សុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទ កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ក្រោមប្រធានបទ « ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ទ និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្រ្តីនៅក្នុងអាស៊ាន»

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទ កិច្ចបជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន”
រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២, វេលាម៉ោង ១៤:៣០ ដល់ ១៧:០០ (រយៈពេល ៥ នាទី)
*********

ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូ;
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ជាថ្មីម្ដងទៀត, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម, លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ ដែលបានថ្លែងបទអន្តរាគមន៍ និង សុន្ទរកថា ដ៏មានអត្ថន័យ ដែលបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត និង ឆន្ទៈដ៏មុតមាំ ក្នុងដំណើរឆ្ពោះទៅមុខជា មួយគ្នាក្នុងការបំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន ស្របតាមប្រធានបទរបស់យើង ក្នុងថ្ងៃនេះ ។ ការទទួលស្គាល់ភាពចាំបាច់ នៃការពង្រឹងសហគ្រិនភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ ស្ត្រី គឺជាការបោះជំហានទៅមុខយ៉ាងសំខាន់ ។ ក្នុងស្មារតីនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្ស និង មានកម្លាំងចិត្ត ប្រកបដោយសុទិដ្ឋិនិយម ដោយបានសង្កេតឃើញថា យើងមានទស្សនៈវិស័យដូចគ្ន និងមានជំហររួមគ្នា ក្នុងការបន្តលើកកម្ពស់សមភាពយេនឌ័រ, ការផ្ដល់សិទ្ធិអំណាច និង ការគាំទ្រដល់ ស្ត្រី ដែលជាគុណតម្លៃដ៏វិសេស-វិសាល សម្រាប់ការអភិវឌ្ឍសហគមន៍អាស៊ានទាំងមូល ជាពិសេសក្នុង បរិការណ៍នៃការស្ដារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និង ភាពរឹងមាំ ក្រោយ ពីវិបត្តិនៃជំងឺកូវីដ-១៩ ។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ដោយស្ត្រី គឺជាស្នូលនៃគ្រួសារ និង សហគមន៍, «បើស្ត្រីរឹងមាំ, គ្រួសារ និងសហគមន៍អាស៊ាន របស់យើង ក៏រឹងមាំដូចគ្នាដែរ» ។ ក្នុងន័យនេះ, ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី គឺជាកិច្ចការមួយ ដ៏សំខាន់ ដែលអាចផ្តល់ និង បង្កើនឱកាសដល់ស្ត្រីក្នុងការចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បី លើកកម្ពស់ជីវភាពរបស់ខ្លួន និង គ្រួសារ ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ចអាស៊ាន របស់យើងឱ្យកាន់តែមានភាពប្រសើរឡើង ។

ដើម្បីឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងពេញលេញ និងទូលំទូលាយ, ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺជាកត្តាចាំបាច់ និង មិនអាចខ្វះបាន ។ ក្នុងន័យនេះ, រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានទាំងអស់ មានកាតព្វកិច្ចធានាឱ្យបាននូវសមភាព សម្រាប់ស្រ្តី ក្នុងការទទួលបានការអប់រំ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, ភាពជាម្ចាស់លើការ គ្រប់គ្រងធនធានហិរញ្ញវត្ថុ, សិទ្ធិចូលរួមក្នុងការសម្រេចចិត្ត និង ភាពជាអ្នកដឹកនាំ ដើម្បីឱ្យស្ត្រីគ្រប់រូប មានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង ទិដ្ឋភាពនយោបាយ ។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ នាថ្ងៃនេះ នឹងបន្តក្លាយជា វេទិកាសម្រាប់ការបំផុស និង ជំរុញទឹកចិត្តដល់ស្ត្រី នៅក្នុងតំបន់អាស៊ាន ។ ខ្ញុំសូមលើកទឹកចិត្តឱ្យអាស៊ាន បន្តរៀបចំកិច្ចប្រជុំកំពូលនេះ នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹក នៃបណ្តាប្រទេសអាស៊ាន នៅក្នុងបុព្វហេតុនៃការសម្រេចឱ្យបាននូវសមភាពយេនឌ័រនៅក្នុងប្រទេស និង ក្នុងតំបន់ ។ ជាពិសេស, ខ្ញុំមានជំនឿយ៉ាងមុតមាំថា សេចក្តីថ្លែងការណ៍ ស្ដីពី «ការកសាងអនាគត ប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ៖ ការបំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» ដែលយើងបានពិភាក្សានាថ្ងៃនេះ នឹងទទួលបានការគាំទ្រ និង ការអនុម័តលើ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៤០ និងទី ៤១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ។

ជាកិច្ចបញ្ចប់, ខ្ញុំសូមជូនពរឱ្យ ឯកឧត្តម, លោកជំទាវ, លោក, លោកសី និង ភ្ញៀវកិត្តិយស ទាំងអស់ ជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ, វណ្ណៈ, សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ ខ្ញុំសូមប្រកាសបិទ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ចាប់ពីពេលនេះតទៅ ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ