សុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី ២៨

CNV:

  • ឯកឧត្តម រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន,
  • ឯកឧត្តម អគ្គលេខាធិការអាស៊ាន,
  • ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងភ្ញៀវកិត្តិយសជាទីមេតី!

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែងដោយបានចូលរួមជាអធិបតី ក្នុងពិធីបើក កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី ២៨។ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមសម្ដែងនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់នៅទីនេះ។ ការជួបជុំដោយផ្ទាល់នៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ពិតជាមានសារៈសំខាន់ សម្រាប់យើងក្នុងការវាយតម្លៃវឌ្ឍនភាព, កំណត់បញ្ហាប្រឈម, កាលានុវត្តភាព និងកិច្ចការពាក់ព័ន្ធនានា ដើម្បីស្ដារ និងពន្លឿនកិច្ចសហការអភិវឌ្ឍសង្គម-វប្បធម៌អាស៊ានក្រោយពីវិបត្តិ នៃជំងឺកូវីដ-១៩។

ជាការពិត, អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឱ្យយើងត្រូវខិតខំរួបរួមគ្នាក្នុង ភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោម ប្រជាពលរដ្ឋរបស់យើង ជាពិសេស យុវជនអាស៊ាន ដើម្បីលើកកម្ពស់ភាពធន់ និងការយោគយល់គ្នាទៅវិញទៅមក ស្របតាមស្មារតីស្នូលរបស់អាស៊ាន «ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍មួយ»។ ដើម្បីសម្រេចបាននូវគោលដៅនេះ, ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២, កម្ពុជាបានកំណត់មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

ដោយមានការខិតខំប្រឹងប្រែងធ្វើការរួមគ្នាក្នុងការអនុវត្តផែនការមេ ២០២៥ នៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ខ្ញុំពិតជាមានមោទកភាពចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលយើងសម្រេចបាន ក្នុងនោះ រួមមាន ការលើកកម្ពស់កិច្ចគាំពារសង្គមសម្រាប់ពលករចំណាក ស្រុក, សុវត្ថិភាព និងសុខុមាលភាពសង្គម, ការលើកកម្ពស់សហគ្រិនភាពស្ត្រី, ឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌។ល។ សមិទ្ធផលទាំងនេះកើតចេញពីការប្រកាន់ខ្ជាប់នូវស្មារតីលើកកម្ពស់ ពហុភាគីនិយម, ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា, ការឯកភាពគ្នា, ការលើកកម្ពស់កិច្ចសន្ទនា, ការយោគយល់គ្នាទៅវិញទៅមក និងការអនុវត្តគោលការណ៍ «សាមគ្គីភាពក្នុងភាពចម្រុះ»។

ទន្ទឹមនេះដែរ, ជាមួយនឹងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា, ការទទួលបានជោគជ័យលើការគ្រប់គ្រងលើការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានផ្តល់ឱកាសឱ្យយើង អាចចាប់ផ្ដើមឡើងវិញនូវដំណើរការសេដ្ឋកិច្ច និងសង្គមពេញលេញ ព្រមទាំងជំរុញការអនុវត្តយុទ្ធសាស្តនានា សម្រាប់ការស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ។ ឈរលើមូលដ្ឋាននេះ, កិច្ចសហការក្នុងក្របខណ្ឌសហគមន៍សង្គម-វប្បធម៌អាស៊ាន មានតួនាទីកាន់តែសំខាន់ នៅក្នុងការលើកកម្ពស់ស្មារតី និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច, ការពង្រឹងសន្តិសុខ និងស្ថិរភាពនយោបាយក្នុងតំបន់ ព្រមទាំងការពង្រឹងសាមគ្គីភាពអាស៊ាន តាមរយៈការផ្តោតជាសំខាន់លើអាទិភាព ចំនួន ៤ គឺ៖ (១)ពង្រឹងគុណតម្លៃ, ការយល់ដឹង និងអត្តសញ្ញាណ អាស៊ាន, (២)លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការផ្ដល់អំណាចទៅឱ្យស្ត្រី, (៣)ពង្រឹងសុខភាព, សុខុមាលភាព និងការគាំពារសង្គម និង(៤). ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន។

  • ឯកឧត្តម, លោកជំទាវ, លោក, លោកសី្រ!

វិបត្តិជំងឺកូវីដ-១៩ បានបន្ទច់បង្អាក់នូវដំណើរការអភិវឌ្ឍជារួម និងបានបន្សល់ទុកជាស្លាកស្នាម (scarring effects) ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។ ជាងនេះទៅទៀត, យើងបាននិងកំពុងបន្តជួបប្រទះនូវបញ្ហាប្រឈមតំបន់ និងសកល ដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ហើយកំពុងបង្កើតនូវបច្ច័យអវិជ្ជមាន និងបញ្ហាបន្ថែមទៀតដោយផ្ទាល់ និងដោយប្រយោលដល់ការអភិវឌ្ឍ ជាពិសេស សង្គម, វប្បធម៌, សន្តិសុខ និងសុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់អាស៊ាន។

ដើម្បីស្ដារកិច្ចអភិវឌ្ឍសង្កម-សេដ្ឋកិច្ចតំបន់យើង ប្រកបដោយភាពធន់ និងចីរភាព, អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍមូលធនមនុស្ស តាមរយៈ៖ (១), ការធ្វើឌីជីថលូបនីយកម្ម (digitalization) ដោយ ផ្តល់អាទិភាពដល់ការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ, (២).ការអភិវឌ្ឍ ប្រព័ន្ធសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹង វិបត្តិនានា និង(៣). ការពង្រឹងវិស័យអប់រំ និងការអភិវឌ្ឍជំនាញ។

ជាមួយគ្នានេះ, បទពិសោធន៍ពីជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់ ក្នុងការពង្រឹងប្រព័ន្ធសុវត្ថិភាពសង្គមតំបន់ ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ ប្រកបដោយសមធម៌ និងបរិយាប័ន្ន។ ក្នុងន័យនេះ, ខ្ញុំសង្ឃឹមថា បណ្តាសមាជិកអាស៊ានទាំងអស់នឹងចូលរួមអនុម័ត “សេចក្ដីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករចំណាកស្រុកក្នុងតំបន់អាស៊ាន»។ បន្ថែមលើនេះ, ការបន្តយកចិត្តទុកដាក់លើសន្តិសុខ និងសុវត្ថិភាពការងារ ព្រមទាំងស្ថិរភាពប្រាក់ចំណូលរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច ក៏ជាកិច្ចការដ៏សំខាន់មួយផងដែរ។ ដូច្នេះ, យើងត្រូវបន្តគាំទ្រ និងជំរុញការអនុវត្តនូវគំនិតផ្តួចផ្តើមនានា ដែលបានដាក់ចេញក្នុង «សេចក្ដីថ្លែងការណ៍អាស៊ានស្តីពីការកសាងអនាគតប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់៖ ការលើកកម្ពស់សហគ្រិនភាពស្រ្តីនៅក្នុងតំបន់អាស៊ាន»។

ដោយមើលឃើញពីសារៈសំខាន់នៃ ការជំរុញការកែទម្រង់ប្រព័ន្ធអប់រំ, ការបណ្តុះបណ្តាលជំនាញ និងការស្តារឡើងវិញនូវការបាត់បង់ការសិក្សា (learning loss) ក្នុងរយៈកាលកន្លងមកនេះ, កម្ពុជាបានផ្ដួចផ្ដើមរៀបចំសេចក្ដីណែនាំអំពី «ការបើកឡើងវិញ, ការងើបឡើងវិញ និងភាពធន់ក្នុងវិស័យអប់រំ៖ សេចក្ដីណែនាំសម្រាប់ប្រទេសអាស៊ាន» ដើម្បីធានាថាកុមារ និងយុវជនទាំងអស់នឹងទទួលបានការអប់រំប្រកបដោយគុណភាព និងសុវត្ថិភាព។ ជាមួយគ្នានេះ, ជំងឺកូវីដ-១៩ បានជំរុញការប្រែក្លាយការអប់រំជាប្រពៃណី ឱ្យទៅជាការអប់រំបែបឌីជីថលមួយជំហានរួចហើយ។ ក្នុងបរិការណ៍នៃការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល, អាស៊ានគួរតែខិតខំបន្ថែមទៀត ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំ។ ក្នុងន័យនេះ, ខ្ញុំមានសុទិដ្ឋិនិយមថា ថ្នាក់ ដឹកនាំអាស៊ាននឹងចូលរួមជាមួយក្នុងការអនុម័ត «សេចក្ដីថ្លែងការណ៍ស្ដីពីបរិវត្តកម្មឌីជីថល នៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ នៅក្នុងខែ វិច្ឆិកា ខាងមុខនេះ។

ការអភិវឌ្ឍនូវសេដ្ឋកិច្ចច្នៃប្រឌិត និងវប្បធម៌ ក៏ជាយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពល ក្នុងការជំរុញការស្តាសេដ្ឋកិច្ចអាស៊ានឡើងវិញ ជាពិសេស ជួយដល់វិស័យទេសចរណ៍ ដែលទទួលរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩, លើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, ជំរុញសហគ្រិនភាព, ធុរកិច្ចថ្មី និងឌីជីថលូបនីយកម្ម សំដៅគាំទ្រដល់ការអភិវឌ្ឍសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន និងចីរភាព ព្រមទាំងពង្រឹងគុណតម្លៃនៃសហគមន៍អាស៊ាន។ ខ្ញុំសូមជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ «សេចក្ដីថ្លែងការណ៍ក្រុងសៀមរាប ស្តីពីការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយការច្នៃប្រឌិត និងភាពសម្រប ដើម្បីលើកស្ទួយសេដ្ឋ កិច្ចវប្បធម៌ និងច្នៃប្រឌិត»។

លើសពីនេះទៀត, ការបន្តពង្រឹងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន ក៏ជាកិច្ចការអាទិភាពដ៏សំខាន់មួយ ដែលនឹងជួយលើកកម្ពស់ការយល់ដឹងពីគុណតម្លៃ និងអត្តសញ្ញាណអាស៊ាននៅក្នុងស្រទាប់យុវជន ព្រមទាំងពង្រឹងតួនាទីរបស់យុវជនក្នុងការចូលរួមកសាងសហគមន៍អាស៊ាន ប្រកបដោយការទទួលខុសត្រូវ។ យុវជនក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗ នៅក្នុងបរិបទឧស្សាហកម្ម ៤.០ ផងដែរ ដែលនឹងក្លាយជាកាតាលីករ នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់។ ដើម្បីជំរុញការចូលរួមកិច្ចអភិវឌ្ឍតំបន់យើងឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ, កម្ពុជាបានរៀបចំឡើងកិច្ចសន្ទនាយុវជនអាស៊ានលើកទី ១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ ដើម្បីផ្តល់វេទិកាឱ្យយុវជនអាស៊ានផ្លាស់ប្ដូរទស្សនៈជាមួយនឹងអ្នកធ្វើគោលនយោបាយ និងដៃគូសន្ទនាចម្បងៗផ្សេងទៀត។ ទន្ទឹមនេះ, កម្ពុជាក៏បានផ្តួចផ្តើមរៀបចំដាក់ចេញនូវ «សេចក្ដីថ្លែងការណ៍មេដឹកនាំអាស៊ានស្ដីពីឆ្នាំនៃយុវជនអាស៊ាន ២០២២»។ មួយវិញទៀត, ដោយកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខនេះ នៅរាជធានីភ្នំពេញ, ខ្ញុំសូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋអាស៊ានទាំងអស់ ចូលរួមព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះ។

  • ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន មិនអាចកាត់ផ្តាច់ចេញពីការគិតគូរនូវការដោះស្រាយការគំរាមកំហែង និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ប្រកបដោយភាពបុរេសកម្មនោះទេ។ ជាក់ស្ដែង, នៅក្នុងខែកញ្ញាថ្មីៗនេះ, ព្យុះទីហ្វុងនរុ (Noru)។ បានធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ចនៅក្នុងតំបន់ និងបាត់បង់អាយុជីវិតប្រជាជនជាច្រើន។ ក្នុងន័យនេះ, ខ្ញុំសូមលើកឡើងជាថ្មីម្តងទៀតនូវសំណើរៀបចំនូវ «គំនិតផ្តួចផ្តើមស្ដីពីការបង្កើតក្របខណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយតម្រង់ទិសអាស៊ានឆ្ពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព និងភាពប្រកួតប្រជែងខ្ពស់។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរឱ្យ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើក ទី ២៨ ប្រព្រឹត្តទៅដោយជោគជ័យ និងសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកសី មានសុខភាពល្អ និងទទួលបានជោគជ័យលើគ្រប់ភារកិច្ចរៀងៗខ្លួន ជាពិសេសស្នាក់នៅក្នុង ប្រទេសកម្ពុជា ប្រកបដោយផាសុកភាព និងភាពរីករាយ។

ខ្ញុំសូមប្រកាសបើកជាផ្លូវការនូវ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ២៨ ចាប់ពីពេលនេះតទៅ ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា...

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះអង្គទ្រង់ស្តេចយាងពន្លត់ភ្លើងជ័យ