សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធី​បិទ​​សន្និបាតជាតិប្រារព្ធខួប ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា​ ក្រោម​ប្រធាន​បទ​​ “​ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

CNV: 

[សុន្ទរកថា]

សម្តេច ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត

ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបិទសន្និបាតជាតិប្រារព្ធខួប ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តី- រាជការនៃអាជ្ញាធរមីន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធ​ ចំពោះ កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អ ដោយសម្រេច បានសមិទ្ធផលធំៗជាច្រើន នៃការងារសកម្មភាពមីនក្នុងរយៈពេល ៣០ ឆ្នាំ នៅកម្ពុជាសម្រាប់ការអភិវឌ្ឍជាតិ ។

កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ ១៩៩២ ដើម្បីបញ្ចៀស​ការគ្រោះ​ថ្នាក់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនដោយ​សង្គ្រាម និងប្រែក្លាយដីសម្រាប់សកម្មភាពសេដ្ឋកិច្ច​ ។ ជាប្រទេស រងផលប៉ះពាល់ដោយសង្គ្រាម និងជាប្រទេសស្រឡាញ់សន្តិភាពនៅឆ្នាំ ១៩៩៧ កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងឆ្នាំ ២០០០ ។

ក្នុងនាមជារដ្ឋភាគី នៅចុងឆ្នាំ ២០១១ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃរដ្ឋភាគីលើកទី ១១ ដែលត្រូវបានទទួល​ស្គាល់ថា ជាកិច្ចប្រជុំមួយដ៏ល្អ និងប្រកបដោយជោគជ័យ ក្នុងប្រវត្តិនៃកិច្ចប្រជុំរបស់ចលនាហាមការប្រើប្រាស់ មីនប្រឆាំងមនុស្សកន្លងមក ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកសកម្មភាព​មីនជាផ្នែកមួយដ៏សំខាន់ ព្រមទាំងបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់​មិនទាន់ផ្ទុះចូលជាគោលដៅទី ៩ នៃគោលដៅអភិវឌ្ឍន៍- សហសវត្សរ៍ និងដាក់ចូលជាគោលដៅទី ១៨ នៃគោលដៅ​​​​​​​ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដើម្បីរួមចំណែក ដល់ការសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥  “កម្ពុជា គឺជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះ ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋ-កិច្ចសង្គម និងធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព” ។  កិច្ចខិត​ខំ​ប្រឹង​ប្រែង​នេះ រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយ សារមីន និងសំណល់ជាតិផ្ទុះពីចំនួន ៤ ៣២០ នាក់ ក្នុងឆ្នាំ ១៩៩៦ មកនៅក្រោមចំនួន ១០០ នាក់ ជាមធ្យម ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ ។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ១]

ខ្ញុំគួរតែបញ្ជាក់ចំណុចនេះបន្តិច នៅក្នុងគោលដៅអភិវឌ្ឍន៍សហវត្សរ៍កាលពីពេលមុន គឺមានគោលដៅត្រឹមតែ៨តែប៉ុណ្ណោះ​ ប៉ុន្តែកម្ពុជាបានដាក់ចេញនូវគោលដៅទី៩ គឺបញ្ហាមីន។ ឯគោលដៅទាក់ទិននឹងការអភិវឌ្ឍន៍ដោយចីរភាព គឺអង្គការសហប្រជាជាតិបានដាក់ចេញត្រឹមតែ១៧គោលដៅតែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់យើង យើងបានដាក់ចេញនូវគោលដៅរហូតដល់១៨ គឺបន្ថែមមីនមួយទៀត ជាភ័ព្វសំណាងល្អ UNDP ដៃគូរបស់យើង ក៏ដូចជាអគ្គលេខាធិការអង្គការសហប្រជាជាតិបានទទួលស្គាល់នូវគោលដៅដែលយើងបានដាក់ចេញ។

ក្នុងជំនួបដាច់ដោយឡែករវាងខ្ញុំជាមួយឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាតិ កាលពីពេលប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានស្នើឱ្យគាត់ពិចារណាពិនិត្យមើលពាក់កណ្ដាលអាណត្តិនៃការអភិវឌ្ឍប្រកបដោយចីរភាព គប្បីគួរដាក់បញ្ចូលអំពីបញ្ហាទាក់ទងជាមួយនឹងរឿងមីននេះ ព្រោះខ្ញុំមានអារម្មណ៍ថា ប្រទេសជាច្រើនដែលជាប្រទេសអ្នកមានគេគ្មានមីនទេ។ ដូច្នេះគេលើកឡើងជាមួយនឹងបញ្ហាការអភិវឌ្ឍប្រកបដោយចីរភាពនេះ ឬការអភិវឌ្ឍពីមុននេះ ការអភិវឌ្ឍន៍សហវត្សរ៍រហូតមកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺមិនមានដាក់ចេញ អំពីបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះទេ ប៉ុន្តែលើការចាក់ស្ដែងសកម្មនៅទូទាំងទូទាំងពិភពលោកបច្ចុប្បន្ននេះ បញ្ហាមីនបានក្លាយទៅជាបញ្ហាមួយ។ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិបានទទួលយកនូវសំណើនេះ ដើម្បីពិចារណាជាមួយនឹងបណ្ដាប្រទេសនានាដែលជាសមាជិកអង្គការសហប្រជាជាតិ។

ត្រង់ចំណុចនេះខ្ញុំគួរតែនិយាយបន្តិចថា ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែល បន្ទាប់ពីជំនួបរវាងខ្ញុំនិងអង្គការសហប្រជាជាតិ បែរជាមានទាក់ទិនជាមួយនឹងរឿងថា អគ្គលេខាធិការអង្គការសហប្រជាជាតិស្នើឱ្យខ្ញុំធ្វើនេះ/នោះ ទាក់ទងនឹងកិច្ចការផ្ទៃក្នុងកម្ពុជា​ វាអត់មានទាល់តែសោះ។ ខ្ញុំជាមួយ Antonio Guterres និយាយឱ្យពិតជាមួយគ្នា យើងជាដៃគូល្អតាំងពីទសវត្សរ៍ ៨០ឯណោះ។ គាត់ជានាយករដ្ឋមន្ត្រី ព័រទុយហ្គាល់ ខ្ញុំជានាយករដ្ឋមន្ត្រី កម្ពុជា អញ្ចឹងទេយើងស្គាល់គ្នាមិនមែនមួយថ្ងៃឬពីរថ្ងៃទេ គាត់ជួបខ្ញុំពេលណាក៏ដោយ គាត់មិនដែលនិយាយរឿងកិច្ចការផ្ទៃកម្ពុជាទេ អត់ទេ។ ប៉ុន្តែខ្ញុំអត់នឹកថាស្រាប់តែមិនដឹងថាអ្នកណា មន្ត្រីអង្គការសហប្រជាជាតិរូបណាដែលទៅប្រកាសព័ត៌មាននឹងចេញ ឬក៏ពួកក្រុមមនុស្សណាចេះតែបំផុសព័ត៌មាន ខ្ញុំពិភាក្សាជាមួយគាត់តែរឿងបញ្ហា ទាក់ទិនជាមួយបញ្ហាមីន ទាក់ទងជាមួយកិច្ចសហប្រតិបត្តិការ លើបញ្ហាបញ្ជូនកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ លើបញ្ហាការកាត់ទោសខ្មែរក្រហម រឿងនេះគឺជារឿងខ្ញុំមិនដឹងថា តើរឿងអគ្គលេខាធិការអង្គការសហប្រជាជាតិ… ប៉ុន្តែខ្ញុំក៏មិនបានមើល។

ពួកគេនិយាយពីខាងក្រៅ គេថាលោកអគ្គលេខាធិការអង្គការសហប្រជាជាតិស្នើឱ្យខ្ញុំធ្វើនេះ/នោះ រហូតរាលដាលទៅដល់ប្រធានាធិបតីអាមេរិក Joe Biden ទៀត។ ខ្ញុំនឹងបញ្ជាក់រឿងនឹងនៅខាងក្រោយ។ អ្វីដែលខ្ញុំបានលើកជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីគប្បីដាក់ចេញនូវគោលដៅស្ដីអំពីបញ្ហាមីន ចូលទៅក្នុងផែនការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ដែលពីមុនហៅថា ការអភិវឌ្ឍន៍សហវត្សរ៍ ប៉ុន្តែពេលនេះហៅថាការអភិវឌ្ឍន៍ដោយចីរភាពគឺមានតែ១៧គោលដៅ យើងដាក់ចេញ១៨គោលដៅ ប៉ុន្តែដៃគូរបស់យើងសុទ្ធតែបានគាំទ្រ សម្រាប់រឿងដោយឡែករបស់យើង។ ប៉ុន្តែបញ្ហាមីនបច្ចុប្បន្ន មិនមែនជារឿងដោយឡែកទេ សូម្បីតែនៅអ៊ុយក្រែនដែលត្រូវបំផ្លាញចោលគ្រាប់មិនទាន់ផ្ទុះប៉ុន្មានសិបឆ្នាំ ចាំមើល ព្រោះមិនមែនជារឿងគ្រាប់តូចទេ គ្រាប់សុទ្ធតែធំៗដែលមិនទាន់ផ្ទុះ។

[ចប់សេចក្ដីអត្ថាធិប្បាយ ១]

ជាមួយនឹងបទពិសោធន៍លើសកម្មភាពមីនក្នុងរយៈពេល ៣ ទសវត្សរ៍ ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួន ដើម្បីចូល​រួមចំណែកសម្រាលទុក្ខជូនដល់ប្រទេសជាច្រើន ដែលកំពុងប្រឈម និងរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត ម៉ាលី អាហ្វ្រិកកណ្តាល ស៊ីព្រ លីបង់ ស៊ីរី និងយេម៉ែន ។ រយៈពេលជាង ១៦ ឆ្នាំ កន្លងទៅនេះ ទាហានមួកខៀវកម្ពុជាចំនួន ៨ ៣០២ នាក់ ក្នុងនោះ មាននារីចំនួន ៥៨០ នាក់ បានបំពេញ​បេសកកម្ម និងបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ ដើម្បី រួមចំណែក ដល់ស្ថិរភាព​ក្នុងពិភពលោក​ ។ ការណ៍នេះបានធ្វើឱ្យមជ្ឈដ្ឋានជាតិ-អន្តរជាតិស្ញប់ស្ញែងនូវបេសកកម្មរបស់កម្ពុជាប្រកប​ដោយ​កិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងពិភពលោក ក្រោមឆ័ត្រអង្គការសហ-ប្រជាជាតិ ។

បន្ថែម​លើ​នេះ ការរួមចំណែក​របស់​កម្ពុជា និងស្នាដៃ​របស់វីរយុទ្ធនារីកម្ពុជានៅឆ្នាំ ២០២២ នេះ ទទួលបានការអបអរសាទរពីអគ្គលេខាធិការរង​នៃអង្គការសហ​ប្រជាជាតិ ។​ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ជូនមន្រ្តីជំនាញបច្ចេកទេសអង្គភាពស៊ីម៉ាក់ចំនួន ៣ រូប ដើម្បីបំពេញបេសកកម្មហ្វឹកហ្វឺនជំនាញសកម្មភាពមីននៅប្រទេស​អ៊ុយក្រែន ក្រោមការគាំទ្រនៃគម្រោងជំនួយជប៉ុន ដើម្បីជួយអ៊ុយក្រែនក្នុងការបំផ្លាញគ្រាប់មីន ។

ជាមួយគ្នានេះ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ASEAN Regional Mine Action Centre- ARMAC) ដែលខ្ញុំបានផ្តួចផ្តើមគំនិតបង្កើតឡើង និងមានទីតាំង នៅរាជធានីភ្នំពេញ កំពុងជួយប្រទេសសមាជិកអាស៊ានដែលរងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះ ដើម្បីបង្កើនការយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះ ចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសកម្មភាពមីន ពង្រីកបណ្តាញសម្របសម្រួលផ្តល់ជំនួយដល់ជនរងគ្រោះសម្រាប់តំបន់អាស៊ាន និង ពង្រឹងកិច្ចសហប្រតិបត្តិការសកម្មភាពមីនក្នុងកម្រិតតំបន់ និង អន្តរជាតិ ។

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តគោលនយោបាយ និងវិធានការមួយចំនួន សំដៅជួយទ្រទ្រង់ដល់ជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ និងលើកកម្ពស់សិទ្ធិរបស់ជនរងគ្រោះ ព្រមទាំងបានផ្តល់សច្ចាប័នដល់អនុសញ្ញា ស្តីពីសិទ្ធិរបស់ជនពិការ ដែលបានចូលជាធរមានតាំងពីឆ្នាំ ២០១៣ មក ។ ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលបានឯកភាពឱ្យអាជ្ញាធរមីនរៀបចំ “សន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះ” នៅកម្ពុជា ដែលនឹងមានប្រទេសប្រមាណ ៣៦ ចូលរួម ។

យោងតាមរបាយការណ៍ឯកឧត្តម លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន កម្ពុជាមានពេលប្រមាណ ៣ ឆ្នាំ ទៀត ដើម្បីបន្តការបោសសម្អាតមីនសំដៅឈានដល់ការសម្រេចបានគោលដៅចុងក្រោយ គឺកម្ពុជាមិនមានមីនប្រឆាំងមនុស្សចាប់ពីឆ្នាំ ២០២៥ ជាមួយនឹងការគំរាមដោយសំណល់ជាតិផ្ទុះ​នឹងត្រូវបានកាត់បន្ថយដល់កម្រិតអប្បរមា ។ កម្ពុជាបានឈានទៅដល់ការប្រកាសខេត្ត-រាជធានីចំនួន ​ គ្មានមីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ ក្នុងនោះ ភូមិចំនួន   ១ ៧០៥ ត្រូវបានប្រកាសជាភូមិអស់មីនផងដែរ  ។ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម ” ខេត្ត​មួយចំនួនទៀតនឹងត្រូវប្រកាសជាខេត្តអស់មីន រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត ស្វាយរៀង កំពង់ស្ពឺ និងក្រចេះ ។

ដើម្បីរួមចំណែកដល់ការសម្រេចនូវគោលដៅឆ្នាំ ២០២៥ ខ្ញុំសូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈ​មួយចំនួនដូចខាងក្រោម៖

១. សូមបន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែក បច្ចេកទេស ថវិកា និងសម្ភារៈ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីឈានដល់ការសម្រេចបាននូវគោលបំណងនៃ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និង ការសម្រេចបានគោលដៅ “ កម្ពុជាគ្មានមីន ” នៅ​ត្រឹម​ឆ្នាំ​ ២០២៥ ។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ២]

ចំណុចទាំងនេះខ្ញុំចង់និយាយបន្តិច ខ្ញុំពិតជាមានការអរគុណ ចំពោះដៃគូអភិវឌ្ឍន៍របស់យើងដែលបានចូលរួមជាថវិកាក្តី ជាសម្ភារក្តី ដើម្បីការបោសសំអាតមីននៅកម្ពុជា។ ក្នុងរយៈពេលនៃជំនួបដែលបានកើតឡើងនៅទីក្រុងភ្នំពេញកាលពីសប្តាហ៍កន្លងទៅ ក្នុងពេលប្រជុំអាស៊ាននេះ ខ្ញុំមិនភ្លេចនឹងលើកឡើងជា​មួយដៃគូទាំងអស់អំពីការជួយដល់កម្ពុជាក្នុងការបំបាត់ចោលគ្រាប់មីន ​និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា។ ខ្ញុំមិនភ្លេចនឹងលើកឡើងអំពីបញ្ហានេះ ជាមួយគ្រប់តួអង្គដែលជួបជាមួយខ្ញុំ។ លើកនេះខ្ញុំបានទទួលទាំងអស់ បើប្រៀបជាមួយឆ្នាំ ២០១២ គឺពេលនោះគណៈប្រតិភូខ្លះក៏បានជួប គណៈប្រតិភូខ្លះក៏មិនបានជួប។ លើកនេះខ្ញុំមានវិធីមួយដើម្បីនឹងដោះស្រាយបញ្ហា។

ឧទាហរណ៍៖ ថាប្រជុំអាស៊ាន-អូស្ត្រាលី ខ្ញុំត្រូវជួបនា​យក​រដ្ឋមន្ត្រីអូស្រ្តាលីមុន ជួបហើយដឹកដៃគ្នាចូលទៅប្រជុំតែម្តង។ អាស៊ាន-កាណាដា ជួបជាមួយនាយករដ្ឋមន្ត្រីកាណាដាហើយដឹកដៃចូលទៅប្រជុំតែម្តង។ អញ្ចឹងបានជាខ្ញុំអាចមានលទ្ធភាពទទួលគ្រប់ដៃគូទាំងអស់ បូករួមទាំងដៃគូមកពីស្ថាប័នអន្តរជាតិ ដែលមកចូលរួមក្នុងកិច្ចសន្ទនាសកលលើកទី ២ នៅកម្ពុជាផងដែរ។ ពិតមែនហើយ យើងមានតម្រូវការស្តីអំពីការជួយពីមិត្តភក្តិ ក៏ប៉ុន្តែសម្រាប់យើង យើងត្រូវតែប្រឹងជាមួយនឹងការដាក់ចេញនូវគោលដៅស្តីអំពីបញ្ហាលំហូរថវិកាសម្រាប់ការទ្រទ្រង់សកម្មភាពការដោះមីននេះ។

ក្នុងនោះសូមអរព្រះគុណចំពោះព្រះករុណា ចំពោះហ្លួងម៉ែ អរគុណចំពោះសប្បុរសជននានាដែលបានចូលរួមក្នុងរយៈពេលកន្លងទៅ ដែលថវិកានោះមកដល់ពេលនេះបានប្រើប្រាស់អស់ជាង ១០លានដុល្លារ ទៅហើយ ហើយនៅសល់ជាង ៨លានដុល្លារ។ ប៉ុន្តែខ្ញុំគិតថាបញ្ហាទាក់ទិនជាមួយនឹងរឿង(មីន) ហើយខ្ញុំនៅតែបន្តអំពាវនាវឱ្យសប្បុរសជន ដែលជាអ្នកមានលទ្ធភាពរបស់កម្ពុជា ដើម្បីជួយកម្ពុជាខ្លួនឯងក្នុងឋានៈជាម្ចាស់ផ្ទះ។ សម្រាប់ថវិកាជាតិខ្ញុំគិតថា មានវិធីដោះស្រាយដើម្បីបង្កើនទំហំថវិកាសម្រាប់ការវិនិយោគទៅលើការដោះមីននេះ ដូចដែលយើងបាននឹងកំពុងធ្វើក្នុងការបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារអាមេរិក ក្នុង ១ខែ ចិញ្ចឹមប្រជាជនសម្រាប់កូវីដ-១៩ នេះ។ អញ្ចឹងខ្ញុំមានអារម្មណ៍ថា នៅពេលដែលកូវីដ-១៩ ធូរស្រាល អាចនឹងការកាត់បន្ថយទៅលើចំណាយសម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អញ្ចឹងថវិកានោះក៏អាចលំហូរសម្រាប់សកម្មភាពមីនដែលមិនត្រូវឱ្យខ្វះ

ខ្ញុំនឹងធ្វើការងារនេះជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បន្តទៀត ដើម្បីធានាថាថវិការបស់យើងត្រូវរុញទៅគ្រប់គម្រោង គ្រប់គោលដៅដែលយើងបានដាក់ចេញ។ យើងត្រូវធ្វើការនេះដើម្បីធានាថាឆ្នាំ ២០២៥ នឹងគ្មានគ្រាប់មីនទៀតទេ។ អញ្ចឹងយើងនឹងរៀបចំ​ ដូចជាកន្លងទៅ នៅពេលមានវិបត្តិខ្វះភ្លើងឆ្នាំ ២០១៨  យើងបានទាញ ៤០០ លានដុល្លារភ្លាម ទិញម៉ាស៊ីនភ្លើងពីអាល្លឺមង់ ២០០ មេហ្គាវ៉ាត់ ពីហ្វាំងឡង់ ២០០មេហ្គាវ៉ាត់ យកមកដាក់អែបទីក្រុងភ្នំពេញ ដើម្បីបង្កាករណីដែលខ្វះ យើងអាចផ្គត់ផ្គង់ចូលភ្លាម។ បន្ទាប់ទៅយើងធ្លាប់បានបញ្ចុះទុនចុះទៅខេត្តព្រះសីហនុ រាប់រយលានដុល្លារ ដើម្បីទៅវិនិយោគនៅទីនោះ។ យើងធ្លាប់បោះទុនទៅវិនិយោគសម្រាប់ផ្លូវថ្នល់នៅសៀមរាប។ បើអញ្ចឹង យើងក៏អាចបោះទុនក្នុង ១ ឆ្នាំៗសម្រាប់ការដ្ឋាននៃការដោះមីនរបស់យើងផងដែរ។

ខ្ញុំគិតថាបើគ្មានការប្តេជ្ញាចិត្ត គ្មានការតាំងចិត្ត គឺយើងមិនអាចដោះមីនចេញពីទឹកដីកម្ពុជាទេ។ អញ្ចឹងមានតែវិធី ម្ខាងគឺអំពាវនាវមិត្តភក្តិពីខាងក្រៅ ម្ខាងគឺអំពាវនាវពីសប្បុរសជននៅក្នុងប្រទេស ដែលមានចិត្តចង់ចូលរួមនៅក្នុងការជួយដោះមីននៅកម្ពុជា និងម្ខាងទៀតប្រើថវិកាជាតិរបស់យើងដើម្បីដោះស្រាយបញ្ហានេះ។ បើយើងបញ្ចប់បានបញ្ហាមីននៅកម្ពុជាវាជារឿងមួយ វាជាកុសលផលបុណ្យរបស់យើង ដែលប្រទេសមួយនេះរងគ្រោះច្រើនពេកហើយ។ សង្គ្រាមបានចប់ប៉ុន្តែមីនវាអត់ទាន់ចប់។ ខ្ញុំបានលើកបញ្ហាទាំងនេះជាមួយនឹងប្រធានាធិបតីអាមេរិក ស្រាប់តែចេញឯណាទៅដោះលែងអប្សរាក្បាលត្រងោលស្អីឯណាវិញទៅ។ ខ្ញុំអត់បានលឺ Joe Biden និយាយជាមួយខ្ញុំរឿងហ្នឹង (ខ្ញុំ)វាអត់លឺ។ ស្រាប់តែវាចេញទៅឯណានោះ។ ខ្ញុំដូចជាមិនយល់ដែរ។

តើអ្នកណាបញ្ចេញព័ត៌មានហ្នឹង? ហើយព័ត៌មានហ្នឹងអ្នកណាអ្នកសរសេរ? បើប្រធាធិបតីអាមេរិកអត់និយាយជាមួយខ្ញុំរឿងហ្នឹងផង។ និយាយអំពីបញ្ហាការបើកលំហប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតនៅពេលក្រោយ ប៉ុន្តែ(ការដែលថា)និយាយអំពីតួអង្គមនុស្សនេះ/នោះគឺអត់តែម្តង។ ខ្ញុំវាមិនលឺ។ ដល់អញ្ចឹងបានពេលប្រជុំកាសែត ខ្ញុំមិងមាំងដែរ គេថាប្រធានាធិបតីអាមេរិកលើកអញ្ចេះ/អញ្ចុះ។ ខ្ញុំវាអត់ដឹង បានខ្ញុំថាឱ្យទៅសួរអាមេរិកទៅ ព្រោះខ្ញុំវាអត់ដឹង។

អញ្ចឹងគ្រប់តួអង្គដែលមកជួបជាមួយខ្ញុំកន្លងទៅនេះក៏លើក(រឿងមីន) ហើយក៏សុំបញ្ជាក់ជូនដែរអភិបាលខេត្តនៅតាមព្រំដែន ក៏ដូចជាកងទ័ពក្រសួងការពារជាតិ អគ្គបញ្ជាការទ័ព ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ខ្ញុំជាមួយឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាអញ្ចេះ ដោះមីននៅកន្លែងណាដែលមានមីនដោយមិនគិតអំពីបញ្ហាព្រំដែនទេ រឿងនេះឯកឧត្តម វ៉ា គឹមហុង ត្រូវបន្តធ្វើការ បន្តិចទៀតគឺជាមួយនឹង សម្តេចពិជ័យសេនា ទៀ បាញ់ នឹងទៅប្រជុំគណៈកម្មាធិការព្រំដែន។ ពីមុននេះយើងបានស្នើអញ្ចឹងថា ធ្វើម៉េចដោះមីនចោលសិន អារឿងព្រំដែនទុកកំណត់ក្រោយ … ប៉ុន្តែខាងភាគីថៃអត់ទាន់ឆ្លើយ។ លើកនេះ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ថា (ព្រំដែនថៃកម្ពុជា)ជាង ៤០ គីឡូម៉ែត្រការ៉េ ដែលសង្ស័យថាមានមីន។ យើងអត់ចាំបាច់ថា ត្រូវតែកំណត់ព្រំដែនសិនបានដោះមីនទេ។ ដោះមីនឱ្យហើយទៅ។ រឿងព្រំដែនទុកក្រោយ។

ការបើកច្រកក៏ដូចគ្នាដែរ មិនចាំបាច់ថាទាល់តែកំណត់ព្រំដែនហើយបានបើកច្រកទេ​ បើកសិនទៅ។ ការបើកច្រកហ្នឹងមិនទាក់ទិននឹងការកំណត់ព្រំដែននៅកន្លែងណាទេ។​ ត្រូវធ្វើកិច្ចការងារហ្នឹង ដើម្បីឱ្យ(មានច្រកទាក់ទងនៅ)តាមតំបន់ព្រំដែនទាំងអស់។ ជាមួយវៀតណាមយើងបានធ្វើអស់ហើយ។ ជាមួយឡាវក៏យើងបានធ្វើអស់ហើយ។ នៅជាមួយថៃ។ តាមការបញ្ជាក់របស់ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា ថានៅសល់ប្រមាណជា ៤០ គីឡូម៉ែត្រការ៉េ។ ដូច្នេះយើងត្រូវធ្វើជាមួយភាគីថៃ ដោយកុំ(ទាន់)ខ្វល់(ពីការកំណត់ព្រំដែន) … រឿងព្រំដែនវាមិនទាន់ច្បាស់ ប៉ុន្តែយើងអត់កំណត់ថានេះដីថៃឬដីយើងទេ។ គ្រាន់ថាតំបន់ហ្នឹងគឺតំបន់មិនទាន់ដាច់ស្រេច។ ប៉ុន្តែវាមានមីន។ អញ្ចឹង យើងសហការគ្នាទៅ។ ថៃអាចដោះបន្តមកកន្លែងណា យើងកំណត់ទៅ។ គាត់អាចដោះលើដីគាត់ផង គាត់អាចដោះមកលើដីយើងផង។ ឯយើងដោះលើដីយើងផង ដោះលើដីគាត់ផង។ បើសិនជាវាទៅមុខ(ឆ្លងគ្នា)បន្តិចបន្តួច វាមិនមានបញ្ហាទេ។ សំខាន់បំផុតធានាឱ្យប្រជាជនយើងបានទទួលនូវសេចក្តីសុខ។

[ចប់សេចក្ដីអត្ថាធិប្បាយ ២]

២. ក្រសួង-ស្ថាប័នដែលមានគម្រោងអភិវឌ្ឍថ្នាក់ជាតិពាក់ព័ន្ធនឹងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះត្រូវសហការជាមួយអាជ្ញាធរមីន ដើម្បីកំណត់វិធីសាស្ត្របោសសម្អាតមីនសមស្រប និងមានប្រសិទ្ធភាព ដើម្បីធានាឱ្យបានថា ប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ អនុលោមទៅតាមបទប្បញ្ញត្តិ គុណភាព សុវត្ថិភាព និងស្តង់ដារនៃការបោសសម្អាត ។

៣. ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងសុខាភិបាល និង  ស្ថាប័នពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខា- ភិបាល និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈដល់ប្រតិបត្តិករបោស​សម្អាតមីន ។

៤.  អាជ្ញាធរមីនត្រូវកែសម្រួលឯកសារគតិយុត្ត និងធ្វើសុខដុមនីយកម្មរចនាសម្ព័ន្ធនៃការគ្រប់​គ្រង​សកម្មភាពមីន ដើម្បីដោះស្រាយបញ្ហាគំរាមដោយមីន និងសំណល់ជាតិផ្ទុះ និងត្រូវបន្តអនុវត្ត “យន្តការភូមិអស់មីន” ឱ្យបានជោគជ័យ ។

៥. ខ្ញុំសូមលើកទឹកចិត្តប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ បង្កើនកិច្ចសហការជាមួយអាជ្ញាធរ​មីន ក្នុងការពង្រឹងបន្ថែមលើការងារគ្រប់គ្រងវិស័យសកម្មភាពមីន និងការបញ្ជូនកម្លាំងដែលជាជនជាតិខ្មែរ ក្នុងវិស័យសកម្មភាពមីនទៅក្រៅប្រទេស ព្រមទាំងត្រូវធ្វើការសិក្សា​តាមលក្ខណៈ​បច្ចេក​ទេស​ជាក់​ស្តែងអំពីលទ្ធភាពកាត់បន្ថយផ្ទៃដី ដែលមានការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះ សំដៅធានាសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តការងារដ៏មានសារៈ- សំខាន់នេះ ។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ៣]

ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់ជូនបន្ដិច។ ឆ្នាំនេះ គឺជាខួបលើកទី ៣០ (នៃសកម្មភាពដោះមីននិងគ្រាប់មិនទាន់ផ្ទុះ) ដើម្បីនឹងយល់ច្បាស់អំពីថា តើសកម្មភាពមីនចាប់ផ្ដើមពីទីណា និងនៅពេលណា របៀបយ៉ាងម៉េច? ដើម្បីចៀងវាង(ការបកស្រាយខុស)។ ឥឡូវនេះ អ្នកប្រវត្តិសាស្រ្តគេស្រាវជ្រាវឃើញច្រើនណាស់ ច្រើនរហូតទៅដល់យើងហ្នឹង ដែលជាអ្នកបានចូលរួមផ្ទាល់ (ក៏ទៅជា)វង្វេងតែម្ដង។ ខ្ញុំសូមបញ្ជាក់ជូនថា ការចាប់ផ្ដើមទាក់ទិនជាមួយនឹងរឿងការបំផ្លាញចោលគ្រាប់មីននេះ គឺបានធ្វើឡើងដោយមានការសម្រេចរួមគ្នារវាង SNC និង អ៊ុនតាក់។​ ការប្រជុំស្តីពីកិច្ចការមីននោះ ត្រូវធ្វើនៅប្រាសាទខេមរិន្ទ ក្រោមព្រះរាជធិបតីភាពរបស់ព្រះករុណាព្រះបិតា ព្រះបរមរតនកោដ្ឋ ជាមួយប្រធាន អ៊ុនតាក់ យ៉ាស៊ូស៊ី អាកាស៊ី។ នេះជាចំណុចចាប់ផ្ដើម។ ការប្រជុំរវាង SNC និង អ៊ុនតាក់ ធ្វើនៅព្រះបរមរាជវាំងឯណោះវិញទេ គឺមិនទាន់មកប្រជុំនៅដំណាក់ច័ន្ទនៅឡើយ។

នេះគឺជាចំណុចមានការទាក់ទិននឹងការសម្រេចចិត្ត។ នោះជាព្រះរាជតម្រិះការគាំទ្ររបស់អតីតព្រះមហាក្សត្រ សម្ដេចឪរបស់យើង ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ទៅលើកិច្ចការងារនេះ រួមជាមួយនឹងការគាំទ្ររបស់សមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទាំងអស់ផងដែរ។ នោះហើយ គឺជាការចាប់ផ្ដើមនៃការបង្កើតឡើង CMAC ដែលនោះ មកដល់ពេលនេះ គឺគម្រប់ខួប ៣០ ឆ្នាំ នៃសកម្មភាព … ប៉ុន្តែយើងត្រូវឃើញថា ៣០ ឆ្នាំ មិនមែនជារឿងលេងសើចទេ។ វាជារយៈពេលមួយយូរ ប៉ុន្តែយើងដោះ(មីន)នៅតែមិនទាន់អស់។

សង្រ្គាមបានកើតនៅក្នុងប្រទេសកម្ពុជាពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ បន្ទាប់ទៅ របបប្រល័យពូជសាសន៍ ប៉ុល ពត។ អាចនិយាយបានថា ការកើតមានសង្រ្គាម តែរយៈពេល ១៨ ឆ្នាំទេ បើយើងគិតពីថាសង្រ្គាមបានកើតពីត្រឹមឆ្នាំ ១៩៧០ និងមករំលត់នៅក្នុងចុងឆ្នាំ ១៩៩៨។ ប៉ុន្តែ យើងបានចំណាយពេល ៣០ ឆ្នាំហើយដើម្បីដោះគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ហើយនៅមិនទាន់ដោះអស់នៅឡើយផង។ អញ្ចឹងចំណុចនេះ យកល្អកុំឱ្យមានសង្រ្គាមតែម្ដង។ ហ្នឹងល្អជាងគេ។ តែមានសង្រ្គាម ភាគីម្ខាងៗ រកវិធីកម្ចាត់គ្នា រកវិធីសម្លាប់គ្នា។ ទោះបីមានអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីន, មីនប្រឆាំងមនុស្ស ក៏វានៅតែប្រើ ជួនកាលទៅច្នៃគ្រាប់នេះ/នោះ ធ្វើម៉េចសម្លាប់គ្នាឱ្យបានច្រើន។ ចំណុចនេះហើយ ដែលយើងគួរតែត្រូវយកចិត្តទុកដាក់។

ខ្ញុំវិលមកបញ្ជាក់សាជាថ្មីម្ដងទៀត សូមឱ្យអ្នកដែលធ្វើអត្ថាធិប្បាយនានាពាក់ព័ន្ធជាមួយនឹងអត្ថាធិប្បាយខ្លះរបស់ប្រធានាធិបតីអាមេរិក មានការគោរពចំពោះក្រមសីលធម៌ទាំងឡាយនៃមេដឹកនាំដែលមានការជជែកគ្នា។ ខ្ញុំមាននៅក្នុងហោប៉ៅរបស់ខ្ញុំនេះ កំណត់ហេតុទាំងស្រុងនៃការសន្ទនាជាមួយគ្នា។ តែខ្ញុំអត់នឹកដល់ថា វាមានរឿងកើតឡើងដូចនេះទេ។ ដល់ស្ដាប់ៗ ទៅ វាទៅជារឿងមួយផ្សេងទៅទៀត។ ខ្ញុំមិនយល់ … មេដឹកនាំធ្វើការ (តែងតែ)មានកំណត់ហេតុ ហើយក្នុងកំណត់ហេតុនេះទៀតសោត ពេលដែល Joe Biden និយាយជាភាសាអង់គ្លេស​ គឺយើងកត់ជាភាសាអង់គ្លេស។ ខ្ញុំនិយាយជាភាសាខ្មែរ យើងកត់ជាភាសាខ្មែរ នៅក្នុងហ្នឹងជាប់ជាមួយគ្នា។ ខ្ញុំមិនបានលឺថា Joe Biden ស្នើអញ្ចេះស្នើអញ្ចុះ។ ខ្ញុំអត់ឮ។ ដល់តែមិនឮ ខ្ញុំក៏មិនដឹង(និយាយ)ផ្អែកលើអី។ អ្នកការសែតបានសួរអញ្ចេះៗ ខ្ញុំថាទេ អាហ្នឹងទៅសួរអាមេរិកាំងខ្លួនឯងទៅ។ ខ្ញុំអត់​ដឹងមែន។

(ក្នុងការសន្ទនាគ្នាជាមួយមេដឹកនាំសហរដ្ឋអាមេរិក) ខ្ញុំបានអរគុណសហរដ្ឋអាមេរិក។ យើងត្រូវទទួលស្គាល់ការពិតមួយ។ (សហរដ្ឋ)អាមេរិក គឺជាប្រទេសឈានមុនគេក្នុងការនាំវត្ថុបុរាណវិលត្រឡប់មកមាតុប្រទេសវិញ។ យើងត្រូវទទួលស្គាល់រឿងហ្នឹង។ (សហរដ្ឋ)អាមេរិកសកម្មណាស់។ ទោះបីពលរដ្ឋអាមេរិកក៏ដោយ ពលរដ្ឋអាមេរិកកាន់កាប់ទ្រព្យសម្បត្តិនោះ ប៉ុន្តែរដ្ឋាភិបាលអាមេរិក ទាំងស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ទាំងក្រសួងការបរទេសអាមេរិកនៅវ៉ាស៊ីនតោន សុទ្ធតែបានខិតខំធ្វើកិច្ចការងារនេះ ដើម្បី​នាំវត្ថុបុរាណត្រឡប់មកវិញ។ ប្រធានាធិបតី Joe Biden ថា “ប្រហែលជានៅទៀត”។ គាត់នឹងប្រឹងធ្វើកិច្ចការងារនេះ។ គាត់បានលើកចំណុចមួយចំនួន … ខ្ញុំក៏អរគុណគាត់ ប៉ុន្តែ នេះមិនមែនជាទំលាប់ទំលាយនូវអ្វីដែលត្រូវនិ​យាយអំពីកំណត់ហេតុនៃការសន្ទនារវាងមេដឹកនាំនោះទេ។ ក៏ប៉ុន្តែ រឿងខ្លះវាអត់មានទាល់តែសោះ ហើយឱ្យខ្ញុំទទួលស្គាល់ថា គេមកប្រដៅដល់ផ្ទះអីអញ្ចេះអញ្ចុះ។ វាដូចជាមិនយល់។ គាត់មកក្នុងឋានៈជាភ្ញៀវនៃកិច្ចប្រជុំអាស៊ាននិងដៃគូ។ ខ្ញុំបានទទួលគាត់ រួចហើយយើងដើរជាមួយគ្នាទៅកាន់កន្លែងប្រជុំ ហើយដល់ពេលយប់បាយល្ងាច ក៏ទទួលទានជាមួយគ្នា។ ពេលនោះក៏អត់មាននិយាយអីដែរ។

មានរឿងមួយ វាមិនមែនជាការសំងាត់អីទេរឿងហ្នឹងនោះ។ និយាយដើមគាត់បន្ដិចទៅចុះ។ ប៉ុន្តែមិនមែននិយាយដើមអាក្រក់ទេ។ Joe Biden បានសង្កេតសិល្បៈរបស់យើងខ្លាំងណាស់ រួចហើយគាត់សួរមកខ្ញុំថា “តើសំលៀកបំពាក់ហ្នឹង មានតាំងពីសម័យណាមកឬ?”។ ខ្ញុំក៏បាននិយាយប្រាប់គាត់ថា “សំលៀកបំ​ពាក់នេះ យើងខ្ញុំ(បានចម្លង)យកពីសិលាចារិកដែលមាននៅតាមប្រាង្គប្រាសាទនានាមក។ អញ្ចឹង សំលៀកបំពាក់នេះ វាមានយូរហើយ ចូលដល់ពាន់ឆ្នាំទៅហើយ”។ ប៉ុន្តែ ខ្ញុំបាននិយាយលេងរឿងមួយ។ ខ្ញុំថា “រូបអប្សរានេះ មាននៅអង្គរវត្ត ដែលមានទាំងអប្សរាសំពត់វែងនិងអប្សរាសំពត់ខ្លី”។ ខ្ញុំក៏បាននិយាយប្រាប់ទៀតថា “មានពេលមួយ ម្ដាយប្រាប់កូនថា កុំស្លៀកខើចលើខើចក្រោម កុំស្លៀកខ្លី។ ស្រាប់តែកូនស្រីនោះឆ្លើយថា ម៉ែឯងមិនទាន់សម័យទេ។ ១០០០ ឆ្នាំមុន គេស្លៀកខ្លីរួចស្រេចទៅហើយ”។ ចំណុចនេះ ធ្វើឱ្យគាត់មានអារម្មណ៍ទាក់ទាញជាមួយនឹងអ្វីដែលវាបានកើត ព្រោះមានអប្សរាសំពត់វែងនិងអប្សរាសំពត់ខ្លី ហើយយើងចេះតែបន្ទោសស្រីៗថា ស្លៀកខើចលើខើចក្រោម។ ឯ ១០០០ ឆ្នាំមុននោះ មានអប្សរាសំពត់ខ្លីរួចស្រេចទៅហើយ។ ខ្ញុំនិយាយរឿងហ្នឹង។

ដូច្នេះ … ខ្ញុំគ្រាន់តែបំភ្លឺបន្ថែមដើម្បីបញ្ជាក់ទៅអ្នកដែលបញ្ចេញ​ព័ត៌មាននោះ ឬអ្នកដែលទទួលបានព័ត៌​មានថា ខ្ញុំជាអ្នក(ជួប)ចរចា​ តែខ្ញុំមិនបានលឺ(ភាគីខាងដៃគូនោះ លើករឿងដែលពួកអ្នកយកទៅផ្សព្វផ្សាយនោះ)ផង។ មកដល់ម៉ោងនេះ ខ្ញុំនៅតែមិនដឹង(ថាចេញមកពីណា?)។ ព្រឹកមិញខ្ញុំទូរស័ព្ទកាត់រក ប្រាក់ សុខុន, សុខ ចិន្តាសោភា, ស្រ៊ី ថាមរង្គ និង អៀត សោភា ហើយបានទទួលទាំងសំណុំឯកសារទាំងស្រុង កំណត់ហេតុទាំងស្រុងនៃការសន្ទនាគ្នា។ វាមិនមែនជាទម្លាប់ល្អទេដែលបើកកកាយពីការចរចារវាងមេដឹកនាំ និងយកមកនិយាយនោះ។ បន្ថែមលើនោះ មានគេនិយាយទៀតថា អគ្គលេខាធិការអង្គការសហប្រជាជាតិផ្តល់ដំបូន្មានអញ្ចេះផ្តល់ដំបូន្មានអញ្ចុះ។ ស្រេច(តែម្តង)។ ខ្ញុំទៅទីស្នាក់ការអង្គការសហប្រជាជាតិ កាលពីខែ កញ្ញា និងជួបនឹងគាត់ ក៏អត់មាននិយាយគ្នាអីពីរឿងផ្ទៃក្នុងរបស់កម្ពុជា។ មកដល់ភ្នំពេញនេះ ក៏មិនមាននិយាយអ្វីពីកម្ពុជា។

(វាជាកិច្ចប្រជុំក្នុងក្របខណ្ឌ)កិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ។ ប៉ុន្តែ កម្ពុជានិងអង្គការ​សហប្រជាជាតិ បានផ្តោតលើចំណុចទាក់ទិន ទី១ គឺសហប្រតិបត្តិការលើបញ្ហាការដោះមីន ដែលកម្ពុជាត្រូវចូលរួមជាមួយនឹងអង្គការសហប្រជាជាតិក្នុងការបញ្ជូនកម្លាំងទៅបរទេស។ ទី២ ពាក់ព័ន្ធជាមួយនឹងតុលាការកូនកាត់ ដែលនៅសេសសល់ដែលផ្ទេរមកឲ្យតុលាការកម្ពុជាបន្ត ឯទី ៣ ក៏មានភ្នាក់ងារអង្គការសហប្រជាជាតិ។ ខ្ញុំថា រាល់ឆ្នាំតែងមានការជួបប្រជុំរវាងភ្នាក់ងារអង្គការសហប្រជាជាតិនៅទីក្រុងភ្នំពេញជាមួយនឹងនាយករដ្ឋមន្ត្រី។ ប៉ុន្តែ ដោយសារ កូវីដ-១៩នេះ ការប្រជុំនោះមិនអាចធ្វើបាន។ ឥឡូវ កូវីដ-១៩ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន យើងអាចប្រជុំរវាងភ្នាក់ងារអង្គការសហប្រជាជាតិនៅទីក្រុងភ្នំពេញជាមួយនឹងនាយករដ្ឋមន្ត្រីប្រចាំឆ្នាំឡើងវិញ។ ពីមុនមក ភ្នាក់ងាររបស់អង្គការសហប្រជាជាតិនៅទីក្រុងភ្នំពេញ ជួបនាយករដ្ឋមន្ត្រីមួយឆ្នាំម្តង ដើម្បីយើងអាចពិភាក្សាគ្នា កិច្ចការណាដែលត្រូវធ្វើយ៉ាងម៉េច អីយ៉ាងម៉េច កែសម្រួលជាមួយគ្នា។ មានតែប៉ុណ្ណឹង។

… ខ្ញុំមិនដឹងថាគេបានសំដីហ្នឹងមកពីត្រង់ណា។ ខ្ញុំគិតថា វា(ប្រហែលជា)មិនហួសហេតុពេកទេ បើសិនយើងសុំផ្ទៀងផ្ទាត់អំពីកំណត់ហេតុទាំងសងខាងនោះ។ ខ្ញុំក៏បានលើករឿង(ទាក់ទងនឹងពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក)។ សម្តេចក្រឡាហោម បានដឹងហើយ រឿងពលរដ្ឋខ្មែរដែលជាប់គុកនៅអាមេរិក ហើយត្រូវបញ្ជូនមកស្រុកខ្មែរ។ ខ្ញុំបានស្នើសុំថា … អនុវត្តនូវអនុស្សារណៈឆ្នាំ ២០០២ តែម្តងទៅ រួចហើយការធ្វើសំភាសន៍ អាចធ្វើតាមអនឡាញក៏បាន សំភាសន៍ផ្ទាល់ក៏បានដែរ។ អ្វីដែលខ្ញុំសុំ គឺកុំឲ្យតែជាជនជាតិបរទេស … កន្លងទៅបញ្ជូនមកស្រុកខ្មែរ ស្រាប់តែទៅឡាវ ២ នាក់បាត់។ រឿងពាក់ព័ន្ធជាមួយនឹងពលរដ្ឋខ្មែរដែលប្រព្រឹត្តទោស មានទោសនៅអាមេរិក អាមេរិកត្រូវបណ្តេញចេញ បណ្តេញទៅណា? បណ្តេញមកស្រុកខ្មែរ។ យើងមានកិច្ចព្រមព្រៀងជាមួយអាមេរិក ២០ ឆ្នាំហើយ។ ឆ្នាំនេះជាខួបលើកទី ២០ នៃកិច្ចព្រមព្រៀង គេហៅថា MOU ជាមួយគ្នានោះ ក្នុងការយកពលរដ្ឋខ្មែរត្រឡប់មកប្រទេសវិញ។

អ្នកខ្លះក៏ធ្វើអត្តឃាត អ្នកខ្លះក៏ស្លាប់ … ជួនកាលខ្លះទៅកើតនៅអាមេរិក។ ដល់ជាប់គុកនៅអាមេរិក គេបញ្ជូនមកស្រុកខ្មែរ។ ឪពុកម្តាយនៅអាមេរិក ប្រពន្ធកូននៅអាមេរិក។ អញ្ចឹង មានមួយពេលនោះ យើងបានស្នើថាគួរតែពិនិត្យអំពីការធ្វើវិសោធនកម្មដើម្បីដោះស្រាយបញ្ហាមនុស្សធម៌។ ប៉ុន្តែ សហរដ្ឋអាមេរិកបានចាត់ទុកយើងថា ជាប្រទេសមិនសហការ ហើយក៏បានដាក់ទណ្ឌកម្មលើទិដ្ឋាការនៃមន្ត្រីក្រសួងការបរទេសរបស់យើង។ ពេលដែលខ្ញុំលើកបញ្ហាហ្នឹងទៅ ឯកឧត្តមប្រធានាធិបតីអាមេរិក គាត់ថា “រឿងនេះខ្ញុំដូចជាក្តាប់អត់បានទេ។ តើអ្នកណាក្តាប់បាន?”។ មានមន្ត្រីរបស់គាត់ម្នាក់ បានលើករឿងហ្នឹង(ដោយ)សរសេរមកឲ្យគាត់។ គាត់មើលហើយ គាត់ថាយល់ហើយ … ហើយនឹងបន្តដោះស្រាយបញ្ហាហ្នឹង។ ហ្នឹងមាននិយាយ ប៉ុន្តែដល់រឿង អប្សរាក្បាលត្រងោល ត្រូវតែដោះលែង អ្នកនេះត្រូវតែដោះលែងដោះអី ខ្ញុំអត់ដឹង ព្រោះខ្ញុំអត់មិនលឺសូរសំដី Joe Biden និយាយពីរឿងហ្នឹង។ ទាក់ទងនឹងរឿងហ្នឹង … វាបានទៅហួសហេតុពេក។ វាចាកប្រធានហួសហេតុពេក …។

ក្នុងហ្នឹងអាចមានអគ្គរដ្ឋទូតមួយចំនួន បានចូលរួមអមនាយករដ្ឋមន្ត្រីរបស់ខ្លួនក្នុងការជួបជាមួយនឹងខ្ញុំ។ តើនាយករដ្ឋមន្ត្រីទាំងនោះគេបាននិយាយជាមួយខ្ញុំយ៉ាងម៉េចអីយ៉ាងម៉េច? យើងអត់មានអីត្រូវមានការលំ​បាកអីសោះ វាទៅជាមានរឿងអញ្ចឹង។ អំពីការប្រជុំអាស៊ាននៅទីក្រុងភ្នំពេញ … ជាមោទនភាពរបស់ប្រជាជនកម្ពុជា។ ឥឡូវយើងកំពុងតែប្រជុំ AIPA នៅភ្នំពេញ។ ស្អែកហ្នឹង ខ្ញុំត្រូវបើកការប្រជុំរដ្ឋមន្ត្រីការពារជាតិបូក នៅឯសៀមរាប។ ដូចដែលខ្ញុំនិយាយពីម្សិល ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរទេ ជំនួបមួយនឹងកើតឡើង រវាង​រដ្ឋមន្ត្រីការពារជាតិចិននិងរដ្ឋមន្ត្រីការពារជាតិអាមេរិក។ អញ្ចឹងទឹកដីអង្គរ ក្លាយទៅជាទីកន្លែងនៃការសន្ទនាប្រាកបដោយការស្ថាបនា និងជាទីកន្លែងមួយល្អសម្រាប់ជំនួប។

រដ្ឋមន្ត្រីការពារជាតិច្រើនណាស់នឹងមកប្រជុំនៅទីនោះ មានតាំងពីអូស្ត្រាលី, ជប៉ុន, កូរ៉េខាងត្បូង និងអ្នកដទៃទៀត អញ្ជើញមកចូលរួម។ យើងជាម្ចាស់ផ្ទះ។ បន្តិចទៀត ខ្ញុំឡើងឧទ្ធម្ភាគចក្រទៅតែម្តង។ ហេតុនេះហើយបានជាខ្ញុំយកឧទ្ធម្ភាគចក្រមកត្រង់នេះ ដើម្បីហោះទៅ។ ប៉ុន្តែមិនដឹងយ៉ាងម៉េច។ ឥឡូវខែហ្នឹងវាត្រូវខែរងារ វាមិនរងារ វាទៅខែភ្លៀង។ ហ្នឹងហើយ climate change ប្រែប្រួលអាកាសធាតុ។ ខែនេះតាមធម្មតា គឺខែរងារខ្លាំងណាស់ តែមិននឹកស្មានថា ព្រឹកមិញភ្លៀងទៀត ឥឡូវមិនដឹងថា ហោះហ្នឹងវាយ៉ាងម៉េច ប៉ុន្តែហោះទៅលើផុតហើយក្រោមនោះ ប៉ុន្តែជួនកាលក្រសួងធនធានទឹក គេមិនអនុញ្ញាតឲ្យហោះទេ សម្រាប់ការធ្វើដំណើរឆ្លងកាត់ទន្លេសាបទៅនោះ។

ខ្ញុំនិយាយត្រឹមប៉ុណ្ណឹងចុះ ហើយសុំអភ័យទោសចំពោះមិត្តភក្តិអាមេរិក ដែលខ្ញុំជំពាក់ត្រូវតែបញ្ជាក់។ បើមិនបញ្ជាក់ទេ គេនៅតែប្រើប្រាស់នូវអ្វីដែលវាអត់ច្បាស់។ វាអត់មាននៅក្នុងកំណត់ហេតុនៃការចរចា។ មិនដឹងថាអ្នកណាគេប្រកាសព័ត៌មានហ្នឹងចេញ។ ក្រសួងការបរទេសយើងតែងតែប្រកាសនូវអ្វីដែលបាននិ​យាយ​គ្នា ធ្វើជាព័ត៌មានចេញ ក៏ប៉ុន្តែដែលខ្ញុំៗ មិនបានលឺថា(គូភាគីសន្ទនានិយាយ)ទេ ស្រាប់តែចេញមកទៅជាអញ្ចេះទៅជាអញ្ចុះ។ ខ្ញុំមិនចង់ធ្វើឲ្យបញ្ហាហ្នឹងស្រអាប់ដល់ជោគជ័យដែលកម្ពុជាទទួលបាននៅក្នុងរយៈពេលនៃការដឹកនាំការប្រជុំអាស៊ាន ដែលឯកសារជាង ១០០ អាចចេញបានទាំងអស់។ មិនមែនជារឿងលែងសើចទេ នៅក្នុងការដោះស្រាយបញ្ហាអន្តរជាតិ។

[ចប់សេចក្ដីអត្ថធិប្បាយ ៣]

មុននឹងបញ្ចប់ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសហគមន៍ផ្តល់ជំនួយ ដៃគូអភិវឌ្ឍ និងសប្បុរជន ចំពោះការបន្តគាំទ្រសម្រាប់ការងារបោសសម្អាតមីនមនុស្សធម៌យ៉ាងសកម្មនៅកម្ពុជា។ ខ្ញុំសូមកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមីន កាកបាទក្រហម  កងកម្លាំងប្រដាប់អាវុធ    គណៈកម្មាធិការសកម្មភាពមីនរាជធានី ខេត្ត និងក្រុមការងាររៀបចំផែនការសកម្មភាពមីនសំរាប់កិច្ចសហការនិងកិច្ចខិតខំប្រឹងប្រែងក្នុង​ការ​សម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ​សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមប្រកបដោយពុទ្ធពរ និងពរទាំង  ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។     ខ្ញុំសូមប្រកាសបិទ​​សន្និបាតជាតិប្រារព្ធខួប ៣០ ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ចាប់ពីពេលនេះតទៅ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ