សម្រង់​សង្កថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធមហាវិថី សម្តេចតេជោ ហ៊ុន សែន ទីក្រុងរណបជើងឯក

មហាវិថី សម្ដេចតេជោ ហ៊ុន សែន ភ្ជាប់ទីក្រុងភ្នំពេញ និងខេត្តកណ្ដាល

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួម ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវ​មហាវិថីដ៏ធំ ដែលតភ្ជាប់រវាងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល។ នេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ព្រះ រាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែក សម្រាប់ប្រជាជននៅរាជធានីភ្នំពេញ និងខេត្ត​កណ្ដាលតែម្ដង។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយបានពិនិត្យឃើញថា តាមរយៈនៃការខិតខំ របស់អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្ដាល ព្រមទាំងក្រុមហ៊ុន ING Holdings បានខិតខំកសាងនូវ សមិទ្ធផលនេះ ដែលអាចចាត់ទុកថា ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដ៏ធំ នៅក្នុងព្រះរាជាណា ចក្រកម្ពុជារបស់យើង។

បើយើងពិនិត្យអំពីទំហំ​​ នៃការចំណាយសម្រាប់ការសាងសង់នូវផ្លូវមួយខ្សែនេះ ដើម្បីបញ្ចៀសចរាចរណ៍​សម្រាប់ទំនាក់ទំនងរវាងទីក្រុងភ្នំពេញ និងភាគខាងត្បូងទីក្រុងភ្នំពេញ ហើយក៏ដើម្បីអភិវឌ្ឍនូវតំបន់ជើង​ឯកនេះផង។ ថវិកាដែលត្រូវចំណាយ(មាន)រហូតដល់ ៧៦ លានដុល្លារសហរដ្ឋអាមេរិក និងនៅលើទំហំផ្ទៃ​ដី ៥៤ ហិកតា ហើយផ្ទៃដីនេះ មិនទាន់គិតជាតម្លៃនៅឡើយទេ។ បើយើងគិតក្នុងរង្វង់ត្រឹមតែ ៥០០ ដុល្លារ​សហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ គឺចំនួន ៥៤ ហិកតា ដែលយើងកំពុងធ្វើផ្លូវនេះ គឺច្បាស់​ជាចំនួន​ទឹក​ប្រាក់នេះធំ។ តម្រូវការរបស់ប្រទេសដែលកំពុងមានការអភិវឌ្ឍមួយ ពិតជាយ៉ាងដូច្នេះឯង។

ទីក្រុងភ្នំពេញរីកពីជាង ៣០០ គីឡូម៉ែត្រក្រឡា មកជាង ៧០០ គីឡូម៉ែត្រក្រឡា

នៅឆ្នាំ ១៩៧៩ នៅក្នុងខែ មេសា នេះឯង ជាពិសេសគឺចូលឆ្នាំខ្មែរ ពេលនោះស្ថានភាពនៅទីក្រុងភ្នំពេញ​របស់​យើងគ្មានចរាចរណ៍នោះទេ។ (មាន)តិចតួចណាស់។ សូម្បីតែនៅម្ដុំវិមានឯករាជ្យដែលខ្ញុំព្រះករុណាខ្ញុំ នៅទីនោះ ក៏នៅសល់​នូវដើមដូង ស្បូវ ហើយនិងទន្ទ្រានខែត្រនៅឡើយទេ។ ក៏ប៉ុន្តែជាបណ្ដើរៗ យើងបាន​ធ្វើ​អោយ​ទីក្រុងខ្មោចមួយនេះ ក្លាយទៅជាទីក្រុងដែលមានការរស់ឡើងវិញដ៏អស្ចារ្យ។ ឥឡូវនេះ ទីក្រុងនេះ កាន់​តែ​មានការរស់រវើក បន្ថែមទៅដោយទីក្រុងរណបដទៃទៀតដែលមានការពាក់ព័ន្ធ។ បណ្ដាទីក្រុងរណប​នោះ​ហើយ ដែលបង្កើតឡើងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីអាចក្លាយទៅជាទីក្រុងរណបបាន។

​ពិនិត្យពីប្រវត្តិ នៃអតីតនៃរាជធានីភ្នំពេញរបស់យើង ចាប់តាំងពីពេលកកើតរហូតមកដល់ពេល​បច្ចុ​ប្បន្ន​​។ ពី​ផ្ទៃ​ដីទំហំតូចមួយនៅតំបន់ព្រះបរមរាជវាំង និងវត្តភ្នំ និងការបន្តរីកលូតលាស់នៅជាហូរហែ ជាពិសេសក្នុង​ដំ​ណាក់កាលឆ្នាំ ១៩៥០-១៩៦០ …  ទីក្រុងភ្នំពេញ ដែលមុននេះ មានផ្ទៃដីត្រឹមតែជាង ៣០០ គីឡូម៉ែត្រ​កា​រ៉េ ឥឡូវមានទំហំផ្ទៃដីប្រមាណជិត ៧០០ គីឡូម៉ែត្រការ៉េ រួចស្រេចទៅហើយ។ ម្យ៉ាងទៀត ទន្ទឹមនឹងការ​រៀប​បើកទូលាយពីជាង ៣០០ គីឡូម៉ែត្រការ៉េ ទៅជិត ៧០០ គីឡូម៉ែត្រការ៉េ វាមានការអភិ​វឌ្ឍតាម​បែប​ស៊ី​ជម្រៅរបស់វាថែមទៀត។

អ្វីទៅដែលហៅថា ការអភិវឌ្ឍតាមបែបស៊ីជម្រៅ? (ន័យ)នៅត្រង់ ដីនៅទីក្រុងភ្នំពេញ និងជាយទីក្រុង​ភ្នំ​ពេញ​របស់យើង កាលពីមុននេះ ដីមួយហិកតា មានសំណង់ត្រឹមតែ ៥ ពាន់ ឬ ៣ ពាន់ ម៉ែត្រការ៉េ​តែ​ប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវនេះ វាមិនដូច្នោះទៀតទេ ដីមួយហិកតានៅទីក្រុងភ្នំពេញបច្ចុប្បន្ន អាចមានសំណង់​រហូត​ទៅ​ដល់ ៥ ម៉ឺន ឬ ១០ ម៉ឺនម៉ែត្រការ៉េ ក៏អាចថាបាន។ ពីដើម យើងមានអាគារត្រឹមតែ ៣ ជាន់ និង ៨ ជាន់ខ្ពស់ជាងគេហើយ ឥឡូវយើងមានអាគារដែលមានកម្ពស់រហូតទៅដល់ ៤០ ជាន់ ឬ ៥០ ជាន់ ហើយ​គ្រោង​ទៅពេលខាងមុខនេះ នឹងអាចមានអគាររហូតទៅដល់ ១២៥ ជាន់ ដែលអាចចាត់ទុកថា ជាអគារ​ខ្ពស់​ជាង​គេ​នៅក្នុងចំណោមអាស៊ីអាគ្នេយ៍របស់យើងនេះ ដែលមានកម្ពស់រហូតទៅដល់ ៥២០ ម៉ែត្រ។

នេះជាស្ថានភាពប្រែប្រួលមួយដ៏សំខាន់ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើងបានអភិវឌ្ឍ ហើយក៏ត្រូវ​បំ​ផ្លិច​បំ​ផ្លាញទៅវិញ​ដោយសារសង្រ្គាមនៅឆ្នាំ ១៩៧០ និងដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត។ ខ្លួន​ខ្ញុំព្រះករុណាខ្ញុំ ពិតជាមិននឹកស្មានដល់សោះថា អ្វីៗក៏បានកើតឡើងនៅក្នុងដំណាក់កាលដែ​ល​ខ្ញុំ​ព្រះ​ករុ​ណាខ្ញុំ រួមចំណែកដឹកនាំ និងកាន់តួនាទីជាអ្នកដឹកនាំ កើតឡើងនៅក្នុងដំណាក់កាលនេះនោះទេ។ ខ្ញុំ​ព្រះ​ករុណាខ្ញុំ ស្រមៃឃើញ​​នូវស្ថានភាពដើមដែលយើងបានឆ្លងកាត់ដ៏លំបាកជាមួយគ្នានៅពេលនោះ គ្រាន់​តែ​ទឹកផឹក ក៏យើង​ត្រូវទៅយកទឹកនៅទន្លេមេគង្គយកមកប្រើប្រាស់ដែរ។ ខ្ញុំព្រះករុណាខ្ញុំ និងសម្ដេច ហេង សំរិន ដែលនៅផ្ទះជិតគ្នា ព្រលឹមឡើងត្រូវទៅដងទឹក ត្រូវទៅអូសទឹកពីទន្លេមេគង្គយកមកប្រើនៅ​ត្រឹម(ផ្ទះ)​វិមាន​ឯករាជ្យនេះ។ លំបាកណាស់ ទម្រាំមានពេលដូចសព្វថ្ងៃនេះ។

ការស្នើសុំប្រសិទ្ធនាមផ្លូវ ថា មហាវិថីសម្តេចតេជោ

តាមរយៈរបាយការណ៍របស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្នើសុំប្រសិទ្ធនាម​(ផ្លូវ​នេះ)​ថា មហាវិថីសម្ដេចតេជោ ហ៊ុន សែន។ ដាក់យ៉ាងម៉េចក៏ដាក់អញ្ចុះ។ តិចគេជេរខ្ញុំទៀត? អ្នកចាំតែជេរ នៅ​តែ​ជេរ។ អានេះគេដាក់មហាវិថីសម្តេច ហ៊ុន សែន។ ប៉ុន្តែមិញគេប្រកាសថា មហាវិថីសម្តេចតេជោ សម្តេច​តេជោទទេឬ ថែម ហ៊ុន សែន សម្តេចតេជោ ហ៊ុន សែន។ តេជោ នៅអតីតកាល​ដែល​យើង​ធ្លាប់​ស្គាល់​គឺ មានតេជោយ៉ត តេជោមាស ហើយនិងមានតេជោដំឌិន និង​មានតេជោស្អីមួយទៀត? មានបឹង​តេ​ជោ​ណានោះ? ពីដើមយើងស្គាល់ ហើយតេជោដំឌិនហ្នឹងគឺ មិនប្រាកដថាមានពិតឬអត់ទៅទៀត? ព្រោះថា តេ​ជោនោះចេះជ្រែកដី។ ប៉ុន្តែ មានតេជោមាស និងតេជោយ៉ត។ ឥឡូវ តេជោសែនកំពុងតែឈរនេះ។ ព្រះ​មហា​ក្សត្រព្រះអង្គបានសព្វ​ព្រះរាជហឫទ័យប្រទានគោរមងារជាសម្តេចអគ្គមហាសេនាបតីតេជោ ដែល​មុន​​​នេះ មានតែតេជោ ឬ​ឧកញ៉ាតេជោ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំនេះ គឺក្នុងសតវត្សរ៍ទី ២១ ដែលមានងារជា​សម្តេច និង​មានងារជាតេជោ។

ទូលព្រះបង្គំខ្ញុំ មិនធ្វើអោយព្រះមហាក្សត្រ និងប្រជាពលរដ្ឋមានការខកព្រះទ័យ និងខកចិត្តទេ។ តេជោ​​​នេះ គឺកំពុងប្រឈមជាមួយសភាពការណ៍ទំាង​ឡាយ ហើយក៏នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែល​ពេល​ណា​មានការលំបាក ពេលនោះតេជោចេញមុខ។ ពេលដែលមានការសប្បាយមិនសូវជាឃើញប៉ុន្មានទេ ប៉ុន្តែ​​ពេល​ដែលលំបាកគឺច្បាស់ជាឃើញមុខ។ តែយ៉ាងណាក៏ដោយ ការរួមសុខរួមទុក្ខជាមួយគ្នា គឺជាការ​ចាំ​បាច់​ណាស់ បើមិនដូច្នោះទេ យើងនឹងបាត់បង់ត្រឡប់ទៅវិញ នូវអ្វីដែលជាសុខសន្តិភាព ដែលជាគ្រឹះ​មូល​​ដ្ឋានសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍនោះទេ។

និយាយមកដល់ផ្លូវនេះ វាបង្កើតបាននូវភាពងាយស្រួលសម្រាប់ប្រជាជននៅរាជធានីភ្នំពេញរបស់យើង ក៏​ដូច​​ជាប្រជាជននៅក្នុង​ខេត្ត​កណ្តាល ប្រជាជនដែលរស់នៅភាគខាងត្បូងទីក្រុងភ្នំពេញ ដូចជាការធ្វើ​ដំ​ណើរ​​ទៅ​កាន់ខេត្តតាកែវ ខេត្តកំពតជាដើម។ ត្រូវចេញដំណើរតាមផ្លូវនេះ ដែលមុននេះយើងប្រើផ្លូវ​តែមួយ​ខ្សែ គឺផ្លូវជាតិលេខ ២ តភ្ជាប់ទៅផ្លូវព្រះនរាយន៍។ អញ្ចឹងផ្លូវនេះ នៅពេលដែលមានបញ្ហាចរាចរណ៍ម្តងៗ គឺ​កក​ស្ទះ​នៅទីនោះ ប៉ុន្តែតាមរយៈផ្លូវមួយខ្សែនេះ គឺអាចផ្តល់អោយប្រជាពលរដ្ឋរបស់យើង ងាយស្រួលក្នុង​ការ​ធ្វើ​ដំ​ណើរឆ្លង​កាត់​តំបន់នេះ។ ពិតណាស់ ការធ្វើដំណើរនៅទីនេះ ផ្លូវវាធំ។ ហើយផ្លូវធំនេះ ក៏មិនមែន​បាន​សេច​ក្តីថា ផ្លូវធំហើយវាលែងគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែការបើកធ្វេសប្រហែសនោះទេ។ សូម​ប្រជា​ពល​រដ្ឋ​មេត្តាបន្ត​គោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីធានាអាយុជីវិតខ្លួនឯងផង និងអាយុជីវិតអ្នក​ដទៃ​​ផង។

ដាក់កម្មវិធីចុះ ដាក់កម្មវិធីឡើង អត់មានថ្ងៃសម្រាកមុនចូលឆ្នំា

ថ្ងៃនេះ​ខ្ញុំព្រះករុណាខ្ញុំ សម្ពោធដាក់អោយប្រើប្រាស់ នូវសមិទ្ធផលខាងត្បូងរាជធានីភ្នំពេញ សម្រាប់ថ្ងៃស្អែក​យើង​នឹង​សម្ពោធ​ដាក់អោយប្រើប្រាស់ នូវសមិទ្ធផលនៅខាងជើងរាជធានីភ្នំពេញម្តង គឺទាក់ទងទៅនឹង​​ហេដ្ឋា​​រចនា​សម្ព័ន្ធវិស័យកីឡា។ ដល់ថ្ងៃខានស្អែកគឺ ថ្ងៃទី ៥ នឹងសម្ពោធដាក់​អោយ​ប្រើប្រាស់​នូវ​​សមិទ្ធ​ផល​ភាគ​ខាង​ត្បូងទីក្រុងភ្នំពេញម្តងទៀត គឺរោងចក្រទឹកស្អាតនៅនិរោធ។ ដល់ថ្ងៃខានស្អែកមួយ ថ្ងៃ ៦ ទៅ​ខាង​ជើងរាជធានី​ភ្នំពេញម្តងទៀតហើយ។ អញ្ចឹងដាក់កម្មវិធីចុះ កម្មវិធីឡើង អត់កម្មវិធីសម្រាកមុន​ចូល​ឆ្នំា​ខ្មែរ។ ឥឡូវមិនដឹងថា «រំាអញ្ចេះ» បានអត់ ប៉ុន្តែអា«រំាអញ្ចេះ»ដូចជារំាស្រួលជាង«រំាញីកែងជើង»។ ឆ្នំានេះ គឺដំ​ណើរដែលនៅសេសសល់រយៈពេល ១០ ថ្ងៃទៀត ទើបចូលឆ្នំាមកដល់ ប៉ុន្តែការងារមានរាល់ថ្ងៃ​ទាំង​អស់។ អញ្ចឹង​ទេ ប៉ុន្តែចេះតែប្រឹង ដោយសារតែនេះជាកាតព្វកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងតំណែង គ្មាន​ជំ​រើស​​ណាផ្សេង ក្រៅពីខិតខំនោះទេ។

ត្រូវសិក្សា និងសាកល្បងចុះចតយន្តហោះលើផ្លូវនេះ

ខ្ញុំព្រះករុណាខ្ញុំ ជាថ្មីម្តងទៀត ថ្លែងនូវការកោតសរសើរចំពោះ​ក្រុមហ៊ុន ING Holdings ដែលខ្ញុំហៅកាត់​ថា អ៊ីងហូលឌីង ជាមួយនឹងការខិតខំរបស់រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ព្រមទាំង​បង​ប្អូន​ដែលរស់នៅតាមតំបន់នេះ ដែលមានផលប៉ះពាល់។ យើងបានកសាងផ្លូវមួយខ្សែនេះ ដើម្បីជាផល​ប្រ​យោជន៍សាធារណៈរបស់ជាតិ។ ផ្ទៃដីចំនួន ៥៤ ហិកតា ដែលជាទីតំាងផ្លូវនេះ គឺជាដីសាធារណៈ​របស់​រដ្ឋ​។ ខ្ញុំស្នើថា ឯកឧត្តម ទៀ បាញ់ ក្នុងក្របខណ្ឌជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយមាន​ការសិក្សាអំពី​លទ្ធភាពនៃការចុះចតយន្តហោះក្នុងគ្រាមានអាសន្ន ព្រោះថា ពេលខ្លះមានតម្រូវការរបស់វា។ ឧទាហរណ៍ ព្រ​លានយន្តហោះនៅឯពោធិចិនតុង វាមានបញ្ហាដែលមិនអាចចុះចតបាន។ យន្តហោះគេអាចធ្វើ​ដំណើរ​វិល​ត្រ​ឡប់​​​ទៅចុះចតនៅឯសៀមរាប ទៅចុះចតនៅឯទីក្រុងហូជីមិញ ឬក៏មានអ្នកខ្លះសល់សំាងច្រើន អាច​ទៅចុះ​ចត​​ដល់ទៅបាងកក។ ក៏ប៉ុន្តែ សម្រាប់យន្តហោះដែលមានសំាងតិច ដែលមិនអាចធ្វើដំណើរ​ដល់​សៀមរាប មិនអាច​ធ្វើដំណើរដល់ទីក្រុងហូជីមិញ និងបាងកក ជម្រើសដែលល្អជាងគេគឺនៅតំបន់នេះ។

គួរតែ​មាន​ការ​សិក្សា អំពីការចុះចតក្នុងគ្រាមានអាសន្ន នូវប្រភេទយន្តហោះខ្លះ ជាពិសេស គឺប្រភេទយន្ត​ហោះ​កង្ហាល់​ ATR ដែលអាចចុះចតបាននាគ្រាមានអាសន្ន ព្រោះផ្លូវរបស់យើងនេះ អាចទ្រទ្រង់បាន ហើយ​ចម្ងាយដែល​វា​អាច​រត់​ក៏អាចចុះចតបាន ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។ ចំណុចនេះ​ទាមទារ​ឲ្យ​មានការសិក្សា ហើយរហូតទៅដល់​មានការចុះសាកល្បងនូវប្រភេទយន្តហោះយោធា មិនមែន​ជា​យន្ត​ហោះ​(ប្រភេទ)មិចទេ ក៏ប៉ុន្តែជាយន្តហោះ​ដឹកជញ្ជូនផងដែរ។ ចំណុចនេះ គ្រាន់តែជាការផ្តល់អនុសាសន៍ ដើម្បី​បញ្ចៀសជាយថាហេតុ នូវគ្រោះថា្នក់ដែលអាចកើតឡើង សម្រាប់ការចុះចតនូវយន្តហោះ។ នេះជាផ្លូវ​ដែល​គ្មានការប៉ះពាល់ បើទោះបីជាមានសំណង់នៅសងខាងមួយចំនួន ក៏នៅសេសសល់ ផ្លូវនេះទំហំធំ​ណាស់ ៦០ ម៉ែត្រ ហើយពីស្តដែលត្រូវរត់នោះ ក៏មិនធំពេកដែរ។ អញ្ចឹងទេ យើងក៏អាចកែច្នៃ។ នៅក្នុងតំ​បន់​ខ្លះ គេក៏អាចបង្កប់ភ្លើង ដែលជាចំណុចសម្រាប់មើលឃើញ ក្នុងការចុះចតនៅពេលយប់។ ពេលដែល​មាន​អាសន្នភ្លាម ភ្លើងត្រូវឆេះឡើង សម្រាប់ការចុះចតនៅពេលយប់ មិនមែនគ្រាន់តែពេលថ្ងៃប៉ុណ្ណោះទេ។

ជូនពរឆ្នាំថ្មី ទេវតាតាមថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស

យើងបានសមិទ្ធផលនេះបន្ថែមទៀត សម្រាប់សម្រួលដល់ប្រជាពលរដ្ឋ ហើយអរគុណណាស់សម្រាប់ការ​ចូល​រួមអភិវឌ្ឍក្នុងរយៈពេលកន្លងទៅ។ គ្មានការចូលរួម នឹងគ្មានការអភិវឌ្ឍបានទេ។ ឥឡូវ ទីក្រុងភ្នំពេញ​កាន់​តែរីកធំឡើងៗ មិនមែនគ្រាន់តែទីក្រុងភ្នំពេញមួយទេ បណ្តាខេត្ត/ក្រុងដទៃទៀតសុទ្ធតែមានការរី​ក​ចម្រើន​​ដូចគ្នា តាមរយៈហេដ្ឋារចនាសម្ព័​ន្ធ​តភ្ជាប់។ ប៉ុន្មានថ្ងៃទៀត ដល់ពេលដែលយើងចូលឆ្នាំហើយ។ ឥឡូវនេះ ជាពេលវេលាដែលមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ/ការិនី ក៏ដូចជាប្រជាជននៅ​ទូទាំង​ប្រទេសត្រៀមទទួលនូវទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គឺជាទេវតាវិលជុំ ក្នុងរយៈពេល ១២ ឆ្នាំ មួយឆ្នាំផ្ទេរឲ្យកូនទេវតាម្តង ប៉ុន្តែនៅតែពូជទេវតា​ដដែលហ្នឹង។ អស់ពីព្រះនាងច្បង ដល់ព្រះនាង​បន្ទាប់ ព្រះនាងរហូត កូនទេវតាទាំងអស់ ប៉ុន្តែ យើងក៏មិនត្រូវភ្លេចទេវតា ដែលរក្សានៅទីនេះជាប់ជាប្រចាំ គឺ​ភូមិទេវតា រុក្ខទេវតា និង​អាកាសទេវតា ក៏សូមថែទាំយើងទាំងអស់គ្នា ក៏ដូចជាប្រជាជនទូទាំងប្រទេស និង​ថែទាំតំបន់អភិវឌ្ឍន៍នេះ និងផ្លូវនេះ សូមឲ្យទាំងអស់គ្នាទទួលបានសេចក្តីសុខ និងការរីកចម្រើន។

ខែ មេសា ប្រាក់បៀវត្សរ៍ចាប់ផ្តើមឡើង បូកប្រាក់ឧបត្ថម្ភ

ខែ ៣ ទើបបានកន្លងផុត ជាមួយនឹងប្រាក់បៀវត្សរ៍បានបើករួចស្រេចទៅហើយ។ ឥឡូវ ប្រា​ក់បៀវត្សរ៍ត្រូវ​បាន​ឡើង ចាប់ពីថ្ងៃ ១ ខែ មេសា នេះ ហើយនឹងបើកឲ្យបានមុនថ្ងៃ ១០ ​ដើម្បីធានាថា​នឹងបានប្រាក់នេះ​សម្រាប់​​ការចូលឆ្នាំជាមួយនឹងការបន្ថែមប្រាក់ឧបត្ថម្ភសម្រាប់ការចូលឆ្នាំ ម្នាក់ៗ ៥ ម៉ឺនរៀល ដែលរដ្ឋត្រូវ​ការ​ប្រាក់​​ប្រមាណជាង ៧ លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយឧបត្ថម្ភ។ ឆ្នាំទៅបានម្នាក់ ៤ ម៉ឺនរៀល ឆ្នាំ​នេះ​ឡើងបាន ៥ ម៉ឺនរៀល។ សាច់ប្រាក់ពិតជាចេញច្រើន តែតម្លៃប្រាក់រៀលរបស់យើង​មិនទាន់ឃើញ​សញ្ញានៃការចុះថ្លៃនោះទេ។ សង្ឃឹមថា ឆ្នាំនេះ ចូលឆ្នាំជាមួយនឹងធាតុអាកាសល្អ មិនក្តៅពេក ហើយក៏មិន​ត្រ​ជាក់ពេក តែយ៉ាងណាក៏ដោយ ត្រូវស្តាប់នូវការជូនដំណឹងជាបន្តបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិ​យម ហើយជាពិសេសគេថា ថ្ងៃស្អែកនេះ និងថ្ងៃខានស្អែក គឺជាថ្ងៃភ្លៀង​។ អញ្ចឹងឥឡូវនេះ ឆ្នាំទៅ គឺឆ្នាំអត់​ទឹក រហូតដល់យើងប្រកាសអាសន្នអំពីបញ្ហាទឹក ឆ្នាំនេះទឹកជ្រុល សំបូរទឹកទៅវិញ។ ប៉ុន្តែ រវាងអត់ និងសំ​បូរ​ទឹក យកសំបូរទឹកហើយ ពិបាកណាស់អត់ទឹកនេះ។ ម្សិលម្ង៉ៃនេះ ខ្ញុំព្រះករុណាខ្ញុំទៅវាយកូនគោល វាយ​អី​កើត ភ្លៀងរហូត។ អត់វាយបានតទៅទៀត មកដេកផ្ទះ។ មួយអាទិត្យ បានតែមួយព្រឹកហ្នឹង មួយព្រឹក​ហ្នឹង​​វា​​អត់បានទៀត​។

ប្រុងប្រយ័ត្ន ការធ្វើចរាចរ អគ្គីភ័យ ការលេងល្បែងដែលគ្រោះថា្នក់/កុំតម្លើងថ្លៃហួសហេតុរថយន្តឈ្នួល

យ៉ាងណាក៏ដោយ ​ខ្ញុំព្រះករុណាខ្ញុំយកវេទិកានេះ អំពាវនាវចំពោះប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំង​​ប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា ក្នុងនោះកម្លាំងប្រដាប់អាវុធ និងអាជ្ញា​ធរ​​នៅទូទាំងប្រទេស ត្រូវរៀបចំការពារប្រជាជនឲ្យបានល្អនៅក្នុងឱកាសចូលឆ្នាំខាងមុខនេះ។ សម្រាប់ប្រ​ជា​​ពលរដ្ឋរបស់យើង អ្វីដែលជាសំណូមពររបស់ខ្ញុំព្រះករុណាខ្ញុំ គឺការបើកបរដោយមានការប្រុងប្រយ័ត្ន ចៀស​វាងការលេងនូវល្បែងណាដែលនាំទៅដល់គ្រោះថ្នាក់ ជាពិសេសការប៉ាតម្សៅ គប់ទឹកដាក់​អ្នកដែលកំ​ពុង​បើកបរ ដូចជា ឡាន ឬម៉ូតូ ពេលដែលមានការគប់ទឹក​ទៅ នាំទៅដល់ការគ្រោះថ្នាក់នៃការ​ធ្វើចរាចរ​តាម​ផ្លូវ។ ប្រជាពលរដ្ឋក៏ត្រូវតែមានការប្រុងប្រយ័ត្នជាមួយនឹង​អគ្គីភ័យ ដែលអាចកើតមានជាយថាហេតុ ដោយ​សារតែការធ្វើបុណ្យទានរបស់យើង​ ភ្លើងធូប ភ្លើងទៀន ត្រូវតែមានការប្រុងប្រយ័ត្ន កុំឲ្យថ្ងៃចូលឆ្នាំ ក្លាយ​ទៅជាថ្ងៃនៃសោកនាដកម្ម ការគ្រោះថ្នាក់ដល់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ការគ្រោះថ្នាក់​ដល់ជីវិត ឬបាត់បង់ទ្រព្យសម្បត្តិដោយសារតែអគ្គីភ័យ និងគ្រោះថា្នក់ផ្សេងៗ។

ខ្ញុំព្រះករុណាខ្ញុំនៅតែបន្តអំពាវនាវចំពោះម្ចាស់រថយន្តដឹកអ្នកដំណើរទាំងឡាយ មេត្តាកុំតម្លើងថ្លៃហួសហេតុ ប្រសិនបើមានការតម្លើងណាមួយ ក៏គួរតែតម្លើងក្នុងកម្រិតសមល្មម។ ខ្ញុំព្រះករុណាខ្ញុំបានអំពាវនាវស្ទើរ​​តែ​រៀង​រាល់ឆ្នាំ ទាំងពេលភ្ជុំបិណ្ឌ ទាំងពេលចូលឆ្នាំ ក៏ប៉ុន្តែដោយសារតែតម្រូវការខ្ពស់ពេកនៃការធ្វើដំណើរ និង​ការ​​ចង់មានចង់បានពីសំណាក់អ្នកបើកបរ ឬអាចថាក្រុមហ៊ុនផង តំលៃនៃការធ្វើដំណើរ ក៏មានការកើន​ឡើង​។ ដូច្នេះ អំពាវនាវចំពោះអ្នកម្ចាស់រថយន្តខិតខំយ៉ាងណាជួយទៅដល់ប្រជាពលរដ្ឋ ដែលជាសាច់​ឈាម​របស់យើង ក្នុងការធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅកាន់ភូមិកំណើត និងពីភូមិកំណើតមកកាន់ទីក្រុង​​ភ្នំ​ពេញវិញ។ សង្ឃឹមថាម្ចាស់រថយន្ត និងទទួលយកនូវការគិតគូរបែបនេះ ដើម្បីកាត់បន្ថយនូវការចំនាយ​របស់ប្រជាជនរបស់យើង។

សេវាល្អ ទាញទេសចរមកជាថ្មី

តំបន់ទេសចរណ៍ធំៗ ដែលលាតសន្ធឹងកាន់តែធំទៅៗ មិនមែនគ្រាន់តែសៀមរាប ដែលមានអង្គរ​​សង្រ្កាន្ត​នោះ​ទេ។ ឆ្នាំនេះ ក៏មានសង្រ្កាន្តនៅតាមខេត្តមួយចំនួនទៀត ដូចជាខេត្តព្រៃវែងជាដើម ដែលឆ្នាំទៅ ខ្ញុំព្រះ​ករុណាខ្ញុំ ក៏បានអំពាវនាវថាសង្រ្កាន្តមិនចាំបាច់ធ្វើនៅតែអង្គរនោះទេ សង្រ្កាន្តអាចរៀបនៅតាមខេត្តនានា ដើម្បី​​ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋរបស់យើង មានការជួបជុំកំសាន្ត​សប្បាយ។ តំបន់ទេសចរណ៍ ពិតជាមាន​ច្រើន​ឥឡូវនេះ ហើយជាតំបន់ដែលប្រជាជនចូលចិត្តធ្វើដំណើរទៅ។ សូមតំបន់ទាំងនោះ ទាក់ទាញ​យក​ភ្ញៀវ​ទៅ ដើម្បីបង្កើនឡើងនូវមុខរបរក្នុងវិស័យទេសចរណ៍។ ដើម្បីធានាបានលើបញ្ហានេះ អាជ្ញាធរដែនដី​ដែល​គ្រប់គ្រងនៅតំបន់នោះ ត្រូវរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានល្អ អ្នកលក់ដូរទាំងឡាយ​ដែល​នៅតំបន់នោះ ត្រូវតែខិតខំរក្សានូវតំលៃ ចៀសវាងការលក់តម្លើងថ្លៃ ធ្វើឲ្យគេរាងចាល ហើយបាត់បង់នូវភាព​ប្រ​កួតប្រជែង។ ទាក់ទាញទេសចរមកសារជាថ្មី។

អ្នកដែលឆ្លាត គឺអ្នកដែលយកចំនេញតិច ក៏ប៉ុន្តែលក់បានច្រើន ឯអ្នកល្ងង់លក់បានតិច តែបានថ្លៃខ្ពស់ តែ​លក់​បានតែមួយដង ឬពីរដង គឺរាងចាល។ អាហ្នឹងគេហៅថារកស៊ីកោរគេ។ អញ្ចឹងគ្រប់តំបន់ទេសចរណ៍ ត្រូវ​មានការឈ្លាសវៃ ធានាឲ្យអតិថិជនដែលទៅកាន់តំបន់ទេសចរណ៍ ទើបបង្កើតថ្មី​ទៅលេង​ឆ្នាំនេះ​ហើយ ពេលក្រោយនឹងទៅលេងបន្តបន្ទាប់ទៀត ដើម្បីធានាថាតំបន់ទេសចរណ៍ដែលទើបបង្កើតថ្មីនោះ គឺជាទេស​ចរណ៍​ដែលមានការទាក់ទាញនៅពេលខាងមុខ។ ឆ្នាំកន្លងទៅ យើងទទួលទេសចរបរទេសជាង ៥ លាន​នាក់ ប៉ុន្តែ យើងមិនភ្លេចថាទេសចរផ្ទៃក្នុង គឺជាទេសចរដែលមិនចេះរីងស្ងួត ហើយជាទេសចរ​ដែល​ប្រជា​ជនទទួលបានប្រាក់ចំណូលនៅឯមូលដ្ឋាន។ ដូច្នេះសង្ឃឹមថាឆ្នាំនេះ ជាមួយនឹងប្រាក់ចំណូល​កើន​ឡើង​របស់ប្រជាពលរដ្ឋ ជាមួយនឹងប្រាក់ខែដែលទើបនឹងឡើងថ្មីរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់​អា​វុធ និង​កម្មករ/ការិនីរបស់យើង ផលប្រយោជន៍នោះវានឹងរាយប៉ាយនៅក្នុងក្របខណ្ឌទូទាំងប្រទេស​។​ នេះជាអ្វី​ដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយនៅពេលព្រឹកនេះ ហើយចាប់ពីថ្ងៃស្អែកទៅ ប្រហែល​ជា​ការ​និ​យាយ​របស់​ខ្ញុំព្រះករុណាខ្ញុំ កាត់បន្ថយឲ្យនៅកាន់តែខ្លីទៅ ព្រោះវាហត់ណាស់។

ម្សិលមិញ បើទោះបីជាថ្ងៃអាទិត្យ ក៏ត្រូវចំនាយពេល ២ ម៉ោង ​ដើម្បីនិយាយ ហើយអាទិត្យខាងមុខនេះ ក្រៅ​ពីនិយាយខាងក្រៅ នៅនិយាយខាងក្នុង អានិយាយខាងក្នុងហ្នឹង ត្រូវនិយាយហត់ លើសពីការ​ឈរ​និ​យាយ។ អញ្ចឹងបានប្រជាពលរដ្ឋអាចស្តាប់ឮសូរសម្លេងរបស់ខ្ញុំព្រះករុណាខ្ញុំ គឺបំពង់កវាមិនល្អដូចមុនទេ ដោយសារនិយាយច្រើនពេក ក៏ប៉ុន្តែ រឿងដែលត្រូវនិយាយហើយ គឺត្រូវតែនិយាយហើយ។ ឆ្នាំនេះ ព្រះ​តេជ​ព្រះ​គុណឲ្យក្មេងរាំអញ្ចេះទៅ។ ឆ្នាំទៅមានពិសោធន៍ម្តងហើយ មិនបាច់ចាំរំលឹកទេអាហ្នឹងនោះ ក្មេងខាង​ក្រោម​​ស្រែកសួរព្រះតេជព្រះគុណ ចេះច្រៀងញីកែងជើង ឬអត់? ទេ យប់មិញស្តាប់ចម្រៀងមួយបទ​មិនដឹង​ថា ចម្រៀងស្អី បទឆ្កែរត់បុកប៉ោត។ គិតថែមអាហ្នឹងមួយបទទៀត។ ល្ងាចមិញឃើញបុស្តិ៍បាយ័នទេ ចាក់​ បទហ្នឹង។ ឥឡូវ វាចង់ទៅដូចជាក្មេងបន្តិចហើយ។

ថ្ងៃនេះ ពាក់អាវហ្នឹងមក ពាក់គ្របទេ ការពិតមកពីខ្លួនមានប្រដាប់ប្រដានៅក្នុងខ្លួនច្រើនពេក ក្តៅដូចតែ​គេ​ដូច​តែគេដូចតែឯងហ្នឹង ប៉ុន្តែ ត្រូវមាន INTERNET មិញហ្នឹងក្មេងវាទៅឆ្ងាយ។ ដល់មាន  INTERNET ជាប់​នៅនឹងហោប៉ៅអញ្ចឹងទៅ គឺថាទៅដល់កន្លែងណាក៏ទាក់ទងបាន ព្រោះអានេះវាទាក់ទងនឹងផ្កាយ​រណប​ផ្ទាល់តែម្តង។ ដាច់សេវាទូរស័ព្ទក៏ដាច់ចុះ ប៉ុន្តែយើងមាន INTERNET សម្រាប់ប្រើប្រាស់បាន។ អញ្ចឹងទេ ថ្ងៃនេះការពិតចង់មកតែអាវប៉ុណ្ណេះទេ ហើយក្បាលពោះរាងចុះបន្តិច …។

នេះជាការខិតខំទាំងអស់គ្នា ហើយថ្ងៃនេះមកស្វាគមន៍ទទួលយកផ្លូវទាំងអស់គ្នា ហើយផ្លូវប្រើទាំងអស់គ្នា​ មានផ្លូវគឺមានសង្ឃឹម។ ឆ្នាំថ្មី ការសង្ឃឹមថ្មី ជូនពរ ប្រគេនពរចំពោះសម្តេចព្រះសង្ឃនាយក ព្រះតេជ​ព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​​ប្រការ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវមហាវិថីដែលធំជាងគេ តភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់​ខេត្ត​​កណ្តាល ហើយសូមឲ្យទេវតាឆ្នាំថ្មីនាំមកនូវសេរីសួស្តី ជ័យមង្គល ជូនប្រជាពលរដ្ឋ នៅទូទាំងព្រះរាជា​ណា​ចក្រ​កម្ពុជា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេស និងកងទ័ពរបស់យើង ដែលកំពុង​ប្រតិ​បត្តិការ តាមរយៈអង្គការសហប្រជាជាតិនៅប្រទេសនានា នៅក្រៅប្រទេស សូមប្រកបជាមួយនឹង​​ពុទ្ធ​ពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំ បីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់
beylikdüzü escort escort beylikdüzü beylikdüzü escort