សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, អបអរសាទរខួប ១0+១ ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនេបៀ Minebea (Cambodia) នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

CNV:

{Text}

សុខសប្បាយទេក្មួយៗ ចាប់ផ្តើមរងាហើយ។ មើលប៉ុន្មាននាក់មានគ្រួសារ? ប៉ុន្មាននាក់ដែលមិនទាន់មានគ្រួសារ? អ្នកមានគ្រួសារលើកដៃមុន (ដាក់ដៃចុះ) ឥឡូវអ្នកអត់ទាន់មានគ្រួសារលើកដៃ (ដាក់ចុះ)។ ឥឡូវអ្នកដែលមានគូដណ្តឹងត្រៀមរៀបការមានប៉ុន្មាននាក់លើកដៃ? អរគុណណាស់ក្មួយៗ!

ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជា
ឯកឧត្តម យូស៊ី ហ៊ីសា កៃនុម៉ា អគ្គនាយក មីនេបៀ!
ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី ក្មួយៗកម្មករ/ការិនី ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ជំនួសឱ្យការអានសន្ទរកថាព្រៀងទុក អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះដើម្បីនិយាយដោយផ្ទាល់វិញ

(១) រោងចក្រនេះវាប្រៀបដូចជាកូនបង្កើត, ត្រីណាមកមុនគឺខ្ញុំទទួលទានមុនដោយមិនអាចរង់ចាំត្រីធំ, បើ បំពានលើ មីនេបៀ ថ្ងៃក្រោយបំពានលើក្រុមហ៊ុនផ្សេងដូចគ្នា, ចាប់ផ្តើមពីទុន ៣២លានដុល្លារ ដល់ជាង ៦០០ លានដុល្លារសហរដ្ឋអាមេរិក

នេះជាលើកទី៤ ដែលខ្ញុំមកកាន់រោងចក្រ ដែលអម្បាញ់មិញឯកឧត្តម កៃនុម៉ា ក៏បានលើកឡើងថា រោងចក្រនេះវាប្រៀបដូចជាកូនបង្កើតរបស់ខ្ញុំ ហើយខ្ញុំត្រូវតែថែទាំវាឱ្យបានរីកលូតលាស់។ ពិតណាស់ហើយការបេ្តជ្ញាចិត្តរបស់ខ្ញុំបានក្លាយទៅជាការពិតមួយ។ នោះវាផ្តើមចេញពីជំនឿទុកចិត្ត។ រឿងធំនៅទីនេះ ដែលយើងដកស្រង់(ជាពិសោធន៍)បានគឺនៅត្រង់ពាក្យខ្លីមួយម៉ាត់ថា ជំនឿទុកចិត្ត។ ក្រុមហ៊ុនទុកចិត្តរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលទុកចិត្តទៅលើក្រុមហ៊ុន កម្មករទុកចិត្តទៅលើក្រុមហ៊ុន ទៅលើរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលទុកចិត្តទៅលើកម្មករ និងទៅលើក្រុមហ៊ុន។ ទាំងអស់នេះគឺជាចំណុចពិសេសនៃការរីកលូតលាស់ មិនត្រឹមតែ មីនេបៀ ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជាបញ្ហាទិដ្ឋភាពរួមនៃការវិនិយោគ។ ខ្ញុំធ្លាប់បាននិយាយហើយថា ត្រីណាមកមុនគឺចាប់ស៊ីមុន មិនចាំបាច់រង់ចាំត្រីធំឬត្រីតូចនោះទេ ព្រោះកម្ពុជាស្ថិតក្នុងស្ថានភាពដែលខ្វះខាត ហើយត្រូវការការវិនិយោគមួយដោយជាក់លាក់

១១ ឆ្នាំមុន ខ្ញុំបានជួបជាមួយលោក កៃនុម៉ា។ ពេលនោះយើងបានផ្តល់ការអនុញ្ញាតឱ្យមានការវិនិយោគដោយមានភាពផ្តាច់មុខទៅលើមុខទំនិញមួយចំនួន បន្ទាប់ទៅយើងក៏មានក្រុមហ៊ុនផ្សេងទៀត ដែលមកពីក្រោយក៏ចង់បាននូវស្ថានភាពដូចគ្នា ហើយនិយាយថាក្រុមហ៊ុន មីនេបៀ ជាក្រុមហ៊ុនតូចណាស់ ប៉ុន្តែខ្ញុំបានបញ្ជាក់ប្រាប់ទៅគេវិញថា ទី១ ត្រីណាមកមុនខ្ញុំទទួលទានមុនដោយមិនអាចរង់ចាំត្រីធំបានទេ។ ទី២៖ ខ្ញុំចង្អុលបង្ហាញប្រាប់ទៅគេវិញថាប្រសិនបើខ្ញុំបំពានទៅលើ មីនេបៀ បានថ្ងៃក្រោយក្រុមហ៊ុនអស់លោកក៏នឹងទទួលការបំពានពីរដ្ឋាភិបាលដូចគ្នា។ នេះគឺជាចំណុចដែលធ្វើឱ្យក្រុមហ៊ុន មិនមែនគ្រាន់តែក្រុមហ៊ុនមួយនេះទេ ខ្ញុំធ្លាប់បាននិយាយទៅលើក្រុមហ៊ុនច្រើនណាស់។ ពួកគេបានទទួលយកគឺមានការភ្ញាក់ផ្អើលនៅត្រង់ថាប្រសិនបើខ្ញុំបំពានក្រុមហ៊ុនមួយបាន ថ្ងៃក្រោយក្រុមហ៊ុនរបស់លោកក៏នឹងត្រូវទទួលការបំពានដូចគ្នា។

ត្រង់នេះហើយដែលខ្ញុំប្តូរផ្តាច់រួមចំណែក ដើម្បីធ្វើឱ្យ មីនេបៀ ពង្រីកសមត្ថភាពនៅទីនេះ។ ឆ្នាំនេះគឺជាខួបលើកទី ១១ ប៉ុន្តែយើងប្រើពាក្យថា ១០បូក១ ដោយគោលបំណងពិតប្រាកដរបស់លោក កៃនុម៉ា គឺយើងចង់ធ្វើខួបលើកទី១០ នៃការដំណើរការប្រតិបត្តិការរបស់ មីនេបៀ នៅទីក្រុងភ្នំពេញ ប៉ុន្តែដោយសារតែ កូវីដ-១៩ យាយី យើងក៏មិនអាចសម្រេចបាននូវការធ្វើបុណ្យនោះ។ ដូច្នេះលោក កៃនុម៉ា ក៏បានមកជួបខ្ញុំប៉ុន្មានខែមុននេះ ហើយក៏យើងសម្រេចយកថ្ងៃ ១ ខែធ្នូ ឆ្នាំនេះ ដើម្បីធ្វើពិធីរំលឹកខួប ១០ឆ្នាំ ដោយយើងប្រើពាក្យថា ១០បូក១ គឺ ១១ឆ្នាំហើយ នៃប្រតិបត្តិការរបស់ មីនេបៀ នៅទីនេះ។

ខ្ញុំពិតជាមានមោទនភាពដោយសារតែបានរួមចំណែកជាមួយក្រុមហ៊ុននេះ និងតួអង្គពាក់ព័ន្ធដទៃទៀត ដើម្បីឱ្យការវិនិយោគមួយនេះបានទទួលជោគជ័យ ចាប់ផ្តើមពីទុនប្រមាណជា ៣២លានដុល្លារ និងកម្មករជាង ១.០០០នាក់ ឥឡូវនេះក្រុមហ៊ុនបានពង្រីកទៅដល់ជាង ៦០០លានដុល្លារសហរដ្ឋអាមេរិក ជាមួយកម្មករជាង ៦.០០០នាក់ ហើយក្នុងកម្មករជាង ៦.០០០នាក់នេះ មានអ្នកផ្ទៃពោះរហូតដល់ ១៧៨នាក់ អម្បាញ់មិញនេះ។ យកកូនទៅ មិនអីទេ។ បន្តិចទៀតឆ្លងទន្លេចំខែល្អហើយ។ រឿងកូវីដ-១៩ហ្នឹងហើយដែលកូនច្រើន រឿងវាអញ្ចេះមុនកូវីដ-១៩កូនហាក់ដូចជាធ្លាក់ចុះ  ប៉ុន្តែស្រាប់កូវីដ-១៩ ស្រាប់តែកូនកើនឡើងតែម្តង មូលហេតុអី? ពីដើមគេនាំគ្នាដើរលេង អញ្ចឹងមិនសូវមានកូនទេ ដល់ទៅពេលកូវីដ-១៩​ អត់ដឹងទៅណានៅតែផ្ទះអញ្ចឹងកូនវាកើនឡើង អាហ្នឹងជារឿងធម្មតាទេមិនដឹងទៅណា វិលចុះវិលឡើងនៅតែចង្ក្រានជើងឆ្នាំង និយាយលេងបន្តិចចុះ។

(២) មីនេបៀ បណ្តុះបណ្តាលកម្មករ/ការិនី ៥ ពាន់នាក់នៅក្រៅប្រទេស, ក្នុងអំឡុង កូវីដ១៩ មីនេបៀ មិនបានបិទសកម្មភាពទេ, បង្កាជំងឺឆ្លង ការពារខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ទៅទីផ្សារសកល, ធ្វើការជាមួយប្រជាពលរដ្ឋឱ្យទទួលយកវិធានការសុខាភិបាល

សុំក្មួយៗជាពិសេសកម្មការិនីមេត្តាយោគយល់។ ថ្ងៃនេះជាថ្ងៃសប្បាយមិនមែនជាថ្ងៃនាំគ្នាអង្គុយកើតទុក្ខនោះទេ។ ខ្ញុំពិតជាមានមោទនភាពហើយសុំអរគុណចំពោះ មីនេបៀ ដែលបានជួយបណ្តុះបណ្តាលកម្មករ/ការិនី របស់កម្ពុជាដែលបញ្ជូនទៅការបណ្តុះបណ្តាលជាង ៥.០០០នាក់ នៅក្រៅប្រទេស ហើយជា​មួយគ្នានេះក៏ជម្រុញការបណ្តុះបណ្តាលនៅទីនេះផងដែរ។ អត្ថប្រយោជន៍ដែលកម្មករ/ការិនីទទួលបានពីទីនេះពិតជាសមរម្យ ពិតមែនហើយឱ្យយើងក្លាយទៅជាប្រាក់ចំណូលស្មើនឹងថៅកែៗ ឬស្មើនឹងជាមួយអ្នកមានគឺមិនបានទេ ប៉ុន្តែហោចណាស់បានដោះស្រាយការងារធ្វើជាមួយនឹងក្មួយៗនៅទីនេះ។

តាមរយៈ (ការងារនិងប្រាកើចំណូល)ក្មួយៗនៅទីនេះ ក៏បានផ្តល់ឱកាសជួយដល់ក្រុមគ្រួសារ ឪពុកម្តាយ ដែលគាត់កំពុងនៅជាកសិករ ឬមានមុខរបរផ្សេង។ ប្រសិនបើក្មួយៗទាំងអស់បន្តការខិតខំធ្វើឱ្យរោងចក្រកាន់តែប្រសើរ ប្រាក់ចំណេញកាន់ខ្ពស់ អត្ថប្រយោជន៍ និងបៀវត្សរ៍របស់ក្មួយៗក៏កាន់តែឡើងដូចគ្នា។ ខ្ញុំបានដឹងថាអត្ថប្រយោជន៍នៅទីនេះទទួលបានលើសពីចំណុចដែលដាក់ចេញទៅដោយ ព្រោះនេះជាបញ្ហាទាក់ទងនឹងរោងចក្រ វាមិនទាក់ទិនជាមួយនឹងការដាក់ចេញនូវក្របខ័ណ្ឌ ដែលគេហៅថាប្រាក់ខែគោលនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការកំណត់របស់រាជរដ្ឋាភិបាលនោះទេ។

ខ្ញុំក៏សូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះអ្នកគ្រប់គ្រងរោងចក្រ ក៏ដូចជាកម្មករ/ការិនីរបស់យើងទាំងអស់នៅទីនេះដែលបានចូលរួមប្រយុទ្ធនឹងកូវីដ-១៩ ប្រកបដោយជោគជ័យ។ ពិតហើយមានការឆ្លងខ្លះ ក៏ប៉ុន្តែបន្ទាប់ពីការប្រឹងប្រែងរបស់យើងទាំងអស់គ្នា យើងបានកាត់បន្ថយនូវការឆ្លង កាត់បន្ថយនូវការស្លាប់ ហើយធ្វើឱ្យយើងគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ នេះ។ រោងចក្រ មីនេបៀ ដូចជាមិនដែលបានបិទទេ? អញ្ចឹងនៅក្នុងដំណាក់កាលនោះបានសេចក្តីថាក្មួយៗកម្មករ/ការិនីបានយកចិត្តទុកដាក់ទៅលើបញ្ហាសុខុមាលភាពផ្ទាល់ខ្លួន ​មិនធ្វើឱ្យមិននាំជំងឺឆ្លងចូលមកក្នុងរោងចក្រនោះទេ។ ដូច្នេះខ្ញុំពិតជាមានការអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្មួយៗទាំងអស់ វាជាបញ្ហាសុខភាពរបស់ក្មួយៗផ្ទាល់។

ប្រសិនបើក្មួយៗមិនប្រុងប្រយ័ត្នទេចម្លងមេរោគនេះចូលមកក្នុងរោងចក្រ ធ្វើឱ្យរោងចក្រត្រូវបិទផលប្រយោជន៍របស់កម្មករក៏ត្រូវបានបាត់បង់ជាពិសេសខ្សែសង្វាក់ផលិត ដែលនឹងត្រូវផ្គត់ផ្គង់ចេញទៅកាន់ទីផ្សារសកលដែលក្រុមហ៊ុនត្រូវផ្គត់ផ្គង់គឺនឹងទទួលការបាត់បង់។ ចំណុចនេះបង្ហាញឱ្យឃើញអំពីការខិតខំរបស់យើង។ បន្ថែមលើនោះ ក្មួយៗបានទទួលវ៉ាក់សាំងពេញលេញ។ ឥឡូវចង់សួរថា តើក្មួយៗទាំងអស់នៅទៅនេះបានទទួលវ៉ាក់សាំងគ្រប់ទេ បានប៉ុន្មាន? អញ្ចឹងសុំលើកដៃមើលអ្នកដែលបានទទួលវ៉ាក់សាំង?

មួយនេះអត់ទេ? ធម្មតាភ្នែកពូទោះបីនៅតែម្ខាងប៉ុន្តែរហ័សណាស់ ឥឡូវអ្នកទទួលដូស ឥឡូវចាប់និយាយពីដូសទី៣ ទៅចុះ អ្នកដែលចាក់ដូសទី៣ រហូតដល់ដូសទី ៤ ទី៥ តើមានប៉ុន្មានទៅនៅក្នុងហ្នឹង?(…) ចាក់ដល់រោងចក្រតែម្តង អញ្ចឹងស្រួលហើយ ព្រោះកម្មករច្រើនៗ ពេលដែលមានកម្មករច្រើនយើងតែងប្រើប្រាស់នូវពេទ្យរបស់យើងចាក់ នេះជាពេទ្យក្រសួងការងារ ឬក៏ពេទ្យយោធា?(…) យើងប្រើអន្តរាគមន៍បែបនេះ។

កាលពីចាប់ផ្តើមកូវីដ-១៩ ដំបូង សារព័ត៌មានប្រទេសអ្នកមានមួយចំនួនសរសេរបន្តុះបង្អាប់កម្ពុជាខ្លាំងណាស់ បូកជាមួយកម្ពុជា ឡាវ មីយ៉ាន់ម៉ា បង់ក្លាដេស និងប្រទេសមួយចំនួនសុទ្ធតែត្រូវគេប្រមាថអំពីបញ្ហាប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ ឥឡូវនេះពួកគេទាំងឡាយដែលធ្លាប់បានសរសេរប្រមាថយើងទាក់​ទិននឹងការគ្រប់គ្រងកូវីដ-១៩ មានវិប្បដិសារី ឬអត់? បញ្ហាការគ្រប់គ្រងកូវីដ-១៩ វាមិនមែនសំដៅទៅលើបញ្ហាប្រព័ន្ធសុខាភិបាលជឿនលឿន ឬប្រព័ន្ធសុខាភិបាលអន់ខ្សោយ(តែមួយមុខ)នោះទេ។ ការប្រយុទ្ធជាមួយសត្រូវមើលមិនឃើញគឺជាការប្រយុទ្ធមួយដ៏លំបាក ទាមទារឱ្យយើងធ្វើការជាមួយមនុស្ស មិនមែនធ្វើការជាមួយម៉ាស៊ីនទេ។ ម៉ាស៊ីនគឺជារឿងក្រោយទេ។ ដោយសារតែយើងមានភាពទន់ខ្សោយខាងផ្នែកសុខាភិបាល តម្រូវឱ្យយើងធ្វើការជាមួយមនុស្សឱ្យប្រជាពលរដ្ឋរបស់យើងទទួលយកនូវវិធានការសុខាភិបាល ដែលដាក់ចេញដោយក្រសួងសុខាភិបាល ឬរាជរដ្ឋាភិបាល។

ខ្ញុំពិតជាមានការអរគុណដែលកម្មករ/ការិនី នៅទីនេះទទួលយកនូវវិធានការរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាលតាមរយៈវិធានការ ៣កុំ និង៣ការពារ។ ឥឡូវនេះ ៣ កុំនោះ ប្រហែលជាពិបាកធ្វើ។ ប៉ុន្តែ យើងប្រឹងធ្វើក៏នៅមានចំណុចដែលយើងធ្វើបាន ប៉ុន្តែ ៣ការពារ នៅតែមានលទ្ធភាពធ្វើ ​៣ការពារនោះជាអ្វី? ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត។ ដូចជាថ្ងៃនេះអញ្ចឹងយើងមានការពាក់ម៉ាស់ ច្បាស់ណាស់ថាក្មួយៗសុទ្ធតែមានអាកុល មានជែលលាងដៃ ហើយអង្គុយក៏មានការឆ្ងាយពីគ្នា ក៏ប៉ុន្តែទាក់ទិនជាមួយនឹងការដែលអា ៣កុំ នោះ កុំទៅកន្លែងដែលមានមនុស្សច្រើន។ ឥឡូវយើងកំពុងប្រជុំមនុស្សច្រើន ប៉ុន្តែមនុស្សច្រើនរបស់យើងនេះគឺកំពុងតែស្ថិតនៅ ដែលនាំមកនូវជាមួយនឹងវិធានការ ៣ការពារ នោះគឺពាក់ម៉ាស់ និងរក្សាគម្លាត។ អម្បាញ់មិញនេះបើសិនជាយើងកុំមានការហាមប៉ះពាល់គ្នា ប្រហែលជាក្មួយៗដូចកាលពីពេលមុនអញ្ចឹង។ អម្បាញ់មិញហ្នឹងក្មួយៗខាងពោះធំៗដែលពូទៅសួរនេះ យើងក៏មានប៉ះពាល់គ្នា ប៉ុន្តែក៏មិនដឹងថា បើសិនជាក្មួយកើតមិនដឹងពូចម្លងទៅក្មួយ ឬក្មួយចម្លងមកពូ? ពូទើបនឹងកើតហើយ។ បានអាទំនើបហ្នឹងគេ។ គេថាបើជ្រុលជាបានកើតៗ អាទំនើប។ រកមិនឃើញនៅស្រុកខ្មែរ ទៅរកឃើញនៅឥណ្ឌូនេ​ស៊ីឯណោះ។ ការពិតទៅវាហត់ពេក។ ប្រជុំអាស៊ានចប់ទទួល ស៊ុលតង់​ ព្រុយណេ រួចហើយឡើងយន្តហោះភ្លាមទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ ប្រសិនពេលនោះយន្តហោះទៅទាន់ ពេលប្រហែលជាអាចចម្លងទៅដល់ប្រធានាធិបតី ម៉ាក្រុង របស់បារាំង និងប្រធានាធិបតីនៃប្រទេសមួយចំនួនទៀត ដោយសារណាត់បាយជាមួយគ្នា។ ប៉ុន្តែយន្តហោះរបស់យើងទៅហួសម៉ោងទៅហើយ។

យើងសូមអភ័យទោសអំពីការអាក់ខានរបស់យើង មិនអាចចូលរួមជាមួយការទទួលភោជនីយអាហារ នៅក្នុងការរៀបចំរបស់ប្រធានាធិបតីបារាំង។ យើងក៏បោះបង់ចោលនូវការចូលរួមក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការប្រជុំ APEC ដែលនៅទីនោះមានការគ្រោងជួបប្រធានាធិបតីបារាំងនិងប្រធានាធិបតីចិនផងដែរ។ កូវីដ-១៩ នេះវាអត់រើសមុខទេ ឥឡូវវាស្វែងរកតែអ្នកធំទៅទៀត អ្នកធំមួយចំនួនកំពុងតែកើត។ ខ្ញុំទើបនឹងជា ហើយអ្នកធំមួយចំនួនគឺកំពុងកើត។ អញ្ចឹងទេ អានេះវាអត់រើសមុខ។ ប៉ុន្តែរឿងអ្នកធំ អ្នកតូចរឿងម្យ៉ាងទេ ខ្ញុំនៅតែបន្តការអំពាវនាវឱ្យក្មួយៗកម្មករ/ការិនី និងមនុស្សទាំងអស់នៅក្នុងព្រះរាជណាចក្រកម្ពុជា គឺបន្តប្រយុទ្ធជាមួយនឹងកូវីដ-១៩ ដោយសារជំងឺនេះវាមិនទាន់ទៅណាឆ្ងាយនោះទេ វានៅក្បែរៗយើង។

បើសិនយើងចេះការពារខ្លួន ជាពិសេសដូចជាពូនេះ ពូក៏បារម្ភដែរនៅក្នុងពេលដែលកូវីដ-១៩ មានវិជ្ជមានហើយ។ អញ្ចឹងទេ តើវាវិលត្រឡប់ទៅរកអា ដែលតា និង ​អាល់ហ្វា ទេ។ ចំណុចគឺជាចំណុចដែលពេទ្យត្រូវចាប់ផ្តើមពិនិត្យសួត ពិនិត្យស្អីសព្វបែបយ៉ាងទាំងអស់ដើម្បីការពារធ្វើម៉េចកុំឱ្យវាមកវាយព្រោះកូវីដ-១៩ នេះវាវាយទៅលើសួតសំខាន់ ប៉ុន្តែអូមីក្រុងនេះវាមិនធ្ងន់ធ្ងរពេកទេ ប៉ុន្តែសំខាន់ត្រង់យើងបានចាក់វ៉ាក់សាំង បើកាលណាយើងចាក់វ៉ាក់សាំងពេញលេញហើយ ប្រសិនបើឆ្លងក៏វាមិននាំទៅដល់ភាពធ្ងន់ធ្ងរ ឬការស្លាប់នោះដែរ។ ឥឡូវនេះថ្ងៃនេះយើងមានដូចជា ៦ ឬ ៧ករណី ម្សិលមិញយើងមានជាង ១០ករណី ថ្ងៃនេះយើងក៏នៅបន្តការឆ្លង។

(៣) អំពូលភ្លើងឆ្លាត ទឹកដៃកម្ពុជា ចែកចាយទៅកាន់ទីផ្សារពិភពលោក, កម្ពុជាមានឋាមពលស្អាត ៦២% កើតចេញពីវារីអគ្គិសនី ពីពន្លឺព្រះអាទិត្យ ពីជីវម៉ាស, សំនួរ ២ របស់អ្នកវិនិយោគជប៉ុនគឺ តម្លៃអគ្គិសនី និងពលកម្មជំនាញ, រៀនសូត្របទពិសោធន៍នៃការគ្រប់គ្រងរបស់ជប៉ុន, គំរូជោគជ័យរូបមន្ត ១+ របស់ មីនេបៀ នៅកម្ពុជា

ខ្ញុំយកឱកាសនេះអរគុណថ្លែងនូវការកោតសរសើរចំពោះលោក កៃនុម៉ា ដែលយើងតែងតែជួបគ្នា ជួបគ្នានៅភ្នំពេញ ជួបគ្នានៅតូក្យូ ការជួបរបស់យើងសុទ្ធតែមានការសន្ទនាជាមួយគ្នា។ ខ្ញុំសប្បាយរីករាយ ផលិតផលដែលផលិតនៅក្នុងទីកន្លែងនេះ។ ទឹកដៃកម្ពុជានេះត្រូវបានចែកចាយទៅកាន់ទីផ្សារពិភពលោក ក្នុងនោះដូចជាអំពូលវៃឆ្លាតក៏ត្រូវបានបំពាក់ក្នុងប្រទេសជប៉ុន ហើយក៏ត្រូវបានបំពាក់នៅក្នុងប្រទេសកម្ពុជា ដែលខ្ញុំសូមជម្រាបទៅអភិបាលខេត្ត/រាជធានីបន្តការប្រើប្រាស់នូវអំពូលវៃឆ្លាតសម្រាប់ដាក់បំន្លឺតាមដងផ្លូវនានា ដោយទទួលការបញ្ជាទិញពីរោងចក្រដែលផលិតនៅក្នុងប្រទេសរបស់យើងមានស្រាប់។ វាជាផលចំណេញមួយសម្រាប់យើង ឧទាហរណ៍៖ នៅលើដងផ្លូវមួយដ៏វែងប្រសិនបើពុំមានរថយន្តឆ្លងកាត់ទេ អំពូលនេះនឹងកាត់បន្ថយពន្លឺ ពេលដែលកាត់បន្ថយពន្លឺក៏ធ្វើឱ្យចំណេញអគ្គិសនីផងដែរ។

អគ្គិសនីជាផ្នែកមួយនៃការពាក់ព័ន្ធនឹងការវិនិយោគ។ លោក កៃនុម៉ា បានលើកឡើងទាក់ទិនជាមួយបញ្ហាថាមពលស្អាត។ យើងបានខិតខំធ្វើទាក់ទងនឹងបញ្ហាថាមពលស្អាត មកដល់ពេលនេះយើងមានរហូតទៅដល់ជាង ៦២% នៃថាមពល ដែលកើតចេញពីវារីអគ្គិសនី ពីពន្លឺព្រះអាទិត្យ ពីជីវម៉ាស អាចចាត់ទុកថាកម្ពុជាជាប្រទេសមួយដែលមានប្រភពថាមពលកកើតឡើងវិញស្អាត កកើតឡើងវិញប្រហាក់ប្រហែល ឬក៏អាចច្រើនជាងប្រទេសខ្លះនៅក្នុងតំបន់ ក៏ប៉ុន្តែការវិនិយោគណាក៏ដោយត្រូវគិតអំពីផលប៉ះពាល់របស់វា។ យើងនឹងបន្តពង្រីកនូវផ្ទាំងការកកើតឡើងវិញគឺផ្ទាំងគេហៅថា ពន្លឺព្រះអាទិត្យ។ តាមដឹងលោក កែវ រតនៈ រាយការណ៍ឱ្យខ្ញុំ ថានឹងនាំលោក កៃនុម៉ា ទៅពោធិ៍សាត់ ដើម្បីទៅដាក់រោងចក្រមួយដែលមានកម្លាំង ៩០ មេហ្គាវ៉ាត់ នៅទីនោះស្រាប់ ដែលប្រើដោយថាមពលពន្លឺព្រះអាទិត្យសុទ្ធសាធ។ អញ្ចឹងទេបើសិនជាតម្លើងរោងចក្រមួយទៀតនៅឯខេត្តពោធិ៍សាត់ គឺតម្លើងនៅក្បែរហ្នឹងតែម្តងទៅ ហើយយកថាមពលចេញពីពន្លឺព្រះអាទិត្យហ្នឹង ដើម្បីផ្គត់ផ្គង់រោងចក្រនោះ។

អំពីការវិនិយោគនៅកម្ពុជា បើនិយាយពីជប៉ុនមកវិនិយោគនៅកម្ពុជាចំណុចសំខាន់គឺតែ ២ ទេ ដែលជប៉ុនសួរមុនគេ ទី១៖ ទាក់ទិនជាមួយតម្លៃអគ្គិសនី។ ហ្នឹងបើខ្ញុំធ្លាប់ធ្វើការជាមួយអ្នកវិនិយោគជប៉ុន។ ទាក់ទងនឹងតម្លៃអគ្គិសនីតើយ៉ាងម៉េច? ព្រោះរឿងនេះវាទាក់ទងនឹងផលចំណេញ។ ទី២៖ ទាក់ទិនជាមួយនឹងពលកម្ម ជំនាញ ដែលជប៉ុនសួរមុនគេគឺ ២ហ្នឹងតែម្តង។ អញ្ចឹងបានជាយើងត្រូវជំរុញការបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែច្រើន។ មីនេបៀ មិនមែន(ឈប់)ពង្រីកត្រឹមជាង ៦.០០០នាក់ទេ និងមានការពង្រីកបន្ថែមទៀត។ នេះគ្រាន់តែជាដំណាក់កាលត្រឹមឆ្នាំទី ១១ ហើយ មីនេបៀ ហ្នឹងនៅជា​មួយយើង មិនមែនត្រឹមតែ ២០ ឆ្នាំឬ ៣០ ឆ្នាំទេ អាចនៅជាមួយយើងរហូតដល់អស់លោក កៃនុម៉ា ហើយ កូនលោក កៃនុម៉ា នៅបន្តទៀត។

នៅទីនេះ ខ្ញុំសូមកោតសរសើរអំពីទំនាក់ទំនងរវាងកម្មករ និងម្ចាស់រោងចក្រ ដោយសារតែពុំមានលឺសូរបាតុភាពអ្វីកើតឡើងនៅក្នុងរោងចក្រនេះ។ តាមរយៈនៃការសម្រុះសម្រួលដែលទទួលផលប្រយោជន៍ និងទទួលបានទាំងអស់គ្នា ក្នុងនោះក៏មានការគោរពទៅដល់សិទ្ធិរបស់កម្មកររបស់យើង។ បើនិយាយពីនៅក្នុងកំណត់បង្ហាញនេះ មានការទទួលថែមជាមួយនឹងប្រាក់អត្ថប្រយោជន៍ កម្មករ និយោជិកដែលប្រើប្រាស់យន្តជំនិះផ្ទាល់ខ្លួន ទទួលបានប្រាក់ឧបត្ថម្ភ ៧ ដុល្លារក្នុងមួយខែ។ បើយើងអត់មាន(ប្រើយានជំនិះ)ស្អីទេ ក៏បានទទួលប្រាក់ហ្នឹងដែរ។ ហ្នឹងក៏ជាផ្នែកមួយដែលយើងទទួលបាន លើកទឹកចិត្តក្នុងចន្លោះពី ៥ ដុល្លារទៅ ១០ ដុល្លារក្នុងមួយខែ ផ្តល់អាហារ ៣ ពេល សម្រាប់ការទទួលទាន នៅទីនេះ។ ដូច្នេះ នេះជាវិធីគ្រប់គ្រងរបស់ជប៉ុន ដែលយើងក៏រៀនសូត្រ ហើយក្រុមហ៊ុននានានៅក្នុងប្រទេសរបស់យើងក៏រៀនសូត្រ អំពីបទពិសោធន៍នៃការគ្រប់គ្រងរបស់ជប៉ុន។

ខ្ញុំគិតថា យើងនឹងបន្តធ្វើជាមួយគ្នាតទៅទៀត ហើយក្មួយៗទាំងអស់ត្រូវបង្កើននូវការចេះដឹងបន្តទៀត តាមរយៈនៃការខិតខំរៀនសូត្រ បង្កើនសមត្ថភាព ដើម្បីឲ្យខ្លួនអាចមានជំនាញកាន់តែខ្ពស់។ ហើយមិនដឹងថា ក្រុមហ៊ុននឹងអាចឈានទៅផលិតអ្វីថែមទៀត ដែលវាអាចមានទាមទារនូវបច្ចេកទេសកាន់តែខ្ពស់ តម្រូវការកាន់តែធំនៅក្នុងពិភពលោក។

មីនេបៀ ជាបទពិសោធន៍មួយទៀត ដែលខ្ញុំប្រើ សម្រាប់ទាក់ទាញការវិនិយោគ ចេញមកពីប្រទេសដទៃ ជាពិសេសកូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀត អំពីរូបមន្តមួយបូក ដោយវាបង្ហាញពីគំរូជោគជ័យរបស់ មីនេបៀ នៅកម្ពុជា។ មីនេបៀ កាលពីមុននេះ មានមូលដ្ឋាននៅក្នុងប្រទេសថៃឯណោះទេដែលធំ។ មីនេបៀ ចាប់ផ្តើមពង្រីកសាខាមកកាន់ទីនេះ ចាត់ទុកថាជារូបមន្តមួយបូកពីថៃមកកម្ពុជា។ ចាប់ផ្តើមពីដើមទុន ៣២ លានដុល្លារ ឡើងដល់ដើមទុនជាង ៦០០ លានដុល្លារ។ ដូច្នេះចំណុចនេះ អាចនឹងធ្វើឲ្យអ្នកវិនិយោគត្រូវធ្វើការគិតគូរ។ គេអាចវិនិយោគនៅប្រទេសថៃ ហើយគេអាចវិនិយោគនៅកម្ពុជា ក្នុងករណីដែលនៅប្រទេសថៃជួបហានិភ័យអ្វីមួយ ចង្វាក់ផ្គត់ផ្គង់គឺនៅបន្តបានដដែល តាមរយៈនៃការបង្កើនសមត្ថភាពផលិតនៅក្នុងប្រទេសកម្ពុជា។

អញ្ចឹងនៅពេលដែលថៃទទួលការវាយលុកខាងកូវីដ-១៩ ឬវៀតណាមមានការវាយលុកដោយកូវីដ-១៩ ត្រូវបិទរោងចក្រមួយចំនួន ខ្សែចង្វាក់ផ្គត់ផ្គង់មួយចំនួនត្រូវផ្តើមចេញពីកម្ពុជា។ សូម្បីតែសំលៀកបំពាក់ ស្បែកជើង កាបូប ដែលនៅពេលដែលប្រទេសមួយចំនួន ជិតខាងរបស់យើងក្នុងតំបន់របស់យើងត្រូវអាក់ខានផ្គត់ផ្គង់ទៅកាន់ទីផ្សារ ដែលធ្លាប់បញ្ជាទិញ គេមកបញ្ជាទិញពីកម្ពុជា ដោយ​សារកម្ពុជាមានសុវត្ថិភាព។ ផ្ទុយទៅវិញ បើសិនជាកម្ពុជាអត់សុវត្ថិភាព គេក៏បង្កើនសមត្ថភាពផលិតនៅក្នុងប្រទេសមួយផ្សេងទៀត ដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា។ នេះ គឺជាបទពិសោធន៍ដែលខ្ញុំនិយាយទៅកាន់អ្នកវិនិយោគ ដែលមកពីប្រទេសដទៃ អំពីដោយយកគំរូជោគជ័យនៃ មីនេបៀ នៅទីនេះ។

(៤) មីនេបៀ រស់នៅជាមួយកម្ពុជាបានដោយសារសន្តិភាពនិងស្ថិរភាពនយោបាយ, ជប៉ុនសូមកម្ពុជាគាំទ្រគម្រោងបង្កើតក្រុមហ៊ុនតម្លើងរថយន្ត Toyota, សន្ដិភាព អាចអោយរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងរឹងទាំងទន់

ខ្ញុំគួរតែលើកទឹកចិត្ត ដើម្បីឲ្យ មីនេបៀ នៅបន្តជាមួយយើងតទៅទៀត។ យើងក៏ត្រូវដឹងច្បាស់ មីនេបៀ រស់នៅជាមួយយើងបាន តើមានកត្តាអ្វីខ្លះ? កត្តាធំជាងគេ គឺទាក់ទងនឹងសន្តិភាព ស្ថិរភាពនយោបាយ។ នេះ គឺជាចំណុចដ៏សំខាន់។ វាមិនមែនគ្រាន់តែ មីនេបៀ មួយទេ គ្រប់ក្រុមហ៊ុនទាំងអស់ ទាំងក្រុមហ៊ុនមកពីក្រៅប្រទេស ទាំងក្រុមហ៊ុនក្នុងស្រុក មិនអនុវត្តបានទេ ប្រសិនបើប្រទេសនេះមានសង្គ្រាម មិនអភិវឌ្ឍន៍បានទេ ប្រសិនបើប្រទេសនេះគ្មានស្ថិរភាពនយោបាយ។ សូមសំលឹងមើលប្រទេសអ៊ុយក្រែន តើមានអ្នកណាទៅសុំវិនិយោគនៅក្នុងប្រទេសអ៊ុយក្រែនទៀត? ក្រៅតែពីរត់ចេញពីប្រទេសអ៊ុយក្រែន តើអ្នកណានឹងទៅវិនិយោគនៅក្នុងប្រទេសអ៊ុយក្រែន? កងទ័ពយើងកំពុងស្ថិតនៅក្នុងប្រទេស ៤ គឺលីបង់, លីបង់អាចចាត់ទុកថានៅមានការវិនិយោគ ប៉ុន្តែនៅម៉ាលី នៅអាហ្វ្រិកកណ្តាល នៅស៊ូដង់ខាងត្បូង ប្រ​ហែលជាមិនមានអ្នកណាទៅប្រថុយប្រថាននឹងការដាក់ទុននៅក្នុងប្រទេសដែលមានសង្គ្រាមទេ។

កងទ័ពយើងក្នុងប៉ុន្មានថ្ងៃមុននេះ របួស ៣ នាក់នៅក្នុងប្រទេសម៉ាលី ដោយសារការដាក់មីនស្កាត់ផ្លូវ ក្នុងពេលដែលកងទ័ពរបស់យើងធ្វើដំណើរ។ អញ្ចឹងទេចំណុចទាំងនេះ ក្មួយៗទាំងអស់ត្រូវចាំ បើគ្មានសន្តិភាពទេ មិនអាចអភិវឌ្ឍន៍បានទេ។ ក្រុមហ៊ុននៃប្រទេសនានា មិនមានលទ្ធភាពដើម្បីនឹងមកប្រទេសរបស់យើងទេ។ អញ្ចឹងឥឡូវនេះ យើងបានឃើញថា ក្រុមហ៊ុនមួយនេះ ដែលយើងកំពុងគម្រប់ខួបលើកទី ១១ ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន ផ្តើមចេញពីទុន ៣២ លាន កម្មករជាង ១ ពាន់នាក់ រហូតទៅដល់ជាង ៦០០ លាន និងកម្មករជាង ៦ ពាន់នាក់។ ចំណុចនេះមិនមែនផ្តើមចេញមកពីអស្ថិរភាព ឬសង្គ្រាមរាំងជល់នោះទេ តែបានមកពីការលើកទឹកចិត្ត ពីការធានាអះអាង ទៅលើបញ្ហាសន្តិភាព។

រឿងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ រឿងបញ្ហាធនធានមនុស្ស រឿងបញ្ហាទាក់ទងនឹងតម្លៃអគ្គិសនី គឺវាជារឿងមួយដែលយើងត្រូវដោះស្រាយហើយ ក៏ប៉ុន្តែរឿងដែលធំជាងគេ ដំបូងបំផុត ត្រូវតែរក្សាសន្តិភាពឲ្យបាន ទើបរក្សានូវបណ្តាក្រុមហ៊ុនដែលកំពុងមានស្រេច និងទាក់ទាញក្រុមហ៊ុនថ្មីៗមកកាន់ប្រទេសកម្ពុជាយើង។ ខ្ញុំក៏សូមបញ្ជាក់ជូនថា នៅក្នុងពេលសន្ទនារវាងខ្ញុំ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅឯទីក្រុងតូក្យូ ក្នុងពេលដែលខ្ញុំចូលរួមបុណ្យសពរបស់ឯកឧត្តម Shinzo Abe នឹងបន្តមកនូវការពិភាក្សាជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រី Kishida របស់ប្រទេសជប៉ុន បានស្នើសុំឲ្យកម្ពុជាគាំទ្រនូវគម្រោងថ្មីមួយ ទាក់ទិននឹងការបង្កើតនូវក្រុមហ៊ុនតម្លើងរថយន្ត Toyota។ ឥឡូវនេះ បន្តិចទៀត នៅមិនឆ្ងាយពីរោងចក្ររបស់យើងនេះ គឺនឹងមានរោងចក្រតម្លើងរថយន្ត Toyota ដែលលោកឧកញ៉ា គិត ម៉េង បានយកមកឲ្យខ្ញុំអម្បាញ់មិញ។ ឥឡូវ តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានផ្ទេរមកឲ្យលោកឧកញ៉ា គិត ម៉េង គ្រប់គ្រងទៅហើយ។ យើងមិនមែនគ្រាន់តែពង្រីកក្រុមហ៊ុនដែលមានស្រាប់ទេ យើងទាក់ទាញបានក្រុមហ៊ុនដទៃទៀត។ យើងមានក្រុមហ៊ុនមួយចំនួនហើយ ដែលមកផលិតរថយន្តនៅកម្ពុជា នៅឯកោះកុង មាន Yazaki, Hyundai ហើយនៅភ្នំពេញនេះ និងនៅពោធិ៍សាត់មាន Ford។ បន្ដិចទៀត យើងមាន Toyota នៅកន្លែងនេះ។

ឱ្យតែយើងប្រឹងរក្សាបាននូវសន្ដិភាព យើងអាចរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទាំងរឹងទាំងទន់៖ រឹងសំដៅទៅលើបញ្ហាទាក់ទង ដូចជាផ្លូវថ្នល់ កំពង់ផែ អគ្គិសនី និងផ្នែកដទៃទៀត ដែលបម្រើទៅឱ្យការវិនិយោគ។ ឯទន់ គឺបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីផ្គត់ផ្គង់តម្រូវការនៃទីផ្សារពលកម្មនោះឯង។ ចំណុចទាំងនេះ ត្រូវខិតខំទាំងអស់គ្នា។ បើគ្មានសន្ដិភាពទេ គ្មានការអភិវឌ្ឍដាច់ខាតហើយ។ សន្ដិភាព វាបង្កើតឱ្យមានអ្វីៗនៅពីខាងក្រោយវា។ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិខាងនយោ​បាយ សិទ្ធិនេះសិទ្ធិនោះ រហូតដល់ដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត គេមិនអាចធ្វើក្រោមគ្រាប់កាំភ្លើងនោះទេ ហើយគេក៏មិនអាចធ្វើនៅក្រោមស្ថានភាពអស្ថិរភាពបានដែរ។ ដូច្នេះហើយ បានជាខ្ញុំនិយាយដដែលៗថា ត្រូវតែរក្សាសន្ដិភាពឱ្យបាន។ បទពិសោធន៍ កុំចាំបាច់បាត់អស់សន្ដិភាពហើយ ទើបស្រែករកសន្ដិភាព។

រឿងនេះ យើងធ្លាប់មានពិសោធន៍ជូរចត់ ឪពុកម្ដាយ ជីដូនជីតារបស់ក្មួយៗបានជួបប្រទះរឿងនេះពីអតីតកាល។ ខ្ញុំក៏សូមអរគុណចំពោះពួកគាត់ ដែលបានរួមដំណើរជាមួយនឹងខ្ញុំ រួមដំណើរជាមួយនឹងថ្នាក់ដឹក​នាំ​ដទៃទៀត បានធ្វើសកម្មភាពដើម្បីរើបម្រាស់ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រសិនបើ ប៉ុល ពត នៅ ក្មួយៗក៏អត់មានអាយុជីវិតដែរ។ អ្នកទាំងហ្នឹង ប្រហែលភាគច្រើនកើតក្រោយឆ្នាំ ១៩៧៩។ ឪពុកម្ដាយរបស់ក្មួយៗ ជីដូនជីតារបស់ក្មួយៗ លំបាកណាស់ ហើយបានរួមដំណើរជាមួយនឹងពូ ពីដំ​ណាក់​កាលមួយ មកកាន់ដំណាក់កាលមួយ។ ឥឡូវនេះ ក្មួយចូលធ្វើការ មានឯកសណ្ឋានត្រឹមត្រូវ។ ចេញត្រឡប់ទៅផ្ទះវិញ ក្រែមម្សៅ … យើងមានការងារធ្វើនៅទីនេះ យើងបានទទួលការបណ្ដុះបណ្ដាល ដោយសារកត្តាសន្ដិភាពនេះឯង។

(៥) កម្ពុជានិងជប៉ុន ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ, ចង់បានអ្នកវិនិយោគជប៉ុនកាន់តែច្រើនមកកម្ពុជា, ជប៉ុនបើកទីផ្សារនាំទំនិញចូលទៅកម្ពុជា, ទំនាក់ទំនងសេដ្ឋកិច្ចច្រើន ទំនាក់ទំនងនយោបាយក៏រឹងមាំ, អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន៖ ស្អប់មនុស្សដែលមិនដឹងថា ជប៉ុន ចាយលុយរបៀបម៉េច, ក្រុមហ៊ុនមានប្រាក់ចំណេញ កម្មករ/ការនីទទួលបានផលប្រយោជន៍ ប្រទេសមានកំណើនសេដ្ឋកិច្ចឬកំណើននៃពន្ធ, ប្រាក់ឧបត្ថម្ភកម្មករ ដែលរោងចក្រចេញ៣០ រាជរដ្ឋាភិបាលចេញ ៤០ បានផុតទៅហើយ ប៉ុន្តែនៅបន្តផ្គត់ផ្គង់ចំពោះកម្មករផ្នែកសណ្ឋាគារ

ខ្ញុំក៏គួរតែជម្រាបថា រវាងយើង និងជប៉ុន នៅឆ្នាំក្រោយនេះ គឺជាឆ្នាំពិសេស។ ឆ្នាំនេះ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីជប៉ុន ជួបគ្នា ៤ដង។ នាយករដ្ឋមន្រ្តីជប៉ុន មកកម្ពុជា ២ដង នាយករដ្ឋមន្រ្តីកម្ពុជាទៅប្រទេសជប៉ុន ២ដង។ ក្នុងពេល ២ដងនេះ យើងបានសម្រេចជាមួយគ្នានូវការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ដែលឆ្នាំក្រោយនេះ ជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា។ ខ្ញុំពិតជាសប្បាយរីករាយ ដោយសារបានធ្វើការជាមួយនឹងជប៉ុន ក្នុងរយៈពេលកន្លងទៅនេះ។ យើងមានកិច្ចការជាច្រើន ដែលយើងត្រូវធ្វើ។ ដោយសារមីនេបៀ ចង់ទៅដាក់រោងចក្រនៅឯពោធិ៍សាត់ ផ្លូវជាតិលេខ៥ ក៏មាន ២គន្លងទៅ ២គន្លងមក ដែលជប៉ុនបានជួយ ទៅដល់ហ្នឹងហើយ។ អញ្ចឹងការដឹកជញ្ជូនមានការងាយស្រួល សម្រាប់ផ្គត់ផ្គង់ទៅកន្លែងដទៃ។ ជាពិសេសដឹកវាថយក្រោយបន្ដិច ដើម្បីរុញទៅកំពង់ផែក្រុងព្រះសីហនុ ប្រសិនបើត្រូវការដឹកតាមផ្លូវទឹក។

ជំនួយជប៉ុនមកដល់ប្រទេសកម្ពុជា មានចំនួនមិនតូចទេ ច្រើននៅក្នុងទីនេះ ប៉ុន្តែអ្វីដែលយើងចង់បានស្ថិរភាពបំផុត គឺអ្នកវិនិយោគជប៉ុនកាន់តែច្រើនមកកាន់កម្ពុជា។ យើងដឹងថា ជប៉ុនមានតួនាទី មិនមែនគ្រាន់តែជួយដល់កម្ពុជាទេ ត្រូវជួយដល់ប្រទេសដទៃទៀតនៅលើពិភពលោក។ បញ្ហាសំខាន់ដែលយើងចង់បាន គឺអ្នកវិនិយោគជប៉ុន មកកាន់កម្ពុជា។ ជប៉ុនបើកទីផ្សារឱ្យធំ ដើម្បីនាំទំនិញចូលទៅកម្ពុជា។ ខ្ញុំសប្បាយរីករាយ ដែលឃើញកំណើនកើនឡើងនៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន គឺកើនឡើង តាមរយៈក្រុមហ៊ុនជប៉ុនមកវិនិយោគនៅកម្ពុជា។ ដល់បានផលិតផលហើយ នាំចូលទៅកាន់ប្រទេសជប៉ុន។ យើងអាចធ្វើរបៀបហ្នឹងតទៅទៀត ដើម្បីលើកកម្ពស់កម្រិតទំនាក់ទំនង។ ចាំចុះ នៅក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស កាលណាទំនាក់ទំនងសេដ្ឋកិច្ចច្រើន ទំនាក់ទំនងនយោបាយ វាក៏រឹងមាំទៅតាមនោះដែរ

ខ្ញុំគិតថា ខ្ញុំនិយាយច្រើនពេក។ ក៏ប៉ុន្តែ ដោយសារនេះជាខួបលើកទី ១១ ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់មួយ ដែលមាននៅក្នុងប្រទេសកម្ពុជា។ ខ្ញុំនិយាយប៉ុណ្ណេះ វាមិនទាន់ល្មមគ្រប់គ្រាន់នូវអ្វីដែលខ្ញុំចង់និយាយនោះទេ ប៉ុន្តែខ្ញុំយល់ថា យើងនៅមានការខាងច្រើនទៀត។ ហើយល្ងាចនេះ ដោយសារតែខ្ញុំជាប់កម្មវិធី ខ្ញុំមិនបានទៅចូលរួមពិធីជប់លៀង ខ្ញុំចាត់តាំងឯកឧត្តម សុខ ចិន្តា ទៅជំនួសខ្ញុំ ដើម្បីតំណាងក្នុងការចូលរួមលើកទឹកចិត្តជាមួយនឹងក្រុមហ៊ុន ដើម្បីបន្តកិច្ចការជាមួយយើង។ យើងនឹងធ្វើការជាមួយគ្នាបន្តទៅទៀត។ តាមមើលឱ្យបានដិតដល់ ថែទាំក្រុមហ៊ុនឱ្យបានល្អ។ ក្មួយៗកម្មករ កម្មការិនី យកចិត្តទុកដាក់ ដើម្បីធ្វើការ។ នោះហើយជាប្រភពចំណូលទៀងទាត់របស់ក្មួយៗ។ អត្ថប្រយោជន៍ដែលក្មួយៗទទួលបាន។

ពិតណាស់ថា ក្មួយៗមួយចំនួន ក៏មានការឆ្លងទន្លេ(សម្រាលកូន)ដែរ ក្នុងរយៈកាល តាំងពីពូមកឆ្នាំ ២០១៨ មកខួប មកថ្ងៃហ្នឹងយើងរាំប៉ុន្មានបទនឹងគេដែរ ថ្ងៃទី ១ ឧសភា មកចូលរួមនៅទីនេះ។ អញ្ចឹង ៤ ឆ្នាំកន្លងទៅហើយ ក្នុង ៤ ឆ្នាំនេះ មានមួយចំនួនឆ្លងទន្លេ ហើយឆ្លងទន្លេនេះ គោលនយោបាយដែលពូបានប្រកាសចេញកាលពីដំបូង កម្មករម្នាក់ដែលឆ្លងទន្លេបានកូនមួយ ទទួលបានថវិកា ៤០ ម៉ឺនរៀល ស្នើនឹង ១០០ ដុល្លារសហរដ្ឋអាមេរិក ត្រូវបានទទួលជាហូរហែ ក្នុងមួយថ្ងៃជាមធ្យមជាង ២០០ នាក់នៅទូទាំងប្រទេស ក្នុងហ្នឹងក៏មានកម្មករនៅ មីនេបៀ ផងដែរ។

ថ្ងៃនេះ ក្នុងជំនួបរបស់យើង មានកម្មករ កម្មការិនីចំនួន ៦.៦២៧ នាក់ ក្នុងម្នាក់ៗខ្ញុំពាំនាំមកសម្រាប់ក្មួយៗ ៥ ម៉ឺនរៀល ដើម្បីជាចំណងដៃចូលឆ្នាំ(សកល)។ ដោយឡែក ក្មួយៗដែលមានផ្ទៃពោះ មិនថាកូនប្រុសកូនស្រី ១៧៨ នាក់ ជូនម្នាក់ៗចំនួន ១ លានរៀល សម្រាប់ក្មួយៗឆ្លងទន្លេ។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាមិនច្រណែនអីជាមួយនឹងអ្នកមានផ្ទៃពោះត្រូវការឆ្លងទន្លេទេ តែនេះគឺជាការគាប់ជួនណាស់ ដែលយើងបាន ក្នុងចំណោម ៦.៦២៧នាក់ មាន ១៧៨នាក់ មានផ្ទៃពោះ។ តើគិតជាភាគរយចេញប៉ុន្មាន? ៣%។ នេះហើយដែលជាចំណុចពេលដែលដាក់ចេញកម្មវិធីគាំពារសង្គម ខ្ញុំបានចង្អុលបង្ហាញថាត្រូវចាប់យកស្ត្រីមានផ្ទៃពោះ … អញ្ចឹងច្រើនជាងប្រទេសជប៉ុនឆ្ងាយណាស់ ប្រទេសជប៉ុនមនុស្សចាស់ច្រើនប៉ុន្តែអ្នកកើតថ្មីតិច ឯយើងនៅទីនេះ(ជាង)៦ពាន់នាក់ មានប៉ុណ្ណឹង (៣%)។

គ្រាន់តែចំនួនកម្មករនៅកន្លែង មីនេបៀ កើន៣%។ អញ្ចឹងរឿងអីកម្ពុជាថយកូន។ អត់ទេឱ្យឡើងសិនទៅ។ ឥឡូវខ្ញុំខ្លាច ខ្លាចក្រែងលោស្ត្រីកម្ពុជាយកលំនាំតាមស្ដ្រីបរទេសមួយចំនួន មិនចង់បានកូន។ អម្បាញ់មិញសួរក្មួយៗ ២ នាក់នោះសុទ្ធតែកូនទី១ ទាំងអស់។ មួយ(កូន)ប្រុស មួយ(កូន)ស្រី អញ្ចឹងទេថាយកធ្វើដន្លងជាមួយគ្នាទៅ។ គ្រូពេទ្យប្រចាំការជូន ៣លានរៀល និងក្រុមតន្ត្រីសម័យថវិកាចំនួន ៥លានរៀលផងដែរ។ ហើយលឺថាថវិការបស់ខាង មីនេបៀ ជាអ្នកផ្ដល់ជូនអា ៥ម៉ឺនរៀល, ៣លានរៀលនិង៥លានរៀល។ ប៉ុន្តែនេះជាថវិការបស់រាជរដ្ឋាភិបាលសម្រាប់ក្មួយៗ ១៧៨នាក់ វាត្រូវ១៧៨លាន(រៀល) ថវិកានេះក៏ មីនេបៀ ចេញដែរ អរគុណណាស់ ខ្ញុំអ្នកប្រកាសប៉ុន្តែ មីនេបៀ អ្នកចេញលុយ ព្រោះនេះការសហការ។

អ្នកដែលគេនិយាយ គេចេះតែនិយាយថាយើងពុករលួយ។ ក្រុមហ៊ុនអីក៏ត្រូវតែយកលុយដែរ។ អ្នកណាក៏ដោយ អ្នកណាទាំងអស់ក៏ត្រូវតែយកលុយដែរ បង់ប៉ុន្មានអីប៉ុន្មាន។ ឥឡូវសួរលោក កៃនុម៉ា ទៅ​ តើក្នុងរយៈកន្លងទៅគាត់បានប្រគល់ប៉ុន្មានមកអោយរដ្ឋាភិបាល? សម្រាប់ទទួលជាសំណូកដើម្បីបានទទួល License សម្រាប់ធ្វើហ្នឹង សួរទៅ? អ្នកខ្លះគេថាយើងស៊ីលុយជំនួយបរទេស។ ក៏ប៉ុន្តែសូមទៅសួរអគ្គរដ្ឋទូតជប៉ុនទៅ ធ្វើជាតិផ្លូវលេខ៥ អស់លុយប៉ុន្មានអីប៉ុន្មានគឺខ្ញុំអត់ដឹងទេ។ ស្ពានទាំងប៉ុន្មានដែលជប៉ុនធ្វើ ថ្ងៃបើកការដ្ឋានខ្ញុំទៅ ថ្ងៃប្រកាសឱ្យប្រើខ្ញុំទៅតែប៉ុណ្ណឹងទេ ត្រង់ចាយលុយអស់ប៉ុន្មានខ្ញុំអត់ដឹង។ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនម្នាក់ តាំងពីទសវត្សរ៍៩០គាត់ថា គាត់ស្អប់ណាស់មនុស្សដែលមិនដឹងថា ជប៉ុន ចាយលុយរបៀបម៉េច

យើងពិតជាមានបញ្ហាដែលត្រូវកែលំអ។ មិនមែនបញ្ហាប៉ុណ្ណឹងគ្រប់គ្រាន់ទេ ត្រូវធ្វើកែទម្រង់ឱ្យបានលឿនជាងនេះល្អជាងនេះ ដំណើរការសម្រេចទៅលើការវិនិយោគ ភាពត្រឹមត្រូវទាំងឡាយត្រូវបានធ្វើឱ្យបានដិតដល់ ដើម្បីធានាទៅដល់ក្រុមហ៊ុនក៏មានប្រាក់ចំណេញ កម្មករ/ការនីទទួលបានផលប្រយោជន៍ពីដំណើរការរោងចក្រទាំងនោះ។ រាជរដ្ឋាភិបាលក៏បានទទួលនូវកំណើនសេដ្ឋកិច្ចឬកំណើននៃពន្ធ ប្រសិនបើរោងចក្រទាំងឡាយត្រូវបានបង់ពន្ធ នេះជាចំណុចដែលយើងត្រូវធ្វើ។ ខ្ញុំគិតថា នៅពេលខាងមុខប្រទេសយើងនឹងបន្តរីកលូតលាស់ ដោយសារប្រទេសយើងមានសន្តិភាព មានស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានធំសម្រាប់ការអភិវឌ្ឍន៍។ ការប្រកួតប្រជែង ច្បាស់ជាមានហើយ។ ពិតមែនតែឥឡូវផលប៉ះពាល់វាមានកើតចេញពីសង្គ្រាមរុស្សី-អ៊ុក្រែន ក៏ប៉ុន្តែវាក៏មិនអាចបន្ទុចបង្អាក់បានទាំងស្រុងនូវចង្វាក់នៃផលិតកម្មសកលនោះដែរ។ ទាំងវិស័យកសិកម្ម ឧស្សាហកម្ម ឬសេវា ពិតមែនតែវាមានផលប៉ះពាល់ ដែលចេញមកពីការកើនឡើងថ្លៃប្រេង ការកើនឡើងនូវថ្លៃជី ការកើនឡើងនូវថ្លៃភ្លើង ដែលអឺរ៉ុបកំពុងតែជួបការលំបាក។ យើងក៏ជួបការលំបាកជាមួយគេដែរ។ ប្រេងឡើងថ្លៃ។

ឥឡូវសុំសួរមួយម៉ាត់ តើអ្នកដែលមានម៉ូតូជិះមានប៉ុន្មានទៅឥឡូវនេះលើកដៃប្រហែលប៉ុន្មានភាគរយ?… អ្នកដែលមានឡានមានប៉ុន្មាន? អត់មានទេ។ ឥឡូវសុំសួរទូរស័ព្ទដៃវិញ តើអ្នកដែលប្រើទូរស័ព្ទមានប៉ុន្មានភាគរយទៅសូមលើកដៃមើល? ឥឡូវសម័យនេះសម័យឌីជីថល។ គេទំនាក់ទំនងគ្នា សូម្បីតែយើងធ្វើការក៏ត្រូវការទំនាក់ទំនង ហើយការរៀនសូត្ររបស់យើងក៏រៀនសូត្រទៅតាមប្រព័ន្ធអនឡាញ ឬក៏ប្រព័ន្ធដែលយើងមានប្រើប្រាស់នេះឯង ដែលយើងត្រូវជំរុញតទៅទៀត។ ខ្ញុំគិតថាអស់ហើយ។ ខ្ញុំអបអរសាទរ ខួបលើក១១ឆ្នាំនៃថ្ងៃប្រតិបត្តិការ មីនេបៀ ហើយសូមកោតសរសើរចំពោះលោក កៃនុម៉ា អគ្គនាយកក្រុមហ៊ុន ដែលបានខិតខំរួមដំណើរជាមួយនឹងកម្ពុជា ហើយរួមដំណើរមិនមែនគ្រាន់តែរួមដំណើរជាង៦ពាន់នាក់ ជិត៧ពាន់នាក់ ហើយជិត៧ពាន់នាក់បូកនឹងគ្រួសារគេថែមទៀតគឺឡើងច្រើនណាស់រាប់ម៉ឺននាក់ ដែលលោកបានជួយនៅក្នុងការងារនៅទីនេះ។

រាជរដ្ឋាភិបាលមានតែការសប្បាយចិត្ត ដែលឃើញថាកូនក្មួយរបស់ខ្លួន (ខ្ញុំនិយាយអញ្ចឹងតែម្ដងទៅ) …មានការងារធ្វើ ខ្ញុំពិតជាសប្បាយរីករាយ។ នៅពេលដែលឃើញកូនៗ មានការលំបាកបិទរោងចក្រ បាត់​បង់ការងារនោះ ទើបជាការលំបាក ដែលយើងត្រូវតែផ្ដល់នូវប្រាក់ឧបត្ថម្ភសម្រាប់ពួកគេ រោងចក្រចេញ៣០ រាជរដ្ឋាភិបាលចេញ ៤០។ ឥឡូវនេះស្ថានភាពនោះបានផុតទៅហើយសម្រាប់វិស័យរោងចក្រ។ ប៉ុន្តែយើងក៏នៅបន្តផ្គត់ផ្គង់ចំពោះកម្មករផ្នែកសណ្ឋាគារ ដើម្បីឱ្យពួកគាត់មានលទ្ធភាព បានប្រាក់កាក់ខ្លះ ទៅជួយធ្វើការកសិកម្មរបស់ឪពុក-ម្ដាយ។ នេះហើយជាកិច្ចការដែលរាជរដ្ឋាភិបាលត្រូវដោះស្រាយ។ អរគុណចំពោះអ្នកគ្រប់គ្រង អ្នកពាក់ព័ន្ធទាំងអស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ថាបន្រពាក់ព័ន្ធនានានិងតំបន់សេដ្ឋកិច្ចពិសេស ដែលលបានបង្កលក្ខណៈឱ្យបណ្ដារោងចក្រទាំងអស់ ដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងនោះមានរោងចក្រ មីនេបៀ ដែលយើងកំពុងធ្វើខួប១១ឆ្នាំនៃដំណើរការរបស់ខ្លួន។ ជាមួយនឹងការអបអរសាទរ ខួបលើកទី១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនេបៀ ខ្ញុំសូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសក្មួយកម្មករ/ការនីទាំងអស់ សូមប្រកបដោយពុទ្ធពរនិងពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ