(១) អញ្ជើញប្រធានាធិបតីម៉ាល់ឌីវបំពេញទស្សនកិច្ចនៅកម្ពុជាវិញម្ដង
ជាមួយនឹងកិច្ចពង្រឹងថែមទៀតនៃចំណងទាក់ទងរបស់យើង ខ្ញុំក៏សូមយកឱកាសនេះថ្លែងសាជាថ្មីអំពីការសួរសុខទុក្ខរបស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អមដោយការអញ្ជើញចំពោះឯកឧត្ដមប្រធានាធិបតីសម្រាប់ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយប្រសិនបើអាចធ្វើទៅបាន គឺអញ្ជើញ(ឯកឧត្តមធ្វើ)ទស្សនកិច្ចនៅកម្ពុជា ក្នុងពេលដែលកម្ពុជាប្រារព្ធការបើក SEA Games នៅខែឧសភា នៃឆ្នាំនេះ។
(២) រំលឹកខួបទី២៨ នៃទំនាក់ទំនងការទូត … ជ្រើសរើសនិងដាក់ឈ្មោះផ្លូវមួយខ្សែនៅក្រុងព្រះសីហនុ “ផ្លូវមិត្តភាពកម្ពុជា–ម៉ាល់ឌីវ”
អម្បាញ់មិញ ឯកឧត្ដមប្រធានាធិបតីបានលើកអំពីការពិភាក្សា(របស់ប្រទេសទាំងពីរ)។ ខ្ញុំអាចរំលេចបញ្ហាខ្លះបន្ថែមទៀត។ ស្ដីពីទំនាក់ទំនងខាងនយោបាយ ឆ្នាំនេះជាខួបលើកទី២៨ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីជូនអគ្គរដ្ឋទូតពីទីក្រុងបាងកកទៅជូនសារតាំងនៅទីក្រុងភ្នំពេញ ហើយកម្ពុជាបញ្ជូនអគ្គរាជទូតពីទីក្រុង New Delhi មកជូនសារតាំងនៅឯម៉ាល់ឌីវ។ ជាមួយគ្នានេះ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់របស់យើងអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជាបានសម្រេចចិត្ត ជ្រើសរើសផ្លូវមួយខ្សែនៅទីក្រុងទេសចរណ៍មាត់សមុទ្ររបស់កម្ពុជា ដាក់ឈ្មោះថាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ដែលនេះបង្ហាញអំពីចរិតប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់យើងដោយចាប់ផ្ដើមពីទស្សនកិច្ចរបស់ខ្ញុំនៅទីនេះ។
(៣) អាហារូបករណ៍កម្ពុជា/ម៉ាល់ឌីវ ជាកិច្ចសហប្រតិបត្តិការកម្រិតនយោបាយនិងការបណ្ដុះបណ្ដាលធនធានមនុស្ស
ខ្ញុំអរគុណចំពោះការដែលឯកឧត្តមប្រធានាធិបតីបានផ្ដល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ផ្ដល់នូវការហ្វឹកហាត់សម្រាប់អ្នកហែលទឹករបស់កម្ពុជា និងផ្តល់នូវមន្ត្រីដែលត្រូវធ្វើបដិសណ្ឋារកិច្ចចំនួន២០នាក់ ដែលពួកគេនឹងទទួលបាននូវការបណ្តុះបណ្តាល សម្រាប់ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា។ ខ្ញុំក៏សុំយកឱកាសនេះបញ្ជាក់ជូនថា កម្ពុជាបានផ្តល់ឱកាសផ្តល់អាហារូបករណ៍ចំនួន១០រូប សម្រាប់និស្សិតរបស់ម៉ាល់ឌីវ ដើម្បីសិក្សានៅថ្នាក់ឧត្តមសិក្សានៅកម្ពុជា។ នៅក្នុងពេលកំពុងតែរង់ចាំមកកាន់ទីនេះ ខ្ញុំបានជួបជាមួយនឹងប្រធានសាលារួចហើយ ដែលពេលនេះគាត់ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សាលានេះមានទីតាំងនៅរាជធានីភ្នំពេញ ហើយក៏មានការតភ្ជាប់ជាមួយនឹងសហរដ្ឋអាមេរិកផងដែរ។ ខ្ញុំសូមស្នើឲ្យឆ្នាំនេះ (ការផ្តល់អាហារូបករណ៍)កើតចេញជារូបរាង ដោយអាចផ្លាស់ប្ដូរនិស្សិតទាំងសងខាងរៀងខ្លួន ដែលនេះជាចំណុចចាប់ផ្ដើមមួយនៃកិច្ចសហប្រតិបត្តិការរបស់យើងក្នុងកម្រិតនយោបាយផង និងក្នុងកម្រិតបណ្ដុះបណ្ដាលធនធានមនុស្ស។
(៤) ពង្រីកសហប្រតិបត្តិការវិស័យវប្បធម៌រវាងប្រទេសទាំងពីរ
ខ្ញុំក៏សុំស្នើផងដែរឲ្យពិនិត្យមើលអំពីលទ្ធភាពនៃការពង្រីកសហប្រតិបត្តិការលើវិស័យដែលទាក់ទងជាមួយនឹងវិស័យវប្បធម៌។ សង្ឃឹមថា រដ្ឋមន្រ្តីការបរទេសទាំងពីរនឹងពិនិត្យមើល ដើម្បីពង្រីកការគ្របដណ្ដប់ទៅលើវិស័យវប្បធម៌នៃប្រទេសទាំងពីរ។ ទាក់ទងនឹងទេសចរណ៍ គឺយើងមានកម្លាំងខ្លាំង។ ខ្ញុំគួរតែនិយាយថា ម៉ាល់ឌីវគឺជាភាពអស្ចារ្យនៅក្នុងមហាសាគររបស់មហាសមុទ្រឥណ្ឌា ដែលមានមណ្ឌលទេសចរណ៍ដ៏គួរឲ្យទាក់ទាញបំផុត ហើយដែលខ្ញុំគឺជាមនុស្សចុងក្រោយក្នុងគ្រួសាររបស់ខ្ញុំ ដែលមកទស្សនកិច្ចនៅម៉ាល់ឌីវនេះ។ ភរិយាខ្ញុំ កូនខ្ញុំ និងចៅខ្ញុំ គេបានមកមុនខ្ញុំ។ (ពេលនេះ)ខ្ញុំបានមកកាន់ទីនេះ។ ម្សិលមិញខ្ញុំបានបង្ហោះហ្វេសប៊ុកមួយ នៅពេលដែលខ្ញុំមុជទឹក គឺអ្នកដែលមកចូល like និង comment ច្រើន។ ខ្ញុំគិតថា (ម៉ាល់ឌីវ)គឺជាទីកន្លែងដ៏ទាក់ទាញមួយ។ យើងកោតសរសើរដល់ការកសាងនូវតំបន់មហាសាគរនេះឲ្យក្លាយទៅជាចំណុចទាក់ទាញ។
(៥) កញ្ចប់ទេសចររួម៖ ទិដ្ឋាការមួយ គោលដៅពីរ
ខ្ញុំនិងឯកឧត្តមប្រធានាធិបតី បានផ្ដោតការយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ មិនគ្រាន់តែប្រជាជនកម្ពុជាមកកាន់ម៉ាល់ឌីវ ប្រជាជនម៉ាល់ឌីវទៅកាន់កម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែផ្ដោតការយកចិត្តទុកដាក់ទៅលើអ្នកដែលទៅទស្សនាប្រាង្គប្រាសាទនានានៅកម្ពុជា ហើយដែលជាបន្តបន្ទាប់ អាចមកកាន់ម៉ាល់ឌីវដើម្បីមុជទឹកនិងលំហែកាយនៅមាត់សមុទ្រ ឬក៏អ្នកមកដល់ម៉ាល់ឌីវមុជទឹកនិងលំហែកាយនៅទីនេះ ហើយចង់ទៅមើលប្រាង្គប្រាសាទ។ គេអាចធ្វើដំណើរទៅទីនោះ។ យើងក្លាយទៅជាកញ្ចប់ទេសចរណ៍រួម ហើយក៏អាចប្រើប្រាស់ VISAមួយ គោលដៅពីរ ពីរប្រទេសដែលអាចប្រើបាន ដែលយើងនឹងសិក្សាអំពីបញ្ហានេះជាបន្តទៀត។
(៦) កម្ពុជាមានកសិផលនិងសម្លៀកបំពាក់ ដែលអាចបម្រើសេចក្តីត្រូវការរបស់ ម៉ាល់ឌីវ
យើងមានលទ្ធភាពដើម្បីនឹងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ កម្ពុជាមានទំនិញដែលអាចនាំចូលមកម៉ាល់ឌីវ ដូចជា អង្ករនិងវិស័យកសិកម្មដទៃទៀត ដែលមិនមែនគ្រាន់តែសម្រាប់ប្រជាជនម៉ាល់ឌីវទេ ប៉ុន្តែសម្រាប់វិស័យទេសចរណ៍ដែលមកទស្សនកិច្ចនៅម៉ាល់ឌីវ។ កម្ពុជាមានអង្ករដែលស្ថិតនៅក្នុងប្រភេទជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោកចំនួន៥ដង ហើយកំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខមួយនៅឡើយ។ សង្ឃឹមថាអង្ករនេះនឹងទទួលបាននូវការពេញនិយមទាំងក្នុងចំណោមប្រជាជនម៉ាល់ឌីវនិងក្នុងចំណោមអ្នកទេសចរដែលមកទស្សនកិច្ចនៅទីនេះ។ ស្វាយចន្ទី ចេក ឬផ្នែកដទៃទៀត រហូតដល់ស្វាយ ដែលអាចបម្រើឲ្យវិស័យទេសចរណ៍នៅម៉ាល់ឌីវ អាចនាំចេញពីកម្ពុជាមកបាន។ ក្រៅពីនេះ ក៏នៅមានសម្លៀកបំពាក់។ យើងជាប្រទេសផលិតសម្លៀកបំពាក់ ដែលម៉ាល់ឌីវអាចធ្វើការបញ្ជាទិញបាន។ យើងខ្ញុំសង្ឃឹមយ៉ាងដូច្នេះ។
(៧) ត្រីខកំប៉ុងរបស់ម៉ាល់ឌីវ អាចជាទំនិញដំបូងមកកម្ពុជា
ត្រឡប់ទៅវិញ ពិតមែនតែកម្ពុជាជាប្រទេសដែលមានទាំងត្រីទឹកសាបនិងត្រីទឹកសមុទ្រ ក៏ប៉ុន្តែមិនគ្រប់(គ្រាន់សំរាប់សេចក្តីត្រូវការ)ទេ។អម្បាញ់មិញ ឯកឧត្ដមប្រធានាធិបតីនិយាយដល់បញ្ហាត្រីខកំប៉ុង ដែលអាចជាលទ្ធភាពទីមួយក្នុងការនាំទៅកម្ពុជាមុនគេ ព្រោះក្នុងមួយឆ្នាំៗ កម្ពុជាប្រើត្រីខកំប៉ុងច្រើនណាស់។ គ្រាន់តែប៉ុន្មានខែមុននេះ ខ្ញុំប្រើត្រីខកំប៉ុងរហូតដល់ជាង ១០ ម៉ឺនកេស ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារដែលរងគ្រោះដោយការលិចលង់ដោយជំនន់ទឹកភ្លៀង។ ឥឡូវនេះ (កម្ពុជាក៏)កំពុងតែត្រូវការទៀត។ (ត្រីខកំប៉ុង)នេះ មានការងាយស្រួលក្នុងការចែកជូនទៅកាន់ប្រជាពលរដ្ឋ។ គោលដៅនៃការនាំទំនិញដំបូងគឺប្រហែលជាចាប់ផ្ដើមពីត្រីខកំប៉ុងដែលជាផលិតផលរបស់ម៉ាល់ឌីវតែម្ដង។ យើងត្រូវការ មិនមែនសំរាប់គ្រាន់តែប្រជាជន ១៦ ទៅ ១៧លាននាក់នោះទេ ប៉ុន្តែយើងមានទេសចរ ដែលមុននេះមានរហូតដល់ ៦លាន ៦សែននាក់។ ប៉ុន្តែ(ចំនួននេះ)បានធ្លាក់ចុះ។ ឆ្នាំ២០២២ កន្លងទៅ ចំនួនទេសចរបានឡើងមកដល់ ២លាន ២សែននាក់វិញ។ ដូច្នេះច្បាស់ណាស់ថា ផលិតផលត្រីនៅក្នុងប្រទេសម៉ាល់ឌីវមួយចំនួន នឹងអាចជាគោលដៅនៃការនាំទៅកាន់កម្ពុជាដើម្បីបម្រើដល់ប្រជាជនខ្លួនឯងផងនិងវិស័យទេសចរណ៍ផងដែរ។
(៨) កម្ពុជាគាំទ្រម៉ាល់ឌីវ ជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងជាអ្នកសង្កេតការណ៍នៅអាស៊ីអាគ្នេយ៍ក្នុងក្របខណ្ឌអាស៊ាន
យើងនៅបានពិភាក្សាអំពីបញ្ហាដទៃទៀត រួមមានទាំងវិស័យសុខាភិបាល ដែលយើងបានចុះហត្ថលេខា។ យើងបានពិភាក្សាអំពីកិច្ចការអន្តរជាតិដែលគាំទ្រគ្នាទៅវិញទៅមក រាប់ទាំងកម្ពុជាគាំទ្រម៉ាល់ឌីវឲ្យក្លាយទៅជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាអ្នកសង្កេតការណ៍នៅអាស៊ីអាគ្នេយ៍នៅក្នុងក្របខណ្ឌអាស៊ាន ដែលកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សានៅក្នុងផ្ទៃក្នុងរបស់អាស៊ាន។ សង្ឃឹមថា បណ្ដាប្រទេសអាស៊ានដទៃទៀតនឹងទទួលយកនូវដៃគូមួយ ដោយគ្មានហេតុផលណាដែលត្រូវជំទាស់នោះទេ។ យើងទាញបណ្ដាប្រទេសឆ្ងាយៗ នៅទ្វីបដទៃមកចូលរួមជាដៃគូរបស់យើង តែយើងក៏អ្នកជិតខាងជាមួយគ្នានៅក្នុងតំបន់នេះ។
(៩) សូមម៉ាល់ឌីវគាំទ្រសមាជិកភាពសង្កេតការណ៍របស់កម្ពុជា ក្នុងអង្គការ OIC
ខ្ញុំគិតថា ទស្សនកិច្ចរបស់ខ្ញុំគឺជាការបើកផ្លូវមួយដ៏សំខាន់នៅក្នុងទំនាក់ទំនងរបស់យើង។ ខ្ញុំមិនភ្លេចនឹងអរគុណចំពោះម៉ាល់ឌីវ ដែលឯកឧត្ដមប្រធានាធិបតីបានបញ្ជាក់ហើយ។ យើងចង់ក្លាយទៅជាសមាជិកជាអ្នកសង្កេតការណ៍នៃក្រុមប្រទេស OIC ហើយសង្ឃឹមថាយើងនឹងក្លាយទៅជាតួអង្គដ៏សំខាន់ក្នុងការធ្វើសុខដុមនីយ៍កម្មជាតិសាសន៍និងសាសនានៅកម្ពុជា។ សង្ឃឹមថា ម៉ាល់ឌីវនឹងបន្តការគាំទ្រដើម្បីឲ្យយើងក្លាយទៅជាសមាជិកសង្កេតការណ៍នៅក្នុងអង្គការ OICនេះ។
ខ្ញុំសូមអរគុណសាជាថ្មីចំពោះការអញ្ជើញរបស់ឯកឧត្ដមប្រធានាធិបតី ជាការយកចិត្តទុកដាក់របស់ឯកឧត្ដមប្រធានាធិបតីចំពោះទស្សនកិច្ចរបស់ខ្ញុំ ដែលនេះជាការចាប់ផ្ដើមដ៏ល្អបំផុត(ក្នុងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ)។ ទៅដល់កម្ពុជា ខ្ញុំនឹងរកផ្លូវមួយខ្សែដើម្បីប្រែក្លាយទៅជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយបើសិនជាក្នុងពេលនោះ ទស្សនកិច្ចរបស់ឯកឧត្ដមអាចធ្វើទៅបាន យើងអាចនឹងសម្ពោធផ្លូវនេះរួមគ្នាតែម្ដង។ យើងនឹងធ្វើកិច្ចការនេះដើម្បីជានិមិត្តរូបនៃសាមគ្គីភាពរវាងកម្ពុជានិងម៉ាល់ឌីវ ដែលសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា។ សូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់ឯកឧត្ដមប្រធានាធិបតី និងឯកឧត្ដម លោកជំទាវទាំងអស់៕