សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា

CNV:

(១) ចូលរួមចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដាលើកទី ១៥, សិស្សនិស្សិតជិត ៤ លាននាក់បានទទួលការបណ្ដុះបណ្ដាលតាមរយៈប្រព័ន្ធអនឡានសិទ្ធិរស់រានមានជីវិតជាសិទ្ធិធំជាងគេ, កម្ពុជាជាប្រទេសឈានមុខទៅលើការគ្រប់គ្រងកូវីដ-១៩ និងការចាក់វ៉ាក់សាំងបានច្រើនជាងគេ, វិទ្យាស្ថាន វ៉ាន់ដា មានតួលេខនិស្សិតជាស្ត្រីច្រើនជាងបុរស

ថ្ងៃនេះ ខ្ញុំព្រះកុរណាខ្ញុំ រីករាយដែលបានមកចូលរួមសារជាថ្មីម្ដងទៀត ជាមួយនឹងការចែកសញ្ញាបត្រ សម្រាប់និស្សិត ៣ ៨៦៦ នាក់ នៅវិទ្យាស្ថាន វ៉ានដា ដែលនេះ គឺជាលើកទី ១៥ ដែលខ្ញុំព្រះករុណាខ្ញុំបានចូលរួមក្នុងការចែកសញ្ញាបត្រនៅក្នុងវិទ្យាស្ថាន វ៉ាន់ដា ដែលយើងធ្វើ(ការចែកសញ្ញាបត្រ)តាំងពីវិទ្យាស្ថានអប់រំ តាំងពីកន្លែងនេះ/នោះ។ រហូតមកដល់ថ្ងៃនេះ យើងធ្វើ(ការចែកសញ្ញាបត្រ)នៅលើទីតាំងថ្មីមួយ ដែលទើបនឹងអភិវឌ្ឍន៍ទៅជាទីក្រុងរណប។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង ក្រុមប្រឹក្សាភិបាល សាស្ត្រាចារ្យ ក៏ដូចជា ថ្នាក់ដឹកនាំទាំងអស់ នៃវិទ្យាស្ថាន (វ៉ាន់ដា) ដែលបានខិតខំប្រឹងប្រែងក្នុងដំណាក់កាលដ៏លំបាក នៃការឆ្លងរីករាលដាល នៃកូវីដ-១៩។

ឆ្នាំ ២០២០-២១ កន្លងទៅផុតទៅ គឺជាឆ្នាំដ៏លំបាក សម្រាប់(យើង)ទាំងអស់គ្នា។ ប៉ុន្តែទាំងសាស្ត្រាចារ្យ គណៈគ្រប់គ្រង (និង)ទាំងនិស្សិត ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏បានជំនះការលំបាក ដើម្បីទទួលបាននូវការចេះដឹង ហើយបន្តឱ្យមាននិរន្តរភាពនៃវិស័យអប់រំរបស់យើង។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវរបៀបសិក្សានៅក្នុងដំណាក់នៃជំងឺឆ្លង ដែលនោះគេបានសង្កេតឃើញ អំពីការរីកចម្រើនឡើង (នៃ)ការឆ្ពោះទៅមុខ អំពីបច្ចេកវិជ្ជាព័ត៌មានឬហៅម្យ៉ាង(ទៀត)ថា Digital។ ​សិស្សនិស្សិតប្រមាណជាជិត ៤ លាននាក់ បានទទួលនូវការបណ្ដុះបណ្ដាលតាមរយៈប្រព័ន្ធអនឡាននេះ។ យើងសង្កេតឃើញ តាមរយៈនៃការប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ ២០២១ កន្លងផុតទៅនេះ និស្សិតដែលទទួលនិន្ទេស A គឺមានចំនួនច្រើនជាង ៣ ដង ​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​បើប្រៀបធៀបទៅនឹងរយៈពេលមុន។

ដូច្នេះ ការដែលបណ្ដុះបណ្ដាលតាមរយៈប្រព័ន្ធអនឡាន ​ក៏មិនមែនជាផ្នែកមួយទន់ខ្សោយនោះទេ ប្រសិនបើមានតម្រូវការនៃការអប់រំយកចិត្តទុកដាក់ទៅលើការអប់រំតាមរយៈប្រព័ន្ធនេះ។ យើងក៏មិនចង់ធ្វើទៅតាមប្រព័ន្ធនេះដែរទេ ក៏ប៉ុន្តែសភាពការណ៍វាបង្ខំឱ្យយើងត្រូវធ្វើបែបនោះ។ បើយើងមិនធ្វើបែបនោះទេ គឺច្បាស់ណាថា សភាពការណ៍អាចផ្ដល់ឱ្យយើ​ងនូវការលំបាកជាងនេះ។ មិនដឹង(ថា)តើមានមនុស្សប៉ុន្មាន(នាក់) ដែលត្រូវស្លាប់កាលពីឆ្នាំទៅ? ដែលខ្ញុំប្រើពាក្យថា “យើងនៅក្បែរជ្រោះមរណៈទៅហើយ”។ ពេលនោះយើងអាចនិយាយត្រឹមតែរយៈពេលខ្លីមួយ​ មនុស្សជាង ៣ ០០០ នាក់ ត្រូវបានស្លាប់។

សភាពការណ៍នេះតម្រូវឱ្យរាជរដ្ឋាភិបាលប្រកាន់យកនូវវិធានការចាំបាច់ ដើម្បីការពារអាយុជីវិតប្រជាជន ព្រោះថា សិទ្ធិរស់រានមានជីវិត (គឺ)ជាសិទ្ធិដែលធំជាងគេ។ សិទ្ធិដែលយើងត្រូវការពារឱ្យខាងតែបាន។ មកដល់ពេលនេះ បន្ទាប់ពីកូវីដ-១៩ បានធូរស្បើយ យើងបានបើកប្រទេសឡើងវិញតាំងពីថ្ងៃទី ០១ វិច្ចកា ២០២១ ដែលនោះបង្ហាញឱ្យប្រជាពលរដ្ឋរបស់យើងបានឃើញច្បាស់ថា វិធានការរបស់រាជរដ្ឋាភិបាល ដែលបានប្រកាន់យកទាំងប៉ុន្មាននោះ គឺវាជាដំណោះស្រាយ ដែលសមស្របបំផុត​ ដើម្បីដោះស្រាយជីវិតគង់វង្សរបស់ប្រជាពលរដ្ឋរបស់យើង។​

… ឆ្នាំទៅយើងធ្វើបានត្រឹមតែបិណ្ឌទី ៤ ទេ (នៃពីធីបុណ្យភ្ជុំបិណ្ឌ)។ បិណ្ឌទី ៣ យើងបានប្រកាសថា មិនអាចបន្តទៅទៀតបានទេ សូមឱ្យរកដំណោះស្រាយ រវាងព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ជាមួយពុទ្ធបរិស័ទ អំពីការដាក់បិណ្ឌ។ ម្ខាងដាក់បិណ្ឌឱ្យបានផង និងម្ខាងទៀតក៏ត្រូវតែការពារការរីករាលដាលនៃកូវីដ-១៩ ឱ្យបានផងដែរ។ ប៉ុន្តែឆ្នាំនេះ ដោយសារតែជោគជ័យនៃការគ្រប់បានកូវីដ-១៩ គឺព្រះសង្ឃនិងប្រជាពលរដ្ឋ យើងអាចឃើញច្បាស់ថា វិធានការដែលរាជរដ្ឋាភិបាលបានប្រកាន់យកនោះ គឺដើម្បីតែសេចក្ដីសុខ និងការពារអាយុជីវិតប្រជាជន។​ ប្រសិនបើយើងបណ្ដែតបណ្ដោយកាលពីឆ្នាំទៅ ប្រហែលជាមានព្រះសង្ឃ និងពុទ្ធបរិស័ទមួយចំ​នួនមិនបានដាក់បិណ្ឌ ឬភ្ជុំនៅក្នុងឆ្នាំនេះទេ ព្រោះកូវីដ-១៩ បានបំផ្លាញអាយុជីវិតរួចស្រេចទៅហើយ។ អញ្ចឹង ឆ្នាំនេះ ប្រហែលជាឆ្នាំដែលអ្នកទាំងនោះមកទទួលបាយបិណ្ឌទៅវិញ ដោយសារតែបានចែកឋានហើយ។

ឆ្នាំនេះ នៅពេលវេលាដែលយើងដាក់បិណ្ឌនិងពេលវេលាដែលយើងភ្ជុំនេះ ប្រជាពលរដ្ឋរបស់យើងទទួលបាននូវសេចក្ដីរីករាយ អ្វីដែលការបាត់បង់របស់យើងគឺគ្រោះថ្នាក់ចរាចរណ៍ទៅវិញ មិនមែនជាកូវីដ-១៩ នោះទេ។ ពិតមែនតែកូវីដ-១៩ មានការឆ្លងឡើងវិញ បន្ទាប់ពី ៥២ ថ្ងៃ ដែលមិនមានការឆ្លងសោះ សូម្បីតែក្នុងនិស្សិតរបស់យើងនេះ ម្សិលមិញយើងបានរកឃើញ ២២ នាក់ នៅក្នុងចំណោមនិស្សិតជាង ៣ ០០០ នាក់។ ប៉ុន្តែពួកគេទាំងនោះអត់បានដឹងថាខ្លួនឯងកើតកូវីដ-១៩ នោះទេ។ ដូច្នេះ តម្រូវឱ្យមានការព្យាបាលនៅផ្ទះតែប៉ុណ្ណោះ។ មន្ទីរពេទ្យនៅទូទាំងប្រទេស ម្សិលមិញមានមនុស្សត្រឹមតែ ១៩ នាក់ តែប៉ុណ្ណោះ ដែលមានជំងឺកូវីដ-១៩ សំរាកព្យា​បាល។

ក្រៅពីនោះ​ អ្នកដែលបានឆ្លងគឺព្យាបាលនៅតាមផ្ទះ ដោយសារយើងបានទទួលភាពស៊ាំសហគមន៍ តាមរយៈការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងការចាក់វ៉ាក់សាំងដូសជំរុញបានពេញលេញ។ គេបានចាត់ទុកថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលឈានមុខទៅលើការគ្រប់គ្រងកូវីដ-១៩ និងការចាក់វ៉ាក់សាំងបានច្រើនជាងគេ រហូតមកដល់ពេលនេះ មនុស្សប្រមាណជាជិត ៩៥% ដែលបានចាក់វ៉ាក់សាំងរួចស្រេចទៅហើយ។ នេះជាសមិទ្ធផល ដែលផ្ដល់ឱកាស សម្រាប់ឱ្យយើងជួបជុំគ្នាឡើងវិញ សម្រាប់ការចែកសញ្ញាបត្រនៅថ្ងៃនេះ បន្ទាប់ពីការអាក់ខានក្នុងការចែកសញ្ញាបត្រ(នៅ)ឆ្នាំ ២០២០-២១ ហើយយើងបន្តធ្វើនៅក្នុងឆ្នាំ ២០២២ នេះ។

ខ្ញុំរីករាយជាមួយហ្នឹងសមិទ្ធផល ដែលវិទ្យាស្ថាន (វ៉ាន់ដា) សម្រេចបានទាំងបីទីតាំង៖ ក្រុងភ្នំពេញ​ សៀមរាប និងខេត្តបាត់ដំបង។ បើយើងពិនិត្យ អំពីចំនួននិស្សិត ដែលបានប្រឡងជាប់ទទួលជ័យលាភីនៅថ្ងៃនេះ ដែលមានបរិញ្ញាបត្ររង ចំនួន ១ ០៥៦ នាក់ ក្នុងនោះនារី ៩១២ នាក់ ស្មើនឹង ៨៦,៣៦%។ បរិញ្ញាបត្រ ចំនួន ២ ៧១៨ នាក់ (ក្នុងនោះ)នារី ២ ៤២២ នាក់ ស្មើនឹង ៨៩,១%។ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៨៥ នាក់ (ក្នុងនោះ)នារី ៤៧ នាក់ ស្មើនឹង ៥៥,២៩%។ បណ្ឌិត ចំនួន ៧ នាក់ (ក្នុងនោះ)នារីមាន (ចំនួន) ១ នាក់ ស្មើនឹង ១៤,២៩%។ ចំណុចនេះ គឺកាន់តែច្អុលបង្ហាញពីការចូលរួមរបស់ស្ត្រី នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងសាលានេះ។ មានតែសាលានេះមួយគត់ ដែលមានតួលេខ(និស្សិតជា)ស្ត្រីច្រើនជាងបរុស។ ប៉ុន្តែ យើងក៏សង្កេតឃើញថា នៅក្នុងកម្រិតថ្នាក់បណ្ឌិត គឺស្ត្រីមានការធ្លាក់តែម្ដង។ នេះគឺជាក្រឹត្យក្រម ដែលយើងពិបាក តែយ៉ាងហោចណាស់ ៧ នាក់ (ក៏)មាន ១ នាក់ ដែលចប់ថ្នាក់បណ្ឌិត។

(២) ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ (ក) បើកឱកាសឱ្យវិស័យឯកជនចូលរួមបណ្តុះបណ្តាលធនធានមនុស្ស (ខ) អនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋយកមួយផ្នែករៀនដោយបងលុយ, និស្សិត ៩៣,៥៣% មានការងារធ្វើនៅតាមក្រសួង-ស្ថាប័ននីមួយៗ ក្រោយបញ្ចប់ការសិក្សា, ចំណាយលើស ផ.ស.ស បន្តិច តែកម្ពុជាមានលទ្ធភាពដំឡើងបៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ … នៅឆ្នាំ ២០២៣ ខាងមុខ,

ការសិក្សាដែលទទួលបាននៅថ្ងៃនេះ វាជាការខិតខំមួយ ដែលគួបផ្សំ រវាងរដ្ឋ/ឯកជន ដែលខ្ញុំព្រះករុណាខ្ញុំសុំយក​ឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការរួមចំណែករបស់វិទ្យាស្ថាន វ៉ាន់ដា ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលរហូតមកដល់ពេលនេះមានចំនួន ៤២ ១៨៦ នាក់ ដែលបានបញ្ចប់ការសិក្សារាប់ទាំងទាំងថ្ងៃនេះ ហើយដែលមាននិស្សិតកំពុងសិស្សា (ចំនួន) ១១ ១៧៨ នាក់ ផ្សេងទៀត។ នេះនិយាយដោយឡែកតែវិទ្យាស្ថានមួយនេះ ប៉ុន្តែ ជារួម សាកលវិទ្យាល័យវិស័យឯកជននានា ក៏បានចូលរួមយ៉ាងធំនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។

សប្ដាហ៍ក្រោយនេះ(ត្រូវចែកសញ្ញាបត្រ)សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ របស់ (ទេព) កុលាប។ ថ្ងៃអង្គារ សប្ដាហ៍ក្រោយ ត្រូវមកចែកសញ្ញបត្រ(នៅទីនេះម្តង)ទៀត។ អញ្ចឹងទេ សសាកលវិទ្យាល័យដែលយើងអនុញ្ញាតឱ្យវិស័យឯកជនចូលរួម បានចូលរួមចំណែកធំណាស់ នៅក្នុងការណ្ដុះបណ្ដាលធនធានមនុស្ស យើងមិនអាចពឹងផ្អែកតែលើសាលារដ្ឋបានទេ។ ខ្ញុំនៅតែបញ្ជាក់ឡើងវិញថា ខ្ញុំមានមោទនភាព ហើយកាន់តែមានមោទនភាព ដោយសារតែការសម្រេចចិត្តរបស់ខ្ញុំត្រឹមត្រូវ (នោះនៅត្រង់ថា)៖ ទី(១) បើកឱកាសឱ្យវិស័យ​ឯកជនចូលរួមវិនិយោគ ១០០% ទៅលើការកសាងសាលារៀន តាំងពីមត្តេយ្យរហូតដល់ឧត្តមសិក្សា ហើយមានទាំងអ្នកនៅក្នុងប្រទេស និងមានបរទេសមកវិនិយោគផងដែរ។ ទី(២) ខ្ញុំក៏បានយល់ព្រមផ្ដល់ឱកាសឱ្យសាកលវិទ្យាល័យរបស់រដ្ឋយកមួយផ្នែក ដើម្បីរៀនបង់ថ្លៃ ដើម្បីការរស់រានរបស់សាលានោះ ដោយជួយទៅដល់សាស្ត្រាចារ្យ ហើយជួយទៅដល់ការអភិវឌ្ឍសាកលវិទ្យាល័យរបស់រដ្ឋ។

ក្នុងរយៈពេលកន្លងទៅនេះ គឺរដ្ឋមិនបានផ្ដល់នូវប្រាក់បន្ថែមសម្រាប់កសាងអគារ ឬការជួសជុលអគារទេ។ ​សា​លារដ្ឋទាំងនោះ គឺត្រូវបានការរួមចំណែកវិនិយោគ ដោយទទួលបានកម្រៃពីសិស្សបង់ថ្លៃ ហើយកសាងបន្ត។ ខ្ញុំគិតថានៅសល់សាលាតែមួយគត់ ដែលរដ្ឋវិនិយោគដោយផ្ទាល់ នោះគឺវិទ្យាស្ថានជាតិអប់រំ ព្រោះកន្លែងនោះអត់មានការអនុញ្ញាតឱ្យរៀនបង់ថ្លៃ សម្រាប់ការធ្វើគ្រូទេ។ វិទ្យាស្ថានជាតិអប់រំ ដែលរដ្ឋត្រូវជួយហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបណ្ដុះបណ្ដាលគ្រូ/សាស្ត្រាចារ្យនៅទៅនោះ។ នេះគឺជារឿងមោទនភាព ដែលយើងមានធនធានមនុស្សកាន់តែច្រើនទៅៗ ហើយបើគិតអំពីចំនួន(និស្សិត) ដែលទទួលបានការងារធ្វើ គ្រាន់តែនិស្សិតក្នុងចំណោម ៣ ៨៦៦ នាក់នេះ មានរហូតដល់ ៣ ៦១៦ នាក់ហើយ ស្មើនឹង ៩៣,៥៣% ដែលមានការងារធ្វើ

អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅក្នុងតួលេខនេះ ក្នុងនោះ បែងចែកគិតជាភាគរយ នៃអ្នកចូល(ធ្វើការ)តាមក្រសួង-ស្ថាប័នរដ្ឋ (ចំនួន) ១៧២ នាក់ ស្មើនឹង ៤,៧៥%។ (ចូលធ្វើការនៅ)តាមស្ថាប័នឯកជន (ចំនួន) ២ ៤៤៩ នាក់ ស្មើនឹង ៧៨,៧៩%។​ (ចូលធ្វើការនៅតាម)អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ (ចំនួន) ៧៨នាក់ ស្មើនឹង ២,១៦%។ (ធ្វើ)អាជីវកម្មផ្ទាល់ខ្លួន ចំនួន ៥១៧ នាក់ ស្មើនឹង ១៤,៣០%។ ខ្ញុំគិតថា ចំនួននេះសមល្មម ដែលយើងគួរតែអបអរសាទរ ទៅលើការបែងចែក​រចនាសម្ព័ន្ធនៃការទទួលយកនិស្សិត ដែលបានទទួលការបណ្ដុះបណ្ដាល។ ក្របខណ្ឌរដ្ឋត្រឹមតែ ៤,៧៥% តែប៉ុណ្ណោះ គឺសមល្មម មិនអាចនាំគ្នាសម្រុកចេញពីសាលាទាំងអស់ ហើយបុកចូលទៅក្នុង(ក្របខណ្ឌ)រដ្ឋទេ។

ខ្ញុំបានបញ្ជាក់លើកមុន(រួចហើយ) ការជួបវិបត្តិរបស់ស្រីលង្កា មិនមែនជាររឿងធម្មតាពេកទេ គ្រាន់តែបុគ្គលិកស៊ីវិល គឺមានចំនួន ១,៥ លាន (នេះ)មិនទាន់គិតអំពីតកម្លាំងកងទ័ព។ បើគិតទាំងអស់ គឺមានជិត ១ លាន ៨ សែននាក់។ អញ្ចឹងទេ ប្រាក់ចំណូលបង់ពន្ធពីប្រជាពលរដ្ឋមក ត្រឹមតែយកមកចិញ្ចឹមតែប្រាក់ខែមន្រ្តីរាជការ គឺចប់ហើយ។ អញ្ចឹងទេ គេឱ្យប្រយ័ត្នណាស់រឿងបញ្ហាបន្ទុកបុគ្គលិក។ ជាស្ដង់ដារគោល គេឱ្យចំណាយត្រឹមតែ ៤% នៃផលិតផលសរុបតែប៉ុណ្ណោះ​ ប៉ុន្តែ សម្រាប់យើង យើងចាយលើសពីហ្នឹង តែវាមិនលើសច្រើនហួសទេ យើងនៅទ្រាំទ្របាន។ បើទោះបីថាយើងចាយលើស ក៏ប៉ុន្តេ យើងនៅតែមានលទ្ធភាព ដើម្បីនឹងបង្កើនបៀវត្សរ៍សម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា អតីតយុទ្ធជន និងនិវត្តជន សម្រាប់ឆ្នាំក្រោយបន្តទៅទៀត ដែលយើងខកខាតមិនបានដំឡើងបៀវត្សរ៍ សម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា និវត្តជន (និង)អតីតយុទ្ធជនរបស់យើងនៅឆ្នាំ ២០​២១-២២ ដោយសារតែយើងត្រៀមបម្រុងសភាពការណ៍ ដែលមានគ្រោះអាសន្ន នៃជំងឺកូវីដ-១៩។

(៣) វិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើង នៃកំណើនសេដ្ឋកិច្ចកម្ពុជា, គោលនយោបាយសេដ្ឋកិច្ចថ្មីរបស់ លេនីន, ដឹកនាំផ្ទាល់កែទម្រង់សេដ្ឋកិច្ចរបស់កម្ពុជា, ជាង ៣០ ឆ្នាំមកនេះ យើងកំពុងតែបន្តធ្វើសុក្រឹតកម្មសេដ្ឋកិច្ចផ្សារសេរីវិស័យឯកជនមានតួនាទីសំខាន់ ក្នុងការជួយរុញសេដ្ឋកិច្ចឱ្យងើបឡើង, ចំណូលពន្ធផ្ទៃក្នុង គិតត្រឹមតែ ៩ ខែ សម្រេចបាន ៩៥% ក្នុងទំហំទឹកប្រាក់ប្រមាណជាជិត ៣ ០០០ លានដុល្លារ

… ការស្រូបយក(ពី ផសស សំរាប់ចំណាយលើបន្ទុកបុគ្គលិក) ស្នើនឹង ៤% នេះ គឺវាមិនធំទេ។ ប៉ុណ្ណឹងល្មម។ ប៉ុន្តែ អ្វីដែលជាការគួរឱ្យកត់សម្គាល់ ដែលយើងគួរមានមោទនភាព គឺបុកចូលទៅក្នុងវិស័យឯកជនរហូតទៅដល់ ៧៨,៧៩% ជិត ៧៩% បានសេចក្ដីថា វិស័យឯកជនរបស់យើងកំពុងពង្រឹងខ្លួនឡើង ដែលទាមទារនូវធនធានមនុស្ស សម្រាប់ការអភិវឌ្ឍ។ យើងចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីនរថភ្លើង នៃកំណើនសេដ្ឋកិច្ច។ ធនធានមនុស្ស ដែលបានបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានឧត្តមសិក្សានានា មួយផ្នែកធំត្រូវបានវិស័យឯកជនទទួលយកទៅធ្វើការ ម្ខាងដោះស្រាយការងារធ្វើឱ្យនិស្សិត ដែលបានទទួលការបណ្ដុះបណ្ដាល និងម្ខាងទៀត ដើម្បីការរីកចម្រើននៃក្រុមហ៊ុនខ្លួនឯង។ អ្នកខ្លះនិយាយថា ការរីកចម្រើន នៃក្រុមហ៊ុនខ្លួនឯង វាជាផលប្រយោជន៍របស់ឯកជន។

ត្រឹមត្រូវ។ អ្នកនិយាយត្រូវ។ ប៉ុន្តែ អ្នកមិនត្រូវភ្លេចនូវចំណងទាក់ទងរបស់វា រវាងវិស័យឯកជនជាមួយនឹងសង្គមនោះទេ​។ វិស័យឯកជន រីកធំធាត់កាលណា គឺវាជួយដោះស្រាយបញ្ហា សម្រាប់សេដ្ឋកិច្ចរបស់ប្រទេស​ តាមរយៈការដោះស្រាការងារធ្វើ និងតាមរយៈ នៃការបង់ពន្ធរបស់វិស័យឯកជនកាន់តែខ្លាំង។ ការបង់ពន្ធកាន់តែច្រើន ហើយការដែលបានប្រាក់ពីការបង់ពន្ធនោះ យើងមានលទ្ធភាពយកទៅវិនិយោគ(លើការ)ធ្វើផ្លូវថ្នល់ ធ្វើប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ ដំឡើងបៀវត្សរ៍ឱ្យមន្រ្តីរាជការរបស់យើង។ (អ្នក)ខ្លះយកវិស័យឯកជនធ្វើជាសត្រូវ។

ខ្ញុំគួរតែបញ្ជាក់ ខ្ញុំធ្លាប់ស្រាវជ្រាវដើម្បីធ្វើនិក្ខេបទបណ្ឌិតវិទ្យាសាស្រ្តនយោបាយ។ ខ្ញុំបានប្រទះនូវគោលនយោ​បាយសេដ្ឋកិច្ចថ្មីរបស់ លេនីន។ តាំងពីឆ្នាំ ១៩២១ មកដល់ពេលនេះ (វា) ១០១ ឆ្នាំ ប៉ុន្តែពេលដែលខ្ញុំកំពុងស្រាវជ្រាវនៅចុងឆ្នាំ ១៩៨៩ និងដើមឆ្នាំ ១៩៩០ អ្វីដែលខ្ញុំបានប្រទះឃើញ លេនីន បានសរសេរចំណុចពាក់ព័ន្ធថា “នៅពេលដែលវណ្ណៈនាយទុនរីកចម្រើន វាផ្ដល់ភាពអនុគ្រោះ ប៉ុន្តែនៅពេលដែលវណ្ណៈនាយទុនអត់រីកចម្រើន គឺកម្មករជួបការលំបាក”។ តើ លេនីន ចង់និយាយអំពីអ្វី? លេនីន ចង់និយាយថា បើអត់មានថៅកែទេ វាក៏មានអត់កម្មករ។ ដូច្នេះ តើវណ្ណៈកម្មករវាចេញមកពីណា? គឺវាត្រូវបានអ្នកវិនិយោគ គេវិនិយោគបង្កើតរោងចក្រ ទើបបង្កើតឱ្យមានកម្មករ (និង)មានការងារធ្វើ។ ប៉ុន្តែ អ្នកធ្វើក្រោយៗមកទៀត គឺធ្វើបំពានទៅលើទ្រឹស្ដី លេនីន ហើយចេះតែដើរនិយាយ រឿងលទ្ធិ លេនីន មិនត្រឹមត្រូវ។ ប៉ុន្តែ អ្នកមិនត្រូវ មិនមែន លេនីន ឯណា? អ្នកអនុវត្តន៍ផ្ទុយពីអ្វី(ដែល) លេនីន និយាយ។ លេនីន អត់សម្លាប់នាយទុនទេ។ គេអាចយកមកអានបាន ព្រោះទ្រឹស្ដីនោះ ត្រូវបានគេយកមកបកប្រែជាច្រើនភាសា (អំពី)គោលនយោបាយសេដ្ឋកិច្ចថ្មីរបស់ លេនីន ដែលបោះពុម្ភនៅឆ្នាំ ១៩២១។

សូម្បីតែមេដឹកនាំកម្មុយនីស្ដមួយ ហើយដែលជាកម្មុយនីស្ដដំបូងទៅទៀត ក៏នៅតែទទួលស្គាល់តួនាទីរបស់នាយទុន។ បើទទួលស្គាល់តួនាទីនាយទុន គឺច្បាស់ជាទទួលស្គាល់តួនាទី នៃវិស័យឯកជនហើយ។ ចំណុចនេះ អ្នកខ្លះអាចថា “មើលវា! កម្មុយនីស្ដមែន”។ ខ្ញុំរៀនទាំងអស់៖ មូលធនរបៀបម៉េច​។ ផ្សារ(សេរីរបៀប)ម៉េច។ កម្មុយនីស្ដគេធ្វើយ៉ាងម៉េច។ សេដ្ឋកិច្ចផែនការ (គេ)ចាប់បង្ខំធ្វើយ៉ាងម៉េច។​ សេដ្ឋកិច្ចទីផ្សារ វាធ្វើយ៉ាងម៉េច។ ខ្ញុំបានដឹកនាំកែទម្រង់ផ្ទាល់ នៃសេដ្ឋកិច្ចរបស់កម្ពុជា។ ការចាប់ផ្ដើមគ្មានអ្វីទាំងអស់ ដែលបង្ខំចិត្តត្រូវធ្វើពេលនោះ។ បើនិយាយអំពីវិស័យកសិកម្ម យើងត្រូវចាប់ផ្ដើមពីការធ្វើរួម ហើយចែកផលគ្នា ព្រោះយើងអត់មានជម្រើស គេហៅថា​ ក្រុមសាមគ្គី។ ចុះបើ ២០ គ្រួសារ (មាន)គោមួយនឹម ទៅដោះស្រាយយ៉ាងម៉េច? ដូចរោងចក្រអញ្ចឹង នរណាមកវិនិយោគ? វាអត់មាននរណាមកវិនិយោគ។ អញ្ចឹងនាំគ្នាធ្វើទៅ។ រោងចក្រដែលចំ​ណេញមានតែរោងចក្រមួយទេ គឺរោងចក្របារី។ ក្រៅពីនោះ ខាតទាំងអស់។ ប៉ុន្តែ រោងចក្របារី វាចំណេញ ដោយសារតែមនុស្សជក់បារីច្រើនកាលពីពេលនោះ។

ក្រោយមក ខ្ញុំត្រូវជំរុញកំណែទម្រង់ដីធ្លី តាមរយៈនៃការចែកកម្មសិទ្ធិឱ្យប្រជាពលរដ្ឋតែម្ដង។ កំណែទម្រង់ក្នុងវិស័យឧស្សាហកម្ម ដែលផ្ដល់ឱ្យឯកជនទិញយករោងចក្រ ឬជួលរោងចក្រគេយកទៅធ្វើ រដ្ឋចាំតែយកពន្ធ។ រឿងរដ្ឋធ្វើមិនដែលចំណេញទេ ដឹងតែរឿងខាត។ បំពេញខាតឱ្យរហូត។ ឥឡូវ សាក(ឱ្យ)ហាងគុយទាវពីរ ដែលនៅក្បែរ​(គ្នា) ហាងមួយជារបស់រដ្ឋ និងហាងមួយជារដ្ឋឯកជន សួរថា ហាងណាដែលវាចំណេញ? សូមចូលទៅមើលសៀវភៅ ១០ ឆ្នាំ នៃដំណើរកម្ពុជា ដែលខ្ញុំសរសេរ។ ខ្ញុំបានប្រៀបធៀបហាងរបស់រដ្ឋ និងហាងឯកជន។ ហាងរបស់ឯកជន ចូលទៅដើម្បីទាក់ទាញភ្ញៀវ … បើនិយាយពីហាងរដ្ឋវិញ (ភ្ញៀវ)ចូលមក មុខមើលមិនបាន។ អញ្ចឹង រកស៊ីធ្វើម៉េច? ព្រោះហាងរបស់រដ្ឋ អញធ្វើប៉ុណ្ណឹង ក៏ប្រាក់ខែអញប៉ុណ្ណឹង។ អញធ្វើតិចជាងហ្នឹង ក៏ប្រាក់ខែប៉ុណ្ណឹង។ អញធ្វើច្រើនជាងហ្នឹង​ ក៏ប្រាក់ខែប៉ុណ្ណឹង។ អញ្ចឹងទេ អត់មានការប្រឹងប្រែង។ អត់មានការប្រកួតប្រជែង។

អញ្ចឹង កំណែទម្រង់ប្រើរយៈពេល ៦ ឆ្នាំ (ទើប)បានដើរដល់ដំណាក់កាលសេដ្ឋកិច្ចផ្សារ(សេរី) ទទួលគ្នាជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសតែម្ដង។ រយៈពេល ៣០ ឆ្នាំជាងនេះ យើងកំពុងតែបន្តធ្វើសុក្រឹតកម្មសេដ្ឋកិច្ចផ្សារ(សេរី) មានន័យថា មកដល់ពេលនេះ យើងអត់ទាន់ដើរដល់ទីបញ្ចប់ការកែទម្រង់ក្នុងវិស័យសេដ្ឋកិច្ចនៅឡើយទេ ព្រោះយើងនៅខ្វះលិខិតបទដ្ឋានមួយចំនួន ដែលយើងជំពាក់អង្គការពាណិជ្ជកម្មពិភពលោក។ ពិតហើយ ប្រទេសរបស់យើងបានចូលអង្គការពាណិជ្ជកម្មពិភពលោក តាំងពីឆ្នាំ ២០០៤ ឯណោះ យើងចូលមុនវៀតណាម/រុស្ស៊ីទៅទៀត ប៉ុន្តែ យើងក៏នៅខ្វះលិខិតបទដ្ឋានមួយចំនួន ហើយយើងនៅមាន(កិច្ចការ)មួយចំនួន ដែលត្រូវធ្វើការកែលម្អ នៅក្នុងការគ្រប់គ្រងសេដ្ឋកិច្ចរបស់យើង។

ខ្ញុំចង់បញ្ជាក់នៅទីកន្លែងនេះ តួនាទីនៃវិស័យឯកជន វាសំខាន់ណាស់ សម្រាប់យើង។ បើវិស័យឯកជនមិនរីកចម្រើនទេ បានសេចក្ដីថា យើងចប់។ ខ្ញុំគ្រាន់តែលើកបង្ហាញតួលេខបន្ដិច ពីមុនមានកូវីដ-១៩ ប្រាក់ចំណូលលើសហ្នឹង ប៉ុន្តែ ក្រោយកូវីដ-១៩ ឥឡូវនេះ គ្រាន់តែពន្ធផ្ទៃក្នុងរបស់យើង ដោយមិនគិតអំពីពន្ធគយទេ ហើយក៏មិនគិតអំពីចំណូលមិនមែនសារពើពន្ធ ឥឡូវនេះ ចាប់ផ្ដើមរីកកាន់តែធំឡើងវិញ ក៏មួយខែយើងទទួលបាន ២៥០ លានដុល្លារយ៉ាងតិច។ យើងមិនទាន់គិតអំពីពន្ធគយទេ។ ជាធម្មតា ប្រទេសដែលមានការអភិវឌ្ឍមួយ ពន្ធគយ(មានការ)ធ្លាក់ចុះ (តែ)ពន្ធផ្ទៃក្នុងចេះតែកើនឡើង។ អាហ្នឹងវាជាក្រឹតក្រម។

ពន្ធគយត្រូវតែធ្លាក់ៗយ៉ាងម៉េច? យើងស្ថិតនៅក្នុងក្របខណ្ឌតំបន់ពាណិជ្ជកម្មសេរី រវាងអាស៊ានគ្នាឯង។ យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ឥឡូវនេះ យើងមានកិច្ចព្រមព្រៀង គេហៅថា ភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ RCEP។ បន្ថែមលើនោះ យើងមានកិច្ចព្រមព្រៀងដោយឡែកជាមួយនឹងចិន និងជាមួយនឹងកូរ៉េខាងត្បូង ដែលការនាំចេញ-ចូលទៅវិញទៅមក គឺអត់មានការបង់ពន្ធ។ អញ្ចឹង ពន្ធគយវាត្រូវកាត់បន្ថយជាបណ្ដើរៗ ប៉ុន្តែចំណូលផ្ទៃក្នុងត្រូវតែបានកើន។

ឥឡូវ ចំណូលពន្ធផ្ទៃក្នុង គិតត្រឹមតែ ៩ ខែនេះ យើងសម្រេចបាន ៩៥% រួចស្រេចទៅហើយ ហើយទំហំទឹកប្រាក់ប្រមាណជាជិត ៣ ០០០ លានដុល្លារ។ អញ្ចឹងទេ តួនាទីរបស់វិស័យ​ឯកជន ដែលដោះស្រាយការងារធ្វើ សម្រាប់និស្សិត ដែលទទួលបានការបណ្ដុះបណ្ដាល និងការបង់ពន្ធ ជាផ្នែកដ៏សំខាន់រុញសេដ្ឋកិច្ចប្រទេសជាតិឱ្យងើបឡើង។ យើងត្រូវពង្រឹងវិស័យឯកជនក្នុងស្រុករបស់យើង។ ប្រទេសនានាគេមានមហាសេដ្ឋីរាប់មិនអស់ ហើយគេត្រូវការលុយកាក់ស្អីៗហ្នឹង ពួកសេដ្ឋីគេដោះស្រាយ។ អញ្ចឹងទេ មនុស្សមួយចំនួនគេចោទយើងថា កម្មុយនីស្ដ ប៉ុន្តែ នៅពេលដែលយើងជំរុញវិស័យឯកជនឱ្យរីកចម្រើន គេថាយើងហ្នឹងកាន់ជើងតែអ្នកមាន។ អ្នកមានក៏ដោយ អ្នកក្រក៏ដោយ ឱ្យតែធ្វើខុស គឹត្រូវមានរឿងដូចតែគ្នាហ្នឹង។ អត់មានអីដែលត្រូវលើកលែងទេ។

(៤) អ្នកខ្លះរៀនដើម្បីគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួន/ខ្លះរៀនដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន, ចំណេះដឹងជាទ្រព្យសម្បត្តិរយៈពេលវែង, ដើរដល់ពាក្យថា “ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច, ក្រសួងអប់រំ/សុខាភិបាល ពីរក្រសួងនេះអនុញ្ញាតឱ្យរើសក្របខណ្ឌច្រើនជាងគេ

ខ្ញុំចង់ចង្អុលបង្ហាញត្រង់ចំណុចនេះ ដល់អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក៏ទទួលបាន(និស្សិត) ៧៨ នាក់ដែរ (នេះ)ក៏ជាផ្នែកមួយ នៃការជួយដោះស្រាយការងារធ្វើដែរ។ (និស្សិតបើក)អាជីវកម្មផ្ទាល់ខ្លួន (នោះ)វាកាន់តែល្អទៅទៀត មាន(និស្សិត) ៥១៧ នាក់ ស្មើនឹង ១៤,៣០% (អ្នក)ខ្លះជាអ្នករកស៊ី អញ្ចឹង ដើម្បីឱ្យកូនជួយគ្រប់គ្រង ហើយពង្រឹងសមត្ថភាពគ្រប់គ្រង នៃអាជីវកម្មរបស់ខ្លួន គឺរុញកូនឱ្យមករៀន ឬរៀនហើយទៅបើកអាជីវកម្មផ្ទាល់ខ្លួន ដែលកាន់តែសំខាន់ទៅទៀត ដោយសារអ្វី? បើកអាជីវកម្មផ្ទាល់ខ្លួន គេតែងបង្កើតនូវការងារបន្ថែមឱ្យអ្នកដែលធ្វើការ។ អញ្ចឹង ៥១៧ នាក់ ដែលចេញទៅបើកអាជីវកម្មផ្ទាល់ខ្លួន ប្រសិនបើអាជីវកម្មមួយ គិតជាមធ្យម គេយកតែ ៣ នាក់ វានឹងបានមនុស្សប៉ុន្មានពាន់នាក់ទៀត ដែលមានការងារធ្វើ ដោយសារអ្នកទាំងនេះ។

សុំសួរបន្ដិច ក្នុងចំណោមនេះ អ្នកបើកអាជីវកម្មផ្ទាល់ខ្លួនមានប៉ុន្មាននាក់ សុំលើកដៃបន្ដិច? ឪពុកម្ដាយអ្នកបើកក៏បានដែរ ឱ្យតែយើងកំពុងតែធ្វើការនៅក្នុងអាជីវកម្មរបស់ឪពុកម្ដាយ លើកដៃបន្ដិចមក? អើ! អាជីវកម្មអីនាង? ក្រុមហ៊ុនដឹកជញ្ជូន។ (មាន)ឡានប៉ុន្មានទៅនាង? ខាងលក់អេឡិចត្រូនិច ហើយបុគ្គលិកប៉ុន្មាននាក់? ១៥ នាក់។ គ្រាន់តែប៉ុណ្ណឹងយើងអាចមើលឃើញ បុគ្គលិកខាងផ្នែកលក់គ្រឿងអេឡិចត្រូនិចក៏មានបុគ្គលិក ១៥ នាក់។ ក្នុងម្នាក់បង្កើតបាន ១៥ នាក់។ ហើយខាងផ្នែកដឹកជញ្ជូនយ៉ាងណាក៏មានអ្នកបើកឡាន អ្នកថែទាំឡាន។

អញ្ចឹង បានយើងបណ្តុះបណ្តាលមិនមែនយកទុកនៅក្នុងឃ្លាំងទេ។ ចំណុចនេះហើយជាចំណុចដែលខ្ញុំតែងរកការវិភាគអត្រាការដោះស្រាយការងារធ្វើ ហើយការងារនោះវាមានផ្នែកអីខ្លះ? ទៅខាងណាប៉ុន្មានៗ ខ្ញុំត្រូវការបែបនេះ ដើម្បីយើងដាក់ចេញនូវក្របខណ្ឌគោលនយោបាយរបស់យើងឱ្យវាត្រូវ។ នៅទីនេះវិស័យឯកជនគេស្រូបយកដល់ទៅ ៧៩% បង្កើតការងារធ្វើបានជាង ១៤% ដូច្នេះ វាជាចំនួនមួយដ៏ល្អ ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកាន់តែរឹងមាំ។ ការបណ្តុះបណ្តាលធនធានមនុស្សចេញទៅមានការងារធ្វើ។

ជាថ្មីម្តងទៀត ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំ នៃវិទ្យាស្ថាន (វ៉ាន់ដា) ហើយខ្ញុំព្រះករុណាខ្ញុំក៏សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះជ័យលាភីទាំងអស់គ្រប់កម្រិត ដែលទទួលនូវសញ្ញាបត្រនៅថ្ងៃនេះដែលបានខិតខំប្រឹងប្រែងជម្នះនូវការលំបាកក្នុងកាលៈទេសៈនោះ។ ការរៀនសូត្រដែលក្មួយៗជានិស្សិតទទួលបាន គឺវាជាទ្រព្យសម្បត្តិ សម្រាប់រយៈពេលវែង។ ការចែកទ្រព្យសម្បត្តិឱ្យ ជាលុយក្តី ជាមាសក្តី ជាពេជ្រក្តី មិនប្រាកដថាវាគង់វង្សទេ ប៉ុន្តែ ការចែកចំណេះដឹងទើបជាមូលដ្ឋាន ពាក្យគេថា “កណ្តៀរក៏មិនកោរ កណ្ដុរក៏មិនកាត់ ភ្លើងក៏មិនឆេះបានដែរ” អ្នកខ្លះគិតថា អញមានប៉ុណ្ណឹងដែរ អញចែកកេរ្តិ៍ឱ្យកូនអញ ប៉ុន្តែ បើសិនជាមានអគ្គិភ័យឆេះ ឬក៏មានកលិយុគណាមួយកើតឡើង ពួកគេនឹងបាត់បង់អស់ ប៉ុន្តែ សម្រាប់ចំណេះដឹងនៅក្នុងខួរក្បាលវិញ អត់មានអ្នកណាធ្វើអីចេញទេ

បានជាខ្ញុំតែងតែដាស់តឿនជាមួយអ្នកដែលមានលទ្ធភាព ត្រូវខិតខំជំរុញឱ្យកូនរៀន។ តាមមធ្យោបាយណាក៏ដោយ គឺរៀន។ សិស្សនិសិត្សរាប់ម៉ឺនរាប់លាននាក់ កំពុងតែទទួលបាននូវការបណ្តុះបណ្តាល ដែលមុននេះសម័យកាល នៃសិស្សដើររកសាលា សម័យកាលឥឡូវនេះ សាលាដើររកសិស្សវិញម្តង។ ប្រទេសជាតិមានសន្តិភាព ផ្តល់ឱកាសឱ្យយើងអភិវឌ្ឍន៍គ្រប់ផ្នែក ដោយក្នុងនោះ ការតភ្ជាប់តាមរយៈគមនាគមន៍ (បាន)រុញសាលារៀនទៅដល់ទីជនបទ ដែលបង្កើតឱកាស សម្រាប់កុមារនៅទីជនបទ ជាពិសេស គឺកុមារី ដែលឪពុកម្តាយតែងតែមានកង្វល់ខ្លាំងជាងកូនប្រុស។ ឥឡូវ សាលាបានរុញទៅមូលដ្ឋាន ដែលយើងបានដាក់ចេញគោលយោបាយតាំងពីឆ្នាំ ២០០២ នៅសន្ទុក(សេចក្តីថ្លែងការណ៍សន្ទុក) ក្នុងខេត្តកំពង់ធំ “ឃុំមួយអនុវិទ្យាល័យមួយ” ពេលនេះយើងកំពុងនិយាយ “ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច”។

កាលពីឆ្នាំ ២០០២ (គឺ) ២០ឆ្នាំមុន យើងបានប្រកាសត្រឹមតែ “ឃុំមួយខិតខំឱ្យមានអនុវិទ្យាល័យមួយ” ប៉ុន្តែឥឡូវនេះ យើងដើរដល់ពាក្យថា “ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច” មានន័យថា ឃុំខ្លះវាធំ បើឃុំខ្លះវាធំ បង្កើតអនុវិទ្យាល័យយ៉ាងតិច ២ ទៅ ដើម្បីកាត់បន្ថយការធ្វើដំណើររបស់សិស្ស។ យើងចំណាយទៅលើការអប់រំវាធំ ប៉ុន្តែ ជាក្រឹត្យក្រម បើយើងមិនបណ្តុះបណ្តាលធនធានមនុស្សទេ គឺមានន័យថា ប្រទេសនេះមិនរីកចម្រើនទេ។

និយាយទៅថា វិស័យ(ទាក់ទងនឹង)មនុស្ស មានតែក្រសួងពីរទេ ដែលរាជរដ្ឋាភិបាលផ្តល់ឱកាសឱ្យរើសបុគ្គលិកច្រើនជាងគេ ទី(១) ក្រសួងអប់រំ។ ទី(២) ក្រសួងសុខាភិបាល ដែលពាក់ព័ន្ធជាមួយបញ្ហាមនុស្សតែម្តង។ ដំបូងសុខភាពរបស់មនុស្ស ចាប់ផ្តើមអនុវត្តន៍គោលនយោបាយតាំងពីស្ត្រីមានផ្ទៃពោះ គ្នាក្រីក្រ គ្នាជួបការលំបាក តម្រូវឱ្យមានការឧបត្ថម្ភ។ បន្ទាប់ទៅពួកគេកើតមក នៅក្បែរផ្ទះរបស់គេ នៅភូមិ/ឃុំកំណើតរបស់គេ គឺត្រូវមានសាលារៀន។ រហូតទៅដល់កន្លែងខ្លះ នៅក្បែរផ្ទះមានតាំងពីបឋម/អនុវិទ្យាល័យ/វិទ្យាល័យក៏នៅហ្នឹង។

​(៥) មុខសញ្ញាណាតាមមេក្លោងក្រៅប្រទេស មិនសងលុយធនាគារ ត្រូវរឹបអូសទ្រព្យសម្បត្តិ, ប័ណ្ណក្រីក្រប្រើសម្រាប់ដោះស្រាយបញ្ហាជូនប្រប្រជាពលរដ្ឋ, ចង់ឱ្យតម្លៃប្រេង/ធ្យូងថ្មធ្លាក់ថ្លៃ ដើម្បីទប់ទល់នឹងការខាតបង់របស់អគ្គសិនី, គួរយល់និងផ្តល់ការឧបត្ថម្ភដល់អ្នកមកធ្វើការនៅផ្ទះរបស់ខ្លួន,

និយាយអញ្ចឹងគេទិតៀនខ្ញុំទៀតហើយ។ ម្សិលម្ង៉ៃខ្ញុំនៅអង្គរ គេចោទខ្ញុំថា លោក ហ៊ុន សែន យកបណ្ណក្រីក្រធ្វើការឃោសនាបោះឆ្នោតមុនកាលកំណត់។ ខ្ញុំសុំបញ្ជាក់ទៅវិញថា ក្នុងឋានខ្ញុំជានាយករដ្ឋមន្ត្រី ដែលដាក់ចេញបទបញ្ជានិងអនុវត្តន៍គោលនយោបាយនៃការដាក់ប័ណ្ណក្រីក្រ ខ្ញុំមានសិទ្ធិនិយាយ។ អ្នកឯងរាល់ថ្ងៃដើរខ្សឹប/និយាយ (ចំណែក)ខ្ញុំនិយាយដាក់ក្បាលមេក្រូ។ (អ្នក)ខ្លះទៅសន្យាថា ពេលដែល(គេ)ឈ្នះធ្វើមេឃុំ កុំសងធនាគារ។ ហ្នឹងជាមុខសញ្ញាដែលធនាគារត្រូវរឹប(អូស)។ ចាំមើលៗអាណាមេខ្យល់ខ្លួនឯងទៅខ្ចីលុយគេមកទិញម៉ូតូជិះ ឬក៏ទៅលេងល្បែងនោះអស់លុយ រួចហើយទៅឃោសនាថា បើ(គេ)ឈ្នះឆ្នោត កុំសងលុយធនាគារ។ ពួកខាងធនាគារគេលួចខ្សឹប(ប្រាប់)យើងថា ពួកអាហ្នឹង គឺជាមុខសញ្ញាដែលមិនសងធនាគារ។ គេសុំរឹបអូស។ ថាទេ! អស់លោកធ្វើម៉េចធ្វើទៅ

ខ្ញុំបាននិយាយកាលពីកូវីដ-១៩ ខ្ញុំបាននិយាយពេលហ្នឹង ដូចជានៅកន្លែង លី យ៉ុងផាត់ (ពេល)ទៅសម្ពោធកន្លែងសួនសត្វ។ ពេលដែលកូវីដ-១៩ មកដល់ ខ្ញុំនេះហើយជាអ្នកអំពាវនាវឱ្យធនាគារ ឬមីក្រូហិរញ្ញវត្ថុ ផ្តល់ការយោគយល់ ចំពោះអ្នកជំពាក់ប្រាក់ ដោយសុំកុំធ្វើការរឹបអូសនៅក្នុងពេលហ្នឹង ហើយផ្តល់ការយោគយល់រៀបឥណទានសាជាថ្មី ឧទាហរណ៍ថា អ្វីដែលយើងយកទៅបញ្ចាំ ហើយដែលខ្ចីប្រាក់មកនោះបានត្រឹមតែ ៥០ លានរៀនទេ។ ការរៀបចំឥណទានសាជាថ្មី អ្វីដែលយើងយកទៅបញ្ចាំបាន ៥០ លានរៀល អាចបង្កើនដល់ទៅ ៧០ លានរៀល ដើម្បីយកអា ២០ លានរៀលទៀត យកមកសង្គ្រោះមុខរបរ។ យើងកំពុងតែអំពាវនាវអាហ្នឹង ស្រាប់តែមានចលនា គេហៅថា ក្រុមឧទ្ទាមពីខាងក្រៅ ថាកុំសងប្រាក់។ អញ្ចឹង ប្រកាសតែម្តង មើលមុខអ្នកណាដែលចេញពីអាហ្នឹង សុំលើកទឹកចិត្តឱ្យរឹបអូសតែម្តង។ ចេះស្ងាត់ដែលតើ! បើដឹងថាអ្នកឯងតាមមេក្លោងរបស់អ្នកឯងញុះញុង ខ្ញុំលើកទឹកចិត្តឱ្យរឹបអូស។

នៅលើពិភពលោកឥឡូវកំពុងដំឡើងអត្រាការប្រាក់ ធនាគារកណ្តាលនៅតាមបណ្តាប្រទេសទាំង អស់រាប់ទាំងអាមេរិក/អឺរ៉ុប ដំឡើងការប្រាក់ទាំងអស់។ ក្នុងពេលដែលកម្ពុជាកំពុងអង្វរករពួកធនាគារ និងហិរញ្ញវត្ថុ ឱ្យកាត់បន្ថយអត្រាការប្រាក់ទៅវិញ … ជើងខ្លាំងដែលធ្លាប់ដើរឃោសនាបញ្ហាកុំសងធនាគារ ជាមុខសញ្ញាត្រូវរឹបអូស។ ដាក់ឱ្យរាងចាល។ ទៅខ្ចីលុយគេ រួចហើយមិនចង់សងគេ អីក៏ខូចម្ល៉េះ? អាខូចហ្នឹងដែលយើងត្រូវធ្វើវា។ តាំងពីខ្ញុំប្រកាសអញ្ចឹងមក(ដូច)ស្ងាត់។ វាដើរចលនាថា កុំសងលុយ បើកុំសងលុយ ខ្ញុំប្រកាសតែម្តងថា មុខសញ្ញាណាដែលតាមមេក្លោងមកពីខាងក្រៅប្រទេស ដែលមិនឱ្យសងលុយ រឹប(អូសព្រព្យសម្បត្តិ)អាហ្នឹងមុនទៅ។ មានអីស្ងាត់ទៅ។ ឥឡូវ ជិតដល់ទៀតហើយ គេអាចនឹងដល់ឈានទៅរឹបបំណុលមួយចំនួន ហើយដើរឃោសនាទៀតទៅ។ រឹប(អូស)អាហ្នឹងមុនទៅ មានតាំងអយ្យការ/ព្រះរាជអាជ្ញា/នគរបាល ទៅរឹប(អូស)យក(ទ្រព្យ)អាហ្នឹងមុនទៅ។ កុំលេងខូចពេកមើល។ អាហ្នឹងនិយាយគ្នាឱ្យច្បាស់។ (នេះ)ជាសារនយោបាយមួយ។

ឯប័ណ្ណក្រីក្រ ខ្ញុំប្រើសម្រាប់ដោះស្រាយបញ្ហាប្រជាពលរដ្ឋរបស់យើង។ ២ ឆ្នាំ កន្លងមកនេះ ឥឡូវ (និយាយបាន)ថាជុំទី ១០ ហើយ ប័ណ្ណក្រីក្រនេះ។ ពីមុនប្រាក់វាមិនច្រើនប៉ុន្មានទេ ប៉ុន្តែ នៅពេលកូវីដ-១៩ មកដល់ យើងក៏រុញប្រាក់ហ្នឹងទៅតាមរយៈប័ណ្ណក្រីក្រ ដែលមានស្រាប់។ ឥឡូវ ខ្ញុំផ្តល់ឱ្យទាំងអស់ (សម្រាប់)ប្រជាពលរដ្ឋដែលចាកចេញពី(តំបន់)អង្គរ។ តែក៏ផ្តាំផ្ញើរ(ផងដែរ) ខ្ញុំទើបនឹងបានទទួល ព្រោះខ្ញុំមានទូរស័ព្ទច្រើន យប់មិញខ្ញុំបើកមើលទូរស័ព្ទមួយ ដែលខ្ញុំមិនបានប្រើប្រាស់វាតាំងពីខ្ញុំចេញទៅក្រៅប្រទេស … ខ្ញុំនិយាយពីបញ្ហាអ្នកនៅ(តំបន់)អង្គរបន្តិច។ អ្នកមានសាច់ញាតិនៅតំបន់អង្គរ បានវាយ(សារ)មកប្រាប់ខ្ញុំ តាំងពីមុនពេលខ្ញុំទៅសៀមរាបឯណោះ បើតាមមើល អត់មានដាក់ថ្ងៃខែក្នុងហ្នឹងទេ ព្រោះនៅក្នុង iPhone 14។ បើកមើលយប់មិញ ឃើញសារមួយចំនួននៅក្នុងហ្នឹង។

អញ្ចឹង លើកទី ១ ថា កុំប្រគល់ ក្រែងលោគេឃោសនាថា រដ្ឋបាលនឹងយកដីទៅលក់ឱ្យឯកជន។ លើកទី ២ បន្តទៅទៀត គេថា សុំទុកសិន ដើម្បីតថ្លៃឱ្យបានដីធំជាងហ្នឹង (និង)សំណងច្រើនជាងហ្នឹង។ ខ្ញុំសូមជម្រាបជូន ពេលនេះជាពេលដែលរាជរដ្ឋាភិបាលធ្វើការថ្នាក់ថ្នម អង្វរករបងប្អូនឱ្យចាកចេញ។ ខ្ញុំទៅជួបផ្ទាល់ជិត ៤ ពាន់គ្រួសារ បើបូកពីអ្នកចេញពីសៀមរាបផង (គឺ)ជិត ៤ ពាន់គ្រួសារ។ ប៉ុន្តែនៅពេលវេលាមកដល់ មួយសេនក៏អត់ឱ្យ ហើយបញ្ជូនចេញពីតំបន់ហ្នឹងតែម្តង។ នេះជាពេលវេលា ដែលរាជរដ្ឋាភិបាលកំពុងថ្នាក់ថ្នម ធ្វើហេដ្ឋារចនាសម្ព័ន្ធជូន។ តែដល់ពេលវេលាមួយហើយ មិនសុខចិត្តឱ្យប្រាសាទអង្គរវត្ត(ត្រូវ)គេដកចេញពីបេតិកភណ្ឌពិភពលោកទេ។ ច្បាស់ជាដកគ្រួសារនោះចេញហើយ។

កុំឃើញនាយករដ្ឋមន្ត្រីទៅនិយាយ ហើយគិតថា ថ្ងៃក្រោយនឹងអាចតថ្លៃតម្លៃបានច្រើនជាងហ្នឹង (និងបាន)ដីធំជាងហ្នឹង។ អត់ទេ។ ដីអ្នកទាំងអស់គ្នាអត់មានកម្មសិទ្ធិ ផ្តាំពីនេះទៅឱ្យច្បាស់ តែដល់ពេលណាមួយគេចេញមកហើយ (គឺ)ត្រូវធ្វើហើយ។ សម្ពោធពីអង្គការយូណេស្កូ ដែលទាក់ទងជាមួយនឹងការការពាររមណីយដ្ឋានអង្គរ ត្រូវ(តែ)ធ្វើហើយ គឺថាអត់ទេ។ សុំអញ្ជើញចេញដោយមិនចាំបាច់ទទួលសំណងអីទេ ព្រោះសងមុនអត់ព្រមយក។ តែយើងមិនចង់ដើរដល់នឹងទេ យើងធ្វើតាមដំណាក់ៗ ហើយកុំចាញ់បោកបក្សនយោបាយណាថា(គេ)ធានា។ (ខ្ញុំ)អត់ធានាទេ។ សួរថា អ្នកឯងនៅមុនឆ្នាំ ១៩៧៩ ទេ អត់ទេ នៅក្រោយទាំងអស់ ហើយអ្នកណាមានសិទ្ធិទៅឱ្យកម្មសិទ្ធិនៅក្នុងតំបន់នោះ? … សូមកុំមកនិយាយថា ខ្ញុំប្រើប្រាស់ប័ណ្ណក្រីក្រ ធ្វើជាមធ្យោបាយឃោសនាបោះឆ្នោតមុនកាលកំណត់។ អត់ទេ។ ខ្ញុំមានសិទ្ធិនឹងនិយាយ ខ្ញុំកំពុងតែឱ្យពិនិត្យមើលបន្តទៅទៀត អាចនឹងបន្ថែមសៀវភៅក្រីក្រជូនពលរដ្ឋមួយចំនួន ដោយសារតែវិបត្តិកូវីដ-១៩ ផង និងវិបត្តិសេដ្ឋកិច្ចសកលជិតមកដល់(ផង)

វាជាភ័ព្វសំណាងមួយ ដែលតម្លៃប្រេងនៅពេលនេះ គឺវាចុះនៅក្រោម ៩០/បារ៉ែល។ ម្សិលមិញចុះដល់ទៅ ៨៥/បារ៉ែល។ ថ្ងៃនេះឡើងដល់ ៨៧,២៧/បារ៉ែល។ (វា)ឡើងចុះៗ ប៉ុន្តែ សុំកុំឱ្យវាឡើងជាង ១០០/បារ៉ែល។ យើងចង់ឱ្យថ្លៃប្រេង/ធ្យូងថ្មវាធ្លាក់ចុះ ដើម្បីអគ្គិសនីរបស់យើងទប់ទល់នឹងការខាតបង់។ យើងអត់ផលិតអគ្គិសនីដើរដោយប្រេងឥន្ទនៈទេ ប៉ុន្តែយើងផលិតអគ្គិសនីដើរដោយធ្យូងថ្ម។ ដល់ប្រេងឡើងថ្លៃ ធ្យូងថ្ម(ក៏)ឡើងថ្លៃដែរ។ សំណាងល្អឆ្នាំនេះ វារីអគ្គិសនីរបស់យើង ដែលគ្របដណ្តប់ចំនួនដ៏ធំនៃការប្រើប្រាស់។ ខ្ញុំមើល(របាយការណ៍)របស់ឯកឧត្តម ស៊ុយ សែម … វារីអគ្គិសនីក្នុងស្រុកយើងប្រើ ៧២,៦១% យើងក៏នាំចូលវារីអគ្គិសនី ១៧% ផងដែរ។ ជីវម៉ាស់ ចំនួន ០,០៤% ​ពន្លឺព្រះអាទិត្យយើងប្រើ ៣,៥៣%។

ជាភ័ព្វសំណាងដែរ ដែលឆ្នាំនេះភ្លៀងច្រើន។ នាយករដ្ឋមន្ត្រីត្រូវតាមដានអាហ្នឹង មិនមែនធ្វើនាយករដ្ឋមន្ត្រីហើយ នាំគ្នាគិតថាអញធំហើយ មិនបាច់មើលអាហ្នឹង។ អត់ទេ។ ត្រូវមើលឱ្យច្បាស់។ តម្លៃទំនិញឡើងចុះអីយ៉ាងម៉េចៗក៏ត្រូវតែដឹង​ បើក្តាប់អាហ្នឹងមិនបាន ធ្វើនាយករដ្ឋមន្ត្រីខ្មោចអី? ចាក់វ៉ាក់សាំងបានប៉ុន្មាន/ថ្ងៃ។ កូវីដ-១៩ ឆ្លងប៉ុន្មាន/ថ្ងៃ។ (ទាំងនេះ)ជាកិច្ចការដែលយើងត្រូវធ្វើ។ រដ្ឋមន្ត្រីត្រូវរាយការណ៍ឱ្យនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីត្រូវតែហត់បន្តិចហើយ។ ត្រូវមើលច្រើនក្រសួង។ រដ្ឋមន្ត្រីខ្លះគាត់ថា ខ្ញុំរវល់ណាស់ ស្រុកខ្មែរអត់មានអ្នកណារវល់ជាង ហ៊ុន សែន ទៀតទេ។ កុំរអ៊ូ រឿងរវល់។ ថារវល់ណាស់ ត្រូវទទួលស្គាល់ថារវល់។ ប៉ុន្តែ រវល់ជាងគេមេផ្ទះ។

បានជាខ្ញុំចេះតែនិយាយ ខ្ញុំថា អ្នកដែលមានអ្នកធ្វើការនៅតាមផ្ទះ។ គួរតែត្រូវយោគយល់ផង។ និយាយរួម អ្នក(ទៅធ្វើជា)មេដោះក្តី អ្នកទៅធ្វើម្ហូប(ក្តី) ធ្វើអីនៅផ្ទះខ្ញុំៗតែងផ្តល់ឱកាស ហើយផ្តល់ការឧបត្ថម្ភ កុំឱ្យពេលដែលលើកបាយទទួលទាន នឹកឃើញឪពុកម្តាយ ឬនឹកឃើញដល់ក្រុមគ្រួសារ ដែលកំពុងពិបាក។ អញ្ចឹង យើងត្រូវការពារអ្នកទាំងនេះ ហើយយើងកុំដំអក់ (អ្នក)ខ្លះស៊ីបាយម៉ោង ១០ យប់ អត់ទាន់ចប់ទេ អត់គិតស្មានថាអ្នកដែលគ្នាត្រូវចាំលើកចាននេះគ្នាហត់នឿយប៉ុណ្ណា? អាហ្នឹងខ្ញុំនិយាយអញ្ចឹងទៅចុះ ដូចថាជាបទពិសោធន៍ក្នុងការរស់នៅក្នុងគ្រួសារមួយ។ បើថ្ងៃណាចំថ្ងៃបុណ្យ ខ្ញុំជាមួយគ្រួសារខ្ញុំ តែងតែបាយពីល្ងាចបន្តិច ដើម្បីឱ្យក្មេងៗគ្នាដើរលេង … អ្នកខ្លះស៊ីបាយនៅអង្កៀមទំពាំអៀងនៅហ្នឹង។ ម៉ោង ១០ យប់ អត់ទាន់ឈប់ទេ។

អត់គិតថា ទី(១) អ្នកបំរើនៅក្នុងផ្ទះយើងគ្នារង់ចាំលើកចាន/ឆ្នាំងទៅលាង។ ទម្រាំបានដេកម៉ោងជិត ១២ ហើយ(អធ្រាត្រ)។ ព្រលឹមឡើងម៉ោងមិនទាន់ ៥ (ស្រួល)ទេ គ្នាក្រោក ដើម្បីដាំស្អីៗឱ្យយើង។ គ្នាហត់។ ជាទម្លាប់ ខ្ញុំមិនឱ្យអ្នកដែលនៅជាមួយខ្ញុំដេក(នៅ)ដំបូលផ្សេងទេ គឺដេកក្នុងផ្ទះតែមួយ។ អ្នកដែលទៅនៅផ្ទះជាមួយខ្ញុំ នៅមិនបាន ដូចជាមិនទាន់មានទេ។ (ខ្លះ)មានប្តី/ប្រពន្ធហើយ ក៏វាត្រូវតែទៅនៅតទៅទៀត តែរកផ្ទះឱ្យវានៅផ្សេង។ វាមិនមែនជាមេរៀនទេ គ្រាន់តែថាពិសោធន៍មួយនៅក្នុងគ្រួសារ។ ហើយក្មេងដែលរៀនបានគួរសម បញ្ជូនទៅបណ្តុះបណ្តាលនៅសាកលវិទ្យាល័យឱ្យមានចំណេះដឹង។

(៦) រកវិធីបង្កើនចំនួនគ្រួសារដែលមានផលប៉ះពាល់ចេញពីកូវីដ-១៩ និងពីអតិផរណា ដើម្បីទទួលបានរបបគាំពារសង្គម, ពេលប្រកាសអនុវត្តនយោបាយគាំពារសង្គម ត្រូវចាប់អនុវត្តពីស្ត្រីមានផ្ទៃពោះមុនគេ,

អម្បាញ់មិញខ្ញុំបាននិយាយទៅ(ដល់)បញ្ហាអ្នកសៀមរាប។ រឿងនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវដោះលើកនេះ (គឺ)ដោះបញ្ចប់។ អត់មានបក់ផ្សែងទេ។ បងប្អូនដែលមិនទាន់ចាប់ឆ្នោត ថារង់ចាំដល់តថ្លៃឱ្យបានខ្ពស់ សូមកុំ(ធ្វើអញ្ចឹង)ឱ្យសោះ នៅពេលណាមួយឱសានវាទនឹងដាក់ចេញ បន្ទាប់ពីហ្នឹងទៅ ត្រូវធ្វើហើយ។ សូមផ្តាំទៅក្រុមដែលថា កុំសងធនាគារ ឬកុំសងមីក្រូហិរញ្ញវត្ថុ គឺជាមុខសញ្ញា នៃការរឹបអូស(ទ្រព្យសម្បត្តិ)។ ខ្ញុំលើកទឹកឱ្យរឹបអូស ព្រោះអាហ្នឹងតាម(មេ)បក្ស(បញ្ជា)។ អ្នកឯងទៅខ្ចីលុយគេមានកុងត្រា។ ឥឡូវអ្នកឯងចង់ធ្វើបដិវត្តន៍តាំងពី(ពេល)ហ្នឹង។ និយាយគ្នាត្រង់ៗ។ លើកមុនខ្ញុំព្រមានម្តងហើយ ស្ងាត់(ទៅ)។ លើកនេះគេដើរខ្សឹប ហើយមុខសញ្ញាដើរខ្សឹបគេដឹងមុខតើ។ ជំពាក់គេប្រញាប់រកលុយសង ប្រយ័ត្នគេរឹបអូស(ទ្រព្យសម្បត្តិ) ហើយ(គេ)រឹបអូស(ទ្រព្យសម្បត្តិ) តាំងមកថាអយុត្តិធម៌ (មក)រឹបអូសផ្ទះ។ ចុះអ្ហែងខ្ចីលុយគេទៅ អ្ហែងគិតម៉េចដែរ? និយាយគ្នាឱ្យច្បាស់។

គេថា លោក ហ៊ុន សែន យកសៀវភៅក្រីក្រធ្វើជាមធ្យោបាយឃោសនា។ ខ្ញុំកំពុងតែរៀបចំប្រាប់ទៅ អូន ព័ន្ធមុនីរ័ត្ន ឱ្យរកវិធីបង្កើនចំនួនគ្រួសារមួយចំនួន ដែលមានផលប៉ះពាល់ចេញពីកូវីដ-១៩ ផង (និង)ផលប៉ះពាល់ចេញពីអតិផរណាផង។ បន្ថែម(ចំនួន)គ្រួសារថែមទៀត។ (ថែម)ពីរបីម៉ឺន(គ្រួសារ) ឬបួនប្រាំម៉ឺនគ្រួសារទៀត។ ឥឡូវ យើងចិញ្ចឹមមួយខែជិត ៤០ លាន។ អត់អីទេ។ បន្តទៀត។ អ្នកណាថារដ្ឋាភិបាល ហ៊ុន សែន អត់លុយ(ក៏ថាទៅ) អ្នកឯង(ជា)អ្នកថាទេតើ តែប្រជាពលរដ្ឋទទួលលុយពិតប្រាកដតើ! ធ្វើប័ណ្ណធ្វើ(អី)ឱ្យគាត់រួចហើយ។ គាត់ទៅបើកយកពីធនាគារទៅ។ ឯអ្នកមានផ្ទៃពោះទៅពិនិត្យ(ពោះ) រួចហើយគេឱ្យលុយ។ ដល់(ពេល)ឆ្លងទន្លេ គេឱ្យលុយទៀត។ ដល់ឆ្លងទន្លេរួចហើយ គេឱ្យ ១០ ដងទៀត ទាល់តែកូនអាយុ ២ ឆ្នាំ។

ហ្នឹងជាកម្មវិធីដែលរាជរដ្ឋាភិបាលកំពុងធ្វើ ម៉េចបានរាជរដ្ឋាភិបាល/នាយករដ្ឋមន្ត្រីមិនអាចនិយាយបាន? ខ្ញុំបញ្ជាក់ថា ខ្ញុំនឹងបន្តធ្វើអាហ្នឹង។ (កាលពីឆ្នាំ) ២០១៥ ឬ ២០១៦ ពេលដាក់(ចេញនូវ)នយោបាយគាំពារសង្គមប្រឹប ខ្ញុំចង្អុលប្រាប់បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថា ត្រូវចាប់យកស្ត្រីមានផ្ទៃពោះមុនគេ ព្រោះអី? ក្នុងជីវិតអ្នកក្រីក្រ វាលំបាកណាស់ តែមានផ្ទៃពោះប្រឹប គឺត្រូវការអាហារូបត្ថម្ភ។ យើងមិនអាចអនុវត្តន៍ទូទាំងប្រទេសបានទេ ដូចជាអ្នកដែលមានលុយរៀនអញ្ចឹង។ ចាំបាច់ទៅសុំអាហ្នឹងមកធ្វើអី ព្រោះលុយហ្នឹងតិចតួចទេ ប៉ុន្តែ សម្រាប់អ្នកក្រីក្រ លុយហ្នឹងវាធំគ្រាន់បើ។ បើយើងគិតពីការដែលយើងចាប់ផ្តើមមានផ្ទៃពោះ រហូតទៅដល់កូនអាយុ ២ ឆ្នាំ យើងឧបត្ថម្ភជិត ២០០ ដុល្លារដែរ សម្រាប់កូនមួយ។ អញ្ចឹង គ្រាន់បើជាងអត់ (ហើយ)វាក៏ផ្តល់នូវអាហារូបត្ថម្ភសម្រាប់កុមារ។

ឥឡូវ អ្នកឯងកាន់តែនិយាយ ខ្ញុំកាន់តែនិយាយអាហ្នឹងតែម្តង ព្រោះពួកអ្នកឯងភូត (ថាឱ្យ)ចាស់ៗប្រាក់ខែ ៤ ម៉ឺនរៀល/ខែ។ ខ្ញុំមិនមែនគិតត្រឹមតែមនុស្សចាស់ទេ បានតែចាស់ ចុះក្មេងនៅក្នុងផ្ទះយ៉ាងម៉េច? ខ្ញុំគិតមួយកញ្ចប់។ អ្នកក្រីក្រឥឡូវជិត ៧០ ម៉ឺនគ្រួសារ ឥឡូវ ខ្ញុំបន្ថែម ១០ ម៉ឺនគ្រួសារទៀត ក៏វាអត់ទាស់ខុសអីដែរ។ ក្នុងចំណោមហ្នឹង អ្នកក្រីក្រមិនមែនបានតែមនុស្សចាស់ទេ កូនក្មេងក៏វាបាន ឪពុកម្តាយក៏នៅបាន។ អញ្ចឹង បើបានតែជីដូន/តា(របស់វា)ឱ្យវាធ្វើម៉េច? វាមិនដណ្តើមស៊ី? អញ្ចឹង មួយគ្រួសារឱ្យទាំងអស់។ បានអាហ្នឹងគេយកទៅឡើងប៉ុស្តិ៍ទៀតហើយ អូខេបាន ឡើងទៅចុះ។ ហើយខ្ញុំក៏ស្តាប់/មើលបន្តិចបន្តួចអញ្ចឹងទៅ។

អ្នកឯងមានសិទ្ធិនិយាយ ចុះយ៉ាងម៉េចបិទសិទ្ធិខ្ញុំមិនឱ្យនិយាយ? ជាការពិត នយោបាយនេះ ជានយោបាយ(របស់)គណបក្សប្រជាជនដឹកនាំ(រាជ)រដ្ឋាភិបាលកំពុងធ្វើទេតើ រឿងអីដែលយើងមិនអាចនិយាយបាន។ គេនៅខាងក្រៅកំពុងតាម(ស្តាប់យើងនិយាយ) ហើយគេ Note ប៉ុន្តែ បើ Note ទុកឱ្យវាត្រូវខ្ញុំមិនថាទេ តែវា Note ខុសទៅទៀត រួចតាំងខ្លួនសុទ្ធតែបណ្ឌិត ប៉ុន្តែ Note វាមិនត្រូវ។ យើងនិយាយពីគោ វាទៅនិយាយពីក្របី (ដូច្នេះ) រឿងហ្នឹងគេហៅថា ការចាញ់ជាអមត ដោយសារអី? ដោយសារវាយតម្លៃវាអត់ត្រូវ។ វិភាគមកវាខុសឆ្ងាយពេក។ ឥឡូវនេះ កំពុងបន្តផ្ទាល់ពេញទឹក/ដី។ ដោយសារតែការផ្សាយបន្តផ្ទាល់ហ្នឹងហើយ បានពួកហ្នឹងមើលរាល់ថ្ងៃ។

ខ្ញុំក៏មិនភ្លេចអបអរសាទរជាមួយនឹងមាតាបិតា អាណាព្យាបាល ឬភរិយា/ស្វាមី ដែលបានលើកទឹកចិត្តឱ្យនិស្សិតរបស់យើងមកបន្តការរៀនសូត្រ។ គ្រាន់តែសាលាមួយនេះដោះស្រាយការងារធ្វើ សម្រាប់មនុស្សរហូត ទៅដល់មនុស្ស ៩៧១ នាក់ មិនមែនតិចតួចទេ (នេះ)ជាចំនួនមួយដ៏ច្រើន ហើយនៅមានគ្រឹះស្ថានឧត្តមសិក្សាដទៃទៀត ដែលមុននេះ នៅឆ្នាំ ១៩៧៩ យើងសល់បញ្ញាវ័ន្ត ដែលមានថ្នាក់បរិញ្ញាបត្រប៉ុន្មាននាក់ទៅ? បើវេជ្ជ បណ្ឌិតវិញបង ម៉ម ប៊ុនហេង ចាំទេ វេជ្ជបណ្ឌិតយើងសល់ប៉ុន្មាននាក់កាលពីឆ្នាំ ១៩៧៩? សល់ ៣០ នាក់។ ឥឡូវ យើងមានវេជ្ជបណ្ឌិតជាង ២ ០០០ នាក់។ យើងប្រឹងបណ្តុះ(បណ្តាលខ្លាំងណាស់ ទម្រាំបានប៉ុណ្ណេះ)។

(៧) ពិភពលោកកំពុងឈានជើងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំផ្តើមចេញពីអាមរិក/អឺរ៉ុប, ម្ខាងបន្តខិតខំរក្សាស្ថិរភាពនយោបាយ និងម្ខាងទៀតត្រូវរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចតម្លៃប្រាក់នៅតាមប្រទេសនីមួយៗមានការចុះថ្លៃ/រឿងខ្លះត្រូវធ្វើការបកស្រាយ ដើម្បីកុំឱ្យពលរដ្ឋយល់ខុស, ចង់បានក្រុមហ៊ុន តូយ៉ូតា មកផលិតរថយន្តនៅកម្ពុជាយូរមកហើយ

បញ្ហាដែលខ្ញុំចង់និយាយបន្ថែម ពិភពលោកបានឈានដល់ដំណាក់កាលមួយថ្មី ដែលមានការទស្សន៍ទាយ/វាយតម្លៃជាច្រើនពីអ្នកសេដ្ឋកិច្ចសកលថា ពិភពលោកកំពុងឈានជើងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំ ដែលផ្តើមចេញពីអាមរិក/អឺរ៉ុប ឥឡូនេះ វាពិតណាស់ថា វាផ្តើមចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តែវាមិនមែនជាមូលហេតុតែមួយគត់ទេ មូលហេតុដែលនាំឱ្យសេដ្ឋកិច្ចជួបការលំបាក គឺ(ការដាក់)ទណ្ឌកម្មទៅវិញទេ។ ដាក់ទណ្ឌកម្មចុះឡើងៗ អាទណ្ឌកម្មវាត្រូវទាំងរុស្ស៊ីផង វាត្រូវទាំងអឺរ៉ុបខ្លួនឯង វាត្រូវទាំងយើងអត់ដឹងអីផង។ នេះជាចំណុច ដែលយើងគិតថា ត្រូវទប់ទល់សភាពការណ៍នេះ​ (ដែល)វានឹងមកដល់។ សញ្ញាបានបង្ហាញដូចកាលពីឆ្នាំ ២០០៨-០៩ អញ្ចឹង ពេលនោះវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកល យើងត្រូវបិទរោងចក្រមួយចំនួន ដោយសារតែប្រាក់ចំណូលពលរដ្ឋនៅអឺរ៉ុបធ្លាក់ចុះ។ ពីដើមធ្លាប់ទិញខោអាវ ៣ កំប្លេរ/ឆ្នាំ តែក្រោយមកគេទិញខោអាវ ១ កំប្លេរ/ឆ្នាំ។ ដូច្នេះ ធ្វើឱ្យការបញ្ជាទិញចេញពីប្រទេសរបស់យើង ដែលមួយផ្នែកពឹងទៅលើការនាំចេញសម្លៀកបំពាក់ ក៏ត្រូវកាត់បន្ថយការផលិត។ សង្ឃឹមថា ពិភពលោកនឹងរកការស្រុះស្រួលមួយ ដែលអាចបញ្ចៀសនូវវិបត្តិសេដ្ឋកិច្ចសកល ដែលវាអាចកើត ទោះបីថាកើតនៅអាមេរិក/អឺរ៉ុប ក៏ប៉ុន្តែ វាជះឥទ្ធិពលមកដល់យើងភ្លាមតែម្តង។

ឥឡូវនេះ អ្វីដែលយើងត្រូវខិតខំ បន្ត ម្ខាងគឺរក្សាស្ថិរភាពខាងនយោបាយ ឯម្ខាងទៀតត្រូវរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ អញ្ចឹង បានជារឿងអគ្គិសនីនេះមួយ គឺអត់ទេ សុខចិត្តថារដ្ឋជួយបំពេញ(ខាត)។ នៅអឺរ៉ុបឥឡូវនេះ យកវិធានការជាច្រើន ដើម្បីមកបំពេញខាតឱ្យតម្លៃអគ្គិសនី អ្នកខ្លះទៅទិញឧស/ធ្យូងថ្មមកត្រៀមទុក។ អឺរ៉ុបបន្តិចទៀតនឹងកាប់ឧសដុតដូចយើងអញ្ចឹង ប៉ុន្តែ អឺរ៉ុបកាប់ឧសខុសពីយើង។ ប្រជាជនយើងកាប់ឧសគ្រាន់តែចម្អិនអាហារទេ តែអឺរ៉ុបកាប់ឧសចម្អិនអាហារផង និងធ្វើជាកំដៅ(ក្នុងផ្ទះផង)។ រឿងនៅអឺរ៉ុបវាកើតនៅអឺរ៉ុប តែវានឹងជះឥទ្ធិពលទូទៅ ព្រោះទាំងអាមេរិក/អឺរ៉ុប សុទ្ធតែជាទីផ្សារធំ។ ពួកអាស៊ីមិនខ្វល់ខ្វាយពេកជាមួយនឹងបញ្ហាតម្លៃស្បៀងទេ វិបត្តិធំនៅលើពិភពលោកនឹងកើតមាន(ពាក់ព័ន្ធ)នឹងថាមពល/ស្បៀង។ ប៉ុន្តែ​ ពួកអាស៊ី ជាពិសេស ក្នុងចំណោមអាស៊ានរបស់យើង មិនជា(ជួបវិបត្តិនេះ)ធ្ងន់ធ្ងរហួសទេ ដោយសារសុទ្ធតែជាប្រទេសផលិតស្បៀង។ ប៉ុន្តែ ចង់ឬមិនចង់ បើទោះបីយើងមានស្បៀងក៏ដោយ ក៏មានជះឥទ្ធិពល(ខ្លះដែរ)។

តម្លៃប្រាក់តាមប្រទេសនីមួយៗចុះថ្លៃទាំងអស់ រាប់ទាំង(ប្រាក់)អឺរូរបស់អឺរ៉ុប ដែលមុននេះធ្លាប់តែថ្លៃជាង(ប្រាក់) ដុល្លារ (បន្ទាប់មក)វាចុះមកស្មើគ្នា ឥឡូវ ចុះមកទាបជាង(ប្រាក់)ដុល្លារទៅហើយ។ យើងក៏មានការធ្លាក់ថ្លៃក្នុងចំណែកមួយ ដែលយើងកំណត់គោល គឺ ៤ ០៧០ (រៀល/ដុល្លារ) ឥឡូវ ៤ ១០០ (រៀល)ជាង/ដុល្លារ។ ប្រទេសថៃដូចជា ៣៨ បាត/ដុល្លារ ដែលចុះរហូតដល់ ៨ បាត។ អញ្ចឹង វាជះឥទ្ធិលវិលវល់នៅកន្លែងហ្នឹង។

ខ្ញុំចាប់ផ្តើមមើលម៉ោងពេលដែលខ្ញុំនិយាយ គឺម៉ោង ៧:៣០​នាទី ឥឡូវ ម៉ោង ៨:៥០ នាទី អញ្ចឹង វាក៏ល្មមដែរហើយ តែឱ្យនិយាយ គឺនិយាយហើយ។ អ្នកខ្លះគេថា លោក ហ៊ុន សែន ឱ្យតែបានក្បាលមេក្រូ ទេ! ហ៊ុន សែន និយាយមិនបានហើយ តើអ្នកណានិយាយបានទៀត? និយាយឱ្យច្បាស់តែម្តងអញ្ចឹងទៅចុះ។ ឱ្យក្បាលមេក្រូគ្នានិយាយ តែមិនឱ្យគ្នានិយាយ។ (នេះ)គេហៅថា ភាពអគតិ បើទោះជាស្អីក៏ដោយ។ បើវាស្រឡាញ់ឯង​ វាហៅឯងសុទ្ធតែផ្កាយព្រឹក … ពេលវានៅជាមួយឯង វាសរសើរឯងគ្រប់។ ពេលវាចេញពីឯងទៅ វាជេរឯងគ្រប់។ ហ្នឹងគេហៅថាភាពពាល ឬភាពជ្រុល(និយម)។ អ្នកខ្លះមិនវាយត្រឹម ហ៊ុន សែន ទេ (មក)វាយដល់ពូជអម្បូរ ហ៊ុន សែន។ អើ! ល្អតើ អ្នកឯងកំពុងដាក់ចេញយុទ្ធសាស្ត្រខុស។ យើងគ្រាន់តែប្រើសិទ្ធិបកស្រាយទេ … បើយើងមិនបកស្រយទេ ប្រជាពលរដ្ឋអាចយល់ខុស។ ដល់ទៅយើងបកស្រាយ វាថាយើងតមាត់ជាមួយវា។ វាបានចិត្ត វាឡើងថ្លៃ (ព្រោះ)បាននាយករដ្ឋមន្ត្រីតមាត់។

ថ្ងៃមុនខ្ញុំជួបនាយករដ្ឋមន្ត្រីជប៉ុន។ ចប់តែម្តង។ នាងនោះគាត់និយាយសម្លេងតិចផង(និង)គាត់ពាក់ម៉ាស់ផង។ ដល់អញ្ចឹងយើងមិនដឹងធ្វើម៉េច ខំផ្ទៀងត្រចៀកស្តាប់គឺថាវេទនាចង់ស្លាប់។ ដល់ឱ្យពួកនេះធ្វើភ្លាមៗ អម្បាញ់​មិញ​នេះ(នាយករដ្ឋមន្ត្រីជប៉ុន)គាត់លើកស្អីខ្លះ ក្រែងយើងឆ្លើយតបមិនអស់ (គេថា)គាត់(ស្នើ)បង្កើតក្រុមហ៊ុន តូយ៉ូតា មកផលិតរថយន្តនៅកម្ពុជា សុំឱ្យឯកឧត្តមគាំទ្រផង។ យើងអត់បានឆ្លើយអាចំណុចសំខាន់ហ្នឹង។ ចំ​ណុចនេះ យើងចង់បានយូរមកហើយ (គឺធ្វើ)នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរបស់ឧកញ៉ា គិត ម៉េង គ្រប់គ្រងឥឡូវ។ យើងចង់បានអាហ្នឹង តែយើងអត់បានឆ្លើយជាមួយគាត់។ សុំឱ្យគាំទ្រអ្នកវិនិយោគជប៉ុន ក្នុងហ្នឹងមានការ(បង្កើតរោងចក្រផលិត)​រថយន្ត តូយ៉ូតា។ តែពាក់ម៉ាស់និយាយ គឺខ្ញុំស្តាប់អត់បានតែម្តង មិនមែនត្រចៀកវាអន់ពេកនោះទេ ប៉ុន្តែ ស្តាប់មិនលឺតែម្តង។ សូម្បីនិយាយជិតគ្នាក៏ដោយ (សម្តេចមានប្រសាសន៍លេងជាមួយព្រះសង្ឃ)។

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមក សម្រាប់និស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ ចំនួន ៣ ៦៦៦ នាក់ ក្នុងម្នាក់ថវិកា ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិតពិការជើង(ជា)នារី ១ នាក់ ទទួលបានថវិកា ១ លានរៀល។ ជូនបុគ្គលិក/សាស្ត្រាចារ្យ ចំនួន ៩៧១ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ ម៉ឺនរៀល។ ជូនវិទ្យាស្ថាន វ៉ាន់ដា ថវិកា ១០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ចំនួន ៣ លានរៀល។ ជាមួយនឹងការអប អរសាទរ ចំពោះជោគជ័យ និងវឌ្ឍនភាព នៃវិទ្យាស្ថាន វ៉ាន់ដា ក៏ដូចជា ការអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ (ជូនពរ)ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក្មួយៗជាជ័យលាភីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ