។ អញ្ចឹងទេ ខ្ញុំគ្រាន់តែរំលឹកបញ្ហានេះ អ្វីដែលបានកើតនៅក្នុងប្រទេសរបស់យើង (គឺ)វាលំបាក។

(៨) ដំណាក់កាលសេដ្ឋកិច្ចចំណេះដឹង ចាំបាច់ត្រូវបណ្តុះបណ្តាលធនធានមនុស្ស

វឌ្ឍនភាពលើវិស័យអប់រំនេះ គឺវាឆ្លុះបញ្ចាំងអំពីការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ សម្រាប់ប្រទេសជាតិរបស់យើង។ យើងបើនិយាយពីជំនាន់ត្រឹមឆ្នាំ ១៩៧៥ សួរថា អ្នកជាប់បរិញ្ញាបត្រមានប៉ុន្មាននាក់ទៅ? មានដែរ តែវា(មាន)តិច។ ឥឡូវ ហ្នឹង(អ្នកចប់)បរិញ្ញាបត្រក្នុងមួយឆ្នាំៗ (គឺមាន)ច្រើន។ (ឥឡូវ) យើងមានបរិញ្ញាបត្រ យើងមានបរិញ្ញាបត្ររង យើងមានបរិញ្ញាបត្រជាន់ខ្ពស់ យើងមានថ្នាក់បណ្ឌិត យើងមានអ្នកដែលបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ដំណាក់កាលសេដ្ឋកិច្ច នៃចំណេះដឹង គឺជាដំណាក់កាលដែលមានការចាំបាច់ត្រូវបណ្តុះបណ្តាលធនធានមនុស្ស

(៩) ជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទាំងទន់ទាំងរឹង ក្នុងនោះធនធានមនុស្ស

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺបានឆ្លងកាត់ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ ដូចដែលខ្ញុំនិយាយអម្បាញ់មិញអញ្ចឹង​។ ដំណាក់កាលស្តារឡើងវិញ (គឺ)ចាប់ផ្តើមពីការលំបាក​ ហើយពេលនោះត្រូវទទួលជំនួយពីសូវៀត។ សូវៀតពេលនោះ គឺមានរដ្ឋច្រើនណាស់។ អ្នកដែលមកបង្រៀននៅវិទ្យាស្ថានបច្ចេកវិទ្យា មិនមែនមានតែជនជាតិរុស្ស៊ីទេ មានតាំងពីជនជាតិអ៊ុយក្រែន មានតាំងពីជនជាតិ Uzbekistan ​មានទាំងជនជាតិអាល់ម៉ានី មានទាំងជនជាតិ Azerbaijan មានទាំងបេឡារ៉ូស គឺមានសាស្ត្រាចារ្យច្រើនណាស់មកបង្រៀន។ ប៉ុន្តែ នៅពេលដែលសូវៀតដួលរលំ យើងក៏ត្រូវរកអ្នកមកជំនួស។ អ្នកមកជំនួសហ្នឹងបង្កើតនូវបញ្ហាបាតុកម្ម រវាងថាត្រូវប្រើភាសាអង់គ្លេស ឬភាសាបារាំងទៅទៀត។ ប៉ុន្តែ យើងប្រឹងបន្តិចម្តងៗ(រហូត)មកដល់ពេលនេះ។ ថ្ងៃនេះ(យើងសង់)អគារ ២ (ខ្នង)បន្ថែមទៀត ដែលមានចំនួន ៩៣ បន្ទប់ ក្នុងហ្នឹងអគារសហគមន៍ ១ ខ្នង ដែលមានកម្ពស់ ៧ ជាន់ នឹងអគារវិស្វកម្មសំណង់ ១ ខ្នង ចំនួន ២០ បន្ទប់។

នេះគឺហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង សម្រាប់បណ្តុះបណ្តាលផ្នែកទន់គឺធនធានមនុស្សនេះឯង។ យើងកំពុងតែជំរុញការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងរឹង/ទន់។ ធនធានមនុស្ស ក៏ជាហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់មួយដែរ ដែលយើងកំពុងតែយកចិត្តទុកដាក់។​ ខ្ញុំយកឱកាសនេះ អរគុណជាមួយនឹងជំនួយឧបត្ថម្ភ ដែលធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ យើងត្រូវហ៊ានចំណាយទៅលើការសាងសង់អគារសិក្សាបំពាក់បរិក្ខារឱ្យបានល្អដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សរបស់យើង។ នៅក្នុងក្របខណ្ឌទូទាំងប្រទេស យើងមានអគារសិក្សាច្រើនណាស់ដែលមានតម្លៃរាប់ពាន់លានដុល្លារ យើងអត់ខ្លាច(ចំណាយ)ទេ។ សូម្បីតែបេសកកម្ម ៦ ពាន់គីឡូម៉ែត្រ តាមរថយន្ត ពេលនោះចំណាយ(ប្រាក់)ប្រមាណ ៤០០ លានដុល្លារ សម្រាប់កសាង(សាលារៀនតាំងពី)ថ្នាក់បឋម ថ្នាក់អនុ/វិទ្យាល័យ។ យើងកុំខ្លាចជាមួយនឹងការចំណាយដើមទុន សម្រាប់ការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះយើងត្រូវការឱ្យសិស្សមានសុខភាពល្អ។ យើងត្រូវមានភាពគត់មត់ សម្រាប់សិស្ស/សាស្រ្តាចារ្យក្នុងការបង្រៀន។

(១០) ការចំណាយក្នុងវិស័យអប់រំ ផ្តល់ផលចំណេញខាងសេដ្ឋកិច្ចសង្គមសម្រាប់ការអភិវឌ្ឍជាតិ

ដៃគូរបស់យើងអាចជួយយើងបន្ថែមទៀត ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ជាអគារ ឬជាសាលាតែម្តង។ បើនៅឯក្រចេះ គឺចិនគាត់ជួយនៅសាកលវិទ្យាល័យក្រចេះតែម្តង។ ពេលដែលបង្កើតខេត្តត្បូងឃ្មុំ យើងហ៊ានកសាងនូវសាកលវិទ្យាល័យនៅត្បូងឃ្មុំតែម្តង។ យើងកុំខ្លាចចំណាយដើមទុន ព្រោះផលដែល(ទទួល)ត្រឡប់មកវិញ គឺវាធំណាស់។ (ការ)សាងសង់អគារសិក្សា ជាមួយនឹងប្រាក់បៀវត្សសាស្រ្តចារ្យ/គ្រូបង្រៀន ដែលយើងត្រូវចំណាយជាមួយនឹងផលដែលយើងបានត្រឡប់មកវិញ អំពីការបង្កើតចំណេះដឹង សម្រាប់យុវជន/នារី និងប្រជាពលរដ្ឋរបស់យើង (ព្រោះ)វាជាផលចំណេញខាងវិស័យសេដ្ឋកិច្ចសង្គមដ៏ធំ សម្រាប់ការអភិវឌ្ឍជាតិ ហើយភាពធន់សម្រាប់សេដ្ឋកិច្ច មិនមែនពឹងផ្អែកលើប្រាក់ចំណូលម្តងម្កាលទេ គឺ(ពឹង)ផ្អែកទៅលើចំណេះដឹងក្នុងដំណាក់កាលនេះ។ ដំណាក់កាលណាក៏ដោយ ធនធានមនុស្ស មិនអាចបំបាត់ចោល (និង)មិនអាចមើលរំលងលើ(បាន)ទេ។

ខ្ញុំសូមកោតសរសើរ ចំពោះនាយកវិទ្យាស្ថានបច្ចេកវិទ្យា (គឺ)បណ្ឌិត ប៉ូ គឹមថូ។ ដំបូង ភឿង សកុណា បានរុញឱ្យធ្វើរដ្ឋលេខាធិការក្រសួងអប់រំ រួចហើយបានរុញធ្វើរដ្ឋមន្រ្តីក្រសួងវប្បធម៌ ឯ រមណី ចូលនិវត្ត(ហើយ) ឥឡូវ ប៉ូ គឹមថូ។ ខ្ញុំសូមកោតសរសើរអ្នកដឹកនាំគ្រប់ជំនាន់ នៃវិទ្យាស្ថាននេះ ដែលបានលើកកម្ពស់នូវវិទ្យាស្ថាននេះ។ សាលមហាស្រពរបស់យើងកើតឡើងដំណាក់កាល ភឿង សកុណា កាន់ ឬ រមណី កាន់? សាលមហាស្រពហ្នឹងដាក់ ២០១២ កៅអី (គឺ)តំណាងឱ្យឆ្នាំ ២០១២ អាហ្នឹងជំនាន់បង អ៊ឹម សិទ្ធី ធ្វើរដ្ឋមន្រ្តី ខ្ញុំនៅចងចាំអាព្រឹត្តិការណ៍ហ្នឹង តិចថា ហ៊ុន សែន ភ្លេច? បង អ៊ឹម សិទ្ធី គាត់ថា ខិតខំរៀបចំកៅអីយ៉ាងម៉េចតម្រឹមត្រឹម ២០១២  (គាត់)ទទួលមរណភាពដោយចៃដន្យ ជាការគួរឱ្យសោកស្តាយ ប៉ុន្តែ ជីវិតមនុស្សមើលមិនឃើញទេ។​ ក្នុងប៉ុន្មានខែ(នេះ) ក្នុងគ្រួសាររបស់ខ្ញុំក៏មានសោកនាដកម្មកើតឡើង បងប្រុសបង្កើតស្លាប់ក៏មិនបានលា (ស្លាប់)នៅក្នុងខែឧសភា ឆ្នាំ២០២២។ ដល់ ៣ អាទិត្យមុននេះ គឺប្អូនថ្លៃ(ខ្ញុំ)គេទៅក៏មិនបានលា។ ក្រឹត្យក្រមធម្មជាតិវាអញ្ចឹង កើត ចាស់ ឈឺ ស្លាប់។

(១១) ចំនួនស្រ្តីក្នុងវិស័យអប់រំសិក្សាធិការ មានចំនួនច្រើននៅថ្នាក់ទាប តែថយចុះនៅថ្នាក់ខ្ពស់

ខ្ញុំក៏សុំយកឱកាសនេះ សម្តែងនូវការអបអរសាទរជាមួយនឹងនិស្សិតជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនូវថ្ងៃនេះ ចំនួន ៤ ៦១៧ នាក់  ក្នុងនោះ មាននារី (ចំនួន) ១ ២៨១ នាក់ ស្មើនឹង ២៧,៧៥ ភាគរយ។ ចំណុចនេះ ខ្ញុំត្រូវតែតាំងជាសំនួរ ហេតុអ្វីបានជាវិទ្យាស្ថានបច្ចេកទេសបច្ចេកវិទ្យារបស់យើងនេះ​ គឺស្រ្តីមានអត្រាទាប បើប្រៀបធៀបជាមួយនឹងសាកលវិទ្យាល័យនានា? … បើសិនជានិយាយពីរឿងប្រឡង(ជាប់)បាក់ឌុបវិញ ចំនួនស្រ្តី/កុមារី/យុវតី (មានចំនួន)ច្រើនជាងកុមារា/យុវជន។ ដល់ថ្នាក់បរិញ្ញាបត្ររង/បរិញ្ញាបត្រ គឺស្ដ្រីតែងតែច្រើនជាង(បុរស)។ ដល់ចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ទៅថ្នាក់បណ្ឌិត ស្ដ្រីចាប់ផ្ដើមតិចជាង(បុរស)។ អាហ្នឹងកត្តាធម្មជាតិ ​ដែលស្រ្តីចាប់ផ្ដើមមានគ្រួសារ ដែលត្រូវមើលថែទាំកូនចៅ។ ឥឡូវនេះ សម្រាប់អ្នកបច្ចេក​ទេសរបស់យើង ដែលទាក់ទងជាមួយនឹងវិស្វកម្ម/រឿងស្អីៗនេះ បែរជាមានចំនួនស្រ្តីតិចណាស់។ យើងពិនិត្យ​មើល​នៅក្នុងអត្រានេះ បរិញ្ញាបត្ររងផ្នែកវិស្វកម្ម មានស្រ្តី(ចំនួន) ៤១,០៩ ភាគរយ ចំនួនស្ដ្រីអាចថាខ្ពស់ជាងគេបន្តិច។ ដល់បរិញ្ញាបត្រវិស្វកម្ម (ស្ត្រី)នៅសល់(ចំនួន) ៣១,៧៧ ភាគរយ។ ដល់ថ្នាក់វិស្វករ ស្ដ្រីមាន(ចំនួន) ២២,៥៧ ភាគរយ។ ដល់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម ស្ដ្រី(មានចំនួន)៣០,៤៨ ភាគរយ។ ដល់ថ្នាក់បណ្ឌិតវិស្វកម្ម (ស្ត្រី)មានតែ ៤ នាក់ តែស្រ្តីមានម្នាក់អាចថាគ្របដណ្ដប់បាន ២៥ ភាគរយ។

(១២) ការបញ្ជូនស្រ្តីកម្ពុជាចេញទៅប្រតិបត្តិការរក្សាសន្តិភាពនៅក្រៅប្រទេស ត្រូវគិតពីប្រសិទ្ធភាព

បញ្ហាស្រ្តី(នេះ) យើងជាប់ចំណាត់ថ្នាក់លេខប៉ុន្មានទេក្នុងអាស៊ាន ក្នុងការបញ្ជូនស្រ្តីចេញទៅប្រតិបត្តិការរក្សាសន្តិភាពនៅក្រៅប្រទេស។ យើងបញ្ជូនទៅចំនួនច្រើន តែប្រទេសខ្លះគាត់បញ្ជូនទៅត្រឹមតែ ៥ នាក់ ដល់ ៥ នាក់ គាត់ដាក់ស្រី ៣ នាក់ អញ្ចឹង វាមិនខ្ពស់? ឯយើងដាក់ចេញទៅមួយកង ២០០ ឬ ៣០០ នាក់ ក្នុងហ្នឹងមានស្ដ្រី ២៥ ឬ ៣០ នាក់ អញ្ចឹង គេមើលឃើញអត្រាតូចណាស់។ ប៉ុន្តែ (ប្រទេស)ខ្លះគេជាប់ចំណាត់ថ្នាក់ខ្ពស់​ (ដោយសារ)តែគេបញ្ជូនមនុស្សត្រឹម ៥ នាក់ តែគេដាក់ស្ដ្រី ៣ នាក់ទៅ (អញ្ចឹងទេ) អត្រាភាគរយវាខ្ពស់ជាង ៥០ ភាគរយ បាត់(ទៅហើយ)។ បើសិនជាយើងចង់យកតែចំណាត់ថ្នាក់ ដោយមិនគិតពីប្រសិទ្ធភាព យើងក៏អាចធ្វើបានដែរ។ បញ្ជូនទៅប្រទេសណាមួយ សុទ្ធតែក្រុមគ្រូពេទ្យ ដើម្បីទៅជួយនៅប្រទេសនោះ តាមរយៈអង្គការសហប្រជាជាតិ ថាយើងបញ្ជូនគ្រូពេទ្យ ១០ នាក់ យើងដាក់ពេទ្យជានារី ៧ នាក់ ដូច្នេះ យើងបាន ៧០% បាត់ទៅហើយ។ ដល់ទៅ ខ្ញុំឃើញប្រទេសនេះម៉េចក៏បញ្ជូនស្រ្តីទៅច្រើន អត្រាភាគរយខ្ពស់ម៉េះ ដល់មើលទៅ គាត់បញ្ជូនតែ ៥ នាក់ហ្នឹង ដាក់ស្រី ៣ នាក់ វាត្រូវតែខ្ពស់ហើយ …។

(១៣) ការរីកលូតលាស់នៃសេដ្ឋកិច្ច ផ្ដល់ផលដល់ក្រុមគ្រួសារផ្ទាល់ និងប្រជាពលរដ្ឋទូទៅ

ជាថ្មីម្ដងទៀត អបអរសាទរចំពោះជ័យលាភី ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ ហើយក៏ចូលរួមជាមួយមាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារ (ដើម្បី)អបអរសាទរ ចំពោះជ័យលាភីទទួលសញ្ញាបត្រ។ សូមឱ្យជ័យលាភីទាំងអស់បន្តការសិក្សាតទៅទៀត។ អ្នកដែលចេញធ្វើការ(ហើយ)ក៏ត្រូវពង្រឹង/ពង្រីកនូវសមត្ថភាពរបស់ខ្លួនថែមទៀត។ នេះជាភាពចាំបាច់ដែលមនុស្សគ្រប់រូបត្រូវធ្វើ។ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងទទួលជោគជ័យនៅក្នុងការងារ ដែលយើងត្រូវសម្រេច។ វាជាកិច្ចការដែលទាំងអស់គ្នាត្រូវប្រឹង ធ្វើម៉េចឱ្យមានការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់យើង។ ការរីកលូតលាស់ នៃសេដ្ឋកិច្ចវាបានផ្ដល់ផលប្រយោជន៍ដល់ក្រុមគ្រួសាររបស់យើងផ្ទាល់តែម្ដង។ ជាតិរឿងមួយហើយ ក៏ប៉ុន្តែជាតិវាចេញមកពីការរួមគ្នានៃប្រជាពលរដ្ឋនោះឯង។ ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរ វាក៏ជាការល្អ។ ឥឡូវនេះ ខាងវិស្វករ/ស្ថាបត្យករ (គឺមាន)តម្រូវការ(ខ្លាំងណាស់)។ ខ្ញុំចែកសញ្ញាបត្រកាលពីថ្ងៃចន្ទ សុទ្ធតែក្រុមពួកអ្នកបច្ចេកទេសខាងផ្នែកអគ្គិសនី ផ្នែកគ្រឿងត្រជាក់ស្អីៗនេះ អានោះមួយវគ្គទៅ។ តែប៉ុន្មានថ្ងៃសោះ(យើងទទួលបានអ្នកបច្ចេកទេស)ជិត ១ ម៉ឺននាក់។ ថ្ងៃចន្ទមុនដូចជាប៉ុន្មានពាន់នាក់ ថ្ងៃនេះ ៤ ៦១៧ នាក់ទៀត។ មិនមែន​គ្រាន់តែយកមក(សញ្ញាបត្រមក)ចែកទេ សុទ្ធតែបានឆ្លងកាត់ការរៀនសូត្រដ៏ត្រឹមត្រូវ។

(១៤) បើមិនដឹងគុណស្រ័យចំពោះជាតិមាតុភូមិ គប្បីដឹងគុណស្រ័យមាតាបិតា/អាណាព្យាបាល/គ្រូបង្រៀន

រឿងដែលគួរឱ្យចង់សើច គឺអ្នកដែលរៀន/ទទួលសញ្ញាបត្រនៅកម្ពុជា (គឺថា)រៀនតាំងពីបឋមរហូតដល់ឧត្ដម ពេលចេញទៅក្រៅប្រទេស (មក)បង្អាប់សញ្ញាបត្រក្នុងស្រុក អាសូរខ្លួនឯងទៅជាប់បណ្ឌិតពីលើមេឃមក? វាជាប់(បណ្ឌិត)នៅក្នុងស្រុក(សោះ) រួចហើយបានទៅក្រៅស្រុកបានបណ្ឌិត(ថែម)ទៀត រួចហើយមកបង្អាប់ទីកន្លែងដែលខ្លួនឯងនៅ។ ខ្ញុំគិតថា យ៉ាងហោចណាស់ក្មួយត្រូវដឹងគុណស្រ័យ បើមិនដឹងគុណស្រ័យ ចំពោះជាតិមាតុភូមិទេ ក៏ត្រូវដឹងគុណស្រ័យមាតាបិតា អាណាព្យាបាល និងគ្រូបង្រៀនរបស់យើង។ អស់លោកវិស្វករ/ស្ថាបត្យករ ក្មួយៗ កុំគិតថា ពេលទៅជួបគ្រូបង្រៀនរបស់ខ្លួនដែលបង្រៀននៅថ្នាក់ទី ១ ទី ២ ឬនៅវិទ្យាល័យ ខ្ញុំរាល់ថ្ងៃធ្វើដល់វិស្វករ លោកគ្រូឯងនៅតែបង្រៀនថ្នាក់ទី ៦ ដដែល ឬក៏នៅតែកន្លែងដដែល។ ដោយសារតែពួកគាត់នោះហើយ ដែលបញ្ជូនអ្នកទាំងអស់គ្នាមកកន្លែងនេះ។ បើគ្មានគ្រូដឹកដៃតាំងពីដំបូង (និងបាន)ជួយបង្ហាត់បង្ហាញ យើងក៏អត់មាននៅពេលនេះដែរ។

បើគ្មានមាតាបិតារបស់យើងជួយតម្រង់ទិស បង្កើត/ចិញ្ចឹមក្បាលយើងមកទេ គឺវាមិនអាចឱ្យយើងមានកំណើតដល់ថ្ងៃនេះទេ។ វាមិន(មែន)អាចអាចម៍គោបង្កើតឥន្ទ្រីបានទេ។ ខ្ញុំមិនដាក់ផ្លែផ្កាឱ្យអ្នកណាទេ តែវាហួសចិត្ត ត្រង់ថា ឥន្រ្ទីកើតពីអាចម៍គោ។ រឿងវាអញ្ចេះ វាគួរឱ្យចម្លែកណាស់។ ហេតុតែចង់បន្តុះបង្អាប់ និងលើកកម្ពស់ខ្លួនឯង ចាត់ទុកថា ឥន្ទ្រីកើតក្បែរអាចម៍គោ អញ្ចឹង អាចម៍គោវាបង្កើតឥន្រ្ទីឡើង? វាមិនដែលទេ។ មានក្នុងរឿងព្រេងដែរ (ករណី)គេបន្លំកូន មិនថារឿងខ្មែរ/ចិនទេ។ (បើ)រឿងចិន(ក្នុង)រជ្ជកាល សុង គឺមានរឿង ប៉ាវចិនស្រាវជ្រាវបញ្ហាព្រះរាជបុត្រដូរឆ្មា អាហ្នឹងមាន។ ប្រពន្ធចុង/ដើមដណ្ដើម(ប្ដី/ទ្រព្យ)គ្នា អាហ្នឹងមាន។ ក្នុងរឿងរបស់ខ្មែរយើងក៏មានដែរ។ ប៉ុន្តែ រឿងពិតប្រាកដ គឺមាតាបិតាបង្កើតយើងមក (គឺ)ចេញយើង(មក)ហើយ។ សត្វឆ្កែវាបង្កើតកូនមក មិនមែនចេញជាមនុស្ស ឬខ្លាទេ វាចេញជាឆ្កែ។ សត្វខ្លាវាបង្កើតកូនមក វាទៅជាខ្លា។ សត្វឥន្រ្ទីវាបង្កើតកូនមក វាទៅជាឥន្រ្ទី វាមិនអាចអាចម៍គោ បង្កើតទៅជាសត្វឥន្រ្ទីកើតទេ។

(១៤) កម្ពុជាមិនប្រកាសកូវីដ-១៩ ជាជំងឺផ្ដាសាយធម្មតាទេ, សូមបន្តការពារ

អញ្ចឹងទេ បានជាអំពាវនាវឱ្យអ្នកទាំងអស់គ្នា ខិតខំប្រឹងប្រែងឡើងជាមួយនឹងការបន្តការសិក្សា និងពង្រឹងសមត្ថភាពផ្ទាល់ ទាំងតាមរយៈការធ្វើការផង (និង/ឬ)រៀនផងក្ដី។ ខ្ញុំពិតជាមានការកោតសរសើរ ចំពោះការខិតខំរបស់អ្នកទាំងអស់គ្នា ដែលបានប្រឹងប្រែង(សិក្សារៀនសូត្រ) ​ទោះបីតាមអាហារូបករណ៍រដ្ឋ/រៀនបង់ថ្លៃក្ដី។ ឥឡូវ យើងមានឱកាសជួបជុំគ្នាម្ដង នៅក្នុងនេះបើបូកទាំងអ្នកចូលរួម គឺជិត ៥ ពាន់នាក់ យើងធ្វើបាន។ ឥឡូវយើងមានលទ្ធភាពកាន់តែធ្វើបាន ដោយសារយើងគ្រប់គ្រងបានកូវីដ-១៩ ហើយ តែខ្ញុំគិតថា យើងមិនប្រកាសថា កូវីដ-១៩ ជាជំងឺផ្ដាសាយធម្មតា ដែលប្រទេសមួយចំនួនអាចនឹងប្រកាសចេញថា កូវីដ-១៩ គឺជាជំងឺផ្ដាសាយធម្មតា។ យើងជាប្រទេសទន់ខ្សោយ យើងត្រូវតែមានការប្រុងប្រយ័ត្ន។ យើងមិនដាក់ជាកាតព្វកិច្ចពាក់ម៉ាសទេ ប៉ុន្តែ យើងក៏លើកទឹកចិត្តឱ្យប្រជាជនពាក់ម៉ាសបន្តនៅទីកន្លែងទីប្រជុំជន/ទីណាក៏ដោយ។ យើងអត់ទាន់ទម្លាក់ចោលនូវកិច្ចការពារខ្លួននោះទេ។ បើយើងចាត់ទុកថា កូវីដ-១៩ ជាផ្ដាសាយធម្មតា ដូច្នេះ យើងគ្មានហេតុផលអំពាវនាវឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងទេ។

(១៥) មិនទាន់ទទួលយកវ៉ាក់សាំងជំនួយថ្មី ព្រោះនៅសលើ ២០ លានដូស

ចំណុចនេះ ខ្ញុំត្រូវនិយាយស្កាត់ទុកឱ្យហើយ ក្រែងលោមានមតិណាមួយលើកឡើងថា ប្រទេសដទៃគេប្រកាសដាក់អាហ្នឹងទៅជាជំងឺផ្ដាសាយធម្មតា។ លោកជំទាវ ឱ វណ្ណឌីន នៅបន្តខិតខំដើម្បីចាក់វ៉ាក់សាំងតទៅទៀត។ ឥឡូវ មានប្រទេសមួយនៅអឺរ៉ុបចង់ផ្ដល់វ៉ាក់សាំងមកប្រទេសយើងបន្ថែមទៀត ឯកឧត្ដម ម៉ម ប៊ុនហេង បានធ្វើលិខិតថ្លែងអំណរគុណហើយ តែយើងមិនអាចទទួលយកវ៉ាក់សាំងមកទុកចោលទេ វ៉ាក់សាំងរបស់យើងប្រើប្រាស់មិនទាន់អស់ទេ ហើយក៏ដឹកចូលមិនទាន់អស់ (គឺ)នៅ ២០ លានដូសទៀត ដែលមិនដឹកចូល ក្នុងពេលដែលនៅក្នុងឃ្លាំង ៦ លានដូស។ អញ្ចឹងទេ យើងអរគុណចំពោះមិត្តភក្ដិរបស់យើង ដែលបានជួយយើងក្នុងពេលវេលាលំបាក។

(១៦) ក្នុង Channel Telegram មានអ្នកគាំទ្រ ៥៤ ម៉ឺននាក់

ថ្ងៃនេះ ដោយសារតែមានរឿងថ្មីៗ ខ្ញុំគួរតែនិយាយបន្តិច។ អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយ ម្សិលមិញគ្រាន់តែខ្ញុំបញ្ចេញ(សារ)សម្លេងលើបញ្ហាទាក់ទិនជាមួយនឹងរឿងសត្វក្ងោក … ខ្ញុំអត់បញ្ចេញ(សារសម្លេង)តាមហ្វេសប៊ុកទេ ព្រោះក្នុង Channel Telegram ខ្ញុំមាន(អ្នកគាំទ្រ) ៥៤ ម៉ឺននាក់។ ម្សិលមិញ(ខ្ញុំផ្ញើ)សារសម្លេងរបស់ខ្ញុំចេញទៅ មានមនុស្ស ៣៦៧ ៥០០ នាក់ ចូលមកស្ដាប់ ក្នុងចំណោមជាង ៥៤ ម៉ឺននាក់។ បានសេចក្ដីថា មនុស្សជាងពាក់កណ្ដាល នៃអ្នកដែលបានភ្ជាប់ Telegram ជាមួយខ្ញុំ។ ខ្ញុំបើកចំហសម្រាប់ការភ្ជាប់ជា​មួយ Channel Telegram នេះ ដែលទទួលបាន(ព័ត៌មាន)លឿនបំផុត។ យើងប្រើសារសម្លេងតាមរយៈហ្វេសប៊ុក គឺពិបាក។ ប្រើសារសម្លេងតាមរយៈ Channel Telegram គឺល្បឿនវាលឿន។ គ្រាន់តែ(ផ្ញើសារសម្លេង)ចេញភ្លាម បណ្ដាសារព័ត៌មាននានាគេយកទៅផ្សាយចេញបន្ថែម។ ម្សិលមិញនេះ គឺថា BTV ចាប់ផ្ដើមផ្សាយមុនគេតែម្ដង ទាំងតាម Channel Telegram ហ្វេសប៊ុក BTV និងទូរទស្សន៍ BTV តែម្ដង។

(១៧) បើមានចន្លោះប្រហោង ត្រូវធ្វើវិសោធនកម្មច្បាប់អំពីការចិញ្ចឹមសត្វកម្រ

រឿងនេះ វាកើតឡើងប៉ុន្មានថ្ងៃ(មក)ហើយ។ រឿងរ៉ាវវាបានកើតទៅហើយ។ ខ្ញុំក៏មិនដាក់កំហុសទៅលើនរណាទេ តែខ្ញុំឱ្យសិក្សាបន្ទាន់ទៅលើច្បាប់។ មន្រ្តីអនុវត្តច្បាប់របស់យើងគាត់អនុវត្តទៅតាមច្បាប់។ អញ្ចឹង បើច្បាប់ហ្នឹងវាហួសសម័យ វាមិនសមស្រប យើងអាចកែច្បាប់ហ្នឹងបាន។ ម្សិលមិញខ្ញុំ(ក៏)ថា បញ្ហាស្អីទុកមួយអន្លើ យកក្ងោកហ្នឹងទៅ(សង)ដល់ម្ចាស់ (ព្រោះ)គាត់ទារប៉ុន្មានថ្ងៃ(មក)ហើយ។ ប៉ុន្មានថ្ងៃនេះខ្ញុំក៏វក់វី (ព្រោះមានការងារច្រើន) អត់បានដេកពួនទេ។ ម្សិលមិញត្រូវជួបភ្ញៀវដល់ទៅពីរ(ក្រុមនៅ)ពេលព្រឹក។ បាយរួចម៉ោងជាង ១២ (ថ្ងៃត្រង់)ហើយ ត្រូវម៉ោង ៣ មកជួយជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិកថែមទៀត។ ដូច្នេះ ត្រូវបញ្ចេញសារសម្លេងទៅ ព្រោះត្រូវធ្វើម៉េចនាំសត្វក្ងោកបញ្ជូនទៅឱ្យក្រុមគ្រួសារនោះវិញ។ ខ្ញុំមិនដឹងថា បានចែងនៅក្នុងច្បាប់មួយណាទេ ក្រែងលោថាខ្ញុំចន្លោះប្រហោង ព្រោះខ្ញុំស្ថិតនៅក្នុងព្រឹត្តិការណ៍ហ្នឹងទាំងអស់។​ បើសិនជាមានចន្លោះប្រហោង យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបើកឱកាសឱ្យប្រជាជនមានលទ្ធភាពចិញ្ចឹមសត្វកម្រ

(១៨) គួរតែរៀបចំជាចលនាចិញ្ចឹមសត្វដែលជិតផុតពូជ

បើនិយាយពីជាប់ទោសវិញ អ្នកជាប់ទោសមុនគេអ្នកណា?​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់ទោសមុនគេ (គឺ)ចិញ្ចឹមក្ងោកច្រើនជាងក្ងោកអ្នកកំពង់ឆ្នាំង។ ចៅខ្ញុំវាចូលចិត្តក្ងោក វាទៅប្រឡែងលេងជាមួយក្ងោក យើងខ្លាចអាក្ងោកហ្នឹងជាចឹកភ្នែក ក៏ឱ្យ (ហ៊ុន) ម៉ានិត យកអាក្ងោកហ្នឹងទៅដាក់ទ្រុងនៅមណ្ឌលគិរី។ អាហ្នឹងទី(១) អ្នកដែលត្រូវមានទោស គឺ ហ៊ុន សែន។ ទី(២) គឺ ហ៊ុន ម៉ានិត។ ទី(៣) គឺ ហ៊ុន តូ ចិញ្ចឹមមិនដឹងប៉ុន្មានទេ តាំងពី កេងកង គឺថាហើរពេញទីក្រុង។ ទី(៤) គឺ ហ៊ុន ម៉ាលី កូនស្រីពៅរបស់ខ្ញុំ ផ្ទះរបស់វាសុទ្ធតែសត្វ។ អញ្ចឹងទេ ប្រភេទសត្វដែលជិតផុតពូជនេះ គឺមកពីការដែលយើងរឹតត្បិត។ (គួរតែរៀបចំ)ឱ្យទៅជាចលនាចិញ្ចឹមសត្វដែលជិតផុតពូជវិញ។ រឿងហ្នឹងអត់មានខាតអីទាល់តែសោះ។ (និយាយ)ថាចិញ្ចឹមដើម្បីយកសាច់ អ្នកណាទៅស៊ីសាច់ក្ងោក? ប្រជាពលរដ្ឋអាចយកអាហ្នឹង គេហៅថា ដាក់(ជា)ទីតាំងមួយ សម្រាប់ការចូលមើលរបស់ប្រជាជន គាត់អាចទទួលបានកម្រៃពីទេសចរដែលចង់មើល

(១៩) ពិនិត្យច្បាប់ពាក់ព័ន្ធបន្ទាន់ ធ្វើវិសោធនកម្ម ប្តូរពីការរឹតត្បិតទៅជាការលើកទឹកចិត្ត ដើម្បីបង្កើនសត្វព្រៃ

យប់មិញខ្ញុំផ្ញើលុយ ១០ លានរៀល​ ទៅឱ្យគ្រួសារនោះ គោលដៅរបស់ខ្ញុំក្រៅពីជីវភាព (គឺ)ចង់ឱ្យគ្រួសារហ្នឹងប្រើប្រាស់ថវិកាហ្នឹង កែសម្រួលកន្លែង(ចិញ្ចឹមក្ងោកនោះ) ដើម្បីឱ្យប្រជាជនទៅមើលឱ្យបានល្អ។ ខ្ញុំចង់បង្វែរការយកចិត្តទុកដាក់ឱ្យប្រជាពលរដ្ឋរបស់យើង មកចិញ្ចឹមសត្វដែលជិតផុតពូជទៅវិញ។ ក្ងោកនេះមិនដឹងថាខ្ញុំមាននិស្ស័យអីជាមួយហ្នឹងវាទេ ឪពុកខ្ញុំទៅធ្វើស្រែខាងដូនតារបស់ខ្ញុំនៅខាងឃុំមួយទៀត មិនមែនឃុំពាមកោះស្នារទេ (គឺ)នៅឃុំទួលសម្បួរ ហើយនៅកន្លែងហ្នឹង គឺថា អា(ក្ងោក)នោះឱ្យតែព្រឹកឡើងបើកថ្ងៃមករាងខ្ពស់បន្តិច គេចាប់ផ្តើមមកហើយមួយគូគ្នាគេហ្នឹង ហើយខ្ញុំតែងតែទៅលបមើលវា ទម្រាំបានមើលវាម្តងៗជួនកាលទៅដេកចាំមិនទាន់ទាំងបាត់ងងុយដេកផង។ ប្រឹងក្រោកទៅ ហើយទៅសម្ងំនៅគុម្ពឈើ ទៅខំលួចមើល ពិតជាស្អាត។

ចាស់ៗពីដើមបានរោមក្ងោក គាត់ថា កុំលេង/ប៉ះវា (ប្រយ័ត្ន)ខ្វាក់ភ្នែក ចាស់ៗគាត់ថាអញ្ចឹង។ និយាយពីចាស់ៗ គាត់ពិតជាពូកែ ទី(១) គាត់ខ្លាចខូចរោមក្ងោក គាត់ថាកុំប៉ះពាល់វា ក្រែងលោខ្វាក់ភ្នែក។ (បើ)គាត់ចង់ទទួលទានអំពៅផ្អែម គាត់ប្រាប់យើងថាឱ្យស៊ីចុងអំពៅឆាប់ចេះហែលទឹក។ ចាស់ៗយើងមានក្បូន។ បើម្តាយខ្ញុំ(វិញ) ខ្ញុំនៅចងចាំនូវពាក្យសម្តីគ្រប់ម៉ាត់របស់ម្តាយខ្ញុំ (ពេល)ខ្ញុំនៅពីតូច “នែ! កូនឯងកុំដេកឡើងទៅលើណា យាយជីចាក់ទឹកបាយដាក់ក្បាល” យើងចេះតែជឿទៅ។ ការពិតគាត់ខ្លាចយើងដេកទៅនោមដាក់គាត់ ហើយខ្ញុំដេកនោមទៅទៀត។ និយាយឱ្យអស់កេរ្តិ៍ខ្មាស់ទៅចុះ ខ្ញុំនេះមនុស្សដេកនោមយប់ (មាន)ថ្ងៃមួយពុកដេញចេញពីមុង … មានរឿងកុំលេងអង្ករ (ប្រយ័ត្ន)រឹងមុខ។ នៅមានរឿងច្រើនទៀត ដែលគាត់រកវិធី ដើម្បីនឹងបន្លាចយើង។ ទម្រាំតែយើងដឹង ចាញ់បោកគាត់អស់កន្លះជីវិត។

ឥឡូវ ខ្ញុំនិយាយដល់បញ្ហាក្ងោកនេះ ខ្ញុំបានដាក់(បទបញ្ជា)ចេញហើយ សុំឱ្យពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលមានការពាក់ព័ន្ធ ត្រូវធ្វើវិសោធនកម្ម ប្តូរពីការរឹតត្បិតទៅជាការលើកទឹកចិត្តតែម្តង ដើម្បីបង្កើនសត្វព្រៃឡើងវិញ សត្វហ្នឹងយើងចិញ្ចឹម។ យើងអាចយកទៅលែងនៅក្នុងព្រៃ ឱ្យសម្បូរទៅដោយសត្វក្ងោកពេញតែព្រៃមើល។ បើថាក្ងោកវាកាក់កបជាមួយនឹងការរស់នៅក្នុងដីរបស់កម្ពុជា យើងអាចយកក្ងោកទៅលែងចោលក្នុងព្រៃ។ សត្វទាំងឡាយមួយចំនួ ដែលយើងអាចចិញ្ចឹមបាន ចិញ្ចឹមរួចហើយយកវាទៅលែងចោលនៅព្រៃ រួចហើយវាបង្កើតជាស្ថានភាពល្អប្រសើរសម្រាប់សត្វនៅក្នុងប្រទេសរបស់យើង។ តែខ្ញុំមិនដាក់កំហុសអីទៅលើមន្ត្រីអនុវត្តច្បាប់ទេ ប្រហែលជាអាចចេញមកពីច្បាប់ណាមួយ ដែលគាត់យកមកអនុវត្តនោះ។

នៅមុនពេល (ឌិត) ទីណា ចេញទៅ ខ្ញុំបានសួរនាំពីបញ្ហាហ្នឹង ខ្ញុំក៏មិនដឹងថាមានរហូតទៅដល់ ២០ ក្ងោកធំៗ អញ្ចឹងដែរ។ (ឌិត) ទីណា ថានឹងប្រគល់ទៅឱ្យគ្រួសារហ្នឹងនូវក្ងោក និងកូនរបស់វាប៉ុន្មានក្បាល ប៉ុន្តែ ខ្ញុំអត់ដឹងថានៅបន្តរឿងភាគ​។ រឿងហ្នឹងខ្ញុំចេញបទបញ្ជារាងយឺតបន្តិច ដោយសារមុន (ឌិត) ទីណា គាត់ចេញទៅ ថានឹងប្រគល់ជូនទៅឱ្យគ្រួសារហ្នឹងនូវក្ងោកមេ និងកូនវាប៉ុន្មានក្បាល។ អញ្ចឹងទេ ចំណុចនេះ ខ្ញុំស្នើឱ្យក្រសួងរុក្ខាប្រមាញ់និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលមានចំណុចណា ដែលត្រូវកែឬអត់? អត់បញ្ហាទេ សភា យើង គឺអាចដំណើរការប្រជុំរហូតទៅដល់ជិតបោះឆ្នោត។ ដាក់មកគណៈរដ្ឋមន្ត្រីប្រជុំតែ១ ម៉ោង (ឬ) ២ ម៉ោង គឺគ្រប់គ្រាន់ហើយ (រួចហើយ)បញ្ជូនមកសភា ដើម្បីកែច្បាប់នោះ។ បើត្រឹមជាអនុក្រឹត្យ គឺកែអនុក្រឹត្យ យកមកដល់ខ្ញុំតែប៉ុន្មាននាទីចេញផុតហើយ អត់មាននៅយូរទេ។

អាហ្នឹងគឺសុំបញ្ជាក់ជូន ហើយក៏សូមអាធ្យាស្រ័យពីបងប្អូន ឃើញគាត់អរគុណតាមសារព័ត៌មាននានា ដែលបានចុះផ្សាយ។ ព្រឹកមិញ Fresh News យកមកផ្សាយ ទាក់ទិនជាមួយនឹងរឿងគាត់អរគុណពីនោះមក។ ពេលដែលមាន់ខ្ញុំងាប់មួយ ខ្ញុំអង្គុយយំ (ព្រោះ)យើងខំចិញ្ចឹមវា។ មានពេលមួយនោះបាត់ឆ្កែៗហ្នឹងខំចិញ្ចឹមវា ជាមួយបងប្រុសខ្ញុំដែលស្លាប់ទៅ គឺខំជិះកង់ពីរនាក់បងប្អូនដើររកឆ្កែ។ ឆ្កែហ្នឹង ដើម្បីកុំឱ្យវាវង្វែង កុំឱ្យវាជិះរទេះ ឬជិះឡាន តែជិះរទេះ ឬជិះឡាន គឺវាវង្វេង។ សម័យថ្ងៃមួយវាទៅតាមខ្ញុំនឹងបងខ្ញុំ ហើយវាហែលទឹក ស្រាប់តែទៅវង្វែងក្នុងព្រៃចម្ការកៅស៊ូ។ ២ នាក់ បងប្អូនធាក់កង់ពេញតែចម្ការកៅស៊ូ មិនដឹងថាទៅរកនៅឯណា? បាត់ឆ្កែមួយ(ក៏)អង្គុយកើតទុក្ខ។ របស់ដែលពួកគាត់ចិញ្ចឹមនេះមិនមែនរឿងលេងឯណា? មានតាំងពីលោកយាយ មានតាំងពីប្រពន្ធ/ប្តីអរគុណ ដែលបានផ្តល់ក្ងោកត្រឡប់មកវិញ ហើយឃើញប្តីនេះឱបក្ងោកនៅហ្នឹងទ្រូង នេះជាការស្រឡាញ់។

យើងគួរលើកទឹកចិត្តវិញជាជាង(ដាក់ទោសទណ្ឌគាត់) ព្រោះអានេះអត់មានខាតបង់អីផងហ្នឹង ផ្ទុយទៅវិញវាធ្វើឱ្យប្រទេសមួយនេះសម្បូរទៅដោយបក្សា/បក្សី ជាពិសេសសត្វក្ងោក ដែលជាសត្វដ៏កម្រ ហើយជិតផុតពូជទៅទៀត។ ជ្រើសរើសមើលប្រភេទសត្វមួយចំនួនដែលជិតផុតពូជ ត្រូវលើកទឹកចិត្តឱ្យមានការចិញ្ចឹម អាហ្នឹងទើបផ្តល់នូវលទ្ធភាពពិតប្រាកដ សម្រាប់ប្រទេស/ប្រជាជន ដូចនៅភ្នំតាម៉ៅ មិនប្រាកដថាចិញ្ចឹមរស់ទេ (ព្រោះ)ខ្វះ(ចំណី)ឱ្យស៊ី។ កាលមុនឆ្នាំទៅខ្ញុំសង្គ្រោះតោមួយ(ក្បាល) តោដែលគេចិញ្ចឹម(នៅផ្ទះឯកជន)នោះ (ត្រូវបានពួកមេព្រៃ)យកតោនោះទៅដាក់ឯ(ភ្នំតាម៉ៅ)ហ្នឹង ប្រជាជនស្រែករកខ្ញុំទៅយកតោហ្នឹងត្រឡប់មកវិញ កុំអីងាប់ តោហ្នឹងបាត់ទៀត (ព្រោះ)តោហ្នឹងអត់ព្រមស៊ីអីតែម្តង។ សុំការអនុវត្តអ្វីក៏ដោយ គឺត្រូវមានការឈ្លាសវៃបន្តិច។

(២០) ១៤ មេសា ២០២៣ បើកអង្គរសង្ក្រាន្ត

ល្ងាចស្អែកនេះដល់ទិវាវប្បធម៌(ជាតិ) អញ្ចឹង ចាប់ពីនេះរហូតដល់ចូលឆ្នាំខ្មែរ សូមផ្តាំទៅឱ្យហើយ ឆ្នាំនេះនាំគ្នាទៅលេងអង្គរឱ្យសប្បាយ ហើយខ្ញុំនឹងមានវត្តមាន នៅថ្ងៃទី ១៣​ (មេសា ២០២៣) ខ្ញុំទៅដល់ហើយ។ (ថ្ងៃទី) ១៤ (មេសា ២០២៣) បើក(អង្គរសង្ក្រាន្ត) រួចហើយខ្ញុំនៅអង្គរសង្គ្រានហ្នឹង។ ប្រហែលជាចង់ដាក់ប្រឡងអុក ហើយជាមួយតែដៃគូម្នាក់ហ្នឹង។ កុំលេងខូច ផ្សាយបន្តផ្ទាល់។ អ្នកលេងអុកជាមួយខ្ញុំ ៣ នាក់ ងាប់អស់ ២ (នាក់ហើយ) សល់ ១ (នាក់)។ និយាយបន្តិចទៅចុះ ខ្ញុំឱ្យតែពេលទៅលេងកូនហ្គោល គឺបិទទូរស័ព្ទអត់មានទទួល(លើកទូរស័ព្ទអ្នកណានោះទេ) លើកលែងតែភាពបន្ទាន់ណាស់ (គឺ)ចាក់ចម្រៀងជាប់ទូរស័ព្ទខ្ញុំ។ ដល់ទៅពេលលេងអុក គឺខ្ញុំចង់ស្ងប់ស្ងាត់ណាស់ អត់ឱ្យអ្នកណារំខានទេ ប៉ុន្តែ ថ្ងៃណាដែលបង ហោ ណាំហុង ហៅទូរស័ព្ទមក ថ្ងៃហ្នឹង គឺថ្ងៃចាញ់អាមួយហ្នឹង។ និយាយដើមបង ហោ ណាំហុង បន្តិចទៅចុះ។ កាលដែលគាត់ធ្វើរដ្ឋមន្ត្រីការបរទេស គាត់មិនបានគិតថាអ្នកហៅទូរស័ព្ទម្តងមានបញ្ហាប៉ុន្មាន ដែលត្រូវឆ្លងមតិនាយករដ្ឋមន្ត្រី?​ គាត់ហៅទូរស័ព្ទមកយើងទទួលម្តងអញ្ចឹងទៅ សុំយោបល់ម្តង។

អាហ្នឹងដូចថាយើងមានប្រៀប ព្រោះបន្ទាប់ពីហ្នឹងទៅ ក្រឡាដែលយើងគ្រោងទុកវាអាក់ខាន ដោយសាសន្ទនាជាមួយបង ហោ ណាំហុង យើងកំពុងតែបាត់សេះ/គោផង គាត់ហៅ(ទូរសស័ព្ទ)មកទៀត បានមួយរឿងទៀតទៅ។ ពេលចាញ់មួយក្តារទៅ (ក៏)ថែមមួយក្តារទៀត គាត់ហៅ(ទូរស័ព្ទ)មកមួយសារមួយ អញ្ចឹង ក្នុងមួយពេលេងហ្នឹងជួនកាលគាត់ហៅ(ទូរស័ព្ទមក) ៣ ទៅ ៤ ដង។ អញ្ចឹង ថ្ងៃណាដែលគាត់ហៅទូរស័ព្ទមក គឺថ្ងៃហ្នឹង ហ៊ុន សែន (លេងអុក)ចាញ់។ សុំនិយាយដើមបង ហោ ណាំហុង បន្តិចទៅចុះ។ (គាត់)មិនបានគិតថាវាមានបញ្ហាប៉ុន្មាន ដែលនៅសល់មតិ ហៅ(ទូរស័ព្ទមក)តែម្តង គឺគ្រប់ហើយ នឹកឃើញរឿងមួយ គាត់ហៅ(ទូរស័ព្ទ)ម្តងៗ អញ្ចឹង ធ្វើឱ្យខ្ញុំ(លេងអុក)ចាញ់អាមួយហ្នឹង។ ជួនកាលយើងរវល់តែនិយាយទូរស័ព្ទ វាលួចសារេកូនរបស់យើង ហើយឱ្យយើងធ្វើម៉េច? ដល់ពេលយើងងាកមក(វា)អុកទូកឯងបាត់ ហើយឱ្យយើងទៅតវ៉ាជាមួយវាយ៉ាងម៉េចបើកូនវានៅលើក្ដាអញ្ចឹង។ នេះនិយាយពីបញ្ហា(លេង)អុក។

លើកឧទាហរណ៍ពីបង ហោ ណាំហុង ប៉ុន្តែ ក៏ជាកាដាស់តឿន ចំពោះមន្ត្រីនានា មុនហៅទូរស័ព្ទចង់ជួបខ្ញុំត្រូវគិតឱ្យច្បាស់ តើមានប៉ុន្មានបញ្ហា ដែលត្រូវឆ្លងយោបល់? ហៅ(ទូរស័ព្ទ)មកតែម្ដង គឺគ្រប់គ្រាន់ហើយ កុំរយៈពេលតែ ១ ម៉ោង ហៅ(ទូរសស័ព្ទ)ដល់ទៅ ៤ ដង។ ឥឡូវ ខ្ញុំមិនសូវទទួលទូរស័ព្ទផងទេ យូរៗ(ទទួលទូរស័ព្ទ)ម្ដងទេ ពេលមានកិច្ចការបន្ទាន់/ចាំបាច់ (ហើយ)អ្នកដែលហៅ(ទូរស័ព្ទ)ច្រើន (គឺ)សម្ដេចពិជ័យសេនា (ទៀ បាញ់), សម្ដេចក្រឡាហោម ស ខេង និង ជា សុផារ៉ា ច្រើនតែហៅ(តាម)ទូរស័ព្ទផ្ទាល់ ព្រោះជួនកាលវាយសារមិនអស់ មានតែហៅ(ទូរស័ព្ទ) ដើម្បីសុំ(ឆ្លង)យោបល់។

អំណោយកំដរដៃ

ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់ជ័យលាភី ដែលទទួលសញ្ញាបត្រ ចំនួន ៤ ៦១៧ នាក់ ក្នុងម្នាក់ៗជូនថវិកា ចំនួន ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សសិតពិការ ចំនួន ៨ នាក់ ក្នុងម្នាក់ៗជូនថវិកា ចំនួន ១ លានរៀល។ បុគ្គលិក/សាស្ត្រាចារ្យ ចំនួន ៤៧៨ ក្នុងម្នាក់ៗជូនថវិកា ចំនួន ១០ ម៉ឺនរៀល។ ជូនវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថវិកា ចំនួន ១០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ចំនួន ៣ លានរៀល។

(២១) អង្គការក្រៅរដ្ឋាភិបាលធ្លាប់គាំទ្របក្សប្រឆាំង ចូលរួមគាំទ្រគណបក្សប្រជាជន/រាជរដ្ឋាភិបាល ទទួល ការប្រមាថពីគណបក្សនយោបាយ/បុគ្គលមួយចំនួន

ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះបណ្ដាបក្សនយោបាយនៅកម្ពុជា សូមគោរពដល់សិទ្ធិរបស់(ប្រជា)ពលរដ្ឋ។ មួយរយៈកាលនេះ សមាគមន៍ក្រុមយុវជន ដែលជាអង្គការក្រៅរដ្ឋាភិបាលធ្លាប់គាំទ្របក្សប្រឆាំង (ធ្លាប់បាន)ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលលើបញ្ហានេះ/នោះ បាននាំគ្នាមកចូលរួមគាំទ្រគណបក្សប្រជាជន/រាជរដ្ឋាភិបាល។ ប៉ុន្តែ បងប្អូនទាំងនេះត្រូវទទួលបានការប្រមាថពីគណបក្សនយោបាយ/បុគ្គលមួយចំនួន។ ខ្ញុំសូមបញ្ជាក់សម្រាប់អស់លោកអ្នកថា អស់លោកអ្នកមិនបានគោរពទៅដល់សេរីភាពខាងនយោបាយរបស់យុវជនទាំងនេះទេ។ ពួកគេបានដឹងច្បាស់(ថា) ពួកគេគាំទ្របក្សប្រឆាំងអត់បានការ(ទេ)ក្នុងរយៈពេលកន្លងទៅ។

(២២) តាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែមិនគោរពប្រជាធិបតេយ្យ អ្នកមិនគាំទ្រខ្លួនសុទ្ធតែអ្នកលក់ឧត្ដមគតិ

ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់ពីក្រុមយុវជននេះ នៅពេលពួកគេទៅជួបខ្ញុំ តើគេបានធ្វើអ្វីខ្លះ? អ្នកខ្លះធ្លាក់ទៅដល់អាមេរិកឯណោះ ត្រូវបានទទួលការបណ្ដុះបណ្ដាលអំពី(ការធ្វើ)បដិវត្តពណ៌។ ប៉ុន្តែ (ពួក)គេមើលឃើញថា ស្ថានភាពបែបយើងនេះ (ពួក)គេមិនអាចទៅនៅជាមួយបានទេ។ អញ្ចឹង វិធីតែមួយគត់របស់(ពួក)គេ គឺគាំទ្ររាជរដ្ឋាភិបាល (ដោយ)បង្កើតជាអង្គការការពារបរិស្ថាន ឬ(អង្គការការពារលើ)បញ្ហានេះ/នោះ ធ្វើការជាមួយរាជរដ្ឋាភិបាលវិញល្អជាង។ ប៉ុន្តែ អ្វីដែលជាបំណងប្រាថ្នា និងសេរីភាព នៃការជ្រើសរើសរបស់ពួកគេ ត្រូវទទួលបាននូវការប្រមាថពីអ្នកនយោបាយ/បក្សនយោបាយខ្លះថា (ពួក)គេបានលក់ឧត្ដមគតិ។ អញ្ចឹង ចំណុចនេះខ្ញុំគ្រាន់តែជម្រាប់ទៅអស់លោកអ្នកដែលតាំងខ្លួនជាមនុស្សប្រជាធិបតេយ្យ ក៏ប៉ុន្តែ មិនបានគោរពប្រជាធិបតេយ្យពិតប្រាកដនោះទេ។ ទាល់តែមនុស្សគាំទ្រអ្នកឯង ទើបអ្នកឯងចាត់ទុកថាមនុស្សល្អ ប៉ុន្តែ ឱ្យតែ(អ្នកនេះ/នោះ)មកគាំទ្ររាជរដ្ឋាភិបាល គឺសុទ្ធតែមនុស្សលក់ឧត្ដមគតិ ហើយធ្ងន់ធ្ងរជាងនេះ(ទៀត) គឺប្រមាថថាអ្នកទាំងនេះជាកញ្ជះបរទេស ក្នុងពេលខ្លួនស៊ីលុយ/ឈរជើងនៅបរទេសដើម្បីប្រឆាំងខ្មែរទៅទៀត។

(២៣) សូមក្រុមយុវជន កុំមានប្រតិកម្មបែបហិង្សា ក្រៅពីសេចក្ដីថ្លែងការណ៍អំពីជំហររបស់ខ្លួន

អញ្ចឹង សូមអំពាវនាវឱ្យគោរពសិទ្ធិ/ការសម្រេចចិត្តរបស់(ប្រជា)ពលរដ្ឋ។ ខ្ញុំស្នើឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងប្រតិកម្មរបស់ក្រុមយុវជន។ ក្រុមយុវជនទាំងនេះធ្លាប់ធ្វើសកម្មភាពបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល(កន្លងមក) ប្រយ័ត្នគេធ្វើបាតុកម្មប្រឆាំងទៅខ្លួនវិញ។ ឥឡូវ គេត្រឹមតែចេញសេចក្ដីថ្លែងការណ៍វាយបក​ទេ គេអត់ទាន់ធ្វើសកម្មភាពអី(ទេ)។ តែខ្ញុំសូមអង្វរក្មួយៗកូនៗទាំងឡាយ ដែលបានចេញពី(ក្រុម)គាំទ្របក្សប្រឆាំង(នឹង)រាជរដ្ឋាភិបាល ឥឡូវមកធ្វើការជាមួយរាជរដ្ឋាភិបាល សូមកុំមានប្រតិកម្មបែបហិង្សា(តប)ទៅគេ យើងអាចចេញសេចក្ដីថ្លែងការណ៍ពន្យល់។ (ធ្វើ)ត្រឹមប៉ុណ្ណឹងបាន កុំធ្វើសកម្មភាពឱ្យហួសពីហ្នឹង។ ខ្ញុំសោកស្ដាយណាស់នូវអ្នកតាំងខ្លួនប្រជាធិបតេយ្យ តែអត់ស្គាល់អ្វីទៅហៅថាប្រជាធិបតេយ្យ?

(២៤) គណបក្សប្រជាជន តែងគោរពនូវសិទ្ធិជ្រើសរើសរបស់សមាជិក

គណបក្សប្រជាជន មិនដែលរារាំងសមាជិករបស់ខ្លួន(មិនឱ្យ)ទៅនៅបក្សដទៃទេ។ អ្នកដែលទៅបក្សដទៃ គឺយើងតែគោរពនូវសិទ្ធិជ្រើសរើសរបស់គេ។ កន្លងទៅមាន ៣ នាក់ ដែលចេញពីគណបក្សប្រជាជន ទី(១) ឯកឧត្តម គង់ គាំ ឥឡូវ គាត់ឈប់ធ្វើអីទាំងអស់ លាលែងចេញទាំងអស់។ ទី(២) ភី ថាច ចេញទៅបានមួយរយៈក៏សុំចូលត្រឡប់មកវិញ។ ទី(៣) សាម សុនឌឿន ឥឡូវ លឺសូរថារកស៊ីដូរលុយ។ អ្នកដែលបានចេញពីគណបក្សប្រជាជន មិនមានអ្នកណាមួយមានអនាគតល្អទេ។ និយាយតាមការពិត។ បានត្រឹមតែប្រឆាំង។ អ្នកដែលបានទៅហើយត្រឡប់មកវិញ យើងទទួល(ឱ្យចូលវិញ)។ ពីមុនមានមួយចំនួនទៅខាង ហ្វ៊ុនស៊ិនប៉ិច។ កាលជំ​នាន់ ហ្វ៊ុនស៊ិនប៉ិច ជាគូប្រជែងរបស់គណបក្សប្រជាជន ប៉ុន្តែគេត្រឡប់មកគណបក្សប្រជាជន (ដូច្នេះ) គណបក្សប្រជាជនក៏ទទួលវិញ។ ខ្ញុំគិតថា គណបក្សដទៃគួររៀនសូត្រ និង(មាន)ការយល់ដឹងឱ្យបានច្បាស់ អំពីប្រជាធិបតេយ្យពិតប្រាកដ គឺការគោរពសិទ្ធិជ្រើសរើសរបស់ប្រជាពលរដ្ឋ (ដើម្បី)កុំឱ្យក្រុមយុវជនមានប្រតិកម្ម។ សូមអំពាវនាវ ចំពោះក្រុមយុវជន ដែលទទួលនូវការប្រមាថ/វាយប្រហារ ធ្វើប្រតិកម្មត្រឹមតែការបកស្រាយនិងចេញសេចក្ដីថ្លែងការណ៍បកត្រឡប់ទៅវិញ មិនត្រូវធ្វើសកម្មភាពណានាំទៅដល់ហិង្សានោះឡើយ។

ជាមួយវឌ្ឍនភាព នៃវិស័យអប់រំ និយាយដោយឡែក និងនិយាយជារួម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំង ការអបអរសាទរ ចំពោះនិស្សិយជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំសូមជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ជាពិសេស និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការ៖ អាយុៈ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ